(១៣ – មេសា – ២០១៣) កិច្ច​ប្រជុំ​​លើក​ទី១ របស់​​គណៈ​​កម្មាការ​​រៀប​ចំ​​សម័យ​​ប្រជុំ​ពេញ​អង្គ​​លើក​​ទី​៣៧ នៃ​គណៈកម្មា​ធិការ​បេតិកភណ្ឌ័​​ពិភព​លោក

ចេញផ្សាយថ្ងៃ: ( ១៣ – មេសា – ២០១៣ )

ប្រទេសកម្ពុជា ជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​៣ នៅ​អាស៊ី​ដែល​មាន​ប្រទេស​សរុប​ប្រមាណ ៥០មាន មហា​កិត្ដិយស និងមោទន​ភាព​យ៉ាង​ក្រៃលែង​ដោយបាន​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០១៣​នេះ​រៀប​ចំ​សម័យ​ប្រជុំពេញ អង្គ​លើក​ទី​៣៧ នៃគណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ័​ពិភព​លោក។ សម័យ​ប្រជុំ​នេះ​នឹង​បើក​ជាផ្លូវ​ការ​នៅ​ទីក្រុង​ភ្នំពេញ​នា វិមាន​សន្ដិភាព​នាថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោម​អធី​បតីភាព​ដ៍ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​អគ្គមហា សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា នឹង​បិទនា​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នាទីក្រុង​សៀមរាប ក្រោម​អធី​បតីភាព​ដ៍ខ្ពង់​ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន ប្រធាន​គណៈ កម្មាធិការ​បេតិក​ភណ្ឌ័​ពិភព​លោក។ ដើម្បីទទួល​ព្រឹត្ដិការណ៍​ដ៍អស្ចារ្យ និង​ជាសកល និង​ដែល​កំរ​នឹង​មាន​ឱកាស សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បាន​បង្កើត​គណៈ​កម្មការ​រៀបចំ​សម័យ​ប្រជុំ​ពេញអង្គ​លើកទី​៣៧នេះ ដោយចាត់​តាំង ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន ជា​ប្រធាន។

ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន ក៍បាន​បង្កើត​លេខាធិកា​រដ្ឋាន និង​អនុគណៈ​កម្មការ​ចំនួន​៥ រួមមាន អនុ​គណៈ កម្មការ​ពិធីការ អនុគណៈ​កម្មការ​ស្រាវជ្រាវ និង​ឯកសារ អនុគណៈ​កម្មការ​ព័ត៌មាន និង​សារគម​នាគមន៍ អនុ​គណៈ​កម្មការ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​សុខា​ភិបាល និង​អនុគណៈ​កម្មការ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ។ លេខាធិការដ្ឋាន និង​អនុគណៈ​កម្មការ​និមួយៗ​បានបំពេញ​ការងា​រទៅតាម​ការទទួល​ខុស​ត្រូវ​របស់ខ្លួន​រៀងៗ​ខ្លួន​រួច​ហើយ និង​បាន សហការណ៍​ជាមួយ​បេសកជន UNESCO ដែល​បាន​មក​ពិនិត្យ​ទីក​ន្លែង​រៀបចំ​នៅវិមាន​សន្ដិភាព និង​នៅ​សៀម​រាប កាល​ពីពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។​ កាល​ពីរ​សៀល​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៣ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន បានដឹកនាំ​ប្រជុំរួម​ជា​លើកទី១ លេខាធិការ​ដ្ឋាន និង​អនុគណៈ​កម្មការ ទាំង​អស់។

នាឱកាស​បើក​អង្គប្រជុំ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន និង​ជាប្រធាន​គណៈ កម្មាធិការ​បេតិក​ភណ្ឌ័ពិភព​លោក​បាន​លើក​ឡើង​ពីការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​របស់កម្ពុជា​មុននឹង​ក្លាយ​ខ្លួន​ជាម្ចាស់​ផ្ទះរៀប​ចំសម័យ​ប្រជុំពេញ​អង្គ​លើក​ទី៣៧ នៅលើ​ទឹកដី​នៃអតីត​អាណា​ចក្រខ្មែរ។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​រំលឹក​ឡើង​វិញថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំដ៍​ឧត្ដុង​ឧត្ដម​របស់ សម្ដេច​អគ្គមហា​សេនា​បតីតេជោហ៊ុន សែន បាន​ស្នើសុំ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជាបេតិក​ភណ្ឌ័ពិភព​លោក​នាឆ្នាំ​២០០១ ប៉ុន្ដែ​កាល​ណោះ ​កម្ពុជា​មិន​ត្រូវ បាន​គេស្គាល់​នៅ​ឡើយ​ទេ ហើយទើប​តែនៅ​ឆ្នាំ២០០៧ នាទីក្រុង Christchurch  ប្រទេស​ណូវែល​ស្សេឡង់ គណៈ ប្រតិភូ​កម្ពុជា​ដ៍មាន​សមត្ថភាព​ចាត់តាំង​ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ដែល​បាន​ចាត់​តាំង ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ជាប្រតិភូ​បាន​ធ្វើការ​ចែចូវ​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បីជំនះ​នូវ​រាល់ ឧបសគ្គ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​កម្ពុជា រហូតទទួល​បាន​ជោគ​ជ័យ និង​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជា បេតិក​ភណ្ឌ័​ពិភព​លោក កាល​ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នាទី​ក្រុង​កេប៉ិច ប្រទេស​កាណាដា​។​ រហូត​មក​ដល់​ពេលនេះ​ កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់ និងមាន​ឈ្មោះបោះ​សម្លេង​រហូត​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​សមាជិក​ក្នុង​ចំណោម​សមាជិក សរុប​ទាំង​២១​នៃ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ័​ពិភព​លោក កាលពី​ឆ្នាំ ២០០៩។ មួយ​ឆ្នាំ​ក្រោយ​មក​គឺ​ឆ្នាំ​២០១០ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​អនុប្រធាន និង​ប្រធាន​គណៈ​កម្មាធិការ បេតិក​ភណ្ឌ័​ពិភព​លោក​សម្រាប់​អាណត្ដិ​ឆ្នាំ២០១១ និង​២០១២ នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ធ្វើជា​ម្ចាស់​ផ្ទះ​នាទី​ក្រុង Saint.Petersburg ប្រទេស​រុស្សី​កាល​ពីខែ​មិថុនា ឆ្នាំ២០១២។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក៍បានគូស​បញ្ជាក់​ផង​ដែរ​ថា​កម្ពុជា​បាន​បញ្ចូល​បេតិក​ភណ្ឌ័​ជាតិ ជាបេតិក​ភណ្ឌ័​ពិភព​លោក​រូបិយ ចំនួ​នពីរ​គឺ​ប្រាសាទ​អង្គរ​វត្ដនា​ឆ្នាំ ១៩៩២ និង​ប្រាសាទ​ព្រះវិហារ​នា​ឆ្នាំ​២០០៨ និង​ជា​បេតិក​ភណ្ឌ័​ពិភព​លោក​អរូបិយ​ចំនួន​ពីរគឺ របាំព្រះ​រាជ​ទ្រព្យ និង​របាំ​ស្បែក​ធំ។ តាំងពី​ឆ្នាំ១៩៩២​មក​ប្រទេស កម្ពុជា បាន​គៀង​គង​ថវិកា​សរុប​ចំនួន ២៥០ លានដុល្លា ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាព រមណីយ​ដ្ឋាន​អង្គរ ហើយ​ភ្ញៀវ ទេសចរណ៍​បាន​កើន​ឡើង​ប្រចាំ​ឆ្នាំ​ចំនួន ៣០​ភាគ​រយ គឺពី​១០​ម៉ឺននាក់ កាលពី​២០​ឆ្នាំមុន និងបច្ចុប្បន្ន​ចំនួន​ជាង ៣​លាន​នាក់ និង​ចំណូល​រដ្ឋ​រហូត​ដល់ ២២០០ លាន​ដុល្លា​។ ឯកឧត្ដម សួស យ៉ារ៉ា ក្នុងនា​មប្រធាន​លេខាធិកា​រដ្ឋាន រៀបចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៧ នៃគណៈ​កម្មាធិការ​បេតិក​ភណ្ឌ័​ពិភពលោក បាន​ធ្វើរ​បាយការ​ណ៍ជូន​អង្គ​ប្រជុំ អំពីការ​ត្រៀម​រៀប​ចំព្រឹត្ដិការណ៍​ជាសាកល និង​លើក​ទី១នៅ​កម្ពុជា​ដោយ ៖

-ចែក​សៀវ​ភៅ​ស្ដីពី​ឯកសា​រជំនួយ​ស្មារតី​ដល់​សមាជិក​អង្គ​ប្រជុំ​គ្រប់រូប

-គេហ​ទំព័រ​នៃ​សម័យ​ប្រជុំ www.whc37cambodia2013.kh បាន​កំពុង​ដំណើរ​ការ​នឹង​បញ្ចូន​ទៅកាន់​សមាជិក អង្គការ UNESCO ទាំង១៩២ រួចរាល់​ហើយ។

-ក្នុងពេល​២​សបា្ដហ៍​ទៀត​អ្នកជំនាញ UNESCO នឹង​មក​កាន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ជួសជុល​ការ​ខូចខាត​នា​ពេល កន្លង​មក។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ឋ​យុវជ​នកម្ពុជា ក្នុងនាម​ជា​ប្រធាន​ក្រុម​ការងារ​រៀប​ចំវេទិកា​យុវជន សម្រាប់​សម័យ​ប្រជុំពេញ​អង្គលើក​ទី៣៧ បាន​ជម្រាប​ជូន​អង្គ​ប្រជុំថា នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៣ និស្សិត យុវជន​ចំនួន​១៨នា​ក់ដែល​ចេះ​ភាសា​ច្រើន​រួមមាន បារាំង និងអង់គ្លេស បានស្ទាត់​ជំនាញ និង​ជ្រើសរើស​ដោយ​ឯកឧត្ដម សុខ សូកាន អគ្គ​លេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​កំណែ​ទំរង់រដ្ឋបាល ចេ​ញ​ដំណើរ​ទៅ​សៀម​រាប​ទៅចូលរួម​ក្នុង​ព្រឹត្ដិការណ៍ តាំង​ពិពណ៌​អង្គរ​សង្ក្រាន ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៣ ក្រោម​ប្រធានបទ “យុវជន និង​បេតិក​ភណ្ឌ័” និង​ដើម្បី​ហាត់​សម​ត្រៀម​ព្រឹត្ដិការណ៍​យុវជន​អន្ដរជាតិ នៃ​បេតិកភណ្ឌ័​ពិភព​លោក។

ឯកឧត្ដម ហ៊ុន ម៉ានី បានមាន ប្រសាសន៍ថា យុវជន​ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​វេទិកា​យុវជន​អន្ដរជាតិ​មាន​អាយុពី១៨ ទៅ២០ឆ្នាំបាន​បញ្ជាក់​អំពីការ ចូល​រួមរួច​ហើយ​ពីប្រទេស​ចំនួន៧ រួមមាន ឡាវ ឥណ្ឌូនេស៊ី និង​សិង្ហបុរី​ជាដើម ហើយ​អ្នក​នាំពាក្យ​នៃវេទិកា យុវជន​អន្ដរជាតិ​នេះ​គឺ​ឯកឧត្ដម សុខ សូកាន។ ក្នុង​វេទិកា​យុវជន​អន្ដរជាតិ​ដែល​នឹង​ប្រព្រឹត្ដិ​ទៅនៅទី​ក្រុង​សៀមរាប ពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៣ សកម្មភាព​ជាច្រើន​និង​ធ្វើឡើង​ក្រោម​ប្រធាន​បទ​បេតិកភណ្ឌ័​រស់ ៖ ប្រាសាទ បរិស្ថាន និង​ប្រជាជន ដែល​ហៅកាត់​ថា ទេព គឺមាន​ន័យ​ដូចជា ទេវៈ ឬ​ទេព្ដា​អញ្ចឹង។

ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងនាម​ជា​ប្រធាន និង​ចងក្រង​ឯកសារ​វីដេអូ​រយៈពេល​៥នាទី ស្ដីពី​វេទិកា​យុវជន​អន្ដរជាតិ​នៅ​សៀមរាប ដើម្បី ចាក់បង្ហាញ​ជូន​សមាជិក​អង្គ​ប្រជុំ​ចំនួន​ប្រហែល​១០០០នាក់ នាឱកាស​បើក​សម័យ​ប្រជុំពេញ​អង្គ​លើក​ទី៣៧ នៃគណៈ កម្មាធិការ​បេតិក​ភណ្ឌ័​ពិភព​លោក។

ឯកឧត្ដម ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី ក្នុងនាម​ប្រធាន អនុ​គណៈ​កម្មការ​ព័ត៌មាន និង​សារគ​មនាគមន៍​បានមាន​ប្រសាសន៍​នៅក្នុង​អង្គ​ប្រជុំថា ៖

-អនុគណៈ​កម្មការ​សូម​ប្រគល់​ការ​ផ្សាយ​ផ្ទាល់​នាឱកាស​បើក​សម័យ​ប្រជុំពេញ​អង្គ​លើក​ទី៣៧ ជូន​ទូរទស្សន៍​ជាតិ​កម្ពុជា ព្រម​ទាំង​ស្នើ​សុំសហការ​ពី​មន្ដ្រីទូរទស្សន៍ជាតិ​ដើម្បីថត​សកម្មភាព​នៃ​កិច្ចប្រជុំ​ទាំង​១០​ថ្ងៃ​នៅទី​ក្រុង​ភ្នំពេញ។

-អនុគណៈ​កម្មការ​បាន​រៀប​ចំ​ក្រុម​ការងារ​ផ្សាយ​ផ្ទាល់​តាម​គេហទំព័រwww.whc37cambodia2013.kh ជា​បីភាសា ខ្មែរ អង់គ្លេស និង​បារាំង ដើម្បី​ចែក​ជូន​សមាជិក UNESCO ទាំង​អស់​ជាង ១៩០ តាម​ដាន​ពីក្រៅ​ប្រទេស​រៀង​ៗ​ខ្លួន។

-អនុគណៈ​កម្មការ​ក៍បាន​ត្រៀម​ក្រុម​ប្រចាំការ​ដើម្បី​បំរើអោយ​សម័យ​ប្រជុំ និង​បន្ទប់​សារ​ព័ត៌មាន ព្រម​ទាំង​បន្ទប់ សន្និសីទ​កាសែត។

-អនុគណៈ​កម្មការ​បាន​នឹង​កំពុង​ផលិត ស្ពុត និង​វេទិកា​តុមូល ព្រមទាំង​ត្រៀម​ផលិត​វីដេអូ​ឯកសារ ៥២នាទី សរុប​លទ្ឋផល​នៃសម័យប្រជុំ។

-អនុគណៈ​កម្មការ​បានចាត់​តាំងអ្នក​នាំពាក្យ​ចំនួន ៣រូប រួមមាន ៖

១-ឯកឧត្ដម ឌឹម សុវណ្ណារុំ ជំនួយការ​អម​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី

២-លោក​ជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សា​អាជ្ញាធរ​អប្សារា និង

៣-លោក ឯក ថា អនុប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន

-អនុគណៈកម្មការ និង​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ជូន​ពិធីករ និងពិធីការិ​នី​ទូរទស្សន៍ ព្រម​ទាំង​អ្នក​សារព័ត៌មាន ដើម្បីមាន​មូលដ្ឋាន​គ្រឹះ​នៃ​បេតិកភណ្ឌ័​ពិភពលោក ក្នុងកា​រផ្សព្វ​ផ្សាយ​អោយ​បានត្រឹម​ត្រូវ​ពី​ព្រឹត្ដិការណ៍​ជាប្រវត្ដិសាស្ដ្រ​នៅ​កម្ពុជា។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​គាំទ្រ​ទាំងស្រុង​ពីសំណើ​របស់​ឯកឧត្ដម ស្វាយ ស៊ីថា ប្រធាន អនុគណៈ​កម្មការ​ព័ត៌មាន និង​សារគមនាគមន៍។

ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មការ​ពិធីការ

ឯកឧត្ដម ហ៊ឹម ឆែម រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍

ឯកឧត្ដម ចាន់ តានី រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​អនុគណៈ​កម្មការ​ស្រាវជ្រាវ និង​ឯកសារ

ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍

ឯកឧត្ដម យូ ស៊ុនឡុង អគ្គស្នងការ​រងនគរ​បាល​ជាតិ និង​សមាជិក​ដទៃ​ទៀត​ដែល​បាន​ចូល​រួម​ក្នុង​អង្គ​ប្រជុំនេះ​ផងដែរ ក៍បាន​ចូល​រួម​យោបល់​យ៉ាង​ផុស​ផុល​ដើម្បី​ធ្វើយ៉ាង​ណា​ទាញ​យក​អត្ថ​ប្រយោជន៍​អោយ​បាន​ច្រើន​លើស​លប់​អោយ​ខានតែបាន​ពីសម័យ​ប្រជុំពេញ​អង្គលើក​ទី៣៧​នៃគណៈ​កម្មាធិការ​បេតិកភណ្ឌ័​ពិភព​លោក​ដែល​កម្ពុជាជា​ម្ចាស់ផ្ទះ។ អង្គប្រជុំ រួមលើក​ទី១​ដើម្បី​ត្រៀម​រៀបចំ​សម័យ​ប្រជុំ​ក្រោម​អធីបតីភាព​ដ៍ខ្ពង់​ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន ប្រធានគណៈ​កម្មាធិការ​បេតិកភណ្ឌ័​ពិភពលោក​បានបញ្ចប់​ទៅនៅ​ម៉ោង ១០ h ៣០ នាទីយប់នា​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...