នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។
កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីតាមបណ្ដារោងចក្រនានា គឺជាការបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍគោលនយោបាយវិស័យឧស្សាហកម្ម ដើម្បីបន្តបង្កើតឱកាសវិនិយោគការងារ និងមុខរបរកាន់តែប្រសើរឡើង។ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្តី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន៨២លើក។ តាមរយ:កម្មវិធីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច និងអនុសាសន៍ថ្មីៗមួយចំនួនទៀតដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើន ដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នដោយអនុវត្តបានជោគជ័យជាបន្តបន្ទាប់។