ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង សមាជិក-សមាជិកា រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាទីមេត្រី!
នារាត្រីដ៏សែនមនោរម្យនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ក្នុងកម្មវិធីបើកជា ផ្លូវការ ពិធីបុណ្យទន្លេលើកទី ៨ ក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រដ៏រុងរឿងនៃខេត្តសៀមរាប នាពេលនេះ ។ តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធ យុវជនកម្ពុជា និង វិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី ៨ ក្រោម ប្រធានបទដ៏មានសារៈសំខាន់ គឺ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ» ។
[ផ្តើមសេចក្តីអធិប្បាយ ១]
(១) រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍគ្រប់ទីកន្លែង និងសំរាប់ប្រជាជនគ្រប់រូប
សូមអរគុណណាស់ចំពោះការរៀបចំនូវស្តង់ពិព័រណ៍ផ្សេងៗ ជាពិសេសបទចម្រៀងអម្បាញ់មិញ ដែលថា leave no place behind។ ខ្ញុំបានជម្រាបដល់ឯកឧត្តម ស៊ូ ម៉ារ៉ា ថាពាក្យពេញរបស់វានៅពាក់កណ្តាលទៀតគឺ leave no place and no one behind។ ឥឡូវយើងបាន leave no place behind … ពាក្យនេះ ខ្ញុំបានអាននៅអង្គការសហប្រជាជាតិ គឺយើងមិនចោលទីកន្លែងណា ហើយក៏មិនចោលអ្នកណាម្នាក់នោះដែរ។ សង្ឃឹមថា លើកក្រោយនឹងមានបទមួយបទទៀត leave no one behind។ ទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ៤០ឆ្នាំកន្លងមកនេះ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវធ្វើយ៉ាងណារុញការអភិវឌ្ឍទៅដល់គ្រប់ទីកន្លែង ព្យាយាមទាញនូវអត្ថប្រយោជន៍ សក្តានុពលនៅហ្នឹងកន្លែង … ប៉ុន្តែជាមួយគ្នានេះ គោលដៅធំគឺធ្វើដើម្បីប្រជាពលរដ្ឋនៅគ្រប់កន្លែង គ្រប់ទីតាំងទាំងអស់។ យើងដាក់ចេញផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ អ្វីក៏ដោយជាគោលនយោបាយដែលយើងដាក់ចេញក្នុងការអភិវឌ្ឍ មានគោលដៅ២ គឺធ្វើការអភិវឌ្ឍគ្រប់ទីកន្លែង និងសម្រាប់ប្រជាជនគ្រប់រូប បានន័យថា leave no place and no one behind គឺមិនទុកទីកន្លែងណា ឬប្រជាជនណាម្នាក់ចោល។
[បញ្ចប់សេចក្តីអធិប្បាយ ១]
ប្រធានបទនៃពិធីបុណ្យទន្លេលើកទី ៨ នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅដែល ឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និង សក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ទន្លេទៅនឹងសន្តិភាព និង ការអភិវឌ្ឍ ។ សន្តិភាព និង ការអភិវឌ្ឍរបស់ប្រទេសមួយ មិនអាចកាត់ផ្តាច់បានពីកិច្ចសហ- ប្រតិបត្តិការ និង ការពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនៅក្នុងតំបន់, ជាពិសេសប្រទេស ដងទន្លេមេគង្គទាំង ៥ នៃក្របខណ្ឌអនុតំបន់មេគង្គ ។
ជាការពិត, សន្តិភាព បានជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដោយសម្រេចបានសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រជាជន និង ប្រទេសជាតិរបស់យើង, ដែលធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃបង្ហូរឈាម និង របបប្រល័យពូជសាសន៍អស់រយៈពេលរាប់ទសវត្សរ៍ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ ។ សមិទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាទាំងនេះ គឺបានមកពីការបូជាសាច់ស្រស់ ឈាមស្រស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គទាំងឡាយរបស់ថ្នាក់ដឹកនាំជំនាន់មុន, ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ។ បន្ថែមលើនេះ, ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និង ពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល ៣០ ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ ១៣ ដង នៅឆ្នាំ ១៩៩៣-២០២៣ ។
[ផ្តើមសេចក្តីអធិប្បាយ ២]
(២) ដឹងពីទិដ្ឋភាពប្រវត្តិសាស្ត្រ កាន់តែដឹងគុណនិងយល់អំពីតម្លៃនៃសន្តិភាព
ល្ងាចមិញនេះ ខ្ញុំធ្វើដំណើរពីព្រលានយន្តហោះមកសណ្ឋាគារ ឃើញថា(មានសកម្មភាព)រស់រវើកឡើងវិញ ក្រោយ(ពីភាពស្ងប់ស្ងាត់ដោយសារ)កូវីដ-១៩។ ចូលមក ខ្ញុំឃើញពិព័រណ៍ស្តង់ជាច្រើន នៅខាងនេះក៏មាន ៥០ទៀត តែអត់បានទៅមើល។ យោងតាមរបាយការណ៍របស់ឯកឧត្ត សុខ សូកេន ល្ងាចមិញនេះមានអ្នកមកទស្សនាប្រហែលជា ១៥ម៉ឺននាក់។ សង្ឃឹមថាថ្ងៃនេះ ហើយនិងថ្ងៃស្អែក បានកាន់តែច្រើន។ ក្នុងពេលឆាប់ៗខាងមុខ យើងនឹងមានសង្រ្កាន្តចូលមក។ នេះហើយផលនៃសន្តិភាព … ខ្ញុំនឹកឃើញឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី Anthony Albanese ពេលដែលជួបគ្នាកាលពីសប្តាហ៍មុន និងគ្រាដែលបានជួបគ្នា ២ ទៅ៣ ដង គាត់តែងតែនិយាយថា គាត់ធ្លាប់មកកម្ពុជាមុនគេបំផុតគឺឆ្នាំ ១៩៨៧។ គាត់មកលេងអង្គរវត្តនៅឆ្នាំ ១៩៨៧។ គាត់ថាអង្គរវត្តស្ងាត់ ប៉ុន្តែកំដរទៅដោយសម្លេងកាំភ្លើងយន្ត។ មានគេកំពុងតែបាញ់គ្នានៅក្បែរហ្នឹង។ ថ្ងៃនេះ យើងមានសម្លេងទេសចរ សម្លេងដូរតន្រ្តី និងយប់បន្តិចនៅ pub street ខុសពីសូរស័ព្ទកាំភ្លើងយន្តដែលឯកឧត្តម Anthony Albanese ឆ្នាំ ១៩៨៧ បានមកលឺនៅលើទឹកដីអង្គរវត្ត។
នេះហើយផលនៃសន្តិភាព បើយើងមើលផលិតផលនៅទីនេះប្រហែលជាដូចនៅកន្លែងផ្សេង ប្រទេសផ្សេង ប៉ុន្តែបើមើលប្រវត្តិរបស់វាបានដឹងថាទីកន្លែងនេះមិនធ្លាប់មានទិដ្ឋភាពអញ្ចេះទេ គឺធ្លាប់ជាកន្លែងស្ងាត់ជ្រងំ គ្មានសណ្ឋាគារផ្កាយប្រាំ គ្មានទីលានកន្លែងល្អ ហើយនៅអង្គរវត្តមិនមានទេសចរច្រើនដែលថាអាចចង្អៀតនៅថ្ងៃខ្លះ។ មិនតែប៉ុណ្ណោះ មានទាំងការប្រគុំដោយសម្លេងកាំភ្លើងយន្តដែលកំពុងតែប្រយុទ្ធគ្នា រវាងខ្មែរនិងខ្មែរកាលពីជាង ២០ឆ្នាំមុន។ អញ្ចឹងបើយើងមើលទិដ្ឋភាពប្រវត្តិសាស្រ្តយើងកាន់តែសប្បាយរីករាយនូវអ្វីដែលយើងមាននៅទីនេះ ហើយកាន់តែដឹងគុណនិងយល់អំពីតម្លៃនៃសន្តិភាព ដែលយើងអាចអង្គុយនៅទីនេះដោយមិនមានសូរកាំភ្លើងយន្ត ហើយទេសចរអន្តរជាតិបានមកទីនេះបានដោយត្រង់តែម្តង។ ឯកឧត្តម Albanese ប្រាប់ថា កាលនោះគាត់មកត្រង់អត់បានទេ។ គាត់ត្រូវហោះចូលទៅវៀតណាម ហើយធ្វើដំណើរចូលមកតាមផ្លូវគោ។ ផ្លូវពីភ្នំពេញមកដល់ទីនេះមិនល្អដូចថ្ងៃនេះ។ អញ្ចឹងត្រូវមើលអោយឃើញផលលាភនៃសន្តិភាព ជាពិសេសនៅក្នុងឱកាសអបអរសាទរ(ទិវាបុណ្តទន្លេ)នៅថ្ងៃនេះ។
[បញ្ចប់សេចក្តីអធិប្បាយ២]
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ, វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់ គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុង ផ.ស.ស. ជាតិ ។ ប៉ុន្តែ, កំណើននេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបាន ជះឥទ្ធិពលជាអវិជ្ជមានដល់សុខភាពសាធារណៈ និង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិនៅទូទាំងសកលលោក ។ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ដោយសារការផ្អាកការធ្វើដំណើរទាំងក្នុង និង ក្រៅ ប្រទេសស្ទើរតែទាំងស្រុង ដែលបង្ខំឱ្យឧស្សាហកម្មទេសចរណ៍ និង ធុរកិច្ចពាក់ព័ន្ធជាច្រើន បិទទ្វារ និង រុញច្រានបុគ្គលិករាប់ម៉ឺននាក់ឱ្យបាត់បង់ការងារ ។ ទោះបីជាវិបត្តិសុខភាពសកល នេះកំពុងស្រាកស្រាន្តជាបន្តបន្ទាប់, ស្ថានភាព និង ទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមាន ភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី, ដែលការណ៍នេះ ធ្វើឱ្យយើងបន្តប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និង ភូមិសាស្ត្រ នយោបាយ ដែលបន្តជះឥទ្ធិពលជាអវិជ្ជមានមកលើវិស័យទេសចរណ៍ សកលលោក រួមទាំងកម្ពុជាផងដែរ ។
ក្រៅពីកត្តាសុខសន្តិភាព និង ស្ថិរភាពនយោបាយ, ការប្រយុទ្ធប្រឆាំង និង គ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ដោយជោគជ័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់លទ្ធភាពឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ព្រមទាំងបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលបានលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិគួរជាទីមោទនៈបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។
លើសពីនេះទៀត ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល នីតិកាលទី ៦ បានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការស្តារ និង ការកែលម្អរចនាសម្ព័ន្ធចាំបាច់នានា សំដៅគាំទ្រដល់កិច្ចដំណើរការឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ។ ជាក់ស្តែង, សម្រាប់ខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការស្ថាបនាបណ្តាញផ្លូវ ៣៨ ខ្សែ និង ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្តារ និង កែលម្អស្ទឹងសៀមរាប ដែលបានធ្វើឱ្យខេត្តសៀមរាបកាន់តែមានភាពទាក់ទាញបន្ថែមទៀត ។ សមិទ្ធផលថ្មីទាំងនេះ បានកំពុងបំពេញថាមពលបន្ថែមដល់វិស័យទេសចរណ៍ក្នុងខេត្តទេសចរណ៍វប្បធម៌ និង ប្រវត្តិសាស្ត្រដ៏រុងរឿងនេះ ។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដែលតំបន់អង្គរស្ទើរតែមិន មិនមានភ្ញៀវដើរ កម្សាន្ត, រាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង អាជ្ញាធរជាតិអប្សរា ជាសេនាធិការ បានយកឱកាសនេះ ជួសជុល និង កែប្រែហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អង្គរ ឱ្យកាន់តែមានភាពទាក់ទាញច្រើនជាងពេលមុន, ជាពិសេសការសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជា ការជួសជុលប្រាសាទ និង រៀបចំសួននៅតាមបរិវេណមុខអង្គរឱ្យរឹតតែមានសោភណភាព មួយកម្រិតទៀត ។ ពាក់ព័ន្ធនឹងកិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់អង្គរ, គំនិតផ្តួចផ្តើមបង្កើតគណៈ- កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) បានធ្វើឱ្យកម្ពុជាក្លាយជាគំរូនៃកិច្ចការអភិរក្ស និង អភិវឌ្ឍសម្បត្តិបេតិកភណ្ឌ សម្រាប់បណ្តាប្រទេសនានាលើសកលលោកផងដែរ ។
សក្តានុពល និង ភាពទាក់ទាញទេសចរណ៍នៃខេត្តសៀមរាប បានមកពីប្រាង្គប្រាសាទ រាប់រយដែលដូនតា និង អតីតព្រះមហាក្សត្របានបន្សល់ទុក ជាពិសេសប្រាសាទអង្គរវត្តដែលជា សម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ និង ប្រាង្គប្រាសាទនានា ប្រកបដោយភាពទាក់ទាញជាច្រើនដទៃទៀត។ ដោយឡែក ក្រៅពីប្រាង្គប្រាសាទ, យើងមានតំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញ តំបន់ការពារប្រាសាទបន្ទាយស្រី, តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹង ទន្លេសាប, តំបន់ទេសចរណ៍សៀមរាបថ្មី ដែលធ្វើឱ្យតំបន់សៀមរាបអង្គរ និង តំបន់ជុំវិញ ត្រូវ បានប្រសិទ្ធនាមថា «តារារះនាទិសឧត្តរ» ។
[ផ្តើមសេចក្តីអធិប្បាយ៣]
(៣) គិតទាំងបរិមាណនិងគុណភាពទេសចរណ៍ ភ្ជាប់រវាងបេតិកភណ្ឌនិងភាពអំណោយផលសហគមន៍
អម្បាញ់មិញ ខ្ញុំបានជួបផ្ទាល់ជាមួយបងប្អូននៅតាមសហគមន៍ ដែលមានផលិតផលនិងសក្តានុពល … ដែលយើងអាចភ្ជាប់គ្នាប្រទាក់ក្រឡាដើម្បីបម្រើឲ្យវិស័យទេសចរណ៍។ បើនិយាយអំពីបរិមាណ គឺចំនួនទេសចរ ប៉ុន្តែយើងក៏ត្រូវគិតអំពីគុណភាព បានន័យថាចំនួន ពេលវេលាទេសចរម្នាក់ៗ ចំណាយនៅកម្ពុជា។ អញ្ចឹងវាពាក់ព័ន្ធមិនត្រឹមតែផលិតផលបេតិកភណ្ឌទេ តែគឺបេតិភណ្ឌបូកជាមួយនឹងផលិតផលផ្សេងៗ ទៀតដែលមានភាពសំបូរបែប ជាពិសេសគឺភ្ជាប់ជាមួយនឹងលក្ខណៈអំណោយផលរបស់សហគមន៍មិនថានៅតាមទន្លេសាប ឬមួយនៅខេត្តជិតផ្សេងៗ ដែលមានសក្តានុពល។ យើងតភ្ជាប់គ្នាដើម្បីទាញផល ដែលទេសចរក៏មានពេលច្រើនដើរកំសាន្តផងដែរ ជាជាងមកតែកន្លះថ្ងៃ ឬ ១ថ្ងៃ ឬ ១យប់។ គាត់អាចនៅ ២យប់ ៣យប់ ប្រជាពលរដ្ឋក៏មិនចាំបាច់ធ្វើដំណើរមកលក់ផលិតផលនៅទីនេះ តែទាញ(ទេសចរដោយ)ផ្ទាល់ទៅដល់សហគមន៍តាមមូលដ្ឋាន។ នេះជាការអភិវឌ្ឍដ៏ល្អ ដែលយើងបានធ្វើនិងបន្តធ្វើទៅទៀត។ សូមយកចិត្តទុកដាក់ និងជូនពរចំពោះជោគជ័យនៅក្នុងការភ្ជាប់នេះ។
[បញ្ចប់សេចក្តីអធិប្បាយ ៣]
រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង បាន កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន កម្ពុជា-ចិន និង ឆ្នាំទេស- ចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និង ជួយ ជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន ។ ជាមួយនឹងវិធានការទាំងនេះ, ការសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាកាលានុវត្តភាពថ្មីមួយ ដែលកំពុងក្លាយជាសក្តា- នុពលស្រូបទាញដ៏ខ្លាំងសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, និយាយដោយឡែក, ព្រម- ទាំងវិស័យទេសចរណ៍កម្ពុជាទាំងមូល, និយាយជារួម ។ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ខ្ញុំ បានចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន ដើម្បីជំរុញការអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយ ទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ។ ការ រៀបចំផ្លាស់ទីប្រជាពលរដ្ឋចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញ តាមលក្ខខណ្ឌអង្គការយូណេស្កូ, ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរឱ្យបន្តស្ថិត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅ នឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ។
ដូចបានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍, កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៥,៤៥ លាននាក់ ក្នុង ឆ្នាំ ២០២៣ ហើយសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិមកកម្ពុជាអាចនឹងត្រលប់ទៅរកស្ថានភាព មុនវិបត្តិជំងឺកូវីដ-១៩ ត្រឹមឆ្នាំ ២០២៥ ។ ក្នុងបរិបទនេះ ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យ ទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និង រួមចំណែកការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១, ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
ក្នុងន័យនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ សូកេន ដែលក្នុងរយៈពេលជាង ៦ ខែ មកនេះ បានខិតខំដាក់ចេញនូវផែនការ យុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន ៥ អភិវឌ្ឍ ៣» និង ទិសដៅកែទម្រង់ មុតស្រួចមួយចំនួនទៀត រួមទាំងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និង បរិយាប័ន្ន, ជាពិសេសការកែសម្រួល ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូរវាង វិស័យរដ្ឋ និង ឯកជន ឈានដល់ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជា លក្ខណៈកញ្ចប់ និង ក៏ជាយន្តការស្ថាប័នមួយសំខាន់ទ្រទ្រង់ដល់យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ផងដែរ ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់ កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ និង ជំរុញការអនុវត្តគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងវិស័យទេសចរណ៍នានាឱ្យទទួលបានជោគជ័យ ។
រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងបានគាំទ្រ និង ផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយ ដែលទ្រទ្រង់ និង គិតគូរដល់ការអភិរក្ស និង អភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា ។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទដ្ឋានគតិយុត្តនានាសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និង អភិរក្ស ព្រមទាំងបង្កើនកិច្ចសហការពីភាគីពាក់ព័ន្ធ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និង ប្រជាពលរដ្ឋមូលដ្ឋាន, ដែលការណ៍នេះ ជាយន្តការចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ចូលរួមដល់ការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ សំដៅឆ្ពោះទៅកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់តាមដងទន្លេផងដែរ ។
ក្នុងស្មារតីនេះ, យើងសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តទទួលបាននូវការរីកចម្រើន បន្ថែមទៀតពីសក្តានុពលនៃធនធានទាំងឡាយដែលយើងមាន រាប់ទាំងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រជាដើម ដោយសារកត្តាសន្តិភាព និង ការអភិវឌ្ឍ ដែលកើត ចេញពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាកត្តាអនុគ្រោះ សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទ នៃពិធីបុណ្យទន្លេលើកទី ៨ នេះ ។
ក្នុងន័យនេះ, ការអភិវឌ្ឍតំបន់តាមដងទន្លេ មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ន នោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភពលោកទាំងមូលបាន និង កំពុងប្រឈមនឹងការវិវត្តថ្មីៗ ទាំងលើនយោបាយ សេដ្ឋកិច្ច សង្គម និង បរិស្ថាន ដែលស្តែងឡើងតាមរយៈការប្រែប្រួលជា សកលជាច្រើន ដូចជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក បញ្ហាគ្រោះធម្មជាតិ ការ ប្រែប្រួលអាកាសធាតុ និង ការកើនឡើងកម្ពស់ទឹកសមុទ្រ ជាដើម ។ ដើម្បីឆ្លើយតបនឹងបញ្ហា ប្រឈមទាំងនេះ, ការយកចិត្តទុកដាក់លើទស្សនទាននៃភាពស្អាត និង បៃតង គឺពិតជាមានភាព ចាំបាច់ ខណៈពេលដែលពិភពលោកទាំងមូល កំពុងបោះជំហានទៅមុខដើម្បីសម្រេចបានសេដ្ឋកិច្ច បៃតង ។
ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យទេសចរណ៍ ដូចខាងក្រោម ៖
ទី១. ដោយការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ, សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែលយើងរកបាន យ៉ាងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាពរបស់យើង ឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា និង បន្តជំរុញការ អភិវឌ្ឍវិស័យទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរ ។
ទី២. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់, ពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និង ជាប់ជាប្រចាំ ។ ក្នុង ន័យនេះ, ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពង្រឹងសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ និង មិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនោះ រួមទាំងតំបន់តាមដងទន្លេ ក្លាយជាតំបន់ ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មផ្សេងៗឡើយ ។
ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ត្រូវបន្តសហការឱ្យបាន ជិតស្និទ្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្តវិធានការ និង គោលនយោបាយនានា សំដៅសម្រេចបាននូវគោលដៅនៃយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ ២០២៤» ។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ, ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និង បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និង ការដឹកជញ្ជូន ។ ក្នុងន័យនេះ, ខ្ញុំសូមគូសរំលេច ផងដែរថា រាជរដ្ឋាភិបាលបាន និង កំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ- សៀមរាប-ប៉ោយប៉ែត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុត្រូវបានដាក់ឱ្យដំណើរការ និង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ ។
ទី៥. ត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យ ទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, និង រដ្ឋបាលខេត្ត សៀមរាប សិក្សារៀបចំឱ្យមានតំបន់ខ្សែក្រវាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់- ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និង ផ្គត់ផ្គង់ដល់វិស័យ ទេសចរណ៍, ជាពិសេស បង្កើតជាផលិតផលកសិទេសចរណ៍ ដើម្បីបង្កើនសក្តានុពល ទេសចរណ៍កម្ពុជា ។
[ផ្តើមសេចក្តីអធិប្បាយ ៤]
ខ្ញុំសូមលើកទឹកចិត្តឲ្យវិស័យឯកជន ដែលប្រតិបត្តិករនៅទីនេះ ទាំងភោជនីយដ្ឋានទាំងសណ្ឋាគារ ទាំងផ្សារមានទាំងផ្សារម៉ាក្រូ ផ្សារផ្សេងៗ ទាញយកផលិតផលដើម្បីលក់បន្ត។ នេះគឺជាការជួយនៅក្នុងការធានាទីផ្សារ។ អញ្ចឹងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធត្រូវបង្កើតខ្សែច្រវាក់ផលិតកម្មរហូតដល់ទីផ្សារនេះឲ្យដើរនៅហ្នឹងកន្លែងតែម្តង។
[បញ្ចប់សេចក្តីអធិប្បាយ ៤]
ទី៦. ស្នើក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, និង រដ្ឋបាលខេត្តសៀមរាប សហការគ្នាសិក្សា និង គិតគូររៀបចំតំបន់ឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា ។ ទី៧. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំយុទ្ធសាស្ត្រជំរុញឱ្យ មានការជួបជុំ ដូចជា កិច្ចប្រជុំ, វិបស្សនា, កម្មវិធីកីឡា និង កម្មវិធីនានានៅខេត្តសៀមរាប ដើម្បី គាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ ២០២៤ ឱ្យសម្រេចបានជោគជ័យ ។
[ផ្តើមសេចក្តីអធិប្បាយ ៥]
(៤) បង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំច្រើនកន្លែង
ខ្ញុំបានឯកភាពតាមការស្នើសុំរបស់ឯកឧត្ដម ទេសរដ្ឋមន្រ្តី ថោង ខុន កាលពីប៉ុន្មានថ្ងៃមុន ស្តីពីការបង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំច្រើនកន្លែង ទាំងនៅសៀមរាប ទាំងនៅកន្លែងផ្សេងៗ ទាំងព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍វប្បធម៌ជាប្រចាំឆ្នាំនានា។ ការងារនេះសំខាន់។ ខ្ញុំឃើញថាក្នុងកិច្ចប្រជុំវិស័យទេសចរណ៍ បងប្អូនបានស្នុំសុំថា ឲ្យគាត់ដឹងថាមានកម្មវិធីអីខ្លះ ពេលវេលាណាខ្លះ ដើម្បីគាត់រៀបចំផែនការទាក់ម៉ូយរបស់គាត់ផង។ អញ្ចឹង ពេលដែលយើងអនុញ្ញាតឲ្យមានព្រឹត្តិការណ៍ជាប្រចាំបែបនេះ គឺជាកិច្ចការងាយស្រួល (សំរាប់ភ្នាក់ងារទេសចរ)។ ដូចជាសង្រ្កាន្តអញ្ចឹង ដឹងតែរៀបចំនៅខែមេសា។ អញ្ចឹងគាត់អាចរៀបចំជាផែនការ ជា package បាន។ បើយើងមានព្រឹត្តិការណ៍ម៉ារ៉ាតុងប្រចាំខែ១២ ព្រឹត្តិការណ៍ប្រកួត ឬពិព័រណ៍អីផ្សេងៗ នៅខេត្តនេះខេត្តនោះជាប្រចាំឆ្នាំ ខ្ញុំគិតថាបែបនេះយើងអាចធ្វើបានល្អ។
(៥) វិស័យឯកជននិងរដ្ឋរួមគ្នាធ្វើអោយទ្វារដែលបើកមានអ្នកចេញចូល
អំពីភាពជាដៃគូនៅក្នុងការបង្កើតយន្តការរបស់រាជរដ្ឋាភិបាល ខ្ញុំថា PPP ភាពជាដៃគូរវាងឯកជនជាមួយរដ្ឋនៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានចរចាត្រឹមតែបើកទ្វារទេ ត្រឹមតែតភ្ជាប់ទេ ប៉ុន្តែវិស័យឯកជននិងរដ្ឋ ត្រូវដំណើរការជាមួយគ្នាដើម្បីធ្វើឲ្យទ្វារដែលបានបើកហើយមានមនុស្សចេញចូលច្រើន។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានធ្វើការចរចាដើម្បីតភ្ជាប់ការហោះហើរជាមួយបណ្ដាប្រទេសផ្សេងៗ។ ថ្មីៗនេះ យើងបានធ្វើការចុះកិច្ចព្រមព្រៀងនៅក្នុងកិច្ចសហប្រតិបត្តិការវិស័យអាកាសចរណ៍ ជាមួយអូស្រ្តាលីដែលថ្ងៃក្រោយអាចបើកបានជើងហោះហើរត្រង់។ ថ្ងៃទី១៦នេះ យើងនឹងមានការហោះត្រង់ទៅឥណ្ឌា ដែលយើងទើបតែបើកកិច្ចព្រមព្រៀងនេះពីឆ្នាំទៅ។ យើងបានធ្វើការហោះត្រង់ជាមួយគោលដៅជាច្រើននៅប្រទេសចិន កូរ៉េ និងប្រទេសផ្សេងៗ ប៉ុន្តែទិសដៅទាំងអស់នេះវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងនឹងចរចាបើកជើងហោះហើរត្រង់ពីកន្លែងផ្សេងៗទៀត។ កន្លងទៅនេះ នៅទីក្រុងមែលប៊ន, អូស្ត្រាលី, ខ្ញុំបានឆ្លៀតជួបជាមួយ ឯកឧត្ដមប្រធានាធិបតី (Bongbong) Marcos ដើម្បីយើងតភ្ជាប់ការហោះហើរផ្សេងៗ ពីតំបន់ទេសចរណ៍ពី Cebu។ ពីម៉ានីឡាមកភ្នំពេញ(មានហើយ) ឥឡូវពីម៉ានីឡាមកសៀមរាប និងពីកូឡាឡំពួរសុំភ្ជាប់មកសៀមរាប។
(៦) រដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀង លើកទឹកចិត្ត អនុគ្រោះពន្ធ ប្រតិបត្តិករទេសចរណ៍រៀបចំផលិតផលផ្សព្វផ្សាយ ស្វាគមន៍ភ្ញៀវ
ការហោះហើរទៅរួចអាស្រ័យលើមានមនុស្សជិះឬអត់។ ទាល់តែថាហោះមួយជើងចំណេញប៉ុន្មាន បានយន្តហោះសម្រេចចិត្ត(ធ្វើការហោះហើរ)។ អញ្ចឹងទាមទារត្រូវមានការទាក់ទាញនិងធ្វើឲ្យមនុស្សមក។ ក្នុងនោះ សំរាប់តំបន់ទេសចរណ៍ ភាគច្រើនគឺភ្ញៀវទេសចរ។ អញ្ចឹងហើ់យបានជាវិស័យឯកជនជាអ្នកដើរតួនាទីសំខាន់នៅក្នុងការផលិតនូវផលិតផលទេសចរណ៍ ដើរទាក់ម៉ូយបន្ថែម។ ពូនផ្គុំគ្នាដើម្បីធ្វើការ។ ខ្ញុំតែងនិយាយថា រដ្ឋាភិបាលអត់ចេះធ្វើ business ទេ ហើយក៏មិនចាំបាច់ឲ្យរដ្ឋាភិបាលធ្វើការងារពាណិជ្ជកម្ម ឬធុរកិច្ចដែរ។ ទុកឲ្យអ្នកធុរកិច្ចធ្វើធុរកិច្ច ទើបវាចំណេញជាង។ រដ្ឋាភិបាលធ្វើត្រឹមតែចរចាបើកកិច្ចព្រមព្រៀង ភ្ជាប់ទំនាក់ទំនង ផ្ដល់គោលការណ៍លើកទឹកចិត្ត ផ្ដល់គោលការណ៍អនុគ្រោះពន្ធ ផ្ដល់គោលការណ៍រៀបចំការស្វាគមន៍បានល្អ។ ប៉ុន្តែការរៀបចំផលិតផលជាក់ស្ដែង តាំងពីការផ្សព្វផ្សាយទៅតាមបណ្ដាប្រទេស Tour Package ទាំងការស្វាគមន៍មកដល់ និងការស្នាក់នៅ បរិស្ថានទាំងអស់ គឺអាស្រ័យទៅលើបងប្អូននៅក្នុងវិស័យទេសចរណ៍។ ការរៀបចំយន្តការថ្មី គឺយើងធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍ វិស័យឯកជន អាចដើរតួនាទីរួមបានយ៉ាងសកម្ម មិនត្រឹមតែជួយគិតលើកជាសំណើនោះទេ ប៉ុន្តែថែមទាំងរួមគ្នាដើរតួអនុវត្ត បានន័យថាដើរទាក់ម៉ូយ ថែរក្សាម៉ូយ និងពង្រីកម៉ូយឲ្យកម្ពុជា។
(៧) ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋាភិបាលនិងឯកជនជំរុញវិស័យទេសចរណ៍
កម្ពុជាក៏មិនចាំបាច់បង្កើតក្រុមហ៊ុនទេសចរណ៍របស់រដ្ឋដែរ។ អត់ចំណេញទេ។ ក៏មិនចាំបាច់ចំណាយលុយទៅយកបុគ្គលិកទៅធ្វើការងារសម្រាប់ឯកជនដែរ។ វិស័យទេសចរណ៍ទុកឲ្យវិស័យឯកជនធ្វើ។ យើងធ្វើការងារបម្រើវិញ។ បានន័យថា ផ្ដល់គោលការណ៍ ផ្ដល់ការគាំពារ ផ្ដល់សន្តិសុខ/សណ្ដាប់ធ្នាប់ រក្សាសន្តិភាពជូន។ ហ្នឹងហើយបាន សម្ដេចតេជោ ដាក់គោលដៅនៅក្នុងការធ្វើឯកជនភាវូបនីយកម្មតាំងពីឆ្នាំ៨០ជាងឯណោះ … លោកធ្លាប់រំឭកថាចេញពី ១៩៧៩ យើងធ្វើគាលការណ៍ជាសមូហភាព ជាក្រុមសាមគ្គី ប៉ុន្តែក្នុងរយៈពេលមិនដល់១០ឆ្នាំ យើងវាយតម្លៃថា កន្លែងណាដែលមានការផ្ដល់សិទ្ធិមួយចំនួនធ្វើជាឯកជន ផលិតបានច្រើនជាងក្រុមសាមគ្គី។ អញ្ចឹងបានយើងចាប់ផ្ដើមធ្វើកំណែទម្រង់ទៅជាកម្មសិទ្ធិឯកជន។ ជាពិសេស នៅដើមទសវត្សរ៍ទី៩០ យើងបានធ្វើឯកជនភាវូបនីយកម្ម ហើយរដ្ឋត្រឹមតែឈរគាំទ្រ តាមការផ្ដល់គោលការណ៍ ផ្ដល់អ្វីដែលយើងបានផ្ដល់ តាមរយៈបទដ្ឋានគតិយុត្ត សន្តិសុខ ការងារដើម្បីឲ្យវិស័យឯកជនរីកចម្រើន។ ត្រូវពង្រឹងយន្តការភាពជាដៃគូរវាងឯកជននិងរដ្ឋ នៅក្នុងការជំរុញវិស័យទេសចរណ៍នេះឲ្យបាន។ រដ្ឋត្រូវគាំទ្រដល់វិស័យឯកជនឱ្យរីកលូតលាស់។ គោលនយោបាយមួយចំនួន យើងត្រូវហ៊ានអារកាត់ ហ៊ានលើកលែង/អនុគ្រោះ/ពិន័យ/ពន្ធ អនុលោមភាពផ្សេងៗ ដើម្បីយើងផ្គុំបងប្អូនខាងវិស័យទេសចរណ៍ Tour Guides ផ្ដល់ឱកាសឲ្យគាត់ ជាពិសេសក្រោយពីត្រូវវាយប្រហារខ្លាំងដោយកូវីដ-១៩។
(៨) ធ្វើសកម្មភាពទេសចរណ៍ដោយមាននិរន្តរភាព ចីរភាព និងភាពធន់
កាលពីខែ១១ ឆ្នាំ២០២៣ កន្លងទៅ ក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ខ្ញុំបានដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីផ្ដល់នូវការលើកទឹកចិត្តុ។ គោលការណ៍នោះមិនមែនចប់ត្រឹមប៉ុណ្ណេះទេ។ យើងបង្កើតយន្តការរដ្ឋនិងវិស័យឯកជននេះ គឺដើម្បីតាមដាន ជួយជាប់ជាប្រចាំ។ ប្រសិនបើអនុវត្តទៅមិនទាន់គ្រប់ នៅខ្វះកន្លែងណា យើងអាចលើកជាសំណូមពរបន្ទាន់ភ្លាមៗដោះ(ស្រាយ)។ ពិតណាស់ ២០២៤ ជាឆ្នាំទស្សនាសៀមរាប តែមិនមែនបានន័យថាឆ្នាំក្រោយឈប់មកសៀមរាបនោះទេ។ ឆ្នាំនេះជាឆ្នាំដែលទាញអារម្មណ៍មកខេត្តសៀមរាប ដែលជាខេត្តមួយក្នុងវិស័យទេសចរណ៍ តែក៏មិនមែនហាមមិនឲ្យទៅខេត្តផ្សេងៗនោះដែរ។ មិនមែនធ្វើសម្រាប់តែឆ្នាំ២០២៤នេះទេ។ យើងនឹងធ្វើដើម្បីមាននិរន្តរភាព ចីរភាព និងភាពធន់នៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងនៅតាមបណ្ដាខេត្តផ្សេងៗ។ យើងអត់ធ្វើដូចភ្លើងចំបើងទេ។ យើងត្រូវគិតគូរអ្វីដែលមានចីរភាព។ ទោះបីជាយើងដើរយឺតបន្តិច ប៉ុន្តែដើរដោយមានទិសដៅច្បាស់លាស់ គិតគូរគ្រប់ជ្រុងជ្រោយ។ ពេលចេញដំណើរ បានន័យថាមុននឹងរត់កីឡា រត់លឿន យើងត្រូវចំណាយពេលបន្តិចដើម្បីកម្ដៅសាច់ដុំ។ បើយើងកម្ដៅសាច់ដុំមិនគ្រប់ទេ រត់បានតែបន្តិច ថ្លោះសរសៃពិបាកហើយ។ គេរត់ទៅមុនហើយ។ អញ្ចឹង គឺរត់ឲ្យបានឆ្ងាយ រត់ឲ្យបានយូរ ហើយរត់ឲ្យចំគន្លង តាមបទដ្ឋានឲ្យបានត្រឹមត្រូវ និងការសហការច្បាស់លាស់។ នេជាទិសដៅនៃការដាក់ចេញនូវគោលនយោបាយនិងការសហការរវាងរដ្ឋ និងវិស័យឯកជននៅក្នុងការជំរុញទេសចរណ៍។
[បញ្ចប់សេចក្តីអធិប្បាយ ៥]
ទី៨. ខ្ញុំស្នើឱ្យក្រសួងសាធារណៈការ និង ដឹកជញ្ជូន, ក្រសួងទេសចរណ៍, រដ្ឋលេខាធិការ- ដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, និង ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ សហការដោះស្រាយបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធនឹងការធ្វើដំណើររបស់ភ្ញៀវ ទេសចរ ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិមានភាពងាយស្រួល និង កក់ក្តៅ ។
[ផ្តើមសេចក្តីអធិប្បាយ ៦]
(៩) គ្រប់ខេត្ត/ក្រុង/រាជធានី បង្កើតវប្បធម៌ស្វាគមន៍ភ្ញៀវទេសចរ
(ភ្ញៀវទេសចរអន្តរជាតិដែល)មកដល់ មុនគេគឺនៅព្រលានយន្តហោះហ្នឹងហើយ។ ការស្វាគមន៍នៅទីនេះ គឺអាចធ្វើឱ្យមនុស្សប្ដូរចិត្ត ពីមក ១ថ្ងៃ ទៅ ៥ថ្ងៃ ឬមួយពី ៥ថ្ងៃ មក ១ថ្ងៃ។ ការបដិសណ្ឋារកិច្ចភ្ញៀវជាកិច្ចការសំខាន់។ ខ្ញុំទើបតែនឹងបង្កើតក្រុមការងារមួយ រៀបចំគណៈកម្មការថ្មីមួយ ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដើម្បីដឹកនាំរួមទាំងសន្ដិសុខ ការងារបដិសណ្ឋារកិច្ច តាមបណ្ដាព្រលានយន្តហោះទាំងអស់ដើម្បីសហការ ធ្វើយ៉ាងណាឱ្យយើងកាន់តែល្អនិងទាក់ទាញថែមទៀត … ខ្ញុំចូលមក មានឆៃយ៉ាំស្វាគមន៍ខ្ញុំ។ កាលយើងបើកព្រលានយន្តហោះ ឯកឧត្តម វង្សី វិស្សុត មក ក៏មានឆៃយ៉ាំស្វាគមន៍។ ខ្ញុំបានឱ្យគោលគំនិតទៅឯកឧត្តម សុខ សូកេន ថាពេលចូលឆ្នាំ(ខាងមុខ) ពេលចូលឆ្នាំ ៣-៤ថ្ងៃ ឬមួយ ១អាទិត្យខាងមុខ កុំភ្លេចស្វាគមន៍ភ្ញៀវនៅព្រលានយន្តហោះ។ (ភ្ញៀវទេសចរ)ចុះមកដំបូង ឃើញឆៃយ៉ាំបាត់ហើយ (ឬក៏)ជាកាដូទេសចណ៍រអីមួយជូនគាត់។ អត់មានអីខាតទេ។ ជាអនុស្សាវរីយ៍។ មកដល់ទឹកដីកម្ពុជាគឺស្វាគមន៍។ មិនមែន(ធ្វើនៅ)តែខេត្តសៀមរាបទេ គឺគ្រប់ខេត្ត ទាំងរាជធានីភ្នំពេញ នៅក្នុងកំឡុងពេលនេះ។ ខ្ញុំគិតថាបង្កើតអារម្មណ៍ចូលឆ្នាំនៅក្នុងទឹកដីអង្គរយើងទាំងមូលតែម្ដង។
(១០) បងប្អូនពលករនៅថៃមកលេងស្រុកពេលចូលឆ្នាំ ទៅវិញមិនបាច់បង់ថ្លៃទិដ្ឋាការចូល
ម្សិលមិញ ខ្ញុំឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ ធ្វើការជាមួយអគ្គអន្តោប្រវេសន៍ និងបណ្ដាខេត្តជាប់ព្រំដែនថា អោយស្វាគមន៍បងប្អូនពលករយើងដែលនឹងត្រឡប់មកពីប្រទេសថៃពេលចូលឆ្នាំនេះ តាមរូបភាពដែលអាចធ្វើទៅបាន។ អញ្ចឹង ដើម្បីមានភាពកក់ក្ដៅ ពេលដែលទៅទស្សនកិច្ចកាលពីថ្ងៃទី ៧ ខែមុននោះ ខ្ញុំបានចរចាជាមួយរាជរដ្ឋាភិបាលថៃហើយគាត់បានឯកភាពថា មួយខែនេះ បងប្អូនពលករខ្មែរមកលេងស្រុក ទៅវិញមិនបាច់បង់ថ្លៃចូល ១០០០បាត ឬប៉ុន្មានទេ។ អញ្ចឹង free ជូនតែម្ដងក្នុងមួយខែនេះ។ យើងស្វាគមន៍បងប្អូនមកលេង … អ្នកមកសៀមរាបអាចប្រឈមនឹងការស្នាក់នៅអូតែលផ្កាយមួយពាន់ច្រើន នៅពេល(បុណ្យចូលឆ្នាំខ្មែរ)នេះ។ ឯកឧត្តម លោកជំទាវ ស្គាល់អូតែលផ្កាយមួយពាន់ទេ? នៅសៀមរាបយើងមានអូតែលច្រើន ប៉ុន្តែដល់ពេល(ភ្ញៀវទេសចរ)ចូលមកច្រើន អ្នកកក់មិនទាន់គឺក្រាលកន្ទេល មើលទៅលើមេឃមានផ្កាយមួយពាន់។ ឥឡូវកន្លែងខ្លះ គេលែងទៅស្នាក់អូតែលហើយ ទៅណាគេដាក់តែតង់មួយ(គេង)នៅកន្លែងហ្នឹង។ នៅកន្លែងនេះ មិនស្រួល ក្មេងៗខ្លះ គេដើរមិនបាច់សម្រាកយប់ផង ទៅមើលអង្គរពេលថ្ងៃ យប់ Pub Street … អញ្ចឹងយើងបង្កើត(បរិយាកាស)សប្បាយ(រីករាយ) តែរួមគ្នា(ការពារសុវត្ថិភាព)។
(១១) ប្រព័ន្ធ E-arrival កំពុងសាកល្បង សៀមរាបជាខេត្តទេសចរណ៍ ដូចនេះត្រូវមានព្រឹត្តិការណ៍ច្រើន
នៅតាមបណ្ដាព្រលានយន្តហោះនានា អគ្គអន្តោប្រវេសន៍បានរៀបចំដាក់សាក មិនទាន់ដើររលូនទេ គឺប្រព័ន្ធ E-arrival។ ឥឡូវ(នៅក្នុងដំណាក់កាល)សាកល្បង។ បានន័យថា ទេសចរ(មកដល់)ជាជាងមកបំពេញក្រដាស យើងបំពេញនៅលើ(យន្តហោះតែម្ដង)។ តែឥឡូវមិនទាន់ដើរល្អ ១០០ភាគរយទេ។ យើងឈាន(ទៅប្រើប្រព័ន្ធ)អេឡិចត្រូនិចមួយជំហានហើយ។ ចុះមកកន្លែងខ្លះនៅរអាក់រអួល … តែទៅមុខទៀត ជាទិសដៅ បានន័យថា មុននឹងមកគាត់សុំ VISA។ គាត់មាន VISA ហើយ ចុះមកដើរកាត់កន្លែងអន្តប្រវេសន្ត ដោយមិនចាំបាច់បំពេញបែបបទ ឬមួយឆ្លងកាត់ immigration … តែយើងក៏ត្រូវគិតអំពីបញ្ហាសន្ដិសុខផង។ យើងធ្វើបច្ចេកទេសឱ្យរលូន។ ខេត្តសៀមរាបនេះ ខ្ញុំគិតថា មិនចាំបាច់(ធ្វើបដិសណ្ឋារកិច្ចតែពេល)ចូលឆ្នាំទេ។ ការបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប គួរគិតឱ្យ(មាន)ព្រឹត្តិការណ៍ច្រើន ស្វាគមន៍ឱ្យច្រើន មិនចាំបាច់តែមួយឆ្នាំធ្វើតែ ៤ថ្ងៃហ្នឹងទេ។ យើងធ្វើឱ្យច្រើន។ ខេត្តយើងជាខេត្តទេសចរណ៍។ ព្រឹត្តិការណ៍ដែលខ្ញុំឃើញនៅទីនេះមានច្រើន។ យើងមានគម្រោងស្ដារស្ទឹងសៀមរាប និងរៀបចំកន្លែងច្រើននៅទីនេះ ហើយភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយនឹងតំបន់ផ្សេងៗ …។
[បញ្ចប់សេចក្តីអធិប្បាយ ៦]
ទី៩. ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីបុណ្យទន្លេនៅឆ្នាំនេះទទួលបានជោគជ័យ, ជាពិសេសត្រូវរួមគ្នា ដើម្បីវិស័យទេសចរណ៍ ស្របតាមប្រធានបទ «ទន្លេ ដើម្បីសន្តិភាព និង ការ អភិវឌ្ឍ», «ទាំងអស់គ្នាដើម្បីទេសចរណ៍», និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា» ផងដែរ ។ បន្ថែម លើនេះ, ខ្ញុំសូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ជាតិ-អន្តរជាតិ, អាជ្ញាធរមូលដ្ឋាន, និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យកាន់តែសកម្ម ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សាសោភណភាព អនាម័យ បរិស្ថាន, ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ប្រាសាទឱ្យស្រស់ស្អាតយូរ- អង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ ។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែង លើកិច្ចការពារ អភិរក្សបរិស្ថាន និង អភិវឌ្ឍធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការ អភិវឌ្ឍបម្រើឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ», ដោយយើងត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីប្រែក្លាយតំបន់តាមដងទន្លេឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ សំដៅរួមចំណែកការបង្កើនការងារ, ប្រាក់ចំណូល, ការចូលរួមកាត់បន្ថយ ភាពក្រីក្រ និង ការការពារបរិស្ថានធនធានធម្មជាតិ ។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំរៀបចំពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ «ទន្លេ ដើម្បីសន្តិភាព និង ការអភិវឌ្ឍ”ដ៏អធិកអធម និង ពោរពេញដោយភាពសប្បាយរីករាយនេះ ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបើក «ពិធីបុណ្យទន្លេលើកទី ៨ ឆ្នាំ ២០២៤» និងយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ ២០២៤», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ សូមមានសុខភាពល្អ និង ទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព, និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ៕