សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

CNV:

(១) គ្រប់វិស័យមានការជឿនលឿនផ្នែកឌីជីថល ដោយឡែកវិស័យអប់រំមានការប្រើប្រាស់​ទូលាយជាងគេ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានក្ដីរំភើបរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភីនៅក្នុងសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលយើងខ្ញុំបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងទៅ។ នេះជាលើកទី ២ បន្ទាប់ពីសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ ហើយពេលនេះយើងចូលដល់សាកលវិទ្យាអាស៊ី-អឺរ៉ុប ដែលមាននិស្សិត​រហូតដល់ ៣,០៧៥ នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិត​ខំ​ប្រឹងប្រែង​ក្នុងការដឹកនាំក្នុងវិស័យអប់រំ យុវជននិងកីឡា ទាំងគ្រឹះស្ថាន​សិក្សារបស់រដ្ឋ/ឯកជនក៏មានបញ្ហាប្រឈមដូចៗគ្នា នៅក្នុងដំណាក់កាលដ៏លំបាកលំបិននៃកូវីដ-១៩។

តាមរយៈនោះ ដូចដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយពីសប្ដាហ៍មុន ជាមួយនឹងវិបត្ដិដែលបានកើត វាក៏មានកាលានុវត្ដន៍ភាពដែល​ផ្ដល់ឱ្យយើងនៅត្រង់ថាបច្ចេកវិទ្យាព័ត៌មានបានឈានទៅមុខយ៉ាងលឿនតាមរយៈការរៀនសូត្រតាម​ប្រព័ន្ធអនឡាញ ដែលអាចចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់រុញដំណើរការនេះ។ វាមិនមែនតែវិស័យអប់រំ​មួយ​មុខនោះទេ ប៉ុន្ដែគ្រប់វិស័យទាំងអស់សុទ្ធតែមានការជឿនលឿនផ្នែកឌីជីថល ប៉ុន្ដែ ផ្នែកដែលមានការប្រើប្រាស់​ច្រើនជាងគេ គឺក្នុងវិស័យអប់រំនេះតែម្ដង។

ក្នុងរយៈកាល នៃវិបត្ដិនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងនោះទូរទស្សន៍ជាតិកម្ពុជាក៏បានដើរតួនាទី(ជួយផ្សព្វផ្សាយ) ហើយសាកលវិទ្យាល័យនីមួយៗ គ្រឹះស្ថានសិក្សានីមួយៗ ក៏សុទ្ធតែបានចូលរួមចំណែកពង្រឹងសមត្ថភាពប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីជូននិស្សិត​​នៅពេលដែលយើងចាំបាច់ត្រូវបិទសាលារៀន។ ក្នុងទិដ្ឋភាពដោយ​ឡែក គឺ​សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅតែបន្ដសកម្មភាព ដូចដែល ឯកឧត្តម ដួង លាង ប្រធានក្រុមប្រឹក្សាភិបាលរបស់​សាកលវិទ្យាល័យ បានធ្វើរបាយការណ៍អម្បាញ់មិញ។

(២) គ្រប់គ្នារួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខ្ញុំព្រះករុណាខ្ញុំ សូមយឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការខិតខំរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ​សាស្ដ្រាចារ្យ ជាមួយនឹងការខិតខំនេះ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដោយផ្ទាល់/ប្រយោល (និង)តាមរយៈ​អនឡាញក្ដី ដែលធ្វើឱ្យសាកលវិទ្យាល័យនៅដំណើរការបានដោយមិនបិទទ្វារសាលា ក្នុងកាលៈទេសៈដ៏លំបាក។ ​នោះជាការរួមចំណែកដ៏ធំដើម្បីគ្រប់គ្រងសភាពការណ៍។ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋ/ឯកជន សុទ្ធតែបានធ្វើសកម្មភាពព្រមៗគ្នា ដោយមិនឱ្យសាលា​ក្ស័យធនឬដួលរលំ ដែលនាំទៅរកការបាត់បង់នូវឱកាសសម្រាប់ការសិក្សារបស់សិស្ស/និស្សិតនោះទេ។ ​យើងបាន​ចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងនោះ ព្រះសង្ឃ ក៏ដូចជា និស្សិតទាំងអស់ សុទ្ធតែបានចូលរួមប្រយុទ្ធប្រឆាំង​ជាមួយនឹងមេរោគដ៏ចង្រៃនេះ។

តើការចូលរួមប្រយុទ្ធនោះធ្វើដោយរបៀបណា? (នោះគឺ)ការអនុវត្ដវិធានការ “៣កុំ 3ការពារ” និងការទៅទទួលយកវ៉ាក់សាំង។ នោះហើយជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ-១៩។ ពិតមែនហើយ មានអ្នកដែលចូលរួមប្រយុទ្ធផ្ទាល់ (ក្នុងនោះមាន)គ្រូពេទ្យព្យាបាល(អ្នកជំងឺ)កូវីដ-១៩ (និង)គ្រូពេទ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ប៉ុន្ដែ អ្នកដែលទទួលសេវាពីវិស័យសុខាភិបាល អនុវត្ដន៍នូវវិធានសុខាភិបាលនិងទទួលយកវ៉ាក់សាំងនោះ សុទ្ធតែជាអ្នកចូលរួមចំណែកធ្វើឱ្យប្រទេស​យើងទប់ស្កាត់និងរារាំងបាន មិនឱ្យមានមនុស្សស្លាប់តទៅទៀត(ដោយសារកូវីដ-១៩) ក្នុងរយៈពេល ៤ ខែ គិតតាំងពីខែមេសា រហូតដល់ពេលនេះ។ យើងពុំមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ នោះទេ បន្ទាប់ពីមាន(មនុស្ស)ស្លាប់ ៣,០០៦ នាក់ ក្នុងរយៈពេលតែប៉ុន្មានខែតែប៉ុណ្ណោះ មុនពេលដែលយើងបានចាក់ស្រោច​វ៉ាក់សាំងទៅលើប្រជាពលរដ្ឋរបស់យើង។

(៣) បើកប្រទេសឡើងវិញពេញលេញតាមគន្លងថ្មី ទាំងក្នុងប្រទរសទាំងកិច្ចប្រជុំអន្តរជាតិ

ការខិតខំរបស់យើងបាននាំឱ្យយើងបើកប្រទេសឡើងវិញបានជាបណ្ដើរៗ ឥឡូវ យើងបានបើកប្រទេសពេញលេញរួចស្រេចទៅហើយ គ្រាន់តែតាមគន្លងថ្មីតែប៉ុណ្ណោះ។ អ្វីដែលជាគន្លងថ្មី? នៅពេលនេះ គឺយើងនាំគ្នាអង្គុយ​ពាក់ម៉ាស់ (និង)ឃ្លាតឆ្ងាយពីគ្នា ដែលនៅក្នុងចំនោម “៣កុំ ៣ការពារ” ដែលមានពាក់ម៉ាស់ រក្សាគម្លាត លាងដៃ។ នេះជារបៀបរៀនរស់នៅជាមួយកូវីដ-១៩។ ការអនុវត្ដរបស់យើង​ គឺបានធ្វើឱ្យប្រសើរឡើង។ យើងបានបើកគ្រប់ផ្នែកទាំង​អស់ មិនត្រឹមតែបើកនៅក្នុងប្រទេស ដើម្បីសកម្មភាពសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះ()ទេ ប៉ុន្ដែយើងហ៊ានបើកការប្រជុំ​កម្រិត​អន្ដរជាតិ ដែលធ្វើផ្ទាល់នៅទីក្រុងភ្នំពេញ/សៀមរាប និងទីកន្លែងដទៃទៀត ដែល(យើង)បានអញ្ជើញភ្ញៀវ​បរទេសមកចូលរួម ដោយមានជំនឿទុកចិត្តថា កម្ពុជាជាកន្លែងមានសុវត្ថិភាព នៃការ(មិន)ឆ្លងកូវីដ-១៩។ មិត្តភក្ដិរបស់យើងបានធ្វើដំណើរមកដល់ភ្នំពេញ ដើម្បីចូលរួមប្រជុំកាលពីដើមខែនេះ។ នោះជាចំណុចគួរតែ​និយាយថា គ្រាន់តែក្នុងក្របខណ្ឌនៃ​សាកលវិទ្យាល័យ សាស្ដ្រាចារ្យ និស្សិត ក៏មានចំណែកក្នុងការចូលរួម​ទប់​ស្កាត់កូវីដ-១៩ នេះដែរ។ មិនចាំបាច់ខ្លួនទៅព្យាបាលនរណាទេ គ្រាន់តែអនុវត្ដវិធានការ “៣កុំ ៣ការពារ” ក៏ជាការ​ខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់នូវការរីករាលដាល នៃជំងឺនេះដែរ។

(៤) សិស្សនិស្សិតជិត ៤ លាននាក់ ជាក្រុមអាទិភាពទទួលវ៉ាក់សាំង

ម្សិលម្ង៉ៃយើងបានលឺថា ប្រទេសហ្វីលីពីនបើកសាលារៀនឡើងវិញ បន្ទាប់ពីបិទរាប់ឆ្នាំហើយ។ សម្រាប់យើងៗបានបើកសាលារៀនបានយូរក្រែលមកហើយ។ ឥឡូវនេះ សិស្ស/និស្សិតប្រមាណជាជិត ៤ លាននាក់ ត្រូវ​បាន​ដាក់ចូលទៅក្នុងក្រុមអាទិភាពទទួលបានការចាក់វ៉ាក់សាំង។ យើងក៏ទទួលបាននូវវ៉ាក់សាំងថ្មីៗ រាប់ទាំងវ៉ាក់សាំងសម្រាប់ចាក់ឱ្យកុមារ … ដូចជាអេស្បាញបានផ្តល់ឱ្យយើងកាលពីប៉ុន្មានថ្ងៃមុន ហើយខាងអូស្ត្រាលីក៏បានសន្យានឹងផ្តល់វ៉ាក់សាំងសម្រាប់កូនក្មេងឱ្យយើង។ នោះគឺសំដៅឱ្យកម្រិតថ្នាក់បឋមសិក្សាឬមេត្តយ្យ អាចមានឱកាសចូលសិក្សាដោយគ្មានការឆ្លង ឬបើសិនជាឆ្លង ក៏វាមិននាំទៅដល់ការភាពធ្ងន់ធ្ងរ …។ គិតត្រឹមម្សិលមិញនេះ អ្នកជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានត្រឹមតែ ៥៦ នាក់តែប៉ុណ្ណោះ។ អ្នកទាំង ៥៦ នាក់នេះ មិនប្រាកដថាមានជំងឺធ្ងន់ធ្ងរពេកទេ។ អ្នកខ្លះក៏អាចថាធ្ងន់គួរសម ប៉ុន្តែដោយសារផ្ទះគ្នាតូចពេក អញ្ចឹងតម្រូវឱ្យមានការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ឥឡូវនេះ អ្នកដែលបានកើតកូវីដ-១៩ ភាគច្រើន គឺព្យាបាលនៅក្នុងផ្ទះតែម្តង ដោយមិនចាំបាច់ទៅណាឆ្ងាយព្រោះវាក្លាយទៅជាជំងឺធម្មតា។ បើនៅប្រទេសអង់គ្លេសគេលែងគិតតែម្តង។ គេលែងកត់ត្រាចូលក្នុងបញ្ជីតែម្តង។ អត់មានចូលក្នុងបញ្ជីទេ។

(៦) ជាការលើកទឹកចិត្តដែលជនពិការក៏ទទួលបាននូវការបណ្តុះបណ្តាល

ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងការថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំសំដែងនូវការវាយតម្លៃខ្ពស់​និងកោតសរសើរចំពោះនិស្សិតទាំងអស់ ទាំងព្រះសង្ឃ/គ្រហស្ថ ដែលបានខិតខំបន្តការសិក្សានៅក្នុងរយៈពេលដ៏លំបាកនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នេះ។ ការសិក្សានោះ នាំមកដល់ការចែកជូនសញ្ញាបត្រនៅថ្ងៃនេះ ក្នុងនោះមានបរិញ្ញាបត្ររង ចំនួន ៦៧៣ នាក់។ បរិញ្ញាបត្រ (ចំនួន) ១,៩៧២ នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ៧០២ នាក់ និងថ្នាក់បណ្ឌិត ចំនួន ២៧ នាក់។ (តួលេខ​នេះ) អាចចាត់ទុកថាជាចំនួនដ៏ច្រើន។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ និងអបអរសាទរចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាជ័យលាភីទាំងអស់ដែលបានខិតខំ ហើយទទួលបាននូវលទ្ធផលថ្ងៃនេះ។

កាន់តែធ្វើឱ្យមានការលើកទឹកចិត្តថែមទៀត នៅក្នុងចំណោមនិស្សិតរបស់យើងនៅទីនេះ ក៏មានជនពិការ ៦ រូប ដែលបានប្រឹងប្រែងតោងយកនូវការសិក្សា ដែលថ្ងៃនេះពិនិត្យឃើញថានិស្សិតពិការភ្នែកខាងស្តាំ ១ នាក់ ជានារី (សិក្សា)ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និស្សិតពិការជើងខាងស្តាំ ១ នាក់ ជានារី (សិក្សា)ថ្នាក់បរិញ្ញាបត្រគណនេយ្យ និស្សិតពិការដៃ ២ នាក់ ជាបុរស (សិក្សា)ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ក្នុងនោះ ១ នាក់ ពិការដៃទាំង ២ ត្រឹមកែងដៃពីកំណើត (និង) ១ នាក់ទៀត ពិការម្រាមដៃពីកំណើត និងនិស្សិតពិការរាងកាយមិនរឹងមាំ ១ នាក់ ជាបុរស។

នេះជាឱកាស មិនមែនគ្រាន់តែជាមនុស្សមានសរីរាង្គធម្មតាទេ ក៏ប៉ុន្តែសូម្បីតែជនពិការក៏អាចទទួលបាននូវការបណ្តុះបណ្តាលមួយ ដែលយើងមាននាយកដ្ឋាន ដែលជាវិទ្យាស្ថានអប់រំពិសេស សម្រាប់ការបណ្តុះបណ្តាល ទាំងអ្នកគថ្លង់ទាំងជនពិការដទៃទៀត ដែលយើងបាននឹងកំពុងធ្វើកិច្ចការទាំងអស់នេះ។ ឱកាសមានច្រើនសំរាប់យុវជន ឬពួកក្រុមកាប់ដាវ វាជារឿងមួយ។ ពួកគេមិនចូលសាលា គេបង្កើតចលាចលនៅខាងក្រៅ តាមរយៈការប្រណាំងម៉ូតូ/ឡាន រហូតដល់ការណាត់កាប់គ្នា។ ប៉ុន្តែ នោះជាផ្នែកតូចមួយដែលអសកម្មក្នុងសង្គម តែយុវជនភាគច្រើនរហូតទៅដល់ប្រមាណជិត ៤ លាននាក់កំពុងស្ថិតនៅក្នុងសាលារៀន។

(៧) ផ្តើមពី “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ” ឈានដល់ ១២+៤

សម័យនេះ គឺជាសម័យដែលយុវជនយើងមានឱកាសច្រើនណាស់ បើប្រៀបធៀបជាមួយនឹងយុវជនជំនាន់មុន ក្នុងសម័យសង្គ្រាម និងក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យុវជនបាត់បង់ឱកាសទាំង​ស្រុងឬស្ទើរ​តែទាំងស្រុង គឺនៅដំណាក់កាល ប៉ុល ពត (ឆ្នាំ)១៩៧៥ និងដើម(ឆ្នាំ) ១៩៧៩ (និងក្នុងរបប) ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។ ឯស្ទើរទាំងស្រុង គឺក្នុងចន្លោះឆ្នាំ ១៩៧០-៧៥ មានន័យថា ពេលនោះប្រទេសយើងត្រូវបែងចែកជាតំបន់ពីរតំបន់ មួយស្ថិតនៅក្នុងតំបន់រំដោះ (និង)តំបន់មួយទៀត គឺនៅទីក្រុង។ តំបន់នៅទីក្រុងទទួលបាននូវការសិក្សា​ជាបន្ត(បន្ទាប់) ក៏ប៉ុន្តែក៏មានអស្ថិរភាពដោយសារគ្រាប់ផ្លោង ឬការរត់លូនដោយសង្គ្រាម។ សំរាប់ជនបទ ដែលហៅថាតំបន់រំដោះ ក៏បាត់បង់សាលារៀនតាំងពីឆ្នាំ ១៩៧០ ឬក្រោយមកបន្តិច។

ក្រោយរំដោះឆ្នាំ ១៩៧៩ អ្នកទាំងឡាយប្រហែលជាមិននៅចាំទេ ហើយក៏ប្រហែលជាបានលឺតិចតួច ក៏ប៉ុន្តែរឿងពិតវាមានកើតនៅក្នុងប្រទេសរបស់យើង (នោះគឺ)“ដំណាក់កាលអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”។ នេះជាដំណាក់កាលដ៏លំបាកលំបិន។ គ្រូបង្រៀន/សាស្ត្រាចារ្យរបស់យើង ត្រូវជ្រើសរើសចេញពីអ្នកដែលពុំមានបទពិសោធន៍បង្រៀន ដោយសារគ្រូបង្រៀន/សាស្ត្រាចារ្យរបស់យើងត្រូវពួក ប៉ុល ពត កាប់សម្លាប់ច្រើន។ ដូច្នេះ បើយើងពិនិត្យ គ្រូនៅតាមជនបទកាលពី ៣០ ឆ្នាំមុននោះ ជួនកាលគ្រូមានសមត្ថភាពលើសិស្សត្រឹមតែ ១ ថ្នាក់ (និង/ឬ) ២ ថ្នាក់តែប៉ុណ្ណោះ។ យើងបានខិតខំរុញពួកគាត់ (ដោយ)ធ្វើការបណ្តុះបណ្តាលឱ្យក្លាយទៅជាគ្រូ។ ឥឡូវនេះ ពួកគាត់ចូលនិវត្តន៍ស្ទើរតែអស់ទៅហើយ … ព្រោះ ៤០ ឆ្នាំ បានកន្លងផុត។ គ្រូរបស់យើងស្ថិតនៅក្នុងកម្រិត(សិក្សា) ១២+២ (១២ឆ្នាំ+២) ឬ ឡើងដល់ ១២+៤។ អញ្ចឹង ចាប់ផ្តើមរំកិលបណ្តើរៗ។ មុននេះ ៩+១ បន្ទាប់ទៅឡើងបន្តិចម្តងៗ សាស្ត្រាចារ្យនៅតាមវិទ្យាល័យត្រូវមានកម្រិត ១២+២ មួយផ្នែក។ មួយផ្នែកទៀត គឺបរិញ្ញា+១ ដែលចេញពីវិទ្យាស្ថានជាតិអប់រំ។ ចប់បរិញ្ញាបត្រហើយ ប្រឡងចូលគ្រូ ត្រូវមកទទួលការបណ្តុះបណ្តាលសម្រាប់ធ្វើសាស្ត្រាចារ្យចំនួន ១ ឆ្នាំ ថែមទៀត។

(៨) អ្នកដែលបន្តុះបង្អាប់គុណភាពសិក្សានៅកម្ពុជា ប្រៀបដូចបន្តុះបង្អាប់ខ្លួនឯង

នេះជាការឈានឡើងដ៏ឆាប់រហ័សមួយក្នុងវិស័យអប់រំ។ បើទោះបីជាយើងទទួលការប្រមាថពីមនុស្សខ្លះថា គុណភាពអប់រំនៅកម្ពុជាវាមិនខ្លាំង វាខ្សោយ ក៏ប៉ុន្តែ ខ្លាំងឬខ្សោយ បញ្ហាមិនស្ថិតត្រង់គេថានោះទេ។ ស្ថិតនៅត្រង់យើងពង្រឹងនូវការខិតខំខ្លួនឯងនេះតែម្តង។ លើការជាក់ស្តែង អ្នកដែលបានបន្តុះបង្អាប់គុណភាពសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកក៏គង់តែបន្តុះបង្អាប់ខ្លួនឯង។ វាជារឿងមួយដែលគួរឱ្យឆ្ងល់ដែរ អ្នកខ្លះរៀននៅស្រុកខ្មែរ យកបណ្ឌិតនៅស្រុកខ្មែរ ដល់ទៅក្រៅប្រទេស គេហៅថា លោកបណ្ឌិតទៀត។ អញ្ចឹងទេ មានន័យថាម៉េច? មានន័យថា ការអប់រំនៅក្នុងប្រទេសរបស់យើងក៏វាមិនអន់ទេ។ យើងទទួលស្គាល់នូវចំណុចខ្វះខាតដែលចាំបាច់(ត្រូវ)ពង្រឹង តាំងពីថ្នាក់បឋមរហូតមកដល់ឧត្តមសិក្សា ឬក្រោយឧត្តមសិក្សាដែលកិច្ចការងារនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងខ្លាំងណាស់ សូម្បីតែវិទ្យាល័យមួយចំនួនដាក់ឱ្យទៅជាវិទ្យាល័យ គេហៅថាការសិក្សាបែបថ្មីណានោះ។ (នេះ)ជាវិធីសាស្ត្រដើម្បីរុញ (និង)ពង្រឹងគុណភាពនៃការអប់រំរបស់យើងឱ្យទាន់សម័យ (ដោយ)ធ្វើទំនើបកម្មក្នុងវិស័យអប់រំសិក្សាធិការរបស់យើង។ ដូច្នេះហើយបានជានៅទីនេះ និស្សិតរបស់យើងក៏ទទួលបាននូវការបណ្តុះបណ្តាលនេះ។

(៩) សេចក្តីថ្លែងការណ៍សន្ទុកឆ្នាំ ២០០២ “ឃុំមួយអនុវិទ្យាល័យមួយ”

ខ្ញុំនិយាយឡើងវិញថា ឱកាសសម្រាប់និស្សិត/យុវជនរបស់យើងគឺច្រើន។ កាលពេលមុន ឯណាខ្វះសាលា/អត់មានសន្តិភាពគ្រប់គ្រាន់។ យើងកុំចាំបាច់និយាយពីដំណាក់កាល ប៉ុល ពត/សង្គ្រាម(ឆ្នាំ) ១៩៧០-៧៥ យើងនិយាយត្រឹមតែ ១៩៧៩-១៩៩៨ ដែលជាពេលវេលាដែលយើងបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង។ សភាពការណ៍វាមិនដូចពេលនេះទេ។ ពេលនោះនៅក្រោយឆ្នាំ ១៩៧៩ ការបើកសាលារៀនឡើងវិញ តើសាលានៅឯណា បើសាលាខ្លះមួយចំនួនត្រូវរុះធ្វើរោងបាយអស់ទៅហើយ? ខ្លះរៀនក្រោមដើមឈើ ខ្លះរៀនក្រោមកុដិលោក។ យើងគ្មានដីសសរសេរទេ ពេលដែលរៀននោះទៀតសោត នៅតាមសាលាខ្លះសុទ្ធតែមានលេណដ្ឋាន គ្រូៗរបស់យើងមួយចំនួនត្រូវថែទាំកូនសិស្ស នៅពេលដែលមានការផ្ទុះអាវុធ (គ្រូ)ត្រូវនាំកូនសិស្សចូលលេណដ្ឋាន។ នេះជាការលំបាក នៃដំណាក់កាលកុមារ និងយុវជននៅពេលនោះ។ ឥឡូវនេះ គោលនយោបាយរបស់គណបក្សប្រជាជន និយាយឱ្យច្បាស់សេចក្តីថ្លែងការណ៍សន្ទុកឆ្នាំ ២០០២ ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសដោយផ្ទាល់ គឺឃុំមួយអនុវិទ្យាល័យមួយ។ ក្រោយមកយើងប្រកាសថា ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច។

បើប្រៀបធៀបកាលពីសម័យអតីតកាល ស្រុកមួយមានអនុវិទ្យាល័យមួយ។ ខេត្តមួយមានវិទ្យាល័យត្រឹមតែមួយប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ស្រុកមួយមានអនុវិទ្យាល័យគ្រប់ឃុំ។ ឃុំខ្លះមានរហូតដល់ពីរ។ វិទ្យាល័យមិនមែនមានត្រឹមមួយទេ។ ស្រុកខ្លះមាន(វិទ្យាល័យ)ដល់(ទៅ) ៤, ៥, ៦, ៧, ៨ ឯណោះ។ តាមស្រុកតូច/ធំ។ រហូតដល់បណ្តាខេត្តមួយចំនួនមានសាខា នៃសាកលវិទ្យាល័យនៅទីនោះទៀត មាន(ដូចជា)សាកលវិទ្យាល័យបាត់ដំបង/បន្ទាយមានជ័យ/ព្រៃវែង/ស្វាយរៀង/ត្បូងឃ្មុំ/កំពង់ចាម ហើយនៅមានសាខាសាកលវិទ្យាល័យមួយចំនួនដែលផ្តល់ឱកាសកាន់តែច្រើន សម្រាប់ការសិក្សារបស់សិស្ស ក្នុងហ្នឹងផ្តល់ឱកាសធំជាងគេ សម្រាប់កុមារី ដែលមុននេះមានការលំបាកទៅលើបញ្ហាទាក់ទិនជាមួយនឹងការធ្វើដំណើរ។ ប៉ុន្តែឥឡូវនេះ សាលាបានដើរទៅដល់មូលដ្ឋាន។ កាលពីមុនសិស្សរត់រកសាលា តែឥឡូវនេះ សាលាកំពុងរត់រកសិស្សទៅវិញទេ។

(១០) បង្ខំចិត្តបិទសាលាក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតគ្រូ/សិស្ស

នៅពេលដំណាក់កាលកូវីដ-១៩ នេះ ការបារម្ភធំរបស់ខ្ញុំព្រះករុណាខ្ញុំ​ គឺសោកស្តាយអំពីការបិទសាលារៀន ប៉ុន្តែបើសិនយើងមិនបិទនៅក្នុងដំណាក់កាលនោះ តើយើងត្រូវដោះស្រាយយ៉ាងម៉េច? អាចនឹងស្លាប់ដល់គ្រូបង្រៀន/កូនសិស្ស។ ដូច្នេះ តម្រូវឱ្យបិទសាលារៀន ហើយជំនួសមកវិញដោយរៀនពីចម្ងាយ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលហៅថា អនឡាញនោះ ដែលក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយគ្នា រុញកិច្ចការងារនេះ។ រឿងដែលយើងស្មានមិនដល់ សម័យរៀនតាមអនឡាញ បែរជាប្រឡងបាក់ឌុបជាប់និទ្ទេស A ៣ ដង ប្រៀបធៀបកាលមុនកូវីដ-១៩ នេះ គឺជារឿងដែលចម្លែក។ ខ្ញុំមក(កន្លែង)ហ្នឹង ដើម្បីជួបសិស្សនិទ្ទេស A (ចំនួន) ១,៧០០ នាក់ ដែលមុននោះ(មានចំនួន)ត្រឹមតែ ៥០០-៦០០ នាក់តែប៉ុណ្ណឹងទេ។ ប៉ុន្តែ យើង(ឃើញថាចំនួន)ឡើងដល់ ១,៧០០ នាក់។ អាចចាត់ទុកថា សិស្សយុវជនរបស់យើង បានធ្វើការស្វ័យសិក្សា ក្រៅពីការរៀនតាមអនឡាញ។ (ក្នុងនោះ) ឪពុកម្តាយ/បងប្អូនក៏មានចំណែកជួយទៅដល់កូនចៅរបស់ខ្លួន ដើម្បីទទួលបាននូវការចេះដឹង។ នេះហើយជាវឌ្ឍនភាព ដែលយើងត្រូវឃើញ។

(១១) ឆ្នាំ ២០២៣ នេះ បុគ្គលិករដ្ឋនឹងទទួលបានការតម្លើងបៀវត្សរ៍ ក្នុងនោះ គ្រូនិងពេទ្យខ្ពស់ជាងគេ

ពិតហើយនៅក្នុងរយៈ ២ ឆ្នាំចុងក្រោយនេះ លោក/អ្នកគ្រូ​ សាស្ត្រាចារ្យរបស់យើង ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស មិនបានទទួលការតម្លើងបៀវត្សរ៍ទេ ដោយសារយើងត្រូវខិតខំសន្សំសំចៃថវិការួម ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយហើយ។ នៅឆ្នាំ ២០២៣ នេះ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជានិវត្តជនឬគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋសុទ្ធតែទទួលបានការតម្លើងបៀវត្សរ៍។ ស្ថានភាពវាបញ្ច្រាសគ្នាបន្តិច។ (ឆ្នាំ) ២០២០-២១ ចំណូលធ្លាក់ចុះ តម្រូវការចំណាយ គឺកើនឡើង។ ឯ(ឆ្នាំ) ២០២២ នេះ ចំណូលកើនឡើង ជាមួយនឹងការចំណាយត្រូវបានកាត់បន្ថយ ដូចជាការព្យា​បាល​ជំងឺទៅលើកូវីដ-១៩។ មុននេះ មានពេលខ្លះយើងមានអ្នកជំងឺនៅក្នុងកន្លែងស្នាក់នៅ ការធ្វើចត្តាឡីស័ក ឬនៅកន្លែងព្យាបាលរាប់ម៉ឺននាក់ ដែលយើងត្រូវព្យាបាល ពួកគាត់គ្មានចេញប្រាក់ដើម្បីព្យាបាលទេ សូម្បីតែសម្លៀកបំពាក់ មុង ភួយ ប្រដាប់សម្រាក (គឺ)ត្រូវទិញឱ្យពួកគាត់។ ពួកគាត់ចេញទៅ គាត់យកទៅតែម្តង ព្រោះយើងមិនអាចទុកឱ្យអ្នកដទៃប្រើប្រាស់ទេ។

តាមព្រំដែនកម្ពុជា-ថៃ ចូលដល់ម៉ឺននាក់ ដែលត្រូវធ្វើចត្តាឡីស័ក ដែលរត់ចេញពីប្រទេសថៃត្រឡប់មកកម្ពុជា ព្រោះថៃឆ្លងខ្លាំង។ អញ្ចឹង យើងត្រូវចិញ្ចឹមអ្នកទាំងនោះ។ ការទិញវ៉ាក់សាំង ការចំណាយនានាទៅលើក្រុមគ្រូពេទ្យ ព្រោះគ្រូពេទ្យហត់នឿយពេកហើយ នៅក្នុងដំណាក់កាលកូវីដ-១៩ នេះ។ គ្រូពេទ្យខ្លះ បើថាត្រូវវេនពីរអាទិត្យ ត្រូវទទួលបន្ទុកព្យាបាល ចេញត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក អត់មានឱកាសទៅជួបប្រពន្ធកូនទេ។ អញ្ចឹងពេលនោះ យើងមានការចំណាយច្រើន ក៏ប៉ុន្តែចំណូលរបស់យើងធ្លាក់ចុះ ដោយសារយើងបិទប្រទេស ហើយសកម្មភាពការនាំចេញ-ចូល និងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់យើងក៏ថមថយ។ ប៉ុន្តែឥឡូវនេះ គឺការចំណាយមានការធ្លាក់ចុះបន្តិច ទៅលើបញ្ហាការព្យាបាលកូវីដ-១៩។ ឯចំណូលក៏មានកើនឡើងគួរសម។ វាមិនទាន់គ្រប់ទេ ក៏ប៉ុន្តែឱកាសនៃការតម្លើងបៀវត្សរ៍បានគ្រោងនឹងរៀបចំហើយ ក្នុងនោះគ្រូបង្រៀ​​ននិងគ្រូពេទ្យត្រូវជាអាទិភាពដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ។ សង្ឃឹមថា (កង)កម្លាំងប្រដាប់អាវុធ ក៏ដូចជា មន្ត្រីរាជការដទៃទៀតមិនច្រណែនជាមួយនឹងគ្រូបង្រៀននិងគ្រូពេទ្យនោះទេ។ នេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំលើកឡើងមកនិយាយ។

ខ្ញុំព្រះករុណាខ្ញុំ គិតថា ឱកាសរបស់យុវជននៅក្នុងសម័យសន្តិភាពនេះមានច្រើនហើយ។ ឥឡូវនេះ បើរៀនមិនចេះ មិនពូកែ សូមកុំបន្ទោស(រាជ)រដ្ឋាភិបាល សូមកុំបន្ទោសគ្រូបង្រៀន/សាលា វានៅសល់តែបញ្ហាយើងប្រឹងឬមិនប្រឹងតែប៉ុណ្ណោះ។ ប៉ុន្តែ ជាទម្លាប់គ្រូមិនសូវទទួលបានគុណសម្បត្តិទេ។ ជាទូទៅកូនសិស្សទេធ្វើអ្នកមាន។ គ្រូអត់ជាធ្វើអ្នកមានបានទេ។ គ្រូបង្រៀនឱ្យកូនសិស្សទៅរកស៊ីមានបាន ឯចំពោះគ្រូ គឺជីវភាពគាត់មិន(សូវ)ជាខ្ពស់ទេ។ អញ្ចឹង បានជាយើងត្រូវលើកទឹកចិត្ត អំពីបញ្ហាដោះស្រាយបៀវត្សរ៍ សម្រាប់គ្រូបង្រៀនឱ្យបានសមរម្យបន្តិច។ បើអត់មានគ្រូទេ យើងធ្វើយ៉ាងម៉េច?

(១២) ប្រុងប្រយ័ត្នអំពីក្របខណ្ឌរដ្ឋ ត្រូវប្រឡងនិងសំរាំងយកអ្នកពូកែ

ខ្ញុំមានការភ្ញាក់ផ្អើលដែរវិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា ដែលអ្នកខ្លះគ្រាន់តែ(សេដ្ឋកិច្ច)រលំនៅស្រីលង្កាក៏ថាកម្ពុជានឹងរលំដែរ។ ប៉ុន្តែខ្ញុំបានឮថា ស្រីលង្កាមានបុគ្គលិកទទួលបៀវត្សរ៍ ១ លាន ៨ សែននាក់។ បើសិនជាយ៉ាងដូច្នេះ ស្រីលង្ការកប្រាក់ត្រឹមតែបើកឱ្យមន្ត្រីរដ្ឋការគឺមិនគ្រប់ផង។ ខ្ញុំមិនដឹងថារឿងនេះពិតឬមិនពិត។ (ខៀវ) កាញារឹទ្ធ ស្រាវជ្រាវបន្ដិចមើល? បើយ៉ាងដូច្នេះមែនគឺស្លាប់ហើយ។ ស្រុកយើងគឺអត់ហ៊ានដល់ប៉ុណ្ណោះទេ។ ស្រីលង្កាមានប្រជាជនក៏មិនច្រើនពេកនោះដែរ។ បើសិនជាស្រីលង្កាមានមន្ត្រីស៊ីប្រាក់ខែរហូតដល់ ១ លាន ៨ សែននាក់ គឺវិបត្តិផ្ដើមចេញពីកន្លែងនេះ។ តើមានអ្នកណាអាចសិក្សាតាមអញឡានបានឬអត់?

(ខៀវ) កាញារីទ្ធ ជួយពិនិត្យមើល។ បញ្ហានេះខ្ញុំឱ្យប្រុងប្រយ័ត្នខ្លាំងណាស់ទៅលើបញ្ហាក្របខណ្ឌ។ អត់ឱ្យរើសតែផ្ដេសតែផ្ដាសទេ។ កន្លងទៅជួនកាលតម្រឹមថា អ្នកឯងចូលនិវត្តន៍ ១០ នាក់ ឱ្យរើសវិញ១០ នាក់ ប៉ុន្តែស្ថាប័ន​ខ្លះចូលនិវត្តន៍ ១០ នាក់ ឱ្យរើសតែ ៥ នាក់ ឬ ៣ នាក់ តែប៉ុណ្ណោះ ដើម្បីសម្រាលបន្ទុកចំណាយបុគ្គលិក។ មិនមែនអ្នកណាក៏ចេះតែខំដើម្បីសម្រុកចូលទៅយកក្របខណ្ឌរដ្ឋ។ អត់ទេ។ ត្រូវប្រឡងឱ្យបានច្បាស់លាស់ ហើយត្រូវសម្រិតសម្រាំងយកអ្នកពូកែ។ មិនអាចជ្រើសរើសច្បោលៗ គិតតែក្របខណ្ឌ ដោយមិនគិតដល់ថវិកាជាតិលើការចំណាយ(នោះទេ)។ ពួកហ្នឹងមិនដឹងយ៉ាងម៉េច គេសម្លាប់ QADDAFI វាប្រៀបធៀបឯងនឹង​ QADDAFI ដែរ។ Aung San Suu Kyi ឈ្នះឆ្នោតនៅមីយ៉ាន់ម៉ា វាទារឯងឱ្យផ្ទេរអំណាចនៅភ្នំពេញ។ ឥឡូវ ដល់ស្រីលង្កាដួលរលំសេដ្ឋកិច្ច វាថាយើងជិតដូចស្រីលង្កាដែរ។

(១៣) ហ៊ុន សែន របស់កម្ពុជា កំពុងការពារជាតិ/ទឹកដី/សន្តិភាព(និង)ការរស់រានមានជីវិតរបស់ប្រជាជន

មានមួយ(នោះ)ចេញមកទាយថា ហ៊ុន សែន នឹងបាត់អំណាច។ ត្រឹមត្រូវលោកយាយ។ ខ្ញុំហៅលោកយាយទៅចុះ (មើល)តែមុខ(គាត់) គឺប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ។ ហ៊ុន សែន នឹងបាត់អំណាចពិតប្រាកដ។ បើទាយមួយទៀតថា ហ៊ុន សែន នឹងស្លាប់ ត្រឹមត្រូវទៀត។ ម៉េចបានខ្ញុំថាត្រឹមត្រូវ? ជីវិតមនុស្សវាត្រូវតែស្លាប់ គ្មានអ្នកណាចាស់សកទេ។ កុំឆ្ងល់ពេក។ ផ្ដាំទៅវិញទៅថា ទាយត្រូវ ទាយថា ហ៊ុន សែន នឹងអស់អំណាច គឺច្បាស់ជាអស់ហើយ។ វាមិនដែលអ្នកណាធ្វើដល់ថ្ងៃស្លាប់ ឬក៏ស្លាប់ហើយនៅតែជានាយករដ្ឋមន្ត្រីទេ វាគង់តែបាត់។ ក៏ប៉ុន្តែ សូមបញ្ជាក់ថា វាមិនធ្លាក់ទៅលើដៃអ្នកណាផ្សេងក្រៅពីគណបក្សប្រជាជនទេ។ សូមបញ្ជាក់ជូនឱ្យហើយ។ បានប្រកាសហើយតើ ត្រៀមរៀបចំហើយតើ ម៉េចក៏ស្ដាប់មិនបាន? … ហ៊ុន សែន នឹងបាត់អំណាចបាត់មែន ទោះបីថាមិនមែន ហ៊ុន ម៉ាណែត ទៅចុះ ក៏មិនមែនធ្លាក់ទៅលើដៃពួកលោកឯងដែរ ច្បាស់ជាអ្នកនៅក្នុងគណបក្សប្រជាជនធ្វើដដែល។

សុំផ្ដាំត្រឡប់ទៅវិញ ទាយហ្នឹងត្រឹមត្រូវហើយ។ មានអាខ្មៅមួយនោះ យប់មិញ​គេថា សាន ប៊ុនធឿន ចរិតកែមិនឡើង តែ ហ៊ុន សែន ទេកែអត់ឡើង។ ត្រឹមត្រូវទៀត។ ហ៊ុន សែន កែអត់ឡើងទេ ព្រោះ ហ៊ុន សែន ត្រូវការធានានូវសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ចង់ឱ្យ ហ៊ុន សែន កែយ៉ាងម៉េចបើ ហ៊ុន សែន កំពុងឈរនៅកន្លែងនេះការពារជាតិ/ទឹកដី/សន្តិភាព (និង)ការរស់រានមានជីវិតរបស់ប្រជាជន? ចេះចេញ(មក)និយាយទៅរួច។ ឥឡូវ សុំផ្ដាំទៅវិញ កុំសង្ឃឹមថា ហ៊ុន សែន កែ។ មួយជីវិត ហ៊ុន សែន គឺនៅតែ ហ៊ុន សែន។ ដាច់ខាត ហ៊ុន សែន របស់កម្ពុជា។ ផ្ដាំទៅលោកឯងឱ្យវាច្បាស់កុំឱ្យវាពិបាកពេក។

(១៤) ប្រព័ន្ធផ្សព្វផ្សាយណាដែលជេរប្រមាថ ត្រូវបិទអាជ្ញាប័ណ្ណចោល

… សាន ប៊ុនធឿន​ ចេញវីដេអូមួយថា នេះគេ(ធ្វើ)ឱ្យឡើង View គេមើលច្រើន។ ថ្ងៃក្រោយ (ខៀវ) កាញារឹទ្ធ ក្រុមណាដែលចេញមកជេរ បិទវាទៅ។ ឱ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងហ្នឹងទេ។ ដកវាទៅ ហើយបើ Live Facebook អី ខ្លួនវាជេរ (ជា)រឿងរបស់វា។ ខ្ញុំសូមជម្រាប ខ្ញុំបញ្ចេញជាសាច់ប្រាក់ឱ្យ សាន ប៊ុនធឿន ប៉ុន្មាន? គ្រាន់តែផ្ទះ ១៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ព្រោះ សាន ប៊ុនធឿន ធ្លាប់ជាអ្នកល្បីមួយដែរកាលពីពេលមុនខាងទស្សនាវត្តី។ សាន ប៊ុនធឿន នៅផ្ទះឈ្នួលទេ។ សាន ប៊ុនធឿន បានលុយនេះទៅទិញផ្ទះ ១៨ ម៉ឺនដុល្លារអាមេរិក។ ក្រោយពី សាន ប៊ុនធឿន បានផ្ទះ ខ្ញុំខកចិត្តតែម្ដង តែខ្ញុំនៅតែអនុគ្រោះឱ្យ សាន ប៊ុនធឿន។ ខកចិត្តយ៉ាងម៉េច? មុនដំបូងតែងចម្រៀងមួយបទ “លាហើយផ្ទះឈ្នួល” វាមិនអីទេ ប៉ុន្តែទៅ Live ថា អញអត់ជំពាក់អ្នកណាមួយរៀល … ចាំបាច់ទៅនិយាយធ្វើអី? បន្ទាប់ពីនោះទៅ ជេរមេប៉េអឹមខេត្តព្រះសីហនុ។ ខ្ញុំប្រាប់ថា ធឿន ឯងធ្វើអញ្ចឹងវាមិនត្រូវទេ ទៅជេរមេប៉េអឹម។ សុំទោសគេភ្លាមទៅ។ ក៏សុំទោសគេទៅ។

យប់ម្សិលឃើញគេបង្ហោះឡើងវិញ ឆ្នាំ ២០២០ (ខៀវ) កាញារីទ្ធ គេដាក់សំណើមកសុំឱ្យមេធាវីសម្ដេចតេជោ ការពារក្ដីជូនអ្នកការសែត។ បានខ្ញុំឆ្លើយថា ខ្ញុំយកពាក់កណ្ដាល ជួយការពារ(ក្តី)អ្នកសារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើអ្នកឯងជេរគេខ្ញុំអត់ការពារទេ។ ដោយទាំងអធិរាជមហាសាច់។ អានោះបញ្ចោរតាមចិត្តតែម្ដង។ ហើយចាំបាច់ទៅជេរធ្វើអី? រួចវាទាក់ទិននៅក្នុងកងយោធពលខេមរភូមិន្ទ​ វានៅក្នុង(កង)អង្គរក្សឯងទៅទៀត។ ដល់អញ្ចឹងគេមិនថា អានេះអាងតែនៅក្បែរនាយករដ្ឋមន្ត្រីជេរអាណាក៏បាន។ បើអញ្ចឹងមានតែដេញចេញប៉ុណ្ណឹង។ ឱ្យវាចប់សេចក្ដី។ សុំផ្ដាំទៅអាខ្មៅផង អាត្មាកែមិនឡើងទេញោម ចង់កែអ្នកណាកែទៅ អាត្មាអត់កែទេ ចរិកអាត្មាប៉ុណ្ណា គឺប៉ុណ្ណឹងហើយ។ បើអាខ្មៅឯងកែៗខ្លួនឯងទៅ។

(១៥) ឧបត្ថម្ភទៀងទាត់នូវប្រាក់ ៥ លានរៀល និងអង្ករ ២ តោន/ខែ សម្រាប់សាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

ខ្ញុំអរគុណចំពោះសាកលវិទ្យាល័យដែលបានផ្ដល់អាហាររូបករណ៍សម្រាប់ខ្ញុំ។ ខ្ញុំអត់យកទៅណាទេ ឱ្យមកខ្ញុំៗក៏ប្រគល់ទៅឱ្យនិស្សិតរៀននៅសាលាហ្នឹង ៦៦ នាក់។ ឯណានិស្សិតអាហាររូបករណ៍របស់សម្ដេចតេជោ ក្រោក​ឈរបន្តិចមើល? អរគុណណាស់។ ខ្ញុំរីករាយដោយឃើញក្នុងរបាយការណ៍របស់ ឯកឧត្តម ឌួង លាង។ អ្វីដែលខ្ញុំបានជួយឧបត្ថម គឺបានផ្គត់ផ្គង់ទៀតទាត់ គឺប្រាក់ ៥ លានរៀល និងអង្ករ ២ តោន(ក្នុងមួយខែ) សម្រាប់និស្សិតក្រីក្ររបស់យើងរៀននៅទីនេះ។ មានសាលាមួយចំនួនដែលខ្ញុំជួយ ព្រោះនៅក្នុងសាលារបស់យើងក៏នៅមាននិស្សិតក្រីក្រ ហើយខ្ញុំក៏នៅទទួល(ជួយ)។ បើគិតតាំងពីឆ្នាំ ២០០២ រហូតមកឥឡូវ(វា) ២០ ឆ្នាំ(ហើយ) បើគិតជាលុយ និងអង្ករក៏ច្រើនដែរ។ អញ្ចឹងទេ ខុទ្ទកាល័យរបស់ខ្ញុំ គឺបានទទួលដោះស្រាយ ដែលខ្ញុំទទួលនៅក្នុងរបាយការណ៍អម្បាញ់មិញ បានផ្គត់ផ្គង់ទៀងទាត់ ហើយអរគុណចំពោះមន្ត្រីខុទ្ទកាល័យរបស់ខ្ញុំ ដែលបន្តការផ្គត់ផ្គង់ទៀងទាត់សម្រាប់សាកលវិទ្យាល័យនេះនិងសាកលវិទ្យាល័យដទៃទៀត …។

(១៦) ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត ទៅវៀតណាម

នៅថ្ងៃនេះ ជាមួយនឹងការអបអរសាទរជាមួយនឹងជោគជ័យនៃសាកលវិទ្យាល័យ ការអបអរសាទរចំពោះសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែត្រូវនិយាយរឿងពីរទៅចុះ ព្រោះវាផ្ទួនគ្នាអាចុងក្រោយនេះ។ ទី(១) ទាក់ទិនជាមួយនឹងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទី(២) ទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅទីក្រុងវៀតណាម។ (រឿងពីរនេះ)ត្រូវគេសម្រុកវាយព្រឹបមកលើតែម្ដង។ យប់មិញខ្ញុំបានបង្ហោះហ្វេសប៊ុកមួយ ដើម្បីជាការដាស់តឿន ចំពោះអ្នកដទៃ។ ឥឡូវ ខ្ញុំចង់បកស្រាយបន្តិចបន្ថែមលើ ឯកឧត្តម ហង់ ជួនណារ៉ុន ធ្វើការប្រជុំការសែតកាលពីថ្ងៃសុក្រ កន្លងទៅ។ (គាត់)បានបំភ្លឺរួចហើយ។ ពួកគេទាំងឡាយបានប្រើប្រាស់នូវចំណុចនេះ រាប់ទាំងអធិរាជមហាសាច់ ទៅជាមួយនឹងគេដែរ។ វាជាអ្នកសារព័ត៌មានអីដែរ វាមកលេងអីតែអញ្ចឹង?​ ដល់អញ្ចឹងទៅ(ខាងបញ្ជាការដ្ឋានកង)អង្គរក្សថាខូចអង្គភាពរបស់គេ។

ការបង្កើត(ដេប៉ាតឺម៉ង់ភាសាវៀតណាម)នេះ មិនមែនយករៀតណាមមកបង្រៀនអក្សរនៅស្រុកខ្មែរទេ យើងមានដេប៉ាតឺម៉ង់តាំងពីភាសាឡាវ/ថៃ/ចិន/ជប៉ុន មានសាលាភាសាជប៉ុន។ ផលចំណេញគឺខ្មែរយើងនេះ(ឯង)។ ហេតុ​អីបានថាផលចំណេញ? និស្សិតកម្ពុជាទៅរៀននៅវៀតណាមក្នុងមួយឆ្នាំមានប៉ុន្មានទៅ?​ បើយើងបានបណ្ដុះបណ្ដាលនៅទីនេះ រួចហើយយើងបញ្ជូនចេញទៅ គឺវាស្រួល ទាំងកងទ័ព នគរបាល ទាំងផ្នែកស៊ីវិល។ ឥឡូវ និស្សិតរបស់កម្ពុជាកំពុង(រៀន)នៅវៀតណាមជាង ១ ពាន់នាក់ឯណោះ។ សូម្បីតែអ្នកចម្រៀង ដែលគេបោះឆ្នោតឱ្យជាប់ចូល(ដល់)វគ្គផ្ដាច់ព្រ័ត្រនេះ វេជ្ជបណ្ឌិតម្នាក់ដែលមានរូបស្អាត គេហៅថាប្រុសស្អាតនោះ Cambodia Idol (ទើបតែផ្ដាច់ព្រ័ត្រ)ថ្ងៃអាទិត្យ(មុននេះ) សួរគាត់មើល ទៅយកវេជ្ជបណ្ឌិតនៅវៀតណាម។ បើសិនជាយើងបង្កើត(ដេប៉ាតឺម៉ង់)នេះ ផលចំណេញបានមកលើយើងទេតើ។

យើងបង្កើតឱ្យនិស្សិតបានរៀន។ ដូចជានៅតាមព្រំដែនជាមួយវៀតណាម (អ្នក)រកស៊ីទំនាក់ទំនងជាមួយខាងវៀតណាម គេអាចបញ្ជូនកូនចៅរបស់គេមករៀនភាសាវៀតណាម។ រឿងនេះមានអីខុស? វាមានតែចំណេញ អត់មានអីខាតទេ។ អ្នកឯងចេះបារាំង/អង់គ្លេស/វៀតណាម (ចេះ)ស្អីក៏ដោយអត់មានអីខាតទេ។ រឿងអីបែរជានាំគ្នាជ្រួលច្របល់ថា រៀនហ្នឹងវាបង្កើតទៅជាបញ្ហាកម្ពុជាក្រោមទី ២? នេះមិនមែនយកនិស្សិតវៀតណាមមកបង្រៀនវៀតណាមនៅស្រុកខ្មែរឯណា? វៀតណាមមុនពេលបញ្ជូននិស្សិតគេមកស្រុកខ្មែរ គេក៏មានកន្លែងបង្រៀនភាសាខ្មែរនៅមុនគេបញ្ជូនមកយើង។ ជប៉ុន/ចិនក៏ដូចគ្នា មុនពេលគេបញ្ជូននិស្សិតរបស់គេមកដល់កម្ពុជា គេក៏មានសាលាបណ្ដុះបណ្ដាលភាសាខ្មែរហើយស្រេច ហើយបើយើងចេះអាហ្នឹងទៅវាមានអីទៅងាប់ វាមានតែចំណេញ។

ឥឡូវ ខ្ញុំនិយាយអញ្ចេះ កញ្ចប់ទេសចរទៅមកផ្លាស់ប្តូររថយន្ត ទាំងយើងជាមួយវៀតណាម (និង)វៀតណាមជាមួយយើង។ យើងជាមួយថៃ (និង)ថៃជាមួយយើង សុទ្ធតែមានការផ្លាស់ប្ដូររថយន្តឆ្លងដែនទៅវិញទៅមក។ អញ្ចឹង ប្រសិនបើអ្នកធ្វើធុរកិច្ចរបស់យើងធ្វើវិស័យទេសចរឆ្លងដែនទៅជាមួយថៃ រៀនភាសាថៃទៅ ទៅខាងវៀតណាម អាចរៀនភាសាវៀតណាមទៅ។ ជួនកាលវៀតណាមអត់ដឹងយើងចេះវៀតណាម និយាយដើមយើង ត្រូវបណ្ដោយ។ រឿងហ្នឹងអញ្ចឹងដែរ។ ខ្ញុំធ្លាប់រត់ឆ្លងកាត់ទៅវៀតណាម។ ខ្ញុំអត់ចេះវៀតណាមសូម្បីមួយម៉ាត់។ ប៉ុន្តែ ដោយសារតែអក្សរវៀតណាមដូចអក្សរបារាំងដែរ យើងតែចេះតែអាន។ អានលេង អានចោល​យូរៗ ចេះមួយម៉ាត់ ក្រោយមកបិបឹ។

មានថ្ងៃមួយខ្ញុំចូលពេទ្យ ខាងវៀតណាមគាត់អត់ដឹងថាខ្ញុំចេះស្ដាប់ ហើយចេះឆ្លើយតបខ្លះទេ។ ពេលហ្នឹងគ្រូពេទ្យគេដាក់ឈ្មោះខ្ញុំថា ម៉ៃហ្វុក។ ម៉ៃហ្វុក គឺថាសុភមង្គលជានិរន្តរ៍។ វេជ្ជបណ្ឌិតគេដាក់ឱ្យ ដើម្បីរក្សាការសម្ងាត់។ ពេលខ្ញុំរត់ចូលទៅ ខ្ញុំទើបមានអាយុ ២៥ ឆ្នាំទេ។ ដល់ឆ្នាំ ១៩៧៨ ខ្ញុំមានអាយុ ២៦ ឆ្នាំ​។ ម៉ៃហ្វុក អាយុ ២៦ ឆ្នាំ ជាកម្មាភិបាលជាន់ខ្ពស់នៃយុទ្ធភូមិភាគ X។ អញ្ចឹងទេ វៀតណាមគាត់ឆ្ងល់។ គាត់ថា អាយុ ២៦ ឆ្នាំ ទៅជាកម្មាភិបាលជាន់ខ្ពស់។ នៅវៀតណាមសុទ្ធតែអាយុ ៥០-៦០ ឆ្នាំ បាន(ជាកម្មាភិបាល)ជាន់ខ្ពស់ ហើយយុទ្ធភូមិភាគ X វានៅឯណា? អញ្ចឹងទេ គាត់ជជែក គាត់មើលចុះមើលឡើង។

ក្រៅពីវេជ្ជបណ្ឌិត ជាពិសេស ខ្ញុំទៅថតសួតថតអី។ ខ្លះគេជជែកថា (ជាជនជាតិ)ឡាវ ខ្លះថាខ្មែរ ប៉ុន្តែភាគច្រើនគេថាឡាវ ព្រោះពេលហ្នឹង ប៉ុល ពត កំពុងវ៉ៃគ្នាជាមួយនឹងវៀតណាមផង។ គេមិនថាខ្មែរទេ។ ដល់ចុងក្រោយ ខ្ញុំ​អត់(មាត់)មិនបាន ខ្ញុំថាខ្ញុំជាខ្មែរ។ ស្រាប់តែវៀតណាមធ្វើភ្នែកធំៗ លោកឯងចេះវៀតណាម? ខ្ញុំថាចេះ។ អាហ្នឹងខ្ញុំដេកពេទ្យ … ដែល ម៉ែន សំអន ទៅសួរសុខទុក្ខ។ អាហ្នឹងនៅក្នុងចុងឆ្នាំ ១៩៧៧។ ពេលហ្នឹងខ្ញុំមិនទាន់ចេះវៀតណាម(ស្ទាត់)ទេ។ ចេះបន្ដិចៗ ប៉ុន្តែមិនមាននរណាដឹងថា ខ្ញុំអាចស្ដាប់បាន។ អញ្ចឹង បើសិនជាយើងស្ដាប់(ភាសាវៀតណាម)បាន វាគ្រាន់បើជាង(យើងស្ដាប់មិនបាន)។ ហេតុអ្វីគ្រាន់តែរឿងយើងធ្វើ ដើម្បីយើងក៏ទៅជាបញ្ហា?

បន្ថែមលើនោះ ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅវៀតណាម ហ៊ុន ម៉ាណែត ខុសទាំងអស់។ មានអាក្មួយមួយនោះ វាថា​ ទស្សនកិច្ចនៅវៀតណាម អត់មានអីខុសទេ។ បើខ្ញុំគ្រប់គ្រងអំណាច ក៏ខ្ញុំទាក់ទងជាមួយនឹងវៀតណាម ប៉ុន្តែខុសៗត្រង់រចនាសម្ព័ន្ធ។ មិនមែនជានាយករដ្ឋមន្រ្តី មិនមែនជាប្រធានាធិបតី ហើយនៅក្នុងកងទ័ព លំដាប់របស់ ហ៊ុន ម៉ាណែត នេះ គឺជាមនុស្សទី ៣៖ រដ្ឋមន្រ្តីការពារជាតិ ទី(១)។ អគ្គបញ្ជាការ ទី(២) និង ហ៊ុន ម៉ាណែត។ ដូច្នេះ វាអត់មានរឿងអីត្រូវទស្សនកិច្ចនៅវៀតណាមទេ។ អញ្ចឹងត្រូវទៅសុំយោបល់វៀតណាម។ ដោយហេតុនេះ បានជាយប់មិញខ្ញុំបានបង្ហោះប្រាប់ត្រឡប់ទៅវិញ … ខ្ញុំគ្រាន់តែប្រាប់ វៀតណាមធ្វើតិចជាងប្រទេសជប៉ុនទេ ធ្វើតិចជាងប្រទេសសាំងហ្គាពួរទេ ក្នុងដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែតនោះ។ ហេតុអ្វីបានធ្វើតិចជាង? នៅប្រទេសជប៉ុននិងសាំងហ្គាពួរ ក្រៅពីរដ្ឋមន្រ្តីការពារជាតិទទួល សមភាគីរបស់គេ មេបញ្ជាការជើងគោកដូចគ្នា ប៉ុន្តែបន្ទាប់ទៅគឺជួបរដ្ឋមន្រ្តីការពារជាតិ ក្រៅពីរដ្ឋមន្រ្តីការពារជាតិ នៅជួបរដ្ឋមន្រ្តីការបរទេសទៀត​។ ប៉ុន្តែថាវៀតណាម គាត់មានលេខាអចិន្ត្រៃយ៍គណបក្សជួប។ អញ្ចឹង អាចថាដូចគ្នា។

ខ្ញុំសោកស្ដាយត្រង់ថា ហេតុអ្វីបានពួកគេមិនយកជប៉ុនមកវិភាគព្រោះជប៉ុនធ្វើច្រើនជាងគេ។ ខ្ញុំបាននិយាយ​យប់មិញនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន ដោយនាយករដ្ឋមន្រ្ដីជប៉ុនអញ្ជើញ ៣ ដង រួចមកហើយ។ លើកទី (១) Yukio Hatoyama អញ្ជើញ ហ៊ុន ម៉ាណែត ផ្ទាល់តែម្ដង តាំងពីឆ្នាំ ២០១១។ លើកទី (២) ឆ្នាំ ២០១៨ ដោយ Shinzo Abe ដែលទើបនឹងទទួលមរណភាពដោយគេធ្វើឃាត។ ពេល Shinzo Abe ជួបខ្ញុំនៅប្រទេសម៉ុងហ្គោលី ក្នុងពេលប្រជុំអាស៊ី-អឺរ៉ុប, Shinzo Abe បានអញ្ជើញ ហ៊ុន ម៉ាណែត។ កម្រិតនាយករដ្ឋមន្រ្តីអញ្ជើញ។ ពេលហ្នឹង ហ៊ុន ម៉ាណែត មិនមែនជាបេក្ខភាពនាយករដ្ឋមន្រ្តី(អនាគត)ទេ ប៉ុន្តែនេះជាទំនាក់ទំនង។ ដល់ ហ៊ុន ម៉ាណែត កាន់(ជាអគ្គមេបញ្ជាការទ័ព)ជើងគោកនេះ ទស្សនកិច្ចនៅខែកុម្ភៈ ក្រៅពីមេបញ្ជាការជើងគោករបស់ជប៉ុនទទួល ដែលមានការត្រួតពល ត្រូវបានទទួលដោយអគ្គបញ្ជាការ ត្រូវបានទទួលដោយរដ្ឋមន្រ្តីការពារជាតិ ត្រូវបានទទួលដោយរដ្ឋមន្រ្តីការបរទេស និងត្រូវបានទទួលដោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ អ្នកឯងម៉េចក៏មិនយកមកវិភាគ? ហ៊ុន ម៉ាណែត ទៅតូក្យូ ដើម្បីទៅទទួលបញ្ជាពីជប៉ុនឬ?

(១៧) កត្តាពីរធំធ្វើឱ្យកម្ពុជាចៀសមិនផុតពីសង្គ្រាមទេ បើសិនជាគណបក្សប្រជាជនមិនគ្រប់គ្រងអំណាច

ពួកនេះឱ្យតែប៉ះជាមួយនឹងវៀតណាមគឺដឹងតែរករឿងតែម្ដង។ អញ្ចឹង បានខ្ញុំថា នៅកម្ពុជាចៀសមិនផុតពីមានសង្រ្គាមទេ បើសិនជាគណបក្សប្រជាជនមិនគ្រប់គ្រងអំណាច គឺសង្រ្គាមនឹងផ្ទុះ ខ្ញុំហ៊ាននិយាយអញ្ចឹង។ មូលហេតុអ្វី? មានកត្តាពីរសំខាន់។ ចាំមើលទៅ៖ កត្តាទី (១) (ពួកគេ)ប្រើពាក្យត្រៀមខ្លួនរឹបអូសពីអ្នកមានឱ្យអ្នកក្រ។ អញ្ចឹងសង្រ្គាមផ្ទៃក្នុងវានឹងផ្ទុះ។ (គ្មានអ្នកមានណា)ឱ្យរឹបអូស(នោះទេ)។ ទី (២) ត្រៀមវាយយកទឹកដីដែលបានបាត់បង់។ អញ្ចឹងសង្រ្គាមកម្ពុជាជាមួយនឹងវៀតណាម/ថៃចៀសមិនរួច។ ឥឡូវ អ្នកឯងប្រកាសបន្ដ​ទៅ ពេលខាងមុខអ្នកឯងប្រកួតប្រជែងលើកម្មវិធីនយោបាយ អ្នកឯងដាក់ចេញជាគោលនយោបាយ វាយវៀតណាមដើម្បីយកដី។ អ្នក(ឯង)ដាក់ចេញទៅ បើអ្នកចិត្តសឿង។

ខ្ញុំមិនចាំបាច់ពន្យល់អីថែមទេ ព្រោះខ្ញុំបានពន្យល់ ៥ ម៉ោង នៅក្នុងសភារួចហើយ។ ប្រវត្តិទឹកដីយើងវាបានបាត់បង់ពេលណា? នរណាស្នេហាជាតិជាងសម្ដេចព្រះបិតាជាតិ សម្ដេចព្រះ នរោត្ត សីហនុ ព្រះបរមរតនកោដ្ឋ ទៀត? តើព្រះអង្គមានដែលទាមទារកម្ពុជាក្រោមត្រឡប់មកវិញទេ? តើព្រះអង្គមានដែលទៅទារយកកោះត្រល់ហ្នឹងត្រឡប់មកវិញទេ? ព្រះអង្គត្រឹមតែទាមទារឱ្យយកតាម Brevie line (​ខ្សែបន្ទាត់ប្រេវីយេ) តែប៉ុណ្ណឹង។ ម៉េចក៏អ្នកឯងមកនិយាយថា ខ្ញុំជាអ្នកប្រគល់កោះត្រល់ឱ្យទៅវៀតណាម។ បើយើងយកទាំងផែនទីនេះ យកទៅតម្កល់នៅអង្គការសហប្រជាជាតិទាំងដីទឹក/គោក គឺព្រំដែនរាល់ថ្ងៃ ដែលយើងកំពុងប្រើប្រាស់នេះ ហើយដែលមកដល់ម៉ោងនេះ វៀតណាមមិនទាន់ព្រមប្រើប្រាស់ Brevie line (ខ្សែបន្ទាត់ប្រេវីយេ)ធ្វើជាព្រំដែនទឹកនៅឡើយទេ។ បើចេះយកបាន យកតាំងពីជំនាន់ព្រះករុណឯណោះ មិនចាំបាច់ដល់ជំនាន់ ហ៊ុន សែន ទេ។ ហ៊ុន សែន កើតក្រោយកោះត្រល់ត្រូវបានបាត់ទេ ត្រូវបានសភាបារាំងបោះឆ្នោតកាត់ទៅឱ្យវៀតណាម។

ពេលខាងមុន អ្នកឯងប្រកាសនៅក្នុងកម្មវិធីនយោបាយរបស់អ្នកឯងទៅ … ឱ្យដឹងថា គោលនយោបាយរបស់អ្នកឯងយ៉ាងម៉េច។ មួយថ្ងៃៗវាថាបាត់ហើយទឹកដី (បាត់)ខ្ទេចហើយ។ បើសិនជាអាមួយហ្នឹង (ហ៊ុន សែន) នៅគ្រប់គ្រង។ បើសិនជាវាបាត់ មិនចាំបាច់ចរចាជាមួយនឹងវៀតណាមមួយទឹកមួយផឹង(ធ្វើអី)។ ឥឡូវ ចុះហត្ថលេខាបានត្រឹមតែ ៨៤% ទេ នៅ ១៦% ទៀតកំពុងបន្តការចរចា។ អាចនឹងស្រុះស្រួលគ្នាបាន ៦% ទៀត។ តែនៅមានរឿងរ៉ាវត្រូវធ្វើមួយចំនួនទៀត។ អញ្ចឹង បើសិនថា គង់តែបាត់ដដែល គង់តែឱ្យគេដដែល មិនចាំបាច់ចរចាធ្វើអី ៤៣ ឆ្នាំកន្លងទៅ ឱ្យគេយកបណ្ដោយទៅ … យកតាំងពីវៀតណាមនៅស្រុកខ្មែរ។

(១៨) បើអ្នកវិភាគបែបផ្ចាញ់ផ្ចាល អ្នកកាន់តែរុញឱ្យខ្ញុំត្រូវតែប្រុងប្រយ័ត្ន

ប៉ុន្តែភាពជ្រុលនិយមនិងអគតិរបស់ពួកគេនេះ ហួសពីការគិត។ ខ្លះគេថា វាមិនទាស់ខុសទេ រឿងទៅទស្សនកិច្ច រឿងជួប ប៉ុន្តែអ្វីដែលជាការខុស គឺវៀតណាមអត់ដាក់ទង់ជាតិកម្ពុជា។ យប់មិញខ្ញុំចូលទៅខម្មិន Reply ជាមួយនឹងអ្នកមកចោទ។ គេប្រើពាក្យ យួនមិនដាក់ទង់ជាតិកម្ពុជា​។ ខ្ញុំក៏សូមបញ្ជាក់កន្លែងហ្នឹងបន្ដិច។ ខ្ញុំគួរតែបង្រៀនផ្នែកពិធីការឱ្យអ្នកទាំងហ្នឹងបានដឹង។ វាមានពិធីការតាមប្រទេសនីមួយៗ។ ប្រទសកម្ពុជាអត់អនុញ្ញាតឱ្យនរណាយកទង់ទៅដាក់ក្នុងព្រះបរមរាជ្យវាំងទេ។ ពេលណាព្រះករុណាព្រះមហាក្សត្រយើង ទទួលព្រះមុខរដ្ឋ ឬទទួលមហាក្សត្រមកពីប្រទេសនានា ព្រះអង្គទទួលនៅទេវាវិនិច្ឆ័យ គឺអត់មានទង់ប្រទេសណាផ្សេងទេ ព្រោះទង់ត្រូវបានត្រួតពលនិងគោរពភ្លេងជាតិទង់ជាតិនៅផ្នែកខាងក្រោមរួចហើយ។

ដល់ពេលនាយករដ្ឋមន្រ្តីវិញ សូមមើលកន្លែងរបស់ខ្ញុំ។ ទោះបីខ្ញុំទទួលនរណាក៏ដោយ អត់មានទង់ប្រទេសណាផ្សេងក្រៅពីទង់ជាតិកម្ពុជានិងព្រះមហាក្សត្រ ព្រះឆាយាល័ក្ខណ៍ទាំងបីព្រះអង្គ។ ពេលចរចានៅលើតុ ទាល់តែសមភាគីហ្នឹង(ឋានៈ)ស្នើគ្នា ទើបខ្ញុំដាក់ទង់ជាតិទល់មុខមួយម្នាក់។ កន្លងទៅរដ្ឋមន្រ្តីការបរទេសនានាមកជួបខ្ញុំ ដោយសារតែភ្ញៀវច្រើន កុំឱ្យពិបាកអង្គុយកៅអីពេក យើងអង្គុយលើតុ។ ខ្ញុំអត់មានឱ្យដាក់ទង់ជាតិទេ ព្រោះអ្នកឯងថ្នាក់រដ្ឋមន្រ្តីការបរទេស។ ខ្ញុំជានាយករដ្ឋមន្រ្តី។ ខ្ញុំគួរតែផ្ដល់មេរៀនអំពីពិធីការជូនអ្នកវិភាគទាំងនេះ ប្រសិនបើមិនយល់កិច្ចការទេ។ អ្នកវិភាគទាំងបំពានដោយមានភាពមួលបង្កាច់តាមបែបអគតិ អ្នកមិនអាចក្លាយទៅជាអ្នកវិភាគបានទេ អ្នកត្រឹមតែបង្កើតនូវការផ្ចាញ់ផ្ចាល/ញុះញង់ ហើយអ្នកកាន់តែរុញឱ្យខ្ញុំត្រូវតែប្រុងប្រយ័ត្នជាមួយអ្នកតែប៉ុណ្ណោះ។ អ្នកត្រូវចាំ។ មួយថ្ងៃៗ បើក(ព័ត៌មាន)ឃើញហើយ “យំពេញផ្ទះ ហ៊ុន សែន អស់អំណាចហើយ”។ “តុលាការឡាអេដកអំណាចពីហ៊ុន សែន ហើយ”។ “អាមេរិកដកអំណាច” នរណាហ៊ានដក? ឡើងតាមរដ្ឋធម្មនុញ្ញ ចុះទៅវិញតាមរដ្ឋធម្មនុញ្ញ … ដូចជាក្រុមដែលថា ឱ្យកម្លាំងប្រដាប់អាវុធបែរកាណុងមកបាញ់ ហ៊ុន សែន ប្រជាជនងើបប៉ះបោរ។ ឥឡូវ លទ្ធផលម៉េចហើយ? លទ្ធផលបានត្រឹមគុក។ មានស្អី។ អាហ្នឹងត្រូវផ្ដន្ទាទោស។

(១៩) បានការគាំទ្រពីគណបក្សប្រជាជន ត្រូវបោះឆ្នោតដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ត ទទួលការតែងតាំងធ្វើជានាយករដ្ឋមន្រ្តី រៀបចំរាជរដ្ឋាភិបាល សុំការអនុម័តពីសភា

ខ្ញុំព្រះករុណាខ្ញុំ មិនមែនយកកន្លែងនេះ ធ្វើជាវេទិកាឆ្លើយតបអីទេ ប៉ុន្តែចង់បង្រៀនមនុស្សឱ្យយល់។ តែក៏មានតម្រូវការឱ្យប្រជាពលរដ្ឋរបស់យើងធ្វើការវិនិច្ឆ័យដែរ។ កងទ័ពគេមានប្រភេទ ដូចជាទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស។ អញ្ចឹង នៅតាមប្រទេសនានា គេក៏មាន(កងទ័ព ៣ ប្រភេទដែរ) ដូចជា ហ៊ុន ម៉ាណែត ទៅថៃ ជើងគោកថៃទទួល។ មេជើងគោកថៃមក ហ៊ុន ម៉ាណែត ទទួល។ អាហ្នឹងវាជាទម្លាប់ធម្មតា។ បើអគ្គបញ្ជា​ការមក អាហ្នឹងត្រូវ វង្ស ពិសេន។ កាលពីមុន ប៉ុល សារឿន ទទួលថ្នាក់អគ្គបញ្ជាការ។ ប៉ុន្តែ ថ្នាក់ជើងគោក គេមានជើងគោក។ ថ្នាក់ជើងទឹក គេមានជើងទឹក។ ថ្នាក់ជើងអាកាស គេមានជើងអាកាស។ គេមានសិទ្ធិត្រួតពល។ បើថាល្ងង់ណាស់ គួរតែរៀនសូត្របន្ថែមទៅ។

… ចោទ ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅវៀតណាម ទៅទទួលបញ្ជាពីវៀតណាម សុំការគាំទ្រពីវៀតណាម។ ខ្ញុំសូមជម្រាបកម្ពុជាអត់មានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីពីប្រទេសណាទាំងអស់។ សម្រាប់កម្ពុជា ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនខ្លួនឯង។ បន្ទាប់ពីហ្នឹងទៅត្រូវអី? ត្រូវធ្វើការបោះឆ្នោតដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ត ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថានាយករដ្ឋមន្រ្តី ត្រូវតែជាសមា​ជិកសភា។ អញ្ចឹង ត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជនដើម្បីឱ្យក្លាយទៅជាតំណាងរាស្រ្ត។ បានក្លាយទៅជាតំណាសរាស្រ្តហើយ ត្រូវបានទទួលការតែងតាំងធ្វើជានាយករដ្ឋមន្រ្តីដើម្បីរៀបចំរាជរដ្ឋាភិបាល។ រៀបចំរួចហើយ ត្រូវយកទៅសុំការអនុម័តពីសភាដែលជាអំណាចពេញលេញរបស់សភា។ បើសភាមិនអនុម័តទេ ទោះបីព្រះមហាក្សត្របានតែងតាំងជានាយករដ្ឋមន្រ្តីក៏ដោយ ក៏មានន័យថាជាមោឃៈ បានសេចក្ដីថាសភាអត់ទុកចិត្តគណៈរដ្ឋមន្រ្តីហ្នឹង។ ក្នុងគណៈរដ្ឋមន្រ្តី មានទាំងនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ដែលជាសមាជិករាជរដ្ឋាភិបាល។

(២០) បេក្ខជននាយករដ្ឋមន្ត្រី មិនអាចធ្វើខុសពីគោលការណ៍បក្សបានទេ

ឥឡូវវានៅវិលវល់ៗ រឿងផ្ទេរអំណាចតពូជតពង្ស។ ខ្ញុំបាននិយាយហើយ ខ្ញុំអត់មានត្រូវការអប់រំកូនខ្ញុំ ឱ្យទៅធ្វើមេចោរទេ។ សុំសួរអ្នកទាំងអស់គ្នា នរណាមិនចង់ឱ្យកូនខ្លួនឯងធ្វើធំ? ឆ្លើយមក។ ប៉ុន្តែការធ្វើធំនេះ មិនមែនចេះតែចាប់ដាក់ទេ … បើសិនជាកូនខ្ញុំមិនគ្រប់លក្ខខណ្ឌ ខ្ញុំមិនអាចឱ្យគណបក្សនេះ ជាពិសេសប្រទេសនេះ បំផ្លាញដោយដៃកូនរបស់ខ្ញុំទេ។ បើគណបក្សប្រជាជនមិនយល់ព្រម ក៏អត់បានដែរ។ លក្ខណៈសម្បត្តិក៏ត្រូវធានាទទួលខុសត្រូវធ្វើម៉េចឱ្យប្រទេសនេះមានស្ថិរភាពបន្ត។ មានអាម្នាក់នោះ វាអាយុមិនច្រើន គ្រាន់តែក្បាលទំពែក មានពុកមាត់ស្រមូម។ វាថា បើចង់ធ្វើនាយករដ្ឋមន្រ្តី ទាល់តែ ហ៊ុន ម៉ាណែត ធ្វើឱ្យខុសពីឪពុក។ សូមផ្ដាំត្រឡប់ទៅវិញ បើធ្វើខុសពីឪពុក មានន័យថា ខុសពីគោលការណ៍គណបក្ស។ អញ្ចឹង គឺមានតែបណ្ដេញ ហ៊ុន ម៉ាណែត ចេញពីគណបក្សតែប៉ុណ្ណឹង។ គណបក្សប្រជាជនអនុម័តឱ្យធ្វើ ហើយឯងធ្វើខុសពីគោលការណ៍គណបក្ស។ ពេលបោះឆ្នោត គឺគណបក្សនីមួយៗ ប្រកាសកម្មវិធីនយោបាយរបស់ខ្លួន។ ចាំលោកឯងទៅធ្វើខ្លួនឯងទៅ ប្រឹងឱ្យឈ្នះឆ្នោតសិនទៅ។ ចេះតែនិយាយទៅរួចអញ្ចឹងៗ។ គេថា សាន ប៊ុនធឿន កែមិនឡើង ហ៊ុន សែន ទៅវិញទេកែមិនឡើង ត្រឹមត្រូវហើយនិយាយហ្នឹង។ មួយហ្នឹងឈ្មោះវាអាខ្មៅ។ មិនមែនខ្ញុំមកកន្លែងនេះដើម្បីជេរប្រទេចទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំគួរតែនិយាយ ព្រោះបើមិនបំភ្លឺខ្លះវានៅតែអញ្ចឹង …។

(២១) តើឱ្យអភិវឌ្ឍន៍ ឬទុកឱ្យដើមត្រែងយោល?

ឥឡូវ(ចូលដល់)ការអភិវឌ្ឍ។ ដីកន្លែងនេះ ជាកន្លែងអីពីមុន? កន្លែងនេះជាកន្លែងដើមត្រែងយោល។ ឥឡូវយើងអភិវឌ្ឍន៍ទៅជាទីក្រុងមួយនៅទីនេះ។ តើឱ្យអភិវឌ្ឍន៍ឬទុកឱ្យដើមត្រែងយោល? ពីដើមវាមានគ្រលុក/បឹង វាមានស្អីៗនៅពីក្រោមហ្នឹង។ ខែវស្សាឡើងទឹកលិចទៅ រួចហើយប្រាំងឡើងដើមត្រែងដុះអញ្ចឹងទៅ។ ពីមុននាំកម្លាំងមកកាប់ព្រៃនៅត្រង់ហ្នឹង ព្រោះ​អាពត វាមកបាញ់ពីត្រង់ហ្នឹងចូលទៅក្រុង(ភ្នំពេញ)ឯណោះ។ វាមិនមែនស្រួលឯណា។ នៅកម្ពុជាឆ្នាំ ២០០៤ ហើយ យើងមានអគារខ្ពស់បំផុតតែ ៧ ជាន់ ហើយមានតែមួយទៀត។ ទាល់តែខ្ញុំប្រកាសថាអ្នកណាធ្វើបានខ្ពស់ជាងគេបំពាក់មេដាយឱ្យ។ ធ្វើត្រង់នេះខ្ពស់ជាងអានោះ ធ្វើត្រង់នោះខ្ពស់ជាងអានេះ។ ឥឡូវដល់ធ្វើឱ្យខ្ពស់ វាខ្ពស់ដូចគេដូចឯង(ដែរ)។ ប្រទេសមួយចំនួនគេមក គេថា ដូចគេដូចឯងដែរតើ។ អើ! ធ្វើមិនឱ្យដូចគេយ៉ាងម៉េច បើប្រទេសខ្មែរដូចគេដូចឯងដែរ។

(២២) រឿង “មនុស្សមិនស្កប់”

ថ្ងៃនេះ ចង់រំលឹករឿងបន្តិច។ ខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយពីរឿងមួយ។ ខ្ញុំព្រះករុណាខ្ញុំ មិននិយាយពីរឿង “ញោម! ខន្តី” នោះទេ ប៉ុន្តែ ចង់និយាយរឿងមួយ ហើយដែលរឿងនេះធ្លាប់និទាននៅទសវត្សរ៍ ៩០ ដើម្បីធ្វើជាការគិតគូពិចារណា អំពីភាពលោភលន់របស់មនុស្ស ដែលទីចុងបំផុតវិលទៅរកភាពដើមរបស់ខ្លួនវិញ។ រឿង “មនុស្សមិនស្កប់”។ ពីដើមមានអាចារ្យ ២ នាក់ ជាមិត្តភក្តិនៅជាមួយគ្នានៅក្នុងទីអារាមមួយ អាចារ្យមួយគាត់ប្រតិបត្តិធម៌អាថ៌ត្រឹមត្រូវល្អណាស់ អាចារ្យមួយទៀតគិតតែពីលួចតែម្តងធ្វើអំពើមិនគប្បី។ ដល់ទៅអ្នកទាំងពីរ ស្លាប់ទៅ អាចារ្យមួយដែលធ្វើអំពើល្អបានកើតទៅជាព្រះឥន្ទ អាចារ្យមួយទៀតដែលធ្វើមិនត្រឹមត្រូវក៏បានកើត ក្លាយទៅជាមនុស្សកើតឃ្លង់។

សម័យថ្ងៃមួយ ព្រះឥន្ទនឹកឃើញថា តើមិត្តភក្តិអញដែលធ្លាប់ធ្វើអាចារ្យនៅវត្តជាមួយ​គ្នាទៅនៅឯណាហើយ? ព្រះឥន្ទក៏បើកព្រះនេត្រទិព្វមើលមក ដល់មើលមកឃើញមិត្តភក្តិរបស់ខ្លួន ដែលជាអាចារ្យធ្លាប់នៅជាមួយគ្នាកំពុងតែនៅសុំទានតាមផ្លូវ។ អញ្ចឹង​ ព្រះឥន្ទក៏ចុះមក (ហើយ)ក៏បានរៀបរាប់ប្រាប់ថា កាលពីជាតិមុនយើងនៅជាមួយគ្នា។ ឥឡូវសម្លាញ់ឯងចង់បានអី? ម្នាក់ដែលកើតឃ្លង់នោះក៏បានប្រាប់ថា បើអញ្ចឹងឯងមិនបាច់ជួយអីអញ(ច្រើនទេ) ឯងធ្វើឱ្យតែអញក្លាយទៅតែជាមនុស្សល្អហ្នឹងគេទៅបានហើយ។ ព្រះឥន្ទក៏ជប់ឱ្យម្នាក់ហ្នឹងឈប់កើតឃ្លង់ ទៅជាមនុស្សមានសរីរាង្គដូចគេដូចឯង ហើយទៅនៅក្នុងភូមិ។

ដល់ទៅនៅក្នុងភូមិ មិនថាមេភូមិជំនាន់មុន/ក្រោយទេ តែងតែទៅចលនាគ្នាទៅលើកផ្លូវលំអីអញ្ចឹងទៅ ដល់ទៅឃើញមេភូមិប្រើ ខឹងមេភូមិក៏ទៅពឹងព្រះឥន្ទ ថាធ្វើម៉េច ព្រះឥន្ទឯងជួយអញឱ្យឡើងធ្វើមេភូមិ។ ព្រះឥន្ទក៏ជួយ ឡើងបានធ្វើមេភូមិ។ ដល់ឡើងបានធ្វើមេភូមិហើយ មេឃុំប្រើ ខឹងមេឃុំទៀត។ ក៏ទៅសុំ ព្រះឥន្ទថាធ្វើម៉េចឱ្យ​អញបានធ្វើមេឃុំ។ ព្រះឥន្ទក៏ជួយបានឡើងជាមេឃុំទៀត។ ដល់ឡើងបានមេឃុំ ចៅហ្វាយស្រុកប្រើ ខឹងចៅ​ហ្វាយស្រុក។ ទៅពឹងព្រះឥន្ទ។ ឡើងបានធ្វើចៅហ្វាយស្រុក។ ដល់ឡើងបានចៅហ្វាយស្រុក ចៅហ្វាយខេត្តប្រើ ខឹងចៅហ្វាយខេត្ត។ ទៅពឹងព្រះឥន្ទទៀតសុំធ្វើចៅហ្វាយខេត្ត។ បានឡើងចៅហ្វាយខេត្ត។ ដល់ឡើងបានធ្វើចៅហ្វាយខេត្តហើយ ត្រូវរដ្ឋមន្ត្រីមហាផ្ទៃស្តីឱ្យ ទៅពឹង ព្រះឥន្ទថាឱ្យអញធ្វើជារដ្ឋមមន្ត្រីមហាផ្ទៃ។

ព្រះឥន្ទក៏ឱ្យបានទៅជារដ្ឋមន្ត្រីមហាផ្ទៃ។ ដល់បានទៅជារដ្ឋមន្ត្រីមហាផ្ទៃហើយ (ត្រូវ)បានមហាឧបរាជស្តីឱ្យទៀត មហាឧបរាជប្រៀបបានដូចជានាយករដ្ឋមន្ត្រីរាល់ថ្ងៃអញ្ចឹង។ ប្រើចុះប្រើឡើងខឹងមហាឧបរាជ ក៏ទៅពឹងព្រះឥន្ទ(ទៀត)។ ព្រះឥន្ទក៏ឱ្យឡើងធ្វើមហាឧបរាជទៅ ដល់ឡើងធ្វើមហាឧបរាជហើយ ព្រះរាជាប្រើនោះប្រើ ក៏ខឹងព្រះរាជា ទៅសុំ ព្រះឥន្ទ ជួយធ្វើម៉េចឱ្យបានឡើងធ្វើស្តេច។ អញ្ចឹងព្រះឥន្ទ ក៏ជួយឱ្យបានឡើងធ្វើស្តេច។

សម័យថ្ងៃមួយ ព្រះឥន្ទ បបួលស្តេច ដែលចេញពីមនុស្សឃ្លង់នាំទៅលេងឋានព្រះឥន្ទ។ ដល់ទៅឃើញឋានព្រះឥន្ទស្អាត មានស្រីស្នំស្អាត មាណពដែលក្លាយខ្លួនពីមនុស្សឃ្លង់ទៅជាស្តេចនេះ ក៏និយាយជាមួយព្រះឥន្ទ ថាអញមិនចង់ទៅវិញទេ។ អ្ហែងចែកឋានអ្ហែងឱ្យអញពាក់កណ្តាលមក។ ព្រះឥន្ទព្រះតម្រិះថា អាមួយនេះតាំងពី មនុស្សកើតឃ្លង់សុំទានតាមចិញ្ចើមផ្លូវ ឡើងរហូតមកដល់ធ្វើស្តេចហើយនៅតែមិនស្កប់។ ឥឡូវ វាមកដល់ឋានអញ វាចង់ចែកឋានអញ បន្តិចទៀតវាយកទាំងអស់។ ព្រះឥន្ទ ក៏សម្រេចបំណងដោយអោយមនុស្សហ្នឹងក្លាយជាមនុស្សកើតឃ្លង់ដដែល។ ខ្ញុំចេះ(រឿង)ហ្នឹងពីឆ្នាំ ១៩៨៨-៨៩ (ព្រោះ)ខ្ញុំឧស្សាហ៍ទៅកំពត។ តាមួយនោះពូកែនិយាយរឿងហ្នឹង។

ការលោភលន់ហួសហេតុពេក វានឹងចូលទៅក្នុងស្ថានភាពដដែល។ និយាយបែបនេះមិនមែនសំដៅទៅលើ សាន ប៊ុនធឿន និង អធិរាជមមហាសាច់ នោះទេ។ ប៉ុន្តែ គឺចង់ថាអ្វីដែលយើងគួរ (និង/ឬ)អ្វីដែលយើងមិនគួរ តែប៉ុណ្ណឹងទេ។ បែកមែកសាខាទៅឯណាឯណោះ។ ប៉ុន្តែបានជាជ្រុលនិយាយហើយ គឺនិយាយហើយ។ ខ្ញុំព្រះករុណាខ្ញុំតែប៉ុណ្ណឹង។ ហ៊ុន សែន ថា សាន ប៊ុនធឿន កែមិនឡើង ផ្ទុយទៅវិញ ហ៊ុន សែន ទេ ដែលកែមិនឡើង។ ត្រឹមត្រូវណាស់ អាខ្មៅ អើយ។ ហ៊ុន សែន ចរិតកែអត់ឡើងទេ នៅតែប៉ុណ្ណឹង។

(២៣) កម្ពុជាចំណាយលើបុគ្គលិកច្រើនជាង ៥% បន្តិចនៃ ផលិតផលក្នុងស្រុកសរុប

ស្រីលង្កាគ្រាន់តែបុគ្គលិករដ្ឋ ទាំងកងទ័ព/ស៊ីវិល ១ លាន ៨ សែននាក់។ ចំណូលជាតិ គឺបានត្រឹមចិញ្ចឹមមន្ត្រីរដ្ឋការ។ ខាងស៊ីវិលជាង ១ លាន ៥ សែន(នាក់) និងកងទ័ពជិត ៣២ ម៉ឺន(នាក់)។ កំណែទម្រង់ គឺស្ថិតនៅកន្លែងហ្នឹង។ កុំឱ្យចំណាយទៅលើបន្ទុកបុគ្គលិកវាធំហួស។ ស្រីលង្កាមានប្រជាជនសរុបជិត ២២ លាន(នាក់) អញ្ចឹងទេ ចំនួនបុគ្គលិករដ្ឋនេះលើសយើងដល់ទៅប្រាំដងឯណោះ។ សព្វថ្ងៃនេះ សរុបមនុស្សដែលយើងត្រូវទទួលបន្ទុកចិញ្ចឹមត្រឹមតែជាង ៤០ ម៉ឺននាក់ទេ។ អញ្ចឹង មិនអាចទប់ទល់ទៅរួចទេ ១ លាន ៨ សែននាក់ ដែលត្រូវទទួលបៀវត្សរ៍។ អញ្ចឹងទេ បើសិនជាខ្ញុំផ្តល់មតិវិញ វិធីមានតែមួយទេ គឺកាត់បុគ្គលិកចេញ ដើម្បីសម្រាលបន្ទុកបុគ្គលិក ព្រោះជាធម្មតាចំណាយទៅលើបន្ទុកបុគ្គលិកគេឱ្យចាយត្រឹមតែ ៤% នៃផលិតផលសរុបក្នុងស្រុក​ទេ។ អាហ្នឹងស្ថិរភាព។ យើងសព្វថ្ងៃចំណាយច្រើនជាង ៥% បន្តិច។

យើងសិក្សាពីវិបត្តិ ថាហេតុអីបានជាមិត្តភក្តិរបស់យើងធ្លាក់ដល់កម្រិតប៉ុណ្ណឹង? ពេលកូវីដ-១៩ ភ្លាម គឺស្រីលង្កាចេញបទបញ្ជាកាត់ប្រាក់ខែ។ ឯយើងនៅទីនេះមានប្រជាពលរដ្ឋរបស់យើងចូលរួមវិភាគទានទៅវិញ។ យើងមិនតិះទៀនអីទៅស្រីលង្កានោះទេ យើងគ្រាន់តែសិក្សាថា តើមូលហេតុអីបានជាសេដ្ឋកិច្ចស្រីលង្កាធ្លាក់ងើបមិនរួច? អញ្ចឹង បន្ទុកបុគ្គលិកប្រហែលជាវាច្រើនហួស។ អានេះមិនមែន ៤% ឬ ១០% ទេ វាចូល ២០% ឬ ៣០% នៃផលិតផល(សរុប) ក្នុងមួយខែ យើងគិតជាមធ្យម(ភាគ) ថាចាយអស់ ៣៥៨៦ លានដុល្លារ/ឆ្នាំ។ មកចែកសញ្ញាបត្រនៅអាស៊ី-អឺរ៉ុបសោះ ទៅនិយាយដល់ស្រីលង្កា ក៏ប៉ុន្តែ នេះក៏ជាបទពិសោធន៍មួយក្នុងចំណោម បទពិសោធន៍ដែលរកឃើញ។

(២៤) លើកទឹកចិត្តឱ្យត្រកូល “ហ៊ុន” ទាំងអស់ចូលរួមក្នុងសកម្មភាពនយោបាយ

ខ្ញុំព្រះករុណាខ្ញុំ សុំអភ័យទោស ថ្ងៃនេះ និយាយធ្ងន់ៗបន្តិច ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំតែប៉ុណ្ណឹងទៅហើយ ឱ្យកែៗវា មិនឡើងទេ។ កែអីបើពួកអ្នកឯងមួយថ្ងៃៗ រកតែកម្ចាត់ចោលត្រកូល “ហ៊ុន”។ វាមិនលេងតែ ហ៊ុន សែន ឯណា​ វាលេងមួយត្រកូល “ហ៊ុន” តែម្តង។​ អញ្ចឹងបានជាប្រកាសហើយថា លើកទឹកចិត្តឱ្យត្រកូល “ហ៊ុន” ទាំងអស់ចូលរួមក្នុងសកម្មភាពនយោបាយ។ មុននេះដាក់បារ៉ាស់អត់ឱ្យកូន(ប្រឡូកក្នុងនយោបាយ)។ រហូតដល់មានកូនមួយលួចសរសេរសំបុត្រមិនឱ្យម្តាយដឹងទៅទៀត។ ពេលទៅរៀននៅសាលា WestPoint ហើយនោះ សរសេរលិខិតដាក់ថា រក្សាការសម្ងាត់“សុំរៀនផ្នែកវិទ្យាសាស្ត្រនយោបាយ”។

មួយថ្ងៃៗគិតតែពីត្រកូល “ហ៊ុន” ស្អីក៏ត្រកូល “ហ៊ុន” ដែរ។ ភ្នំតាម៉ៅ ក៏មានចំណែកត្រកូល “ហ៊ុន” នៅទីនោះទៀត។ វាទៅអញ្ចេះ។ មាន (ហ៊ុន) ម៉ាណែត នៅក្នុងហ្នឹង មាន (ហ៊ុន) ម៉ានិត មាន (ហ៊ុន) ម៉ាណា (និយាយទៅគេថា) កូន/ចៅខ្ញុំមានភាគហ៊ុននៅភ្នំតាម៉ៅ។ រួចវាលេងអញ្ចឹងៗ តើឱ្យយើងដោះស្រាយយ៉ាងម៉េច? បើអ្នកឯងយកខ្ញុំជាសត្រូវមួយជីវិត ខ្ញុំក៏អត់មានជម្រើសក្រៅតែពីទប់ស្កាត់អ្នកឯងតែប៉ុណ្ណឹង។ ខ្ញុំមិនចាត់ទុកអ្នកឯងជាសត្រូវ​របស់ខ្ញុំទេ ប៉ុន្តែបើអ្នកឯងវាយខ្ញុំៗ អត់មានជម្រើសទេ។ ខ្ញុំមិនឱបដៃឱ្យអ្នក​ឯងវាយទេ។ អ្នកឯងស្គាល់ ហ៊ុន សែន ច្បាស់ហើយ។ ល្មមស្គាល់ហើយ យ៉ាងហោចណាស់អ្នកខ្លះស្គាល់​ ១០ ឆ្នាំ អ្នកខ្លះស្គាល់ ៤០ ឆ្នាំជាងហើយ។ តើ ហ៊ុន សែន វារបៀបម៉េច? ហ៊ុន សែន អត់សមត្ថភាព គឺត្រឹមត្រូវហើយ ពួកអ្នកឯងមានសមត្ថភាពបានត្រឹមរត់ចោលស្រុក។

ហ៊ុន សែន អត់សមត្ថភាព ប៉ុន្តែ ហ៊ុន សែន អាចគ្រប់គ្រងប្រទេសបាន អាចនាំសន្តិភាពសម្រាប់ប្រទេសបាន អាចអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេមកដល់ពេលនេះ។ ភាពអគតិរបស់មនុស្សខ្លះ គ្រាន់តែបញ្ហាខ្លះវាមិនទទួលយក ស្អីក៏ខុស។ រឿងនៅមីយ៉ាន់ម៉ាឯណាឯណោះ វាថាមិនជោគជ័យ(មកពី)ប្រធានអាស៊ាន។ អញ្ចឹង អ្ហែងចាំមើលឆ្នាំក្រោយដល់ឥណ្ឌូនេស៊ីធ្វើ(ជាប្រធានអាស៊ានម្តង) តើវាជោគជ័យឬអត់? នៅតែប៉ុន្មានខែទៀត ហ៊ុន សែន ចប់ហើយ។ គ្រូទាយថា ហ៊ុន សែន អស់អំណាចហ្នឹង ច្បាស់ហើយ គឺហ្នឹងអស់។ ទាយថា ហ៊ុន សែន នឹងស្លាប់ ត្រូវហើយនឹងស្លាប់ ប៉ុន្តែប្រហែលជា ២៥-៣០ ឆ្នាំទៀតយ៉ាងតិច។ អ្នកឯងចាំតែមើលទៅ។

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់និស្សិតជ័យលាភីរបស់យើង ចំនួន ៣,០៧៥ អង្គ/នាក់ សូមប្រគេន/ផ្តល់ជូន សម្រាប់និស្សិតយើង ទាំងព្រះសង្ឃ/គ្រហស្ថ ក្នុងអង្គ/នាក់ (ថវិកា) ចំនួន ៥ ម៉ឺនរៀល។ បន្ថែនជូននិស្សិតពិការ ដែលមាននារី ៣ នាក់ និងបុរស ៣ នាក់ សរុប ៦ នាក់ ក្នុងម្នាក់ទទួលបានថវិកា (ចំនួន) ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៤៤៥ នាក់ ក្នុងម្នាក់ៗថវិកា (ចំនួន) ១០ ម៉ឺនរៀល។ ជូនសាសកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ថវិកា (ចំនួន) ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា (ចំនួន) ៣ លានរៀល។

សូមអភ័យទោស ដោយសារបញ្ហាកូវីដ-១៩ ពីមុនធ្លាប់តែចែកជូនសញ្ញាបត្រ សម្រាប់និស្សិតរបស់យើងជា និមិត្តរូបយ៉ាងហោចណាស់ ២០-៣០ នាក់ ប៉ុន្តែឥឡូវនេះដើម្បីចៀសវាងនូវបញ្ហាការឆ្លង(នៃជំងឺកូវីដ-១៩)។ ជួនកាលខ្ញុំចម្លងទៅអ្នកទាំងអស់នោះទៅវិញ។ បើសិនជាខ្ញុំមានស៊យធំហើយ។ បើសិនជានិស្សិតម្នាក់ឆ្លងមកខ្ញុំវាអត់បញ្ហាទេ ប៉ុន្តែបើសិនខ្ញុំមានកូវីដ-១៩ អ្នកមកទទួលពីខ្ញុំទាំងប៉ុន្មានឆ្លងទាំងអស់។ អញ្ចឹងទេ បានជាកម្មវិធីចែកសញ្ញាបត្រមិនបានធ្វើទេនៅក្នុងដំណាក់កាលនេះ ដែលយើងត្រូវ(ធ្វើ)តាមគន្លងថ្មី។

ជាមួយនឹងការអបអរសាទរជាមួយនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យ​ អាស៊ី-អឺរ៉ុប ក៏ដូចជា ​ការកោតសរសរើ ចំពោះ ថ្នាក់ដឹកនាំ/សាស្ត្រាចារ្យ ព្រមទាំងអបអរសាទរជាមួយជ័យលាភីទាំងអស់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និង ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធបរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ