សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យដែលត្រឹមត្រូវ អាចធ្វើឱ្យយើងដាក់ចេញផែនការត្រឹមត្រូវ ហើយទិន្នន័យគ្រប់ជ្រុងជ្រោយអាចធ្វើឱ្យយើងធានានូវនិរន្ដភាពនិងប្រសិទ្ធិភាពនៃការអនុវត្ដ

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដល់ក្រសួងផែនការ ក្នុងការប្រៀបធៀបរៀបចំផែនការនិងស្ថិតិ ដោយក្នុងនោះសម្ដេចធិបតី បានលើកឡើងថា ទិន្នន័យត្រឹមត្រូវ អាចធ្វើឱ្យយើងដាក់ចេញផែនការត្រឹមត្រូវ ហើយទិន្នន័យគ្រប់ជ្រុងជ្រោយអាចធ្វើឱ្យយើងធានានូវនិរន្ដភាពនិងប្រសិទ្ធិភាពនៃការអនុវត្ដ។ សម្ដេចថា បច្ចុប្បន្នបើគេចង់ធ្វើអ្វីមួយ គឺគេត្រូវផ្ដោតទៅលើវិទ្យាសាស្រ្ដទាំងអស់ ដោយមិនអាចគ្រាន់តែទស្សទាយបានោះទេ។

សម្ដេចបានបន្ដថា យើងត្រូវមានផែនការយូរអង្វែងដោយប្រៀបធៀបនិងតាមដាននូវការវិវឌ្ឍនៃវិស័យសេដ្ឋកិច្ច និងការប្រែប្រួលលើពិភពលោក ជាពិសេសលើវិស័យនយោបាយនិងសន្ដិសុខជាតិ ដែលជាមូលដ្ឋាននៃការកសាងផែនការរបស់យើង ជាពិសេសការរៀបចំនូវផែនការយុទ្ធសាស្រ្ដរយៈពេលវែង ដូចជាយុទ្ធសាស្រ្ដបញ្ចកោណជាដើមដែលមានរយៈពេល២៥ឆ្នាំ។ បើយើងរៀបចំផែនការតាមតែអារម្មណ៍ និងការនឹកឃើញ ១ឆ្នាំម្ដង ២ឆ្នាំម្ដង ដោយគ្មានទិសដៅ គ្មានសង្គតិភាពរយៈពេលវែងទេ យើងនឹងច្រលំបល់ ហើយធនធានមនុស្សរបស់យើងក៏មិនអាចធានាបានដូចគ្នា។ ដូច្នោះការរៀបចំផែនការគឺជារឿងសំខាន់ណាស់ ពោលគឺសំខាន់ទៅលើការរៀបចំ ប្រមូលវិភាគទិន្នន័យបានច្បាស់លាស់។

ទន្ទឹមនឹងនេះ ការងារប្រជាជននិងការអភិវឌ្ឍ ប្រៀបដូចទៅនឹងដងខ្លួនមនុស្សទាំងមូល។ ក្នុងន័យនេះ ការរៀបបចំផែនការមួយដែលមានលក្ខណៈគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការសង្គម ទាមទារនូវទិន្នន័យចាំបាច់ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព។ ដូច្នេះការងារផែនការ ស្ថិតិ ប្រជាជន និងការអភិវឌ្ឍត្រូវតែអនុវត្ដ និងត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រមចុល្លភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលនឹងបង្កើតជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ និងអនុវត្ដការងារកែទម្រង់ដែលមានសង្គតិភាព ទាំងការពង្រឹងអភិបាលកិច្ចនិងការពង្រឹងគុណភាពស្ថាប័ន។ នៅក្នុងន័យនេះ ការគ្រប់គ្រងទិន្នន័យ វិភាគទិន្នន័យ និងការប្រមូលទិន្នន័យគឺមានភាពចាំបាច់ណាស់ ដែលទាមទារឱ្យក្រសួង ស្ថាប័ននីមួយៗត្រូវពង្រឹងសមត្ថភាពមន្រ្ដីរបស់ខ្លួនឱ្យមានសមត្ថភាពក្នុងការប្រមូលទិន្នន័យ។

សម្ដេចបន្តថា រាជរដ្ឋាភិបាលមាន៣០ស្ថាប័ន ហើយបើស្ថាប័ននីមួយៗយកទិន្នន័យរបស់ខ្លួនទៅធ្វើផែនការនោះ ប្រាកដជាវីវរមិនខាន។ ដូច្នេះហើយយើងត្រូវមានតួអង្គរួមមួយដែលជាអ្នកសំយោគនិងជាអ្នកដាក់ចេញនូវផែនការសម្រាប់ស្ថាប័នទាំងជាង៣០អនុវត្ត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ