CNV: 28 ខែកុម្ភៈ, 2017
លោកនាយកសាលាបឹងកុក អញ្ជើញសម្តេចតាមហ្វេសប៊ុក ទៅមើលអគារសិក្សាចាស់ទ្រុឌទ្រោម
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពង់ចាមសារជាថ្មីម្តងទៀត ដែលមកលើកនេះ មកប្រគល់សាលាជូន មិនមែនមកសម្ពោធទេ ប្រគល់តែម្តង។ ដោយសារអីរឿងនេះ? ខ្ញុំសូមចាប់ផ្តើមពី លោក ឈឹម ប៊ុនធឿន ដែលជានាយកសាលា … ខ្ញុំព្រះករុណាខ្ញុំ បានមកធ្វើការនៅឯ ខេត្តត្បូងឃ្មុំ ពេលព្រឹកសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ នៅខេត្តត្បូងឃ្មុំរួច ហើយ ក៏បង្ហួសមកបាយនៅឯកំពង់ចាមយើងនេះ។ ដល់ទៅអ្នកចំការលើគេបង្ហោះហ្វេសប៊ុកមួយ អំពី បញ្ហាសាលានៅចំការលើនោះ ក៏ទៅសាលានៅឯចំការលើនោះ។ ស្រាប់តែបង្ហោះហ្វេសប៊ុកឯងនោះមួយ ទៀត។ លោក ឈឹម ប៊ុនធឿន នាយកសាលានេះ ក៏បានធ្វើការ Comment ចូលថា សូមសម្តេចមកមើល សាលា អគារចាស់នៅអនុវិទ្យាល័យ បឹងកុក ផង។ … បើកមើលការ Comment ក៏ប្រទះឃើញលោក ឈឹម ប៊ុនធឿន ថា សូមសម្តេចមកមើលសាលាបឹងកុកផង។ ចុះពីលើផ្ទះមកអត់ឲ្យពីណាដឹងទេ ប្រាប់ថាទៅសាលាបឹងកុក គេមិននំាទៅសាលាបឹងកុក ទៅសាលាពុទ្ធិក ដល់ទៅដល់នៅឯណា សាលាបឹងកុកនៅឯណា? នេះសាលាពុទ្ធិកទេតើ! ត្រឡប់មកក្រោយវិញ។
អរគុណណាស់ លោកគ្រូ អ្នកគ្រូ លោកនាយកសាលា តាមរយៈការ Comment នេះ ដែលធ្វើឲ្យខ្ញុំបានមកដល់ទីនេះ។ ហើយគួរអោយភ័យខ្លាចមែន។ បានជា មាតាបិតា អាណាព្យាបាល សិស្សានុសិស្សនៅទីនេះបារម្ភចំពោះកូនចៅរបស់ខ្លួន ដែលមានអគារសិក្សាចំណាស់ សឹងតែថាអាយុជិតស្មើនឹងខ្ញុំទៅហើយ។ នៅពេលមកដល់នោះ រកលោក ប៊ុនធឿន ប្រហែលជា Comment រួចហើយទុកចោល អត់បើកមើលខ្ញុំវ៉ៃត្រឡប់មកវិញ។ ខ្ញុំថា “ខ្ញុំចេញដំណើរទៅហើយ”។ តែគាត់អត់បើកមើល។ ដល់ចូលមកដល់ទីនេះ ជួបអ្នកគ្រូលោកគ្រូមួយចំនួន បានទាក់ទងលោកសាស្ត្រាចារ្យ ប៊ុនធឿន ដូចបានសញ្ញាបត្រ ពីខ្ញុំដល់ទៅពីរដង? ម្តងនៅសាកលវិទ្យាល័យភ្នំពេញ និងម្តងទៀតនៅវិទ្យាស្ថានជាតិអប់រំ សាស្ត្រាចារ្យបរិញ្ញាបូកមួយ។ ថ្ងៃនេះ មានគម្រោងស្នើអីមកទៀត តាមពិតឲ្យសរសេរឈ្មោះ គាត់ឲ្យវាច្បាស់មក …។
កោតសរសើចំពោះកងវិស្វកម្ម និងស្នើជួសជុលអគារជប៉ុន
ខ្ញុំព្រះកុរណាខ្ញុំ ពិតជាមានការរីករាយហើយ សូមកោតសរសើរ ចំពោះការខិតខំ(របស់)កងវិស្វកម្មសម្តេច តេជោ ដែលបានខិតខំទំាងយប់ទំាងថ្ងៃ ដែលធ្វើឲ្យអនុវិទ្យាល័យនេះបានកកើតជារូបរាង។ ថ្ងៃនោះ យើង បានមកសិក្សាដីនេះ ហើយយើងរកវិធីបង្ខិតសាលាថយក្រោយ ដើម្បីទុកទីធ្លាខាងមុខនេះ បង្កើតជាតារាង ម្ខាងនេះដូចជាបាល់បោះ ម្ខាងនោះបាល់ទះ ហើយបូកជាមួយនឹងទីចាត់ការខាងនោះមួយខ្នង។ ឯនៅខាង នេះ បើសិនជាកុំអគាររបស់ជប៉ុនទេ កុំអីខ្ញុំវ៉ៃចោលហើយ។ ប៉ុន្តែ វ៉ៃចោលរបស់ជប៉ុនវាអាក្រក់មើល ការពិត អគាររបស់ជប៉ុននេះវាចាស់មែនទែនហើយ។ ស្នើសុំជួសជុលពិដានការ៉ូរបស់អគារចាស់នេះ។ កាលដែល យើងជួសជុលលាបថ្នំាខាងក្រៅ ដល់ឥឡូវឮថា អាហ្នឹងដូចជាមួយជាន់ទេ ព្រោះដីនៅក្នុងទីក្រុងឥឡូវថ្លៃណាស់។ … ដីយើងមានតែប៉ុណ្ណឹង ខ្ញុំចង់ថែមលើសហ្នឹង ក៏ប៉ុន្តែវាមានតែប៉ុណ្ណឹងដីនោះ។ ថ្ងៃនោះ យើងបានមកសិក្សាជាមួយគ្នាហើយ ធ្វើប៉ុនណាល្មមអីល្មម ប៉ុន្តែយើងឥឡូវនេះ … និយាយរួម ផ្លាស់ប្តូរអគារចាស់ទៅកាន់អគារថ្មី ហើយអគារនេះវាសមរម្យនៅក្នុងទីក្រុងរបស់យើងនេះ។ បូកបន្ថែមដោយថា នៅសេសសល់អគារមួយចំនួនផ្សេងទៀតនៅសាលាគរុកោសល្យភូមិភាគ។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា គណបក្សប្រជាជន បាននំាប្រទេសកម្ពុជាផ្លាស់ប្តូរជាបន្តបន្ទាប់
យើងនឹងបន្តធ្វើជាបន្តបន្ទាប់ ហើយបាននំាប្រទេសរបស់យើងផ្តាស់ប្តូរជាបន្តបន្ទាប់ មិនចំាបាច់អ្នកណា និយាយផ្លាស់ប្តូរៗទេ គឺ ហ៊ុន សែន ក៏ដូចជា គណបក្សប្រជាជន បាននំាប្រទេសនេះផ្លាស់ប្តូរជាបន្តបន្ទាប់ តំាងពីផ្លាស់ប្តូរចេញពីរបបប្រល័យពូជសាសន៍។ ផ្តល់ឲ្យប្រជាជនមានឱកាសរស់រានមានជីវិត តំាងពី មនុស្សជាង ៥ លាននាក់ ដល់ជាង ១៥ លាននាក់ទៅហើយ កើតច្រើនណាស់។ លោកយាយ លោកតា ញាតិញោមអើយ! ទាំងគេទំាងខ្ញុំ កើតច្រើនណាស់។ បើកើតច្រើនម្លឹងៗ តម្រូវការរបស់យើងក្នុងការដោះស្រាយស្បៀង ក្នុងការដោះស្រាយការសិក្សា គឺមានជាបន្តបន្ទាប់ … យើងនាំការផ្លាស់ប្តូរមួយចេញពីស្ថានភាពដ៏លំបាក ហើយជាពិសេស ក្នុងរបប ប៉ុល ពត និងក្នុងដំណាក់កាលមានសង្គ្រាម ពីទីក្រុងកំពង់ចាមអត់មានមនុស្សនៅ ទៅជាទីក្រុងកំពង់ចាមដែលមានការអភិឌ្ឍ។ ឥឡូវ សាលារៀនត្រូវការបន្ថែមទៀត នៅអគារដែលមានច្រើនជាន់ ហើយកន្លែងខ្លះយើងក៏មានតម្រូវការសាងសង់បន្ថែមទៀត។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាសូមអរគុណ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នៅទីនេះ ដែលបានរួមគ្នាពិគ្រោះយោ បល់នៅថ្ងៃនោះ មិនភ្លេចទេ។ នៅពេលដែលយើងពិគ្រោះគ្នា មុនពេលដែលខ្ញុំចូលទៅប្រជុំ ប៉ុន្តែចេញពី ហ្នឹងទៅៗ ចូលសាលាគរុកោសល្យខេត្ត ទៅប្រជុំ ហើយទៅបាយជាមួយកុមារគថ្លង់។ នៅទីក្រុងកំពង់ចាមរបស់យើងនេះ ខ្ញុំព្រះករុណាខ្ញុំ នឹងមកសាជាថ្មីម្តងទៀត។ ថ្ងៃនេះគិតថាមកដេក ប៉ុន្តែទាស់ត្រង់ជាប់កម្មវិធីនៅភ្នំពេញមួយទៀត ក៏ខានមកដេកទៅ។ រួចហើយគិតស្មាន ទៅមើលដំណាំមួយចំនួន ឬក៏ចូលផ្សារ ប៉ុន្តែឥឡូវត្រូវអាក់ខាន។ ហេតុតែពាក់អាវធំមក ត្រូវហោះចេញពីហ្នឹង ដើម្បីទៅប្រជុំគណបក្សនៅទីនេះ ហើយត្រូវហោះទៅបាយថ្ងៃត្រង់នៅសៀមរាប ហើយប្រជុំនៅសៀមរាប។ យប់បាយនៅសៀមរាប ព្រឹកឡើងថ្លែងសុន្ទរកថានៅសៀមរាប ហើយហោះមកបាយនៅភ្នំពេញ ល្ងាចជួបអ្នកការទូត។ រឿងវាអញ្ចឹង។ អញ្ចឹងបានថា ហេតុអីគេចង់ធ្វើជានាយករដ្ឋមន្ត្រី? ដណ្តើមពី ហ៊ុន សែន សម្បើមម្ល៉េះ? បើរវល់ម្លឹងៗ ប៉ុន្តែ ក្រែងលោអ្នកដែលមិនមែន ហ៊ុន សែន ធ្វើ(បាន)ដូច ហ៊ុន សែន ហ្អី? អាហ្នឹងច្បាស់ហើយ ព្រោះទម្លាប់របស់គេខុសពី ហ៊ុន សែន។ មនុស្សម្នាក់ៗមានទម្លាប់មិនដូចគ្នាទេ។
ដោះស្រាយសំណូមពរ
ថ្ងៃនេះ ជាមួយនឹងការប្រគល់សាលាដែលមានទីតាំងច្រើន ខ្ញុំក៏សូមដោះស្រាយ(សំណូមពរ) លោកគ្រូ នាយក បានសុំឲ្យជួយជួសជុលពិដានប៉ារ៉ូរបស់អគារចាស់ ហើយសុំកុំព្យូទ័រ ២០ គ្រឿង សម្រាប់បង្រៀន សិស្ស និងម៉ាស៊ីនដេរ ៥០ គ្រឿង ប៉ុន្តែថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ការធ្វើការរបស់សាលា មានកុំព្យូទ័រ ១០ គ្រឿង, ព្រីនធ័រ ៥ គ្រឿង, ម៉ាស៊ីនថតចម្លង ១ គ្រឿង សម្រាប់ការងារ។ អញ្ចឹង សម្រាប់ការបង្រៀនសិស្ស កុំព្យូទ័រ ២០ គ្រឿង និងម៉ាស៊ីនដេរ ៥០ គ្រឿង សូមជូនតាមសំណូមពរចុះ។ អម្បាញ់មិញពិភាក្សាគ្នាថា ដាក់នៅត្រង់ណាសម្រាប់ម៉ាស៊ីនដេរ? ប៉ុន្តែ នៅខាងលើមានសាលសហសិក្សា យើងអាចដាក់ម៉ាស៊ីនកាត់ដេរ និងកុំព្យូទ័រខាងលើបាន ក្រែងលោកនាយកគ្រោងអញ្ចឹងឬ? វាគ្រាន់បើជាង(ដាក់)នៅអគារទ្រុឌទ្រោមរបស់យើងដែលគួរឲ្យខ្លាច។ សាលាដែលគួរឲ្យខ្លាចហ្នឹងការបាក់ គឺសាលាបឹងកុកនេះមួយ និងសាលានៅទីរួមខេត្តក្រចេះ។ សាលានេះគួរអោយខ្លាចមែន បើសិនជាកុំមើលទាន់ ប្រហែលជាពេលណា មួយគ្រោះថ្នាក់ដោយសារតែបាក់ ព្រោះអាយុកាលរបស់វាល្មមដល់ពេលបាក់។ (រួមទាំង)ដោយ(គ្មាន)ការជួសជុលថែទាំផងទេ។ ប៉ុន្តែ នៅខេត្តក្រចេះ ឯកឧត្តម ស ចំរុង ម្សិលមិញយើងបានជួបគ្នា គួរតែដំឡើងអនុវិទ្យាល័យទៅជាវិទ្យាល័យ។ អានោះវាធំជាងអានេះ ៣ ដង។ ដីកណ្តាលក្រុងវាថ្លៃ។ រាងជាអក្សរអ៊ុយ ប្រមាណជា ៤៨ បន្ទប់ …។
បំផុសយុវជនឲ្យលេងកីឡា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន
ម្យ៉ាងទៀតចុះឧទ្ធម្ភាគចក្រអម្បាញ់មិញ ហេតុអីក៏កំពង់ចាមយើងយ៉ាប់ដល់ប៉ុណ្ណឹង? អាតារាងបាល់នេះ មកពីចាហ្វាយខេត្តអត់ចេះទាត់បាល់? ឥឡូវ មិនបាច់ចាំអ្នកណាធ្វើទេ វិស្វកម្មតេជោចូលធ្វើភ្លាមតារាង ទាត់បាល់នៅកំពង់ចាម ព្រោះចុះមកអម្បាញ់មិញសូម្បីស្បែកជើងខ្ញុំក៏ប្រឡាក់ដែរ។ ខេត្តនេះមិនគួរអន់ ដល់ម្ល៉ឹង។ ខេត្តស្វាយរៀងគេធ្វើម្ចាស់ការប្រកួតទាត់បាល់ទាំងយប់បាន ហើយឯងខេត្តកំពង់ចាម ខេត្តល្បី ឈ្មោះ ខេត្តស្រុកកំណើតរបស់នាយករដ្ឋមន្ត្រី ចុះមកយ៉ាប់បណ្តោយ? អន់ជាងស្វាយរៀង។ ឥឡូវ រៀបចំ ឲ្យស្អាត ដាក់ភ្លើងដាក់អី វិស្វកម្មតេជោធ្វើតែម្តង។ អាហ្នឹងវាមិនច្រឡំឯកជនមិនឯកជនទេ ព្រោះរបស់ យើងធ្វើតើ! បើមានលុយចូលរួមទៅ(ដាក់បង្គោលភ្លើង) ចូលបានប៉ុន្មានយកប៉ុណ្ណឹង។ ឥឡូវធ្វើម៉េចឲ្យកំពង់ចាម ក្លាយជាកន្លែងទាត់បាល់ភូមិភាគមួយឲ្យវាស្កឹមស្កៃមើល? កន្លែងជម្រើសជាតិប្រកួត កីឡាហែលទឹកមាននៅទីនេះស្រាប់ហើយ ទល់ខ្នងគ្នានឹងទៅអាខាងបាល់ទាត់។
ខាងជើងគោកយ៉ាប់តែម្តង ទៅជាពូកែជើងទឹក។ បើអញ្ចឹងវិស្វកម្មតេជោ ដែលកំពុងធ្វើនៅហ្នឹងស្រាប់ បុកអាហ្នឹងមួយឲ្យវាស្អាត … កំពុងខ្វះហើយ បានឲ្យធ្វើអាហ្នឹង។ គេទើបឲ្យពានរង្វាន់អូឡាំពិកថ្មីៗ។ បំផុសលេងកីឡា។ ក្មួយៗ ចៅៗ លេងកីឡា កុំប្រព្រឹត្តគ្រឿងញៀន កុំដើរអីផ្តេសផ្តាស។ ក្នុងនេះមានបាល់ទាត់ បាល់បោះ បាល់ទះ ដល់បាល់ទាត់ យើងទៅលេងក្រៅ។ នាំគ្នាលេងអាហ្នឹង ប៉ុន្តែ តាមស្រុកតាមអីគេមានតារាងគួរសម វាអន់តារាងសាលាខេត្ត។ ឮថាមានការខុសគ្នា ខ្លាចច្រឡំអីអញ្ចេះអញ្ចុះ។ មិនច្រឡំទេ។ តេជោចូលធ្វើហើយ គឺថាមិនច្រឡំទេ។ ប៉ុន្តែ កំពង់ចាមមិនដែលឈ្នះអីទេ។ បើទូកង អាហ្នឹងបានអាចៅពេជ្រកុមារជ្រោយថ្ម។ បទុមបុប្ផាឆ្នាំនេះបាក់តែម្តង។ ដល់ពេលបាល់ទះ បាល់ទាត់ដូចជាអត់មាន។
នឹងមានការចែកចាយសៀវភៅរបស់ ក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង
ខ្ញុំព្រះករុណាខ្ញុំ អត់មានអីថែមប៉ុន្មានទេ ប៉ុន្តែមានការជូនដំណឹងមួយចំនួន។ ទី ១ នៅប៉ុន្មានថ្ងៃខាងមុខ នេះ នឹងមានការចែកជូននូវការប្រៀនប្រដៅរបស់ ក្រម ង៉ុយ ទៅតាមបណ្តាវិទ្យាល័យនៅទូទាំងប្រទេស ដែលខ្ញុំព្រះករុណាខ្ញុំ ឥឡូវកំពុងតែចូលរោងពុម្ព ព្រោះចូលរោងពុម្ពបាន ២ ពាន់ច្បាប់ហើយ ក្របរាងមិន សូវល្អ។ ម្សិលមិញចូលរោងពុម្ពហើយ។ អញ្ចឹងទេ គឺ ១ ម៉ឺន ៥ ពាន់ច្បាប់ ហ្នឹងបន្តក្នុងការចែកចាយ។ សូមឲ្យក្មួយៗ សិស្សានុសិស្ស សូម្បីតែលោកគ្រូ អ្នកគ្រូ ក៏គួរតែត្រូវអានដែរ។ ខ្ញុំព្រះករុណាខ្ញុំ មានខ្លួនឯង ២ ច្បាប់ របស់ ក្រម ង៉ុយ ផង របស់ បណ្ឌិត អ៊ូ ចុង ផង នៅជាប់នឹងក្បាលដំណេកហ្នឹង។ ត្រូវការមើលៗ ភ្លាម អត់ចាំបាច់វៃអ៊ីនធើណែតអីទេ ព្រោះជាច្បាប់ការអប់រំ។
រៀបចំផលិតឡើងវិញនូវសាស្ត្រាស្លឹករឹត ដែលជិតផុតពូជ
រឿងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានការព្រួយបារម្ភ ដែលវានឹងបាត់បង់ជីវិតរបស់វាទៅហើយនោះ បែរជា ចាប់កំណើតឡើងវិញ ដោយថ្ងៃអាទិត្យ ម្សិលម្ង៉ៃនេះ គឺ CNC បានផលិតនូវខ្សែភាពយន្តជីវិត។ អញ្ចឹង គឺទាក់ទិនជាមួយនឹងជីវិតរបស់អ្នកផលិតនូវសាស្ត្រាស្លឹករឹតនេះឯង។ អញ្ចឹងទេ ក៏ហៅទូរស័ព្ទឲ្យ កេង សាមេត មើល។ អញ្ចឹង អ្នកហ្នឹងនៅសៀមរាបតែម្តង។ ល្ងាចនេះ ខ្ញុំព្រះករុណាខ្ញុំ ទៅសៀមរាប រៀបចំឲ្យ គាត់ ផលិតឡើងវិញ ព្រោះកន្លងទៅអត់មានទីផ្សារ។ ចង់ដាច់ពូជហើយ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែខ្ចីពីវត្ត ប្រើស នៅបាធាយ យកទៅអាន។ ដូចជាសុបិន្តកុមារស្អីៗ យកទៅអានមួយចំនួនទៅ។ ប៉ុន្តែ យើងថែទាំ បានតែរបស់ចាស់ទេ តែផលិតថ្មី គឺអត់មាន។ ដូច្នេះ យើងបានរកឃើញជាមួយនឹងអ្នកដែលបានផលិតសាស្ត្រាស្លឹករឹកនេះ។ គាត់ចារឲ្យមើល។ ជាស្រ្តីទេ ក៏ប៉ុន្តែ គាត់មានកូនសិស្សគាត់មួយចំនួនទៀត។ ច្បាប់ ល្បើកថ្មីនេះ អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់ មាតាបិតា ឧបឈាជាធំ កាលចាប់ដៃខ្ញុំ ឲ្យកោរកេសា … ដូច្នេះ យើងថ្ងៃក្រោយបើទោះបីថា អានឬមិន អាន គួរតែដាក់ជាការកំណត់មួយថា ធ្វើម៉េចឲ្យស្គាល់របស់ខ្មែរ។ ខ្មែរពីដើមប្រើយ៉ាងម៉េច? ឥឡូវទាន់នៅ មានអ្នកហ្នឹង ថាគាត់ផលិតបានប៉ុន្មាន គឺយើងទិញយកទាំងអស់។ ពីដើមថ្លៃមួយ ឥឡូវឲ្យថ្លៃពីរ ឬថ្លៃបី ប៉ុន្តែ ល្ងាចនេះ យើងចាប់ពិភាក្សាជាមួយគាត់ផ្ទាល់តែម្តង តើមួយសៀវភៅរបស់ ក្រម ង៉ុយ, របស់បណ្ឌិត អ៊ូ ចុង។ អញ្ចឹង យើងត្រូវធ្វើប៉ុន្មានច្បាប់? ហើយមួយច្បាប់មានប៉ុន្មានទំព័រ? មានប៉ុន្មានសន្លឹក? ប៉ុន្តែ ធ្វើទាំងសងខាង។ នេះជាការគិតគូរមួយ ដើម្បីថែទាំទំនៀមទម្លាប់ខ្មែររបស់យើង ដែលស្ទើរតែបាត់បង់ ហើយបាត់បង់ជាងគេជំនាន់ ប៉ុល ពត … ឥឡូវមានអ្នកផលិតហើយ មិនគួរត្រូវឲ្យបាត់បង់បន្ថែមទេ …។
ដំឡើងបៀវត្សរ៍ជូន គ្រូបង្រៀន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមុនចូលឆ្នាំខ្មែរ
ឯមួយទៀត ក៏សូមជម្រាបជូន លោកគ្រូ អ្នកគ្រូ ឲ្យបានជ្រាបដែរ ប្រាក់ខែបានឡើងមួយដំណាក់ហើយ រំកិលវាបន្តិច មិនត្រឹមតែលោកគ្រូ អ្នកគ្រូទេ ទាំងមន្ត្រីរាជការនៅទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស នៅបាំងតែមួយខែទៀតទេ ប្រាក់ខែឡើងហើយ ហើយឡើងហ្នឹងបើកមុនចូលឆ្នាំទៀត។ គ្រូបង្រៀន និងគ្រូពេទ្យ ដែល(ប្រាក់ខែ)ទាបបំផុត គឺជាង ៩៥ ម៉ឺនរៀល អាហ្នឹងប្រាក់អប្បបរមា នៅបន្ថែម ប្រាក់តំបន់អីរបស់គេដែលមាន ៨ ម៉ឺន(រៀល), ១០ ម៉ឺន(រៀល) និង ១២ ម៉ឺន(រៀល) ប្រាក់តំបន់នៅឆ្ងាយៗ ដូច្នេះ អ្នកទាំងនោះប្រាក់ខែសុទ្ធតែលើសពី ១ លាន(រៀល)។ រឿងមួយទៀត ក៏សុំជូនដំណឹងដែរ ដើម្បីឲ្យឃើញថា ការគិតមួយថ្ងៃៗ មិនមែនរឿងលេងរឿងសើចទេ អ្នកខ្លះគិតដូចជាស្រួលណាស់ ហើយសន្យានោះគឺសន្យាពេកហើយ។ ពេលចូលឆ្នាំខ្មែរនេះ ត្រូវឧបត្ថម្ភម្នាក់តែ ៥ ម៉ឺនរៀលទេ លើប្រាក់ខែដែលទើបនឹងឡើង ប៉ុន្តែ គ្រាន់តែ ៥ ម៉ឺនរៀល ក្នុងម្នាក់ ត្រូវការ ៣០ ពាន់លានរៀល។ ឆ្នាំទៅឧបត្ថម្ភម្នាក់បាន ៤ ម៉ឺន(រៀល) សម្រាប់ចូលឆ្នាំ។ ឆ្នាំនេះ ទន្ទឹមនឹងឡើងប្រាក់ខែ ថែមឧបត្ថម្ភបាន ៥ ម៉ឺន(រៀល)ទៀត ដើម្បីឲ្យបានចូលឆ្នាំ។
គ្រាន់តែឧបត្ថម្ភម្នាក់ ៥ ម៉ឺនរៀល ត្រូវការលុយ ប្រមាណ ៣០ ពាន់លាន(រៀល) ដូចជាប្រហែលជាង ៧ លានដុល្លារ(អាមេរិក) ចុះទម្រាំអ្នកខ្លះទៅសន្យាថា អាយុ ៦០ (ឆ្នាំ) ឡើង ឲ្យលុយប៉ុណ្ណេះ លុយប៉ុណ្ណោះ មួយនគរប្រហែលជា ២ លាននាក់ វាមិនស្លាប់ទៅហើយ? … បងប្អូនសួរថា ម៉េចមិនឡើងពីខែ មករា(មក) ឲ្យវាតែមួយតង់ ម៉េចចាំបាច់ឡើងពីរតង់? ការបញ្ចេញសាច់ប្រាក់ត្រូវមានក្រឹត្យក្រមរបស់វា។ ឥឡូវ អត្រាប្តូរប្រាក់នៅ ៤.០១០ (រៀលប្លាយ/១ ដុល្លារ)។ អញ្ចឹងទេ យើងធានាថា នៅពេលដែលយើងបញ្ចេញសាច់ប្រាក់ដ៏ធំនៅមុនចូលឆ្នាំខ្មែរ និងមិនមានប្រាក់រៀលចុះថ្លៃទេ។ អាហ្នឹងយើងសង្ឃឹមយ៉ាងដូច្នេះ។ បញ្ចេញទៅ គឺគាត់ចាយ ដល់គាត់ចាយ អាលុយហ្នឹង វាវិលត្រឡប់មកវិញក្នុងការដែលយើងប្រមូលចំណូល។ ដល់ទៅពេល ខែ ឧសភា យើងមិនអាចដល់អាទិត្យទី ៤ ទេ បានបើកបៀវត្សរ៍ទេ តែអាទិត្យទី ៣ បើកបៀវត្សរ៍ហើយ ដើម្បីកុំឲ្យវាឃ្លាតគ្នាពេក ព្រោះបើកមុនចូលឆ្នាំយកទៅចាយអស់ហើយ។ ត្រូវគិតដល់ប៉ុណ្ណឹង មិនមែនគិតទៅតាមរបៀបខ្យល់ …។ យើងធ្លាប់បានរួមរស់ជាមួយគ្នាតាំងពីក្រលំបាកវេទនាខ្លាំងណាស់ លោកតា លោកយាយ មកថ្ងៃនេះ ការពិតទៅព្រះជន្មមិនជាច្រើនជាងខ្ញុំប៉ុន្មានទេ ខ្លះត្រឹមតែជាង ៧០(ឆ្នាំ) ទេ ខ្ញុំជាង ៦០(ឆ្នាំ) ដែរ ប៉ុន្តែ កាលដែលយើងរំដោះនោះ សុទ្ធតែនៅក្មេងៗតើ! នៅជំនាន់នោះមានស្លៀកសពាក់សឯណា? ទើបតែស្លៀកសពាក់សជំនាន់ហ្នឹង …។
ការរៀបចំកែលម្អតារាងបាល់ទាត់ខេត្តឡើងវិញ
ប៉ុន្តែយ៉ាងណាក៏ដោយ មកថ្ងៃនេះ ក៏មិនអត់ប្រយោជន៍ … បានសេចក្តីថា ដោះស្រាយបញ្ហានេះបន្ថែម បូកជាមួយនឹងធ្វើតារាងបាល់មួយ។ … សួរ Pilot ថាយើងទៅចុះនៅត្រង់ណា? ថាចុះ(នៅ)តារាងបាល់ គិតស្មានថាតារាងបាល់កំពង់ចាមស្អាតណាស់។ ម៉ែអើយ! ភក់សុទ្ធ។ ឥឡូវ សូមស្តារវាឲ្យស្អាត។ រៀបចំឲ្យវាស្អាតទៅ ហើយស្តង់ដារប្រធានសហព័ន្ធកីឡាបាល់ទាត់នៅត្រង់នេះស្រាប់ហើយ។ យើងដឹងតែធ្វើតាមក្បួនតាមខ្នាត។ ធ្វើឲ្យវាស្អាតបន្តិចទៅ។ នាំគ្នាទាត់ទៅ ហើយដាក់ភ្លើងទាត់(ពេល)យប់ទៀត ជួនកាលគេទាត់ថ្ងៃមួយក្រុមទៅ។ ម៉ោង ៣ ឬ ៣ កន្លះអី គេទាត់មួយក្រុមទៅ។ ដល់ពេលយប់ម៉ោង ៧ គេទាត់មួយក្រុមទៀតទៅ។ យើងធ្វើតែតារាង ហើយនិងកន្លែងអង្គុយ។ ឯកន្លែងសហព័ន្ធ គឺអ្នកចេញបង្គោលភ្លើងសម្រាប់ទាត់យប់។ ចែកគ្នាចេញឲ្យដាច់អញ្ចឹងទៅ។ ខ្ញុំអ្នកជួយខាងផ្នែកតារាង និងអាកន្លែងអង្គុយកន្លែងអីនោះ។ ហើយខាងណោះគេធ្វើសម្រាប់អាទាត់យប់ ព្រោះឥឡូវគេមានទាត់យប់។
កម្ពុជាពីស្ថានភាពដ៏លំបាកលំបិន បានផ្លាស់ប្តូរមកកាន់ស្ថានភាពមួយដែលល្អប្រសើរជាងមុន
ហើយខ្ញុំព្រះករុណាខ្ញុំ អរព្រះគុណចំពោះព្រះតេជព្រះគុណ ដែលបាននិមន្តចូលរួមក្នុងពិធីសម្ពោធ និង ប្រគល់សាលាជូន ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាល ដែលនៅជុំវិញ ទីនេះ។ អរគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមជាមួយនឹង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងទីរួមខេត្តកំពង់ចាមរបស់យើងនេះ។ ហើយសង្ឃឹមសាលានេះ នឹង ផ្តល់ជាផលប្រយោជន៍ដ៏ធំ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជាសម័យនេះ គឺកម្ពុជា ដើរបានឆ្លងនូវចម្ងាយមួយដ៏វែង ពីស្ថានភាពដ៏លំបាកលំបិន បានផ្លាស់ប្តូរមកកាន់ស្ថានភាពមួយដែលល្អ ប្រសើរជាងមុន។ អម្បាញ់មិញនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានហោះមើលពីលើស្ពានឆ្លងកាត់ដៃទន្លេ ឆ្លងកាត់ ទៅកោះកំពង់ត្រុំ។ ហើយសង្ឃឹមថា ឆ្នាំនេះនឹងអាចមានលទ្ធភាព ដើម្បីឲ្យមានការឆ្លងកាត់បានខ្លះ សម្រាប់សិស្សានុសិស្ស ដែលជិះកង់ ជិះម៉ូតូអីជាដើម។
ឆ្នាំនេះអកុសលថែមទៀត ដោយសារនៅត្រង់ថា ទឹកវាស្រកយឺត ដល់ទឹកស្រកយឺត ពិបាកធ្វើ។ អញ្ចឹង អម្បាញ់មិញ ឃើញគាត់កាយ (និង)បូមខ្សាច់យកទៅចាក់ ដើម្បីទ្រសម្រាប់ការធ្វើ។ អញ្ចឹង នៅសល់តែ ប៉ុន្មានប្រឡោះទៀត ហើយនឹងអាចតភ្ជាប់ស្ពាននេះបាន ដើម្បីឆ្លងកាត់ទៅកោះកំពង់ត្រុំនេះ។ តើមានបាន គិតទេថា វាមានស្ពានគីហ្ស៊ូណានៅហ្នឹងទេ? បឹងកុករបស់យើងនេះ នៅតំបន់កំពង់ចាមរបស់យើង កន្លែងនេះ គឺជាកន្លែងវ៉ៃប្រហារគ្នាធ្ងន់ណាស់។ ឆ្នាំ ១៩៧៣ ខែ សីហា ពេលនោះ ផ្លាស់ប្តូរ ស្រី យ៉ា ចេញពីចៅហ្វាយខេត្តកំពង់ចាម ដាក់ ស ហោ ចូលមកដល់ភ្លាម យកគ្រាប់បែកណាប៉ាល់(Napalm) ទម្លាក់ផ្តាច់ទំនប់បឹងកុក បង្ហូរទឹកចូលស្លាប់មនុស្ស ស្លាប់អីមិនតិចទេ។ បន្ទាប់ទៅទីក្រុងកំពង់ចាមនេះគ្មានមនុស្សនៅទេ ប៉ុន្តែឥឡូវ ទីក្រុងកំពង់ចាមក្លាយទៅជាទីក្រុងមួយដូចគេដូចឯងដែរ។
សង្ឃឹមថា យើងនឹងបន្តធ្វើកិច្ចការងារនេះតទៅទៀត។ មិនទាន់ចប់ទេប៉ុណ្ណេះ មនុស្សមិនទាន់ស្កប់ទេ អាចនិយាយបានថា ទន្លេដប់មិនស្កប់សមុទ្រមួយទេ។ បំណងប្រាថ្នា និងសេចក្តីត្រូវការរបស់មនុស្សនៅតែ មាន។ ដូច្នេះ យើងយើងត្រូវតែមានការខិតខំ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់អនាគតរបស់ ប្រទេសកម្ពុជា ហើយការផ្លាស់ប្តូរនោះ គឺយើងបានធ្វើឲ្យមានការផ្លាស់ប្តូររួចស្រេចទៅហើយ និងបន្តឲ្យ មានការផ្លាស់ប្តូរតទៅទៀត រាប់ទាំងទីកន្លែងនេះកាលពីប៉ុន្មានខែមុន គឺអគារចាស់មួយដែលរៀបតែហ្នឹង បាក់ ប៉ុន្តែបានផ្លាស់ប្តូរទៅជាអគារថ្មីមួយដ៏ល្អ។
ការតភ្ជាប់បណ្តាញ/ការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្តាខេត្តមួយចំនួន
បន្តិចទៀត កន្លែងមួយចំនួនផ្សេងទៀតនឹងមានការផ្លាស់ប្តូរជាបន្ត រាប់ទាំងតារាងបាល់ទាត់កំពង់ចាមផងដែរ។ ភ្លើងរុញពីភ្នំពេញ។ ឥឡូវ កំពុងតខ្សែចេញពីកំពង់ចាម ភ្ជាប់ជាមួយក្រចេះ ភ្ជាប់ជាមួយស្ទឹងត្រែង។ ខែ កញ្ញា នេះ នឹងបិទឲ្យដំណើរការទូប៊ីនមួយ ទម្លាក់ភ្លើងពីទន្លេសេសាន ពីស្ទឹងត្រែងមកក្រចេះ ពីក្រចេះមកកំពង់ចាម ហើយរុញពីកំពង់ចាមយើងទៅផ្គត់ផ្គង់ឲ្យភ្នំពេញវិញ ដោយសារនៅទន្លេសេសាន ២ នោះ ដល់ទៅ ៤០០ មេហ្គាវ៉ាត់ឯណោះ។ អ្នកកំពង់ចាម អ្នកក្រចេះ មិនអាចប្រើអស់ទេ យកទៅប្រើនៅភ្នំពេញ ហើយអាចរុញមួយផ្នែកទៅកាន់ខេត្តដទៃទៀតផង។
ការចុះតម្លៃអគ្គិសនីថែមមួយកម្រិតទៀត
នេះគឺជាសេចក្តីត្រូវការ នៃការអភិវឌ្ឍប្រទេសមួយ។ ក្មេងបច្ចុប្បន្នលែងស្គាល់ហើយរបស់ដែលហៅថា ដុតចន្លុះនោះ មិនទាំងស្គាល់ចន្លុះនោះរបៀបណាផង? ចៅៗជានិស្សិតពេទ្យ ជាគ្រូបង្រៀននេះ អត់ស្គាល់ទេ? សិស្សគរុកោសល្យនេះអត់ស្គាល់ចន្លុះយ៉ាងម៉េចទេ? បើគ្រូរបស់គ្រូ ឬក៏ជីដូនជីតា ត្រឹមតែឪពុកម្តាយ សិស្សានុសិស្សខ្លះ អត់ទាន់ស្គាល់ចន្លុះហ្នឹងយ៉ាងម៉េចទេ? បន្ទាប់មកសម័យដុតចង្កៀងប្រេងកាត តែឥឡូវ នេះ លែង(មាន)ចង្កៀងប្រេងកាត សូម្បីទូរស័ព្ទហ្នឹងក៏មានពិលដែរ។ រួចហើយតម្លៃភ្លើងក៏សុំជម្រាបជូនដែរ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ នេះ ទន្ទឹមនឹងប្រាក់ខែឡើង ថ្លៃភ្លើងចុះ។ អ្នកដែលប្រើប្រាស់ ៥០ គីឡូវ៉ាត់ចុះក្រោម តម្លៃ ៦១០ រៀល។ អ្នកដែលប្រើប្រាស់ ១០ គីឡូវ៉ាត់ចុះក្រោម តម្លៃ ៤៨០ រៀល។ អញ្ចឹង បើយើងពិនិត្យអ្នកដែលប្រើប្រាស់ ៥០ គីឡូវ៉ាត់ចុះក្រោម គឺមានគ្របដណ្តប់ប្រជាជនជាង ៧០ ភាគរយ នៃចំនួនប្រជាពល(សរុប)។ អ្នកដែលមានចំណូលខ្ពស់ គេប្រើប្រាស់លើសពី ៥០ គីឡូវ៉ាត់ទៅ តែជាមួយនឹង បណ្តាញជាតិ ដែលឥឡូវប្រើប្រាស់ ៨០០ (រៀ) ឬ ៩០០ (រៀល) ឬ ១.០០០ (រៀល) ក៏នៅត្រឹមតែ ៧៧០ រៀលទេ។
ហើយបើភ្ជាប់ជាមួយនឹងបណ្តាញរបស់ឯកជន គឺតម្លៃដូចគ្នា ដែលឯកជនយកភ្លើងរបស់រដ្ឋទៅប្រើ ដោយប្រើបណ្តាញឯកជន ក៏នៅ ៤៨០ រៀលដែរ ប្រើក្រោម ១០ គីឡូវ៉ាត់ចុះក្រោម។ ៦១០ រៀល ប្រើ ៥០ គីឡូវ៉ាត់ចុះក្រោម ប៉ុន្តែ ដល់ទៅ ៥០ គីឡូវ៉ាត់ឡើងលើ គឺខុសត្រូវគ្នា ២០ រៀល។ ភ្ជាប់បណ្តាញជាតិទាំងស្រុង គឺ ៧៧០ (រៀល) និងភ្ជាប់ជាមួយបណ្តាញឯកជន ៧៩០ (រៀល) ដូច្នេះខុសត្រូវគ្នាបន្តិច ប៉ុន្តែ ដាច់ដោយឡែក ចំពោះកន្លែងណាដែលមិនទាន់ភ្ជាប់ អាហ្នឹងគឺជាតម្លែឯកជន ដែលអាជ្ញាធរអគ្គិសនីកំពុងធ្វើការជាមួយអ្នកទាំងនោះ ដោយសារតម្លៃប្រេងក៏មានការធ្លាក់ចុះ គេក៏គួរតែទម្លាក់ថ្លៃភ្លើងចុះផងដែរ ឲ្យទាបបន្តិច ហើយយើងក៏កំពុងប្រឹងប្រែង ដើម្បីរកថវិកាជម្រុញការតភ្ជាប់អគ្គិសនីទៅឲ្យប្រជាជនប្រើប្រាស់។
ភាពខុសគ្នា រវាងអ្នកសន្យា និងអ្នកធ្វើ
បន្តិចទៀតដល់ពេលវេលាគេដេញថ្លៃហើយ ដេញថ្លៃយ៉ាងម៉េច? ប្រាក់ខែយើងឡើងត្រឹមតែ ៩៥ ម៉ឺនរៀល ទេ បូកនឹងអត្ថប្រយោជន៍ដទៃទៀត ដូចជាប្រាក់តំបន់ អាចបានលើស ១ លាន(រៀល)។ បន្តិចទៀតគេនឹង មកសន្យាថានឹងឲ្យ ៣ លាន(រៀល)។ អគ្គិសនីគេសន្យាថា ១ គីឡូវ៉ាត់ ២០០ (រៀល)។ ហើយនៅសន្យា ដទៃទៀត ចាស់ៗឲ្យ ៥ ម៉ឺន(រៀល), ២០ ម៉ឺន(រៀល), ៣០ ម៉ឺន(រៀល) ដេញថ្លៃគ្នាព្រាត។ លោកយាយ លោកតាអើយ! យកអាពិតទៅ អាមាននៅក្នុងដៃមិនពិបាករត់ ប្រយ័ត្នមែនទែនអាសន្យាហើយស្រាប់តែ អន្តរាយដល់ជីវិត ប្រទេសច្របូកច្របល់។ ចាំបានទេ? ដូរពី សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទៅកាន់ លន់ នល់ សង្គ្រាមផ្ទុះភឹង។ ស្លាប់អស់មនុស្សប៉ុន្មាន? កើតមានរបប ប៉ុល ពត សង្គ្រាម ល្មមតែបញ្ចប់បាន។ ពីមុនមាន ហ៊ុន សែន សម្រាប់បញ្ចប់ ប៉ុន្តែឥឡូវអត់មាន ហ៊ុន សែន បញ្ចប់ទេ ព្រោះចាស់ដែរហើយ។ គ្មានកម្លាំងឯណាទៅធ្វើទៀត(ទេ)។ និយាយគ្នាមិនស្តាប់ ឲ្យសាកល្បងរសជាតិហ្នឹងទៀតទៅ។ ប៉ុន្តែមិនទុកដល់ថ្នាក់ប៉ុណ្ណឹងពេកទេ។
ដោយតម្លៃណាក៏ដោយ អ្នកត្រូវយល់ឲ្យបានថា សន្តិភាពនេះពិបាករកណាស់ ទម្រាំរកបានប្រើមនុស្សរាប់ជំនាន់ ហើយស្លាប់មនុស្សអស់ច្រើនណាស់។ ជំនាន់អាមេរិកកាំងអស់មនុស្សជិតកន្លះលាននាក់ ដែលស្លាប់ របួស និងពិការ។ ជំនាន់ ប៉ុល ពត ៣ លាននាក់(ស្លាប់)។ ទម្រាំមានសន្តិភាពប៉ុណ្ណេះ មិនមែនឲ្យអ្នកបំផ្លាញលេងៗទេ។ មើលនៅប្រទេសលីប៊ី, ស៊ីរី, អឺរ៉ាក់ លទ្ធផលបានមកស្អី? គឺការស្លាប់រាល់ថ្ងៃ។ ហ្នឹងហើយការសន្យា។ ចង់សម្លាប់ សាដាម ហ៊ូសេន មួយ តើបានកើត សាដាម ហ៊ូសេន ប៉ុន្មាន ហើយនៅទូទាំងប្រទេសអឺរ៉ាក់? ចង់សម្លាប់ ហ្កាដាហ្វី មួយ តើកើត ហ្កាដាហ្វី ប៉ុន្មាន? ហើយស្លាប់មនុស្សអស់ប៉ុន្មាន? ចង់ផ្តួលរបប អាសាដ មួយ តើឥឡូវប្រជាជនស៊ីរីស្លាប់ប៉ុន្មាន? ឥឡូវ ចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្តួល ហ៊ុន សែន មួយ តើនឹងមានស្អីនោពេលខាងមុខ? នេះជាសញ្ញាសួរមួយ … បើមួយថ្ងៃៗ អង្គុយញេញធ្មេញចាំតែថា ឲ្យតែព្រឹប អញរឹតពីអ្នកមានឲ្យអ្នកក្រ។ អាហ្នឹង អាពត សុទ្ធហើយ។ មានស្អីទៀត។
គរុកោសល្យនៅខេត្តកំពង់ចាមនៅពេលខាងមុខឈានទៅដល់ ១២+៤
លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ទាំងឡាយកុំភ្លេចឲ្យសោះ គេបានថា សញ្ញាបត្រក្នុងប្រទេសខ្មែរយើងអត់ មានតម្លៃទេ ប៉ុន្តែ គេបង្អាប់យ៉ាងម៉េចក៏ដោយ យើងមានកូនសិស្សរៀននៅសាលារបស់យើងត្រឹមត្រូវ។ ឥឡូវនេះ យើងមានស្តង់ដានៃសិស្សតទៅទៀត។ ខាងមុខប្រហែលជានៅខេត្តកំពង់ចាមនេះ គរុកោសល្យមិនមែន ១២+២ ទៀតទេ និងឈានទៅដល់ ១២+៤ ដើម្បីឲ្យគុណគ្រូកាន់តែខ្ពស់ទៅៗ។ ចំណុចនេះ ជាចំ ណុចសំខាន់ ហើយសិស្សានុស្សិសរបស់យើងរហូតទៅដល់ជាង ៣ លានកន្លះ មិនមែនតិចទេ ដើម្បីធ្វើ កិច្ចការងារមួយនេះ។ ហើយខ្ញុំព្រះករុណាខ្ញុំ ប៉ុណ្ណឹងទៅចុះ។ បន្តិចទៀត ទៅស្រោចទឹកឲ្យចៅហ្វាយខេត្ត ចៅហ្វាយស្រុកអីជាដើម ។ល។ រួចហើយបន្ទាប់ពីហ្នឹងទៅស៊ីបាយទេ …
ចុងបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់ នូវវិទ្យាល័យនៅបឹងកុករបស់យើងនេះ ដែលមានអគារថ្មីថ្មោងទើបនឹងសាងសង់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាពិសេស លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕