សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា សភា សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រលាញ់រាប់អាន
បងប្អូនខាងបុគ្គលិក គ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលមានវត្តមាននៅទីនេះ

(១) មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ​ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ “តេជោសន្ដិភាព” ដែលជាគម្រោងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល និងជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នេះបានជោគជ័យ។

តាមរយៈរបាយការណ៍របស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ តេជោសន្ដិភាព គឺជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានរហូតទៅដល់ជិតមួយម៉ឺនគ្រែ ហើយមានបំពាក់គ្រឿងបរិក្ខារទំនើបកម្រិតស្ដង់ដាអន្តរជាតិ​។ អម្បាញ់មិញ (ពេល)ចូលមក ក៏បានឃើញនៅក្នុងបដា មានដាក់រូបមួយចំនួនទាក់ទងនឹងការបំពាក់។ យើងមិនទាន់បំពាក់ពេញទាំងអស់ទេ។ យើងដើរជាជំហានៗ។ ការរៀបចំបើកនេះគឺក្នុងគោលដៅដើម្បីផ្ដ​ល់សេវាជូនប្រជាពលរដ្ឋយើងឲ្យបានកាន់តែល្អ។

សមិទ្ធផលថ្ងៃនេះ នឹងចូលរួមពង្រឹងគុណភាពនិងវិសាលភាពនៃការផ្ដល់សេវាសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាព សុខុមាលភាពសាធារណៈស្របតាមពាក្យស្លោក “មិនទុកឲ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាព” ផងដែរ។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នេះប្រជាពល​រដ្ឋកម្ពុជាគ្រប់រូបនឹងទទួលបាននូវសេវាសុខាភិបាលប្រកបទៅដោយគុណភាព ដូចជាការគាំពារសុខុមាលភាពមួយដ៏ល្អប្រសើរ (ដោយយើងមាន)មន្ទីរពេទ្យដែលធំជាងគេបំផុតនាពេលបច្ចុប្បន្ននៅកម្ពុជា ដែលមានចំនួនគ្រែជិតមួយម៉ឺនគ្រែ ហើយដែលត្រូវការបុគ្គលិកច្រើន។

(២) ជាចក្ខុវិស័យ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ស្រាយបញ្ហាសុខភាពចំពោះមុខ និងត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ

ហេតុអ្វីបានយើងសង់មន្ទីរពេទ្យធំបែបនេះ នៅក្នុងដំណាក់កាលនេះ? សម្ដេចតេជោបានបញ្ជាក់ពីចក្ខុវិស័យរួចហើយថា កន្លែងនេះគឺសម្រាប់ជាមូលដ្ឋានដោះស្រាយបញ្ហាសុខភាពទាំងចំពោះមុខ ក៏ដូចជាទាំងត្រៀមលក្ខណៈជាយុទ្ធសាស្រ្ត … ២ឬ៣ឆ្នាំមុន (យើង)មិនបានអង្គុយអញ្ចេះទេ។ បងប្អូនទាំងអស់នៅទីនេះ ខ្ញុំនៅចាំមុខមួយចំនួនដែរ។ បងប្អូនជាច្រើននៅទីនេះ សុទ្ធតែអ្នកដែលប្រឡូកផ្ទាល់នៅឆ្នាំ ២០១៩ ដែលមេរោគ កូរ៉ូណា បានផ្ទុះ ហើយក្រោយមកក្លាយទៅជាវិបត្តិកូវីដ-១៩។ ពេលនោះ ពិភពលោកអត់មានអ្នកណាត្រៀមលក្ខណៈគ្រប់គ្រាន់ទេ។ ខ្ញុំតែងនិយាយជាមួយថ្នាក់ដឹកនាំអន្តរជាតិ ទាំងថ្នាក់​ដឹកនាំនយោបាយ កាលខ្ញុំនៅកងទ័ពជើងគោក ថា “ពិភពលោកធ្លាប់មានការសហប្រតិបត្តិការជា​មួយគ្នាជួយដោះស្រាយវិបត្តិសុខភាព គ្រោះមហន្តរាយផ្សេងៗ។ យើងធ្លាប់ធ្វើសមយុទ្ធរួមគ្នាច្រើនណាស់​ … នៅពេលដែលប្រទេសណាមួយ(មានវិបត្តិ)នោះ ប្រទេសផ្សេងៗរួមគ្នាជួយ (ដោយមានទាំងការ)ចែករំលែកធនធានមនុស្ស ធនធានថវិកា ធនធានសម្ភារៈមធ្យោបាយ។ ដូចជាបញ្ហានៅអ៊ីស្រាអែលនិងហ្គាហ្សា អង្គការសហប្រជាជាតិ(បាន)រុញស្បៀងចូលតាមអេហ្ស៊ីប។ ប៉ុន្តែ វិបត្តិកូវីដ-១៩នេះ គឺកើតឡើងទ្រង់​ទ្រាយធំ កាចសាហាវ ហើយព្រមៗគ្នាតែម្ដងនៅគ្រប់ប្រទេស ធ្វើឲ្យគ្រប់ប្រទេសទាំងអស់មិនមានត្រៀមលក្ខណៈគ្រប់គ្រាន់។

(៣) ទីតាំងបណ្ដោះអាសន្នប្រយុទ្ធនឹងកូវីដ១៩ ដំណាក់កាលដំបូង មានហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ លក្ខណៈបច្ចេកទេសមិនសមស្រប ហើយការរៀបចំច្រើនកន្លែងធ្វើឲ្យខាតបង់ធនធាន

កម្ពុជាយើង នៅឆ្នាំ២០២០ ​២០២១ គឺជាឆ្នាំដែលប្រឈមបំផុតនឹងការរីករាលដាល(កូវីដ-១៩)នៅក្នុងសហគមន៍។​ ពីដំបូងឡើយ … យើងត្រៀមលក្ខណៈនៅពេទ្យរុស្ស៊ីប្រហែលជា ២០គ្រែ។ យើងគិតថា បញ្ហានេះមិនធំទេ។ ប៉ុន្តែដល់ពេលផ្ទុះនៅក្នុងសហគមន៍ ហើយពេលដែលប្រជាជនចាប់ផ្ដើមមានការព្រួយបារម្ភ រាជរដ្ឋាភិបាលយើងក៏ត្រូវយកចិត្តទុកដាក់ការពារជីវិតរបស់ប្រជាជន ត្រូវតែធ្វើ(កិច្ចការចាំបាច់ទាំងឡាយ)ដើម្បីសង្រ្គោះជីវិតប្រជាជនដែលកើតជំងឺ និងដែលប៉ះពាល់ជំងឺ … ការពារកុំឲ្យវារីករាលដាលឆ្លងទៅដល់អ្នកដទៃរួមទាំងមន្ទីរពេទ្យផង។ ពេលកូវីដ-១៩(ផ្ទុះនិងរាលដាល យើង)ជម្លៀសអ្នកជំងឺផ្សេងៗ​ចេញ និងយកអ្នកជំងឺកូវីដ-១៩ ទៅដាក់ …. បើយើងមិនរៀបចំបានស្រួលបួលទេគឺអាចធ្វើឲ្យមានការឆ្លង(ពេញទាំងមន្ទីរពេទ្យ)។ យើងឃើញហើយថាជំងឺកូវីដ-១៩នេះ ទី១ វាសម្លាប់ផ្ទាល់ … ប៉ុន្តែមួយទៀតវាធ្វើឲ្យអ្នកដែលមានជំងឺផ្សេងទៀត ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ កាន់តែមានហានិភ័យខ្ពស់បើសិនជាឆ្លងកូវីដ-១៩។

ដោយហេតុនេះ យើងត្រូវបង្ខំចិត្តរៀបចំទីតាំងបណ្ដោះអាសន្ន។ គ្រប់កន្លែងទាំងអស់ មិនថាតែនៅកម្ពុជាទេ គ្រប់កន្លែងទាំងអស់នៅលើពិភពលោក រៀបចំមន្ទីរពេទ្យកម្រិតស្រាលដើម្បីធ្វើយ៉ាងណាទប់សភាពការណ៍កុំឲ្យរីករាលដាល … ហេតុអ្វីយកមនុស្សទៅដាក់ចត្តាឡីស័ក? ទោះបីជាគាត់(មានរោគសញ្ញា)ស្រាលក៏ដោយ ដោយសារពេលនោះយើងមិនទាន់មានលទ្ធភាពចាក់វ៉ាក់សាំង(ការពារកូវីដ-១៩ គ្រប់គ្រាន់) ដោយហេតុនេះហានិភ័យនៃការស្លាប់​គឺមានខ្ពស់។ យើងត្រូវរកវិធីកាត់ផ្ដាច់អ្នកដែលគាត់ឆ្លង​ កុំឲ្យឆ្លងរាលដាលដល់អ្នកដទៃទៀត។ នៅរាជធានីភ្នំពេញ យើងបានប្រែក្លាយកន្លែងរៀបមង្គលការ ​ស្ដាត(អូឡាំពិច) និងកន្លែងជាច្រើនជាបន្ទាន់។ ប៉ុន្តែ ការរៀបចំបែបនោះ (ដូច)បងប្អូនបានឃើញហើយ វាដោះស្រាយ(បញ្ហាបាន)ចំពោះមុខ។ តែបើរយៈពេលវែងពិបាក ដោយសារទី១ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងលក្ខណៈបច្ចេកទេស(មិនសមស្រប)។ កន្លែងរៀបការ មិនមែនសម្រាប់ដាក់(អ្នកជំងឺ)ឆ្លង(កូវីដ-១៩)ទេ … ទី២ យើងត្រូវរៀបចំច្រើនកន្លែងដែលធ្វើឲ្យខាតបង់ធនធាន។ យើងត្រូវការពេទ្យច្រើន មួយកន្លែងៗ ត្រូវការអ្នកសេវាក៏ច្រើន ត្រូវការកម្លាំងការពារក៏ច្រើន។

(៤) ត្រូវតែមានមធ្យោបាយនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីការពារជំងឺឆ្លង

​ធនធានពេទ្យរបស់យើងប្រឈមជាមួយនឹងគ្រោះថ្នាក់ចំពោះមុខ​។ កូវីដ-១៩ មិនស្គាល់ពេទ្យទេ។ តែប្រ​ហែសវាចូលស៊ីសួតដូចគ្នា។ តែបងប្អូនត្រូវតែចូលដើម្បី(ជួយសង្រ្គោះប្រជាជន)។ មួយទៀត​ ត្រូវទទួលភារកិច្ចព្យាបាលអ្នកជំងឺដទៃទៀត។ ពេលដែល(ការឆ្លង)រីក(រាលដាល)កាន់តែខ្លាំង យើងរៀបចំកន្លែងកាន់តែច្រើន (ដែលវាបង្កើតជា)បញ្ហាមួយគឺធនធានមនុស្សយើងកាន់តែខ្សត់។ អញ្ចឹង យើងត្រូវបង្កើត​ពេទ្យស្ម័គ្រចិត្ត ដែលក្រោយមករៀបចំជាក្របខណ្ឌផ្សេងៗ ទៅតាមបណ្ដាខេត្តដែលរីករាលដាល។ យើងត្រូវការពេទ្យស្ម័គ្រចិត្តចូលរួមបន្ថែម។ ផ្អែកលើ(ការចាំបាច់ទាំង)នេះ(ហើយ បានជា)យើងរៀបចំ(មន្ទីរពេទ្យជាតិ តេជោសន្ដិភាព)។ (សួរថាចុះបើ)កូវីដ-១៩ ផុតទៅហើយ (តើ)ចាំបាច់រៀបចំ(មន្ទីរពេទ្យ)ធ្វើអី? … ស្ថានភាពសុខាភិបាលត្រូវការកន្លែងមានទ្រង់ទ្រាយធំដើម្បីប្រមូលផ្ដុំនិងការដោះស្រាយកូវីដ-១៩។ ទោះបីមិនមែន(ជាជំងឺ)កូវីដ-១៩ ឬជំងឺឆ្លងបែបនេះក្នុង ១០០ឆ្នាំទៀតក្តី … បើសិនជាវាកើត សូម្បីតែ១ភាគរយក៏ដោយ យើងត្រូវ(តែមានមធ្យោបាយនិងហេដ្ឋារចនាសម្ព័ន្ធដើម្បី)ការពារ ព្រោះថាជីវិតប្រជាពលរដ្ឋត្រូវដើរមុន។ ពេលកូវីដ​​-១៩ នោះ ខ្ញុំតែងតែនិយាយថា យើងរៀបក្រោលមុន ចាំរុញគោមក … យើងត្រៀមលក្ខណៈមុន ហើយផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែង។

(៥) មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ផ្ដល់សេវាពហុព្យាបាល និងបម្រុងទុកជាយថាហេតុ

ការរៀបចំមន្ទីរពេទ្យជាតិតេជោសន្ដិភាព មានលក្ខណៈយុទ្ធសាស្រ្ត ទី១ ដោះស្រាយបញ្ហាចំពោះមុខនិងការ​ផ្ដល់សេវាពហុព្យាបាលចំពោះប្រជាពលរដ្ឋ … ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយើងមិនតិចទេ។ នៅប្រទេសចិនថ្ងៃមុន មានការជជែកមួយពីរឿងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ រឿងដោះចរាចរណ៍។ (បើនឹងមិន)ឲ្យប្រជាជនកើតកូនថែមទៀត។ មិនអាចបាន។ កំណត់អ្នក(រស់នៅ)ភ្នំពេញមិនឲ្យលើសពី ២លាននាក់កន្លះ មិនអាចបាន។ កំណត់ថាមិនឲ្យប្រជាជនទិញម៉ូតូ ទិញឡានថែម។ មិនកើត … អញ្ចឹងយើងត្រូវតែរកវិធីដោះស្រាយ។ យើងជជែកគ្នាពីរឿងរកផ្លូវក្រោមដី រថភ្លើងក្រោមដី ប៉ុន្តែទំហំនៃតម្រូវការរបស់ប្រជាជន មិនមែនត្រូវការតែហេដ្ឋារចនាសម្ព័ន្ធផ្លូវនោះទេ។ តម្រូវការសំខាន់បំផុតគឺបញ្ហាសុខភាព។ ជីវភាពរស់នៅនិងសុខភាពនេះជាតម្រូវការ។ អញ្ចឹងហើយ ការរៀបចំមន្ទីរពេទ្យដែលមានទ្រង់ទ្រាយធំនេះជាយុទ្ធសាស្រ្ត​យូរអង្វែងសម្រាប់ដោះស្រាយបញ្ហាចំពោះមុខនៃកំណើន(ប្រជាជន)និងជំងឺផ្សេងៗ។

(មន្ទីរពេទ្យដ៏ធំ)នៅទីនេះ ជួយរែកពុនបន្ទុកលើមន្ទីរពេទ្យផ្សេងៗ ដែលយើងមាននៅរាជធានីភ្នំពេញ។ ក្នុងពេលដែលមានការចាំបាច់ក្នុងពេលណាមួយ យើងអាចប្រើប្រាស់វាដោះ​ស្រាយបញ្ហា តួយ៉ាងខ្ញុំបានលើកពីបទពិសោធន៍ដែលយើងប្រឈមនៅឆ្នាំ២០២០និងឆ្នាំ២០២១កន្លងទៅនេះ។ នេះជាការរៀបចំប្រកប​ដោយចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន … អ្នកខ្លះថាធ្វើមន្ទីរពេទ្យធំ​ម្ល៉េះ? ស្ដង់ដាពេទ្យនៅក្នុងតំបន់​ មិនមានប្រទេសណាមានដល់រាប់ម៉ឺន(គ្រែ)អញ្ចឹងទេ។ កម្ពុជាតូចមួយចាំបាច់ធ្វើៗអី។ (នេះជាការរៀបចំ)មានលក្ខណៈយុទ្ធសាស្រ្តវែងឆ្ងាយ ផ្អែកលើបទពិសោធន៍ដែលយើងធ្លាប់កើតមានរួចទៅហើយ។ ប៉ុន្តែ យើងមិនបានខ្ជះខ្ជាយ(ធនធាន)ទេ។ យើងធ្វើនៅពេលដែលមិនទាន់មានសភាពការណ៍ ​បម្រុងទុកនៅពេលកើតមានជាយថាហេតុ។ តែបើមិនមានយថាហេតុ យើងនឹងប្រើប្រាស់វាធ្វើការព្យាបាល ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា។

(៦) បើគ្មានមនុស្ស ការដឹកនាំ និងប្រតិបត្តិដោយទទួលខុសត្រូវ ទោះបីមានការបំពាក់សម្ភារ ហេដ្ឋារចនាសម្ព័ន្ធ ក៏មិនអាចទៅរួច

ខ្ញុំសូមអរគុណសាជាថ្មីជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលលោកមានចក្ខុវិស័យនិងការដឹកនាំ វះកាត់​ និងសម្របសម្រួលទប់ស្កាត់កូវីដ-១៩ … ក៏ដូចជាចក្ខុវិស័យនៅក្នុងការដាក់ចេញនូវគោលនយោបាយ រួមទាំងការកសាងនូវមន្ទីរពេទ្យនេះតែម្ដង។ ខ្ញុំសូមអរគុណ ជូន ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្នាក់ដឹក​នាំក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា ថ្នាក់ដឹកនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំ​ពេញ និងក្រុមជាង ដែលបានយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបទៅដោយការទទួលខុសត្រូវនិងគុណភាព … ខ្ញុំជឿថា មន្ទីរពេទ្យនេះ (នឹងបានជាប្រយោជន៍)មិនសម្រាប់តែអ្នកភ្នំពេញទេ គឺសម្រាប់បម្រើសេចក្ដីត្រូវការជូនបងប្អូនទាំងអស់ ទាំងអ្នកនៅ(តាមបណ្តា)ខេត្ត ទាំងជនបរទេសដែល​ត្រូវការការព្យាបាល។ សូមអរគុណចំពោះឯកឧត្តមប្រធានមន្ទីរពេទ្យ បុគ្គលិក ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ជំរុញដំណើរការមន្ទីរពេទ្យនេះ។ ការបំពាក់សម្ភារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មិនអាចទៅរួចទេ បើគ្មានមនុស្ស បើគ្មានការដឹកនាំ និងប្រតិបត្តិប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណ និងការដឹង​គុណ ក៏ដូចជាការកោតសរសើរចំពោះស្មារតីនៃការរួបរួមគ្នានៅក្នុងការធ្វើឲ្យមន្ទីរពេទ្យនេះដំណើរការជោគជ័យ។

[ចប់សេចក្តីអធិប្បាយ១]

ថ្ងៃនេះ យើងក៏ប្រារព្ធផងដែរនូវការដាក់ពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ជាមេរៀនមួយទៀត ដែលយើងបានរៀនពីវិបត្តិជំងឺកូវីដ-១៩។ យើងសង្កេតឃើញថា គ្រួសារងាយរងហានិភ័យ និងរងផលប៉ះពាល់ ក៏ត្រូវការគាំពារជាចាំបាច់ និងទាន់ពេលវេលាពីរាជរដ្ឋាភិបាល ជាពិសេសនៅក្នុងពេលវេលាអាសន្ន ក៏ដូចជាវិបត្តិកូវីដ-១៩ ដែលយើងបានប្រឈមកន្លងទៅ។

[ផ្តើមសេចក្តីអធិប្បាយ២]

(៧) សុខភាពធានាផលិតភាពនិង​សមត្ថភាព ដើម្បីអាចរៀនសូត្រ ដកបទពិសោធន៍ … បើមិនមានសុខភាព​ មិនមានចំណូល និងមានតែចំណាយ

ធនធានមនុស្ស គឺជាកត្តាសំខាន់សម្រាប់ប្រទេសជាតិរបស់យើង។ ធនធានមនុស្ស គឺជាកត្តាដែលអាចឲ្យប្រទេសជាតិយើងមានការវិវឌ្ឍប្រកបដោយចីរភាព ហើយកត្តាចម្បងសម្រាប់មនុស្សម្នាក់ៗ គឺសមត្ថភាព និងសុខភាព។ បើមានសមត្ថភាព មានឱកាស ប៉ុន្តែបើសុខភាពទៅមិនរួចយើងធ្វើអី(កើត)។ កុំឲ្យគេជូនពរ​ប្រើពាក្យថាឲ្យ “ដេកស៊ី”។​ មិនមានអ្នកណាចង់ទេ។ ពីមុន វាមានន័យផ្សេងថា សម្បូរហូរហៀររហូតមិនបាច់ធ្វើអី។ តែឥឡូវបើថាឈានទៅដល់ដេកនៅកន្ទេលហើយ ចាំហូបអាហារបំប៉នគឺមិនមែនជាការល្អទេ។ សុខភាពជាកត្តាកំណត់មួយ។ សុខភាពធានានូវផលិតភាព ធានានូវ​សមត្ថភាពរបស់មនុស្សដើម្បីចេញទៅរៀនសូត្រ ចេញទៅធ្វើការយកបទពិសោធន៍បន្ថែមទៀត ចេញទៅកសាង។ ផ្ទុយមកវិញ បើមិនសុខភាព​ មិនមានចំណូលទេ មានតែចំណាយ។ អញ្ចឹង ការធានានិងថែរក្សាសុខភាពប្រជាពលរដ្ឋយើងសំខាន់ណាស់។ នៅទីនេះ បងប្អូនដែលខ្ញុំថា (មាន)អាជីពទេវតា ឬអាជីពពេទ្យ … ជួយមនុស្សកុំឲ្យមានសុខភាពទ្រុឌទ្រោម ដែលជាបន្ទុកនិងប្រភពនៃការបាត់សុភមង្គលគ្រួសារ។ ជួយស្រោចស្រង់ជីវិតមនុស្សដើម្បីបាននៅបន្តជួបជុំគ្រួសារនិងជាធនធាន។ ការកសាងធនធានមនុស្ស ការគិត​គូរដល់សុខភាពនេះ គឺជាកិច្ចការសំខាន់។

(៨) កម្មវិធីគោលនយោបាយអាទិភាពទី១ … ផ្ដល់សេវាសុខភាពគ្របដណ្ដប់ជាសកល

រាជរដ្ឋាភិបាលយើងគ្រប់អាណត្តិ​តែងផ្ដល់ការយកចិត្តទុកដាក់លើកិច្ចការនេះ។​ ពីមុន ក្នុងយុទ្ធសាស្រ្តចតុកោណ (ដែលមានមុំ)មនុស្ស ទឹក ផ្លូវ និងភ្លើង (យើងកំណត់ថា)មនុស្សជាអាទិភាពទីមួយ … ឥឡូវចូលយុទ្ធសាស្រ្តបញ្ចកោណ មនុស្សក៏នៅតែជាវិស័យអាទិភាពទីមួយ។ ទោះបីជាយើងបន្ថែមវិស័យអាទិភាពមួយទៀតគឺឌីជីថលនិងបច្ចេកវិទ្យាក៏ដោយ ក៏មនុស្សនៅតែជាគោល។ អញ្ចឹងការវិនិយោគទៅលើសុខាភិបាល ការអប់រំ នៅតែបន្តជាអាទិភាពធំសម្រាប់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ។ ថ្ងៃមុន ពាក់ព័ន្ធទៅនឹងការអប់រំ​ខ្ញុំបាននិយាយហើយ។ ថ្ងៃនេះ ខ្ញុំនិយាយបន្តិចពាក់ព័ន្ធនឹងកិច្ចការសុខាភិបាល។ ថ្ងៃនេះ យើងដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការផ្ដល់សេវាសុខភាពឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកល។ គោលដៅអាទិភាពគឺប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រងាយរងគ្រោះ។ មេរៀនធំបំផុតរបស់យើង នៅពេលដែលជួបការលំបាក ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាពគោលដៅនេះជាអ្នកប៉ះពាល់ធំ។

ប្រទេសជាតិយើងរីកចម្រើន ការអភិវឌ្ឍយើងប្រកបទៅដោយសមធម៌ គឺបានន័យថា​ផលលាភត្រូវចែក(ឲ្យមានសមធម៌)ទាំងអស់។ អ្នកដែលជោគជ័យ អ្នកដែលមានលទ្ធភាពរីកចម្រើន យើងត្រូវបង្កលក្ខណៈឲ្យគាត់កាន់តែរីកចម្រើនតទៅទៀត។ អ្នកដែលមានជីវភាពមធ្យម យើងធ្វើយ៉ាងណាឲ្យគាត់កាន់តែមានសមត្ថភាព មានជីវភាព មានសុខភាពកាន់តែរឹងមាំ។ យើងត្រូវយកចិត្តទុកដាក់ជួយដល់អ្នកដែលមានបញ្ហាលំបាក(ផងដែរ) ព្រោះផលលាភមិនអាចប្រមូលផ្ដុំតែលើក្រុមមនុស្សមួយក្រុមនោះទេ។ ផលលាភនៃការអភិវឌ្ឍដោយសមធម៌ គឺធ្វើយ៉ាងណាយើងផ្ដល់នូវអាទិភាពនិងការជួយដល់ប្រជាពលរដ្ឋយើងដែលត្រូវការជួយឲ្យចំគោលដៅ នោះគឺអ្នកមានជីវភាពលំបាក អ្នកដែលនៅ(កម្រិត)ក្រោម ដើម្បីជួយគាត់ឲ្យបានរឹងដៃរឹងជើងឡើងមកជីវភាពមធ្យមនិងរីកចម្រើនតទៅមុខ …។

(៩) ស្រាយបញ្ហាសុខភាព ដើម្បីឈានទៅបំពាក់ចំណេះដឹងនិងសមត្ថភាព​ បង្កលក្ខណៈរយៈពេលវែង

ក្នុងនោះ វិស័យសុខាភិបាលជាកិច្ចការសំខាន់​។ គេធ្លាប់សួរខ្ញុំម្ដងកាលពីខ្ញុំនៅដឹកនាំសមាគមពេទ្យស្ម័គ្រចិត្តយុវជន TYDA ថា «យើងធ្វើការងារព្យាបាល … (ប្រៀបដូច)ជាយើងគិតតែឲ្យត្រីទៅប្រជាពលរដ្ឋ។ ហេតុអ្វី យើងមិនឲ្យសន្ទូច?”។ ខ្ញុំថាការឲ្យសន្ទូច និងការបង្រៀនឲ្យចេះស្ទូចជាយុទ្ធសាស្ដ្រយូរអង្វែង និងជាគោលដៅចំាបាច់​។ ខ្ញុំនិយាយថា (យើង)បង្កលក្ខណៈដល់អ្នកមានលទ្ធភាពស្ទូចត្រីបាន ឲ្យស្ទូចត្រីបានកាន់តែ​ច្រើន។ យើងមើលមនុស្សដែរ។ បើគាត់កំពុងសំរាកឈឺលើកន្ទេល តើឲ្យសន្ទូចទៅគាត់យ៉ាងម៉េច​? យើងត្រូវយកចិត្តទុកដាក់ព្យាបាលគាត់។ (បើ)គាត់ឈឺ (យើងត្រូវជួយព្យាបាល)ឲ្យអាចងើបអង្គុយ ឲ្យអាចធ្វើសកម្មភាពឡើង​សិន។ អញ្ចឹង ចំពោះមុខគឺការដោះស្រាយបញ្ហាសុខភាព ដើម្បីឈានទៅដល់ការបំពាក់នូវចំណេះដឹង និ​ងសមត្ថភាព​ បង្កលក្ខណៈរយៈពេលវែង គឺចាំបាច់ត្រូវធ្វើជាមួយគ្នា។ យើងត្រូវធ្វើទាំងពីរ។ នេះហើយគឺជាទស្សនៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើ …។

(១០) ឆ្នាំ២០១៥ ពង្រីកមូលនិធិសមធម៌រហូតគ្របដណ្ដប់តាម​មណ្ឌលសុខភាពនិងពេទ្យបង្អែក

អម្បាញ់មិញ ឯកឧត្តម ឈាង រ៉ា បានបញ្ជាក់ហើយពីសាវតានៃមូលនិធិសមធម៌ ដែលយើង​ចាប់ផ្ដើមសាកល្បងនៅក្នុងឆ្នាំ ២០០០ នៅខេត្តមួយចំនួនដើម្បីសាកល្បងមើលពីដំណើរការ ប្រសិទ្ធភាព​ និងសង្គតិ​ភាព។ យើងនឹងឈានទៅពង្រីកជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០១៥ គ្របដណ្ដប់នៅតាម​មណ្ឌលសុខភាព និងពេទ្យបង្អែកជាច្រើន។ ក្នុងរវាងឆ្នាំ២០១៨ និង២០២២ ប្រជាពលរដ្ឋ​ដែលទទួលការគាំពារដោយមូលនិធិសមធម៌និងប្រើប្រាស់សេវានេះ មាន ១៤លានករណីជាង ក្នុងនោះសម្រាកនៅមន្ទីរពេទ្យមាន ៨០ម៉ឺនករណីជាង។ ខ្ញុំចុះទៅតាមបណ្ដារាជធានី​ខេត្តជាច្រើន ហើយបានជួបជាមួយលោកតា លោក​យាយ អ៊ំ ពូមីង នៅតាមខេត្ត។ កន្លែងខ្លះគាត់ថាឈឺទៅៗ គាត់មានបណ្ណ គាត់មិនចេញលុយទេ។ យើងនិយាយពាក្យខ្លី គាត់មានបណ្ណសមធម៌ ឬបណ្ណក្រីក្រ។ បានន័យថា ផលលាភនេះបានដល់ដៃប្រជាពលរដ្ឋ ហើយនេះជាអាទិភាពនិងប្រសិទ្ធភាព និងជាអ្វីដែលយើងត្រូវពង្រីកបន្ដទៀតសម្រាប់ប្រជាពលរដ្ឋ​។

(១១) រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ តាំងពីថ្ងៃទី១ នៃអត្ថិភាព

រាជរដ្ឋាភិបាលអាណត្ដិ​ថ្មី មិនចាំដល់ ១០០ ថ្ងៃទេ។ រដ្ឋាភិបាលខ្លះមានទ្រឹស្ដីរាត្រីទឹកឃ្មុំ រយៈពេល ១០០ ថ្ងៃ។ បានន័យថា​ក្រោយបោះឆ្នោតហើយ រដ្ឋាភិបាលមាន ៩០ ថ្ងៃដើម្បីរៀបចំគោលនយោបាយ (ប៉ុន្ដែ)​​រដ្ឋាភិបាល​កម្ពុជា (ដាក់)ចេញ(គោលនយោបាយបស់ខ្លួនតាំង)ពីថ្ងៃទី១ តែម្ដង។ ថ្ងៃទី១ នៅរដ្ឋសភា ខ្ញុំបានអានគោលនយោបាយរាជរដ្ឋាភិបាល យុទ្ធសាស្ដ្រ​បញ្ចកោណ ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដែលត្រូវធ្វើជាបន្ទាន់។ ប្រជាពលរដ្ឋ​មិន​ចាំយើងទេ … រាជរដ្ឋាភិបាលត្រូវធ្វើការដោយការទទួលខុសត្រូវភ្លាម។ ក្រោយដាក់ចេញគោលនយោបាយ នៅថ្ងៃទី២៤(សីហា) ឬ២ថ្ងៃក្រោយ​កិច្ចប្រជុំនៅសភា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកទី១ យើងបានដាក់ចេញនូវគោលការណ៍ច្បាស់លាស់ និងបាន​ប្រ​គល់ភារកិច្ចជូន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីរៀបចំជាក្របខណ្ឌអនុវត្ដគោលនយោ​បាយ។ ខ្ញុំសូម​អរគុណដល់ក្រុមការងារ ដែលបានរៀបចំក្របខណ្ឌគោលនយោបាយតាមក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដោយល្អិតល្អន់ ដោយការទទួលខុសត្រូវ និងបទពិសោធន៍ខ្ពស់។

(១២) គោលនយោបាយប្រសិទ្ធភាពគឺផ្អែកលើមូលដ្ឋានជាក់ស្ដែង តថភាព បញ្ជាក់បានពីស្ថានភាព លទ្ធភាព ចក្ខុវិស័យ និងបទ​ពិសោធន៍

យើងមិនមែនចេះតែសរសេរគោលនយោបាយទេ។ កន្លងទៅ អ្នកវិភាគខ្លះចេះដឹង(គ្រប់រឿង)ទាំងអស់។ ​ឲ្យតែយើង​ចេញគោលនយោបាយ (គេថា)គោលនយោបាយនឹងមិនដើរ។ ធ្វើដូច(ជាយើងមិន)ចេះដឹកនាំ និងមានតែគេទេចេះ។ អ្នកខ្លះ មួយថ្ងៃៗអង្គុយតែវិភាគគ្រប់រឿង ចេះគ្រប់តែរឿង។ ខ្ញុំសូមប្រាប់ថាគោលនយោបាយមួយៗរបស់រាជរដ្ឋាភិបាល មិនមែនឆក់កណ្ដៀត មិនមែនកើតឡើងពីការទៅ(សួររកនៅក្នុង) Google (ហើយ) Copy (និង)Paste នោះទេ។ មិនមែនជាការសរសេរ​និក្ខេបបទដើម្បីឲ្យគ្រូយកដាក់ពិន្ទុជាប់មិនជាប់នោះទេ។ គោលនយោបាយនីមួយៗ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ខ្ញុំធ្លាប់បញ្ជាក់ហើយគោលនយោបាយល្អឥតខ្ចោះ តែអនុវត្ដមិនបាន គ្មានប្រសិទ្ធភាព មិនមែនជាគោលនយោ​បាយល្អទេ។ គោលនយោបាយដែលមានប្រសិទ្ធភាពគឺជាគោលនយោបាយដែលផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនៅលើដី ផ្អែកលើមូលដ្ឋានតថភាពនៅប្រទេសកម្ពុជា បញ្ជាក់ឲ្យបានពីស្ថានភាពរបស់ប្រទេស ពីលទ្ធភាពរបស់យើង ពីចក្ខុវិស័យរបស់យើង និងបទ​ពិសោធន៍​របស់យើងដើម្បីចងក្រងជាគោល​នយោ​បាយ​និងវិធានការអនុវត្ដ។

(១៣) អនុកម្មវិធីទី១ នៃកម្មវិធីអាទិភាពទី១គឺ ពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ និងផ្ដល់សេវាសុខាភិបាលគ្របដណ្ដប់សុខភាពសកល

ថ្ងៃនេះក៏ដូចគ្នា ការប្រកាសកម្មវិធីអាទិភាពទី១ របស់រាជរដ្ឋាភិបាលជាការផ្ដល់សេវាសុខាភិបាលឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនេះ កើតចេញពីការប្រមូលផ្ដុំនូវគំនិតរបស់អ្នក​ប្រតិបត្ដិនៅគ្រប់ស្ថាប័នទាំងអស់ ពិសេសអ្នកជំនាញនៅក្រសួងសុខាភិបាល ដើម្បីដាក់ចេញនូវគោលនយោបាយដែលមានភាពប្រាកដនិយម ហើយចំគោលដៅប្រជាពលរដ្ឋដែលត្រូវការ(ការជួយ) … (ដែល)មិនត្រឹមតែជាគោលនយោ​បាយទេ យើងថែមទាំងមានជាយន្ដការ​អនុវត្ដនូវគោលនយោបាយអាទិភាពផ្ដល់សេវាសុខភាពគ្របដណ្ដប់សុខភាពសាកលនេះ។ យើងមានរៀប​ចំជាអនុកម្មវិធីពីរ ដែលយើងប្រកាស១ ថ្ងៃនេះ។ ទី១ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ដែលជាគោលដៅយើងនឹង​ពង្រីកដល់ ៤៩ម៉ឺនគ្រួសារ ឬ ១លាន ៨សែននាក់ នៃប្រជាពលរដ្ឋដែលត្រូវទទួលផលពីអនុកម្មវិធី។ ចំពោះកម្មវិធីគោលនយោបាយការផ្ដល់សេវាសុខាភិបាលឆ្ពោះទៅគ្របដណ្ដប់សុខភាពសកលនេះ កម្មវិធីទី១ នេះ យើងដាក់ទិសដៅផ្ដល់​ផលប្រយោជន៍ជូនប្រជាពលរដ្ឋ(ចំនួន) ៧លាន ៤សែននាក់ …

(១៤) អនុកម្មវិធីទី២ នៃកម្មវិធីអាទិភាពទី១ គឺរបបសន្ដិសុខ​សង្គមផ្នែកថែទាំ​សុខភាពដោយស្ម័គ្រចិត្តតាមរបបភាគទានសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស

អនុកម្មវិធីទី២ គឺរបបសន្ដិសុខ​សង្គម ផ្នែកថែទាំ​សុខភាព ដោយស្ម័គ្រចិត្តតាមរបបភាគទានដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស គ្របដណ្តប់ជាង ៣ លាន នាក់។ អនុកម្មវិធីនេះ ខ្ញុំនឹងប្រកាសនៅពេលក្រោយ។ (សម្រាប់)ថ្ងៃនេះ យើងប្រកាសដាក់ចេញនូវគោលដៅ ហើយ​ជាពិសេសផ្ដោតទៅលើការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល … នេះជាអ្វីដែលប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋគោលដៅ ជាអ្នកដែលមានជីវភាពលំបាកនិងងាយរងហានិភ័យ ជាគោលដៅដែលយើងត្រូវបន្ដជួយ ក្នុងនោះគឺ(ពួកគាត់)ទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាល​ដោយមិនគិតថ្លៃ រួមមានសេវាពិគ្រោះជំងឺក្រៅ សេវាពន្យាកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះ​បន្ទាន់ សេវាព្យាបាលវះកាត់តូច/ធំ និងសម្រាលកូន។

(១៥) ទោះធនធាននៅមានកម្រិត រាជរដ្ឋាភិបាលនឹងបម្រើតម្រូវការជីវភាពនិងសុខទុក្ខប្រជាពលរដ្ឋ​

ខ្ញុំចង់ឲ្យប្រជាជនរបស់យើងមានកូនឲ្យបានច្រើន ព្រោះយើង(មាន)ប្រជាជនទើបតែ ១៧លាននាក់។ ជួបជាមួយមេដឹកនាំបរទេសផ្សេងៗ ចេះតែកេះគ្នា(សួរ)ប្រទេស​អ្នកឯងប្រជាជនប៉ុន្មាន? ថ្ងៃមុន(ក្នុង)កម្មវិធីជួបនាយករដ្ឋមន្ដ្រីកេនយ៉ា គាត់(ថាមានប្រជាជន) ៥០លាននាក់។ កម្ពុជាដាក់ផែនការតាមឲ្យទាន់។ យើងចេញពី ប៉ុល ពត មាន​ ៦លាននាក់ជាង។ ឥឡូវ ១៦លាន ជិត ១៧លាននាក់។ តែមានលទ្ធភាពអាចបន្ត(កើន)ទៅទៀត​។ នៅទីប្រជុំជន ចំនួនប្រជាពលរដ្ឋនៅមានអត្រាកំណើតទាបដែរ ដូចជា ១ក្បៀសជាងទេ … អញ្ចឹងការសម្រាលកូន និងការយកចិត្តទុកដាក់នេះ យើងមានគោលនយោបាយដែលគិតគូរតាំងពីស្រ្តីមានផ្ទៃពោះរហូតទៅដល់កូនអាយុ ២ឆ្នាំថែមទៀត … សូមបងប្អូនជនរួមជាតិទាំងអស់ជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនថាអាណត្តិនេះ ឬអាណត្តិក្រោយណាមួយនោះឡើយ យើងនឹងនៅជាមួយបងប្អូនជា​និច្ច ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ទោះធនធានរបស់យើងនៅមានកម្រិត រាជរដ្ឋាភិបាលនឹងប្រើធនធានទាំងអស់ឲ្យអស់លទ្ធភាព ដើម្បីបម្រើដល់តម្រូវការជីវភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យនេះ ក៏ដូចជាការសម្ពោធបើក​ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាឧទាហរណ៍ដ៏ពិតប្រាកដនៃតថភាពនេះ។ នៅថ្ងៃមុខ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាគ្រប់ៗរូបនឹងទទួលបានការថែទាំសុខភាពដ៏ល្អប្រសើរ ហើយយើងនឹងមានមន្ទីរពេទ្យខ្នាតធំបែបនេះជាបន្តបន្ទាប់នៅតាមតំបន់សំខាន់ៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ប្រើប្រាស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ឲ្យអស់លទ្ធភាព ដើម្បីទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព។ និយាយអញ្ចឹងមិនមែនចង់ឲ្យបងប្អូនឈឺមកលេងពេទ្យទេ។ សូមជូនពរឲ្យបងប្អូនសុខភាពល្អទាំងអស់ជាប្រចាំ ប៉ុន្តែបើសិនជាត្រូវការសេវា សូមមកប្រើប្រាស់(សេវាព្យាបាល)នៅទីនេះ។ កុំខ្លាច។ ពេទ្យនេះគឺធ្វើសម្រាប់បងប្អូនហើយ។ ពេទ្យធំខ្នាតអន្តរជាតិ មិនមែនធ្វើឲ្យអ្នកណាទេ ធ្វើសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាដែលនឹងទទួលផល។ ទៅក្រៅប្រទេស គេនាំខ្ញុំទៅទស្សនកិច្ចពេទ្យ។ គេថាសង្ឃឹមថានឹងបានជួបជាថ្មី។ ខ្ញុំថាជួបក៏អត់ជួបកន្លែងហ្នឹងដែរ។ ប៉ុន្តែ យើងមិនមែនជាមនុស្សយន្តទេ។ សូម្បីតែមនុស្សយន្តក៏ត្រូវការជួសជុល។ អញ្ចឹងគឺយើងយ៉ាងហោចណាស់ក៏មានទីនេះដើម្បីជួយប្រជាពលរដ្ឋ។

[បញ្ចប់សេចក្តីអធិប្បាយ២]

ខ្ញុំសុំស្នើឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាវេជ្ជបណ្ឌិតគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ខ្ពស់បំផុតដល់ការព្យាបាលអ្នកជំងឺ មិនថាស្ថិតក្នុងកម្រិតណា ឬមកពីមជ្ឈដ្ឋានណានោះទេ។ (ការស្នើសុំ)ទាំងអស់នេះ មិនមែនសម្រាប់តែមន្ទីរពេទ្យជាតិតេជោសន្តិភាពមួយនោះដែរ ប៉ុន្តែក៏សម្រាប់ក្រសួងសុខាភិបាល និងគ្រប់បណ្តាមន្ទីរពេទ្យមណ្ឌលសុខភាព និងបុស្តិ៍សុខភាពគ្រប់កម្រិតទាំងអស់សូមបង្កើនការយកចិត្តទុកដាក់បំផុត ដល់ការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលរបស់ខ្លួនទៅដល់ប្រជាជនគ្រប់ៗរូបទាំងអស់។ យើងត្រូវធានាថាមន្ទីរពេទ្យរដ្ឋគឺជាកន្លែងដែលសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋប្រកដដោយគុណធម៌និងមេត្តាធម៌ និងជាទីពឹងដ៏គួរឲ្យទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

[ផ្តើមសេចក្តីអធិប្បាយ៣]

(១៦) ត្រូវមានផែនការគ្រប់ជ្រុងជ្រោយ វិធានការអនុវត្ត និងយន្តការប្រកបដោយសមត្ថភាពនិងប្រសិទ្ធភាព

ខ្ញុំសូមបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងសមត្ថភាពស្ថាប័ន និងការទទួលខុសត្រូវស្ថាប័ន … មន្ទីរពេទ្យជាតិ តេ​ជោសន្តិភាព ជាពេទ្យដែលដើរតួនាទីសំខាន់នៅក្នុងការជួយសុខភាពរបស់ប្រជាពលរដ្ឋ ហើយជាពិសេសការអនុវត្តដោយប្រសិទ្ធភាពនូវគោលនយោបាយដែលយើងដាក់ចេញនៅទីនេះ ក្នុង​កម្មវិធីការផ្តល់សេវាសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពសកលនេះ។ (ដើម្បី)កិច្ចការទាំងអស់(ទទួលបានជោគជ័យ)វាត្រូវ(ការឲ្យមាន)ការងារ ៣។ ទី១ ត្រូវមានផែនការគ្រប់ជ្រុងជ្រោយ ទី២ ត្រូវមានវិធានការអនុវត្តឲ្យបានច្បាស់លាស់ និងទី៣ គឺយន្តការអនុវត្តប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព។ ការរៀបចំផែនការគ្រប់ជ្រុងជ្រោយ ក៏ដូចជាការដាក់ចេញទៅនូវយន្តការឲ្យបានច្បាស់លាស់ ខ្ញុំបានលើកហើយ។ សមិទ្ធផលទាំងអស់នេះ មិនមែនកើតចេញពីការគិតគូរកញ្ឆក់កណ្តៀត ឬមួយក៏ថាយប់មិញសម្តេចតេជោនឹកឃើញឡើងភ្លាមៗ មកបង្កើតពេទ្យនោះទេ ហើយក៏មិនមែនកើតចេញពីការគិតគូរនិងដាក់ចេញនូវគោលនយោបាយមិនច្បាស់លាស់ (មិន)ប្រាកដប្រជា និង(មិន)អាចអនុវត្តបាននោះដែរ។ យើងក៏មិនចេញនូវគោលនយោបាយដែលល្អនៅតែលើក្រដាសនោះដែរ។ យើងបានគិតគូរពីក្របខណ្ឌក្នុងការអនុវត្ត យើងមានប្រកាសក្រសួង យើងមានអនុក្រឹត្យ យើងមានការរៀបចំយន្តការ ដើម្បីអនុវត្តច្បាស់លាស់។

ចំណុចសំខាន់មួយទៀត ផែនការមានហើយ យន្តការអនុវត្តមានហើយ ប៉ុន្តែយើងត្រូវគិតអំពីសមត្ថភាពរបស់ស្ថាប័ន រួមទាំងរបៀបរបបការងារ និងធនធានមនុស្ស នេះគឺជាកិច្ចការសំខាន់ណាស់។ បើប្រគល់ភារកិច្ចឲ្យបងប្អូនទទួលកិច្ចការធំ យើងត្រូវជួយគាត់ យើងត្រូវពង្រឹងស្ថាប័ន យើងត្រូវពង្រឹងរបៀបរបបការងារ និងជួយបណ្តុះបណ្តាល និងបំពាក់គាត់គ្រប់គ្រាន់ដើម្បីធ្វើការ។ ពេលដឹកនាំរៀបចំពេទ្យកាល កូវីដ-១៩ ខ្ញុំមិនមែនខាងពេទ្យទេ (ខ្ញុំខាង)ទាហានទេ។ ទាហានសេដ្ឋកិច្ច។ ប៉ុន្តែមួយវឹកកូវីដ-១៩ នេះ យល់អំពីជំងឺឆ្លងខ្លះដែរ … រៀបតំបន់។ យើងដឹងតំបន់ក្រហម តំបន់ខៀវ តំបន់ស្អីៗដែរ (ដើម្បីរាំងស្កាត់)ជំងឺឆ្លង​។ ពេលដែលយើងរៀបនោះ សុវត្ថិភាពសំខាន់ ជាពិសេសសុវត្ថិភាពពេទ្យ។ (យើងរៀបចំឲ្យមាន)ការបណ្តុះបណ្ដាលបឋម … អ្នកចេះបង្រៀនអ្នកអត់ចេះ។ អ្នកនៅនាយកដ្ឋានជំងឺឆ្លងរបស់ផ្នែកសុខាភិបាល … ចាប់ផ្តើមបង្រៀន។ អ្នកចេះ បង្រៀនអ្នកមិនចេះ។ បង្រៀនតៗគ្នា។ បើសិនជារុញបងប្អូនឲ្យចូល គាត់មានទឹកចិត្ត មានភាពក្លាហានហើយ តែអត់បំពាក់ PPE គ្រប់គ្រាន់​ តើឲ្យគាត់ទៅព្យាបាលអ្នកណា។ ចូលទៅមួយភ្លែតឈឺ … អាយុជីវិតរបស់ទ័ពអាវសជួរមុខរបស់យើងសំខាន់ ដែលយើងត្រូវគិតគូរ គិលានុបដ្ឋាយិកា និងអ្នកសេវាជួរមុខរបស់យើង។ ការពង្រឹងស្ថាប័ន សមត្ថភាព ប្រសិទ្ធភាព របៀបរបបការងារ ការឆ្លងកាត់ពង្រឹង និងការសមិទ្ធភាពនេះ គឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ ដើម្បីបងប្អូនអាចជាអ្នកដឹកនាំអនុវត្តផ្ទាល់។ យើងរួមទាំងប្រធានស្ថាប័ន ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រួមទៅដល់គិលានុបដ្ឋាយិកា និងបុគ្គលិកផ្សេងៗដែលអាចចាំបាច់ត្រូវការបំពាក់បំប៉ន។

(១៧) ពង្រឹងមូលដ្ឋានអ្នកប្រតិបត្តិ៖ ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែក ផ្គុំគ្នាជា​មួយពេទ្យតាមខេត្ត

ដើម្បីធានានូវការអនុវត្តប្រសិទ្ធភាពនេះ រាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានគន្លឹះមួយចំនួន ជួយទៅដល់ការពង្រឹងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាកម្មវិធីគោលនយោបាយទី១ ក្នុងវិស័យសុខាភិបាលនេះ គឺពង្រឹងមូលដ្ឋានអ្នកប្រតិបត្តិ។ ថ្ងៃមុនទៅក្រសួងអប់រំក៏ខ្ញុំនិយាយដែរ។ អាណត្តិនេះគឺអាណត្តិពង្រឹងជាជាងពង្រីក។ ពង្រឹងគឺពង្រឹងមូលដ្ឋាន។ ក្នុងវិស័យអប់រំ យើងពង្រឹងថ្នាក់បឋមដល់ថ្នាក់ទី១២។ វិស័យសុខាភិបាលត្រូវឆ្ពោះទៅមូលដ្ឋានពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែក ហើយផ្គុំគ្នាជា​មួយពេទ្យតាមខេត្ត។ នៅរាជធានីភ្នំពេញ វិស័យឯកជនយើងមិនហាមឃាត់ទេ យើងបង្កើតការធ្វើទំនើបកម្មនិងបំពាក់ថ្មីៗ ប៉ុន្តែអាទិភាពគឺរុញការពង្រឹងមណ្ឌលសុខភាព។ តាំងពីរាជរដ្ឋាភិបាលបានបង្កើតមក ខ្ញុំបានឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះច្រើនខេត្ត។ គាត់ចុះស្ងាត់ៗ។ ពេលខ្លះ តាមមណ្ឌលសុខភាព នៅម៉ោង ៨ យប់ ទៅគោះទ្វារមណ្ឌលសុខភាព ទៅឆែកមើល សួរនាំផ្ទាល់ … បងប្អូនមានការលំបាកអី ទឹកចិត្តយ៉ាងម៉េច … ពិតណាស់ យើងនៅមានកង្វះខាតជាច្រើន ប៉ុន្តែយើងបានពង្រាយ(មណ្ឌលសុខភាព)ច្រើនហើយ រាប់សិបឆ្នាំនេះ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកសាងនិងពង្រីកសេវារហូតទៅដល់មូលដ្ឋាន ប៉ុន្តែយើងក៏នៅមានកង្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ។

(១៨) កិច្ចការទី១ ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន គឺពង្រាយបុគ្គលិកសមស្រប មានក្រមសីលធម៌ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវ

អាទិភាពក្នុងការកសាងវិធានគន្លឹះនៃ​​វិស័យសុខាភិបាលដែលយើងត្រូវជំរុញនៅក្នុងអាណត្តិនេះ គឺពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលបឋមនៅមូលដ្ឋានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមរយៈ(ការបំ​ពេញ)កិច្ចការ ៣៖ ទី១ ការពង្រាយបុគ្គលិកសមស្រប មានក្រមសីលធម៌ និងទទួលការបណ្ដុះបណ្តាលត្រឹមត្រូវ ទៅជួយបងប្អូន ទៅយកចិត្តទុកដាក់បងប្អូនដើម្បីធ្វើការ … យើងខិតខំរកដំណោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យមានតុល្យភាពរវាងតម្រូវការនិងការឆ្លើយតប។ កន្លងទៅយើងមានស្តង់ដាមណ្ឌលសុខភាព។ ខ្ញុំឲ្យគិតឡើងវិញ។ ជួនកាលឃុំខ្លះធំ ឃុំខ្លះតូច។ គិតមើលថាតើឃុំធំ យើងគួរ(ឲ្យមាន)ស្តង់ដាស្មើឃុំតូច ឬយើងត្រូវបង្កើនចំនួនមណ្ឌលសុខភាព។ ជួនកាល ឃុំខ្លះនៅខេត្តកណ្តាលស្មើមួយខេត្តកែបហើយ​។ អញ្ចឹងបើយើងឲ្យមានចំនួនប៉ុនគ្នាទៅបម្រើកន្លែងហ្នឹង ក្រែងលោមិនកើត។ ត្រូវពិនិត្យមើល។

ការបណ្តុះបណ្តាល ការពង្រាយ មិនត្រឹមតែត្រូវគិតជាក្របខណ្ឌទេ តែក៏គិតទាំងក្របខណ្ឌកុងត្រា។ បានន័យថា កិច្ចសន្យារយៈពេលខ្លី។ ជួនកាលនៅមូលដ្ឋាន មានវេជ្ជបណ្ឌិតចូលនិវត្ត។ បើយើងរុញវេជ្ជបណ្ឌិតពីកន្លែងនេះទៅកន្លែងឃុំ ក្រែងលោពិបាក តែបើមានវេជ្ជបណ្ឌិតនៅមូលដ្ឋានស្ម័គ្រចិត្តចូល យើង(អាចធ្វើ)កុងត្រាឲ្យធ្វើវេជ្ជបណ្ឌិតនៅប្រចាំមណ្ឌលសុខភាពទៅ​។ ជួនកាលមានជំនាញ។ បងប្អូនខ្លះអត់យកក្របខណ្ឌទេ។ ជួនកាលគាត់ហួសអាយុក្របខណ្ឌ តែគាត់នៅជិតកន្លែងនោះ និងមានបំណង។ បើចូលក្របខណ្ឌពិបាក។ យើងកុងត្រារយៈពេលណាមួយទៅជូនគាត់ ហើយកិច្ចការនេះមិនមែនតែពេទ្យមួយទេ ប៉ុន្តែយើងត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់។

ខ្ញុំឃើញពេលកូវីដ-១៩ យើងធ្វើបានល្អ។ ពេលដែល(ប្រើប្រាស់)ពេទ្យស្រុក និងពេទ្យខេត្ត យើងចាប់ផ្តើមឲ្យពេទ្យស្ម័គ្រចិត្ត និស្សិតពេទ្យជំនួសចូល។ ប្រភេទជំងឺខ្លះ ថែទាំសុខភាពខ្លះអត់ត្រូវការដុកទ័រទេ។ ខ្ញុំថាភាពបត់បែន … អញ្ចឹងបានផ្តល់គោលការណ៍ឲ្យក្រសួងមុខងារសាធារណៈ ជជែកជាមួយក្រសួងស្ថាប័នជំនាញអប់រំ សុខាភិបាល ជាពិសេសខាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គិតគូរពីរូបមន្តបែបនេះ។ ក្រសួងស្ថាប័ននៅលើក៏ដូចគ្នា ថ្នាក់ជាតិក៏ដូចគ្នា។ ជួនកាលពេទ្យធ្វើការមួយជីវិតហើយជំនាញហ្នឹង ដល់អាយុចូលនិវត្ត យើង(ធ្វើ)កុងត្រា(ការងារជាមួយគាត់)។ កន្លែងខ្លះ ពេលខ្លះបានស្វយ័តធ្វើរួចទៅហើយ។ យើងបើកច្រក ហើយក្រសួងស្ថាប័នមួយចំនួនក៏ដូចគ្នាដែរ។ កាលខ្ញុំនៅកងទ័ព ខ្ញុំទៅសាលាកងទ័ពរបស់រុស្ស៊ីមួយចំនួន … អ្នកខ្លះអាវធំ សុទ្ធតែទាហាន។ សាលាហ្នឹងអត់ឲ្យអ្នកណាចូលទេ ក្រៅពីទាហាន។ ខ្ញុំថាម៉េចអញ្ចឹង? គេថា ទាំងអស់នេះសុទ្ធតែគ្រូ​ តែគាត់រឺត្រែត។ គេ(ធ្វើ)កុងត្រា(ឲ្យ)គាត់មក(ធ្វើការ)វិញ។ អញ្ចឹងការរៀបចំមន្រ្តីរបស់យើងគួរគិតគូរពីភាពបត់បែននេះផង។ ការពង្រាយនិងការបំប៉នបន្ថែមត្រូវធ្វើជាប្រចាំ។

(១៩) កិច្ចការទី២ ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន គឺការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងឧបករណ៍ឲ្យបានគ្រប់គ្រាន់

ទី២ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ ឧបករណ៍ឲ្យបានគ្រប់គ្រាន់។ ពិតណាស់ ធនធានថវិកាជាតិរបស់យើងមិនអាច​មានគ្រប់គ្រាន់ គ្រប់កន្លែងទេ (ដោយសារ)យើងពង្រីកលឿន។ កន្លែងខ្លះ មណ្ឌលសុខភាពខ្លះកសាងឡើងមិនមែននៅក្នុងគម្រោងថវិកាជាតិទេ គឺមានក្រុមសប្បុរសជនជួយកសាង។ ប៉ុន្តែ រដ្ឋត្រូវទទួលភារកិច្ចក្នុងការធានាពេទ្យ ក្នុងការបំពាក់ផ្សេងៗ។ កន្លែងខ្លះ សប្បុរសជនក៏បំពាក់ដែរ តែមិនអាចបំពាក់រហូតទេ។ អាចសប្បុរសជនថាបំពាក់ឧបករណ៍ពីដើម ប៉ុន្តែការធានាចរន្ត ការផ្គត់ផ្គង់ថ្នាំជាចរន្តជាកាតព្វកិច្ចរបស់រដ្ឋ។ ត្រូវពិនិត្យមើលនិងវាយតម្លៃឡើងវិញ អំពីការពង្រាយថ្នាំប្រកបដោយគុណភាព ថ្នាំឲ្យចំគោលដៅ ហើយពិនិត្យមើលថ្នាំខ្លះដែលលែងមានតម្រូវការហើយ យើងអាចកាត់ចេញ ហើយយើងយកទៅពង្រីក​ថ្នាំណាដែលប្រជាជនត្រូវការឲ្យបានច្រើន។ ឧទាហរណ៍ ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដែលប្រជាពលរដ្ឋត្រូវការ។ ឥឡូវ យើងមានលទ្ធភាពផ្ដល់ឲ្យតែមួយអាទិត្យទេ។​ អញ្ចឹងបើសិនយើងអាចកែសម្រួលកាត់ថ្នាំណាដែលមិនចាំបាច់ចេញ យើងអាចពង្រីកលទ្ធភាពផ្ដល់ឲ្យគាត់មួយអាទិត្យទៀតឬយ៉ាងណា? ប្រជាជននៅភ្នំពេញនៅជិតមិនអីទេ តែបើអ្នកនៅឆ្ងាយ ជួនកាលជិះម៉ូតូរាប់រយគីឡូ មកយកថ្នាំមួយអាទិត្យមកយកម្ដង វាពិបាក។ តែខ្ញុំទុកឲ្យអ្នកជំនាញចុះ យើងត្រូវការវាយតម្លៃ ព្រោះកន្លែងខ្លះ គ្រុនចាញ់ពីមុនមក តែឥឡូវលែងមានហើយគ្រុនចាញ់។

យើងពិនិត្យមើលឲ្យចំគោលដៅតែម្ដង ធនធានយើងតិច តែចាយឲ្យចំគោលដៅ ហើយបើចំគោលដៅ​យើងកុំខ្លាចនឹងធ្វើការ​។ ទៅតាមលទ្ធភាពដែលយើងមាន យើងត្រូវបំពាក់ឧបករណ៍ សម្ភារបរិក្ខារដែលយើងអាចមាន​។ យើងមិនអាចដាក់ម៉ាស៊ីន CT Scan នៅគ្រប់មណ្ឌលសុខភាពទេ … យើងក៏មិនចាំបាច់មានវះកាត់បេះដូងនៅមណ្ឌលសុខភាពដែរ។ ប៉ុន្តែ ជំងឺបឋម ហើយជាពិសេស ស្របជាមួយនឹងគោលនយោបាយនិងកម្មវិធីសមធម៌ និងការផ្ដល់សេវាបឋមដល់ប្រជាពលរដ្ឋនេះ យើងត្រូវធ្វើយ៉ាងណា។

(២០) កិច្ចការទី៣ ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលបថមនៅមូលដ្ឋាន គឺកែប្រែហេដ្ឋារចនាសម្ព័ន្ធ លើកទឹកចិត្តប្រើ IT និងសុខាភិបាលឌីជីថល

ទី៣ គឺការកែប្រែហេដ្ឋារចនាសម្ព័ន្ធ លើកទឹកចិត្តការប្រើប្រាស់ IT និងសុខាភិបាលឌីជីថលដែលអាចធ្វើទៅបាន … យើងមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលហ្នឹងច្រើនកន្លែងហើយ។ កន្លែងដាច់ឆ្ងាយពិបាកមានសេវាអ៊ិនធើណិត គឺពិបាករក។ សូម្បីតែការវាយតម្លៃប្រជាពលរដ្ឋក្រីក្រ ថ្ងៃមុនឲ្យក្រសួងអប់រំវាយតម្លៃទៅលើកញ្ចប់ថវិកាប្រាក់ឧបត្ថម្ភតំបន់នោះ ឥឡូវវាលែងត្រូវ។ កាលវាយតម្លៃប្រហែល១០ឆ្នាំមុន កន្លែងខ្លះគ្មានផ្លូវទៅដល់។ ឥឡូវផ្លូវសុទ្ធតែបេតុង។ អញ្ចឹង(ត្រូវ)ការគិតគូរក្របខណ្ឌឡើងវិញ។ យើងត្រូវគិតអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បីជួយជំរុញនិងបង្កើននូវប្រសិទ្ធភាពការងារ។ ជួនកាល អំពីការ​វិនិច្ឆ័យរោគ បើនៅភ្នំពេញ យើងធ្វើការជាមួយអ្នកពេទ្យស្រុកបារាំងបាន។ ពេទ្យកាល់ម៉ែត ជួនកាលមានអ្នកជំងឺធ្ងន់ ក្រុមគ្រូពេទ្យអាចពិគ្រោះយោបល់ជាមួយដុកទ័រនៅបារាំង។

អត់មានអ្វីដែលហាមយើងមិនឲ្យធ្វើការពិគ្រោះយោ​បល់រវាងពេទ្យនៅក្រចេះជាមួយពេទ្យកាល់ម៉ែត ឬពេទ្យនៅកន្លែងនេះ តាមរយៈការប្រើ IT នោះទេ ពិ​សេស ពេលដែលយើងដាក់ទិសដៅបង្កើនសមត្ថភាពពេទ្យខេត្តរបស់យើង។ ខ្ញុំគិតថា ជំងឺមួយចំនួនគួរតែបង្កើនសមត្ថភាព រឿងបេះដូងអីជាដើម គួរតែមាន ព្រោះជួនកាលដឹកមកភ្នំពេញមិនទាន់ទេ។ ទោះបីផ្លូវល្បឿនលឿនក៏ដោយ។ អញ្ចឹងយើងបង្កើនសមត្ថភាពតាមខេត្ត ​ហើយតាមមូលដ្ឋាន តាមមណ្ឌលសុខភាព … អញ្ចឹងយើងធ្វើជាជំហានៗ។ ប៉ុន្តែជាមូលដ្ឋាន ចក្ខុវិស័យ និងទិសដៅគឺពង្រឹងមូលដ្ឋាននៃការដោះស្រាយ ការផ្តល់សេវាបឋមជូនប្រជាពលរដ្ឋ ហើយអាណត្តិនេះ ដែលខ្ញុំថាពង្រឹងគ្រឹះ គឺគ្រឹះសុខាភិបាល មណ្ឌលសុខភាព ពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យខេត្ត …។

(២១) វិស័យឯកជន និងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវទេ

កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន ដើម្បីធ្វើឲ្យទទួលបានសេវាថែទាំសុខភាព គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពល្អ ឲ្យគ្រប់វិស័យទាំងអស់។ ពិតណាស់ រដ្ឋបានផ្តល់គោល​នយោបាយជួយគាំពារសុខភាពប្រជាពលរដ្ឋច្រើន ហើយកាន់តែរីក ប៉ុន្តែមិនមែនបានន័យថារដ្ឋជាអ្នកដើរតួនៅក្នុងការផ្តល់សេវាសម្រាប់ប្រជាពលរដ្ឋនៅក្នុងគោលនយោបាយទាំងអស់ទេ។ នៅក្នុងគោលនយោបាយពង្រីកនេះ ក៏មានការប្រើប្រាស់នូវវិស័យឯកជន ជាពិសេសតាមរយៈនូវការពង្រីកនូវកម្មវិធី ប.ស.ស ដែលជាផ្នែកមួយទៀតនៃការពង្រីកការគ្របដណ្តប់នៃសេវាសុខាភិបាលរបស់យើងផងដែរ។ អញ្ចឹងវិស័យឯកជននិងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវទេ​។ ក្នុងវិស័យសុខាភិបាលនិងគ្រប់វិស័យទាំងអស់រដ្ឋ ខ្ញុំចង់ឃើញភាពជាដៃគូរវាងរដ្ឋនិងឯកជនកាន់តែត្រូវបានពង្រឹង ក្រោមពាក្យស្លោក «រួមគិត រួមធ្វើ រួមទទួល​ខុសត្រូវ»។ នេះគឺជាអ្វីដែលយើងធ្វើបាន។ មិនមែនគ្រាន់តែរួមគិតហើយលើកសំណើទេ តែរួមធ្វើផង ហើយរួមទទួលខុសត្រូវ។

វិស័យឯកជនគឺដើរតួនាទីសំខាន់ណាស់នៅក្នុងការពង្រីកនូវវិសាលភាព និងសមត្ថភាពព្យាបាលដល់ប្រ​ជាពលរដ្ឋ ជាពិសេសនៅទីប្រជុំជន។ រាជធានីភ្នំពេញ យើងមានគ្លីនិកឯកជន មានបន្ទប់ពិគ្រោះជំងឺ មានទាំងពេទ្យវិនិយោគពីក្រៅប្រទេសនិងដៃគូមកចូលរួម។ យើងចង់បានការដើរតួនាទីនេះ។ អញ្ចឹងការពង្រឹងនូវតួនាទីរបស់វិស័យឯកជនដើម្បីចូលរួមនៅក្នុងកិច្ចការងារនេះសំខាន់ណាស់។ ខ្ញុំក៏សុំលើកទឹកចិត្តឲ្យក្រ​សួងសុខាភិបាលមានការប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន។ ខ្ញុំឃើញឯកឧត្តមអតីតរដ្ឋមន្ត្រី ធ្វើការច្រើនជាមួយវិស័យឯកជនក្នុងការកំណត់ទិសដៅដែលយើងបានដើរពីដំបូងឡើយ រហូតដល់រីកចម្រើនបានប៉ុណ្ណេះ។ ឥឡូវ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានរុញគោលការណ៍បន្ថែមទៀតដើម្បីធ្វើម៉េចឲ្យបងប្អូនក្នុងវិស័យឯកជន មិនថាលក្ខណៈជាបុគ្គលស្វ័យនិយោជន៍ (បើកសេវា)ពិគ្រោះយោបល់ ឬមួយជាមន្ទីរពេទ្យឯកជន ឬគ្លីនិកឯកជននោះទេ ចូលរួមជាមួយគ្នា ដើម្បីឈ្នះៗទាំងអស់គ្នា។

(២២) សុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវ ជាកិច្ចការសំខាន់ណាស់

ធ្វើយ៉ាងណាឲ្យមានការទុកចិត្តរវាងរដ្ឋនិងវិស័យឯកជន។ ភារកិច្ចរបស់រដ្ឋគឺគាំទ្រដល់គោលដៅផ្តល់សេវាដល់ប្រជាពលរដ្ឋ។ អ្នកដែលឈឺឲ្យជា អ្នកដែលមិនទាន់ឈឺ ឲ្យគាត់មានកម្លាំង ប៉ូវសុខភាព កុំឲ្យឈឺ ឲ្យកាន់តែរឹងមាំ … រឿងសុវត្ថិភាពចំណីអាហារ និងរឿងសុវត្ថិភាពថ្នាំសង្កូវនេះ ជាកិច្ចការសំខាន់ណាស់។ អត់មាននរណាម្នាក់ជាអ្នកផ្គត់ផ្គង់ទាំងអស់ទេ។ អ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ដែរ។ អញ្ចឹងគ្រប់គ្នាជាអ្នកប្រើប្រាស់ ជាអ្នកហូបអាហារ ជាអ្នកហូបថ្នាំ។ អញ្ចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា តើអ្វីដែលខ្ញុំទិញពីផ្សារមកហូបមានសុវត្ថិភាពទេ? អ្វីដែលខ្ញុំយកមកពី Pharmacy ពីពេទ្យដែលឲ្យមក ពីមណ្ឌលសុខភាព តើដាក់ទៅហូបទៅវាជួយខ្ញុំមួយ(មុខឬ)វាបង្កើតអីផ្សេងទៀតអត់? អញ្ចឹង ការរួមគ្នានេះ ខ្ញុំគិតថាទាំងអ្នកលក់ទាំងអ្នកទិញ ទាំងរដ្ឋាភិបាល សុទ្ធតែមានឆន្ទៈគោលដៅតែមួយទេ។

ពិតណាស់ យើងនៅមានចន្លោះប្រហោងនិងការងារដែលត្រូវធ្វើពិគ្រោះគ្នាឡើងវិញ។ កន្លងទៅថ្មីៗនេះក៏មានការអនុវត្តវិធានការមួយចំនួនរបស់ក្រសួងសុខាភិបាលលើអ្នកពាក់ព័ន្ធមួយចំនួនដែលលក់ផលិត​ផល​ប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋក្រោយពីមានការណែនាំ។ ពិតណាស់ ការអនុវត្តនូវវិធានការតឹងរ៉ឹងដើម្បីសុខភាពទាំងអស់គ្នាជាការចាំបាច់ ប៉ុន្តែត្រូវមានភាពបត់បែន ត្រូវមានភាពសហការគ្នា។ ខ្ញុំមិនចង់ឃើញថារដ្ឋដើរតួនាទីកាន់ដំបងទេ។ រដ្ឋជាអ្នកគាំទ្រ ជាអ្នកលើកទឹកចិត្តវិស័យឯកជន ដើម្បីបងប្អូនអាជីវករ និងអ្នកដែលប្រកបរបរលក់អាហារ លក់ចំណី លក់ថ្នាំដោយប្រសិទ្ធភាព … អ្នកដែលទិញទៅប្រើគឺមិនមានបញ្ហាបន្ថែម។ អញ្ចឹងរដ្ឋត្រូវធ្វើយ៉ាងណាដើម្បីរកភាពជាដៃគូ និងបង្កើនការទទួលខុសត្រូវរបស់វិស័យឯកជន ឲ្យគាត់ចូលរួមនៅក្នុងការអនុវត្តតាមគណៈផ្សេងៗ តាមសមាគមផ្សេងៗ។ បើសិនជាវិស័យឯកជនតាមសមាគម តាមគណៈជំនាញផ្សេងៗ ក្រសួងសុខាភិបាលអាចដើរតួនាទីដើម្បីអប់រំណែនាំ ដើម្បីយើងពង្រឹងនៅក្នុងវិស័យនេះ ហើយមានការចូលរួមររបស់បងប្អូនដែលលក់ដូរ យើងនឹងឈានទៅដល់ស្ថានភាពឈ្នះៗទាំងអស់គ្នា។

ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ រាជរដ្ឋាភិបាលមិនចាត់ទុកបងប្អូនជាសត្រូវទេ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាលចាត់ទុកបងប្អូនអាជីវករ ចាត់ទុកបងប្អូនអ្នកលក់ទាំងអនឡាញ ទាំងចំណីអាហារ ទាំងថ្នាំគឺជាដៃគូ ហើយជាគោលដៅដែលរដ្ឋត្រូវជួយដូចគ្នា។ តែយើងត្រូវរួមគ្នាដើម្បីធ្វើដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ដូចខ្ញុំនិយាយអញ្ចឹង អត់មាននរណាលក់គ្រប់មុខ ហូបគ្រប់មុខទេ។ សូម្បីតែអ្នកខ្លះគាត់មានដីគាត់ដាំបន្លែក៏ដោយ គាត់ចិញ្ចឹមសត្វដោយខ្លួនឯងក៏ដោយ ប៉ុន្តែនៅតែមានពេលទៅហូបនៅកន្លែងណាផ្សេង ឬពេលឈឺត្រូវប្រើថ្នាំប្រើអី។ អញ្ចឹងខ្ញុំគិតថាការផ្គុំគ្នានិងការសហការគ្នានេះ ការយកចិត្តទុកដាក់នៅក្នុងការអប់រំបណ្តុះបណ្តាលផ្តល់ការគាំទ្រទៅដល់វិស័យឯកជន ការបណ្តុះបណ្តាល ជួនកាលគាត់ត្រូវការជំនាញបច្ចេកទេស ជំនាញអីផ្សេងៗ សូមឲ្យក្រសួងសុខាភិបាលធ្វើការជាមួយគណៈ ជាមួយសមាគមដើម្បីយើងជួយគាត់។បងប្អូនភាគច្រើនលក់ផលិតផលតាមអនឡាញ ពួកគាត់នៅក្រៅប្រព័ន្ធ។ ប៉ុន្មាន​ថ្ងៃមុនខ្ញុំប្រកាសគោលនយោបាយដើម្បីជួយអ្នកក្រៅប្រព័ន្ធឲ្យចូលក្នុងប្រព័ន្ធ ក៏មានអ្នកលក់អាហារបំប៉ន លក់​អីដូចគ្នាដែរ។ គាត់ក៏ត្រូវការជួយការតម្រង់ទិសដែរ។ យើងចង់បានការចូលរួមដើម្បីបង្កើនលទ្ធភាពស្រាវជ្រាវរកផលិតផលសម្បូរបែបឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង។ បើឲ្យតែរដ្ឋចេញ គឺចេញបានតែប៉ុន្មានម៉ូដ ប៉ុន្តែបើឲ្យឯកជនអាចស្រាវជ្រាវ បានផលិតផលច្រើន តែត្រូវមានលក្ខខណ្ឌថា បានសម្បូរបែបតែត្រូវមានគុណភាពផង ហើយតម្លៃសមរម្យដើម្បីធ្វើបាន …។

សុវត្ថិភាពចំណីអាហារ និងថ្នាំនេះ គឺខ្ញុំសុំឲ្យស្ថាប័នដែលពាក់ព័ន្ធ ក្នុងនោះមានក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យនិងវាយតម្លៃឡើងវិញនូវយន្តការដែលមានស្រាប់។ យើងគិតគូរក្នុងក្របខណ្ឌដាក់ចេញនូវគោលនយោបាយឬយន្តការណាមួយ ដើម្បីប្រ​សិទ្ធភាព។ (ធ្វើ)រួមគ្នា កុំធ្វើដាច់ដោយដុំ ដើម្បីកាន់តែមានប្រសិទ្ធភាព។ យើងត្រូវការបងប្អូននៅក្នុងវិស័យឯកជននិងរដ្ឋចូលរួម មិនមែនដើម្បីចាប់បងប្អូនទេ ប៉ុន្តែដើម្បីជួយពង្រឹងក្នុងវិស័យសុខាភិបាលទាំងអស់គ្នា ជួយបងប្អូនឲ្យប្រកបរបរបានដោយមិនមានការភ័យខ្លាច។ ការអនុវត្តនូវវិធានផ្សេងៗ ខ្ញុំបានឲ្យក្រសួងសុខាភិបាលធ្វើដោយទទួលខុសត្រូវ ធ្វើដោយភាពបត់បែន ធ្វើដោយមានការសហការលើកទឹកចិត្ត ប៉ុន្តែ មិនមែនលើកទឹកចិត្តឲ្យខុសទេ។ ទឹកចិត្តកែតម្រូវឲ្យបាន។

(២៣) សូមវិស័យឯកជន សមាគម រួមជាមួយរដ្ឋ ​ជួយតម្រង់ទិស សម្របសម្រួល ទិតៀន និងកែលម្អ ដើម្បីអ្នកលក់ក៏ឈ្នះ អ្នកប្រើប្រាស់ក៏ឈ្នះ រដ្ឋក៏ឈ្នះ

អភិក្រមទាំង ៥ របស់យើង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ វះកាត់ក្រោយនេះ ខ្ញុំមិនចង់ឲ្យមានទេ។ វាជាកត្តាចុងក្រោយបំផុត។ សូម្បីថ្ងៃមុន ដល់ទៅត្រូវបិទនិងដកអាជ្ញាបណ្ណកន្លែងណាមួយ វាជាវិធានការចុងក្រោយបំផុត ក្រោយពីក្រសួងបានណែនាំថាថ្នាំហ្នឹងវាប៉ះពាល់សុខភាពប្រជាពល​រដ្ឋ​។ ហូបយូរទៅវាប៉ះពាល់ដល់តម្រងនោមដល់អី។ បានហៅវិធានការមកណែនាំជាមួយក្រុមហ៊ុនបានអនុវត្តឯកភាពគ្នាហើយ ព្រមដកចេញ។ ក្រោយមកមិនបានធ្វើ ក៏ឈានដល់ការបិទ។ យើងត្រូវ​ជួយទាំងពីរ តែជួយធំបំផុតជួយអ្នកប្រើប្រាស់ ជួយប្រជាពលរដ្ឋ។ អញ្ចឹងយើងត្រូវតែអារកាត់មួយ តែយើងមិនចង់ដល់ហ្នឹង។ អញ្ចឹងវិធានការអភិក្រម ៤ ដែលចង់បាននេះ គឺសុំធ្វើម៉េច គឺអភិក្រមធ្វើខ្លួនឯង ស្វ័យខ្លួនឯង ស្វ័យឆ្លុះកញ្ចក់។ ឆ្លុះកញ្ចក់នេះ ខ្ញុំប្រាប់ថា ឆ្លុះកញ្ចក់យើងមើលឃើញតែពីមុខទេ មែនទេ? ពេលខ្លះត្រូវការអ្នកផ្សេងមកប្រាប់យើងថា នៅក្រោយមានស្នាមដី​​ប្រឡាក់ដែរ … រដ្ឋាភិបាលបានដើរតួនាទីមួយហើយ តែខ្ញុំចង់ឃើញវិស័យឯកជន និងបងប្អូននៅក្នុងសមាគមនានា ជាអ្នកដើរតួក្នុងការប្រាប់វិញល្អជាង។ ជួយណែនាំ ជួយតម្រង់ទិស ជួយសម្របសម្រួលការអនុវត្ត រដ្ឋដកខ្លួនថយមក ជួយពង្រឹងគ្នា ជួយណែនាំគ្នា ជាជំហានៗ ជួយតម្រូវគ្នា ជួយស្វ័យទិតៀន ជួយស្វ័យកែលម្អឲ្យកាន់តែច្រើនកាន់តែល្អ ក្នុងពេលហ្នឹងដៃគូរវាងរដ្ឋនិងឯកជន ដើម្បីប្រជាពលរដ្ឋយើង ដើម្បីសុខភាពប្រជាពលរដ្ឋយើង និងដំណើរការទាំងអស់គ្នាគឺជាអ្នកឈ្នះ។ អ្នកលក់ផលិតផលក៏ឈ្នះ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក៏ឈ្នះ រដ្ឋក៏ឈ្នះ។

ហ្នឹងហើយដែលខ្ញុំ​ឃើញនូវរូបមន្តភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ទាក់ទងនឹងរឿងសុវត្ថិភាពថ្នាំសង្កូវ និងអាហារ។ ការកែសម្រួលរៀបចំយន្តការរបស់រដ្ឋទៅថ្ងៃក្រោយ ធ្វើយ៉ាងណាឲ្យមានភាពបត់បែន តែកុំឲ្យជាបន្ទុក។ បើសិនជាបន្ទុក ដូចខ្ញុំប្រកាសថ្ងៃមុនដាក់ឲ្យប្រើនូវគោលនយោបាយដើម្បីជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើសិនជាគាត់ចូលមកក្នុងប្រព័ន្ធ ហើយជាបន្ទុកធ្ងន់ គាត់មិនចូលទេ។ បើគាត់មិនចូល យើងមិនដឹងជួយយ៉ាងម៉េច។ រដ្ឋត្រូវចាត់ទុកប្រជាពលរដ្ឋយើង អាជីវករ អ្នកលក់ដូរទាំងអស់ មិនថាក្នុងឬក្រៅប្រ​ព័ន្ធ​ជាដៃគូ ជា avatar របស់យើង ដើម្បីជួយក្នុងការផ្ដល់សុខភាពដល់ប្រជាពលរដ្ឋ។ អញ្ចឹងការរៀបចំយន្តការទាំងអស់ ត្រូវឲ្យមានភាពសាមញ្ញ ប្រសិទ្ធភាព និងជួយជំរុញលើកទឹកចិត្ត និងដាក់បន្ទុកទាបបំ​ផុតក្នុងការអនុវត្តអនុលោមភាព …។

ពេលដែលរៀបចំយន្តការពិនិត្យហ្នឹង ត្រូវយកចិត្តទុកដាក់ទៅ​លើការអនុវត្ត។ ការអនុវត្តនេះ គឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ព្រោះកត្តាសំខាន់បំផុតមិនមែនខ្វះវិធីសាស្រ្ត ខ្វះការគិតគូរទេ ប៉ុន្តែការអនុវត្តពេលខ្លះមិនបានគ្រប់ជ្រុងជ្រោយ ឬអនុវត្តលើស ដែលនាំឲ្យមានបន្ទុក នេះជាបញ្ហា។ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាឲ្យទាំងអនុវត្តឲ្យមានយល់ក្របខណ្ឌច្បាស់លាស់ ដែនកំណត់ច្បាស់លាស់ដើម្បីជាការជួយ។ នេះ(ជាអ្វី)ដែលខ្ញុំនិយាយ(ពី)ផែនការត្រូវគិតគ្រប់ជ្រុងជ្រោយ វិធានការអនុវត្តផែនការនោះត្រូវមានផ្អែកលើមូលដ្ឋានច្បាស់លាស់ ជាក់ស្ដែង និងទី៣ សមត្ថភាព របៀបរបបការងារ និងមន្ត្រីអនុវត្ត ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន ត្រូវមានសមត្ថភាព​ និងការទទួលខុសត្រូវ។

កុំថាតែមនុស្សលោក សូម្បីតែទេវតាក៏ត្រូវការសោយដែរ។ ចូលឆ្នាំម្ដងៗ យើងធ្វើចង្ហាន់​ថ្វាយដាក់ជំ​នាងផ្ទះ យើងដាក់ផ្លែឈើ បើចូលឆ្នាំចិនវិញឥឡូវ។ បងប្អូនប្រហែលជាកាត់ចិនទាំងអស់ហើយ។ សែនដាក់សុទ្ធតែជ្រូកខ្វៃ សូម្បីតែអ្នកតាក៏ត្រូវការសោយដែរ។ អញ្ចឹង សុវត្ថិភាពចំណីអាហារសូម្បីអ្នកតាក៏គាត់ត្រូវការគិតគូរ … ខ្ញុំចង់ធ្វើ(ឲ្យ)បានតាមរយៈភាពជាដៃគូ ឲ្យមានការចូលរួម និងការស្វ័យទទួលខុសត្រូវរបស់វិស័យឯកជន បងប្អូនស្វែងយល់តាមរយៈសមាគម តាមរយៈគណៈផ្សេងៗដើម្បីពង្រឹងតួនាទីរបស់គាត់ជួយក្រសួងស្ថាប័ន។ យន្តការរបស់រដ្ឋដើរតួនាទីគ្រាន់តែជួយគាំទ្រពីក្រោយទេ។ យូរៗម្តងនៅពេលដែលយន្តការសម្របសម្រួលផ្ទៃក្នុងរបស់គាត់លែងដើរ បានយើងចូលអនុវត្ត កាត់បន្ថយ ធ្វើយ៉ាងណាលើកទឹកចិត្តឲ្យមានការរីកចម្រើន។ ខ្ញុំគិតថាវិស័យឯកជនជំនាញមួយៗស្គាល់ច្បាស់ យល់ច្បាស់អំពីតម្រូវការជាក់ស្តែងរបស់បងប្អូននៅក្នុងវិស័យនោះ។

រដ្ឋគឺមានកាតព្វកិច្ចនៅក្នុងការដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីធានានូវសង្គតិភាព ធានានូវសុវត្ថិភាព ធានានូវសុខភាពប្រជាពលរដ្ឋ និងធានានូវការរីកលូតលាស់របស់ប្រជាពលរដ្ឋគ្រប់វិស័យ។ រឿងនេះ ខ្ញុំសុំបញ្ជាក់ពាក់ព័ន្ធទៅនឹងរឿងសុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវ គឺជាអាទិភាពមួយដែលត្រូវបន្ត។ យើងបានធ្វើច្រើនហើយកន្លងមក ប៉ុន្តែនៅមានបញ្ហា យើងនឹងបន្តធ្វើតទៅទៀត។ ខ្ញុំសូមអំពាវនាវធ្វើសាជាថ្មី ជូនដល់បងប្អូនរបស់យើង។ ខ្ញុំអរគុណណាស់ចំពោះការចូលរួមរបស់បងប្អូននៅក្នុងការគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ទៅខំរកផលិតផលផ្សេងៗ ស្រាវជ្រាវពីក្រៅប្រទេសដើម្បីយកមកទាំងអាហារបំប៉នទាំងស្អីៗ ប៉ុន្តែក៏សុំឲ្យមានការចូលរួមនូវអ្វីដែលយើងយកមកនេះ។ ចូលរួមជាមួយនឹងក្រសួង មន្ទីរដើម្បីយើងធ្វើយ៉ាងម៉េចធានានូវសុវត្ថិភាព។ ខ្ញុំជឿបងប្អូនទាំងអស់គ្នាដែលលក់ ប្រាកដជាចង់បានជោគ​ជ័យយូរអង្វែង ចង់បានអតិថិជនដែលនៅជាមួយយើង ១០ ឬ២០ ទៅ ៣០ ឆ្នាំ។ ពេលខ្លះទំនិញច្រើនមុខពេកក៏មានការលំបាក។ អញ្ចឹងបានក្រសួងសុខាភិបាលពិនិត្យក្នុងការជួយកម្រិតណាមួយ ផ្តល់ជំនាញ ផ្ដល់ការគាំទ្រ ជំនួយបច្ចេកទេសដល់បងប្អូន ដើម្បីយើងរួមគ្នា ហើយកិច្ចការងារនេះ គឺជាកិច្ចការសំខាន់។

[បញ្ចប់សេចក្តីអធិប្បាយ ៣]

មុននឹងបញ្ចប់នេះ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីយកទៅអនុវត្តដូចខាងក្រោម ៖

(ទី១) ក្រសួងសុខាភិបាលត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងថ្នាក់ក្រោមជាតិ ជាពិសេស ពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកដើម្បីផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋ ក៏ដូចជាពង្រឹងមន្ទីរពេទ្យខេត្តឲ្យក្លាយទៅជាមន្ទីរពេទ្យឈានមុខដែលមានសមត្ថភាពខ្ពស់ សមមូលជាមួយនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ នៅក្នុងការពិនិត្យការព្យាបាលជំងឺ និងការផ្តល់សេវាសុខភាព សេវាសុខាភិបាលនានា សម្រាប់បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរមកទទួលសេវារបស់ប្រជាជនផង។

ទី២ ខ្ញុំសូមលើកទឹកចិត្តឲ្យបន្តលើកកម្ពស់ ការពង្រឹងកិច្ចសហការរវាងក្រសួងនិងស្ថាប័នដើម្បីធានាប្រ​សិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាឲ្យបានថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាពដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះឡើយ។

ទី៣ ក្រសួងសុខាភិបាលត្រូវពង្រឹងឲ្យបានជាអតិបរមានូវ​​​យន្តការដោយផ្តល់ដោយសុខាភិបាលទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញទាំងផ្នែកសុខាភិបាល និងជំនាញទន់។ ខ្ញុំសូមលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកថែទាំវេជ្ជសាស្រ្តទាំងអស់សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់។ ជាពិសេសការធ្វើអាទិភាវូបនីយកម្មលើការសង្រ្គោះជីវិតមនុស្សលើសពីអ្វីៗទាំងអស់ ប្រកាន់ខ្ជាប់ក្រមសីលធម៌អាជីព ព្រោះថាអាជីពជាចម្បងរបស់អ្នកទាំងអស់គ្នាគឺការសង្រ្គោះជីវិតប្រ​ជា​ពលរដ្ឋទូទៅ ដែលខ្ញុំហៅថាជាអាជីពទេវតា តម្រូវឲ្យធ្វើព្យាបាលប្រកបដោយទឹកចិត្តបរិសុទ្ធ គោ​រព​ស្រលាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល​ដូចជាសមាជិកក្រុមគ្រួសាររបស់ខ្លួន។

ទី៤ ក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយកដ្ឋានគយរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួងស្ថាប័ន​ពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ និងពង្រឹងការគ្រប់គ្រងការផលិត ការកែច្នៃ និងការនាំចូលនូវម្ហូបអាហារនិងគ្រឿងបរិភាគ ក៏ដូចជាថ្នាំសង្កូវដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជនយើង។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ គ្រឿងបរិភាគដែលផលប៉ះពាល់អវិជ្ជមានទាំងនោះ ព្រោះពួកយើងមិនចង់ឃើញសុខភាពដ៏មានតម្លៃរបស់ប្រជាពលរដ្ឋយើងត្រូវបានបំផ្លាញដោយសារតែម្ហូបអាហារ គ្រឿងបរិភោគ និងថ្នាំសង្កូវដែលគ្មានគុណភាពនោះទេ។

ទី៥ ក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងក្របខណ្ឌនៃគណកម្មាធិការរដ្ឋបាល digital ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធ digital នៅក្នុងវិស័យសុខាភិបាលទាំងមូល។ ជាពិសេសនៅគ្រប់មន្ទីរពេទ្យថ្នាក់ជាតិនិងក្រោមជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាលឲ្យវេជ្ជបណ្ឌិត​ គ្រូពេទ្យ មន្រ្តីសុខាភិបាលទាំងអស់ ឲ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលទូលំទូលាយ។

ទី៦ ក្រៅពីចំណុច ៥ ខាងលើ ខ្ញុំសូមស្នើដល់ក្រសួងសុខាភិបាលសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះចាំបាច់ត្រូវមានសង្គតិភាពជាមួយនឹងក្របខណ្ឌគោលនយោបាយនិងយុទ្ធសាស្រ្តដទៃទៀតជាពិសេសយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលទើបបានដាក់ចេញ។ អាទិភាពចម្បងបំផុតត្រូវផ្តល់ទៅលើការសម្របសម្រួលការលំបាករបស់ប្រជាជនខណៈដែលពួកគាត់ទទួលបាននូវសេវាសុខាភិបាលមួយប្រកបដោយគុណភាព។

អង្គពិធីទាំងមូលជាទីមេត្រី!

ជាទីបញ្ចប់ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិតេជោសន្តិភាព និងការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យពេលនេះ។ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សុខភាពល្អ សូមប្រកបពុទ្ធពរ និងពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ ក៏មាននាំមកជាមួយសម្រាប់និស្សិតពេទ្យដែលចូលរួមក្នុងអង្គពីធី ៤០០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ ៦៩៨ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល ជូនអ្នកជំងឺកំពុងសម្រាកព្យាបាល ១៨៩ នាក់ ម្នាក់ៗថវិកា​ ២០ ម៉ឺនរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣ លានរៀល និងជូនមន្ទីរពេទ្យជាតិតេជោសន្តិភាពថវិកា ២០ លានរៀលផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ