សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

 

នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍​ប្រចាំ​អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីខេត្ត យើងបានដោះស្រាយបញ្ហាជាច្រើនរួមទាំងសមិទ្ធផលសំខាន់ៗជាច្រើនទៀតសម្រាប់ជាតិមាតុភូមិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមុតស្រួច និងប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ ដែលធ្វើឱ្យមានលំនឹង និងកំណើនសេដ្ឋកិច្ច ព្រមទាំងជីវភាពប្រជាពលរដ្ឋល្អប្រសើរថែមទៀតផង។ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយនឹងប្រទេសនានាលើឆាកអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ខណៈដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងតំណាងរាជរដ្ឋាភិបាល នឹងឡើងការពារវិសោធនកម្មច្បាប់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជារក្សាការពារបាននូវសុខសន្ដិភាព និងម៉ាក្រូសេដ្ឋកិច្ច ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលមិនច្បាស់លាស់ជារៀងរៀលថ្ងៃ។គោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងពេលដែលពិភពលោកមានការប្រែប្រួល គឺកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយឯករាជ្យផ្អែកលើច្បាប់។សម្តេចតេជោបានបន្តទៀតថា នៅក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានជោគជ័យ ក្នុងតួនាទីប្រធានប្ដូរវេនអាស៊ាន និងជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចំណែកនៅលើកឆាកអន្តរជាតិកម្ពុជាកំពុងចូលរួមយ៉ាងសកម្មដោយស្នើភាពស្នើសិទ្ធ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា ការអនុវត្តការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពិសេសការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលតែងតែកើតមានជាប្រចាំនោះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងផ្លាស់ប្ដូរយុទ្ធសាស្រ្ដចតុកោណ ទៅជាយុទ្ធសាស្រ្ដបញ្ចកោណដែលយុទ្ធសាស្រ្ដនេះនឹងប្រមូលនូវធាតុទាំងឡាយក្នុងយុទ្ធសាស្រ្ដចតុកោណ និងបន្ថែមធាតុចូលថ្មីៗថែមទៀត ដើម្បីផ្ដោតលើការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាមន្ត្រីរដ្ឋាភិបាលចុះជួយមូលដ្ឋានទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួ...

នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា