សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ៩ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅក្នុងវិស័យមុខងារសាធារណៈ

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ៩ចំណុចដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ សំដៅពង្រឹងប្រសិទ្ធភាពការងារវិស័យមុខងារសាធារណៈ។
 
ការណែនាំទាំង៩ចំណុចនោះរួមមាន៖
ទី១-បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួងស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត» ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេសមន្ត្រីជំនាញ ដែលធានាឱ្យបានការបំពេញឱ្យត្រូវ។
 
ទី២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងមុខងារមន្ត្រី គោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។ ក្នុងន័យនេះ «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានាបាន នូវប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពសម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន»។
 
ទី៣-ក្រសួងមុខងារសាធារណៈក្នុងមុខងារជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈត្រូវជំរុញការរៀបចំផែនការសកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យបានរួចរាល់ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីដាក់អនុវត្តឱ្យបានពេញលេញនូវវិធានការគន្លឹះទាំង៣ រួមមាន៖ (i) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (ii) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង(iii) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
 
ទី៤-គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយ ក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថ ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
 
ទី៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវ «អភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការដឹកនាំការសម្របសម្រួល ការរៀបចំ និងការអនុវត្ត គោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយត្រូវគិតគូរដល់ការសម្រេច ចក្ខុវិស័យ និងគោលបំណងរួមរបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ដែលលទ្ធផលចុងក្រោយនោះ គឺគ្រប់សកម្មភាព និងសេវារបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបានអនុវត្តជាក់ស្ដែងដើម្បីបម្រើផលប្រយោជន៍ប្រជាជនជាធំ និងត្រូវបម្រើប្រជាជនឱ្យកាន់តែប្រសើរ។
 
ទី៦- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានថា រាល់គោលនយោបាយ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ ព្រមទាំងមុខងារ និងភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាព និងមន្ត្រីដែលបានកំណត់ ត្រូវបានអនុវត្តដោយពិតប្រាកដ និងត្រឹមត្រូវ ព្រមទាំងចំណុចអវិជ្ជមាន និងបញ្ហាប្រឈមទាំងឡាយ ត្រូវបានកំណត់ និងវាយតម្លៃច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ និងកែលម្អជាបន្តបន្ទាប់ ដោយមិនត្រូវទុកបញ្ហាប្រឈម គ្មានដំណោះស្រាយនោះទេ។ ជារួម ដំណើរការ នៃរដ្ឋបាលសាធារណៈត្រូវមានការត្រួតពិនិត្យ វាយតម្លៃ និងកែលម្អជាប្រចាំ។
 
ទី៧-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្តី្រ និងស្ថាប័នជាប្រចាំ តាមរយៈការចែករំលែក និងការបើកចំហរទស្សនៈទទួលយកនូវចំណេះដឹងថ្មីៗ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈទាំងសម្រាប់កម្រិត ដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ការកសាងនិងពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និងប្រតិបត្តិការការងារនៅ តាមអង្គភាពនីមួយៗ ការកសាងវប្បធម៌ផ្តល់សេវាល្អរបស់អង្គភាព ការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈ និងការកែប្រែឥរិយាបថរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
 
ទី៨-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួម និងគាំទ្រដល់ដំណើរការន ការកសាងរដ្ឋបាលសាធារណៈឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្មដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗដោយការដ្ឋានកែទម្រង់ទាំងឡាយ របស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ។
 
ទី៩-ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ព្រមទាំងជំរុញនិងលើកកម្ពស់ការទទួលយក ការសម្របខ្លួន និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដើម្បីធានាបាននូវគុណភាព នៃសេវាសាធារណៈ ដែលប្រកបដោយលក្ខណៈសម្បត្តិ ភាពងាយស្រួលក្នុងការទទួលសវា សេវាឆ្លើយតបនឹងសេចក្តីត្រូវការសេវាឆាប់រហ័ស និងចំណាយសមស្រប និងមាន ប្រសិទ្ធភាព៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ