ព្រះអគ្គិជ័យកីឡាត្រូវបានប្រោសព្រះរាជប្រទាន ដល់អត្តពលិក មុនធ្វើដំណើរទៅប្រទេសអាស៊ានទាំង ១០

 

សៀមរាប៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ។

ព្រះរាជពិធី ក៏មានការអញ្ជើញចូលរួមផងដែរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីជាច្រើនរូបទៀត ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាកីឡាអាស៊ានអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម និងសិស្សានុសិស្ស យុវជនកាយារិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងច្រើន។ អ្វីដែលកត់សម្គាល់បន្ថែម ព្រះរាជពិធីធ្វើឡើងស្របពេលសមរាត្រី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី តាមប្រធានបទ “កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព” ។

ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា រៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពេលនេះ ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅរត់ដង្ហែភ្លើងគប់ និងប្រារព្វពិធីបើកការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តំណាងគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិក

SEA Games សូមគាំទ្រ និងចូលរួមសហការយ៉ាងជិតស្និតជាមួយគណៈកម្មាធិការជាតិ CAMSOC ដើម្បីរៀបចំការប្រកួត SEA Games-ASEAN Para Games នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ ក្រោមប្រធានបទ“កីឡារស់ក្នុងសន្តិភាព” ។

ឯកឧត្តម បន្តថាមកទល់ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបានសហការយ៉ាងល្អ និងបានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតមានចំនួនប្រមាណ ១១ ៤៥៣នាក់ហើយ ក្នុងនោះព្រះរាជាណាចក្រកម្ពុជាមានជាង១០០០នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានប្រសាសន៍ដែរថា តាមរយៈការធ្វើម្ចាស់ផ្ទះនេះ បង្ហាញឱ្យពិភពលោកបានឃើញពីការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សូមជម្រាបជូនថាព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជប្រទានព្រះអគ្គិអាទិទេព ដើម្បីប្រគល់ដល់អត្តពលិកម្នាក់អមដោយក្រុមអត្តពលិក រត់ជុំវិញវង់តូច ដោយផ្តើមចេញពីមុខប្រាសាទអង្គរវត្តទៅទិសខាងត្បូង(ទក្សិណ) តាមទិសដៅទៅក្រោយប្រាសាទអង្គរវត្ត ឆ្ពោះទៅប្រាសាទក្រវ៉ាន់ និងប្រាសាទបន្ទាយក្តី និងឆ្លងកាត់ប្រាសាទមួយចំនួនទៀតមុនឆ្ពោះមកកាន់មុខប្រាសាទអង្គរវត្ត និងមកបញ្ចប់កន្លែងប្រារព្ធព្រះរាជពិធីដែលជាទីចាប់ផ្តើមនៃការរត់ដង្ហែព្រះអគ្គិកីឡាវិញ រួច ត្រូវធ្វើដំណើរបន្តទៅកាន់វត្តវត្តរាជបូរណ៌ ដែលជាទីកន្លែងទុកអគ្គិអាទិទេព មុនដង្ហែទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលជាការចាប់ផ្តើមដង្ហែរ និងរត់គប់ភ្លើងកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ទៅកាន់ប្រទេសអាស៊ាន ដោយប្រទេសដំបូង ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម រួចបន្តទៅម៉ានីល ហ្វីលីពីន និងប្រទេសអាស៊ានផ្សេងៗទៀត រួចបញ្ចប់ចុងក្រោយនៅប្រទេសឡាវ មុនដង្ហែតាមខេត្តជុំវិញបឹងទន្លេសាប ហើយព្រះអគ្គិនេះនឹងមកដល់ពហុកីឡដ្ឋានជាតិមរតកតតេជោ យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតស៊ីហ្គេម ២០២៣ ផ្លូវការ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...