សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតសុខាភិបាលលើកទី៤៣ «សមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤»

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិឌ្ឍន៍;
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង
អង្គសន្និបាតទំាងមូលជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ » ។ អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល នាឱកាសនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និង កំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈ ការជួបជុំពិភាក្សា ពិនិត្យ និង ផ្លាស់ប្ដូរយោបល់តាមជំនាញ និង បទពិសោធន៍រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំពិនិត្យឃើញនូវសមិទ្ធផល និង វឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបាននៅក្នុងឆ្នាំ ២០២៣ រួមមាន ការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការថែទាំព្យាបាល និង អន្តរាគមន៍សុខភាពសាធារណៈ ការកែលម្អគុណភាពសេវាជាប្រចាំ ការរៀបចំ និង ការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល ការពង្រឹងកិច្ចការនិយ័័តកម្មសេវាសុខាភិបាល ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងដែលលេចឡើង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គមការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថលជាដើម ។ សមិទ្ធផល និងវឌ្ឍនភាពទាំងអស់នេះ បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជន មានភាពកាន់តែប្រសើរឡើងជាលំដាប់។

សមិទ្ធផល និង វឌ្ឍនភាពសុខាភិបាលទាំងអស់នេះ នឹងមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និង សន្តិសុខសង្គម ។ កត្តាទាំងនេះ បានជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល ។ ជាការពិត, សមិទ្ធផល និង វឌ្ឍនភាពទាំងអស់នេះ ឆ្លុះបញ្ចាំងនូវកិច្ចបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល, មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និង គ្រប់ភាគីពាក់ព័ន្ធ ចាប់តាំងពីនីតិកាលមុនៗ, ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា-ក្សត្រ ដែលតែងតែចាត់ទុកការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាពរបស់ប្រជា-ពលរដ្ឋ ជាអាទិភាពចម្បង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្ន និង ចីរភាព ។

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងសុខភិបាលដែលរួមមាន ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការដឹកនាំក្រសួងដោយសំរេចបានជាសមិទ្ធផលជាផ្លែការជាច្រើននៅក្នុងវិស័យសុខាភិបាលនាអាណត្ដិកន្លងមកនេះ។ក៏ដូចជាឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាណត្ដិថ្មីដែលបានខិតខំធ្វើកិច្ចការជាច្រើនក្នុងរយៈពេល ៦ ខែ មកនេះ ដើម្បីបន្ដការងារក្នុងការពង្រឹងវិស័យសុខាភិបាល។ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ដ្រីសុខាភិបាលរបស់យើងកគ្រប់លំដាប់ថ្នាក់ រដ្ឋបាល និង មន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិ ជាពិសេស គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព, មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និង មន្ទីរពេទ្យជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និង ភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវ និង លះបង់ខ្ពស់ ក្នុងការបម្រើផ្តល់សេវាសុខាភិបាលជូនប្រជាជន ។ ទន្ទឹមនឹងនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, អ្នកស្ម័គ្រចិត្តការងារសុខភាពតាមភូមិ-ឃុំ ដែលបាន និង កំពុងចូលរួម ក្នុងការបង្កើនសមត្ថភាពផ្តល់សេវាថែទាំសុខភាព និង ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា, ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជោគជ័យ ។

វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុនាពេលអនាគត ។ ទន្ទឹមនឹងនេះ, កម្ពុជាមានភាពចាំបាច់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៣ «សុខភាព និង សុខុមាលភាពមាំមួន» ដើម្បីធានា លំនឹងជីវភាពប្រជាជនប្រកបដោយសុខភាពល្អ និង លើកកម្ពស់សុខុមាលភាពប្រជាជនគ្រប់រូប និង គ្រប់វ័យ ដោយរាប់បញ្ចូលទាំងការគ្របដណ្តប់សុខភាពជាសកល ស្របតាមការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ ។

[ផ្ដើមសេចក្ដីអធិប្បាយ ១]

(១) ជំងឺកូវីដ១៩ ធ្វើអោយឃើញសមត្ថភាពជាក់ស្តែងនៃគ្រូពេទ្យមន្ត្រីបុគ្គលិកសុខាភិបាល

វិបត្ដិនៃជំងឺកូវីដ ១៩ បាននាំឲ្យយើងវាយតំលៃបានទិដ្ឋភាពពីរនៅក្នុងវិស័យសុខាភិបាល។ ទី១ គឺបានបង្ហាញឲ្យយើងឃើញនូវសមត្ថភាពជាក់ស្ដែងនៃពេទ្យ មន្ដ្រី បុគ្គលិកសុខាភិបាលរបស់យើងនៅទូទាំងប្រទេស។ ដំណាក់កាលនោះ​ឯកឧត្តម លោកជំទាវ នៅចាំហើយ (គឺ) ដំណាក់កាលខ្លួនទីពឹងខ្លួន។ ប្រទេសនិមួយៗត្រូវប្រមូលកំលាំងសរុប ជាពិសេសនៅក្នុងវិស័យសុខាភិបាល ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងប្រទេសរៀងខ្លួន។ មិនងាយមានប្រទេសណាបញ្ជូនពេទ្យឆ្លងព្រំដែនទៅជួយ​អ្នកផ្សេងបានទេ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ មានសមត្ថភាពឲ្យកម្ពុជាគ្រប់គ្រងបញ្ហាកូវីដ១៩ ដោយប្រសិទ្ធភាពខ្ពស់។ យើងមានអ្នកឆ្លងជាង ១៣ម៉ឺន នាក់ និងស្លាប់ជាង ៣ពាន់នាក់ ប៉ុន្ដែប្រសិនបើយើងមានសមត្ថភាពសុខាភិបាលមិនគ្រប់គ្រាន់នោះទេ ខ្ញុំគិតថា(អ្នកស្លាប់)មិនមែនមានត្រឹម ៣ពាន់នាក់ទេ។ ខ្ញុំចូលប្រឡូកផ្ទាល់ខ្លួនឯង។ ជាពិ​សេសនៅដំណាក់កាលនៃអ្នកជំងឺដែលឈឺធ្ងន់។ ពេទ្យមានសមត្ថភាពជួយសង្គ្រោះបានច្រើន។ យើងមិនអាចសង្គ្រោះបាន ១០០% ប៉ុន្ដែសមត្ថភាពនិងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្តរបស់បងប្អូន(ពេទ្យ) គឺបានបង្ហាញពីសមត្ថភាពជាក់ស្ដែងរបស់យើងមួយកំរិត។

(២) កូវីដ១៩ បង្ហាញពីសមត្ថភាពមានកម្រិតនិងការប្រឈមមួយចំនួន ពិសេសធនធានមនុស្ស

នេះជាមោទនភាពរបស់កងទ័ពអាវ​សដែលខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណ និងកោតសរសើរជាថ្មីម្ដងទៀត។ យើងមានកំលាំងសរុបទូទាំងប្រទេស(ផ្សេងទៀត) ដែលបានចូលរួមគាំទ្រ ប៉ុន្ដែអ្នកខ្សែទី ១ គឺពេទ្យតែម្ដង ដែលធ្វើការព្យាបាល ចាក់វ៉ាក់សាំង និងការដោះស្រាយបញ្ហាផ្សេងៗ។ ការវាយតម្លៃបានទី២ គឺកូវីដ១៩ បានបញ្ជាក់ឲ្យឃើញ(ពីការ)នៅកំរិត និងបញ្ហាកង្វះខាតមួយចំនួនដែលយើងបានប្រឈម ជាពិសេសពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ការពង្រាយធនធានមនុស្ស កំរិតសមត្ថភាពរបស់អង្គភាពសុខភិបាលយើង ពិសេសនៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងធនធានមនុស្ស ជំនាញ ឧបករណ៍ សំភារៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាកន្លែងផលិតអ៊ុកស៊ីសែន មធ្យោបាយ​ដឹកជញ្ជូនអ្នកជំងឺជាដើម គឺនៅមានកំរិត។ អញ្ចឹងវិបត្ដិនៃជំងឺកូវីដ ១៩ បានបង្ហាញ(អោយយើងឃើញ)ទិដ្ឋភាព២ គឺ(ក្នុងខណៈដែលយើងមាន)ចំណុចខ្លាំង ស្របជាមួយគ្នាក៏ឲ្យយើងឃើញនូវចំណុចខ្វះខាត ដែលយើងដាក់ទិសដៅពង្រឹងក្នុងអាណត្ដិទី៧ នេះ។ ឯកឧត្តម លោកជំទាវ ប្រហែលជាអាចបានដឹងខ្លះ ហើយខ្ញុំធ្លាប់និយាយតាមវេទិកាសាធារណៈជាច្រើន ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់វិធានគន្លឹះសំខាន់ៗ ក្នុងអាណត្តិទី ៧នេះ គឺពង្រឹងវិស័យសុខាភិបាលផ្អែកទៅលើមូលដ្ឋានសំខាន់ៗ មួយចំនួន ដែលបទពិសោធន៍នេះជាមូលដ្ឋានសម្រាប់យើងយកជាចំណុចគិតគូរដាក់ចេញវិធានគន្លឹះពង្រឹងវិស័យសុខាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ(រដ្ឋាភិបាល)នីតិកាលទី៧នេះ។

[បញ្ចប់សេចក្តីអធិប្បាយ ១]

រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដោយបានកំណត់បញ្ចកោណយុទ្ធសាស្ត្រទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ចប្រកប​ដោយ បរិយាប័ន្ន និង ភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និង គុណភាពខ្ពស់ គឺជាទ្រព្យសកម្មរបស់ជាតិដ៏មានតម្លៃ និង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ «ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាព​ទាំង ៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និង មាតា ។ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ។

ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៖ ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក, ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័័តកម្ម និង ការឆ្លើយតបទៅនឹងការគំរាម-កំហែងសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន, និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និង ឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។

[ផ្តើមសេចក្តីអធិប្បាយ ២]

(៣) ពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយចំណុចអវិជ្ជមាន

ដើម្បីអភិវឌ្ឍន៍សង្គមជាតិបន្តទៅមុខទៀត រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកិច្ចការ២ ក្នុងគ្រប់វិស័យទាំងអស់ ដែលទី១ គឺពង្រីកនូវសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទី២ គឺកាត់បន្ថយនូវចំណុចអវិជ្ជមាន ឬមួយចំណុចខ្វះខាតដែលយើងមាន។ សម្រាប់វិស័យសុខាភិបាល ការបង្កើនសមិទ្ធផលវិជ្ជមានគឺបង្កើនសមត្ថភាពផ្តល់សេវាសុខាភិបាលឲ្យកាន់តែមានគុណភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង។

(៤) អភិក្រមពីក្រោមទៅលើនិងពីលើមកក្រោម

នៅក្នុងកិច្ចការនេះ យើងផ្តោតលើការពង្រឹងសមត្ថភាពដែលគួរធ្វើតាមអភិក្រម២ គឺពីក្រោមឡើងលើ ឬ bottom-up approach និងពីលើចុះក្រោម ឬ top-down approach។ យ៉ាងម៉េចទៅ bottom-up approach? ចំ​ពោះ​អភិក្រមពីក្រោមឡើងលើនេះ គឺពង្រឹងសមត្ថភាពការផ្តល់សេវាកម្រិតបឋម/មូលដ្ឋាន ឬ basic healthcare ដោយពង្រឹងអង្គភាពសុខាភិបាលពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលវិធានទី១ មានទិសដៅពង្រឹងមណ្ឌលសុខភាព។ យើងអាចភ្ជាប់ជាមួយប៉ុស្តិសុខភាព ឯមណ្ឌលសុខភាពឡើងទៅ(ពេទ្យ)បង្អែក(ថ្នាក់)ស្រុក។ ទិសដៅរបស់យើងគឺពង្រឹងទាំង២ ក្នុងពេលតែមួយជាមួយគ្នា។

(៥) ពង្រឹងការផ្តល់សេវាមូលដ្ឋាន/សេវាបឋមសុខាភិបាលពីក្រោមឡើងលើ

ទី១ យើងពង្រឹងការផ្តល់សេវាមូលដ្ឋាន/សេវាបឋមសុខាភិបាលពីក្រោមឡើងលើ ដែលគណៈកម្មាការជាតិពង្រឹងវិស័យសុខាភិបាលនេះ កំ​ពុងរៀបចំផែនការដែលឆ្លើយតបទៅនឹងកិច្ចការសំខាន់មួយចំនួន គឺពង្រឹងការជ្រើសរើសគ្រូពេទ្យ និង/ឬបំ​ពេញ(ចំនួន)គ្រូពេទ្យ។ កង្វះពេទ្យគឺជាបញ្ហាមួយដែលយើងបានឃើញនិងបានដឹង។ តើត្រូវបំពេញយ៉ាងម៉េច? បំពេញឲ្យត្រូវ និងថែរក្សាឲ្យនៅ ដើម្បីយើងធានានិរន្តន៍ភាពនៃការបំពេញនិងចីរភាព …។

(៦) ពង្រឹងគុណភាពថ្នាំ និងបរិក្ខាពេទ្យ បង្កើនបរិមាណផ្តល់ជូនអ្នកជំងឺនៅតំបន់ដាច់ស្រយាល

ទី២ គឺការគិតគូរការពង្រឹងគុណភាពថ្នាំ និងបរិក្ខាពេទ្យ។ ខ្ញុំបានឲ្យគោលការណ៍ទៅឯកឧត្តម ឈាង រ៉ា ដេញថ្លៃថ្នាំនៅឆ្នាំនេះ ដែលអ្នកផ្គត់ផ្គង់ត្រូវធានាគុណភាពបរិក្ខារ គុណភាពថ្នាំ និងតម្លៃសមរម្យធានា ដើម្បីបានផ្តល់ដល់មូលដ្ឋាន ដោយគិតគូរពីថ្នាំសំខាន់ៗ ដូចជាថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណឲ្យប្រជាពលរដ្ឋ ជាពិសេនៅតំបន់ដាច់ស្រយាល កុំឲ្យគាត់ពិបាកធ្វើដំណើរឡើងចុះទៅទទួលថ្នាំ ព្រោះជំងឺនេះគឺជាជំងឺអចិន្ត្រៃយ៍។

(៧) បង្កើ​ន/ពង្រឹងប្រព័ន្ធសេវាបញ្ជូន EMS

ទី៣ បង្កើ​ន/ពង្រឹងប្រព័ន្ធសេវាបញ្ជូន EMS (Emergency Medical Services)។ ជាការយកចិត្តទុកដាក់ យើងឃើញថាសេវាទាំងអស់នេះផ្អែកទៅលើមូលដ្ឋានវិធានទាំ៥ ដែលខ្ញុំបានដាក់ចេញដោយផ្ទាល់ ថែមទៅលើ ៦ចំណុចដែលក្រុមការងារយើងបាន(រៀបចំ) ក្នុងនោះ មានវិធានសុខាភិបាលពង្រឹងមណ្ឌលសុខភាព ដោយផ្អែកទៅតាមបទពិសោធន៍មួយចំ​នួនកាលពីជំនាន់កូវីដ១៩។ ខ្ញុំមិនមែនពេទ្យទេ។ ប៉ុន្តែពេលធ្វើការជាមួយបងប្អូននៅក្នុងវិស័យសុខាភិបាល និងចុះទូទាំងប្រទេស ខ្ញុំបានឃើញថាការពង្រឹងសមត្ថភាពនៅតាមមូលដ្ឋានគឺជាកិច្ចការចាំបាច់។ អញ្ចឹងហើយយើងត្រូវគិតគូរពីបរិមាណនៃគុណភាពគ្រូពេទ្យ និងបរិមាណ/គុណភាពថ្នាំសង្កូវ និងសំភារៈបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបញ្ជូនទៅតាមលទ្ធភាព។

(៨) ការពង្រឹងពីលើចុះមកក្រោម គឺធ្វើទំនើបកម្មនិងពិពិធកម្មសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់

នេះគឺជាមូលដ្ឋាននៅក្នុងការពង្រឹង ដែលខ្ញុំនិយាយថាជាអភិក្រមពីក្រោមឡើងលើ ដោយផ្តោតទៅលើការផ្តល់សេវាបឋម ហើយនេះជាអាទិភាពចំបងនៅក្នុងអាណត្តិនេះតែម្តង ឬមានន័យថាពង្រឹងជាជាងពង្រីក។ ជាមួយគ្នានេះ យើងត្រូវដើរផ្លូវមួយទៀតផងដែរ គឺអភិក្រមពីលើចុះក្រោម ឬ top-down approach ឬបានន័យថាជាការពង្រឹងពីលើចុះមកក្រោមវិញ ពោលគឺការធ្វើទំនើបកម្មនិងពិពិធកម្មសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់ ព្រោះត្រូវការជំនាញខ្ពស់ ត្រូវការបំពាក់សំភារៈថ្លៃ និងបណ្តុះបណ្តាលពេទ្យ។ យើងមិនអាចពង្រីកតែម្តង(ទាំងអស់ទេ)។ ត្រូវពង្រឹងថ្នាក់ជាតិ បន្ទាប់មកអាចទៅថ្នាក់តំបន់ ហើយបន្ទាប់មកថ្នាក់ខេត្ត។

(៩) ពង្រឹងសេវាសុខាភិបាលពីលើមកក្រោមដោយធ្វើទំនើបកម្មនិងពិពិធកម្មដល់ថ្នាក់ដំបន់និងថ្នាក់ខេត្ត

អញ្ចឹងអភិក្រម ២នេះត្រូវដើរទន្ទឹមគ្នា។ ពង្រឹងមូលដ្ឋានត្រូវពង្រឹងពីក្រោម។ យើងមិនចាំបាច់ពង្រឹងថ្នាក់ជាតិ ដើម្បីដោះស្រាយជំងឺបឋមទេ។ (ក្រុមគ្រូពេទ្យរបស់យើង)គាត់រឹងមាំហើយ។ (យើងគប្បី)តែផ្តោតទៅលើការទំនើបកម្មនិងពិពិធកម្មសមត្ថភាព(ព្យាបាលជំងឺកម្រិតខ្ពស់)។ ឧទាហរណ៍ ឥឡូវយើងកំពុងពង្រីកសមត្ថភាពពេទ្យជាតិ។ យើងរៀបចំមណ្ឌល cancer ជាច្រើន ពេទ្យបេះដូងក៏មានច្រើន … រៀបចំពេទ្យហ្លួងម៉ែ​ … ប៉ុន្តែក្នុងដំណើរវិមជ្ឈការការទទួលខុសត្រូវដល់មូលដ្ឋាន យើងមិនចាំបាច់ធ្វើទំនើបកម្មឬពិពិធកម្មកម្រិតខ្ពស់នេះដល់មណ្ឌលសុខភាពទេ។ ថ្ងៃក្រោយ យើងអាច(រៀបចំ)ត្រឹមពេទ្យខេត្ត។ ជាជំហានដំបូងយើងអាចពង្រីក(ដល់)ថ្នាក់តំបន់ ដោយសារគុណភាពនិងតម្រូវការពេទ្យមានច្រើន ហើយជំនាញកាន់តែខ្ពស់ ត្រូវការការបណ្តុះបណ្តាល និងបំពាក់សំភារៈកាន់តែថ្លៃ។

(១០) បំពាក់សម្ភារៈ/ឧបករណ៍កាន់តែខ្ពស់ ត្រូវការពេទ្យមានកម្រិតជំនាញកាន់តែខ្ពស់

ថ្ងៃមុន សម្ពោធពេទ្យបង្អែកនៅកោះធំ មានការបំពាក់(សម្ភារៈឧបករណ៍)ជាង៤លានដុល្លារ ហើយក៏ត្រូវរកពេទ្យជំនាញដើម្បីមកប្រើប្រាស់។ ខ្ញុំបានប្រាប់ថាប្រយ័ត្នមួយឆ្នាំក្រោយមកមើល មិនទាន់បានប្រើឧបករណ៍ ព្រោះម៉ាស៊ីនស្កេន ម៉ាស៊ីន MRI ត្រូវការពេទ្យជំនាញក្នុងការប្រើ គឺត្រូវការបណ្ដុះបណ្ដាល។ ការធ្វើអភិក្រមពីក្រោមឡើងលើជាការងាយទេ ព្រោះយើងអាចពង្រីកពេទ្យ និង Recruit (បុគ្គលិក)អីបានលឿន។ យើងបំ​ពាក់សម្ភារៈ(កម្រិតណាមួយ)នៅមណ្ឌលសុខភាពបាន។ តែបើសិនជាបំពាក់(សម្ភារៈ/ឧបករណ៍កាន់តែខ្ពស់)ហើយ ត្រូវការពេទ្យជំនាញកម្រិតកាន់តែខ្ពស់ដែរ។ នៅកាល់ម៉ែត្រនិងពេទ្យរុស្ស៊ី ត្រូវធ្វើអគារច្រើនជាន់ត្រូវ​បំពាក់ ​Bunkers អីផ្សេងៗ … ហ្នឹងជា(ការពង្រឹងសមត្ថភាពតាមអភិក្រម)ធ្វើពីលើទៅក្រោម ដោយមិនចាំបាច់ដាក់ទិសដៅត្រូវតែពង្រាយសមត្ថភាពនេះទៅដល់គ្រប់ខេត្ត(ទេ)។ ជាជំហ៊ានទី១ យើងធ្វើថ្នាក់ជាតិឱ្យរឹងមាំ ហើយ(បន្ទាប់ទៅ)យើងគិតថ្នាក់តំបន់ … ក្នុងប៉ុន្មានអាណត្តិមកនេះ ហើយក៏ជាបន្តបន្ទាប់ ពិសេសអភិក្រមទី២ ឬ Top-down នេះ យើងបានពង្រឹងពេទ្យថ្នាក់ជាតិយើងបានខ្ពស់។

(១១) មន្ទីរពេទ្យធំៗ ថ្នាក់ជាតិ២ និងមន្ទីរពេទ្យថ្នាក់តំបន់១ ជាសមិទ្ធផលអភិក្រមពីលើមកក្រោម

នៅក្នុងរយៈពេលមួយឆ្នាំនេះ មានសមិទ្ធផលធំៗច្រើនណាស់ដែលទាក់ទងនឹងអភិក្រមទី២។ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ មានការដាក់សម្ពោធអគារតេជោអភិវឌ្ឍនៅពេទ្យកាល់ម៉ែត្រក្រោមអធិបតីភាពសម្ដេចតេជោ ដែលយើងក៏បានបំពាក់ឧបករណ៍ទំនើបច្រើន។ ថ្ងៃ ២៤ ខែតុលា ២០២៣ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវមន្ទីរពេទ្យតេជោសន្តិភាពថ្នាក់ជាតិ និងថ្ងៃ១៣ ខែមីនា(២០២៤) កន្លងទៅខ្ញុំបានសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ដែលបម្រើសេវាជូនប្រជាពលរដ្ឋក្នុងលក្ខណៈជាពេទ្យតំបន់។ តាមព័ត៌មានលឺថា គ្រាន់តែបើកភ្លាមប្រជាពលរដ្ឋទៅពិនិត្យ/ព្យាបាលជំងឺច្រើន។ (មានសម្លេង)ទារកយំផង​ សម្លេងអ្នកគ្រូពេទ្យផង … ដោយសារតែបានដឹងថាជាពេទ្យមួយទំនើប ប្រជាពលរដ្ឋបានអញ្ជើញមកតាំងពីខេត្តតាកែវ តាំងពី(ស្រុក)លើកដែក(នៃខេត្តកណ្តាល)។ យើងក៏បញ្ជូនពេទ្យទៅខ្លះ ប៉ុន្តែត្រូវរៀបចំបន្ថែម។ យើងមានពេទ្យ៩០នាក់ តែដល់ប្រជាជនបុកទៅខ្លាំងយើងត្រូវការបន្ថែម។ សូមអរគុណលោកគ្រូអ្នកគ្រូពេទ្យ ដែលថាយំទាំងសប្បាយ …។

(១២) រៀបចំអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប

ថ្ងៃទី១៤ ខែមីនា(២០២៤) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្ប​ទានជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់២ នៅកំពង់ចាម និងនៅសៀមរាប … បើមានតែពេទ្យជាតិ ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ ក៏ត្រូវបញ្ជូនមកភ្នំពេញ។ អាចជាការលំបាក ត្បិតទី១ អាចនឹងរកបន្ទប់សំរាកព្យាបាលមិនបាននៅភ្នំពេញ (ព្រមដោយ)ពេទ្យក៏មានការហត់នឿយ។ ទី២ អ្នកជំងឺ ពិ​សេស​ជំងឺធ្ងន់ ដែលធ្វើដំណើរឆ្ងាយអាចប្រឈមនឹងគ្រោះថ្នាក់។ អញ្ចឹងបានជា ក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងថ្នាក់កម្រិតក្រោមជាតិ។ ឥឡូវយើងចាប់ផ្ដើមពីថ្នាក់តំបន់។ ដោយសារយើងមាន ២៥រាជធានីខេត្ត បើយើងធ្វើម្ដងទាំង ២៥ខេត្ត/ក្រុង មិនកើតទេ។ បើចាំមួយខេត្តបម្រើមួយ មិនដឹងកាលណាបានដល់។ យើងចាប់ផ្ដើមពីពេទ្យតំបន់សិន។ ថ្ងៃក្រោយ នៅពេលដែលមានសមត្ថភាព ពេទ្យខេត្តក៏អាចបង្កើនសមត្ថភាពទៀត។

(១៣) ពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលពីលើទៅក្រោម បង្រួមគម្លាតរវាងខេត្តនិងរាជធានី

នៅពេលដែលយើងធ្វើវិមជ្ឈការឬថាអភិក្រមពីលើចុះក្រោម គឺពង្រឹងជាជំហានពីថ្នាក់ជាតិទៅថ្នាក់ក្រោមនូវជំនាញសំខាន់ៗ ដើម្បីនាំយកជំនាញទាំងអស់នោះទៅខេត្ត ប្រយោជន៍នឹងបិទគម្លាត​រវាងខេត្តនិងរាជធានី។ ថ្ងៃក្រោយ ជំងឺធ្ងន់ៗ ដូចជាវះកាត់បេះដូង មហារីក អាចព្យាបាលនៅខេត្តឬនៅមន្ទីរពេទ្យតំបន់ ដោយមិនចាំបាច់មកដល់ភ្នំពេញ។ ថ្ងៃក្រោយយើងនឹងលែងលំបាកអំពីគម្លាតស្ដង់ដារនេះ។ នេះជាកិច្ចការដែល ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានធ្វើជាបន្តបន្ទាប់ ហើយអាណត្តិនេះក៏នឹងបន្តធ្វើ។

(១៤) វិមជ្ឈការការព្យាបាល បន្ថយការនាំអ្នកជំងឺមកភ្នំពេញ​ ប្រជាជនកក់ក្តៅមានពេទ្យនៅក្បែរ

សមិទ្ធផលដែលខ្ញុំប្រកាសនេះ មិនមែនគ្រាន់តែថានេះទេ។ យើងបានគ្រោងថវិកា ១៤១លានដុល្លារ សំរាប់ការកសាងពេទ្យ/upgrade ពេទ្យ២នេះ នៅសៀមរាបនិងនៅកំពង់ចាមទៅជាពេទ្យតំបន់។ អញ្ចឹងក្នុងរយៈពេលប្រហែលជា ២ទៅ ៣ឆ្នាំទៀត ពេលដែលធ្វើមន្ទីរពេទ្យហើយ អាចមានវិមជ្ឈការការព្យាបាលច្រើននៅទីនោះ។ (ការនាំអ្នកជំងឺកម្រិតធ្ងន់)មកភ្នំពេញ ក៏អាចថយ។ ប្រជាពលរដ្ឋ(មានការកក់ក្តៅដែល)មានពេទ្យនៅ​ជិតខ្លួន។ ថ្ងៃក្រោយយើងអាចពង្រីក(សេវាមានសមត្ថភាពនេះទៅ)តំបន់​ផ្សេងៗទៀត ដែលយើងហ៊ានវិនិយោគដើម្បីសុខភាពប្រជាជន។

(១៥) កសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលផ្ដោតលើការកសាងសមត្ថភាពបម្រើប្រទេសជាតិ

យើងមិនអាចធ្វើម្ដងឃើញទាំងអស់នោះទេ។ យើងធ្វើជាជំហាន។ ពង្រឹងតែខាងលើ ចោលខាងក្រោមអត់កើត។ ពង្រឹងតែខាងក្រោមចោលខាងលើក៏មិនកើត។ ត្រូវផ្អែកលើបរិមាណនិងគុណភាព លើតម្រូវការហិរញ្ញវត្ថុនិងធនធានមនុស្ស និងពេលវេលា។ ការពង្រឹងវិស័យសុខាភិបាលនេះ ពីមួយអាណត្តិទៅមួយអា​ណត្តិយើងកាន់តែមានសមត្ថភាពនៅក្នុងការព្យាបាលជំងឺប្រជាពលរដ្ឋ និងវិមជ្ឈការការទទួលខុសត្រូវនិងសមត្ថភាព រហូតទៅដល់មូលដ្ឋានជាជំហានៗ … ការកសាងធនធានមនុស្សនៅតែជាគន្លឹះធំ។ ​ទៅសម្ពោធពេទ្យកោះធំ ខ្ញុំបាននិយាយថា “មនុស្សកំណត់អ្វីៗ ទាំងអស់។ មានឧបករណ៍ តែបើគ្មានមនុស្ស ក៏ប្រើមិនកើត។ ឧបករណ៍ក៏មិនអាចទំនើបជាងហ្នឹងបានដែរ បើគ្មានមនុស្សស្រាវជ្រាវ ហើយ update … នៅក្នុងវិស័យសុខាភិបាលក៏ដូចគ្នា។ គោលដៅធំរបស់យើងគឺដៅលើមនុស្ស។ បើយើងនិយាយពីការកសាងធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាល យើងត្រូវផ្ដោតទៅលើការកសាងសមត្ថភាពនិងការរៀបចំដើម្បីទាញធនធានមនុស្សទាំងនោះមកបម្រើប្រទេសជាតិ។ មិនថានៅក្នុងវិស័យសុខាភិបាលរបស់រដ្ឋ វិស័យឯកជន វិស័យសាធារណៈឬតាមបណ្ដាអង្គការ ការបណ្ដុះបណ្ដាល(ផ្នែកវេជ្ជសាស្ត្រ)នេះ ទៅណាក៏ដោយនៅតែព្យាបាលប្រ​ជា​ពលរដ្ឋដែលត្រូវការព្យាបាលនៅកម្ពុជា។

(១៦) កសាងធនធានមនុស្ស​ដើម្បីបំពេញនិងថែរក្សាបុគ្គលិកសុខាភិបាលតាមអង្គភាព

ដោយហេតុនេះ មិនថាពេទ្យអង្គការ មិនថាពេទ្យឯកជន មិនថាពេទ្យរដ្ឋទេ គឺត្រូវធានានូវសមត្ថភាព/ស្ដង់ដារឱ្យដូចគ្នា។ មិនអាចថា ស្ដង់ដារនៅពេទ្យរដ្ឋត្រូវខ្ពស់ជាស្ដង់ដារ(នៅពេទ្យឯកជន)ទេ។ ជីវិតមនុស្សត្រូវការ(រស់)ដូចគ្នា។ វះឱ្យត្រូវ អោយថ្នាំឱ្យចំ។ សមត្ថភាពនិងការទទួលខុសត្រូវដូចគ្នា ជីវិតមនុស្សមួយដូចគ្នា មិនថាគាត់សម្រាកព្យាបាលនៅពេទ្យខេត្ត ឬមួយពេទ្យរាជធានី ពេទ្យរដ្ឋឬមួយពេទ្យឯកជន ប្រព័ន្ធសុខាភិបាលត្រូវធានាផ្តល់គុណភាពសេវា។ កិច្ចការធំបំផុតមួយនៃកត្តាមនុស្សគឺធានាកសាងធនធានមនុស្សបម្រើវិស័យសុខាភិបាលនៅក្នុងស្ថាប័នរដ្ឋ ដោយគិតអំពីការបំពេញនិងថែរក្សាបុគ្គលិកសុខាភិបាលតាមអង្គភាព។ ក្នុងនោះ យើងគិតគូរអំពីការបណ្ដុះបណ្ដាល ដែលចេញពីសាលាមក មួយផ្នែកត្រូវចូលមកការងាររដ្ឋ។ មិនថាទទួលការបណ្ដុះបណ្ដាលនៅសាលាក្រហម នៅ IU ឬនៅសាលាណាក៏ដោយ ចេញមកក៏មានសមត្ថភាពប្រឡងចូលក្របខ័ណ្ឌរដ្ឋ ឬមួយក៏ recruit ចូលក្របខ័ណ្ឌរដ្ឋតាមប្រព័ន្ធជ្រើសរើសមន្ត្រី …។

(១៧) ការសិក្សាវេជ្ជសាស្ត្រគួរតែតឹង ដើម្បីគុណភាពជាសេនាទេវតា

អញ្ចឹងការបណ្តុះបណ្តាលនេះត្រូវមើលយកចិត្តទុកដាក់លើគុណភាពអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឱ្យតឹង។ ខ្ញុំសូមស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យកុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើងពេលយើងទៅធ្វើការ ដូចខ្ញុំថាពេទ្យជាសេនាឱ្យទេវតា យើងត្រូវទៅព្យាបាលមនុស្សឱ្យចំកុំឱ្យធ្វើឱ្យខុសពីបំណងរបស់យើង អញ្ចឹងសមត្ថភាពយើងមាន។ ដូចនៅក្នុងកងទ័ពអញ្ចឹង ជំនាញដោះមីនត្រូវឱ្យ​ច្បាស់។ ប្រឡងដោះមីនត្រូវឱ្យតឹង។ ថ្មើរជើងបាញ់កាំភ្លើង AK បើតម្រង់ណពោះ តែចំជើងមិនអីទេ។ បើដោះមីន តែហ៊ានខុសបន្តិចផ្ទុះស្លាប់ខ្លួនឯង ផ្ទុះស្លាប់គេផ្សេង។ ពេទ្យដូចគ្នា។ អញ្ចឹងសូមឱ្យប្រឡង។ ឥឡូវខ្ញុំឃើញអ្នកប្រឡងពូកែៗ … ថ្ងៃមុនបានពិន្ទុ ១០០% ច្រើន។ សម្តេចតេជោ Sponsored អ្នករៀនជំនាញ DEA (Le Diplôme d’Études Approfondies) មានពេទ្យជំនាញដែលប្រឡងបានលេខ១ស្ទួន ៤ ទៅ ៥នាក់ … ប៉ុន្តែសូមកុំពូកែទន្ទេញ សូមពូកែក្នុងការវិនិច្ឆ័យ … ទន្ទេញតែយល់ជាមូលដ្ឋាន ព្រោះពេទ្យ(ពិនិត្យ)ស្ថានភាពជំងឺមិនដូចជាកុំព្យូទ័រទេ។ អ្នកជំងឺដូចគ្នា ប៉ុន្តែអាការៈអាចខុសគ្នា អាចវាយតម្លៃខុស …។

(១៨) លើកទឹកចិត្តឱ្យសាលាវិនិយោគនិងរក្សាស្តង់ដារ ត្បិតវានឹងជះឥទ្ធិពលដល់គុណភាពពេទ្យ

សាលានីមួយៗ ត្រូវធ្វើការបណ្តុះបណ្តាលដោយមានស្តង់ដារច្បាស់​លាស់ … ហេតុអីរៀនពេទ្យអស់ប្រាក់ច្រើន? ព្រោះត្រូវចំណាយទៅលើបន្ទប់ពិសោធន៍ ឧបករណ៍ ព្រោះបើរៀនពេទ្យ … ត្រូវចេះវះដោយផ្ទាល់តែម្តងទើបជាប់។ បើរៀនទ្រឹស្តី ឬមួយរៀនវះកាត់តាមកុំព្យូទ័រ ដល់ទៅដល់វះមែនទែនគ្រាន់តែឃើញឈាមសន្លប់ … ត្រូវមានឧបករណ៍ស្តង់ដារដើម្បីជួយ។ ខ្ញុំសូមលើកទឹកចិត្តឱ្យសាលាធ្វើការវិនិយោគនិងរក្សាស្តង់ដារ ព្រោះវាជះឥទ្ធិពលដល់គុណភាពពេទ្យរបស់យើង។ ករណីយើងព្យាបាលរាប់លាននាក់ជា មិនសូវមានអ្នកមើលឃើញទេ។ តែបើមាន(បញ្ហា) ១ ឬ២ ករណីគឺផ្អើលពេញពិភពហ្វេសប៊ុក។ ល្ងាចម៉ិញ លើ TikTok … អ្នកមើលឃើញតែអ្នកគ្រូពេទ្យមាត់អាក្រក់ដាក់អ្នកជំងឺ។ ចុះអ្នកគ្រូពេទ្យរាប់ម៉ឺននាក់ ដែលព្យាបាល ខំប្រឹងជួយយកចិត្តទុកដាក់ Care សម្រាប់អ្នកជំងឺមួយគគោកមិនមើលផង … បានន័យថាការប្រតិ​បត្តិ​របស់ពេទ្យនី​មួយៗ ស្តង់ដារពេទ្យមួយៗ មិនថាចេញពីសាលា IU មិនថាចេញពីសាលាក្រហមទេ តែយើងមិនច្បាស់អាចជះឥទ្ធិពលទៅដល់ការទុកចិត្តទៅលើអ្នកជំងឺផ្សេងទៀត និងដល់ពេទ្យទាំងមូល។

(១៩) ត្រូវកំណត់និងរក្សានិយាមថ្នាក់ជាតិក្នុងប្រតិបត្តិការវេជ្ជសាស្ត្រ

ឥឡូវគេចូលចិត្តតែនិយាយសរុបចូលគ្នា ដូចជាថា “ពេទ្យស្រុកខ្មែរ(មិនល្អ)”។ មិនអញ្ចឹងទេ នៅកន្លែងណាក៏គ្មានអ្នកឥតខ្ចោះនោះទេ។ នៅប្រទេសណាក៏អត់មានល្អឥតខ្ចោះនោះដែរទេ។ ការវាយតម្លៃជំងឺមិនមែនជាវិទ្យាសាស្ត្រ(ពិត ដែលថា)មួយបូកមួយចេញពីរនោះទេ។ កន្លែងខ្លះវាថ្មី អញ្ចឹងត្រូវតែពង្រឹងស្តង់ដារ ហើយក្រសួងសុខាភិបាលត្រូវកំណត់និយាមឱ្យច្បាស់។ ក្រសួង២ ដែលត្រូវកំណត់និយាមគឺក្រសួងអប់រំ និងក្រសួងសុខាភិបាល។ ត្រូវតែបន្ត(រក្សា)និយាមថ្នាក់ជាតិ ទោះបីយើងធ្វើវិមជ្ឈការការដឹកនាំការគ្រប់គ្រងទៅដល់ខេត្តក៏ដោយ ប៉ុន្តែការនិយាម/ស្តង់ដារក្នុងការប្រតិបត្តិ (រាប់ទាំងការចេញវេជ្ជបញ្ជា)ថ្នាំអីៗ ត្រូវចេញពីថ្នាក់កណ្តាល។ អត់អាចថាថ្នាំនៅខេត្តកំពង់ចាមល្អជាងថ្នាំនៅខេត្តក្រចេះទេ។ នៅតាមមណ្ឌលសុខភាព ត្រូវមានស្តង់ដារមួយថ្នាក់ជាតិ។ ដែលថាពេទ្យមួយៗ មានលទ្ធភាពទិញថ្នាំបន្ថែម ហ្នឹងជារឿងមួយ ប៉ុន្តែស្តង់ដារថ្នាំគឺប្រើដូចគ្នា។ ថ្នាំគ្រុនចាញ់គួរតែដូចគ្នា។ និយាមនៃការប្រតិបត្តិក្នុងការធ្វើតេស្តអីក្តី …។

(២០) សម្រេចជូនក្រសួងសុខាភិបាលនូវសិទ្ធនិងការទទួលខុសត្រូវស្តីពីការសិក្សាវិស័យសុខាភិបាល

កន្លងទៅមានការជជែក ហើយមានការលើកពីសាកលវិទ្យាល័យមួយចំនួន និងការបណ្តុះបណ្តាលវិស័យសុខាភិបាលថា ហាក់បីដូចជា(មានភាព)ជាន់គ្នាបន្តិចរវាងក្រសួងអប់រំនិងសុខាភិបាល ស្តីពីការចេញគោលការណ៍អនុញ្ញាតឱ្យបើកឬបិទសាលា(ដែលមានកម្មវិធីសិក្សាវេជ្ជសាស្ត្រ) គោលការណ៍មួយចំនួន ការរៀបចំកម្មវិធី ការគ្រប់គ្រងការប្រឡង ការបញ្ជាក់ភាពត្រឹមត្រូវនិងសមមូលវិញ្ញាបនបត្រ រហូតកាលពីចុងឆ្នាំកន្លងទៅ ខ្ញុំបានចេញសេចក្តីសម្រេចមួយ … ដើម្បីកុំអោយនៅមិនដាច់ស្រេច អំពីការដែលរវល់តែចាំក្រុមសុខាភិបាល និងអប់រំចុះទៅជាមួយគ្នា ធ្វើឱ្យត្រូវការពេលយូរទម្រាំតែបានចេញគោលការណ៍អ្វីមួយ ខ្ញុំក៏បានឱ្យ(រដ្ឋមន្ត្រីអប់រំ) ឯកឧត្តម ហង់ ជួនណារ៉ុន និង (រដ្ឋមន្ត្រីសុខាភិបាល) ឯកឧត្តម ឈាង រ៉ា ជជែកគ្នាថា តើគួរធ្វើម៉េចឱ្យងាយស្រួលជាង តែកុំឱ្យបាត់បង់នូវភាពទទួលខុសត្រូវ។ បន្ទាប់ពីបានការឯកភាពគ្នាហើយ ខ្ញុំក៏សម្រេចប្រ​គល់សិទ្ធិទៅឱ្យក្រសួងសុខាភិបាលដាច់លើកិច្ចការបើកបិទគ្រឹះស្ថានសិក្សាវិស័យសុខាភិបាល អនុម័តលើកម្មវិធីសិក្សាវិស័យសុខាភិបាលថ្នាក់ជាតិ ការគ្រប់គ្រងការប្រឡងចូលប្រឡងចេញថ្នាក់ជាតិក្នុងវិស័យសុខាភិបាល ការចុះហត្ថលេខាលើសញ្ញាបត្រវិស័យសុខាភិបាល ការបញ្ជាក់ភាពត្រឹមត្រូវនិងសមមូលវិញ្ញា​បនបត្រ/សញ្ញាបត្រវិស័យសុខាភិបាល។​ ប្រគល់ឱ្យដាច់ទៅក្រសួងទទួលខុសត្រូវតែម្តង …។

(២១) សម្រួលកុំឱ្យជាន់គ្នា កាន់តែមានប្រសិទ្ធភាព ធានាគុណភាពបណ្តុះបណ្តាលនិងវាយតម្លៃការសិក្សា

ឥឡូវ(អនុវត្ត)ដូចបានអនុវត្តហើយ។ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏លោកថាបើក្រសួងសុខាភិបាលយកទៅក៏មិនប៉ះពាល់ដល់វិស័យអប់រំ ព្រោះខាងសុខាភិបាលក៏មាននិយាមអាចកំណត់បានរួចហើយដែរ។ យើងកែសម្រួលកុំឱ្យពិបាក ផ្អែកតាមការពង្រឹងកំណែទម្រង់រដ្ឋបាលសាធារណៈដែលរាជរដ្ឋាភិបាលថ្មីបានដាក់ចេញ មួយផ្នែកពិនិត្យមើលទៅលើយន្តការដែលមានស្រាប់ កែសម្រួលកុំឱ្យជាន់គ្នា តែមិនឱ្យបាត់នូវគុណភាពទេ តែផ្ទុយទៅវិញត្រូវឱ្យកាន់តែមានប្រសិទ្ធភាពនិងធានាគុណភាពការបណ្តុះបណ្តាល និងការវាយតម្លៃការសិក្សា។ ត្រូវទទួលខុសត្រូវ មិនអាចជិះសេះលែងដៃទេ … ថ្ងៃមុខ មិនអាចចង្អុល(ការទទួលខុសត្រូវ)ទៅក្រសួងអប់រំបានទៀតទេ ព្រោះគេឱ្យសិទ្ធិហើយ។ នេះនឹងផ្តល់ភាពងាយស្រួលជួយជំរុញនិងសម្របសម្រួលនៅក្នុងការអប់រំ(ជំនាញវេជ្ជសាស្ត្រ)។

(២២) កុំឱ្យលក្ខខណ្ឌអាយុ​ធ្វើឲ្យបាត់បង់ធនធានមនុស្សមានការបណ្ដុះបណ្ដាលមិនបានបំរើការក្នុងពេទ្យរដ្ឋ

មួយទៀតគឺការបណ្តុះបណ្តាលមនុស្សដោយមានគុណភាព។ យើងត្រូវរើស(អ្នកមានជំនាញនិងគុណភាពពិតប្រាកដ)ចូលមកក្នុងពេទ្យ។ បញ្ហាប្រឈមរបស់យើងគឺកង្វះធនធានមនុស្ស តាំងពីមូលដ្ឋានរហូតទៅដល់លើ។ យើងមិនអាចបំពាក់(សេចក្តីត្រូវការ)ម្តងទាំងអស់បានទេ តែយើងបំពាក់ជាជំហានៗ។ សួរថាបំពាក់ស្អីមុន កន្លែងណាមុន កន្លែងណាក្រោយ។ មិនមែនត្រឹមតែបំពេញ(សេចក្តីត្រូវការធនធានមនុស្សមានគុណភាព)ទេ តែត្រូវធានាថាថែរក្សា(ធនធាន)នៅទីនោះដើម្បីចៀសវាងការដែលគរនៅកន្លែងមួយខ្វះនៅកន្លែងមួយ ហើយខ្វះជាអចិន្ត្រៃយ៍។ ពាក្យថាខ្វះជាអចិន្ត្រៃយ៍បានន័យថាហើរដូចសាំង(ឬរក្សាធនធានមនុស្សមិនបាន ចាំបាច់ត្រូវតែបន្ត)បំពេញ​។ អញ្ចឹងត្រូវរករូបមន្ត ដែលការជ្រើសរើសចូលក្របខណ្ឌនេះ កុំឱ្យវាខ្ទាស់ ដែលពេលខ្លះនាំរហូតទៅដល់បាត់ធនធានមនុស្ស។កន្លងទៅធ្លាប់មានបញ្ហា តែក្រោយមករាជរដ្ឋាភិបាល សម្តេចតេជោ បានសម្រេចដោះស្រាយ។ កាល សម្តេច សុខ អាន លោកនៅ(រស់) ខ្ញុំបានជួយសុំដោះស្រាយករណី DESS (Le Diplôme d’Études Supérieures Spécialisées) ដែលថានៅពេលរៀនបានសញ្ញាបត្រក៏មានអាយុច្រើន លើសពីការកំណត់សំរាប់ចូលក្របខណ្ឌ។ អញ្ចឹងទាល់តែសុំពិសេស។ ឥឡូវយើងបានលុបហើយ។ ជួនកាលលក្ខខណ្ឌបន្តិចបន្តួចបែបនេះ ជាការមិនចាំបាច់ ព្រោះជំនាញខុសៗគ្នា ការបណ្ដុះបណ្ដាលខុសគ្នា និងមានលក្ខណៈពិសេសដោយឡែក។ បើមិនធ្វើដូច្នឹងទេ ធនធានដែលខំបណ្ដុះបណ្ដាលមិនបានចូលមកបំរើការងារក្នុងពេទ្យរដ្ឋ ធ្វើអោយយើងមានមិនគ្រប់ បាត់បង់ធនធាន។ ដោយសារតែលក្ខខណ្ឌអាយុ​មួយបន្ទាត់ធ្វើឲ្យយើងបាត់បង់ធនធានមនុស្សគគោក។ ចាំបាច់យើងត្រូវកែប្រែនិងបត់បែន …។

(២៣) បើកឱ្យមានក្របខណ្ឌមន្ត្រីកិច្ចសន្យាដើម្បីបំពេញតម្រូវការធនធានមនុស្ស

យើងត្រូវធ្វើការប្រឡងជ្រើសរើស ការរៀបចំនិយាម ការពង្រាយគ្រូពេទ្យ/ពេទ្យ។ យើងត្រូវគិតច្រកមួយទៀតគឺភាពបត់បែននៃការបញ្ចូល(ក្នុងការងារ)។ មិនមែនតែវិស័យសុខាភិបាលទេ។ ថ្ងៃក្រោយគឺមានលទ្ធភាពបត់បែនអាចចេញចូលរវាងរដ្ឋនិងវិស័យឯកជន ឬមួយកន្លែងផ្សេងទៀត។ Lifetime Employment ឬមន្រ្តីក្របខ័ណ្ឌមួយជីវិត នេះមិនចាំបាច់សំរាប់ទាំងអស់គ្នាទេ។ យើងត្រូវបើកភាពបត់បែនមួយដើម្បីទាញយកការបំពេញបន្ថែម(ធនធានមនុស្ស)។ ឧទាហរណ៍ ពេទ្យកោះធំថ្ងៃមុនកំពុងខ្វះពេទ្យជំនាញខាង MRI។ មានពេទ្យជំនាញខាង MRI ប៉ុន្តែពីមុនគាត់មិនដែលមានក្របខ័ណ្ឌនិងធ្លាប់តែធ្វើនៅពេទ្យឯកជន។ ឥឡូវគាត់ចង់មកចូលធ្វើការនៅហ្នឹង ព្រោះជិតផ្ទះតែចូលមិនកើត។ កំពុងសិក្សាបើកក្របខ័ណ្ឌមន្រ្តីកិច្ចសន្យាបច្ចេក​ទេស ដែលយើងគិតអត្រាបៀវត្ស អត្ថប្រយោជន៍ផ្សេងៗ ឲ្យគាត់។ ទោះបីថាគាត់ដល់អាយុចូលនិវត្តន៍ តែមានជំនាញ (យើងបើកច្រកនេះ វាប្រសើ)ជាងចាំសុំគោលការណ៍ពន្យារឲ្យគាត់មួយឆ្នាំម្ដងៗ។ យើងឲ្យគាត់នៅក្នុងក្របខ័ណ្ឌជាកុងត្រាបច្ចេកទេសបែបនេះ ដើម្បីធានាភាពបត់បែននិងភាពជាប្រចាំ។ បែបនេះ គាត់អាចផ្លាស់ប្ដូរទៅកន្លែងណាក៏បាន។ ចប់អាណត្តិចង់ដូរទៅក​ន្លែងផ្សេង គាត់ឈប់យកកុងត្រានេះ។ សល់ប្រ​អប់កុងត្រាហ្នឹង ជួលអ្នកផ្សេងមកទៀត។

(២៤) គិតគូរពីអតីតភាពការងារនិងប្រាក់ចូលនិវត្តន៍នៃក្របខណ្ឌមន្ត្រីកិច្ចសន្យា

(ធ្វើបានដូចនេះ វានឹង)ចំណេញដល់អង្គភាពសុខាភិបាល ជាពិសេសនៅមូលដ្ឋាន ដែលកាលពីគ្រាជំងឺកូវីដ-១៩ ខ្ញុំបានឃើញថាយើងខ្វះពេទ្យនៅតាមមូលដ្ឋាន កម្លាំងយើងមិនគ្រប់។ យើងបានយកអ្នកស្ម័គ្រចិត្តដែលមានជំនាញសុខាភិបាលមកធ្វើការងារបឋមបាន ដែលគាត់មិនមានច្រកចូលតែគាត់នៅមូលដ្ឋាននោះ។ នៅក្នុងមណ្ឌលសុខភាព មិនចាំបាច់ត្រូវមានកម្រិតស្មើគ្នាជាវេជ្ជបណ្ឌិតទាំងអស់នោះទេ។ យើងត្រូវគិតពីអតីតភាពបូកតគ្នា ដែលកន្លងទៅបារម្ភថាបាត់អតីតភាព ត្បិតចេញពីរដ្ឋមិនគ្រប់ ២០ឆ្នាំ មិនបានប្រាក់ចូលនិវត្តន៍។ ​​បានឲ្យសិក្សាពី Mobility នៃ Tenure ហ្នឹង គឺបូកអតីតភាពការងារ។ គាត់ធ្វើការងាររដ្ឋ ១០ឆ្នាំ និងទៅធ្វើការឯកជន ត្រូវបូកបន្តយ៉ាងម៉េច ហើយប្រាក់ចូលនិវត្តន៍រូបមន្តយ៉ាងម៉េច ទុកឲ្យបច្ចេកទេសគេធ្វើ។ អញ្ចឹងគាត់ដូរផ្លាស់ពីរដ្ឋទៅឯកជន ថ្ងៃក្រោយដល់ ៣០ឆ្នាំ គាត់អាចទាំងឯកជនខ្លះទាំងរដ្ឋខ្លះ ឬមួយអង្គការខ្លះ។ នៅប្រការថាតើបូកប្រាក់ចូលនិវត្តន៍តាមរូបមន្តបែបណា ព្រោះហ្នឹងត្រូវទៅជាកញ្ចប់។ យើងមិនអាចឲ្យតែសិទ្ធិក្នុងការផ្ទេរ តែមិនគិតពីអតីតភាព សុខភាព ទាំង ប.ស.ស ទេ។ បូកជាមួយគ្នានឹងអតីតភាពនេះឯង។

(២៥) ច្រកមន្ត្រីកិច្ចសន្យាអាចទាញមន្ត្រីសុខាភិបាលទាំងថ្មីទាំងមានស្រាប់ចូលប្រអប់ការងារបាន

ហេតុអីបានជាខ្ញុំនិយាយរឿងហ្នឹង? វាសំខាន់សម្រាប់ការរើសបុគ្គលិក (recruiting) ព្រោះ recruit ហើយ ត្រូវថែរក្សាឱ្យនៅហ្នឹងកន្លែង ហើយបើកច្រកឲ្យអ្នកដែលចង់នៅ(អាច)នៅ(បាន) ហើយមានភាពបត់បែន។ ទៅអូស្រ្តាលីថ្ងៃមុន (ក៏ឃើញនិន្នាការ)ដូចគ្នាដែរ។ មន្រ្តីមួយជីវិត ឬហៅថាមន្រ្តីអចិន្ត្រៃយ៍ មានប្រហែលតែជា ៥០% ទេ ក្រៅពីនោះសុទ្ធតែឃា contract based។ បើយើងចង់បានអ្នកជំនាញ (ឧទាហរណ៍ដូច)ក្រសួងមួយដែលខ្វះមន្រ្តីច្បាប់ ​(បើ)សុំ(អោយចូល)មក មិនតូចជាងអនុរដ្ឋលេខាធិការទេ ដើម្បីចូលប្រអប់អាចធ្វើការបាន។ បើយក ៣នាក់មក ក្រុមអ្នកច្បាប់សម្រាប់ក្រសួងមួយហ្នឹងគឺយកមិនបាន ទាល់តែដាក់ក្រុមរដ្ឋលេ​​ខាធិការ ក្រុមអនុរដ្ឋលេខាធិការទទួលច្បាប់ទៅធ្វើការ។ ពេលដែលយើងបើកប្រអប់បែបនេះ យើងអាច recruit គាត់ចូលមកក្នុងនាយកដ្ឋាននីតិកម្មរបស់ក្រសួងដែលខ្វះ ជាមន្រ្តីកម្រិតណាមួយ ហើយយើងចងប្រអប់។ សុខាភិបាលដូចគ្នាទេ។ អំពីធនធានមនុស្សនេះ ទី១ គឺការបណ្ដុះបណ្ដាល ទី២ Recruitment ការរើសមន្រ្តីចូល ទាំងមន្រ្តីសុខាភិបាលថ្មី និងមន្រ្តីដែលមានស្រាប់ អាចទាញពីប្រភពខាងក្រៅដើម្បីចូលស៊ប់តែម្ដង។

(២៦) ការធានាគុណភាពមន្រ្តីសុខាភិបាល គឺធានាគុណភាពវិស័យសុខាភិបាល

ខ្ញុំនិយាយការងារនេះ ៦ខែហើយ​ដើម្បីឲ្យបានដឹង និងត្រៀមលក្ខណៈទាំងអស់គ្នា។ យើងមិនអាចនិយាយថ្ងៃនេះ ដាក់ស្អែកចេញទេ ហើយក៏ថាតែមិនធ្វើនោះដែរ។ ប៉ុន្មានខែនេះ ក្រសួងមុខងារសាធារណៈកំពុងប្រជុំ ជជែកជាមួយគ្រប់ក្រ​សួង-ស្ថាប័នជំនាញ ជាមួយហិរញ្ញវត្ថុ រកវិធីដោះស្រាយ។ យើងគិតមិនមែនតែមួយជ្រុង ត្រូវគិតគ្រប់វិស័យ ទាំងមន្រ្តីរាជការស៊ីវិល ទាំងយោធា ទាំងកម្លាំងប្រដាប់អាវុធ ដើម្បីឱ្យមាននិរន្តរភាព សង្គតិភាព​​ និងប្រសិទ្ធភាព … ដែលការធានាគុណភាពនៃមន្រ្តីសុខាភិបាល គឺធានាគុណភាពនៃវិស័យសុខាភិបាល។ យើងនិយាយពីរឿងសម្ភារៈ គ្រឿងបំពាក់ ឧបករណ៍ ជាកត្តាសំខាន់ តែបើគ្មានមនុស្សទេ យើងទៅមិនរួចទេ។ មនុស្សនេះហើយជាកត្តា(កំណត់សំរេច) ដែលក្នុងអាណត្តិនេះ យើងរៀបចំរូបមន្តប្រកបដោយភាពបត់បែន និងធានាប្រសិទ្ធភាពគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលយើងផង។ រឿងពង្រាយស្រួលទេ។ ឯកឧត្តម ឈាង រ៉ា គុណប៉ុន្មានមណ្ឌលសុខភាព ថាខ្វះ ៩០០នាក់។ ថាជំនាញអីខ្លះ? ប៉ុន្តែខ្ញុំសួរវិញថា ពង្រាយបានប៉ុន្មានឆ្នាំ? ត្រូវធានាឲ្យខ្ញុំ។ ត្រូវបើកច្រកភាពបត់បែនកម្រិតណាមួយ ត្រូវធានានិរន្តរភាព​និងការបំពាក់។

(២៧) បណ្តុះបណ្តាលនិងរើសធនធានមនុស្សចំគោលដៅនិងធានានិរន្តរភាពបំរើវិស័យសុខាភិបាល

មិនមែនតែវិស័យសុខាភិបាលមួយទេ គឺគ្រប់ទាំងអស់ គ្រាន់តែថាវិស័យសុខាភិបាល និងអប់រំ (មានវិសាលភាព)ធំជាងគេ។ ត្រូវពង្រឹង និងបន្តយកចិត្តទុកដាក់ធានាគុណភាពអប់រំក្នុងការបណ្ដុះបណ្ដាលមនុស្ស។ សូមអរគុណចំពោះសាលាពេទ្យគ្រប់ជំនាញពេទ្យទាំងអស់ ទាំងរដ្ឋទាំងឯកជន ដែលបានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ សូមបន្តយកចិត្តទុកដាក់ធានានូវស្តង់ដារកម្រិតនេះ ព្រោះយើងបណ្ដុះបណ្ដាលអ្នកព្យាបាលមនុស្សឈឺឲ្យជា អ្នកប្រឈមនឹងការស្លាប់ឲ្យរស់។ កាតព្វកិច្ចយើងធំ។ អ្វីដែលត្រូវរួមគ្នាធ្វើបន្តទៀត គឺការធានាបំពេញ(ធនធាននិងសេវា)បន្ថែម។ បានឃើញរបាយការណ៍ពាក់ព័ន្ធនឹងការពិភាក្សាគ្នាប៉ុន្មានថ្ងៃនេះ ដែលរឿងធនធានមនុស្សជារឿងធំ មិនមែនតែក្នុងវិស័យសុខាភិបាលទេ តែនៅច្រើនវិស័យផងដែរ។ អ្វីដែលសំខាន់គឺថាតើយើងរើសបែបណា ធានាបែបណា ឲ្យចំគោលដៅ ធានានិរន្តរភាព បំពេញកង្វះខាតឲ្យ​បានត្រូវ ហើយឲ្យមាននិរន្តរភាពក្នុងការបំពេញ(ធនធានមនុស្ស រាប់)ទាំងការរៀបចំ incentive ផ្សេងៗ។ ការរៀបចំប្រព័ន្ធក្របខ័ណ្ឌថ្មីនេះទាក់ទងនឹងការលើកទឹកចិត្ត/incentive នេះឯង ត្រូវបត់បែនជាមួយគ្នា។

(២៨) ពង្រឹងការទទួលខុសត្រូវគ្រប់អង្គភាពសុខាភិបាលរដ្ឋនិងឯកជន ពិសេសនិយ័តកម្មសេវាសុខាភិបាល

ខ្ញុំលើកចំណុចប៉ុន្មានខាងលើស្តីពីការពង្រឹងនិងការបង្កើននូវសមិទ្ធផលបន្ថែមនៃការងាររដ្ឋាភិបាលនីមួយៗ មួយអាណត្តិៗ ដែលវិស័យសុខាភិបាលក៏ត្រូវបង្កើននូវអ្វីដែលវិជ្ជមាននិងកាត់បន្ថយនូវអ្វីដែលអវិជ្ជមាន។ ខ្ញុំបាននិយាយអំពីទិសដៅ ផែនការ និងការអនុវត្តចំណុចវិជ្ជមាន។ ឥឡូវ (ខ្ញុំលើកពី)កិច្ចការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ដើម្បីកាត់បន្ថយនូវចំណុចខ្វះខាតរបស់យើង … ចូលរួមពង្រឹងការទទួលខុសត្រូវរបស់គ្រប់អង្គភាពសុខាភិបាលទាំងរដ្ឋ និងឯកជន ជាពិសេសក្នុងកិច្ចការនិយ័តកម្មសេវាសុខាភិបាល ក្រសួងសុខាភិបាលបានពង្រឹងស្តង់ដារនិងលក្ខខណ្ឌប្រតិបត្តិ ក៏ដូចជាពិនិត្យអនុលោមភាពតាមបណ្តាមន្ទីរពេទ្យ ឱសថស្ថាន និងឱសថស្ថានរង តាមបណ្តារាជធានីខេត្តមួយចំនួន រួមទាំងបានដាក់ចេញនូវវិធានការនានា រហូតដល់មានការបិទ ឬដកហូតអាជ្ញាប័ណ្ណនៅអង្គភាពមួយចំនួន។ ការត្រួតពិនិត្យគុណភាពថ្នាំ គុណភាពផលិតផលជាកិច្ចការសំខាន់ ត្រូវខិតខំអនុវត្តដោយបត់បែន ទន់ភ្លន់ តែម៉ឺងម៉ាត់។ យើងមិនប៉ះដៃកាត់ដៃប៉ះជើងកាត់ជើងទេ។ ធ្វើការពន្យល់ អប់រំដើម្បីជួយ។ បើថាជួយហើយពន្យល់ហើយនៅតែទៅមិនរួច ហ្នឹងយើងអត់មានអីក្រៅតែពីបិទទេ។

(២៩) កុំធ្វើដាក់អ្នកដទៃនូវអ្វីដែលមិនគួរធ្វើដាក់ខ្លួនឯង កុំឲ្យអ្វីដែលយើងមិនគួរហូបខ្លួនឯងទៅអ្នកដ៏ទៃហូប

កន្លងទៅ ធ្លាប់មានករណីមួយមកដល់ខ្ញុំ។ មានក្រុមហ៊ុនមួយនោះលក់ផលិតផលមួយដែលក្នុងហ្នឹងមានជាតិដែលធ្វើឲ្យ(ប្រឈមនឹងមានជំងឺ) cancer។ ក្រសួងសុខាភិបាលបានហៅម្ចាស់ក្រុមហ៊ុនទៅធ្វើកិច្ចសន្យា។ ធ្វើកិច្ចសន្យាបានបន្តិច គាត់លក់ទៀត ហើយចេញពាក្យថាប្តឹងអ្នកណាប្តឹងទៅ។ អញ្ចឹងប្តឹងនាយករដ្ឋមន្រ្តីថ្មីៗ កាត់បណ្តោយទៅ។ ជីវិតរបស់ប្រជាជន សុខភាពរបស់ប្រជាជនធំណាស់។ ខ្ញុំសង្ឃឹមថាបងប្អូនដែលលក់ផលិតផល … ត្រូវគិតមុននឹងលក់ឲ្យកូន ឪពុក ម្តាយ(របស់អ្នកដែលទិញ)ផង​។ មានម្តង ខ្ញុំចូលហូប(អាហារនៅ)កន្លែងមួយ … កម្មង់គុយទាវប្រហិតសាច់គោ។ ប្អូនស្រីរត់តុហ្នឹងប្រាប់ខ្ញុំថា បងកុំហូបសាច់គោហ្នឹងធ្វើអត់ល្អទេ។​ ខ្ញុំថាប្រាប់ខ្ញុំអញ្ចឹងលក់ម៉េចដាច់។ ខ្ញុំជា fan បងឯង អញ្ចឹងខ្ញុំប្រាប់បងឯង … សូមកុំធ្វើដាក់អ្នកដទៃនូវអ្វីដែលយើងមិនចង់ខ្លួនឯង។ កុំឲ្យអ្វីទៅអ្នកដទៃហូបនូវអ្វីដែលយើងមិនគួរហូបខ្លួនឯង។ ខ្ញុំគិតថាប្រើពាក្យសាមញ្ញអញ្ចឹង ការលក់ប្រកួតប្រជែងត្រូវហើយ ប៉ុន្តែត្រូវមានបទដ្ឋានកម្រិតណាមួយ។ ក្រសួងសុខាភិបាលមិនមានគោលការណ៍ធ្វើបាបបងប្អូនទេ។

(៣០) រដ្ឋាភិបាលធានាសុខភាព អាយុជីវិត និងដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ

ដោយសារតម្លៃផលិតផលអីផ្សេងៗ ពិតណាស់​មានការប្រកួតប្រជែង។ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវមានកាតព្វ​កិច្ច​ធានាសុខភាព អាយុ ជីវិត សុខភាពប្រជាពលរដ្ឋបូកជាមួយនឹងដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ដូចប៉ុន្មានថ្ងៃមុន ខ្ញុំដាក់គោលការណ៍រួមស្តីពីការបើកបរស្រវឹងបុកគ្នាស្លាប់។ យើងត្រូវការឲ្យអ្នកបើកបរអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែយើងរៀបចំកម្រិតណាមួយដើម្បីធានាទាំង២ ដែលហាងក៏លក់ដូរបានផង និងមានការគោរពច្បាប់ផង។ រកវិធីទាំងពីរ។ ពេលខ្លះ (ការស្វែងរក)តុល្យភាព(ជាការ)លំបាក។ (សំរាប់)រាជរដ្ឋាភិបាលបាតដៃក៏សាច់ខ្នងដៃក៏សាច់។ អ្នកលក់ក៏ជាប្រជាពលរដ្ឋដែលយើងត្រូវទទួលខុសត្រូវ អ្នកទិញក៏យើងទទួលខុសត្រូវ។ រដ្ឋាភិបាលត្រូវធ្វើកម្រិតណាមួយ ដើម្បីឲ្យរស់ទាំងអស់គ្នា។ រដ្ឋមិនចង់ធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនទាំងអ្នកលក់ផលិតផលសុខាភិបាល/ថ្នាំផ្សេងៗហ្នឹងទេ។ តាមពិតបងប្អូនដែលយកផលិតផលមកលក់ ជាការត្រឹមត្រូវគឺយើងជួយវិញទេ។ ដូចជាគាត់ទៅស្រាវជ្រាវផលិតផលល្អៗ ពីកូរ៉េ មកឲ្យប្រ​ជាពលរដ្ឋជាជាងចាំតែពីក្រសួង។ បើផលិតផលហ្នឹងធ្វើបានល្អមានការទទួលខុសត្រូវ គាត់ជួយប្រកួតប្រជែង​ឲ្យ ប៉ុន្តែបើសិនគាត់មិនមានស្តង់ដារ/និយាមកម្រិតណាមួយ យកផលិតផលមិនល្អមានការប៉ះពាល់ សុខភាពមក រដ្ឋត្រូវលូកដៃចូលហើយ។ មិនអាចឲ្យហួសបន្ទាត់ក្រហមទេ។ យើងឱ្យមានការលក់តាមអនឡាញ។ មិនមានអ្នកណាដាក់បទបញ្ជា(ហាមឃាត់ឬ)បិទអីទេ លើកលែងតែវិធានការកន្លងទៅដែលក្រសួងបានដាក់ ដោយសារអង្គភាពសុខាភិបាលខ្លះមិនបានអនុវត្តតាមគោលការណ៍ ហើយអាចមានហានិភ័យ។

(៣១) រដ្ឋត្រូវធានាថាផលិតផលសុខាភិបាលមានការត្រួតពិនិត្យត្រឹមត្រូវ

ខ្ញុំសូមឲ្យយកកិច្ចការកាត់បន្ថយភាពអវិជ្ជមានជាកិច្ចការសំខាន់។ រឿងស្ថាប័នយើងធ្វើកំណែទម្រង់ហើយ ប៉ុន្តែអ្វីដែលសំខាន់គឺការផ្តល់ជូនប្រជាពលរដ្ឋ។ យើងត្រូវឲ្យវិស័យឯកជនចូលរួមជាមួយរដ្ឋ។ វាជាសិទ្ធិសេរីភាពរបស់គាត់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែរដ្ឋត្រូវធានាសិទ្ធិរបស់ប្រជាពលរដ្ឋដែលទិញផលិតផល ត្បិតគាត់មានការជឿជាក់ថាផលិតផលដែលបានចេញលក់នេះ ត្រូវបានក្រសួងសុខាភិបាលពិនិត្យមើល(ត្រឹមត្រូវ)ហើយ។ គាត់ជឿថា (បើមានការអនុញ្ញាត)ឲ្យលក់តាម pharmacy បានន័យថាក្រសួងសុខាភិបាលបានអនុញ្ញាតិហើយ។ អញ្ចឹងវាជាកាតព្វកិច្ចរបស់យើង។ រវាងរដ្ឋនិងវិស័យឯកជន វាជាជាដៃគូ មិនមែនជាសត្រូវទេ។ រដ្ឋ និងវិស័យឯកជន និងអង្គការសង្គមស៊ីវិលដែលបម្រើក្នុងវិស័យសុខាភិបាលគប្បីរួមគ្នាធ្វើ … ការធ្វើនិយ័តកម្មសេវាសុខាភិបាលត្រូវបន្តធ្វើ ហើយត្រូវពង្រឹងក្រមដែលនៅមិនទាន់បានធ្វើ ហើយឱ្យមានការចូលរួមពីគណៈវិជ្ជាជីវៈសុខាភិបាលទាំងឡាយដែលដើរតួនាទីសំខាន់ក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការបំពេញកិច្ចការទាំងនេះ។ ទាំងអស់នេះគឺជាអ្វីដែលយើងដាក់ជាទិសដៅបន្តរបស់ក្រសួងសុខាភិបាលនិងរបស់រាជរដ្ឋាភិបាល។

[បញ្ចប់សេចក្តីអធិប្បាយ ២]

៨. ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ និង សុខុមាលភាពរបស់ប្រជាជន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ បរិយាប័ន្ន និង ចីរភាព, ខ្ញុំសូមផ្ដល់អនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម ៖

ទី១. ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យ កែសម្រួលតួនាទី និង រៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាល ស្របតាមរបត់ថ្មី នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ។ ជាមួយគ្នានេះ ត្រូវបន្តការអភិវឌ្ឍ និង នវានុវត្តន៍សមត្ថភាពស្ថាប័ន និង អង្គភាពសុខាភិបាល, តាមរយៈការបណ្តុះបណ្តាលស្តីពីបំណិនជាក់លាក់ ភាពជាអ្នកដឹកនាំ ដើម្បីឱ្យកិច្ចដំណើរការមុខងាររបស់ស្ថាប័នកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ក៏ដូចជានិន្នាការវិវត្តនៃការកែទម្រង់ការគ្រប់គ្រងអង្គភាពសុខាភិបាល និង ការកែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការ ។

ទី២. ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និង កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងវិធីសាស្រ្តបង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះ-បណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹង ជំនាញ និងពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ ។ បន្ថែមលើនេះ, ត្រូវពង្រឹងយន្តការអភិបាលកិច្ច និង និយ័តកម្មគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ទាំងនៅផ្នែកសាធារណៈនិង ផ្នែកឯកជន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ការធ្វើ ស្ថាបនូបនីយកម្មប្រព័ន្ធទទួលស្គាល់គុណភាពគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល នាពេលអនាគត។

ទី៣. គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និង ផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹង-ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និង ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែលមានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និង ក្រមសីលធម៌ល្អ នៅបច្ចុប្បន្នកាល និង សម្រាប់ពេលអនាគត ។ ក្នុងន័យនេះ, គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥, រួមមាន គណៈគ្រូពេទ្យ, គណៈឱសថការី, គណៈទន្តពេទ្យ, គណៈគិលានុបដ្ឋាក, និង គណៈឆ្មប ត្រូវបន្តអភិវឌ្ឍនិងពង្រឹងការអនុវត្តស្តង់ដា និង ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ការចុះបញ្ជិកា និង ផ្តល់ អាជ្ញាបណ្ណវិជ្ជាជីវៈ, ការចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលមូលដ្ឋាន ការបណ្តុះបណ្តាលបន្ត និង នវានុវត្តន៍គន្លងអាជីពវិជ្ជាជីវៈសុខាភិបាល ។

ទី៤. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីប្រែក្លាយ ទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវាដែលផ្តោតលើប្រជាជន តាមរយៈការចាប់យក ការសម្រប និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និង ប្រសិទ្ធផល ដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ។

ទី៥. រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់ការអនុវត្តមុខងារគ្រប់គ្រង និង ផ្តល់សេវាសុខាភិបាល និង មុខងារនិយ័តកម្មសេវាសុខាភិបាល ឱ្យកាន់តែមានសង្គតិភាពជាមួយនឹងលិខិតបទដ្ឋានគតិយុត្ត ។ ជាមួយគ្នានេះ, ត្រូវពង្រឹងប្រសិទ្ធភាពនៃការបែងចែក និង រក្សាគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែងនៃតម្រូវការសេវាថែទាំសុខភាព ដោយផ្តល់អាទិភាពដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក ព្រមទាំង ប្រើប្រាស់វិចារណកម្មរឹងមាំក្នុងការវិភាជន៍ថវិកា និង ការធ្វើអាទិភាវូបនីយកម្មចំណាយ ដែលគាំទ្រ ដល់ការពង្រីកសេវាថែទាំសុខភាព ការកែលម្អគុណភាពសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការថែទាំសម្ភារៈឧបករណ៍វេជ្ជសាស្រ្ត ជាដើម ។

[ផ្តើមសេចក្តីអធិប្បាយ ៣]

(៣២) វិភាជន៍ថវិកាសុខាភិបាលសំរាប់ប្រតិបត្តិការ/ការជួសជុលមួយចំនួន បានធ្វើវិមជ្ឈការទៅខេត្តហើយ

ខេត្តមួយចំនួនប្រហែលជានៅច្រឡំថាថវិកាទាំងអស់នេះនៅឯថ្នាក់កណ្តាលនៅឡើយ។ (សូមជំរាបថា)ថវិកានេះត្រូវបានផ្ទេរទៅឲ្យខេត្តហើយ សំរាប់កិច្ចការជួសជុល/ប្រតិបត្តិការមួយចំនួន លើកលែងតែសំ​ណង់ថ្មីៗបន្ថែម ឬមួយពេទ្យកម្រិតថ្នាក់តំបន់ឡើង។ តាមការបញ្ជាក់ ថវិកានេះបានធ្លាក់ទៅក្នុងដៃរបស់ខេត្តហើយ។ ខេត្តមកទេថ្ងៃនេះ? (អត់មកទេ) … មានខេត្តខ្លះនៅមិនទាន់ច្បាស់ … គ្រាន់តែជួសជុលមណ្ឌលសុខភាពហ្នឹង ក៏សុំពីក្រសួងសុខាភិបាលដែរ។ តាមពិតបានធ្វើវិមជ្ឈការទៅហើយ។ លើកលែងតែធ្វើមណ្ឌលសុខាភិបាលថ្មី ទើបបានត្រូវសុំលុយ។ អញ្ចឹងមើលខ្ទង់ចំណាយរបស់ខ្លួនដើម្បីទម្លាក់ថវិកា។ កន្លងទៅ ថវិកាខ្លះអត់មានអ្នកណាប្រាប់ ដូចនៅក្រ​សួងការងារ កាលខ្ញុំនៅយុវជនកំពង់ចាម ពេលខ្លះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដាក់ថវិកាមួយលានដុល្លារសម្រាប់ឲ្យមន្ទីរការងារឬក៏សាលាបណ្តុះបណ្តាលវិជ្ជជីវៈ(ប្រើប្រាស់) ប៉ុន្តែអត់មានអ្នកណាស្នើសុំបណ្តុះបណ្តាលនៅខេត្តព្រោះអត់ដឹង។ អញ្ចឹងសុំជម្រាបរឿងថវិកានេះឲ្យហើយ ត្បិតខាងឯកឧត្តមរដ្ឋមន្រ្តីបានសូមឲ្យបញ្ជាក់ផង …។

[បញ្ចប់សេចក្តីអធិប្បាយ ៣]

ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបញ្ជ្រាបសារអប់រំសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញទំនាក់ទំនងសង្គមនានា ដែលអាចជឿទុកចិត្តបាន ព្រឹត្តិការណ៍ ឬ វេទិកាធុរកិច្ចផ្សេងៗ ដែលមានលក្ខណៈសមស្រប សំដៅបង្កើនការយល់ដឹង និង ការយកចិត្តទុកដាក់របស់សាធារណៈជន ដើម្បីបង្ការជំងឺ និង ហានិភ័យសុខភាព។

ទី៧. ក្រសួងសុខាភិបាល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និង ការរក្សាផលប្រយោជន៍សុខភាពសាធារណៈ និង ធុរៈកិច្ច, ត្រូវជំរុញការចូលរួម ប្រកបដោយក្រមសីលធម៌ ទាំងផ្នែកសាធារណៈ និង ផ្នែកឯកជន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្រ្ត និង សុខាភិបាលឌីជីថល នវានុវត្តន៍គុណភាពសេវា, ជាពិសេសកិច្ចសហការក្នុងការបង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាព និងការបង្ការជំងឺ ឬ ហានិភ័យសុខភាព ។

ទី៨. ខ្ញុំសូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរពស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត ។

៩. មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត, ខ្ញុំសូមកោតសូរសើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល​គ្រប់លំដាប់ថ្នាក់ គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូ-អភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារជាតិល្អប្រសើរនាពេលកន្លងមក ។ បន្ថែមពីលើនេះ, ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំ មន្រ្តីរាជការសុខា- ភិបាលគ្រប់លំដាប់ថ្នាក់ គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ទាំងអស់ សូមបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀត សម្រាប់លើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាពរបស់ប្រជាជន, ដែលជាកត្តាមិន​អាចខ្វះបាន​ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និង ចីរភាព។

១០. ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ «សន្និបាតសុខាភិបាលលើកទី៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ​ ២០២៤ », ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាត, សូមមានសុខភាពបរិបូណ៍, ទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន និង សេចក្តីចម្រើនគ្រប់ប្រការ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព, និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី​ឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ