សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

CNV:

(១) ដរាបណាខ្ញុំនៅមានដង្ហើម ដរាបនោះខ្ញុំនៅតែបន្តការសិក្សា

ជាដំបូង អនុញ្ញាតឱ្យខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាន សម្រេចផ្តល់ដល់រូមខ្ញុំនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភា ជាពិសេស ក្រសួងអប់រំ ដែលបានវាយតម្លៃចំពោះស្នាដៃរបស់ខ្ញុំ ហើយសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សម្រាប់រូបខ្ញុំ។ ខ្ញុំសូមអរគុណ ចំពោះសុន្ទរកថាបូកសរុបរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានឡើងថ្លែងអម្បាញ់​មិញនេះ ហើយខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងការវាយតម្លៃទាំងប្រាំចំណុច ពាក់ព័ន្ធជាមួយនឹងចរិតលក្ខណរបស់ខ្ញុំ នោះគឺខ្ញុំបានក្លាយទៅជាអ្នកដែលរៀនសូត្រពេញមួយជីវិត មិនមែនបញ្ចប់ត្រឹមថ្ងៃនេះទេ។ ខ្ញុំនៅតែជឿជាក់ខ្លួនឯងថា ដរាបណាខ្ញុំនៅមានដង្ហើម ដរាបនោះខ្ញុំនៅតែបន្តការសិក្សា។

ខ្ញុំសូមអរគុណ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបាន ផ្តល់នូវការវាយតម្លៃខ្ពស់សម្រាប់រូបខ្ញុំ ហើយចាប់ផ្តើមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះហើយ ដែលខ្ញុំ​មានមូលដ្ឋានដើម្បីស្វែងរកឱកាសក្រោយឧត្តមសិក្សា គឺថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ រូបភាពនោះជារូបភាពខ្ញុំធ្វើសារណាបញ្ចប់បរិញ្ញាបត្រនៅទីនេះ ដើម្បីមានមូលដ្ឋានឆ្ពោះទៅរកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ ពិតមែនហើយ មកដល់ពេលនេះ យោងទៅលើការបោះផ្សាយនូវសៀវភៅនេះ ខ្ញុំបានទទួលសញ្ញាបត្រកិត្តិ​យស​ប្រហែលជាមិនតិចជាងដប់នោះទេ ក្នុងហ្នឹងសញ្ញាបត្រកិត្តយសនៅក្នុងប្រទេសមានពីរ និងសញ្ញាបត្រដែល(បាន)មកពីក្រៅប្រទេសក៏មានច្រើន។ យើងអាចបូកសរុបនៅពេលក្រោយ។

ថ្ងៃនេះ ខ្ញុំក្លាយទៅជាឥស្សរជនខ្មែរដំបូងដែលបានទទួលនូវសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ(ភូមិន្ទ)ភ្នំពេញនៅក្នុងដំណាក់កាលថ្មី ប៉ុន្តែយោងទៅលើឯកសារនេះ បានបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គក៏ធ្លាប់បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ(ភូមិន្ទភ្នំពេញ)នេះ កាលពីជំនាន់សម័យសង្គមរាស្ត្រនិយម។ សាកលវិទ្យាល័យនេះក៏ធ្លាប់បានផ្តល់ទៅឱ្យឥស្សរជនបរទសផ្សេងទៀតដែរ តែក្នុងដំណាក់កាលថ្មីនេះ ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃ (នូវ)គុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងការអភិវឌ្ឍ។

​អរគុណ និងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេល ៧០ ឆ្នាំ

ជាមួយនឹងការផ្តល់កិត្តិយសនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណ និងការគាំទ្រទាំងឡាយ ចំពោះរូបខ្ញុំពីសំណាក់ព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គបានគាំទ្រចំពោះការងាររបស់ខ្ញុំ ដែលបញ្ហាទាំងអស់នោះបានផ្តល់ឱកាសសម្រាប់ឱ្យខ្ញុំឈានឡើងជាបន្ត បន្ទាប់ និងបានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជាតិ។ ខ្ញុំសូមអរគុណ ចំពោះថ្នាក់ដឹកនាំនៃគណបក្សប្រជាជន កម្ពុជា ទាំងអ្នកដែលកំពុងនៅរស់ ទាំងអ្នកដែលបានទទួលមរណភាពរួចទៅហើយ ក្នុងនោះសម្តេច ជា ស៊ីម, ឯកឧត្តម សាយ ភូថង ដែលសុទ្ធតែជាឥស្សរជនមិនអាចបំភ្លេចបាន ពិសេស ឯកឧត្តម សាយ ភូថង ដែលគាត់មើលមនុស្សមិនខុស ទាក់ទិននឹងការទទួលខុសត្រូវរបស់គាត់លើការតែងតាំងមន្ត្រីនៅពេលនោះ។

ខ្ញុំសូមអរគុណ ចំពោះមន្ត្រីនៅក្នុងរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជា មន្ត្រីរាជការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្តន៍គោលនយោបាយខ្ញុំបានដាក់ចេញ។ ខ្ញុំក៏សូមចែករំលែកសមិទ្ធផលទាំងអស់នេះនូវគុណសម្បត្តិ/កិត្តិយស ដែលខ្ញុំទទួលបាននេះជូនចំពោះថ្នាក់ដឹក​នាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រោះទាំងប្រជាជនដែលបានគាំទ្រខ្ញុំផងដែរ។ ខ្ញុំមិនភ្លេច​នឹងការថ្លែងអំណរគុណ ចំពោះឪពុកម្តាយរបស់ខ្ញុំ ពិតមែនតែគាត់ទទួលមរណភាពទៅហើយក្តី។ អរគុណចំពោះបងប្រុស/ស្រី បើទោះបីមានបងម្នាក់បានទទួលមរណភាពប៉ុន្មានខែមុននេះ ដែលជារឿងសោកសៅមួយសម្រាប់ខ្ញុំ ប៉ុន្តែពួកគាត់បានប្រឹងយ៉ាងខ្លាំង ដើម្បីជួយឱ្យខ្ញុំបានមកដល់ទីនេះ។

ខ្ញុំក៏ថ្លែងអំណរគុណជាពិសេសចំពោះឧត្តមភរិយារបស់ខ្ញុំ ដែលជានិច្ចកាលលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តគ្រប់​បែបយ៉ាងដើម្បីឱ្យខ្ញុំបន្តការងារទាំងការងាររដ្ឋ/សិក្សា។ ខ្ញុំអរគុណនិងថ្លែងនូវការកោតសរសើរចំពោះកូនៗ​ រ​បស់ខ្ញុំ ដែលពួកគេបានស្តាប់ដំបូន្មានរបស់ខ្ញុំធ្វើឱ្យខ្ញុំក្លាយទៅជាឪពុកមួយដែលអប់រំកូនបានល្អ។ ខ្ញុំពិតជាមាន​មោទនភាពជាមួយនឹងអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេល ៧០ ឆ្នាំរបស់ខ្ញុំ។ រឿងនេះ គឺមិនអាចកាត់ផ្តាច់បានទេជាមួយនឹងការគាំទ្រទាំងឡាយដែលចេញមកពីភរិយា/កូនៗ និងចេញមកពីអ្នកទាំងអស់គ្នា។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះសត្រូវរបស់ខ្ញុំ ឬដៃគូប្រកួតប្រជែងរបស់ខ្ញុំផងដែរ ដោយសារតែពួកគេ ទើបផ្តល់ឱកាសឱ្យខ្ញុំបានខិតខំ(អភិវឌ្ឍ)ខ្លួន តើខ្ញុំគួរធ្វើយ៉ាងម៉េចដើម្បីនឹងឈ្នះអ្នកឯង? និយាយតាម មួយបែប ឬខ្ញុំគួរធ្វើយ៉ាងម៉េចដើម្បីកុំឱ្យអ្នកឯងបំផ្លាញសន្តិភាពនិងការអភិវឌ្ឍប្រទេស? ខ្ញុំគួរតែអរគុណ ចំពោះអ្នកឯងដែលអ្នកឯងបានផ្តល់ឱកាសឱ្យខ្ញុំប្រុងប្រយ័ត្នចំពោះអ្នកឯង។ តាមរយៈនៃការប្រុងប្រយ័ត្នចំពោះអ្នកឯងនោះហើយ ដែលផ្តល់ឱកាសឱ្យខ្ញុំសិក្សាដកពិសោធន៍បន្ថែមពីល្បិចកលរបស់អ្នកឯងនិងដើម្បីទប់ទល់ ចំពោះអ្នកឯង​សំដៅការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងការពារជីវិតប្រជាជនកម្ពុជា។

អរព្រះគុណព្រះមហាក្សត្រ សម្តេចម៉ែ បងប្អូនជនរួមជាតិ ដែលបានផ្ញើសារជូនពរថ្ងៃកំណើត

ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ ដែលតុលាការទើបនឹងកាត់តម្រូវឱ្យត្រូវហ្នឹងថ្ងៃកំណើតពិតប្រាកដ ដែលរយៈពេល​ ៥២ ឆ្នាំ កន្លងទៅនេះ ហើយជាពិសេស ៤៣ ឆ្នាំ ចុងក្រោយនេះ ខ្ញុំប្រើប្រាស់នូវថ្ងៃខែកំណើតមិនត្រឹមត្រូវទៅតាមថ្ងៃកំណើតដើមរបស់ខ្ញុំទេ។ ទូលព្រះបង្គំខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រជាទីសក្ការៈ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រទានព្រះរាជសារជូនពរ ចំពោះទូលបង្គំ ក្នុងឱកាសគម្រប់ខួបលើកទី ៧០ ឆ្នាំ ឈានចូល ៧១ ឆ្នាំ នៅថ្ងៃនេះ។ ពិតមែនតែកាលពី ៧០ ឆ្នាំមុន ខ្ញុំកើតនៅថ្ងៃ ១៥ កើត ខែស្រាពណ៍ ប៉ុន្តែថ្ងៃនេះ ក៏ជាថ្ងៃសីល គឺថ្ងៃ ៨ កើត ខែស្រាពណ៍ដូចគ្នា គ្រាន់តែមានការខុសគ្នាទៅលើកាលបរិច្ឆេទ រវាង ១៥ កើត និង ៨ កើត តែប៉ុណ្ណោះ គឺស្ថិតនៅក្នុងខ្នើតដដែលនៃខែស្រាពណ៍ ប៉ុន្តែមិនមែនជាឆ្នាំរោងនោះទេឆ្នាំនេះ។ សង្ឃឹមថា នៅពេលណាមួយ​ ថ្ងៃខែនេះវានឹងអាចទៅចំថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៍ និងឆ្នាំរោង តែម្តង។ ប៉ុន្តែ អាចនឹងមិនចំ រវាងចន្ទគតិ និងសុរិយគតិនោះទេ។ ខ្ញុំសូមអរគុណ​ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានផ្ញើសារជូនពរខ្ញុំនៅថ្ងៃនេះ។ បងប្អូនខ្លះក៏តែងជាចម្រៀង ដើម្បីជូនពរ ចំពោះខ្ញុំ។ ខ្ញុំសូមអរគុណ ចំពោះពរសព្វសាធុការ ដែលបានផ្តល់ ចំពោះខ្ញុំ។

(២) កម្ពុជាបើកការប្រជុំអាស៊ានផ្ទាល់នៅទីក្រុងភ្នំពេញបាន ដោយសារកត្តា​ធំ ២

ថ្ងៃនេះ តើខ្ញុំគួរនិយាយពីអ្វី ព្រោះថាប្រធានបទទូលំទូលាយណាស់។ សុន្ទរកថាព្រាងទុកនេះ គឺមិនគ្រប់គ្រាន់ ដើម្បីឱ្យខ្ញុំនិយាយនោះទេ។ តើខ្ញុំគួរចែករំលែកពីអ្វីក្នុងពេលដែលយើងមានការជួបជុំគ្នា? ខ្ញុំចង់យកប្រធានបទជាក់ស្តែង​ដែលកំពុងកើតមាននៅពេលនេះ ដើម្បីធ្វើការចែករំលែកហើយចង្អុលបង្ហាញអំពីជោគជ័យមួយ ក្នុងចំណោមជោគជ័យដែលពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍ ឬការដឹកនាំនយោបាយក្នុងប្រទេសនិងក្រៅប្រទេស នោះគឺនៅត្រង់ថា ពេលនេះកម្ពុជាកំពុងតែប្រជុំអាស៊ាននិងដៃគូពាក់ព័ន្ធពីខាងក្រៅ ដែលប្រមូលផ្តុំដោយមហា អំណាចចូលមកកាន់ទឹកដីរបស់យើង (និងដែល)កំពុងតែធ្វើការប្រជុំនៅទីក្រុងភ្នំពេញ។ ចំណុចនេះ​ ខ្ញុំគួរតែត្រូវចែករំលែកដើម្បីចង្អុលបង្ហាញថា ហេតុអ្វីទៅបានជា ហ៊ុន សែន ប្តូរផ្តាច់ខ្លាំងម្លេះជាមួយនឹងការ​(នាំកម្ពុជា)ចូល(ជាសមាជិក)អាស៊ាន? … មុននឹងចូលដល់ចំណុចនោះ ខ្ញុំគួរតែធ្វើការបញ្ជាក់ជូនបន្តិចថា ហេតុអ្វីបានជាយើងអាចប្រជុំ(អាស៊ាន)បាននៅទីក្រុងភ្នំពេញ បន្ទាប់ពីអាក់ខាន ៣ ឆ្នាំ ឬអាចថា ២ ឆ្នាំ (ពោលគឺនៅឆ្នាំ) ២០២០-២១ អាស៊ានមិនបានប្រជុំផ្ទាល់ទេដោយសារ(ជំងឺ)កូវីដ-១៩ រាតត្បាត។ ឥឡូវនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះគឺមានការប្រជុំផ្ទាល់នៅទីក្រុងភ្នំពេញ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យយើងអាចបើកការប្រជុំ(អាស៊ាន) ហើយប្រមូលផ្តុំដោយអ្នកចូលរួមសុទ្ធតែក្នុងក្របខណ្ឌដៃគូគ្រួសារអាស៊ានផង និងដៃគូពីខាងក្រៅសុទ្ធតែប្រទេសដែលមានការរីកច្រើន? ក្នុងនោះ ក្នុងចំណោមមហាអំណាច បើនិយាយពីសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ មានដល់(ទៅ)បី(ប្រទេស)មកកាន់ទីនេះ។

ខ្ញុំចាប់ផ្តើមពីការដែលយើងប្រជុំបាននិងមានការចូលរួមពីសំណាក់ដៃគូ។ កត្តាធំបំផុតគឺសុវត្ថិភាព។ សុវត្ថិភាពនេះ … ទី ១ គឺសន្តិភាពដែលយើងរកបានដោយលំបាក ហើយយើងបានការពារវាដោយគត់មត់។ ប្រទេសមួយចំនួនមិនបានទារឡានប្លាំងដាសពីយើងដើម្បីជិះនោះទេ … អ្នក​ទាំង​ឡាយ​មកកាន់កម្ពុជា គេតែងតែគិតអំពីសុវត្ថិភាពផ្ទាល់របស់ពួកគេដែរ។ ដូច្នេះកត្តាសន្តិភាព​ និងស្ថិរភាពនយោ​បាយនេះ ផ្តល់ឱកាសឱ្យការវាយតម្លៃ(អំពីសុវត្ថិភាព)របស់ដៃគូរបស់យើងពីខាងក្រៅចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើការប្រជុំ។ អ្វីដែលសំខាន់(ជាងនេះ)ទៅទៀត យើងបានសង្កេតឃើញថា ដៃគូរបស់យើងដូចជាអនុប្រធានគណៈកម្មាការអឺរុប ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ មុនពេលគាត់មកកាន់ទីក្រុងភ្នំពេញ គាត់(បាន)ទៅខេត្តសៀមរាប។ ម្សិលមិញគាត់អួតប្រាប់ខ្ញុំថា គាត់ធ្វើដំណើរហោះ ១២ ម៉ោងដើម្បីទស្សនកិច្ចនៅតាមប្រាង្គប្រាសាទនានា។ ខ្ញុំបាននិយាយទៅកាន់គាត់ថា អ្នកឯងឈ្នះខ្ញុំហើយ ព្រោះខ្ញុំមិនដែលដើរច្រើនទេទាក់ទងជាមួយនឹងប្រាសាទ។ មួយទៀត គឺរដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលជាប្រ​ទេស​មហាអំណាចមួយ (បាន)ទៅរៀបចំទទួលទានអាហារនៅប្រាសាទក្រវ៉ាន់ឯណោះក្នុងពេលយប់។

ប្រសិនបើប្រទេសនេះគ្មានសន្តិភាពទេ កុំថាឡើយដល់ទៅមេដឹកនាំថ្នាក់កម្រិតតំណាងឱ្យប្រទេសនិងតំណាងឱ្យសហភាពអឺរ៉ុបទៅកាន់ទីនោះ សូម្បីតែទេសចរក៏គេមិនហ៊ានធ្វើដំណើរទៅផង។ នោះហើយដែលយើងត្រូវឃើញអំពីសារសំខាន់នៃសន្តិភាព ដែលខ្ញុំតែតែនិយាយថា “​កុំចាំបាត់សន្តិភាពទើបស្វែងរកសន្តិភាព”« ត្រូវការ​ពារ​សន្តិភាពនិងចាត់ទុកសន្តិភាពជាទិសដៅដែលយើងត្រូវតែការពារ ព្រោះវាទាក់ទិននឹងជីវិតមនុស្សនិងទាក់​ទិនជាមួយនឹងការអភិវឌ្ឍប្រទេសរបស់យើង … កត្តាទី (១) ដែលផ្តល់ឱកាសឱ្យយើងបើកការប្រជុំនៅក្នុងប្រ​ទេស ដែលមានដៃគូមកពីខាងក្រៅ លើកលែងតែហ្វីលីពីនមួយទេ ដែលរដ្ឋមន្ត្រីការបរទេសរបស់គាត់មាន(វិជ្ជ​មាន)កូវីដ-១៩ មិនអាចធ្វើដំណើរមកបាន (និង)បញ្ជូនតំណាង។ ក្រៅពីនោះកម្រិតរដ្ឋមន្ត្រីការបរទេសទាំងអស់ តាំងពីរុស្ស៊ី/ចិន/ជប៉ុន/កូរ៉េខាងត្បូង/អូស្ត្រាលី/នូវែលសេឡង់/អាមេរិក/ឥណ្ឌា/ប៉ាគីស្តង់ គឺមក ហើយរដ្ឋមន្ត្រីការបរទេសដទៃទៀតនៅអឺរ៉ុបបានអញ្ជើញមកចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ​នៅអាស៊ីអាគ្នេយ៍។ នេះជាកត្តាទី (១) ទាក់ទងជាមួយនឹងកត្តាសន្តិភាព និងស្ថិរភាពនយោបាយរបស់យើង។

កត្តាទី (២) ជាអ្វីទៅ? នោះទាក់ទងនឹងការដែលយើងត្រួតត្រាបាននូវជំងឺកូវីដ-១៩។ មុននេះ យើងអត់មានលទ្ធភាពដើម្បីនឹងបើកការប្រជុំដោយផ្ទាល់ទេ សូម្បីតែយើងធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប(នៅ)ឆ្នាំ២០២១ យើងប្រជុំតាមអនឡាញទេ។ គេហៅថា HYBRID (គឺ)ប្រជុំផ្ទាល់ផងនិង(ប្រជុំ)តាមអនឡាញផង។ យើងអត់ហ៊ានធ្វើទេ។ ប៉ុន្តែ ដោយសារការត្រួតត្រាបាននូវជំងឺកូវីដ-១៩ យើងក៏បានបើកសេដ្ឋកិច្ចឡើងវិញ (ពោលគឺ) អ្វីៗទាំងឡាយបើកឡើងវិញ​ រាប់ទាំងសាលារៀន។ (ចំពោះសាលារៀននេះ) ខ្ញុំសោកស្តាយជាងគេ ហើយព្រួយបារម្ភជាងគេ គឺខ្លាចបាត់បង់ល្បឿននៃការអភិវឌ្ឍធនធានមនុស្ស។ ជាមួយ ឯកឧត្តម ហង់ជួន ណារ៉ុន ដែលអម្បាញ់មិញគាត់និយាយថា ធ្លាប់ទទួលសាររបស់ខ្ញុំផ្ញើឱ្យគាត់នៅម៉ោង ១ យប់ ពិតហើយ ដំណាក់កាលនោះ ជាដំណាក់កាល ដែលយើងត្រូវធ្វើការយ៉ាងដូច្នេះ។

ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំក្នុងអាស៊ានដែលធ្វើចត្តាឡីស័កច្រើនជាងគេ ប៉ុន្តែចត្តាឡីស័កវាមិនរា​រាំង​ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់យើងនោះទេ ដោយសារយើងបានប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តន៍ភាពតាមរយៈនៃការជំរុញផ្នែកឌីជីថល។ នេះជាចំណុចពិសេស ហើយខ្ញុំបានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសអាស៊ាននានាផងដែរ ពេលដែលជួបពិភាក្សាសំដែងការគួរសមមុនពេលបើកសន្និសីទថា នៅពេលកូវីដ-១៩ ចាប់ផ្តើម ផ្នែកឌីជីថលមានល្បឿនលឿនមួយយ៉ាងខ្លាំង ព្រោះបើមន្ត្រីមិនចេះ ហើយប្រជាជនយើងមិនចេះផ្នែកឌីជីថលនេះទេ គឺអត់ធ្វើការជាមួយគ្នាបានទេ។ ប៉ុន្តែ ផ្នែកនេះបែរជាមានល្បឿនមួយដ៏លឿន នៅក្នុងដំណាក់កាល នៃវិបត្តិ(ជំងឺកូវីដ-១៩) ដែលធ្វើឱ្យយើងដោះស្រាយបានបញ្ហា ទោះបីទៅដល់ក្រៅប្រទេស ឬទៅកន្លែងណាក៏ដោយ ក៏យើងអាចទំនាក់ទំនងធ្វើការជាមួយគ្នាបាន។ គ្រាន់តែកូនទូរស័ព្ទមួយគេទូទាត់លុយកាក់ទិញឥវ៉ាន់ ដើម្បីយកមកទទួលទានរួចបាត់ទៅហើយ។ អញ្ចឹង ចំណុចនេះ ខ្ញុំចង់បញ្ជាក់អំពីអ្វីដែលយើងខិតខំនិងការចូលរួមគាំទ្ររបស់ប្រជាជន នោះគឺការគ្រប់គ្រងកូវីដ-១៩​ បានយ៉ាងល្អ តាមរយៈវិធានការសុខាភិបាល “៣ការពារ ៣កុំ” ជាពិសេស យុទ្ធសាស្ត្រវ៉ាក់សាំងរបស់យើង។

ម្សិលមិញ ខ្ញុំបានជួបរដ្ឋមន្ត្រីការបរទេស ៥ (នាក់)។ ម្សិលម្ង៉ៃជួប ៤ (នាក់) នៅសល់ ២ (នាក់)ទៀត។ អ្នកទាំង ឡាយដែលបានជួបខ្ញុំ សុទ្ធតែកោតសរសើរចំពោះកម្ពុជាដែលបានយកឈ្នះទៅលើការគ្រប់គ្រងកូវីដ-១៩។ បើ​សិនយើងមិនអាចត្រួតត្រាកូវីដ-១៩​បានទេ យើងគ្មានឱកាស(រៀបចំ)ការប្រជុំដូចពេលនេះទេ ព្រោះប្រទេសនា​នា​គេមិនហ៊ានមក។​ បើគេមិនហ៊ានមក មានន័យថាយើងប្រជុំកូនកាត់ អាចមានផ្ទាល់ផងអាចមានតាមអនឡាញផង។ ឥឡូវ ប្រជុំផ្ទាល់ទាំងអស់ អត់មានតាមអនឡាញទេ។ នេះជាជោគជ័យមួយដែលយើងបានធ្វើ។ ប្រជុំរដ្ឋមន្ត្រីការពារជាតិបូកកន្លងទៅក៏យើងប្រជុំផ្ទាល់។ នៅមានផ្នែកខ្លះតាមអនឡាញ ដោយសារដៃគូរបស់យើងជាប់ធ្វើចត្តាឡីស័ក។ ប៉ុន្តែការប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងវេទិកាអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននេះ យើងធ្វើដោយផ្ទាល់ទាំងអស់។

បើសិនជាប្រទេសយើងកំពុងតែមានមនុស្សស្លាប់(ដោយកូវីដ-១៩) យើងក៏គ្មានពេលនឹងរៀបចំការប្រជុំបែបនេះ ហើយប្រទេសនានាគេក៏ខ្លាច មិនហ៊ានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានោះទេ។​ ពិតមែនហើយ ជំងឺនេះវាមិនទាន់អស់ទេ ក៏ប៉ុន្តែសុវត្ថិភាពបែបនេះបានផ្តល់ឱកាសឱ្យធ្វើការប្រជុំ ហើយមិត្តភក្តិទាំងឡាយ ដែលជាដៃគូនៅក្នុងពិភពលោកនេះបានចូលមកកាន់កម្ពុជា។ នេះហើយដែលខ្ញុំចង់និយាយថា នេះជាជោគជ័យរបស់យើងដែលផ្តល់ឱ្យយើង(នូវលទ្ធភាពរៀបចំ)ការប្រជុំនេះ (ផ្អែកលើមូលហេតុពីរយ៉ាង)គឺ សុវត្ថិភាពដែលខ្ញុំបែងចែកជាពីរ ជាសុខសុវត្ថិភាព និងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្លាប់សង្គម នេះម្ខាង និងម្ខាងទៀត គឺការត្រួតត្រាបានកូវីដ-១៩ …។

(៣) កត្តា ៤ ជំរុញកម្ពុជាចូលអាស៊ាន

ឥឡូវ ខ្ញុំចង់ចង្អុលបង្ហាញជូនអ្នកទាំងអស់គ្នា ដែល(បាន)ចូលរួម ក៏ដូចជា អ្នកដែលស្តាប់នៅខាងក្រៅ ត្រង់ចំណុចថា ហេតុអ្វីបានជានាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តូរផ្តាច់ក្នុងការចូលអាស៊ាន? តើវាមានមូលហេតុអ្វីខ្លះ និងមានកត្តាអ្វីខ្លះនៅពីខាងក្រោយ ដើម្បីជំរុញឱ្យយើងខិតខំចូលអាស៊ាន? មានកត្តា ៤ (យ៉ាង) ដែលខ្ញុំគួរចែករំលែក ហើយខ្ញុំធ្លាប់ចែករំលែកឱ្យមន្ត្រីមរបស់យើង(រួចហើយ) ជាពិសេសយុវជន (គឺនៅ)មុនពេលដែលគេទៅចូលរួមជាមួយយុវជនអាស៊ាន-ជប៉ុន នៅលើនាវាជប៉ុន-អាស៊ាន គឺខ្ញុំតែងប្រាប់គេអំពីកត្តាទាំង ៤ (យ៉ាង) ដែលទាក់ទាញឱ្យយើងចូលអាស៊ាន។

កត្តាទី (១) គឺគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង … ជាចំណុចទាក់ទាញខ្លាំងណាស់។ ប្រសិន​បើយើងមិនចូលទៅក្នុងសមាគមន៍មួយនេះ យើងនៅខាងក្រៅ ម្នាក់ឯង យើងស្ថិតនៅក្នុងស្ថានភាពឯកោនៅក្នុងតំបន់។ ចំណុចនេះ គឺជាចំណុច ដែលជាផ្នែកដ៏សំខាន់មួយ នៃទាក់ទាញយើងឱ្យចូលទៅជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន។

កត្តាទី (២) គឺជាអ្វី? នោះគឺស្មារតីសហគមន៍។ អ្វីដែលខ្ញុំចង់និយាយពីស្មារតីសហគមន៍ គឺខ្ញុំចង់និយាយអំពីរបៀបធ្វើការតាមកុងសង់ស៊ីស។ នេះគឺជាចំណុចដែលទាក់ទាញយើងឱ្យចូលអាស៊ាន។ ខ្ញុំគួរតែបង្ហាញថាឆ្នាំ២០០៧ យើងមានការបែកខ្ញែកនូវមតិ (អំពីថា)តើគួរធ្វើការតាមកុងសង់ស៊ីស ឬគួរធ្វើការទៅតាមការបោះឆ្នោត សម្លេងភាគតិច ឬភាគច្រើន? ខ្ញុំជាតួអង្គម្នាក់ក្នុងចំណោមតួអង្គដែលចូលពាក់ព័ន្ធក្នុងអាស៊ាន បន្ទាប់ពីស៊ុលតង់ប្រ៊ុយណេ គឺខ្ញុំដែលជាអ្នកមានវត្តមានយូរជាងគេ។ ពិតមែនតែកម្ពុជាជាសមាជិកក្រោយគេ ក៏ប៉ុន្តែមេដឹក​នាំគឺជាសមាជិកមុនគេ បន្ទាប់ពីស៊ុលតង់ប្រ៊ុយណេ។ ប្រហែលជា ឯកឧត្តម ហោ ណាំហុង នៅចាំ ពេលនោះ (គឺ)មានការជជែក(គ្នា)។ ឥស្សរជនដែលចូលរួមតាក់តែងនូវធម្មនុញ្ញអាស៊ាន ឥឡូវនេះដូចជា ២ នាក់ហើយបានទទួលមរណភាព មួយគឺឯកឧត្តម Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន ដែលទើបនឹងទទួលមរណភាពប៉ុន្មានថ្ងៃមុននេះ។ ឯមួយទៀត គឺខាងភាគីថៃ គឺឯកឧត្តម Surin Pitsuwan អតីតរដ្ឋមន្ត្រីការបរទេសថៃ ក្រោយមកក៏ក្លាយទៅជាអគ្គលេខាធិការអាស៊ាន។ នេះបើសិនជាខ្ញុំមិនច្រឡំ ឬក៏អាចថាខ្ញុំច្រឡំក៏ថាបាន។

ប៉ុន្តែ អ្វីដែលខ្ញុំចងចាំជាងគេ គឺកម្ពុជាមានឥស្សរជនក្មេងជាងគេនៅក្នុងការចូលរួមនោះ គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងឱ្យកម្ពុជាចូលរួមនៅក្នុងការតាក់តែងធម្មនុញ្ញអាស៊ាននេះ។ ខ្ញុំបានផ្តល់នូវយោបល់ឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថាឱ្យប្រុងប្រយ័ត្នទៅលើបញ្ហាគោលការណ៍ទាក់ទងនឹងរបៀបធ្វើការ។ បញ្ហានេះយើងបានលើកជាបន្តបន្ទាប់ ប៉ុន្តែទៅដល់(ទីក្រុង) Cebu ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ ក៏មានការលើកឡើងថា​ តើយើងគួរធ្វើតាមរបៀបម៉េច​ (យកការសំរេចតាម)ភាគតិចឬភាពច្រើន? ខ្ញុំបាននិយាយថា ប្រសិនបើយើងប្រើគោលការណ៍ភាគតិច/ច្រើន អាស៊ានរបស់យើងនឹងទទួលការបែកបាក់។ ការសម្រេចចិត្តអ្វីមួយ(ដោយ)ធ្វើការបោះឆ្នោត (នោះ) វាតែងមានសម្លេងភាគចិត/ច្រើន ដូច្នេះងាយនាំទៅដល់ការបែកបាក់។ យើងប្រើគោលការណ៍កុងសង់ស៊ីស បើទោះបីវាយឺតបន្តិច តែវាធានានូវសាមគ្គីភាពរឹងមាំនៅក្នុងចំណោមគ្រួសារអាស៊ានរបស់យើង។ ការលើកឡើងរបស់ខ្ញុំត្រូវបានទទួលយក។ បានជាមកដល់ពេលនេះ ស្មារតីសហគមន៍ដែលធ្វើការតាមកុងសង់ស៊ីសនៅតែបន្តមានតម្លៃរបស់វា ហើយនោះជាចំណុចទាក់ទាញដែលកម្ពុជាបានចូលរួមអាស៊ាន។

ឯកត្តាទី ៣ … ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញការធ្វើសមាហរណកម្ម។ គេអាចដឹងបានហើយថា នៅក្នុងអាស៊ានមានអាស៊ានចាស់និងអាស៊ានថ្មី។ អាស៊ានចាស់មានការអភិវឌ្ឍខ្ពស់ជាង និងអាស៊ានថ្មីមានការអភិវឌ្ឍទាបជាង។ ពិតមែនតែវៀតណាមបានចូលមុន ប៉ុន្តែវៀតណាមក៏ស្ថិតនៅក្នុងស្ថាន​ភាព ដែលគេចាត់ទុកថាអាស៊ានថ្មីដើរក្រោយ(គេ)ដែរ។ ឡាវ មីយ៉ាន់ម៉ានិងកម្ពុជា គឺសុទ្ធតែជាប្រទេសអភិវឌ្ឍទាប។ នៅពេលដែលយើងចូលអាស៊ានគឺយើងទទួលបាននូវការអភិវឌ្ឍ លើកកម្ពស់ខាងផ្នែកសេដ្ឋកិច្ច ពិសេសខាងផ្នែកអភវឌ្ឍន៍ធនធានមនុស្ស ដែលពេលនេះបាននឹងកំពុងបង្ហាញអំពីសមត្ថភាពរបស់កម្ពុជាទៅលើកិច្ចការអន្តរជាតិនិងតំបន់ ហើយកំពុងដំណើរការប្រជុំដោយមមាញឹក … ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម យើងចូលទៅក្នុងក្របខណ្ឌ AFTA គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន មិនមែនជាចំណុចធម្មតាពេកទេ ដែលវាផ្ដល់ឱកាសឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍពីការចូលរួមជាសមាជិកនៅក្នុងដៃគូនៅក្នុងអាស៊ានរបស់យើង។

តើកត្តាទី ៤ គឺជាអ្វី? នោះគឺជាច្រកចេញរបស់កម្ពុជាយ៉ាងធំទូលាយ។ ដោយសារអាស៊ានមានដៃគូច្រើន ដូច្នេះ ពេលដែលកម្ពុជាចូលទៅក្នុងអាស៊ានភ្លាម គឺកម្ពុជាមានដៃគូដ៏ទូលំទូលាយជាមួយនឹងដៃគូដែលមានស្រាប់ ដែលមានកិច្ចសន្ទនាជាមួយអាស៊ានបានក្លាយទៅជាដៃគូរបស់យើងផងដែរ ទាំងអឺរ៉ុប/អាមេរិក/ចិន/កូរ៉េ/ជប៉ុន និងផ្នែកផ្សេងៗទៀត។ យើងក៏ចង់អញ្ចើញភាគីអាហ្វ្រិកមកចូលរួម។ កាលពី(ឆ្នាំ)២០០២ យើងប្រជុំដំបូងក៏មានជំនួបរវាងអាស៊ាន-អាហ្វ្រិក តំណាងដោយ Thabo Mbeki អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង មកប្រជុំនៅទីក្រុងភ្នំពេញ ក្នុងក្របខណ្ឌដែលកម្ពុជាធ្វើប្រធានអង្គប្រជុំនៅពេលនោះ។

(៤) សមត្ថភាពឆ្លើយតបនិងការសម្របសម្រួលរបស់កម្ពុជា ក្នុងការប្រជុំពេញដោយប្រធានបទតឹងតែងមិនធ្លាប់មាន

ចំណុច ៤ យ៉ាងនេះ ផ្ដល់ឱកាសឱ្យយើងដើម្បីអនុវត្តន៍នូវនយោបាយក្នុងនិងក្រៅប្រទេសគួបផ្សំគ្នា ដើម្បីជំរុញដំណើរឈានទៅមុខរបស់កម្ពុជា។ ឥឡូវនេះ សមិទ្ធផលជាក់ស្ដែងកំពុងបង្ហាញប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញបានឃើញច្បាស់ អំពីការមកកាន់ទីក្រុងភ្នំពេញនៃមិត្តភក្តិនិងដៃគូរបស់យើង។ ប្រសិនបើយើងមិនចូលអាស៊ានទេ តើអ្នកទាំងនេះចាំបាច់អីមកដល់កម្ពុជា? នោះហើយជាចំណុចមួយក្នុងចំ​ណោមចំណុចដទៃទៀតនៃការសម្រេចចិត្តខាងនយោបាយរបស់ ហ៊ុន សែន វាមិនមែនជារឿងធម្មតាពេកទេ ដែលខ្ញុំចង់បង្ហាញ។

ខ្ញុំក៏គួរតែនិយាយបន្តិចថា មិត្តភក្តិរបស់យើងសុទ្ធតែមានការអធ្យាស្រ័យចំពោះយើង ដោយយល់ឃើញថា ក្នុងពេលដែលកម្ពុជាធ្វើប្រធានអាស៊ានក្នុងឆ្នាំ ២០២២ នេះ មានរឿងច្រើនដែលមិនធ្លាប់មានពីមុនមក។ សូម្បីតែរៀបចំកៅអីអង្គុយក៏ពិបាកដែរ ព្រោះឥឡូវកំពុងតែមានជម្លោះនៅអឺរ៉ុប(និង)មានជម្លោះនៅកន្លែងមួយចំនួន។ ដូច្នេះ គេមិនចង់អង្គុយជិតគ្នាក៏មាន។ មិនមែនជារឿងងាយស្រួលទេ ហើយការធ្វើសេចក្ដីថ្លែងការណ៍ក៏មិនមែនជាការងាយស្រួលដែរ។ ប៉ុន្តែ សមត្ថភាពឆ្លើយតបនិងការសម្របសម្រួលរបស់កម្ពុជា អាចធ្វើទៅបាន។

ឆ្នាំនេះ យើងបានប្រជុំរួចហើយជាមួយដៃគូមួយគឺសហរដ្ឋអាមេរិក កាលខែឧសភាកន្លងទៅ ដែលពេលនោះ ប្រ​​ជុំនៅវ៉ាស៊ីនតោន ហើយនៅពេលប្រជុំនោះ បានសម្រេចលើកកម្រិតទំនាក់ទំនងអាស៊ាន-អាមេរិក ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រ។ នេះជាចំណុចដែលយើងបានធ្វើហើយ ប៉ុន្តែក្រៅពីការប្រជុំនៅទីក្រុងភ្នំពេញនេះ (នៅ)ខែវិច្ឆិកា(ខាងមុខនេះ) យើងនៅសល់ការប្រជុំមួយទៀត ដែលយើងត្រូវធ្វើសហប្រធាន នោះគឺអាស៊ានត្រូវទៅ Brussels ទីស្នាក់ការរបស់សហភាពអឺរ៉ុប … ជាមួយនឹងសហភាពអឺរ៉ុប។ អឺរ៉ុប-អាស៊ានត្រូវធ្វើការជាមួយគ្នា។ ប៉ុន្តែ ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំបានទទួលការអញ្ជើញពីប្រទេសអភិវឌ្ឍន៍ គេហៅថា G20 ព្រោះជាទម្លាប់ប្រទេស G20 នោះ គឺត្រូវអញ្ជើញប្រធានអាស៊ានចូលរួម។ កាលពីឆ្នាំ ២០១២ ខ្ញុំត្រូវទៅ(ប្រជុំ)នៅ Los Cabos នៅ Mexico ​ដើម្បីចូលរួមក្នុងការប្រជុំប្រទេស G20 ហើយខ្ញុំក៏បានទទួលការអញ្ជើញពីប្រធាន APEC ដែល(រៀបចំការប្រជុំនៅ)ថៃ។

វាជាភ័ព្វសំណាងមួយដែលថាឆ្នាំនេះ យើងបានរៀបចំប្រតិទិនតគ្នា។ ប្រមុខរដ្ឋ(និង)ប្រមុខរដ្ឋាភិបាលនានា ដែលត្រូវមកចូលប្រជុំអាស៊ាន គឺចូលប្រជុំនៅទីក្រុងភ្នំពេញ។ បន្ទាប់ទៅ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលចេញពីភ្នំពេញ បើជាសមាជិក G20 ត្រូវទៅកោះបាលី នៅឯឥណ្ឌូនេស៊ី។ បន្ទាប់ទៅបើសមាជិក G20 ណាដែលជាសមាជិក APEC ត្រូវហោះមកបាងកក។ អញ្ចឹង ពេលនោះក៏ជាលំដាប់ ដែលខ្ញុំដឹកនាំការប្រជុំនៅទីក្រុងភ្នំពេញ ខ្ញុំក៏ត្រូវទទួលការអញ្ជើញឱ្យទៅប្រជុំ G20 នៅកោះបាលី និងបន្ទាប់ទៅគឺចូលរួមប្រជុំនៅឯ​បាង​កក នៅក្នុងក្របខណ្ឌ APEC។ ចំណុចទាំងអស់នេះបានចាប់ផ្ដើមពីអ្វី? ចាប់ផ្ដើមពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់យើងក្លាយខ្លួនជាសមាជិកអាស៊ាន។ សង្ឃឹមថា ក្មួយៗជានិស្សិត ហើយមិនមែនត្រឹមតែជានិស្សិតទេ គឺអ្នកទាំងឡាយគួរដឹងថា តើ(កត្តា)អ្វីខ្លះដែលទាក់ទាញយើងឱ្យចូលទៅក្នុងក្របខណ្ឌអាស៊ាន។

(៥) ស្នើបង្កើតលេខាធិការដ្ឋាន RCEP ដោយយកភ្នំពេញធ្វើជាទីតាំង

នៅក្នុង​ឱកាសនេះ ខ្ញុំក៏សូមការយោគយល់ពីសំណាក់ប្រជាជននៅរាជធានីភ្នំពេញរបស់យើង ដោយសារតែត្រូវបិទផ្លូវ ព្រោះគណៈប្រតិភូត្រូវធ្វើដំណើរ។ គណៈប្រតិភូមិនចេះតិចឯណា (គឺ)ជាង ២០ គណៈប្រតិភូ ដែលមកចូលរួមប្រជុំនិងគណៈប្រតិភូ ដែលមកចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ដូច្នេះ មានការស្ទះចរាចរណ៍ដោយការបិទផ្លូវដើម្បីធានាការធ្វើដំណើរ ដែលខ្ញុំយល់ថា នេះវាជាការរំខានមួយ ប៉ុន្តែវាជាកិត្តិយសរបស់កម្ពុជាខ្លួនឯងទេ។ នេះជាការចែករំលែកមួយដើម្បីឱ្យឃើញអំពីសមិទ្ធ​ផលដែលយើងរួមគ្នាកសាង ហើយក៏ជាផ្នែកមួយនៃការវាយតម្លៃរបស់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំ​ពេញ ក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជារាជបណ្ឌិត្យសភា ដែលខ្ញុំជាសមាជិកម្នាក់និងជាប្រធានកិត្តិយស បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន។ ការចែករំលែករបស់ខ្ញុំនេះ វាជាផ្នែកមួយដើម្បីការយល់ដឹងរបស់យើងទាក់ទិនជាមួយអាស៊ាន ដែលឆ្នាំនេះយើងធ្វើជាម្ចាស់ផ្ទះ ហើយយើងត្រូវបន្តតទៅទៀត​នូវការដោះស្រាយបញ្ហានានានៅក្នុងក្របខណ្ឌតំបន់របស់យើង ឱ្យក្លាយទៅជាតំបន់ដែលមានការរីកលូតលាស់។

ក្នុងពេលប្រជុំអាស៊ាន កម្ពុជាមានមហិច្ឆិតាចង់ក្លាយទៅជាទីតាំងនៃលេខាធិការដ្ឋាន RCEP ដែលមានប្រទេស ១៥ (ជាសមាជិក)។ អាស៊ាន ១០ ជាមួយដៃគូ ៥ ដែលរួមមាន ចិន/ជប៉ុន/កូរ៉េខាងត្បូង និងនូវែលសេឡង់។ យើងចង់ឱ្យមានលេខាធិការដ្ឋាន RCEP មួយដោយឡែក ហើយសុំយកភ្នំពេញធ្វើជាទីតាំងតែម្ដង។ យើង​ក៏ត្រូវធ្វើការជាមួយដៃគូអាស៊ានរបស់យើង តែយើងក៏ធ្វើការជាមួយដៃគូផ្សេងទៀត។ ខ្ញុំបានលើកជាសំ​ណើ​ជាមួយចិន(រួច)ហើយ។ (ខ្ញុំ)បានលើកសំណើជាមួយអូស្ត្រាលី(រួច)ហើយ(ដែរ)។ ស្អែកនេះ ខ្ញុំនឹង(លើក)សំណើជាមួយជប៉ុន ព្រោះស្អែកនេះនៅសល់រដ្ឋមន្ត្រីការបរទេសពីររូបទៀត គឺប៉ាគីស្ដង់ និងជប៉ុន។

(៦) ជប៉ុនផ្ដល់ឥណទានអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅ

ជប៉ុនជួបហើយ(និងបាន)ចុះហត្ថលេខាដើម្បីផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដើម្បីឱ្យមានជម្រៅទឹក ដែលអាចចូលនាវាដែលមានលំដាប់ ១ ម៉ឺន ២ ពាន់តោន។ ពេលនេះ កម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលនាវាធំៗ។ យើងត្រូវចំណាយប្រាក់កាសនិងពេលវេលាបន្ថែម ដោយសារតែការដឹកជញ្ជូនរបស់យើងបច្ចុប្បន្ននេះ ត្រូវទៅផ្ទេរនៅសាំងហ្កាពួរ។ ចូលពីកប៉ាល់តូចទៅកប៉ាល់ធំ ត្រូវផ្ទេរនៅខាងវៀតណាមឬថៃដើម្បីចូលកប៉ាល់ធំ។ (កិច្ចការទាំងនេះបានពិភាក្សាគ្នា)ជំនាន់ Abe Shinzo កាលពីគាត់នៅរស់ គាត់នៅកាន់អំណាច … គួរឱ្យសោកស្ដាយ ដែលគាត់ទទួលមរណៈភាព។ ខ្ញុំក៏នឹងចូលរួមបុណ្យសពរបស់គាត់ នៅថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះផងដែរ។ ខ្ញុំបានសំណូមពរឱ្យគាត់ធ្វើយ៉ាងម៉េចជួយបូមស្ដាបាតសមុទ្ររបស់យើង ឱ្យជម្រៅទឹកធានាឱ្យនាវាធុនធំអាចចូលមកដោយមិនមានការប៉ះថ្មខាងក្រោម។ ឥឡូវនេះ ត្រូវចុះហត្ថលេខាដើម្បីទទួលយកឥណទាននោះ ដើម្បីធ្វើឱ្យមានជម្រៅទឹកជ្រៅធានាថាកប៉ាល់ទឹកជ្រៅបានដឹក​ចេញ/ចូលដោយផ្ទាល់ ដោយមិនចាំបាច់ផ្ទេរដោយអស់ទាំងលុយ/ពេលវេលា។ ស្អែកនេះ គឺបន្ទាប់ពីការជួបគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុនហើយ យើងចុះហត្ថលេខាទទួលលុយតែម្ដង។ ថ្ងៃនេះអាស៊ាននិងដៃគូកំពុងតែប្រជុំបន្ត …។

(៧) ជំរុញកូន/ចៅ ឱ្យចូលប្រឡូកក្នុងនយោបាយ

ខ្ញុំសុំឱ្យសាកលវិទ្យាល័យត្រៀមឱ្យហើយទៅ នៅពេលដែលអស់លោកផ្ដល់កិត្តយសឱ្យខ្ញុំ សម្រាប់ការពាក់ឯកសណ្ឋានបណ្ឌិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ច្បាស់ណាស់ថានឹងមានការវាយប្រហារពីសំណាក់អ្នកដទៃ ទៅលើស្ថាប័នអប់រំនេះមួយទៀត។ បន្ទាប់ពីការវាយប្រហារស្ថាប័នអប់រំនៅទូទាំងប្រទេស គេអាចវាយប្រហារមកលើស្ថាប័នសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គេថាផ្ដល់សញ្ញាបត្រឱ្យអាល្ងង់ធ្វើអី ព្រោះប៉ុន្មានថ្ងៃនេះ គេហៅខ្ញុំអាល្ងង់។ ខ្ញុំមិនចង់យកថ្ងៃកំណើតរបស់ខ្ញុំតបតណាមួយទេ។ អស់ពីទាស់ជាមួយឪពុកវាជេរកូន។ ប៉ុន្មានថ្ងៃនេះ គេថាខ្ញុំល្ងង់ណាស់។ ខ្ញុំគ្រាន់តែនិយាយបន្តិច ប្រសិនបើ ហ៊ុន សែន ល្ងង់ ហ៊ុន សែន ក៏មិនអាចឈរជើងរហូតជាង ៤៥ ឆ្នាំ។ ប៉ុន្តែ នៅក្នុងអំណាច ៤៣ ឆ្នាំ ​ជាមួយនឹងពេលវេលាធ្វើនាយករដ្ឋមន្ត្រីជាង ៣៧ ឆ្នាំ អ្នកគិតមើលទៅ។

អ្នកអាចឆ្លើយតាមរបៀបមួយថា មកពីអ្នកឯងផ្ដាច់ការ។ តែខ្ញុំសុំសួរត្រឡប់ទៅវិញថា តើមានអ្នកណាផ្ដាច់ការជាង ប៉ុល ពត ទៀត? តែ ប៉ុល ពត ផ្ដាច់ការក៏រស់បានត្រឹមតែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃតែប៉ុណ្ណោះ។ អញ្ចឹង បើអ្នកឯងនិយាយអំពីផ្ដាច់ការ អ្នកឯងគួរតែមើលឃើញថា ផ្ដាច់ការរបស់ លន់ នល់ (និងផ្តាច់ការរបស់) ប៉ុល ពត សុទ្ធតែដួលរលំត្រឹមតែ ៣ ឆ្នាំ និង ៥ ឆ្នាំទេ។ ក៏ប៉ុន្តែ បើអ្នកឯងនិយាយពី ហ៊ុន សែន ផ្ដាច់ការ ហ៊ុន សែន អាចនៅក្នុងអំណាចជាង ៤០ ឆ្នាំ។ អ្នកឯងគួរតែត្រូវគិត។ ខ្ញុំនិយាយតាមមួយបែបទៅចុះ ដើម្បីពន្យល់ទៅដល់ប្រជាពលរដ្ឋ បើ ហ៊ុន សែន ល្ងង់ហើយ តើមនុស្សដែល ហ៊ុន សែន ប្រើបានវាជាអី?

ខ្ញុំមិនសំដៅទៅដល់អ្នកដែលនៅជាមួយខ្ញុំ ដែលមានថ្នាក់សុទ្ធតែឧត្តមសិក្សាទាំងអស់(នោះទេ) សូម្បីតែនៅក្នុងផ្ទះរបស់ខ្ញុំៗរាល់ថ្ងៃមិនមែនជាបណ្ឌិតទេ (តែ)ខ្ញុំជាឪបណ្ឌិតរួចស្រេចទៅហើយ។ ខ្ញុំក៏សង្ឃឹមខ្លួនខ្ញុំនឹងក្លាយទៅជាជីតាបណ្ឌិតតទៅទៀតដែរ។ ឥឡូវ ខ្ញុំជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំនឹងក្លាយទៅជាឪនា​យករដ្ឋមន្ត្រី។ ចៅខ្ញុំមួយឥឡូវចប់ឆ្នាំទី ១ ហើយ។ ខ្ញុំប្រាប់ថា ២០ ឆ្នាំទៀត ចៅឯងត្រូវប្រជែងយក(តំណែង)នាយករដ្ឋមន្ត្រី។ ដាក់គោលដៅឱ្យហើយ។ អត់មានថយក្រោយទេ។ ដំបូងឡើយ សូម្បីតែភរិយាខ្ញុំពេលដែលឱប​កូនមកជួបខ្ញុំនៅទីក្រុងភ្នំពេញ (នៅ)ថ្ងៃទី​ ២៤ កុម្ភៈ ១៩៧៩ គាត់មកហៅខ្ញុំទៅធ្វើស្រែវិញ ឈប់ឱ្យពាក់ព័ន្ធរឿងនយោបាយ។ ខ្ញុំបានប្រាប់គាត់ថា ខ្មែរក្រហមនៅ(សល់នៅឡើយ) ប៉ុនប៉ងវាយត្រឡប់មកវិញ ដូច្នេះមិនអាចចោលប្រជាជនបានទេ។ ខ្ញុំតែងប្រដៅកូនខ្ញុំកុំឱ្យពាក់ព័ន្ធនឹងនយោបាយ សុខចិត្តធ្វើទាហ៊ាន។ ឥឡូវនេះ វាហួសពេលហើយ។ ខ្ញុំនឹងអំពាវនាវជំរុញឱ្យកូន/ចៅខ្ញុំឱ្យចូលប្រឡូកក្នុងនយោបាយទាំងអស់។

វិលមកនិយាយ(ពីបញ្ហានេះវិញ) អ្នកឯងបានចោទ ហ៊ុន សែន ថាល្ងង់ណាស់ ប៉ុន្តែត្រង់ ហ៊ុន សែន ប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញ អ្នកឯងល្ងង់ឬក៏អី? អញ្ចឹង វាអន់ណាស់ឱ្យមនុស្សល្ងង់ប្រើបាននោះវាចប់ហើយ។ ឥឡូវ និយាយពីរឿងកែរដ្ឋធម្មនុញ្ញ។ បើអ្នកឯងថាអ្នកឯងម្ចាស់ការ លើកសំណើកែដោយគ្មានបញ្ជាពី ហ៊ុន សែន ខ្ញុំនិយាយថាបញ្ជាអញ្ចឹងទៅចុះ ព្រោះទូរស័ទ្ទទៅ សូម្បីតែថ្ងៃនោះ គឺជាថ្ងៃមាឃបូជា គឺចេញពីភ្នំអដ្ឋរស្ស មកធ្វើលិខិតភ្លាម។ អត់នៅយូរ។ ២ ម៉ោងក្រោយទទួលបានលិខិត។ តើនោះជាអ្វី? បើសិនជាខ្ញុំល្ងង់ ខ្ញុំមិនអាចប្រើក្បាលអ្នកឯងបានទេ។ អ្នកឯងត្រូវចាំកន្លែងហ្នឹង។ អ្នកឯងថាអ្នកឯងអត់បាន ហ៊ុន សែន ប្រើទេ ចុះបើអ្នកឯងថាមិនបាន ហ៊ុន សែន ប្រើ ហេតុអីបានអ្នកឯងស្នើកែរដ្ឋធម្មនុញ្ញ? ហើយធ្វើបាន។ ដល់ឥឡូវយើងកែរដ្ឋធម្មនុញ្ញ បែរជាយើងធ្វើមិនបាន។

អស់លោកបណ្ដាបក្សនយោបាយដទៃ និងអស់លោកបណ្ឌិតដទៃ គួរយល់ដឹងអំពីប្រវត្តិ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់កម្ពុជាផង មិនមែននឹកឃើញចេះតែថាចេះតែធ្វើទេ។ បំពេញនូវចន្លោះប្រហោងដែលវាត្រូវធ្វើ។ ឥឡូវ មានចំណុចពីរខ្ញុំចង់បកស្រាយកន្លែងហ្នឹង … ខ្ញុំគ្រាន់តែពន្យល់ប្រជាពលរដ្ឋឱ្យបានដឹងថា បើសិនជា ហ៊ុន សែន ល្ងង់ហើយ តើមានអ្នកណាជាអ្នកចេះទៀត? ព្រោះអ្នកចេះ ថា ហ៊ុន សែន ល្ងង់ ត្រូវបាន ហ៊ុន សែន ប្រើក្បាលវាហើយ ប្រើចំគន្លឹះធំទៅទៀត មិនមែនគន្លឹះតូចទេ។ កែពី ២/៣ មក៥០+១ គឺស្មើនឹងការប្រគល់ផែនដីឱ្យ ហ៊ុន សែន កាន់។ និយាយតាមមួយបែបទៅ។ សំណាងហើយឱ្យ ហ៊ុន សែន កាន់ ដែល ហ៊ុន សែន រក្សាសន្តិភាព និងស្ថិរភាពបានដល់រាល់ថ្ងៃ ហើយអភិវឌ្ឍប្រទេស។ បោះឆ្នោតហើយគាំងៗ ប្រព័ន្ធ ២/៣។ បើអញ្ចឹងត្រូវការ ៥០+១។ មុននឹងនិយាយថា ហ៊ុន សែន ភ្លើ/ល្ងង់ ត្រូវគិតថា បើអាល្ងង់ ឬអាភ្លើប្រើលោកឯងបានហើយ តើលោកឯងជាអ្វី? ហ្នឹងទី (១)។ បើមិនមែន ហ៊ុន សែន ជាអ្នកប្រើលោកឯងទេ ហើយលោកឯងម្ចាស់ការ ធ្វើម៉េចក៏លោកឯងហ៊ានស្នើកែរដ្ឋធម្មនុញ្ញ? ឥឡូវចោទ ហ៊ុន សែន ថាធ្វើរដ្ឋប្រហារធម្មនុញ្ញ។ អញ្ចឹង គួរតែ ២/៣ មក ៥០+១ គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញទៅវិញទេ តែមិនមែនជារដ្ឋប្រហាររដ្ឋធម្មនុញ្ញទេ នោះគឺជាការដោះដូរការជាប់គាំងខាងនយោបាយក្រោយការបោះឆ្នោត។

(៨) វិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កាការជាប់គាំងពីគណរដ្ឋមន្ត្រីត្រូវទម្លាក់ តំណែងនាយករដ្ឋមន្ត្រីទំនេរស្ថាពរ និងការកោះប្រជុំដោយព្រឹទ្ធបុរស

ឥឡូវ ខ្ញុំសុំបង្ហាញ។ ឯកឧត្តម កើត រិទ្ធ បានបកស្រាយរួចហើយ។ ប៉ុន្តែ ខ្ញុំចង់បកស្រាយបន្ថែម។ ឯកឧត្តម កើត រិទ្ធ ពន្យល់ច្បាស់ៗ និងពន្យល់ល្អបំផុតហើយ ប៉ុន្តែជួនកាលការចាប់អារម្មណ៍ទៅលើការប្រើសម្លេងឡើងចុះ ក៏អាចជាការទាក់ទាញមួយនៃការយល់ដឹងដែរ។ ខ្ញុំលើកឧទាហរណ៍ទៅលើ ចំណុចដែលវាអាចនាំទៅដល់គ្រោះថ្នាក់។ បើយើងមិនបានគិតពីឥឡូវ នោះនៅត្រង់ពាក្យថា នៅពេលដែលតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ។ ចំណុចត្រង់នេះ បូកជាមួយរដ្ឋាភិបាលត្រូវបានទម្លាក់ គ្មានការចែងនៅកន្លែងណាមួយទាល់តែសោះ។ នាយករដ្ឋមន្ត្រីស្លាប់ភ្លាម រាជរដ្ឋាភិបាលរលាយតែម្ដង។ តើយើងគួរបម្រុងទុកទេនៅកន្លែងនេះ? អញ្ចឹង បានជាមានកថាខណ្ឌមួយនិយាយដាច់ដោយឡែក ទាក់ទិនជាមួយនឹងរដ្ឋាភិបាលត្រូវទម្លាក់។

នៅក្នុងកថាខណ្ឌនោះ មាត្រានោះ អត់បាននិយាយថា (នាយករដ្ឋមន្ត្រីដែលត្រូវ)ទម្លាក់ចេញពីតំណែងហើយ តើអ្នកណាទទួលខុសត្រូវ? អញ្ចឹង នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់ ដែលគណៈរដ្ឋមន្ត្រីត្រូវទម្លាក់ នាំគ្នាដើរទៅផ្ទះ។ អញ្ចឹង អ្នកណាគ្រប់គ្រងប្រទេស? អញ្ចឹង បានយើងដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងថា គណៈរដ្ឋមន្ត្រីដែលត្រូវចេញពីតំណែងនេះ ត្រូវដឹកនាំធ្វើការងារប្រចាំថ្ងៃរហូតទៅដល់គណៈរដ្ឋមន្ត្រីមួយត្រូវបានបង្កើត។ ឥឡូវ មើលអង់គ្លេស។ នាយករដ្ឋមន្ត្រី (Boris) Johnson លាលែងពីតំណែង ហើយ ឥឡូវ​នេះ គាត់ជានាយករដ្ឋមន្ត្រីនៅចាំផ្ទះ។ គេកំពុងតែជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ អញ្ចឹង ទោះបីជាអ្នកឯងលាលែងក៏ដោយ តែអ្នកឯងត្រូវតែនៅចាំផ្ទះសិន រហូតដល់(បង្កើតបាន)គណៈរដ្ឋមន្ត្រីមួយ ដើម្បីទទួលខុសត្រូវដឹកនាំបន្ត។ តើរដ្ឋធម្មនុញ្ញយើងបានចែងទេកន្លែងនេះ? អត់ទាន់មានចែងទេ។ គណៈរដ្ឋមន្ត្រីដែលត្រូវទម្លាក់អត់មានចែងទាល់តែសោះ។

ឥឡូវ និយាយពីតំណែងនាយករដ្ឋមន្ត្រី ដែលនៅទំនេរជាស្ថាពរ។ មានស្ថានភាពពីរបែប។ ស្ថានភាពមួយ គឺ នាយករដ្ឋមន្ត្រីស្លាប់តែម្ដង។ អញ្ចឹងបានជាចែង(ថាតំណែង)នាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនៅទីនេះ នៅក្នុងរដ្ឋធម្មនុញ្ញ គឺគ្រោះថ្នាក់ខ្លាំងណាស់ ដែល(យើង)មិនទាន់បានបំពេញបន្ថែម ដោយសារតែវាបង្កើតឡើងនូវស្ថាន​ភាពច្របូកច្របល់(នៅពេល)គ្មានរដ្ឋាភិបាលតែម្ដង។ គ្រាន់តែនិយាយថា បើតំណែងនាយករដ្ឋមន្ត្រីទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយនឹងត្រូវរៀបចំឡើងវិញ (សួរថា)អ្នកណាទទួលបន្ទុករៀបចំ? អញ្ចឹង បានជានៅកន្លែងនេះ ប្រសិនបើនាយករដ្ឋមន្ត្រីស្លាប់ ឧបនាយករដ្ឋមន្ត្រី ដែលបានទទួលបានការតែងតាំងឱ្យធ្វើជានាយករដ្ឋមន្ត្រីស្ដីទី ត្រូវទទួលខុសត្រូវដឹកនាំការងារប្រចាំថ្ងៃ ដើម្បីមុនពេលដែលរដ្ឋាភិបាលថ្មីចូលកាន់តំណែងជំនួស គឺមិនឱ្យមានការខ្វះខាតទៅលើកន្លែងនេះទេ។ បំពេញចន្លោះដែលនៅខ្វះខាត។ ហ្នឹងចំណុចទំនេរជាស្ថាពរដោយសារការស្លាប់។ ឥឡូវ សាកល្បងមើល ឧទាហរណ៍ថា ខ្ញុំចេញពីនេះទៅស្លាប់ បើមិនរត់ជាន់ជើងគ្នា (ខ្ញុំ)ថ្វាយបង្គំ។ ពេលហ្នឹងអ្នកណាខ្លាំង អ្នកនោះឈ្នះ ព្រោះឥឡូវរដ្ឋធម្មនុញ្ញមានទាន់ចូលជាធរមានពីអង្កាល់? អាហ្នឹងជាចំណុចដែលត្រូវមើលឃើញ។

ឯតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរមួយទៀតនោះ គឺនាយករដ្ឋមន្ត្រីលាលែងពីតំណែង អត់បានចែងក្នុងរដ្ឋធម្មនុញ្ញទេ។ និយាយរួម តំណែងក្នុងរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ ទាំងស្លាប់ និងលាលែង គឺអត់ទាន់មានចែងទាល់តែសោះ។ មានអ្នកខ្លះលើកឡើងថា នាយករដ្ឋមន្ដ្រីលាលែង ដាក់ទៅប្រធានសភា។ គេចង់ថា(ដាក់ត្រឹម)សភាទេ ដើម្បីអនុវត្ដន៍សភានិយម។ ប៉ុន្ដែ អ្នកកុំភ្លេចថា ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ បើប្រមុខរដ្ឋអ្នកតែងតាំង អ្នកត្រូវ​ដាក់សំណើលាលែងទៅអ្នកតែងតាំង គឺព្រះមហាក្សត្រ គឺប្រមុខរដ្ឋ ហើយចម្លងទៅសភា។ គេថា បើទៅស្ដេច​ត្រង់អញ្ចឹង គឺបាត់តួនាទីសភា។ អត់ដូចនោះទេ។ សភាអត់មានបាត់តួនាទីអ្វីទាំងអស់។ ពីដើមគ្រាន់តែធ្វើស្រោមសំបុត្រ​ តែងតាំងនាយករដ្ឋមន្ដ្រីដោយមានការឯកភាពពីប្រធានសភានិងអនុប្រធានទាំងពីរបស់សភា។

យើងដាក់​សំណួរអញ្ចេះ។ ប្រធានសភា និងអនុប្រធានសភាចេញពីណា? ចេញពីគណបក្សសម្លេងភាគច្រើនដដែល។ ប៉ុន្ដែ ប្រទេសដទៃគេមិនតាមរបៀបយើងអញ្ចឹងទេ។ (ឧទារហណ៍៖) អង់គ្លេស ពេលដែលនៅសល់តែបេក្ខជនតែ ២ នាក់​​ អតីតរដ្ឋមន្ដ្រីហិរញ្ញវត្ថុ និងអតីតរដ្ឋមន្ដ្រីការពារជាតិ … នៅពេលខាងមុខមានលទ្ធភាពចេញ​មក​តែពីរទេ គឺមួយនាយករដ្ឋមន្ដ្រីដែលជាជនជាតិអាស៊ី (និង)មួយទៀតជានាយករដ្ឋមន្ដ្រីជាស្ដ្រី។ ឥឡូវ ការស្ទង់មើលការបោះឆ្នោត​ចេញពីអង្គបោះឆ្នោតមួយ ដែលមានមនុស្ស ២០ ម៉ឺននាក់។ អញ្ចឹង វាខុសពីស្ថានភាពនៃការ​បោះឆ្នោតដែលចេញពីសភា ដែលមុននេះ អតីតរដ្ឋមន្ដ្រីហិរញ្ញវត្ថុមានប្រៀបរហូតគ្រប់ជុំនៃការបោះឆ្នោតជម្រុះ។ ប៉ុន្ដែ ចូលទៅការបោះឆ្នោតចេញពីសមាជិកបក្សវិញ ប្រហែលជាអតីតរដ្ឋមន្ដ្រីការបរទេស ដែលជាជនជាតិដើមរបស់​អង់គ្លេស អាចនឹងឈ្នះ(តំណែង)ជានាយករដ្ឋមន្ដ្រី។ បើកើតឡើងនូវស្ថានភាពនោះ អង់​គ្លេសធ្លាប់បានឆ្លងកាត់អតីត​នាយករដ្ឋមន្ដ្រីជាស្ដ្រី ៣ រូប គឺលោកស្រី Margaret Thatcher, Theresa May និងឥឡូវមកដល់អតីតរដ្ឋ​មន្ដ្រីការបរទេស។ រង់ចាំ(ស្ថានការបោះឆ្នោត)នៅអង់គ្លេស តែកាលណាបក្សគេឈ្នះហើយ គេទៅចូលគាល់ម្ចាស់​ក្សត្រី Elizabeth II រួចហើយនាយករដ្ឋមន្ដ្រីទទួលតែងតាំងរួចស្រេច។ មានតែប៉ុណ្ណឹង។

បើនៅម៉ាឡេស៊ី ឆ្នាំទៅព្រះមហា​ក្សត្រម៉ាឡេស៊ីហៅទៅសម្ភាសផ្ទាល់តែម្ដង ព្រោះអ្នកនេះ/នោះក៏អះអាងថាសម្លេងភាគច្រើន។ ព្រះមហាក្សត្រព្រះអង្គអត់មានទៅតាមសភាអីទេ ហៅទៅតែម្ដង គាំទ្រអ្នកណា? … អញ្ចឹង ព្រះអង្គមើលឃើញថា ក្នុងចំណោមតួអង្គបីរូប មានមួយរូបនេះសម្លេងភាគច្រើន។ អញ្ចឹង ព្រះអង្គគាំទ្រតែម្ដង។ បន្ទាប់ទៅទើបឆ្លងកាត់(សភា)។ ដូចជានៅថៃ តែងតាំងជានាយករដ្ឋមន្ដ្រីបានហើយ រដ្ឋមន្ដ្រីគឺអត់មានការបោះឆ្នោតចេញពីសភាទេ។ ប៉ុន្ដែ (នៅកម្ពុជា)យើង តួនាទីសភាគ្របដណ្ដប់ ពិតមែនតែព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ដ្រី ប៉ុន្ដែអ្នកតែងតាំងរដ្ឋាភិបាលគឺរដ្ឋសភា។ អ្នករំលាយរដ្ឋាភិបាលគឺរដ្ឋសភា បើរដ្ឋសភាមិនបោះឆ្នោតផ្ដល់ការទុកចិត្តទេ ព្រះមហាក្សត្រតែងតាំងក៏អត់មានសុពលភាពទេ ព្រោះនាយករដ្ឋមន្ដ្រីនាំ​សមាជិករាជរដ្ឋាភិបាលទៅដោយមិនទទួលបានការទុកចិត្តពីសភាផង។ អញ្ចឹង តើបាត់បង់តួនាទីសភាទៅណាអស់លោក? ឬអស់​លោកគ្រាន់តែនិយាយឱ្យលឺ? ហើយអស់លោកកុំគិតស្មានថា អស់លោកមានសញ្ញាបត្របណ្ឌិត ហើយគេមិនចេះ … យើងខ្ញុំមិនមែនគ្រាន់តែជាអ្នក​អនុវត្ដ ក៏ប៉ុន្ដែយើងខ្ញុំជាអ្នករួមបង្កើតច្បាប់​និងរដ្ឋធម្មនុញ្ញ។

អស់លោកថារង់ចាំបន្ដិចទៀតធ្វើប្រជាមតិ។ ចុះកាលពីមុនធ្វើមួយគគោកម៉េចមិន(ធ្វើ)ប្រជាមតិ​ផង​? ឥឡូវ កំពុងកូវីដ-១៩ ផងស្អីផង ធ្វើឱ្យលឿនទៅវាឆាប់(ចប់)។ ហើយធ្វើលើកនេះ ប្រហែលជាលើកចុងក្រោយហើយ ​ ដើម្បីបំពេញចន្លោះប្រហោងដែលនៅខ្វះ។ សូម្បីព្រឹទ្ធបុរសក៏យើងបានគិតដែរ។ គ្រាន់តែព្រឹទ្ធបុរស ឧទាហរណ៍សភាប្រជុំដំបូងក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស​។ ប៉ុន្ដែ បើយើងដាក់(ដោយចំហរ) បញ្ហាព្រឹទ្ធបុរស(វា)ជាចំណាប់(ខ្មាំង)ឱ្យសភា ដាក់សភាឱ្យក្លាយជាចំណាប់ខ្មាំងរបស់ព្រឹទ្ធបុរស។ តើសភាពការណ៍វាយ៉ាងម៉េច? វាជាសភាពការណ៍សុញអំនាចតែម្ដង។ ឧទាហរណ៍៖ ព្រឹទ្ធបុរសនោះចេញពីបក្សប្រឆាំង។ អញ្ចឹង អត់ព្រមដឹក​នាំ​ការប្រជុំសភា តើធ្វើម៉េច? អញ្ចឹង ​បានជាក្នុងកថាខណ្ឌនោះមាននិយាយច្បាស់ “ព្រឹទ្ធបុរសសំដៅលើអ្នកដែលមាន​អាយុច្រើនជាងគេ” ប៉ុន្ដែទាល់តែអ្នកឯងចូលធ្វើការ។ បើមិនចូលធ្វើការ អ្នកចូលធ្វើការត្រូវដឹកនាំការប្រជុំហើយ។ សួរថា តើធ្វើនេះដើម្បីអ្វីទៅ? ឧទាហរណ៍៖ គណបក្សដែលមានសម្លេងភាគច្រើន អាយុសមាជិកសភាតិចជាងបក្សប្រឆាំង ដែលមានសម្លេងត្រឹមបួន, ដប់, ម្ភៃកៅអី។ តែពួកនេះងិកង៉ក់មិនព្រមប្រជុំ ដាក់លក្ខខណ្ឌអញ្ចេះ/អញ្ចុះ ទើបកោះប្រជុំបាន។ ដូចជំនាន់ ២/៣ ទាល់តែទារបានប៉ុណ្ណេះទើបព្រមធ្វើ។ អញ្ចឹងធ្វើម៉េច? អញ្ចឹង ត្រូវចង​ក្នុងរដ្ឋធម្មនុញ្ញឱ្យហើយ កុំឱ្យគាំង។ តើនេះជាឧត្តមផលប្រយោជន៍ជាតិ ឬគេថាវិធីស្នងត្រកូលរបស់ ហ៊ុន សែន។

មិនបណ្តុះបណ្តាលកូនមកអោយធ្វើចោរ, ខួប ១០ ឆ្នាំនៃការយាងចូលទីវង្គត់ព្រះបិតាជាតិ, រៀនសូត្រមួយជីវិត

ខ្ញុំសូមបញ្ជាក់ទៅវិញថា ខ្ញុំមិនបណ្ដុះបណ្ដាលកូនឱ្យធ្វើមេចោរទេ។ ខ្ញុំស្វាគមន៍កូនអ្នកឯងចូលរួម។ ខ្ញុំលើកទឹកចិត្តកូនអ្នកឯង។ ខ្ញុំសរសើរកូនអ្នកឯង។ ត្រង់អ្នកឯងវ៉ៃកូនខ្ញុំ វាអន់ណាស់។ មនុស្សចាស់ទាស់ជាមួយកូនក្មេង​នោះ។ វាយ៉ាប់ពេក។ ខ្ញុំមិនចង់យកពេលវេលានៃថ្ងៃ(កំណើត)របស់ខ្ញុំ(ទៅនិយាយ) ប៉ុន្ដែខ្ញុំគួរតែបកស្រាយ។ ថ្ងៃប្រជុំសភា​ខ្ញុំមិនបកស្រាយទេ ព្រោះបានទុកតួនាទីឱ្យ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន និង កើត រិទ្ធ ជាតំណាងរដ្ឋាភិបាល។ ឯ​ខ្ញុំចង់បកស្រាយនៅខាងក្រៅវិញ ដើម្បីបញ្ជាក់បន្ថែមលើតម្រូវការនៃរដ្ឋធម្មនុញ្ញ ដើម្បីចៀសវាងការជាប់គាំងណាមួយជាយថាហេតុ ហើយគ្រោះថ្នាក់ណាស់។

ស្អីក៏ទើសៗ រាប់ទាំងខ្ញុំកែអាយុនេះក៏ទើសខ្ញុំដែរ។ ខ្ញុំថ្ងៃមុនបើក(វិទ្យុ/ទូរទស្សន៍)ទៅស្រាប់តែ(គេ)ថាលោក ហ៊ុន សែន កែអាយុនេះបង្កើតតែរឿងរវល់ឱ្យគេឱ្យឯង។ ខ្ញុំថា ខ្ញុំគ្រាន់តែសុំរបស់ខ្ញុំមកវិញ​មានអីខុស? ថ្ងៃកំណើតខ្ញុំចំថ្ងៃទី ៥ សីហា ១៩៥២ ចំថ្ងៃអង្គារ៍ ហើយបើគិតតាមឆ្នាំខ្មែរ យើងចំថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ព.ស ២៤៩៦ ដល់តែយើងកែ គេថាកែ(បង្កើតរឿង)នាំរវល់គេរវល់ឯង។ ទេ! ខ្ញុំកើតមក ខ្ញុំត្រឡប់ទៅវិញ កូនចៅខ្ញុំឱ្យវាដឹងថាខ្ញុំអាយុប៉ុន្មានពិតប្រាកដដើម្បីថ្ងៃក្រោយវាធ្វើបុណ្យឱ្យខ្ញុំ។

ឆ្នាំនេះយើងត្រូវធ្វើបុណ្យម្ខាងខួប ១០ ឆ្នាំ នៃការយាងចូលទិវង្គត់របស់ព្រះបិតាជាតិ ម្ខាងទៀត​ជាខួប ១០០ ឆ្នាំ នៃការប្រសូតរបស់ព្រះអង្គ។ ឆ្នាំក្រោយដល់ឪ(ពុក)ខ្ញុំម្ដង។ ឆ្នាំក្រោយ (ឆ្នាំ)២០២៣ ខួប ១០ ឆ្នាំ នៃមរណភាពរបស់ឪ(ពុក)ខ្ញុំ និងខួប ១០០ ឆ្នាំ នៃថ្ងៃកំណើតឪ(ពុក)ខ្ញុំ។ ព្រះករុណាព្រះបិតា និងឪពុកខ្ញុំគាត់បងគ្នា ១ ឆ្នាំ ហើយក៏ចូលទិវង្គត់ និងចែកឋានមួយឆ្នាំមុន(គ្នា) ខុសត្រូវខែតែបន្ដិចទេ។ ហាក់ដូចជាឪពុកខ្ញុំទៅតាមដង្ហែព្រះករុណានៅទីស្ថានណាក៏មិនដឹង។ គ្រាន់តែរឿងប៉ុណ្ណឹងក៏វាទាស់(ទើស)ដែរ។ អញ្ចឹង បានខ្ញុំថា សាកលវិទ្យា​ល័យភូមិន្ទភ្នំពេញ ត្រៀមខ្លួនឱ្យហើយ គេវ៉ៃស្ថាប័នហ្នឹងហើយ គេវ៉ៃបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ហ្នឹងទៀត ថាអាមួយហ្នឹងរៀបរាប់ អំពីគុណសម្បត្ដិរបស់ ហ៊ុន សែន អីក៏ច្រើនខ្លាំងម្លេះ? រៀនសូត្រមួយជីវិត អាហ្នឹងជាទម្លាប់របស់ខ្ញុំ។ ហើយខ្ញុំមិនចុះញ៉ម មិនភា្លត់ភ្លាំងទេជាមួយការរៀនសូត្រ។ អញ្ចឹង បានពេលវេលាខ្លះ ជាពេលវេលានៃការរៀន។ អញ្ចឹង បានជាខ្ញុំអំពាវនាវឱ្យមនុស្សទាំងអស់យកចិត្តទុកដាក់។

បន្ដអំពាវនាវឱ្យអនុវត្ដន៍ “៣កុំ ៣ការពារ” និងទៅចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់គ្នា

អ្វីដែលជាការអំពាវនាវរបស់ខ្ញុំថ្ងៃនេះ គឺបន្ដការខិតខំទប់ស្កាត់កូវីដ-១៩។ អំពាវនាវឱ្យប្រជាពលរ​ដ្ឋ​របស់យើងអនុវត្ដ “៣កុំ ៣ការពារ” និងអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងបន្ដ(ទទួល)យកវ៉ាក់សាំង។ ក្មួយៗជាសិស្សសាលាប្រមាណជាជិត ៤ លាននាក់ ត្រូវដាក់ជាក្រុមអាទិភាពទទួលវ៉ាក់សាំងដូចជា​កងកម្លាំងប្រដាប់អាវុធ។ កូនគេមករៀននៅសាលា … អាឆ្លងវាឆ្លងហើយ តែវាមិននាំទៅដល់សភាពធ្ងន់ធ្ងរ នៅពេលដែលយើងទទួលបានវ៉ាក់សាំងពេញលេញ គឺភាពធ្ងន់ធ្ងរអត់មានទេ។ ឆ្នាំទៅខ្ញុំបានឱ្យធ្វើក្ដារមឈូសជាង ១ ម៉ឺន (និង)ត្រៀមបច្ឆា/ដីកប់។ ប៉ុន្ដែ ជាភ័ព្វសំណាង ដែលយើង​រួមគ្នាធ្វើបានប៉ុណ្ណឹង។ មានអ្នកខ្លះថា ខ្ញុំប្រមាថអាយុជីវិតប្រជាជន។ ប៉ុន្ដែមានឃើញទេ ប្រទេសខ្លះទុកឱ្យប្រជាជនដេកតាមឥដ្ឋការ៉ូ។ ប្រទេសខ្លះរកកន្លែងកប់ខ្មោចមិនបានទេ ហើយកប់ដាក់ជាន់ៗគ្នា។ ប្រទេសខ្លះរុំយកទៅដុត។ ប៉ុន្ដែ ខ្ញុំមិនឱ្យប្រជាជនខ្មែរមានភាពអាណោចអាធ័មបែបនោះទេ។ អ្នកដែលបានទទួលមរណភាពហើយ យើងទទួលខុសត្រូវទាំងស្រុងទៅលើការបញ្ចុះ/បូជា បូកបន្ថែមដោយយើងមានប្រាក់សម្រាប់ក្រុមគ្រួសារបន្ថែមទៀត​។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅបន្ដ ដោយចំណាយ ៤០ លានដុល្លារ/ខែ ដើម្បីជួយប្រជាពលរដ្ឋ

ឥឡូវនេះ យើងកំពុងបន្ដចិញ្ចឹមប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីកូវីដ-១៩ (និង/ឬទទួល)រងផលប៉ះពាល់​ដោយអតិផរណា ដោយក្នុងមួយខែយើងចំណាយប្រមាណ ៤០ លានដុល្លារ … ខ្មែរ​ក្រ ប៉ុន្ដែខ្មែរយកចិត្តទុកដាក់ដល់ការរស់រានរបស់ប្រជាជន។ កម្មករឥឡូវមិនមានបញ្ហាទៀតទេសម្រាប់ឧស្សាហកម្ម។ នៅសល់តែកម្មករ​​សណ្ឋាគារសៀមរាបតែប៉ុណ្ណោះ ដែលយើងត្រូវផ្ដល់ប្រាក់ឱ្យគាត់ប្រចាំខែ។ កម្មវិធីសង្គម សម្រាប់អ្នកមានផ្ទៃពោះ ចាប់ពីមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំ យើងនៅតែអនុវត្ដន៍ធម្មតា។ កម្មវិធីជួយ​កម្មការិនី ដែលឆ្លងទន្លេ យើងនៅបន្ដផ្ដល់ធម្មតា បន្ថែមពីនោះ យើងនៅបន្ដជួយមនុស្សជិត ៣ លាននាក់ បន្ថែមទៀត ដែលមិនឱ្យគាត់ស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងកាលៈទេសៈ នៃ(វិបត្តិ)កូវីដ​-១៩ និងអតិផរណានេះ។

ផ្នែកសុខាភិបាលត្រូវតាមដានឱ្យជាប់ទៅលើបញ្ហាជំងឺអ៊ុតស្វា

អំពាវនាវឱ្យយកចិត្តទុកដាក់ពីឥឡូវទៅលើបញ្ហាជំងឺអ៊ុតស្វាដែលត្រូវការពារ (និង)ផ្នែកសុខាភិបាលសូមតាមដានឱ្យជាប់។​ មានមួយនោះរត់ចេញពីភូកេតប្រទេសថៃ រត់ចូលមកដល់ស្រុកខ្មែរ។ ឥឡូវ ព្យាបាលមិនទាន់ជាទេ។ លោកជំទាវ យក់ សម្បត្ដិ ក្រែងបានទទួលតេស្ដ ដូចជា ៥០០ តេស្ដ សាកយករបស់រុស្ស៊ីទៅធ្វើតេស្ដមើល ព្រោះអាហ្នឹងប្រភេទថ្មីរបស់គេ។ ព្យាបាលហើយនៅតែឃើញវិជ្ជមានដដែល។ យើងកំណត់ភាពវិជ្ជមាន បើកូវីដ-១៩ វាស្រួលរក។ ឥឡូវ អូមីក្រុងរបស់យើង ដែលកើនឡើងថ្មីនេះ (SARS-CoV-2) Omicron BA.2 និង Omicron BA.4/BA.5 ដែលវាឆ្លងលឿន។ ចាប់ពីអាល់ហ្វា ដែលតា មកអូមីក្រុង ដែលអាពូជមុនវាខ្សោយ ដល់អាពូជនេះវារាងខ្លាំងបន្ដិច។ ហ្នឹងទាល់តែយើងរួមគ្នាដើម្បីដោះស្រាយ។ ខ្ញុំសង្ឃឹមថា អ្វីដែលជាការនិយាយរបស់ខ្ញុំមិនបង្កើតជាការធុញថប់សម្រាប់អ្នកចូលរួមនៅទីនេះ។ នេះមិនមែនជាពេលវេលាធ្វើបឋកថាទេ ប៉ុន្ដែជាការចែករំលែកនូវបទពិសោធន៍/ការចងចាំជាមួយដំណើររឿងពាក់ព័ន្ធនឹងអាស៊ានផង និងរដ្ឋធម្មនុញ្ញផង …។

(៩) ស្នើពិចារណាឡើងវិញពីការដាក់ទណ្ឌកម្មរុស្ស៊ី និងតើកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុនៅមានតម្លៃអ្វី

ឯរឿងនៃការពិភាក្សានៅក្នុងក្របខណ្ឌអាស៊ាន ទុកលទ្ធភាពឱ្យអាស៊ាននាំគ្នាធ្វើ។ ការចេញសេចក្ដីថ្លែងការណ៍របស់ប្រធាន​អាស៊ាន ឬអាស៊ានទាំងមូលយ៉ាងណានោះ គឺបន្ដទៅទៀត … ពិតហើយមានការផ្សាយខ្លះៗ គឺមានចំណុចដែលខ្ញុំបានស្នើទាំងអឺរ៉ុប/អាមេរិក ឱ្យពិនិត្យមើលវិធានការទណ្ឌកម្ម។ យើងដឹងច្បាស់ហើយថា បញ្ហាវាចាប់ផ្ដើមពីរុស្ស៊ី​ចូលទៅអ៊ុយក្រែន គឺសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ផ្ដើមពីមូល​ហេតុនោះ គឺចាប់ផ្ដើម(មានការ)ដាក់ទណ្ឌកម្ម។ ដល់ទណ្ឌកម្មនេះ វាបង្កើតវិបត្ដិមិនមែនតែនៅរុស្ស៊ីឯណា វិបត្ដិនៅអ៊ឺរ៉ុបខ្លួនឯង និងវិបត្ដិនៅយើង ដែលកំពុងឡើងថ្លៃប្រេងនេះ។ បានជាស្នើឱ្យមានការពិចារណាឡើង​វិញពីបញ្ហាហ្នឹង។ ធ្វើយ៉ាងម៉េចកាត់បន្ថយនូវផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោក។ រឿងហ្នឹងត្រូវបានផ្សព្វផ្សាយ។

រឿងនេះ ត្រូវបានគិតគូរដោយប្រទេសតូចមួយ តែស្មើភាពស្មើសិទ្ធិ។ អ្នកមានសិទ្ធិនិយាយ ខ្ញុំក៏មានសិទ្ធិគិតគូរនិងនិយាយដែរ។ មានឱកាស​និយាយហើយត្រូវតែនិយាយ ពីព្រោះជួបមុខផ្ទាល់នឹងអនុប្រធានគណៈកម្មាការអឺរ៉ុប ដែលទទួលបន្ទុកកិច្ច​ការបរទេសនិងសន្ដិសុខ។ គាត់បានទទួលស្គាល់ថា ឥឡូវបានកាត់បន្ថយការប្រើប្រាស់ឧស្ម័នប៉ុន្មានភាគរយៗនៅអឺរ៉ុប​ ហើយនេះមិនទាន់ដល់រដូវត្រជាក់ផង ទម្រាំដល់រដូវត្រជាក់គិតយ៉ាងម៉េច? រុស្ស៊ីផ្គត់ផ្គង់ឱ្យតែ ២០% ទេ បើរុស្ស៊ីកាត់ទាំងអស់មិនរងាស្លាប់ហើយ? ច្បាស់ជាកាប់អុសដុតហើយ។

ខ្ញុំបានលើកបញ្ជាក់ថា តើមានន័យអ្វីតទៅទៀតរឿងកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុ ដែលពិភពលោកបានប្រកាសថា ឈប់បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម? កាលដែលប្រជុំនៅអង់គ្លេស នាំគ្នាប្រ​កាស(ថា) នាំគ្នាបញ្ឈប់ការផលិតអគ្គិសនីដើរដោយធ្យូងថ្ម។ ប៉ុន្តែ អឺរ៉ុបខ្លួនឯងឥឡូវនេះប្រើធ្យូងថ្មហើយ ដោយសារតែវាអត់ឧស្ម័នផ្គត់ផ្គង់ចេញពីរុស្ស៊ី។ អញ្ចឹង បើអឺរ៉ុបប្រើប្រាស់ធ្យូងថ្ម កន្លែងដទៃក៏អាចប្រើប្រាស់ធ្យូងថ្ម។ បើអញ្ចឹងចំណុចចុងក្រោយ ដែលគេយកចិត្តទុកដាក់ខ្លាំងជាងគេ គឺការប្រែប្រួលអាកាសធាតុ (ដូច្នេះ) អាកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុ ដែលការសន្យាឈប់ផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្មមានន័យអ្វីទៀត? នេះជាសេរីភាព នៃការគិតគូររបស់យើង។

ប្រហែលជាអ្នកដែលកំពុងស្តាប់ពេបជ្រាយខ្ញុំ ថាខ្ញុំអាល្ងង់ទៀត។ បាន! អ្នកថាខ្ញុំល្ងង់ក៏ថាបាន ថាខ្ញុំចេះក៏ថាបាន ព្រោះមិនខ្វះអ្នកដែលនិយាយថា ខ្ញុំដឹកនាំដោយឈ្លាសវៃអញ្ចេះអញ្ចុះ។ អ្នកនិយាយតែម្នាក់ តែដប់អ្នកផ្សេងទៀត(គេយល់ឃើញផ្សេងពីអ្នក)។ អ្នកគួរតែទទួលស្គាល់ថា ខ្ញុំគ្រាន់បើជាងអ្នក ទើបខ្ញុំប្រើអ្នកបាន។ បើខ្ញុំប្រើអ្នកបានហើយៗ អ្នកថាខ្ញុំល្ងង់ទៀត មានន័យថា អ្នកល្ងង់ក្រោមអាល្ងង់។ វាមានតែអញ្ចឹង … ជាការបកស្រាយមួយដើម្បីការយល់ដឹងចំពោះសាធារណមតិ។ ដូច (ហ៊ុន) ម៉ាណែត ថា គេកំពុងចោទគាត់នៅក្នុងតុលា​ការ​ប្រជាជន។ យើងចាត់ទុកគេថាអ្នកចេះទៅចុះ ឯយើងអ្នកល្ងង់ក៏ទទួលបាន ប៉ុន្តែរវាងអ្នកល្ងង់ និងអ្នកឆ្លាត គេមើលតាមរយៈលទ្ធផល។ ​វានៅត្រង់ហ្នឹងទេ។ បើអ្នកឯងដាក់ដើមទុនមួយជីវិតធ្វើអ្នកនយោបាយ ហើយសូម្បីតែកន្លែងឈរជើងក៏ឈរមិនបានផង តើអ្នកឯងជាស្អីទៅវិញ? ភាពឈ្លាសវៃរបស់អ្នកឯងនៅកន្លែងណា?

សុំទោសដែលខ្ញុំនិយាយរឿងអស់ទាំងនេះ ហើយក៏ជាថ្ងៃខួបកំណើតរបស់ខ្ញុំ ដែលខ្ញុំសូមអរគុណជាមួយនឹងការផ្តល់កិត្តិយស។ ខ្ញុំជ្រើសរើសយកថ្ងៃនេះ គឺខ្ញុំយកថ្ងៃហុងស៊ុយខ្ញុំដែរ។ ថ្ងៃកំណើតខ្ញុំវាចំថ្ងៃសុក្រ តែបើសិនថ្ងៃកំណើតខ្ញុំវាចំថ្ងៃអង្គារ៍ ក៏ខ្ញុំយកដែរ ព្រោះខ្ញុំកើតថ្ងៃ​អង្គារ៍។ ប៉ុន្តែ បើថ្ងៃអាទិត្យ ខ្ញុំអត់យកទេ ព្រោះ(ថ្ងៃ)អាទិត្យ ចុះរណ្តៅ,​ (ថ្ងៃ)ចន្ទ ចុះផ្លូវ, (ថ្ងៃ)អង្គារ៍ ចុះភ្លើង, (ថ្ងៃ)ពុធ ចុះភូមិ, (ថ្ងៃ)ព្រហស្បតិ៍ ចុះព្រៃភ្នំ, (ថ្ងៃ)សុក្រ ចុះដំណេក, (ថ្ងៃ)សៅរ៍ ចុះទឹក។ ត្រូវចាំអាហ្នឹង។ ខ្ញុំជ្រើសរើសវិធីដើររបស់ខ្ញុំតែ ៣ ថ្ងៃទេ (ដែល)ភាគច្រើនខ្ញុំធ្វើដំណើរ។ ទី (១) ថ្ងៃចន្ទ។ ទី (២) ថ្ងៃពុធ។ ទី (៣) ថ្ងៃសុក្រ។ អញ្ចឹង បានជាខ្ញុំជ្រើសរើសយកថ្ងៃហ្នឹង ហើយវាគាប់ជួនគេរៀបចំកម្មវិធីខាងផ្នែកអាស៊ាននោះ … កម្មវិធីថ្ងៃហ្នឹងអត់មានពាក់ព័ន្ធជាមួយខ្ញុំទេ អញ្ចឹង បានជាខ្ញុំមានឱកាស(មកចូលរួមនៅថ្ងៃនេះ)។

ថ្ងៃនេះ ក្មួយៗនិស្សិត ដែលមកចូលរួម ចំនួន ២៨៧ ​នាក់ សូមជូន(ថវិកា)ម្នាក់ៗ (ចំនួន) ៥ ម៉ឺនរៀន។ បុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៤៣០ នាក់ ក្នុងម្នាក់ៗសូមជូនថវិកា​ (ចំនួន) ១០ ម៉ឺនរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងពិធី សូមជូនថវិកា ចំនួន ៣ លានរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថវិកាចំនួន ១០ លានរៀល។ ជាមួយនឹងការថ្លែងអំណរគុណ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ សម្រាប់រូបខ្ញុំៗសូមយកឱកាសនេះ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក/ស្រី ក្មួយៗនិស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ ​អាយុ វណ្ណៈ ​សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ