ផ្ញើជូនឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង រដ្ឋលេខាធិការដ្ឋាន ចំណុះរាជរដ្ឋាភិបាលទាំងអស់,
យោងលើតំរូវការចាំបាច់ចំពោះមុខ ដើម្បីធានានូវនិរន្ដរភាពនិងប្រសិទ្ធភាពការងារ សំរាប់ដំណើរការរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋានទាំងអស់ចំណុះឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមរំលឹកដាស់តឿន ឯកឧត្តម លោកជំទាវរដ្ឋមន្ដ្រី អំពីកិច្ចការចំាបាច់និងជាអាទិភាព ពាក់ព័ន្ធទៅនឹងការរៀបចំដំណើរការក្រសួងនិងរដ្ឋលេខាសធិការដ្ឋាននិមួយៗ ដោយយកចិត្តទុកដាក់លើកិច្ចការមួយចំនួន (ដូចខាងក្រោម)៖
ទី១ ក្រសួងដែលមិនទាន់បានធ្វើការបែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឲ្យចប់ក្នុងសប្ដាហ៍ក្រោយនេះ ដើម្បីធានានិរន្ដរភាពនិងប្រសិទ្ធភាពទាំងលើការដឹកនាំ ទាំងលើការអនុវត្ដការងាររបស់ក្រសួងស្ថាប័ន។
ទី២ ក្នុងការកំណត់ការបែងចែកភារកិច្ចនិងការទទួលខុសត្រូវជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ត្រូវធានាឲ្យបាននូវការបែងចែកបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាពជាស្ថាប័ននិងប្រសិទ្ធភាពការងារ ជៀសវាងការលូកដៃលើការដឹកនាំផ្ទាល់នៃអង្គភាពជំនាញរបស់ក្រសួងស្ថាប័ន ដោយមិនឆ្លងឬរំលងឋាណានុក្រមបច្ចេកទេស។
ប្រសិនបើមានការរៀបចំឲ្យមន្ដ្រីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុកលើការជួយការងាររបស់នាយកដ្ឋាន មិនត្រូវ អនុញ្ញាតអោយមានការរំលងឋានានុក្រមផ្នែកបច្ចេកទេស ដូចជាការរំលងឬមិនឆ្លងការដឹកនាំថ្នាក់អគ្គនាយកដ្ឋាន ឬលេខាធិការដ្ឋាននោះទេ។ ត្រូវចាំចាត់ទុកថា ការធានាឯកភាព សាមគ្គីភាព និងសុខដុមរមនានីយកម្ម នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ជាការលើកកម្ពស់ប្រសិទ្ធភាពការងារ ជាការងារអាទិភាពដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា។
ទី៣ ចំពោះមុខ ត្រូវខិតខំធានាឲ្យបាននិរន្ដរភាពនិងស្ថេរភាពនៃការអនុវត្ដការងារក្នុងស្ថាប័ន។ ក្នុងករណីចាំបាច់ដែលត្រូវធ្វើវិចារណកម្មមុខងារថ្នាក់បច្ចេកទេស និងរៀបចំមន្ដ្រីឡើងវិញ ត្រូវគិតគូរលើគោលការណ៍ជាមូលដ្ឋានចំនួនពីរដែលខ្ញុំធ្លាប់បានណែនាំកន្លងមកនេះ។
(ទី១) គោលការណ៍គុណាធិបតេយ្យដែលផ្អែកជាចំបងលើគុណសម្បតិ្ដ ស្នាដៃ ការងារ សមត្ថភាព ចំណេះ ទេពកោសល្យ និងក្រមសីលធម៌របស់មន្ដ្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទី២ គោលការណ៍គុណធម៌ ដើម្បីធានាបានឯកភាពនិងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន។
ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់រៀបចំចាត់តាំងប្រគល់ភារកិច្ចជូនមន្ដ្រី ដោយផ្អែកលើមូលដា្ឋននៃការប្រមូលផ្ដុំមន្ដ្រីជាកំលាំងសរុបរបស់ស្ថាប័ន តាមរយ
ៈការធ្វើសុខដុមរមនានីយកម្មនិងការរៀបចំមន្ដ្រីចាស់ដែលមានបទពិសោធន៍និងជំនាញ និងមន្ដ្រីថ្មីដែលជាកំលាំងថ្មី បានរួមគ្នាធ្វើការជាមួយគ្នា តាមទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេងមានកំលាំង»។ ធ្វើយ៉ាងនេះគឺសំដៅលើកម្ពស់ស្ថាប័នឲ្យកាន់តែរឹងមាំនិងប្រកបដោយប្រសិទ្ធភាព។
សូមឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់អនុវត្ដឲ្យមានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមអរគុណ