សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅតំបន់១ តំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមក រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

CMF:

ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី
មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដា​ប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស
អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ជាទីស្រឡាញ់រាប់អាន

(១) សម្តេចតេជោធ្លាប់បានជួបអ្នករុនតាឯកនិងពាក់ស្នែង ដែលផ្លាស់ប្តូរលំនៅចេញពីតំបន់ប្រាសាទអង្គរវត្ត ៤ លើកក្នុងរយៈពេលមួយឆ្នាំ

អរគុណចំពោះការរៀបចំនូវកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកជួបជាមួយលោកតា​ លោកយាយ អ៊ំ ពូ មីង។ ចូលមកអម្បាញ់មិញមានអារម្មណ៍ពីរ។ ទី១ រំភើប និងទី២ ធ្លាក់ថ្លើម។ រំភើបត្រង់ថាជួបជាមួយអ៊ំ ពូ មីង ជាពិសេសក្មួយៗ ថា នៅក្រៅដូចស្អាត ចូលទូរទស្សន៍ទៅដូចអត់ស៊ីកាមេរ៉ាសោះ។ កំពុងតែសប្បាយចិត្ត ស្រាប់តែមានក្មួយស្រីម្នាក់ហៅលោកតា។ ធ្លាក់ថ្លើមក្តុក។ ខ្ញុំគេហៅត្រឹមអ៊ំ អូខេ ដល់ហៅដល់តា ដូចចង់ម៉េចទេ។ សង្ស័យអញ្ចេះ គឺ៤ លើកមុនប្រហែលជួបជាមួយនឹងសម្តេចតេជោ។ សម្តេចតេជោអាយុច្រើន តែគាត់ក្មេង។ ដល់ខ្ញុំអាយុតិច តែចាស់។ ខុសគ្នាត្រង់សក់ សម្តេចតេជោអត់មានស្កូវមួយសរសៃទេ តែហ៊ុន ម៉ាណែត សក់ស្កូវចង់ ៧០% ហើយ … សូមពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពិសេសអ្នកនៅរុនតាឯក និងនៅតំបន់ពាក់ស្នែង ដែលត្រូវផ្លាស់ប្តូរចេញពីតំបន់ប្រាសាទអង្គរវត្ត។ សម្តេចលោកបានជួបជាមួយប្រជាពលរដ្ឋនៅទីនេះ៤ លើក ក្នុងរយៈពេលតែមួយឆ្នាំ។ នៅក្នុង៤០ ឆ្នាំជាងដែលលោកដឹកនាំ ប្រហែលជាមិនមានកន្លែងច្រើនទេ ដែលលោកមកក្នុងតែរយៈពេលប៉ុន្មានខែជាប់ៗគ្នា។ មូលហេតុអ្វី? ព្រោះដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការចុះបញ្ជាផ្ទាល់និងដោះស្រាយបញ្ហា

(២) អភិវឌ្ឍដើម្បីបច្ចុប្បន្ននិងអនាគត មិនភ្លេចបុព្វហេតុអភិរក្សកេរ្តិ៍ដំណែលដូនតា

លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ, បើនិយាយពីតំបន់ដែលយើងកំពុងអភិវឌ្ឍនេះ(រុនតាឯក)និងតំបន់ពាក់ស្នែង ដែលនៅមិនទាន់រៀបរយនិងមានប្រជាពលរដ្ឋចូល(ទៅរស់នៅ)ទេ វាជានិមិត្តរូបនៃការអភិវឌ្ឍដើម្បីអភិរក្ស។ យើងរួមគ្នាអភិវឌ្ឍដើម្បីកូនចៅប្រជាពលរដ្ឋក្នុងសម័យបច្ចុប្បន្ននិងទៅអនាគត ប៉ុន្តែ​ក៏មិនភ្លេចពីបុព្វហេតុនៅក្នុងអភិរក្សនូវកេរ្តិ៍ដំណែលដូនតារបស់យើង … នៅលើទង់ជាតិរបស់យើងមានរូបប្រា​សាទអង្គរវត្ត(អង្គរតូច) ដែលជានិមិត្តរូបនៃដួងព្រលឹងជាតិ ហើយជានិមិត្តរូបខ្មែរ។ នៅក្រៅប្រទេស ទៅកន្លែងណា បើសិនប្រាប់កម្ពុជាគេក៏និយាយភ្លាមពី អង្គរវត្តជានិមិត្តរូប។ មិនគ្រាន់តែជាប្រាសាទមួយដែលយើងដាក់នៅក្នុងទង់ជាតិនោះទេ ប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ជានិមិត្តរូបនៃអាណាចក្រកម្ពុជា សម័យដែលប្រ​ជា​ជាតិ/អាណាចក្រខ្មែរឈានដល់កម្រិតមួយដែលខ្ពស់នៅក្នុងអតីតកាល។ បើតាមប្រវតិ្តសាស្ត្រចារ សម័យអង្គរ ពីសតវត្សរ៍ទី៩ រហូតទៅដល់សតវត្សរ៍ទី១៥ ដែលការកសាងអង្គរវត្តនេះមានពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣ បើតាមប្រវតិ្តនៃប្រាសាទចុងក្រោយ យើងកសាងប្រាសាទដូចជាបាយ័ន … បុព្វបុរសបានកសាង ៤០០ ឆ្នាំជាប់គ្នា តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ រហូតដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ … អារ្យធម៌យើងបានឡើងខ្ពស់។

(៣) រហូតឆ្នាំ១៩៩២ ដែលប្រាសាទអង្គរវត្តចូលជាបេតិកភណ្ឌពិភពលោក ទើបមានការអភិរក្សប្រាសាទ

ជាអកុសល ក្រោយពីសម័យដែលបញ្ចប់ការសាងសង់អង្គរនាឆ្នាំ១៤៣២ សតវត្សរ៍ទី១៥ កម្ពុជាចាប់ផ្តើមបែកបាក់ ហើយក៏ធ្លាក់ចុះ … តំបន់ប្រាសាទអង្គរវត្តនេះបានប្រឈមនឹងហានិភ័យ ដែល​ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងថ្នាក់ដឹកនាំយើងនៅដើមឆ្នាំ១៩៩១ បានសុំឲ្យអង្គការអន្តរជាតិមកជួយ។ ពីដំបូង មិនមែនសុំអោយជួយដាក់ជាបេតិកភណ្ឌដើម្បីឲ្យទេសចរណ៍បានឃើញ(នោះទេ) តែសុំអោយ​សង្គ្រោះពីហានិភ័យ ដោយសាររាប់សិបឆ្នាំនៃការច្បាំងគ្នានិងការទុកចោល។ ចាប់ពីនោះមក ខែធ្នូ ឆ្នាំ ១៩៩២ ប្រាសាទអង្គរវត្តត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក … ចាប់ពីពេលនោះមក … មិត្តអន្តរជាតិបានជួយស្តាររហូតដល់ឆ្នាំ២០០៤ … បើយើងនិយាយពីរយៈពេល៤០០ ឆ្នាំ ដែលបុព្វបុរស ព្រះមហាក្សត្រខ្ទង់ជាង២០ អង្គ ដូនតារបស់យើងរាប់ពាន់/រាប់ម៉ឺននាក់ ចូលរួមកសាងផ្ទាល់ ប្រហែលជាអាចមានខ្សែស្រឡាយអ្នកនៅទីនេះផង។ យើងជាកូនខ្មែរ។ ជំនាន់អង្គរក៏ជាខ្មែរ។ ដែលគាត់ខិតខំកសាងសម័យនោះមិនមែនស្រួលដូចឥឡូវទេ។ មិនមានអេស្កាវ៉ាទ័រទេ។ លោកយាយ លោកតាប៉ុន្មាននាក់ស្គាល់តាម៉េត? សុំលើកដៃបន្តិចមើល។ សុំឯកឧត្តម ខៀវ សាម៉េត ងើបបន្តិច។ ប្រហែលជាស្គាល់ច្រើន។ សម័យបុព្វបុរសកសាងអង្គរវត្ត អត់មានតាម៉េត អត់មានអេស្កាវ៉ាទ័រ មិនមានប៊ុលដូហ្សើឈូសដីទេ។ ប្រើដំរី ប្រើមនុស្ស ប្រើកម្លាំងរាប់សិបឆ្នាំ។ ហ្នឹងហើយបានថាជាសម្បតិ្តវប្បធម៌មិនអាចកាត់ថ្លៃបាន។

(៤) តំបន់រមណីយដ្ឋានប្រាសាទអង្គរជាង ៤០០ គីឡូម៉ែត្រការ៉េ ដូនតាបានកសាង៩១ ប្រាសាទតាំងពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣

ក្នុងមួយឆ្នាំជាងនេះ យើងបានដាក់ចូលខ្ទង់រយលានដុល្លារហើយ ក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ។ យើងអាចវាស់បានជាថ្លៃស៊ីម៉ង់ ថ្លៃសាំង ថ្លៃប្រេង។ បើមានការ(អ្វីមួយ) យើងអាចថយវិញ។ តែប្រា​សាទដែលសង់ពី ១២០០ ឆ្នាំជាងមុន យើងមិនអាចត្រឡប់ក្រោយវិញបានទេ។ លោកតា/យាយ អ៊ំ ពូ មីង បើនឹងយកបច្ចេកវិទ្យាបច្ចុប្បន្ន ទៅកសាងក៏មិនអាចដូច(បច្ចេកវិទ្យាដែលមាន)អាយុ១២០០ ឆ្នាំបានដែរ។ នេះហើយ(ជា)សម្បត្តិវប្បធម៌ដែលយើងមិនអាចកាត់ថ្លៃបាន និងដែលយើងបានដាក់ចូលជាបេតិកភណ្ឌពិភព​លោក។ មកដល់ម៉ោងនេះ យើងបានដាក់ប្រាសាទកោះកេរ្តិ៍ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក(ជាបេ​តិក​ភណ្ឌពិភពលោក)។ តំបន់រមណីយដ្ឋានប្រាសាទអង្គរនេះមានទ្រង់ទ្រាយធំ ដែលបើគិតជាទំហំមាន ៤០០ គីឡូជាងម៉ែត្រការ៉េ … ឬ ៤ម៉ឺនហិកតា​ជាង … យើងមិនដាក់តែតួប្រាសាទទេ។ ដាក់តំបន់ទាំង​មូលតែម្តង។ ជាង៤០០ ឆ្នាំមុននេះ ដូនតាយើងបានកសាង ៩១ ប្រាសាទ គឺតាំងពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។ យើងត្រូវថែទាំ មិនថាប្រាសាទតូចប្រាសាទធំ គឺយើងត្រូវតែថែទាំទាំងអស់គ្នា ព្រោះមានតម្លៃមិនអាចកាត់ថ្លៃបានទេ លោកតា លោកយាយ អ៊ំ ពូ មីង។ ផ្សារនេះធ្វើហើយ បើថ្ងៃក្រោយខុស មានបញ្ហាអាចវាយជួសជុលវិញ … តែចំពោះប្រាសាទអង្គរយើង ឬប្រាសាទទាំង៩១ យើងមិនអាចត្រឡប់ទៅក្រោយ១ ពាន់ឆ្នាំ ២ពាន់ឆ្នាំ វិញបានទេ …។

(៥) នយោបាយបើកចំហរជើងមេឃនិងការដាក់ប្រាសាទអង្គរជាបេតិកភណ្ឌពិភពលោក បានទាញទេសចរនិងប្រែក្លាយសៀមរាបជាប៉ូលសេដ្ឋកិច្ច

តាំងពីសម័យសង្គ្រាមចប់ ជាពិសេសនៅតំបន់អង្គរវត្ត តាំងពីយើងដាក់ជាបេតិកភណ្ឌ គួបផ្សំជាមួយគោលនយោបាយចំហជើងមេឃរបស់សម្តេចតេជោ ខេត្តសៀមរាបទាំងមូល ជាពិសេសតំបន់ប្រាសាទអង្គរមួយនេះ បានក្លាយជាដែកឆក់ទាក់ទាញការចាប់អារម្មណ៍របស់ទេសចររាប់លាននាក់(អោយមកទស្សនា) ធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ដែលធ្លាប់តែជាខេត្តមួយស្ងាត់ជ្រងំ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចមួយ។ តំបន់ប្រាសាទអង្គរវត្តដែលជាតំបន់ធ្លាប់តែស្ងាត់ជ្រងំ មិនសូវមានមនុស្ស ក៏មានប្រជាជនកើនឡើង ហើយមានទេសចរណ៍ និងសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនយើង ជាមួយគ្នា … ការរីកចម្រើននេះបង្ហាញនូវជ្រុងមួយនៃហានិភ័យរបស់យើង។ ពេលដែលយើងដាក់ប្រាសាទនិងតំបន់រមណីយដ្ឋាន ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោ​ក យើងត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែលយូនេស្កូបានតម្រូវ ដើម្បី ទី១ ប្រាសាទរបស់យើងក្លាយជាបេតិកភណ្ឌពិភពលោក ជាសម្បតិ្តមនុស្សជាតិ និងទី២ ទទួលផលពីការជួយបច្ចេកទេសថែរក្សារាប់ពាន់ឆ្នាំតទៅទៀត។ ប្រាសាទរបស់យើង(ដែលមានអាយុ) ១២០០ ឆ្នាំ(មកហើយ) ត្រូវបានការធានានិងថែរក្សាឲ្យបានរាប់ពាន់ឆ្នាំទៅទៀត។

ប្រជាពលរដ្ឋយើងកើតមកច្រើន។ លោកយាយម្នាក់បានជូនពរខ្ញុំអោយមានអាយុ ១២០ ឆ្នាំ។ ខ្ញុំគិតថាយ៉ាងច្រើនម្នាក់ៗ បាន ១៥០ ឆ្នាំចុះ ក៏សប្បាយចិត្តហើយ … តែព្រលឹងជាតិរបស់យើងត្រូវនៅរាប់ពាន់ឆ្នាំ។ ប្រាសាទដែលជាកេរ្តិ៍ដំណែលរបស់ដូនតាកសាងជាង ១០០០ ឆ្នាំហើយ ត្រូវបន្តនៅរាប់ពាន់ឆ្នាំតទៅទៀត … (ដោយហេតុនេះ) រាជ​រដ្ឋាភិបាលមានសេចក្តីត្រូវការជ្រើសរើស … ប្រាសាទអង្គរវត្ត កាលពីឆ្នាំ១៩៩១ នៅក្នុងស្ថានភាពមានហានិភ័យ ប្រឈមនឹងគ្រោះថ្នាក់។ ប្រាសាទយើងមួយចំនួនដួលរលំ។ កន្លងទៅយើងបានកសាងឡើងវិញ​ ដូចជាប្រា​សាទបន្ទាយឆ្មារជាដើម។ វាយប្រហារគ្នា ហើយទុកចោល ដួលអស់តែម្តង។ ឥឡូវយើងផ្គុំឡើងវិញ។ រាប់ឆ្នាំទម្រាំតែបាន(ឈរជាប្រាសាទ)។ បើប្រាសាទអង្គរវត្តមានបញ្ហា ឬមួយប្រាសាទណានៅក្នុង(តំបន់រមណីយ៍ដ្ឋាន)ហ្នឹង ជាប្រាសាទតូចប្រាសាទធំ មានបញ្ហា យើងមិនអាចជួសជុលថែទាំបាន … សំខាន់បំផុត បើយើងមិនទទួលអនុវត្តតាមលក្ខខណ្ឌនេះ តំបន់ប្រាសាទទាំងមូលអាចត្រូវបានដកចេញពីបញ្ជីនៃបេតិកភណ្ឌជាតិ។

(៦) ដូរទីតាំងព្រលានយន្តហោះដើម្បីទទួលយន្តហោះធំ ការពារប្រាសាទពីរំញោច និងរុញកំណើនសេដ្ឋកិច្ច

ប្រទេសមួយចំនួនត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌដោយសារមិនគោរពលក្ខខណ្ឌ … វានឹងជាការសោកស្ដាយ (បើសិនជា)និមិត្តរូបនៃជាតិដែលក្លាយទៅជាសម្បត្តិវប្បធម៌មនុស្សលោក ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានដកចេញដោយ(អង្គការយូណេស្កូ) (ដោយសារតែ)យើងមិនអាចធានាបាននូវលក្ខខណ្ឌបរិស្ថានមួយចំនួន ហើយយើងជំនាន់ក្រោយ ជាកូនចៅរបស់បុព្វបុរសដែលខំកសាង ៤០០ឆ្នាំមុន ទុកឱ្យ ហើយ(ក្នុង) ១០០០ ឆ្នាំក្រោយរួមគ្នាថែទាំមិនបាន តើយ៉ាងម៉េច? អញ្ចឹងហើយ បានជារាជរដ្ឋាភិបាលបានចាត់វិធានការគឺ (ដូរផ្លាស់ទីតាំងព្រលានយន្តហោះ ដែល)ថ្ងៃមុន ខ្ញុំទើបនឹងទៅសម្ពោធព្រលានយន្តថ្មីនៅសូទ្រនិគមនិងជីក្រែង។ យើងត្រូវចល័តព្រលានយន្តហោះ។ ទោះបីជាឆ្ងាយបន្ដិច ប៉ុន្តែវាជួយជាផលប្រយោជន៍ការអភិវឌ្ឍផង អាចយន្តហោះធំ(ចុះបាន)ផង កំណើនសេដ្ឋកិច្ចនៅកន្លែងនោះផង ហើយសំខាន់បំផុតការពារនូវប្រាសាទរបស់យើង កុំឱ្យមានរំញោច កុំឱ្យមានជាតិពុលអីផង។ នេះជានិមិត្តរូបនៃការអភិវឌ្ឍរួមជាមួយនឹងការអភិរក្សក្នុងពេលជាមួយគ្នា …។

(៧) រាជរដ្ឋាភិបាលជ្រើសយកទាំងប្រាសាទទាំងប្រជាជន

នៅតំបន់អង្គរយើងកន្លងទៅ ធ្លាប់មានបងប្អូនអ្នកវិនិយោគអចលនទ្រព្យខ្លះគិតថា ស្ដាយថ្លៃដី ចាំបាច់ដាក់តំបន់ហាមឃាត់ធ្វើអី មិនឱ្យនៅហ្នឹងធ្វើអគារខ្ពស់ៗ អភិវឌ្ឍធ្វើស្អីៗជុំវិញ ឱ្យដីឡើងថ្លៃ។ យើងគួរគិតថា តើតម្លៃនៃអគារ តម្លៃនៃចំណូលក្នុងសទវត្សទី ២១ ២២ ២៣ វាស្មើនឹងតម្លៃនៃ​បេតិកភណ្ឌ និងកេរ្ដិ៍ដំណែលវប្បធម៌ ដែលយើងបានកសាងពី១០០០ ឆ្នាំមុនឬទេ។ យើងមិនអាចកាត់ថ្លៃបានទេ។ កន្លែងច្រើនណាស់ដែលយើងអាចអភិវឌ្ឍ មិនហាមឃាត់ទេ។ តំបន់មួយចំនួន (យើង)ត្រូវការពារ។ ដើម្បីអី្វ? ដើម្បីជាតិខ្មែរ។ គេសួរថារវាងប្រាសាទ និងប្រជាជន តើរដ្ឋាភិបាលយកមួយណា? ចម្លើយស្រួល ប៉ុន្តែវាលំបាក។ ចម្លើយស្រួលត្រង់ថា យើងរើសទាំងពីរ មិនបាច់គិតទេ ទាំងកេរ្ដិ៍ដំណែលដូនតានិងប្រជាពលរដ្ឋយើង ត្រូវតែជាអាទិភាពធំដាច់ខាតសម្រាប់រដ្ឋាភិបាល … យើងត្រូវរើសទាំងពីរ … ប៉ុន្តែអ្វីដែលលំបាក តើយើងសម្រេចភារកិច្ចយ៉ាងណា? មិនមែនជាការសម្រេចចិត្តដោយស្រួលៗនោះទេ … (តើការរើទីលំនៅ)ទៅហ្នឹង(មានជីវភាពដូចម្តេច)។ បើយើងមិនរួមគ្នាធ្វើទេ ហានិភ័យនៃកំណើនប្រជាជនកាន់តែខ្លាំងអាចប៉ះពាល់ដល់តំបន់ហ្នឹង ឬមួយក៏ត្រូវដកចេញពីបញ្ជី និងអាចប៉ះពាល់ដល់យូរឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ មិនអី តែរាប់រយរាប់ពាន់ឆ្នាំទៅទៀត រាប់រយទសវត្ស។ យើងនឹងពិបាក (ប៉ះពាល់ដល់)មោទនភាពនិងកិត្តិយសជាតិរបស់យើងផង។

(៨) “រុនតាឯក” ពីដីទទេរ ក្លាយជា “បុរីជនបទ”

អញ្ចឹងហើយ រាជរដ្ឋាភិបាលបានដាក់ទិសដៅ(រៀបចំទីលំនៅថ្មីនេះ) ហើយគម្រោងនេះធំណាស់។ អម្បាញ់មិញ មុននឹងចុះខ្ញុំជិះមើល។ នៅភ្នំពេញ គម្រោងវិនិយោគបុរីនីមួយៗ ខ្ញុំថាយកភ្នំពេញទាំងអស់ ហើយបូកបញ្ចូលគ្នា ប្រហែលជាមិនស្មើទេ ព្រោះនៅ(រុនតាឯកនេះ)ធំមែនទែន ចូលរាប់ពាន់ហិកតា។ នេះដូចជាអ្វីដែលឯកឧត្តម សាយ សំអាល់ (រដ្ឋមន្រ្តីក្រសួង)ដែនដីបាននិយាយ គឺជា “បុរីជនបទ”។ ដូនតារបស់យើង(បានប្រើពេល) ៤០០ឆ្នាំ (តែតំបន់តាំងលំនៅថ្មីរុនតាឯកនេះ) ប្រើតែ តា(ខេង សា)ម៉េត ម្នាក់ឯង (និង)ក្រុមរបស់គាត់ ក្នុងរយៈពេល ៤០០ថ្ងៃ បានប្រែក្លាយពីដីទទេរ ក្លាយទៅជាតំបន់ប៉ុណ្ណេះ។ ក្នុងតែ ៤៧០ថ្ងៃ ក្រោម ៥០០ថ្ងៃ ចេញលទ្ធផល ដែលយើងបានប្រែក្លាយពីដីទទេរ កន្លែងមិនមានអ្វីទាំងអស់ ទៅជាកន្លែងដែលមានហេដ្ឋរចនាសម្ព័ន្ធ មានផ្លូវជាង ១៦៥គីឡូ​ម៉ែត្រ ហើយយើងបានធ្វើផ្លូវកៅស៊ូនិងផ្លូវបេតុង ដែលផ្លូវកៅស៊ូធ្វើបាន ៤៥ គីឡូហើយ។ គ្រោងធ្វើផ្លូវបេតុងតាមប្រព័ន្ធផ្លូវខ្វាត់ខ្វែងនេះ ចូលជាង ២០០ខ្សែ ជិត ៣០០ខ្សែ បេតុង ៥៥ខ្សែ និងជាង ២០០ខ្សែទៀត យើងធ្វើផ្លូវកៅស៊ូ។

(៩) ដើម្បីព្រលឹងជាតិ គឺបេតិកភណ្ឌសម្បត្តិវប្បធម៌ និងដើម្បីជីវិតជាតិគឺប្រជាជន

ខ្ញុំទទួលស្គាល់ថា យើងមិនអាចជប់ចេញទាំងអស់ក្នុងពេលតែមួយឆ្នាំនេះទេ។ បើសិនជាជប់ចេញ យប់មិញមុននឹងមកខ្ញុំជប់ឱ្យចេញផ្ទះម្នាក់ ១០០ជាន់បាត់ហើ​យ។ខ្ញុំជប់យន្តហោះឱ្យម្នាក់មួយហើយ។ តែខ្ញុំជប់មិនចេញ។ ប៉ុន្តែអ្វីដែលរាជរដ្ឋាភិបាលធានាគឺយើងមិនឱ្យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេញមក អត់បានទទួលការយកចិត្តទុកដាក់សោះនោះទេ។ យើងខិតខំគ្រប់បែបយ៉ាង។ សម្ដេចតេជោ ចុះមកទីនេះផ្ទាល់ ៤ដង។ ថ្ងៃនេះ ខ្ញុំបានមកកាន់ទីនេះដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តជម្រុញកសាងកន្លែងនេះឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ … (ព្រោះ)ម្ខាងជាព្រលឹងជាតិ និងម្ខាងទៀតជាអាយុជីវិតជាតិ។ ព្រលឹងជាតិ គឺសំដៅទៅលើបេតិកភណ្ឌ សម្បត្តិវប្បធម៌ ដែលទុកឱ្យយើងជានិមិត្តរូបនៃជាតិ ជាពិសេសប្រាសាទអង្គរវត្ត។ ជីវិតជាតិរបស់យើង​ គឺប្រជាជន។ បើប្រជាពលរដ្ឋរបស់យើងស្លាប់ ប្រជាពលរដ្ឋរបស់យើងវេទនា ជាតិយើងក៏ស្លាប់ ជាតិយើងក៏វេទនា។ ក្នុងរយៈពេល ៤០ឆ្នាំនេះ … ខេត្តសៀមរាប បានប្រែពីខេត្តមួយដែលមិនសូវមាននរណាមក (ដែលសូម្បីតែឯកឧត្តម អ្នកតំណាងរាស្រ្ត សៀង ណាំ ដែលគាត់កសាងសណ្ឋាគារខ្នាតធំមុនគេក្នុងឆ្នាំ ១៩៩២ មានអ្នកសើចនឹងគាត់ថា ទៅធ្វើសណ្ឋា​គារអីនៅសៀមរាប។ អ្នកណាមកស្នាក់នៅ) បច្ចុប្បន្ន ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ ហើយជានិមិត្តរូបនៃប្រទេសរបស់យើងផង …។​

(១០) ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធ គួររៀបចំបំពេញលក្ខខណ្ឌជា “ក្រុងរុនតាឯក”

តំបន់នេះក៏ក្លាយ(ទៅជាតំបន់អភិវឌ្ឍន៍មួយ)។ ខ្ញុំមើលកន្លែងនេះ មិនមែនស្រុកធម្មតាទេ។ តាមពិត សម្ដេចតេ​ជោបានឱ្យទិសដៅហើយ មិនមែនជាស្រុកទៀតទេ។ ជាមួយការកសាងហេដ្ឋារចនានេះ គួរតែរៀបចំដើម្បីបំ​ពេញលក្ខខណ្ឌទៅជា “ក្រុងរុនតាឯក” នៅទីនេះ។ អម្បាញ់មិញ (ខ្ញុំឃើញ)មានកន្លែងខ្លះមានផ្ទះថ្ម កន្លែងខ្លះផ្ទះឈើ កន្លែងខ្លះមិនទាន់ធ្វើ។ កន្លែងខ្លះនៅផ្លូវដី កន្លែងខ្លះផ្លូវបេតុងហើយ។ មានភ្លើងចូល ប្រព័ន្ធទឹកក្រោមដី មិនទាន់បាន ១០០ភាគរយ តែយើងនឹងរុញបន្តទៅទៀត … (យ៉ាងណាក្តី) បើប្រៀបធៀប(នឹងស្ថានភាពកាលពី)ជាង ៤០០ថ្ងៃមុន នៅពេលដែលទើបនឹងចុះមកកំណត់និយាមកា នៅពេលទើបដាក់ប៊ុលដូហ្សើមកឈូស ដោះមីនដំ​បូង កន្លែងនេះ បានរីកចម្រើនគួរជាទីកត់សំគាល់ហើយ។ ទម្រាំមួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ ប្រាំឆ្នាំទៀត កន្លែងនេះនឹងបន្តរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធកន្លែងនេះនឹងបន្តរីកទៅជាក្រុងមួយសំខាន់ … ក្នុងរយៈ​ពេល ៣ខែជាង ដែលខ្ញុំត្រូវចុះមកទីនេះ ក៏ដូចជាសម្ដេចតេជោដែលបានចុះមក ៤លើក តាំងពីពេលចាប់ផ្ដើម ជាពិសេសដំណាក់កាលចុងក្រោយនេះ​ គឺដើម្បីបញ្ជាក់ពីការដឹកនាំដោះស្រាយផ្ទាល់តែម្ដង។

(១១) ជំរុញការចេញប័ណ្ណកម្មសិទ្ធដីធ្លីទូទាំងប្រទេស និងបន្តចេញសំរាប់តំបន់រុនតាឯកនិងពាក់ស្នែង

លោកតាលោកយាយ អ៊ំ ពូមីងថា សប្បាយចិត្តបានជួបខ្ញុំ។ ខ្ញុំក៏សប្បាយចិត្តបានជួបជាមួយនឹងអ៊ំ ពូមីង បងប្អូន។ ខ្ញុំក៏សប្បាយចិត្តដែលបានឃើញនូវសមិទ្ធផលដែលកើតមាន(នៅទីនេះ)។ អ្វីទាំងអស់នេះ មិនអាចធ្វើបានទេ បើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ខ្ញុំសូមអរគុណចំពោះគណៈកម្មការអន្តរក្រសួងដែលបានរៀបចំកន្លែងនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និថដែលឥឡូវ ឯកឧត្តម សាយ សំអាល់ ត្រូវបន្តការងារ។ តាំងពីមុនបោះឆ្នោត ដោយបានដឹងតម្រុយហើយថា(នឹងទទួលដឹកនាំរដ្ឋាភិបាល) ខ្ញុំបានប្រាប់​ទៅឯកឧត្តម សាយ សំអាល់ ថាត្រូវតែក្ដាប់ការងារនេះឱ្យជាប់ តាមឱ្យជាប់ … បន្តនិរន្តរភាពជួយគិតគូរ(តំបន់រុនតាឯក)។ គាត់បានធ្វើមែន ដោយចុះក្ដាប់(ការងារនេះ)តាំងពីមុន ហើយក្រោយពីនេះ ចុះជួបអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមជាច្រើន ចំជម្រុញការចេញប័ណ្ណដីធ្លីផ្សេងៗ ហើយរៀបចំ master plan … សូមបន្តការងារនេះ។ មិនទាន់ចប់ទេ។ ថ្ងៃនេះ បានប្រ​កាស ៤៥០០ ប័ណ្ណ(កម្មសិទ្ធិដីធ្លី) … តាមពិតសល់ ៥លានជាងប័ណ្ណ(កម្មសិទ្ធិដីធ្លី)ទៀតនៅទូទាំងប្រទេស។ ត្រូវជម្រុញវាស់វែង យើងចេញប័ណ្ណបន្ត ហើយនៅទីនេះ(រុនតាឯក) និងពាក់ស្នែង ជូនប្រជាពលរដ្ឋ

(១២) នៅរុនតាឯក ដីដែលបានផ្ដល់ជូន មានរៀបចំជា​ប្លង់ ចេញបណ្ណកម្មសិទ្ធ កសាងហេដ្ឋារចនាសម្ព័ន្ធជូន ដើម្បីប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ជាកម្មសិទិ្ធផ្ទាល់ខ្លួនតកូនតចៅ

សូមអរគុណផងដែរដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ អាជ្ញាធរអប្សរា រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងទ័ពយោធភូមិភាគទី២ កងពលធំលេខ២ ដែលជួយដល់ការដឹកជញ្ជូនប្រជាពលរដ្ឋ ជាពិសេសកងវិស្វកម្មសម្ដេចតេជោសៀមរាប … ក៏ដូចជាអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត អាជ្ញាធរស្រុក។ នៅទីនេះមានស្រុកពីរគឺ ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ … នៅពាក់ស្នែងក៏ឃើញមានរបាយការណ៍មកថាបានរៀបចំឈូសឆាយផ្លូវហើយ ប៉ុន្តែមិនទាន់រៀបរយ។ នៅទីនេះ(រុនតាឯក)យើងចូលមកតាំងលំនៅមុន។ ខ្ញុំសូមអរគុណណាស់ ចំពោះការរៀបចំឱ្យចេញជារូបភាពបែបនេះ … សូមអរគុណតួអង្គដែលសំខាន់ ដែលធ្វើឱ្យសមិទ្ធផលយើងចេញជារូបរាង គឺលោកតាលោកយាយ អ៊ំ ពូមីង ប្រជាពលរដ្ឋ(នៅទីនេះ)តែម្ដង។ បើលោកតាលោកយាយ អ៊ំ ពូមីង បងប្អូន មិនចូលរួមនៅក្នុងការអនុវត្តនូវគម្រោងនេះទេ យើងមិនអាចសំរេចជារូបរាងបានទេ។ (យើងរួមគ្នាដោះស្រាយដើម្បី) តំបន់បេតិកភណ្ឌអង្គរវត្តរបស់យើង មានការបំពេញបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស។

(វានឹងក្លាយ)ជាហានិភ័យ (បើយើង)មិនអាចដោះស្រាយបញ្ហា(ជុំវិញតំបន់បេតិកភណ្ឌនេះបាន)។ ខ្ញុំសូមអរគុណណាស់ លោកតាលោកយាយ អ៊ំ ពូមីង បងប្អូនទាំងអស់ ដែលបានស្ម័គ្រចិត្ត ចូលរួមនៅក្នុងការផ្លាស់ប្ដូរទីតាំងមកទីនេះ។ ការរើពីកន្លែងមួយទៅកន្លែងមួយ ហើយជាពិសេសនៅក្នុងរយៈពេលខ្លី របស់លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន មិនមែនជាការងាយស្រួលទេ។ ពិតណាស់ នៅទីតាំងចាស់ យើងមានតំបន់មួយនិងតំបន់ពីរ គឺមានការគ្រប់គ្រង ប្រកបដោយលក្ខខណ្ឌតឹងរឹងណាស់។ យើងមិនអាចផ្ដល់ប័ណ្ណជូន ត្បិតជាដីសាធារណៈរបស់រដ្ឋ។ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដី … ក្រោមលក្ខខណ្ឌ(របស់អាជ្ញាធរ​អប្សរា) ដើម្បីយើងការពារប្រាសាទអង្គរវត្ត។ មកទី(តាំងរុនតាឯក)នេះ យើងមានសេរីភាព។ យើងមានភាពម្ចាស់ការជាង។ ដីដែលបានផ្ដល់ជូន មានរៀបចំជា​ប្លង់ជូន​ កសាងហេដ្ឋារចនាសម្ព័ន្ធជូន រៀបចំបណ្ណជូន ដើម្បីអ៊ំ ពូ មីង បងប្អូន អាចមានសិទ្ធិប្រើប្រាស់ជាកម្មសិទិ្ធផ្ទាល់ខ្លួនតកូនតចៅ

(១៣) ទទួលបណ្ណសមធម៌ ពិនិត្យជំងឺឥតគិតថ្លៃ, គោលនយោបាយជួយឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកូន

ជាមួយនឹងផលប្រយោជន៍ទាំងនេះ ក៏មានការផ្ដល់ជំនួយដល់ជីវភាពមួយចំនួន តាមរូបភាពបណ្ណសមធម៌ ដែលប្រជាពលរដ្ឋក្រីក្រ (ក៏ដូចជា)ប្រជាពលរដ្ឋត្រូវទទួលការព្យាបាលជំងឺ(អាចប្រើប្រាស់) … មិនបានគ្រប់ ១០០% តែក៏បានច្រើន។ អម្បាញ់មិញ ខ្ញុំបានជួបជាមួយអ្នកមានផ្ទៃពោះច្រើននាក់។ គេថា ដូរទឹកដីមក ត្រូវជីរជាតិ។ អញ្ចឹងកូននឹងកើតនៅរុនតាឯកនេះឯង (ក្លាយទៅជា)អ្នករុនតាឯក។ ទាំងម្ដាយទាំងកូនទទួលបានផល ព្រោះគោលនយោ​បាយរបស់យើង ត្រូវឧបត្ថម្ភសាច់ប្រាក់ទៅដល់ស្រ្តីមានផ្ទៃពោះ និងកូនជាកុមារកើតមករហូតដល់អាយុ២ឆ្នាំ។ អម្បាញ់មិញ ខ្ញុំសួរទៅ(ម្ដាយ) សុទ្ធតែដឹងថាពេលឆ្លងទន្លេ ត្រូវរដ្ឋជួយឧបត្ថម្ភសាច់ប្រាក់។ កូនត្រូវបានទទួលការជួយទាំងចាក់វ៉ាក់សាំងទាំងអីរហូតអាយុ២ឆ្នាំ។ គាត់បានដឹង។ ហ្នឹងហើយគឺជាគោលនយោបាយដែលរាជរដ្ឋាភិបាលជួយសម្រួលនៅក្នុងជីវភាព។ យើងនឹងត្រូវមានការងារច្រើនទៀត។ បន្តិចទៀតខ្ញុំនឹងនិយាយពីតើធ្វើយ៉ាងណាដើម្បីអោយសក្ដានុពលនៅកន្លែងនេះភ្ជាប់ទៅនឹងការបង្កើនជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ គិតគូរអំពីការភ្ជាប់ជាមួយតំបន់សំខាន់មួយចំនួន ពីការទាញបង្កើតសក្ដានុពលការងារសម្រាប់ប្រជាពលរដ្ឋនៅតំបន់ទាំងពីរនេះកម្រិតណា និងតំបន់ស្រុកទាំងពីរបន្ទាយស្រី និងអង្គរតូច។

(១៤) អ្នកសៀមរាបជឿលើសម្ដេចតេជោនិងគណបក្សប្រជាជនថា មិនមានបំណងអាក្រក់ឲ្យប្រជាពលរដ្ឋចេញដើម្បីយកដីតំបន់អង្គរទៅលក់ឲ្យអ្នកវិនិយោគធ្វើអគារ ១០០ជាន់នោះទេ

សូមមេត្តាយោគយល់ថា ទាំងអស់នេះរាជរដ្ឋាភិបាលមិនអាចជប់បានក្នុងមួយថ្ងៃទេ ឬមួយក៏ជប់បានក្នុងមួយពេលទេ (ប៉ុន្តែ)នៅរយៈពេលមធ្យមនិងរយៈពេលវែង រុនតាឯកនិងប្រជាពលរដ្ឋរស់នៅទីនេះ នឹងមានជីវភាពកាន់តែរឹងមាំនិងសម្បូរសប្បាយ។ នេះជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋ ដែលមានភាពជឿទុកចិត្តលើរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ដែលចាត់ចែងរៀបចំឲ្យលោកតា លោកយាយមកទីនេះ។ ខ្ញុំជឿថា លោកតាលោកយាយជឿជាក់ហើយថា សម្ដេចតេជោមិនមែនឲ្យលោកតា/យាយចេញមក ដើម្បីយកដីកន្លែង(រស់នៅចាស់)នោះទៅលក់ឲ្យឯកជនទេ។ មិនមែនយកដីកន្លែងនោះដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្តែដើម្បីផលប្រយោជន៍ជាតិយើង។ (ហេតុនេះហើយ)បានលោកតា/យាយផ្ដល់ការជឿទុកចិត្ត និងរួមគ្នាស្ម័គ្រមកទីនេះ ​… សូមអរគុណប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាអ្នកសៀមរាប ដែលបានផ្ដល់ការទុកចិត្ត និងជឿលើសម្ដេចតេជោ និងគណបក្សប្រជាជន ដោយនៅក្នុងរយៈពេលនៃការបោះឆ្នោតខែកក្កដា(ឆ្នាំ)កន្លងទៅនេះ ធ្វើឲ្យគណបក្សប្រជាជនបានឈ្នះភ្លូកទឹកភ្លូកដីនៅខេត្តសៀមរាបទាំងមូល។ ខ្ញុំជឿថា បើលោកតា/យាយគិតថា សម្ដេចតេជោមានបំណងអាក្រក់ ឲ្យប្រជាពលរដ្ឋចេញដើម្បីយកដីតំបន់អង្គរទៅលក់ឲ្យអ្នកវិនិយោគធ្វើអគារ ១០០ជាន់ លោកតា/យាយប្រាកដជាមិនមកទេ។ សម្ដេចតេជោក៏ដាច់ខាតមិនធ្វើដែរ។ មួយជីវិតរបស់លោក តស៊ូដើម្បីប្រជាពលរដ្ឋដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ ខ្លួនលោកមិនអាចទៅ(ធ្វើសកម្មភាព)បំផ្លាញបែបនោះទេ …។

(១៥) សូមក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន​បំពេញលក្ខខណ្ឌឲ្យ រុនតាឯក ក្លាយជាក្រុង

ដើម្បីតបស្នងចំពោះការជឿទុកចិត្តនិងភាពកក់ក្ដៅនេះ សម្ដេចតេជោបានដាក់ទិសដៅនិងដឹកនាំផ្ទាល់ដើម្បីជំរុញការអភិវឌ្ឍកន្លែងនេះកុំឲ្យប្រជាជនខុសបំណង។ ខ្ញុំជឿថាមានលំបាករយៈពេលខ្លី តែយើងនឹងខិតខំដោះស្រាយបញ្ហាជូនអ៊ំ ពូមីង បងប្អូន ជាបន្តបន្ទាប់ជាប្រចាំ។ ពីកន្លែងដែលជាវាលសុទ្ធ បានមកដោះមីន ប្រែទៅជាកន្លែងដែលមានផ្លូវរាប់ខ្សែ ប្រវែង ១៦០គីឡូម៉ែត្រជាង។ ពីអត់អីសោះ មកជាកន្លែងមានផ្លូវបេតុង មានប្រព័ន្ធទឹកស្អាតចូល មានភ្លើងចូលដល់។ ពីកន្លែងដែលប្រជាពលរដ្ឋរស់នៅដោយគ្មានកម្មសិទ្ធិ មានផ្ទះតូចៗ ឥឡូវមកមានដីសម​រម្យ។ បងប្អូនខ្លះមានបែកផ្ទះ បែកគ្រួសារ មានសាលារៀន មានវត្ត មានមន្ទីរពេទ្យ ហើយបន្តិចទៀតក្លាយទៅជាអ្នកក្រុងរុនតាឯក។ ខ្ញុំគិតថា មិនចាំបាច់គិតថាគួរជាស្រុកឬក្រុងទេ។ សម្រេចតាមសម្ដេចតេជោ ហើយលោកក៏បានប្រកាសហើយថារៀបចំជាក្រុងរុនតាឯកតែម្ដងទៅ។ ប្រជាពលរដ្ឋចូលរាប់ពាន់ហើយ។ បន្តិចទៀតមក ៦ពាន់គ្រួសារ។ ហេដ្ឋារចនាសម្ព័ន្ធសុទ្ធតែផ្លូវបេតុង ផ្លូវកៅស៊ូ មានភ្លើង មានទឹកស្អាតទៅហើយ សមតែជាក្រុង។ សូមក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានរៀបចំបំពេញលក្ខខណ្ឌតែម្ដងទៅ។ ខ្លះថា ខេត្តសៀមរាបមានក្រុងច្រើន។ ខេត្តខ្លះក៏មានក្រុងច្រើនដែរ។ ខេត្តកណ្ដាលមានដូចជាក្រុងដល់ទៅបី។ ឯខេត្តកំពង់ស្ពឺ មានច្បារមននិងឧត្ដុង្គម៉ែជ័យ។ រាជធានីភ្នំពេញ មានក្រុងភ្នំពេញ ហើយអរិយក្សត្រដូចជាដាក់ជាក្រុងដែរ? …។

(១៦) មានផ្លូវបេតុង ផ្លូវកៅស៊ូ ប្រព័ន្ធទឹកស្អាត/ភ្លើងតមកដល់ ឥឡូវមានផ្សារទៀត

ខ្ញុំមិននិយាយបញ្ចើញបញ្ចើទេ។ ពេលដែលខ្ញុំឃើញប្លង់ដំបូង តាំងពីមុនឈូសដី ខ្ញុំថាប្លង់នេះបើនៅស្រុកគេ ទាល់តែលំដាប់ resort ផ្កាយប្រាំទើបបានប៉ុណ្ណឹង។ ការរៀបចំនៅកន្លែងនេះស្អាត ហើយមានលំដាប់លំដោយសមរម្យ ហើយជាក្រុងគម្រូតែម្ដង។ ក្រុងថ្មីដែលរៀបចំតាមស្ដង់ដារធំ។ ហេដ្ឋារចនាសម្ព័ន្ធ ប្លង់គឺរៀបចំបានល្អ។ ហោះពីលើមើលមក (ឃើញថា)ស្របទៅតាមប្លង់មេ។ យើងឃើញដីចេញផ្ទះមួយចំនួន។ បន្តិចទៀត មានដើមឈើ មានស្អីៗផ្សេងៗ ផ្ទះរីកបន្ថែមទៀត។ ខ្ញុំគិតថា កន្លែងនេះជាក្រុងដែលកើតក្រោយគេនៅសៀមរាប ប៉ុន្តែការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធអី មិនយឺតជាងគេទេ … បងប្អូនជឿចុះ អត់មានស្រុកណា ឬក្រុងណានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកើតក្នុងរយៈពេលមិនដល់២ ឆ្នាំផង កសាងបានប៉ុណ្ណេះនោះ។ អញ្ចឹង គឺជាភ័ព្វសំណាងរបស់អ្នករុនតាឯកហើយ … យើងពុះដីបានតាមផែនការជាង ៦ពាន់ ជិត ៧ពាន់ឡូតិ៍ ផ្លូវបេតុងយើងធ្វើបាន ៤៥គីឡូម៉ែត្រលើជិត ៥៣គីឡូម៉ែត្រ ស្មើនឹង ៨១%។ ផ្លូវកៅស៊ូ ២៣៣ខ្សែ ជាង១០០គីឡូម៉ែត្រ ក្នុងនេះយើងនឹងធ្វើជំហានបន្ទាប់។ វត្តរុនតាឯកបាន ៩៥%ហើយ … លោកយាយថាសុំសីលនៅវត្តក្បែរហ្នឹង បន្តិចទៀតមកវត្តថ្មី។ ក្រសួងធម្មការ ពិនិត្យនិងរៀបចំព្រះសង្ឃ។ បណ្ដាញទឹកស្អាតបានតដល់ហើយ និងតភ្ជាប់ជូនដោយមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ … លោកតា/យាយថា បានហើយទឹកស្អាត។ ស្រុកខ្លះកើតយូរឆ្នាំ កើតតាំងពី១៩៧៩ មិនទាន់បានទឹកស្អាតទៅដល់គ្រប់ភូមិផង។ ឥឡូវនៅយើងនេះបានចូលមកដល់ហើយ។ ភ្លើងក៏ដូចគ្នា។ បណ្ដាញភ្លើងបានតមកដល់ ហើយតភ្ជាប់ជូនប្រជាពលរដ្ឋនៅទីនេះដោយមិនគិតលុយដើម្បីសម្រាលការលំបាករបស់អ៊ំ ពូមីង បងប្អូន។ ឥឡូវយើងធ្វើផ្សារ។ ថ្ងៃនេះចុះមកមានផ្សារ ៨ខ្នង។ ខ្ញុំមានសំណាងជាងសម្ដេចតេជោ ព្រោះខ្ញុំឃើញគាត់មកប៉ុន្មានដង អត់ទាន់មានផ្សារ … ប្រជាពលរដ្ឋដាក់តង់។ ឥឡូវបានផ្សារសម្ពោធមុនគេក្នុងពិធីសំណេះសំណាលជាមួយខ្ញុំតែម្ដង។

(១៧) ផ្តល់ក្របខណ្ឌជូនបុគ្គលិកកិច្ចសន្យាមណ្ឌលសុខភាព អប់រំ, តអគ្គិសនី, មណ្ឌលសុខភាព, សាលារៀន

ពិតណាស់ ទីនេះមិនទាន់មានសកម្មភាព។ ប៉ុន្តែបន្តិចទៀតមានតម្រូវការរបស់ប្រជាពលរដ្ឋ។ អគាររដ្ឋបាល សាលាស្រុកបន្ទាយស្រី និងអង្គរធំ កំពុងសាងសង់ថែមទៀត។ ធ្វើថ្មីជូន។ អញ្ចឹង រុនតាឯកមកនេះ ចំណេញដល់សាលាស្រុកទៅទៀត។ នៅខាងអង្គរធំ ក៏យើងត្រូវធ្វើបន្ថែមទៀត … យើងធ្វើមណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុនសែន រុនតា​ឯក ដែលបើកដំណើរការ ខែ៩ ឆ្នាំ២០២៣ កន្លងទៅនេះ។ មកដល់ថ្ងៃនេះ (មណ្ឌលសុខភាពទទួលជំងឺ)ជាង ៥ពាន់ករណីទៅហើយ។ អញ្ចឹងបានន័យថា តម្រូវការប្រជាពលរដ្ឋច្រើន។ ប្រធានមណ្ឌលសុខភាពមកទេ? សុំសួរបន្តិច។

(ការសន្ទនា)

ភាគច្រើនមកមណ្ឌលសុខភាពមើលជំងឺអី? ផ្ដាសាយ លើសម្ពាធឈាម ស្រាលៗ។ ចុះពិនិត្យផ្ទៃពោះច្រើនទេ? ច្រើន មាន ៨ករណី ហើយមានភ្លោះទៀត … មានអីខ្លះ? ឥឡូវបំពាក់បានសម្ភារអីខ្លះហើយ? (ម៉ាស៊ីនថត X-ray និងអេកូ)។ អេកូហ្នឹងត្រូវប៉ាន់ទេ? (ត្រូវតែមិនទាន់មានអ្នកបច្ចេកទេសមក។) អញ្ចឹងមិនទាន់បានប្រើ … នឹងប្រើឆាប់ៗ អាចមានអ្នកបច្ចេកទេសមក។ ឥឡូវបុគ្គលិក ១៧នាក់ ជាពេទ្យប៉ុន្មាននាក់? បុគ្គលិកសុខាភិបាល? (១២នាក់)។ ក្របខណ្ឌប៉ុន្មាន? (៤នាក់)។ ហើយ ៨នាក់ទៀត (ជាមន្ត្រីកិច្ចសន្យា)។ ៨នាក់ហ្នឹងមកពីណា? គាត់នៅក្នុងខេត្តសៀមរាបហ្នឹងទេ។ ស្ម័គ្រចិត្តមក។ មានអ្នកបុគ្គលិកកិច្ចសន្យាមកទេ? មិនបានមកទេ … នៅប្រចាំការ។ បើបានមកស្រួលសួរ។ ឥឡូវ ៨នាក់នោះ នៅយូរឬអត់ ឬមួយគ្រោងផ្លាស់ចេញ? (នៅ)។

ប្រជុំម្សិលមិញ សួរទឹកចិត្ត ពួកគាត់ប្ដេជ្ញាថានៅទីនេះ … នៅដើម្បីព្យាបាលឲ្យលោកតាលោកយាយ អ៊ំ ពូមីង។ ប្រាកដទេ? (ប្រាកដ)។ ប្ដេជ្ញាចិត្តនៅយូរ? (បាទ)។ លោកតាលោកយាយ សូមទះដៃមួយ។ បើមានតែមន្ទីរពេទ្យ អត់ពេទ្យ លោកតាលោកយាយអត់អ្នកមើលដដែលហ្នឹង។ ឥឡូវចង់ឲ្យពេទ្យនៅយូរឬអត់? (ចង់)។ ម៉េចដែរពេទ្យព្យាបាលគាត់រួសរាយល្អទេ? ម៉េចឥឡូវ? គួរឱ្យក្របខណ្ឌគាត់ទេ? ឥឡូវទៅ ៨នាក់ហ្នឹងប្រគល់ក្របខណ្ឌឱ្យតែម្តង (…) តែសុំពេលបានក្របខណ្ឌកុំទៅផ្លាស់ចេញណា សុំជួយអ្នករុនតាឯកឱ្យបានយូរ … អញ្ចឹងសុំផ្តាំផង។ ឥឡូវក្រសួងសុខាភិបាលបានមកទេ? លោកជំទាវ យក់ សម្បត្តិ។ អញ្ចឹងគឺធ្វើការរាយការណ៍ទៅមុខងារសាធារណៈ។ មកទេមុខងារសាធារណៈ? បើអត់មកក៏មើលតាមឡាយ៍ដែរ។ ខ្ញុំដឹងថាគេមើលឡាយ ព្រោះឱ្យតែខ្ញុំនិយាយអីទៅ ចប់ទៅឃើញរដ្ឋមន្ត្រីពាក់ព័ន្ធធ្វើនិងអនុវត្តឱ្យបាន …។

រៀបចំជូន ហើយសុទ្ធក្មេង? … អ្នកសៀមរាបស្ម័គ្រចិត្ត។ អញ្ចឹងនៅក្បែរនេះតែម្តង។ ម៉េចខាងភ្លើង? (…) មិនមែនភ្លើងរដ្ឋទេ? ភ្លើងតាម៉េត (…) ហ្នឹងភ្លើងតូច។ ភ្លើងធំមិនទាន់តទេ? (…) ម៉េចបានមិនទាន់ត? (…) និយាយខ្លីអត់លុយថ្លៃតភ្ជាប់? មានថ្លៃតភ្ជាប់ហើយ។ អស់ប៉ុន្មាន? (…) ២៩.០០០ ដុល្លារ។ អញ្ចឹងជិត ៣ម៉ឺនដុល្លារ។ អញ្ចឹងខ្វះភ្លើង?​ មានឧបករណ៍អស់ហើយ  X-ray អស់ហើយតែអត់ភ្លើង?(…) អញ្ចឹងយកដាក់តាំង។ បើឱ្យកុំព្យូទ័រ​ទៅប្រហែលអង្គុយមើលទៀតហើយ? ឥឡូវអញ្ចេះ សុំឱ្យអគ្គិសនីកម្ពុជាតជូនតែម្តងដោយមិនគិតថ្លៃ

បន្តិចទៀតចំនួនប្រជាពលរដ្ឋនឹងឡើងដល់ ៦.០០០គ្រួសារ ហើយពេទ្យយើងធំ។ ពេទ្យនេះ ត្រឹមមណ្ឌលសុខភាពទេ។ ឃើញកំពុងតែរៀបចំសុំគោលការណ៍គួរឱ្យតម្លើងទៅជាពេទ្យបង្អែកកម្រិតមួយ ដើម្បីរៀបចំហើយអាចស្នើសុំបុគ្គលិកមកថែមទៀត … ឥឡូវត្រឹមក្របខណ្ឌមណ្ឌលសុខភាពមានដូច ៧ ឬ៨នាក់ … យើងរៀបចំពេទ្យកម្រិតមួយ ហើយដូចថែមស្នើសុំអាចដល់ខ្ទង់ ៤៤នាក់។ ឱ្យពេទ្យឱ្យច្រើនជូនដល់លោកតា/យាយ មិនមែនបានន័យថាពេទ្យច្រើនលោកតា/យាយត្រូវតែឈឺទេ។ តែក្នុងករណីមានផ្ទៃពោះអីជាដើម មានការអីបន្ទាន់ពេទ្យជួយបាន … ឥឡូវអាយុប៉ុន្មានហើយ?(…) មានប្រពន្ធនៅ? មានកូននៅ? កូនមួយ។ ក្នុងពោះមួយទៀត។ (៣០ឆ្នាំ) ចង់ទាន់បងហើយ ៤៦ឆ្នាំ កូនតែបី …។

យើងកសាងថែមសាលាពីរ … សាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក និងវិទ្យាល័យ ហ៊ុន សែន រុនតាឯក។ ឥឡូវខ្ញុំសុំជួបនាយកបន្តិចមកអត់ នាយកសាលាទាំងពីរ? កាន់មីក្រូនិយាយស្រួលលឺ ត្រចៀកខ្ញុំមិនសូវពូកែ។ សំខាន់ប្រជាពលរដ្ឋអាចស្តាប់បាន។ មើលអ្នកណានាយកបឋម? ហើយនោះនាយកវិទ្យាល័យ។ អ្នកគ្រូ … នា​យកបឋម? … ខ្ញុំនិយាយបឋមរុនតាឯកទេ … អត់ទេបឋមតែទើបបង្កើតថ្មី? អញ្ចឹងមានដល់ទី ៣? … ខ្ញុំសួរសាលាថ្មីសិន … ខ្ញុំសួរសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក? តាមរបាយការណ៍កសាងបាន ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ អគារអន្តេវាសិកដ្ឋានគ្រូ សម្រាប់គ្រូ ១ខ្នង ២០បន្ទប់។ យើងមានសិស្សប៉ុន្មាន? ជិត ១.០០០នាក់ហើយ? … (១.០០៦នាក់) ថែមសម្រាប់វិស្សមកាលថ្មី។ ឥឡូវរៀនមួយវេន ឬពីរវេន? រៀនពីរវេន។ អញ្ចឹង ១.០០០នាក់ហ្នឹង អគារមួយខ្នងហ្នឹងស្ទើរ …។

នៅវិទ្យាល័យអគារ ៣ខ្នង ឬ ២ខ្នង? (២៤បន្ទប់) តែសិស្សតែ ៤០០នាក់ជាងទេ? … ឡើងដល់ ៦២៥នាក់ហើយ។ តាមព័ត៌មានថា បឋមខ្ចីអគាររបស់វិទ្យាល័យ? មើលខ្ទង់ហ្នឹងប្រហែលមិនយូរមិនឆាប់ទេ វិទ្យាល័យអាចកើនដល់ខ្ទង់ពាន់ដែរហើយ។ ឥឡូវទាក់ទងនឹងបឋមម្តងទៀត អគារ ១ខ្នងហ្នឹងខើច។ ឥឡូវខ្ចីសិន។ បន្តិចទៀតបើគេពេញដែរធ្វើម៉េចទៅ? … ស្នើឥឡូវ ឬចាំដល់ពេលពេញ? … ស្នើឱ្យហើយ។ មើលលោកតា/យាយ អ៊ំពូមីង ចង់បានអគារបន្ថែមសម្រាប់កូនឬអត់? ឥឡូវជូនអគារ ១ខ្នង ២ជាន់ ១២បន្ទប់ ថែមទៀតទៅបឋមសិក្សា។​ អ្នករុនតាឯកកូនលឿន? ហ្នឹងមិនទាន់បានសង់ស្រួលបួលផង ទើបបានប៉ុន្មានភាគរយ? ទម្រាំតែអស់ទៀតទឹកដីថ្មីផង ក្រុងថ្មី  អញ្ចឹងក្រុងនេះមិនខ្វះប្រជាពលរដ្ឋទេ។ យើងលែងភ័យហើយ។ កាលនៅតំបន់ចាស់អត់កម្មសិទ្ធិ … UNECO បញ្ជូនសារមកហើយថា ខុសបច្ចេកទេស។ នៅទីនេះកើតកូនប៉ុន្មានក៏បានដែរ។ យើងត្រៀមឱ្យភូមិរីកបន្ថែមទៀត ដើម្បីឱ្យសេដ្ឋកិច្ចនៅក្នុងកន្លែងកាន់តែច្រើន …។

ឥឡូវគ្រូនៅវិទ្យាល័យមាន ១២នាក់។ មានក្របខណ្ឌអស់ហើយ។ នៅបឋមរុនតាឯកគ្រូប៉ុន្មាននាក់? … គេឱ្យរបាយការណ៍តែខ្ញុំអត់ជឿបាយការណ៍ព្រោះអាចសរសេរខុស។ ខ្ញុំសួរគ្រូ … មកដល់ម៉ោងនេះឱ្យរបាយការណ៍ត្រូវល្អ ២១នាក់។ ក្របខណ្ឌប៉ុន្មាននាក់? (១១នាក់) … ក្របខណ្ឌកិច្ចសន្យា? (១០នាក់)។ សុទ្ធតែគ្រូធ្លាប់បង្រៀនមានបទពិសោធន៍? គ្រូហ្នឹងមកពីណា? (នៅក្នុងស្រុក) ម៉េចទៅគុណភាពបទពិសោធន៍អប់រំ? ល្អទេ? ទទួលយកបាន។ មិនគួរថាទទួលយកបាន គួរថាល្អតែម្តង។ ទទួលយកបានខ្ញុំភ័យវិញទេ។ បើសិស្សទទួលយកបានរឿងមួយ ដល់គ្រូត្រឹមទទួលយកបានដូចមិនស្រួល។ ដូចរឿងមួយ ខ្ញុំនៅអង់គ្លេសកាលរៀនមានអ្នកណាចុងភៅ រៀនធ្វើម្ហូបខ្លួនឯង។ ខ្ញុំជំនាញជាងគេរឿងអាំងមាន់ ហើយអាំងសាច់ក្រក។ តែម្តងម្កាលយើងរៀនធ្វើសម្លេ។ ទៅទិញសៀវភៅយកទៅរៀនធ្វើម្ហូប។ ប៉ុន្តែពេលធ្វើហ្នឹងតេមកសួរម៉ែទេ។ សម្ល ១មុខ គឺសម្លរស្ងោរការ៉ុត … ពេលដែលខ្ញុំធ្វើហៅមិត្តភក្តិបរទេសទៅហូប គេថាឆ្ញាញ់ណាស់។ ដល់ថ្ងៃមួយមានមិត្តភក្តិខ្មែរទៅ ខ្ញុំធ្វើឱ្យហូបបង្ហាញស្នាដៃ។ ខ្ញុំសួរគាត់ថាបងម៉េចម្ហូប? ទទួលយកបាន។

ខ្ញុំជឿថាលោកគ្រូ អ្នកគ្រូ មើលលោកអ៊ំ ពូមីង ដែលមានកូនរៀននៅបឋមលោកគ្រូ អ្នកគ្រូ យើងដែលនៅហ្នឹង តើលោកគ្រូអ្នកគ្រូនៅទីនេះ អ៊ំ ពូមីង បងប្អូន សប្បាយចិត្តយកកូនទៅផ្ញើឱ្យជួយបង្រៀនអត់? បើមានសុំទះដៃ ចង់ឱ្យគាត់នៅបន្តបង្រៀនតទៅទៀតទេ? ចង់ឱ្យនៅយូរអង្វែងអត់? អត់ចង់ឱ្យគាត់ចាកចេញទេ? មានលោកគ្រូ អ្នកគ្រូមកអត់? (អត់មានទេ) នាយកតំណាង? ឥឡូវសួរមែនទែន កុំលេងៗ។ លោកគ្រូ អ្នកគ្រូ ដែលមកហ្នឹងតើគាត់មានដាក់ចិត្តនៅរយៈពេលយូរអង្វែងនៅទីនេះឬទេ?​ ឬមួយមានអ្នកខ្លះមកបន្តិចហើយថាទេ គាត់ត្រៀមត្រឡប់ទៅវិញ? (…) នៅយូរឬអត់? (នៅយូរ) សុទ្ធតែកម្លោះក្រមុំ? ឬមានប្រពន្ធមានប្តី? (នៅលីវច្រើន)។ អញ្ចឹងបើគាត់ត្រូវគ្នាអាចបង្កើតគ្រួសារជាមួយអ្នករុនតាឯកហើយនៅហ្នឹងតែម្តង។ ឥឡូវអញ្ចេះដូចជាមួយពេទ្យដែរ ១០នាក់ នេះបញ្ចូលក្របខណ្ឌតែម្តង

ឥឡូវបឋមសិក្សាមួយទៀត … នៅនោះសិស្សប៉ុន្មាននាក់ … (៩៤៤នាក់) អគារសិក្សាយ៉ាងម៉េច? … មាន(១០បន្ទប់) … ចុះរៀនយ៉ាងម៉េចទៅអញ្ចឹង? នៅនេះ ១២បន្ទប់ចង់ស្ទើរ នៅឯណោះសល់តែ ៨បន្ទប់។ សិស្សប្រ​ហែលគ្នា។ ឥឡូវរៀន ១វេន ឬ ២វេនអ្នកគ្រូ? ( ២វេន) ហើយ ១ថ្នាក់ ប៉ុន្មាននាក់? (…) ចុះឥឡូវត្រូវការអគារបន្ថែមឬអត់? (ត្រូវការ)។ ឥឡូវជូន ១ខ្នង ២ជាន់ ១២បន្ទប់ទៀតទៅសាលា។ អញ្ចឹងឯកឧត្តម ខេង សាម៉េត ថៅកែបុរី រុនតាឯក ជាអ្នកធ្វើសាលាស្តង់ដារសម្តេចតេជោទូទាំងប្រទេសធ្វើជូន។ មានដីអត់?

(ចម្លើយ) ​ដោយសារទីធ្លាសាលាយើងតូចដីក៏តូចដូចគ្នា ដូច្នេះនាងខ្ញុំក៏ស្នើសុំសម្តេចសូមពង្រីកដីបន្ថែមនៅសា​លាដែលយើងមានស្រាប់។ (សម្តេចធិបតី) ដីនៅជុំវិញហ្នឹងដីអ្នកណា។ ដីប្រជាពលរដ្ឋ ឬដីទំនេរ? (ចម្លើយ) ជុំវិញហ្នឹងគឺដីអាជ្ញាធរអប្សារា។ (សម្តេចធិបតី) សំណង់សាធារណៈដូចមិនអីទេ លោកជំទាវ ភឿង សកុណា នៅហ្នឹងស្រាប់។ សូមឲ្យអប្សារាពិនិត្យមើល ព្រោះសំណង់ហ្នឹងមិនមែនសំណង់ឯកជនទេ។ សាលារៀនរដ្ឋជូនកូនចៅប្រជាពល​រដ្ឋ។ សូមជូនដី និងអគារមួយខ្នងពីរជាន់តែម្តង។ ចុះគ្រូមានប៉ុន្មាននាក់? ប៉ុន្មានឆ្នាំហើយតិចបំផុតកិច្ចសន្យាហ្នឹង?

(ចម្លើយ) គ្រូសរុបក្នុងសាលានាងខ្ញុំមាន ១៩ នាក់ ក្នុងហ្នឹងមានក្របខណ្ឌ ៥ នាក់ កិច្ចសន្យា ១៤ នាក់។ អ្នកខ្លះបម្រើការងារ(កិច្ចសន្យា)ដល់ទៅ ៨ ឆ្នាំ អ្នកដែលតិចជាងគេបំផុតមានមួយឆ្នាំ។ ជាអ្នកដែលនៅក្នុងឃុំនេះតែម្តង។ (សម្តេចធិបតី) ​​អញ្ចឹងអត់អីទេ ថែម ១៤ នាក់ទៀតជូនក្របខណ្ឌគ្រូតែម្តង … ថ្ងៃនេះយើងរៀបចំក្របខណ្ឌជូន។ មុខងារសាធារណៈ សុខាភិបាល និងអប់រំសូមធ្វើកិច្ចការនេះឲ្យបានលឿន ព្រោះលោកគ្រូ អ្នកគ្រូ គាត់ស្ម័គ្រចិត្តនៅហ្នឹង ហើយគាត់បានធ្វើហើយ … (សម្តេចធិបតី) មួយទៀតរឿងភ្លើង? (ចម្លើយ) ភ្លើងយើងបានភ្ជាប់ហើយ ប៉ុន្តែអំពែតូច បន្ទប់យើងមានច្រើន។ អញ្ចឹងស្នើសុំសម្តេចជួយតម្លើងអំពែ។ (សម្តេចធិបតី) ​បឋម និងវិទ្យាល័យនៅជាមួយគ្នាទេ អញ្ចឹងយើងតតែមួយភ្ជាប់តែមួយទៅ ខ្សែបណ្តាញខាងក្នុង ហើយកន្លងទៅមានចរចាគេដែរ? បញ្ហាដូចមណ្ឌលដែរ? (ចម្លើយ) ធ្លាប់ចរចាដែរប៉ុន្តែខាងអគ្គិសនីឲ្យយើងបង់ដូចប្រជាពលរដ្ឋដែរ បានន័យថាថ្លៃតភ្ជាប់។ ប្រជាពលរដ្ឋ free តើ។ លោកតា/យាយ តភ្លើងចូលផ្ទះអត់គិតលុយណា? មិនមែនដូចប្រ​ជាពលរដ្ឋទេ បើដូចប្រជាពលរដ្ឋ free។ ប្រជាពលរដ្ឋ free សាលាអត់ free។ អត់ដូចគ្នាទេ តែចង់បានដូចគ្នា? (ចម្លើយ) បាទសម្តេច។ (សម្តេចធិបតី) អញ្ចឹងសូមឲ្យអគ្គិសនីកម្ពុជាតភ្លើងចូលបរិវេណវិទ្យាល័យ និងបឋមហ្នឹង ដោយមិនគិតថ្លៃបន្តទៀតជូនតែម្តង។ ចុះបឋមដូចមិនអីទេ? ខ្សែភ្លើងតទៅដល់? (ចម្លើយ) សូមជម្រាបសម្តេចនៅសាលានាងខ្ញុំ មានភ្លើងប្រើដោយខាងអាជ្ញាធរអប្សារាជាអ្នកតសម្តេច។ (សម្តេច) ឥឡូវមានភ្លើងហើយ មានឧបករណ៍សម្ភារៈ ត្រូវការឧបករណ៍ដូច computer អីអត់? (ចម្លើយ) បាទសូមជម្រាបសម្តេច ដោយសារកន្លែងយើងថ្មី computer ត្រូវការជាពិសេសនៅទីចាត់ការដើម្បីបំពេញកិច្ចការរដ្ឋបាល។ (សម្តេចធិបតី) ខ្ញុំគិតថាត្រូវការ ព្រោះប៉ុន្មានឆ្នាំមុនខ្ញុំនាំពេទ្យរបស់ខ្ញុំទៅថ្មពួក។ ទៅដល់នាយកសាលានៅហ្នឹងក្មេងប៉ុណ្ណឹង គាត់ធ្វើផែនការសុំ computer ៣០ គ្រឿង។ ខ្ញុំសួរថាភ្លើងមកដល់ឬនៅ? គាត់ថាភ្លើង​មិនទាន់មកដល់ទេ តែសុំទុកឲ្យហើយ។ ភ្លើងមិនទាន់មកដល់នាយកសាលាមានផែនការសុំ computer។ អញ្ចឹងខ្ញុំគិតថាបើភ្លើងទៅដល់ត្រូវការហើយ។ មណ្ឌលសុខភាពត្រូវការទេ? ឥឡូវអញ្ចេះមណ្ឌលសុខភាព សាលាបឋមសិក្សាទាំង ២ វិទ្យាល័យ ក្នុងមួយសាលា និងមណ្ឌលសុខភាព ខ្ញុំជូន computer laptop ៥ គ្រឿង printer ៥ គ្រឿង​ និង photocopy ២ គ្រឿង ។ ឯកឧត្តម សេង ទៀង ចាំជួយរៀបចំ។

លោកតា លោកយាយ ឥឡូវបានគ្រូហើយ បានគ្រូពេទ្យហើយ ក្របខណ្ឌពេញនៅហ្នឹង ជួយមើលគាត់កុំឲ្យទៅណា។ លោកគ្រូ អ្នកគ្រូ សុំបន្តជួយដើម្បីជួយដល់កូនចៅ ជួយដល់ក្មួយៗ។ មណ្ឌលសុខភាពយកចិត្តទុកដាក់នៅក្នុងការព្យាបាលជំងឺ។ អ្វីដែលយើងអាចជួយបាន ប័ណ្ណសមធម៌ ថវិការដ្ឋជួយមួយចំនួន កន្លែងខ្លះយើងអាចធ្វើបាន យើងនឹងបន្តខិតខំជួយទៅទៀត … ខ្ញុំជឿថាឆន្ទៈ និងមនសិការរបស់លោកគ្រូ អ្នកគ្រូ ដែលមកទីនេះដើម្បីបម្រើជួយទៅដល់កូនចៅប្រជាពលរដ្ឋដែលមកកន្លែងថ្មីនេះ គឺជាស្មារតីដែលរួមគ្នាជាមួយនឹងបងប្អូន លោកតាលោកយាយ អ៊ំ ពូ មីង នៅទីនេះ មិនត្រឹមតែអភិវឌ្ឍកន្លែងថ្មី ប៉ុន្តែរួមគ្នាថែរក្សាអភិរក្សកេរដំណែលរបស់ដូនតាយើងរាប់ពាន់ឆ្នាំទាំងអស់គ្នា។ សូមអរគុណ ហើយយើងធ្វើកិច្ចការងារបន្តទៀត។ សូមអញ្ជើញទៅវិញចុះ។ សប្បាយចិត្តនៅ? សប្បាយចិត្តហើយ។ អរគុណ។

(១៨) ប្រគល់ ៤៥៥៤ ប័ណ្ណកម្មសិទ្ធិដីធ្លី ដែល ៨៦ គ្រួសារទទួលបានបណ្ណកម្មសិទ្ធិផង ប័ណ្ណសមធម៌ផង និងរថយន្តបឹស ១០ គ្រឿងសំរួលការធ្វើដំណើរ

គេថាបើយើងចង់ដឹងថាយើងចាស់ឬមិនចាស់ ប្រៀបធៀបជាមួយនឹងនាយកសាលា។ តែយើងចាស់ជាងនា​យកសាលាយើងចាស់ហើយ។ នាយកសាលាមើលទៅប្រហែលជាត្រឹម ៣០ ឆ្នាំអីហ្នឹង នៅកម្លាំងមាំ ពូកែ។ ក្រៅពីនេះទៀត … ការងារដែលត្រូវធ្វើបន្ត ទី១ គឺការចេញប័ណ្ណ(កម្មសិទ្ធដីធ្លី)ជូនបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តដែលរស់នៅទីនេះ។ ថ្ងៃនេះយើងរៀបចំនិងប្រគល់ជូន ៤៥៥៤ ប័ណ្ណតែម្តង ដើម្បីបានជាកម្មសិទ្ធិ ក្នុងនោះមានទាំងបងប្អូនប្រជាពលរដ្ឋ ៨៦ គ្រួសារ។ ក្នុង ៨៦ គ្រួសារនេះទទួលបាន ២ គឺទី១ បានបណ្ណកម្មសិទ្ធិដីធ្លី និងទី២ គឺបានប័ណ្ណសមធម៌។ អ្នកផ្សេងទៀតបានប័ណ្ណសមធម៌រួចហើយ។ អញ្ចឹងស្មើគ្នា។ ​ខ្ញុំគិតថាសប្បាយចិត្តហើយ ព្រោះទះដៃឮជាងមេក្រូខ្ញុំទៀត។ ប្រជាពលរដ្ឋផ្សេងទៀតដែលស្ម័គ្រចិត្តធ្វើការចល័តពេលដែលគាត់ចូលក្នុងទីតាំងហ្នឹង នឹងប្រគល់ដូចគ្នា។

ទី២ ដោយសារទីតាំងកន្លែងនេះឆ្ងាយ ហើយបង្កការលំបាកខ្លះក្នុងការធ្វើដំណើរ បងប្អូនខ្លះទៅក្រុង សូមឲ្យ​ខេត្ត​រៀបចំឡាន bus ១០ គ្រឿងជួយដឹកគាត់ពេលព្រឹក(មក) ហើយពេលល្ងាចទៅ ទៅហើយនិងមក។ ទៅខេត្តសៀម​រាប free អត់យកលុយទេ។ រដ្ឋចេញឲ្យ។ ដឹកជូន។ អញ្ចឹងកំណត់ម៉ោងទៅ។ ១០ គ្រឿង។​ យើងនឹងពិនិត្យលទ្ធភាពដោះស្រាយបន្តទៅទៀត។ ជួយសម្រាលបន្ទុក ជាពិសេសអ្នកដែលនៅក្នុងក្រុងត្រូវចូលទៅព្រឹកចេញល្ងាច។ ចំនួននេះមិនច្រើនតែយើងនឹងខិតខំដោះស្រាយតាមលទ្ធភាពជាបណ្តើរៗ តែសុំបញ្ជាក់អត់មានឲ្យបង់ថ្លៃទេ។ free ជូន។ បើអ្នកណាទារលុយទៅរកមុខផ្ទះចៅហ្វាយខេត្ត ហើយចៅហ្វាយខេត្តកុំឲ្យមានតាម facebook មកខ្ញុំ។ ឥឡូវប្រជាពលរដ្ឋលឿនណាស់។ កាលមុនចង់ទៅជួបខ្ញុំ ធ្វើដំណើររាប់រយគីឡូម៉ែត្រទម្រាំទៅដល់ … ឥឡូវចុចតែមួយប្រាវទៅដល់ខ្ញុំហើយតាម facebook។ មួយយប់ៗខ្ញុំរុញតែរឿងរ៉ាវតាមហ្នឹង។ លឿនណាស់ អាជ្ញាធរធ្វើម៉េចដោះដើម្បីបម្រើដល់ប្រជាពលរដ្ឋ។ យើងមិនថាល្អឥតខ្ចោះទេ ពេលខ្លះធ្វើដោយអចេតនា។ យើងដឹង យើងកែសម្រួល។ ពេលខ្លះការអនុវត្តមានចន្លោះប្រហោង យើងត្រូវទទួលស្គាល់ ត្រូវកែលម្អ …។

(១៩) បន្តធ្វើហេដ្ឋារចនាសម្ព័ន្ធ/ផ្លូវនៅរុនតាឯកនិងពាក់ស្នែង ទាំងបេតុងទាំងកៅស៊ូ

មួយទៀត គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅរុនតាឯក និងពាក់ស្នែងត្រូវបន្តធ្វើកែពីផ្លូវដីទៅផ្លូវបេតុង ហើយកន្លែងណាដែលជាផ្លូវកៅស៊ូយើងចាប់ផ្តើមធ្វើ ដើម្បីឲ្យក្នុងពេលឆាប់ៗនេះ ផ្លូវទាំងអស់នៅទីនេះ ក្លាយទៅជាផ្លូវបេ​តុង និងផ្លូវកៅស៊ូ។ សូមរៀបចំប្រព័ន្ធលូ ទឹកកខ្វក់។ ឥឡូវយើងធ្វើផ្លូវមុន។ កន្លែងខ្លះយើងមិនទាន់ដាក់លូទេ។ អញ្ចឹងបានភ្លៀងមកពេលខ្លះក៏មានការលិច អ៊ំ ពូ មីង បងប្អូន សូមអភ័យទោស។ យើងធ្វើជាជំហាន … ហ្នឹងដូចផ្លូវ highway អញ្ចឹង។ មុននឹងបានផ្លូវកៅស៊ូ highway ផ្លូវជាតិលេខ៦ អ៊ំ ពូមីងត្រូវហុយដីរាប់ឆ្នាំ ទំរាំតែធ្វើបាន តែធ្វើបានទៅយើងល្អទាំងអស់គ្នា។ រដ្ឋាភិបាលអត់ទុកចោលទេ។ យើងធ្វើផ្លូវ យើងធ្វើលូ ដើម្បីគិតគូររឿងប្រព័ន្ធរំ​ដោះ​ទឹក។ គណកម្មការអន្តរក្រសួង ឯកឧត្តម សាយ សំអាល់ បានគិតគូរ ឯកឧត្តម ជា សុផារ៉ា ក៏បានគិតគូរ កន្លងទៅដីទំនាបណាស់ ឥឡូវយើងចាក់បំពេញបានច្រើន។ វាមិនទាន់ស្មើគ្នា យើងខិតខំរកប្រព័ន្ធដោះថែមទៀតដើម្បីថ្ងៃក្រោយកុំឲ្យកន្លែងនេះលិចលង់។ នេះជាគោលដៅ នឹងត្រូវធ្វើជូន អ៊ំ ពូមីង បងប្អូន នៅទីនេះឲ្យទៅជាក្រុងតែម្តង ជាក្រុងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ​ បានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែល្អប្រសើរ …។

យើងត្រូវបន្តដាក់ហេដ្ឋារចនាសម្ព័ន្ធក្នុងគំរោង … យើងមិនទាន់ដាក់លូ។ ផ្ទះលឿនជាងលូ។ ផ្លូវលឿនជាងលូ។ ភ្លើងទឹកលឿនជាងលូ។ ឥឡូវចូលមកនៅហើយ យើងត្រូវរៀបចំប្រព័ន្ធលូ។ ដោះជាបណ្តើរៗតទៅទៀត … ខ្ញុំសូមប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីទៅលើកិច្ចការសំខាន់ៗមួយចំនួនបន្ថែម ដែលត្រូវគិតគូរ ដោយក្រសួងដែនដី ក្រសួងស្ថាប័ន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឲ្យបានល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គមចាំបាច់នា​នាដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែងឲ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិដ្ឋានដោយផ្តោតសំខាន់លើគោលការណ៍និរន្តិ៍ភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឲ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់

(២០) ទោះបីកម្ពុជាមិនជាប្រទេសមានដូចប្រទេសដទៃ តែរាជរដ្ឋាភិបាលខិតខំឱ្យមានការអភិវឌ្ឍលឿន

កន្លងទៅ អង្គការអន្តរជាតិមួយចំនួន អ្នកនយោបាយមួយចំនួន បានឆ្លៀតឱកាសវាយប្រហាររាជរដ្ឋាភិបាលថាយក​ប្រជាជនមកបោះចោលយ៉ាងវេទនា។ លោកតា/យាយ ខ្ញុំថាអ្នកនិយាយហ្នឹងគួរឱ្យមកមើលខ្លួនឯង។ មើលនៅក្នុងរយៈពេលមួយឆ្នាំនេះ ទោះបីកម្ពុជាមិនមែនប្រទេសអ្នកមានដូចសហរដ្ឋអាមេរិក ដូចប្រទេស(ដទៃ)ក្តី តែរាជរដ្ឋាភិបាល មានថ្នាក់ដឹកនាំដែលមិនអត់ចិត្តទេ ខិតខំដើម្បីធ្វើយ៉ាងណាប្រែក្លាយឱ្យ(មានការអភិវឌ្ឍ)លឿន។ យើងមិនទុកប្រជាពលរដ្ឋចោលទេ។ សេវាដែលខ្ញុំផ្ដល់នេះ មិនបានល្អឥតខ្ចោះ … ប៉ុន្តែយើងក៏បានឈានជាជំហាន ផ្ដល់សេវា​ ផ្ដល់ហេដ្ឋារចនាសម្ព័ន្ធជូន។ យើងត្រូវបន្តធ្វើទៀត មិនទុកចោលទេ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់យើងទាំងអស់គ្នា របស់ថ្នាក់ដឹកនាំជាតិដែលមានសម្ដេចតេជោ ថ្នាក់ដឹកនាំជាតិឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី(កាលពីរដ្ឋាភិបាលអាណត្តិមុនបានពុះពារ)។ ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ឯកឧត្តមអភិបាលខេត្តតាំងពី(ជំនាន់)ឯកឧត្តម ទៀ សីហា ឥឡូវឯកឧត្តម ប្រាក់ សោភ័ណ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ជាពិសេសប្រជាពលរដ្ឋយើង ដែលជាកូនចៅជំនាន់ក្រោយ មានទឹកចិត្តតែមួយគត់ បេះដូងតែមួយគឺរួមគ្នាដើម្បីថែរក្សាព្រលឹងជាតិយើងដែលជានិមិត្តរូបតាងសម្បត្តិវប្បធម៌ ដែល(ស្ថិត)ក្នុងតំបន់អង្គរនិងដែលបុព្វបុរសយើងចំណាយពេលជាង៤០០ឆ្នាំ កសាងទុកឱ្យយើង។

(២១) រួមគ្នាអភិវឌ្ឍនិងអភិរក្ស ក្នុងពេលជាមួយគ្នា ដើម្បីជាតិខ្មែរកាន់តែរីកចំរើនរង្គរឿង

យើងត្រូវរួមគ្នានៅសតវត្សទី២១នេះ ថែរក្សារៀបចំវិធានការឱ្យព្រលឹងនេះនៅតែរស់រវើករាប់ពាន់ឆ្នាំតទៅទៀតរួមជាមួយកូនចៅ … មានការអភិវឌ្ឍសមរម្យ នៅកន្លែងសមរម្យ ដើម្បីជំនាន់ក្រោយកាន់តែអភិវឌ្ឍរីកចំរើនតទៅទៀត។ រួមគ្នាអភិវឌ្ឍនិងអភិរក្សពេលជាមួយគ្នាដើម្បីជាតិខ្មែរកាន់តែរីកចំរើនរង្គរឿង … អ្នកណាថាអីថាទៅ។ អ្វីដែលសំខាន់គឺយើងត្រូវខិតខំ។ អ្នកខ្លះ (មិនថាយើងធ្វើអ្វីទេ)គឺមិនដែលត្រូវ … សូម្បីតែរៀបចំជួបប្រជាពលរដ្ឋថ្ងៃនេះ បន្តិចទៀតមានអ្នកយកទៅរិះគន់វាយប្រហារ … ជួនកាលប្រជាពលរដ្ឋចូលមកអត់បណ្ណក៏គេយកទៅវាយដែរ។ យើងបានរៀបចំសម្ភារសម្រាប់ ៤ ៥៥៤ គ្រួសារ … ទោះបីចូលរួមមិនបានគ្រប់គ្នាក៏ដោយ … គេអត់មើលឃើញថាកន្លែងនេះបានប្រែពីកន្លែងវាលស្មៅ កន្លែងមានមីន ទៅជាទីក្រុងមួយមានភ្លើង មានទឹក មានផ្លូវ មានផ្ទះ មានសាលារៀន មានគ្រូ មានវត្តអារាម និងដែលកើតឡើងក្នុងរយៈពេលមិនដល់ទាំង ៥០០ថ្ងៃផងនោះទេ។ គេមើលស្អីផ្សេង … រាជរដ្ឋាភិបាលទទួលស្គាល់ថាការរើទីតាំង … វាមានការលំបាក ជាពិសេសក្នុងដំណាក់កាលចំពោះមុខ … ខ្ញុំចុះមកលើកនេះ មិនមែនជាលើកចុងក្រោយទេ។ ខ្ញុំនឹងបន្តនៅជាមួយនិងតាមដានជាប់ជាប្រចាំ។ ឯកឧត្តម សាយ សំអាល់ និងថ្នាក់ដឹកនាំ បន្តតាមដានជាប់ជាប្រចាំ ធ្វើជាប្រចាំ ដើម្បីប្រែក្លាយកន្លែងនេះទៅជាក្រុងគំរូ និងពាក់ស្នែងដូចគ្នា។

អរគុណ អ៊ំ ពូ មីង បងប្អូនដែលយោគយល់។ យើងលំបាករយៈពេលខ្លី ដើម្បីថែរក្សាកេរដំណែលរាប់ពាន់ឆ្នាំរបស់បុព្វបុរស ថែរក្សាព្រលឹងជាតិរបស់យើង។ យើងសុខចិត្តលំបាកបន្តិច ក្នុងនាមជាលោកតា លោកយាយ ក្នុងនាមជាបងប្អូន ដើម្បីឱ្យកូន​យើង ចៅយើង ពេលដែលកើតមកធំឡើងបានរស់នៅកន្លែងមួយដែលមានកម្មសិទ្ធ និងជាតំបន់អភិវឌ្ឍគ្រប់គ្រាន់ មិនប៉ះពាល់ទៅដល់តំបន់(ហាមឃាត់)។ យើងសុខចិត្តលំបាកជំនាន់យើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយកាន់តែបានល្អប្រសើរ … យើងសុខចិត្តចល័ត(មក)កន្លែងនេះ ដើម្បីរួមគ្នាកសាងកន្លែងថ្មីជាមួយរដ្ឋាភិបាល … ក្មេងដែលទើបរៀនបឋម(សិក្សា) ១០ឆ្នាំ ទៅ១៥ឆ្នាំទៀត​គ្នានឹងធំឡើងរៀននៅវិទ្យាល័យមានការងារធ្វើ កសាងកន្លែងនេះកាន់តែល្អ មែនទេលោកតា/យាយ។ លោកតា/យាយ ឆ្លងកាត់សង្គ្រាមរាប់សិបឆ្នាំ អាយុច្រើនហើយ។ ខ្ញុំជឿថាលោកតា/យាយ គិតខ្លួនឯងតិចណាស់ ប៉ុន្តែសំខាន់គិតពីចៅ/ចៅទួតរបស់ខ្លួនមែនអត់។ ចង់ឱ្យជំនាន់ចៅ ចៅទួត កាន់តែសម្បូរសប្បាយទៅនៅកន្លែងណាដែលស្ថេរភាព យូរអង្វែងកាន់តែអភិវឌ្ឍមែនអត់ … ខ្ញុំទៅក្រៅប្រទេសកាលពីពេលមុន តែអត់ទិញកាដូផ្ញើប្រពន្ធ ប្រពន្ធមើលមុខ។ ឥឡូវយើងរួចខ្លួន ទិញតែកាដូផ្ញើកូន។ ពាក្យខ្មែរថា “ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង”។ ខ្ញុំ(ជា)ឪពុកម្ដាយស្រលាញ់កូនប៉ុន្មាន ទម្រាំលោកតា​ លោកយាយ ស្រលាញ់គិតពីអនាគតចៅរបស់ខ្លួនប៉ុណ្ណា។ ប្រាកដជាធំធេងណាស់។ ប្រាកដជាចូលរួមនៅកន្លែងនេះ គិតពីអនាគតក្នុង១០ទៅ២០ ឆ្នាំទៀត កន្លែងនេះទៅជាកន្លែងដែលរស់នៅ សមស្រប សមរម្យ និងជាកន្លែងអភិវឌ្ឍធំសម្រាប់ចៅរបស់យើង។ នេះជាមោទនភាព រាជរដ្ឋាភិបាលនិងធ្វើឱ្យសេចក្ដីបំណងនេះទៅជាការពិតទាំងអស់គ្នា។ យើងលះបង់ថ្ងៃនេះ ដើម្បីថ្ងៃស្អែក និងថ្ងៃស្អែកមួយទៀតដើម្បីកូនយើង ចៅយើង កាន់តែល្អប្រសើរ ហ្នឹងហើយស្មារតីដែលយើងធ្វើថ្ងៃនេះ អាជ្ញាធរពាក់ព័ន្ធត្រូវតែបន្តកសាងកន្លែងនេះ ឱ្យកាន់តែអភិវឌ្ឍរីកចំរើនជូនប្រជាពលរដ្ឋ

(២២) កិច្ចការ ៥ ត្រូវបន្តអនុវត្តដើម្បីអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង

(ទី១) ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បន្តរៀបចំប្លង់គោលប្រើប្រាស់ដី សម្រាប់តំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្ដានុពលស្របតាមប្រភេទដី សម្រាប់កសិកម្ម ការចិញ្ចឹមសត្វនិងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលតភ្ជាប់នឹងរបៀងសេដ្ឋកិច្ច រវាងទីក្រុងនិងជនបទ … ក្រសួងត្រូវគិតគូរកសាងប្លង់គោល កំណត់ការប្រើប្រាស់ ដីធ្លីជាយុទ្ធសាស្ត្រនៅតំបន់នានានៅទូទាំងប្រទេសឱ្យសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ច។ ដើម្បីសេដ្ឋកិច្ចនៅទីនេះកើន ជ្រុងមួយដែលសំខាន់គឺការបង្កើតការងារ។ នេះគឺជាយុទ្ធសាស្ត្រគន្លឹះសំខាន់មួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ សេដ្ឋកិច្ចកើន មិនអាចកើនគ្រាន់តែថាចំណូលពីប្រេងឡើងនោះទេ។ ត្រូវតែផលលាភដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការងារឱ្យជីវភាពរស់នៅរបស់ប្រជាជនបាន កើនលើគ្រប់វិស័យ។ ឯកឧត្តម សាយ សំអាល់ គិតមួយជំហានមើលថាវាយ៉ាងណា។ សូមប្រគល់ភារកិច្ច។ ក្រ​សួង​កសិកម្ម ក្រសួងទេសចរ អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវគិតគូរប្រទាក់ក្រឡាអំពីសក្ដានុពល របស់ខេត្តយើង។ តំបន់ទេសចរនៅខេត្តសៀមរាបបច្ចុប្បន្ន ដែលមានអូតែលច្រើន បន្តិចទៀតទេសចរមករាប់លាននាក់ អាចភ្ជាប់ជាមួយនឹងការផលិតស្អីខ្លះកន្លែងនេះ។ មានការងារអីខ្លះសំរាប់ប្រជាពលរដ្ឋនៅទីនោះ ខណៈព្រលានយន្តហោះថ្មីបានបង្កើតនៅទីនេះ។ នៅតំបន់ព្រលានយន្តហោះនេះ បន្តិចទៀត មានគម្រោងបង្កើតតំបន់ឧស្សាហកម្ម រៀបចំផែនការមេជាប៉ូលសេដ្ឋកិច្ចមួយទៀតសម្រាប់ខេត្ត។ នៅទីរួមខេត្តនិងតំបន់ជុំវិញ ជាឧស្សា​ហ​កម្មអត់ផ្សែង ជាទេសចរ​ហើយ។ នៅកន្លែងនេះយើងគិតពីសក្ដានុពលផ្សេងទៀត រុញការងារឱ្យដល់ប្រជាពលរដ្ឋ។ លោកតា/យាយ រាជរដ្ឋាភិបាលមិនអាចជប់ការងារស្អែកបានទេ មិនអាចលើករោងចក្រស្អែកមកបង្កើត​ប្រព័ន្ធ តែនេះនៅក្នុងផែនការ តែចំពោះមុខការងារដែលមានស្រាប់នៅក្នុងខេត្តយើងជួយសម្រួល ការដឹកជញ្ជូនកាត់បន្ថយថ្លៃ។

(ទី២) ខិតខំភ្ជាប់សក្ដានុពលកន្លែងនេះ និងការអភិវឌ្ឍមិនមែនតែរុនតាឯកទេ ស្រុកបន្ទាយស្រី ស្រុកអង្គរធំ កន្លែងទាំងមូល ឱ្យទៅជាតំបន់អភិវឌ្ឍ ព្រោះសៀមរាបមិនអាចរីកបានតែក្រុងសៀមរាបទេ ត្រូវតែរីកគ្រប់ស្រុកទាំងអស់ តាមសក្ដានុពលរបស់ខ្លួន។ ដូចគ្នា រាជធានីភ្នំពេញមិនអាច រីកតែរាជធានីភ្នំពេញតែមួយ ហើយចេញមកដល់ខេត្តកណ្ដាល ខុសគ្នាដូចមេឃនិងដីទេ។ ឥឡូវយើងកាន់តែកៀកគ្នា។ ប៉ុន្តែបើរាជធានីភ្នំ​ពេញឱ្យតែរីកខ្លាំងគឺខេត្តកណ្ដាលបាត់ដីថែម។ រាជធានីភ្នំពេញ(កាត់)ចូលក្រុងដូចជា ដង្កោ ព្រែកព្នៅ រីក ខេត្តកំពង់ស្ពឺកំពុងភ័យដែរ ខ្លាចយករូបមន្តរីកទៅទិសខាងលិច។ អត់អីទេ ទុកឱ្យគេ។ យើងកុំចាំបាច់កាត់អាហ្នឹង។ ខេត្ត/ក្រុងណា ដូចតែគ្នា។ ជារាជធានី ជាខេត្តរបស់កម្ពុជា … រុញការងារ រុញការអភិវឌ្ឍទៅដល់មូលដ្ឋាន … ការបង្កើតការងារនៅទីនេះ សូមឱ្យគណៈកម្មការអន្តរក្រសួងគិតគូរពីការភ្ជាប់ដែលអាចធ្វើទៅបាន​ដូចជាការអភិ​វឌ្ឍព្រលានយន្តហោះថ្មី អាចភ្ជាប់ការងារកម្រិតណា បង្កើតសក្ដានុពលនៅទីនេះដើម្បីបង្កើតលទ្ធភាពទីផ្សារឱ្យប្រជាពលរដ្ឋ។

សម្រាលបន្ទុកនៅក្នុងការធ្វើដំណើរ ទៅធ្វើការនិងថែរក្សារួមទាំងអស់គ្នា សុខចិត្តលំបាក។ ប្រជាពលរដ្ឋ អរគុណណាស់នៅក្នុងរយៈពេលខ្លី តែដើម្បីអនាគតថ្មី ថ្ងៃស្អែករបស់យើង ទាំងបច្ចុប្បន្នកាល និងអនាគតកាលសម្រាប់កូនចៅយើង បានកាន់តែសម្បូរសប្បាយ។ រាជរដ្ឋាភិបាល មិនចោលទេ នូវការគិតគូរនេះ​គ្រប់បែបយ៉ាង។

(ទី៣) ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ សហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ រៀបចំផែនការដើម្បីទាក់ទាញវិនិយោគសក្ដានុពលផ្សេងៗ

(ទី៤) ក្រសួងការងារ មន្ទីរការងារ ស្ថាប័នអាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាពផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងផែនការដែលផ្ដល់ការបណ្តុះបណ្តាលជំនាញអោយ ១លាន ៥សែននាក់ សូមពិនិត្យមើលកម្មវិធីពិសេសសម្រាប់នៅទីនេះ ដើម្បី ភ្ជាប់ទី១៖ ការងារដែលមានស្រាប់នៅក្នុងក្រុងដើម្បីងាយស្រួលរក ទី២៖ បង្កើតសក្ដានុពលផ្សេងៗ ពិនិត្យផ្ដល់ការ(ងារ)ដល់យុវជនរបស់យើង។ ជួនកាលនៅតំបន់អង្គរគាត់ធ្លាប់ធ្វើអ្វីមួយ។ ដល់មកទីនេះ គាត់ត្រូវដូរអាជីព។ អញ្ចឹងត្រូវផ្ដល់ការបណ្ដុះបណ្ដាលអាជីព។ បង្រៀនមិនគិតលុយ ហើយជូនប្រាក់ខែទៀត។ មួយខែ ២៨ម៉ឺនរៀលថែម។ រៀនបានលុយ មិនមែនរៀនអស់លុយទេ។ បងប្អូនមួយចំនួនដែលអត់រៀននៅក្នុងសាលាអាចពិនិត្យមើលទីនេះដើម្បីទាញផល ជាពិសេសយុវជននៅទីនេះដើម្បីមានសមត្ថភាពនិងភ្ជាប់ការ​ងារ​នៅទីនេះ …។

សៀមរាបនេះ ជាខេត្តសក្ដានុពល។ រាជរដ្ឋាភិបាលបានដាក់គោលនយោបាយពិសេសដើម្បីអភិវឌ្ឍវិស័យទេស​ចរនៅសៀមរាបឱ្យលូតលាស់វិញឱ្យឆាប់។ ឆ្នាំ២០២៤ យើងដាក់ចេញឆ្នាំទស្សនាសៀមរាប។ ក្រសួងទេសចរបានធ្វើការជាមួយបណ្ដាស្ថាប័ន ជាមួយប្រទេសជាដៃគូមួយចំនួនដើម្បីទាញទេសចរឱ្យមកច្រើន។ ទេសចរមកច្រើនបង្កើតនូវតម្រូវការសេវា បង្កើតទំនិញផ្សេងៗ ឱ្យភោជនីយដ្ឋានដើរ និងសណ្ឋាគារដើរ និងសេវាផ្សេងៗដើរ ទាំងនោះភ្ជាប់ជាមួយអ្នករុនតាឯកនិងពាក់ស្នែងផង … យើងមិនអាចគិតតែពីក្នុងកញ្ចប់នៅទីនេះទេ យើងត្រូវគិតពីការពាក់ព័ន្ធទាំងក្នុងទាំងក្រៅ។ នៅទីនេះ មុនគេត្រូវគិតពីផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ ពីផ្ទះគាត់ ពីហេដ្ឋារចនាសម្ព័ន្ធ បណ្ណសមធម៌ពេលព្យាបាលជំងឺ ទឹក ភ្លើង … បន្ទាប់មកផលរួមពីមន្ទីរពេទ្យ ពីសាលារៀន ពីវត្ត ពីផ្លូវ។ ក្នុងតំបន់នេះ យើងត្រូវគិតពីក្របខណ្ឌធំជាងនេះ នៅក្នុងស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងនៅខេត្តសៀមរាបតែម្ដង។ ត្រូវគិតទាំងអស់ទើបអាចជួយគ្នាបាន។ យើងមិនមែនកង្កែបក្នុងអណ្តូងទេ … យើងត្រូវខិតខំជួយទាំងក្របខណ្ឌខេត្ត ក្របខណ្ឌស្រុក ក្របខណ្ឌនៅទីនេះ និងប្រជាពលរដ្ឋផ្ទាល់តែម្តង តាមអ្វីដែលយើងអាចជួយបាន …និង

(ទី៥) រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបន្តសម្របសម្រួលដល់ប្រជាជនដែលត្រូវចូលមកតាំងទីលំនៅ នៅតំបន់អភិវឌ្ឍទាំងពីរនេះឱ្យបានឆាប់ និងល្អប្រសើរ ហើយត្រូវការពារឱ្យបានដាច់ខាតនូវការទន្ទ្រានកាន់កាប់ទីតាំង ទីលំនៅមិនរៀបរយបន្តទៀត នៅក្នុងតំបន់ឧទ្យានអង្គរទាំងមូល។ បើមិនដូច្នោះ បើដូចវែកចក យើងមិនអាចសំរេចកិច្ចការនេះបានទេ … (ព្រោះ)ទីបំផុត អ្នកចេញមកក៏មិនចេញ អង្គរក៏លែងមានឈ្មោះក្នុងបញ្ជីបេតិកភណ្ឌ … រាជរដ្ឋាភិបាលខិតខំចំណាយថវិកា និងដោះស្រាយការប្រឈមការលំបាក ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលមានបំណងចូលថ្មីចូលរួមយោគយល់ការពារកេរ្តិ៍ដំណែលដូនតាយើងរាប់ពាន់ឆ្នាំមកហើយ …។

ប្រជាពលរដ្ឋយើងធ្វើជំរឿនច្បាស់ហើយ។ កំណត់អត្តសញ្ញាណឱ្យច្បាស់។ បងប្អូនដែលជាមុខសញ្ញានឹងអាចចូលរួមនៅក្នុងកម្មវិធីនេះ … មិនមែននៅសុខៗ រដ្ឋាភិបាលទៅបង្កើតការងារថ្មី កសាងបុរីមួយចង់បង្ហាញស្នាដៃនោះទេ។ បើយើងអាចរក្សានិងកសាងនៅកន្លែងមូលដ្ឋានបាន នៅហ្នឹងកន្លែងបានដោយគ្មានប៉ះពាល់ទៅដល់កេរ្តិ៍ដំណែលដូនតា … យើងបន្តហើយ។ ប៉ុន្តែយើងអត់ជម្រើស។ ត្រូវខិតខំដើម្បីឱ្យការអភិវឌ្ឍនិងការអភិរក្ស របស់យើងទៅជាមួយគ្នា … កន្លះម៉ោងហើយ? និយាយចេះតែមើលម៉ោង … វាធ្លាប់រឿងមួយ។ ទៅកម្មវិធីមួយនិយាយមើលម៉ោងដែរ តែម៉ោងងាប់។ និយាយ ២ម៉ោងជាង។ ម៉ោងហ្នឹងវានៅតែកន្លះម៉ោង … អរគុណក្រុមការ​ងារទាំងអស់ដែលបានសម្របសម្រួលក្នុងការរៀបចំ អាជ្ញាធរដែនដី​​ សមត្ថកិច្ច កងកម្លាំងទាំងអស់រក្សា និងការត្រៀមជួយសម្របសម្រួល និងការរៀបចំពិធី ក៏ដូចជាប្រជាពលរដ្ឋចូលរួម អរគុណ អ៊ំ ពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមនៅទីនេះ … សូមអរគុណសារជាថ្មីជូនទៅដល់ស្ថាប័ន អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ដែលរួមគ្នាកសាងកន្លែងនេះ ហើយប្រជាពលរដ្ឋដែលបន្តចូលរួមជាមួយយើង ទោះមានការប្រឈម ការលំបាក តែក៏ខិតខំចូលរួម … ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន និងក្មួយៗទាំងអស់សូមប្រកបដោយសុខភាពល្អបរិបូរណ៍ និងមានសុភមង្គលក្នុងក្រុមគ្រួសារ សូមសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។

ក្នុងថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍរុនតាឯកទាំងអស់ដែលបានទទួលបានប័ណ្ណនៅថ្ងៃនេះ បានស្ម័គ្រចិត្ត ហើយនឹងបានចូលមកទីនេះ ៤៥៥៤ គ្រួសារ ។ នៅក្នុងនោះ ក្នុងមួយគ្រួសារមានរៀបចំអាហារសម្រន់ ហើយក៏មានបន្ថែមនូវមីមួយកេសធំ ត្រីខមួយកេសធំស្មើនឹង ១០០ កំប៉ុង អង្ករ ៥០ គីឡូក្រាម និងថវិកា ១ លានរៀលផងដែរ។ ដោយឡែក ជាការបំពេញបន្ថែម ប្រជាពលរដ្ឋ ៥៩៤ គ្រួសារ ដែលគ្រាមុនមិនបានទទួលស័ង្កសី សូមជូនស័ង្កសី ៣០ សន្លឹក ឲ្យបានដូចអ្នកដែលចូលក្រោយ។ អញ្ចឹងស្មើគ្នា។ អ្នកដែលចូលក្រោយធ្លាប់បានស័ង្ក​សី​ពីសម្តេចហើយ។ អញ្ចឹងយើងស្មើគ្នា។ ៨៦ គ្រួសារមិនទាន់បានប័ណ្ណកម្មសិទ្ធិ ឥឡូវបានស្មើគ្នា ហើយបានប័ណ្ណសមធម៌ទៀត។ ថ្ងៃនេះស្មើគ្នាទាំងអស់។

លោកគ្រូ អ្នកគ្រូ ៥៣ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល សិស្សានុសិស្ស ២១៦០ នាក់ ម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិក មួយដើម ថវិកា ១ ម៉ឺនរៀល។ អ្នកជំងឺកំពុងព្យាបាលមាន ៨ រូប បុគ្គលិកពេទ្យក្នុងមណ្ឌលមាន ១៧ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល … ជូនមណ្ឌលសុខភាពប៊ុនរ៉ានី-ហ៊ុនសែនរុនតាឯក ថវិកា ៥ លានរៀល ជូនសាលាបឋមសិក្សាហ៊ុនសែន រុនតាឯក ថវិកា ១ លានរៀល ជូនសាលាជាលាធំ ១ លានដែរ ជូនសាលាវិទ្យាល័យហ៊ុនសែនរុនតាឯក ២ លានរៀល ជូនសាលាស្រុកបន្ទាយស្រី ២ លានរៀល ជូនកងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀម​រាប ២០ លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀន និងជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ ក្រៅពីនោះ មាន computer សូមឯកឧត្តមដោះជូនតាមក្រោយ។ សូមអរគុណសាជាថ្មី ហើយសូមជំរាបលាតែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ