សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រ«២០២២ ឆ្នាំមិនធម្មតាសម្រាប់ការទូតរបស់កម្ពុជា៖ ប្រធានប្ដូរវេនអាស៊ាន និងប្រឈមបញ្ហាធំៗស្មុគស្មាញ និងច្រើនបំផុត», សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

CNV:

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារជំងឺរាលដាលកូវីដ-១៩។

ខ្ញុំសូមស្វាគមន៍វត្តមានរបស់សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នសិក្សាស្រាវជា្រវ និងសារព័ត៌មាន ក្នុងពិធីដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​ និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។ ខ្ញុំក៏សូមសំដែងការកោតសរសើរចំពោះវិភាគទានដ៏សំខាន់ និងដ៏សកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពទាំងមូល ដែលបានចូលរួមចំណែកkក្នុងការធ្វើឲ្យឆ្នាំ ២០២២ ក្លាយជាឆ្នាំជោគជ័យធំបំផុតមួយក្នុងការទូតរបស់កម្ពុជាយើង។

សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ដូចដែលបានលើកឡើងក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសន្រសម្រក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិអម្បាញ់មិញនេះ អង្គសន្និបាតបានពិនិត្យពិភាក្សាសភាពការណ៍តំបន់ និងពិភពលោក ឈានទៅវាយតម្លៃអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រែប្រួលយ៉ាង​ជ្រាលជ្រៅ និងស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត និងសេដ្ឋកិច្ច មកលើតំបន់ និងប្រទេសកម្ពុជាយើង និងបាន​ពិចារណា រិះរកក្នុងការជំរុញ​នូវការកែទម្រង់ស្ថាប័នបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់យើង។

ពិតណាស់ ឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិការទូតរបស់យើង គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ាន ក្នុងខណៈដែលមានការប្រឈមធំៗស្មុគស្មាញ និងច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍របស់យើង។

ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ក៏ការលេចឡើងនូវវ៉ារ្យង់ថ្មីៗ នៅបន្តដាក់សម្ពាធធ្ងន់ធ្ងរលើវិស័យសុខាភិបាលសាធារណៈ។

ការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំងពីរកាន់តែមានលក្ខណៈអួរអាប់ ស្មុគស្មាញឡើង និងលើរណសិរ្សកាន់តែច្រើន បង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជាយើង​។

វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌នៅមីយ៉ាន់ម៉ា នៅជាបញ្ហាសម្រាប់អាស៊ាន ហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយ​សម្រាប់​វិបត្តិនេះ​ បានធ្លាក់មកលើកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេស​របស់ប្រធានអាស៊ាន។

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ បន្តធ្លាក់ចុះដុនដាបដោយសារ​ការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានរបស់កូរ៉េខាងជើង។

ក្នុងពេលសភាពការណ៍​នៅសមុទ្រ​ចិន​ខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជាចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធាន​សភាអាមេរិក Pelosi ដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានប្រារព្ធពិធីបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។

ប៉ុន្តែ រឿងដែលធ្វើឲ្យរង្គោះរង្គើផ្នែកសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នោះ គឺការធ្វើសង្គ្រាមរបស់​រុស្សីប្រឆាំងអ៊ុយក្រែន​ ដែលមកដល់ពេលនេះ​បានបង្កឱ្យទាហាន​ និងប្រជាជនស៊ីវិលរាប់​ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួន ហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យ​សម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។

ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាង​លើ ​ពិត​ជាបានជះឥទ្ធិពលផ្ទាល់ ឬប្រយោលមកលើកម្ពុជា បង្កជាសម្ពាធធ្ងន់ធ្ងរ​ម​ក​លើ​អធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាព​ និងការសម្រេចចិត្តនានា​ខាង​នយោ​បាយ​របស់យើង ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសមួយ ដែលឯករាជ្យផ្អែក​លើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនយើង យើងបានប្រែ​ក្លាយ​​ការប្រឈម​ឱ្យទៅជាកាលានុវត្តភាព និងបានបង្ហាញឱ្យឃើញ​សុឆន្ទៈយ៉ាង​ពិត​ប្រាកដ ក្នុងការគោរពច្បាប់ គោលបំណង និងគោលការណ៍ទាំងឡាយ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

នៅក្នុង​ឱកាសគម្រប់ខួប ១ ឆ្នាំ នៃសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិនបានដើរតួនាទីឈានមុខមួយ​ក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើដែលមាន ១២ ចំណុច។ កម្ពុជាគាំទ្រសំណើ ១២ ចំណុច របស់ប្រទេសចិន ដោយសារសំណើរបស់ប្រទេសចិនចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ ដូចជា អធិតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ។ សំណើខាងលើក៏អំពាវនាវឲ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធា។ តាមបទពិសោធន៍ សង្រ្គាមគឺមធ្យោបាយអាក្រក់បំផុតសម្រាប់ការបញ្ចប់សង្រ្គាម តែបទឈប់បាញ់ជាមធ្យោបាយល្អបំផុត ដែលត្រូវឈានទៅបញ្ចប់សង្គ្រាម។ សំណើនេះ ក៏បានអំពាវនាវឲ្យមានកិច្ចសន្ទនាសន្តិភាព និងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។

គោលការណ៍ខាងលើស្របគ្នាជាមួយនឹងជំហររបស់កម្ពុជា។ បន្ថែមលើនេះ សំណើរបស់ចិនក៏បានផ្ដោតលើទិដ្ឋភាពមនុស្សធម៌ សន្តិសុខស្បៀង និង​ការស្ថាបនាឡើងវិញក្រោយជម្លោះ។ កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់អំពីសំណើរបស់ចិន​ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការឈឺចាប់របស់ប្រជាជន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងនាំត្រឡប់មកវិញនូវសន្តិភាព​។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ