សម្រង់សង្កថា សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធីចែ​កសញ្ញា​បត្រជូននិ​ស្សិត នៃសាកល​វិទ្យាល័យ ភ្នំពេញអន្តរជាតិ

CNV: 22 ខែ​កុម្ភៈ, 2017

ការរៀនសូត្រ មិនចេះចប់ទេ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិត ជ័យលាភី ចំនួន ១.៤៣១ នាក់ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ អម្បាញ់មិញនេះ យើងបានស្តាប់ ទាំងអស់គ្នានូវរបាយការណ៍របស់ លោកស្រី​ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ ស្តីពីវឌ្ឍនភាពសាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវ​ការ​កោត​សរសើរជាមួយនឹងការខិតខំទាំងអស់របស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ដែល​បាន​ខិតខំរៀបចំឲ្យដំណើរការ នៃសាកលវិទ្យាល័យ … តាមរយៈនៃការខិតខំនេះ យើងបានរួម​ចំ​ណែក​​​បណ្តុះបណ្តាលនូវធនធានមនុស្ស ដែលចេញពីសាកលវិទ្យាល័យនេះ ប្រមាណជាជាង ៦.០០០ នាក់ រួចស្រេចទៅហើយ។

… ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអបអរសាទរជាមួយនឹង ជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រ​នៅ​ថ្ងៃ​នេះ ហើយសង្ឃឹមថា ជ័យលាភីទាំងអស់នឹងបន្តការខិតខំតទៅទៀត ដោយនៅក្នុងនេះយើងមាន​ទាំង​បរិញ្ញា​បត្រ​រង ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សង្ឃឹមថា ការរៀនវាមិនចេះចប់ទេ សូម្បីតែរដ្ឋ​មន្ត្រីក្រ​សួងអប់រំ យុវជន និងកីឡា គឺទើបនឹងទៅការពារនិក្ខេបបទមួយថ្មីទៀតនៅឯទីក្រុងបាងកក។ បាន​សេច​ក្តី​ថា មានបណ្ឌិតរួចទៅហើយ ប៉ុន្តែ មករៀននៅសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច អាហ្នឹង​យក​បរិញ្ញាបត្រជាន់ខ្ពស់ ឥឡូវ ទៅយកបណ្ឌិតនៅជូឡាឡុងកនផ្នែកអប់រំតែម្តង។ អញ្ចឹងបាន​សេចក្តីថា មិនមែនសញ្ញាបត្របណ្ឌិតគាត់មួយដែលជាប់ពីរុស្ស៊ីមកគ្រប់ទេ គាត់បន្តរៀនតទៅទៀត យក​សញ្ញាបត្រ​ទាំង​នៅក្នុងស្រុក និងនៅក្រៅស្រុក។ នេះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ នៃការ​ខិតខំដែល​យើង​ត្រូវធ្វើជាបន្តទៀត។

ដូច្នេះហើយសូមអំពាវនាវ ចំពោះព្រះតេជព្រះគុណ ដែលជាព្រះសង្ឃ មិនដឹងថា ព្រះ​តេជព្រះគុណ ត្រូវ​លា​ចាក​សិក្ខាបទ ឬក៏នៅបន្ត? មើលទៅប្រហែលទៅជាងពាក់កណ្តាលហើយក្នុងចំណោមហ្នឹង។ ព្រះតេជ​ព្រះ​គុណ ព្រះជន្មប៉ុន្មានហើយ? ២៩ (ព្រះវស្សា) បរិញ្ញា(បត្រ) ឬក៏បរិញ្ញាបត្រជាន់ខ្ពស់? សុទ្ធតែជាបរិញ្ញា​(បត្រ)​ទាំងអស់ ហើយប្រុងប្រៀបរកបរិញ្ញាបត្រជាន់ខ្ពស់? ចង់បន្តទៀត? ទទួលសញ្ញាបត្រហ្នឹង​រួចហើយ​ចង់​បន្តទៀត? បន្តនៅកន្លែងដដែលហ្នឹង ឬក៏បន្ត(នៅកន្លែងផ្សេង)? (តាម)ចិត្តចង់ ប៉ុន្តែ អត់ទាន់មាន​អាហា​រូប​ករណ៍។ ចង់ទាំងអស់គ្នាហ្នឹង? ទេ! អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ អ្នកប៉ាវ (ស្នូរទះដៃ)។ ឲ្យចូលរៀនចុះ ខ្ញុំអ្នក​ចេញ​ទេ អត់អីទេ ព្រះតេជព្រះគុណ បន្តកុំអាលសឹក។

យ៉ាងហោចណាស់ថ្ងៃនេះ យើងបានដោះស្រាយបញ្ហាមួយចំនួនដែរ ងាកទៅសួរព្រះតេជព្រះគុណមិនឥត ប្រយោជន៍ទេ បាសក ឬព្រះសង្ឃ គឺរៀនបានដូចគ្នា ហើយនេះ គឺជាការបើកឱកាសធំណាស់ពីសំណាក់ រាជរដ្ឋាភិបាល ជូនចំពោះប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងហ្នឹងយើងបានឃើញហើយថា សាកលវិទ្យាល័យ នៅកម្ពុជាបច្ចុប្បន្ននេះ សាកលវិទ្យាល័យរបស់ឯកជនច្រើនជាងរបស់រដ្ឋ។ ហើយសាកលវិទ្យាល័យរបស់ រដ្ឋនេះទៀត ក៏និស្សិតដែលរៀនបង់ថ្លៃ និងរៀន(ដោយ)អាហារូបករណ៍ គឺនិស្សិតរៀនបង់ថ្លៃច្រើនជាង ដើម្បី ផ្តល់ឱកាសឲ្យនិស្សិតទាំងឡាយចូលរួមដោយខ្លួនឯង នូវក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ហើយ និស្សិតនៅទីនេះ គឺ ១០០% មាននិស្សិតខ្លះ គឺទទួលអាហារូបករណ៍របស់ ខ្ញុំព្រះករុណាខ្ញុំ ដែលមកដល់ ពេលនេះ សាលានេះក៏បានផ្តល់ឲ្យខ្ញុំព្រះករុណាខ្ញុំ ចំនួនដល់ទៅជាង ៦៩០ នាក់។ អញ្ចឹងទេ នៅក្នុងមួយ ឆ្នាំ គឺផ្តល់​ ១០០ កន្លែងឯណោះ ក្នុង ១០០ កន្លែង​ ដក ៦ កន្លែង សម្រាប់ព្រះតេជព្រះគុណ បន្តអត់អីទេ ព្រះតេជព្រះគុណ កំពុងតែរៀនបន្តអញ្ចឹង ទទួលសញ្ញាបត្រមួយតង់ទៅ​រួចហើយរៀនបន្តទៀត ទទួល សញ្ញា​បត្រមួយតង់ទៀត ហើយចាំសឹកបណ្តោយទៅ ចុះមានពីណាគេហាមឃាត់! សេរីភាព(ពេញទី) បួសក៏បួសទៅ សឹកក៏សឹកទៅ សេរីភាពប៉ុណ្ណឹងហើយនៅមានរឿងទៀត?

កម្ពុជា សម្របសម្រួលក្រុមប្រទេសមានអភិវឌ្ឍន៍តិចតួច ក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភព​លោក

… ក្រៅពីការផ្តាំផ្ញើឲ្យបន្តការខិតខំរៀនសូត្រ និងបន្តការខិតខំជាមួយនឹងកិច្ចការដែលយើងត្រូវធ្វើ។ ជា​មួយ​គ្នានេះ សូមជម្រាបជូនថា ពេលនេះកម្ពុជាបានទទួលនូវកិត្តិយស ក្នុងឋានៈជាប្រទេសសម្រប​សម្រួល នៃប្រទេសដែលអភិវឌ្ឍន៍តិចតួច ក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោកហើយ។ យើងបាន​ទទួល​តំ​ណែងនេះ មិនមែនជាតំណែងធម្មតា ដែលអ្នកណាក៏សុទ្ធតែបាននោះទេ។ ក្រៅពីតួនាទីជាអ្នក​សម្រប​សម្រួលនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាមាន​ភារ​កិច្ច​នឹងទទួលជួយទីម័រលេស្តេ ទៅលើបញ្ហារៀបចំខ្លួនក្នុងការចូលអង្គការពាណិជ្ជកម្មពិភពលោក។ ចំ​ណុចនេះ ស្តែងចេញពីកត្តាធនធានមនុស្សនេះឯង ដែលយើងត្រូវមើលឃើញថា ជាចំណុចដែលមិនមែន​ចាប់​ផ្តើមមកពីគ្រាន់តែរឿងសេដ្ឋកិច្ចរបស់យើងមានកំណើនទេ ប៉ុន្តែ វាផ្តើមចេញអំពីធនធាន​មនុស្សរបស់​យើង និយាយរួមផ្នែកទាក់ទងជាមួយនឹងបញ្ហាស្ថាប័ន និងធនធានមនុស្សរបស់យើងតែម្តង ​បានជា​ប្រ​ទេស​កម្ពុជាត្រូវបានទទួលនូវកិត្តិយស ក្នុងឋានៈជាអ្នកសម្របសម្រួលនៃបណ្តាប្រទេសដែលមានការ​អភិ​វឌ្ឍ​តិចតួច។ អញ្ចឹង កម្ពុជាត្រូវរ៉ាប់រងជាមួយនឹងកិច្ចការងារនេះ បន្ថែមជាមួយកិច្ចការ​ដែលកម្ពុជា​ត្រូវ​ជួយ​ទីម័រលេស្តេ ក្នុងការរៀបចំខ្លួន ចូល WTO ក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០

ម្ខាងទៀត ក្នុង ១០ ឆ្នាំ កន្លងផុតទៅហើយ ដែលយើងបានបញ្ជូនកងទ័ពរបស់យើងចេញទៅធ្វើបេសកកម្ម នៅក្រៅប្រទេស តើនោះជាអ្វី? មិនមែនជាកងទ័ពធម្មតា ដែលអាចទៅធ្វើបានទេ ហ្វឹកហាត់ជំនាញគ្រប់ សព្វ រាប់ទាំងដូចជាទៅប្រទេសម៉ាលីជាដើម គឺសុទ្ធតែទៅទាក់ទងជាមួយនឹងបញ្ហាបច្ចេកវិទ្យា ដែលអាច មានកម្រិតខ្ពស់គ្រាន់បើដែរ ដូចជាពាក់ព័ន្ធជាមួយនឹងព្រលានយន្តហោះ រឿងវិស្វកម្ម។ អញ្ចឹង ទាំងអស់​​នេះ​ជាវឌ្ឍនភាពមួយ​ ដែលឃើញកម្ពុជាខ្លួនឯង គម្បីមានមោទនភាព។ ម្ខាងយើងដោះស្រាយខ្លួនឯង កិច្ច​ការ​ខ្លួនឯង ដែលត្រូវបន្តអភិវឌ្ឍ ដោយផ្តើមចេញពីបាតដៃទទេរបស់យើង ហើយយើងបានប្រឹងចេញ​ពី​ប្រទេសដែលមាន គេហៅថា ការអភិវឌ្ឍតិចតួច ប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ប្រទេស​ដែល​មានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាធ្វើឲ្យប្រទេស​របស់យើងក្លាយទៅជា​ប្រ​ទេសដែលមានការអភិវឌ្ឍ ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រទេសដែល​មាន​ចំ​ណូល​កម្រិតខ្ពស់ នៅឆ្នាំ ២០៥០ …។

ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា គឺចាប់ផ្តើមពីមនុស្សតិចតួចណាស់

… អ្វីដែលយើងទទួលបាន មិនមែនធ្លាក់ពីលើមេឃមកឲ្យយើងទេ ហើយក៏មិនមែនដើរ​សន្យាខ្យល់ដែរ។ មិន​​ដើរសន្យាទេ គឺជាការខិតខំសម្បើមណាស់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ​ដោយចាប់ផ្ដើម​ពី​មនុស្សតិចតួចណាស់ដែលយើងមាន។ ពេលនោះ យើងឃើញបណ្ឌិតមួយចំនួនដែល​កំពុងធ្វើរដ្ឋមន្រ្តី មិន​ទាន់​​ទាំងបញ្ចប់នូវការសិក្សាថ្នាក់មធ្យមសិក្សាផង ត្រូវ ប៉ុល ពត បណ្ដេញចេញ។ ត្រឡប់ចូលមកវិញ ​សឹង​តែហួសអាយុទៅហើយ ក៏ប៉ុន្តែ ប្រឹងរៀនបញ្ចប់ឲ្យមានមធ្យមសិក្សា រួចហើយ​បញ្ជូនចេញទៅរៀន បន្ដយក​ថ្នាក់​ឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា ឬក៏ត្រូវបណ្ដុះបណ្ដាលនៅក្នុងប្រទេស​ជាបន្ដ។ និស្សិត ដូចជា(នៅ)​សា​លា​ពេទ្យ ឬសាលាបច្ចេកវិទ្យា ហៅថា តិចណូ គឺចាប់ផ្ដើមបើកដំបូង យើងយក​អតីត​និស្សិត ដែល​មិន​ទាន់​រៀន​ចប់បញ្ចូលទៅក្នុងកន្លែងហ្នឹង។ បន្ថែមដោយយើងបើកជាបន្ដបន្ទាប់ នៃ​មហា​វិទ្យា​ល័យ សាកល​វិទ្យា​ល័យ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។

បច្ចុប្បន្ននេះ គ្រាន់តែក្រប​ខណ្ឌ​គ្រូ​បង្រៀន​ គ្របដណ្ដប់​ជិត ១២ ម៉ឺននាក់ ជាគ្រូដែលស្របជាមួយ​នឹង​ស្ដង់​ដារ​តាមការរៀបចំរបស់​យើង គឺ ១២ បូក ២។ ហើយ​នៅ​ពេលខាងមុខនេះ យើងនឹងឈានទៅដល់ ១២ បូក ៤ ថែមទៀតផង។ ឯនៅទីនេះ សម្រាប់​ការបណ្ដុះ​បណ្ដាល​សាស្រ្តាចារ្យ គឺបរិញ្ញាបូក ១ ហើយប៉ុន្មាន​ថ្ងៃ​ខាងមុខ ក្នុងខែ មីនា នេះ ខ្ញុំនឹងមក​ចែក​សញ្ញាបត្រ ហើយអ្នកទាំងនោះសុទ្ធតែទទួលសញ្ញាបត្រ ២ ដង​ពីខ្ញុំ។ គឺម្ដងចេញពី​សា​កល​​វិទ្យា​ល័យភូមិន្ទភ្នំពេញ ម្ដងទៀតចេញពីសាលានេះ។ អញ្ចឹងបានជាថ្ងៃ​ខាង​មុខ​នេះ ខ្ញុំទៅសម្ពោធ​អគារសិក្សាមួយនៅទីរួមខេត្តកំពង់ចាម។ ចាងហ្វាងសាលា គឺធ្លាប់ទទួលសញ្ញា​បត្រ​ពី​ខ្ញុំ ២ ដង, ម្ដងគឺ​ចេញ​ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្ដងទៀតនៅហ្នឹងតែម្ដង ហើយមានមួយចំនួន​ទៀត​ក៏​ដូច​គ្នាដែរ។ ខ្ញុំមិន​ដែល​ខកខានជួបជាមួយនឹងគ្រូបង្រៀនរបស់យើងចេញទៅបង្រៀន​នោះទេ គឺតែងតែ​មក​លើក​ទឹកចិត្ត …។

គ្រប់មជ្ឈដ្ឋានចូលរួមកម្ចាត់គ្រឿងញៀន

… ខ្ញុំព្រះករុណាខ្ញុំ សុំទី ១ អំពាវនាវ​ពាក់ព័ន្ធ ​​និងការ​ចូលរួមរបស់ព្រះ​សង្ឃ និងរបស់ប្រជាពលរដ្ឋ ទៅលើ​ការ​ប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន ដែលយើងកំពុងមានយុទ្ធនាការ​ក្ដៅ។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវនេះ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យហេតុការណ៍នៅកម្ពុជា វារីករាលដាល​ឈានទៅសង្រ្គាមគ្រឿងញៀន​ដូច​នៅ​ប្រ​ទេសម៉ិចស៊ិក ឬនៅបណ្ដាប្រទេសនានានៅអាមេរិកឡាទីន ដែលគ្រាន់តែសង្រ្គាមគ្រឿងញៀននេះ បាន​សម្លាប់​មនុស្សរាប់ម៉ឺននាក់​។ យើងមានបញ្ហា។ យើងត្រូវដោះ​ស្រាយបញ្ហារបស់យើង​តាមរយៈការ​ចូលរួម មិនអាច​ប្រើវិធានការរដ្ឋបាលសុទ្ធសាធ និងប្រើច្បាប់​សុទ្ធ​សាធ ដើម្បីនឹងបង្រ្កាបគ្រឿងញៀន​នោះ​ទេ។ អ្នក​ដែល​ញៀនថ្នាំ មិនមែនជាឧក្រិដ្ឋជននោះទេ ក៏ប៉ុន្តែ គឺជា​ជនរងគ្រោះទៅវិញ។ អ្នកលក់ និងចែក​ចាយ​​គ្រឿង​ញៀនទើបជាឧក្រិដ្ឋជន។ អ្នកដែលញៀនថ្នាំ គួរ​ឲ្យអាណិត ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ ហើយ​វិធី​​សាស្រ្ត​ដែលល្អ មិនមែនវិធីសាស្រ្តប្រមូលផ្ដុំពួក​គេទៅដាក់មួយកន្លែងនោះទេ។

… យកល្អនៅពេលហ្នឹង ឆ្លៀត​ពេលដែលរាជរដ្ឋាភិបាលបើក​យុទ្ធនា​ការ​​បង្រ្កាបគ្រឿងញៀន គឺឪពុកម្តាយ ជី​ដូនជីតា ឬបងប្អូន ឲ្យកូននៅបន្សាបគ្រឿងញៀននៅផ្ទះ ជួនកាលចេញទៅ វាមិនមែនត្រឹមតែ​ពាក់​ព័ន្ធ​ជា​មួយ​នឹងការទៅសេពគ្រឿងញៀនទេ ជួនកាលវាពាក់ព័ន្ធនឹងរឿងអីផ្សេងថែមទៀត ដែលអាចធ្វើឲ្យកូនក្លាយ​ទៅ​ជា​អ្នករង​គ្រោះកាន់តែខ្លាំង។ ដូច្នេះ អំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ទៅលើការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀននៅទីនេះ។ មានតែវិធីនេះទេ ដែលយើងអាចនឹងរក្សាបាននូវសេចក្តីសុខ​សម្រាប់កូនចៅរបស់​យើង ដែលគ្នាបានក្លាយទៅជាជនរងគ្រោះ ដោយសារគ្រឿងញឿននេះទៅហើយ ហើយគេមិនក្លាយទៅជា​អ្នក​ទោសនៅតាមពន្ធនាគារ ឬគេក៏មិនចង់ទៅនៅកន្លែងដែលមានការប្រមូលផ្តុំនោះដែរ។ … គ្មានអ្នកណា​មាន​លទ្ធ​ភាពលើសពីក្រុមគ្រួសារ ដែលជាឪពុក ជាម្តាយ ជាបង ជាប្អូន ឬក៏ជាជីដូនជីតា អាណាព្យា​បាល​នោះ​ទេ។ យកល្អបន្សាបគ្រឿងញៀននៅនឹងផ្ទះ ល្អជាងបន្សាបគ្រឿងញៀននៅនឹងកន្លែងប្រមូលផ្តុំ ដែល(បន្ទាប់ពី)ត្រូវចាប់បានហើយ យកទៅដាក់នៅកន្លែងប្រមូលផ្តុំ។

មិនមែនជាការយកទៅធ្វើទណ្ឌកម្ម​អី​ទេ ប៉ុន្តែមានក្រុមគ្រួសារខ្លះគាត់ណែនាំមិនបាន គាត់យកទៅផ្ញើនៅ​កន្លែង​បន្សាប អាហ្នឹងក៏មានមួយ​ប្រ​ភេទ​ទៅ។ យើងក៏ចេះតែទទួល។ ប្តូរផ្តាច់អស់ ហើយថា ទៅវិញឈប់​ហើយ មកវិញជួបអាពួកម៉ាក​ដដែល។ វា​ឲ្យផឹកដដែល។ ហើយមានករណីខ្លះ​ ការបន្ទោសមក​លើសមត្ថ​កិច្ច បន្ទោសមកលើរាជរដ្ឋាភិបាល យើងគួរគិតមើលអញ្ចេះ រាជរដ្ឋាភិបាលគ្រប់គ្រង​ប្រជាពលរដ្ឋ​ទៅដល់​ជាង ១៥ លាននាក់។ វាលំបាកណាស់ ឯចំពោះគ្រួសារមួយគ្រប់គ្រងកូនតែ ៣ នាក់ គ្រប់គ្រងមិនបាន រួចហើយមកបន្ទោសរាជរដ្ឋាភិបាលគ្រប់គ្រងមនុស្សរាប់លាននាក់។ អញ្ចឹងទេ បើក្រុមគ្រួសារមិនចូលរួមទេ វាលំបាក​ហើយៗ អ្នកដែលលំបាក អ្នកដែលហូរទឹកភ្នែក គឺមាតាបិតា អាណាព្យាបាលហ្នឹងឯង ជីដូនជីតា … សុំចូលរួមទៅលើកិច្ចការងារនេះ។

មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ

ចំណុចទៅពីរ ដែលខ្ញុំព្រះករុណាខ្ញុំ អំពាវនាវដោយទទូច និងនៅតែបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុ ដែល​ឲ្យ​ប្រាក់​កម្ចី​ទៅ​ប្រជាពល​រដ្ឋទំាងអស់ សុទ្ធតែរបស់ឯកជន មិនមែនជារបស់រដ្ឋទេ។ កន្លងទៅនេះ មានការភ័ន្ត​ច្រឡំ​ធំ​ណាស់ ដែល(ប្រជាពលរដ្ឋយល់)ថាជំពាក់ប្រាក់រដ្ឋ។ សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាគ្មាន​សិទ្ធិ​ឲ្យពលរដ្ឋខ្ចីទេ។ នេះ​ជា​ច្បាប់​តែម្តង។ អត់មានសិទ្ធិទេ។ មានលទ្ធភាពឲ្យរាជរដ្ឋាភិបាលខ្ចី ព្រោះ​ប្រាក់​ចំ​ណូលរបស់រដ្ឋាភិបាលមួយផ្សេង (តែ)សល់ប្រាក់យកទៅផ្ញើនៅធនាគារ។ ធនាគារ​គេមិន​ត្រឹម​តែឲ្យការ​ប្រាក់​ទេ ថែមទំាងយកកម្រៃជើងសារទៅទៀត។ ប៉ុន្តែ នៅពេលដែលរាជរដ្ឋា​ភិ​បាល​ខ្វះលុយ រាជ​រដ្ឋាភិ​បាល​ទៅ​ខ្ចីពីធនាគារ ដើម្បីជំនួសឲ្យការលក់មូលប័ត្រ ព្រោះលក់​មូល​ប័ត្រ​យើងជំពាក់​ប្រជាជន។ កាលពី​សម័យ​មុន​​នោះទេ ដែលរាជរដ្ឋាភិបាលខ្វះប្រាក់​ខែ(បើក)ឲ្យមន្ត្រី​រាជការ កងកម្លំាង​ប្រដាប់​អាវុធ កាលពីជាង ១០ ឆ្នំា​មុននោះ ខ្ទង់រង្វង់ឆ្នំា ១៩៩៧, (ឆ្នំា)១៩៩៨, (ឆ្នំា) ១៩៩៩ មកដល់ឆ្នំា ២០០០ អីហ្នឹង បើកប្រាក់ខែ​យឺត។ អញ្ចឹង យើងទៅខ្ចីពីធនាគារជាតិ យកមកបើក​បៀវត្សរ៍ឲ្យ​​មន្ត្រីរាជការ​របស់​យើង។ ពេលនោះ យើង​ត្រូវ​សងទៅធនាគារវិញទំាងការទំាងដើម។ គេយកការប្រាក់ ប៉ុន្តែធនាគារនេះអត់មាន​សិទ្ធិឲ្យប្រជាពលរដ្ឋ​ខ្ចី​ទេ។

ជាការភ័ន្ត​ច្រឡំ​​មួយធំណាស់ ដែល​​​ប្រជាពលរដ្ឋទៅខ្ចីទុនពីមីក្រូហិរញ្ញវត្ថុ ហើយចាត់ទុកថា ជារបស់រដ្ឋ ថែមទំាង​បក្ស​ប្រឆំាង​ទៅសន្យាថា បើ​ខ្ញុំឈ្នះ ខ្ញុំនឹងលប់ចោលបំណុលទំាងអស់។ នេះជាគ្រោះមហន្តរាយ។ អ្វី​ដែល​មហន្តរាយ​ធំ​បំផុត ​គឺប្រជាជនជាប់​បំណុល​ទំាងអស់ ហើយត្រូវគេរឹបអូសផ្ទះ។ ឥឡូវ យើងបាន​ធ្វើ​យុទ្ធ​នាការ​មួយទូទំាង​ប្រទេស អប់រំប្រជាពលរដ្ឋឲ្យយល់ថា មីក្រូហិរញ្ញវត្ថុ គឺមិនមែនជារបស់រដ្ឋទេ គឺជា​របស់​​ឯកជន។ … ខ្ញុំយកឱកាសនេះ និយាយទៅគ្រប់ស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុ និងបណ្តាអង្គភាព Online ក៏ដូចជាសារព័ត៌មាន (ជួយផ្សព្វផ្សាយ)។ ម្សិលមិញឲ្យ ឯកឧត្តម ប៊ិន ឈិន ពិនិត្យ ដល់​​ពិនិត្យ​ទៅ​អត់ទាន់ឃើញចេញអីផង ចេញ​តែតាមវិទ្យុ​ជាតិ​​ហ្នឹង។ ខ្ញុំសូមនិយាយខ្លួនឯងតែម្តង ទៅកាន់បណ្តា​ស្ថានីយ​ទូរទស្សន៍ វិទ្យុ និងសារព័ត៌មាន ក៏ដូចជា ផ្នែក Online …។

ឥឡូវខ្ញុំសូមថា យុទ្ធនាការមួយឆ្នំាពេញ សារព័ត៌មានទំាង​អស់​ ព្រលឹម​ឡើង​នៅក្បាលខាងលើ ដាក់តែម្តង មីក្រូហិរញ្ញវត្ថុទំាងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ … ​ឥឡូវប្រហែលជា​ ប៊ិន ឈិន កំពុងទៅ​ពិនិត្យ​ទៀតហើយ។ ពីម្សិលមិញហៅប្រជុំ។ ឥឡូវ​ទំាង​វិទ្យុ ទំាងទូរទស្សន៍ ​ចំាមើលវិទ្យុណាមិនផ្សាយ វិទ្យុ​ហ្នឹង​មានចេតនាឲ្យប្រជាជនភ័ន្តច្រឡំ។ កាសែតណា​មិន​ផ្សាយ កាសែតហ្នឹងមាន​ចេតនាឲ្យប្រជាជន​ភ័ន្ត​ច្រឡំ។ យើងមិនទៅដាក់​ទោស​ទណ្ឌអីគេទេ ក៏ប៉ុន្តែ​ យើងរង់ចំាមើល តើគេចង់ជួយប្រជាជន ឲ្យ​ចេញ​ផុត​ពីបំណុលទេ? បំណុល​ហ្នឹង បើសិនជា​យកទៅធ្វើកិច្ចការដែលទាក់ទងជាមួយនឹងផលិតកម្ម គឺជា​បំ​ណុល​ដែលគួរត្រូវបានផ្តល់។ មីក្រូហិរញ្ញវត្ថុនេះមានប្រយោជន៍ ប៉ុន្តែ អ្វីដែលវាអត់ប្រយោជន៍ គឺវានៅត្រង់​វា​ងាយ​ពេក។ សូម្បីតែដូរស៊េរីម៉ូតូ ក៏ទៅខ្ចីមីក្រូហិរញ្ញវត្ថុបានដែរ …។

បើចង់​លុបបំណុល ត្រូវ​ធ្វើ​រដ្ឋ​​ប្រហារ

បក្សប្រឆំាង​ថា បោះ(ឆ្នោត)ឲ្យខ្ញុំទៅ ខ្ញុំលុបបំណុលចោល។ បំណុលនេះ លុបមិនបានទេ ខ្ញុំសូមជម្រាប បើ​ចង់​លុបបំណុល ត្រូវ​ធ្វើ​រដ្ឋ​​ប្រហារមួយចំាបាច់។ រដ្ឋប្រហារនោះ រដ្ឋប្រហារធ្វើអី? គឺរំលាយចោលរបប​រាជា​និ​យម​អាស្រ័យ​រដ្ឋធម្មនុញ្ញ លុបចោលប្រព័ន្ធច្បាប់ទំាងអស់ ធ្វើជាតូនីយកម្មទំាងអស់។ អញ្ចឹង មាន​តែរត់​មួយ​​សារទៀត (ដូច)ប៉ុល ពត មួយសារទៀត។ រឿងនេះត្រូវឲ្យច្បាស់ជាមួយគ្នា។ … អំពាវនាវ​គ្រប់​ប្រព័ន្ធ ទូរ​ស័ព្ទទំាងអស់ បញ្ចូលទៅក្នុងទូរស័ព្ទដៃ ហៅទៅឮតែសម្លេងស្រែកថា មីក្រូហិរញ្ញវត្ថុជារបស់​ឯកជន មិន​មែន​ជារបស់រដ្ឋទេ។ ខ្ញុំប្រជុំតាំងពីថ្ងៃ សុក្រ (សប្តាហ៍មុន) ធ្វើឲ្យស្រូត។ តាម SMS ក៏ធ្វើបានដែរ។  ពេល​ទូរ​ស័ព្ទវារោទិ៍ (អោយ)ចេញជាចម្រៀង ចុះឥឡូវយើងធ្វើឲ្យវាឮ មីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋ គឺជា​របស់​​ឯកជន ទាំងអស់គ្នាអញ្ចឹងទៅ រួចហើយវាយសារចេញតាម ​SMS ដាក់ទៅអញ្ចឹងតែម្តង … លេងតាមប្រ​ព័ន្ធ IT លេងតាមគ្រប់មធ្យោបាយទាំងអស់ …។

បញ្ហា logo របស់ប្រាសាក់/ធនាគារជាតិជាអ្នកដើរតួនាទីធំជាងគេលើយុទ្ធនាការនេះ

… អ្នកដែលធ្វើបានច្រើនទៅជាក្រសួងពាណិជ្ជកម្មវិញទេ។ ឥឡូវ ខ្ញុំមានភស្តុតាងមួយ ដែលគួរតែឆ្ងល់​ទាំង​អស់គ្នា។ រឿង អេស៊ីលីដា។ អរគុណដែលបានកែភ្លាមៗ សុខចិត្តចំណាយលុយ ដើម្បីធ្វើការកែ។ ប៉ុន្តែ ខ្ញុំអត់យល់ទេជាមួយនឹងមីក្រូហិរញ្ញវត្ថុ មួយឈ្មោះថា ប្រាសាក់ គាត់ដាក់(logo)កណ្តាលនេះ លោក​ជំ​ទាវ​មានឃើញទេ? ក្រសួងពាណិជ្ជកម្ម មានឃើញទេ “រររ” (រ ៣ ដង)។ អញ្ចឹង ទីចុងបំផុត ភាពច្រឡំ​របស់គាត់ តើនោះជារៀល ឬជារដ្ឋ? អញ្ចឹង (អាចច្រឡំ)វាថា “រដ្ឋរដ្ឋរដ្ឋ” ដល់ទៅ ៣ ដង។ អញ្ខឹង ប្រជាជននៅជំពាក់លុយរដ្ឋ។ បូកនឹងប្រជាជនគាត់(គិត)ថា ជំពាក់លុយអង្គការ ដល់អង្គការ​គាត់សំដៅ​មក​លើរដ្ឋទៀត អញ្ចឹងមួយប្រទេសច្រឡំ។ ដើម្បីបំបាត់ការភ័ន្តច្រឡំ ត្រូវធ្វើកិច្ចការទាំងអស់គ្នា ហើយ​អ្នកដែល​ដើរតួនាទីធំ គឺធនាគារជាតិ បើពាក់ព័ន្ធទៅលើបញ្ហាព័ត៌មាន ត្រូវទាក់ទងទៅរកក្រសួងព័ត៌មាន …។

បើសិនគ្មាននាយករដ្ឋមន្ត្រីពិត ក៏គ្មាននាយករដ្ឋមន្ត្រីស្តីទីដែរ

… បើនាយករដ្ឋមន្ត្រីនិយាយច្រើនពេក គេថា អំណាចនៅនាយករដ្ឋមន្ត្រី។ (អីចឹង) អ្នកឯងទើបដឹងថានា​យក​រដ្ឋ​មន្ត្រី​មានអំណាចទេ?​ នាយករដ្ឋមន្ត្រីគេឲ្យអំណាច … គឺនាយករដ្ឋមន្ត្រីហ្នឹង មានអ្នកណាធំជាង​នេះ​ទៀត ខាងផ្នែកនីតិប្រតិបត្តិ? អ្នកខ្លះថា អំណាចនៅលើតែវា ហើយចុះបើរដ្ឋធម្មនុញ្ញចែកអំណាចឲ្យវា​អញ្ចឹង? នៅក្នុង(រដ្ឋធម្មនុញ្ញ)គេចែងច្បាស់ ដឹកនាំនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ទាំងនយោបាយ​ក្នុង​ប្រទេស និងក្រៅប្រទេស​។ រួចទៅមានអ្នកខ្លះគេឆ្ងល់ម៉េចទេ ដូចជាមានបញ្ហាអី រវាងនាយករដ្ឋមន្ត្រី​ស្តី​ទី និងនាយករដ្ឋមន្ត្រី ចេញទៅក្រៅប្រទេស? បានខ្ញុំនិយាយទៅវិញ បើអត់មាននាយករដ្ឋមន្ត្រីពិតប្រាកដ វា​អត់មាននាយករដ្ឋមន្ត្រីស្តីទីទេ។ រដ្ឋធម្មនុញ្ញគេចែងច្បាស់ណាស់ថា ប្រសិនបើតំណែងនាយករដ្ឋមន្ត្រីនៅ​ទំ​នេរ​ជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយនឹងត្រូវរៀបចំឡើងវិញ ស្របតាមមាត្រាដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ មាន​ន័យ​យ៉ាងដូច្នោះថា បើនាយករដ្ឋមន្ត្រីស្លាប់ភ្លាម គណៈរដ្ឋមន្ត្រីទាំងមូលនឹងរលាយជាស្វ័យប្រវត្តិ និយាយ​ឲ្យ​ច្បាស់។ … បើអត់មាននាយករដ្ឋមន្ត្រីផ្លូវការទេ ​អត់មាននាយករដ្ឋមន្ត្រីស្តីទីបានទេ។ តិចថានា​យក​រដ្ឋ​​មន្ត្រី​ហ្នឹងចេញដំណើរទៅស្រុកក្រៅ អត់អំណាចសម្រេចកិច្ចការក្នុងប្រទេស។ មិនមែនទេ។ ស្តាប់ឲ្យ​ច្បាស់ បើបានជាជ្រុលធ្វើជាអ្នកវិភាគ។

អ្នកវិភាគ អ្នកថា និងអ្នកជេរ

… ស្រុកខ្មែរ មានអ្នកវិភាគ អ្នកថា និងអ្នកជេរ។ ខ្ញុំចូលចិត្តណាស់អ្នកវិភាគ ឲ្យតែអ្នកឯងចូល​ក្នុងកម្រិត​វិភាគ​ពិតប្រាកដ ប៉ុន្តែ បើអ្នកឯងចូលជេរហើយ អាហ្នឹងច្បាប់គេចែងឲ្យអ្នកឯងមានទោស។ ត្រូវតែ​មាន​ទោស។ យើងពិនិត្យមើលកាលពីសម័យមុន ឧទាហរណ៍៖ និយាយពីបញ្ហាទាក់ទិនដល់រឿងទុំទាវ គេឲ្យ​វិ​ភាគ តើថាតួអង្គណាយ៉ាងម៉េចៗ គេឲ្យកូនសិស្សហ្នឹងវិភាគ តើកំហុសនេះជាកំហុសយាយផាន់ ឬអរជូន? តើ​ជាកំហុសរបស់ស្តេច ឬកំហុសរបស់ទុំ អំពីការមិនប្រើរាជសារដើម្បីការពារខ្លួន។ គេឲ្យយើងវិភាគ ខ្ញុំ​ចូល​ចិត្ត​ណាស់ … ប៉ុន្តែ មិនមែនមកវិភាគ “អានេះសម្លាប់អានោះ អានោះសម្លាប់អានោះ” (ទេ)។ អញ្ចឹងមានតែ​ព្រៃ​សទេ … យក Clip មកមើលទៅ។ សូមចាំ ក្នុងចំណោមយុវជនយើង ក្នុងចំណោមប្រជាជនយើង សេរី​ភាព​របស់យើងមានព្រំដែនជាមួយសេរីភាពរបស់អ្នកដទៃ។ … គេថា បើបានជេរ ហ៊ុន សែន ទើបល្បី​ឈ្មោះ ហើយស្អីឈ្នះៗ។ ខ្ញុំមិនទាន់ឃើញថា សញ្ញាឈ្នះនៅត្រង់ណា? ចាំឈ្នះសិនទៅចាំប្រកាស។ មាន​អ្នកខ្លះហ៊ានអះអាងថា ដល់ឆ្នាំ ២០១៨ នឹងត្រូវបង្ក្រាបយើងទៅទៀត ព្រោះយើងអត់ទទួលស្គាល់​លទ្ធ​ផល​បោះឆ្នោត។ វាអាចទាញដឹងដល់ឆ្នាំ ២០១៨ ថាវាឈ្នះ ហើយបើមិនប្រគល់អំណាចវានឹងបង្ក្រាប។ ចាំ​បោះឆ្នោតហើយ ចាំក្រុមប្រឹក្សាធម្មនុញ្ញប្រកាស រួចហើយគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​ប្រ​កាស(ជា)​ផ្លូវការបានទេ? ម៉េចក៏ចាំបាច់ប្រកាសពីឥឡូវ? ប្រកាសលទ្ធផលបោះឆ្នោតពីឥឡូវ ដែលមិន​ទាន់​បានបោះផង …។

ព្រំប្រទល់ នៃសេរីភាព(សិទ្ធិ)

ទី ២ ព្រំប្រទល់នៃសេរីភាពរបស់យើង មានព្រំប្រទល់ជាមួយនឹងសេរីភាពរបស់អ្នកដទៃ។ មិនអាចបំពាន។ បើអ្នកឯងទៅប៉ះសេរីភាពរបស់អ្នកដទៃ គឺច្បាស់ជាមានរឿងហើយ មិនថារឿងជាមួយនឹង បុគ្គល និង​បុគ្គល​ ឬនីតិបុគ្គល និងបុគ្គល ឬនីតិបុគ្គល​​ និងនីតិបុគ្គលទេ។​ សូម្បីតែព្រំដែននៃស្ថាប័នរបស់ជាតិ ក៏ត្រូវ​មាន​ចែង​បទដ្ឋានកំណត់របស់វា។ ឧទាហរណ៍៖ ច្បាប់ស្តីពីការបង្កើតក្រសួងផែនការ បន្ទាប់ទៅត្រូវ​មាន​អនុ​ក្រឹត្យ ស្តីពី ការរៀបចំ ការប្រព្រឹត្តទៅនៃក្រសួងផែនការ។ ការរៀបចំនេះ មិនត្រូវឲ្យជាន់ទៅលើ​តួនាទី​ភារ​កិច្ច​របស់ស្ថាប័នដទៃនោះទេ។ គេមានព្រំដែនរបស់គេ។ អត់ព្រំដែន ឡើងមកទរខ្ទេច។ ខ្ញុំចូលចិត្តណាស់​អ្នកវិ​ភាគ ព្រោះខ្ញុំក៏ជាអ្នកវិភាគដែរ។ បើសិនជាខ្ញុំមិនចេះវិភាគទេ តើខ្ញុំមានលទ្ធភាពដើម្បីនឹង​នាំប្រទេស​ចេញ​ពី​របប ប៉ុល ពត និងទប់ស្កាត់ ប៉ុល ពត និងនាំមកសន្តិភាព សម្រាប់ប្រទេស ហើយឈាន​មកអភិ​វឌ្ឍន៍ដល់​សព្វថ្ងៃនេះ? សូម្បីតែបោះឆ្នោតនៅអាមេរិក ៩៩ ភាគរយ នៅស្រុកខ្មែរថា Hilary Clinton ឈ្នះ ក្នុង​មួយភាគរយដែលថា Donald Trump ឈ្នះ (ក្នុងនោះ)​ មាន ហ៊ុន សែន(ដែរ)។ ម្សិលមិញ ខ្ញុំវិភាគ​ឲ្យ​ខាងសមាគម​នារី​ស្តាប់ថា មូលហេតុអ្វីបានខ្ញុំហ៊ានថា …។

ហាមមន្រ្តីនៅមូលដ្ឋាន ចូលពាក់ព័ន្ធនឹងរឿងរឹបអូសផ្ទះ រឹបអូសដី

… ព្រះតេជព្រះគុណ ដល់ទេសនា ព្រះតេជព្រះគុណជួយផង។ ក្រែងរាល់ថ្ងៃ នៅរៀនផងទៅសូត្រមន្ត​ដែរ​តើ​​អី ទេសនាដែរ ប្រាប់ថា កុំ(ប្រើ)គ្រឿងញៀនអី។ ទេសនាថា ខ្ចីលុយគេ ត្រូវយកទៅប្រើត្រូវគោលដៅ មាន​ផលិត​កម្ម ដើម្បីមានប្រាក់សងគេទាំងការទាំងដើម។ ខ្ញុំដឹងថាមានការប្រជុំដោះស្រាយ ហើយណែនាំ​ឲ្យ​មី​ក្រូ​ហិរញ្ញវត្ថុកំណត់ថា បើអ្នកឯងខ្ចីទៅ សួរថាខ្ចីយកទៅធ្វើអី បើគ្រាន់តែខ្ចីទៅយកទៅដូរម៉ាកម៉ូតូទេ អត់​(អោយ)ទេ។ អត់មានសមត្ថភាពសងទេ។ ប៉ុន្តែ ពួកនេះចូលចិត្តឲ្យខ្ចី ដើម្បីងាយរឹបអូសដី និងផ្ទះ។ ហាម​មន្រ្តី​នៅតាមមូលដ្ឋានទាំងអស់ចូលពាក់ព័ន្ធ ទៅរឹបអូសផ្ទះ រឹបអូសដី។ ហាមមិនឲ្យប្រើទេ។ កន្លែង​ខ្លះ​សូម្បី​តែនៅខណ្ឌដង្កោនេះ … ទៅចាក់សោរគ្នាប្រឹបៗ ដែលគ្នាប្រុងយកលុយទៅសងហើយ។​ ហ្នឹងជា​របៀប​ឆក់ប្លន់តែម្តង។ ធុនហ្នឹង (ត្រូវតែ)ដក License តែម្តង មិនឲ្យធ្វើសកម្មភាពបន្តទៅទៀត។ កន្លងទៅ​ធ្វើ​ខុសច្បាប់ច្រើនណាស់ ហើយចេញថាឈ្មោះអង្គការ។ អង្គការនេះវាកើតតាំងពីជំនាន់ ប៉ុល ពត អង្គ​ការ​ជំនាន់ ប៉ុល ពត គឺរដ្ឋ។ ដល់ឥឡូវជំពាក់អង្គការ (ប្រជាពលរដ្ឋ)គាត់ថាអាហ្នឹងរដ្ឋ ថែមដោយសញ្ញា អេស៊ី​លី​ដា គឺសញ្ញារបស់ក្រសួងហិរញ្ញវត្ថុ គ្រាន់តែហង្សមួយបែរមុខទៅស្តាំ មួយបែរមុខទៅផ្សេង។ ប៉ុន្តែ អេស៊ី​លី​ដា គាត់ចំនាយ ៣ លានកន្លះ ដើម្បីប្តូរ។ ផ្តាំទៅប្រាសាក់ដូរឲ្យលឿន។ ហៅមក កុំចាំជូនដំណឹង​អីយូរ​ពេក។ ហៅយកមកបង្ខំឲ្យដូរ។ បើថាមិនដូរទេ ធនាគារជាតិដក License … យើងប្រើវិធានការណ៍​បែប​នេះ អប់រំពន្យល់អ្នកឯង។ បើអ្នកឯងធ្វើតាម យើងអរគុណ។ អ្នកឯងមិនធ្វើតាម ជម្រើសរបស់យើងនៅ​សល់ គឺមិនចាំបាច់ប្រើប្រព័ន្ធតុលាការទេ អំណាចនៅលើយើងស្រាប់ហើយ។ យើងអ្នកឲ្យយើងក៏អាចដក​មកវិញបានដែរ។

រឿងរបស់ខ្មែរ គឺខ្មែរអ្នកដោះស្រាយ

ហើយចុងក្រោយសុំផ្តាំផ្ញើ គ្មានអ្នកណាស្រលាញ់ខ្មែរយើងជាងខ្មែរយើងទេ។ បរទេសនានាគួរតែត្រូវយល់ ថារឿងរបស់ខ្មែរ គឺខ្មែរអ្នកដោះស្រាយ។ ពិតមែនខ្ញុំត្រូវការជំនួយអ្នកឯង ត្រូវការរកស៊ីជាមួយអ្នកឯង ត្រូវ​ការសហប្រតិបត្តិការជាមួយអ្នកឯង ក៏ប៉ុន្តែកិច្ចការផ្ទៃក្នុងរបស់អ្នកឯងខ្ញុំមិនបានជ្រៀតជ្រែកទេ តែក៏មាន សំណូមពរត្រឡប់មកវិញ កិច្ចការរបស់ខ្ញុំអ្នកក៏មិនត្រូវេជ្រៀតជ្រែកដែរ។ កាលពេលដែលអ្នកឯងទម្លាក់ គ្រាប់បែកលើប្រទេសខ្ញុំ សម្លាប់ប្រជាជនខ្ញុំ អ្នកឯងបានគិតដល់សិទ្ធិមនុស្សទេ? មកដល់ពេលនេះអ្នកឯង បានមានថ្លែងការណ៍ជាសាធារណៈថា មានការសោកស្តាយ ដែលបានទម្លាក់គ្រាប់បែកនៅកម្ពុជា ឬបាន គាំទ្រ លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ហើយបន្តទៅគាំទ្រ លន់ នល់ ឲ្យបំផ្លាញប្រទេស កម្ពុជា និងនាំគ្រាប់បែកមកដាក់នៅប្រទេសកម្ពុជា។ បន្ទាប់ទៅអ្នកឯងគាំទ្រ ប៉ុល ពត នៅអង្គការសហប្រ​ជា​ជាតិ។ អ្នកឯងមានដែលបានគិតពិសិទ្ធិមនុស្សនៅកម្ពុជាទេ?

ច្បាប់នៅកម្ពុជា ដែលរដ្ឋសភាអនុម័ត មិនមែនជាច្បាប់សម្លាប់ប្រជាជនកម្ពុជាដូចដែលអ្នកឯងធ្លាប់​សម្លាប់​ប្រជា​ជន​កម្ពុជាទេ។ ខ្ញុំមិននិយាយចំឈ្មោះអ្នកណាទេ។ ប៉ុន្តែ ក្នុងឋានៈជារដ្ឋអធិបតេយ្យ យើងត្រូវតែផ្តាំផ្ញើ​ចំ​ពោះ​អ្នក។ សូមអ្នកគោរពឯករាជ្យ​អធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។ រឿងរ៉ាវរបស់អ្នកដែល​ទៅ​បំផ្លាញប្រទេសដទៃ មិនទាន់ចប់សព្វគ្រប់ទេ ឬអី? អ្នកបំផ្លាញប្រទេសរបស់ខ្ញុំ គ្រាប់បែកនៅច្រើន​ណាស់។ អ្នកមិនទាន់បានដោះស្រាយផង។ អ្នកទៅបំផ្លាញនៅអ៊ីរ៉ាក់, លីប៊ី, ស៊ីរី និងប្រទេសមួយ​ចំនួន​ផ្សេងទៀត តើអ្នកបានឃើញសោកនាដកម្មនៅទីនោះទេ? ឬអ្នកចង់បង្កើតបញ្ហានេះនៅកម្ពុជាសាជាថ្មី? ធ្វើ​ការដោយមានកិច្ចសហប្រតិបត្តិការ ដោយស្មើភាពនឹងស្មើសិទ្ធិ កម្ពុជាមិនអាចទទួលយកបាននូវ​ការ​ជ្រៀត​ជ្រែកណាមួយពីបរទេស។ អ្នកមកប្រទេសកម្ពុជា អ្នកត្រូវគោរពច្បាប់របស់កម្ពុជា។ ផលប្រយោជន៍​របស់​អ្នក និងផលប្រយោជន៍របស់ខ្ញុំដូចគ្នាទេ។ ប្រទេសខ្ញុំតូច តែខ្ញុំមានឯករាជ្យ អធិបតេយ្យរបស់ខ្ញុំ។

ប៉ុន្មាន​ថ្ងៃនេះ ​វាមានបញ្ហាខ្លះ។ ខ្ញុំសុំចោទជាសំណួរត្រឡប់ទៅវិញ ពេលដែលអ្នកឯងទម្លាក់គ្រាប់បែកលើ ប្រទេសខ្ញុំ អ្នកឯងមានដែលគិតពីសិទ្ធិពលរដ្ឋខ្ញុំទេ? អ្នកឯងអត់បានគិតទេ? សូម្បីតែទីអារាមមួយចំនួន ត្រូវគ្រាប់បែក(ទម្លាក់លើ) អ្នកឯងបានគិតទេ? ឥឡូវ ទើបអ្នកឯងភ្ញាក់ខ្លួន។ នៅពេលដែលគេធ្វើច្បាប់ ដើម្បី​ឯកភាពជាតិ ដើម្បីការគោរពទាំងអស់គ្នា អ្នកឯងបែរជាចាត់ទុកថា ជាការកាត់បន្ថយសិទ្ធិ។​ គេមិន​ដែល​ធ្វើច្បាប់ដើម្បីឲ្យប្រទេសជាតិបែកបាក់ទេ។ ច្បាប់បានចែងច្បាស់ថែមទៅទៀត អ្នកណាក៏ដោយដែល​ធ្វើ​អបគមន៍ស្អីៗនេះ មានចរិតបំបែកបំបាក់ជាតិនេះ ត្រូវមានទោស។ ន័យកន្លែងនេះគេអាចយល់បានថា ប្រ​ទេសនេះត្រូវតែមានឯកភាព ឬមួយអ្នកប៉ុនប៉ងចូលធ្វើបដិវដ្តពណ៌ បានជាអ្នកចង់ចិញ្ចឹមចិត្តថែ​រក្សានូវចំ​ណុច ទាក់ទិនជាមួយនឹងការមិនអនុញ្ញាតឲ្យមានការបង្កើតកម្លាំង ឬតំបន់អបគមន៍?

កម្ពុជា ជាប្រទេសមួយតំបន់ត្រួតត្រាមួយ ព្រះមហាក្សត្រមួយ រដ្ឋធម្មនុញ្ញមួយ និងរាជរដ្ឋាភិបាលមួយ

ទម្រាំរកបានឯកភាពជាតិនេះ ស្ទើរតែស្លាប់ជីវិត។ ពី(ឆ្នាំ) ១៩៩៨ មកដល់បច្ចុប្បន្ន ប្រទេសមួយតំបន់ត្រួត ត្រាមួយ ដែលកាលពីមុនៗមក ប្រទេសមួយតំបន់ត្រួតត្រាមិនតិចជាងពីរក្នុងពេលតែមួយ។ ពីមុនខ្មែរក្រ​ហម, ខ្មែរស, ខ្មែរខៀវ, ខ្មែរស៊ីជម្ពូ, ខ្មែររដ្ឋាភិបាល។ (ឆ្នាំ) ១៩៧០-១៩៧៥ ខ្មែរតំបន់រំដោះ, ខ្មែរតំបន់ ទីក្រុង និយាយឲ្យចំខ្មែរខាង សម្តេចព្រះ នរោត្តម សីហនុ ខ្មែរខាងសេនាប្រមុខ លន់ នល់។ ដល់ទៅ(ឆ្នាំ) ១៩៧៥-១៩៧៩ ខ្មែរក្នុងដំណាក់កាល ប៉ុល ពត ក៏មិនអាចត្រួតត្រាទឹកដីទាំងអស់ហ្នឹងបានដែរ បើត្រួត​ត្រា​បាន​ តើខ្ញុំទៅនៅឯណា? វាមានតំបន់តស៊ូក្នុងស្ថានភាពស្បែកខ្លា។ (ឆ្នាំ) ១៩៧៩ ទល់ (ឆ្នាំ) ១៩៩៣ ប្រ​ទេសកម្ពុជាមួយតំបន់ត្រួតត្រាបួន រដ្ឋបាលក្រុងភ្នំពេញ, រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ, រណសិរ្សហ៊្វុន​ស៊ិន​ប៉ិច និងកម្ពុជាប្រជាធិបតេយ្យ។ (ឆ្នាំ) ១៩៩៣-១៩៩៨ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាពីរ រាជ​រដ្ឋា​ភិ​បាលនៅភ្នំពេញ និងខ្មែរក្រហម ដែលនៅត្រួតត្រាតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងតំបន់ខ្លះទៀតនៅផ្ទៃក្នុង​ប្រ​ទេស ដោយយកអន្លង់វែងធ្វើជាទីក្រុង រហូតទៅដល់បោះលុយចាយទៅទៀត។ ប៉ុន្តែ ពី(ឆ្នាំ) ១៩៩៨ មក​ដល់បច្ចុប្បន្ននេះ គឺប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាមួយ ក្រោមរដ្ឋធម្មនុញ្ញមួយ, ព្រះម​ហាក្សត្រតែ​មួយ, រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។

អ្នកត្រូវឃើញចំណុចអស់ទាំងនេះ។ ប្រទេសកម្ពុជាបែកបាក់ធ្ងន់ធ្ងរដោយសារពួកអ្នកឯង។ ឥឡូវ សុំអ្នក ឯង​កុំធ្វើរឿងច្រំដែលនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកវិភាគត្រូវឲ្យច្បាស់ថា ជាអ្នកវិភាគ កុំធ្វើជាអ្នកជេរ និងអ្នកនិ​យាយ ត្រូវនិយាយក្នុងក្របខណ្ឌវិភាគ។ ចេញមកវាទៅជាអញ្ចេះ ចេញមកវាទៅជាអញ្ចុះ។ អើ! វិភាគទៅ សភាពការណ៍វាយ៉ាងម៉េចអីយ៉ាងម៉េច វិវឌ្ឍន៍ខាងនយោបាយ, ខាងសេដ្ឋកិច្ច, ខាងស្អីវិភាគទៅ។ … ថ្ងៃ​មុន​ខ្ញុំនិយាយលេង បានកើតរឿងមួយលេងទៅ។ សុទ្ធតែបណ្ឌិតនេះបណ្ឌិតនោះ។ ខ្ញុំនិយាយលេងថា ខ្ញុំឪបណ្ឌិត។ គេចាប់វ៉ៃ(ប្រហារ)ខ្ញុំរឿងឪបណ្ឌិត … ឥឡូវ បើខ្ញុំនិយាយថា ខ្ញុំជាឪទាហាន ក៏ត្រូវដែរ ព្រោះ​កូន​ខ្ញុំវាធ្វើ(ជា)ទាហាន។ រួចកូនខ្ញុំបណ្ឌិតពីររូប បណ្ឌិតពីអង់គ្លេសមក អនុបណ្ឌិតពីអាមេរិក បណ្ឌិតចេញ​​ពី​អង់គ្លេសមកពីរនាក់ប្តីប្រពន្ធ ហើយអនុបណ្ឌិតប៉ុន្មាននាក់ទៀត ទាំងកូនបង្កើតទាំងកូនប្រសារ។​ អញ្ចឹង ខ្ញុំ​និយាយលេងថា អ្នកឯងបណ្ឌិត ខ្ញុំឪបណ្ឌិត។​ អញ្ចឹង ខ្ញុំសុំបញ្ជាក់ ន័យត្រង់កន្លែងនេះ ខ្ញុំមិនមែនចង់​និ​យាយ​ថា ខ្ញុំពូកែជាងបណ្ឌិតទេ …៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ