នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមសំណេះសំណាលក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានចំនួនសរុប ១៨,០៩៩នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះ ៦៨៩នាក់។ កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាសចំនួន២២ រួមមាន៖ រោងចក្រកាត់ដេរចំនួន១៨, ផលិតផលធ្វើដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆ័ត្រចំនួន១។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។ សម្ដេចធិបតីបន្តថា ទោះបីជាបច្ចុប្បន្នប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលមានការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេសជាមួយកម្ពុជា គឺមិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត។ ចំណែកអគ្គិសនីកម្ពុជា ត្រូវបន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល។ សម្ដេចធិបតីបានមានប្រសាសន៍ថា ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្ដាក្រសួងស្ថាប័នទាំអស់ នៅពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺមានគោលដៅចំបងបំផុតធ្វើយ៉ាងណាដើម្បីទាញផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
នៅថ្ងៃនេះ សម្ដេចធិបតីបានសម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថនេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។សម្ដេចធិបតីបញ្ជាក់ថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយ រឿងមិនពិត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាឱ្យពលរដ្ឋខឹងស្អប់មកលើរាជរដ្ឋាភិបាល។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការប្រតិកម្មពីប្រជាពលរដ្ឋ សម្ដេចធិបតី បានណែនាំដល់ក្រសួងវប្បធម៌ ក្នុងការដោះស្រាយ នឹងពន្យល់ដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះ សម្ដេចធិបតី ក៏បានយកករណីនេះ ពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ក្នុងការដោះស្រាយលើករណីនេះផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ទៀតថា ករណីមួយចំនួនដែលបានកើតឡើង ដូចជាករណីពន្ធដារជាដើម សម្ដេច បានផ្ដល់សិទ្ធិដល់ក្រសួង ស្ថាប័នសាមី ជាអ្នកធ្វើការដោះស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ដែលនេះ គឺជារបៀបរបបក្នុងការធ្វើការងាររវាងនាយករដ្ឋមន្រ្ដីជាមួយស្ថាប័នពាក់ព័ន្ធ។សម្ដេចធិបតីបានមានប្រសាសន៍ថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែលសម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះគឺ ទី១)គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២)បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣)ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផែនការសកម្មភាពបានរៀបចំរួចហើយ គឺរដ្ឋាភិបាលនឹងចំណាយថវិកា៣៦លានដុល្លារ ក្នុង១ឆ្នាំលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជន ក្នុងគ្រួសារក្រីក្រចំនួន ១,៥ លាននាក់នាពេលខាងមុខនេះ។ សម្ដេចធិបតីបានមានប្រសាសន៍ថា នៅពេលនាយករដ្ឋមន្រ្ដីថៃ អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីថៃ ក៏បានពិភាក្សាគ្នាក្នុងការពង្រីកបន្ថែមជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការជាច្រើនទៀត នៅតាមច្រកព្រំដែនប្រទេសទាំងពីរផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា នាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន សម្ដេចនឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជនគឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។
ទាក់ទងរឿងពន្ធដា សម្ដេចធិបតី បញ្ជាក់ថា រឿងពន្ធដារ ជាគោលការណ៍ដោះស្រាយរួម នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្ដែអ្វីដែលសម្ដេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋ នាព្រឹកនេះ គឺរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋឡើយ។សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥០០០ ដុល្លារនោះទេ ។ ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ទោចក្រយានយន្ត ក៏បន្តមិនយកពន្ធដែរ។
សម្ដេចធិបតី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។សម្ដេចធិបតីបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្ដីនៅតាមក្រសួងស្ថាប័ននីមួយៗ កុំអនុវត្តលើសចំពោះនីតិវិធីនៃការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យសោះ ចំពោះការអនុវត្តនីតិវិធីរបស់ខ្លួន។ ករណីនេះដើម្បីកុំឱ្យបុគ្គល ១នាក់ ២នាក់ ទៅធ្វើឱ្យប៉ះពាល់ដល់ការខិតខំរបស់រាជរដ្ឋាភិបាល។
នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា របៀបធ្វើការរបស់សម្ដេចទោះពេលខ្លះ មិនបានចេញសារដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ ឬតូច គឺសម្ដេចបានពិនិត្យដោះស្រាយ និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់ ក្នុងការដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង១២ ទៅ ១ នាទីយប់ សម្ដេចនៅតាមដានព័ត៌មានដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីរុញទៅឱ្យស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយជាបន្ទាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាប្រជាពលរដ្ឋបោះឆ្នោតជូនកាន់តែច្រើន រាជរដ្ឋាភិបាលនឹងបម្រើ និងដោះស្រាយជូនដល់ពួកគាត់កាន់តែច្រើន ពោលគឺរាជរដ្ឋាភិបាលគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជំហាន និងគ្រប់កាលៈទេសៈទាំងអស់ មិនថាសម្តេចទៅបេសកកម្ម នៅក្រៅប្រទេសនោះក្ដី៕