ការផ្តល់ឥណទានជាប្រាក់រៀលមាន២៥% នៃចំនួនឥណទានសរុប ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ខណៈបញ្ញើជាប្រាក់រៀលមាន ១៦%

(ភ្នំពេញ)៖ ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ឥណទានជាប្រាក់រៀលកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប ចំពោះតួលេខនេះបានបង្ហាញពីកំណើននៃ ទំនុកចិត្តនៃការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រជាពលរដ្ឋ។ នេះបើតាមរបាយការរណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើន គួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀល ក្នុងឆ្នាំ២០២៣។

តាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា «ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀល បានកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប តួលេខនេះកើនលើសកម្រិតកំណត់ ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំ លើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យ ចំពោះការលើកកម្ពស់ភាពលេចធ្លោ របស់ប្រាក់រៀល នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង»។

តាមរបាយការណ៍បញ្ជាក់ថា សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥.៥៦ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយរៀល តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើនឡើងដល់ ១.៥២ពាន់ពាន់លានរៀល។
ទិន្នន័យនេះបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ នៃទម្លាប់សន្សំរបស់សាធារណជន ឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «វិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដែលសមាជិកបានអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់តួនាទីរបស់ប្រាក់រៀល ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងធ្វើឱ្យទំនាក់ទំនង រវាងសហគមន៍ និងរូបិយប័ណ្ណជាតិ កាន់តែមានភាពស៊ីជម្រៅ កិច្ចខិតខំប្រឹងប្រែងនេះមានសារៈសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នៃវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានភាពធន់»។

លោកស្រីបានបន្ដថា ឥណទានមីក្រូហិរញ្ញវត្ថុ បានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត ហើយអន្តរាគមន៍នៃឥណទាន តាមវិស័យគោលដៅដ៏ច្បាស់លាស់នេះ មិនត្រឹមតែបានជំរុញសកម្មភាព សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ របស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការគាំទ្រការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាទៀតផង។

លោកស្រីបញ្ជាក់ថា «សកម្មភាពទាំងនេះបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដ៍ទូលំទូលាយ ប្រតិបត្តិការទូទាត់ជាប្រាក់រៀល តាមរយៈប្រព័ន្ធទូទាត់បាគង បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើង៣,៤ដង ខ្ពស់ជាងខ្លាំងធៀបនឹងកំណើនប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ ដែលគូសបញ្ជាក់ពីភាពជោគជ័យនៃរូបិយប័ណ្ណជាតិ។ កំណើននេះបង្ហាញពីដំណើរទៅមុខរួមគ្នា ឆ្ពោះទៅរកការពង្រឹងតួនាទីរបស់ប្រាក់រៀល ក្នុងនាមជាមធ្យោបាយនៃការដោះដូរទំនិញ ដែលជួយកាត់បន្ថយគម្លាតរវាងពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មបែបប្រពៃណី នេះជាការបង្ហាញឲ្យច្បាស់អំពីដំណើររបស់កម្ពុជា ឆ្ពោះទៅរកភាពស្វ័យម្ចាស់ការ និងនិរន្តរភាពផ្នែកសេដ្ឋកិច្ច»។

លោកស្រីបានបន្ថែមថា ក្រឡេកមើលសមិទ្ធិផលក្នុងឆ្នាំ២០២៣វិញ កិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈគ្រឹះស្ថានសមាជិក របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញយ៉ាងខ្លាំងឱ្យមានការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមទាំងនេះបានពង្រឹងតួនាទី និងភាពជឿជាក់លើប្រាក់រៀល ជាជំហ៊ានវិវត្តដ៏មានសារៈសំខាន់ ហើយ វឌ្ឍនភាពនេះមិនត្រឹមតែឈានទៅរកការពង្រឹងតួនាទី របស់ប្រាក់រៀលប៉ុណ្ណោះទេ ថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ