សម្រង់សង្កថា សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារឆ្នាំ ២០១៦ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ

CNV: 24 ខែ​កុម្ភៈ, 2017
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និង​លើក​ទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាឱកាសនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញា​ធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ ក្រសួង ស្ថាប័ន និងដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនប្រទេសជាតិ និងប្រជា​ជន ពិសេសការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រម​ទាំង​​ការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទោះបីជាស្ថានភាពក្នុងតំបន់ និងពិភពលោកបាន និងកំពុងជួប​ប្រ​ទះ​នូវ​បញ្ហាប្រឈមជាច្រើន និងក្នុងផ្ទៃក្នុងជាតិ មានក្រុមជ្រុលនិយមមួយចំនួនបានខិតខំរិះរកគ្រប់វិធី​ប៉ុនប៉ងបង្ក​ឱ្យ​មានចលាចលវឹកវរក្នុងសង្គម និងការឃោសនាបំប៉ោងសភាពការណ៍ បំភ័ន្តសាធារណមតិជាតិ និងអន្តរ​ជាតិ​ថា កម្ពុជាកំពុងមានអស្ថិរភាពនយោបាយយ៉ាងណាក្តី ប៉ុន្តែពួកគេមិនឤចសម្រេចបាននូវឧបាយកល​នេះ​ឡើយ។
ជារួម កម្ពុជាកំពុងទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជា​យើងកំពុងដើរតួនាទីយ៉ាងសកម្មទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ កំណើន​សេដ្ឋ​កិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៧,១% ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្ស​ម្នាក់​ៗ កើនពី ៧៦០ ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ ប្រមាណជាង ១៣០០ ដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៦ ដោយ​បានផ្លាស់ប្តូរស្ថានភាព និងឋានៈកម្ពុជា ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រ មកជាប្រទេសដែលមានចំ​ណូល​មធ្យម​កម្រិតទាប។
លើមូលដ្ឋាននៃការរីកចម្រើននេះ បានបង្កលទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការដំឡើងបៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ មេភូមិ និងជំនួយការមេភូមិ ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ ការកាត់បន្ថយតម្លៃប្រើប្រាស់អគ្គិសនីជូនប្រជាជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបង្កើតធន​ធាន ដើម្បីវិនិយោគលើវិស័យអាទិភាពនានា ការបង្កើនធនធានហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ការផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃនូវសេវាចុះ​បញ្ជីកំ​ណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ លិខិតមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ។ល។
ទន្ទឹមនេះ ការងារពាក់ព័ន្ធសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូលក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ទោះបីជាបទល្មើសព្រហ្មទណ្ឌមានការកើនឡើងបន្តិច ដោយសារការកើនឡើង នៃបទ​ល្មើស​មជ្ឈឹម ប៉ុ​ន្តែបទឧក្រិដ្ឋបានថយចុះ ៥% ហើយលទ្ធផល នៃការបង្ក្រាបទទួលបានអត្រាកម្រិតខ្ពស់ ៨២% នៃ​​បទ​ល្មើសសរុបទូទាំងប្រទេស ដែលបង្ហាញពីសមត្ថភាពរបស់កម្លាំងអនុវត្តច្បាប់កាន់តែត្រូវបានលើកកម្ពស់។
ជាមួយនេះ សភាពការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងមានសភាពស្ងប់ស្ងាត់ ហើយ​កង​កម្លាំងនគរបាលជាតិបានសហការជាមួយកងយោធពលខេមរភូមិន្ទ ខិតខំប្រឹងប្រែងរក្សាការពារបូរណភាព​ទឹកដី អធិបតេយ្យជាតិ ការគ្រប់គ្រង ការចេញចូលឆ្លងកាត់ព្រំដែន ការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំ​បន់​ព្រំដែន និងការប្រឹងប្រែងអភិវឌ្ឍនៅតាមតំបន់ព្រំដែន ដើម្បីបន្តពង្រឹងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង​ជា​តំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្មីៗនេះ យើងបានដាក់ចេញនូវយុទ្ធនាការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសសំខាន់ៗ ដែលបាន និងកំពុង​អនុវត្ត​ព្រមៗគ្នានៅទូទាំងប្រទេស រួមមានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ បទ​ល្មើសព្រៃឈើ និងធនធានធម្មជាតិ អំពើប្លន់ប្រដាប់ឤវុធ បទល្មើសនេសាទ និងការរឹតបន្តឹង​ការ​​អនុវត្ត​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ដោយមានការគាំទ្រ ការចូលរួមពីប្រជាជន អ្នកពាក់ព័ន្ធនានា សម្រេចបានលទ្ធ​ផលគួរ​ឲ្យកោតសរសើរ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់​លំដាប់​ថ្នាក់ ទាំងនគរបាលជាតិ និងរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែល​ជាក់​ស្តែងចាប់ពីការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មកទល់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ កងកម្លាំងមានសមត្ថកិច្ចបានបង្ក្រាបជាង ១.៦៦០ ករណី ដកហូតគ្រឿងញៀនខុសច្បាប់​បាន​ជាង ១៤ គីឡូក្រាម សរុបគិតរួមទាំងប្រតិបត្តិការក្នុងឆ្នាំ ២០១៦ មានគ្រឿងញៀនប្រមាណជាង ១៩៤ គីឡូ​ក្រាម ត្រូវបានដកហូត និងមានជនល្មើសប្រមាណជាង ១៣.៩០០ នាក់ ត្រូវបានឃាត់ខ្លួន។ហាផ្ទៃ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក់ស្តែងចាប់ពីការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់មក
ដោយឡែក ការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួង ស្ថាប័ននានា ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ (គ·ជ·អ·ប) បានខិតខំជំរុញកិច្ចដំណើរការកែទម្រង់នេះ ឱ្យឈានចូលក្នុងដំណាក់កាលដ៏​ស៊ី​ជម្រៅនោះគឺ ការផ្ទេរមុខងារ និងធនធាន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈនេះ តម្រូវឱ្យក្រសួង ស្ថាប័ន​នីមួយៗ ត្រូវធ្វើការផ្ទេរមុខងារ និងធនធានយ៉ាងហោចឱ្យបានមួយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជា​លទ្ធផល រហូតមកទល់ពេលនេះមាន ក្រសួង ស្ថាប័ន ចំនួន ១៤ បាន និងកំពុងដំណើរការផ្ទេរមុខងារ និង​ធនធាន និងបានធ្វើសំណើផ្ទេរមុខងារ និងធនធាន ជាបន្តបន្ទាប់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប​តម្រូវការរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ។
ជារួម ដើម្បីបង្កបរិយាកាសអំណោយផលឈានឆ្ពោះទៅ សម្រេចបាននូវគោលបំណង និងគោលដៅនៃកម្មវិធី​កែ​ទម្រង់​ដ៏ស៊ីជម្រៅរបស់កម្ពុជា និងដើម្បីបង្កបរិយាកាសល្អប្រសើរ ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឤណត្តិទី ៤ នាថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក៏ដូចជាផ្តល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ យើងត្រូវ​បន្ត​ប្តេជ្ញាចិត្តខិតខំរួមគ្នាសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ក្នុងនោះមាន៖
ទីមួយ បន្តថែរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណសម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងមាំបន្ថែមទៀត នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។
ទីពីរ បន្តជំរុញការអនុវត្តឱ្យបានកាន់តែខ្លាំងក្លា និងកាន់តែសកម្មថែមទៀតនូវកម្មវិធីកែទម្រង់នានា ក្នុងនោះ រួមទាំងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅពង្រឹងសមត្ថភាព ស្ថាប័ន សមត្ថភាពមន្ត្រីរាជការ ដើម្បី​ប្រសិទ្ធភាពការងារ និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
ទីបី ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍នានាពីការអភិវឌ្ឍ ការ​ផ្តល់កិច្ចគាំពារសង្គមប្រកបដោយសមធម៌ និងការខិតខំដោះស្រាយសំណូមពរចាំបាច់នានា​របស់​ប្រជា​ជន​សំដៅលើកកម្ពស់ការចូលរួមរបស់ប្រជាជនលើកិច្ចការគ្រប់វិស័យក្នុងសង្គម។
ផ្អែកលើទិសដៅជាយុទ្ធសាស្ត្រទាំងបីខាងលើនេះ និងទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ ខ្ញុំសូម​គូស​បញ្ជាក់នូវការងារសំខាន់ៗមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត ដូចខាងក្រោម៖
ទី ១ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់ការថែរក្សាសន្តិសុខជាតិ និងសុវត្ថិភាពក្នុងសង្គមទាំង​មូល ដោយត្រូវខិតខំបង្ការ ទប់ស្កាត់នូវសកម្មភាពភេរវកម្ម និងវិច្ឆេទកម្មនានា ដែលមានអង្គការចាត់តាំង​តាម​គ្រប់រូបភាព។ ត្រូវពង្រឹងគ្រប់វិធានការ ដើម្បីបង្ការ ទប់ស្កាត់នូវគ្រប់សកម្មភាពឧបាយកលនានា ដែលប៉ុនប៉ង​បង្ក​ឲ្យមានអំពើហិង្សា ភាពចលាចល ភាពវឹកវរក្នុងសង្គម និងបន្តទប់ស្កាត់ការប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងប្រទេសណាមួយ ហើយត្រូវរួមការពារឲ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយ​ខិតខំបន្តថែរក្សា ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង សំដៅកសាងតំបន់​ព្រំ​ដែន​កម្ពុជាជាមួយប្រទេសជិតខាង ជាព្រំដែនសុខសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​ប្រ​កប​ដោយចីរភាព។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
អភិវឌ្ឍប្រទេសមួយបាន ត្រូវរក្សាបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ចំណុចនេះ ខ្ញុំនៅតែបន្តការរំលឹកថា ដើម្បីការអភិវឌ្ឍប្រទេសមួយបាន បញ្ហាធំជាងគេដែលត្រូវតែយកមកដាក់​នៅ​គ្រប់ពេលវេលា នៃការអភិវឌ្ឍនោះ គឺម្ខាងរក្សានូវស្ថិរភាពនយោបាយ និងម្ខាងទៀតត្រូវរក្សានូវស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច។ ចំណុចពីរនេះ ជាចំណងទាក់ទងវិចារវិទ្យាមិនអាចខ្វះគ្នាបានទេ។ យើងមិនផ្ដល់ឱកាសអោយអ្នក​ណាមួយបំផ្លាញសុខសន្ដិភាពដោយយើងធ្វើមិនដឹងមិនឮទេ។ យើងត្រូវតែឆ្លើយតបហ្មត់ចត់ ទោះបីដោយ​សកម្ម​​ភាព​បែបណាក៏ដោយ ត្រូវតែធ្វើសកម្មភាពដើម្បីធានានូវសុវត្ថិភាពនៅក្នុងប្រទេសរបស់យើង មិន​អនុ​ញ្ញាត​អោយ​ពួកភេរវកម្មធ្វើសកម្មភាពលើទឹកដីរបស់យើង ដែលជាការបំផ្លិចបំផ្លាញនាំទៅដល់ការភ័យខ្លាច និងការបំផ្លិចបំផ្លាញឈានទៅបំផ្លាញ ជាពិសេសក្នុងហ្នឹងរាប់ទាំងវិស័យទេសចរណ៍។
អ្នកនៅក្នុងប្រទេសក៏​ត្រូវតែយល់ថា អ្នកឯងត្រូវគោរពច្បាប់របស់ប្រទេស ត្រូវតែចូលរួមការពារនូវសុខសន្ដិភាព​របស់​ប្រទេស ហើយ​យើងមិនបណ្ដោយអោយអ្នកណាមួយ ទោះបីអ្នកឯងជ្រកក្រោមលទ្ធិប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស ឬបក្ស​នយោបាយណាក៏ដោយ ក្រោមហេតុផលនោះដើម្បីបំផ្លាញសន្ដិសុខជាតិរបស់​យើងនោះ​ទេ។ ជាមួយគ្នានោះ​ដែរ នេះក៏ជាមូលដ្ឋាន ម្ខាងគឺរក្សានូវសន្ដិភាព ស្ថិរភាពនយោបាយ និងម្ខាងទៀតគឺស្ថិរ​ភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើម៉េចជំរុញកំណើននេះ អោយស្ថិតស្ថេរ ៧% នៃគោលដៅនៃកំណើន(សេដ្ឋកិច្ច) បូក​ជា​មួយនឹងការកែទម្រង់ផ្សេងៗទៀត ក្នុងនោះមានការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារ​ណៈ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ការទាមទារកាន់តែច្រើនទៅៗ នូវចំនួនការចំណាយលើបន្ទុកបុគ្គលិក ក្នុង​ហ្នឹង ការចំណាយលើបន្ទុកបុគ្គលិកនេះ ទាមទារអោយយើងត្រូវខិតខំរក្សាតម្លៃអត្រាប្ដូរប្រាក់ និងខិតខំរក្សាកម្រិត​អតិ​ផរណា​អោយវានៅថេរក្រោម ៥%។
នេះជាចំណុចដែលយើងចង់បាន។ បើសិនយើងរក្សាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចមិនបានទេ ច្បាស់​ណាស់​ថា គឺ​កា​រ​ដំឡើងបៀវត្សគ្មានន័យអីទាំងអស់។ ដូច្នេះ ត្រូវតែបង្កើនបៀវត្ស ហើយរក្សាកម្លាំងទិញ នៃប្រាក់បៀវត្សដែល​ត្រូវ​បាន​បង្កើនជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូច​ជាកម្មករ កម្មការិនីរបស់យើង មកដល់ពេលនេះ គេកំ​ពុង​តែអនុវត្តនូវបៀវត្សអប្បបរមា ១៥៣ ដុល្លារសហរដ្ឋ​​អាមេរិក បូកបន្ថែមដោយអត្ថប្រយោជន៍ដទៃទៀត មិន​តិច​ជាង ១៧០-១៨០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ នេះ​ជាចំណុចដែលខ្ញុំសុំរំលឹកថា យើងទាំងអស់គ្នាត្រូវ​ធ្វើ​កិច្ច​ការងារនេះដោយពេញលេញ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ២ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការរួមគ្នាជាប់ជាប្រចាំ និងព្រមៗគ្នានៅទូទាំងប្រទេស នូវយុទ្ធនាការ​បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ឲ្យបានកាន់តែសកម្មផុលផុស និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ជាមួយនេះ ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឲ្យបានកាន់តែខ្លាំងក្លា និងត្រូវលើកកម្ពស់​ការ​អប់រំ ផ្សព្វផ្សាយ ជំរុញឲ្យមានការចូលរួមពីប្រជាជន វិស័យឯកជន សង្គមស៊ីវិល ព្រះសង្ឃ អង្គការសាសនា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងជាប្រចាំជាមួយបណ្តា​ប្រ​ទេស​ក្នុងតំបន់ និងពិភពលោក ដើម្បីរួមគ្នាស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញៀន សំដៅគាស់រំលើង​ដល់​ឫសគល់នៃបទល្មើសគ្រឿងញៀន។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
គ្រប់មជ្ឈដ្ឋាន ពិសេសគ្រួសារ អាណាព្យាបាល ចូលរួមអប់រំ/កំចាត់គ្រឿងញៀន ឧក្រិដ្ឋកម្ម​​ក្នុងតំ​បន់ និង​ឆ្លង​ដែន
ក្នុងចំណុចនេះ ខ្ញុំសុំកោតសរសើរជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេច ក្រឡាហោម ដែល​បានអនុវត្តនូវយុទ្ធនាការទ្រង់ទ្រាយធំ ដែលមិន​​ធ្លាប់មានពីមុនមក ទៅលើការប្រយុទ្ធប្រឆាំងជាមួយ​នឹង​គ្រឿងញៀននេះ។ ហើយតាមរយៈនៃការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ យើងឃើញថា អំពើលួចប្លន់ប្រដាប់​អាវុធក៏បានថយចុះនៅក្នុងកាលៈទេសៈ នៃពេលវេលាដែលយើងអនុវត្តនេះដែរ ព្រោះថាសំណុំគ្រឿងញៀន សំ​​ណុំ​​ចោរប្លន់ប្រដាប់អាវុធនេះ វាទៅជាមួយគ្នា។ ប៉ុន្តែយើងក៏ត្រូវដឹងថា ប្រតិបត្តិការទៅលើកម្លាំងតែមួយមុខគត់ ដើម្បីបង្ក្រាបតាមរយៈកម្លាំង និងតាមរយៈប្រព័ន្ធតុលាការវាមិនគ្រប់ទេ ការចាំបាច់របស់យើងត្រូវមានការ​ចូល​​រួម​​​ពីសំណាក់ប្រជាពលរដ្ឋ ពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធ មានវិស័យឯកជន សង្គមស៊ីវិល ព្រះសង្ឃ អង្គការ​សាសនា និងស្ថាប័នទាំងអស់និយាយរួម ហើយជាពិសេសក្រុមគ្រួសារជាអ្នកដើរតួនាទីសំខាន់ណាស់ក្នុង​ពេលនេះ។
នៅពេលដែលយុទ្ធនាការកំពុងតែបន្ត វិធីដែលល្អ ឪពុកម្ដាយដឹងច្បាស់ណាស់ ក្រុមគ្រួសារដឹង​ច្បាស់ គឺអប់រំ​កូន​កុំអោយទៅណា ក្រែងគេចាប់ចូលទៅជុំរុំ។ ជុំរុំហ្នឹងរឿងមួយហើយ គេមិនមែនយល់ទៅដាក់​គុកទេ យកទៅ​បន្សាប​គ្រឿងញៀន ដែលជាបញ្ហាប្រឈមធំនៅទីកន្លែងដាក់(អ្នកញៀនគ្រឿងញៀន)សព្វថ្ងៃ​របស់យើង ប៉ុន្តែបើ​សិន​ជា​​ក្រុមគ្រួសារនីមួយៗ អប់រំកូនចៅកុំអោយដើរ ហើយបន្សាបគ្រឿងញៀននៅផ្ទះ ខ្ញុំគិត​ថា ចំនួនអ្នក​ដែល​ធ្វើ​សកម្មភាពជក់គ្រឿងញៀននៅខាងក្រៅ គឺនឹងកាត់បន្ថយដែរ។ អញ្ចឹងសុំអំពាវនាវ​ចំពោះប្រជាពលរដ្ឋ មាតា​បិតា អាណាព្យាបាល គឺខិតខំអប់រំកូនចៅ ដើម្បីអោយពួកគេនៅហ្នឹងផ្ទះ ហើយ​បន្សាបគ្រឿងញៀននៅផ្ទះ ប្រ​សើរជាងត្រូវ(ចាប់)ទៅប្រមូលផ្ដុំ និងមានពេលខ្លះគេចូលទៅមន្ទីរឃុំឃាំងទៀតផង។
នេះជាចំណុចដែលខ្ញុំសូមអំពាវនាវជាបន្ត ហើយយើងក៏ធ្វើការជាមួយបណ្ដាប្រទេសក្នុងតំបន់ដែរ នៅ​ពេល​​ដែល​យើងមានទស្សនកិច្ចនៃបណ្ដាប្រទេសនានា ឬយើងចេញទៅក្រៅប្រទេស ស្វែងរកកិច្ចសហប្រតិបត្តិការ​ជា​មួយប្រទេសដែលមានការពាក់ព័ន្ធជាមួយយើង ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងគ្រឿងញៀន ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៣ ត្រូវបង្កើនការគ្រប់គ្រងជនបរទេស និងពង្រឹងការគ្រប់គ្រងច្រកចេញចូល ពង្រឹងការគ្រប់គ្រង ការ​ឆ្លង​កាត់​ខុសច្បាប់តាមបន្ទាត់ព្រំដែននានា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបបណ្តាញភេរវកម្មនានា បទល្មើស ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ដោយត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស​ក្នុង​តំបន់ ក្រៅតំបន់ និងអង្គការអន្តរជាតិនានា។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
កោតសរសើរដល់សមត្ថកិច្ចនៅព្រលានយន្តហោះ
នៅទីនេះ ខ្ញុំក៏សូមកោតសរសើរជាមួយនឹងសមត្ថកិច្ចរបស់យើងនៅតាមព្រលានយន្តហោះ។ ខ្ញុំមិននិយាយចំ​ប្រ​ទេសណាទេ ប៉ុន្តែគ្រឿងញៀនចេញពីប្រទេសនៅតំបន់អាមេរិកឡាទីន ហើយឆ្លងកាត់​ប៉ុន្មានព្រលាន​​យន្ត​ហោះហើយ បែរជាចាប់អត់បាន ហើយមកចាប់បាននៅកម្ពុជា។ គឺជារឿងគួរអោយឆ្ងល់ខ្លាំង​ណាស់។ យើង​ចាប់បានប្រមាណជា ៣ ទៅ ៤ ដងរូចទៅហើយ ដែលឆ្លង​កាត់មកដល់កម្ពុជា ចាប់នៅសៀមរាបក៏មាន ចាប់នៅភ្នំពេញក៏មាន ហើយចេញពីអាមេរិកឡាទីន ពីប្រេស៊ីល ពីម៉ិចសិច ឆ្លងកាត់មក ហើយព្រ​លាន​ហោះ​ជា​​ច្រើនគេរកមិនឃើញ។ មកឃើញនៅទឹកដីកម្ពុជានេះវិញ។ នេះគឺ​ជារឿងមួយដែលអាចវាយតម្លៃបានថា កន្លែង​ទាំងនោះប្រហែលជាមានការធ្វេសប្រហែស។ យើងមិនវាយ​តម្លៃខ្ពស់ពេកទៅលើ​សមត្ថភាពរបស់​មន្រ្តី​យើង​ទេ ក៏ប៉ុន្តែបើមន្រ្តីយើងប្រហែសទៀត អាហ្នឹងវាទៅទៀត ហើយសូម្បីតែរឿងភ្លុកដំរី កុយរមាស មកចាប់​បាន​​នៅស្រុកខ្មែរ។
ឯកភាពតាមសំណើរបស់ក្រសួងបរិស្ថាន ទុក ភ្លុកដំរី កុយរមាស តាំងពិព័រណ៍
ថ្ងៃមុន ដូចជាក្រសួងបរិស្ថានអ្នកស្នើសុំថា ទុកអាហ្នឹង(ដើម្បីដាក់)តាំងពិព័រណ៍។ ខាងអាមេរិក អ្នកស្នើ​​អោយ​​កម្ទេចចោល។ ទេអានេះមិនមែនភារកិច្ចអាមេរិកមកនៅស្រុកខ្មែរទេ។ អាមេរិកគ្មានសិទ្ធិទេ។ ខ្មែរទុកអាហ្នឹង​តាំងពិព័រណ៍ ព្រោះភ្លុកដំរីខ្លះមកពីអាហ្វ្រិកខាងត្បូង ហើយរឿងអីបានត្រូវកម្ទេចចោល ដូចជាបំបាត់ភស្ដុតាង​ចោល​អញ្ចឹង។ អញ្ចឹងយើងដាក់តាំងពិព័រណ៍មួយ មានតាំងពីប្លុកដំរី កុយរមាស។ ឮថា អាមេរិកចង់​អោយ​យើង​កម្ទេចចោល។ អត់ទេ។ អាមេរិកគ្មានសិទ្ធិបញ្ជារដ្ឋបាលខ្មែរទេ។ ខ្ញុំឯកភាពអោយរក្សាទុក ហើយតាំង​ពិព័រណ៍​តែ​ម្ដង​អោយឃើញថា អាហ្នឹងមកតាំងពីអាហ្វ្រិកខាងត្បូង មកចាប់បាននៅកម្ពុជា។ គេចោះបញ្ចូល​ទៅ​ក្នុង​ឈើហ៊ុប បានគេដឹកមក រួចដឹកមកតាំងពីអាហ្វ្រិក ហើយមកចាប់បាននៅកម្ពុជា។ អាហ្នឹងខ្ញុំសុំសរសើរ​ដោយ​ស្មោះចំពោះមន្រ្តីរបស់យើង។ យើងមិនមែនអួតពីសមត្ថភាពអីទេ តែអានេះកម្លាំង​ចិត្តតែម្ដង បច្ចេកទេស​របស់​យើងគ្មាន scanner អីហ្នឹងគេទេ។ ស្រុកគេមាន scanner គេ scan មិនឃើញ ឯ​យើងវាអត់ scanner បែរ​ជាឃើញ។
ប៉ុន្តែ ខ្ញុំមិនដឹងថា អាមេរិកមួយណាទេ តែអាមេរិកស្នើអោយបំផ្លាញចោល។ ខ្ញុំថាអត់ ហើយឃើញសំណើមក​ថា សុំរក្សាទុក។ សុំរក្សាទុក ហើយតាំងពិព័រណ៍។ នេះជារបស់កម្រ ហើយរបស់វាជិតដាច់ពូជនៅ​ក្នុងប្រទេស​អាហ្វ្រិកទៀតផង។ ហើយប្រទេសនានាចង់មក​ខ្ចីយកទៅតាំងពិព័រណ៍ អាចដែរ ផ្ដល់អោយគេយកទៅតាំង​ពិព័រណ៍ អោយគេឃើញកុយរមាសមកពីប្រទេសនេះ ភ្លុកដំរីមកពីប្រទេសនោះ។ កម្ពុជាអ្នកចាប់បាន ព្រោះអ្នក​ឯង​រត់​ពន្ធ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៤ ត្រូវបន្តខិតខំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមគំរូថ្មីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឲ្យបាន​គ្រប់ៗ​គ្នា សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃស្របតាមច្បាប់ និងសម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណ​បម្រើ​ឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ ទន្ទឹមនឹងនេះ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវការផ្តល់​សេវា​ចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ មរណភាព សៀភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ដោយត្រូវធានាផ្តល់សេវាទាំងនេះឲ្យបានឆាប់រហ័ស និងមិនមានការបង់កម្រៃ។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
មន្រ្តីមូលដ្ឋានត្រូវតាមដាន តើមានអ្នកយកកម្រៃលើឯកសារ ដែលរាជរដ្ឋាភិបាលដាក់មិនអោយបង់កម្រៃ?
យើងត្រូវដឹងថា (ឯកសារ)ច្រើនមុខណាស់ដែលយើងបានលុបចោលនៅការបង់កម្រៃ ប៉ុន្តែយើងត្រូវមានការ​តាម​ដាន​អោយបានច្បាស់ តើអ្នកទាំងនោះបានធ្វើឬអត់? ដូចជាអត្តសញ្ញាណប័ណ្ណមិនមែនបម្រើគ្រាន់តែត្រឹម​ការ​បោះ​ឆ្នោតទេ អត្តសញ្ញាណប័ណ្ណវាមានផលប្រយោជន៍ខ្លាំងណាស់ ដែលយើងតម្រូវធ្វើតាំងពីអាយុ ១៥ ឆ្នាំ​ឡើង។ អញ្ចឹងទេ កាលមុននេះ ដើម្បីទទួលក្នុងពេលដែលរដ្ឋមានការលំបាក រដ្ឋក៏បានអំពាវនាវអោយ​ប្រជា​ជន​បង់​ប្រាក់ចំនួន ១០.០០០ រៀល សម្រាប់អត្តសញ្ញាណប័ណ្ណមួយសន្លឹក។ ប៉ុន្តែក្រោយមកនេះ យើងបាន​​លុប​ចោល​នូវការយកសេវានេះ ទាំងបញ្ហាសំបុត្របញ្ជីជាតិ តាំងពីសំបុត្រមរណភាព អាពាហ៍ពិពាហ៍ សំបុត្រកំ​ណើត សៀវភៅគ្រួសារស្អីៗនេះ យើងបានលុបចោល លុបចោលរហូតទៅដល់ ២០ មុខប្លាយ ហើយត្រូវ​តាម​មើល​អាហ្នឹង។
ថ្នាក់ក្រោមជាតិត្រូវតាមដាន តើមានអ្នកនៅតែយកភាស៊ីលើការលក់តាមកញ្ច្រែង/ល្អីទៀត?
មួយទៀត ទាក់ទងជាមួយនឹងបញ្ហាផ្សារ ត្រូវតាមមើលផង អស់លោកនៅខេត្ត នៅថ្នាក់ក្រោមជាតិ។ លុប​ចោល​​នូវការយកភាស៊ីលើការលក់តាមកញ្ច្រែង ល្អីស្អីៗនេះ ក្រែងលោយើងលុបតែខាងលើ អាក្រោមវាអត់លុប តាមមើលអាហ្នឹង។ ភារកិច្ចរបស់អស់លោកអោយធ្វើអាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹង អោយមើលអាហ្នឹង មើល​ផង ដើម្បីអោយប្រជាពលរដ្ឋគាត់លក់ដូរតិចតួចនេះ តាមកញ្រ្ចែង តាមល្អី ជាពិសេសអ្វីដែលជារបស់គាត់។ ជួនកាលត្រកួនគាត់ដាំខ្លួនគាត់ ព្រលឹមឡើងគាត់បេះ គាត់យកមកដាក់លក់។ ជួនកាលត្រសក់របស់គាត់ ត្រ​ឡាច​របស់គាត់ៗ យកមកលក់ រួចយើងទៅយកភាស៊ីពីគាត់ដែរ។ អញ្ចឹងគ្រាន់តែអាហ្នឹង វាច្រើនណាស់ ប៉ុន្តែ​យើង​ត្រូវតាមមើលពិតប្រាកដ ធ្វើម៉េចធ្វើអោយបានដល់ប្រជាពលរដ្ឋ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៥ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវខិតខំបន្តផ្តោត​​ការ​យកចិត្តទុកដាក់ដឹកនាំ និងសម្របសម្រួលជាមួយក្រសួងស្ថាប័ននានា ដើម្បីធានាឱ្យមានការបន្តផ្ទេរមុខ​ងារ​ និងធនធាន រួមមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុសមស្របទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស​​រដ្ឋ​បាល​ថ្នាក់ក្រុង ស្រុក ដែលនៅជាប់ផ្ទាល់ជាមួយរដ្ឋបាលមូលដ្ឋានឃុំ សង្កាត់ ដែលជាការបង្ខិត​ប្រព័ន្ធ​គ្រប់​គ្រងរដ្ឋបាលរបស់យើងឱ្យកៀកជិតជាមួយនឹងប្រជាជន។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
បន្តផ្ទេរមុខងារ ធនធានទៅថ្នាក់ក្រោមជាតិ រៀបចំទម្រង់បែងចែកចង្កោមផ្ដល់សេវាឆាប់រហ័សដល់ប្រជាពលរដ្ឋ
ខ្ញុំនៅតែបន្ដអំពាវនាវអោយក្រសួង បណ្ដារដ្ឋមន្រ្តីនៅទីនេះ បន្តការផ្ទេរមុខងារ ផ្ទេរធនធានទៅថ្នាក់ក្រោមជាតិ។ អត់​ត្រូវមកនៅកកស្ទះនៅខាងលើនេះទេ។ នេះគ្រាន់តែជាការបន្តនិយាយ មិនមែនចាប់ផ្ដើមទេ។ ប៉ុន្តែមានរឿង​មួយ ដែលខ្ញុំបានពិភាក្សាជាមួយនឹងសម្ដេចក្រឡាហោម ហើយថ្ងៃមុន ខ្ញុំក៏បាននិយាយនៅក្នុង​ពេលប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជាដើម្បីស្រ្តី អំពីបញ្ហារចនាសម្ព័ន្ធនៅថ្នាក់ស្រុក។ បើទុករបៀបនេះ គឺធ្វើការអត់​ចេញទេ អស់​លោក​ជាស្ថាប័ននានា មានខ្សែបណ្ដាញពីថ្នាក់ជាតិដែលមានថ្នាក់អគ្គនាយក ថ្នាក់នាយកដ្ឋាន និងថ្នាក់ក្រោម​ជាតិ គឺមានមន្ទីរ ហើយថ្នាក់ស្រុក គឺមានថ្នាក់ការិយាល័យ ប៉ុន្តែមន្រ្តីរបស់អស់លោកមានម្នាក់ ពីរនាក់ មាន​បី​នាក់។ ធ្វើស្អី(ទាន់ពេល) ធ្វើវាមិនចេញទេ។ អញ្ចឹងខ្ញុំស្នើអោយសម្ដេចក្រឡាហោម ពិភាក្សាជា​មួយនឹង​ក្រ​សួង​មុខ​ងារសាធារណៈ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចយើងរៀបចំទម្រង់យ៉ាង​ដូច្នេះ បែងចែកជា​ផែន។
ឧទារហណ៍ថា មានប៉ុន្មានផែន ដោយឡែក ផែនសន្ដិសុខ និងផែនយោធា គឺមិនអាច​ចូលគ្នាទេ ទុក​ដោយ​ឡែកជាខ្សែបណ្ដាញ ជាចង្កោម ស្ថិតនៅក្នុងរចនាសម្ព័ន្ធដដែល។ ខ្ញុំលើកឧទាហរណ៍​អញ្ចេះថា ចង្កោម​ផលិត​កម្ម មានស្អីខ្លះ? មានកសិកម្ម មានអភិវឌ្ឍន៍ជនបទ មានបរិស្ថាន មានឧស្សាហកម្ម មានរ៉ែ និងថាមពល ដែលទាក់ទងជាមួយនឹងបញ្ហាផលិតកម្ម អោយវាទៅមួយចង្កោមទៅ រួចហើយចង្កោមស្អីទៀតទាក់ទងជាមួយ​នឹង​បញ្ហាសេវា ស្អីខ្លះ? ក្នុងហ្នឹងមានតាំងពីបញ្ហាដែនដី បញ្ហាស្អីៗផ្សេងទៀត យើងដាក់វាជាចង្កោមអញ្ចឹងទៅ អាហ្នឹងបានមានមន្រ្តីធ្វើការ។ រួចហើយអ្នកបញ្ជាផ្ទាល់ គឺរដ្ឋបាល​ថ្នាក់ស្រុកនោះឯង។ កិច្ចការនារីអាចនៅ​ក្នុង​ចង្កោម​សង្គមកិច្ច។ (មាន)សង្គមកិច្ច អតីតយុទ្ធជន ការងារ ស្អីៗហ្នឹង រៀបចំជាចង្កោមអញ្ចឹង អាហ្នឹងបាន​មាន​កន្លែង និងមានមន្រ្តីធ្វើការ។ អញ្ចឹងរាល់ថ្ងៃអត់មានមន្រ្តី អត់មាន​កម្លាំងទៅធ្វើទៅរួចទេ។
អញ្ចឹងការឯកភាពគ្នាបែបនេះ រៀបចំចងក្រងអោយស្រូតទៅ ដើម្បីអោយដំណើរការ​វាទៅមុខ ហើយរុញទម្លាក់​ថវិកា​ទៅ ព្រោះពីមុននេះ ថ្នាក់ស្រុកជាថ្នាក់លើរបស់មូលដ្ឋាន ប៉ុន្តែថ្នាក់ស្រុកគ្មានថវិកាទេ ក្រោយមកយើង​បង្កើត​អោយថ្នាក់ស្រុកមានថវិកា។ មុននោះ ថវិការបស់យើងមានថ្នាក់ឃុំ ខេត្ត និងជាតិ ឥឡូវយើង​មាន​ថ្នាក់​ជាតិ ខេត្ត ស្រុក និងឃុំ។ អញ្ចឹងទេ មានថវិកាហើយ ក៏ប៉ុន្តែអនុវត្តថវិកា​របៀបណាទៅ បើមួយការិយា​ល័យ​មានពីរនាក់ ហើយបន្ដិចទៀតគាត់ចូលនិវត្តន៍ទៅ អស់រលីងតែម្ដង។ ទទេ​ស្អាត។ ការិយាល័យសាធារ​​ណ​ការ អស់រលីងបណ្ដោយ គ្មានមនុស្ស។ អញ្ចឹងទេ បានជាយើងរៀបចំជាចង្កោម​ទៅវិញ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៦ នៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ ប្រទេសយើងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឤណត្តិ ទី ៤ ដែលរៀបចំធ្វើឡើងស្របតាមឤណត្តិកំណត់ក្នុងច្បាប់​ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំសង្កាត់។ ដូច្នេះការងារ ជាឤទិភាព គឺត្រូវខិតខំរួមគ្នាគាំទ្រដល់កិច្ចដំណើរការបោះឆ្នោតនេះ​ឱ្យប្រព្រឹត្ត​ទៅ​ក្នុងលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដើរទន្ទឹមនឹងការលើកកម្ពស់​ការគោរព​ឱ្យបាន​ត្រឹម​ត្រូវ នូវច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីធានាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋនៅកម្ពុជា។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
ការបោះឆ្នោតខាងពេលមុខ ត្រូវធានាសុវត្តិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន
ចំណុចនេះ យើងត្រូវផ្តល់សារៈសំខាន់ថា នៅកម្ពុជាគឺបោះឆ្នោតទៀងទាត់តាមការកំណត់ មានអ្នកខ្លះគេថា​យើង​លុបចោលការបោះឆ្នោត។ លុបចោលការបោះឆ្នោតអី បើនាយករដ្ឋមន្រ្តីប្រកាសកាលបរិច្ឆេទសម្រាប់​ការ​បោះ​ឆ្នោតនៅថ្ងៃទី ៤ ខែ មិថុនា រួចឯងទៅប្រកាសថាលោក ហ៊ុន សែន មិនចង់បោះឆ្នោត។ ចុះបើ ហ៊ុន សែន អ្នក​ប្រកាសកាលបរិច្ឆេទបោះឆ្នោតហើយ លោកឯងនិយាយថាម៉េច។ (មិន)មួលបង្កាច់គេ? នែ! អាមួលបង្កាច់​ហ្នឹង​ណាចេះរួចខ្លួន អាងខ្លួននៅក្រៅប្រទេស។ និយាយឲ្យវាច្បាស់មើល។
រឿងនោះជារឿងមួយ​តែរឿងធំជាង​គេ​ត្រូវតែប្រតិបត្តិការនៃការបោះឆ្នោតឲ្យបាន ដើម្បីធានានូវដំណើរការនៃប្រ​ជា​ធិប​​តេយ្យ សម្រាប់ប្រទេសកម្ពុជា​របស់​​យើង ដែលយើងមានបោះឆ្នោតសកល និងបោះឆ្នោតអសកល បោះ​ឆ្នោត​សកល គឺបោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំនេះឯង គឺសកលមួយ ប៉ុន្តែសកលសម្រាប់មូលដ្ឋាន តែមូល​ដ្ឋាន​នេះ វាក៏ជាមូលដ្ឋានសម្រាប់​បោះ​ឆ្នោត ជាអង្គបោះឆ្នោតសម្រាប់ជ្រើសរើសព្រឹទ្ធសភា និងជ្រើសរើស​ក្រុម​ប្រឹក្សា ខេត្តរាជធានី ស្រុក ខណ្ឌ ផង​ដែរ។ ជាអង្គបោះឆ្នោត និងការបោះឆ្នោតមួយទៀត គឺការបោះឆ្នោត​សកល សម្រាប់សភាជាតិ យើងបន្តដំ​ណើរ​ការប្រជាធិបតេយ្យរបស់យើង។
បើមានចលនាទម្លាក់ផ្លាកគណបក្ស កុំមកបន្ទោសបក្សដទៃ
ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ថា ខ្ញុំក្តាប់បាននូវជម្លោះផ្ទៃក្នុងដ៏ខ្លាំងក្លានៃបក្សនយោបាយខ្លះ អំពីលំដាប់លេខ​​រៀង។ ម៉ោងនេះ មានកន្លែងខ្លះ កំពុងបោះឆ្នោតប្រទាញប្រទង់។ អញ្ចឹងទេ អ្នកដែលមិនបានឈរលេខមួយ ឬ​មិន​ពេញចិត្តនឹងមានចលនាទម្លាក់ផ្លាកគណបក្សគ្រវាត់ចោល ដូច្នេះ កុំបន្ទោសរដ្ឋបាល កុំបន្ទោសគណ​បក្ស​ដទៃ ខ្លួនឯងវាមិនបានការ ជម្លោះហែកហួរគ្នានៅគ្រប់ទីកន្លែង។ ឥឡូវដំណោះស្រាយចុងក្រោយគឺថ្នាក់លើ​បញ្ជា​ថា បើអ្នកឯងមិនព្រមលេខរៀងហ្នឹងទេ ត្រូវបោះឆ្នោត។ ដល់បោះឆ្នោត អង្គបោះឆ្នោត វាអត់សុក្រឹត។ អ្នក​ភូមិ​​វា​ហ្នឹងមកច្រើន អញ្ចឹងបានលេខមួយទៅ អាអ្នកលេខមួយ ធ្លាក់ដល់លេខ ៥ ទៅ។ ដល់អញ្ចឹង​អត់​បាន​ឈរ តម្រូវទម្លាក់ផ្លាកគ្រវាត់ចោល ហើយមកចោទរដ្ឋាភិបាល។ អត់បានទេអាហ្នឹង។ សូមបញ្ជាក់ជូនឲ្យហើយ ហើយថ្ងៃមុននោះឡើងមកពីកំពង់សោមមកបាន ៥២ នាក់ មកធ្វើបាតុកម្មដល់ភ្នំពេញ … សុំផ្តាំទុកឲ្យហើយ តិចថាលោក ហ៊ុន សែន និយាយខុស ព្រោះរឿងនេះមានគ្រប់ទីកន្លែងទាំងអស់ ហើយកុំមកចោទប្រកាន់ឲ្យ​គណបក្សនេះ គណបក្សនោះ រដ្ឋាភិបាលរុញឲ្យធ្វើ។ អត់ទេ។ អ្នកឯងទាស់គ្នាឯងសោះហ្នឹង។ វាមិនមែនស្រួល​ទេ ពីដើមនោះវាមាន ២០ នាក់ សម្រាប់ឈរឈ្មោះ។ ឥឡូវហ្នឹង គេទុកតែ ១០ នាក់ទេ គេទៅផាត់អា ១០ នាក់​នោះ​គ្រវាត់ចោល ហើយក្នុងអា ១០ នាក់នៅសល់ហ្នឹងក៏ដណ្តើមអានេះលេខមួយ អានេះលេខពីរ មិនសុខ​ចិត្ត​ទេ (ទារតែពីនៅ)ខាងលើគេ សម្រេចឲ្យបោះឆ្នោត ហើយបោះឆ្នោតហ្នឹងគឺមានសូកប៉ាន់នៅកន្លែងហ្នុង រើស​អា​នេះ​ទៅច្រើន អានោះទៅតិច រឿងហ្នឹងវាអញ្ចឹង …។
អរគុណក្រុមហ៊ុនទូរស័ព្ទចល័ត ក្នុងយុទ្ធនាការផ្សព្វផ្សាយ មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ
ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងសាជាថ្មីម្តងទៀត ខ្ញុំអរគុណជាមួយនឹងបណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គេបាន​ផ្សព្វ​ផ្សាយហើយតាមសំណូមពរ។ ឥឡូវហ្នឹងគឺថា ​Smartបានមួយលានពីរសែន Metfone បានពីរលាន Mobitel បានមួយលានកន្លះ។ អញ្ចឹងហៅទូរស័ព្ទទៅ មានការឆ្លើយមកថា មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិន​មែន​ជារបស់រដ្ឋទេ។ មានកន្លែងខ្លះគេច្នៃថែមទៀតថា សូមបងប្អូនកុំ​យល់ច្រឡំ។ ច្នៃទៅ។
មីក្រូហិរញ្ញវត្ថុក៏ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ
និយាយរួម ខ្ញុំមិនបាន​ជំទាស់មិនអោយមានមីក្រូហិរញ្ញវត្ថុទេ។ ការពិតមីក្រូហិរញ្ញវត្ថុ បើចេះ​ធ្វើអោយត្រូវ គឺវា​មាន​ផលចំណេញសម្រាប់ប្រជាពលរដ្ឋខ្លាំងណាស់ ដោយសារប្រជាពលរដ្ឋគាត់ខ្វះទុន អញ្ចឹងមី​ក្រូ​ហិរញ្ញវត្ថុ​ត្រូវ​ការបញ្ជូនទុននេះទៅអោយប្រជាពលរដ្ឋខ្ចី។ រាជរដ្ឋាភិបាលតែងមានសំណូម​ពរអោយមីក្រូហិរញ្ញវត្ថុ​ផ្ដល់នូវ​ការ​យោគយល់តាមរយៈនៃការទម្លាក់អត្រាការប្រាក់ចុះ។ ពេលមាន​បញ្ហាគ្រោះមហន្តរាយ គ្រោះ​ធម្ម​ជាតិម្ដងៗ យើងតែងតែស្នើសុំអោយម្ចាស់មីក្រូហិរញ្ញវត្ថុផ្ដល់នូវការយោគយល់ចំពោះប្រជាពលរដ្ឋ តាមរយៈការពន្យា​ររយៈ​ពេលសង ហើយរហូតទៅដល់ការបន្ធូរបន្ថយការប្រាក់សម្រាប់​តំបន់រងគ្រោះ ដល់អ្នករងគ្រោះ។
មកពីបក្សនយោបាយពន្យល់ ដែលធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំថា មីក្រូហិរញ្ញវត្ថុ ជារបស់រដ្ឋ
… ម្សិលមិញ ខ្ញុំមើលបទសម្ភាសន៍របស់ CNC នៅក្នុងកម្មវិធីក្រោយម៉ោង ៨ គឺមានបទសម្ភាសន៍​មួយរវាង​អគ្គ​លេខា ឬនាយកប្រតិបត្តិ នៃមីក្រូហិរ​ញ្ញវត្ថុមួយ ដែលខាងពិធីករបានសួរមកចំពោះអ្នកដែលទៅឆ្លើយសំណួរថា តើមូលហេតុអ្វីបានច្រឡំ? ក្នុងចំណោមកត្តាមួយចំនួន ក្នុងហ្នឹងគាត់សង្កត់ធ្ងន់ថា មកពីអ្នកនយោបាយ ដែល​ទៅ​ពន្យល់ថា បើគាត់ឈ្នះ គាត់នឹងលុបចោលបំណុល​។ អញ្ចឹងបានសេចក្ដីថា ម្ចាស់មីក្រូហិរញ្ញវត្ថុខ្លួនឯង គាត់​បានទទួលស្គាល់ថា ពួកអ្នកនយោបាយ អ្នកធ្វើរឿងហ្នឹង ហើយម្យ៉ាងទៀត (ការប្រើ)ពាក្យអង្គការៗ។ បង​ប្អូន​មីក្រូហិរញ្ញ​វត្ថុ​ភាគច្រើន (ត្រូវបានគេហៅថា)អង្គការ។ ដល់អង្គការហ្នឹងវាជាប់ពីសម័យ ប៉ុល ពត មក អង្គ​ការ គឺរដ្ឋ។ បូកបន្ថែមដោយអ្នកនយោបាយទៅខ្សឹបថា ខ្ចីៗទៅ​​ បើខ្ញុំឈ្នះ ខ្ញុំលុបចោលបំណុល។
សូមជួយពន្យល់ប្រជាពលរដ្ឋថា ខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ មិនមែនជាលុយរដ្ឋទេ និងត្រួតពិនិត្យ​មុនអោយខ្ចី
អញ្ចឹង​បានយើងត្រូវធ្វើយុទ្ធនាការ ហើយអរគុណជាមួយនឹងបណ្ដាមីក្រូហិរញ្ញវត្ថុដែលបានធ្វើការកែនូវ logo របស់ខ្លួន។ ហើយសូមអំពាវនាវអោយមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាជួយពន្យល់ប្រជាពលរដ្ឋតែម្ដង ប្រាប់ថា លោក​ពូមកខ្ចីខ្ញុំ សុំកុំច្រឡំថា ខ្ចីលុយពីក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុរបស់ខ្ញុំថាជារបស់រដ្ឋអោយសោះ គឺ(លុយ)​​របស់​ឯកជនទេ។ សុំអោយជួយពន្យល់ត្រង់ហ្នឹង។ រឿងនេះ ខ្ញុំបាននិយាយពេលដែលខ្ញុំកាត់ឫសសីមានៅវត្ត​ព្រែក​ប្រា សូមអោយជួយពន្យល់អាហ្នឹង ហើយគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវដាក់ពាក្យថា (របស់)ឯកជន នៅ​ហ្នឹង ដើម្បីកុំអោយប្រជាជនភ័ន្តច្រឡំ បើមិនអញ្ចឹងអាងថាលុយរដ្ឋៗ ឮថា រដ្ឋស្រួលតែម្ដង។ ព្រោះអញ្ចេះ បើ​គាត់​បានខ្ចីដល់ដៃហើយ មិនបាច់បោះឆ្នោតអោយទេ អោយធ្លាក់តែម្ដងទៅ ស្រណុកអ្នកថ្មីមកកាត់​(បំ​ណុល)​ចោល​។ ខ្ញុំនៅតែបន្តនិយាយថា បើចង់លុបបំណុលនេះ វាទាល់តែធ្វើបដិវត្តន៍មួយ រំលំចោលរបបរាជានិយម លុប​​ចោលច្បាប់ទាំងអស់ ហើយប្រកាសថា ក្រោមអំណាចអីមួយអញ្ចឹងទៅ ដែលមិនមែនជាអំ​ណាច​ដែល​ធ្លាប់​មានពីមុន។ អាហ្នឹងជាចំណុចគ្រោះថ្នាក់របស់ប្រទេស។
ម្យ៉ាងទៀត ខ្ញុំក៏អំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាអនុវត្ត​ទៅតាមការណែនាំរបស់ធនាគារជាតិ និងក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការត្រួតពិនិត្យមុនពេលអោយខ្ចី។ តើយកលុយនេះទៅធ្វើអ្វី? ហើយធ្វើ​នោះ មានសមត្ថភាពសងវិញឬអត់? យើងនៅចាំទេ ពេលវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ដែលយើងទ្រទ្រង់បាន យើង​ម្ចាស់ការមុន ទុនបម្រុងកាតព្វកិច្ចរបស់ធនាគារត្រឹមតែ ៨% យើងរុញឡើងទៅដល់ ១៦% ភា្លម ដើម្បី​ធានាថា ធនាគារទាំងអស់ត្រូវតែមានសាច់ប្រាក់បើក នៅពេលដែលអតិថិជនដែលមានប្រាក់បញ្ញើត្រូវការដក​លុយ។ អាហ្នឹងទីមួយ។ ទីពីរ ពីការខ្ចីសម្រាប់ទិញអចលនវត្ថុ​ អោយតែ ១៥% ទេ។ មិនមែនបានសេចក្ដីថា ផ្ទះហ្នឹងមួយតម្លៃ ១ លានដុល្លារ អោយខ្ចីស្មើនឹង ១ លានដុល្លារទេ អោយតែ ១៥ ម៉ឺនដុល្លារទេ គឺ ១៥%។ វិបត្តិ​ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកដំបូង ចាប់ផ្ដើមពីអ្វី​? ចាប់ផ្ដើមពីកម្ចីអោយខ្ចីទិញអចលនទ្រព្យ​ហ្នឹង​​ឯង។ ប្រទេសនីមួយៗ គេមាននយោបាយរបស់គេ គេមានវិធីទប់ទល់របស់គេ។
អញ្ចឹង សូមបន្ដជាមួយនឹងការខិតខំអប់រំប្រជាពលរដ្ឋ ហើយមីក្រូហិរញ្ញវត្ថុខ្លួនឯង ត្រូវជួយប្រជាពលរដ្ឋ​តាម​រយៈ​បន្ធូរបន្ថយអត្រាការប្រាក់ តាមរយៈការយោគយល់ចំពោះតំបន់តែមានគ្រោះ(ធម្មជាតិ) តាមរយៈនៃការ​ពន្យល់​ប្រជាពលរដ្ឋអោយយល់ថា លោកពូ អ្នកមីង មកខ្ចីលុយខ្ញុំ មិនមែនប្រាក់របស់រដ្ឋទេ ហើយលោកពូ អ្នក​មីង​គិតអោយច្បាស់ ពេលដែលយកលុយទៅ ត្រូវសងត្រឡប់មកខ្ញុំវិញទាំងការ​ទាំងដើម តើលោកពូ អ្នកមីង​ មានលទ្ធភាពដើម្បីនឹងសងទេ ដែលមកខ្ចីខ្ញុំនេះ។ យើងធ្វើយ៉ាងដូច្នេះ ទើបប្រជាពលរដ្ឋរបស់យើងមានដើម​ទុនរកស៊ី ហើយរកស៊ីបានដោយមិនខ្ចីលុយយកទៅធ្វើភាពហ៊ឺហា។ ទិញម៉ូតូ ក៏ទៅខ្ចី ហើយយកមកជិះលេង។ បើម៉ូតូហ្នឹង គាត់(យកមក)រកស៊ីឌុបអីទៅ វាបានចំណូល ឬគាត់ដឹកអីវ៉ាន់ ឬសម្រាប់ដឹកផលិតផលរបស់​គាត់យកមកលក់នៅតាមទីផ្សារ អាចហ្នឹងមានលុយសងគេវិញ ប៉ុន្តែនេះមកទិញ(យកមកជិះ)សង្ហា។ មាន​កន្លែង​ខ្លះទិញរហូតដល់កូនចៅជិះប្រណាំងគ្នាលេងទៅទៀត។ ដល់ទៅជំពាក់ មកថាជំពាក់រដ្ឋ។ ដល់គេទៅ​រឹប​អូស ថារដ្ឋរឹបអូសផ្ទះ(គាត់)គ្មានមេត្តា​។ បូកបក្សប្រឆាំង(និយាយទៀត) ទៅបណ្ដោយ។
បក្សនយោបាយឃោសនា មីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ ឬបើឈ្នះមិនអោយសងឬសងជំនួស នឹងចាប់នៅ​នឹង​កន្លែង
… យើងចាប់នៅហ្នឹងកន្លែងតែម្ដង និយាយអោយច្បាស់។ បក្សប្រឆាំងកុំរើសដាក់ខ្លួន បក្សក្រៅរដ្ឋាភិបាលមិន​មែន​មាន​តែ​មួយ​ទេ។ មានច្រើន។ អ្នកណាទៅនិយាយថា ខ្ញុំឈ្នះ ខ្ញុំមិនអោយសងទេ។ ខ្ញុំសងជួស។ ចាប់នៅ​ហ្នឹង​កន្លែងមើល៎។ យកឡើងតុលាការ។ ហ្នឹងគឺជាការបំពានលើផ្លូវច្បាប់។ អ្នកឯងមានសិទ្ធិអ្វីមកសន្យារបៀប​ហ្នឹង។ មានច្បាប់កន្លែងណាមួយដែលចងថា ជំពាក់គេហើយមិនសង។ មានទេ? ប៉ុន្តែជាទូទៅ ប៉ុន្មានថ្ងៃនេះ មានការខិតខំច្រើន គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ផ្សាយ។ វាមិនគ្រប់ទំាងអស់ទេ អ្នកដែលគេចង់ចំណេញ គេនៅ​តែ​ខំលាក់ខំបំាង ព្រោះគេគិតថា ស៊ីនឹងអាហ្នឹង។ ពីមុនគេស៊ីនឹងផ្សារដែរ ដល់ចេញសារាចរផ្សារមួយទៅ លក់​តកូនតចៅ … រឿងផ្សារក៏ត្រូវនិយាយគ្នាអោយច្បាស់ដែរ ចប់កុងត្រាវិនិយោគហើយ តទៅទៀត បានសេច​ក្តី​ថា គាត់មានសិទ្ធិលក់នៅកន្លែងហ្នឹង លក់តកូនតចៅតជំនាន់ បន្ថែមលើនោះគាត់មានសិទ្ធិលក់សិទ្ធិ។ ម៉េច​បាន​មានសិទ្ធិលក់សិទ្ធិ? ខ្ញុំជាអ្នកលក់ដូរម្នាក់ បន្ទាប់ទៅខ្ញុំអោយកូនខ្ញុំលក់។ សិទ្ធិខ្ញុំត្រូវប្រគល់ទៅអោយកូនខ្ញុំ ប៉ុន្តែ កូនខ្ញុំវាមានសិទ្ធិលក់សិទ្ធិអោយអ្នកដទៃទៀត ព្រោះកូនខ្ញុំមិនចង់លក់ដូរទៀតទេ ចង់ទៅធ្វើចំការ។ អញ្ចឹង​​វាលក់តូបនេះទៅអោយអ្នកដទៃទៀត វាយកចំណេញប៉ុន្មានពាន់ដុល្លារទៅធ្វើចំការទៅ អ្នកចូលមកថ្មីនេះ​លក់​បន្ត​ទៀតទៅ។ ដល់ពេលណារកស៊ីមានបានទៅ អញមិនចង់លក់តូបទេ អញចង់លក់នៅតាមផ្ទះម្តង អញលក់​អោយ​គេទៀតទៅ មានទាស់ខុសអីអាហ្នឹង។ អញ្ចឹងរឿងផ្សារ បក្សប្រឆំាងរកស៊ីលែងកើតហើយ ពីមុនសុទ្ធ​តែ​ខ្សឹប បង្កើតរឿងទៅខ្សឹប ផ្សារនេះអាណត្តិអស់ត្រឹមនេះ គេដើរបំផុសទៅ។ យើងដើរបក់ផ្សែងតាមរហូត។
អត់ទេ។ អត់មានអាណត្តិទេ។ រាប់ទំាងផ្សារខ្ញុំធ្វើអោយ មានផ្សារក្រចេះ ផ្សារកំពង់ធំស្អីៗ ប៉ុន្មានផ្សារហ្នឹង ផ្សារ​កំ​ពង់សោម ផ្សារពោធិ៍សាត់ … ក្រុមមួយខ្សឹប យើងដើរបក់ផ្សែងពីក្រោយ។ ដល់មួយក្រុមទៀតថា មាន​អា​ណត្តិ បើបោះអោយ អត់អោយមានអាណត្តិទេ។ ឥឡូវដាក់ផំាងមួយទៅ អស់អាលីង ទៅលេងសា​រាចរ​មួយ ហើយយកទៅបិទតាមតូបប្រជាជន។ បិទទៅបិទតាមតូប Photocopy អោយគាត់គ្រប់ៗគ្នាអញ្ចឹងទៅ … រួច ហើយ បើគេទៅឃោសនាទៀត មើល(ឯកសារ)នេះ មានត្រាបោះនៅនោះ។ ដេញទាន់ជាន់កែង ព្រោះខ្មែរគេថា ដេញទាន់កុំជាន់កែង។ ខ្មែរដេញទាន់មិនជាន់កែងមិនរាង។
ការបោះឆ្នោតខាងពេលមុខ ត្រូវធានាសុវត្តិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន
អញ្ចឹងបានខ្ញុំសុំស្នើទៅអស់លោក បន្តការខិតខំ ហើយធ្វើម៉េចការបោះឆ្នោត នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នំា ២០១៧ ត្រូវ​តែជាការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ហើយហើយធានាសុវត្តិភាពសម្រាប់បេក្ខជនទំាងអស់ នៃបណ្ដាបក្សណា​ក៏​ដោយ ត្រូវធានាសុវត្តិភាពកន្លែងនេះអោយបានច្បាស់ ព្រោះយើងជាអាជ្ញាធរ។ ម៉្យាងទៀត ព្រឹកមិញនេះ ខ្ញុំក៏​បានចុះហត្ថលេខាឯកភាព ជាមួយនឹងការស្នើសុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈក្រ​សួង​មុខ​ងារ​សាធារណៈ ស្តីអំពីការរក្សាអត្ថប្រយោជន៍ផ្សេងៗ នៃមន្ត្រីជាប់កិច្ចសន្យារបស់គណៈកម្មាធិការជាតិ​រៀប​ចំ​បោះឆ្នោត។ ដូច្នេះមន្ត្រីដែលធ្វើការនៅខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមន្ត្រីជាប់កិច្ច​សន្យា​នោះ ត្រូវបានរក្សាទុកអត្ថប្រយោជន៍ទំាងអស់ ដូចជាមន្ត្រីខាងផ្នែកក្របខណ្ឌដូចគ្នាដែរ។ វាមានការពាក់​ព័ន្ធ​គ្នា។ កុំថាឯករាជ្យ បើឯករាជ្យកុំយកលុយរដ្ឋាភិបាល អាហ្នឹងបានវាឯករាជ្យ។ វាឯករាជ្យមុខងារ។ … រដ្ឋា​ភិ​បាល​​អ្នកចេញលុយតើ វាមានការពាក់ព័ន្ធគ្នា ប៉ុន្តែរឿងបោះ​ឆ្នោត​បែបណា សន្លឹកឆ្នោតបែបណា អីបែបណា គឺ​រឿង​គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត។ ឯងខាងយើង​ទទួល​បន្ទុកខាងសន្តិសុខ និងផ្តល់លុយកាក់អោយ​គ្រប់​គ្រាន់ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អញ្ចឹងត្រូវតែធានាការបោះឆ្នោតនេះ រឿងឈ្នះ ឬមិនឈ្នះ គឺជារឿងបក្សនយោបាយ តែយើងក្នុងឋានៈជារាជរដ្ឋាភិបាល ត្រូវមានការទទួលខុសត្រូវ លើបរិយា​កាស​ទំាងមូលនៃការបោះឆ្នោត ដើម្បីអោយការបោះឆ្នោតប្រព្រឹត្តទៅមានសុវត្ថិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន។
(បញ្ចប់សេចក្ដីអធិប្បាយ)
ជាថ្មីម្តងទៀត ខ្ញុំសង្ឃឹមថា អង្គសន្និបាតទាំងមូលនឹងខិតខំ ប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន​ឱ្យ​សម្រេចបានលទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅការងារឆ្នាំ ២០១៧ នេះ។ នៅទី​បញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារ ឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...