ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។
យោងតាមឯកសារនានា បានឱ្យដឹងថា បញ្ជាការដ្ឋានទ័ពពិសេស មានឈ្មោះដើមថា «កងអនុសេនាធំទ័ពឆត្រយោងកម្ពុជា»បង្កើតឡើងដោយព្រះរាជក្រមលេខ ៤២៦ នស ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៨។ ប៉ុន្តែអង្គភាពទ័ពមួយនេះត្រូវបានរលំរលាយបាត់ឈ្មោះពីលើទឹកដីកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចន្លោះពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។ លុះដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ ទើបអង្គភាពទ័ពមួយនេះត្រូវបានបង្កើតឡើងវិញ ដោយមានឈ្មោះថា «កងវរសេនាធំទ័ពពិសេសឆត្រយោង៩១១» ហើយសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបង្កើតអង្គភាពនេះដោយផ្ទាល់។ លុះក្រោយមកនៅឆ្នាំ១៩៩៩ អង្គភាពទ័ពមួយនេះ បានប្រែក្លាយជា «កងពលតូចទ័ពពិសេសឆត្រយោង៩១១» វិញ។
លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅពេលនោះ បានសម្រេចកែសម្រួលឈ្មោះអង្គភាពទ័ពមួយនេះ ពី «កងពលតូចទ័ពពិសេសឆត្រយោង៩១១» ទៅជា «បញ្ជាការដ្ឋានទ័ពពិសេស» ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
បញ្ជាការដ្ឋានទ័ពពិសេស ជាអង្គភាពទ័ពមួយ ដែលបានចូលរួមធ្វើសកម្មភាពដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស បានធ្វើពលីកម្មបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ឆន្ទៈស្មារតី កម្លាំងកាយពល និងពេលវេលា ដោយគ្មានខ្លាចការលំបាកនឿយហត់ ចូលរួមភារកិច្ចប្រយុទ្ធ ប្រឆាំងការវិលត្រឡប់មកសារជាថ្មីរបស់របប ប៉ុល ពត ប្រល័យពូជសាសន៍។
វីរយុទ្ធជន វីរយុទ្ធនារី ទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស បានចូលរួមគោរព និងអនុវត្តនូវយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពទឹកដី រហូតទទួលបានការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាមិនធ្លាប់ទទួលបានសន្តិភាព និងការឯកភាពទឹកដីក្នុងរយៈពេលជាង៥០០ឆ្នាំ។
ក្រៅពីភារកិច្ចស្នូល អង្គភាពបានចាត់តាំងកម្លាំង ចូលរួមនូវរាល់កិច្ចការសង្គមរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងមូលដ្ឋាន ដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ធ្វើឱ្យភូមិឃុំទទួលបានភាពសុខដុមរមនា ប្រជាជនរស់នៅប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយភាពសុខសាន្ត និងសុភមង្គល។ បន្ថែមពីលើនោះ បញ្ជាការដ្ឋានទ័ពពិសេស ត្រៀមកម្លាំងមធ្យោបាយ, សម្ភារៈ, ស្បៀងអាហារជាប់ជានិច្ច ក្នុងជួយសង្គ្រោះប្រជាជន នៅពេលមានគ្រោះ ភ័យដូចជា៖ អគ្គិភ័យ, ទឹកជំនន់, គ្រោះធម្មជាតិ បង្កឡើងដោយកត្តាមនុស្សដោយកត្តាធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ