របាយការណ៍ ឯកឧត្តម ប្រាក់ សុខុន ថ្លែងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទឹសដៅការងារឆ្នាំ២០១៧ របស់ក្រសួងការបរទេស

សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់
សូមគោរព លោកជំទាវ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា
លោកជំទាវ ឯកឧត្ដម ឯកអគ្គរាជទូត
ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង/ស្ថាប័ន!
ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ ជាទីមេត្រី!
ដំបូងបង្អស់ ខ្ញុំបាទសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលនេះ ។ វត្តមានដ៏ថ្លៃថ្លារបស់   សម្ដេចតេជោ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចចំពោះការងារការបរទេស និងចំពោះមន្រ្តីការទូត មន្រ្តីរាជការ និងបុគ្គលិកក្រសួងការបរទេសទាំងមូល ។
ខ្ញុំបាទក៏សូមអរគុណផងដែរចំពោះវត្តមានរបស់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា
រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័ននានា ដែលបានផ្ដល់វត្តមានដ៏ថ្លៃថ្លានាពេលនេះ ។
ក្រសួងបានបញ្ចប់នៅរសៀលនេះ នូវការប្រជុំរយៈពេល២ថ្ងៃ ដែលជា២ថ្ងៃនៃការពិគ្រោះពិភាក្សាគ្នាដោយត្រង់ៗ ផ្លាស់ប្ដូរយោបល់ មេរៀន បទពិសោធន៍ទាក់ទងនឹងការងាររបស់ក្រសួងកន្លងទៅ និងស្ដាប់បទឧទ្ទេសនាមលើប្រធានបទសំខាន់ៗជាច្រើន ជាអាទិ៍ គោលការណ៍នៃការអនុវត្តចំណូលចំណាយរបស់ស្ថាប័ន យុទ្ធសាស្រ្តទាក់ទាញវិនិយោគបរទេស ការគាំពារពលករចំណាកស្រុកទៅក្រៅប្រទេសមូលដ្ឋាននៃការវិភាគសភាពការណ៍នយោបាយអន្តរជាតិ និន្នាការនិងយុទ្ធសាស្រ្ត
សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងវិធានការពង្រឹងការអនុវត្តន៍ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
ខ្ញុំសូមយកឱកាសនេះ សូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតដល់ឥស្សរជនជាវាគ្មិនទាំងអស់ ចំពោះបទឧទ្ទេសនាមដ៏មានសារៈសំខាន់ ដែលបានធ្វើឲ្យថ្នាក់ដឹកនាំ មន្រ្តីការទូត និងមន្រ្តីរាជការយើងបង្កើនបានការយល់ដឹងរបស់ខ្លួន ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារតទៅមុខនិងសម្រេចឲ្យបានជោគជ័យនូវការងារការទូតពហុវិស័យ​ ។
កិច្ចប្រជុំចង្អៀតរវាងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតជាន់ខ្ពស់របស់យើងបានអនុញ្ញាតឲ្យយើងខ្ញុំរកឃើញបញ្ហា និងការប្រឈម ហើយលើកឡើងនូវដំណោះស្រាយចំពោះបញ្ហាទាំងនោះ ជាពិសេសបានជួយពង្រឹងមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងភាពជាមិត្តរួមវិជ្ជាជីវៈជាមួយគ្នា ។
សូមគោរពជម្រាបសម្ដេច និងអង្គសន្និបាតទាំងមូលមេត្តាជ្រាបថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ការងាររបស់ក្រសួងបានផ្ដោតលើកំណែទំរង់ផ្ទៃក្នុងផង និងការរៀបចំឡើងនូវបន្ទាត់ នយោបាយក្រៅប្រទេសដែលមានសង្គតភាពជាមួយគោលការណ៍គ្រឹះដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ផង និងការវិវត្តជាក់ស្ដែងនៃសភាពការណ៍អន្តរជាតិផង ។
ខ្ញុំបាទសូមគោរពរាយការណ៍អំពីលទ្ធផលសម្រេចបានលើការដ្ឋាននានានៃកំណែទម្រង់ផ្ទៃក្នុង។
ភ្ញៀវទាំងឡាយដែលធ្វើដំណើរចូលបរិវេណរបស់ក្រសួង ពិតជានឹងបានឃើញថា ក្រសួងកំពុងស្ថិតក្នុងការដ្ឋានដ៏ធំមួយ ។ តាមពិតមិនមែនមានតែការដ្ឋានរូបវន្តជាសំណង់ប៉ុណ្ណោះទេ គឺមានការដ្ឋានផ្សេងទៀតកំពុងតែដំណើរការពោលគឺការដ្ឋានកំណែទំរង់លើវិស័យស្ថាប័ន និងរចនាសម្ព័ន្ធ ធនធានមនុស្សនិងហិរញ្ញវត្ថុ ។
១. ការដ្ឋានសំណង់ ៖
មានការងារ២ កំពុងដំណើរការព្រមគ្នា គឺការជួសជុលអាគារកណ្ដាលមានស្រាប់ដែលមានចំណាស់១៤ឆ្នាំហើយៗដែលមិនមានឱកាសបានទទួលការជួសជុលសោះ ។ អាគារនេះមានស្ថាបត្យកម្មប្រណិត រចនាបទសមសួនខ្លាំងណាស់ ប៉ុន្តែមកដល់សព្វថ្ងៃនេះ សំណង់នេះពិបាកឆ្លើយតបនឹងតម្រូវការការងារ និងសេវាតទៅទៀត ។ សំណង់អាគារ២ ជាស្លាបសង្ខាងនឹងមកអមអគារធំនេះ ។ ស្លាបខាងជើង នឹងផ្ដល់លំហការិយាល័យបន្ថែម សម្រាប់មន្រ្តីបុគ្គលិកបំពេញការងារក្នុងផាសុខភាព និងភាពថ្លៃថ្នូ ។ ស្លាបខាងត្បូង នឹងក្លាយជាអគារនៃវិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សា   អន្តរជាតិ។
២. កំណែទំរង់ស្ថាប័ន និងរចនាសម្ព័ន្ធ ៖
ក្រសួងបានរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ ដោយបង្កើតអគ្គនាយកដ្ឋានថ្មីចំនួន៤
នាយកដ្ឋានថ្មីមួយចំនួន ក្នុងនោះមាននាយកដ្ឋានកិច្ចការព្រំដែន ដែលនឹងត្រូវដើរតួជាសេនាធិការ និងជាយន្តការសម្របសម្រួលទំនាក់ទំនងរវាងក្រសួង និងអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ។ វិទ្យាសា្ថនជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ គឺជាស្ថាប័នថ្មីបង្កើតឡើងដើម្បីកសាង និងពង្រឹងជួរអ្នកការទូតរបស់យើងឲ្យមានវិជ្ជាជីវៈច្បាស់លាស់ពិតប្រាកដ និងបំពេញមុខងារជាតំណាងដ៏សក្តិសមនិងការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋយើងលើឆាកអន្តរជាតិ ។ ការកែសម្រួលទាំងនេះ គឺក្នុងគោលបំណងឆ្លើយតបនឹងវិសាលភាពថ្មីនៃការងារក្រសួងផង និងបំពេញឲ្យបានពេញលេញនូវតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូផង ។ ជាមួយនឹងការបង្កើតក្រុមការងារមួយចំនួន ដូចជាក្រុមការងារដើម្បីរៀបចំការគ្រប់គ្រងទិន្នន័យនានាដោយប្រព័ន្ធឌីជីថលជាដើមនោះ យើងខ្ញុំក៏បានចាប់ផ្ដើមពិចារណាអំពីលទ្ធភាពនៃការធ្វើសមាហរណកម្ម ក្រុមស្រាវជ្រាវនិងវិភាគព័ត៌មាន (IRAG) ចូលក្នុងក្រសួងការបរទេស ដើម្បីឲ្យក្រសួងយើងមានក្រុមពិចារណារបស់ខ្លួន ដើម្បីផ្ដល់ប្រឹក្សាដល់ការងារបរទេស ។
៣. វិស័យធនធានមនុស្ស និងហិរញ្ញវត្ថុ
ខ្ញុំបាទទទួលស្គាល់ថា នេះជាការដ្ឋានដ៏ពិបាកមួយ ។ គឺជាដំណើរការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថ និងរបៀបរបបការងារក្នុងក្រសួងទាំងមូល ។ ក្រសួងបង្ខំឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ទាំងចំណាយ និងចំណូល យើងខ្ញុំបានកំណត់ឲ្យផ្អែកលើតម្លាភាពសមធម៌សមត្ថភាព និងគុណសម្បត្តិក្នុងការតែងតាំង គិតពី «យើង» ច្រើនជាងគិតពី «ខ្ញុំ» ពោលគឺគិតពីផលប្រយោជន៍សមូហភាព ផលប្រយោជន៍យើងទាំងអស់គ្នា ច្រើនជាងផលប្រយោជន៍បុគ្គល ឬក្រុមណាមួយ ។ ដើម្បីធ្វើឲ្យសម្រេចគោលបំណងនេះ គឺត្រូវបំបាត់អំពើពុករលួយ ការកេងប្រវ័ញ្ច ឬការនិយមបក្សពួក ។
ដោយមានការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងបានគិតគូរដល់ជីវភាពរបស់មន្រ្តីការទូត មន្រ្តីរាជការ បុគ្គលិករបស់យើង ដើម្បីឲ្យការរស់នៅនិងបំពេញការងាររបស់គាត់មាន
លក្ខណៈសមរម្យ និងមិនត្រូវរំខានដោយកង្វះខាតខាងជីវភាព ។ សម្រាប់អ្នកការទូតយើងនៅបរទេស ចាប់ពីដើមឆ្នាំ២០១៧នេះទៅ យើងបានតំឡើងប្រាក់ខែ និងប្រាក់ឈ្នួលផ្ទះជូនគាត់ ហើយបានផ្តល់ឲ្យវិញនូវប្រាក់ឧបត្ថម្ភសម្រាប់សហព័ទ្ធ និងកូនក្រោមអាយុ​១៨ឆ្នាំ ។​ កញ្ចប់ថវិកាសម្រាប់ចំណាយទូទៅរបស់ស្ថានបេសកកម្មនានាក៏ត្រូវបានពិនិត្យ កែសំរួលស្របតាមទំហំការងារនិងលក្ខណៈដោយឡែកនៃស្ថានបេសកកម្មទាំងនោះដែរ។ នៅរដ្ឋបាលកណ្តាលវិញ និងជាលើកដំបូងបំផុត ក្រសួងបានរៀបចំរបបប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ ដែលបានមកពីចំណែកមួយនៃការប្រមូលចំណូលជូនរដ្ឋ យកមកបែងចែកជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់របស់ក្រសួង ។ ខ្ញុំបាទសូមឆ្លៀតឱកាសនេះ សូមគោរពអរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតនិងគាំទ្រកំណែទម្រង់ទាំងនេះ និងសូមអរគុណក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលបានជួយដោះស្រាយដោយសមរម្យនូវការលំបាកខាងថវិកាកន្លងទៅ ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងឆ្នាំ ២០១៦ កន្លងទៅ កម្ពុជាបានដំណើរការសកម្មភាពការងារដ៏មមាញឹកក្នុងការជម្រុញទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌ជាមួយប្រទេសតូចធំ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមក ។
ជាមួយប្រទេសជាប់ភូមិផងរបងជាមួយ យើងបានខិតខំកសាងទំនាក់ទំនងមិត្តភាពសហ
ប្រតិបត្តិការផង និងដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ផង ដើម្បីកសាងតំបន់ព្រំដែនទាំង នោះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផង ។
ទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាព្រឹត្តិការណ៍លេចធ្លោ និងមានសារៈសំខាន់ជាងគេបំផុតក្នុងឆ្នាំកន្លងទៅ ដែលទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ពីឋាមពលនៃទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូសម្រាប់សន្តិភាព សន្តិសុខ ស្ថេរភាពក្នុងតំបន់ ឈរលើមូលដ្ឋាននៃការគោរពគ្នា គាំទ្រគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក។
ការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនាំកម្ពុជា  និងបណ្តាប្រទេសជាមិត្ត​ ពិសេស ទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសជាច្រើន និងចូលរួមព្រឹត្តិការណ៍សំខាន់ៗ នៅលើលោកនោះ បានពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ  កៀរគរជំនួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងសម្រេចកិច្ចព្រមព្រៀង និងគម្រោង
សហប្រតិបត្តិការច្រើន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្វីត្បិតតែមានសញ្ញាជាច្រើនដែលបានបង្ហាញឲ្យឃើញពីការបន្តនិន្នាការសំខាន់ៗនៃឆ្នាំ២០១៦ កន្លងទៅក្តី ក៏ឆ្នាំ២០១៧ បើកទំព័រជាមួយនឹងភាពមិនប្រាកដប្រជាជាច្រើន។
ប្រាកដណាស់ ពិភពលោកនឹងបន្តធ្វើដំណើរនៅលើផ្លូវពហុប៉ូល នៅលើផ្លូវនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចធំៗ ដែលសារៈសំខាន់ និងឥទ្ធិពល នៃទំនាក់ទំនងនោះនឹងទៅហួសពីក្របខ័ណ្ឌទ្វេភាគីទៅទៀត ។ ព្រមជាមួយនេះ Brexit សង្គ្រាមនិងជំលោះនៅមជ្ឈឹម មធ្យមបូព៌ា និងអាហ្រ្វិក អំពីភេវរកម្ម វិបត្តិជនភៀសខ្លួន ភាពតានតឹងនៅអ៊ឺរ៉ុបខាងកើត​ នៅឧបទ្វីបកូរ៉េ តំបន់សមុទ្រចិនខាងត្បូង បញ្ហាប្រែប្រួលធាតុអាកាស ។ល។ សុទ្ធសឹងជាការប្រឈមដែលយើងនឹងបន្តជួបប្រទះក្នុងឆ្នាំថ្មីនេះ ។
គឺក្នុងបរិការណ៍នេះហើយដែលយើងនឹងត្រូវបំពេញបេសកកម្មការទូតយើងសម្រាប់ឆ្នាំ២០១៧នេះ ។
សម្រាប់ស្ថានបេសកកម្ម/ស្ថានតំណាងរបស់យើងទៅក្រៅប្រទេស យើងនឹងត្រូវខិតខំធ្វើយ៉ាងណាឲ្យការងារកាន់តែមានប្រសិទ្ធភាព ហើយចាប់ដំណើរការងារការទូតពហុវិស័យរបស់យើងកាន់តែសកម្មឡើង ។
យើងនឹងជំរុញឲ្យសកម្មភាពមួយចំនួនដែលប្រទេសជាច្រើនក្នុងលោក កំពុងតែបំពេញស្រាប់ គឺលើកដំកើងមុខមាត់ប្រទេសយើងសំរាប់ជាគោលដៅនៃការវិនិយោគ និងទេសចរណ៍ ។ យើងនឹងសង្កត់ធ្ងន់លើប្រៀបខ្លាំងដែលយើងមាន ពោលគឺសំរាប់ការវិនិយោគ យើងនឹងពឹងផ្អែកលើសន្តិភាព ស្ថេរភាពនយោបាយ និងអាត្រាលូតលាស់ខាងសេដ្ឋកិច្ចលើស៧% ជាមធ្យមក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ភាពជាប្រទេសបើកចំហរជាងគេក្នុងចំណោមប្រទេស ASEAN មានកំលាំងពលកម្ម​       វ័យក្មេង និងប្រាក់ឈ្នួលប្រកួតប្រជែង ។ ខាងទេសចរណ៍វិញយើងនឹងខិតខំបន្តផ្សព្វផ្សាយទាក់ទាញភ្ញៀវដោយផ្អែកលើ ភាពល្បីល្បាញនៃប្រាសាទបុរាណ រមនីយដ្ឋាន និងសម្បត្តិធម្មជាតិដ៏សំបូរនិងជាពិសេសការញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋយើង ក្មេងចាស់ដែលបានធ្វើឲ្យកម្ពុជាជាប់ឈ្មោះជាប្រទេសលេខមួយក្នុងចំណោមប្រទេសដែលគួរស្រលាញ់រាប់អានជាងគេក្នុងលោក ។
ស្ថានតំណាងយើងក៏នឹងត្រូវបន្តប្រឹងប្រែងជួយការពារប្រជាពលរដ្ឋយើងរស់នៅឯក្រៅប្រទេស និងការពារផលប្រយោជន៍របស់ពួកគាត់ ជួយដល់ពលករយើងដែល ធ្វើការនៅឯនាយ ពិសេសធ្វើការដោយមិនស្របច្បាប់ និងទទួលរងគ្រោះដោយពួកមេខ្យល់ និងដោយថៅកែខ្លះ ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានគាំទ្រដល់កិច្ចប្រឹងប្រែងរបស់យើងខ្ញុំក្នុងការកែទំរង់នានា និងបានដឹកនាំវិស័យការទូតប្រកបដោយសុភវិនិ-   ច្ឆ័យ និងគតិបណ្ឌិតសំរាប់កម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព អភិវឌ្ឍន៍ និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ។
ខ្ញុំក៏សូមអរគុណបណ្ដាក្រសួង ស្ថាប័ន ស្ថានទូត ស្ថានបេសកកម្ម អង្គការអន្តរជាតិនានាដែលតែងផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់បេសកកម្មរបស់ក្រសួង ។
ជាទីបញ្ចប់នេះ ខ្ញុំបាទសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ទទួលបាននូវពុទ្ធិពរទាំងបួនប្រការ និងទទួលបាននូវជ័យជំនៈគ្រប់ភារកិច្ច ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមគោរពអញ្ជើញសម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ។ សូមគោរពអញ្ជើញសម្ដេច ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។