សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណទាំងទ្វេអង្គ
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី
បងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ!
ថ្ងៃនេះគឺខ្ញុំមានសេចក្ដីសប្បាយរីករាយដែលបានជួបគ្នាសាជាថ្មី បងប្អូនខ្លះធ្លាប់បានជួបគ្នាច្រើនដង បងប្អូនខ្លះជួបគ្នាលើកទី១។ តែទោះជាយ៉ាងណាក៏មានការសប្បាយរីករាយ កម្មវិធីនេះគឺជាកម្មវិធីចុងក្រោយមួយមុនឡើងយន្តហោះដែលភាសាអង់គ្លេសគេថា save the best for last ទុកអាល្អជាងគេបំផុតចុងក្រោយ។ ថ្ងៃនេះ ខ្ញុំសូមឆ្លៀតឱកាសពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះបងប្អូនទាំងអស់។ ជាពិសេស សម្ដេចពេលដែលគាត់ធ្វើដំណើរមកកូរ៉េម្ដងៗ តែងតែឆ្លៀតជួបជាមួយប្រជាពលរដ្ឋបងប្អូនពលករ និស្សិត បងប្អូនដែលរៀបការហើយរស់នៅទីនេះទាំងសញ្ជាតិ និង PR (Permanent Resident)។ ជាទូទៅ ក៏លោកតែងតែបានជួបផ្ទាល់. ឥឡូវខ្ញុំបន្តកិច្ចការជួបនេះ។ តាមពិត យើងជួបគ្នាពីមុនជាច្រើន នៅ Busan នៅ Seoul នេះ ២ទៅ៣ដងដែរ ប៉ុន្តែកាលនោះនៅក្មេងនៅឡើយ សក់មិនទាន់ស្កូវ។ មើលរូបថតកាលពីឆ្នាំ២០១៤ នៅមានចង្កេះ …។
(១) មានឈាមជ័រជាខ្មែរ នៅគ្រប់ទីកន្លែង ត្រូវពង្រឹងស្មារតីជាខ្មែរសាមគ្គីគ្នា
អរគុណចំពោះការរៀបចំជួបជុំនេះ អរគុណដល់ក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនរបស់ឯកឧត្តម ហេង សួរ និងបងប្អូនទាំងអស់ដែលបានចូលរួមក្នុងការរៀបចំ។ អរគុណដល់ក្រុមការងារស្ថានទូតប្រចាំសាធារណរដ្ឋកូរ៉េ។ ការរៀបចំនេះគឺមានទំហំធំ។ កន្លងទៅ យើងធ្លាប់ជួបគ្នានៅ Lotte ភាគច្រើន។ ដោយសារលើកនេះមានជាង ២៣០០នាក់ កន្លែងនោះតូចពេក អញ្ចឹងបានរៀបនៅទីនេះ។ អម្បាញ់មិញចូលមក បងប្អូននៅច្រើនខាងក្រៅ អត់មានកន្លែង(អង្គុយ)។ ឥឡូវកំពុងឱ្យរៀបចំចូល។ អរគុណណាស់ចំពោះបងប្អូនដែលបានធ្វើដំណើរពីឆ្ងាយតាមរទេះភ្លើង តាមរថយន្ត ខ្លះ៣ម៉ោង ខ្លះ៥ម៉ោង ខ្លះ៦ម៉ោង។ បងប្អូនខ្លះមកតាំងពីម្សិល។ ក្រុមការងារមកពីកម្ពុជាក៏មានចូលរួមដែរ … បង្ហាញអំពីសាមគ្គីភាពក្នុងនាមជាកូនខ្មែររបស់យើង។ គ្មានអីសប្បាយចិត្តជាងទៅដល់ណាក៏ដោយ បានជួបជុំគ្នា ស្កាត់ជួបគ្នា មិនថាក្នុងកម្មវិធីជប់លៀងចូលឆ្នាំ កម្មវិធីសំណេះសំណាល កម្មវិធីបុណ្យផ្សេងៗ ឱ្យតែយើងមានឱកាសជុំគ្នាគឺត្រូវតែធ្វើ។ នេះជាកត្តាមួយដែលថា យើងជាខ្មែរសាមគ្គីគ្នា នៅគ្រប់ទីកន្លែងទាំងអស់ ឈាមជ័រជាខ្មែរ ត្រូវពង្រឹងនូវស្មារតីនេះ ហើយសូមអរគុណចំពោះការចូលរួម។
(២) ស្ថានទូតគប្បីសំរបសំរួល/ពង្រឹងទំនាក់ទំនងជាមួយសាម៉ីប្រទេស និងផ្តល់ការគាំពារដល់ប្រជាពលរដ្ឋសញ្ជាតិខ្មែរ
សូមអរគុណចំពោះលោកជំទាវឯកអគ្គរាជទូត និងមន្រ្តីទាំងអស់របស់ស្ថានទូតដែលជានិច្ចកាលខិតខំ បំពេញភារកិច្ចដើរតួនាទី២ ទូតរបស់យើងនៅក្រៅ។ ទី១ គឺជាតំណាងរាជរដ្ឋាភិបាលដើម្បីសម្របសម្រួលពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងប្រទេសដែលយើងទទួលខុសត្រូវ។ ប៉ុន្តែ តួនាទីទី២ គឺត្រូវផ្ដល់ការគាំពារនិងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋខ្មែរ សញ្ជាតិខ្មែរ មិនថាអ្នកមកលេងទេសចរណ៍ មករៀន មកធ្វើការ ឬរស់នៅទីនេះ ចាំបាច់ត្រូវតែជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតាមរយៈទូត។ អញ្ចឹងនៅក្នុងប្រទេសកូរ៉េនេះ យើងបានធ្វើជាប់ជាប្រចាំមកហើយ ខ្ញុំសូមអរគុណណាស់ចំពោះស្មារតីនិងការចូលរួមនេះ ការយកចិត្តទុកដាក់ និងការបំពេញភារកិច្ច ជាពិសេស ការយកចិត្តទុកដាក់ទៅដល់បងប្អូនរបស់យើងនៅប្រទេសកូរ៉េនេះ។
(៣) ទូតដើរតួជាតំណាងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋដើរតួជាតំណាងជាតិកម្ពុជា
ខ្ញុំក៏សូមអរគុណផងដែរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបំពេញតួនាទីសំខាន់ក្នុងនាមជាឯកអគ្គរាជទូតរបស់កម្ពុជា មិនមែនត្រឹមតែលោកជំទាវឯកអគ្គរាជទូតម្នាក់ជាទូតទេ។ យើងម្នាក់ៗជាទូតរបស់កម្ពុជា។ នេះជាទូតរបស់កម្ពុជាតំណាងរាជរដ្ឋាភិបាល តែបងប្អូនតំណាងជាតិកម្ពុជា។ ប៉ុន្មានថ្ងៃនេះ ខ្ញុំជួបជាមួយឯកឧត្តមប្រធានាធិបតី Yoon Seok-yol និងឯកឧត្ដមនាយករដ្ឋមន្រ្តី ព្រឹកមិញជាមួយឯកឧត្តមប្រធានសភា ហើយជួបជាមួយថ្នាក់ដឹកនាំរបស់វិស័យឯកជនប៉ុន្មានថ្ងៃនេះជាប់ៗគ្នា ទាំងអស់គ្នាសុទ្ធតែសរសើរដល់ប្រជាពលរដ្ឋខ្មែរអំពីទឹកចិត្ត ភាពស្លូតបូត ការស្មោះត្រង់ ការខិតខំប្រឹងប្រែងនេះហើយជាឯកអគ្គរាជទូតដ៏សំខាន់របស់កម្ពជា។ មិនថាអ្នកដែលធ្វើការកន្លែងនេះ មកធ្វើការ មករៀនសូត្រ ឬបងប្អូនដែលរស់នៅទីនេះរៀបការគ្រួសារកូរ៉េ ឬមួយក៏មានPRនៅទីនេះ សុទ្ធតែបង្ហាញការចូលរួម។ ហ្នឹងហើយជាមោទនភាពជាតិខ្មែរ។ យើងទៅដល់ណា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលក្តី ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ក្តី ត្រូវបានគេសរសើរ។ នេះជាការគួរតែរំភើប។ គាត់និយាយមិនមែនថាដោយសារឃើញយើងមក គាត់សរសើរទេ …។
(៤) លើកកម្រិតទំនាក់ទំនងកម្ពុជានិងកូរ៉េ ជាដៃគូយុទ្ធសាស្ត្រ
ការសរសើរ ការទុកចិត្តនេះវាផ្ដល់ឱ្យអី? ផលប្រយោជន៍អីសម្រាប់បងប្អូននៅទីនេះ និងប្រជាជនខ្មែរយើង (តើវាជា)ឱកាស(អ្វីខ្លះ)? … ខ្ញុំសូមជម្រាបបងប្អូនបន្តិច។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល មកទីនេះ ៣ថ្ងៃធ្វើអី។ បានផលអី? … គោលដៅធំទី១ គឺជាទស្សនកិច្ចផ្លូវការលើកទី១ របស់ខ្ញុំ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ជានាយករដ្ឋមន្ត្រី តាមការអញ្ជើញរបស់ឯកឧត្ដមប្រធានាធិបតីកូរ៉េ។ យើងបានជជែកគ្នាពីម្សិលម្ង៉ៃ សំរេចបានលទ្ធផលជាច្រើនដើម្បីពង្រឹងនូវទំនាក់ទំនងរបស់ប្រទេសនិងប្រជាជនយើងទាំងពីរលើគ្រប់វិស័យ។ អ្វីជាជោគជ័យធំរបស់កម្ពុជានិងកូរ៉េ គឺការសម្រេចបាននូវការលើកកម្ពស់កម្រិតការទូតពីទំនាក់ទំនងធម្មតា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ strategic partnership។ នេះជាកម្រិតទំនាកទំនងខ្ពស់ សម្រាប់ប្រវត្តិនៃទំនាក់ទំនងកម្ពុជាជាមួយកូរ៉េ។ តើការលើកកម្ពស់ទំនាក់ទំនងពីកម្រិតធម្មតា ទៅជាកម្រិតជាដៃគូយុទ្ធសាស្ត្រ បានន័យថាម៉េច? បានន័យថាទំនាក់ទំនងយើងលើគ្រប់វិស័យ រួមទាំងវិស័យការងារ នឹងកាន់តែបានពង្រឹងនិងពង្រីកឱ្យមានភាពស៊ីជម្រៅ។ វិស័យនីមួយៗ និងការទំនាក់ទំនងគ្នាកាន់តែស៊ីជម្រៅ និងកាន់តែសកម្ម ដើម្បីបានផលដល់ប្រទេសទាំង២។ នេះហើយអត្ថន័យនៃភាពជាដៃគូយុទ្ធសាស្ត្រ។ មិនមែនគ្រាន់តែមួយពាក្យទេ ប៉ុន្តែវាបើកច្រកនូវការធ្វើទំនាក់ទំនង។
(៥) កូរ៉េឈរលំដាប់ទី២ លើការវិនិយោគនៅកម្ពុជា
កម្ពុជាបានចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយកូរ៉េ។ លើកនេះ ក្រសួងពាណិជ្ជកម្មរបស់យើងក៏បានប្រជុំលើកទី១ ជាមួយគ្នា ដើម្បីជជែកគ្នាថាតើយើងអាចជំរុញអី បង្កើនពាណិជ្ជកម្មយើង។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ១០០០លានដុល្លារហើយៗ កូរ៉េគឺជាអ្នកវិនិយោគធំទី ២នៅកម្ពុជា។ ប៉ុន្តែ (យើងដឹងថានៅ)មិនទាន់អស់សក្ដានុពលទេ។ អញ្ចឹងបានន័យថា តាមរយៈការសម្រួចអោយមានជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មយើងនឹងកើនឡើង។ ថ្ងៃក្រោយ(កើនដល់) ២០០០លានដុល្លារឬ ៣០០០លាន ឬ៤០០០លានដុល្លារ និងជំរុញឱ្យកាន់តែច្រើន។ នេះជាអ្វីដែលយើងសម្រេចបាន ជាមូលដ្ឋានសម្រាប់ទំនាក់ទំនងតទៅទៀត។ នេះគឺជាជោគជ័យនៃកិច្ចសហប្រតិបត្តិការនៅក្នុងដំណើរទស្សនកិច្ចមួយនេះ។
(៦) កម្ពុជាកូរ៉េ សំរេចភាពដៃគូជាយុទ្ធសាស្ត្រក្នុងពេលតែ ២៧ ឆ្នាំនៃទំនាក់ទំនង
កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសច្រើន។ ប្រទេសខ្លះយើងមានទំនាក់ទំនងជាង ៦០ ឬ ៧០ឆ្នាំ ប៉ុន្តែមិនទាន់បានដំឡើងកម្រិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រទេ។ ជាមួយ(សាធារណរដ្ឋ)កូរ៉េ ក្នុងពេលតែ ២៧ឆ្នាំ យើងអាចដំឡើងពីទំនាក់ទំនងធម្មតាទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ បញ្ជាក់ថា ទាំងថ្នាក់ដឹកនាំកូរ៉េនិងថ្នាក់ដឹកនាំកម្ពុជាមានទស្សនៈដូចគ្នា គឺយើងមានភាពជឿជាក់ សប្បាយរីករាយអំពីទំនាក់ទំនងដែលយើងមានតាំងពីមុនមក។ បើសិនជាមិនមានទំនាក់ទំនងពីមុនមកទេ តើចាំបាច់ដំឡើងទំនាក់ទំនងធ្វើអី? តែដោយសារទំនាក់ទំនងធម្មតាវាឈានទៅដល់កម្រិតមួយដែលត្រូវពង្រីកបន្ថែម។ ហ្នឹងហើយបានជាឯកឧត្តមប្រធានាធិបតី និងខ្ញុំឯកភាពដំឡើងទំនាក់ទំនងទៅដល់ដៃគូយុទ្ធសាស្រ្ត ដែលជាមោទនភាពនៃទំនាក់ទំនងកម្ពុជាជាមួយកូរ៉េ។ ក្រៅពីនោះ យើងបានជជែកគ្នាច្រើនទៅលើគ្រប់វិស័យ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាទំនាក់ទំនងវិស័យទេសចរណ៍ អប់រំ វប្បធម៌។
(៧) ជំរុញការភ្ជាប់ជើងហោះហើរ Incheon-សៀមរាប និង Jeju-សៀមរាប និង Busan-សៀមរាប
ម្សិលមិញ បានជួបជាមួយចៅហ្វាយខេត្ត Jeju ដែលមកចុះហត្ថលេខាជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយក្រុងសៀមរាប។ ខ្ញុំបានលើកយោបល់ ហើយឯកឧត្តមប្រធានាធិបតីកូរ៉េក៏បានលើក។ យើងត្រូវជំរុញការភ្ជាប់ឡើងវិញពី Incheon ទៅសៀមរាប។ សង្ឃឹមថា ថ្ងៃក្រោយយើងបើកច្រកពី Jeju ទៅសៀមរាប ពី Busan ទៅសៀមរាបទៀត។ ថ្ងៃក្រោយអ្នក Busan មិនចាំបាច់មកតាម Seoul អាចទៅ Busan direct តែម្ដង។ យើងសង្ឃឹងថា យើងអាចសំរេចបាន។ ការបើកច្រកបែបនេះ តាមរយៈទំនាក់ទំនង និងការដំឡើងកម្រិត អាចមានលទ្ធភាពច្រើន។ យើងកំពុងតែធ្វើម៉េចឱ្យមានសកម្មភាពហោះហើរ។ យើងឱ្យរៀបចំខាងវិស័យឯកជន ខាងវិស័យទេសចរណ៍ជួបគ្នា ដើម្បីចរចាគ្នារៀបចំ package tour ដើម្បីឱ្យមានការហោះហើរអាចថាដំបូងតែមួយជើងពី Jeju ឬ Busan ទៅឬអាចពី Seoul-Busan-ភ្នំពេញ, និងមកវិញ … បានន័យថាបន្ថែមជើងហោះហើរ … អញ្ចឹង បងប្អូនយើងដែលធ្វើការនៅទីនោះ នឹងចំណាយតិច ទាំងពេលវេលា ទាំងថវិកា។ សង្ឃឹមថា យើងនឹងសំរេចកិច្ចការនេះបាន ព្រោះមានចេតនា។ សំខាន់ធ្វើម៉េចឱ្យទំនាក់ទំនងកាន់តែរីក មនុស្សកាន់តែច្រើនធ្វើដំណើរអញ្ចឹងទៅ … ហើយពង្រីកកូតាសម្រាប់ប្រជាពលរដ្ឋយើងមកធ្វើការនៅកូរ៉េបន្ថែម។
(៨) ទាក់ទាញវិនិយោគឯកជនកូរ៉េ ដើម្បីបង្កើតការងារ និងនាំចេញនូវផលិតផល
កិច្ចការទី ២ ក្រៅពីទំនាក់ទំនងរដ្ឋនិងរដ្ឋ ការងារដែលខ្ញុំមិនដែលខានធ្វើ គឺដើរទាក់ម៉ូយ ឬទាក់ទាញការវិនិយោគពីវិស័យឯកជន។ លើកនេះ យើងបានធ្វើការច្រើនជាមួយនឹងវិស័យឯកជនកូរ៉េ ហើយក៏មានខាងសភាពាណិជ្ជកម្មចូលរួម ចាប់ដៃគ្នាធ្វើការ។ សង្ឃឹមថាថ្ងៃក្រោយអាចភ្ជាប់គ្នា ការ(ហើយ)កើតកូនកើតចៅនៅស្រុកខ្មែរ ចេញជាការវិនិយោគផ្សេងៗ បង្កើតការងារ ហើយក៏រុញទំនាក់ទំនងការនាំចេញផលិតផលអីផ្សេងៗរបស់យើងមកកូរ៉េ។ ម្សិលម្ង៉ៃ សហការជាមួយនឹងខាងកូរ៉េ សភាពាណិជ្ជកម្មកម្ពុជាមានរៀបចំជួបវិស័យធុរកិច្ច។ គ្រោងដូចតែ ២០០ក្រុមហ៊ុនទេ តែចូលជាក់ស្ដែងមានជាង ៣០០ក្រុមហ៊ុន។ នេះបញ្ជាក់អំពីសន្ទុះនៃការចាប់អារម្មណ៍របស់វិនិយោគិនកូរ៉េ។ ខ្ញុំក៏ធ្លាប់ជួបគណៈប្រតិភូពីវិស័យឯកជនរបស់កូរ៉េ និងក្រុមហ៊ុនធំៗ។ ម្សិលមិញ ខ្ញុំក៏បានជួបជាមួយនឹងក្រុមហ៊ុនធំៗមួយចំនួន ដាច់ដោយឡែក មានក្រុមហ៊ុន SK ដែលជាក្រុមហ៊ុនធំទី២ បន្ទាប់ពី Samsung នៅទីនេះ ដែលគាត់គិតគូរពីការបើករោងចក្រ និងវិនិយោគក្នុងវិស័យធនាគារ។ មានក្រុមហ៊ុន Daewoo និងក្រុមហ៊ុនធំៗជាច្រើនដែលចាត់មកធ្វើកិច្ចការ។
(៩) រៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ទាក់ទាញវិនិយោគពីកូរ៉េ
យើងរៀបចំយន្តការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់កូរ៉េ ដើម្បីទាក់ទាញការវិនិយោគផ្សេងៗ។ ពាក្យទាក់ម៉ូយ ត្រូវបានប្រើប្រាស់ច្រើន។ បើយើងទៅអញ្ជើញគេមកវិនិយោគ អញ្ជើញផ្លូវការមិនកើត មានតែទៅទាក់ម៉ូយ កាន់មេក្រូហៅដូចគ្នា។ តែទាក់ម៉ូយ មិនមែនបានផលមកខ្ញុំទេ។ គេទៅវិនិយោគ បានផលទៅប្រជាពលរដ្ឋខ្មែរ បានផលបង្កើតការងារ បង្កើតចំណូល បង្កើនទំនាក់ទំនងកម្ពុជា-កូរ៉េ។ នេះហើយជាការសប្បាយចិត្ត និងទិសដៅជាគោលការណ៍ធំរបស់រាជរដ្ឋាភិបាល។ តែប្រជាជនមានបាន តែវិនិយោគទៅ គឺរដ្ឋបានចំណូល។ រដ្ឋាភិបាលបានចំណូល យកទៅជួយនៅក្នុងវិស័យសុខាភិបាល ទៅក្នុងការវិនិយោគលើអប់រំ លើអីផ្សេងៗទៀត។ តែប៉ុណ្ណឹងប្រមុខរដ្ឋាភិបាលសប្បាយចិត្តណាស់។ នេះគឺជាអ្វីនៃការទាក់ម៉ូយគ្រប់កន្លែងទាំងអស់ … ឯកឧត្តម ស៊ុន ចាន់ថុល ទើបរាយការណ៍មក … គម្រោង(វិនិយោគ)មានការកើនឡើង។ តាំងពីដើមខែមករា មកដល់ខែឧសភានេះ មាន ១៤៧ គម្រោង ដូចចូល ២៧០០ លានដុល្លារជាទុនវិនិយោគ ដែលច្រើនប្រទេស ទាំងក្រុមហ៊ុនក្នុងស្រុក ទាំងក្រុមហ៊ុនក្រៅស្រុក បានដាក់ចូលកម្ពុជាក្នុងរយៈពេល ៥ខែនេះ។ សង្ឃឹមថា ទស្សនកិច្ចនេះនឹងនាំ(យកការវិនិយោគទៅ)បន្ថែមទៀតទៅបង្កើតការងារ … អញ្ចឹងគ្រាន់តែ ៥ខែនេះ (យើងកត់ត្រា)ទុនវិនិយោគ ២៧០០ លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក ១៤២ ០០០ កន្លែង។
(១០) ចរិតសុភាពរាបសា ស្លូតបូត ព្យាយាម ប្រឹងប្រែង ស្មោះត្រង់ ជាអំណោយទានរបស់ប្រជាពលរដ្ឋកម្ពុជា
អញ្ចឹងការទាក់ម៉ូយនេះ គឺជួប។ ម្សិលមិញ ជួបទាំងតំណាងក្រុមហ៊ុន SM Entertainment មកមានទាំង Popstar មានអីមក។ ខ្ញុំថា អញ្ជើញទៅកម្ពុជា ព្រោះកម្ពុជាជា big fan របស់ K-Pop និង K-Drama។ អញ្ចឹងគាត់នឹងធ្វើការបន្តជាមួយក្រសួងទេសចរណ៍ដើម្បីថ្ងៃណាយក K-Pop ទៅសំដែងនៅកម្ពុជា។ យើងគ្រោងយក Blackpink ទៅ ប៉ុន្តែក្រោយមក Blackpink គាត់បំបែកគ្នាទៅ។ ដល់អញ្ចឹងយើងទុកសិន។ សង្ឃឹមថានឹងអញ្ជើញទៅទៀត ដើម្បីបង្កើតទំនាក់ទំនង។ មើលប៉ុន្មាននាក់ជា fan របស់ K-Pop នៅក្នុងសាលនេះ? មិនបាច់តែបងប្អូនទេ សូម្បីតែកូនស្រីខ្ញុំ ក៏មានរូប BTS អី … (ប្រពន្ធខ្ញុំ)នេះ fan រឿង Full House។ មើលផង យំផង អីផង។ តួ Rain, Lee Yong-jae។ នៅកម្ពុជាមាន លីយុងជេ មួយដែរ … Descendants of the Sun រឿងទាហាននោះល្បី។ ការផ្លាស់ប្ដូរវប្បធម៌ដែលយើងត្រូវជំរុញ។ អញ្ចឹងម្សិលមិញបានជួប គាត់ចាប់អារម្មណ៍ច្រើន។ គាត់ទៅ។ ចុងក្រោយ យើងជួបជាមួយវេទិកាសម្ព័ន្ធឧស្សាហកម្ម ដែលតំណាងក្រុមហ៊ុនធំៗ … សូមបងប្អូនជឿចុះ។ បើគេមិនស្រលាញ់កម្ពុជា គេមិនទៅទេ ជាពិសេស Entertainment។ បើសិនជាប្រជាជនយើងមិនសុភាពរាបសា មិនទាក់ទាញ គេមិនទៅទេ។ បងប្អូនដែលនៅទីនេះហើយជាតួអង្គមុនគេដែលបង្ហាញអំពីកម្ពុជានោះ។ គេឃើញខ្មែរយើងធ្វើការនៅទីនេះ សុភាពរាបសា ស្លូតបូត … ជាទូទៅ ការខិតខំព្យាយាម ប្រឹងប្រែង សុភាពរាបសា ស្មោះត្រង់ ជា(អំណោយទាន)ធំណាស់របស់ប្រជាពលរដ្ឋយើង។ នេះជាកត្តាមួយដែលឱ្យគេពិចារណាដែរ។
(១១) រក្សាប្រពៃណីវប្បធម៌ តែមិនបដិសេធការវិវត្តរីកចំរើន និងត្រូវមានភាពបត់បែន
ទៅអាស៊ីអាគ្នេយ៍មាន ១០ប្រទេស និងបន្ដិចទៀតមាន East Timor មួយទៀត តែដែលគេសម្រេចចិត្តយកកម្ពុជា មិនមែនដោយចៃដន្យនោះទេ។ ពិសេសនៅក្នុងវិស័យវប្បធម៌ វិស័យសិល្បៈនេះ។ ទាល់តែទៅរកកន្លែងណាដែលប្រជាជនអាចស្របជាមួយ។ ប្រជាពលរដ្ឋយើងនៅក្នុងនិងក្រៅប្រទេសបើកចំហទូលាយ។ យើងរក្សាប្រពៃណីវប្បធម៌ ប៉ុន្តែយើងមិនបដិសេធនូវការវិវត្ត ការរីកចម្រើន មានការបត់បែន … នេះជាលទ្ធផលត្រួសៗមួយចំនួននៅក្នុងការធ្វើទស្សនកិច្ចនេះ ក្នុងរយៈពេល ៣ថ្ងៃ។ កម្សត់តែមួយទេ trip នេះ។ លើកមុន សម្ដេចតេជោ លោកមក។ ខ្ញុំមកត្រឹមតែជាអ្នករៀបចំពិធី។ អញ្ចឹង ៣ ថ្ងៃមុនមករៀបចំពិធីនៅអូតែល ហើយទៅស្គាល់ហាងច្រើន។ ឥឡូវអត់ទេ ស្គាល់ម្ហូបពីហាងតែនៅក្នុងអូតែល ស្គាល់តែបន្ទប់អូតែលមួយទេ។ ពេលប្រជុំ បងប្អូនថា បងអើតមើលនៅក្រៅមើលៗ ជុំវិញហ្នឹង។ ចាំអត់? ខ្ញុំថា កុំដុតខ្ញុំ។ បើខ្ញុំចេញមិនបានហើយ កុំឱ្យខ្ញុំមើល នាំតែពិបាកចិត្ត។ គាត់អាងថាបានចេញ គាត់ទៅកន្លែងធ្លាប់បាយសាមគ្គីជាមួយនឹងបងប្អូនអី មានបង្ហោះអីមក សាច់ជ្រូកអាំង ៥ជាន់អី។ (សម្ដេចនិយាយលេង ច្រឡំរឿងសាច់ជ្រូក ៧ជាន់)។
(១២) គោលដៅអាទិភាពគឺបង្កើតការងារមានគុណភាពក្នុងស្រុក
ត្រឡប់មកការងារពាក់ព័ន្ធនឹងបងប្អូនយើងនៅទីនេះ។ អម្បាញ់មិញ របាយការណ៍របស់លោកជំទាវ ឯកអគ្គរាជទូតបានបញ្ជាក់ថា ប្រជាជនយើងនៅទីនេះមានជាង ៥ម៉ឺននាក់ ក្នុងនោះអ្នកដែលរស់នៅទាំងជា PR ទាំងអ្នកមានសញ្ជាតិ ទាំងកូនអី បូកទៅប្រហែលខ្ទង់ ១ម៉ឺននាក់ផ្សេងទៀត … អញ្ចឹងយើងឃើញហើយថា គោលដៅអាទិភាពធំរបស់រាជរដ្ឋាភិបាល គឺជំរុញការបង្កើតការងារ (ហើយជា)ការងារដែលមានគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន ឱ្យមានចីរភាព។ ពិតណាស់ អាទិភាពធំនៃការបង្កើតការងារគឺយើងខំបង្កើតក្នុងស្រុក។ ហ្នឹងហើយដែលខ្ញុំឱ្យគាត់ធ្វើរបាយការណ៍មួយអាទិត្យម្ដងៗ ទុនវិនិយោគប៉ុន្មាន។ មិនមែនវិនិយោគច្រើនតែថវិកាទេ។ រឿងសំខាន់បំផុត ខ្ញុំមើលតួលេខការងារ។ តើវិនិយោគនេះអាចបង្កើតការងារបានប៉ុន្មាននៅពេលដែលអនុវត្ត។ គម្រោងមួយៗ ដែលចុះឈ្មោះ គម្រោងខ្លះលឿន អាចថាសាងសង់ហើយ ៦ខែ គម្រោងខ្លះ ២ឆ្នាំ។ ប៉ុន្តែបូកបញ្ចូលគ្នាជាបណ្ដើរៗ យើងបាន(ជាង) ១៤ម៉ឺននាក់ក្នុងរយៈពេល ៥ខែនេះ …។
(១៣) ការបង្កើតឱកាសការងារក្រៅប្រទេស ជាជម្រើសជូនប្រជាពលរដ្ឋ
ការបង្កើតការងារខាងក្នុងប្រទេសជាអាទិភាពចម្បង ប៉ុន្តែយើងក៏ទទួលស្គាល់ថាការបង្កើតឱកាសការងារនៅក្រៅប្រទេស ដើម្បីជាជម្រើសជូនបងប្អូន ក៏យើងត្រូវធ្វើ។ អ្នកខ្លះគេចោទយើងថា នាយករដ្ឋមន្រ្តីមកអួតតែពីរឿងបញ្ជូនខ្មែរឲ្យទៅធ្វើខ្ញុំគេ។ អ្នកខ្លះធ្លាប់មកនិយាយថា ឲ្យពលករមកកូរ៉េ មកធ្វើខ្ញុំគេ។ ដល់សួរទៅវិញ ចុះបើបក្សអ្នកឯងជាប់ បិទប្រជាជនឈប់ឲ្យមកកូរ៉េឬទេ? អត់ឆ្លើយ។ ព្រោះឆ្លើយមិនកើត។ ទាល់តែប្រទេសហ្នឹងត្រូវហ៊ុមព័ទ្ធសេដ្ឋកិច្ច បានមិនឲ្យមនុស្សចេញទៅក្រៅ។ យើងខំបង្កើតនៅខាងក្នុង តែយើងបើកជម្រើស(ការងារ)។ ហេតុអី? វាក៏មិនមែនជារឿងធម្មតាដែរទេ ដែលថាលើពិភពលោកគ្មានប្រជាជនចល័តនោះ។ ជាពិសេស ក្នុងដំណាក់កាលនៃសកលភាវូបនីយកម្ម គេស៊ីញ៉េពាណិជ្ជកម្មសេរីអីៗ ធ្វើម៉េចឲ្យលំហូរនៃផលិតផល លំហូរនៃមូលធន លំហូរនៃមនុស្សវាបានស្រួល ដើម្បីប្រទេសដែលខ្វះពលករ ខ្វះកម្លាំងពលកម្ម គេយកមកអ្នកនេះទៅម្ខាងទៀត។ ឧទាហរណ៍ កូរ៉េក្នុងប៉ុន្មានឆ្នាំទៀត គាត់ខ្វះវិស្វករប្រមាណ ២០ម៉ឺននាក់។
(១៤) លំហូរការងារទៅវិញទៅមក ខ្មែរធ្វើការនៅកូរ៉េ, កូរ៉េធ្វើការនៅជប៉ុន, ជប៉ុនធ្វើការនៅកូរ៉េ
ប្រជាជនគាត់ឥឡូវកើតកូនត្រឹមតែ ០,៦។ សួរថាម៉េចបានជា ០,៦ មនុស្សទាល់តែ ១ ហោចណាស់។ បានន័យថា អ្នកខ្លះកើតមួយពីរ អ្នកខ្លះអត់តែម្ដង ដល់គិតជាមធ្យម ០,៦ បានន័យថា ក្នុង១០គ្រួសារ កូនកើតបានតែ ៦នាក់។ បានន័យថា ចាស់ ១០ កូនយូរៗកាន់តែថយ។ ០,៦ មិនធម្មតា យើងនៅ ២ ក្បៀសជាង … អញ្ចឹងនេះជាការបង្កើតអោយមានលំហូរការងារជាជម្រើស។ ឥឡូវយើងមើល តើការងារបែបនេះវាយ៉ាងម៉េច? ឥឡូវយើងមើលជាក់ស្តែង ពលករបរទេសនៅកូរ៉េ ខ្មែរយើងមាន ៤ម៉ឺន៥ពាន់នាក់ជាង ថៃមាន ២៤ម៉ឺននាក់ វៀតណាមមាន ២៧ម៉ឺននាក់ ហ្វីលីពីនមាន ១៥ម៉ឺននាក់ ឥណ្ឌូនេស៊ីមានជិត ១៦ម៉ឺននាក់។ ប្រទេសទាំងអស់ចល័ត ឥឡូវគេទាំងអស់មកធ្វើការនៅកូរ៉េ សួរថា កូរ៉េទៅណាវិញ? ពលករកូរ៉េដែលនៅក្រៅប្រទេសជាង ១លាននាក់ ធ្វើការនៅអាមេរិក ពលករកូរ៉េ ៤ម៉ឺននាក់ ធ្វើការនៅអាល្លឺម៉ង់ ហើយ ៤៦ម៉ឺននាក់ធ្វើការនៅជប៉ុន។ ជប៉ុនជាង ៤ម៉ឺននាក់ ធ្វើការនៅកូរ៉េ។ បានន័យថា ការផ្លាស់ប្តូររហូត ជម្រើសពលករ ជម្រើសគាត់ធ្វើការកន្លែងណាជំនាញ។
(១៥) ពលករចំណាកស្រុកនឹងទទួលបានផល ៣យ៉ាង
សម្រាប់ប្រទេសដែលបញ្ជូនពលករ តើបានផលអីពីការដែលឱ្យពលករចំណាកស្រុកដើម្បីធ្វើការ? ទី១ គឺបានចំណូលប្រាក់ខែរបស់បងប្អូន និងកម្រិតជីវភាពខ្ពស់សម្រាប់បងប្អូនផ្ទាល់។ ទី២ មានលទ្ធភាពផ្ញើ(ប្រាក់កាស)ទៅជូនឪពុកម្តាយនៅឯផ្ទះ … កន្លងទៅរឿងបណ្ណក្រីក្រ ពេលខ្លះគ្រួសារមួយគាត់មានជីវភាពមិនល្អ ពេលដែលគេវាយតម្លៃឱ្យបណ្ណក្រីក្រគាត់មាន។ សម្រាប់តែ ២ឆ្នាំក្រោយកូនមកធ្វើការនៅកូរ៉េ កូនផ្ញើទៅគាត់ មានលទ្ធភាពទិញត្រាក់ទ័រ គេថាពុករលួយ ឱ្យអ្នកមាន បានបណ្ណក្រីក្រ។ មិនដូចនោះទេ។ កម្រិតជីវភាពគាត់មានការប្រែប្រួល ដោយសារកូនគាត់សន្សំផ្ញើទៅឱ្យ ដែលគាត់អាចទិញដីទិញផ្ទះ។ បងប្អូនយើងខ្លះពូកែ ជាពិសេសស្រីៗ។ គាត់ទៅដល់ត្រៀមទុកតែម្តង។ ប្រុសៗ សន្សំមិនសូវសល់។ បើស្រីគាត់សន្សំផ្ញើទៅឱ្យម៉ែពុកផង គាត់ទុកទិញដីទិញអីសង់ផ្ទះគាត់។ ពេលទៅវិញបែកផ្ទះ នៅជាមួយម៉ែឪ ជួនកាល ទិញជាប់ ជួនកាលទិញកន្លែងផ្សេង គាត់សន្សំទុក … ទី៣ យើងបានជំនាញនិងចំណូល សម្រាប់បងប្អូនដែលធ្វើការនៅទីនេះ ទៅតាមវិស័យការងារ។ ពេលត្រឡប់ទៅវិញ បងប្អូនខ្លះទៅធ្វើការនៅស្រុកយើង បានការងារល្អ ដោយសារមានបទពិសោធន៍ … ឬខ្លះទៅសន្សំ ធ្វើវិនិយោគ Business ខ្លួនឯង។ បានជំនាញនេះហើយដែលយើងឥឡូវកំពុងតែត្រូវការ។ យើងកំពុងតែប្រែក្លាយឧស្សាហកម្មពីត្រឹមតែកាត់ដេរធម្មតា ទៅឧស្សាហកម្ម កម្រិតបែបដំឡើងរថយន្ត ឧស្សហកម្មគ្រឿងបង្គុំអគ្គិសនីយើងផលិត។ ទាញវិនិយោគ ភាគច្រើនដែលទៅនេះ។ បើកសិកម្មគឺកសិ-ឧស្សាហកម្មធំៗ ដែលប្រើគ្រឿងយន្តសម្រាប់ផលិតពីវត្ថុធាតុដើម … បើសិនជារោងចក្រផ្សេងទៀតបង្គុំអគ្គិសនីផ្សេងៗ។ អញ្ចឹងពលករយើងដែលចប់ការងារនៅទីនេះ ធ្លាប់ធ្វើការនៅទីនេះ ត្រឡប់ទៅវិញអាចមានការងារធ្វើកន្លែងនោះ ហើយមានជំនាញខ្ពស់ប្រាក់បៀវត្សក៏ខ្ពស់ ព្រោះមិនចាំបាច់បណ្តុះបណ្តាលដូចអ្នកថ្មី …។
(១៦) កុំគិតថា “ទៅបម្រើ” តែទៅក្នុងនាមជា “កម្លាំងពលកម្មជួយចម្រើនសេដ្ឋកិច្ច និងទទួលបានផល”
ចុះប្រទេសដែលទទួលពលករដូចកូរ៉េគាត់បានផលអី? ដូចខ្ញុំនិយាយ គាត់ខ្វះកម្លាំងពលកម្ម។ កាលមុនគាត់ខ្វះនៅក្នុងវិស័យកសិកម្ម ឥឡូវគាត់ខ្វះច្រើនវិស័យ ទាំងវិស័យធ្វើកប៉ាល់ វិស័យវិស្វករសំណង់ វិស្វករអីផ្សេងៗ មិនមែនត្រឹមអ្នកដែលធម្មតា។ អញ្ចឹងពេលដែលយកពលករពីក្រៅមកដើម្បីផ្គុំគ្នា បង្កើនសេដ្ឋកិច្ចទៅដូចគ្នា។ នេះហើយជាអ្វីដែលថាការបើកច្រកនិងរកទីផ្សារការងារឱ្យបងប្អូននៅក្រៅ មិនមែនជាការដែលយកប្រជាជនយើងទៅធ្វើខ្ញុំ(បម្រើ)គេទេ។ មិនបានបង្ខំទៅទេ។ ទៅទីនោះ ក៏មិនមែនឱ្យបងប្អូនទៅដាច់តែលតោលតែឯងនោះដែរ គឺយើងមានយន្តការគាំពារទៀត … ពិសេស នៅកូរ៉េនេះ ការដាក់ពាក្យតែងតែច្រើនជាងតម្រូវការ ដោយសារអី? ដោយសារផល និងការងារនៅទីនេះ បានបៀវត្សរ៍ល្អ បូកជាមួយនឹងលក្ខខណ្ឌការងារបានល្អ។ បងប្អូនមកមិនមានអារម្មណ៍ថាជាខ្ញុំ(បម្រើ)គេ ប៉ុន្តែមានអារម្មណ៍ថាជាកម្លាំងពលកម្មមួយដែលជួយចម្រើនសេដ្ឋកិច្ច។ នេះគឺជាអ្វីដែលយើងត្រូវមានមោទនភាពពីការងារ។ កុំឱ្យតែទៅធ្វើអីខុសច្បាប់ គ្មានអ្វីថោកទាបនោះទេ។ បើសិនជាធ្វើអ្វីខុសច្បាប់ ធ្វើនៅឯណាក៏វាខុសដែរ នៅក្នុងស្រុកនិងក្រៅស្រុក … ពលករខ្មែរ ៤ម៉ឺននាក់ មកធ្វើការនៅកូរ៉េ ពលករកូរ៉េ ១លាននាក់ទៅធ្វើការនៅអាមេរិក ៥០ម៉ឺននាក់ទៅធ្វើការនៅជប៉ុន គាត់វិលតគ្នា។ ជប៉ុនក៏ទៅធ្វើនៅអាមេរិក ហើយអាមេរិកខ្លួនឯងទៅបារាំង។ គ្មានប្រទេសណាមួយគេបិទច្រកនោះទេ។
(១៧) ពង្រឹងសមត្ថភាព បង្កើតឱកាសការងារ បង្កើនបៀវត្សរ៍ ប្រភេទការងារ ជាជំរើសក្នុងទីផ្សារសេរី
ឃើញវីដេអូមួយ។ មានអ្នកនយោបាយម្នាក់បានវាយរដ្ឋាភិបាលកម្ពុជាថា “មើលទៅ! នៅភូមា ពេលលោកស្រី អោងសាន ស៊ូឃ្យី ឡើងទៅថៃ ស្រែក «តោះ!យើងត្រឡប់ទៅផ្ទះវិញ» ឱ្យពលករភូមា ១លាននាក់ ត្រឡប់ទៅវិញ”។ ឱ្យទៅយ៉ាងម៉េច បើគេជ្រើសរើសនៅទីនោះ។ ឥឡូវច្រើនជាង ១លាននាក់ទៀតនៅហ្នឹង។ ជាជម្រើសការងារ។ យើងមិនហាមផ្តាច់ តែយើងខិតខំជាមួយគ្នាបង្កើតការងារឱ្យច្រើននៅកម្ពុជា បង្កើតឱ្យច្រើនរុញឱ្យដល់មូលដ្ឋាន។ នេះជាគោលការណ៍។ ប៉ុន្តែដូចនិយាយ មិនហាមឃាត់នោះទេ។ ប្រទេសយើងជាប្រទេសដែលប្រកាន់នូវទីផ្សារសេរី (នៅជាមួយចរន្តនៃ)សកលភាវូបនីយកម្ម។ យើងចូលក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ អញ្ចឹងយើងអត់អាចហាមឃាត់មនុស្សអត់ឱ្យ(ចេញទៅធ្វើការក្រៅប្រទេសនោះទេ)។ បើយើងហាមមិនឱ្យពលករចេញ គេហាមមិនឱ្យ(ពលករចូល)ទៅនោះ(ដែរ)។ ហាមឯលិចហាមឯកើត យើងមិនឱ្យផលិតផលយើងចេញ គេមិនឱ្យផលិតផលយើងចូល ហាមមិនឱ្យផលិតផលគេចូល គេហាមមិនឱ្យផលិតផលយើងចេញ កើតរឿងដូចគ្នា។ អញ្ចឹង ស្មើភាពគ្នាក្នុងទីផ្សារសេរី ពាណិជ្ជកម្មសេរី។ គ្មានអីក្រៅពីឈានយកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពរបស់យើង និងបង្កើតឱកាសការងារជូនបងប្អូនគ្រប់ទីកន្លែងដើម្បីឱ្យគាត់មានជម្រើស។ ខំជំរុញការងារនៅក្នុងស្រុក បង្កើនបៀវត្សរ៍ បង្កើនប្រភេទនៃការងារ ថ្ងៃក្រោយគាត់អាចរើសបាន។
(១៨) ក្នុងរយៈពេល១០ឆ្នាំ ចំនួនពលករមកធ្វើការនៅកូរ៉េកើនសឹងទ្វេដង
ទាក់ទងទៅនឹងទំនាក់ទំនងស្ថានភាពបងប្អូនពលករយើងនៅកូរ៉េ។ ខ្ញុំមកដំបូង ជួបនៅឆ្នាំ២០១៤។ (កាលពី)១០ឆ្នាំមុន។ ឥឡូវយើងមើលការវិវត្តប្រែប្រួល។ ក្នុងរយៈពេល ១០ឆ្នាំនេះ ចំនួនពលករខ្មែរនៅកូរ៉េប្រភេទ E-9 មាន ៣ម៉ឺន ៦ពាន់នាក់ គិតពីឆ្នាំ ២០០៧-២០១៤ ដែលយើងចាប់ផ្តើមបញ្ជូនពលករចេញ។ ក្នុង ១០ឆ្នាំនេះ យើងមានកំណើនទៅដល់ ១០ម៉ឺននាក់ជាង ពី ២០០៧ ទៅ ២០២៤។ អញ្ចឹង ១០ឆ្នាំនេះ យើងកើន ៦ម៉ឺននាក់ជាងគឺចង់ ២ដង។ ចំពោះកម្មករជំនាញ យើងអត់ដែលមាន។ ឥឡូវឆ្នាំទៅ យើងមាន ១៤នាក់ … ក្នុង១ឆ្នាំៗ កាលពីឆ្នាំ២០១៤ យើងបញ្ជូនពលករ ១ឆ្នាំ ៥ ២៨៣នាក់ ឥឡូវមកដល់ឆ្នាំ ២០២៣ យើងមាន ៩ ០៥០នាក់ ក្នុង១ឆ្នាំ។ កាលពីខែ៩ ខ្ញុំបានជួបជាមួយឯកឧត្តមប្រធានាធិបតី Yoon នៅហ្សាកាតា គាត់បានឯកភាពដំឡើង Quota ឱ្យយើង។ អញ្ចឹងបានឆ្នាំ២០២៤ នេះ យើងកើនពី ៩ ០៥០នាក់ ទៅ ១០ ១៥០នាក់។ អញ្ចឹងបើយើងប្រៀបធៀបការបញ្ជូនប្រចាំឆ្នាំ ពីឆ្នាំ២០២៣ មកឆ្នាំ២០២៤ យើងកើន ១២%។ បើប្រៀបធៀបពីឆ្នាំ២០១៤ មកឆ្នាំ២០២៤ យើងកើន ៩២% ជិតឌូប្លិ៍។ បានន័យថា ប្រជាពលរដ្ឋមានឱកាសច្រើននៅក្នុងការទទួលបាននូវការងារនិងលក្ខខណ្ឌផលប្រយោជន៍។
(១៩) កត្តា៣ នាំឲ្យមានកំណើនការនាំពលករមកកូរ៉េ៖ ទំនាក់ទំនងការទូត ការប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ និងករិយាមារយាទរបស់ពលករខ្លួនឯង
កត្តា៣ ដែលធ្វើអោយអាចមានកំណើនពលករដូចរាល់ថ្ងៃនេះ។ កត្តាទី១ ការភ្ជាប់ឡើងវិញនៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េខាងត្បូង ឆ្នាំ១៩៩៧។ បើសិនជាកម្ពុជាមិនមានទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង កុំនិយាយរឿងបងប្អូនមកធ្វើការ កុំនិយាយរឿងបងប្អូនអាចការប្តីប្រពន្ធមកនៅទីនេះ កុំនិយាយរឿងមករៀននៅទីនេះ ព្រោះបើអត់មានទំនាក់ទំនងការទូត មិនអាចធ្វើអីបាន គ្មានទូតយើងនៅទីនេះសម្របសម្រួលឱ្យទេ។ អញ្ចឹងឆ្នាំ១៩៩៧ សម្តេចតេជោបានខិតខំពុះពារការប្រឈមក្នុងស្រុកដើម្បីមានជារបត់នយោបាយថ្មីមួយភ្ជាប់ទំនាក់ទំនង។ ឥឡូវ ២៧ឆ្នាំក្រោយ យើងមានលទ្ធផលដូចថ្ងៃនេះ។ យើងបានពង្រឹងការទូតសហប្រតិបត្តិការ ដែលម្សិលម្ង៉ៃនេះយើងដំឡើងទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ដោយសារភាពសកម្មហ្នឹងហើយ ដោយសារភាពធម្មតាបំពេញបានពេញហ្នឹងហើយ បានយើងត្រូវពង្រីកបន្ថែមពង្រឹងបន្ថែម។
កត្តាទី២ ការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរដ្ឋទូតយើងនៅទីនេះ ដែលសហការគ្នា ទី១ សហការល្អជាមួយស្ថាប័នកូរ៉េ។ មួយឆ្នាំៗ យើងត្រូវចរចាសុំ Quota ដើម្បីឱ្យខាងគាត់ជួយបង្កើនឱ្យយើង។ មិនត្រឹមតែបង្កើន E-9 ទេ E-7 ដែលជំនាញ យើងនឹងចរចាបន្ថែមទៀត ដើម្បីអ្នកដែលមានជំនាញ យើងបានមកធ្វើការនៅទីនេះ។ បងប្អូនដែលមកទីនេះ ក៏ក្រសួងបានកំពុងចរចាដើម្បីអាចឱ្យមានជម្រើសច្រើនទៅលើវិស័យឧស្សាហកម្ម ទៅលើអីផ្សេងៗ … អញ្ចឹងកត្តាសំខាន់ទី២ គឺការប្រតិបត្តិករដោយជោគជ័យ។ រដ្ឋាភិបាលជាមួយរដ្ឋាភិបាលត្រឹមតែភ្ជាប់ទំនាក់ទំនងទូតទេ តែប្រតិបត្តិករគឺអ្នកជួរមុខ ក្នុងនោះមានក្រសួងការងារ និងទូតយើងតែម្តងនៅក្នុងការពង្រឹងទំនាក់ទំនង។
កត្តាទី៣ តួអង្គសំខាន់បំផុតក្នុងការជំរុញឱ្យមានការកើនឡើងពលករ គឺដោយសារបងប្អូនហ្នឹងឯង។ បើអ្នកមកមុនមិនខំប្រឹង ចាំតែគេឱ្យមកទៀតតើ។ បើខ្មែរយើងមកមុន បង្កតែរឿងឱ្យគេឈឺក្បាល គេចាំតែឱ្យមកទៀតតើ។ តែដោយសារបងប្អូនយើងស្លូតត្រង់ បងប្អូនយើងខំការងារនេះហើយ បានជាកូរ៉េ(សរសើរ) ព្រោះកូរ៉េគេឱ្យមក ទាល់តែថៅកែកូរ៉េគេចង់បាន។ រដ្ឋាភិបាលមិនអាចទៅបង្ខំថៅកែកូរ៉េឱ្យយកទេ។ អញ្ចឹងទាល់តែខាងក្រុមហ៊ុនកូរ៉េដែលនៅទីនេះថាចង់បានពលករខ្មែរ បានគេបង្កើនមកបាន។ អញ្ចឹងអ្នកដែលដើរតួនាទីសំខាន់គន្លឹះមួយទៀត ក្រៅពីរដ្ឋាភិបាល គឺបងប្អូនពលករនិងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅ និងធ្វើការនៅទីនេះ។ បើគេឃើញខ្មែរ គេអត់ដឹងថាអ្នកឯងមកធ្វើការ ឬមករៀន ឬមកធ្វើអីទេ។ តែវាយគ្នា គេអត់ស្គាល់ឈ្មោះទេ …។
(២០) ករិយាមារយាទនៃពលករជំនាន់នេះ ពង្រីកឱកាសការងារសម្រាប់អ្នកជំនាន់ក្រោយ
ដូចកូនទាហានខ្ញុំមួយ។ កាលខ្ញុំនៅកាន់អង្គភាពទ័ព គេទៅតាកែវ។ គេគ្រងឯកសណ្ឋានទៅ។ ទៅដល់គេមានរឿងជាមួយម្ខាងទៀត។ វាយគ្នា។ ថ្ងៃក្រោយ មិត្តភក្តិគេមួយទៀតទៅផ្ទះ។ គ្នាអត់ដឹងអីផង គេវាយវាវិញ។ គ្នាអត់ដឹងអីទាំងអស់។ គេសួរថាម៉េចបានគេវាយ? ថាអត់ដឹងទេ។ ថ្ងៃមុនមានការឈ្លោះគ្នា មានអ្នកស្លៀកពាក់ខោអាវដូចគ្នាហ្នឹង។ គេអត់ដឹងថាឈ្មោះអី? គេឃើញតែឯកសណ្ឋាន។ អញ្ចឹងបានថា បើសិនជាមានរឿង ថ្ងៃក្រោយគ្រាន់តែឃើញខ្មែរ គេមានអារម្មណ៍នឹកឃើញ។ តែបើខ្មែរយើងល្អ ខ្មែរយើងបង្កើតស្នាដៃ យើងធ្វើបានច្រើន។ ដូចប្អូនស្រី ស្រួង ភាវី លេង Snooker ខ្មែរ។ កាលនៅនេះ លេងឱ្យកូរ៉េបាន World Champion។ ម្សិលមិញខ្ញំអង្គុយជាមួយប្រធានាធិបតីក៏លើក។ គាត់ក៏បានទៅលេងឲ្យTeamខ្មែរ នៅ(ស៊ីហ្គេម)កន្លងទៅ។ និស្សិតយើងរៀនតាមមហាវិទ្យាល័យ បងប្អូនធ្វើការតាមកន្លែងនានា ថៅកែចង់បាន។ ហ្នឹងហើយជាគន្លឹះធំ។
អញ្ចឹងសហការគ្នារវាងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនិងប្រជាពលរដ្ឋខ្មែរយើង។ កត្ដាទាំងបី បានធ្វើឲ្យយើងមានការវិវឌ្ឍក្នុងវិស័យការងារនៅកូរ៉េ ដែលកម្ពុជាឈានទៅពង្រីកឱកាសការងារសម្រាប់អ្នកក្រោយៗទៀតពីកម្ពុជាមក គឺបងប្អូនដែល(ជាអ្នក)មកមុននេះឯង។ បើយើងធ្វើល្អ គេចង់បានអ្នកល្អ(ដូចយើង) ផលទៅណា? (គឺ)អ្នកមកក្រោយយើងទៀត គាត់បានមក។ នៅក្នុងឱកាសនេះ ខ្ញុំសូមឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងពលករយើងដែលធ្វើការនៅទីនេះ ទាំងបងប្អូនដែលមានគ្រួសារ PR ជានិស្សិតយើង ដែលនៅទីនេះ សូមបន្ដបង្កើននូវឥរិយាបថល្អ ប្រពៃណីខ្មែរ និងជាតួអង្គដែលជាសញ្ជាតិមួយ ប្រជាជនមួយ ដែលមានការគោរពស្រឡាញ់ពីគ្រប់គ្នាទាំងអស់។ សូមប្រកាន់បែបនេះ។
(២១) ចំនួនពលករ/អ្នកមានសញ្ជាតិ/សិទ្ធរស់នៅអចិន្ត្រៃយ៍ និងចំនួនភោជនីយដ្ឋាន/ហាងខ្មែរ បានកើនឡើង
ក្រៅពីការកើន(ចំនួនពលករបញ្ជូនមក១ឆ្នាំៗ) និងផលដែលបានត្រឡប់ទៅស្រុកខ្មែរ ទៅឲ្យឪពុកម្ដាយ និងសូម្បីតែសហគមន៍យើងនៅទីនេះ … ប្រៀបធៀបពី ២០១៤ ដល់ ២០២៤ អាណិកជនខ្មែរយើង កាលពី២០១៤ មាន ៣ ៣៧៥ នាក់ ឥឡូវយើងឡើង ៨ ៤០០ នាក់ ក្នុងនោះមានអ្នកមានសញ្ជាតិជាង ៣០០០ នាក់ ហើយអ្នកមាន PRប៉ុន្មានពាន់ទៀតបូកទៅ។ និស្សិតខ្មែរយើងក៏កើន ១៣០ ទៅ ៤៣២ នាក់។ ក្រៅពីនោះ គ្រាន់តែភោជនីយដ្ឋាន និងហាងលក់ដូរខ្មែរឆ្នាំ២០១៤ មានតែ ៦កន្លែងទេ ឥឡូវឡើង ៣៧កន្លែង ព្រោះមានអតិថិជនច្រើន។ មានម្ចាស់ហាងមកទេ? មាន។ អញ្ចឹង មានអតិថិជនតែកើនច្រើន។ យើងមានអតិថិជនហូបច្រើនហើយ កើនចំនួនហាងហ្នឹងទៀត។ ប្រាក់ចំណូលយើងពី ២០១៤ និង២០២៤ កើន ដោយសារការដំឡើងដោយខាងកូរ៉េ។ អញ្ចឹងបានភ្ជាប់ជាមួយ។ កម្មវិធីចូលឆ្នាំ មានមនុស្សច្រើន ចូលឆ្នាំកាន់តែសប្បាយ។ ខ្ញុំធ្លាប់ហើយ។ រៀននៅស្រុកគេ ចូលឆ្នាំនៅម្នាក់ឯង។ មានទៅចូលឆ្នាំជាមួយមិត្តភក្ដិមកពីថៃ។ គេមានគ្នាច្រើន។ យើងម្នាក់ឯងធ្វើអីមិនកើត។ មានតែចូលនឹងគេ។ ដល់យើងមានគ្នាច្រើន ឆ្នាំទៅដូចរៀបតែ ២ កន្លែងទេ ឆ្នាំនេះ រៀប ១៥ កន្លែង … នៅកូរ៉េ។ មួយកន្លែងៗ អាចថយ ដូចកាលមុន ខ្ញុំមកម្ដងនៅ Ansan ប្រមូលផ្ដុំនៅហ្នឹងច្រើន។ ឥឡូវថយនៅ Ansan ប៉ុន្ដែរីកនៅគ្រប់កន្លែង។ ក្នុងស្រុកក៏អញ្ចឹង។ ពីមុនយើងរៀបអង្គរសង្ក្រាន្ត ទៅប្រមូលផ្ដុំនៅសៀមរាបទៅ។ ឥឡូវអត់ចាំបាច់អង្គរសង្ក្រាន្តទេ។ ឲ្យសង្ក្រាន្តពេញស្រុក ពេញភូមិ ពេញខេត្ត។ អញ្ចឹងចែកគ្នាសប្បាយទៅដល់មូលដ្ឋាន ដោយសារយើងនៅរួមគ្នា យើងមានគ្នាច្រើន។ អញ្ចឹងផលមិនត្រឹមតែបានផលចំណូលទេ សូម្បីតែចូលឆ្នាំក៏រៀបបានច្រើនកន្លែងដែរ …។
(២២) សហគមន៍ខ្មែរ រីកដុះដាលទាំងខាងអាណាចក្រទាំងខាងពុទ្ធចក្រ
សហគមន៍ខ្មែរនៅកូរ៉េ ត្រូវបានពង្រីកពី ៣កន្លែង ទៅ ២៤កន្លែង … កន្លែងខ្លះមានបណ្ដុះបណ្ដាលការរាំរបាំទាក់ទងនឹងវប្បធម៌របស់យើង។ ជាការល្អ។ បើយើងនៅច្រើន យើងបង្កើតសហគមន៍។ សូម្បីតែវត្ដព្រះតេជព្រះគុណ រិន សារ៉ូ និងព្រះតេជព្រះគុណ ពៅ សុភ័ក្រ្ត កាលខ្ញុំព្រះករុណាខ្ញុំមកលើកមុន ព្រះអង្គជួលផ្ទះល្វែងតូចទេ។ ឥឡូវនេះ ដូចមានដីគ្រោងសង់វត្ដទៀត ដោយសារមានពុទ្ធបរិស័ទច្រើនចូលចំណូល។ អញ្ចឹង មិនមែនរីកតែអាណាចក្រទេ ពុទ្ធចក្រក៏រីកដែរ ហើយយើងត្រូវការវត្ដអារាមជាទីសក្ការៈ។ នេះហើយជាការថែរក្សានូវតំលៃវប្បធម៌ សាសនារបស់កម្ពុជា។ ការកើនឡើងធ្វើទៅបាន អាស្រ័យនឹងការរីកចម្រើននៃចំនួនពលករ ដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល ដែលធ្វើការទំនាក់ទំនងល្អ ក្រសួងការងារ ស្ថានទូត និងបងប្អូនយើង ដើរតួនាទីឯកអគ្គរាជទូតនៃជាតិកម្ពុជាយើងល្អហ្នឹងហើយ។ សង្ឃឹមថ្ងៃក្រោយអាចមាន(សហគមន៍)ច្រើនកន្លែងទៀត។ ព្រះអង្គមិនប្រកាន់ទេ បើមានវត្ដថែមទៀតក្រៅពីពីរកន្លែង? ខ្ញុំព្រះករុណាខ្ញុំមកកាលពី ២០១៤ មាន តែ ២អង្គ ឥឡូវដូចមាន ៣អង្គ នៅ Gwangju មួយអង្គទៀត …។
(២៣) រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឲ្យរាជរដ្ឋាភិបាលការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែង
សហគមន៍យើងរីក រមែងបានផលនៅទីនេះ។ ការរៀបចំសមាគមផ្សេងៗ អាចផ្ដល់ឱកាសដល់កូនខ្មែរយើង ដែលកើតនៅទីនេះមួយចំនួន។ អម្បាញ់មិញ ឃើញក្មួយៗតូចៗមួយចំនួន។ ពេលយើងរៀបសហគមន៍បានច្រើនកន្លែង ថ្ងៃក្រោយអាចរៀបចំ(បង្រៀន)ភាសាស្អីនៅកន្លែងហ្នឹង … នេះហើយដែលជាការរៀបចំគោលនយោបាយ។ យើងមិនបិទនោះទេ តែយើងបើកផ្ដល់ឱកាសបន្ថែម។ ប៉ុន្ដែការបញ្ជូនពលករទៅក្រៅប្រទេស ឬបញ្ជូនបងប្អូនយើងទៅរៀន/រស់នៅក្រៅប្រទេស រាជរដ្ឋាភិបាលមិនបោះបង់ចោល(បងប្អូន)ទេ។ រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឲ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកដែលមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់។ អញ្ចឹងគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលដែលបានធ្វើ សម្រាប់បងប្អូននៅកូរ៉េនេះ គឺយើងបានធ្វើច្រើន។ ខ្ញុំមកពីឆ្នាំ២០១៤ កាលនោះយើងមានអនុព័ន្ធការងារតែម្នាក់នោះទេ ហើយឆ្នាំនោះដោយសារកំណើនប្រជាពលរដ្ឋពលករច្រើន បងប្អូនរស់នៅទីនេះក៏ច្រើន (ខ្ញុំ)ក៏បានលើកយោបល់ជូនសម្ដេចតេជោ។ លោកក៏សម្រេចបន្ថែមបានម្នាក់ទៀត។ កាលមុនមាន សាម៉េន សុខា និង ឡាំ ប្រុស ឥឡូវដូរហើយ។ មកថ្មី។ ពីរនាក់ក៏ដោយ ប៉ុន្តែធ្វើការសកម្មដើម្បីជួយសហការជាមួយសមាគម ជាមួយមណ្ឌលគាំពារពលករ និងស្ថាប័នផ្សេងៗទៀតរបស់កូរ៉េ។ ពេលជំនាន់កូវីដ-១៩ នេះ បងប្អូនក៏បានធ្វើសកម្មភាពច្រើនក្នុងការជួយ នេះហើយគឺការគាំពារ។
(២៤) ខិតខំសម្រួលស្តីពីលិខិតថ្កោលទោស និងការពន្យាតម្លៃប្រើប្រាស់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ
ការធ្វើលិខិតឆ្លងដែននៅកូរ៉េ … មុនថ្ងៃដែលសម្ដេចតេជោមក ខ្ញុំបានមកមុនដើម្បីធ្វើការសិក្សាជួបប្រជុំ … ស្ដាប់សង្ឃដីកាព្រះអង្គ តំណាងរបស់យើង មានត្រូវការស្អី? កន្លងទៅ យើងដោះជាបណ្ដើរៗ ការបោះត្រា ការពន្យារpassport កាលមុនត្រូវទៅ(ខ្លួនឯង) ឥឡូវអាចប្រគល់សិទ្ធិយកលិខិតថ្កោលទោសឲ្យអាណាព្យាបាល។ កាលមុន ត្រូវទៅធ្វើខ្លួនឯង ត្រូវជិះរទេះភ្លើង ជិះឡានយកមកបោះត្រា។ (តែឥឡូវ)យើងអាចផ្ញើតាមប៉ុស្ដិ៍មក ដោះបន្ដិចម្ដងៗ។ កាលមុន សេវាត្រូវមកយកនៅទីនេះ ពន្យារ(passport) ឥឡូវរុញទូតចុះទៅ។ អ្នកខ្លះចុះទៅដល់ គេថាមកយកមុខ យកមាត់ស្អីទៀតហើយ។ សំខាន់អ្នកបានបោះត្រានោះ។ បងប្អូនសប្បាយចិត្ត។ អ្នកដែលថាហ្នឹងប្រសិនបើគាត់ដល់ត្រូវពន្យារ គាត់មុខតែបន់ឲ្យយើងចុះទៅវាយ(ត្រា)ដូចគ្នាដែរទេ។ យើងផ្ដល់សេវាដោយមិនរើសអើង សម្រាប់ប្រជាជនខ្មែរ(ទាំងអស់)។ នេះជាកាតព្វកិច្ចរបស់ទូតក្នុងការផ្ដល់ការគាំពារ។
ការធ្វើលិខិតឆ្លងដែននៅកូរ៉េនេះ ខ្ញុំបានដាក់ចេញនៅពេលដែលខ្ញុំទទួលតួនាទីដំបូងថ្ងៃទី២២ ចុះជួបដូចលើកទី២ ជាមួយកម្មកររបស់យើងនៅ(កម្ពុជា កាលពី)ថ្ងៃ៩ ខែ៩ ឆ្នាំ២០២៣។ ខ្ញុំបានបញ្ជាឲ្យក្រសួងមហាផ្ទៃ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងការងារ ជជែកគ្នាដើម្បីរកដំណោះស្រាយយ៉ាងណារុញមន្ដ្រីរបស់យើងមកទីនេះ ព្រោះការងារអត្ដសញ្ញាណកម្ម វាពាក់ព័ន្ធរឿងសន្ដិសុខ មិនអាចឲ្យស្ថានទូតធ្វើបានទេ។ អញ្ចឹងក្រសួងមហាផ្ទៃត្រូវគ្រប់គ្រងទិន្នន័យ។ អញ្ចឹងបានយើងត្រូវបញ្ជូនក្រុមការងារខាងអត្ដសញ្ញាណកម្មមកធ្វើការងារនេះ។ ខ្ញុំសូមយកឱកាសនេះ អរគុណណាស់ដល់បងប្អូនមន្ដ្រីខាងអត្ដសញ្ញាណកម្ម បូកនឹងបងប្អូនមន្ដ្រីខាងស្ថានទូត ដែលរួមគ្នាដោះស្រាយជួយធ្វើ Passport ថ្មី ជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានយ៉ាងល្អ។
លោកជំទាវទូតបាញ់កិច្ចការឲ្យខ្ញុំរាល់សប្ដាហ៍ មិនមែនបាញ់តែទិន្នន័យទេ បាញ់ទាំងរូបឲ្យខ្ញុំ។ បងប្អូនធ្វើការហត់ សុខចិត្តយកថ្ងៃសៅរ៍ អាទិត្យ ធ្វើការជូនបងប្អូន ហើយសម្រាកថ្ងៃចន្ទ ថ្ងៃអង្គារ៍ ព្រោះដឹងថាបងប្អូនរវល់ការងារ ទាល់តែថ្ងៃសៅរ៍ អាទិត្យ ទើបមក។ អញ្ចឹងថ្ងៃធម្មតា ថ្ងៃពុធ ដល់ សុក្រ បានតែ ២០ ៣០នាក់ទេ តែសៅរ៍ អាទិត្យ បានដល់ ១០០ នាក់ ជាង។ អញ្ចឹងយើងដឹងថាបងប្អូនរវល់ សុខចិត្តមន្ដ្រីរបស់យើងធ្វើការថ្ងៃសៅរ៍ អាទិត្យ ដើម្បីដោះស្រាយ ពេលខ្លះដល់យប់ ម៉ោង ៧-៨ យប់ ដោយញញឹម ដើម្បីស្វាគមន៍។ នេះជាអ្វីដែលយើងចង់បានគឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ជាមួយនឹងឆន្ទៈ និងឥរិយាបថល្អ សម្រាប់ប្រជាពលរដ្ឋយើង …។
(២៥) ផ្ទះសំណាក់ឥតគិតថ្លៃសម្រាប់ពលករ(ដូចជាការប្ដូរការងារ) កើនពី ៦កន្លែងទៅ ២១កន្លែង
ផ្ទះសំណាក់ស្នាក់នៅរបស់ពលករ កាលពីឆ្នាំ២០១៤ មាន ៦កន្លែង។ ដោយសារបងប្អូននៅទីនេះដឹងហើយ។ ពេលខ្លះត្រូវការដូរការងារដូរអី ក្រុមហ៊ុនគេអត់ទទួល។ អញ្ចឹងត្រូវនៅតែលតោល។ ត្រូវទីជួលកន្លែងនៅ។ រកអីហូបខ្លួនឯង។ កាលនោះ ខ្ញុំឲ្យក្រសួងការងារសហការរៀបចំ។ ខ្ញុំទៅសម្ពោធដូច ២-៣ (កន្លែង)ដែរ។ នៅ Ansan យើងរៀបចំជួលផ្ទះហ្នឹងមួយដើម្បីបងប្អូនរបស់យើងមកនៅមិនបាច់បង់លុយ។ យើងរកចំណូល ធ្វើការជាមួយសប្បុរសជនក្រុមហ៊ុនកូរ៉េដើម្បីទម្លាក់អង្ករជូន។ ឥឡូវឡើងពី ៦កន្លែង ទៅ ២១កន្លែង។ ក្រសួងការងារសហការជាមួយសមាគមកូរ៉េដែលបានជួយនេះ។ នេះជាគោលការណ៍នៃការគាំពារប្រជាពលរដ្ឋរបស់យើង។ ការរៀបចំនេះមិនអាចចោលបានទេ កុំមើលរំលង។ ឲ្យគាត់ទៅធ្វើការ ត្រូវតាមគាំពារគាត់ មានបញ្ហាត្រូវខិតខំដោះស្រាយ បើមិនបាន ១០០% យើងសហការគា្នដោះទៅតាមលទ្ធភាពដែលអាចធ្វើបាន ហើយសហការជាមួយដៃគូ …។
(២៦) មជ្ឈមណ្ឌលគាំពារពលករនិងមជ្ឈមណ្ឌលប្រឹក្សាការងារកូរ៉េ សហការជាមួយទូតផ្ដល់យោបល់ និងដោះស្រាយកិច្ចការខាងផ្លូវច្បាប់
យើងបានធ្វើការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស និងមជ្ឈមណ្ឌលប្រឹក្សាការងាររបស់កូរ៉េ ព្រោះកន្លែងខ្លះយើងមិនអាចមានសមត្ថកិច្ចទេ។ ទូតយើងគ្មានសិទ្ធិទេ ព្រោះនៅលើដីរបស់កូរ៉េ។ អញ្ចឹងត្រូវធ្វើការជាមួយយន្ដការរបស់កូរ៉េ។ តែបើយើងមិននាំទៅភ្ជាប់ មិនជួយភ្ជាប់សហការ (មិនអាចធ្វើរួច)។ ការងារខ្លះភ្ជាប់ជាមួយរដ្ឋបាលយើងពីកូរ៉េ។ អញ្ចឹងយើងធ្វើការសហការ។ ក្នុងន័យនេះ ខ្ញុំអរគុណណាស់ទៅដល់បងប្អូន ទាំងនារីទាំងបុរស ដែលធ្វើការនៅមជ្ឈមណ្ឌលគាំពារពលករបរទេសនិងមណ្ឌលប្រឹក្សាការងារដែលជួយផ្ដល់យោបល់ និងដោះស្រាយការងារច្បាប់ សហការជាមួយទូតរបស់យើង។ ពេលខ្លះបងប្អូនតប់ប្រមល់ ព្រោះអ្នកដែលមានរឿងបានមកកន្លែងហ្នឹង ហើយតែមកអារម្មណ៍របស់គាត់មិនសូវជ្រះថ្លាទេ។ អញ្ចឹងមកដល់អ្នកត្រូវធ្វើការជាមួយក៏មិនសូវជ្រះថ្លាដែរ។ ប៉ុន្ដែយើងធ្វើការដោយអំណត់ និងឥរិយាបថ(ល្អ) បងប្អូនយោគយល់គ្នា (ដោយ)ស្មារតីទទួលខុសត្រូវ ជួយគ្នាក្នុងនាមជាខ្មែរ។ ខ្ញុំមក(កូរ៉េ) ដំបូង ២០១៤ ការងារថ្មីទាំងអស់សម្រាប់ខ្ញុំ។ ឯកឧត្តម ហេង សួរ គាត់មកមុន គាត់ស្គាល់។ ដល់ទៅជួប យើងឃើញថាយន្ដការនេះ ជាយន្ដការដែលដើរ។
(២៧) ពង្រឹងសហការជាមួយរដ្ឋបាលកូរ៉េគ្រប់លំដាប់ថ្នាក់ សំដៅផ្តល់សេវាជូនប្រជាពលរដ្ឋដែលនឹងកើនឡើង
កូរ៉េបានផ្ដល់នូវការយកចិត្តទុកដាក់តាមយន្ដការបែបនេះ។ ឆ្លៀតឱកាសនេះ អរគុណដល់រដ្ឋបាលកូរ៉េ ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់ខេត្ត-ក្រុង ដែលបានផ្ដល់នូវសេវានេះជូនប្រជាពលរដ្ឋរបស់យើង ដើម្បីរួមគ្នាដោះស្រាយបញ្ហា។ នេះគឺជាការយកចិត្តទុកដាក់ ការគាំពារទៅដល់ប្រជាពលរដ្ឋ។ នៅស្រុកខ្មែរយើងមានច្បាប់ការងាររបស់យើង។ សូម្បីមានច្បាប់ការងារ យើងក៏មានយន្ដការដូចជាអធិការកិច្ច យន្ដការក្រសួងមានសហជីពស្អី ដើម្បីជួយពេលដែលមានយន្ដការដោះស្រាយ តែនៅទីនេះយើងមានតែទូតទេ។ អញ្ចឹងមានតែពឹងតាមយន្ដការហ្នឹង សហការល្អ ដែលធ្វើបានល្អ។ មកដល់ម៉ោងនេះ យើងគិតថាមិនមែនអត់មានបញ្ហាទេ។ មានបញ្ហាតែយើងខិតខំដោះស្រាយ។ មានបញ្ហា យើងអាចមានយន្តការដោះ។ ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលនេះ ហើយសង្ឃឹមថាកិច្ចការនេះនឹងបន្តទៅទៀត ព្រោះបន្តិចទៀតយើងមានមនុស្សកាន់តែច្រើនមក ត្រូវពង្រីក និងពង្រឹងនូវភាពម្ចាស់ការដើម្បីធ្វើការងារនេះបម្រើប្រជាពលរដ្ឋរបស់យើង និងការសហការល្អ។
(២៨) ករណីមានគ្រោះថ្នាក់ដល់អាយុជីវិត រាជរដ្ឋាភិបាលចាត់ចែងយកធាតុ និងធ្វើការជាមួយមេធាវីកូរ៉េបង្វែរអត្ថប្រយោជន៍ ទៅដល់ដៃគ្រួសារ
ការផ្តល់សេវានេះមិនត្រឹមតែក្នុងស្ថានភាពធម្មតាទេ ពេលខ្លះស្ថានភាពអកុសល គ្រោះថ្នាក់ធ្ងន់ ឬមួយរហូតដល់មានបាត់បង់ជីវិត។ ស្ថានទូតយើង និងក្រសួងការងារសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កូរ៉េខាងមេធាវី ធ្វើម៉េចធានាការចាត់ចែងឲ្យបានល្អ ឲ្យបានសមរម្យ។ ធានាហ្នឹង គឺមានមន្រ្តីហ្នឹងជិះយន្តហោះ … មកឱបធាតុត្រឡប់ទៅជូនគ្រួសារ … ជិះមករដ្ឋាភិបាលចេញថវិកាដើម្បីចាត់ចែងធ្វើម៉េចបានទៅដល់ដៃ(គ្រួសារ)។ អត្ថប្រយោជន៍ដែលបងប្អូនត្រូវបាន ត្រូវឲ្យទៅដល់គ្រួសារ ត្រូវធានាឲ្យគាត់បាន។ នេះគឺជាការគាំពារ មិនមែនតែអ្នក(ធ្វើការងារធម្មតាទេ) អ្នកដែលជាអកុសល(ក៏ត្រូវគាំពារដែរ) ធំបំផុតត្រូវជួយដោះស្រាយជូនគាត់។ នេះគឺជាការយកចិត្តទុកដាក់ដែលយើងបានធ្វើ។ សង្ឃឹមថាមិនមានករណីបែបនេះ ប៉ុន្តែកន្លងទៅចៀសមិនបំផុត កើត ចាស់ ឈឺ ស្លាប់ វាកើតមានគ្រោះថ្នាក់។ តែយើងខិតខំជាមួយមេធាវីដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
នេះហើយគឺជាអ្វីដែលសំខាន់។ កូរ៉េផ្តល់មេធាវីហើយ តែយើងត្រូវសម្របសម្រួល ជាពិសេសត្រូវសម្របសម្រួលជាមួយនឹងគ្រួសារ ធ្វើម៉េចឲ្យបានអត្ថប្រយោជន៍របស់គាត់ទៅដល់ដៃរបស់គ្រួសារកុំឲ្យមាន(ការបាត់បង់)កើតឡើង។ នេះគឺជាការយកចិត្តទុកដាក់របស់យើងសម្រាប់បងប្អូនខ្មែរយើងនៅខាងក្រៅ។ ករណីនេះ យើងបានធ្វើកិច្ចការជាបន្ត និងប្តេជ្ញាចិត្ត ដាក់ទិសដៅនិងធ្វើបន្តទៀត។ យើងមិនដើរចោលបងប្អូនទេ។ រាជរដ្ឋាភិបាលខ្មែរមិនដើរចោលបងប្អូនខ្មែរយើង មិនថានៅទីណានោះទេ។ មានការ យើងខិតខំអស់ពីលទ្ធភាព។ ទោះដំណាក់កាលណាក៏ដោយ ដំណាក់កាលល្អ ដំណាក់កាលចូលឆ្នាំសប្បាយរីករាយ ដំណាក់កាលលំបាកកូវីដ-១៩ យើងនៅតែប្រទាក់ក្រឡាមិនចោល។ នេះគឺអ្វីជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ ឯកអគ្គរាជទូតជាអ្នកតំណាងរាជរដ្ឋាភិបាលត្រូវធ្វើការងារនេះឲ្យបានល្អ។ នេះគឺជាការជួយដល់បងប្អូនរបស់យើងនៅទីនេះ មិនត្រឹមតែមានបញ្ហានៅទីនេះទេ កន្លែងខ្លះមានទៅដល់ពាក់ព័ន្ធនឹងរឿងស្រុកខ្មែរក៏មិនចោលដែរ។
Brilliant City ប្រើវិធី Ponzi Scheme
ឥឡូវខ្ញុំសូមនិយាយរឿងមួយចុះ។ បងប្អូនខ្លះក្នុងហ្នឹងមានពាក់ព័ន្ធដែរ។ ដឹងហើយតើ? មើលប៉ុន្មាននាក់ ពាក់ព័ន្ធរឿង Brilliant City? … រឿងនេះអញ្ចេះ។ អ្នកខ្លះអត់ដឹងទេពី Brilliant City។ ដល់ឮអតីតឧកញ៉ា ឡេង ចាន់ណា (ទើបដឹង)។ រឿងនេះក៏មានការកង្វល់ ហើយពាក់ព័ន្ធជាមួយនឹងបងប្អូនមួយចំនួននៅកូរ៉េ ព្រោះមានការធ្វើ advertisement នៅទីនេះ។ ខ្ញុំមើល video គឺខ្លាំងតែម្តងខាងធ្វើពាណិជ្ជកម្ម។ ខ្ញុំក៏សុំខ្លាច។ បើខ្ញុំនៅក៏ប្រហែលជាទិញ share ដែរ ព្រោះគាត់ marketing ខ្លាំងមែនទែន។ រឿងនេះវាមិនមែនរឿងដែលថ្មីទេ។ ថ្មីនៅកម្ពុជា ប៉ុន្តែរឿងនេះវាមានប្រវត្តិតាំងពីឆ្នាំ១៨០០ ហើយករណីមុនគេបំផុតនៅអាមេរិកឆ្នាំ១៩២០ ឈ្មោះ Charles Ponzi ជនជាតិអ៊ីតាលីម្នាក់ដែលទៅនៅអាមេរិក ហើយលេងល្បិចហ្នឹង។ ធ្វើករណីនេះមួយឆ្នាំ។ ក្រោយមកនៅឆ្នាំ២០០០ នៅអាមេរិក … មានករណីឈ្មោះ Madoff បោកប្រាក់ ៦៥ ពាន់លានដុល្លារ នៅឆ្នាំ២០០០។ វិធីសាស្រ្តហ្នឹងបោកគេ ១៧ ឆ្នាំ ហើយមិនមែនបោកគេធម្មតាទេ សុទ្ធតែអ្នកវិនិយោគធំៗរបស់អាមេរិកទៀត។ អញ្ចឹងបានថាការរៀបចំមិនធម្មតា។ អញ្ចឹងរឿងនេះវាកើតចេញពីអី?
អ្នកវិនិយោគ និងអតិថិជន វាយតម្លៃខុសទាំងអស់គ្នា
រឿងនេះវាកើតចេញពីការវាយតម្លៃសភាពការណ៍ខុស។ ទី១ ការវាយតម្លៃខុសពីអ្នកវិនិយោគ។ ខ្ញុំសុំនិយាយជាទូទៅ។ កន្លងទៅ នៅពេលមានសភាពការណ៍(លូតលាស់)ខ្លាំង មុនកូវីដ-១៩ អចលនទ្រព្យនៅស្រុកខ្មែរឡើងលឿនណាស់។ អញ្ចឹងបងប្អូន មានទាំងអ្នកពីកូរ៉េទៅក៏រកស៊ីនៅស្រុកខ្មែរ ក្លាយជាអ្នកមាន ដោយសាររឿងវិនិយោគអចលនទ្រព្យពេលនោះ។ អញ្ចឹងវាបង្កើតអារម្មណ៍មួយថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនអាចខុសទេ។ ស្ថានភាពវាឡើងរហូត។ ធ្វើអ្វីក៏ដោយ ត្រឹមតែខ្ចីលុយបុណ្ណឹងភាគរយ គេឲ្យប៉ុណ្ណេះទៅភា្លម។ មួយខែទៀត មួយឆ្នាំទៀត យកមកវិញដុំ។ ទិញផ្ទះទិញអី។ អញ្ចឹងវាកើតចេញមកពីការវាយតម្លៃ។ វិបត្តិបញ្ហាយើងកំពុងដោះស្រាយ វាកើតចេញពីបញ្ហាវាយតម្លៃនៅក្នុងគម្រោងវិនិយោគទូទៅ ជាពិសេសអចលនទ្រព្យ។ ការវាយតម្លៃមាន ២។ ទី១ ការវាយតម្លៃខុសដោយអតិថិជនដែលគិតថាសុវត្ថិភាព។ អញ្ចឹងអ្នកខ្លះហ៊ានទិញទៅដល់ ១០០-២០០ ផ្ទះ មិនមែនទិញតែ ១ ទុកនៅទេ … ទុកបង្វិលដោយសារគិតថា(នឹងចំណេញ)។ ទី២ ការវាយតម្លៃខុសនៃការវិនិយោគ។ ការរៀបចំអចលទ្រព្យមិនមែនតែនៅស្រុកខ្មែរទេ។ សូម្បីតែនៅអាមេរិក ក៏អត់មានអ្នកមើលទីផ្សារដឹង។ យើង calculate ការវិនិយោគទៅលើហ្នឹង។ តែគ្មានចេតនាអាក្រក់ទេ។ គម្រោងភាគច្រើនគឺគ្មានចេតនាអាក្រក់ទេ។ ដល់ពេលមួយទីផ្សារវារាងយឺតបន្តិច បានយើងចាប់ផ្តើមមានបញ្ហា។ អ្នកទាំងអស់នេះខុសពីគម្រោង ឡេង ចាន់ណា ព្រោះពេលដែលមានសភាពការណ៍ដំបូង ការវាយតម្លៃខុសយ៉ាងម៉េច …។
ពេលដែល ឡេង ចាន់ណា ក្រុមហ៊ុន មកផ្សាយពាណិជ្ជកម្ម ដូចមាន ១៨ ខែ ចំណេញ ៧២% … ក្នុង ១០០% បានប្រាក់ដើមអីយ៉ាងម៉េច។ ពេលហ្នឹងគឺហាក់ដូចជាមានជោគជ័យ ជឿទុកចិត្ត ហើយវិធីសាស្រ្ត Ponzi Scheme នេះ គឺធ្វើឲ្យអ្នកវិនិយោគដំបូងជោគជ័យ។ បានន័យថា វិនិយោគដំបូង ១០ នាក់ ៥០% គេឲ្យលុយ ៥០% គេយកលុយពីអ្នកបន្ទាប់យកមកសង។ អញ្ចឹងយកសងតគ្នារហូត។ អញ្ចឹងអ្នកចូលបានមុន ឃើញ(បាន)មែន រត់ទៅប្រាប់បងប្អូនថាខ្ញុំបានមែនអត់ភូតទេ។ អញ្ចឹងមកទៀត។ ដល់ពេលវាចេះតែបន្តទៅៗ ដល់អ្នកចុងក្រោយស៊យ។ អ្នកចុងក្រោយវាយតម្លៃ ព្រោះអា scheme ហ្នឹងវាទៅដល់ពេលណាមួយវារលំ នៅពេលដែលអស់មានអ្នកចូល ឬមួយអ្នកចូលតិចជាងអ្នកនៅក្នុងហ្នឹង។ គេយកអ្នកចូលថ្មីចូលច្រើនដើម្បីគេយកលុយមកសងអ្នកចាស់ ហើយឲ្យអ្នកថ្មីចូលមកទៅហៅគ្នាថែមទៀត។ អញ្ចឹងបានអ្នកខ្លះ ១៧ឆ្នាំ ដោយសារចូលទៅហើយ ប៉ុន្តែមានអ្នកខ្លះវិនិយោគចំណេញ គេអត់ឲ្យដកលុយ គេថាកុំដកដាក់ចូលមក យកលុយចូលមកវិញ។ អញ្ចឹងបានចិញ្ចឹមបាន ១៧ ឆ្នាំ។ Madoff បោកគេបាន ៦៥ពាន់លានដុល្លារនៅអាមេរិក។
“Too good to be true” … បើនឹងប្រាប់ថាកុហកទេ ក៏មិនជឿដែរ
ពេលនោះធ្វើឲ្យមនុស្សជឿ ហើយថាពេលនោះតិចថា(មាន)អ្នកណាទៅប្រាប់ (ថាមិនដូចនោះទេ ក៏មិនជឿគេដែរ)។ បងប្អូននៅនេះ ខ្ញុំដូចធ្លាប់ឮព្រះអង្គ ពៅ សុភ័ក្ត្រ មានសង្ឃដីកាណែនាំញោមប្រយ័ត្នណា រហូតដល់គេថាឲ្យព្រះអង្គថា ព្រះអង្គកុំលូកលាន់រឿងគេរកស៊ី។ ពេលដែលកំពុងចំណេញ ឃើញរូបភាពខ្លះវាយតម្លៃខុសដោយសារភាពទាក់ទាញ និងការ(ទទួល)បាន(ជាក់ស្ដែង)។ (បើទោះ)អ្នកណាទៅប្រាប់ (ក៏មិនជឿដែរ)។ ព្រះអង្គធ្លាប់ប្រាប់ មែនទេព្រះអង្គ? តាមរបាយការណ៍ថា ព្រះអង្គធ្លាប់ប្រាប់ថាមើលអាហ្នឹងដូចជា too good to be true គឺថាវាល្អពេក ល្អហួសនឹងគិតថាជាការពិត។ ស្រាប់តែគេថាវិញ ព្រះអង្គកុំមកលូកលាន់រឿងគេរកស៊ី មិនចង់ឲ្យខ្ញុំព្រះករុណាខ្ញុំមានបានឬយ៉ាងម៉េចហ្នឹង? អញ្ចឹងវាឈានពីការទុកចិត្ត ព្រោះអ្នកបោកពូកែបោក។
អញ្ចឹងពេលដែលស្ថានភាពកើតឡើង រឿងស្ថានភាពទីផ្សារ រដ្ឋអត់មានលូកដៃទេ ទុកឲ្យទីផ្សារសេរីគាត់ធ្វើការវិនិច្ឆ័យ។ កន្លងទៅ នៅពេលដែលអចលនទ្រព្យឡើងលឿនមែនទែន រដ្ឋទៅអត់ទាន់ទេ។ រដ្ឋអត់ប៉ះដោយសារទុកឲ្យទីផ្សារ។ ប៉ុន្តែនៅពេលមានបញ្ហា រដ្ឋមិនអាចឈរធ្មេចភ្នែកទេ។ រដ្ឋត្រូវដោះស្រាយ គ្រាន់តែវិធីដោះស្រាយរបស់យើង មិនវាយទូងស្គរ ធ្វើឲ្យរញ៉េរញ៉ៃទេ។ អ្នកខ្លះឃើញរដ្ឋាភិបាលមិនមាត់ ក៏ថារដ្ឋាភិបាលដេកសំកុក ដេកស្តូក ដេកអេះពោះ។ វិធីសាស្រ្តរបស់យើងគឺត្រូវរកដំណោះស្រាយជូន។ អញ្ចឹងរឿង ឡេង ចាន់ណា នេះ នៅពេលដែលខ្ញុំឃើញដំបូងនៅក្នុង Facebook នៅពាក់កណ្តាលខែ២ ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តម សាយ សំអាល់ ចាប់ផ្តើមសិក្សារឿងនេះ ហើយធ្វើការសម្របសម្រួលរកវិធីដោះស្រាយ។ បើសិនជាដូចក្រុមហ៊ុនអចលនទ្រព្យដែលវិនិយោគពិតប្រាកដ គ្រាន់តែគាត់មានបញ្ហាប្រឈម cash flow តែគាត់នៅតែមានឆន្ទៈក្នុងការសម្របសម្រួលដោះស្រាយទៅ ឥឡូវក៏គេអាចដោះបាន។ កន្លែងខ្លះនៅមិនទាន់ដោះបានលឿនតាមចិត្ត សូមបងប្អូនយោគយល់ ប៉ុន្តែដោះជាបណ្តើរៗ។ ដោយសារវាស្ទះទាំងអស់គ្នា។ អ្នកវិនិយោគក៏ជាជនរងគ្រោះដោយសារវាយតម្លៃខុស ម្ចាស់គម្រោងដែលធ្វើពិតប្រាកដក៏ហ៊ានពេក វាយតម្លៃខុស ម្ចាស់បំណុលដែលឲ្យថវិកាទៅម្ចាស់គម្រោងខ្ចីក៏ជាអ្នករងគ្រោះ។ ឥឡូវឲ្យយើងទៅចាប់អ្នកណា ធ្វើអ្នកណា ក៏មិនកើត?
សូមអ្នករងគ្រោះដែលនៅមានលទ្ធភាពជួយគ្នាដើម្បីរស់
អញ្ចឹងត្រូវរកវិធីដោះស្រាយ យកអ្នករងគ្រោះជួយគ្នាដើម្បីរស់។ ហ្នឹងហើយដែលខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋយើង ដែលនៅទូទាំងប្រទេសខ្មែរ អ្នកដែលជាប់ពាក់ព័ន្ធបានយោគយល់ច្រើន។ ខ្ញុំដឹងថាបងប្អូនខ្លះមានបញ្ហាលំបាក ក្រសួងយើងបានខិតខំរកវិធីដោះស្រាយសម្របសម្រួលជាបណ្តើរៗ។ ១ ម៉ឺននាក់ យើងដោះមួយដង ១០០ ទៅ ២០០ នាក់ បូកចូលគ្នា ខ្លះ ៨០-៥០ នាក់ ដោះជាបណ្តើរៗ ខ្លះជាថវិកា ខ្លះជាដី។ យើងធ្វើបណ្តើរៗ ហើយសូមឲ្យបងប្អូនដែលបានទិញផ្ទះនៅក្នុងអចលនទ្រព្យដែលមានលទ្ធភាព ហើយបំពេញកាតព្វកិច្ចសូមបន្តបង់ដើម្បីក្រុមហ៊ុនយកថវិកាហ្នឹងទៅសង់ឲ្យអ្នកផ្សេងដែលមិនទាន់បានផ្ទះ … អ្នកដែលលំបាកថាគ្នាលំបាកហើយ អ្នកដែលមានលទ្ធភាពខ្លះថាឮតែអញ្ចឹងថាខ្ជិលបង់ដែរ។ អត់ទេ។ សូមជួយដើម្បីបង្វិលទៅធ្វើឲ្យអ្នកលំបាក ឬយកលុយហ្នឹងទៅជួយដោះឲ្យអ្នកមិនទាន់បាន។ យើងជួយ។ នេះសម្រាប់អ្នកដែលមានឆន្ទៈអភិវឌ្ឍពិតប្រាកដ។ គ្រាន់តែប៉ះការលំបាក យើងមិនអាចទៅបំផ្លាញវិស័យអចលនទ្រព្យរបស់យើងទេ។ វាឡើងវាចុះ។ ថ្ងៃមុន ខ្ញុំនិយាយរឿងមេមាន់ រឿងកូនមាន់ គេថាខ្ញុំប្រដូច។ យើងមិនអាចសម្លាប់វិស័យអចលនទ្រព្យយើងមួយប្រាវនេះទេ។ តើបងប្អូនដែលជាអ្នកវិនិយោគ អ្នកទិញផ្ទះបានមកពីណា? យឺតបន្តិចគ្រាន់បើជាងអត់ឱកាស។
គំរោងវិនិយោគរបស់ ឡេង ចាន់ណា ប្រើវិធី Ponzi Scheme
ត្រឡប់មករឿង ឡេង ចាន់ណា វិញ។ ហេតុអី បានជាយើងសម្រេចចិត្តចាប់? ដោយសារពេលដែលខ្ញុំឲ្យឯកឧត្តម សាយ សំអាល់ ចុះធ្វើការ ខ្ញុំប្រគល់ភារកិច្ចឲ្យខេត្ត ហើយឲ្យជំនាញច្បាប់សិក្សាបន្ថែម។ ខ្ញុំឲ្យពីរទៅបីក្រុមសិក្សាទៅលើករណីតែមួយ។ ក្រោយពីសិក្សានិងព្យាយាមសម្របសម្រួលលួងលោមឲ្យ ឧកញ៉ា ឡេង ចាន់ណា ជួយប្រាប់មកនៅឯណា? តិចច្រើនក៏ដោយ ព្រោះលុយមួយភាគធំបាត់ទៅណា? លុយមួយភាគធំ គឺយកបង្វិលឲ្យអ្នកដែលវិនិយោគមុន យកលុយអ្នកក្រោយទៅឲ្យអ្នកមុន។ អញ្ចឹងអ្នកដែលវិនិយោគមុនបានច្រើនហើយ អញ្ចឹងលុយវិលទៅហ្នឹង។ មួយផ្នែកគឺយកទៅធ្វើ។ តាមធម្មតាគឺគាត់អត់ត្រូវយកបង្វិលអញ្ចឹងទេ។ អចលនទ្រព្យពិតប្រាកដ គេយកលុយទៅទិញដីវិនិយោគ អាចជាប់នៅក្នុងហ្នឹង ប៉ុន្តែគម្រោង ឡេង ចាន់ណា គឺអត់ទេ។ គាត់ធ្វើផ្ទះទិញបន្តិចបន្តួចអីគាត់ធ្វើ ប៉ុន្តែលុយនេះបង្វិល។ ហ្នឹងហើយបានជាយើងឃើញសញ្ញា … ឯកឧត្តម សាយ សំអាល់ ទៅលួងលោមបន្ថែមទៀត ទីបំផុតឃើញថាគាត់អត់ទទួលខុសត្រូវ។ យើងវិភាគបូកទៅឃើញថានេះជាគម្រោងឆបោក មិនមែនគម្រោងអចលនទ្រព្យពិតប្រាកដដែលប្រឈមរឿងវិបត្តិ ហើយរកវិធីដោះនោះទេ។ តែគាត់លេងគម្រោង Ponzi នេះឯង។ នៅថ្ងៃទី១២ ខែ៣ ឆ្នាំ២០២៤ នេះ ខ្ញុំបានឲ្យសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកទៅតុលាការ ព្រោះយើងរកវិធីត្រជាក់ដោះស្រាយលែងបាន ត្រូវរកវិធីក្តៅដើម្បីរកវិធីដោះ។
នាយករដ្ឋមន្ត្រីអ្នកបញ្ជាអោយចាប់និងដកហូតងារ
តែគោលដៅធំនៅតែរកវិធីទាញមករកប្រភព ទៅដល់ណា សល់ប៉ុន្មាន អីប៉ុន្មាន យកមកដោះស្រាយជូនបងប្អូនតាមលទ្ធភាព … រដ្ឋមិនបានចូលរួមពេលដំបូង ពេលបងប្អូនវិនិយោគ តែរដ្ឋមានកាតព្វកិច្ចព្រោះបងប្អូនជាប្រជាពលរដ្ឋខ្មែរត្រូវធ្វើយ៉ាងណារកលទ្ធភាពប៉ុណ្ណាជួយបងប្អូនទៅតាមអាចធ្វើបាន។ ខ្ញុំមិនមាត់ខ្ញុំមិនក ខ្ញុំមិននិយាយ។ សួរថាអ្នកណាបញ្ជាឲ្យចាប់ ឡេង ចាន់ណា? អ្នកណាអ្នកស្នើសុំដកងារ? បើមិននាយករដ្ឋមន្រ្តីអ្នកស្នើដក។ អ្នកខ្លះនៅតែថាអត់ទេ! យើងធ្វើបែបនេះ បញ្ជូនទៅឲ្យតុលាការ។ នៅក្នុងដៃតុលាការក៏ដោយ ក៏ឲ្យសមត្ថកិច្ចធ្វើសហការស្រាវជ្រាវព័ត៌មានទាំងអស់ដើម្បីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ នៅក្នុងក្របខ័ណ្ឌច្បាប់ដែលអនុញ្ញាតដើម្បីជួយនៅក្នុងការស្រាវជ្រាវ ផ្តល់ព័ត៌មានផ្សេងៗ។ ជាពិសេស ចំពោះមុខសញ្ញាផ្សេងៗ យើងរកវិធីដើម្បីយើងធ្វើជាបណ្តើរៗ។ ការងារនេះអត់ទាន់ចប់ទេ។ រដ្ឋាភិបាលមិនបានដេកទេ។ រដ្ឋាភិបាលមិនមែនទើបតែចេញថ្ងៃនេះទេ។ រដ្ឋាភិបាលបានធ្វើរហូត គ្រាន់តែខ្ញុំមិនចាំបាច់ទៅស្រែកប្រកូកប្រកាសដាក់មេក្រូពីរឿងនេះ។ តែថ្ងៃនេះ មកជួបបងប្អូននៅកូរ៉េ អាចមានអ្នកខ្លះនៅក្នុងនេះ អត់ហ៊ានមាត់ទេ ខ្លាចខ្មាសគេ ខ្លាចខ្មាសព្រះអង្គ ពៅ សុភ័ក្រ្ត។ អាត្មាប្រាប់ហើយមិនជឿអាត្មា។
ឃាត់ខ្លួនមនុស្ស ទាញមករកប្រភព ដើម្បីដោះស្រាយជូនបងប្អូនតាមលទ្ធភាពដែលអាចធ្វើទៅបាន
កុំខ្មាស ព្រោះរឿងនេះ សូម្បីតែអ្នកមាននៅអាមេរិក អ្នកវិនិយោគខ្លាំង ១៧ឆ្នាំ ចាញ់បោក (Bernie) Madoff ផង ព្រោះចេញមករូបមន្តល្អពេក។ សំខាន់អ្នកដែលដាក់លុយទៅមួយចំនួនបានមែន រឿងអីមិនជឿ។ ចុងក្រោយនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋ មុនខ្ញុំមកថ្ងៃទី១៣ ឧសភានេះ ខ្ញុំបានប្រគល់ភារកិច្ចឲ្យមេធាវីរបស់រាជរដ្ឋាភិបាលជួយធ្វើការជាតំណាងឲ្យបងប្អូនជនរងគ្រោះរបស់យើង។ បងប្អូនខ្លះគាត់មានមេធាវីហើយ (បាន)កសាងសំណុំរឿងមួយចំនួន សហការគ្នាដើម្បីតំណាងគ្នា ជួយបន្តធ្វើកិច្ចការ។ យើងមិនអាចទៅលូកដៃរឿងតុលាការ តែយើងផ្ដល់មេធាវីដើម្បីជួយដល់បងប្អូន។ អត់នៅស្ងៀមទេ តាមតទៅទៀត។ ពេលដែលរដ្ឋាភិបាលប្រគល់មេធាវីឲ្យធ្វើហើយ បានន័យថានឹងតាមពីដើមដល់ចប់។ នេះគឺជាការបញ្ជាក់នូវការប្ដេជ្ញាចិត្ត ទោះបីជារឿងនេះ រដ្ឋាភិបាលពីដើមទីមិនបានចូលដៃក្នុងការបោក ប៉ុន្តែជាការទទួលខុសត្រូវ និងស្រាវជ្រាវពង្រីកមុខសញ្ញាបន្ថែមទៀតដើម្បីធ្វើ។ អ្នកណាពាក់ព័ន្ធអីផ្សេងៗ។ យើងមិនអាចថាចាប់យឺតម៉េះ? គ្នា២៥នាក់ ម៉េចចាប់យឺតម៉េះ? ពេលដែលយើងចាប់មនុស្ស យើងត្រូវមានដាក់បន្ទុក តើ២៥នាក់នេះពាក់ព័ន្ធទាំងអស់ ឬអ្នកខ្លះអត់ដឹងខ្លួនផង? អ្នកខ្លះមិនដឹងខ្លួន បោកដល់ទៅម្ដាយខ្លួនឯងទៀតនោះ។ ថាជំនាន់លោក វូៗ(ឃឹម វាសនា) ទៅ ថាមិនស្ដាប់ម៉ែ លើកនេះមិនត្រឹមតែមិនស្ដាប់ទេ ទៅទាញឲ្យម៉ែខ្លួនឯងស្ដាប់ខ្លួនឯងទៀត។ ជំនាន់វូៗ ដឹងហើយឬ? ទឹកលិចផែនដី … គ្មានកូនណាចង់បោកម្ដាយទេ។ ប៉ុន្តែ ដោយសារឃើញគម្រោងនេះល្អ ជឿទុកចិត្តខ្លាំង បានសុខចិត្តអូសទាញសាច់ញាតិខ្លួនឯងមកដែរ។ មិនមែនគាត់ចង់ធ្វើបាបទេ តែវាបែបនេះ។ ប៉ុន្តែ យើងស្រាវជ្រាវបន្ថែម យើងមិនទាន់ឲ្យចប់។ ឥឡូវយើងឃាត់ម្ដងពីរ ម្ដងបី។ ទៅមុខទៀត មានភស្ដុតាងឲ្យគាត់ដើម្បីរក តែរឿងមនុស្សមិនមែនគោលដៅធំ។ គោលដៅធំ រកអ្វីដែលសល់ប៉ុន្មានអីប៉ុន្មានទាញមករកប្រភព ដើម្បីដោះស្រាយជូនបងប្អូនតាមលទ្ធភាពដែលអាចធ្វើទៅបាន …។
(២៩) មិននិយាយព្រោះ សម្តីនាយករដ្ឋមន្រ្តីអាចជារូបមន្តសម្រាប់ដោះស្រាយ សូមជឿថារាជរដ្ឋាភិបាលនឹងផ្ដល់ភាពកក់ក្ដៅ មិនទុកការលំបាករបស់បងប្អូនដោយមិនបានចាត់វិធានការសមស្រប និងអស់លទ្ធភាពនោះទេ
ហ្នឹងហើយដែលបញ្ជូនមេធាវីរបស់រាជរដ្ឋាភិបាលឲ្យទៅធ្វើការជាមួយបងប្អូនដើម្បីជួយមើលសំណុំរឿងនេះ ក្រែងលោគេមិនដំណើរការ គឺយើងរុញទៅជាការប្ដេជ្ញាចិត្ត។ អញ្ចឹងរឿងនេះ ខ្ញុំសូមជម្រាបជូនបងប្អូន យកចិត្តទុកដាក់ដល់បងប្អូនពលករ/ការិនីយើងនៅទីនេះ មិនមែនតែទីនេះទេ សូម្បីតែរឿងដូចនេះក៏យើងដោះស្រាយដែរ។ អញ្ចឹងបងប្អូនណាដែលឲ្យខ្ញុំជប់ ១០០លានមកវិញ ជប់មិនចេញទេ តែយើងនឹងខិតខំ … ថ្ងៃមុនខ្ញុំអោយបិទបញ្ចប់គម្រោងបុរី VIP មួយ ដែលដោះស្រាយ។ ពេលខ្លះត្រូវជំរុញ។ យើងកំពុងដោះរឿងបុរីប៉ុន្មានទៀត បន្តិចម្ដងៗ ស្ងាត់ៗ មានប៉ុន្មានអីប៉ុន្មាន យើងបិទករណី។ តែពេលជាមួយគ្នា ខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនយល់ យើងមិនអាចមានប្រកាសទេ ព្រោះអ្វីដែលនាយករដ្ឋមន្រ្តីនិយាយគេអាចប្រើជារូបមន្តសម្រាប់ដោះ។ រឿងវាខុសៗគ្នា។ បុរីមួយៗ ខុសៗគ្នា។ ករណីមួយៗ ខុសគ្នា។ យើងត្រូវផ្ដល់សិទ្ធិ ការទុកចិត្ត ឲ្យភាគីដែលពាក់ព័ន្ធ ទាំងបងប្អូនដែលជាអតិថិជន ទាំងម្ចាស់គម្រោង ម្ចាស់បំណុល ដើម្បីសហការគ្នាក្រោមការសម្របសម្រួលរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរកដំណោះស្រាយជាក់ស្ដែង។ បើមិនអញ្ចឹងទេ យើងបង្កើតរឿងទៅវិញ។ ទុកឲ្យគាត់ដោះទៅ។ យើងផ្ដល់ការគាំទ្រ។ អ្វីដែលខ្ញុំសុំគឺឲ្យបងប្អូនជឿទុកចិត្តថារាជរដ្ឋាភិបាលនឹងផ្ដល់ភាពកក់ក្ដៅ មិនទុកការលំបាករបស់បងប្អូនដោយមិនបានចាត់វិធានការសមស្រប និងអស់លទ្ធភាពជួយនោះទេ …។
(៣០) ពង្រឹងទំនាក់ទំនងកម្ពុជា-កូរ៉េ ដើម្បីអំណោយផលទំនាក់ទំនងរវាងប្រជាជនខ្មែរនិងកូរ៉េ
ដែលខ្ញុំលើកពីទំនាក់ទំនងកម្ពុជា-កូរ៉េ មានមក ២៧ឆ្នាំនេះ បញ្ជាក់ថាយើងនឹងមានវត្តមាននៅទីនេះ នៅកូរ៉េ មានលទ្ធភាពធ្វើការ រកចំណូល ហើយបងប្អូនមួយចំនួនផ្សេងទៀតកាន់តែមានឱកាស និងជំនាញផ្សេងៗ សហគមន៍យើងក៏រីក ភោជនីយដ្ឋានក៏កាន់តែកើន ចូលឆ្នាំក៏មិនចាំបាច់ជិះមក Ansan ឱ្យអស់លុយច្រើន ធ្វើការនៅ Busan (ចូលរួមចូលឆ្នាំនៅ) Busan (ទៅ) សប្បាយដោយសារសហគមន៍យើងកើន រីកចម្រើនជាមួយគ្នា។ យើងនឹងបន្តពង្រឹងទំនាក់ទំនងកម្ពុជា-កូរ៉េឲ្យកាន់តែច្រើន ដើម្បីផ្ដល់នូវភាពអំណោយផលបែបនេះ រវាងប្រជាជនខ្មែរ និងប្រជាជនកូរ៉េ។ ឥឡូវយើងមាន(អ្នកមានសញ្ជាតិ) ១ម៉ឺននាក់ហើយ ភ្ជាប់ទំនាក់ទំនងជិត ១ម៉ឺននាក់ មានកូនក៏ច្រើនដែរ។ ម្សិលមិញ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី និងឯកឧត្ដមប្រធានាធិបតី ថាយើងជាប់សាច់ឈាមគ្នាហើយអញ្ចឹងព្រោះប្រជាជនយើងភ្ជាប់សាច់ឈាមគ្នាច្រើន។ អញ្ចឹងយើងបន្តតទៅទៀត ដើម្បីយើងពង្រឹង និងការជួយដល់បងប្អូនប្រជាពលរដ្ឋយើង មិនចោលទេ អ្វីដែលយើងអាចធ្វើទៅបាន យើងនឹងធ្វើ។
(៣១) បន្ថែមរយៈពេល ៣ខែទៀត សំរាប់បេសកកម្មមន្ដ្រីអត្តសញ្ញាណកម្មបន្តចេញលិខិតឆ្លងដែននៅកូរ៉េ
អ្វីដែលយើងអាចជួយបន្ថែមដល់បងប្អូននៅទីនេះ មានការធ្វើលិខិតឆ្លងដែននៅកូរ៉េ ការសម្រួលលក្ខខណ្ឌ។ អម្បាញ់មិញ លោកជំទាវ(អគ្គរាជទូត)ថាធ្វើហើយ តែនៅមានបងប្អូននៅមិនទាន់(មកធ្វើអស់)។ មានប៉ុន្មាននាក់នៅនេះត្រូវធ្វើ Passport បន្ថែម? មានដែរ។ មកយឺតជាងគេឬ? ឥឡូវអញ្ចេះ ខ្ញុំមិនទាន់ឲ្យបញ្ជូនមន្រ្តីអត្តសញ្ញាណកម្មទៅវិញទេ។ ខ្ញុំឯកភាពឲ្យបន្ថែម៣ខែទៀតដើម្បីធ្វើជូនបងប្អូន។ គ្នានោះដូចជាបានសម្រាកប៉ុន្មានថ្ងៃដែរ។ ឥឡូវអាចឡើងថាមពលឡើងវិញហើយ។ អញ្ចឹងអាចចាប់ផ្ដើមឡើងវិញ។ មានមកទេ ខាងប្រធានក្រុម… សម្រាកបានប៉ុន្មានថ្ងៃ? ជាង១០ថ្ងៃ។ អញ្ចឹងតើអាចផ្ដើមវិញថ្ងៃណាបាន? ថ្ងៃចន្ទឬមិនមែនស្អែកទេ? ឲ្យសម្រាកថ្ងៃអាទិត្យមួយទៀតចុះ ព្រោះនេះជាថ្ងៃអាទិត្យចុងក្រោយ។ សប្ដាហ៍ក្រោយចាប់ផ្ដើមធ្វើការវិញហើយ។ អញ្ចឹងឲ្យសម្រាកថ្ងៃអាទិត្យហ្នឹងទៅ។ បើមិនទាន់ស្គាល់កន្លែងណា ទៅលេងឲ្យហើយទៅ។ សូមអរគុណណាស់សម្រាប់ការខំប្រឹង ហើយថែម ៣ខែទៀត។ ផ្ដាំសុំទោសគ្រួសារនៅស្រុកខ្មែរផង ដែលថាប្ដីត្រូវត្រឡប់ទៅវិញចុងខែនេះ តែឥឡូវក្មួយៗ ដែលណាត់ប៉ាអី អ៊ំសុំខ្ចីប៉ា ៣ខែទៀត ជួយប្រជាពលរដ្ឋនៅកូរ៉េ។
(៣២) ថែរក្សាវប្បធម៌ សាសនា ភាសា ពិនិត្យលទ្ធភាពបង្កើតថ្នាក់បង្រៀនភាសាខ្មែរកម្រិតបឋម
ទី២ ការថែរក្សាវប្បធម៌ សាសនា … ព្រះតេជព្រះគុណព្រះសង្ឃទាំងពីរអង្គនៅទីនេះ ដើរតួនាទីសំខាន់ក្នុងការថែរក្សាសាសនារបស់យើង។ ការចូលរួមរបស់សមាគមតាមរយៈខ្ញុំ សួរទៅដូចជាមានកន្លែងខ្លះយើងផ្ដល់ការបង្រៀនរបាំអី។ ឃើញក្រសួងការងារទិញខោអាវរបាំ ទិញត្រឡោក ទិញស្គរអីមកផង។ ស្គរនៅនេះអត់តឹងទេឬ? ម្ដងនោះ បងប្អូនយើង(ទិញស្គរ)ទៅអូស្រ្តាលី។ អូស្រ្ដាលីតឹង ព្រោះប្រទេសកោះ។ អញ្ចឹងយើងខំយកស្គរឲ្យទៅដល់ឲ្យទាន់ចូលឆ្នាំ ទៅដល់គេឃាត់ចង់ ២សប្ដាហ៍ គេឆែកមើលទាំងអស់។ ដល់ចុងក្រោយ គេប្រាប់ថា អ្នកឯងទៅយកបានហើយស្គរនោះ។ ខំអរ។ ទៅដល់សល់តែឈើ។ គេដោះស្បែកចេញបាត់។ គេថាស្បែកហ្នឹងមានមេរោគ។ គេយកទៅបំផ្លាញចោល។ ដល់អញ្ចឹងស្គរអត់ស្បែកវាយម៉េចកើត? ប្លែកៗ តែសប្បាយ។ ឥឡូវឮជំទាវ រង្សី ដូចនិយាយរឿង(បង្រៀន)ភាសា(ខ្មែរ)។ កន្លែងខ្លះមិនទាន់មាន។ អញ្ចឹងខ្ញុំគិតថា ឲ្យស្ថានទូតនិងក្រសួងការងារពិភាក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែរយើងរស់នៅច្រើន ពិសេសអ្នកដែលមានកូនអី បើអាចបាន ធ្វើការជាមួយសមាគម ឧទាហរណ៍ គាត់មានកន្លែងហើយ ជួលគ្រូភាសាខ្មែរ ដើម្បីផ្ដល់ឲ្យចុងសប្ដាហ៍ ឲ្យកូនខ្មែរយើងអាចរៀនភាសាខ្មែរនៅទីនេះបាន។ សូមសិក្សាមើល។ ខ្ញុំគិតថា បង្រៀនបឋម បង្រៀនភាសាដំបូង មិនចាំបាច់ត្រូវរកគ្រូកម្រិតខ្ពស់ទេ។ ជួនកាលក្នុងចំណោមបងប្អូនយើងដែលមកធ្វើការនៅនេះ មានជាគ្រូផង ហើយក៏អាចមានជានិស្សិតដែលរៀននៅក្បែរៗនោះ អាចមកបង្រៀនបាន ត្រូវបង្រៀន «ក.ខ» … យើងអាចបង្រៀនបាន យើងជួយគ្នា … យើងអាចមើលមួយឬពីរកន្លែងសាកល្បងទៅ។ បើសិនជាដើរ យើងអាចមើលលទ្ធភាពជាក់ស្ដែង។ សំខាន់វប្បធម៌ សាសនា និងភាសា កុំឲ្យដាច់។ កូនខ្មែរយើងនៅស្រុកខ្មែរ ក៏រៀនខ្មែរ (តែ)និយាយអង់គ្លេស។ ឥឡូវនៅក្រៅនេះ ក៏យើងត្រូវឲ្យរៀនជាប់កុំឲ្យបាត់។
(៣៣) បន្តដាក់សម្បត្តិវប្បធម៌រូបីនិងអរូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រក្សាពីមួយជំនាន់ទៅមួយជំនាន់
រួមគ្នាធ្វើការងារ អត្តសញ្ញាណជាតិខ្មែរយើងមិនមែនតែយើងទេ គឺវប្បធម៌ សាសនា ភាសា សិល្បៈនេះហើយ ឥរិយាបថក្នុងឈាមជាមនុស្ស ហើយដែលយើងខំចុះបញ្ជីបេតិកភណ្ឌពិភពលោក អរូបីផ្សេងៗនោះ យកក្រមា ខោអាវអាពាហ៍ពិពាហ៍ ចាប៉ីដងវែង ទាញព្រ័ត្រ បន្តិចទៀត ឲ្យរៀបចំដាក់សង្រ្កាន្តកម្ពុជាយើងទៅទៀត បន្តៗជាប្រចាំ ព្រោះដូនតាយើងបង្កើត ត្រូវតែដាក់ដើម្បីរក្សា។ ដាក់ត្រង់ហ្នឹងបានន័យថាម៉េច? មិនមែនយកទៅឲ្យអន្តរជាតិទេ នៅតែជារបស់ខ្មែរ តែពេលដែលយើងដាក់ គឺទៅជាបេតិកភណ្ឌរបស់មនុស្សជាតិ ដើម្បីរួមគ្នាថែរក្សា។ បានន័យថា ពិភពលោកនឹងស្គាល់អ្វីដែលដូនតាយើងបង្កើត។ បើដូនតាយើងបង្កើត យើងដាក់ទៅពិភពលោក យើងកូនខ្មែរជំនាន់ក្រោយត្រូវរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់។ បើមួយជំនាន់ថែរក្សាមិនបានច្បាស់ ជំនាន់ក្រោយនឹង flou ហើយ។ បើឪពុកម្ដាយមិនដឹងច្បាស់ផង នឹងអាច flou។ ជាពិសេស អ្នកដែលនៅឆ្ងាយ បើនៅក្នុងស្រុក យើងមានសាលាមានអី ភាសាយើងនិយាយរាល់ថ្ងៃ។ តែនៅក្រៅ រកឱកាសដើម្បីរៀបចំ។ កន្លែងណាលំបាក អនឡាញក៏បាន។ គ្រាន់តែអនឡាញជាមួយក្មេងៗ ពិបាកគ្រប់គ្រងបន្តិច ជាពិសេស ថ្នាក់ទី១ អីហ្នឹង គ្រាន់តែគ្រូផ្ទាល់ផងចាប់ដូចក្ដាម ទម្រាំអនឡាញជាមួយថ្នាក់ទី១ទៀត ខ្ញុំថា Good Luck ជូនពរ …។
(៣៤) គម្រោងព្រែកជីកហ៊្វូណន-តេជោ នឹងចាប់ផ្ដើម ទោះមានឬគ្មានការវិនិយោគពីបរទេស
ខ្ញុំក៏ឆ្លៀតឱកាសនេះ អរគុណប្រជាពលរដ្ឋយើងទូទាំងពិភពលោក និងនៅទីនេះ ដែលកន្លងទៅបានចេញសារគាំទ្រគម្រោងព្រែកជីកហ៊្វូណន-តេជោ ដែលជាគម្រោងសម្រាប់ជាតិខ្មែរយើងរួមគ្នា។ គម្រោងនេះមិនមែនជាគម្រោងរបស់ខ្ញុំ ឬសម្ដេចតេជោ ឬត្រកូល «ហ៊ុន» ទេ។ ខ្ញុំធ្លាប់និយាយម្ដងហើយ ត្រកូល«ហ៊ុន» គ្រាន់តែមានឱកាសមួយផ្នែកតូចចូលរួមក្នុងការគិតគូរ និងជំរុញឲ្យធ្វើ។ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើង ដែលត្រូវរួមគ្នាធ្វើឲ្យបាន។ ថ្ងៃមុន ខ្ញុំប្រកាសថា នឹងផ្ដើមធ្វើចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ឥឡូវអត់ទេ នឹងធ្វើឆាប់ៗខាងមុខនេះ។ ត្រឡប់ទៅវិញនេះ នឹងចាប់វិលកង់ គិតពីដាក់ធ្វើឲ្យឆាប់ចេញ ឲ្យឆាប់បុកគ្រឹះ ឆាប់ចាប់ផ្ដើមធ្វើ ព្រោះអត់ថយទៀតទេ។ មានការចូលរួម ឬមិនមានការចូលរួមពីវិនិយោគិនបរទេស អត់សំខាន់។ សំខាន់ខ្មែរត្រូវធ្វើគម្រោងនេះឲ្យបាន។ យើងរួមគ្នាធ្វើសម្រាប់ផលប្រយោជន៍ជាតិ អត់មានធ្វើដើម្បីគំរាមអ្នកណា ឬដើម្បីយកអ្នកណាប្រឆាំងអ្នកណាទេ។ ធ្វើឲ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិវឌ្ឍ យើងរួមគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ រួមគ្នាដើម្បីលើកកម្ពស់កម្ពុជាឲ្យកាន់តែក្លាយទៅជាប្រទេសដែលមានជីវភាពខ្ពស់។ ព្រែកជីកមួយនេះនឹងផ្ដល់នូវឯករាជ្យភាព និងថាមពលសម្រាប់កម្ពុជាអភិវឌ្ឍទៅមុខទៀត ហើយប្រជាជនខ្មែរទូទាំងប្រទេស និងទូទាំងពិភពលោកគាំទ្រហើយ ត្រូវតែធ្វើឲ្យបាន។
(៣៥) រាជរដ្ឋាភិបាលនឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព និងធ្វើការអភិវឌ្ឍប្រទេស កាត់បន្ថយភាពក្រីក្រ
ថ្ងៃនេះ សូមតែប៉ុណ្ណឹងចុះ ដូចជា ១ម៉ោងកន្លះហើយ … បន្តិចទៀតយើងត្រូវថតជុំគ្នាផង។ ថ្ងៃនេះ ខ្ញុំបញ្ជាក់ទាក់ទងតែដំណើរទស្សនកិច្ចខ្ញុំនៅកូរ៉េនេះទេ និយាយតែប៉ុណ្ណេះ ១ម៉ោងកន្លះហើយ ទម្រាំតែយើងនិយាយទូទាំងក្របខ័ណ្ឌសេដ្ឋកិច្ច គោលនយោបាយយើងទៀត ខ្ញុំថាបងប្អូនអាចមើលតាមហ្វេសប៊ុកបាន ហើយបងប្អូនអាចដឹងហើយ។ ខ្ញុំសូមតែមួយប៉ុណ្ណោះ សូមឲ្យបងប្អូនមានភាពជឿជាក់ថារាជរដ្ឋាភិបាលដឹកនាំដោយខ្ញុំ ដែលបន្តវេនពីសម្ដេចតេជោ នឹងបន្តនូវស្មារតីនៅក្នុងការប្ដេជ្ញាចិត្តថែរក្សាសុខសន្តិភាព ស្ថិរភាព និងធ្វើការអភិវឌ្ឍប្រទេស កាត់បន្ថយភាពក្រីក្រ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋយើង មិនថានៅកម្ពុជា ឬនៅក្រៅប្រទេស សុំតែប៉ុណ្ណឹងទេ។ សូមមានការជឿជាក់ចុះ។ ការងារខ្លះមានដោះលឿន ដោះយឺត តែសូមឲ្យជឿទុកចិត្ត។ ការងារខ្លះត្រូវផ្សព្វផ្សាយ ការងារខ្លះទាល់តែចប់បានផ្សព្វផ្សាយ ដូចរឿង ឡេង ចាន់ណា អីយើងធ្វើជាបន្តបន្ទាប់។ យើងមិនទុកប្រជាពលរដ្ឋចោលទេ ព្រោះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ យើងនឹងខិតខំបន្តទៀត។ នៅទីនេះ ឯកអគ្គរាជទូត មន្រ្តីទូតទាំងអស់ ត្រូវដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ជាមួយប្រទេសជាមិត្ត និងជួយដល់ប្រជាពលរដ្ឋយើងនៅទីនេះឲ្យបានអស់លទ្ធភាពដែលយើងធ្វើទៅបាន សូមបន្តប៉ុណ្ណឹង។ ខ្ញុំសូមអរគុណ និងជូនពរបងប្អូនទាំងអស់ ឲ្យបានសុខភាពល្អ ជោគជ័យ និងសុវត្ថិភាពធ្វើដំណើរទៅវិញ និងទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕