ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា, សមាជិក/សមាជិការាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់រាប់អាន!
(១) រីករាយបានជួបកម្មករ/ការិនី ១៨ ពាន់នាក់ ពី ២០ សហគ្រាស/រោងច្រកនៅរាជធានី
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នា និង(ចំថ្ងៃបុណ្យដាក់)បិណ្ឌទី៤ … មេឃស្រទុំ ប៉ុន្តែចាំងភ្នែក ព្រោះសម្បូរអ្នកញញឹមមានដាំពេជ្រលើធ្មេញ។ ពីជំនាន់ដើមគេដាំមាស។ ជំនាន់យាយខ្ញុំអី សុទ្ធស្រោបមាស … អរគុណចំពោះការស្វាគមន៍រាក់ទាក់នៅព្រឹកនេះ។ អរគុណបងប្អូន ដែលខ្លះមកតាំងពីម៉ោង ៣-៤(ភ្លឺ) ហើយបងប្អូនខ្លះមិនបានទាំងសម្រាកស្រួលផង។ អរគុណក្រសួងការងារ អាជ្ញាធរដែនដី ដែលបានរៀបចំព្រឹកនេះ និងនិយោជក បងប្អូនកម្មករ និយោជិត ដែលបានចូលរួមច្រើនកុះករ។ យើងមានជាង ១៨ ០០០ នាក់ មកពី ២០ សហគ្រាស រោងចក្រនៅរាជធានីភ្នំពេញ។ អរគុណចំពោះម្ចាស់ទីតាំង ដែលបានផ្ដល់កន្លែងនេះ ក៏ដូចជាក្រុមហ៊ុន/សហគ្រាសទាំងអស់ ដែលអនុញ្ញាតឱ្យបងប្អូនបានចូលរួម ហើយចប់ពីនេះទៅ អនុញ្ញាតឱ្យសម្រាកមួយថ្ងៃដោយគិតបៀវត្សជូនពេញមួយថ្ងៃតែម្ដង។ អរគុណជាពិសេសចំពោះបងប្អូនផ្ទាល់ និងអ្នកដឹកជញ្ជូន។ ដឹកតែ ១០០នាក់ ចង់លំបាក ទម្រាំ ១៨ ០០០ នាក់ មិនធម្មតាទេ …។
(២) រាជរដ្ឋាភិបាលគណបក្សប្រជាជនបន្ដចុះជួបកម្មករ និងបន្តនិងពង្រីកគោលនយោបាយបន្ថែមជូនកម្មករ
ខ្ញុំសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ តាមពិត សម្ដេចតេជោត្រូវ(អញ្ជើញមកជួបជួបជាមួយកម្មករ/ការិនី) ១០កម្មវិធី ក្រោយការបោះឆ្នោត ប៉ុន្តែដោយសារមានការកែសម្រួល និងការផ្ទេរការដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោក៏បានឱ្យដក(ចេញពីកម្មវិធីរបស់សម្តេច ហើយ)ខ្ញុំក៏បានបន្ត ការងារចុះ(ជួបកម្មករ/ការិនី)នេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនបោះបង់ចោលកម្មករ/ការិនី និងប្រជាជនទេ។ សូម្បីតែកម្មវិធី(ជួប)ក៏យើងត្រូវបន្តដែរ កុំថាឡើយដល់ទៅគោលនយោបាយផ្សេងទៀត។ នេះជាការយកចិត្តទុកដាក់និងជាសារធំណាស់។ ទី២ (យើងមិនត្រឹមតែ)បន្តគោលនយោបាយដែលមានស្រាប់(ប៉ុណ្ណោះទេ) ជាពិសេស(យើង)នឹងពង្រីកបន្ថែមទៀតនូវអ្វី(ដែលជាគោលនយោបាយប្រកបដោយគុណប្រយោជន៍)ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ/ការិនីយើង។
(៣) រាជរដ្ឋាភិបាលបក្សប្រជាជនគិតគូរពីបៀវត្ស អត្ថប្រយោជន៍សង្គមនិងសុខភាព សោធន
សូមអរគុណចំពោះក្រសួងការងារ ដែលឯកឧត្តម ហេង សួរ បានអាននូវរបាយការណ៍ក្បោះក្បាយ។ បើនិយាយលម្អិតពីអ្វីដែលរាជរដ្ឋាភិបាលដឹកនាំរាល់អាណត្តិផ្ដល់អត្ថប្រយោជន៍ជាជំហានបន្តបន្ទាប់ជូនដល់កម្មករ/ការិនី ប្រហែលជាបងប្អូនអង្គុយមួយថ្ងៃទល់ល្ងាចក៏ស្ដាប់មិនអស់ផង។ យើងបានគិតគូរពីជីវភាពរស់នៅ តាំងពី(ប្រាក់បៀវត្ស) ៤០ដុល្លារ ឡើង(ដល់)ជាង ២០០ដុល្លារ ឥឡូវឡើង ២០៤ដុល្លារ ទាំងកូនចៅ ទាំងសោធននិងទាំងសុខភាព។ សុខភាព(នេះទៀតសោត) មិនមែន(គិតគូរតែចំពោះ)តែកម្មករ/ការិនីទេ គឺដាក់ចេញនូវរូបមន្ដឱ្យប្ដីឬប្រពន្ធថែមទៀត។ ខ្ញុំមិនអានឡើងវិញនូវអ្វីដែល(ជារបាយការណ៍ទាំងស្រុង)នេះទេ គ្រាន់តែសង្ខេបនៅលើអ្វីដែលជាគោលគំនិត និងគិតគូរបន្ដ … គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបោះបង់នូវអ្វីដែលយើងបានខិតខំធ្វើជូនដល់កម្មករ/ការិនីទេ។ មកដល់ម៉ោងនេះ មានតែបន្ដខិតខំឱ្យកាន់តែកើនតទៅទៀត។ នេះជាការប្ដេជ្ញាចិត្ត។ សូមសរសើរនូវការសម្រេចបានភារកិច្ចទី១ ដែលខ្ញុំប្រគល់ឱ្យកាលពីថ្ងៃទី ២៩(ខែសីហា) ឱ្យក្រសួងការងារខិតខំចរចាឱ្យបានឡើងប្រាក់បៀវត្សមុនភ្ជុំបិណ្ឌ។ (ក្រសួងការងារ)បានធ្វើ(រួចរាល់) សូមអបអរសាទរ …។
(៤) ការដំឡើងបៀវត្សមូលដ្ឋានបាន ២០៤ ដុល្លារ ជារូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីខ្លាំងទាំងអស់គ្នា»
បៀវត្សយើងបានឡើងហើយ។ សំណួរសួរថា បៀវត្សនេះច្រើនឬតិច? អាស្រ័យទៅលើអ្នកមើល។ បើសិនជាបងប្អូនកម្មករ/ការិនី គិតថាប្រហែលជាតិច ប៉ុន្តែសម្រាប់និយោជក/ថៅកែ គេថាច្រើន។ ឥឡូវយើងនិយាយសាវតាបន្ដិច។ ប៉ុន្មានថ្ងៃនេះឃើញតែគេចេញមកវាយប្រហារថាប្រាក់ខែនេះអញ្ចេះអញ្ចុះ។ ពូកែណាស់រឿងបង្អាប់។ យើងគិតថា ៤ដុល្លារក្នុងមួយខែ គុណនឹង ៧០ម៉ឺន ៨០ម៉ឺននាក់ ក៏មិនតិចដែរ។ ប៉ុន្តែយើងត្រូវយល់ថានេះជាកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា។ រូបមន្ដដែលយើងបាន(ស្រុះស្រួលគ្នាឲ្យមានបៀវត្សមូលដ្ឋាន) ២០៤ដុល្លារនេះ គឺជារូបមន្ដ “ចែកគ្នារស់និងជួយគ្នារស់” ដើម្បីយើងខ្លាំងទាំងអស់គ្នា … ចាប់ផ្ដើមដំបូង និយោជកបានសុំថាមិន(ដំឡើង)ទេ។ ប្រាក់ខែយើងខ្ពស់ហើយ បើប្រៀបធៀបនឹងប្រទេសមួយចំនួន។ សុំរក្សាទុកដដែល។ យើងបានឡើងរហូតមកហើយ សូម្បីតែ(កាល)កូវីដ-១៩(រីករាលដាល) ក៏យើងឡើងដែរ។ តែតំណាងបងប្អូនកម្មករ/ការិនីថាសុំ ២១៨ដុល្លារ ព្រោះគិតពីតម្លៃអាហារ តម្លៃអីចង់ឱ្យឡើង។ អត់មានមួយណាខុសទេ មានហេតុផលទាំងសងខាង។ រាជរដ្ឋាភិបាលយល់អំពីទុក្ខលំបាកទាំងសងខាង។ បាតដៃក៏សាច់ ខ្នងដៃក៏សាច់។ ទាំងពីរនាក់នេះ ផ្គុំបានជាឆ្នាំងបាយនិងអង្ករក្នុងឆ្នាំង ទាំងនិយោជក ទាំងកម្មករ/ការិនី ហើយឆ្នាំងបាយនិងអង្ករក្នុងឆ្នាំងធ្វើឱ្យផ្ទះយើងសម្បូរសប្បាយ គឺធ្វើឱ្យប្រទេសជាតិសម្បូរសប្បាយ …
(៥) ភាពប្រកួតប្រជែងស្ថិតលើការធានា(គុណភាពនិងតម្លៃ)ដល់អ្នកបញ្ជាទិញ
សួរថា (ដែល)និយោជក/ថៅកែសុំថាមិនដំឡើងនៅឆ្នាំនេះ (មកពី)គាត់មិនស្រលាញ់កម្មករ/ការិនីឬ? ថាទេ! គាត់ស្រលាញ់ដូចគ្នា ប៉ុន្តែអ្វីដែលជាកង្វល់គឺភាពប្រកួតប្រជែងនៃវិស័យទាំងមូល។ យើងមិនមែនផលិតលក់តែម្នាក់ឯងទេ។ ប្រទេសជាច្រើនលក់ផលិតផលទៅទីផ្សារអាមេរិក ទីផ្សារអឺរ៉ុប ទីផ្សារផ្សេងៗ។ យើងប្រកួតប្រជែងគ្នា។ ភាពប្រកួតប្រជែងរបស់យើង គឺការធានា(គុណភាពនិងតម្លៃ)មួយឱ្យអ្នកបញ្ជាទិញ។ បងប្អូន(ត្រូវយល់) អ្នកបញ្ជាទិញ(មក)ពីអាមេរិក ពីអឺរ៉ុប កាន់លុយមួយកញ្ចប់ដើរទិញ ដូចយើងទៅផ្សារទិញទំនិញអញ្ចឹង … តថ្លៃរកតម្លៃសមរម្យ ហើយគុណភាពល្អ ដើម្បីយកទៅផ្គត់ផ្គង់ហាងរបស់គេនៅអាមេរិក នៅអឺរ៉ុប។ គេដើរ shopping បើយើង(តម្លៃ)សមរម្យ គុណភាពល្អ គេបញ្ជាទិញ។ បើសិនបញ្ជាទិញច្រើន បងប្អូនក៏មានការងារធ្វើ មានថែមម៉ោងថែមអីច្រើន។ តែបើសិនជាវារួម(តូច គ្មានការបញ្ជាទិញ) យើងក៏លំបាក។ គ្រាន់តែសេដ្ឋកិច្ចពិភពលោករាងថយ គ្រប់ប្រទេសមានការប៉ះពាល់ ការបញ្ជាទិញក៏ថយ។ យើងត្រូវទទួលស្គាល់ទាំងអស់គ្នា។ យើងមិនចាំបាច់លាក់ទេ។ មិនមែនតែខ្មែរទេ។ គ្រប់ប្រទេសទាំងអស់ …។
(៦) ការដំឡើងប្រាក់បៀវត្សកម្មករ/ការិនី និយោជិត រាល់ឆ្នាំ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល
សួរថា ហេតុអ្វីបានជានិយោជកព្រួយ? គាត់ក៏ចង់រស់ដែរ។ គាត់រស់ រោងចក្ររស់ គឺដោយសារភាពប្រកួតប្រជែង … បានន័យថា យើងនៅអាចទាញម៉ូយមកទិញយើងបាន។ ហេតុអ្វីបានជាគាត់ព្រួយបារម្ភ? ឥឡូវមើលអញ្ចេះ (កម្មករ/ការិនី)វិស័យកាត់ដេររបស់យើង (ទទួលបាន)ប្រាក់បៀវត្ស ២០៤ដុល្លារ។ សួរថាគ្រប់ឬនៅ? គ្រាន់ឬនៅ? កើនជាងមុន ប៉ុន្តែមិនទាន់គ្រប់ទេ។ បើសិនជាគ្រប់ រាល់ឆ្នាំរាជរដ្ឋាភិបាលចាំ(គិតគូរពីការ)ដំឡើងធ្វើអី។ ជាការប្ដេជ្ញាចិត្ត យើងត្រូវតែឡើងរាល់ឆ្នាំ គ្រាន់ថាមួយឆ្នាំៗ យើងដំឡើងបន្ដិចៗ តាមលទ្ធភាព។ សូម្បីជំនាន់កូវីដ–១៩ ប្រទេសច្រើនណាស់ មិនដំឡើង(ប្រាក់បៀរវត្សមូលដ្ឋាន តែ) រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ តិចឬច្រើន នៅតែដំឡើងឱ្យ។ នេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល …។
នៅក្នុងតំបន់មាន ឡាវ វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដេស ភូមា ឥណ្ឌា ស្រីលង្កា និងប្រទេសមួយចំនួនទៀត ដែលប្រកួតប្រជែងនឹងយើង។ គេនាំចេញទៅដូចគ្នា ហើយគេក៏ទាក់ម៉ូយពីអឺរ៉ុប ពីអាមេរិកមកទិញដែរ។ និយាយពីបៀវត្សមូលដ្ឋាន ម៉ោងនេះ ឆ្នាំ២០២៣ យើងមិនទាន់ដំឡើង(ផង ប្រាក់ខែកម្មករ)យើង ២០០ដុល្លារ គឺខ្ពស់ជាងប្រទេសភាគច្រើន។ ឡាវតែ ៩០ដុល្លារ ហើយឆ្នាំក្រោយ អត់ដំឡើងទៀត។ គាត់បានចរចារួចហើយ។ ប្រទេសវៀតណាម តំបន់ទាបមាន ១៥៤ដុល្លារ និងខ្ពស់បំផុត ១៩៨ដុល្លារ។ ឥឡូវមិនទាន់ចរចាដំឡើងផង។ ឥណ្ឌូនេស៊ី តំបន់ខ្លះតែ ១៣០ដុល្លារទេ តំបន់ខ្លះជាង ៣០០ដុល្លារ ហើយឆ្នាំនេះ គាត់អត់ចរចាដំឡើងបៀវត្សនៅស្រុកទេ។ ប្រទេសបង់ក្លាដេសតែ ៧៤ដុល្លារទេ អប្បបរមាសម្រាប់កម្មករគេ … ប្រទេសភូមា ៦៩ដុល្លារ ឆ្នាំនេះអត់ចរចាដំឡើងទេ។ បានន័យថាឆ្នាំក្រោយនៅតែ ៦៩ដុល្លារ នៅពេលដែលយើងឡើង ២០៤ដុល្លារ។ មហាអំណាចឥណ្ឌា ប្រាក់ខែតែចន្លោះ ១៣៤-១៩៥ដុល្លារទេ គឺតំបន់ខ្ពស់បំផុត ១៩៥ដុល្លារ ហើយឆ្នាំនេះអត់ចរចាដំឡើងទេ។ ប្រទេសស្រីលង្កាតែ ៤០ដុល្លារទេ ហើយឆ្នាំនេះក៏អត់ដំឡើងឱ្យដែរ។ បងប្អូនគិតមើល និយោជិត កម្មករ/ការិនីរបស់យើង បាន ២០០ដុល្លារ តាំងតែពីឆ្នាំទៅយើងខ្ពស់ជាងគេ។ ឥឡូវថែម ៤ដុល្លារទៀត។ យើងកាន់តែខ្ពស់ជាងគេ។ នេះហើយភាពប្រកួតប្រជែង។
(៧) តំណាងសហជីព ១២/១៧ គាំទ្រតួលេខបៀវត្សមូលដ្ឋាន ២០២ ដុល្លារ
សួរថា តើរាជរដ្ឋាភិបាលបានឮពីការព្រួយបារម្ភរបស់(និយោជក/វិនិយោគិន)ទេ? រាជរដ្ឋាភិបាលបានឮ ប៉ុន្តែយើងក៏បានឮការព្រួយបារម្ភរបស់កម្មករ/ការិនីរបស់យើងដែរ។ តិចច្រើនក្ដី បងប្អូនក៏ត្រូវការបង្កើនជីវភាពដែរ។ អញ្ចឹងហើយ រាជរដ្ឋាភិបាលអត់លើក(ពេលដំឡើងប្រាក់បៀវត្សទេ) … បងប្អូនគួរមើលថា អ្វីដែលយើង(សម្រេច)បាន (ទោះ)វាមិនបានដូចអ្វីដែលយើងរំពឹងទុក ប៉ុន្តែវាច្រើនហើយ (បើប្រៀបធៀបនឹង)ប្រទេសទាំងអស់(ខាងលើ)នោះ។ ខ្ញុំគិតថា កម្មករ/ការិនី(នៅប្រទេសទាំងនោះ) បើងាកមកកម្ពុជា ប្រហែលជាគិតថាកម្មករខ្មែរសំណាងណាស់ ដែល(បានទទួលការ)ដំឡើងប្រាក់ខែខ្ពស់ជាងប្រទេសគេ ហើយឆ្នាំនេះ រាជរដ្ឋាភិបាលក៏នៅតែដំឡើងឱ្យទៀត… ប្រទេសទាំងនេះប្រកួតប្រជែងជាមួយយើងនាំទំនិញទៅអាមេរិក អឺរ៉ុបដូចគ្នា …។
ចុងក្រោយឃើញនាយករដ្ឋមន្រ្តីបន្ថែមឱ្យ ២ដុល្លារ អ្នកខ្លះថាបើអញ្ចឹងបន្ថែមឱ្យតែម្ដង ចាំបាច់ចរចាធ្វើអី? តាមច្បាប់យើងធ្វើមិនបាន។ បន្ដិចទៀត ខ្ញុំនិយាយរឿង ២ដុល្លារចុងក្រោយ។ ហេតុអី្វបាននាយករដ្ឋមន្រ្តីត្រូវបង្កើនអាហ្នឹង? យើងមានយន្តការត្រីភាគីគឺតំណាងសហជីព ១៧នាក់, តំណាងនិយោជក ១៧នាក់, តំណាងក្រសួងសម្របសម្រួល ១៧នាក់ សរុប ៥១នាក់ ចរចាឱ្យយល់គ្នា។ ចរចា ២០ លើក ជាង ៤០ថ្ងៃ ស្មើ១ខែជាង … យើងត្រូវស្ដាប់កង្វល់គ្នា។ តំណាងសហជីពក៏ជាតំណាងរបស់បងប្អូនកម្មករ/ការិនី ៨០ម៉ឺននាក់ តំណាងនិយោជកក៏ជាតំណាងឱ្យក្រុមហ៊ុនដែលបង្កើតការងារបូកទៅជាង ៦០ម៉ឺននាក់ ១៧ក្រុមហ៊ុន ដែលចូលទៅចរចាគ្នា ទម្រាំតែយើងបានឯកភាពគ្នាចុងក្រោយ … ៤៦នាក់ លើ ៥១នាក់ រួមទាំងតំណាងសហជីព ១២នាក់លើ ១៧នាក់ បានបោះឆ្នោតគាំទ្រតួលេខ ២០២ដុល្លារ ជាតួលេខមួយដែលអាចទទួលយកបាន “រស់ទាំងអស់គ្នា ឬចែកគ្នារស់ ហើយជួយគ្នារស់ក្នុងដំណាក់កាលដែលយើងលំបាកនេះ។
(៨) “ជួយគ្នារស់ ចែកគ្នារស់” គឺបៀវត្សមូលដ្ឋានកើន រក្សាបានភាពប្រកួតប្រជែង ទាញវិនិយោគបន្ថែមបាន
… អរគុណដល់បងប្អូនកម្មករ/ការិនី ដែលក្នុងការសម្ភាសន៍គេសួរថា «ចង់បានច្រើនជាងហ្នឹងទេ?» ប្អូនស្រីនោះបានឆ្លើយថា «បងអើយ! ចង់បានច្រើនហើយ តែខ្លាចថៅកែរត់(មិនរួច)បិទបាត់ ឬមួយក៏គាត់វេចបង្វិចទៅប្រទេសជិតខាង ទៅស្រីលង្ការ ដែលគេ(ចំណាយប្រាក់ខែ)តែ ៦៩ ដុល្លារ … ទៅប្រទេសឡាវតែ ៩០ ដុល្លារ មិនស្រួល(ថៅកែ)វេចទៅបាត់។ ខ្ញុំមិនអត់?»។ ហ្នឹងហើយអត្ថន័យនៃ ៤ ដុល្លារនេះ។ ៤ ដុល្លារក្នុងពេលដែលលំបាក។ បងប្អូនក៏លំបាក ក្រុមហ៊ុនក៏លំបាក។ មិនមែនតែក្រុមហ៊ុនក្នុងប្រទេសទេ ទូទាំងពិភពលោក(ដែលលំបាក)។ អញ្ចឹងបានជាប្រទេសខ្លះគេមិនទាំងដំឡើងបៀវត្សមូលដ្ឋានផង … ដោយសារគេរក្សាភាពប្រកួតប្រជែង។ គេខ្លាចរោងចក្រមានបញ្ហា។ នេះមិនមែនត្រឹមតែជួយកម្មករដែលមានស្រាប់ ជួយទៅដល់ក្រុមហ៊ុនដែលមានស្រាប់ទេ វាក៏ជាសញ្ញាមួយទាក់ទាញកម្មករ ក្រុមហ៊ុនថ្មីមកបើកនៅស្រុកខ្មែរដែរ។ ប្រសិនបើតំលៃពលកម្មយើងកាន់តែខ្ពស់ ភាពប្រកួតប្រជែងយើងកាន់តែអន់ គេមិនមកបើកនៅយើងទេ។ គេទៅបើកនៅស្រីលង្កា នៅឡាវ …។
បើធ្វើមិនស្រួល «ត្រីរ៉ស់ក៏ដាច់ ទន្សាយក៏រួច»។ បើយើងបាត់ភាពប្រកួតប្រជែង ក្រុមហ៊ុនថ្មីដែលគ្រោងនឹងមកបង្កើតការងារក៏អត់(មក)។ យើងចរចាគ្នាថ្ងៃនេះ ដើម្បីជួយគ្នារស់ ចែកគ្នារស់។ បានន័យថាទាំងកម្មករនិងនិយោជក យើងរស់បន្តទៅទៀត។ ទោះបីក្នុងស្ថានភាពលំបាកក៏(ប្រាក់បៀវត្សមូលដ្ឋាននៃ)កម្មករ/ការិនីបានកើនខ្លះ និយោជក/ក្រុមហ៊ុនក៏នៅរក្សាបានភាពប្រកួតប្រជែង ហើយប្រទេសរបស់យើងអាចនៅទាញវិនិយោគមកបន្ថែមបាន។ នេះបានរស់ទាំងអស់គ្នា នេះជាភាពជោគជ័យរបស់យើង។ នេះជាស្មារតីរួមគ្នារស់។ តិចច្រើន យើងចែកគ្នារស់ ថែរក្សាឆ្នាំងបាយ បង្កើនអង្ករក្នុងឆ្នាំង និងរកឱកាសពង្រីកឆ្នាំងបន្ថែមទៀត … ឲ្យគេមកបើករោងចក្របន្ថែមទៀត។ ខ្ញុំចេញទៅក្រៅប្រទេស ទាញគេមកវិនិយោគបន្ថែម គេសួរពីរឿងហ្នឹង។ ជួបជាមួយខាងបចេ្ចកទេស (គេសួរថា)តើតម្លៃនៃការបើករោងចក្រនៅស្រុកខ្មែរយ៉ាងម៉េច? រឿងតម្លៃនៃការផលិត ពលកម្ម ទឹក/ភ្លើង ដឹកជញ្ជូន តើរដ្ឋាភិបាលជួយអ្វីខ្លះឲ្យគេ ដើម្បីភាពប្រកួតប្រជែងទើបគេមក(បើករោងចក្រ)។
(៩) នាយករដ្ឋមន្ដ្រីគ្មានសិទ្ធិលូកលាន់ការចរចាត្រីភាគី តែមានឆន្ទានុសិទ្ធិក្រោយការចរចា
ខ្ញុំសុំឲ្យបងប្អូនទាំងអស់មេត្ដាយល់ … អ្នកខ្លះនិយាយថា បើគង់តែដំឡើង ២០៤ ដុល្លារដដែល ចាំបាច់ដំឡើង ២០២(សិន)។ វាមិនមែនអញ្ចឹង។ ក្នុងច្បាប់ នាយករដ្ឋមន្ដ្រីគ្មានសិទ្ធិទៅលូកដៃក្នុងយន្ដការត្រីភាគីនោះទេ។ ពេលចរចាមិនទាន់ចប់ គេទុកឆន្ទានុសិទ្ធិក្រោយ។ ចរចាគ្នា ៤០ ថ្ងៃ ២០ លើក ទម្រាំតែបានដាច់ភឹង ២០២ ដុល្លារ (តាមរយៈការ)បោះឆ្នោតឯកភាពគ្នា។ ឯកឧត្តម ហេង សួរ រាយការណ៍មកខ្ញុំ។ ខ្ញុំជជែកជាមួយខាងសេដ្ឋកិច្ច។ យើងធ្វើការបន្ថែម។ បងប្អូនត្រូវយល់ ដែលបន្ថែម ២ដុល្លារនេះ គឺបង្ខំនិយោជកឲ្យទទួល។ និយាយឲ្យច្បាស់អញ្ចឹងតែម្ដង។ និយោជកគាត់ចង់រក្សាដដែល។ ទម្រាំដាច់ចិត្តបោះឆ្នោតយក ២ដុល្លារ។ នាយករដ្ឋមន្ដ្រីថែម ២ដុល្លារទៀត គឺស្មើនឹងបង្ខំនិយោជកឲ្យថែម ២ដុល្លារដើម្បីផលប្រយោជន៍កម្មករ/ការិនី។ និយាយឲ្យខ្លីអញ្ចឹងតែម្ដង។ នាយករដ្ឋមន្ដ្រីមានឆន្ទានុសិទ្ធិ។ កាលជំនាន់សម្ដេចតេជោគាត់ធ្វើដូចគ្នា។ អ្នកខ្លះគេថា នាយករដ្ឋមន្ដ្រីថ្មី នាយករដ្ឋមន្ដ្រីចាស់ស្ទីលដូចគ្នា។ ច្បាប់កំណត់អញ្ចឹង។ ពេលដែលត្រីភាគីចរចា … តំណាងសហជីព តំណាងក្រសួង តំណាងនិយោជក បោះឆ្នោតទៅ។ ភាគច្រើនបានប៉ុន្មាន ចេញមករាយការណ៍។ នាយករដ្ឋមន្ដ្រីមានឆន្ទានុសិទ្ធិចេញមករក្សាដដែលឬបន្ថយ ប្រសិនបើមើលទៅប៉ះពាល់សេដ្ឋកិច្ច ឬបង្កើនខ្លះ។ ហ្នឹងហើយបានជាយើងសម្រេចបន្ថែម ២ដុល្លារ។ មិនច្រើនក៏មិនតិច។ ១% នេះហើយជាឆន្ទានុសិទ្ធិនិងនីតិវិធី …។
(១០) សូមម្ចាស់ផ្ទះជួលយោគយល់មិនឡើងថ្លៃឈ្នួល និងជំរុញការតទឹកស្អាតនិងអគ្គិសនី
រឿងដំឡើងបៀវត្សជារឿងមួយ ប៉ុន្ដែរឿងសំខាន់គឺរក្សាអ្វីដែលបងប្អូនមានក្នុងដៃ។ អញ្ចឹងហើយ យើងបេ្ដជ្ញាខិតខំថែរក្សាសម្រាប់កម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋទូទៅ គឺការកាត់បន្ថយចំណាយនានា។ ទី១ ខ្ញុំបានចេញសារអំពាវនាវឲ្យម្ចាស់ផ្ទះជួលថែរក្សា(តម្លៃ) … ខ្ញុំដឹងថាម្ចាស់ផ្ទះជួលក៏លំបាក ប៉ុន្ដែបើគិតដល់កម្មករ/ការិនី ប្រហែលជាគាត់អាចលំបាកជាង។ ម្ចាស់ផ្ទះជួលថា ខ្ញុំត្រូវបង់ឲ្យធនាគារ។ ប៉ុន្ដែ(សូម)យោគយល់ខ្លះ។ ទី២ ខ្ញុំសុំឲ្យរដ្ឋាករទឹកនិងអគ្គិសនីកម្ពុជា ជួយរុញការតភ្ជាប់បណ្ដាញទឹកស្អាត/ភ្លើង … នៅកន្លែងខ្លះមិនទាន់ភ្ជាប់ ដើម្បីជាផលប្រយោជន៍ដល់ម្ចាស់ផ្ទះជួលផង និងកម្មករ/ការិនីផង។ ឯកឧត្តម ហេង សួរ បានអាន(ពីតម្លៃ)ទឹក ដែលកាលពីមុនធ្លាប់បង់ ២ ០០០ រៀល/គូប ឥឡូវបង់តែ ៨០០រៀល ភ្លើងកាលពីមុនជាង ២ ០០០ រៀល/គីឡូ ឥឡូវ បង់៤០០ រៀល/គីឡូ ដើម្បីកាត់បន្ថយចំណាយ។
រាជរដ្ឋាភិបាលនៅតែអនុវត្ដ(រក្សាតម្លៃ)អគ្គិសនី មិនមែន(សំរាប់)តែកម្មករ/ការិនីទេ (តែក៏សំរាប់)ប្រជាពលរដ្ឋទូទាំងប្រទេស។ រឿងភ្លើងនេះ ប៉ុន្មានឆ្នាំនេះ គ្រប់ប្រទេសបានដំឡើងថ្លៃ។ វៀតណាមឆ្នាំនេះគេដំឡើង ថៃដូចរៀបឡើង សិង្ហបុរីទើបប៉ុន្មានថ្ងៃមុនប្រកាសថានឹងដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងទេ។ សូម្បីតែអគ្គិសនីកម្ពុជាខាតលុយមួយខែៗ រាប់សិបលាន (ក៏រដ្ឋ)សុខចិត្តខាតដើម្បីថែរក្សាជីវភាពប្រជាពលរដ្ឋ។ នេះនិយាយរឿងភ្លើង … ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ (សូមឲ្យ)ជួយពិនិត្យមើលការបញ្ចុះថ្លៃអគ្គិសនីឲ្យជាង ២ម៉ឺនសហគ្រាសទៀត … ជាកាត់បន្ថយ(ចំណាយ)ដើម្បីជួយ(ឲ្យ)ប្រជាពលរដ្ឋ(នៅមានការងារធ្វើ)។ នេះវាប៉ះពាល់ដល់បងប្អូនដែរ។ ប្រសិនបើឲ្យបងប្អូនបង់ភ្លើងមួយគីឡូ ២ ០០០ រៀល នោះប្រាក់ខែគោលដែលឡើង ៤ដុល្លារត្រូវចំណាយទៅលើ(ភ្លើង)ហ្នឹង។ នេះហើយ ជាការគិតគូរ។ មិនត្រឹមតែឡើងបៀវត្សទេ តែត្រូវគិតគូរពីការចំណាយរបស់បងប្អូនទៀតដើម្បីឲ្យប្រាក់សល់កាន់តែច្រើន …។
(១១) នៅក្រៅប្រទេស ធ្វើការទូត នយោបាយ ទាក់ម៉ូយធុរកិច្ច/សេដ្ឋកិច្ច
សូមផ្ដាំទៅអស់លោកអ្នកវិភាគ ជាពិសេសអ្នករស់នៅក្រៅប្រទេស ដែលចេះតែមករិះគន់ វាយប្រហាររាជរដ្ឋាភិបាល។ បងប្អូនខ្លះបើមិនបានបង្អាប់ខ្មែរគ្នាឯងគឺមិនអស់ចិត្ត … ទៅញូវយ៉កថ្ងៃមុន ទៅ UN អ្នកវិភាគមួយនោះ ខ្ញុំមិនបញ្ចេញឈ្មោះទេ ប៉ុន្ដែប្រហែលជាដឹងហើយ និយាយពីបង្អាប់នោះគ្រប់មុខ … យកខ្ញុំទៅប្រៀបធៀបជាមួយនាយករដ្ឋមន្ដ្រីថៃ។ យកគោទៅប្រៀបធៀបជាមួយក្របី។ រាជរដ្ឋាភិបាលនីមួយៗ មានគោលនយោបាយដាក់ចេញខុសគ្នា ប៉ុន្ដែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដូចគ្នាទេ។ អ៊ំមួយនោះថា នាយករដ្ឋមន្រ្តីថៃទៅជួប Elon Musk ដល់លោក ហ៊ុន ម៉ាណែត ទៅជួបក្រុមកន្ថោរ … ចង់និយាយពីអ្នកណា? វាយប្រហារខ្ញុំឬយ៉ាងម៉េច? … កម្មវិធីខ្ញុំជួបថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បណ្ដាប្រទេសធ្វើការចរចា ទាំងអាមេរិក ឥណ្ឌា ស្អីៗ មហាអំណាច ថ្នាក់ដឹកនាំផ្សេងៗ គេមិននិយាយ ដល់ល្ងាចឡើងសល់ពេលប្រហែលជា ១ ម៉ោងកន្លះ (ទទួលទាន)បាយជាមួយអ៊ំៗ ពូ មីង បងប្អូនមួយចំនួន ដែលជាអាហារឯកជនសោះ បែរជាយករឿងហ្នឹងមកវាយថាខ្ញុំជួបក្រុមកន្ថោរ។ មើលងាយគេ …។
ត្រូវហើយ លោក Elon Musk ជាអ្នកមាននៅអាមេរិក មហាសេដ្ឋីនៅអាមេរិក ហើយនាយករដ្ឋមន្ត្រីថៃទៅជួបមែន … ខ្ញុំមិនដឹងថាគាត់មើលងាយអ៊ំ ពូ មីង ណាខ្លះ ឬគាត់មិនសប្បាយចិត្ត(នឹងការដែលអ្នកទាំងនោះ)ទៅជួបខ្ញុំ។ គាត់វាយដោយទាំងខ្ញុំទៀត។ រឿងអញ្ចេះ ខ្ញុំជួបប្រជាពលរដ្ឋខ្មែរជាង ២ ៥០០ នាក់នៅហ្នឹង (តើពួក)គាត់(ជា)កន្ថោរទេ? អត់ទេ។ បងប្អូនខ្មែរយើងនៅនោះ សុខចិត្តដាក់ច្បាប់មកជួបគ្នាដើម្បីដឹងរឿងសុខទុក្ខប្រទេសជាតិ។ នៅក្នុងវិស័យឯកជនអាមេរិក សួរថាមានតែនាយករដ្ឋមន្ត្រីថៃទេ(ឬ ដែល)ទៅជួបមហាសេដ្ឋីអាមេរិក? ប្រទេសផ្សេងៗក៏គេជួបដែរ។ រូបខ្ញុំផ្ទាល់ក៏ជួបដែរនៅក្នុងវេទិកាធុរកិច្ចនោះ។ លើហ្វេសប៊ុកគេបង្ហោះគ្រប់ … ហេតុអ្វីក៏ទៅមើលក្រៅផ្លូវការ? រឿងជួបវិស័យឯកជន … ខ្ញុំមិនចោលទេ។ ដើរទាក់ម៉ូយ។ ខ្ញុំធ្វើការងារការទូត នយោបាយ តែខ្ញុំមិនភ្លេចទាក់ម៉ូយរឿងសេដ្ឋកិច្ចទេ។ ទៅចិន ទៅឥណ្ឌូនេស៊ី ទៅប្រជុំអាស៊ានខ្ញុំជួបទាំងអស់ ទៅអាមេរិកក៏ដូចគ្នាដែរ។
(១២) Pfizer នឹងជួយយកថ្នាំល្អ តម្លៃសមរម្យ បច្ចេកវិទ្យាមកកម្ពុជា
ខ្ញុំចុះយន្តហោះយប់ថ្ងៃ២១ ថ្ងៃ២២ ព្រឹកខ្ញុំជួបជាមួយបណ្តាក្រុមហ៊ុនអាមេរិក ៥៨ ក្រុមហ៊ុននៅក្នុងវិស័យធុរកិច្ច។ នាយករដ្ឋមន្ត្រីថៃទៅជួប លោក Elon Musk ជាអ្នកមាន ត្រូវហើយ។ ខ្ញុំមិនបានជួបគាត់ត្រូវហើយ។ ប៉ុន្តែខ្ញុំជួប ៥៨ ក្រុមហ៊ុនអាមេរិក នៅក្នុងនោះមានក្រុមហ៊ុនធំៗ របស់អាមេរិកមួយគគោក។ ខ្ញុំជួបមានក្រុមហ៊ុនយន្តហោះ Boeing ក្រុមហ៊ុនផលិតថ្នាំ Pfizer របស់អាមេរិក ក្រុមហ៊ុន Abbot ក្រុមហ៊ុន VISA ក្រុមហ៊ុន Master Card ក្រុមហ៊ុន Chevron ក្នុងវិស័យប្រេងកាត ក្រុមហ៊ុន ConocoPhillips ក្នុងវិស័យប្រេងកាតនៅក្នុងហ្នឹងមានតើ ហេតុម៉េចបានមិននិយាយ? ដោយសារពេលវេលាចង្អៀត ខ្ញុំមិនបានជួបដាច់ដោយឡែកទេ។ ខ្ញុំជួបដាច់ដោយឡែកបានក្រុមហ៊ុន Pfizer មួយ ដើម្បីឲ្យគាត់មកស្រុកខ្មែរ ដែលនឹងមកជួបជាមួយក្រសួងសុខាភិបាលយើង ជួយយកថ្នាំល្អ តម្លៃសមរម្យ បច្ចេកវិទ្យាមកស្រុកខ្មែរ។
(១៣) ប៉ុន្មានខែខាងមុខ ក្រុមហ៊ុនអាមេរិកនឹងមកស្រុកខ្មែរសិក្សាលទ្ធភាពវិនិយោគ
ខ្ញុំមិនបានជួប Elon Musk ប៉ុន្តែ ខ្ញុំក៏ជួបក្រុមហ៊ុនច្រើន ហើយមិនមែនត្រឹមតែក្រុមហ៊ុនប៉ុណ្ណឹងទេ ខ្ញុំមិនត្រឹមតែជួបតាម Zoom ឬតាមកៅអីទេ ខ្ញុំចូលរួមកម្មវិធីផ្គូផ្គងនៅក្នុងហ្នឹងមានវត្តមានក្រុមហ៊ុនខ្មែរយើងជិត ៣០ ក្រុមហ៊ុនទៅឲ្យជួបគ្នាដើម្បីទាក់ម៉ូយភ្ជាប់គ្នា។ ប៉ុន្មានខាងមុខនេះ ក្រុមហ៊ុនអាមេរិកជាច្រើននឹងមកស្រុកខ្មែរ ដើម្បីពិនិត្យលទ្ធភាពវិនិយោគ … មើលឲ្យគ្រប់ជ្រុងជ្រោយ។ បើបង្អាប់សូមឲ្យមានសច្ចធម៌ខ្លះផង។ ខ្ញុំមិនខ្លាច(នឹងប្រឈម)ការបង្អាប់(ទេ) ប៉ុន្តែខ្ញុំយកវេទិកានេះបញ្ជាក់ជូនបងប្អូន (ថាកុំ)ឃើញតែយករឿងមេដឹកនាំខ្មែរខ្លួនឯងចេញទៅក្រៅអត់កំណើត (ធៀបទៅ)មេដឹកនាំគេ ជួបជាមួយ Elon Musk (ថា)ទៅទាញវិនិយោគមកស្រុកគេ។ ចុះកម្ពុជាក៏(ទៅទាញវិនិយោគមក)ដូចគ្នាដែរតើ។ ទាញយកមកធ្វើអី? ទាញដើម្បីវិនិយោគបង្កើតការងារបន្ថែមទៀតឲ្យបងប្អូននៅក្នុងគ្រប់វិស័យ …។
(១៤) “១០០ ឬ២០០ នាក់បាតុកម្មថាជាអ្នកស្នេហាជាតិ” ឯ “រាប់ពាន់នាក់ទៅគាំទ្រថាលក់ក្បាល”
… មិនមែនតែប្រមុខរដ្ឋាភិបាលទេ។ គ្រប់បណ្តាក្រសួងទាំងអស់ដែលចេញទៅប្រជុំក្រៅ គឺតែងតែឆ្លៀតធ្វើការជាមួយសមភាគីដើម្បីទាញវិនិយោគ ទាញការងារ ទំនាក់ទំនងមក។ រដ្ឋមន្ត្រីក្រសួងអប់រំទៅក្រៅ ជជែករឿងអប់រំ ទាញគេមកសហការក្នុងកម្រិតណា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៅក្រៅ ទាក់ទងនិយាយរឿងពាណិជ្ជកម្ម មិនមែនតែខ្ញុំទេ។ ខ្ញុំនិយាយថ្ងៃនេះ ខ្ញុំការពារដល់មន្ត្រីយើងទាំងអស់ … រាជរដ្ឋាភិបាលកម្ពុជាបង្កើតទើបបាន ៤២ ថ្ងៃទេ … សភាអនុម័តថ្ងៃ២២ ខែសីហា ប៉ុន្តែលទ្ធផលនិងកិច្ចការយើងបានធ្វើច្រើនណាស់ ជូនប្រជាពលរដ្ឋ រួមទាំងជួបថ្ងៃនេះ ប្រកាសរឿងកំណើនប្រាក់បៀវត្សអប្បបរមា ២០៤ ដុល្លារនេះ សម្រាប់កម្មករ/ការិនី និងនិយោជិត … អ្នកខ្លះមិនហ៊ាននិយាយសរសើរទេ ព្រោះខ្លាចគេជេរថាលក់ក្បាល។ គ្រាន់តែ ប្អូនស្រី កន្និថា នៅអាមេរិកគ្នាចេញ show ពន្យល់រឿងពន្ធដារ … ដើម្បីឲ្យប្រជាពលរដ្ឋយល់ … ដែលខ្ញុំបានអរគុណប្អូនស្រីដែលនិយាយឲ្យបងប្អូនបានស្តាប់ សម្តេចតេជោចេញ(សារដូចគ្នា) ស្រាប់តែមានអ្នកជេរគ្នាថាលក់ក្បាលឲ្យ ហ៊ុន ម៉ាណែត ទៀត … ឲ្យតែអ្នកណានិយាយត្រង់ទេសុទ្ធតែទ្រពង ទ្រជើង លក់ក្បាល។ ពេលខ្ញុំទៅអាមេរិក ១០០ ឬ២០០ នាក់ ទៅបាតុកម្ម គេថាអ្នកស្នេហាជាតិ លះបង់ទាំងអស់ដើម្បីបុព្វហេតុជាតិ ដល់ប្រជាពលរដ្ឋខ្មែរពីអាមេរិក ពីកាណាដាទៅរាប់ពាន់នាក់ គេថាសុទ្ធតែអ្នកត្រូវគេទិញក្បាល … សួរថាតើនេះឬការឲ្យតម្លៃប្រជាពលរដ្ឋខ្លួនឯង? (ពលរដ្ឋមានសិទ្ធិនឹង)ឲ្យតម្លៃទៅលើមតិនិងទស្សនៈខុសគ្នា … ប្អូនស្រីកន្និថា មិនបានចេញមកពន្យល់ខ្ញុំរឿងនេះទេ។ គាត់ពន្យល់ប្រជាពលរដ្ឋ ព្រោះមានរឿងទាក់ទងរឿងពន្ធដារនេះ …។
(១៥) តើ “ម៉ែកាពៅ” គួរឲ្យស្អប់ឬគួរឲ្យអាណិត
ខ្ញុំចង់បើកវង់ក្រចកសម្រាប់ជនរួមជាតិទាំងមូលទៅលើប្រធានបទដែលជនរួមជាតិទាំងអស់មានការព្រួយបារម្ភ រួមទាំងបងប្អូន កម្មករ/ការិនី និងឪពុកម្តាយនៅផ្ទះ។ ម្សិលមិញ បងប្អូនលើកយោបល់ថា “បង! ពេលនិយាយប្រធានបទផ្សេង បងឯងគួរតែថតជាវីដេអូផ្សាយទៅ”។ ខ្ញុំថា … យកវេទិកានេះដើម្បីខ្ញុំជួបបងប្អូន ១៨ ០០០ នាក់ និយាយទៅកាន់ ១៧លាននាក់ជាប្រជាពលរដ្ឋដែលចង់ដឹង មានកង្វល់ពីរឿងជីវភាពរស់នៅ ពីទឹកដីរបស់គាត់ តើរដ្ឋាភិបាលធ្វើអ្វីខ្លះ។ ខ្ញុំសូមយកវេទិកានេះ ដើម្បីបញ្ជាក់បន្តិចលើកង្វល់របស់បងប្អូនមួយចំនួន។ កន្លងទៅក៏មានការបកស្រាយផ្សេងៗគ្នា ហើយខ្ញុំក៏មិនបានយកវេទិកាផ្សេងៗ ដើម្បីពន្យល់ … ខ្ញុំសូមនិយាយរឿង «ម៉ែកាពៅ» … ម្តាយហ្នឹងមានជីវភាពល្មមទេ មានកូនពៅមួយ។ គេច្រើនតែបង្អាប់កូនពៅ … កូនពៅម្នាក់ហ្នឹងគាត់មួយថ្ងៃៗ អង្គុយតែអន់ចិត្តជាមួយនឹងម្តាយរបស់ខ្លួន ដោយសារមូលហេតុនៅផ្ទះជិតហ្នឹង មានផ្ទះអ្នកមានមួយ។
ផ្ទះអ្នកមានហ្នឹង តែងតែមានលទ្ធភាពទិញម៉ូតូម៉ាកថ្មីៗរហូត ឲ្យកូនជិះ។ ដល់ម៉ែកាពៅមានលុយទិញតែល្មមៗឲ្យកូន។ ចុងក្រោយចេញ iPhone ១៥ មក ម៉ែអ្នកជិតខាង ទិញ iPhone ១៥ ទៅឲ្យ(កូនគេ)។ កាពៅ មាន N ចុចពិល។ អញ្ចឹងកាពៅចង់បានអា iPhone ១៥ ប៉ុន្តែវាទៅមិនបាន។ ម៉ែមានលទ្ធភាពថា ទូរស័ព្ទហ្នឹងវាប៉ុណ្ណឹង តែម៉ែខំរកលុយមកឲ្យកូនឯងទៅរៀន ទិញខោអាវ ទិញអី មានសាំងចាក់ម៉ូតូ … តែ កាពៅ នៅតែខឹងម៉ែ។ ថ្ងៃខ្លះចង់រត់ចោលផ្ទះទៀត។ រឿងហ្នឹង កាពៅ ភ្លេចមើលថាម៉ែពុកខំប្រឹងតាំងពីកូនក្រហមរងាល តាំងពីតូច ចិញ្ចឹមកូនមកប៉ុណ្ណេះ មានលុយសន្សំបានប៉ុន្មាន បេះពីមាត់ពីកយកមកទិញ Nចុចពិលឲ្យ ទិញអីទៅ មានលទ្ធភាពទិញម៉ូតូមកឲ្យមួយល្មមជិះទៅ តែវាមិនបានរបស់ថ្លៃដែលមួយ ៣ ទៅ ៤ ពាន់ដុល្លារដូចអ្នកជិតខាងទេ។ បងប្អូនអើយ! តើម៉ែកាពៅគួរឲ្យស្អប់ទេ ឬកូនយល់ខុសពីម៉ែខ្លួនឯង? …
វិទ្យុដែលផ្សាយចេញពីបរទេសមួយចំនួនខំប្រឹងធ្វើម៉េចឲ្យប្រជាជនខ្មែរមានអារម្មណ៍ដូច កាពៅ អញ្ចឹង … ព្រឹកមិញ ឃើញគេដាក់ថារដ្ឋាភិបាលថៃជួយពលករ ជួយកម្មករ … មិនមែនវិទ្យុហ្នឹងចង់សរសើររដ្ឋាភិបាលថៃទេ តែចង់(អុជអាល)ប្រជាពលរដ្ឋឲ្យមើលមិនឃើញអ្វីដែលរដ្ឋាភិបាល(កម្ពុជា)ធ្វើឲ្យប្រជាពលរដ្ឋ(ខ្លួន)។ មិនខុសពី ម៉ែកាពៅ ខំប្រឹងចង់ងាប់ គេទៅនិយាយប្រាប់ កាពៅ ថា ត្រូវតែមើលអ្នកជិតខាង ផ្តោតរឿងហ្នឹងទៅជា ម៉ែខ្លួនឯងអត់ស្រលាញ់កូនទេ។ នេះគឺអ្វីដែលគេខិតខំព្យាយាមក្នុងប៉ុន្មានអាទិត្យនេះ ហើយនៅបន្តទៀតថារដ្ឋាភិបាលមិនដែលយកចិត្តទុកដាក់លើកូនចៅទេ ពេលដែលប្រទេសជិតខាងជួយប្រជាពលរដ្ឋគេ ប្រទេសខ្មែរអត់មានជួយអីទេ ថែមទាំងធ្វើបាប ដាក់ពន្ធ ចាក់កប្រជាពលរដ្ឋទៀត … បងប្អូនអើយ! តើនេះជាការពិតទេ? ម៉ែកាពៅ ខំកសាងជីវភាពតាំងពីបាតដៃទទេ ចេញពីឆ្នាំ១៩៧៩ មកចិញ្ចឹមកូនតាំងពីអត់អី រហូតមានបាន សន្សំលុយ សន្សំទ្រព្យ ជីវភាពមធ្យមនឹងគេ តែត្រូវការផ្គត់ផ្គង់កូនឲ្យរស់បានយូរដើម្បីជីវភាពតទៅទៀត។ ពិតណាស់មិនទាន់អ្នកជិតខាងទេ … មិនចាំអីក៏មិនចាំចុះ មួយព្រឹកនេះចាំរឿង ម៉ែកាពៅ មួយទៅបានហើយ។ តើ ម៉ែកាពៅ គួរឲ្យស្អប់ឬគួរឲ្យអាណិត? …
(១៦) រាជរដ្ឋាភិបាលអនុវត្តពន្ធ ១៣ មុខ
រដ្ឋាភិបាលយើងក៏ដូចគ្នាដែរ។ ប៉ុន្មានថ្ងៃមុនផ្អើលរឿងពន្ធ។ ខ្ញុំសុំនិយាយរឿងហ្នឹងបន្តិច។ រឿងពន្ធលើប្រាក់ចំណេញ(មូលធន)។ បន្តិចទៀត ខ្ញុំបញ្ជាក់គោលការណ៍មួយចំនួន។ អ្នកខ្លះថា រដ្ឋាភិបាលខ្មែរគ្មានធ្វើស្អីទេ គ្មានជួយអីទាំងអស់។ រដ្ឋាភិបាលកៀបកតែប្រជាជនខ្លួនឯងដើម្បីប្រមូលពន្ធ … គេខំយក(ហេតុផល)មកបង្ហាញថា រដ្ឋាភិបាលថ្មីយកពន្ធ ២០មុខលើប្រជាពលរដ្ឋ (ប្រៀប)ដូចជាថារដ្ឋាភិបាលថ្មីឡើងមកកៀបកដាក់ពន្ធថ្មី យកពីប្រជាពលរដ្ឋ។ មិនមានពន្ធថ្មីទេ។ ពន្ធខ្លះយកតាំងពីឆ្នាំ១៩៨២នោះ។ ៤០ ឆ្នាំហើយ … សូម្បីជំនាន់រដ្ឋកម្ពុជាក៏មានពន្ធខ្លះដែរដើម្បីចំណូល។ ពន្ធខ្លះយកតាំងពីឆ្នាំ ១៩៩៤នោះ។ រដ្ឋាភិបាលយើងមានពន្ធ ១៣មុខ តែគេបូកចេញទៅ ២០មុខ។ បើរាប់ពិតប្រាកដមាន ១៣មុខទេ។ នៅអាមេរិកមានជាង ១០០មុខ។ ប្រទេសអាមេរិកមានពន្ធ patent ពន្ធរដ្ឋសហព័ន្ធផង ពន្ធរបស់រដ្ឋមួយៗ ផង ហើយមាន local tax មួយទៀត ៣ ទៅ ៤ គន្លាក់។ បៀវត្សរ៍ម្នាក់ៗ សុទ្ធតែជាប់ពី ៣០ ទៅ ៤០ ភាគរយ មិនមែនដូចបងប្អូនបានមកយកទៅផ្ទះទាំងដុលទេ។ ប្រាក់ខែមន្រ្តីរាជការក្តី ប្រាក់ខែអ្នកធ្វើការឯកជនបានមកកាត់ពី ៣០ ទៅ ៤០ ភាគរយ ចូលពន្ធរដ្ឋ មិនមែនយើងភាគច្រើនដាក់ក្នុងហោប៉ៅទេ។
(១៧) នាយករដ្ឋមន្រ្តីបកស្រាយរឿងជាតិធំៗ ស្ថាប័ន/អាជ្ញាធរនោះទទួលខុសត្រូវដោះស្រាយ/ពន្យល់រឿងពាក់ព័ន្ធសមត្ថកិច្ចខ្លួន
ឥឡូវរឿងពន្ធនេះ តើរដ្ឋាភិបាលមិនបានជួយស្អីសោះឬ … រឿងមានពីរ … រឿងឯកឧត្តម គង់ វិបុល ធ្វើសម្ភាសន៍ដែលផ្អើល ហើយមានការឆ្លើយតបចុះឡើង។ សម្តេចតេជោដាក់សារទៅកាន់មន្រ្តី ក៏មានធ្លាយសារ។ ខ្ញុំដាក់សារទៅកាន់មន្រ្តីរបស់យើង ក៏មានធ្លាយសារ។ មានអ្នកខ្លះថារដ្ឋាភិបាលអត់មាននិយាយអីសោះ។ អត់គិតគូររឿងនេះ។ ខ្ញុំសុំញែកឲ្យដាច់ … ទី១ គឺរឿងជាក់ស្តែង រឿងពន្ធដារ រឿងអាករ រឿង patent រឿងទេសចរណ៍ រឿងជីវភាពរស់នៅប្រជាពលរដ្ឋ រឿងអតិផរណា រឿងដែលប៉ះពាល់(ជីវភាព)ប្រជាពលរដ្ឋ។ រឿងនេះជារឿងមួយដាច់ដោយឡែក ហើយជារឿងធំ។ រឿងមួយទៀតគឺឯកឧត្តម គង់ វិបុល និយាយនៅថ្ងៃទី១៥ ខែសីហា ដែលភាសារបស់គាត់បានធ្វើឲ្យមានការរំជើបរំជួលចេញមក។ ខ្ញុំឃើញអាចារ្យអេចេញវាយយកៗ មានអ្នកនេះចេញមកបញ្ចេញប្រតិកម្មធ្វើឲ្យបងប្អូនមានកង្វល់។ សួរថា ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី តើខ្ញុំគួរយកចិត្តទុកដាក់ទៅលើរឿងមួយណា? ទី១ រឿងសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជារឿងរួម? មួយទៀត សម្តីរបស់ឯកឧត្តម គង់ វិបុល និយាយនៅក្នុងសភាដែលធ្វើឲ្យមានការចាប់អារម្មណ៍។ យកចិត្តទុកដាក់ទាំងពីរ ព្រោះរឿងស្អីក៏ដោយនៅក្នុង Facebook ក៏ដោយឲ្យតែមានជាកង្វល់របស់ប្រជាជន ខ្ញុំត្រូវយកចិត្តទុកដាក់។ ប៉ុន្តែវិធានការឆ្លើយតបខ្ញុំធ្វើខុសគ្នា។ រឿងជាក់ស្តែង ខ្ញុំដាក់វិធានការផ្ទាល់ ខ្ញុំបញ្ជូនសារផ្ទាល់ ប៉ុន្តែរឿងដែលនិយាយគ្នាក្នុង Facebook ខ្ញុំប្រគល់ភារកិច្ចទៅឲ្យអ្នកដែលពាក់ព័ន្ធហ្នឹងបញ្ជូនសារពន្យល់។
តើខ្ញុំនាយករដ្ឋមន្រ្តីត្រូវតែឆ្លើយតបរឿងតាម Facebook ទាំងអស់គ្រប់ពេលឬអត់? ក្នុងមួយខែនេះ វាមិនមែនតែរឿងពន្ធ … ក្នុងមួយខែនេះវាមានរឿងច្រើន។ ឧទាហរណ៍ មួយថ្ងៃៗ មានរឿងច្រើនដែលខ្ញុំចាត់វិធានការ។ រឿងខ្លះខ្ញុំធ្វើខ្លួនឯង ខ្ញុំផ្សាយខ្លួនឯងជូនមហាជន។ រឿងខ្លះខ្ញុំទុកឱ្យអ្នកដែលទទួលខុសត្រូវដើម្បីចេញបកស្រាយ ហើយដោះស្រាយចាត់វិធានការ។ ឥឡូវរឿងពន្ធដារ។ រឿងពន្ធនេះ ថ្ងៃ១៥ ឯកឧត្តម គង់ វិបុល ធ្វើបទបង្ហាញនាំឱ្យមានការចាប់អារម្មណ៍។ ថ្ងៃ១៦ ខែកញ្ញា មួយថ្ងៃក្រោយពីផ្ទុះ(ការរំជើបរំជួល) ខ្ញុំទូរស័ព្ទមកពី Nanning ប្រាប់ ឯកឧត្តម គង់ វិបុល និងឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មើលករណីនេះយ៉ាងម៉េច? ក្រោយមក ឲ្យពន្ធដារចេញសារដើម្បីពន្យល់ណែនាំទៅបងប្អូន។ រឿងប្រាសាទខ្មែរសង់នៅបុរីរាម គេថា ប្រាសាទដូចខ្មែរ តើខ្ញុំត្រូវចេញសារហ្នឹងទេ? ខ្ញុំឱ្យក្រសួងវប្បធម៌ចេញសារពន្យល់ទៅបងប្អូន ហើយធ្វើការងារបន្ត។ ខ្ញុំជួបនាយករដ្ឋមន្ត្រីថៃ ដើម្បីសុំឱ្យក្រសួងវប្បធម៌យើងទាំងពីរធ្វើការបញ្ជាក់ឱ្យមហាជនយល់ កុំឱ្យមានខុសនឹងរឿងវប្បធម៌ និងច្បាប់អន្តរជាតិ។ រឿងករណី បារ៉ាស់នៅប៉ោយប៉ែតទាំងយប់ ដែលស្ទះចរាចរណ៍។ ខ្ញុំបញ្ជាទៅឱ្យខេត្តបន្ទាយមានជ័យដោះ ហើយធ្វើការផ្សព្វផ្សាយទៅ មិនបាច់ចាំខ្ញុំនិយាយ។ រឿងករណីទំនាស់ដីធ្លីនៅខេត្តកណ្ដាល នៅតាកែវអីដែលខ្ញុំ Screenshot ភ្លាមរុញទៅខេត្តដោះភ្លាម។ ឯកឧត្តម (អភិបាល)ខេត្តកណ្តាលចេញទៅដោះភ្លាម។ គេផ្សាយរឿងរបស់គេ។ រឿងប្រជាពលរដ្ឋខ្មែរជាប់នៅឡាវ … ឃើញភ្លាមខ្ញុំ Screenshot បញ្ជាទៅឱ្យក្រសួងការបរទេស ទូតដោះស្រាយ។ ទូតចេញមក(ប្រកាស)សាធារណៈ។ ឥឡូវតើរឿងទាំងអស់នេះមិនមែនជាកង្វល់របស់ខ្ញុំទេ? … មួយយប់ៗទាល់ម៉ោង១២ នៅអង្គុយ Screenshot។ ល្ងាចមិញ Screenshot រឿងមួយនៅកំពង់ឆ្នាំង ឱ្យចៅហ្វាយខេត្តកំពង់ឆ្នាំងពិនិត្យមើលជាមួយប្រជាពលរដ្ឋ … តើខ្ញុំជានាយករដ្ឋមន្ត្រីមួយថ្ងៃៗ អង្គុយចេញតែសារដែលមានការចាប់អារម្មណ៍ក្នុងហ្វេកប៊ុកឬទេ?
ពេលខ្លះខ្ញុំចេញ(សារ) ឧទាហរណ៍ តែងតាំងប៉ូលីសម្នាក់ដែលមិនបានពិនិត្យថាធ្លាប់មានប្រវត្តិប្លន់គេធ្វើជាមេប៉ុស្តិ៍។ ខ្ញុំបញ្ជាឱ្យដក ខ្ញុំចេញផ្សាយបញ្ជាឱ្យចាត់ការអីផ្សេងៗទៀត ឱ្យ ឯកឧត្តម ស សុខា ចាត់ចែងមានទៀតមើលអ្នកណាដែលជាប់ពាក់ព័ន្ធអីកែសម្រួល។ ក្រសួងមហាផ្ទៃគេកែសម្រួលមួយគគោក។ គេធ្វើ។ ឥឡូវបើរឿងស្អីក៏នាយករដ្ឋមន្ត្រីធ្វើដែរ តើស្ថាប័នផ្សេងទៀតមានការងាអីធ្វើ? បើឱ្យតែរឿងស្អី ឱ្យតែផ្ទុះនៅក្នុងហ្វេសប៊ុក នាយករដ្ឋមន្ត្រីត្រូវតែឆ្លើយតប តើស្ថាប័នផ្សេងៗចាំបាច់ទទួលខុសត្រូវធ្វើអី? និយាយឱ្យច្បាស់ថ្ងៃមុនរឿងជ្រូកទឹកកក … ឱ្យក្រសួងកសិកម្មគេពន្យល់ទៅ … រឿងធំនាយករដ្ឋមន្រ្តីត្រូវចេញមកបកស្រាយរឿងជាតិ។ តែរឿងណាដែលពាក់ព័ន្ធស្ថាប័នណា គួរឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធជាអ្នកទទួលខុសត្រូវដោះស្រាយ ពន្យល់ប្រជាពលរដ្ឋ។ មែនអត់? មិនចាំបាច់នាយករដ្ឋមន្ត្រីចេញគ្រប់ពេលទេ។ អ្នកខ្លះថា ហេតុអីបានជារឿង ឯកឧត្តម គង់ វិបុល និយាយ(ពីរបបពន្ធ) អត់ឃើញនាយករដ្ឋមន្ត្រីនិយាយ? រឿង ឯកឧត្តម គង់ វិបុល និយាយ វាខុសពីរឿងទាក់ទងនឹងរឿងជីវភាព សេដ្ឋកិច្ចទូទៅ ដែលពាក់ព័ន្ធជាមួយពន្ធដារ ជាមួយពន្ធអាករ ជាមួយ patent ជាមួយនឹងការនាំចេញ ជាមួយនឹងការវិនិយោគ …។
(១៨) ទោះបីមិនចេញឆ្លើយខ្លួនឯង ក៏តាមដាននិងប្រគល់ភារកិច្ចដល់អាជ្ញាធរ/ក្រសួង/ស្ថាប័នពាក់ព័ន្ធ
សូម្បីតែសារខ្ញុំចេញ ក៏មិនបានបញ្ចេញសារជូនជនរួមជាតិដែរទេ។ ខ្ញុំដាក់សារឱ្យមន្ត្រី សមាជិករាជរដ្ឋាភិបាល តែមិនដឹងម៉េចវាធ្លាយ។ ខ្ញុំមិនបានចេញមកពន្យល់រឿង បង (គង់ វិ)បុល និយាយទេ ខ្ញុំឱ្យពន្ធដារចេញមកពន្យល់ខ្លួនឯង … វិធីខ្ញុំដោះបញ្ហាពាក់ព័ន្ធជាមួយនឹងកង្វល់របស់ប្រជាជន គឺខ្ញុំយកចិត្តទុកដាក់ គ្រាន់តែថាការដាក់វិធានការ និងការផ្សព្វផ្សាយជូនសាធារណជន ពន្យល់សាធារណជន កិច្ចការខ្លះខ្ញុំធ្វើផ្ទាល់ កិច្ចការខ្លះខ្ញុំប្រគល់ភារកិច្ចទៅឱ្យក្រសួងសា្ថប័នពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធជាអ្នកចាត់វិធានការដោះស្រាយ ហើយពន្យល់ទៅសាធារណជន។ ខ្ញុំធ្វើប្រហែលទើប ៤០ថ្ងៃ ប្រហែលបងប្អូនមិនទាន់ដឹងរបៀបរបបខ្ញុំធ្វើការ។ ឥឡូវ បន្តិចទៀតប្រហែលជាដឹងហើយ។ ទោះបីជាខ្ញុំមិនចេញឆ្លើយខ្លួនឯង ប៉ុន្តែខ្ញុំតាមដានជាប់ ខ្ញុំឱ្យភារកិច្ចទៅធ្វើរហូត។ អាជ្ញាធរក្រសួងស្ថាប័នពាក់ព័ន្ធមិនអាចអត់តាមទេ។ ខ្ញុំប្រាប់រកឱ្យឃើញបញ្ហាមុន ហើយឆ្លើយ មុនខ្ញុំបញ្ជូនសារទៅល្អជាង។ អញ្ចឹងក្រសួងមួយៗត្រូវតាមដាន ហើយចេញវិធានការដោះស្រាយ ពន្យល់ប្រជាជនខ្លួនឯង។ បងប្អូនចង់ឱ្យគ្រប់គ្នារួមគ្នាធ្វើ មិនចង់ឱ្យនាយករដ្ឋមន្ត្រីទៅជាអ្នកនាំពាក្យទៅឱ្យក្រសួងស្ថាប័នទាំងអស់ទេ។ មែនទេ? កុំឱ្យអ្នកណាធ្វើអីបន្តិច នាយករដ្ឋមន្ត្រីត្រូវចេញមុខទៅពន្យល់ជំនួស។ ត្រូវពន្យល់ខ្លួនឯង រឿងពន្ធដារ រឿងស្អីផ្សេង ហើយខ្ញុំចាត់វិធានការធ្វើ។
(១៩) ក្នុង ៤២ថ្ងៃ គិតគូរនិងចាត់វិធានការស្រាយកង្វល់ពីជីវភាពរស់នៅនិងសេដ្ឋកិច្ចជាតិ
រឿងនេះជារឿងពីរដាច់ដោយឡែក … រឿងពន្ធដារនេះ រឿង១គឺ ឯកឧត្តម គង់ វិបុល និយាយ។ រឿងហ្នឹងគាត់ចេញទៅពន្យល់ទៅ។ ប៉ុន្តែរឿងជីវិត ជីវភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជារឿងសំខាន់ ម៉េចមិនឃើញនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និយាយផង … ក្នុងរយៈពេល ៤២ថ្ងៃនេះ ខ្ញុំនិយាយច្រើន ខ្ញុំគិតគូរនិងចាត់វិធានការចេញជាក្របខណ្ឌគោលនយោបាយ។ នៅរដ្ឋសភាថ្ងៃ២២(សីហា) ខ្ញុំអានផែនការគោលនយោបាយ ដើម្បីជួយប្រជាពលរដ្ឋ … នេះហើយការចាត់វិធានការនិងការថ្លែងសារដើម្បីឱ្យប្រជាពលរដ្ឋដឹងពីការកង្វល់ពីជីវភាពរស់នៅនិងសេដ្ឋកិច្ចជាតិ … ខ្ញុំនិយាយពីភារកិច្ចនៅគ្រប់វេទិកាទាំងអស់ … ខ្ញុំតែងតែនិយាយពីគោលនយោបាយ ៦ចំណុច … យើងបានធ្វើ បានចេញគោលនយោបាយច្រើនណាស់ កាត់បន្ថយអាករនាំចេញស្អីៗ ដោះស្រាយបញ្ហាប្រជាពលរដ្ឋទុកលំបាកផ្សេងៗ។ ខ្ញុំធ្វើ ខ្ញុំកែសម្រួលច្រើន …។
(២០) នយោបាយប្រទេសនីមួយៗ មិនដូចគ្នា តែដើម្បីជួយប្រជាពលរដ្ឋដូចគ្នា
ដល់ម៉ោង ម៉ែកាពៅ បញ្ជាក់ទៅ កាពៅ ថា “កូន! ម៉ែយល់ អ្នកជិតខាងគាត់ល្អ គាត់មានលទ្ធភាពផ្គត់ផ្គង់កូនគាត់។ តែកូនមើលម៉ែផង ម៉ែជាប់ជាប្រចាំនៅជាមួយកូន គិតគូរកូនជាប់ជាប្រចាំ មិនមែនម៉ែនិយាយតែមាត់ទេណា ម៉ែធ្វើគ្រប់យ៉ាងឱ្យកូនមើល”។ ពិតណាស់ រដ្ឋាភិបាលនៅប្រទេសផ្សេង មិនមែនតែថៃទេ ប្រទេសផ្សេងគេមានលទ្ធភាព គេជួយប្រជាពលរដ្ឋគេតាមលទ្ធភាព។ គ្មានគោលនយោបាយប្រទេសណាកូពីចម្លងពីប្រទេសណាមួយទេ វាអត់មានគោលនយោបាយដូចគ្នាទេ។ សំខាន់គេធ្វើដើម្បីជួយប្រជាពលរដ្ឋដូចគ្នា។ លទ្ធភាពនិងតម្រូវការរបស់ប្រជាពលរដ្ឋគេខុសគ្នា។ ប្រទេសខ្លះគេជួយកសិករ ប្រទេសខ្លះគេជួយ ដូចនៅអាមេរិក គេអត់ជួយកសិករទេ គេជួយវិស័យហិរញ្ញវត្ថុអញ្ចឹងទៅ។ ប្រទេសសាំងហ្គាពួរ គេជួយវិស័យអីទៅ។ ប្រទេសថៃគេជួយវិស័យអីទៅ។ ប្រទេសយើងជួយវិស័យឧស្សាហកម្ម កម្មករ/ការិនី និងប្រជាពលរដ្ឋ។ គេជួយខុសគ្នា ប៉ុន្តែសួរថារដ្ឋាភិបាលអត់ធ្វើ? ពេលដែលខ្ញុំដឹកនាំរដ្ឋាភិបាល តាមពិត ខ្ញុំគិតតាំងពីមុន ហើយកិច្ចការងារនេះក៏ សម្ដេចតេជោ បានគិតពីមុន ក្រុមការងារយើងគិតតាំងពីមុន ដែលរដ្ឋាភិបាលកកើតម្ល៉េះ។ អញ្ចឹងហើយបានជាថ្ងៃ២២ ពេលដែលរដ្ឋាភិបាលកកើតជាផ្លូវការ យើងចេញជាគោលនយោបាយ ហើយគោលនយោបាយនេះមិនបានអង្គុយគិតគូរមុនមួយថ្ងៃទេ គឺគិតគូររាប់ខែ រាប់ឆ្នាំ ដើម្បីចេញជាគោលនយោបាយ។
(២១) ការងារ ៣៖ បន្តផ្តល់អ្វី ពង្រីកអ្វីបន្ថែម និងជួយអ្វីបានទៀត
ការងារ ៣ ដែល(បានធ្វើតាំងពីរាជ)រដ្ឋាភិបាលកើត ឬគិតថា ម៉ែកាពៅគិត ៣យ៉ាង ឱ្យកូនពៅ។ ទី១ គិតថាស្អីខ្លះដែលប្រជាជនបានទទួលហើយ និងត្រូវបន្តឱ្យគាត់។ ទី២ គិតថាតើក្រោយពីរាជរដ្ឋាភិបាលបង្កើតថ្មី ត្រូវពង្រីកស្អីខ្លះថ្មីទៀត ដើម្បីជួយប្រជាពលរដ្ឋយើងក្នុងការលំបាក និងទី៣ ក្រៅពីអ្វីដែលយើងជួយផ្ទាល់ចេញជាថវិកា តើមានស្អីដែលយើងអាចជួយសម្រួលគាត់បានខ្លះទៀត ដើម្បីឱ្យគាត់ងាយស្រួលធ្វើការ និងបានធូរធារឡើង។ កិច្ចការ៣នេះ ខ្ញុំបានធ្វើ។ កិច្ចការទី១រឿងស្អីខ្លះ? ដែលរដ្ឋាភិបាល សម្ដេចតេជោ ដឹកនាំពីអាណត្តិមុន បានធ្វើហើយជូនប្រជាពលរដ្ឋ យើងត្រូវបន្តធ្វើតទៅទៀត។ អ្នកខ្លះគេលើកមកនិយាយពីរដ្ឋាភិបាលថៃត្រៀមលុយរយលានដុល្លារ សម្រាប់ជួយប្រជាពលរដ្ឋគេពេលលំបាក។ ខ្មែរអត់មានធ្វើ។ បងប្អូនអើយ! ម៉ែកាពៅ អត់លុយច្រើនទេ តែម៉ែកាពៅមិនឱ្យកូនដាច់បាយទេណា។ រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំ។
ខ្ញុំលើកកម្មវិធីសំខាន់ ៣ មកទេ ដែលយើងបានជួយប្រជាពលរដ្ឋយើង ជាពិសេសតាំងពីពេលលំបាកជំនាន់កូវីដ-១៩ មកដល់ម៉ោងនេះយើងមិនទាន់ចប់ទេ។
ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋងាយរងគ្រោះពេលកូវីដ–១៩ ស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ ២ ឆ្នាំ។ កូវីដ-១៩ នោះ យើងចាប់ផ្ដើមពី ២០២០ ការជួយគ្រប់ស្ត្រីមានផ្ទៃពោះ កុមារក្រោម ២ ឆ្នាំ យើងចាប់ផ្ដើមតាំងពី២០១៩។ គ្រួសារប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះនិងហានិភ័យអតិផរណាដោយសម្ពាធសេដ្ឋកិច្ច យើងចាប់ផ្ដើមតាំងពីឆ្នាំ២០២២ … ក្នុងប៉ុន្មានឆ្នាំនេះ … រដ្ឋបានជួយ ៤លាន ៨សែននាក់ ហើយចំណាយទឹកប្រាក់អស់ ១ ២០០ លានដុល្លារ។ តើ ១ ២០០ លានដុល្លារ ដែលរដ្ឋាភិបាលខ្មែរបានជួយនេះបាត់ទៅណា បានជាទៅមើលតែអ្នកជិតខាង? ម៉ែខ្លួនឯងចាយលុយរាប់ពាន់លានដើម្បីជួយ ហេតុអីក៏មិនឃើញ។ នេះជាអ្វីរដ្ឋាភិបាលបានជួយ។ កូនពៅត្រូវមើលម៉ែខ្លួនឯងបានធ្វើប៉ុណ្ណឹង។ គោលការណ៍នេះ ត្រូវបន្តទៅទៀតជួយដល់ប្រជាពលរដ្ឋ។ មិនមែនទើបបង្កើតថ្ងៃ២២ ខែ៨ នេះទេ ប៉ុន្តែបានធ្វើរាប់ឆ្នាំមកហើយត្រូវបន្តតទៅទៀត។ ក្នុង ៩ខែ ឆ្នាំ២០២៣ នេះ ចំណាយទៅលើ៣មុខព្រួញនេះ រាជរដ្ឋាភិបាលចំណាយជិត ៤០០លានដុល្លារ ទៅឱ្យជួយប្រជាពលរដ្ឋក្រីក្រ ស្ត្រីមានផ្ទៃពោះនិងកុមារតូច។ មិនតិចទេបងប្អូន! មិនមែនអត់សោះទេ បានជួយ ហើយនឹងបន្តជួយតទៅទៀត …។
ទី២ កម្មវិធីផ្ដល់អាហារតាមសាលារៀន ធ្វើតាំងពីឆ្នាំ២០១៩ ដោយយកផលិតផលពីសហគមន៍។ យើងអនុវត្តនៅ ១០ខេត្ត ជាង ៤២៧សាលា ក្មេងដែលទទួលផល ១១ម៉ឺននាក់។ យើងចំណាយថវិកាក្នុងឆ្នាំ២០២០ (ចំនួន) ១៧លានដុល្លារ សម្រាប់បំប៉នអាហារឱ្យកូនចៅប្រជាពលរដ្ឋ។ យើងនឹងបន្តហើយពង្រីកសម្រាប់កូនចៅយើងបន្តទៅទៀត។
(ទី៣)កម្មវិធីមូលនិធិសមធម៌សុខាភិបាល។ ខ្ញុំជួប លោកតា លោកយាយ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពេលដែលគាត់ទៅព្យាបាល ខ្ញុំសួរ (គាត់ថា)បានបណ្ណសមធម៌ជួយ បានបណ្ណក្រីក្រជួយ។ បានន័យថាផលនេះបានទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សួរថាលុយហ្នឹងអ្នកណាអ្នកចេញ? គឺរដ្ឋាភិបាលបានចេញជូនប្រជាពលរដ្ឋ … យើងចែកបណ្ណមានពណ៌ផ្កាឈូក ពណ៌លឿង និងពណ៌ស … បណ្ណក្រដាសហ្នឹងគឺជាសិទ្ធិទៅព្យាបាលគេចេញលុយឱ្យ។ អ្នកណាចេញលុយឱ្យ? គឺរាជរដ្ឋាភិបាលយើងបងប្អូន។ មកដល់ម៉ោងនេះ កម្មវិធីនេះយើងគិតគូរតាំងពីឆ្នាំ២០០០ ហើយដាក់ចេញទូលំទូលាយឆ្នាំ២០១៥។ មកដល់ម៉ោងនេះយើងគ្របដណ្ដប់ទូទាំងប្រទេស។ អញ្ចឹងប្រជាពលរដ្ឋខ្មែរ អ្នកកាន់បណ្ណនេះ មានលោកតា លោកយាយ អ៊ំ ពូ មីង បានទទួលផលនេះ។ ហ្នឹងហើយ ម៉ែកាពៅជួយកាពៅ។ បានន័យថារាជរដ្ឋាភិបាលបានជួយប្រជាពលរដ្ឋយើង។ ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ មិនមែនទើបរដ្ឋាភិបាលកើតនេះទេ គឺយើងបានជួយរាប់សិបឆ្នាំមកហើយ យើងនឹងបន្តជួយតទៅទៀត …។
(២២) ៧៧ម៉ឺន៩ពាន់គ្រួសារ មានបណ្ណ បសស, ពង្រីកកម្មវិធីស្ម័គ្រចិត្តឲ្យគ្របដណ្តប់ ៤ លាននាក់
វិទ្យុមួយនោះនៅតែបន្តចេញព័ត៌មានថានាយករដ្ឋមន្ត្រីថៃគេចេញ(គោលនយោបាយនេះឬនោះ)។ មិនមែនចង់សរសើរនាយករដ្ឋមន្ត្រីថៃទេ មិនមែនគេចង់រំលេចម៉ែរបស់អ្នកជិតខាងដែលមានលទ្ធភាពជួយកូនគេច្រើននោះទេ ប៉ុន្តែគេជួយឱ្យកាពៅ កុំចាប់អារម្មណ៍ពីអ្វីដែលម៉ែកាពៅខំប្រឹងជួយ … ម៉ែលំបាក តែម៉ែមិនឱ្យកូនវេទនាដាច់ពោះស្លាប់ទេ។ ម៉ែខិតខំគ្រប់បែបយ៉ាង។ រដ្ឋាភិបាលខ្មែរគឺជាដូចជា ម៉ែកាពៅ អញ្ចឹង។ នេះកម្មវិធីដែលយើងបានធ្វើមកស្រាប់។ ឥឡូវបូកជាមួយ ប.ស.ស មូលនិធិសមធម៌គិតមកត្រឹមខែកញ្ញានេះ ដែលបណ្ណក្រីក្រសរុបទាំងអស់ ៧៧ម៉ឺន ៩ពាន់គ្រួសារ សរុបប្រជាពលរដ្ឋជិត ៣ លាន ៥សែននាក់ ដែលកាន់បណ្ណនេះ ដែលបានទៅទទួលផលពីរាជរដ្ឋាភិបាលជួយ។ ហ្នឹងហើយអ្វីដែលរាជរដ្ឋាភិបាលខ្មែរជួយឱ្យប្រជាពលរដ្ឋ … នេះជាការពិត។
ជូនចំពោះអ្នកដែលចូលចិត្តបង្អាប់រាជរដ្ឋាភិបាល អ្នកដែលចូលចិត្តបង្អាប់មិនឲ្យប្រជាជនមើលឃើញអ្វី ដែលខ្មែរគ្នាឯងជួយគ្នាឯង (បែរជា)ទៅខំលើកគេ។ ខ្ញុំមិនថាប្រទេសគេ មេដឹកនាំគេអាក្រក់ទេ។ គេល្អជួយកូនចៅប្រជាពលរដ្ឋគេ តែយើងក៏ជួយដែរមិនមែនអត់ទេ។ ក្រៅពីហ្នឹង ប.ស.ស កម្មករ និយោជិត មន្ត្រីរាជការដែលនិយាយនេះ ១លាន ៨សែននាក់ បានទទួលផល។ ឥឡូវយើងកំពុងពង្រីកកម្មវិធីស្ម័គ្រចិត្ត គ្របដណ្ដប់៤លាននាក់ជាងដើម្បីបានផល។ យើងមិនលុបទេបងប្អូន! យើងនៅបន្ត។ នេះជាការងារដែលខ្ញុំធ្វើ យើងធ្វើបានល្អហើយសម្រាប់ប្រជាពលរដ្ឋ។ យើងត្រូវបន្តធានាជូនគាត់។ កម្មវិធីជួយប្រជាពលរដ្ឋមានហានិភ័យ ការលំបាកស្អីៗផ្សេងៗ។ យើងបន្តជួយ បូកជាមួយអត្ថប្រយោជន៍កម្មករ/ការិនី ដែលឯកឧត្តម ហេង សួរ និយាយ បៀវត្សរ៍មួយហើយ តែអត្ថប្រយោជន៍បូកបន្ថែមទៀត គិតទាំងបាយទឹក ទាំងរឿងធ្វើដំណើរ រឿងស្អីផ្សេង យើងនឹងបន្តពង្រីកឱ្យថែមទៀត …។
(២៣) ការងារទី២៖ ពង្រីកបន្ថែមអ្វីទៀត
ចំណុចទី២ ក្រៅពីអ្វីដែលមានស្រាប់ ខ្ញុំបានឱ្យអ្នកគិតគូរឱ្យខ្ញុំ(រក)ថា ស្អីខ្លះទៀតដែលយើងត្រូវពង្រីកបន្ថែមឱ្យបងប្អូន? គ្រាន់តែចេញថ្ងៃដំបូង ខ្ញុំដាក់វិធាន ៦ ចំណុចភ្លាម ដើម្បីពង្រីកការគ្របដណ្ដប់ក្នុងរឿងគាំពារសង្គមសុខភាព។ ៦ ចំណុចហ្នឹង គឺផ្ដល់ការថែទាំគ្របដណ្ដប់ គោលដៅយើងគឺធ្វើម៉េចឱ្យប្រជាពលរដ្ឋ ៩លាននាក់ បានទទួលផលពីសេវាសុខាភិបាល។ នេះជាគោលដៅដែលយើងដាក់ពង្រីកបន្ថែម ហើយគ្រោងចំណាយថវិកាជិត ១០០លានដុល្លារក្នុងមួយឆ្នាំ … រដ្ឋាភិបាលមិនត្រឹមតែថែអ្វីដែលមានស្រាប់ទេ តែនឹងពង្រីកបន្ថែម។
បណ្ដុះបណ្ដាលវិជ្ជាជីវៈ ១លាន ៥សែននាក់ ចំណាយថវិកា ៣៦លានក្នុងមួយឆ្នាំ ហើយនឹងបង្កើនប្រចាំឆ្នាំ។ ដាក់ចេញស្ថាប័នូបនីយ៍កម្មកម្មវិធីជាតិចំណាយជិត ២០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។ កម្មវិធីជួយទីផ្សារកសិផល ១រយលានដុល្លារ ក្នុងមួយឆ្នាំ ចេញលុយ ហើយពង្រីកមន្រ្តីកសិកម្មតាមឃុំ។ ៦ ចំណុចដែលខ្ញុំដាក់ចេញភ្លាមនេះគឺសំដៅទៅលើវិធានការទី២ ដែលថារដ្ឋាភិបាលតាំងពីកើតមកគិតស្អី។ គិតទី១ ស្អីដែលមានស្រាប់ត្រូវបន្ត ទី២ស្អីដែលត្រូវបង្កើនបន្ថែមមាន ៦ចំណុច … ខ្ញុំគិត និងនិយាយគ្រប់វេទិកាទាំងអស់ … ការប្រឡងមន្ត្រីកសិកម្មរៀបចំហើយ …។
ស្អីទៀតដែលយើងត្រូវធ្វើបន្ថែមក្នុងមួយខែនេះឱ្យប្រជាពលរដ្ឋ ក្រៅពី ៦ ចំណុច? ឡើងបៀវត្សរ៍មួយហើយ បងប្អូនទើបបានថ្មីៗ។ ដើរទាក់ម៉ូយក្រៅប្រទេសទាំងអស់ ទៅប្រទេសណា ក៏ខ្ញុំដើរទាក់ម៉ូយដើម្បីឱ្យគេមក។ បន្តិចទៀត ក្រុមហ៊ុនចិន ក្រុមហ៊ុនប្រទេសអាស៊ានមួយចំនួនមក បន្តិចទៀតក្រុមហ៊ុនអាមេរិកមកទៀត ។ មិនមែនថាឱ្យតែជួប គេមកទាំងអស់ទេ។ អ្នកខ្លះថា នាយករដ្ឋមន្ត្រីថៃទៅអាមេរិក គ្រាន់តែ៥ថ្ងៃ គេវិនិយោគប៉ុន្មានពាន់លាន។ វាមិនមែនអញ្ចឹងទេ។ ក្រុមមួយៗ មុននឹងគេទៅវិនិយោគ គេសិក្សារាប់ខែរាប់ឆ្នាំ គេឆ្លងនូវក្រុមប្រឹក្សាភិបាល។ បើគេមក បានន័យថាគេគិតគូររួចទៅហើយ គ្រាន់តែជួបប្រថាប់ត្រា …
ទៅអាមេរិក ខ្ញុំបានជួបជាមួយ ៥៨ ក្រុមហ៊ុន មិនប្រាកដថា ទាំង៥៨មកវិនិយោគទេ តែយ៉ាងហោចណាស់ ក៏ក្រុមហ៊ុនមួយចំនួននឹងមក ក៏នឹងអាចទាក់ម៉ូយបានខ្លះ។ ប្រទេសមួយចំនួនក៏ដូចគ្នា បន្តិចម្ដងៗ តក់ៗពេញបំពង់។ យើងពី ៦០រោងចក្រ រហូតមកដល់ជាងរាប់ម៉ឺនរោងចក្រ/សហគ្រាស មិនមែនកើតមួយថ្ងៃទេ កើតរាប់សិបឆ្នាំបន្តិចម្ដងៗ។ យើងដូចគ្នា ដើរទាក់ម៉ូយគ្រប់កន្លែង។ សូម្បីតែនាយករដ្ឋមន្រ្តីថៃមក ខ្ញុំក៏បបួលគាត់បើកជើងយន្តហោះបន្ថែម ពីភូកេតមកសៀមរាប។ ខ្ញុំទៅជាមួយនឹងហ្វីលីពីន (ស្នើ)ឲ្យហោះពីទីក្រុងទេសចរណ៍គេមក Cebu មក ហោះពីកោះបាលីមក កុំចាំបាច់តែពីហ្សាការតា ដើម្បីអី? ដើម្បីឲ្យទេសចរមក។ ចំនួនទេសចរយើងវាប៉ះដោយសារកូវីដ-១៩។ យើងកើន ប៉ុន្តែមិនទាន់ដល់(តួលេខមុន)នោះទេ។ ថៃក៏ដូចគ្នា។ ខ្ញុំសួរថៃថ្ងៃមុន បានប៉ុន្មានភាគរយហើយ? ថៃកាលមុនកូវីដ-១៩ មាន ៤០លាននាក់។ ឥឡូវកើនវិញប្រហែលជា ៦០%ទេ មិនទាន់ពេញទេ។ គ្រប់ប្រទេសគឺប៉ះពាល់ទាំងអស់គ្នា។
យើងក៏នៅកើន។ ល្ងាចមិញខ្ញុំសួរទៅចៅហ្វាយខេត្តសៀមរាប បើថាកើនៗ ប៉ុន្មានពិតប្រាកដ។ រឿងទិន្នន័យក្រសួងរាយការណ៍មួយ តែខ្ញុំសួរទៅ គាត់ថាយើងកើនហើយ តែឥឡូវវាមិនទាន់ដល់ High season វាទើបនឹងចាប់ផ្ដើម។ High season ចាប់ពីពាក់កណ្ដាលខែ១០ ដល់ខែ៣ ពេលនោះទើបមនុស្សមកច្រើន ដោយសារស្រុកគេៗ វ៉ាកងអី គេនឹងមក។ ខ្ញុំឲ្យ ឯកឧត្ដម ថោង ខុន និងឯកឧត្ដម សុខ សូកេន ពិនិត្យមើលយន្តការភ្លាមៗ ដើម្បីជួយរឿងនេះ … ស្អីខ្លះ? ឧទាហរណ៍នៅព្រំដែន ខាងថៃចូលមកត្រូវការ passport តែយើងសម្រួល … ប្រើអត្តសញ្ញាណបណ្ណ ចូលមកដល់សៀមរាប បានន័យថាសម្រួល …។
(២៤) ការងារទី៣៖ រដ្ឋាភិបាលជួយអ្វីបានខ្លះបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រាលំបាក
កម្មវិធីជួយពលករក្រៅប្រទេស មិនមែនជួយត្រឹមក្នុងទេ។ ខ្ញុំមិនបាច់និយាយនៅថៃ នៅកូរ៉េបង្កើតអីៗ យើងបង្កើតច្រើនណាស់ … គ្រាន់តែបងប្អូនជួយស្ដាប់ តើស្អីខ្លះដែលយើងធ្វើ? … ចំណុចទី៣ ក្រៅពីអី្វដែលរដ្ឋាភិបាលជួយផ្ទាល់បាន តើរដ្ឋាភិបាលអាចជួយអ្វីខ្លះដើម្បីបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋ ឲ្យវិស័យឯកជន ក្នុងការប្រកបអាជីវកម្ម គ្រាលំបាកនេះ។ យើងជួយគាត់ឲ្យរស់ ឲ្យកាន់តែប្រកួតប្រជែង។
រឿងនេះវាពាក់ព័ន្ធនឹងរឿងអីដែល ឯកឧត្ដម គង់ វិបុល និយាយនោះ។ រឿងពន្ធមូលធនប្រាក់ចំណេញនោះ វាជារឿងតូចមួយនៅក្នុងចង្កោមនៃរឿងដែលខ្ញុំបានគិតគូរតាំងពីដើមអាណត្តិ។ រឿងពិនិត្យមើលស្ថានភាពសេដ្ឋកិច្ច ពិនិត្យមើលស្ថានភាពអាជីវកម្មក្នុងស្រុក វិស័យឯកជនយើង ប្រជាពលរដ្ឋយើង ទាំងអស់មិនថាតែរឿងពន្ធអាករ patent អីទេ។ ការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ រឿងអ្នកនាំចេញយ៉ាងម៉េច គឺជារឿងមួយដែលខ្ញុំបានគិតតាំងពីដើមអាណត្តិ។ ប៉ុន្តែ រឿងនេះត្រូវការពេលវេលាដើម្បីសិក្សាឲ្យច្បាស់មុននឹងដាក់ចេញ …។
ថ្ងៃ២៤ ខែសីហា នៅក្នុងប្រជុំគណៈរដ្ឋមន្រ្តីទី១ ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រៀបចំវេទិកាខ្ញុំជួបវិស័យឯកជននៅខែ១១នេះ ដើម្បីខ្ញុំស្ដាប់គាត់តើគាត់សំណូមពរអ្វីខ្លះ ហើយក្នុងនោះសំណូមពររឿងពន្ធនេះ រឿងអាករនេះ ក៏ជារឿងក្នុងនោះដែរ ដែលខ្ញុំត្រូវដោះស្រាយជាកញ្ចប់។ អញ្ចឹងរឿងនេះទោះបីជាឯកឧត្ដម គង់ វិបុល មិននិយាយ មិនផ្ទុះ ក៏វាជារឿងដែលខ្ញុំបានគិតគូរតាំងពីដើមអាណត្តិរួចទៅហើយ។ ចាំបាច់ខ្ញុំចេញសារមកធ្វើអី។ គ្រាន់តែថា បង គង់ វិបុល គាត់ចេញមកនិយាយចំកណ្ដាលទី … អ្នកខ្លះគាត់ថា ចាំបាច់ដល់ខែ១១ ធ្វើអី ម៉េចក៏មិនប្រកាសឥឡូវ? ធ្វើជាប្រមុខរដ្ឋាភិបាល ជារដ្ឋាភិបាល មិនអាចដាក់ចេញគោលនយោបាយប្រជាភិថុតិ គោលនយោបាយធ្វើឲ្យតែរួចខ្លួន ឲ្យតែពិរោះ ហើយធ្វើមិនកើតនោះទេ។ មិនអាចដាក់ចេញគោលនយោបាយល្អសម្រាប់អ្នកនេះ ខ្ទេចអ្នកនោះទេ។ យើងត្រូវរស់ទាំងអស់គ្នា។
(២៥) ស្ដាប់ពីគ្រប់ភាគីពាក់ព័ន្ធវិស័យឯកជន ដាក់ចេញគោលនយោបាយនិងវិធានការអន្តរាគមន៍សង្រ្គោះគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងមានចីរភាព
ដើម្បីចេញគោលនយោបាយឲ្យចំគោលដៅ ជួយវិស័យឯកជន ជួយប្រជាពលរដ្ឋ ដាច់ខាតត្រូវតែមានការចូលរួមស្ដាប់ពីវិស័យឯកជន។ អញ្ចឹងហើយបានជាយើងមានយន្តការក្រុមការងាររបស់រដ្ឋាភិបាល-វិស័យឯកជន ដូចជាមានក្រុមការងារទី៨? … បូកនឹងវិស័យទាំងអស់ … សរុបទាំងអស់ ១៣ ក្រុមការងារ … ឥឡូវនៅខាងជួបជាមួយវិស័យពន្ធដារ ជួបជាមួយវិស័យគយ ធនាគារជាតិ ជួបជាមួយវិស័យផ្សេងៗ ទេសចរណ៍ គេជួបគ្រប់ទាំងអស់។ ហេតុអីបានជាយើងស្ដាប់វិស័យឯកជន? វិស័យឯកជននេះហើយ ជាអ្នកបង្កើតការងារឲ្យបងប្អូន។ សមាគមម្ចាស់អូតែល គាត់មានកង្វល់អី? គាត់ជាអ្នកបង្កើតការងារឲ្យអ្នកធ្វើការងារក្នុងវិស័យទេសចរណ៍។ សមាគមទេសចរណ៍ ជាអ្នកប្រមូលផ្ដុំនូវការធ្វើទេសចរណ៍ឲ្យបុគ្គលិករបស់គាត់។ សមាគមកាត់ដេរ គឺជាអ្នកដែលទទួលខុសត្រូវក្នុងការបង្កើតការងារដល់រាប់សែនកន្លែង។ សមាគមស្រូវអង្ករ គឺជាអ្នកជួយបង្កើតតម្លៃ បង្កើតការងារឲ្យកសិករ។
យើងស្ដាប់តំណាងឲ្យប្រជាពលរដ្ឋហ្នឹងឯង។ យើងត្រូវការពេលវេលា។ ខ្ញុំសួរឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ ថាឯកឧត្ដម តើយើងអាចពន្លឿនបានទេ? ឯកឧត្ដម គាត់និយាយត្រង់ថា “សម្ដេច! ដើម្បីបានគ្រប់ជ្រុងជ្រោយ ហើយយើងត្រូវធ្វើការឲ្យគ្រប់ជ្រុងជ្រោយជួយប្រជាពលរដ្ឋ ខែ១១នេះគឺអ្វីដែលយើងធ្វើលឿនបំផុតហើយ។ ដុតដៃដុតជើងហើយ ដើម្បីស្ដាប់គ្រប់គ្នាទាំងអស់ថាយើងដាក់ចេញនូវគោលនយោបាយ និងវិធានការអន្តរាគមន៍សង្រ្គោះបានប៉ុន្មាន។ ទោះបីលើក១០០ យើងដោះបាន ២០, ៣០, ៤០ ឬ៥០ ក៏យើងដោះ តែដោះឲ្យបានគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាព និងមានចីរភាពជូនដល់វិស័យឯកជន និងគ្រប់គ្នា”។
រឿងពន្ធអាករនោះនៅក្នុងហ្នឹងហើយ។ អញ្ចឹងសូមបញ្ជាក់ ទោះបីជាខ្ញុំមិនបានចេញទៅប្រតិកម្ម ឬមួយចេញសារលើរឿងអីដែលបងប្អូននិយាយក៏ដោយ ពន្ធដារគេនិយាយក៏ដោយ ប៉ុន្តែរឿងពន្ធអាករ រឿងជីវភាពរស់នៅ ខ្ញុំបាននិយាយតាំងពីដើមទី។ ខ្ញុំបានគិតគូរតាំងពីមុនអាណត្តិចាប់ផ្ដើម ហើយដាក់វិធានការជួយដល់ប្រជាពលរដ្ឋ ដល់វិស័យឯកជនទាំងអស់គ្នា។ អ្នកខ្លះថា នាយករដ្ឋមន្រ្តីនេះក៏ស្ទក់ម៉េះ គេនិយាយរឿង(ពេញហ្នឹង) … ខ្ញុំមិនស្ទក់ទេ ថ្ងៃ១៥ ផ្ទុះរឿង ថ្ងៃ១៦ ខ្ញុំនៅណាននីង ខ្ញុំដាក់បញ្ជាមកឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គពន្ធដារមើលរឿងហ្នឹងភ្លាម ហើយក្រោយមកបានចេញទៅពន្យល់។ រឿងទំនាស់ដីធ្លីវាកើត។ ខ្ញុំមិនចេញសារមែនពិត តែខ្ញុំបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចេញដោះមើលជាក់ស្ដែង។ រឿងគេចាប់ គេបោកបញ្ឆោតនារីកូនចៅខ្មែរយើង ៦-៧នាក់ នៅឡាវ ខ្ញុំឃើញភ្លាមខ្ញុំចេញសារ។ អរគុណណាស់ដល់ស្ថានទូតខ្មែរយើងនៅឡាវ ដែលចាត់វិធានការលឿន។ តាមពិតគាត់ឃើញភ្លាម គាត់ចេញភ្លាម ហើយខ្ញុំបញ្ជាបន្ថែមទៀតឲ្យធ្វើ។ ក្រសួងការបរទេសយើងក៏លឿន ជួយរំដោះបាន៦ ហើយថ្ងៃចន្ទនេះអាចយកទី ៧បាន ហើយជួយយ៉ាងម៉េចឲ្យបានលឿនមកដល់ផ្ទះ។ ក្មួយៗនោះគាត់សប្បាយចិត្ត បានអាហារអីស្រួលបួលនិងការការពារ។ រឿងពាក់ព័ន្ធកសិផល (ឲ្យទៅ)កសិកម្ម រឿងប្រាសាទ ខ្ញុំឲ្យក្រសួងវប្បធម៌យើង(តាមដាន) ព្រោះរឿងនេះវារឿងតាំងពីប៉ុន្មានឆ្នាំមុន ហើយក្រសួងវប្បធម៌យើងចរចាគ្នា តាមដានរហូត មិនមែនអត់ទេ ឲ្យគាត់ពន្យល់។ រឿងទេសចរណ៍ឲ្យក្រសួងទេសចរណ៍(ពន្យល់)។ ឥឡូវមានគណៈកម្មការជាតិវិស័យទេសចរណ៍ ឯកឧត្ដម ថោង ខុន(កាន់) …។
(២៦) កាលបើគណបក្សប្រជាជនបន្តដឹកនាំ នៅតែបន្តគោលនយោបាយប្រជាពលរដ្ឋជាធំ និងធ្វើអី្វៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ
ម៉ែកាពៅ អត់លុយដូចម៉ែអ្នកជិតខាងទេ តែ ម៉ែកាពៅ ជានិច្ចកាលតែងគិតគូរជួយ កាពៅ គ្រប់បែបយ៉ាង។ ខ្ញុំសុំទោសដែលប្រើពាក្យ កាពៅ យើងអាចថា ម៉ែកូនស្រីពៅ ទៅចុះ … តែជាគោលគំនិតត្រូវយល់ថា រាជរដ្ឋាភិបាលដូចជាស្រ្តីម្នាក់ដែលកំពុងថែទាំកូនតាំងពីបាតដៃទទេ។ រដ្ឋាភិបាលដឹកនាំ ៤៤ឆ្នាំ តាំងពីបាតដៃទទេមកដល់ម៉ោងនេះ មិនឲ្យប្រជាជនរងាទេ … (មិនមែន)ទាល់តែឃើញប្រទេសគេចេញអី បានយើងរត់ទៅប្រកាសដូចគេដែរនោះទេ។ (មិនមែន)គេចេញអី យើងទៅចម្លងគោលនយោបាយគេមក ហើយប្រកាសថាយើងយកចិត្តទុកដាក់នោះទេ។ រឿងខ្លះយើងធ្វើមុនគេទៀត។ មុនរាប់សិបឆ្នាំទៀតនោះ។ តែវាចោទតែអ្នកខ្លះ វិទ្យុខ្លះ ជាពិសេសនៅក្រៅប្រទេសនោះ បង្អាប់តែខ្លួនឯង ដើរសរសើរតែម៉ែគេ … អ្វីដែលខ្ញុំសុំឲ្យបងប្អូនកម្មករ/ការិនី ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសជឿទុកចិត្ត រាជរដ្ឋាភិបាលនេះ … មានគោលនយោបាយរបស់ខ្លួន ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ក៏ដូចជាអាណត្តិនេះនិងទៅអាណត្តិក្រោយៗទៀត ក្នុងពេលដែលគណបក្សប្រជាជនបន្តដឹកនាំ គឺនៅតែជាគោលនយោបាយដែលយកប្រជាពលរដ្ឋជាធំ និងធ្វើអីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
រឿងពន្ធដារនេះ (អ្នកទាំងនោះ)ចង់ថាខ្ញុំស្ពឹកស្រពន់ ចង់ថាខ្ញុំមិនគិតពីប្រជាពលរដ្ឋ។ បងប្អូនស្ដាប់មួយព្រឹកនេះដឹងហើយថា ខ្ញុំបានគិតមុន តាំងពីឯកឧត្ដម គង់ វិបុល និយាយ។ បើទោះបីថាឯកឧត្ដមមិននិយាយរឿងនេះដែលនាំឲ្យមានការជជែកគ្នា ក៏រឿងនេះ(ខ្ញុំ)បានឲ្យគិតគូរតាំងពីដើមអាណត្តិឯនោះ … ចាំមើលពេលដែលយើងបូកហើយ វេចខ្ចប់ហើយ ខែ១១ ពេលដែលជួបវិស័យឯកជន បងប្អូនអាចនឹងដឹងហើយថារដ្ឋាភិបាលផ្ដល់ការអនុគ្រោះនិងអ្វីខ្លះនៅក្នុងការលំបាកនេះឲ្យវិស័យឯកជន ដើម្បីវិស័យឯកជនមានលទ្ធភាពរស់ ដើម្បីបង្កើតការងារឲ្យបងប្អូនខ្មែរទូទាំងប្រទេស …។
(២៧) គ្មានការដាក់ពន្ធប្រភេទថ្មី, មិនមានការដំឡើងអត្រាពន្ធពន្ធដែលមានស្រាប់, គោលការណ៍ពន្ធមួយចំនួននឹងដាក់ចេញក្នុងកិច្ចប្រជុំរដ្ឋនិងវិស័យឯកជនខែវិច្ឆិកា
រឿងពន្ធដារ គោលការណ៍ដោះស្រាយរួម យើងនឹងបង្កើតនៅខែ១១។ ខ្ញុំនឹងប្រកាសនៅពេលនោះ។ ឥឡូវកំពុងចរចា ក្ដាប់ឲ្យគ្រប់ មានស្អីខ្លះ យើងនឹងចេញ។ រឿងដែលចេញតាមហ្វេសប៊ុក វាសុទ្ធតែនៅក្នុងកង្វល់ដែលយើងបានជជែកគ្នាជាប់ជាប្រចាំហើយ ប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋថា ទី១ រាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិថ្មីនេះ មិនមានការបង្កើតពន្ធថ្មីលើប្រជាពលរដ្ឋនោះទេ។ អ្នកខ្លះយកពន្ធដែលគេមានតាំងពីឆ្នាំ១៩៨២ មកថាហ្នឹងជាពន្ធថ្មី។ បំភ័យប្រជាពលរដ្ឋ។ ពន្ធគ្រប់ប្រទេសទាំងអស់ គ្មានប្រទេសណាមិនយកពន្ធទេ តិចឬច្រើន។ ពន្ធជាអ្វី? ពន្ធជាមធ្យោបាយចែករំលែកពីអ្នកដែលមានលទ្ធភាព ទៅអ្នកដែលអត់លទ្ធភាព។
ដែលយើង(ចំណាយ)មកនេះ ១ ២០០លាន ជួយដល់បងប្អូនដែលមានការលំបាក មួយខែប្រមាណ ៧០ម៉ឺន ទៅ ៨០ម៉ឺនគ្រួសារ បណ្ណក្រីក្រហ្នឹង ៧០ម៉ឺនបណ្ណហ្នឹង ប្រជាពលរដ្ឋប៉ុន្មានលាននាក់ហ្នឹង តើលុយហ្នឹងបានមកពីណា? មួយផ្នែកគឺបានមកពីពន្ធដែលយើងយកពីអ្នកមានលទ្ធភាព។ បងប្អូនខ្លះគាត់មានលទ្ធភាព អ្នកស្នាក់នៅអូតែល អញ្ចឹងក្នុងថ្លៃអូតែលហ្នឹង គេយក ១ដុល្លារអីអញ្ចឹងទៅ … ដើម្បីចូលក្នុងពន្ធ យកលុយហ្នឹងយកទៅជួយប្រជាពលរដ្ឋដែលអត់ផ្ទះនៅ ជួយអ្នកដែលត្រូវការជំនួយ ដោយសារកាកបាទក្រហម ពេលមានអគ្គិភ័យជាដើម។
ប្រជាពលរដ្ឋមានលទ្ធភាពទិញទូរស័ព្ទដៃ គេមានពន្ធ គេហៅមានអាករ ឬ VAT អីហ្នឹង ដើម្បីយកអាហ្នឹងទៅចែកទៅដល់ប្រជាពលរដ្ឋដែលអត់មានលទ្ធភាព។ មន្រ្តីរាជការឡើងបៀវត្សយក(ពន្ធពីបៀវត្ស)ទៅសង់មណ្ឌលសុខភាព ទិញថ្នាំពេទ្យយកមកឲ្យប្រជាពលរដ្ឋ អនុវត្តឲ្យបានល្អ។ តែពន្ធនៅកម្ពុជាយើងមានតែ ១៣ មុខទេ ដែលគេបូកចេញ ២០ មុខហ្នឹង ឲ្យរាប់ឡើងវិញ។ ពន្ធខ្លះអនុវត្ដតាំងពីឆ្នាំ១៩៨២ តែយើងអនុគ្រោះ … ប្រទេសខ្លះជាង ១០០ មុខ មានពីរ-បីថ្នាក់ ថ្នាក់សហព័ន្ធ ថ្នាក់រដ្ឋ ថ្នាក់ឃុំ/សង្កាត់ទៀតនោះ។ នៅអង់គ្លេសក៏មានដែរ Council tax, Federal tax។ ប្រាក់បៀវត្សជាប់ពន្ធនៅប្រទេសច្រើនមាន …។
ការគិតរឿងពន្ធនេះ យើងក៏គិតពីស្ថានភាពសេដ្ឋកិច្ចដែរ សម្រាប់ជួយប្រជាពលរដ្ឋ បន្ធូរកម្រិតណា ព្រោះសុទ្ធតែជាកូនខ្មែរទាំងអស់ទេ។ បើយើងអត់លុយ ក៏មិនដឹងទៅជួយប្រជាជនយ៉ាងម៉េច។ ប្រជាពលរដ្ឋត្រូវការជួយ ជាពិសេសអ្នកដែលរងហានិភ័យ ក្រីក្រ។ អញ្ចឹងរដ្ឋត្រូវរកលុយខ្លះទៅជួយគាត់។ ផ្ទេរពីអ្នកមានលទ្ធភាពខ្លះ។ ប៉ុន្ដែយើងក៏មិនច្របាច់កប្រជាពលរដ្ឋក្នុងដំណាក់កាលលំបាកនោះដែរ។ ខ្ញុំសូមបញ្ជាក់ថា ទី១ គ្មានពន្ធថ្មីកើតឡើងនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ នេះសូមបញ្ជាក់ឲ្យច្បាស់។ ទី២ ពន្ធដែលមានស្រាប់មិនមានការដំឡើងអត្រាពន្ធទេ។ អាហ្នឹងសូមបញ្ជាក់ឲ្យច្បាស់ អត់មានកៀបកប្រជាពលរដ្ឋទេ ដែលអ្នកខ្លះដើរឃោសនា។ ទី៣ យើងនឹងដាក់នូវគោលការមួយចំនួនដែលពាក់ព័ន្ធនឹងរឿងពន្ធនៅក្នុងពេលប្រជុំវិស័យឯកជនខែ១១។
(២៨) បន្តមិនយកពន្ធលើ (១) ដីកសិកម្មលក្ខណៈគ្រួសារ, (២) សម្ភារកសិកម្ម និង(៣)កសិផល
ក្រៅពីពន្ធថ្មីដែលយើងមិនចេញ ហើយយើងមិនដំឡើងអត្រាពន្ធ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្ដេជ្ញាចិត្ត និងគោលនយោបាយបន្ដទៀតរបស់គណបក្សប្រជាជនទៅលើការមិនយកពន្ធ។ ទី១ បន្ដមិនយកពន្ធលើកសិកម្ម ដីស្រែជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋទេ។ ទី២ យើងមិនយកពន្ធលើសម្ភារកសិកម្មទេ និងទី៣ យើងមិនយកពន្ធទៅលើកសិផលទេ។
(២៩) មិនយកពន្ធលើអចលនទ្រព្យថោកជាង ២៥ ០០០ ដុល្លារ, ពន្ធប្រថាប់ត្រាទិញលក់អចលនទ្រព្យក្រោម ៧ ម៉ឺនដុល្លារ, ពន្ធប្រថាប់ត្រាផ្ទេរសិទ្ធអំណោយឬមរតក, ពន្ធផ្លូវសម្រាប់ទោ/ត្រីចក្រយាន, លុបការយកភាស៊ីលក់តាមកញ្ច្រែង
យើងមិនយកពន្ធលើអចលនទ្រព្យតំលៃថោកជាង ១០០ លាន រៀល ឬ ២៥ ០០០ ដុល្លារ អញ្ចឹងបងប្អូនទិញផ្ទះថោកជាងហ្នឹងមិនជាប់ពន្ធទេ។ ពន្ធប្រថាប់ត្រាក្នុងការទិញលក់អចលនទ្រព្យក្រោម ៧០ ០០០ ដុល្លារ មិនយកពន្ធទេ នេះយើងបន្ដមិនយក។ ពន្ធប្រថាប់ត្រាការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន យាយតាមកចៅ ប្ដីមកប្រពន្ធសម្រាប់អំណោយមួយលើក ឬមរតកនោះ យើងនឹងបន្ដមិនយកពន្ធទេ … ពន្ធទោចក្រយានយន្ដ ដែល(សំរាប់អ្នក)ជិះម៉ូតូ កង់បី រដ្ឋនឹងមិនយកពន្ធផ្លូវទេ។ យើងមិនយកស្រាប់តាំងពី ២០១១ ហើយយើងនឹងបន្ដមិនយកទៀត។ ហ្នឹងហើយក្រៅពីមិនបង្កើត(ពន្ធ)ថ្មី មិនបង្កើននូវអ្វីដែលមានស្រាប់។ អ្វីដែលយើងមិនបានយក នឹងបន្ដមិនយកតទៅទៀត។ នេះសុំឲ្យច្បាស់រឿងយកពន្ធនេះ។ ការលុបបំបាត់ភាស៊ី ការបង់ភាស៊ីផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្រ្ចែង កញ្ជើ ល្អី តាមទីផ្សារនានា ទូទាំងប្រទេស រដ្ឋបន្ដមិនយកភាស៊ីនេះទេ។
កន្លងទៅមានការជ្រួលច្របល់ថា តាំងពី ហ៊ុន ម៉ាណែត ឡើងមកកញ្ច្រែង កញ្ជើ ល្អី នេះក៏គេយកដែរភាស៊ី។ អត់ទេ។ រដ្ឋអត់មានគោលនយោបាយយកទេ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើល។ ប្រយ័ត្នមានគេទៅយកអាហ្នឹងគឺខុសហើយ។ រដ្ឋនៅបន្ដមិនយកនូវភាស៊ីពីបងប្អូនដែលលក់តាមកញ្ច្រែង កញ្ជើ ល្អីនោះទេ … អាជីវករ ដែលលក់ដូរនៅតាមទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្ដង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនោះឲ្យទៅកូនចៅ និងអ្នកដទៃបាន។ នេះគឺជាអ្វីដែលយើងបានអនុវត្ដកន្លងទៅ ហើយដែលរាជរដ្ឋាភិបាលថ្មីនៅតែបន្ដលើកលែងមិនយកសម្រាប់បងប្អូនបន្ដទៀត។
យើងមិនបង្កើត(ពន្ធ)ថ្មី មិនដំឡើងពន្ធដែលមានស្រាប់ អ្វីដែលយើងបានចេញគោលនយោបាយមិនយកទាំងពន្ធ ទាំងភាស៊ី។ ចំពោះគោលនយោបាយដាក់ចេញដើម្បីបន្ធូរបន្ថយលើអីយ៉ាងម៉េចទៀតសម្រាប់ពន្ធដែលមានស្រាប់ នៅខែ១១ នេះ យើងនឹងចេញមកបន្ថែមទៀត ក្រោយពីការពិគ្រោះយោបល់ជាមួយនឹងវិស័យឯកជនដែលពាក់ព័ន្ធជាមួយនឹងបងប្អូនទាំងអស់។ សួរថា ម៉េចខ្ញុំកម្មករ/ការិនី ជជែកជាមួយនឹងវិស័យឯកជន។ វិស័យឯកជនហ្នឹងហើយជាអ្នកបង្កើតការងារជូនបងប្អូន។ បើសិនជារដ្ឋជួយបន្ធូរឲ្យគាត់ស្រួលរកស៊ីក្នុងពេលលំបាកនេះ ក៏ជួយធានានូវការងារឲ្យបងប្អូនគ្រប់វិស័យទាំងអស់ដែរ អញ្ចឹងស្មើនឹងជួយបងប្អូនទាំងអស់គ្នា។
(៣០) រៀបចំយន្តការឲ្យមានប្រសិទ្ធភាព កុំឲ្យជាន់គ្នា, ពង្រឹងយន្តការឆ្លយតបជាមួយប្រជាជន, ធានាក្រមសីលធម៌មន្ត្រីពន្ធដារ កុំឲ្យមានការអនុវត្តខុសគោលការណ៍
ខ្ញុំសុំអញ្ចេះ … ទី១ ខ្ញុំសុំអរគុណណាស់ ហើយកោតសរសើរចំពោះមន្រ្តីគយ មន្ត្រីពន្ធដារកន្លងទៅ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួននៅក្នុងការកៀរគរចំណូលជូនរដ្ឋ។ អ្នកប្រមូលមានតិច ២ ទៅ ៣ ស្ថាប័ន ប៉ុន្តែអ្នកចាយមានរាប់សិបស្ថាប័ន។ ការលំបាកណាស់។ ប្រជាពលរដ្ឋដែលត្រូវការចំណាយ ១៧ លាននាក់ត្រូវការជួយទាំងអស់។ អញ្ចឹងបងប្អូនខំប្រឹងធ្វើការណាស់ ប៉ុន្តែដើម្បីជំនួយក្នុងការអនុវត្តនេះឲ្យបានល្អ សុក្រឹតភាពឲ្យកាន់តែប្រសើរ ហើយចៀសវាងផលប៉ះពាល់ទាំងឡាយណា ខ្ញុំ និងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជជែកគ្នា នឹងធ្វើកិច្ចការ ពិនិត្យបន្ថែមទៀត ការងារប៉ុន្មានចំណុចជូនដល់អគ្គនាយកដ្ឋានពន្ធដារ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យត្រូវដឹកនាំនៅក្នុងនោះ។ ទី១ សុំពិនិត្យរៀបចំយន្តការឲ្យកាន់តែមានប្រសិទ្ធភាព កុំឲ្យជាន់គ្នា កុំឲ្យមានពន្ធ ២ ឬ ៣ តង់ បានន័យថាមន្រ្តីពន្ធទៅធ្វើការកុំឲ្យច្រើនជាន់គ្នាពេក។ ទុកឲ្យអ្នកណាទៅធ្វើឲ្យដាច់ស្រេចទៅ ទុកឲ្យធ្វើការជាមួយនឹងវិស័យឯកជន ដើម្បីឲ្យងាយស្រួល។ ហ្នឹងគឺកិច្ចការ មួយដើម្បីធ្វើយ៉ាងម៉េចឲ្យវិស័យឯកជនងាយស្រួលធ្វើការ ឲ្យមានភាពច្បាស់លាស់ កុំឲ្យជាន់គ្នា។ សម្រួលនីតិវិធី ព្រោះកន្លែងខ្លះមានការធ្វើជាន់គ្នា ធ្វើឲ្យមានការស្រពេចស្រពិលផ្ទៃក្នុងគយ។
ទី២ ពង្រឹងយន្តការឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋ។ ពន្ធដារបានបង្កើតនូវ call center ហើយគ្រាន់តែមួយឆ្នាំនេះ ជាង ១០ ម៉ឺន call ដែលហៅទៅ ក្រែងលោប្រជាពលរដ្ឋមានកង្វល់ មានបញ្ហាអីទូទៅ បង្កើននិងពង្រឹងប្រសិទ្ធភាពនេះ ដើម្បីឆ្លើយតបក្រែងលោប្រជាជនមានបញ្ហាអី ខំប្រឹងដោះស្រាយជូនគាត់។ បង្កើនការប្រើប្រាស់ប្រព័ន្ធ IT ដើម្បីជំនួសនីតិវិធីមនុស្សទាំងអស់ ដើម្បីឲ្យគេស្រួល បំពេញពន្ធអីអញ្ចឹងលឿន ហើយកុំឲ្យមានបញ្ហាច្រើន ជួយដើម្បីស្រួល។
ចុងក្រោយ គឺធានានូវក្រមសីលធម៌របស់មន្រ្តីពន្ធដារ និងក្រមគ្រប់គ្រង កុំឲ្យមានការអនុវត្តលើស។ កន្លងទៅបងប្អូនភាគច្រើនណាស់ខំប្រឹងបំពេញភារកិច្ចមន្រ្តីពន្ធដារ ប៉ុន្តែរាប់ពាន់នាក់ពេលខ្លះមានការអនុវត្តលើស។ ខ្ញុំឃើញប៉ុន្មានរឿងហើយដែលគេប្តឹងមកខ្ញុំ។ ខ្ញុំឲ្យ បងបុល មើលភ្លាម។ ជួនកាលអ្នកចុះអនុវត្តហ្នឹង គាត់មិនច្បាស់លាស់ខ្លួនឯង។ គាត់ទៅពន្យល់គេ ឲ្យប្រជាជនមានកង្វល់ តាមពិតរឿងប៉ុណ្ណេះសោះ។ អញ្ចឹងគឺថាក្រមសីលធម៌ និងការអនុវត្តរបស់មន្រ្តីពន្ធដារ បងប្អូនច្រើនបានល្អហើយ តែបងប្អូនមួយចំនួនត្រូវអគ្គនាយកដ្ឋានពន្ធដារធ្វើយ៉ាងណាធានាឲ្យការអនុវត្តរបស់មន្រ្តីពន្ធដាររបស់យើងទាំងអស់ ជាពិសេសកុំឲ្យអនុវត្តលើស។ ពាក្យថាអនុវត្តលើសនេះ គួរតែយល់ហើយ។ ឲ្យធ្វើកម្រិតណាយល់ បើមិនច្បាស់សួរថ្នាក់លើ កុំឲ្យមាន(ប៉ះ)ប្រជាពលរដ្ឋ ព្រោះជួនកាល ៩៩ នាក់ធ្វើត្រឹមត្រូវ ហើយ ១ នាក់ បង្កើតរឿងបញ្ហា ធ្វើឲ្យគេវាយប្រហារស្ថាប័នទាំងមូល។
រឿងនេះ ក៏បានជជែកជាមួយឯកឧត្តម គង់ វិបុល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ហើយបងប្អូនពន្ធដារភាគច្រើនដូចខ្ញុំនិយាយ សូមកោតសរសើរបងប្អូនដែលខិតខំប្រឹងប្រែងអនុវត្តបានល្អ ប៉ុន្តែត្រូវកាត់បន្ថយនីតិវិធីកុំឲ្យជាន់គ្នា។ ត្រូវសម្រួលឲ្យងាយស្រួល ដើម្បីឲ្យបងប្អូនងាយស្រួលធ្វើការ កាត់បន្ថយតម្លៃនៅក្នុងការធ្វើ ហើយជាពិសេសកុំអនុវត្តលើស។ ពាក្យខ្លះនៅក្នុង Facebook ដាក់មកខ្ញុំហ្នឹង មន្រ្តីមួយចំនួនតូចគាត់អនុវត្តលើសដោយអចេតនាឬចេតនា។ អ្នកខ្លះថាអនុវត្តលើសដើម្បីចរចា កុំឲ្យមានរឿងហ្នឹង …។
ដូចខ្ញុំនិយាយ កុំឱ្យមន្ត្រីមួយចំនួនតូចទៅធ្វើការ(ខុស នាំឲ្យខូចស្ថាប័នទាំងមូល)។ ថ្ងៃមុនមានរឿងមួយមន្ត្រីកិច្ចសន្យារបស់ពន្ធដារគាត់មិនអនុវត្តតាមនីតិវិធី។ គាត់មិនដើរតួជាមន្រ្តីពន្ធដារ គាត់ទៅដើរជាមន្ត្រីភ្នាក់ងារសម្របសម្រួល។ គាត់ចង់ charge លុយទៅលើរឿងអីមួយ។ តាមពិតមិនមែនគោលការណ៍របស់ពន្ធដារទេ ដល់គាត់ទៅធ្វើអញ្ចឹង គាត់ធ្វើឱ្យគេយល់ច្រឡំថាពន្ធដារដើរកៀបកគេ។ អញ្ចឹងបានចាត់វិធានការភ្លាម ក៏ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ហើយ ឯកឧត្តម គង់ វិបុល កាត់ចេញតែម្តង ព្រោះជាមន្ត្រីកិច្ចសន្យា។ កុំឱ្យមនុស្សម្នាក់ពីរនាក់ មួយចំនួនតូច ធ្វើឱ្យខូចស្ថាប័នទាំងមូលនៅពេលដែលបងប្អូនជាច្រើនខំប្រឹងប្រមូលពន្ធ ដើម្បីយើងយកមកធានាចំណាយ ជួយដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។
សុំអគ្គនាយកដ្ឋានពន្ធដារយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ រឿងពន្ធដារមិនមែនតែរឿងពន្ធដែលត្រូវដាក់ វាត្រូវទាំងរឿងការអនុវត្តផង ទាំងនីតិវិធី ទាំងមនុស្ស ធ្វើយ៉ាងណាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងត្រឹមត្រូវ ដើម្បីឱ្យជាស្ថាប័នមួយដែលប្រជាពលរដ្ឋយើងបានស្រឡាញ់អបអរសាទរ។ ក្នុងប៉ុន្មានអាណត្តិមកនេះគឺមានការសាទរច្រើន តែយើងក៏ត្រូវទទួលស្គាល់នូវចំណុចខ្វះខាត ឆកល្វែង ដែលត្រូវទទួលធ្វើ ត្រូវពង្រឹងឡើង ដើម្បីឱ្យវាជាយន្តការមួយដែលប្រជាពលរដ្ឋ ជាពិសេសវិស័យឯកជនអាចជឿទុកចិត្តបាន។ ពង្រឹងក្រមសីលធម៌ នីតិវិធី និងការអនុវត្តត្រឹមត្រូវរបស់មន្ត្រីរបស់យើងគ្រប់រូប កុំឱ្យមានការអនុវត្តលើស ឬមួយក៏ខុសគោលការណ៍តទៅទៀត …។
(៣១) បោះឆ្នោតជូនគណបក្សប្រជាជនកាន់តែច្រើន កាន់តែសកម្មបម្រើប្រជាពលរដ្ឋ, វប្បធម៌សន្ទនាទាមទារសុឆន្ទៈនិងភាពស្មោះត្រង់
ខ្ញុំបិទវង់ក្រចកវិញ។ រឿងម៉ែកាពៅតែប៉ុណ្ណឹងទេ … រាជរដ្ឋាភិបាលខ្មែរគ្មានលុយច្រើនដូចប្រទេសជិតខាងខ្លះ … ប៉ុន្តែរដ្ឋាភិបាលក៏មិនចាយលុយតិចដែរក្នុងរាប់សិបឆ្នាំនេះ។ ប្រជាពលរដ្ឋយើង ១៧ លាននាក់ ក្នុង ៩ខែនេះ យើងចំណាយ ៤០០លានដុល្លារទៅហើយ។ នៅប្រទេសខ្លះគាត់ប្រជាពលរដ្ឋ ៧០លាន ៨០លាននាក់ កាត់ចំណាយ ៦០០លាន ៧០០លាន។ យើងមិនចង់ប្រៀបធៀបលុយទេ ប៉ុន្តែអ្វីដែលសំខាន់គឺការទុកចិត្ត ការយកចិត្តទុកដាក់របស់ឪពុកម្តាយ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ … អ្វីដែលយើងជួយគ្នាជួយហើយ ជាពិសេសក្នុងកាលៈទេសៈដែលលំបាកទាំងអស់គ្នា រដ្ឋាភិបាលនឹងនៅជាមួយបងប្អូន នឹងនៅបន្តជួយគ្នាទៅទៀត តិចឬច្រើនយើងត្រូវជួយគ្នាតទៅទៀត។
រឿង ឯកឧត្តម គង់ វិបុល និយាយ … ខ្ញុំនិយាយហើយ។ រឿងជាក់ស្តែង និងរឿងមន្ត្រីនិយាយញែកឱ្យដាច់ទៅ រឿងដែលខ្ញុំក្តាប់ ខ្ញុំដោះស្រាយ វិធីសាស្ត្រខ្ញុំដោះស្រាយ ប្រហែលជាបងប្អូនយល់ហើយ ទើប ៤០ថ្ងៃ ទេ អាចមិនទាន់ដឹងពីរបៀបខ្ញុំធ្វើការ។ ឥឡូវខ្ញុំសុំជម្រាបថា របៀបខ្ញុំធ្វើការ ទោះពេលខ្លះខ្ញុំមិនបានចេញសារតាមហ្វេសប៊ុក ឬមួយតាមអីក៏ដោយ តែខ្ញុំធ្វើរហូត ខ្ញុំបញ្ចេញរហូត ខ្ញុំចាត់ចែងរហូត … គិតគូរ រឿងកំណែទម្រង់រឿងអី … ខ្ញុំខ្វល់ ឱ្យតែរឿងអីបងប្អូនមានការ … រឿងបុគ្គលខ្ញុំអត់ដោះស្រាយទេ … បងប្អូនចង់ទុកពេលឱ្យនាយករដ្ឋមន្ត្រីប្រមូលផ្ដុំដោះស្រាយបញ្ហាកង្វល់ធំរបស់បងប្អូនមែនទេ? ចែកគ្នាធ្វើការ ជាជាងនាយករដ្ឋមន្ត្រីធ្វើអីទាំងអស់មែនអត់? កាលសម្ដេចតេជោ ក៏ដូចគ្នា។ លោកមានភារកិច្ចច្រើនណាស់ ពេលខ្លះលោកចេញសារ តែភាគច្រើនលោកប្រគល់ទៅឱ្យក្រសួង/ស្ថាប័ន ឧទាហរណ៍រឿងដីធ្លី លោក Copy ដេញឱ្យចៅហ្វាយខេត្តដោះភ្លាម សាលានៅណា គាត់ដេញឱ្យដោះភ្លាមដូចតែគ្នា រាជរដ្ឋាភិបាលដូចគ្នា។ ដល់ខ្ញុំនិយាយអញ្ចឹងតិចថា កូនគ្មានអីថ្មី Copy តែឪ ខុសតែរហូត …។
លោកអ្នកវិភាគ បើថាវិភាគយកគ្រប់ជ្រុងជ្រោយ មើលឱ្យគ្រប់ទិសផង … មិនមែនជារឿងដែលខ្ញុំឆ្លើយឆ្លងទៅអ្នកនោះទេ។ ខ្ញុំចង់ផ្សាយថា បងប្អូនប្រជាពលរដ្ឋដែលអង្គុយស្ដាប់គេគ្រប់ពេល ហើយអត់លឺខាងរដ្ឋាភិបាលពន្យល់ ថ្ងៃនេះខ្ញុំសូមយកពេលនេះដើម្បីពញ្ញាក់ឱ្យបងប្អូនបានជ្រាបថា រដ្ឋាភិបាលរបស់យើងបានតែងតែគិតគូរគ្រប់ជំហានឱ្យប្រជាពលរដ្ឋ។ តាំងពីមុនរដ្ឋាភិបាលកើត ក្រោយរដ្ឋាភិបាលកើត ក្នុង ៤០ថ្ងៃនេះ យើងបានដោះស្រាយច្រើនណាស់។ ខ្ញុំធ្វើការទាំងយប់/ថ្ងៃ ទាំងក្នុងប្រទេស និងចេញទៅក្រៅប្រទេសគឺស្រាយកង្វល់រឿងសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនេះឯងហ្នឹងហើយ … ខ្ញុំមិនឈប់ទេ ខ្ញុំនឹងបន្តធ្វើតទៅទៀតជូនប្រជាពលរដ្ឋរបស់យើង ដរាបណាបងប្អូននៅតែមានជឿទុកចិត្ត។ បងប្អូនបានផ្ដល់ការទុកចិត្តហើយឱ្យបោះឆ្នោត ៨២,៣% ជូនគណបក្សប្រជាជន (ស្មើនឹង)៦លាន ២សែននាក់ បោះកាន់តែច្រើនយើងធ្វើការកាន់តែច្រើនជូនប្រជាពលរដ្ឋ …។
អ្នកខ្លះជេររហូត។ លោកយាយមួយនោះ លើកគ្នាទៅបាតុកម្មជេរខ្ញុំ សុទ្ធតែត្រកូល ហ៊ុន អាក្រក់ ក្បត់ជាតិ ចុះចេញ។ និយាយចប់គេដកឃ្លាបន្តិចថា លោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលថ្មី គួរតែយើងមានវប្បធម៌សន្ទនា ហើយដាក់(ការ)សន្ទនាជេរឯងតទៅទៀត។ សន្ទនាយ៉ាងម៉េច បើជេររហូត? ដាក់បណ្ដាសាខ្ញុំរហូត … រឿងវប្បធម៌សន្ទនាវាដើរទាល់តែភាគីទាំង ២ ឯកភាពគ្នា យល់គ្នា។ មែនទេ? … វប្បធម៌សន្ទនានេះ សម្តេចតេជោធ្លាប់រៀបចំម្តងជាមួយអតីតមេគណបក្សសង្គ្រោះជាតិ ដឹកដៃគ្នាទៅអង្គរសង្គ្រាន្តអីនោះ ប៉ុន្តែវប្បធម៌សន្ទនាដើរបាន ទាល់តែភាគីទាំងពីរយល់គ្នា ហើយមានអីនិយាយគ្នា អនុគ្រោះគ្នា។ ប៉ុន្តែមិនដើរ វាទៅបរាជ័យវិញ។ ដោយសារអី? ពេលដែលត្រូវគ្នា ដឹកដៃគ្នា គាត់ហៅទាំងកូនគាត់មកជួបជាមួយខ្ញុំ ជាមួយសម្តេចតេជោបាយជាមួយគ្នា ថាយើងមានអ្វីនិយាយគ្នា ស្រាប់តែគាត់ចេញទៅស្រុកបារាំង ជេរសម្តេចកប់ៗ មាត់បណ្តោយ។
ឥឡូវកូនចៅគាត់ដូចគ្នា។ ថាកាលមុនទៅចុះ គាត់ឈ្លោះជាមួយឪខ្ញុំ ឥឡូវមកដល់ជំនាន់កូនហើយនៅប្រើវប្បធម៌ហ្នឹងទៀត។ ដៃម្ខាងស្រែកថាចង់សន្ទនា តែពេលជាមួយគ្នាហ្នឹង ជេរខ្ញុំកប់មាត់រាល់ពេល។ តើសន្ទនាស្អីឥឡូវ? តើសុឆន្ទៈនិងភាពស្មោះត្រង់នៅកន្លែងណា? មេគាត់ចាស់ សន្ទនាហើយបានជេរ។ បើអ្នកក្រោយនេះ ជេរហើយ បានបបួលឯងសន្ទនា ហើយជេរទៀត … មិនទទួលស្គាល់រដ្ឋាភិបាល សុទ្ធតែរដ្ឋាភិបាលខុសច្បាប់ រដ្ឋាភិបាលឡើងតាមជើងខោឪ ចុះចេញទៅ យករូបថតខ្ញុំ និងសម្តេចតេជោ ទៅជាន់ទៀត … ខ្ញុំមិននិយាយទេ បុណ្យទាន … ម្នាក់នោះពូកែជេរខ្ញុំ។ ជេរទៀតទៅចុះ។ បុណ្យភ្ជុំ ខ្ញុំនៅនេះដំឡើងប្រាក់ខែឲ្យកម្មករ/ការិនី។ ម្សិលមិញយកមករៀបចំបុណ្យឯករាជ្យឲ្យបានល្អ បុណ្យអុំទូកឆ្នាំនេះឲ្យបានសប្បាយ។ ទុកឲ្យខ្ញុំសប្បាយជាមួយអ្នកក្នុងស្រុក។ វប្បធម៌សន្ទនានិយាយមកខ្មាសក្មេង។ បើជេរក្មេងហើយបបួល ក្មេងមិនឆ្លើយ ហើយជេរក្មេងទៀត ហើយក្មេងអត់ត ហើយថាក្មេងមិនចូលចិត្តសន្ទនាជាមួយមនុស្សចាស់ មើលខ្លួនឯងផង មនុស្សចាស់ហ្នឹង តើមនុស្សចាស់ប្រភេទអ្វី? …
អំណោយ អរគុណណាស់ថ្ងៃនេះដែលបានចូលរួម ហើយអរគុណណាស់ជាថ្មីម្តងទៀតចំពោះការរៀបចំ ឯកឧត្តម លោកជំទាវ ដែលបានចូលរួមថ្ងៃនេះ។ ហើយអរគុណបងប្អូនទាំងអស់ដែលបានរួមគ្នា យោគយល់គ្នា ក្នុងស្មារតីជាកូនខ្មែរតែមួយ រួមគ្នាកសាងប្រទេសជាតិយើងទៅទៀត ហើយជាពិសេស បងប្អូនកម្មករ/ការិនី និងក្រុមគ្រួសារដែលជាកម្លាំងរបស់ជាតិរបស់យើង។ សូមអរគុណ និងជូនពរជោគជ័យគ្រប់គ្នា។ ហើយថ្ងៃនេះ ខ្ញុំសុំក៏មានសម្រាប់បងប្អូនកម្មករ/ការិនី ដែលចូលថ្ងៃនេះ ១៨ ០៩៩ នាក់ ម្នាក់ទទួលបានអាហារសម្រន់ ហើយថវិកា ២ ម៉ឺនរៀល។ ហើយចំពោះកម្មករ/ការិនី មានផ្ទៃពោះ ៦៨៩ នាក់ ក្នុងម្នាក់ថវិកា ២០០ ដុល្លារបន្ថែមទៀត។ ហើយមិញថាមានម្នាក់មកហ្នឹងកើតកូន អញ្ចឹងចុងកម្មវិធីនេះ ឯកឧត្តម សេង ទៀង ចាំជូនថវិកាបន្ថែម ៤ លានបន្ថែមទៀត គ្រប់ខែហើយខំមក សម្រាលព្រឹកមិញ។ ហើយជូនក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល ហើយនឹងជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀលផងដែរ៕