សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី​នៃវិទ្យាស្ថាន វ៉ាន់ដា

CNV:

(១) វិទ្យាស្ថាន វ៉ាន់ដា រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់ឆ្នាំនេះ សម្រាប់វិទ្យាស្ថាន​ វ៉ាន់ដា ដែលមាននិស្សិតរហូតទៅដល់ ៤ ៧០៥នាក់។ អម្បាញ់មិញ ខ្ញុំបានសួរឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ថាតើសាលាពីរខុសគ្នាយ៉ាងម៉េច? គឺសាលាតែមួយទេ ប៉ុន្តែជំនាន់ខុសគ្នា។ ជំនាន់នេះ ជំនាន់កូវីដ-១៩។ សូមសួរបន្ដិច អ្នកធ្លាប់កើតកូវីដ-១៩ ប៉ុន្មាននាក់? … ច្រើនដែរ​។ កើតក្រោយចាក់វ៉ាក់សាំងឬក៏កើតមុន? … ថ្ងៃនេះ យើងបានទទួលមកនូវធនធានមនុស្សថែមទៀត។ រយៈពេលតែ២ លើកទេ យើងទទួលបានរហូតទៅដល់ប្រមាណ៨ ពាន់នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសរបស់យើង​។ ក្នុងនោះ គេបានសង្កេតឃើញអំពីអត្រាខ្ពស់បំផុតនៃការចូលរៀនរបស់និស្សិតជាស្រ្តីនៅសាលាទាំងអស់របស់វិទ្យាស្ថាននេះ។

(២) អត្រានិស្សិតជាស្រ្ដីខ្ពស់ទាំងកំរិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រ

បើយោងទៅលើរបាយការណ៍នេះ កម្រិតបរិញ្ញាបត្ររង ៥៣នាក់ ក្នុងនោះមានស្រ្ដី ៨៦,៧៩%។ បរិញ្ញាបត្រចំនួន ៤ ៦៥២នាក់ គឺមានស្រ្ដីចំនួន ៤ ១៧៥នាក់ ស្មើនឹង ៨៩,៧៥%។ យើងគិតថា នៅទីនេះ ចំនួនបុរសកំពុងក្លាយទៅជាភាគតិចនៅក្នុងបន្ទប់។ បើសិនជាមានការបោះឆ្នោតណាមួយកើតឡើង ពួកយើងមិនអាចប្រជែងឈ្នះជាមួយនឹងបេក្ខភាពជានារីទេ … បើសិនជាមានតម្រូវការបោះឆ្នោតណាមួយ បេក្ខជនជាបុរសអត់ (ឈ្នះ)ទេ។ នារីស៊ីដាច់។ ប៉ុន្តែ ក៏សូមបញ្ជាក់ នារីខ្លួនឯងមិនប្រាកដថាគាំទ្របេក្ខជនជានារីខ្លួនឯងទេ។ នៅប្រទេសយើង គឺដូច្នេះ សុខចិត្តគាំទ្របុរស គាំទ្រនារីគឺអត់ទេ។ តែនេះគ្រាន់តែជាបញ្ហាធ្លាប់សង្កេតឃើញពីមុនមក ដែលខ្ញុំធ្លាប់គ្រប់គ្រងស្ថាប័នជាបន្តបន្ទាប់។ ជួនកាល បេក្ខភាពនារីដូចគ្នា គឺមិនសូវទទួល។

(៣) បេក្ខភាពស្ត្រីតិចទាំងក្នុងមុខខាងនយោបាយនិងមុខងារសាធារណៈ

សូម្បីតែរយៈពេលកន្លងទៅនេះ យើងបានរំលឹកហើយថា ឱ្យយកចិត្តទុកដាក់តែងតាំងស្រ្តីឱ្យចូលកាន់ការងារ ក៏ប៉ុន្តែសង្កេតឃើញថា ស្ថាប័នខ្លះលើកសំណើរឡើងមកថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មិនមាន(បេក្ខភាព)ស្រ្តីណាម្នាក់ក្នុងចំណោមនៃសំណើររបស់រដ្ឋមន្រ្តី។ ហ្នឹងមួយទៅ។ យើងមានមុខងារនយោបាយ និងមុខងារសាធារណៈ។ ដល់មុខងារសាធារណៈវិញ ដាក់មក ប្រធាននាយកដ្ឋាន អគ្គនាយករង អគ្គនាយក ឃើញតែ(បេក្ខភាព)បុរសទៀត។ អត់មានស្រ្តី។ យើងសុខចិត្តធ្វើនិយតកម្មក្របខណ្ឌ គេហៅថា ឋានន្តរសក្ដិ ដើម្បីកែសម្រួលឱ្យត្រូវ។ យើងមានបទបញ្ញត្តិ។ ឧទាហរណ៍ថា ប្រធាននាយករដ្ឋត្រូវជាឋានន្តរសក្ដិអី ជាអនុមន្រ្តី ឬជាវរមន្រ្តី។ អគ្គនាយករង អគ្គនាយក ជាឧត្តមមន្រ្តី ឬវរមន្រ្តី គឺត្រូវតែមានឋានៈហ្នឹង។ យើងអាចធ្វើនិយតភាព(រឿងហ្នឹង)បានទេ។ សូមបញ្ជូនសារនេះ តាមអស់លោកឯកឧត្តម លោកជំទាវ ជារដ្ឋមន្រ្តីផង។ (សូមកុំនិយាយ)ថា(លើកបេក្ខភាព)អត់បាន (ព្រោះ)សុទ្ធតែក្រមការទាំងអស់។ (បើ)អត់ដំឡើងគ្នាផង ឱ្យគ្នា ឡើងម៉េច?

(៤) និយាយពីសិទ្ធស្ត្រី តែមិនឃើញមានការតែងតាំងស្ត្រីក្នុងការងារ

ក្នុងរយៈពេលកន្លងទៅនេះ ឃើញថាការងារថ្នាក់ជាតិបានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិច្រើនហើយ។ អញ្ចឹងទេ ខ្ញុំក៏ពិភាក្សាជាមួយនឹងសម្ដេចក្រឡាហោម ស ខេង នឹងនាំគ្នាធ្វើវិសោធនកម្មច្បាប់ទាក់ទិនជាមួយនឹងក្របខណ្ឌនៃចំនួនអាសនៈនៃរដ្ឋបាលថ្នាក់រាជធានីខេត្ត ស្រុកខណ្ឌ និងក្រុង។ ដល់ប្រគល់ទៅឱ្យ លើសំណើរតែងតាំង ឃើញតែបុរស។ អត់មានស្រ្ដី។ អញ្ចឹងទេ វាចំឡែកដែរកន្លែងហ្នឹង។ មួយថ្ងៃៗ (យើងនិយាយពី)យកចិត្តទុក​ដាក់(ដល់ស្ត្រី)។ បុណ្យសិទ្ធិនារី គឺ​គិតតែពីសិទ្ធិនារីតែម្ដង ប៉ុន្តែដល់តែងតាំងនារីឱ្យធ្វើការគឺអត់។ ទោះបីយ៉ាងណាក៏ដោយ ក៏មានកើនខ្លះ មិនមែនអត់ទេ ប៉ុន្តែកើនមិនស្របជាមួយនឹងការចង់បាន ក្នុងពេលដែលធនធានមនុស្សមានច្រើន។ ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយនេះ បន្ទាប់ពីការណែនាំទៅ គឺនឹងទទួលបានការយកចិត្តទុកដាក់ច្រើនជាងសម្រាប់ស្រ្ដីរបស់យើង។

(៥) ឌីជីថលូបនីយ៍កម្ម រីកចម្រើនក្នុងសម័យកូវីដ-១៩

ខ្ញុំសូមអរគុណ និងកោតសរសើរជាមួយនឹងវិទ្យាស្ថាន ដែលបានប្រឹងប្រែងជំនះនូវការលំបាក ដោយរួមជាមួយនឹងការដឹកនាំរបស់នាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ក៏ដូចជានិស្សិត បានជំនះនូវការលំបាកក្នុងដំ​ណាក់កាលនៃកូវីដ-១៩។ អម្បាញ់មិញ ខ្ញុំក៏បានមើលការផ្សាយបន្តផ្ទាល់ពី BTV ដែលធ្វើសម្ភាសទាក់ទិនជាមួយនឹងការរៀនតាមអនឡាញ ដែលគ្រូមានការលំបាកទៅលើការឆ្លើយតបសំណួរបស់និស្សិត ដោយសារសិស្សច្រើនពេកទៅលើបញ្ហារៀនតាមអនឡាញ។ សម័យកូវីដ-១៩ វាអាក្រក់ ក៏ប៉ុន្តែ វាក៏បង្កប់នូវកាលានុវត្តភាពរបស់វាផងដែរ ទាក់ទិនជាមួយនឹងការរីកចម្រើនឌីជីថលនេះ។ ឌីជីថល រីកចម្រើនខ្លាំងនៅក្នុងវិស័យអប់រំតែម្ដង។ នេះគឺជាចំណុចល្អសម្រាប់ប្រទេសរបស់យើង។ ប៉ុន្តែយើងមិនចង់ឱ្យមានកូវីដ-១៩ ដើម្បីរៀនតាមអនឡាញទៀតទេ ព្រោះអាហ្នឹងមិនមែនជាការងាយស្រួលទេ។

(៦) យុវជន/យុវនារី ស្រវាស្រទេញសិក្សា

កាលពីឆ្នាំ ២០២១ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ីអឺរ៉ុប ប៉ុន្តែយើងមិនអាចប្រជុំផ្ទាល់បានទេ យើងត្រូវប្រជុំតាមអនឡាញ។ តែឆ្នាំ ២០២២ ដោយសារយើងគ្រប់គ្រងកូវីដ-១៩ បាន យើងក៏ប្រជុំផ្ទាល់ ហើយក៏បានបើកឱកាសសម្រាប់ការជួបជុំគ្នាបែបនេះ។ ថ្ងៃនេះ បើយើងពិនិត្យអំពីចំនួននិស្សិតដែលចូលរួម បូកជាមួយនឹងភ្ញៀវដែលចូលរួមនៅទីនេះ គឺជិត ៥ពាន់នាក់ឯណោះ។ អញ្ចឹងទេ ពាក្យថា “៣កុំ”៖ កុំទី១​ គឺពិបាកធ្វើតែម្ដង “កុំទៅកន្លែងដែលមានមនុស្សច្រើន”។ ឥឡូវយើងកំពុងតែប្រជុំមនុស្សច្រើន អាហ្នឹងពិបាកធ្វើហើយ។ កុំទី២ “កុំនៅកន្លែងបិទជិត” ឥឡូវកំពុងតែបិទជិត ធ្វើម៉េចម៉ាស៊ីនត្រជាក់(ត្រជាក់) មិនក្ដៅងាប់ហើយទេ។ ប៉ុន្តែ ការរក្សាគម្លាត នៅអាចធ្វើបាន។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូន្យកូវីដ-១៩ ក៏ច្រើនថ្ងៃហើយ។ ខ្ញុំសូមអរគុណចំពោះវិទ្យាស្ថានដែលបានផ្ដល់នូវអាហារូបករណ៍សម្រាប់ខ្ញុំ ក្នុងការផ្ដល់ជូននិស្សិតក្រីក្ររបស់យើង។ ហើយខ្ញុំក៏បានកត់សំគាល់ឃើញថា និស្សិតយុវជន យុវនារីកម្ពុជារបស់យើង កំពុងស្រវាស្រទេញចំពោះការសិក្សាខ្លាំងណាស់។

(៧) ឱ្យវិស័យឯកជនវិនិយោគក្នុងវិស័យអប់រំជាការសំរេចចិត្តត្រឹមត្រូវ

មានការបង់ថ្លៃសម្រាប់ការចូលរៀន។ ខ្ញុំនៅតែគិតថា ការសម្រេចចិត្តរបស់ខ្ញុំផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ដោយចាប់ផ្ដើមពីថ្នាក់បឋម រហូតដល់មធ្យមសិក្សា រហូតទៅដល់ឧត្តមសិក្សា គឺត្រឹមត្រូវ។ យើងបើកឱកាសសម្រាប់និស្សិត។ ខាងមុខនេះ អាចនឹងមានសាកលវិទ្យាល័យពីបរទេស មកបើកទៀតផង។ អគ្គរដ្ឋទូតអង់គ្លេស គណៈប្រតិភូអង់គ្លេសតែងនិយាយជាមួយនឹងខ្ញុំថា “ខាងមុននេះ អង់គ្លេសអាចនឹងមកកសាងសាកលវិទ្យាល័យនៅកម្ពុជា”។ នោះក៏ជាឱកាសដែលអ្នកពុំមានលទ្ធភាពបញ្ជូននិស្សិតទៅរៀននៅប្រទេសក្រៅ ហើយដែលឱ្យកូនរៀនភាសាអង់គ្លេសតាំងពីតូច គឺមានឱកាសចូលសាកលវិទ្យាល័យនៅក្នុងប្រទេសតែម្ដង។ មានការប៉ុនប៉ងដើម្បីបើកសាកលវិទ្យាល័យនានាថែមទៀត។ បើប្រៀបធៀបជាមួយនឹងការចេញទៅរៀននៅក្រៅប្រទេស គឺត្រូវចំណាយច្រើនជាង ដែលយើងរៀន(សាលាអន្តរជាតិ)នៅក្នុងស្រុក។

(៨) បន្តលើកកម្ពស់គុណភាពនិងសមត្ថភាពជាប្រចាំ ទើបដើរទាន់សភាពការណ៍

ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះគ្រប់កម្រិត ហើយក៏សូមចូលរួមជាមួយនឹងមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ អបអរសាទរចំពោះការទទួលបាននូវសញ្ញាបត្រថ្ងៃនេះ ចំពោះកូន ចំពោះចៅ ចំពោះប្ដី ចំពោះប្រពន្ធ ឬចំពោះឪពុកម្ដាយ ព្រោះអ្នកដែលសិក្សានៅទីនេះ គឺអ្នកខ្លះក៏នៅកំលោះក្រមុំ អ្នកខ្លះក៏មានកូនទៅហើយ ប៉ុន្តែដែលហៅថា រៀនគឺរៀនអត់ចប់ទេរៀនពេញមួយជីវិត។ ខ្ញុំក៏សូមផ្ដាំផ្ញើជាមួយនឹងនិស្សិតទាំងអស់ បន្តការខិតខំ ដើម្បីលើកកម្ពស់សមត្ថភាពរបស់យើងជាបន្តទៀត។ មិនអាចត្រឹមប៉ុណ្ណឹងចប់ទេ។ ត្រូវរៀន(បន្ត) លើកកម្ពស់គុណភាព សមត្ថភាពរបស់យើងជាប្រចាំ ទើបដើរទាន់សភាពការណ៍។ យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ។ ត្រូវខិតខំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង។

(៩) សម័យសេដ្ឋកិច្ចប្រកួតប្រជែង មិនមែនសេដ្ឋកិច្ចផ្តួលរំលំដៃគូ

មិនមែនបានសេចក្ដីថា ទៅជាន់គេពន្លិច រួចហើយធ្វើខ្លាំងម្នាក់ឯងទេ! គឺត្រូវធ្វើយ៉ាងម៉េចខិតខំប្រកួតប្រជែង។ សម័យនេះ មិនមែនជាសម័យប្រលងប្រណាំងនោះទេ យើងប្រើពាក្យ “ប្រកួតប្រជែង”។ សេដ្ឋកិច្ចប្រកួតប្រជែង មិនមែនជាសេដ្ឋកិច្ចដែលផ្ដួលរំលំដៃគូ។ ដូចជាធនាគារខ្លះ កាច់ធនាគារខ្លះ។ ហ្នឹងកាលពីសម័យមុនទេ។ សម័យនេះ គឺអត់ទេ ព្រោះមានការត្រួតពិនិត្យត្រឹមត្រូវ។ បើយើងស្ដាប់ នៅប្រទេសនេះប្រទេសនោះ (មាន)ធនា​គារខ្លះ(ធ្វើអញ្ចេះអញ្ចុះ) ដើម្បីឱ្យធនាគារនីមួយៗរលំ។ ឧទាហរណ៍ថា ធនាគារនោះចេះតែលក់ភាគហ៊ុន (ធនា​គារមួយទៀត)ចេះតែទិញៗ។ ដល់ដំណាក់កាលមួយ រុញឱ្យធនាគារនោះរលំ ដើម្បីធនាគារខ្លួនឯងរស់។ ហ្នឹងគឺជាការប្រកួតប្រជែងផ្ដួលគ្នាដើម្បីយកឈ្នះ។ ឥឡូវសម័យរបស់យើងនេះគឺជាសម័យនៃការប្រកួតប្រជែង ដើម្បីការលូតលាស់ទាំងអស់គ្នា។ ក្នុងហ្នឹង ឧទាហរណ៍អាជីវកម្ម បើសិនជាចង់ឱ្យអាជីវកម្មយើងដាច់ យើងកុំទៅបំផ្លាញអាជីវកម្មអ្នកដទៃ គឺយើងខិតខំបង្កើនគុណភាពរបស់យើង។ ឧទាហរណ៍ថា លក់ចំណីអាហារទៅចុះ។ ធ្វើម៉េចឱ្យចំណីអាហាររបស់យើងមានគុណភាព មានអនាម័យ ទទួលទានឆ្ងាញ់ រួចហើយតម្លៃសមរម្យ។ ឃើញខាងណេះកំពុងធ្វើអញ្ចឹង ខាងម្ខាងទៀតក៏ត្រូវតែរត់ប្រណាំងអំពីគុណភាពដូចគ្នា។ អញ្ចឹងយើងទាក់ទាញអតិថិជន ព្រោះអតិថិជនមិនអាចទៅទទួលទាននៅកន្លែងណាដែលខ្វះអនាម័យនោះទេ។ ការលក់សំលៀកបំពាក់ឬលក់ស្អីៗ ដែលវាប្រហាក់ប្រហែលគ្នា យើងមិនមែនប្រើប្រាស់ការដេញថ្លៃ ទំលាក់តម្លៃនោះទេ ក៏ប៉ុន្តែ យើងប្រើប្រាស់ថ្លៃម្ខាង តែបញ្ហាគុណភាពគឺជាចម្បង។

(១០) គំនិតធ្វើវិច្ឆេទកម្មទប់ស្កាត់ការរីកចំរើនរបស់ប្រទេសនេះ/នោះ ជាការគណនាខុស

នៅក្នុងក្របខណ្ឌតំបន់ យើងអត់មានទៅធ្វើវិច្ឆេទកម្មទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសនេះ ការរីកចម្រើននៅប្រទេសនោះទេ។ គឺមិនអាចធ្វើទៅរួចទេ គេក៏ជាប្រជាជាតិមួយ។ វាអាចជាការគណនាខុសជាមួយនឹងការគិតគូរទាំងឡាយថា ត្រូវធ្វើឱ្យវៀតណាមខ្សោយ ថៃខ្សោយ ទើបកម្ពុជាយើងឡើង។ ខុសស្រឡះ។ បើវៀតណាម​ខ្សោយ នោះឥទ្ធិពលនៃអតិផរណានៅក្នុងប្រទេសវៀតណាមនឹងជះមកលើកម្ពុជា។​ ទំនិញរបស់កម្ពុជាដែលនាំទៅវៀតណាម ខ្ញុំលើកឧទាហរណ៍៖ ក្នុងមួយឆ្នាំ យើងនាំទៅប្រទេសវៀតណាម តម្លៃប្រមាណជិត ៥ពាន់លានដុល្លារ។ អញ្ចឹងបើសិនជាវៀតណាមខ្សោយ វៀតណាមិនមែនជាទីផ្សាររបស់កម្ពុជាទេ។ វៀតណាមជិតធ្វើគម្រប់ខួបប្រជាជន ១០០លាននាក់។ អញ្ចឹងបើវៀតណាមចុះខ្សោយ សេដ្ឋកិច្ចរបស់វៀតណាមនឹងជះឥទ្ធិពលមកលើកម្ពុជា។

(១១) នឹងមានការតភ្ជាប់បណ្ដាញអគ្គិសនីពីកម្ពុជាទៅសាំងហ្គាពួរតាមក្រោមបាតសមុទ្រ

យើងក៏មានការទិញនូវភ្លើងពីវៀតណាមមកមួយចំនួនដែរ។ អញ្ចឹងប្រសិនបើវៀតណាម គាត់ខ្សោយ គាត់កាត់អគ្គិសនីហ្នឹង ដើម្បីផ្គត់ផ្គង់ក្នុងស្រុករបស់គាត់។ អញ្ចឹងទេការផ្គត់ផ្គង់អគ្គិសនីរបស់យើង ដែលយើងកសាងបានគ្រប់គ្រាន់ក្នុងពេលដែលតម្រូវការចេះតែកើនឡើង។ ភ្នំពេញពីដើមប្រើប្រាស់អគ្គិសនីតែ៣០ មេហ្គាវ៉ាត់ ឥឡូវប្រើជាង១០០០ មេហ្គាវ៉ាត់។ ក្នុងផែនការរបស់យើង យើងកសាងបណ្ដាញតភ្ជាប់គ្នា។ ឥឡូវយើងមិនមែនមានផែនការត្រឹមប៉ុណ្ណឹងទេ យើងតភ្ជាប់ភ្លើងចេញពីឡាវមកកម្ពុជា ហើយចេញពីកម្ពុជាតទៅសឹងហ្គាពួរ។ បន្ដិចទៀត ភ្លើងតពីកម្ពុជាទៅសឹងហ្គាពួរដាក់តាមក្រោមបាតសមុទ្រ។ បានចុះហត្ថលេខារួចហើយ ដោយក្រុមហ៊ុន រូយ៉ាល់គ្រុប (Royal Group) របស់ឧកញ៉ា គិត ម៉េង ជាមួយនឹងក្រុមហ៊ុនខាងសាំងហ្គាពួរ ហើយដែលរដ្ឋបាលទាំង២ ទទួលស្គាល់។ អញ្ចឹងក្នុងក្របខណ្ឌតំបន់ កុំគណនាខុសឱ្យសោះលើការរារាំងការរីកចម្រើនរបស់វៀតណាម រារាំងការរីកចម្រើនរបស់ថៃ គឺមិនអាចទៅរួចទេ។

(១២) គួរទទួលទេសចរឬជនភៀសខ្លួនចិន?

អ្នកខ្លះចង់ថាបន់ឱ្យចិនចុះខ្សោយ … តើអាចទៅរួចទេការធ្វើឱ្យចិនចុះខ្សោយ? វាមិនអាចទៅរួចទេ។ ចិនក៏ជាប្រជាជាតិមួយ ដែលមានមនុស្សច្រើនជាងគេនៅលើពិភពលោកផង តើនរណាទៅអាចរារាំងចិនបាន ទៅលើការរីកលូតលាស់របស់ចិន? ខ្ញុំចាំបានថា​ នៅទីក្រុងតូក្យូ គេដាក់សំណួរសួរខ្ញុំថា តើអ្នកឯងមានការព្រួយបារម្ភទេ ចំពោះមុខការគម្រាមកំហែងរបស់ចិន មុនពេលដែលចិនចូលអង្គពាណិជ្ជកម្មពិភពលោក? ហ្នឹងនៅឆ្នាំ ២០០១។ ខ្ញុំបានឆ្លើយទាក់ទិនជាមួយនឹងបញ្ហា នរណាអាចរារាំងការរីកចម្រើនរបស់ចិនបាន ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ដែលខ្ញុំរំលេចនៅពេលនោះ ខ្ញុំថា តើត្រូវទទួលទេសចរចិ​ន ឬត្រូវទទួលជនភៀសខ្លួនចិន​។ នេះជាបញ្ហាធំណាស់។ តើត្រូវទទួលទេសចរចិ​ន ឬត្រូវទទួលអ្នកភៀសខ្លួនចិន​? ពីអតីតកាល នៅពេលដែលចិនជួបប្រទះការឈ្លានពានពីបរទេស កលយុទ្ធក្នុងស្រុក ចិនបានធ្វើដំណើរមកអាស៊ីអាគ្នេយ៍មួយចំនួន។

មួយចំនួន (និស្សិតមុខ)សៗនៅខាងមុខហ្នឹង សុទ្ធតែក្រុមមកពីហ្នឹង គ្រាន់តែមកយូរឬឆាប់ប៉ុណ្ណឹងទេ។​ ភរិយារបស់ខ្ញុំ ត្រូវគេបានរកឃើញជីដូនជីតារបស់គាត់នៅកោះហៃណាន់ គេដឹងទាំងត្រកូលទៀត។ ឥឡូវហ្នឹង ដល់ដំណាក់កាលមិនហៅ “ម៉ែវាឯង” ឬហៅ “អូន” ទេ ហៅ “យាយឯង”។ កាលពីដើម ធនញ្ជ័យ យកមកទេ។ យើងមានរឿងធនញ្ជ័យ។ ធនញ្ជ័យ ស្ដេចបានជម្លៀសឱ្យទៅនៅប្រទេសចិន រួចហើយដល់(ស្ដេចចិន) ចាញ់ប្រាជ្ញ ធនញ្ជ័យ ក៏បញ្ជូន ធនញ្ជ័យ ត្រឡប់មកវិញ ដោយមនុស្សប៉ុន្មានសំពៅមក។ អញ្ចឹងមួយចំនួនចូលតាមខេត្តកំពត បានទៅជាចិនកំពត។ មួយចំនួនទៀតចូលតាមទន្លេមេគង្គ។ អញ្ចឹងវាដោយទាំងអ្នកនៅតាមដងទន្លេមេគង្គ។ នេះជារឿងនិទានទេ។

(១៣) ចិនមានបាន ក្លាយជាទីផ្សារធំ មានផលចំណេញមកអាស៊ាន

ប៉ុន្តែរឿងពិតនៅក្នុងប្រវត្តិសាស្រ្តចិន បានរត់ភៀសខ្លួនចូលមកប្រទេសអាស៊ីអាគ្នេយ៍៖ ទៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃស្អីៗ រាប់ទាំងយើងផងដែរ។ ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ តិចណាស់ដែលគ្មានចិន។ ប៉ុន្តែនៅពេលដែលចិនមាន ចិនក្លាយទៅជាទីផ្សារ ដំបូងបំផុតចិនក្លាយទៅជាទីផ្សាររបស់យើង​។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន។ កិច្ចព្រមព្រៀងសេរីរវាងអាស៊ានចិន។ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ដែលហៅថា ACEP គឺចិនជាទីផ្សារធំ ផលចំណេញមែនទែនបានមកអាស៊ាន។ អាស៊ាន(ទំនិញ)ទៅចិន ច្រើនជាងចិននាំមកពួកអាស៊ាន។ ចិនជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើម ដូចជាយើងប្រទេសកាត់ដេរ ជាង ៨០% នៃសាច់ក្រណាត់ ត្រូវនាំពីប្រទេសចិន។ អញ្ចឹងបានគេឃើញ ចិននាំចូលមកកម្ពុជា ច្រើនជាងកម្ពុជានាំទៅចិន។ តើមានមូលហេតុអ្វី? មូលហេតុស្ថិតនៅត្រង់កម្ពុជាត្រូវការវត្ថុធាតុដើមរបស់ចិន ដើម្បីមកធ្វើពលកម្មកាត់ដេរនៅក្នុងប្រទេសយើង ហើយយើងនាំចេញទៅប្រទេសផ្សេង។

(១៤) ស៊ី ជិនពីង៖ “កម្ពុជា ជាប្រទេសទី១ ដែលចិនបើកទេសចរឡើងវិញជាមួយឡើង”

គ្រាន់តែកូវីដ-១៩ ដើមឆ្នាំ ២០២០ ពេលនោះ ខ្ញុំសំណូមពរឱ្យចិនផ្តល់អាទិភាពផ្គត់ផ្គង់វត្ថុធាតុដើម គឺសាច់ក្រណាត់មកកាន់កម្ពុជា។ ចិនបានខិតខំធ្វើ ដើម្បីជួយកម្ពុជាយើង ហើយតាមរយៈយើង ក៏ផ្គត់ផ្គង់ទៅកាន់ទីផ្សារនានាផង។ មួយវិញទៀត មុនកូវីដ-១៩ យើងធ្លាប់បានទទួលទេសចរចិនចំនួនជាង២ លាននាក់។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំទៅចិន កាលពីខែកុម្ភៈកន្លងទៅនេះ គឺឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង បាននិយាយជា​មួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបើកឡើងវិញជាមួយនឹងទេសចរ។ បើយោងតាមគម្រោង បន្ដិចទៀត ១សប្ដាហ៍(នឹងមាន) ៣០០ជើងហោះហើរ។ បើអញ្ចឹង បើបានទេសចរចិន៣ ទៅ៤-៥ លាននាក់ក្នុង១ ឆ្នាំ គឺវាជាការល្អ។ ថៃ ជាប្រទេសធំ ក៏គេប្រឹងប្រែងទាក់ទាញធ្វើម៉េចឱ្យបាន ១០លាននាក់។ សឹងហ្គាពួរក៏ប្រឹងទាក់ទាញ។ ប្រទេសណាក៏ប្រឹងទាក់ទាញ។

(១៥) សហរដ្ឋអាមេរិក​ជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចសកល

ចំណុចទាំងនេះ សូមកុំគណនាខុស។ ការបន់ឱ្យវៀតណាមខ្សោយ បន់ឱ្យថៃខ្សោយ បន់ឱ្យចិនខ្សោយ(ជារឿងមិនត្រឹមត្រូវទេ)។ កុំគណនាខុសថា កុំឱ្យអាមេរិកខ្លាំង។ ឃើញធនាគារ២ របស់អាមេរិករលំ នាំគ្នាឆោឡោ បន់ឱ្យអាមេរិកខ្សោយ។ ជាការខុសឆ្គង។ ខ្ញុំបាននិយាយដោយផ្ទាល់ជាមួយនឹងប្រធានាធិបតី ចូបៃឌិន ថ្ងៃជប់លៀងនៅសេតវិមានកាលពីខែឧសភា ឆ្នាំ ២០២២ ក្នុងពេលប្រជុំពិសេសអាស៊ានអាមេរិក។ ពេលហ្នឹង មានអ្នកសម្របសម្រួលពីក្រសួងការបរទេសដើម្បីឱ្យម្នាក់ៗថ្លែងយោបល់។ ខ្ញុំជាមួយនឹង ចូបៃឌិន អង្គុយនៅទល់មុខគ្នា ព្រោះជាសហប្រធាននៃអង្គប្រជុំនេះ។ អ្នកដទៃឡើងថ្លែងម្នាក់ម្ដងៗ។ បន្ទាប់ទៅគឺអ្នកសម្របសម្រួលផ្ដល់វេទិកាឱ្យខ្ញុំ។ ខ្ញុំលើកជាយោបល់ថា ក្នុងពិភពលោក អ្នកណាក៏អាចដឹងបានថាសហរដ្ឋអាមេរិក​ជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចសកល។ នេះជាចំណុចដែលគេអាចយល់បាន។ កុំបន់ស្រន់ឱ្យអាមេរិកចុះខ្សោយ។ បើអាមេរិកចុះខ្សោយ យើងឃើញហើយ វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ចាប់ផ្ដើមពីការដួលរលំនៃធនាគារអាមេរិក។

(១៦) សេដ្ឋកិច្ចចិននិងឥណ្ឌា រួមនិងសេដ្ឋកិច្ចជប៉ុននិងកូរ៉េ ទប់ស្កាត់ការរាលដាលវិបត្តិពីអឺរ៉ុបមកអាស៊ី

វិបត្តិនៅអាមេរិក ឈានទៅវិបត្តិនៅអឺរ៉ុប ប៉ុន្តែនៅអាស៊ីទប់ទល់បាន ដោយសារតែកំណើនរបស់ចិននិងឥណ្ឌារួមគ្នា បានទប់ស្កាត់នូវវិបត្តិនេះ កុំឱ្យរាលដាលដល់អាស៊ី រួមនឹងសេដ្ឋកិច្ចរបស់ជប៉ុននិងកូរ៉េខាងត្បូង។ អាស៊ីនៅតែជាតំបន់មានការរីកលូតលាស់ … យ៉ាងណាក៏ដោយ វាក៏ជះឥទ្ធិពលដល់យើង។ យើងក៏បិទរោងចក្រមិនតិចទេកាលពីពេលនោះ។ យើងបានទៅធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកម្មករ កម្មការិនីរបស់យើងនៅពេលនោះ ដោយសារតែប្រាក់ចំណូលប្រជាជននៅអាមេរិកនិងនៅអឺរ៉ុបធ្លាក់ចុះ។ ដូច្នេះការបញ្ជាទិញក៏វាចុះខ្សោយ។ តម្រូវការរបស់មនុស្សម្នាក់ ឧទាហរណ៍ថា មនុស្សម្នាក់ត្រូវការសំលៀកបំពាក់ ៤កំប្លេរក្នុង ១ឆ្នាំ គេកាត់បន្ថយនៅត្រឹមតែ២ កំប្លេក្នុង១ ឆ្នាំ។ ដូច្នេះធ្វើឱ្យការបញ្ជាទិញពីប្រទេសយើងឬប្រទេសដទៃមានការធ្លាក់ចុះដូចគ្នា។ អញ្ចឹងសុំកុំបន់ស្រន់ឱ្យអាមេរិកចុះខ្សោយអី ឱ្យសេដ្ឋកិច្ចអាមេរិកលូតលាស់ អាហ្នឹងគឺល្អសម្រាប់ពិភពលោក រាប់ទាំងកម្ពុជាក៏ទទួលផលពីការរីកលូតលាស់នៃសេដ្ឋកិច្ចអាមេរិក ឬក៏សេដ្ឋកិច្ចប្រទេសដទៃ។

(១៧) គប្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការ កុំឱ្យដួលរលំផ្នែកណាមួយ កុំឱ្យប្រទេសណាមួយមានបញ្ហា

ខ្ញុំនិយាយអំពីការប្រកួតប្រជែង។ អញ្ចឹងកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា សូមប្រកួតប្រជែងដើម្បីជំរុញការលូតលាស់ទាំងអស់គ្នា។ ឧទាហរណ៍ សម័យនេះ ចិនបានឈានមុខទៅរក 5G ក្នុងពេលដែលប្រទេសមួយចំនួនទៅមិនទាន់ដល់។ អញ្ចឹងរារាំងចិន។ ដល់រារាំងចិន គឺគេក៏ប្រឹងស្រាវជ្រាវខ្លួនគេ ដើម្បីឱ្យមាន 5G ហ្នឹងតែម្ដង។ ក្នុងចំណោមនៃយើងនៅទីនេះ ធ្វើយ៉ាងម៉េចឱ្យសេដ្ឋកិច្ចរបស់យើងដំណើរទៅទាំងអស់គ្នា កុំឱ្យដួលរលំផ្នែកណាមួយ។ ប្រទេសទាំងអស់នៅលើពិភពលោក កុំឱ្យប្រទេសណាមួយមានបញ្ហា។ គ្រាន់តែបញ្ហាប្រទេសស្រីលង្កាមួយ ធ្វើឱ្យ IMF និងប្រទេសមួយចំនួន គឺមានការឈឺក្បាលច្រើនណាស់ទៅហើយអំពីការក្ស័យធន ការដួលរលំខាងសេដ្ឋកិច្ចនោះ។ បើទៅថែមប៉ាគីស្ដង់មួយទៀត កាន់តែបង្កើតនូវបញ្ហានិងប្រទេសមួយចំនួនបង្កើតបញ្ហាទាញយកទុនពីប្រទេសដទៃនានាឬក៏ហិរញ្ញប្បទានចេញពី IMF ឬក៏ធនាគារពិភពលោកទៅកាន់ប្រទេសនោះ ដែលកាត់បន្ថយជាមួយនឹងប្រទេសដទៃដែលខ្លួនធ្លាប់យកចិត្តទុកដាក់។ អាហ្នឹងជាចំណុចដែលខ្ញុំសុំនិយាយថា កុំបន់ស្រន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ច អាហ្នឹងគ្រោះថ្នាក់ដល់យើងវិញទេ។

(១៨) អាមេរិកនិងអឺរ៉ុប ជាទីផ្សាររបស់ទំនិញកម្ពុជា ត្រូវប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះ

ប្រទេសអាមេរិកនិងអឺរ៉ុប ជាទីផ្សាររបស់យើង។ បើអាមេរិកនិងអឺរ៉ុបមានសេដ្ឋកិច្ចធា្លក់ចុះ គឺវានឹងនាំទៅដល់ការបញ្ជាទិញពីយើង(ធ្លាក់ចុះ)។ យើងនាំចេញទៅអឺរ៉ុបច្រើនណាស់ នាំចេញទៅអាមេរិកច្រើន។ សូម្បីតែអង្ករ។ ឥឡូវអង្កររបស់យើងចូលទីផ្សារអឺរ៉ុបច្រើន ព្រោះអី? ព្រោះអឺរ៉ុបពេញចិត្តអង្កររបស់កម្ពុជា។ អង្ករកម្ពុជានេះ ជាអង្ករសិរីរាង្គ ដែលវាត្រូវនឹងស្ដង់ដារអឺរ៉ុបប្រើប្រាស់។ នេះគឺជាចំណុចដែលគេហៅថា ប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះ កុំឱ្យប្រកួតប្រជែងក្នុងស្ថានភាពចាញ់ៗ។ យើងមិនចូលរួមនៅក្នុងយុទ្ធនាការណាមួយ ដើម្បីបំផ្លាញប្រទេសណាមួយទេ។ ថ្ងៃមុន នៅទីនេះ ខ្ញុំបាននិយាយទៅកាន់និស្សិតបៀលប្រាយថា សូមប្រជាជនយើងកុំមានការភ្ញាក់ផ្អើល (អំពី)ធនាគារអាមេរិក២ ដួលរលំនោះ។ អាមេរិកមានរាប់រយធនាគារ។ ធនាគារ២ ដួលរលំ មានស្អីប៉ះពាល់ឯណាធំធេង។ អាមេរិកក៏មានវិធីសាស្ត្រគ្រប់គ្រងដែរ។ តិចថានាំគ្នាផ្អើលមកដល់កម្ពុជា ទៅដកលុយចេញពីធនាគារនេះ/នោះ ធ្វើឱ្យធនាគារខ្លួនឯងរលំ។ មិនទៅភ័យអំពីអាមេរិក មកនាំគ្នាដកលុយចេញពីធនាគារខ្លួនឯងនេះ ធ្វើឱ្យធនាគារខ្លួនឯងរលំ អាហ្នឹងជាបញ្ហាដែលត្រូវចៀសវាង ដោយសារអ្នកទាំងអស់គ្នារៀនពីសេដ្ឋកិច្ចហើយ បានខ្ញុំខំនិយាយពីសេដ្ឋកិច្ចបន្តិចទៅចុះ ខ្ញុំមិនមែនជាគ្រូសេដ្ឋកិច្ចទេ។

(១៩) ទុកអោយប្រទេសមួយខ្លាំងប្រទេសមួយខ្សោយ ស្មើនឹងទំលាក់ដុំថ្មលើជើងខ្លួនឯង

ពិភពលោកប្រកបដោយភាពប្រកួតប្រជែង ប៉ុន្តែប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះ និងការរីកចម្រើនទាំងអស់គ្នា ទើបហៅថាពិភពលោកដែលចម្រុងចម្រើន ហើយបើទុកឱ្យមួយខ្លាំងមួយខ្សោយគឺថា ទីចុងបំផុតស្មើនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯង។ ឧទាហរណ៍៖ បន់ស្រន់ឱ្យវៀតណាមធ្លាក់ចុះ វៀតណាមសេដ្ឋកិច្ចធ្លាក់ចុះគឹប ទីផ្សារកម្ពុជាដែលនាំទៅវៀតណាមប្រមាណ ៥០០០លាន(ដុល្លារ) ក៏នឹងបាត់បង់ដែរ។ ព្រោះវៀតណាមអត់មានកម្លាំងទិញតទៅទៀត។ គ្រាន់តែគ្រាប់ស្វាយចន្ទីជិត ១លានតោន ឱ្យយកទៅណា បើយើងអត់មានអីកែច្នៃផង កែច្នៃបានតិចតួច អញ្ចឹងទេនេះហើយជាសេដ្ឋកិច្ចបំពេញឱ្យគ្នា … សុំកុំបន់ស្រន់ឱ្យប្រទេសថៃមានសេដ្ឋកិច្ចអាក្រក់ វាជះឥទ្ធិពលចូលដល់យើង … បើអតិផរណាប្រទេសថៃជាង៦០ លាននាក់។ វៀតណាមនៅសល់តែប៉ុន្មានខែទៀត ប៉ុន្មានថ្ងៃទៀត ឡើងដល់ ១០០លាននាក់។ បើសេដ្ឋកិច្ចធំៗ ២ នៅសងខាងគឺសុទ្ធតែអតិផរណាឡើងដល់ ២០%, ៣០% អីយើងមិនងាប់។ ឡាវអតិផរណា ៤០% តែមិនជះឥទ្ធិពលអីចូលដល់កម្ពុជាទេ។ ប៉ុន្តែបើសិនជាវៀតណាមនិងថៃ អតិផរណា ២០%, ៣០% ច្បាស់ណាស់វានឹងទាញអតិផរណានៅកម្ពុជា …។

(២០) សហគ្រិនវ័យក្មេងជាស្ត្រីកើនចំនួនគួរអោយកត់សម្គាល់

ក្នុងនេះមើលឃើញអត្រានៃអ្នកធ្វើអាជីវកម្មផ្ទាល់ខ្លួនមាន ៨% ដែលជាចំណុចល្អ។ ស្មារតីសហគ្រិននៅក្នុងប្រជាជនយើងពិសេសសហគ្រិនវ័យក្មេងជាស្ត្រី គឺមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់។ ស្ត្រីកាលណាគាត់មានសេដ្ឋកិច្ចខ្លាំង គាត់មិនអាចចំណុះលើប្តីទៀតទេ។ ប្តីឯងកុំដើរលេងច្រើនពេក។ ប៉ុន្តែថា បើខឹងប្តីខឹងអី កុំជេរគ្នាតាមហ្វេសប៊ុក … សុំអង្វរក។ កុំហែកកេរ្តិ៍គ្នាតាមហ្វេសប៊ុក។​ បើថាបែកគ្នា បែកដោយសម្រួលទៅ ហើយទុកឱ្យកូនទៅនិយាយលេងជាមួយឪពុក/ម្តាយផង។ បើកូននៅជាមួយម្តាយឱ្យជួបឪពុកខ្លះផង ព្រោះឪពុកគ្នានឹក កូនគ្នាក៏នឹកឪពុកដែរ។ ធ្វើអញ្ចឹងទៅរាប់អានគ្នាទៅ កុំយកគ្នាជាសត្រូវ។ បើខាងនេះក៏ទៅមានប្តីថ្មី ខាងនោះក៏ទៅមានប្រពន្ធថ្មី យើងរាប់អានគ្នាទៅវាមានទៅខុសទាស់អី ហើយទុកមុខមាត់ឱ្យកូនចៅ … សុំផ្តាំផ្ញើព្រោះថាអ្នកស្តាប់នៅក្រៅក៏មានច្រើនដែរ ព្រោះផ្សាយបន្តផ្ទាល់ច្រើនទូរទស្សន៍ និងអនឡាញ …។

(២១) ត្រូវបន្តរៀនសូត្រ ទើបមិនក្លាយជាឧវសគ្គរាំងស្ទះការឈានឡើងរបស់ក្មេងៗ

សុំឱ្យទាំងអស់គ្នាបន្តការលើកកម្ពស់គុណភាពសមត្ថភាពរបស់យើង។ បើមិនអញ្ចឹងយើងក្លាយទៅជាឧបសគ្គគេហៅថាក្រុមពួកអភិរក្សនិយម។ មិនមែនគ្រាន់តែយុវជនត្រូវរៀនទេ ពួកមន្ត្រីធំៗក៏ត្រូវតែរៀនដែរ។ មិនអាចមិនរៀនហើយបែរទៅធ្វើជាឧបសគ្គរាំងស្ទះការឈានឡើងរបស់ក្មេងៗ ដែលទទួលបាននូវការបណ្តុះបណ្តាល​ទេ។ អភិរក្សនិយមគ្រោះថ្នាក់ខ្លាំងណាស់ ប្រៀបដូចជាដុំថ្មដែលដុះនៅលើពន្លកនៃដើមឈើ ដែលកំពុងលូតលាស់។ អញ្ចឹងទេបានជាត្រូវរៀនទាំងអស់គ្នា ហើយរៀនពេញមួយជីវិត … (ខ្ញុំ)មិនមែនជាអ្នកសេដ្ឋកិច្ចទេ។ វ៉ាន់ដា ជាអ្នកសេដ្ឋកិច្ច បានធ្វើសាលាសេដ្ឋកិច្ច។ ឆាយ ថន បានអ្នកសេដ្ឋកិច្ច។ ក៏ប៉ុន្តែខ្ញុំគ្រាន់តែជាអ្នកដឹកនាំតម្រង់ទិសខាងសេដ្ឋកិច្ចនិងផ្តួចផ្តើមគំនិតខាងសេដ្ឋកិច្ច ដូចដែលខ្ញុំបញ្ជាក់ចំពោះមុខមិត្តភក្តិអន្តរជាតិ ក៏ដូចជាសហគមន៍អ្នកនៅក្នុងបណ្តាស្ថាប័ន កាលពីថ្ងៃច័ន្ទ អំពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

(២២) យកជីវិតទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ សន្តិភាព និងការកែទំរង់

យើងអត់មានចាំអីទាំងអស់ យើងចាប់ផ្តើមធ្វើការកែទម្រង់ដោយខ្លួនយើង។ ខ្ញុំត្រូវយកជីវិតរបស់ខ្ញុំទៅដោះដូរជាមួយនឹងការកែទម្រង់ … (មិនត្រឹមតែ)យកក្បាលទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជន ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ ហើយមិនមែនគ្រាន់តែដោះដូរជាមួយសន្តិភាពនៅក្នុងចន្លោះឆ្នាំ ១៩៩៦ និងបញ្ចប់នៅឆ្នាំ ១៩៩៨ ទេ ប៉ុន្តែជីវិតរបស់ខ្ញុំក៏ត្រូវដោះដូរជាមួយកំណែទម្រង់ដែរ។ របប ប៉ុល ពត បានដកហូតកម្មសិទ្ធិអស់ទៅហើយ ទាំងដីធ្លី ទាំងផ្ទះសម្បែង។ អញ្ចឹងទេ ត្រូវធ្វើយ៉ាងម៉េច? យើងចាប់ផ្តើមដំបូងលំបាកណាស់។ ចៅៗ កូនៗ សួរទៅឪពុក/ម្តាយ សួរទៅជីដូន/ជីតា របស់ខ្លួន ពេលនោះប្រហែលជា ឪពុក/ម្តាយ មាតា/បិតា របស់ខ្លួនក៏នៅកុមារដែរទេ បើតាមមើលទៅនោះ ហើយទើបនឹងរៀបការឥឡូវនឹង ខ្លះទើបអាយុ ២០ជាងចប់បរិញ្ញា។ អញ្ចឹងអ្នកទាំងនោះការក្រោយ ប៉ុល ពត ទេ ប៉ុន្តែក៏អាចជាមនុស្សជំនាន់ ប៉ុល ពត … កូនខ្ញុំកើតក្រោយ ប៉ុល ពត ឥឡូវ(មាន)កូននោះកម្លោះជិតសឹងតែថា បើដល់អាយុការឱ្យបាត់ហើយ បានចៅទួតទៀតឥឡូវហ្នឹង។ សូមសួរជីដូន/ជីតា របស់ខ្លួន ក្នុងស្ថានភាពមួយដែលគេរឹបអូសយកកម្មសិទ្ធិអស់ហើយ តើយើងទៅធ្វើយ៉ាងម៉េច?

(២៣) បន្ទាប់ពីក្រុមសាមគ្គី កម្មសិទ្ធដីធ្លីជាចំណុចចាប់ផ្តើមនៃកំណែទំរង់

ពេលនោះចូលមកធ្វើម៉េចឱ្យបានរស់សិន។ រោងចក្រ សហគ្រាស រដ្ឋត្រូវគ្រប់គ្រងទាំងអស់ ចំណេញក៏ប៉ុណ្ណឹង ខាតក៏ប៉ុណ្ណឹង។ គេហៅថាចំណាយគ្រប់ ចំណូលគ្រប់ អង្គភាពស្វ័យ័តភិបាលសេដ្ឋកិច្ច។ ខាងផ្នែកដីធ្លីវិញ ២០គ្រួសារ មានគោមួយនឹម អញ្ចឹងចែកដីប្រមាណ ៥០ហិកតា ហើយ ៥០ហិកតា ទៅភ្ជួរម៉េច បើសិនជា ២០គ្រួសារ ឱ្យគោមួយនឹមនេះ គឺសម្រាប់ត្រឹមតែគ្រួសារមួយ។ ចុះ ១៩គ្រួសារ ទៀតធ្វើយ៉ាងម៉េច? ពេលនោះប្រជាពលរដ្ឋយើងមិនមែនភ្ជួរដីដូចត្រាក់ទ័រ គោយន្តរាល់ថ្ងៃទេ កាប់នឹងចប ដើម្បីចិញ្ចឹមខ្លួន។ អញ្ចឹងបានយើងត្រូវតម្រូវគេហៅក្រុមសាមគ្គី តែបន្ទាប់មកប្រទេសជាតិមានការអភិវឌ្ឍ។ អញ្ចឹងត្រូវធ្វើកំណែទម្រង់។ ការចាប់ផ្តើមកំណែទម្រង់គឺចាប់ផ្តើមពីកំណែទម្រង់ដីធ្លីគឺជាកំណែទម្រង់ដ៏សុំាំញុំាំនិងលំបាក។

(២៤) ក្រុមចំពោះកិច្ចសភាសិក្សាវិសោធនកម្មអំពីកម្មសិទ្ធ មានសមាជិក៥ ​នាក់

ខ្ញុំបានឡើងថ្លែងនៅក្នុងឆ្នាំ ១៩៨៩ ឡើងថ្លែងនៅក្នុងសភាប្រមាណជាជិត ២ម៉ោងថា នៅទីក្រុងភ្នំពេញ និងទីក្រុងទាំងអស់ បើយើងមិនប្រគល់កម្មសិទ្ធិជូនប្រជាជនទេ ប្រជាជនមិនយកប្រាក់ដើម្បីមកជួសជុលផ្ទះទេ ព្រោះគាត់មិនដឹងថា តើថ្ងៃណារដ្ឋនឹងដកវិញ។ ពីមុនផ្ទះនៅភ្នំពេញអត់មានកម្មសិទ្ធិឯកជនទេ គ្រប់ទាំងអស់និយាយរួមសុទ្ធតែរបស់រដ្ឋ។ ជាភ័ព្វសំណាងពេលនោះសម្តេច ជា ស៊ីម គាត់ធ្វើជាប្រធានរដ្ឋសភា អត់ចាំនីតិវិធីស្នើសុំទៅណា ហើយនីតិវិធីយ៉ាងម៉េចអីទេ។ គាត់រៀបចំ អាដហុក(ក្រុមចំពោះកិច្ច) មួយភ្លាម។ គណៈកម្មការចំពោះកិច្ចដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មានខ្ញុំ មាន កាញារីទ្ធ នៅទីនេះស្រាប់ មាន បង ចែម ស្ងួន, វ៉ាន់ឌី កាអុន, នុត ថន, ៥នាក់ ចូលទៅសរសេរ ដើម្បីបើកឱកាសព្រោះដាក់នៅក្នុងហ្នឹងដីធ្លីស្អីៗនឹងជាកម្មសិទ្ធិរបស់រដ្ឋ ស្អីក៏របស់រដ្ឋទាំងអស់ អញ្ចឹងយើងកែកន្លែងហ្នឹងចេញ។ ទើបខ្ញុំមានឱកាសចេញអនុក្រឹត្យដើម្បីនឹងផ្តល់កម្មសិទ្ធិឱ្យប្រជាជន។

(២៥) ផ្ទៃក្នុងខ្លួនឯងមិនយល់ពីសារសំខាន់នៃបញ្ចប់សង្គ្រាមតាមរយៈការចរចានយោបាយ

ពេលនោះ ខ្ញុំនិយាយថាមានកម្លាំងសង្កត់៣ យ៉ាងមកលើខ្ញុំ។ ខ្ញុំបានដាក់កញ្ចប់២ សម្រាប់ធ្វើការកែទម្រង់។ កញ្ចប់ទី១៖ គឺកញ្ចប់កែទម្រង់នយោបាយ។ សង្គ្រាមនៅកម្ពុជាត្រូវតែដោះស្រាយតាមរយៈការចរចា មិនអាចដោះស្រាយតាមរយៈយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ។ អញ្ចឹងប៉ុន្មាននាក់ទៅដែលយល់ថាកម្ពុជាធ្វើរបៀបនេះត្រឹមត្រូវ? សូម្បីតែរដ្ឋមន្ត្រីការពារជាតិ កាលពីពេលនោះ ឯកឧត្តម កុយ ប៊ុនថា ឆ្លើយមកថា ការចរចាស្មើនឹងបំបាត់ចោលសមិទ្ធផលដែលយើងខិតខំក្នុងរយៈពេលកន្លងទៅ។ ហ្នឹងនៅឆ្នាំ ១៩៨៧។ គណបក្សនៅក្រសួងការពារជាតិធ្វើការប្រជុំបែរជាចេញលទ្ធផលមកអញ្ចឹង។ សូម្បីតែកងទ័ពគឺគេដឹងតែវាយគ្នា។ របាយការណ៍របស់ កុយ ប៊ុនថា ចេញមកសម្រាប់ការដែលយើងឱ្យពិគ្រោះយោបល់ (មុននឹងចាប់ផ្តើមគេហៅថាយុទ្ធនាការនយោបាយ ដើម្បីឆ្ពោះទៅរកគោលនយោបាយមួយ ត្រូវបានធ្វើការស្ទង់មតិនៅតាមស្ថាប័ន) ផ្នែកការពារជាតិផ្តល់ជាចម្លើយថា បើធ្វើការចរចាគឺស្មើនឹងលុបបំបាត់ចោលសមិទ្ធផលសង្គមជាតិដែលយើងបានខិតខំក្នុងរយៈពេលកន្លងទៅ។ អញ្ចឹងមិនមែនរឿងតូចតាចទេ។ ផ្ទៃក្នុងខ្លួនឯងអត់យល់។

(២៦) អ្នកមកពីភាគខាងជើងវៀតណាមនិងមនុស្សមួយចំនួនមិនយល់និងមិនចូលចិត្តសេដ្ឋកិច្ចឯកជន

ឯបញ្ហាសេដ្ឋកិច្ចវិញ មនុស្សមួយចំនួនដែលមកពីភាគខាងជើងវៀតណាម បូកជាមួយមនុស្សមួយចំនួននៅខាងក្នុងនេះគឺមិនយល់ទេ។ មិនចូលចិត្តសេដ្ឋកិច្ចឯកជនទេ។ ក្រោយពីមកពីចរចាវិញ ខ្ញុំដឹកនាំការប្រជុំមួយ ដើម្បីស្តាប់នូវរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងទិសដៅរបស់ក្រសួងឧស្សាហកម្ម។ ពេលនោះលោកជំទាវ ហូ ណូន ជារដ្ឋមន្ត្រីឧស្សាហកម្ម។ គាត់ស្នើឱ្យខ្ញុំបិទទាំងអស់នូវសិប្បកម្មផលិតសម្បកកង់ និងសម្បកកង់ម៉ូតូ។ ឆាយ ថន ក៏ចូលរួមប្រជុំដែរ ព្រោះពេលហ្នឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ខ្ញុំក៏មានសរសេរនៅក្នុងសៀវភៅ ១០ឆ្នាំនៃដំណើរកម្ពុជារបស់ខ្ញុំដែរ។ ពេលនោះខ្ញុំប្រើពាក្យថា “ឥឡូវបិទរោងចក្រ(នៅ)តាខ្មៅ …” របស់ខ្លួនឯងធ្វើមិនកើត ប្រឡងប្រជែងជាមួយវិស័យឯកជនមិនកើត បែរជាទៅទាមទារឱ្យបិទ ហើយអាសម្បកកង់យើងឡើងខ្មៅ រួចហើយដាក់អង់វើឡុបទៅខ្នងកង់វាមិនត្រូវគ្នា។ ខ្ញុំថា សុំបិទក៏បិទទៅរោងចក្រតែឱ្យសិប្បកម្មឯកជនរស់។ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អនុរដ្ឋមន្រ្តី ក្នុងនោះខ្ញុំនៅចាំបានមានអនុរដ្ឋមន្ត្រី រដ្ឋមន្ត្រីមាន ហូ ណូន កាលហ្នឹង ហូ ណូន ពីពាណិជ្ជកម្មមកឧស្សាហកម្ម អនុរដ្ឋមន្ត្រី អ៊ិត ប្រាង្គ, សុខ ឥសាន្ត ដែរ អនុរដ្ឋមន្ត្រីប៉ុន្មាននាក់ សួរថាប្រជុំចេញលើកគោលការណ៍ស្នើសុំឱ្យបិទសិប្បកម្មសម្បកកង់។ ខ្ញុំថា អត់ទេ សុខចិត្តឱ្យរោងចក្ររបស់រដ្ឋរលំទៅ។

(២៧) កម្ពុជាឆ្ពោះទៅចែកកម្មសិទ្ធជូនប្រជាជន ខណៈវៀតណាមធ្វើសហករណ៍និងមានទ័ពនៅកម្ពុជា

អញ្ចឹងផ្ទៃក្នុងខ្លួនឯងអត់យល់ទេ អ្វីទៅដែលហៅថា ដំណោះស្រាយនយោបាយដើម្បីបញ្ចប់សង្គ្រាម និងអត់យល់ទេអំពីសេដ្ឋកិច្ចឯកជន ទីផ្សារសេរីនោះ។ ហ្នឹងគឺផ្ទៃក្នុងខ្លួនឯងអត់យល់ទី ១។ ទី២ កងទ័ពវៀតណាមនៅកម្ពុជាពេលនោះ នៅកម្ពុជានៅឡើយ ក្នុងពេលដែលវៀតណាមធ្វើសហករណ៍ទេ ឯយើងនៅឯណេះគឺយើងតម្រង់ឆ្ពោះទៅដល់កម្មសិទ្ធិជូនប្រជាជន។ ប៉ុល សារឿន នេះគឺលួចផ្ដល់ គឺប័ណ្ណកាន់កាប់ដីធ្លីឱ្យប្រជាជន រួចហើយភូតថ្នាក់លើធ្វើក្រុមសាមគ្គីអញ្ចេះអញ្ចុះ។ យកស្រូវតែពីខេត្តតាកែវ។ តាកែវសល់ស្រូវ។ ខ្ញុំទៅដើររុករក។ យី! ពួកនេះលាក់ស្រូវច្រើនម៉េស ប៉ុន្មានឃ្លាំងឯណោះ។ ប៉ុល សារឿន ថា “ខ្ញុំអត់ចង់បានមេដាយទេ អ្វីដែលសំខាន់គឺប្រជាជនរបស់ខ្ញុំមានបាយស៊ី”។ គាត់កុហកខាងលើ ប៉ុន្តែប្រជាពលរដ្ឋរបស់គាត់ធូរធារ។ ហ្នឹងជាបទពិសោធន៍របស់ខេត្តតាកែវ។

(២៨) ដូរពីក្រុមសាមគ្គីមកជាក្រុមយកវេរនិងប្រវាស់ដៃ

(ខេត្ត)ក្រចេះធ្ងន់ធ្ងរជាងគេ។ និយាយអាហ្នឹងបន្តិចទៅចុះ ខ្ញុំទៅស្រុកសម្បូរណ៌ ប្រធានស្រុក លេខាបក្សស្រុក គេធ្វើរបាយការណ៍។ ខ្ញុំទៅជាមួយបង ញ៉ែម ហេង និងបង​ សាយ ឈុំ។ បង សាយ ឈុំ មករដ្ឋមន្ត្រីក្រសួងកសិកម្ម។ ស្រាប់តែ សមមិត្តប្រធានស្រុកសម្បូរណ៌ មានក្រុមសាមគ្គីប្រភេទទី១ ប៉ុណ្ណេះ, ប្រភេទទី២ ប៉ុណ្ណេះ, ប្រភេទទី៣ ប៉ុណ្ណេះ យើងខ្ញុំបេ្តជ្ញាធ្វើអាប្រភេទទី៣ ទៅជាប្រភេទទី២ និងធ្វើអាប្រភេទទី២ ឱ្យទៅជាប្រភេទទី១។ ខ្ញុំក៏បន្តតាមក្រោយថា ធ្វើឱ្យអត់បាយទាំងអស់គ្នាទៅ។ ស្រាប់ពួកហ្នឹងភ្នែកឡឹងឡង់។ ខ្ញុំថា ខ្ញុំមកនេះមិនមែនមកជម្រុញឱ្យអស់លោកធ្វើក្រុមសាមគ្គីប្រភេទទី១ ទី២ ទេ។ ខ្ញុំចង់ឱ្យអស់លោកធ្វើប្រវាស់ដៃ ដែលវាជាប្រពៃណីរបស់ខ្មែរតាំងពីដូនតាមក។ វេប្រវាស់ដៃ ថ្ងៃហ្នឹងយើងអត់ទាន់ស្ទូង យើងទៅជួយស្ទូងអ្នកដទៃ ដល់ទៅដល់វេនយើងៗ យកវេបានមកស្ទូងស្រែរបស់យើងវិញ។ ច្រូតក៏ដូចគ្នា។ ខ្ញុំចង់ឱ្យធ្វើអាហ្នឹង។ ចាប់ផ្តើមអាហ្នឹង ដើម្បីរួមជាកម្លាំងគេហៅថាបូកកម្លាំងគ្នា ជួយគ្នាតាមប្រពៃណីដើមរបស់យើង។

(២៤) វៀតណាមមិនអន្តរាគមក្នុងសេដ្ឋកិច្ចនិងនយោបាយ ត្រឹមតែផ្តួល/ទប់ស្កាត់របប ប៉ុល ពត

ពេលនោះខ្ញុំសុំបញ្ជាក់វៀតណាមអត់ទាន់កែទម្រង់ទេ ឯយើងកែទម្រង់ទៅរកទីផ្សារ វៀតណាមធ្វើសហករ ប៉ុន្តែអ្វីដែលល្អគឺនៅត្រង់ថា វៀតណាម គឺគាត់អត់ធ្វើអន្តរាគមន៍ក្នុងបញ្ហាសេដ្ឋកិច្ចសង្គមនិងនយោបាយ។ គាត់មកត្រឹមតែផ្តួល ប៉ុល ពត និងជួយទប់ការវិលត្រឡប់នៃរបប ប៉ុល ពត។ គាត់ចង់ដកទៅវិញណាស់ តែយើងមានសំណើឱ្យគាត់នៅ។ យើងក៏បាន(សុំអោយ)គាត់ដកចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩។ ចៅៗមួយចំនួនមិនទាន់កើតទេពេលនោះ។

(២៥) កម្ពុជាឆ្ពោះទៅសេដ្ឋកិច្ចទីផ្សារ សហភាពសូវៀតនៅមិនទាន់មានប៉េរ៉េស្ត្រយកានិងក្លាស្នូសទេ

ឯកម្លាំងសង្កត់ទី៣ ពេលនោះយើងជួយជំនួយរបស់យើងពីសូវៀត និងប្រទេសអឺរ៉ុបខាងកើត កូមេកុង (COMECON)។ ពេលនោះនៅមានការជេរគ្នានៅឡើយ អំពីសើរើនិយម។ ប្រទេសសង្គមនិយមនិងប្រទេសសង្គមនិយមទាស់គ្នាថាមួយសើរើនិយម មួយទៀតគឺសង្គមនិយមពិតប្រាកដ។ ឯយើងឯណេះកំពុងតែតម្រង់ទៅ(រកសេដ្ឋកិច្ចទីផ្សារ)។ អតីតសហភាពសូវៀតពេលនោះនៅមិនទាន់មានការកែទម្រង់បេរ៉េស្ត្រយការ ឬក្លាស្នូស ដោយ ហ្គ័រ បាឆូវទេ។ កម្ពុជាធ្វើមុន។ ខ្ញុំនៅចាំបាន ខ្ញុំទៅចូលរួមត្រឡប់ពីការចរចា ហ្វ៊ែអង់តាដឺន័រ២ ធ្នូ ដល់៤ ធ្នូ។ ត្រឡប់មកប្រ​ទេស ខ្ញុំបានទៅធ្វើ៧ មករា នៅឯកំពត។ បន្ទាប់ពីហ្នឹងទៅចុះនៅទឹកឈូ។ ពួកកាសែតទៅសំភាសន៍នៅទឹកឈូ ហើយទៅថតបានខ្ញុំចុះងូតទឹក។

(២៦) កាត់មួកតម្រូវក្បាលនិងកាត់ស្បែកជើងតម្រូវជើង ឬធ្វើតាមបំណងប្រាថ្នារបស់ប្រជាជន

គេដាក់ចំណងជើងធំៗ “លិចឬអណ្តែត”។ កាលហ្នឹងសុទ្ធតែ ក្លូត ប៉ូម៉ុងទី និង ស្សាក់ បេគែរ ដែលសរសេរឱ្យ បាងកក ប៉ុស្តិ៍ ដាក់ចេញជាសំណួរមកខ្ញុំថា “តើអ្នកឯងធ្វើតាម ហ្គ័រ បាឆូវ ឬតាមណា”។ ខ្ញុំថា “ខ្ញុំអត់ត្រូវការកាត់ក្បាលខ្ញុំតម្រូវមួក ឬកាត់ជើងខ្ញុំតម្រូវស្បែកជើងទេ។ ខ្ញុំត្រូវយកស្បែក​ជើងមកតម្រូវជើងខ្ញុំ ត្រូវយកមួកមកតម្រូវក្បាលខ្ញុំ”។ សភាពការណ៍សូវៀតផ្សេង សភាពការណ៍កម្ពុជាផ្សឹង។ ត្រូវធ្វើតាមអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាជន។ ហ្នឹងទើបជាភាពម្ចាស់ការ។ កុំអីឡើងប្រៀបធៀបធ្វើឱ្យដូចប្រទេសនេះ ធ្វើឱ្យដូចប្រទេសនោះ គ្មានអ្នកណាធ្វើដូចអ្នកណាទេ។ បើសូម្បីតែភាសានិយាយវាមិនដូចគ្នាផង។ របស់ទទួលទានមិនដូចគ្នាផង។ ត្រូវជាក់ស្តែងនិយម ត្រូវប្រាកដនិយមក្នុងការធ្វើ។ សរុបខ្លីមកហើយ ពេលនោះបើសិនសូវៀតមិនសប្បាយចិត្ត សូវៀតគ្រាន់តែនិយាយថា បើទុក ហ៊ុន សែន ឱ្យធ្វើនាយករដ្ឋមន្ត្រីសូវៀតនឹងឈប់ផ្តល់ជំនួយ និយាយតែប៉ុណ្ណឹងគ្នាឯងវាត់គ្នាឯង។ ប៉ុន្តែសូវៀតក៏អត់មាត់​ អត់កអី។ យើងចេះតែធ្វើអញ្ចឹងទៅ។

(២៧) ចាប់ពីអាយុ៤៦ ឆ្នាំទៅ មិនមានអ្នកណាអាចបៀតបៀនបានឡើយ

រួចខ្លួនមកដល់ថ្ងៃនេះ រស់រានមានជីវិត។ គេតាមបាញ់ប្រមាណ៣ ដងទៀត ពីពេលនោះមក។ បាញ់នៅចាក់អង្រែម្តង។ ថ្ងៃ៥ ថ្ងៃ៦ គេថា ខ្ញុំត្រូវអង្គរក្សសម្លាប់ហើយឆ្នាំ១៩៩៧។ ២៤ កញ្ញា ឆ្នាំ ១៩៩៨ យកខ្ញុំទៅបាញ់នៅសៀមរាប ដោយ B40 ៤គ្រាប់។ ផ្ទុះតែ ១គ្រាប់ តែវាមិនងាប់។ ដល់វាមិនងាប់វានៅឈរជើងនៅហ្នឹង។ ​អញ្ចឹងវាបាញ់ខុស ធ្វើម៉េចត្រូវ។ ត្រូវជឿ។ យប់ហ្នឹងភ្លៀងសឹងបាក់មេឃ។ ទៅចាក់គុម្ពី ត្រូវត្រង់ថា មនុស្សម្នាក់ត្រូវគេយកទៅសម្លាប់ តែគុម្ពីថាក្លាយទៅជាស្តេចផែនដី។ វាគាប់ជួនជាមួយនឹង(ការទស្សន៍ទាយដោយ)ចិនសែហុងកុង។ និយាយឱ្យវាអស់បន្តិចទៅ។ ចិនសែហុងកុង កាលហ្នឹងជំនាន់ តា ស៊ូ ស្រ៊ុន គាត់នៅរស់។ ខ្ញុំចេញពី គាល់​ព្រះករុណានិងហ្លួងម៉ែ នៅប៉េកាំង ក៏មកដល់ហុងកុង។ ហុងកុងមានចិនសែមួយ។ លី កាស៊ីង អីសុទ្ធតែគាត់មើលឱ្យ។ ចិនសែមែន ប៉ុន្តែលុយរបស់គាត់គឺសល់រាប់រយលាន។ គាត់ថាឥឡូវសុំធ្វើតាមគាត់។ យើងក៏ចេះតែតាមគាត់ទៅ។ គាត់មើលមុខ។ ព្រលឹមឡើងគាត់អត់ឱ្យអីទាំងអស់។​ គាត់មើលមុខ គាត់ថា អ្នកឯងមុនពេលអាយុ៤៦ឆ្នាំ ជួបការលំបាក។ ប៉ុន្តែអ្នកឯងអត់មានគ្រោះថ្នាក់អីទេ ដូចខ្មោចលងអញ្ចឹងគ្រាន់តែរំខានអ្នកឯង។ អត់មានអ្នកណាធ្វើអីអ្នកឯងបានទេ។ អ្នកឯងជួបការលំបាកតែអ្នកឯងអត់មានបញ្ហាទេ … ប៉ុន្តែចាប់ពីអាយុ៤៦ ឆ្នាំទៅគ្មានអ្នកណាធ្វើអីអ្នកឯងបានទេ។ ខ្ញុំកើតឆ្នាំ ១៩៥២ អញ្ចឹងដល់ទៅឆ្នាំ ១៩៩៨ វាមិនគ្រប់៤៦ ឆ្នាំ។ អញ្ចឹងបេមួយគ្រាប់ហ្នឹងក៏បាញ់វាមិនត្រូវ។

(២៨) ហេតុអ្វីបក្សមានសម្លេងឆ្នោតច្រើនជាងគេ ត្រូវទៅមុនគេ?

បន្ទាប់ពីហ្នឹងមក ឥឡូវពីឆ្នាំ ១៩៩៨ រហូតដល់ឥឡូវប៉ុន្មានឆ្នាំហើយ? មានអ្នកណាធ្វើ ហ៊ុន សែន កើត? លើកលែងតែ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីទាល់តែឈប់ចង់ធ្វើ។ ចិនសែ ក៏គាត់ទាយអញ្ចឹងដែរ ហើយថែមទាំងចាក់គុម្ពីហ្នឹង … បើសិនជាកុំភ្លៀងអាចឆេះទាំង ៤គ្រាប់ គឺងាប់ហើយ និយាយរួមមិនមែនងាប់តែខ្ញុំទេ ងាប់ច្រើនគ្នា។ អ្នកជិះឡានក្រោយខ្ញុំបន្តគ្នាហ្នឹងងាប់ទាំងអស់។ ចុះ B40 ៤គ្រាប់ អាចនឹងអ្នកនៅឡានទី ៤ ទី៥ អាចរួចខ្លួន ប៉ុន្តែឡានទី១,ឡានទី២, ឡានទី៣, ឡានទី៤​ អាចទៅហើយ។ B40 ៤គ្រាប់ មកបាញ់ឯងលេងអញ្ចឹងតែម្តង … រឿងដែលគួរដាក់ចេញជាសំណួរ ហេតុអីខ្ញុំត្រូវទៅមុនគេ? នេះជាសំណួរមិនសាមញ្ញ។ តាមធម្មតាបក្សភាគតិចសំឡេង សំឡេងកៅអីតិចជាងទៅមុន។ បក្សសំឡេងបន្ទាប់ទៅក្រោយ បក្សឈ្នះឆ្នោតគឺទៅ(ទីប្រារព្ធ)ខាងក្រោយគេ ឯខ្ញុំបែរជាត្រូវទៅមុន។ នេះជាសំណួរដែលស្ថិតនៅក្នុងសំណួរ? មិនមែន ហ៊ុន សែន មិនដឹងទេ តែនេះវាជ្រៅពេក។ សុំឱ្យយល់។

(២៩) បន្ទាប់ពីការរង់ចាំ៦៤ ឆ្នាំ ព្រះមហាក្សត្រយាងប្រទានព្រះអគ្គីសម្រាប់ ស៊ីហ្គេម

អម្បាញ់មិញខ្ញុំនិយាយពីរឿងបញ្ហាពង្រឹងសមត្ថភាព។ ខ្ញុំសុំបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ។ ខ្ញុំសុំនិយាយដល់ដំណាក់កាល គិតត្រឹមថ្ងៃនេះគឺយើងនៅសល់តែ៤៤ ថ្ងៃ ទៀតប៉ុណ្ណោះ ស៊ីហ្គេម នឹងត្រូវចាប់ផ្តើម បន្ទាប់ពីការរង់ចាំរយៈពេល៦៤ ឆ្នាំ សុំអបអរសាទរទាំងអស់គ្នា។ ពីម្សិលមិញនេះព្រះករុណា ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ព្រះអង្គបានយាងដោយអង្គឯងប្រទានព្រះអគ្គីសម្រាប់ស៊ីហ្គេម ហើយត្រូវបានដង្ហែរដោយអ្នកមុខអ្នកការ រាប់ទាំងខ្លួនខ្ញុំជានាយករដ្ឋមន្ត្រីទៅដង្ហែរនៅទីនោះ។ យើងធ្វើពិធីអធិកអធមខ្លាំងណាស់ នឹងភាពរលូនទៅយ៉ាងល្អឥតខ្ចោះ។ ពីម្សិល អាកាសធាតុក៏ល្អ ប្រជាពលរដ្ឋក៏សប្បាយរីករាយទាំងភ្ញៀវជាតិ ទាំងបរទេស ដែលទៅទីនោះម៉្យាងចង់ឃើញព្រះភ័ក្រ្តព្រះករុណា ម៉្យាងចង់ឃើញពិធី។ ដូច្នេះច្រើនណាស់ … (មានការ)ផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ទាំងអស់ … ហើយតាមអនឡាញ ហ្វេសប៊ុកស្អីៗហ្នឹងគឺផ្សាយពេញទឹកពេញដីទាំងអស់ ដែលជាការរៀបចំដ៏ល្អ ធាតុអាកាសក៏អំណោយផលឱ្យយើងធ្វើពិធី។ ខ្ញុំបានសូមលាព្រះអង្គមកមុន។ ព្រះអង្គនៅបន្តទៅជួបប្រជាពលរដ្ឋ សួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តសៀមរាប។

(៣០) ព្រះមហាក្សត្រកំពុងយាងគង់ក្នុងព្រះរាជដំណាក់ខេត្តសៀមរាប

កន្លងទៅ និយាយពីការឆេះព្រះរាជដំណាក់នៅសៀមរាប ខ្ញុំគួរតែយកឱកាសនេះបញ្ជាក់។ ឥឡូវព្រះករុណាកំ​ពុងតែគង់នៅព្រះរាជដំណាក់នោះ។ តើនៅក្នុងព្រះរាជដំណាក់ហ្នឹងមានអគារប៉ុន្មាន? គឺឆេះព្រះរាជដំណាក់មួយដែលហ្លួងម៉ែព្រះអង្គធ្លាប់គង់នៅកាលពីឆ្នាំ១៩៥៣។ ឥឡូវកំពុងតែត្រូវជួសជុល ហើយយើងនឹងដំណើរការជួសជុលនូវអគារទាំងអស់នៅក្នុងទីនោះឡើងវិញ ព្រោះខានជួសជុលដូចជាប៉ុន្មានឆ្នាំហើយដែរ។ សូមផ្ញើសារទៅបងប្អូននៅក្រៅប្រទេស ឥឡូវព្រះមហាក្សត្រកំពុងគង់នៅព្រះរាជដំណាក់នៅឯសៀមរាប គឺជាព្រះរាជដំណាក់ធំ អត់មានអីប៉ះពាល់ទេ។ កន្លែងនោះក៏ធ្លាប់ប្រជុំសភា។ បើកសភាប្រជុំនៅហ្នឹង ដែលគេបាញ់ខ្ញុំ ៤គ្រាប់ គឺនៅក្នុងព្រះរាជដំណាក់ហ្នឹង។ អត់ឆេះទេ។

តែយើងសោកស្តាយជាមួយនឹងឧបទ្ទេវហេតុដែលបានកើតឡើងដោយការឆ្លងខ្សែភ្លើងនេះ។ មនុស្សមួយចំនួនចាត់ទុករឿងហ្នឹងដូចគ្រាប់បែក គ្រាប់មីស៊ីលមួយផ្ទុះឆេះផែនដី។ បង្កើតព្រឹត្តិការណ៍នេះ បង្កើតព្រឹត្តិការណ៍នោះរហូតទៅដល់(ថា) គណបក្សប្រជាជន រដ្ឋាភិបាលជាអ្នកធ្វើ។ ឥឡូវការជាក់ស្តែងព្រះមហាក្សត្រគង់នៅអូតែល ឬព្រះមហាក្សត្រគង់នៅព្រះរាជដំណាក់។ ព្រះមហាក្សត្រកំពុងគង់នៅព្រះរាជដំណាក់។ មិនមែនឆេះព្រះរាជដំណាក់ធំទេ តែឆេះដំណាក់តូច ដែលហ្លួងម៉ែធ្លាប់គង់នៅទីនោះក្នុងឆ្នាំ ១៩៥៣ ក្នុងពេលដែលព្រះករុណាព្រះបិតាដឹកនាំព្រះរាជបូជនកិច្ចដើម្បីទាមទារឯករាជ្យ មុនឈានទៅដល់ដំណាក់កាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

(៣១) នាំខ្លួនយុវជនពីរនាក់មកសាកសួរពីករណីអះអាងថាមានការប្រមាថព្រះចេស្តាមហាក្សត្រ

ក្នុងពេលដែលយើងធ្វើរៀបចំល្អឥតខ្ចោះនេះ បែរជាម្សិលមិញមានរឿងកើតឡើង។ ឥឡូវហ្នឹងខ្ញុំសុំយកឱកាសនេះបញ្ជាក់ថាយើងពិតជាបាននាំខ្លួនយុវជន២ នាក់មកសួរ។ មួយនោះបានលើកឡើងអំពីថា ជាការប្រមាថព្រះចេស្តា ដែលយករូបរបស់ព្រះករុណានិងរូបឯកឧត្តម ជា សុផារ៉ា ថតដាក់ទៅម្ខាងនោះ។ អញ្ចឹងសុំឲ្យឆ្លើយប្រមាថនៅកន្លែងណា? ឯមួយទៀត គេបាននិយាយថា ថ្ងៃនេះនៅតាមតៀមតុកាហ្វេ គឺអ្នកណាជាស្តេចពិតប្រា​កដ? យើងអត់មានការអធ្យាស្រ័យទេ។ ម្នាក់នេះធ្លាប់ត្រូវបានអធ្យាស្រ័យម្តងហើយ។ ពីកូរ៉េ។ តាមសម្លេងពលរដ្ឋនៅតាមហាងកាហ្វេថ្ងៃនេះ យើងអាចឃើញច្បាស់ណាអ្នកណាជាស្តេចផែនដីពិតប្រាកដ ​ដោយ យឹម ស៊ីណន អតីតមេបាតុកម្មនៅឯកូរ៉េខាងត្បូង ដែលខ្ញុំត្រូវបានលើកលែងនិងហៅសម្រួលឲ្យចូលប្រទេស។ គាត់ធ្លាប់ទៅជាមួយ កឹម សុខា ទៅដល់ផ្ទះបងរបស់ខ្ញុំ ពេលដែលបងរបស់ខ្ញុំគាត់ស្លាប់។ ឯមួយទៀតឈ្មោះ ហ៊ុន កុសល គេថាមានការប្រមាថព្រះចេស្តា … ឥឡូវប្រមាថនៅកន្លែងណា? ពេលនេះ ម្នាក់ យឹម ស៊ីណន នេះថាគេសុំលុបចោល។ អញ្ចឹងទេ ខ្ញុំចូលទៅ comment កន្លែងហ្នឹងថាមិនបាច់លុបទេក្មួយ។ ខ្ញុំក៏បញ្ជូនសារហ្នឹងចូលទៅ comment តបតគ្នានៅហ្នឹង … ខ្ញុំអត់ប្រើប្រាស់ការបកស្រាយនេះ ធ្វើជាសារបញ្ជូនទៅតុលាការចោទប្រកាន់ឬមិនចោទប្រកាន់ទេ។ តែខ្ញុំគ្រាន់តែបកស្រាយតែប៉ុណ្ណោះ។ តែមិនមែនជាការបញ្ជូនសារទៅតុលាការសម្រាប់ថាត្រូវធ្វើការចោទប្រកាន់កាត់ទោស គឺអត់ទេ។ តែបើខ្ញុំមិនបានធ្វើការបកស្រាយគឺវាមិនកើត។ ខ្ញុំចង់បកស្រាយតាម Channel telegram របស់ខ្ញុំយប់មិញ ក៏ប៉ុន្តែទីចុងបំផុតខ្ញុំនិយាយព្រឹកនេះ។

(៣២) តបទៅផេច យឹម ស៊ីណន៖ “មានតែព្រះមហាក្សត្រមួយអង្គគត់ដែលព្រះអង្គដឹង …”

ម្សិលមិញខ្ញុំ,សម្តេចក្រឡាហោម, សម្តេចពិជ័យ, លោកជំទាវ ម៉ែន សំអន, ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ហង់ជួន ណារ៉ុន, លោកជំទាវ ភឿង សកុណា ​និយាយរួមទៅទាំងអស់គ្នា។ តើកន្លែងណាដែលអ្នកនិយាយថាជាការប្រមាថព្រះចេស្តា។ កន្លែងណាទៅ? ឲ្យឆ្លើយថា កន្លែងណា? ឥឡូវនេះ វាមិនអាចអ្នកណាលាក់បាំងបានទេជាមួយនឹងឃ្លីបវីដេអូដែលនៅគ្រប់ទូរទស្សន៍និងគ្រប់អនឡាញទាំងអស់។ តើនៅកន្លែងដែលដើរទៅ រួចហើយមានការបាំងក្លោះ? ខ្ញុំសូមជម្រាបនៅកន្លែងនេះ ព្រះករុណាលោកយាងតិចៗ ហើយខ្ញុំចង់ដើរពីក្រោយ ប៉ុន្តែលោកត្រូវការជជែក លោកយាងទៅអញ្ចឹងខ្ញុំក៏នៅពីក្រោយ។ ខ្ញុំមិនហ៊ានដើរទៅទន្ទឹមព្រះអង្គទេ ប៉ុន្តែព្រះអង្គក៏មានបន្ទូល។ ខ្ញុំក៏ទូលព្រះអង្គទៅ ហើយនៅកន្លែងមួយនៅក្នុង video ឃើញច្បាស់ណាស់ ក្លោះហ្នឹងវានៅឆ្ងាយពេក ខ្ញុំរុញអ្នកកាន់ក្លោះហ្នឹងមកកៀកដើម្បីការពារព្រះអង្គ មិនមែនបាំងក្លោះឲ្យខ្ញុំទេ។ អញ្ចឹងបានជាខ្ញុំតប comment នៅក្នុង page របស់ យឹម ស៊ីណនថា “មានតែព្រះមហាក្សត្រតែមួយអង្គគត់ដែលព្រះអង្គដឹង” ហើយទីចុងបំផុតអ្នកឯងយកចំណុចរឿងបាំងក្លោះធ្វើជាការប្រមាថព្រះចេស្តា ឬក៏អ្នកណាជាស្តេចពិតប្រាកដ ឬយ៉ាងម៉េច។ អញ្ចឹងចំណុចនេះតាមមើលនៅក្នុងរូបភាពទាំងអស់ បញ្ចាំងឡើងវិញទាំងអស់ទៅ។ ហ្នឹងទី១។

(៣៣) បកស្រាយដើម្បីធានាថាព្រះមហាក្សត្រមិនត្រូវបានគេប្រមាថ នាយករដ្ឋមន្រ្តីមិនត្រូវបានមើលងាយ

ទី២​ ការរៀបចំពិធីការ។ ការរៀបចំពិធីការ គឺជាការរៀបចំដ៏ចំណាស់ពីយូរអង្វែង។ អាចថាតាំងពីកកើតព្រះរាជាណាចក្រកម្ពុជាទី២​ មកគឺរៀបចំបែបហ្នឹងឯង។ ព្រះមហាក្សត្រព្រះអង្គគង់មុខ ឯយើងថ្នាក់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តីគឺខាងក្រោយចំហៀង គឺមិនមែនអង្គុយទន្ទឹមគ្នាទេ។ ពិធីការអ្នករៀបចំបែបហ្នឹង។ បើសិនជាពេលនោះខ្ញុំដើរទៅឃើញពិធីការរៀបចំកៅអីស្មើគ្នា ប្រហែលជាខ្ញុំដកចេញភ្លាមហើយ​។ ត្រូវតែមួយមុខមួយក្រោយ។ ចុះព្រះករុណាលោកគង់អញ្ចឹង ហើយយើងនៅខាងឆ្វេងដៃ នៅខាងក្រោយយ៉ាងច្បាស់។ អ្នកឯងយល់យ៉ាងម៉េច? ចេតនាយ៉ាងម៉េចនៅកន្លែងហ្នឹង ហើយនេះពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងតែងតែរៀបចំបែបនេះឯង។ ព្រះករុណាលោកគង់អង្គឯង មិនមែនបានសេចក្តីថាយើងទៅកៀកទេ។​ បណ្តាឧបនាយករដ្ឋមន្រ្តីនៅពីក្រោយ ឯកៅអីនាយករដ្ឋមន្រ្តីនៅខាងឆ្វេងព្រះអង្គ ប៉ុន្តែនៅខាងក្រោយ មិនមែននៅទន្ទឹមព្រះអង្គឯណា។ ហេតុអីបានអ្នកឯងធ្វើអញ្ចឹង? ជាចេតនាដ៏អាក្រក់។ ខ្ញុំមិនជំរុញឲ្យតុលាការយកអ្វីដែលខ្ញុំនិយាយ ទៅធ្វើជាទម្ងន់នៃការចោទប្រកាន់ទេ។ អត់ទេ។ តែខ្ញុំត្រូវធ្វើការបកស្រាយដើម្បីធានាថាព្រះមហាក្សត្រមិនត្រូវបានគេប្រមាថ ហើយនាយករដ្ឋមន្រ្តីក៏មិនត្រូវបានគេមើលងាយដែរ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនអត់អោនឲ្យអ្នកដាច់ខាតលើការប្រមាថអស់ទាំងនេះ។ តាមផ្លូវច្បាប់ឬរដ្ឋបាល​ហ្នឹង យ៉ាងហោចណាស់សួរសិន។

(៣៤) បើអាស៊ីសេរី ចង់ចូលស្រុកខ្មែរ ត្រូវដកអ្នកនិយាយរាល់ថ្ងៃទាំងអស់ចេញ

ខ្ញុំនឹងមិនទទួលនូវការសុំទោសណាទាំងអស់។ សូមប្រកាសឲ្យហើយ។ ក្នុងហ្នឹង មើលក្នុង page របស់ យឹម ស៊ីណន ថាបានលុបចោលហើយ។ ខ្ញុំថា “មិនបាច់លុបទេក្មួយ”។ ខ្ញុំបញ្ជូនសារហ្នឹងត្រឡប់ទៅវិញ។ មានអ្នកថា ក្មេងខុសអញ្ចឹងសម្តេចសម្រួលបានទេ? ខ្ញុំថាក្មេងពាលមិនគួរត្រូវបានសម្រួលទេ។ រួចហើយមួយនោះថាមានទោសឬអត់សម្តេច? ខ្ញុំថាបើគ្មានទោសទើបវាចម្លែក ព្រោះនេះមិនមែនជារឿងលេងសើចឯណា គឺព្រះមហាក្សត្រព្រះអង្គជាស្ថាប័នព្រះប្រមុខរដ្ឋ ឯនាយករដ្ឋមន្រ្តីគឺជាប្រធាននីតិប្រតិ​បត្តិ។ ហេតុអីអ្នកឯង(បកស្រាយក្នុងន័យ)បំបែកបំបាក់? អ្នកឯងចង់បំភ្លៃ ក្នុងពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសរាប់លានអ្នកមើលការផ្សាយបន្តផ្ទាល់? យប់មិញអាចង្រៃមួយនោះ ក្រុមម៉ូយរបស់អាស៊ីសេរីនិងម៉ូយរបស់ Cambodia daily វាជេរព្រះករុណាតាមវិទ្យុអាស៊ីសេរី។ ផ្តាំទៅក្រុមកម្ទេចកម្ទីហ្នឹងអត់ឲ្យហ្អែងចូលស្រុកខ្មែរទេ ។ ប៉ុន្មានខែមុនសរសេរសំបុត្រមកសុំត្រឡប់មកស្រុកខ្មែរ អាហ្នឹងអាស៊ីសេរី។ ខ្ញុំអត់និយាយទេ ខ្ញុំដាក់លក្ខខណ្ឌត្រឡប់ទៅវិញ។ បើសិនជាចង់ឲ្យអា​ស៊ីសេរីមកនៅស្រុកខ្មែរ ដកអ្នកនិយាយរាល់ថ្ងៃហ្នឹងចេញទាំងអស់។ អ្នកឯងហ៊ានទេ បើអ្នកឯងហ៊ានខ្ញុំឲ្យ។ បើអ្នកឯងមិនហ៊ាន ខ្ញុំមិនឲ្យទេ។ អ្នកឯងខូចពេក។ មនុស្សកំពុងនិយាយហ្នឹងខូចពេក។ ហ្នឹងនិយាយគ្នាឲ្យ​ច្បាស់ … យប់មិញនេះ ហ៊ុន កុសល ត្រូវធ្វើសម្ភាសជាមួយនឹង Cambodia daily ខ្មែរ នៅយប់ថ្ងៃទី ២១ ម៉ោង៨ និង៣០ នាទី ប៉ុន្តែដូចជានាំខ្លួនមកខ្ទង់ម៉ោង៦ បាត់ម៉ូយ Cambodia daily។ បាត់ម៉ូយហ្នឹង ប៉ុន្តែចេញម៉ូយជេរព្រះមហាក្សត្រទាំងយប់មិញទៅទៀត។

(៣៥) ចាក់ផ្សាយការបន្តផ្ទាល់ឡើងវិញ រកកន្លែងដែលថាប្រមាថព្រះចេស្តា

ខ្ញុំសូមបញ្ជាក់ ឥឡូវសូមឲ្យទូរទស្សន៍ចាក់ឡើងវិញទាំងអស់ ឲ្យចាក់ឡើងវិញទាំងអស់នូវការផ្សាយបន្តផ្ទាល់ទាំងប៉ុន្មាន ដើម្បីថាឃើញកន្លែងណាដែលជាកន្លែងប្រមាថព្រះចេស្តា ឬកន្លែងណាដែលថាអ្នកណាជាស្តេចពិតប្រាកដ ដើម្បីឲ្យប្រជាជនមើលទូទៅនៃការគោរពរបស់ ហ៊ុន សែន ចំពោះព្រះមហាក្សត្រយ៉ាងម៉េច។ ដោយសារខាននិយាយគ្នា ខានចូលគាល់ដំណាក់កាលកូវីដ-១៩ និងទៅទទួលព្រះអង្គពីថ្ងៃ ១៦(មីនា) បានតែមួយភ្លែត ថាចាំទៅជួបគ្នានៅសៀមរាប។ អញ្ចឹងពេលទៅក៏យាងតិចៗ ត្រឡប់មកវិញក៏យាងតិចៗ និយាយគ្នាតាមហ្នឹងសំណេះសំណាលគ្នា។ រឿងនេះ កុំថាឡើយដល់ក្លោះ សូម្បីតែវាយកូនហ្គោល អ្នកដទៃឲ្យនារីខេឌីបាំងឆ័ត្រ ខ្ញុំអត់ទេណា អត់ឲ្យនារីខេឌីបាំងឆ័ត្រទេ។ ខុសគេ ព្រោះបើបានជ្រុលទៅវាយហើយ ហាលថ្ងៃទៅ ចាំបាច់បាំងឆ័ត្រអី ។

ប៉ុល សារឿន នៅចាំទេ? ស្រីពេជ្រ តាំងពីអាយុជាង ២ ឆ្នាំ មិនទាន់ដល់ ៣ ឆ្នាំ វាយជាមួយគ្នា។ ខ្ញុំនិយាយពីរឿងចៅរបស់ខ្ញុំទៅលេងកូនហ្គោល។ ចៅខ្ញុំមិនទាន់គ្រប់ ៣ ឆ្នាំទេ តែចេះនិយាយហើយ។ តាមខ្ញុំនោះតាម។ ជីដូនក៏នាំយកទៅ។ ដល់ទៅ មិនព្រមមកផ្ទះជាមួយជីដូនទេ សុំជិះឡានជាមួយលោកតាវាយ។ ដល់វាយដល់អាឡូទី១៧ ម៉ោងប្រហែលជា១១ ថ្ងៃត្រង់ វាចាប់ផ្តើមក្តៅហើយ ហើយចៅនៅលើឡាន ខ្ញុំចុះទៅ។ ខេឌី ប៉ុល សារឿន យកឆ័ត្រទៅបាំងឲ្យ ប៉ុល សារឿន ស្រាប់តែចៅរបស់ខ្ញុំស្រីពេជ្រនិយាយ ដុំថ្មឥឡូវ។ បានសេចក្តីថាទៅប្រច័ណ្ឌខេឌីរបស់ ប៉ុល សារឿន បាំងឆ័ត្រឲ្យ ប៉ុល សារឿន ទៅរកគប់គេមួយដុំថ្ម។ អញ្ចឹងទម្រាំខេឌីមកបាំងឆ័ត្រឲ្យខ្ញុំទៀត តើចៅរបស់ខ្ញុំយ៉ាងម៉េច? បើចៅគិតអញ្ចឹងហើយ តើជីដូនរបស់វាគិតយ៉ាងម៉េច? សូមទោស អញ្ចឹងបានខ្ញុំអត់ឲ្យទេ។

(៣៦) មិនមែនសិទ្ធិបញ្ចេញមតិ ជាការមួលបង្កាច់ដោយចេតនា ប្រមាថការមើលងាយចំពោះអង្គព្រះមហាក្សត្រនិងបំផ្លាញកេរ្តិ៍ឈ្មោះនាយករដ្ឋមន្រ្តី

កុំនិយាយទៅដល់បាំងឆ័ត្រ អង្គរក្សរបស់ខ្ញុំឧស្សាហ៍ទៅទាញឆ័ត្រមកបាំង យូរៗខ្ញុំភ្លេចខ្លួន មើលតែទៅមុខអត់បានឃើញមានអ្នកបាំងឆ័ត្រឯណា ដល់ក្រឡេកទៅឃើញ ហ្អែងដកឆ័ត្រចេញ អញដើរប្រវែងហ្នឹងមិនបានស្មើកសិករនៅកណ្តាលវាលស្រែទេ។ កុំបាំងឆ័ត្រ។ ករណីពិសេសឲ្យបាំងឆ័ត្រគឺនៅពេលដែលដូចជាខ្ញុំដង្ហែព្រះករុណា ហ្លួងម៉ែ ​ចេញក្រៅប្រទេស។ ធម្មតា airbus នៅពេលដែលកន្ទុយរបស់វាបក់ទៅ ហើយកន្ទុយរបស់វាបាញ់មកយើង វាបាញ់ខ្យល់មកខ្លាំងណាស់ រហូតដល់មានកម្តៅផង។ អញ្ចឹងពេលហ្នឹងអង្គរក្សចាប់ផ្តើមទាញឆ័ត្រយកមកបាំងដើម្បីទប់ខ្យល់។ ឯក្រៅពីនោះខ្ញុំមិនឲ្យបាំង។ អញ្ចឹងកន្លែងណាទៅ? អ្នកឯងយកចំណុចអំពី រឿងបាំងឆ័ត្រ ឬអ្នកឯងយកចំណុចពីកន្លែងអង្គុយ មើលឲ្យច្បាស់អាកន្លែងហ្នឹង។ ខ្ញុំគិតថាខាងនគរបាលនិងតុលាការ ចេះវែកញែកហេតុផលហ្នឹងហើយ​ កុំជ្រួលជ្រើម។ នេះមិនមែនសិទ្ធិបញ្ចេញមតិទេ នេះជាការមួលបង្កាច់ដោយចេតនាដែលមានចរិកបំផ្លិចបំផ្លាញ ប្រមាថការមើលងាយចំពោះអង្គព្រះមហាក្សត្រ និងបំផ្លាញចោលនូវកេរ្តិ៍ឈ្មោះរបស់នាយករដ្ឋមន្រ្តី។ អត់ទេ លើកនេះសំពងហើយ។ កុំថាសំពងលើសិទ្ធិបញ្ចេញមតិ តែសំពងលើអ្នកណាក៏ដោយដែលមួលបង្កាច់ បំភ្លៃព័ត៌មានក្នុងហេតុការណ៍ដែលគេផ្សាយទូទាំងប្រទេស …។

(៣៧) ជាឋានានុក្រមកងទ័ព អគ្គបញ្ជាការរងត្រូវឡើងផ្កាយ៤

ខ្ញុំមកតាមផ្លូវឃើញ ស្វាយ ស៊ីថា គេបាញ់មកឲ្យខ្ញុំ។ ពួកហ្នឹងច្រើនតែបាញ់មកឲ្យខ្ញុំនូវការវិភាគរបស់មនុស្សមួយចំនួន។ សុំផ្តាំទៅអ្នកវិភាគ ថាវិទ្យុចុះវាវិទ្យុទៅហើយ ប៉ុន្តែសម្តីរបស់ វណ្ណ ប៊ុណ្ណា អ្នកសិក្សាភូមិសាស្រ្តនយោបាយ អាហ្នឹងមួយទៅអំពី ម៉ាណែត ឡើងផ្កាយ ៤។ ទី ២ សម្តី លោក សេង សារី ជាបណ្ឌិតមួយដែរខាងវិភាគ, មួយទៀតលោក សុខ ឥសាន ខាងគណបក្សប្រជាជន, មួយទៀតលោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ។ គេលើកហេតុផលនេះលើកហេតុផលនោះ អំពីបញ្ហាទាក់ទិនជាមួយនឹងបញ្ហា ហ៊ុន ម៉ាណែត ឡើងផ្កាយ ៤។ សូមផ្តាំទៅ ខ្ញុំហៅអស់លោកបណ្ឌិតខ្វះការចេះដឹង។ ខ្ញុំគោរពអស់លោក តែអស់លោកខ្វះការចេះដឹងពេកហើយ។ អស់លោករកតែចំណុចវាយខ្ញុំតែប៉ុណ្ណឹង។ អស់លោកគិតថាការវាយខ្ញុំប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់អស់លោកផ្តួលគណបក្សប្រជាជន ហើយផ្តួលគោលដៅនៃការប្រែក្លាយ ហ៊ុន ម៉ាណែត ទៅជាអនាគតនាយករដ្ឋមន្រ្តីមែនទេ? អស់លោកខ្វះការចេះដឹងនៅកន្លែងណា? ឋានានុក្រមរបស់កងទ័ព អគ្គបញ្ជាការរងទាំងអស់ត្រូវឡើងផ្កាយ៤ ទាំងអស់។​

(៣៨) មេភូមិភាគ/អនុជើងគោកពាក់ផ្កាយ៣ ប្រធានកងពលផ្កាយ២ សឹករងខេត្តផ្កាយ១

ហ៊ុន ម៉ាណែត ត្រូវឡើងផ្កាយ៤ តាំងពីឆ្នាំ ២០១៨ ក្រោយពេលដែលឯកឧត្តម ប៉ុល សារឿន មកជាទេសរដ្ឋមន្រ្តី ហើយ មាស សុភា ក៏មកជាទេសរដ្ឋមន្រ្តី ហើយយើងដូរអគ្គបញ្ជាការផង ដោយ វង្ស ពិសេន, ជើងគោកដូរដោយ ម៉ាណែត ។ មេទ័ពជើងគោក គឺជាអគ្គបញ្ជា​ការរង។ ម្នាក់នេះអត់ព្រមឡើងស័ក្តិទេ។ “សុំតែមួយទេពុក ខ្ញុំធ្វើអីក៏ធ្វើដែរតែសុំកុំឡើងស័ក្តិឱ្យខ្ញុំ”។ វាចម្លែកអញ្ចេះ។ អ្នកខ្វះការចេះដឹងជាថ្នាក់បណ្ឌិតទាំងឡាយ អ្នកត្រូវយល់ឲ្យច្បាស់អំពីឋានានុក្រមកងទ័ព។ នៅទីនេះអគ្គបញ្ជាការរងកងទ័ពទាំងអស់ដែលកំពុងមានសព្វថ្ងៃនេះសុទ្ធតែផ្កាយ៤ ទាំងអស់។ ហ៊ុន​ ម៉ាណែត មួយគត់ដែលអត់មានផ្កាយ៤ ទេ។ នៅធ្វើពិធីមួយៗ នោះផ្កាយ ៤ វាអង្គុយខាងក្រោម ផ្កាយ ៣ អញ្ចឹង។ អ្នកទាំងឡាយសុទ្ធតែថា ម៉ាណែតគឺជាមនុស្សទី៣ នៅក្នុងកងទ័ព។ មនុស្សទី ១ គឺ ទៀ បាញ់, មនុស្សទី ២ គឺ វង្ស ពិសេន, មនុស្សទី ៣ គឺ ហ៊ុន ម៉ាណែត, ព្រោះកងទ័ពវានៅជើងគោកច្រើនជាងគេ។ ប៉ុន្តែនៅពេលដែលធ្វើពិធីសូម្បីតែចូលរួមនៅពិធីបិទវគ្គបញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការដ្ឋានអង្គរក្សវាផ្កាយ៤ អញ្ចឹងវាទៅជាអង្គុយអមអាផ្កាយ ៣ នៅមុខ។ ម៉ាណែត ចង់កែទម្រង់ប្រអប់ក្នុងកងទ័ពឲ្យអ្នកកាន់មេភូមិភាគពាក់ផ្កាយ៣ ហើយធ្វើអនុជើងគោកដែរ។ បើប្រធានកងពលតូចឲ្យត្រឹមតែផ្កាយ២ ទេ, ប្រធានមេបញ្ជាការប្រតិបត្តិការសឹករងខេត្តឲ្យ​ផ្កាយ១។ គេចង់កម្រិតប្រអប់របស់គេ។ អញ្ចឹង ទៀ បាញ់ ម្តងហើយម្តងទៀត បានលើកសំណើរថាឥឡូវធ្វើម៉េចឲ្យ ម៉ាណែត ពាក់ផ្កាយ៤។

(៣៩) បើចង់រារាំងដំណើរឆ្ពោះទៅតំណែងនាយករដ្ឋមន្ត្រីរបស់ ហ៊ុន ម៉ាណែត សូមរារាំងប្រជាជនកម្ពុជា

ខ្ញុំថាអត់ទេ បាញ់ វាមិនព្រមទទួល។ ចុងក្រោយនេះ ម៉ាណែត អត់ដឹងខ្លួនអីទាំងអស់ គេចេញសារជូនពរលាន់។ ចុងក្រោយខ្ញុំ ពីរអ្នក ទៀ បាញ់ ថាធ្វើទៅ មើលទៅចាំសួរ ម៉ាណែត វាមិនព្រមយកទេ។ អ្នកត្រូវយល់ឲ្យច្បាស់ មិនចាំបាច់ ម៉ាណែត ពាក់ផ្កាយ៤ ទេ ហើយអ្នកឯងថាដើម្បីឈានឆ្ពោះទៅតំណែងនាយករដ្ឋមន្រ្តី។ វាមុខតែទៅហើយ។ អ្នកឯងចង់រារាំងក៏រារាំងទៅមិនរួចដែរ។ បើចង់រារាំង រារាំងប្រជាជនកម្ពុជាទៅ។ អ្នកខ្លះថា បង្ហាញអំពីអំណាចរបស់នាយករដ្ឋមន្រ្តី។ ឆ្លើយទៅវិញតាមរបៀប បើធ្វើនាយករដ្ឋមន្រ្តីអត់អំណាច ចាំបាច់ធ្វើៗអីអាពៅ។ អំណាចនាយករដ្ឋមន្រ្តី កុំថាត្រឹមផ្កាយ១, ផ្កាយ២, ផ្កាយ៣ ពាក់ព្រះខែក៏ដកបានដែរ។ ឥឡូវនិយាយអញ្ចឹង អ្នកឯងនិយាយស្អីទៀត បើ ហ៊ុន សែន មានអំណាចស្រាប់ហើយហ្នឹង។ សេង សារី ច្បាស់ជាភ្លឺភ្នែកបានបន្តិចទេ? ផ្តាំទៅ សេង សារី និងអ្នកដទៃទៀតឲ្យភ្លឺភ្នែកបន្តិចទេ មើលអគ្គបញ្ជាការរងកងទ័ពមានប៉ុន្មាន? គៀង សាវុធ ក៏ផ្កាយ៤។ អ៊ុង សំខាន់ ក៏ផ្កាយ៤។ ឈិន ច័ន្ទពណ៌ ក៏ផ្កាយ៤។ ទៀ វិញ មិនមែនអគ្គបញ្ជាការទេ អគ្គបញ្ជាការរងទទួលជើងទឹកក៏ផ្កាយ៤។ ស៊ឹង សំណាង អគ្គបញ្ជាការរងក៏ផ្កាយបួន។ គឹម ប៊ុនថាន ក៏ផ្កាយបួន។ សៅ សុខា អគ្គបញ្ជាការរងកាន់មេបញ្ជាអាវុធហត្ថ ក៏ផ្កាយបួន។ មានតែករណី ម៉ាណែត មួយគត់ ដែលកាន់កងទ័ពធំជាងគេហើយពាក់ផ្កាយបី។ (តើ)អ្នកឯងយល់យ៉ាងម៉េច? ហេតុអីអ្នកដទៃឡើងស័ក្ដិអ្នកឯង(មិនវិភាគ)? គោលដៅអ្នកឯងកំពុងប្រមូលផ្ដុំជារណសិរ្សមួយវ៉ៃ ហ៊ុន ម៉ាណែត។

(៤០) ការវាយប្រហារលើ ហ៊ុន ម៉ាណែត ជាការជួយពង្រឹងឥឡូវដល់ពេលធ្វើនាយករដ្ឋមន្ត្រី

ខ្ញុំសុំផ្ដល់វេទិកាឲ្យអ្នកវ៉ៃ​ ហ៊ុន ម៉ាណែត ព្រោះវាជំនួសឲ្យខ្ញុំ។ ព្រោះអី? ខ្ញុំខ្លាចណាស់កូនរបស់ខ្ញុំទន់ជ្រាយ។ អញ្ចឹងអ្នកបានបំពេញបំណងរបស់ខ្ញុំហើយ នៅត្រង់ថា ម៉ាណែត ចេះការពារខ្លួនឯងយ៉ាងម៉េច ដឹងក្ដៅដឹងត្រជាក់ចាប់ពីឥឡូវទៅ មុនពេលធ្វើ​ជានាយក​រដ្ឋមន្ដ្រី។ អ្នកឯងស្គាល់ ហ៊ុន សែន មិនច្បាស់ទេ។ ហ៊ុន សែន ធ្លាប់និយាយហើយ មានសត្រូវដ៏ខ្លាំងប្រសើរជាងមានមិត្តដែលខ្សោយនិងល្ងង់។ អញ្ចឹង អ្នកឯងយល់ហើយអាភាសាហ្នឹង។ អញ្ចឹង​​អ្នកឯងបាន​ជួយខ្ញុំពង្រឹងសមត្ថភាព ហ៊ុន ម៉ាណែត។ ថ្ងៃក្រោយ ហ៊ុន ម៉ាណែត មិនទន់ជ្រាយលើកដៃចុះហត្ថលេខា​លើក​លែងទោសឲ្យក្បាលពួកលោកឯង។ ខ្ញុំថាក្រែងកូនមួយនឹងថ្ងៃក្រោយសម្របសម្រួល(ជាមួយគេ)។ ឥឡូវ​គេវ៉ៃ​វាប៉ុណ្ណេះហើយ ស្មានតែវាងាយ។ ត្រូវយល់ក្រឡានយោបាយ។ ផ្ដាំទៅ ផ្កាយបួនហ្នឹងវាជាផ្កាយ​ដែល​វាត្រូវមានក្នុងចំណោមអគ្គបញ្ជាការរងទាំងអស់។ ផ្កាយបួនទាំងអស់ មានតែម្នាក់គត់(ផ្កាយបី)។ អញ្ចឹង​ម៉ាណែត អត់ដឹងខ្លួនទេ តម្លើងស័ក្ដិឲ្យនេះ។

(៤១) ករណី ហ៊ុន ម៉ាណែត ចេញធ្វើនយោបាយ ម៉ៅ សុផាន់ ឡើងកាន់ជើងគោក

ខ្ញុំជាមួយ ទៀ បាញ់ បានរៀបចំ។ ឃើញតែងតាំង ហ៊ុន ម៉ានិត ឲ្យទៅរងជើងគោក។ ខ្ញុំសូមបញ្ជាក់ទុកឲ្យ​ហើយ ក្នុងករណី ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់​ជើងគោកគឺអនុជើងគោកបច្ចុប្បន្ន និងជាមេបញ្ជាការកងពល ៧០ ម៉ៅ សុផាន់ មិនមែន ហ៊ុន ម៉ានិត ទេ។ សុំបញ្ជាក់ទុកជូនឲ្យហើយ កុំឲ្យប៉ាន់ស្មានតែផ្ដេសតែផ្ដាស ហើយត្រូវជឿជាក់ក្នុងកងទ័ព។ ខ្ញុំមានសិទ្ធិនឹង​ចាត់ចែងបែបនេះ ដោយពិភាក្សាជាមួយនឹងអគ្គបញ្ជាការនិងរដ្ឋមន្ដ្រីការពារជាតិ។ ឥឡូវអ្នកទាំងនោះក៏(អាយុ)ខ្ទង់​៦០ ជាងដែរ៦៧ ឆ្នាំ ៦៨ ឆ្នាំ ហើយ បន្ដិចទៀត ៧០ឆ្នាំហើយ។ អញ្ចឹងនាយទាហ៊ានបន្ដវេនក៏ត្រូវតែ​រៀប​ចំដែរ។ អញ្ចឹង ឥឡូវព្យុះសង្ឃរាវ៉ៃមកលើត្រកូល ហ៊ុន វ៉ៃរហូតដល់ខ្មោច។ សូម្បីប្អូនស្រី(ថ្លៃ)ខ្ញុំស្លាប់ យើង​កំពុង​សម្រក់ទឹកភ្នែក គេចេញមកវ៉ៃប្អូនរបស់ខ្ញុំ។ អញ្ចឹង ខ្ញុំសូមប្រាប់អ្នកឯងឲ្យបានច្បាស់ថ្ងៃនេះ​ ផ្កាយបួននេះជាផ្កាយ​ដែលត្រូវតែមាន តែម្នាក់នេះមិនព្រមទទួល។ ដំបូងគេធ្វើនាយរងសេនាធិការចំណុះឲ្យ​អគ្គបញ្ជាការ។ ពេលនឹងជំនាន់ ប៉ុល សារឿន ឡើងអគ្គបញ្ជា​ការ គន់ គីម ឡើងនាយសេនាធិការចំរុះ ហើយ ណែត នាយរង​សេនាធិការចម្រុះ និងកាន់កម្លាំងប្រឆាំងភេរវកម្ម។ បន្ទាប់ទៅបានទៅជើងគោកជំនួស មាស សុភា នេះ ដែល​ក្រប​ខណ្ឌរបស់វាត្រូវបានផ្កាយបួន តែវាមិនព្រមទទួល។

ចុងក្រោយពិភាក្សាជាមួយនឹង បាញ់ ថា តោះ យើងធ្វើទៅ ចាំសួរអាមួយហ្នឹងអី។ អាមួយនឹងវាអត់ដឹងថាវាឡើងសក្ដិទេ ពេលនឹងវានៅតាម​ខេត្តនោះ។ អញ្ចឹងបានផ្ដាំត្រឡប់ទៅវិញ ពួកអ្នកឯងខុសហើយ។ ពួកអ្នកឯងជួយខ្ញុំទៅវិញទេ​ គឺជួយពង្រឹង​សមត្ថ​ភាព ម៉ាណែត។ អ្នកឯងវ៉ៃ ម៉ាណែត ស្មើនឹងជួយខ្ញុំដើម្បីពង្រឹងខ្លួន ម៉ាណែត និងសមត្ថភាពរបស់ម៉ាណែត។​ អ្នក​ឯង​បានដើរលើគន្លងមួយដែលខុស ហើយគន្លងមួយទៀតម៉ាណែត នឹងមិនលើកដៃចុះហត្ថលេខាលើកលែងទោសឲ្យពួកក្បត់​ជាតិទាំងអស់នោះទេ។ ចាំទុក កុំថា ហ៊ុន សែន និយាយពាក្យអសុរោះ។

(៤២) កុំចាំសន្ដិភាពបាត់បង់ទើបស្រែករក/ប្រទេសមានសន្ដិភាពក៏នៅតែមានការចាប់ជនក្បត់ជាតិ

ឥឡូវ ខ្ញុំចង់និយាយពីបញ្ហាសន្ដិភាពបន្ដិច ព្រោះមានមនុស្សមួយចំនួននិយាយថាចាំបាច់និយាយអីរឿងការ​ពារ​​សន្ដិភាព បើមានសន្ដិភាពហើយ។ តែខ្ញុំគួរតែត្រូវបញ្ជាក់និងបញ្ជូនសារយ៉ាងច្បាស់ថា ប្រទេសដែលមានសន្ដិភាពពេញលេញហើយ បែរជាមានមនុស្សក្បត់ជាតិ ហើយត្រូវចាប់ខ្លួន ដូចដែលខ្ញុំលើកយកមកកន្លែងនេះគឺថា កាលយប់មិញខ្ញុំឲ្យ(វុត្ថា)រក ព្រោះមនុស្សមួយចំនួនគឺថាម៉្ងៃៗនិយាយតែរឿងសន្ដិភាព ចុះប្រទេសនឹង(ក្រែង)មានសន្ដិភាពហើយ។ បើមិនគិតពីសន្ដិភាព មិនការពារសន្ដិភាព កុំឲ្យសន្ដិភាពបាត់ហើយចាំស្រែករកមកវិញ។ ខ្ញុំនិយាយពីអាល្លឺម៉ង់។ Wifi ខ្ញុំវាទាក់។ អត់ជាប់ម៉េចមិនដឹង។ ប្រទេសអាល្លឺម៉ង់មានសន្ដិភាពតាំងពីក្រោយសង្គ្រាម​លោកលើកទី២ ហេតុអ្វីបានជាក្នុងខែធ្នូកន្លងទៅមានការចាប់មនុស្សដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ​? ឥលូវ ខ្ញុំចាក់​វីដេអូ ដែល Fresh News ផ្សាយ តែមិនដឹងថាវាដើររួចមិនរួច (internet) បែបដើរមិនរួចទេ។ internet វាខុសពីប្រដាប់​ចាក់ចំរៀង។ ឥឡូវខ្ញុំអានឱ្យស្ដាប់។ នេះសុទ្ធតែដកស្រង់ប្រភព(ផ្លូវការ)តែម្ដង។

ប៊ែរឡាំង៖ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធរបស់អាល្លឺម៉ង់ បានឱ្យដឹងថានៅថ្ងៃពុធនេះសមាជិកនិងអ្នកគាំទ្រសរុបចំនួន ២៥នាក់ នៃក្រុមភេរវករស្ដាំនិយមត្រូវបានចាប់ខ្លួនអំឡុងប្រតិបត្តិការនៅទូទាំងប្រទេសអាល្លឺម៉ង់ ដោយជាប់សង្ស័យមានផែនការផ្ដួលរំលំរដ្ឋអំណាច នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធទី ០៧ ខែធ្នូ ឆ្នាំ២០២២។ ទីភ្នាក់ងារស៊ើបការសំងាត់របស់យោធាអាល្លឺម៉ង់ ហៅកាត់ថាវ៉ាម៉ា បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននិងស្ថិត​ក្រោមការស៊ើបអង្កេតទាំងនោះ រួមមានទាហានអាជីព​ម្នាក់និងទាហានបំរុងមួយចំនួន ខណៈទាហានអាជីពម្នាក់នោះគឺជាសមាជិកនៃទីបញ្ជាការកងកំលាំងពិសេស។ ក្រុមជនសង្ស័យខាងលើរងការចោទប្រកាន់ថា បានត្រៀមលក្ខណៈយ៉ាងហោចតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២១មក ដើម្បីធ្វើសកម្មភាពដោយផ្អែកលើម​នោគមន៍វិជ្ជារបស់ពួកគេ សកម្មភាពទាំងនេះរួមមានដូចជាទិញសំភារៈ កែនសមាជិកថ្មីៗនិងហាត់សមបាញ់កាំភ្លើងជាដើម សំរាប់ខិតខំប្រមូលសមាជិកគឺផ្ដោតចំបងទៅលើមន្ត្រីយោធានិងប៉ូលីសអាល្លឺម៉ង់។ គួរបញ្ជាក់ថាប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីប៉ូលីស កងកំលាំងសន្តិសុខច្រើនជាង៣ពាន់នាក់ នៅរដ្ឋចំនួន១១ក្នុងប្រទេសអាល្លឺម៉ង់។ នេះជាព័ត៌មានមួយទៅ។ ហេតុអីបានជាប្រទេសអាល្លឺងម៉ង់មកដល់ម៉ោងនេះហើយ ត្រូវចាប់មនុស្សអំពីការប៉ុនប៉ងផ្ដួលរំលំ សុំផ្ដល់ជាចម្លើយត្រឡប់មកវិញ។

(៤៣) ទាំងអស់គ្នាមានកាតព្វកិច្ចការពាររាជបល្ល័ង្ក ការរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

មានព័ត៌មានមួយទៀតទាក់ទងនឹងព័ត៌មានក្បត់ជាតិ។ ខ្ញុំសុំបង្ហាញទាក់ទងនឹងរឿងក្បត់ជាតិម្ដង។ ហេតុអីបានជាប្រទេសគេមានរឿងទាក់ទងនឹងក្បត់ជាតិ … ខ្ញុំចង់ពន្យល់ហេតុផលថាហេតុអីបានជាខ្ញុំនៅតែនិយាយដដែល។ អាល្លឺម៉ង់ចាប់ខ្លួនបុគ្គលិកផ្នែកស៊ើបការសំងាត់ពីបទក្បត់ជាតិ ដោយសារជាប់សង្ស័យធ្វើចារកម្មឱ្យរុស្សី ហើយនៅក្នុងអត្ថបទហ្នឹងដែរ គឺមាននិយាយទៅដល់ជនសង្ស័យនៅប្រទេសក្រិច ដែលស្ថិតនៅក្នុងលំដាប់នៃការក្បត់ជាតិ ហេតុអីបានអឺរ៉ុបមានជនក្បត់ជាតិដែលឃុបឃិតជាមួយបរទេស។ ខ្ញុំមិនមែនបញ្ហាឆ្លងឆ្លើយជាមួយអឺរ៉ុបទេ ប៉ុន្តែបញ្ហាត្រូវឱ្យយល់គ្នា។ អ្នកណាគិតថាកម្ពុជាមានសង្គ្រាមកាលពីឆ្នាំ១៩៧០? ដែលពេលនោះកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាកោះសន្តិភាព តើអ្នកណាមានបានគិតថាកម្ពុជាមានសង្គ្រាម? អ្នកដែលមានអាយុចាប់ពី៦៥ ឆ្នាំឬ៦០ ឆ្នាំឡើង អ្នកណាបានគិតស្មានថាពេលនោះកម្ពុជាមានសង្គ្រាម។ អ្នកណាគិតថាអ៊ីរ៉ាក់,​ ស៊ីរី, លីប៊ី មានសង្គ្រាម។ យល់ទេកន្លែងហ្នឹង។ បានជាកាតព្វកិច្ចរក្សាសន្តិភាពគឺដោយតម្លៃណាក៏ដោយគឺត្រូវធ្វើ។ កុំគិតថាមានសន្តិភាព(គ្មានការគំរាមកំហែង)ក្នុងពេលដែលគេប្រមាថព្រះមហាក្សត្រ (ស្រែកពីការ)ដូររាជានិយមចោល។ ឥឡូវយកសម្ដីពួកអាក្បត់ជាតិមកចាក់(ស្តាប់ទៅ) ដូររាជានិយម ដូរស្ដេចរាល់ថ្ងៃឱ្យស្ដេចលាលែង ហើយទើបហ្នឹងជេរព្រះមហាក្សត្រយប់មិញ។ តើយើងត្រូវការពារទេ? យើងទាំងអស់គ្នាមានកាតព្វកិច្ចការពាររាជបល្ល័ង្ក ការរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

(៤៤) កម្ពុជាមានសិទ្ធពង្រឹងសមត្ថភាពយោធា ការពារសន្តិសុខជាតិ សុវត្ថិភាពនិងភាពសុខសាន្តប្រជាជន

ប្រទេសត្រូវប្រយ័ត្នប្រយែង។ សន្ដិសុខជាតិត្រូវប្រយ័ត្នប្រយែង។ ហេតុអីអ្នកដទៃចាំបាច់ពង្រឹងសមត្ថភាពយោធា? កម្ពុជាមានសិទ្ធដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន សន្តិសុខរបស់ខ្លួន ការពារសុវត្ថិភាពប្រទេសជាតិនិងភាពសុខសាន្តរបស់ប្រជាជន។ ហេតុអីបានកម្ពុជាធ្វើមិនបាន។ ឯអ្នកដទៃធ្វើបាន។ ប្រទេសអាល្លឺម៉ង់ស្ថិតក្នុងប្រទេសមួយដែលជឿនលឿនខាងប្រជាធិបតេយ្យ ប៉ុន្តែមានជនក្បត់ជាតិមានអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារ។ សូមទោសឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដែលខ្ញុំត្រូវបង្ខំចិត្តនិយាយរឿងនេះចេញមក ព្រោះដោយសារតែមានមនុស្សមួយចំនួននិយាយថា កម្ពុជាចាំបាច់និយាយពីសន្តិភាពធ្វើអី បើសន្តិភាពមានរួចហើយ។ ចុះពួកលោកឯងមានសន្តិភាពហើយម៉េចក៏ចាប់មនុស្សហើយចោទគេក្បត់ជាតិ ហើយចោទពីការផ្ដួលរំលំ ក្នុងពេលដែលនៅទីនេះគេអំពាវនាវឱ្យកំលាំងប្រដាប់អាវុធបាញ់មកលើរដ្ឋាភិបាល គេអំពាវឱ្យរំលាយចោលរាជានិយមឱ្យស្ដេចចុះពីរាជបល្ល័ង្ក តើយើងទាំងអស់គ្នាឈរស្ងៀមទេ? តើយើងត្រូវដាក់ទោសជនក្បត់ជាតិទេ? តើយើងត្រូវដាក់ទោសអ្នកដែលចង់ផ្ដួលរំលំទេ? បើអ្នកឯងមិនជឿកុំប្រមាថ​។ បើជនបរទេសគឺសុំមេត្តាគិតគូរកង្វល់របស់កម្ពុជាផង ព្រោះពេលដែលស្លាប់អ្នកឯងរត់ទៅប្រទេសអ្នកឯងអស់ ប្រជាជនកម្ពុជាទេដែលស្លាប់។

(៤៥) នាយករដ្ឋមន្ត្រីកម្ពុជាមិនមានសិទ្ធស្នើព្រះមហាក្សត្ររំលាយសភាមុនអាណត្តិទេ

(ឆ្នាំ)១៩៧៥-៧៩ របបប្រល័យពូជសាសន៍ធ្វើឱ្យវេទនាណាស់ បន្តទៅសង្គ្រាមបន្តទម្រាំរកសន្តិភាពបានប៉ុននេះ មិនមែនជារឿងលែងសើចទេ។ កុំយកសន្តិភាពមកលេងសើច។ កុំយកជីវិតមនុស្សមកលែងសើច។ នៅប្រទេសថៃបានប្រកាសរំលាយសភានិងធ្វើការបោះឆ្នោតនៅខែឧសភា ខាងមុខ។ អាចចោទចេញជាសំណួរថា ស្រុកខ្មែរម៉េចមិនដែលឃើញរំលាយសភា លោក ហ៊ុន សែន ក្រាញអំណាចទេដឹង។ អាចមានជាសំណួរ។ មិនមែនគ្មានសំណួរហ្នឹងទេ តែខ្ញុំគួរតែត្រូវបញ្ជាក់នៅកន្លែងនេះបន្ដិច។ ដោយសារទូរស័ព្ទខ្ញុំដាក់ E-book ចូលដែរ អញ្ចឹងទេរដ្ឋធម្មនុញ្ញខ្ញុំក៏ស្ពាយចូលដែរ។ ក្រៅពីនោះព្រឹកមិញខ្ញុំថតចេញពីសៀវភៅ ក្រែងលោ E-book បើកវាមិនរួច។ ប៉ុន្តែឥឡូវបើកមកបានដែរ។ កម្ពុជាមានលក្ខណៈសម្បត្តិល្អប្រសើរណាស់លើបញ្ហាតុល្យ​ភាពអំណាចនិងការពារនិរន្តភាពរដ្ឋដោយមិនទុកឱកាសឱ្យនាយករដ្ឋមន្ត្រីរំលាយសភាមុនអាណត្តិនោះទេ។ ប្រទេសខ្លះនាយករដ្ឋមន្ត្រីរំលាយសភាមុនអាណត្តិ ដូចជាករណី(ប្រទេស)ម៉ាឡេស៊ី, (ប្រទេស)ជប៉ុនក៏មានករណីមុនអាណត្តិ និងប្រទេសខ្លះទៀតមានករណីមុនអាណត្តិ តែកម្ពុជានាយករដ្ឋមន្ត្រីគ្មានសិទ្ធស្នើព្រះមហាក្សត្ររំលាយសភាមុនអាណត្តិទេ។ ខ្ញុំសុំអានដើម្បីឱ្យអ្នកទាំងអស់គ្នាយល់ថាហេតុអីបានកម្ពុជាអត់មានការរំលាយសភា តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលចិត្តកាន់អំណាចរហូតដល់ចប់អាណត្តិ ព្រោះអាចនឹងមានពួកអាល្ងង់ទូមួយចំនួន​វាអត់យល់ដែរ វាអត់មើលរដ្ឋធម្មនុញ្ញទេ តែវាចេញមកវិភាគ។ ឃើញថៃរំលាយរដ្ឋសភាវាថា ហ៊ុន សែន មិនដែលរំលាយរដ្ឋសភាបោះឆ្នោតមុនអាណត្តិទេ រដ្ឋធម្មនុញ្ញគេអត់ឱ្យរំលាយត្រង់អញ្ចេះ

(៤៦) មាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញ

មាត្រា ៧៨៖ នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់២ដងក្នុងរយៈពេល១២ ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់ទទួលបានការស្នើពីនាយករដ្ឋមន្ត្រី និង បន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ក្នុងពេលមានសង្គ្រាមឬក្នុងកាលៈទេសៈពិសេសដទៃទៀតមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើរបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភាត្រូវសម្រេចដោយមតិយល់ព្រម២ភាគ៣យ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ចំណុចនេះដើម្បីឆ្លើយតបជាមួយមនុស្សមុនៗដែលបាននិយាយថា រំលាយរដ្ឋសភាដើម្បីបោះឆ្នោតឡើងវិញទៅដើម្បីឱ្យមានបក្សច្រើន ប៉ុន្តែរដ្ឋធម្មគេបានចែងច្បាស់ណាស់ សភាគឺអត់មានដាច់រយៈទេ។ សភាចាស់រលាយតែពេលណាសភាថ្មីចូលកាន់កាប់អាសនៈ។ សភាអត់ត្រូវបានរំលាយមុនអាណត្តិទេ ប៉ុន្តែសភានឹងរលាយខ្លួនឯងបើសភារំលាយរដ្ឋាភិបាល២ ដង ក្នុងរយៈពេល១២ខែ។ បើសិនជាអ្នកឯងរំលាយគេ២ដង អ្នកឯងត្រូវតែរលាយខ្លួនឯងម្ដង។ បើអ្នកឯងចង់រំលាយគេចាំខែទី១៣ ក៏មិនយឺតដែរ ខែទី១៤ក៏មិនយូរដែរ។ ក្នុងករណីដែលអ្នករំលាយគេអញ្ចឹង គឺព្រះមហាក្សត្រត្រូវរំលាយសភាតាមសំណើរបស់នាយករដ្ឋមន្ត្រីដែលនៅក្នុងតំណែងដែលគេទម្លាក់ ត្រូវមានភារៈកិច្ចស្នើទៅព្រះមហាក្សត្រដើម្បីសុំរំលាយសភា ហើយត្រូវត្រួតត្រាសភាពការក្នុងរយៈពេលបោះឆ្នោត ហើយត្រូវធ្វើយ៉ាងយូរ៦០ថ្ងៃគេកំណត់នៅក្នុងហ្នឹង។

(៤៧) ករណីចម្បាំងរាំងជល់ សភាអាចពន្យាម្ដងបានមួយឆ្នាំ ត្រូវមានការអនុម័តដោយសម្លេង២ភាគ៣

នេះជាសារមួយដើម្បីបញ្ជាក់។ ឃើញម៉ាឡេស៊ីរំលាយសភាមុន ថៃក៏រំលាយសភា … ក្នុងករណីយើង ក្នុងចម្បាំងរាំងជល់ស្អីៗ បោះឆ្នោតមិនបាន សភាអាចពន្យាម្ដងបានមួយឆ្នាំ ប៉ុន្តែក៏ត្រូវមានការអនុម័តដោយសម្លេង២ ភាគ៣ ទើបអាចពន្យាបាន។ បើមិនអញ្ចឹងត្រូវងាកទៅច្បាប់បោះឆ្នោត។ ច្បាប់បោះឆ្នោតរបស់យើងកំណត់ច្បាស់ណាស់អំពីបែបបទនៃការបោះឆ្នោត ដែលចែងថារៀងរាល់៥ឆ្នាំម្ដងនៃថ្ងៃអាទិត្យនៃសប្ដាហ៍ទី៤គឺត្រូវធ្វើការបោះឆ្នោត។ ឥឡូវខែកក្កដាឆ្នាំ ២០២៣នេះ អាទិត្យទី៤។ មានថ្ងៃអាទិត្យដល់ទៅ២ ថ្ងៃអាទិត្យទី១គឺ(ចំ)ថ្ងៃ២៣។ ថ្ងៃអាទិត្យទី២គឺ(ចំ)ថ្ងៃ៣០។ ខ្ញុំមានប្រតិទិននៅទីនេះ ២០២៣នេះ គឺខែកក្កដា ថ្ងៃ៣០។ មានប្រតិទិនមួយមិនដឹងថាអ្នកទាំងអស់គ្នាប្រើប្រិតិទិនណាទេ ក៏ប៉ុន្តែខ្ញុំមានប្រើប្រតិទិន២។ ឯប្រតិទិនមួយនេះគឺយើងអាចវិលទៅរក១០០ ឆ្នាំមុន អាចវិលទៅរកបានហើយចំថ្ងៃចន្ទគតិ, សុរិយគតិ ទៅរកវិញបាន។ សម័យឌីជីថលហើយគួរតែរៀនប្រើអោយវាស្រួលបន្តិច។ ឥឡូវនេះមានវចនានុក្រមសម្ដេច ជួន ណាត នៅក្នុងតេឡេក្រាមរបស់ Fresh News កាន់តែស្រួលទៀត ឱ្យដឹងថ្ងៃណាៗ ហើយបកប្រែនៅក្នុងហ្នឹងទៀត។ ខ្មែរ-ខ្មែរ ពន្យល់ពាក្យហើយនិងខ្មែរ-អង់គ្លេស។ ចុចដាក់ភ្លាមអានោះបកឱ្យតែម្ដង។ ឧទាហរណ៌៖ ប្រពលវប្បកម្ម សម្ដេច ជួន ណាត បកថាម៉េច វាយចូលទៅគឺថាបកពន្យល់ឱ្យយើង។ យើងជាចាស់មែន ក៏ប៉ុន្តែមិនទាន់ចាស់ហួសសម័យដែលប្រើបច្ចេកវិទ្យាព័ត៌មានទេ។

ខ្ញុំនិយាយនៅថ្ងៃនេះ ចង់ចែករំលែក។ អ្នកខ្លះឃើញថា ឃើញគេឯងរំលាយសភា ចុះនៅកម្ពុជាមិនដែលឃើញលោក ហ៊ុន សែន រំលាយសភាម្ដងផង ចង់កាន់អំណាចរហូតចប់អាណត្តិតែម្ដង។ រដ្ឋធម្មនុញ្ញគេហាមមិនឱ្យរំលាយមុនអាណត្តិទេ។ សភាចាស់អស់អាណត្តិ ទាល់តែសភាថ្មីចូលកាន់តំណែង។ ដូច្នេះអត់មានអវត្តមានសភាទេ។ ក្រុមដែលតាំងខ្លួនជាបណ្ឌិត ពេលណាក៏មិនចេះមើលរដ្ឋធម្មនុញ្ញទេ និយាយមកគឺថាមិនដឹងជ្រុងខាងណា។ ខ្ញុំសោកស្ដាយណាស់ដោយសារតាំងខ្លួនជាបណ្ឌិត ប៉ុន្តែអត់យល់។ គ្រាន់តែរឿងករណីដើម្បីបង្កើតនូវការវាយប្រហារមួយចំពោះ ហ៊ុន ម៉ាណែត គឺឋានានុក្រមក្នុងកងទ័ព ម៉ាណែត ត្រូវពាក់ផ្កាយ៤តាំងពីឆ្នាំ២០១៨ ពន្យាពេល៥ឆ្នាំបានម្នាក់នេះទទួល ហើយទទួលមិនទទួលក្នុងព្រះរាជក្រឹត្យចេញហើយតែគេអត់ដឹងខ្លួន ហើយអរគុណអ្នកឯងដែលជួយវាយ ម៉ាណែត ហើយធ្វើឱ្យ ម៉ាណែត ចេះការពារខ្លួនរបៀបណា បើមិនអញ្ចឹង ម៉ាណែត អាចនឹងទន់ជ្រាយ អញ្ចឹង ម៉ាណែត បានស្គាល់ទឹកក្ដៅ/ត្រជាក់ តាំងពីពេលនេះ ត្រៀមរៀបចំខ្លួន។

(៤៨) បេក្ខភាពនាយករដ្ឋមន្ត្រី ត្រូវ (១)មិនមានទោសដែលតុលាការដកសិទ្ធ (២)ជាសមាជិករដ្ឋសភាព

អ្នកឯងគ្មានឱកាសដើម្បីនឹងនិយាយជាមួយ ម៉ាណែត ទេ ហើយខ្ញុំបារម្ភដែរក្រែងលោ ម៉ាណែត ទន់ជ្រាយសម្របសម្រួលហួសហេតុពេក ជាមួយនឹងក្រុមជ្រុលនិយម។ ពេលហ្នឹងយើងឱ្យអំណាចនាយករដ្ឋមន្ត្រី … មិនមែនឱ្យទេ គេត្រូវឈ្នះឆ្នោតសិន។ ខ្លះថា ម៉ាណែត អត់គ្រប់លក្ខខណ្ឌដើម្បីធ្វើនាយករដ្ឋមន្ត្រី។ សុំទោសពួកអ្នកឯងគិតខុសហើយ។ ម៉ាណែត ជាពលរដ្ឋកម្ពុជាដែលមានសិទ្ធគ្រប់គ្រាន់។ គេហាមតែប៉ុណ្ណេះទេ៖ ទី១ អ្នកឯងមានទោស។ ដូចអ្នករត់ទៅខាងក្រៅជាប់ទោសគេហាម។ តុលាការដកសិទ្ធ។ បោះឆ្នោតក៏គេមិនឱ្យបោះ ធ្វើនយោបាយក៏គេមិនឱ្យធ្វើនយោបាយដែរ។ ទី២៖ អ្នកឯងមិនមែនជាសមាជិករដ្ឋសភា​ អាហ្នឹងគឺអ្នកឯងធ្វើនាយករដ្ឋមន្ត្រីអត់បាន។ ធ្វើឧបនាយករដ្ឋមន្ត្រីបាន ធ្វើរដ្ឋមន្ត្រីបាន ប៉ុន្តែធ្វើនាយករដ្ឋមន្ត្រីអត់បានទេ ព្រោះរដ្ឋធម្មនុញ្ញចែងច្បាស់ថា នាយករដ្ឋមន្ត្រីត្រូវតែជាសមាជិករដ្ឋសភា។ អ្នកឯងត្រូវយល់អោយច្បាស់។ កុំថា ម៉ាណែត គ្មានសិទ្ធ។ ប៉ុន្តែពេលហ្នឹង ម៉ាណែត ចេញឃោសនាបោះឆ្នោត ម៉ាណែត ត្រូវតែសុំច្បាប់ឈប់។ ពេលហ្នឹងកងទ័ពជើងគោកទំនេរ ត្រូវមានស្ដីទី។ ពេលណា ម៉ាណែត មិនទាន់ក្លាយខ្លួនទៅជានាយករដ្ឋមន្ត្រី ម៉ាណែត អាចលាចេញពីសមាជិកសភាទៅកាន់មេបញ្ជាការកងទ័ពជើងគោកវិញ។ ក្នុងករណីដែល ម៉ាណែត ត្រូវធ្វើនាយករដ្ឋមន្ត្រី ម៉ាណែត ត្រូវតែលាចេញពីកងទ័ពហើយរក្សាខ្លួនជាសមាជិករដ្ឋសភា។ ខ្លះលើកសុទ្ធតែលក្ខខណ្ឌនេះអត់ត្រូវ ហើយលក្ខខណ្ឌអ្ហែងបានមកពីណាអាឡប់។ពួកនេះទាល់តែថាអញ្ចឹង បន្តិចទៀតអា២នាក់ហ្នឹងវាចេញមកជេរ វាហៅមកសម្ភាសន៍ ហៅអាក្មេងពាលទាំង២ចេញមកសម្ភាសន៍។ អាមួយតាំងខ្លួនជាឥន្ទ្រីនៅក្បែរអាចម៌គោ ចាត់ទុកឪពុក-ម្ដាយ ជាអាចន៍គោហើយវាជាសត្វឥន្ទ្រី ហើយវាចាត់ទុក ម៉ាណែត ជាគីង្គក់កើតក្នុងវិមាន។ វានឹងហៅក្មេងពាលមួយចំនួនទៅសម្ភាសន៍។ សូមផ្ដាំអ្នកណាដែលជាប់ពាក់ព័ន្ធជាមួយទណ្ឌិត ប្រុងប្រយ័ត្ន។ សុំដាស់តឿន ព្រោះយើងមិនលើកលែង មិនអត់ឱនទេ។ បង្រួបបង្រួម ប៉ុន្តែបង្រួបបង្រួមជាមួយពួកបំផ្លាញបង្រួបបង្រួមអី។

(៤៩) ហ៊ុន សែន ពាក់នាឡិកាតាំងពីនៅវត្ត

ឥឡូវសូមសួរទៅអ្នកឯង អ្នកឯងថាខ្ញុំនឹងស្លាប់នៅឆ្នាំ ២០២៣។ សុខភាពខ្ញុំនៅដកក្បាលមេក្រូចេញ នៅនិយាយលឺ។ មនុស្សធន់ហ្នឹងស្លាប់ឆ្នាំ២០២៣ ទេ។ អាយុជីវិតមនុស្សវាមិនទៀងទេ ប៉ុន្តែអ្នកឯងនិងខ្ញុំ អ្នកឯងអាយុច្រើនជាងខ្ញុំផង។ អ្នកឯងមាន ៥ ឆ្នាំប៉ុន្មានដងទៀត? មាន១០ ឆ្នាំប៉ុន្មានដងទៀត? ខ្ញុំសួរ មិនមែនបានសេចក្ដីថាខ្ញុំចេះតែចាស់ លោកឯងចេះតែក្មេងឯណា។ ខ្ញុំរាល់ថ្ងៃគេថាខ្ញុំសង្ហាទៀតនោះ។ ខ្លះគេខម្មិនមកផេកខ្ញុំគេថាបុរសសង្ហាគ្រប់ជំនាន់។ រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីចាក់ដល់ភាគ២ហើយចាប់ផ្ដើមក្មេងវត្តវាធំហើយ។ យប់នេះចូលដល់ភាគ៣។ យប់មិញគេអាចដឹងប្រវត្តិនាឡិកា។ ហ៊ុន សែន មិនមែនទើបនឹងចាប់ផ្ដើមពាក់នាឡិកាឥឡូវនេះទេ។ ហ៊ុន សែន ពាក់នាឡិកាតាំងពីខ្លួននៅក្មេងវត្តឯណោះ។ មូលហេតុអី?

ក្នុងរឿងនេះអត់លេងពីរឿងលោកវាយកូនសិស្សទេ។ ខ្ញុំធ្លាប់ត្រូវរំពាត់ដោយសារតែយកចង្ហាន់មកយឺត។ ដល់យកចង្ហាន់មកយឺតមានអីបន្ទះរនាបឬផ្ដៅ ហើយស្មានតែមិនឈឺ។ អន់ចិត្តលោកដែរហ្នឹង។ លុយខំសន្សំបោកទៅបានជាង៥ពាន់រៀល។ ពេលនោះមាននាឡិកាមួយ (តម្លៃ)១ពាន់រៀល។ ប៉ុន្តែខ្ញុំទិញអាថ្លៃ Titoni ជាង៥ពាន់ ពេលនោះមាសមួយតម្លឹងតែ ៣ ២០០ រៀលទេ។ ខ្ញុំយកនាឡិកាទៅដូរនៅស្រុកមេមត់ មុនខ្ញុំចូលព្រៃ ខ្ញុំទៅដូរនាឡិកានេះតម្លៃ ៨ ៧០០ ស្មើនឹងជិត៣ តម្លឹងមាស។ ម៉េចបានក្មេងវត្តអានេះពាក់នាឡិការហូត។ ខ្ញុំពាក់តាំងពីនៅក្មេងវត្ត។ សន្សំលុយ។ វិធីសន្សំលុយគឺដាក់កូនជ្រូក។ ជួនកាលទៅជាមួយលោកចាស់ៗ ឱ្យមកអញ្ចឹងទៅទុកខ្លះចាយ ទុកខ្លះញាត់កូនជ្រូក។ សន្សំៗ បាននាឡិកា។

កុំឃើញ ហ៊ុន សែន ពាក់នាឡិកាថ្លៃថា ហ៊ុន សែន ពាក់នាឡិកាថ្លៃ។ អញពាក់ថ្លៃមានទើសក្បាលអីអ្ហែង។ ប្រាក់ខែប៉ុណ្ណឹងមានលុយមកពីណាទិញប៉ុណ្ណឹង។ ចុះពួកឯងអត់មានអីដែរ ម៉េចក៏មានឡានជិះ។ និយាយអញ្ចឹងតែម្ដងទៅ។ ពីឆ្នាំ ១៩៧៩ អត់(មាន)អីដែរ ស្រាប់តែមានឡានជិះដែរ មកជេរតែឯង។ ឥឡូវវាយត្រកូល ហ៊ុន ទាំងអស់ មានអាមួយនៅជប៉ុន វាថាឱ្យ ហ៊ុន សែន​ ធ្វើស្ដេចទៅ, ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រី, ហ៊ុន ម៉ានិត ធ្វើរដ្ឋមន្ត្រីការពារជាតិ, ហ៊ុន ម៉ាណា ធ្វើរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ល្ងាចមិញចូលទៅមើលនៅក្នុងផេក។ អ្នកឯងត្រូវដឹង បើអ្នកឯងផ្ដួលគណបក្សប្រជាជនមិនបានទេ អ្នកឯងក៏ផ្ដួល ហ៊ុន ម៉ាណែត អត់បានដែរ។ ផ្តួល ហ៊ុន សែន ក៏អត់បានដែរ។

(៥០) ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិតែទ្រង់មិនកាន់អំណាច

ប្រទេសត្រូវការមានសន្តិភាព។ សន្ដិភាពត្រូវដើរមុនគេទាំងអស់។ ខ្ញុំនិយាយព្រឹកនេះដូចជាតឹងសរសៃកបន្តិច ប៉ុន្តែទាល់តែលឺអញ្ចឹងបានៗ។ ខ្ញុំមិនបានទៅចូលរួមទេដោយសារសុខភាពខ្ញុំមិនល្អ(សម្ដេចមានប្រសាសន៍យឺតៗ) បើអញ្ចឹងៗធ្វើនាយករដ្ឋមន្ត្រីស្អីទៅ ដេញឆ្កែវាមិនរត់ផងនោះ។ វាទាល់តែមានផ្អែមផងត្រជាក់ផង … ក្ដៅរបស់ ហ៊ុន សែន មិនមែនក្ដៅត្រឹមនេះទេ។ ប្រតិបត្តិការពីម្សិលរបស់កងកម្លាំង គឺដូចជាប្រើត្រឹមតែ១ម៉ោងកន្លះទេ យកបានទាំង២(នាក់)។ មានខ្លះសួរ យឹម ស៊ីណន ថាបានទិញសំបុត្រទៅកូរ៉េអត់ទេ? ដល់ស្រុកខ្មែរហើយ ជេរពីខាងក្រៅ(ប្រទេស)បាន ជេរក្នុងស្រុកជេរមិនបានទេ។ តាមរកឱ្យមកបកស្រាយ ព្រោះនេះមិនមែនជាសិទ្ធបញ្ចេញមតិទេ។ អ្នកឯងបំភ្លៃការពិតទេតើ។ ពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឯនេះអ្នកឯងមិនត្រឹមតែធ្វើព័ត៌មានក្លែងក្លាយទេ មានចរិកជាការវាយប្រហារស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាល។ និយាយដោយត្រង់ គឺវាយប្រហារព្រះមហាក្សត្រ​និងវាយប្រហារនាយករដ្ឋមន្ត្រីតែម្ដង …

ឥឡូវមិនទាន់បាន២៤ម៉ោង ប្រហែលជាគេមិនទាន់ប្រគល់ឱ្យតុលាការទេ។ ទុកឱ្យតុលាការគេសម្រេចទៅ។ យ៉ាងណាខ្ញុំគោរព។ ប៉ុន្តែខាងសមត្ថកិច្ចគេធ្វើការ។ មើលងាយព្រះចេស្ដានៅកន្លែងណា ហើយតាមតុកាហ្វេនិយាយថាអ្នកណាជាស្ដេចពិតប្រាកដ អ្នកឯងចង់ចង្អុលបង្ហាញថា ហ៊ុន សែន មានអំណាចពិតប្រាកដ។ អំណាចដែលបានបែងចែកគឺព្រះមហាក្សត្រ បើនិយាយពីរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិតែទ្រង់មិនកាន់អំណាចទេ អ្នកឯងម៉េចក៏មិនយល់កន្លែងហ្នឹង។ ត្រង់ហ្នឹងព្រះករុណាបិតាព្រះអង្គទ្រង់សរសេរពីកន្លែងហ្នឹង មាត្រា៧ ជំពូក២ អំពីព្រះមហាក្សត្រ។ ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបានឡើយ រដ្ឋធម្មនុញ្ញចែងអញ្ចឹង។ ព្រះអង្គត្រូវបានយាងទៅនាយករដ្ឋមន្ត្រីដង្ហែរ។ ការចាត់ចែងនៅទីនោះគឺនាយករដ្ឋមន្ត្រី ដោយមានជំនួយការរបស់ខ្លួនគឺគណៈកម្មការប្រកួតដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ជាអ្នករៀបចំទាំងអស់។

ម្សិលមិញខ្ញុំក៏ទូលថ្វាយព្រះករុណា ទាញសម្ដេចពិជ័យពីខាងក្រោយមកថា “សម្ដេចពិជ័យជាមួយនឹងសហការីរបស់គាត់រៀបចំទាំងអស់ ទូលបង្គំចាំតែដល់ថ្ងៃ ទូលបង្គំទៅប្រកាសបើកប៉ុណ្ណឹង”។ ការរៀបចំគឺខាងរាជរដ្ឋាភិបាលជាអ្នករៀបចំ តែយាងព្រះមហាក្សត្សដែលជាអង្គព្រះប្រមុខរដ្ឋដែលឋានុក្រមខ្ពស់បំផុតទៅប្រទាន។ អ្នកឯងត្រូវតែបែងចែក ម៉េចក៏បាននិយាយរឿងអញ្ចឹងកើតឡើង។ ប្រមាថស្ដេចផែនដី ប្រមាថប្រមុខនីតិប្រតិបត្តិ។ អំណាចនីតិប្រតិបត្តិវាស្ថិតនៅលើនាយករដ្ឋមន្ត្រី ហើយអ្នកឯងថានាយករដ្ឋមន្ត្រីមានអំណាច។ បើមិនអោយនាយករដ្ឋមន្ត្រីមានអំណាចឱ្យអ្នកណាអ្នកកាន់អំណាចពិត បើរដ្ឋធម្មនុញ្ញគេចែងអញ្ចឹង។ ពិតជាប្រឆាំងផ្ដាប់មុខមែន ស្រោចទឹកប៉ុណ្ណឹងទៅចុះវាល្មមត្រជាក់ខ្លះ ប៉ុន្តែពួកនេះ​មុខវាក្រាស់កុំថាយកពូថៅទៅ បើថាកាប់វាទាល់តែយកដឹងទៅកាប់។ ខូចណាស់និយាយមហាខូច។ ថ្ងៃនេះខ្ញុំបាននាំមកសម្រាប់និស្សិតជ័យលាភីចំនួន ៤ ៧០៥នាក់ ក្នុងមួយនាក់ជូនថវិកា៥ម៉ឺនរៀល​សម្រាប់កំដរដៃចូលឆ្នាំ ជូនបុគ្គលិកនិងសាស្ត្រាចារ្យចំនួន ៩៧១នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន១០ម៉ឺនរៀល ជូនវិទ្យាស្ថានវ៉ាន់ដាថវិកា១០លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន៣លានរៀល។ ជាមួយនឹងការអបអរសាទរ និងកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថានវ៉ាន់ដា ក៏ដូចជាអបអរសារទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាឱ្យខ្ញុំបានជូនពរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សូមទទួលបានសេចក្ដីសុខសេចក្ដីចម្រើន និងសូមជួបតែសំណាងណាងល្អក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងពេលខាងមុខនេះ ជាមួយនឹងពុទ្ធពរនិងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...