រដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគាំទ្រកំណែទម្រង់ ដើម្បីឱ្យក្លាយទៅជាសភាឌីជីថល នាពេលខាងមុខ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ នាយករដ្ឋមន្រ្តីថៃ ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែសកម្មទ្វេ ឡើងនៅក្នុងនោះ រដ្ឋសភាកម្ពុជាក៏បានស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគាំទ្រដល់ រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។

នេះបើតាមលទ្ធផល នៃជំនួបរវាង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងនាយករដ្ឋមន្រ្តីថ្មីថៃរូបនេះ បំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ លោក សេដ្ឋា ថាវីស៊ីន និងបានវាយតម្លៃខ្ពស់ចំពោះការណ៍ដែលលោកបានជ្រើសរើសកម្ពុជា ជាប្រទេសទីមួយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្រោយពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព»។

ជាមួយគ្នានេះលោក សេដ្ឋា ថាវីស៊ីន បានសម្តែងនូវក្តីរំភើប និងរីករាយជាខ្លាំង ដែលសមភាគីកម្ពុជាបានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ទំាងនៅខាងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា។ លោកនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។

លោក សេដ្ឋា ថាវីស៊ីន បានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល ឯកឧត្តម បានពិភាក្សានិងឯកភាពជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យមានការរីកចម្រើនថែមទៀត ទំាងផ្នែកសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង ឯកឧត្ដមនាយករដ្ឋមន្រ្ដី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះថាជាជំនួបដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ លោកនាយករដ្ឋមន្រ្តីថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។

ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ