សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ជាបន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

 

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅខេត្តកំពង់ស្ពឺនេះ។ សម្តេចតេជោ បានមានប្រសាសន៍ពីភាពជោគជ័យ នៃការគ្រប់គ្រងករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនាំឱ្យកម្ពុជាអាចបើកឡើងវិញនូវសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញ រួមទាំងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការជួបជុំជាមួយកម្មករ-កម្មការិនីជាបន្តបន្ទាប់ ដោយមិនចាំបាច់ធ្វើតេស្តកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។សម្តេចតេជោបន្តទៀតថា ខេត្តភាគនិរតី នៃប្រទេសកម្ពុជា បានក្លាយជាខេត្ត នៃសេដ្ឋកិច្ចពហុបំណង រួមទាំងនាំចេញតាមច្រកសមុទ្រទៅកាន់ទីផ្សារអន្តរជាតិ បានដោយងាយស្រួលដែលមាន ផ្លូវជាតិខ្វាត់ខ្វែង និងកំពង់ផែទឹកជ្រៅ។សម្តេចតេជោមានប្រសាសន៍ទៀតថា ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ  ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី ៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្មនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ច្បាស់ណាស់ បើពេលនេះ គ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ កម្មការិនីឱ្យបានឆាប់រហ័សនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបង្ការការចម្លង និងការឆ្លងរីករាលដាល នៃជំងឺអេដស៍ ដែលមានការកើនឡើងប្រមាណ ៣០០ករណី នៅឆ្នាំ២០២២ ដែលភាគច្រើនកើតឡើងទៅលើក្រុមគោលដៅដែលមាននិន្នាការអ្នកស្រលាញ់ភេទដូចគ្នា «ប្រុសស្រលាញ់ប្រុស»។សម្តេចតេជោក៏សុំកុំអោយមានការរើសអើងអ្នកផ្ទុកមេរោអេដស៍ទាំងក្នុងសង្គមរស់នៅប្រចាំថ្ងៃ និងក្នុងក្របខណ្ឌការងារ ហើយអ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមទៅពិគ្រោះ និងប្រឹក្សាជាមួយគ្រោះពេទ្យជំនាញ ព្រមទាំងទទួលយកឱសថពន្យារអាយុជីវិត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៥៩៣នាក់ ក្នុងម្នាក់ៗ  ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន៦នាក់ ក្នុងម្នាក់ៗ ចំនួន៤០០ដុល្លារផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ