រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំចរចាកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសជាដៃគូចំនួន៧ប្រទេស

បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀង DTA ជាមួយរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសជាដៃគូចំនួន៧ទៀត រួមមាន ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាត់អារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។

គួរបញ្ជាក់ថា បច្ចុប្បន្នកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) រវាងកម្ពុជាជាមួយបណ្ដាប្រទេសដែលជាយុត្តាធិការដៃគូចំនួន១១ និងដែលមានប្រសិទ្ធភាពអនុវត្ត រួមមាន៖ សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ ចំពោះនិវាសនជននៃប្រទេសដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈសម្បត្តិជាមុន មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA។

គួរកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) មិនគ្រាន់តែបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិទៀតផង។ ក្នុងន័យនេះ DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលរួមមានជាអាទិ៍៖ ការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន ការទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធ រវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ