ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។
បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង”។ នៅឆ្នាំ ១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥។ នៅឆ្នាំ ១៩៩២ “សាលាឧទ្ធរណ៍” ទើបត្រូវបានបង្កើតឡើង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]
ចំណុចនេះខ្ញុំក៏គួរបញ្ជាក់ថា សាលាឧទ្ធរណ៍ដែលបានបង្កើតឡើង ពាក់ព័ន្ធនឹងវត្ដមានអ៊ុនតាក់។ មុននេះយើងមានតែសាលាដំបូងនិងឈានទៅសាលាតុលាការកំពូល។ ថ្ងៃមុនខ្ញុំក៏បានបញ្ជាក់នៅពេលដែលសម្ពោធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈតុលាការផងដែរ។ ពេលអ៊ុនតាក់ចូលមក អ៊ុនតាក់ក៏បានសំណូមពរឲ្យយើងរៀបចំសាលាឧទ្ធរណ៍នេះ។ ដូច្នេះបានជាមានសាលា ៣ ថ្នាក់។
[បញ្ចប់សេចក្ដីអធិប្បាយ ១]
ជាបន្តបន្ទាប់ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានរៀបចំចែកចេញជា “ជាន់” និង “ថ្នាក់ ពេញលក្ខណៈឡើងវិញ តាមរយៈច្បាប់ស្តីពីការចាត់តាំង និង សកម្មភាពរបស់សាលាជំរះក្តីនៃរដ្ឋកម្ពុជាឆ្នាំ ១៩៩៣ គឺមាន “តុលាការជាន់ទាប”, “សាលាឧទ្ធរណ៍” និង “តុលាការកំពូល” និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។ បច្ចុប្បន្ន សាលាដំបូង និង អយ្យការអមសាលាដំបូងបានដាក់ឱ្យដំណើការគ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស។ ចំណែកសាលាឧទ្ធរណ៍តំបន់ចំនួន ៣ ទៀត គឺសាលាឧទ្ធរណ៍ព្រះសីហនុ បាត់ដំបង និង ត្បូងឃ្មុំ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ។
ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, សំដៅលើកកម្ពស់ “អភិបាលកិច្ចល្អ” និង “នីតិរដ្ឋ” សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល, ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ត្រូវបានអនុម័ត និង បង្កើតឡើងជាបន្តបន្ទាប់ ដើម្បីធានាការគ្រប់គ្រងទំនាក់ទំនង សង្គមឱ្យមានសណ្តាប់ធ្នាប់ និង មានស្ថិរភាព ហើយវប្បធម៌ច្បាប់ ក៏បានចាក់គ្រឹះទៅក្នុងសង្គមកម្ពុជា និង ក្នុងជីវភាពរបស់ប្រជាជនគ្រប់ស្រទាប់ ដែលជាគ្រឹះដ៏សំខាន់នៃ “នីតិរដ្ឋ” ហើយការគ្រប់គ្រង និង ដឹកនាំប្រទេសតាម “គោលការណ៍នីតិរដ្ឋ” គឺដើម្បីវិបុលភាព និង ភាពសុខសាន្តរបស់ប្រទេសជាតិ និង ប្រជាជន នៅក្នុងសម័យថ្មី។
ដូច ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងមុននេះបន្តិច, ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ នឹងផ្តល់លទ្ធភាពឱ្យសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីទាំងពីរ គឺសាលាដំបូង និង សាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បីបញ្ចៀសស្ថានភាពនៃការកកស្ទះសំណុំរឿង និង ស្ថានភាព “ការពន្យារពេលយូរពេកក្នុងការផ្តល់យុត្តិធម៌ មានន័យស្មើនឹងការបដិសេធមិនផ្តល់យុត្តិធម៌” (Justice Delayed, Justice Denied)។
ម៉្យាងវិញទៀត, វិធីដោះស្រាយវិវាទនៅក្នុងសង្គម, មិនមែនមានតែការកាត់ក្តីមួយតែប៉ុណ្ណោះទេ។ ការសម្រុះសម្រួល និង ការផ្សះផ្សាដោះស្រាយវិវាទ គឺជាវិធីដោះស្រាយ ប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ និង គ្មានអ្នកចាញ់, ធានាបាននូវភាពសុខដុមរមនាក្នុងសង្គមជាតិ។ ដំណោះស្រាយដែលប្រជាពលរដ្ឋចង់បានបំផុតនៅពេលមានវិវាទកើតឡើង គឺជាដំណោះស្រាយមួយឆាប់រហ័ស និង អាចទទួលយកបាន។ ករណីវិវាទដែលមិនអាចសម្រុះសម្រួលបាន ចាំបាច់ត្រូវតែដោះស្រាយតាមផ្លូវច្បាប់និងតុលាការ។
ដូចេ្នះ ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តី ឱ្យបានត្រឹមត្រូវ និង យុត្តិធម៌តាមច្បាប់, ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើចំណុចសំខាន់ៗ ដូចខាងក្រោម ៖
១. ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជួយផ្សះផ្សាការ
ខ្វែងគំនិតគ្នារវាងគូភាគីដើម្បីបង្កើនសាមគ្គីជាតិ ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]
(២) ដំណើរការកាត់ក្ដីធ្លាប់យឺតយ៉ាវ ដោយសារខ្វះសាវនាការ ចៅក្រម មេធាវី
យើងគួររំលឹកអតីតកាលបន្ដិច។ ច្រើនលើកហើយដែលសំណុំរឿងជាច្រើនត្រូវកកស្ទះ។ ស្ថានភាពនេះតំរូវឲ្យរាជរដ្ឋាភិបាលជួយ។ មិនមែនជួយជាការកាត់ក្ដីទេ ប៉ុន្ដែជួយពន្លឿនការកកស្ទះសំណុំរឿង។ ពេលនោះគឺតុលាការបានប្រាប់ថា សាលសវនាការមានតែមួយឬមានតិច។ អញ្ចឹងទេ ខ្ញុំថាបើដូច្នោះជួលបន្ទប់សណ្ឋាគារដើម្បីធ្វើសវនាការជំរះសំណុំរឿង។ កាលនោះជំនាន់ អង្គ វង្សវឌ្ឍនា (ធ្វើជារដ្ឋមន្ត្រីយុត្តិធម៌)។ មានរឿងខ្លះ ខ្ញុំទទួលបានដូចជានៅខេត្តស្ទឹងត្រែង។ បើយោងតាមច្បាប់ រឿងត្រូវជាប់គុកត្រឹមតែប៉ុន្មានដូចថា ២ឆ្នាំ ប៉ុណ្ណឹងទេ។ ប៉ុន្ដែឃុំមនុស្សឃុំដល់ទៅ ៤ឆ្នាំ មិនទាន់កាត់ក្ដី។ មានរឿងច្រើនណាស់។ រឿងខ្វះ ម្ខាងខ្វះសវនាការ រឿងខ្វះមេធាវីក៏ម្ខាង។ ឥលូវនេះ ខ្ញុំគិតថាស្ថានភាពវាល្អប្រសើរជាងមុន យ៉ាងហោចណាស់យើងបានដោះស្រាយទីកន្លែងសវនាការដែលអស់លោកមិនស្រែករកអន្ដរាគមន៍បន្ថែមទៀតទេ។
(៣) ពង្រឹងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់និងបង្កើនចំនួនចៅក្រម ធានាការកាត់ក្តីទាន់ពេលវេលា
រឿងនេះ យើងត្រូវច្បាស់។ បើយើងអត់ព្រមកាត់ក្ដីឲ្យទាន់ពេលវេលា រឿងត្រូវជាប់គុកត្រឹមតែ ៣ខែ យើងឃុំគេរហូតដល់១ឆ្នាំ ឬ២ ឆ្នាំ មិនទាន់ក្ដី។ អញ្ចឹងត្រូវដោះស្រាយយ៉ាងម៉េច។ វាមិនត្រឹមតែមិនទទួលបានយុត្ដិធម៌ទេ ប៉ុន្ដែវាអយុត្ដិធម៌សំរាប់អ្នកជាប់ចោទ ដែលហៅថាពិរុទ្ធជនទៀតផង។ ដល់ទៅកាត់ក្តី ឥឡូវត្រូវសងគេរៀបម៉េច បើច្បាប់តំរូវឲ្យអ្នកឯងជាប់គុកតែ ១២ខែទេ ប៉ុន្ដែយើងឃុំគេដល់ទៅ ៣៦ខែបាត់ហើយហ្នឹង។ អញ្ចឹងត្រូវសងៗ របៀបម៉េច? បើកាត់ឲ្យលើសពីនឹងគឺវាខុសជាមួយច្បាប់ បើកាត់ថាឲ្យជាប់គុកត្រឹមតែ១២ខែ អញ្ចឹងជំពាក់គេ ២៤ខែ។ យើងត្រូវដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េច? ដូច្នេះហើយតំរូវឲ្យចៅក្រមរបស់យើងត្រូវធ្វើកិច្ចការងារនេះឲ្យបានច្រើន។ ខ្ញុំគិតថា មិនអាចកើតឡើងដូចជាស្ថានភាពនៅពេលមុននោះទេ នៅពេលដែលប្រព័ន្ធតុលាការរបស់យើងគ្រប់ជាន់ថ្នាក់ត្រូវបានពង្រឹង រាប់ទាំងការបង្កើនចំនួនចៅក្រមនៅតាមសាលាជំរះក្ដី និងការបង្កើននូវសាលាឧទ្ធរណ៍នៅតាមភូមិភាគ។
[បញ្ចប់សេចក្ដីអធិប្បាយ ២]
២.ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ សម្របសម្រួល ផ្សះផ្សា
បញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៣]
(៤) ប្រើប្រាស់អស់លទ្ធភាពសម្របសម្រួល ជាជាងការកាត់ក្ដី គ្រប់សំណុំរឿងរដ្ឋប្បវេណី
ឯកឧត្តម កើត រិទ្ធ បានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំសូមអានឡើងវិញ «ការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលផ្សះផ្សារគ្នានេះ គឺត្រូវបានអនុញ្ញាតទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ ផ្អែកតាមក្រមនីតិវិធីរដ្ឋប្បវេណីកម្ពុជា ចៅក្រមអាចធ្វើការសម្របសម្រួលនិងផ្សះផ្សាររវាងគូភាគីដើម្បីបញ្ចប់វិវាទក្នុងសំណុំរឿងរដ្ឋប្បវេណី ហើយការសម្របសម្រួលនេះអាចធ្វើបាននៅគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការ។ ការផ្សះផ្សារដែលធ្វើឡើងដោយតុលាការ គឺមានតំលៃគតិយុត្ដិរឹងមាំដោយហេតុថា កំណត់ហេតុនៃការសះជាដែលជាលទ្ធផលនៃការផ្សះផ្សារបញ្ចប់វិវាទដោយចៅក្រម គឺមានអានុភាពអនុវត្ដដូចសាលក្រមស្ថាពរផងដែរ ហើយការសំរេចបានជោគជ័យក្នុងការផ្សះផ្សាវិវាទដោយចៅក្រមនេះ នឹងជួយឲ្យការដោះស្រាយវិវាទប្រព្រឹត្ដទៅបានឆាប់ និងអាចទទួលយកបានដោយគ្រប់ភាគី»។ សំខាន់ណាស់នៅកន្លែងនេះ។ សូមលើកទឹកចិត្តឲ្យអស់លោកលោកស្រីជាចៅក្រមទាំងអស់ប្រើប្រាស់ឲ្យអស់លទ្ធភាពសម្របសម្រួលជាជាងការកាត់ក្ដី។ រឿងនេះ យើងអាចធ្វើបាននៅគ្រប់សំណុំរឿងទាក់ទងនឹងរដ្ឋប្បវេណី។
(៥) ដើម្បីធានាសន្ដិភាពនិងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ
(រឿងក្តី)ព្រហ្មទណ្ឌវាជារឿងមួយផ្សេង។ ចៅក្រមរបស់យើងពិបាកនិងមិនមានលទ្ធភាពធ្វើទៅដែរ ព្រោះព្រហ្មទណ្ឌវាជារឿងមួយផ្សេង។ សូមកុំភ្លេចថា ក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាលក្នុងឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ក្រសួងយុត្ដិធម៌ចំាបាច់ណាស់ត្រូវតែគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ពិសេសសំរាប់ប្រទេស ដែលពោរពេញដោយអំពើជ្រុលនិយមហួសហេតុ ដែលបន្ដមាននៅកម្ពុជា។ ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងយុត្ដិធម៌ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យជាប់។ ចំណុចនេះ មិនត្រូវមើលស្រាលទេ។ ហេតុអ្វីបានជានៅប្រទេសជិតខាងយើងសុខៗ ផ្ទុះអាវុធ? ដែលមានមួយចំនួនរត់ចូលមកនិងកំពុងលាក់ខ្លួននៅក្នុងប្រទេសរបស់យើង។ ហេតុអ្វី នៅរុស្ស៊ីមានកំលាំងប្រដាប់អាវុធបះបោរ? នេះជាបញ្ហាដែលគួរស្វែងយល់។ ហេតុអ្វីជាប្រទេសមហាអំណាចមួយ រុស្ស៊ីទៅជាមានកងទ័ពស៊ីឈ្នួល ដែលមិនវាយទៅអ៊ុយក្រែន បែរជាវាយ ចូលម៉ូស្គូ។ ដូច្នេះ នៅក្នុងកាលៈទេសៈធានានូវស្ថិរភាព សន្ដិភាពរបស់ប្រទេស ស្ថិរភាពខាងនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាតព្វកិច្ចចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើ។
(៦) ចៅក្រមឆ្លងមតិក្រុមប្រឹក្សាចៅក្រមទើបចេញព្រះរាជក្រឹត្យ ព្រះរាជអាជ្ញារដ្ឋមន្ត្រីយុត្តិធម៌ដាក់សំណើ
អស់លោក លោកស្រីជាព្រះរាជអាជ្ញាកុំភ្លេចថា យើងយកប្រព័ន្ធរបស់បារាំងមកប្រើ។ គ្រាន់តែនីតិវិធីនៃការតែងតាំងក៏មានការខុសគ្នាដែរ។ នីតិវិធីនៃការតែងតាំងចៅក្រម ត្រូវបានឆ្លងមតិឧត្តមក្រុមប្រឹក្សាចៅក្រមហើយទើបចេញព្រះរាជក្រឹត្យ។ ប៉ុន្ដែសំរាប់ព្រះរាជអាជ្ញាគឺរដ្ឋមន្ដ្រីយុត្ដិធម៌ស្នើទៅតែម្ដង។ ដូច្នេះ ចំណុចខុសគ្នានៅកន្លែងហ្នឹង។ កុំឲ្យមានប្រើពាក្យថាចៅក្រមឈរនិងចៅក្រមអង្គុយ។ កុំនិយាយថា “ចៅក្រមដូចគ្នា គ្រាន់តែចៅក្រមមួយអង្គុយចៅក្រមមួយឈរ”។ ចៅក្រមឈរសំដៅលើអយ្យការគឺព្រះរាជអាជ្ញានោះឯង។ រឿងវិវាទរដ្ឋប្បវេណី ដូចដែលឯកឧត្តម កើត រិទ្ធ បានធ្វើរបាយការណ៍នេះ ខ្ញុំសំណូមពរឲ្យចៅក្រមរបស់យើងប្រើប្រាស់វិធីសម្របសម្រួលជាមូលដ្ឋាន។ លើកលែងតែករណីទៅមិនរួច ហ្នឹងគឺកាត់ក្ដីតែម្ដង។ ប៉ុន្ដែយើងលើកទឹកចិត្តគ្រប់ថ្នាក់ រាប់ទាំងអាជ្ញាធរដើរតួនាទីធ្វើការសម្របសម្រួល រហូតដល់រឿងក្ដីនេះបានចូលដល់តុលាការហើយ ក៏វានៅតែជាសមត្ថកិច្ចដែលអាចធ្វើការសម្របសម្រួលបានក្នុងក្របខណ្ឌនៃរឿងរដ្ឋប្បវេណី។
(៧) ក្តីរដ្ឋប្បវេណី គ្មានអ្នកចំណេញទេ ជាការល្អសូមចៅក្រមផ្សះផ្សារបញ្ចប់វិវាទរវាងគូភាគី
ឥលូវខ្ញុំលើករឿងមួយ។ រឿងលែងលះប្ដីប្រពន្ធ។ កុំលើកទឹកចិត្តឲ្យលែងលះពេក។ ហៅមកសម្របសម្រួលគ្នាសិនទៅ។ បន្ដិចទៅត្រូវគ្នាវិញហើយ។ ជួនកាលវាអញ្ចឹង។ ឡើងទៅដល់តុលាការហើយ តុលាការចង់ចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្ដែដល់តែទៅសម្របសម្រួល អ្នកដែលគេពូកែសម្របសម្រួលចុះឡើង មានផ្ទៃពោះមួយទៀតបាត់។ ហ្នឹងរឿងវាអញ្ចឹង។ មើលសញ្ញាអមតាមជណ្ដើរឡើង។ អ្នកឈ្នះក្ដីនៅសល់តែខោមួយចង្កេះទេ។ អ្នកចាញ់ក្ដីបោសគូទខោតែម្ដង។ ជីដូនខ្ញុំធ្លាប់ជាស្មាក្ដី (គឺមេធាវី) គាត់ឡើងចុះៗជាមួយសាលាដំបូងកំពង់ចាមនិងឡើងចុះៗសាលាវិនិច្ឆ័យនៅទីក្រុងភ្នំពេញ។ ពីដើមអត់មានសាលាកំពូលទេគឺសាលាវិនិច្ឆ័យ។ ជីដូនខ្ញុំការពារក្ដីដោយមិនយកបា្រក់ទេ។ គាត់ចង្អុលបង្ហាញពីគូភាគីជំលោះព្រំដី ជាបងប្អូនបង្កើត ក្រទាំងសងខាង ព្រោះក្ដីខ្លះមានអាយុកាលដល់ទៅ ៧ ឬ៨ ឆ្នាំ។ មកកំពង់ចាមម្ដងត្រូវអស់លុយប៉ុន្មាន។ អ្នកខ្លះឡើងមកដល់សាលាជំរះក្ដី មកដល់សាលាវិនិច្ឆ័យទៀត។ គ្មានអ្នកណាមានផលចំណេញទេ។ ខ្ញុំសូមស្នើលើកទឹកចិត្តចៅក្រមទាំងអស់ យកចិត្តទុកដាក់ធ្វើការផ្សះផ្សារបញ្ចប់វិវាទរវាងគូភាគីឲ្យបានស្រូត។
(៨) វិធីសាស្ត្រពង្រីកចំណុចត្រូវគ្នា បង្រួមចំណុចមិនត្រូវគ្នា ក្នុងការស្រាយទំនាស់រដ្ឋប្បវេណី
ដំបូងបំផុត ចៅក្រមត្រូវចេះវិធីប្រើប្រាស់រូបមន្ដនៃការដោះស្រាយ។ យើងត្រូវពិនិត្យឲ្យបានដឹងថាតើចំណុចណាខ្លះដែលវាត្រូវគ្នា ហើយមានចំណុចណាខ្លះដែលវាមិនត្រូវគ្នា? ត្រូវរកឲ្យឃើញចំណុចទាំងហ្នឹងមុន។ ជាឧទាហរណ៍ សូម្បីការចរចានយោបាយដែលខ្ញុំធ្លាប់ធ្វើជាហូរហែមក ដូចជាការចរចានៅ ហ៊្វែអង់តាឌឺន័រ រវាងខ្ញុំនិងព្រះករុណាបិតា យើងតែងបានពិនិត្យរួចស្រេចថាអ្វីទៅជាចំណុចត្រូវគ្នា ហើយអ្វីខ្លះទៅជាចំណុចមិនត្រូវគ្នា? យើងរកវិធីដោះស្រាយចំណុចមិនត្រូវគ្នានេះ ពង្រីកទំហំនៃចំណុចត្រូវគ្នា កាត់បន្ថយទំហំនៃការដែលមិនត្រូវគ្នា។ ទីចុងបំផុតឈានទៅរកចំណុចត្រូវគ្នាទាំងស្រុង។ សូមលើកទឹកចិត្ត(អោយសិក្សា)ចំណុចនេះ ដើម្បីយើងអាចឈ្នះទាំងអស់គ្នា។
(៩) ទោះបីផុតពីរដ្ឋបាលដែនដីមកដល់តុលាការ ក៏សូមចៅក្រមប្រកាន់យកតួនាទីសម្របសម្រួល
បើកាលណាកាត់ក្តីហើយ អ្នកឈ្នះតែងនិយាយថាតុលាការយុត្ដិធម៌ ដល់ទៅអ្នកចាញ់ថាតុលាការអយុត្ដិធម៌។ អញ្ចឹងតុលាការរបស់យើងស្ថិតនៅក្នុងមាត់ដង្កាប់ រវាងម្ខាងគេថាឲ្យយើងត្រូវ ម្ខាងទៀតថាឲ្យយើងខុស។ អញ្ចឹងតុលាការនៅក្នុងមាត់ដង្កាប់។ ទោះបីយើងកាត់យុត្ដិធម៌យ៉ាងម៉េចក៏ដោយក៏នៅតែមានពាក្យហ្នឹង។ ក្រុមប្រឆាំងក៏តែងតែប្រើអានឹងដែរ។ អ្នកឈ្នះថាឃុបឃិតជាមួយតុលាការមានលុយបង់។ អ្នកចាញ់ត្រូវបានអូសទាញដើម្បីប្រឆាំង។ អញ្ចឹង ខ្ញុំស្នើរូបមន្ដដោះស្រាយតាមរបៀបឈ្នះៗ ជាវិធីដែលល្អ។ រឿងនេះ បើវាមិនទាន់មកដល់តុលាការគឺអាជ្ញាធរដែនដីចេញមុខអន្ដរាគមន៍ដោះស្រាយដើម្បីកុំឲ្យរឿងហ្នឹងមកដល់តុលាការ។ ប៉ុន្ដែបើផុតរបូតពីរដ្ឋបាលហើយ មកដល់តុលាការ ចៅក្រមយើងក៏នៅមានតួនាទីដើម្បីនឹងធ្វើការសម្របសម្រួលដែរ។
[បញ្ចប់សេចក្ដីអធិប្បាយ ៣]
៣. ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា។
៤. សាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
៥. ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា, ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង លើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព ទាំងបច្ចុប្បន្ន និង អនាគត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]
(១០) បើគ្មានការបោះឆ្នោតឡើងវិញ ថ្ងៃ២៨ សីហា សភាប្រជុំ ថ្ងៃ២៩សីហា បង្កើតរាជរដ្ឋាភិបាល
យើងត្រូវដាក់កម្មវិធីកសាងច្បាប់នៅក្នុងនីតិកាលខាងមុខ។ រៀបចំឲ្យហើយទៅ។ ខ្ញុំគួរតែត្រូវនិយាយប្រាប់អំពីការត្រៀមរៀបចំសម្រាប់ពេលខាងមុខ។ ខ្ញុំអាចជម្រាបជាសាធារណៈ(អំពីនីតិវិធី) ក្នុងករណីការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខ។ បើមិនមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយទេ ដំណើរការដោះស្រាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរហូតទៅដល់ដំណាក់កាលនៃការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបកត្រឡប់មកវិញ គឺប្រកាសលទ្ធផលផ្លូវការនិងបេក្ខជនជាប់ឆ្នោត។ ដូចនេះប្រើពេលវេលាខ្លីទេ។ យើងត្រូវទុកពេលវេលាមួយចំនួន។ តាមការគ្រោងទុកសភានឹងត្រូវប្រជុំលើកដំបូងនៅថ្ងៃទី២៨(សីហា) ចំថ្ងៃចន្ទ ១២កើត … ក្រោមព្រះរាជធិបតីព្រះមហាក្សត្រ។ ល្ងាចថ្ងៃទី២៨(សីហា) សភាចូលស្បថ។ ថ្ងៃទី២៩(សីហា) ពេលព្រឹកបង្កើតរាជរដ្ឋាភិបាល ពេលល្ងាចរាជរដ្ឋាភិបាលស្បថចូលកាន់តំណែងបានហើយ។
(១១) ការរៀបចំបង្កើតរាជរដ្ឋាភិបាល សំរបសំរួលជាប្រតិទិនការងារនិងព្រះរាជវត្តមានព្រះមហាក្សត្រ
អញ្ចឹងទេ នេះជាប្រតិទិនសម្រាប់ការបង្កើតរាជរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតនៅពេលខាងមុខ។ ក្នុងករណីគណបក្សប្រជាជនឈ្នះ ខ្ញុំមានភារៈកិច្ចនឹងរៀបចំបែបនេះ។ បើគណបក្សដទៃឈ្នះ ទុកឲ្យគេរៀបចំទៅ។ សុទ្ធតែខ្នើតទាំងអស់។ មានពន្លឺល្អ។ បើសិនរាជរដ្ឋាភិបាលត្រូវប្រជុំថ្ងៃទី ៣០ ឬ៣១(សីហា) គឺចំថ្ងៃកោរ ថ្ងៃពេញបូណ៌មីតែម្តង ហើយវាចំនឹងខែស្រាពណ៍។ ខ្ញុំកើតខែស្រាពណ៍ ឆ្នាំរោង។ អញ្ចឹងទេវាចំកន្លែងគ្នាតែម្តង។ យើងមើលគិតគូរព្រោះវាទាក់ទងជាមួយនឹងប្រតិទិនការងារផង និងទាក់ទិនជាមួយប្រតិទិនការងារព្រះមហាក្សត្រផង។ ត្រូវមានព្រះរាជកិច្ចទូលស្នើទៅព្រះអង្គកោះប្រជុំសភាថ្ងៃណា។ ព្រះអង្គត្រូវប្រជុំសភាផង រួចហើយត្រូវមានព្រះរាជវត្តមាននៅពេលស្បថចូលកាន់តំណែងរបស់សភាផង។ បន្ទាប់ទៅព្រះអង្គត្រូវចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្រ្តី រហូតដល់តែងតាំងរាជរដ្ឋាភិបាលទាំងមូល និងមានព្រះរាជវត្តមាននៅពេលដែលសភានិងរាជរដ្ឋាភិបាលស្បថចូលកាន់តំណែង។
(១២) គប្បីជំរុញក្នុងនីតិកាលខាងមុខអោយចេញបានតុលាការឯកទេស ដូចជាតុលាការពាណិជ្ជកម្ម
អញ្ចឹង នៅក្នុងសេចក្តីព្រាងច្បាប់ គេហៅថាកម្មវិធីនៃការកសាងសក្ខីភាពច្បាប់។ គប្បីពន្លឿនច្បាប់ទាក់ទិន នឹងតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះបញ្ហាកាន់តែធំកាន់តែច្រើន។ យើងកំពុងតែជាប្រទេស(កំពុងមានការ)អភិវឌ្ឍមួយ ត្រូវពង្រឹងការជឿជាក់សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា។ ខ្ញុំស្នើថាគួរតែខិតខំជម្រុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះនូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម។ រៀបចំតុលាការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីរឿង(ទាក់ទងនឹងពាណិជ្ជកម្ម)នេះ។ ឥឡូវយើងកាត់គ្រប់រឿង។ តុលាការរបស់យើងកាត់គ្រប់រឿង អញ្ចឹងទេយើងត្រូវមានតុលាការឯកទេស។
ម៉្យាងទៀត ខ្ញុំសុំយកឱកាសនេះថ្លែងនូវការកោតសរសើរអរគុណចំពោះ ឯកឧត្តម យូ ប៊ុនឡេង។ ថ្ងៃនេះមកអត់? ម្ចាស់អ្នករៀបចំ។ ធ្វើម៉េចអាយុយើងត្រូវចូលនិវត្តន៍អត់បានចូលប្រជុំនឹងគេ។ ពន្យារច្រើនដងហើយ។ វាអស់អាយុពន្យារ។ បើសិនជាសល់អាយុពន្យារ កុំអីឱ្យ ប៊ុនឡេង ឯងគឺនៅចាំសម្ពោធហ្នឹងហើយចាំចេញ។ ប៉ុន្តែយើងពន្យារអាយុនៅឧទ្ធរណ៍បានដល់ទៅ ៦៥ឆ្នាំ។ កន្លងទៅ សេង ស៊ីវុត្ថា សុំពន្យារ … ដល់ទៅពេលក្រោយ ឡេង ត្រូវពន្យារ។ ឥឡូវអាយុ សេង ស៊ីវុត្ថា ប៉ុន្មាន? ៦០ឆ្នាំ។ ដល់ទៅថ្ងៃក្រោយ ដែលព្រះរាជក្រឹត្យនោះចេញ ឡេង សុំពន្យារ សុំពន្យារតែក្រោយ ៦៥ឆ្នាំ។ ប៉ុន្តែហ្នឹងដូចជាមិនត្រូវពន្យារអីទៀតទេ (…) ពន្យារ ១ឆ្នាំម្តងៗ ហើយបានតែប៉ុន្មានដងទៀត បន្ទាប់ទៅបានបញ្ជូនទៅកំពូល។ កំពូលអត់មានកំណត់អាយុទេ តែក៏សុំពន្យារយ៉ាងម៉េចហ្នឹងគិតតទៀត។
(១៣) សូមគិតពីប្រសិទ្ធភាពការងារ
អ្វីដែលខ្ញុំសុំផ្តាំផ្ញើ យើងបានធ្វើកន្លែងនេះ ដោយមានការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលបង្កើតឡើងឱ្យមានកន្លែងធ្វើការ។ កន្លែងធ្វើការល្អគឺប្រសើរណាស់ទៅហើយ ប៉ុន្តែប្រសើរជាងទៀត ប្រសិទ្ធភាពការងារ។ កុំមានកន្លែងធ្វើការល្អ ប៉ុន្តែប្រសិទ្ធភាពទាប។ សុំពិនិត្យមើលយុទ្ធសាស្ត្រចតុកោណមានពាក្យមួយឃ្លាគឺប្រសិទ្ធភាព។ អ្នកឯងមានកន្លែងប៉ុណ្ណាក៏ដោយ ស្រួលប៉ុណ្ណាក៏ដោយ ប៉ុន្តែបើប្រសិទ្ធភាពការងារគ្មានទេគឺ មិនអាចទៅរួចទេ … ការកសាងឱ្យមានអគារ ឱ្យមានទីកន្លែងធ្វើការវាជាការលំបាកមួយហើយ ក៏ប៉ុន្តែបញ្ហាធានាឱ្យមាននិរន្តរ៍ភាពម្ខាង និងធានាឱ្យមានប្រសិទ្ធភាពម្ខាង គឺជារឿងចាំបាច់។
(១៤) លុបការតែងតាំងដោយនាយករដ្ឋមន្ត្រីនូវប្រធានតុលាការនិងអយ្យការអមសាលាដំបូង«
ខ្ញុំសុំរំលឹកអំពីរឿងហ្នឹង … ខ្ញុំធ្លាប់និយាយកាលពីសម្ពោធរឿងខ្ញុំបានដកសិទ្ធខ្លួនឯងនៅពេលដែលខ្ញុំចូលកាន់ការធ្វើជានាយករដ្ឋមន្ត្រី។ ដកសិទ្ធយ៉ាងម៉េច? ពីដើមចៅក្រម ប្រធានតុលាការ និងអយ្យការអមសាលាដំបូង ត្រូវតែងតាំងដោយនាយករដ្ឋមន្ត្រី។ ខ្ញុំបានដកសិទ្ធិខ្លួនឯង។ ខ្ញុំថាវាអត់ត្រូវ។ អំណាចតុលាការគឺអំណាចដាច់ដោយឡែក ហេតុអីយកមកឱ្យតែងតាំងដោយសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី? អញ្ចឹងតុលាការត្រូវឱនក្បាលដាក់នាយករដ្ឋមន្ត្រី។ ដូចនេះ ទោះនាយករដ្ឋមន្ត្រីធ្វើខុសធ្វើត្រូវអត់ហ៊ានទេ ខ្លាចនាយករដ្ឋមន្ត្រីទម្លាក់ចោល … ពេលនោះក៏ជាពេលវេលាបង្កើតតុលារការកំពូលដែរ។ អញ្ចឹងបានរៀបចំឱ្យមានការតែងតាំងពីខាងលើត្រឡប់មកវិញ ដែលឥឡូវនេះយើងមានឧត្តមក្រុមប្រឹក្សាចៅក្រម ដែលព្រះមហាក្សត្រទ្រង់គង់ជាព្រះប្រធាននៃដើម្បីរៀបចំអំពីការងារនេះ។
(១៥) អន្តរាគមន៍ជួយសាងសង់តុលាការរាជធានី
អ្វីដែលគួរឱ្យឆ្ងល់គឺទាំងសាលាជម្រះក្តីនៅទីក្រុងភ្នំពេញនិងសាលាជម្រះក្តីនៃតុលាការកំពូល សុទ្ធតែនៅកន្លែងដែលមិនគួរ។ កាលពីជំនាន់នោះ ចូលទៅនៅកន្លែងណាបានយ៉ាងម៉េច នៅអង្គុយអញ្ចឹងទៅ។ មើលសាលាតុលារការកំពូល តា ចាន់ សុខ ចេះតែនៅហ្នឹងបានទៅ។ បន្ទាប់ពី តា ចាន់ សុខ ដល់បង ឌិត មុន្ទី ចេះតែនៅនោះបានទៅ។ ខ្ញុំត្រូវតែលូកដៃអន្តរាគមន៍ មិនមែនអន្តរាគមន៍កាត់ក្តីទេ អន្តរាគមន៍ជួយធ្វើ បានជាមានសាលាតុលាការរាជធានីបច្ចុប្បន្ននេះ។ សាលាដំបូងត្រូវរើមកកន្លែងនេះវិញ ព្រោះកន្លែងនោះគឺ អាចនឹងប្រើធ្វើអីផ្សេង។ នោះគឺក្រសួងយុត្តិធម៌ទៅ។ ក្រសួងយុត្តិធម៌ក៏នៅជាមួយនឹងសាលាឧទ្ធរណ៍។ ឥឡូវយើងបានពង្រីកកន្លែងធ្វើការរបស់ក្រសួងយុត្តិធម៌កាន់តែធំទូលាយ ហើយយកសាលាឧទ្ធរណ៍និងសាលាដំបូងមកនៅជាមួយគ្នា។ អញ្ចឹងទេបើកាត់ក្តីចាញ់នៅសាលាដំបូង ដើរប៉ុន្មានជំហានដល់សាលាឧទ្ធរណ៍ ដាក់ពាក្យប្តឹងតែម្តងកុំឱ្យយូរពេក។ ឆ្លងឆ្លើយគ្នានៅកន្លែងហ្នឹងតែម្តង ដោយមិនចាំបាច់ប្រើពេលយូរ ប្រាប់ថាខ្ញុំប្រកាសប្តឹងឧទ្ធរណ៍ អញ្ចឹងមេធាវីធ្វើរឿងភ្លាមៗបញ្ជូនទៅប្តឹងឧទ្ធរណ៍តែម្តង។
(១៦) អំពាវនាវឲ្យសន្សំសំចៃភ្លើង
ត្រូវយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាពការងារ។ បញ្ហាសន្សំសំចៃ ខ្ញុំសុំអំពាវនាវថា កន្លែងធ្វើការកាន់តែល្អ ការចំណាយសម្រាប់ដំណើរការក៏កាន់តែច្រើនដែរ ជាពិសេសអំពាវនាវឱ្យសន្សំសំចៃភ្លើងតែម្តង។ បើបន្ទប់មួយៗបើកម៉ាស៊ីនត្រជាក់ធ្លាក់ដល់ ២០ដឺក្រេ ឬ ១៧ដឺក្រ ១៦ដឺក្រេ ហ្នឹងស៊ីភ្លើងកាន់តែច្រើន។ ថាអញ្ចឹងទៅចុះ ប៉ុន្តែពេលចេញទៅផ្ទះអាណិតបិទភ្លើងសិន បិទម៉ាស៊ីនត្រជាក់សិន ដើម្បីសន្សំសំចៃភ្លើង កុំឱ្យការចំណាយវាធំពេក។ មិនមែននិយាយត្រឹមតែបញ្ហាតុលាការទេ គ្រប់សា្ថប័នរដ្ឋទាំងអស់ត្រូវធ្វើដូចគ្នា។ សំណាងហើយដែលយើងរកដីនៅកន្លែងនេះ … ក្នុងតុលាការរបស់យើងមានរហូតដល់កម្ពស់ ៨ជាន់ គឺច្រើនដែរ។ វាធំដែរ។ ចែកគ្នាជាពីរទៅម្ខាងម្នាក់។ អញ្ចឹងមកក្តីនៅកន្លែងហ្នឹងទៅ វាក៏បន្ធូរបន្ថយនូវការលំបាក។ ខ្ញុំសុំស្នើថា កុំមានកន្លែងធ្វើការល្អប៉ុន្តែប្រសិទ្ធភាពខ្សោយ … ថ្ងៃនេះ ទាំងចៅក្រម ព្រះរាជអាជ្ញា និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញចូលរួមចំនួន ៦៤៥នាក់ ក៏សូមជូនម្នាក់ៗ ២០ម៉ឺនរៀល ជូនសាលាយុត្តិធម៌ថវិកា ២០លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងពិធីចំនួន ៣លានរៀល។
[បញ្ចប់សេចក្ដីអធិប្បាយ ៤] បញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសាលាយុត្តិធម្ម ថ្មី ចាប់ពីពេលនេះតទៅ, ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ, លោក លោកស្រី ដែលមានវត្តមានក្នុងពិធីនេះ សូមទទួលបាននូវពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត៕