សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាស អនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ”

នៅព្រឹក ថ្ងៃអង្គារ​ ២កើត ខែកត្តិក ឆ្នាំថោះ​​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”​ និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” ។

កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូត ដៃគូអភិឌ្ឍន៍ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ចឹងក៏មានការចូលរួមពីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ សិស្ស និស្សិត ផ្នែកវិជ្ជាជីវៈនិងបច្ចេកទេស សរុបប្រមាណជាង ២ពាន់នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកការប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនាព្រឹកថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា។ សម្តេចធិបតីបានបានមានប្រសាសន៍ថា និយាយដល់មូលធនមនុស្ស គឺត្រូវគិតដល់សុខភាព និងសមត្ថភាព។ ដូច្នេះកម្មវិធីដាក់ឱ្យអនុវត្តន៍នៅព្រឹកថ្ងៃនេះ ជាការគាំទ្រខ្ពស់ដល់នយោបាយមូលធនមនុស្ស។ សម្តេចធិបតីបន្តទៀតថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនាព្រឹកថ្ងៃនេះ គឺឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋគ្រប់រូប។
សម្តេចធិបតីបានថ្លែងថា ប្រជាពលរដ្ឋត្រូវចំណាយជាមធ្យមក្នុងមួយខែចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ឬស្មើ២៥០ដុល្លារក្នុងមួយឆ្នាំទៅលើបញ្ហាសុខភាព។ តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបានការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត អត់មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋតាំងពីមុនពេលកើត រហូតដល់ពេលកើត។
រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺមានការគិតគូរខ្ពស់ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតីបានថ្លែងប្រដូចការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ ជាការបង្រៀនឱ្យពួកគេជាស្ទួចត្រី ដើម្បីម្ចាស់ការលើជីវិត ដោយមានជំនាញច្បាស់លាស់។ សម្តេចបានណែនាំក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ប្រឹងប្រែងរួមគ្នាអនុវត្តន៍កម្មវិធីទាំងពីរនេះ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។ សម្តេចធិបតីបានថ្លែងទៀតថា កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំនោះឡើយ។សម្តេចបានណែនាំឱ្យក្រសួងពាក់ព័ន្ធត្រូវតាមដានឱ្យជាប់ជាប្រចាំលើកម្មវិធីជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តន៍។
សម្តេចធិបតីក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន អំពាវនាវដល់ប្រជាពលរដ្ឋខ្វះខាតជំរុញកូនឱ្យមកទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតាមដានឱ្យជាប់ប្រចាំលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ចៀសវាងការបោះឆ្នោតការសិក្សា និងបានជូនពរឱ្យ កម្មវិធីទាំងពីរនេះដំណើរការទៅដោយរលូន និងប្រកបដោយភាពជោគជ័យ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ