(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០។
កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយមន្ត្រីជានខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។
កិច្ចប្រជុំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partnership) ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ (Dialogue Dartnership) ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕