សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់
(១) ការបោះឆ្នោតឆ្នាំ ២០២៣ ជាការបោះឆ្នោតបំបែកឯតទគ្គកម្មការបោះឆ្នោតកន្លងទៅ
មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រជាទីសក្ការៈ ដើម្បីទូលថ្វាយអំពីការបោះឆ្នោតនិងដំណើរការត្រូវរៀបចំនៅពេលខាងមុខ។ ជំហានដំបូងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេននិងជម្រាបជូនចំពោះបងប្អូនជនរួមជាតិថា ការបោះឆ្នោតរបស់យើងនៅក្នុងឆ្នាំ ២០២៣ នេះ គឺជាការបោះឆ្នោតបំបែកនូវឯតទគ្គកម្ម(ការបោះឆ្នោត)ដែលបានរៀបចំកន្លងទៅ នៅត្រង់ថា បើទោះជាមានការញុះញង់បង្កចលាចល រារាំងប្រជាជនមិនឲ្យទៅបោះឆ្នោតក៏ដោយ ក៏អត្រានៃការចូលរួមបោះឆ្នោតមានរហូតទៅដល់ ៨៤,៥៨ ភាគរយ ជាតួលេខបណ្តោះអាសន្ន បើយើងប្រៀបធៀបទៅនឹងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ដែលពេលនោះមានត្រឹមតែ ៦៩,៦១ ភាគរយប៉ុណ្ណោះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ មានត្រឹមតែ ៨៣,០២ ភាគរយ និងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២ កន្លងផុតទៅនេះគឺចំនួនត្រឹមតែ ៨០,៣២ ភាគរយ។ ជាមួយនឹងចលនានៃការប្រឆាំងការបោះឆ្នោតដែលជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក៏ចាត់ទុកថាជាថ្ងៃបុណ្យរបស់ប្រជាជនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។
(២) សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកើនជាង ១ លានសម្លេង ធៀបការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២
យើងឃើញថាប្រជាជនបានបង្ហាញនូវភាពចាស់ទុំខាងនយោបាយក្នុងដំណើរការប្រជាធិបតេយ្យ ដោយចូលរួមការបោះឆ្នោតយ៉ាងច្រើនកុះករដែលមានសមាមាត្រខ្ពស់បំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរគុណចំពោះប្រជាជននៅទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំថ្លែងនូវអំណរព្រះគុណ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានផ្តល់ការជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដោយបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាមានអត្រារហូតទៅដល់ ៨២,៣០ ភាគរយ គឺកើនជាង ១ លានសម្លេង បើប្រៀបធៀបជាមួយនឹងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់កាលពីឆ្នាំ ២០២២។ តាមពិតទៅ តួលេខនេះគឺត្រូវប្រកាសដោយគណកម្មការជាតិរៀបចំការបោះឆ្នោតជាផ្លូវការ ប៉ុន្តែលទ្ធផលបោះឆ្នោតក៏ត្រូវបានប្រកាសជាបណ្តោះអាសន្នរួចហើយដែរ។ ខ្ញុំព្រះករុណាខ្ញុំ ឃើញថានេះជាសន្ទុះដ៏ខ្លាំងនៃដំណើរការប្រជាធិបតេយ្យម្ខាង និងម្ខាងទៀតគឺការជឿទុកចិត្តចំពោះគណបក្សប្រជាជនឲ្យដឹកនាំរាជរដ្ឋាភិបាល។
(៣) រៀបចំរាជរដ្ឋាភិបាលចាប់ពីដើមអាណត្តិ ដើម្បីធានាភាពរលូនឥតអាក់នៃដំណើរការរាជរដ្ឋាភិបាល
ក្រៅពីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្អូនជនរួមជាតិឲ្យបានជ្រាបថា យោងទៅលើការសម្រេចចិត្តរបស់គណៈអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា ហើយក៏យោងទៅលើការដែលខ្ញុំព្រះករុណាខ្ញុំ បានចូលទៅគាល់ព្រះមហាក្សត្រ ខ្ញុំព្រះករុណាខ្ញុំ សុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីប្រកាសថាខ្ញុំព្រះករុណាខ្ញុំ នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្រ្តីនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសខ្លួនថាជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ ហើយឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្រ្តីអនាគត តែសភាពការណ៍គឺបានតម្រូវឲ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាលចាប់ពីដើមអាណត្តិនេះទៅ ដើម្បីធានានូវភាពរលូននៃដំណើរការរាជរដ្ឋាភិបាលដោយគ្មានអាក់ខាន។ ប្រសិនបើខ្ញុំព្រះករុណាខ្ញុំបន្តធ្វើក្នុងរយៈ១ ឆ្នាំ ឬ២ ឆ្នាំ រួចហើយទើបលាលែងចេញពីតំណែង សភាពការណ៍នឹងមានអស្ថេរភាពក្នុងមួយរយៈកាល។ ដូច្នេះ វាមានការចាំបាច់ណាស់ដើម្បីឲ្យគណៈរដ្ឋមន្រ្តីថ្មីមួយដែលភាគច្រើនជាមនុស្សវ័យក្មេង ទទួលកិច្ចការដែលពួកគេត្រូវទទួលខុសត្រូវសម្រាប់ទៅថ្ងៃអនាគត។
(៤) លះបង់អំណាច បន្ទាប់ពីលះបង់ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន បញ្ចប់សង្គ្រាមនិងកំណែទំរង់
ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឥស្សរជនដទៃទៀត មានអាយុ ៧០ ឆ្នាំរួចទៅហើយ ឬលើស ៧០ ឆ្នាំ រហូតទៅដល់ជាង ៨០ ឆ្នាំ គប្បីត្រូវនៅពីខាងក្រោយខ្នង។ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់បន្តិចទៀតអំពីរបៀបរបស់ខ្ញុំព្រះករុណាខ្ញុំថានឹងចាត់ការយ៉ាងដូចម្តេច។ យើងត្រូវហានលះបង់។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែលះបង់សារជាថ្មីម្តងទៀតនូវអំណាច។ មុននោះខ្ញុំព្រះករុណាខ្ញុំ បានយកក្បាលរបស់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជន គឺរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ បន្ទាប់ទៅខ្ញុំព្រះករុណាខ្ញុំក៏បានយកក្បាលរបស់ខ្ញុំព្រះករុណាខ្ញុំទៅដោះដូរជាមួយនឹងសន្តិភាព ដោយខិតខំបញ្ចប់សង្រ្គាមនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងរយៈពេលដ៏យូរនៃប្រទេសកម្ពុជា។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានយកជីវិតនយោបាយរបស់ខ្ញុំព្រះករុណាខ្ញុំ ទៅដោះដូរជាមួយនឹងកំណែទម្រង់នានាដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានលទ្ធផលរហូតមកដល់ពេលនេះ។
(៥) ចាកចេញពីអំណាច តាមការរៀបចំទុកមុន ដើម្បីរក្សាស្ថេរភាពរយៈពេលវែង
ដូច្នេះ ហេតុអ្វីបានជាខ្ញុំព្រះករុណាខ្ញុំប្រញាប់ប្រញាល់នឹងចាកចេញដូច្នេះ? នេះជាការរៀបចំទុកជាមុននូវការរក្សាស្ថេរភាពរយៈពេលវែងរបស់ប្រទេស ហើយសន្តិភាពនិងស្ថេរភាពនៅក្នុងរយៈពេលវែងនោះហើយ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍ (ដែល)នឹងត្រូវតែទទួលបានបន្តទៀតតាមរយៈកូនរបស់ខ្ញុំព្រះករុណាខ្ញុំ។ គេមិនមែនទទួលតំណែងពីខ្ញុំព្រះករុណាខ្ញុំ ដោយមិនបានឆ្លងកាត់នូវនីតិវិធី ជាពិសេសគឺការបោះឆ្នោតពីសំណាក់ប្រជាជន ដើម្បីឲ្យគេក្លាយទៅជាអ្នកតំណាងរាស្រ្តនោះទេ។ វាជាការធានាអះអាងមួយនៅពេលដែលអ្នកជំនាន់ថ្មីចូលកាន់តំណែង អ្នកជំនាន់ចាស់គឺនៅឈរអែបខ្លួនគេ។
(៦) បន្តមុខនាទីជាប្រធានគណបក្ស សមាជិករដ្ឋសភា រួមដោយការនឹងទទួលបាននូវព្រះរាជទានតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏ដូចជាការត្រៀមទទួលតំណែងជាប្រធានព្រឹទ្ធសភា តាមការគ្រោងទុករបស់បក្ស
ខ្ញុំព្រះករុណាខ្ញុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនាទៀ បាញ់ សម្តេច ម៉ែន សំអន និងឧបនាយករដ្ឋមន្រ្តីមួយចំនួនទៀត ក៏នឹងចាកចេញផុតពីតំណែងផងដែរ។ សូមទូលប្រគេន និងជម្រាបជូនចំពោះបងប្អូនជនរួមជាតិឲ្យបានជ្រាបអំពីអនាគតនយោបាយរបស់ខ្ញុំព្រះករុណាខ្ញុំថា នៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងជាសមាជិករដ្ឋសភា។ បន្ថែមលើនោះ ព្រះមហាក្សត្រ ព្រះអង្គទ្រង់នឹងព្រះរាជទានតែងតាំងខ្ញុំព្រះករុណាខ្ញុំ ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលដែលខ្ញុំព្រះករុណាខ្ញុំចាកចេញជាស្ថាពរពីគណៈរដ្ឋមន្រ្តី។
បន្ទាប់ទៅ សូមទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចបងប្អូនជនរួមជាតិ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺនឹងមានការបោះឆ្នោតព្រឹទ្ធសភា។ ពេលនោះគឺខ្ញុំព្រះករុណាខ្ញុំ នឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយតាមការគ្រោងទុករបស់គណបក្សគឺខ្ញុំព្រះករុណាខ្ញុំ នឹងក្លាយខ្លួនទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលគាត់មានអាយុច្រើន ហើយចង់ឈប់សម្រាក។ ខ្ញុំព្រះករុណាខ្ញុំ នៅតែមានលទ្ធភាពបន្តបម្រើប្រជាពលរដ្ឋ និងជួយទៅដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។
(៧) នឹងមិនជ្រៀតជ្រែកកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលថ្មី
ខ្ញុំព្រះករុណាខ្ញុំក៏សូមបញ្ជាក់ឲ្យច្បាស់ថា ខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលថ្មីនោះទេ ស្របតាមការចែកអំណាចដាច់ពីគ្នារវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ផ្អែកទៅលើបទពិសោធន៍ថា ខ្ញុំព្រះករុណាខ្ញុំជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង ៣៨ ឆ្នាំ គឺខ្ញុំព្រះករុណាខ្ញុំពិតជាយល់ដឹងច្បាស់លាស់អំពីឯករាជ្យភាពរបស់នាយករដ្ឋមន្រ្តីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ (ការធ្វើដូច)នេះ ចាត់ទុកថាកុំឲ្យយប់យូរសុបិន្តច្រើន ដែលពាក្យចចាមអារ៉ាមនានាកើតមាន រហូតទៅដល់ក្រុមអ្នកវិភាគដូរបាយ ឬអាចប្រើពាក្យថាពួកក្រុមនិយមជ្រុល ដែលចូលចិត្តវាយប្រហារ អោយបានភ្លឺភ្នែកថា ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្រ្តី នៅប្រមាណជាជាង ៣ អាទិត្យទៀតតែប៉ុណ្ណោះ។
(៨) ព្រះមហាក្សត្រនឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្រ្តី ដែលនាយករដ្ឋមន្រ្តីរូបនេះត្រូវរៀបចំគណៈរដ្ឋមន្រ្តីដើម្បីសុំការទុកចិត្តពីសភា
ហ៊ុន ម៉ាណែត (ជានាយករដ្ឋមន្ត្រី)មានលទ្ធភាព។ ហ៊ុន ម៉ាណែត បានបំពេញកិច្ចការ ២ រួចហើយ។ ទី១ គណបក្សបានឯកច្ឆន្ទតែងតាំង ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី។ ឥឡូវក៏នឹងក្លាយទៅជានាយករដ្ឋមន្រ្តីនៅប៉ុន្មានសប្តាហ៍ខាងមុខ។ ទី ២ ហ៊ុន ម៉ាណែត បានជាប់ជាអ្នកតំណាងរាស្រ្តរួចស្រេចទៅហើយ។ ពិតមែនតែពេលនេះ គេមិនទាន់មានសុពលភាពជាអ្នកតំណាងរាស្រ្ត ដោយសារតែអ្នកជាប់ឆ្នោតទាំងអស់មិនទាន់(ទទួល)បានកោះប្រជុំដោយព្រះមហាក្សត្រ និងស្បថចូលកាន់តំណែង។ ទី៣ ព្រឹកមិញនេះ ទូលបង្គំខ្ញុំព្រះករុណាខ្ញុំ បានចូលគាល់ព្រះមហាក្សត្រ ដែលព្រះអង្គក៏ទទួលយកនូវសំណើពីប្រធានគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ដើម្បីនឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្រ្តីគឺបណ្ឌិត ហ៊ុន ម៉ាណែត។ បន្ទាប់ទៅ នាយករដ្ឋមន្រ្តីរូបនេះត្រូវរៀបចំផ្គូរផ្គងរាជរដ្ឋាភិបាលសមាសភាពក្នុងគណៈរដ្ឋមន្រ្តី ដើម្បីឲ្យសភាផ្តល់នូវការទុកចិត្ត។
(៩) ការលះបង់ដែលមានតម្លៃជាការធានាសេចក្តីសុខសាន្តរបស់ប្រជាជន
ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សារជាថ្មីថា នេះជាការលះបង់មួយដ៏ធំ។ ការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំនេះ វាមានតម្លៃដើម្បីធានានូវសេចក្តីសុខសាន្តរបស់ប្រជាជន។ ដូចគ្នានេះដែរ យើងបានប្រៀបធៀបព្រះករុណាព្រះបិតាជាតិរបស់យើង សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានត្រៀមរៀបចំបានយ៉ាងល្អ។ ព្រះអង្គបានដាក់រាជ្យ ហើយព្រះអង្គបានរៀបចំព្រះមហាក្សត្រថ្មី គឺព្រះមហាក្សត្របច្ចុប្បន្ន ព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះមហាក្សត្រ។ នៅក្នុងពេលនោះ ប្រសិនបើពុំមានការរៀបចំទាន់ពេល ទុកជាមុនក្នុងរយៈពេល ៨ ឆ្នាំ នៅពេលដែលព្រះមហាក្សត្រសោយទីវង្គតនៅឆ្នាំ ២០១២ យើងប្រហែលជាមានស្ថានភាពច្របូកច្របល់ធំ។ ម្ខាងត្រូវធ្វើបុណ្យថ្វាយព្រះរាជសព ឯម្ខាងទៀតត្រូវជ្រើសតាំងព្រះមហាក្សត្រថ្មីដោយក្រុមប្រឹក្សារាជសម្បត្ដិ …។
ព្រះមហាក្សត្រនៅប្រទេសកម្ពុជា ក៏ជាព្រះមហាក្សត្រជ្រើសតាំង ខុសប្លែកពីព្រះមហាក្សត្រនៅប្រទេសដទៃ ដូចជាប្រទេសជប៉ុន និងអង់គ្លេស ដែលព្រះមហាក្សត្រមុនឬព្រះចៅអធិរាជមុន មានព្រះរាជសិទ្ធិតែងតាំង ព្រះរាជទាយាទ។ នៅប្រទេសរបស់យើង ព្រះមហាក្សត្រពុំមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទឲ្យគ្រងរាជនោះទេ។ ប៉ុន្ដែ(បេក្ខជនព្រះមហាក្សត្រ)គឺត្រូវឆ្លងកាត់ក្រុមប្រឹក្សារាជសម្បតិ្ដ។ ខ្ញុំព្រះករុណាខ្ញុំ កាន់តួនាទីជាប្រធានព្រឹទ្ធសភា ក៏នឹងជួយដល់រាជរដ្ឋាភិបាល ហើយជួយដល់ព្រះមហាក្សត្រនៅពេលដែលព្រះអង្គអវត្ដមានពីក្នុងប្រទេស។ ខ្ញុំព្រះករុណាខ្ញុំគឺជាប្រមុខរដ្ឋស្ដីទីនៅពេលនោះ។ នេះគឺជាការធានាបំផុតនូវសន្ដិភាពសំរាប់ប្រទេស ហើយជាពិសេសធានាសេ្ថរភាពនៃដំណើរការប្រព្រឹត្ដទៅនៃអំណាចរបស់រដ្ឋដោយគ្មានការរាំងស្ទះ។
(១០) តែងតាំងនាយករដ្ឋមន្ដ្រីថ្មី ឬមួយថ្ងៃ ១០សីហា ឬមួយថ្ងៃ ៧សីហា
ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គក៏ដូចជាបងប្អូនជនរួមជាតិ យោងទៅលើប្រតិទិនការងារ គឺនៅពេលដែលគណៈកម្មាការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការរួចហើយ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ដ្រី ដើម្បីឲ្យរៀបចំរាជរដ្ឋាភិបាលសំរាប់ដំណើរការនៃការរៀបចំរាជរដ្ឋាភិបាល សំរាប់នាំយកទៅសុំសេចក្ដីទុកចិត្តពីសភា។ យោងទៅលើប្រតិទិនអាចមាននូវលទ្ធភាព២ កើតឡើង។ លទ្ធភាពទី១ គឺគណៈកម្មាការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលនៅថ្ងៃទី ៩(សីហា)។ បើសិនជាប្រកាសលទ្ធផលថ្ងៃទី៩(សីហា) រាប់ទាំងបេក្ខជនជាប់ឆ្នោត នាយករដ្ឋមន្ដ្រីថ្មីត្រូវទទួលការតែងតាំងថ្ងៃទី ៩ សីហា គឺថ្ងៃ ១០ សីហា ព្រះមហាក្សត្រទ្រង់នឹងតែងតាំងនាយករដ្ឋមន្ដ្រីថ្មី។
បើយោងលើប្រតិទិននេះ ថ្ងៃទី១០ ខែសីហា គឺថ្ងៃ ៩ រោច។ ប៉ុន្ដែបានលឺព័ត៌មានមកថា គណៈកម្មាការជាតិរៀបចំការបោះឆ្នោតនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៥ ខែសីហា។ ប្រសិនបើប្រកាសលទ្ធផលនៅថ្ងៃទី៥ ខែសីហា ខ្ញុំព្រះករុណាខ្ញុំបានទូលថ្វាយព្រះករុណាថា មិនគួរយកថ្ងៃអាទិត្យទី ៦ (សីហា) តែងតាំងនាយករដ្ឋមន្ដ្រីទេ។ សូមយកថ្ងៃចន្ទទី ៧ សីហា តែងតាំងនាយករដ្ឋមន្ដ្រីតែម្ដង។ ធ្វើយ៉ាងនេះដើម្បីឲ្យនាយករដ្ឋមន្ដ្រីថ្មីមានឱកាសគ្រប់គ្រាន់រៀបចំសមាសភាពរាជរដ្ឋាភិបាលដោយសាររដ្ឋធម្មនុញ្ញរបស់យើងបានកែរួចហើយ ដោយគ្មានទាក់ទិននឹងសមាជិកសភានោះទេ ប្រធានឬអនុប្រធានសភានោះទេ។
(១១) សភាប្រជុំថ្ងៃ ២១ សីហា នាយករដ្ឋមន្ត្រីនាំគណរដ្ឋមន្ត្រីថ្មីចូលស្បថកាន់តំណែងល្ងាចថ្ងៃ ២២ សីហា
និយាយពីកាលបរិច្ឆេទនៃការប្រជុំសភា។ ព្រះមហាក្សត្រនឹងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី ២១ សីហា ២០២៣ ត្រូវនឹងត្រូវចន្ទ ៥ កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាការចេញដំណើរមួយដ៏ល្អសំរាប់សភា ក៏ដូចជាសំរាប់រដ្ឋាភិបាលថ្មី។ តែងតាំងនាយករដ្ឋមន្ដ្រីនៅរនោច ប៉ុន្ដែនាយករដ្ឋមន្ដ្រីនឹងគណៈរដ្ឋមន្ដ្រីថ្មី នឹងចូលកាន់តំណែងនៅក្នុងខ្នើតទៅវិញ គឺជារឿងដ៏ល្អ។ ថ្ងៃ ២១ សីហា នេះ ពេលព្រឹកព្រះមហាក្សត្រកោះប្រជុំសភា ពេលល្ងាចថ្ងៃទី ២១ សីហា នឹងមានការស្បថចូលកាន់តំណែងរបស់សមាជិកសភា បន្ទាប់ទៅគឺថ្ងៃទី ២២ សភានឹងកោះប្រជុំ ក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលនឹងត្រូវបង្កើតឡើង។ ល្ងាចថ្ងៃទី ២២ គឺគណៈរដ្ឋមន្ដ្រីនឹងស្បថចូលកាន់តំណែង ចំថ្ងៃអង្គារ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ ដូច្នេះវាពេលវេលាល្អដែលយើងយកខែនេះ យកខ្នើតធ្វើជាពេលចេញដំណើរផ្លូវការរបស់សភា និងរាជរដ្ឋាភិបាល។
(១២) នៅតែជាតួអង្គនយោបាយដឹកនាំប្រទេស …
ខ្ញុំព្រះករុណាខ្ញុំ នៅតែជាតួអង្គអ្នកនយោបាយដែលដឹកនាំប្រទេសជាបន្ដទៀត តាមរយៈជាប្រធានគណបក្សកាន់អំណាច ហើយក្នុងរយៈពេលអន្ដរកាល ខ្ញុំព្រះករុណាខ្ញុំជាសមាជិករដ្ឋសភា ដើរទន្ទឹមគ្នាជាមួយនឹងមុខនាទីជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ តែមុខនាទីនេះ មិនមានអំណាចទេ។ ខ្ញុំព្រះករុណាខ្ញុំនឹងដង្ហែព្រះមហាក្សត្រ ក៏ដូចជាជួយសម្របសម្រួលរវាងព្រះបរមរាជវាំង និងរាជរដ្ឋាភិបាល ជាពិសេសការផ្គត់ផ្គង់ភស្ដុភារ ឬអ្វីទាំងឡាយសន្ដិសុខ ជាពិសេសការពារព្រះរាជបល្ល័ងតែម្ដង។ បន្ទាប់ទៅទៀត នៅក្នុងខែកុម្ភៈ ឬអាចថាកោះប្រជុំព្រឹទ្ធសភាខែមីនា ខ្ញុំព្រះករុណាខ្ញុំពេលនោះនឹងក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជំនួស សម្ដេច សាយ ឈុំ ដែលនឹងត្រូវលាឈប់។ នេះជាការស្រុះស្រួល ហើយក៏បានទូលព្រះមហាក្សត្ររួចហើយផងដែរ។ សម្ដេច ហេង សំរិន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន ក៏នឹងត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ។ នេះជាដំណើរការ ដែលខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជម្រាបជូន។
(១៣) រៀបចំឥស្សរជនបន្តវេន ឆ្ពោះទៅអនុវត្តយុទ្ធសាសត្របញ្ចកោណ
ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា បើទោះបីអំណាចនយោបាយស្ថិតក្នុងដៃខ្ញុំព្រះករុណាខ្ញុំដដែល តែខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ដ្រីថ្មីនោះឡើយ ព្រោះថាកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ហើយរាជរដ្ឋាភិបាលយកទៅកែច្នៃអនុវត្ដតាមការជាក់ស្ដែង។ បើខ្ញុំព្រះករុណាខ្ញុំ បានដឹងហើយទទួលការរៀបចំជាមួយនឹងឥស្សរជនដែលនឹងត្រូវបន្ដវេនគឺយើងបានឈានឆ្ពោះទៅកាន់យុទ្ធសាស្ដ្របញ្ចកោណ ជំនួសឲ្យយុទ្ធសាស្ដ្រចតុកោណ ដោយមានដំណើរការរបស់វាបន្ថែមទៅលើទិដ្ឋភាពថ្មីៗទៅតាមតំរូវការនៃការអភិវឌ្ឍប្រទេស។ ដូច្នេះសូមបងប្អូនជនរួមជាតិកុំមានការបារម្ភទៅលើការចាកចេញរបស់ខ្ញុំព្រះករុណាខ្ញុំ។
(១៤) «ជួបប្អូនប្រុសគឺជាការសប្បាយ តែបែកពីឪពុកពិតជារឿងលំបាក»
ខ្ញុំព្រះករុណាខ្ញុំ នឹកឃើញសម្ដីរបស់លោកជំទាវ ភឿង សកុណា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំបានប្រាប់សំរាប់គាត់អំពីគោលបំណង()របស់ខ្ញុំ។ គាត់បាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំនឹកអាលោះអាល័យថា «ជួបប្អូនប្រុសគឺជាការសប្បាយ តែបែកពីឪពុកពិតជារឿងលំបាក»។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់ដឹងអំពីរឿងនេះ ប៉ុន្ដែយើងត្រូវតែសំរេចចិត្តចាកចេញពីតំណែងនាយករដ្ឋមន្ដ្រីដែលខ្ញុំព្រះករុណាខ្ញុំបានធ្វើជាង ៣៨ ឆ្នាំ ដែលជានាយករដ្ឋមន្ដ្រីយូរជាងគេនៅលើពិភពលោក រៀបចំដំណើរផ្លូវសំរាប់វែងឆ្ងាយទៅមុខទៀត។ សារព័ត៌មានបរទេសបានចុះផ្សាយ អ្នកវិភាគមួយចំនួនតែងតែបន្ដុះបង្អាប់ក៏ចេះតែវិភាគ(តែពីសតែពាស)។ ឥលូវខ្ញុំព្រះករុណាខ្ញុំចេញមកបញ្ជាក់ជាផ្លូវការថា ខ្ញុំព្រះករុណាខ្ញុំនឹងចាកចេញមិនធ្វើនាយករដ្ឋមន្ដ្រីជាបន្ដទៀតចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
(១៥) ជានាយករដ្ឋមន្ដ្រីចាប់ថ្ងៃទី ១៤ មករា ១៩៨៥ រហូតថ្ងៃទី ២២ សីហា ២០២៣
ខ្ញុំឲ្យមានការគិតថា តើខ្ញុំធ្វើនាយករដ្ឋមន្ដ្រីបានរយៈពេលប៉ុន្មាន? នៅក្នុងទីនេះ គឺខ្ញុំធ្វើនាយករដ្ឋមន្ដ្រីចាប់ថ្ងៃទី ១៤ មករា ១៩៨៥ រហូតថ្ងៃទី ២២ សីហា ២០២៣។ ខ្ញុំព្រះករុណាខ្ញុំធ្វើបាន ២ ០១៤ សប្ដាហ៍។ បើគិតជាខែគឺបាន ៤៦៣ ខែ។ បើគិតជាឆ្នាំគឺបាន ៣៨ ឆ្នាំ ៧ ខែ ៨ ថ្ងៃ។ បើគិតជាថ្ងៃ ១៤ ០៩៩ ថ្ងៃ។ គឺជានាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោក។ បើគិតអំពីពេលវេលាដែលខ្ញុំព្រះករុណាខ្ញុំ បានចាប់ផ្តើមនៅក្នុងឋានៈជាចាប់ពីរដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលមិនដាច់រយៈពីថ្ងៃទី ០៨ ខែមករា ១៩៧៩ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខ្ញុំព្រះករុណាខ្ញុំ បានបំពេញការងារក្នុងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល មានរយៈពេល ២,៣២៨ សប្តាហ៍ ត្រូវជា ១៦,២៩៧ ថ្ងៃ ត្រូវជា ៥៣៥ ខែ និងត្រូវជា ៤៤ ឆ្នាំ ៧ ខែ ១៤ ថ្ងៃ គឺបានសេចក្តីថា បំពេញកិច្ចការនេះ គឺអស់រយៈពេលជិតកន្លះសតវត្សរ៍។ បើគិតពីការចាប់ផ្តើមនៃការយកជីវិតធ្វើដើមទុននៃការដឹកនាំប្រទេស ហើយក្លាយជាមេដឹកចលនា ចាប់ពីថ្ងៃទី ២០ មិថុនា ១៩៧៧ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខ្ញុំព្រះករុណាខ្ញុំ បានបំពេញភារកិច្ចរហូតដល់ ៤៦ ឆ្នាំ ២ ខែ ២ ថ្ងៃ ត្រូវជា ៥៥៤ ខែ ត្រូវជា ២,៤០៩ សប្តាហ៍ និងត្រូវជា ១៦,៨៦៤ ថ្ងៃ … ខ្ញុំព្រះករុណាខ្ញុំ មិនទាន់បញ្ចប់តែប៉ុណ្ណឹងទេ។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំ លើកឡើងអម្បាញ់មិញ គ្រាន់តែចង់បញ្ជាក់អំពីកិច្ចការសំខាន់ ២ ចំណុច មួយគឺធ្វើនាយករដ្ឋមន្ត្រីបានរយៈពេលប៉ុន្មាន ហើយមួយទៀតនៅក្នុងរយៈពេលធ្វើក្នុងរាជរដ្ឋាភិបាលរយៈពេលប៉ុន្មាន។ ប៉ុន្តែជាបន្តទៅទៀត ខ្ញុំព្រះករុណាខ្ញុំ នៅតែជាសមាជិកសភា ហើយក៏បន្តជាប្រធានព្រឹទ្ធសភា នៅឆ្នាំក្រោយផងដែរ។ ដូច្នេះ មិនទាន់បញ្ចប់ទេ។
(១៦) បើទោះបីជា ហ៊ុន ម៉ាណែត មិនមែនជាកូន ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
ពេលនេះ ខ្ញុំព្រះករុណាខ្ញុំ អាយុក៏ជិតដល់ ៧២ ឆ្នាំ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសមុន ដើម្បីចៀសវាងការធ្វើអត្ថាធិប្បាយពាសវាលពាសកាលពីកាសែតបរទេស ឬពីអ្នកមជ្ឈដ្ឋានប្រឆាំងនានា ដែលរហូតមកដល់ថា តើ ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្ត្រីទេ? បានធ្វើនាយករដ្ឋមន្ត្រីទេ? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯងឲ្យច្បាស់ ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខាងមុខ។ ពេលនោះអ្នកចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក៏ហៅទៅ អ្នកមិនចង់ហៅទេ ក៏អ្នកនៅក្រៅច្បាប់ទៅ ព្រោះប្រជាជន ៨៤% បោះឆ្នោត បូកជាមួយនឹងជាង ៨២% នៃការគាំទ្រ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ មិនចាំបាច់អ្នកឯងមកគាំទ្រក៏បានដែរ។ ហើយឲ្យអ្នកឯងជេរ ហ៊ុន ម៉ាណែត កំដលេងតទៅទៀតចុះ ប្រសិនបើអ្នកឯងចង់ជេរ។ អ្វីដែលជាការជឿទុកចិត្តរបស់ខ្ញុំ គឺប្រជាពលរដ្ឋនឹងបន្តគាំទ្រ ហ៊ុន ម៉ាណែត។ វាមិនមែនជាការបន្តវេន ដូចជាព្រះមហាក្សត្រធ្វើព្រះរាជក្រឹត្យតែងតាំងព្រះរាជទាយាទទេ។ បើទោះបីជា ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ខ្ញុំ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែរ។ ខ្ញុំតែងតែបញ្ជាក់។ សូមអ្នកកុំភ័ន្តច្រឡំឲ្យសោះ ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ៤ ដំណាក់កាលសំខាន់ ១. ត្រូវតែគណបក្សមានការឯកភាពផ្ទៃក្នុងឲ្យក្លាយទៅជាអ្នកបន្តវេន ២. ត្រូវតែជាប់ជាសមាជិករដ្ឋសភា ឆ្លងកាត់ការបោះឆ្នោតសកល ៣. ត្រូវបានទទួលការតែងតាំងពីព្រះមហាក្សត្រឲ្យរៀបចំរាជរដ្ឋាភិបាល ៤. ត្រូវតែឆ្លងកាត់ការអនុម័តដោយសភាជាតិ។
(១៧) សូមរដ្ឋមន្ត្រីដែលមិនបន្តតំណែងមេត្តាយោគយល់
ខ្ញុំសូមស្នើដល់បងប្អូនរដ្ឋមន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងរដ្ឋមន្ត្រីបន្តទៅទៀត សូមមេត្តាយោគយល់។ យើងត្រូវតែមានការលះបង់មួយ។ អ្នកដែលលះបង់ធំជាងគេគឺខ្លួនខ្ញុំ។ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជាគឺអត់មានអំណាចបញ្ជា។ នោះគឺជាការលះបង់ហើយ។ ដូច្នេះសូមឲ្យរដ្ឋមន្ត្រីនានាដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកយើងចាស់ៗណាស់ហើយ។ មួយចំនួនទៀត ក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយទៅជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខផងដែរ។ យើងនឹងពិនិត្យមើលនៅពេលក្រោយ ព្រោះរដ្ឋមន្ត្រីមួយចំនួនមិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ។ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភារបស់យើងមួយចំនួន ក៏មានអាយុ ៨០ ឬលើស ៨០ ឬក៏កៀកនឹង ៨០ ក៏ល្មមនឹងការចាកចេញផងដែរ។ ពិតមែនតែព្រឹទ្ធសភាត្រូវមានអាយុច្រើន ក៏ប៉ុន្តែអាយុច្រើនហួសក៏ធ្វើការអត់កើតដែរ។ យើងត្រូវគិតអំពីសុខភាព ហើយគិតអំពីការបន្តវេននៃអ្នកជំនាន់ក្រោយ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាការបកស្រាយរបស់ខ្ញុំព្រះករុណាខ្ញុំនេះ នឹងក្លាយទៅជាសារជាក់លាក់មួយ ហើយសុំការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះ ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មី ព្រមជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រធានបក្ស ហើយអនាគតនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ដែលនឹងដើរតួនាទីជាប្រមុខរដ្ឋស្តីទី នៅពេលអវត្តមានព្រះមហាក្សត្រ ហើយក៏ជាប្រធានក្រុមប្រឹក្សារាជសម្បត្តិផងដែរ។ នៅក្នុងអន្តរកាលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានពេលវេលាច្រើន ដើម្បីដង្ហែព្រះមហាក្សត្រ ក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
(១៨) ក្រុមប្រឆាំងបានជេរ រហូតប្រជាជនផ្តល់ក្តីអាណិតស្រឡាញ់ចំពោះ ហ៊ុន សែន និង ហ៊ុន ម៉ាណែត
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ អរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រដល់ខ្ញុំព្រះករុណាខ្ញុំ ក្នុងរយៈពេលកន្លងទៅ ហើយចុងក្រោយនេះ គាំទ្រទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអរគុណចំពោះក្រុមប្រឆាំងទាំងឡាយ ដែលបានប្រឹងជេរ ហ៊ុន សែន ប្រឹងជេរ ហ៊ុន ម៉ាណែត រហូតទៅដល់គណបក្សប្រជាជនទទួលបាននូវសម្លេងឆ្នោតរហូតទៅដល់ជាង ៨២% ដែលមុននេះ គណបក្សប្រជាជនមានសម្លេងឆ្នោត ត្រឹមតែ ៧៤% តែប៉ុណ្ណោះនៃការបោះឆ្នោតឃុំ សង្កាត់ ហើយក៏មានត្រឹមតែ ៧៥% តែប៉ុណ្ណោះ នៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨។ ដោយ សារតែវិទ្យុរបស់អស់លោក ដោយសារតែអស់លោកជេរ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ច្រើន ប្រជាជនក៏ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះ ហ៊ុន សែន និងហ៊ុន ម៉ាណែត ទៅវិញ។ ខ្ញុំគួរតែអរគុណអស់លោក ដែលបានប្រមាថ និងជេរខ្ញុំ។ ការជេរនោះហើយ ក៏ជាចំណែកមួយធ្វើឲ្យអស់លោកបាត់បង់នូវអ្វីៗ ដែលអស់លោកគួរតែមាន ហើយវាបានផ្តល់នូវការស្រឡាញ់រាប់អានពីសំណាក់ប្រជាជន អាណិតស្រឡាញ់មកលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ទៅវិញ។ អស់លោក ល្មមដកហូតពិសោធន៍នៃនយោបាយជ្រុលនិយម ដើម្បីធានាថា អស់ លោកអាចចូលរួមដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
(១៩) ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនចំណុះទៅនឹងការបន្តុះបង្អាប់របស់ប្រទេសមួយឬពីរនោះទេ
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលមកកាន់ទីនេះ គឺជាសាក្សីរស់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ វាមិនចំណុះទៅលើប្រទេសមួយ ឬប្រទេសពីរ បន្តុះបង្អាប់ការបោះឆ្នោតនៅកម្ពុជាទេ។ អ្វីដែលជាការសម្រេចកំណត់គឺប្រជាជនបោះឆ្នោតឲ្យ សភាបំពេញសម្រេចបង្កើតរាជរដ្ឋាភិបាល ព្រះមហាក្សត្រតែងតាំងរាជរដ្ឋាភិបាល គឺជាតម្រូវការចាំបាច់ មិនមែនការមិនទទួលស្គាល់ដោយប្រទេសមួយ ឬប្រទេសពីរនោះទេ។ ខ្ញុំមិនដៀមដាមឲ្យប្រទេសណាមួយទេ ក៏ប៉ុន្តែអ្នកបានឃើញហើយ តាំងពីឆ្នាំ ២០១៨ អ្នកធ្លាប់តែបន្តុះបង្អាប់ ក៏ប៉ុន្តែអ្នកក៏នៅតែធ្វើការជាមួយខ្ញុំជានិច្ច ជៀសវាងមិនបាន រាប់ទាំងមកប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ជាមួយនឹងអ្នកដែលអ្នកមិនចូលចិត្ត ព្រោះទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ គឺវាដូច្នេះឯង។
(២០) សន្លឹកឆ្នោតបង្ហាញជំនឿទុកចិត្តលើគណបក្សប្រជាជន ហ៊ុន សែន និងហ៊ុន ម៉ាណែត អ្នកបន្តវេន
ជាថ្មីម្តងទៀត ខ្ញុំគួរតែបញ្ជាក់ថា នយោបាយជ្រុលនិយម គួរតែត្រូវលុបបំបាត់ មិនមែនគួរទេ ចាំបាច់ត្រូវលុបបំបាត់ឲ្យអស់ពីកម្ពុជា។ ក្រុមណាក៏ដោយ ដែលមានចេតនាផ្សារភ្ជាប់ខ្លួនជាមួយមេក្រុមជ្រុលនិយម គឺមិនគួរត្រូវបានលើកលែងនោះឡើយ។ ច្បាប់នឹងត្រូវប្រើ ដើម្បីកំចាត់ចោលជាមួយក្រុមជ្រុលនិយមនេះតែម្តង។ ខ្ញុំមិនព្រមានអស់លោកនោះទេ ក៏ប៉ុន្តែខ្ញុំគួរតែដាស់តឿនអស់លោកល្អជាង ផ្លូវសហការ ផ្លូវស្ថាបនា ជាជាងផ្លូវប្រើហឹង្សា។ ពួកអស់លោកប្រើហឹង្សាពាក្យសំដីជ្រុលហួសហេតុពេកហើយ។ អស់លោកល្មមយល់ហើយ។ សន្លឹកឆ្នោតដែលប្រជាជនបានផ្តល់ឲ្យគណបក្សប្រជាជនលើកនេះ គឺជាសន្លឹកឆ្នោតដែលសបញ្ជាក់ ទី១ ជំនឿទុកចិត្តលើគណបក្សប្រជាជន ទី២ ជំនឿទុកចិត្តលើ ហ៊ុន សែន ទី៣ ជំនឿទុកចិត្តលើអ្នកបន្តវេន ហ៊ុន ម៉ាណែត។ នោះគឺជាសារច្បាស់លាស់ពីសំណាក់ប្រជាជន អ្នកត្រូវយល់ឲ្យបានច្បាស់ អំពីបញ្ហានេះ មិនអាចអ្នកចេះតែបន្តខុសម្តងហើយម្តងទៀត។ សូមអ្នកទាំងអស់គ្នា កុំធ្វើនយោបាយពីខាងក្រៅឲ្យអ្នកខាងក្នុងជាប់គុកឲ្យសោះ ហើយអ្នកខាងក្នុងក៏ល្មមគួរយល់ដឹងថាអ្វីទៅជារឿងធ្វើតាមអ្នកខាងក្រៅ ប៉ុន្តែខ្លួនឯងខាងក្នុងទៅជាមានទោស ល្មមគ្រប់គ្រាន់ដើម្បីឈប់ហើយ។
ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ អរគុណ ចំពោះព្រះមហាក្សត្រ ចំពោះហ្លួងម៉ែ ដែលបានតែងតែផ្តល់នូវការព្រះទ័យលើកទឹកចិត្ត ជាពិសេសការគាល់ព្រះមហាក្សត្រព្រឹកនេះ ដែលអ្វីដែលជាសំណើទាក់ទងនឹងការតែងតាំងសមាសភាព ការរៀបចំ ការកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាល គឺព្រះអង្គបានផ្តល់នូវការគាំទ្រ។ ចុងបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស សូមមានសុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ សូមអរគុណ៕