សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ សាលាភូមិន្ទរដ្ឋបាល

CNV: 13 ខែ​មិថុនា, 2022

(១) ឈ្នះសមរភូមិ Delta, Alpha និង Omicron ក្នុងសង្គ្រាមកូវីដ-១៩ … បើកដំណើរការឡើងវិញតាមគន្លងថ្មី

ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីចែកសញ្ញាប័ត្រសម្រាប់បិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០ និង ២០២១ ១៧៣៣ នាក់ ជាមួយនឹងការបើកវគ្គបណ្តុះបណ្តាលថ្មីសម្រាប់សិស្សចំនួន ៦៦៥ នាក់។ ពិធីនេះ យើងបានអាក់ខានធ្វើសម្រាប់ឆ្នាំ ២០២១ ក៏ប៉ុន្តែយើងបានវិលត្រឡប់មកធ្វើនៅក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីយើងគ្រប់​គ្រង​បាននូវជំងឺ កូវីដ-១៩។ ជំងឺនេះវាមិនទាន់ចប់នៅឡើយទេ។ យើងក៏នៅបន្តការប្រុងប្រយ័ត្ន ប៉ុន្តែយ៉ាងហោចណាស់ យើងបានដោះស្រាយបញ្ហាមួយជំហាន។ បានសេចក្តីថា បើយើងប្រៀបធៀបរវាងសង្គ្រាមនិងសមរភូមិ ពេលនេះយើងទើបនឹងឈ្នះសមរភូមិតែប៉ុណ្ណោះ។ យើងមិនទាន់ឈ្នះសង្គ្រាមទាំងមូលនៅឡើយទេ។ មានន័យថា សង្គ្រាមប្រឆាំងជាមួយនឹង កូវីដ-១៩ មិនទាន់ចប់ ប៉ុន្តែសមរភូមិលើ Delta, Alpha និង Omicron យើងគ្រប់គ្រងបានហើយ។ ស្ថានភាពនេះ អំណោយផលសម្រាប់យើងក្នុងការបើកដំណើរការឡើងវិញនៅក្នុងគ្រប់ផ្នែកទាំងអស់ដែលយើងធ្លាប់ធ្វើ នៅមុនពេល កូវីដ-១៩ បានមកដល់។ ប៉ុន្តែយើងត្រូវធ្វើតាមរបៀបគន្លងថ្មី។ ដូចជាថ្ងៃនេះ តម្រូវឲ្យមានការពាក់ម៉ាសនិងរក្សាគម្លាត។ នោះហើយជារបៀបថ្មី ដែលយើងកំពុងស្ថិតនៅនិងដំណើរទៅមុខជាបន្តទៀត។

(២) កូវីដ-១៩ មិនអាចរាំងខ្ទប់វឌ្ឍនៈភាពរបស់សាលាភូមិន្ទរដ្ឋបាល

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះក្រសួងមុខងារសាធារណៈ ក៏ដូចជាសា​លាភូមិន្ទរដ្ឋបាល ថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានខិតខំបង្រៀន សិស្សរបស់យើងគ្រប់ផ្នែក ដែលខ្ញុំព្រះករុណាខ្ញុំមិនរៀបរាប់ឡើងវិញទេ មានកាំមន្ត្រីជាន់ខ្ពស់ មានកាំក្រមការ មានអ្នកធ្វើវិក្រឹត្យការ និងមកពីផ្នែកនានា ដែលបានមកសិក្សានៅទីនេះ។ ទោះបីថាក្នុងរយៈពេលនៃការសិក្សានេះ ទាំងសាលាទាំងសិស្ស មិនមែនគ្រាន់តែសាលានៅទីនេះទេ ក៏ប៉ុន្តែគ្រប់ទីកន្លែងទាំងអស់ សុទ្ធតែមានបញ្ហាប្រឈមដូចៗគ្នា នោះគឺការរីករាលដាលនៃ កូវីដ-១៩ ដែលវាបានញាំញីពិភពលោក ក៏ដូចជាកម្ពុជា តាំងពីឆ្នាំ ២០២០ ២០២១ និងរហូតមកដល់ពេលនេះ។ ប៉ុន្តែ កូវីដ-១៩ ក៏មិនអាចរាំងខ្ទប់នូវវឌ្ឍនៈភាពរបស់សាលា ដោយទប់ស្កាត់មិនឲ្យមានសិក្សានោះទេ។ បើទោះបីតាមទម្រង់នៃការសិក្សាអាចនឹងមានការផ្លាស់ប្តូរទម្រង់ខ្លះៗក៏ដោយ ក៏ប៉ុន្តែចំណេះវិជ្ជានៅតែត្រូវបានធ្វើជាបន្តទៀតដល់ការសិក្សារបស់សិស្ស។

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីគ្រប់រូបដែលទទួលបាននូវការបណ្តុះបណ្តាល ហើយនឹងទទួលសញ្ញាប័ត្រនៅថ្ងៃនេះ។ ពិតមែនហើយ សញ្ញាប័ត្រនៅថ្ងៃនេះ យើងក៏មិនរៀបចំនូវពិធីសម្រាប់ការចែកនូវសញ្ញាប័ត្រដោយផ្ទាល់នោះទេ ដោយយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នទៅលើស្ថានភាពមួយចំនួនផ្សេងទៀត ទាក់ទងនឹងការប្រគល់ជូននូវសញ្ញាប័ត្រ។ បើសិនជាប្រគល់ជូននូវសញ្ញាប័ត្រជាទម្លាប់កន្លងទៅ ក្នុង ១០០០ នាក់ ខ្ញុំប្រគល់ ២០ ឬ ៣០ នាក់តែប៉ុណ្ណោះទេ។ គង់​តែ​មិនគ្រប់ដដែល ទន្ទឹមនឹងការដែលជំងឺឆ្លងនៅគំរាមកំហែងនៅឡើយ យើងមិនបានរៀបចំនូវកម្មវិធីនោះទេ។

(៣) ដើម្បីការដ្ឋានកំណែទម្រង់ដើរទៅមុខ ជម្រើសល្អជាងគេគឺបណ្តុះបណ្តាលធនធានមនុស្ស

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលមន្ត្រីរបស់យើងទទួលបាននូវការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពដែលនេះជាបញ្ហាសំខាន់របស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំស្វាគមន៍ចំពោះសិស្សដែលនឹងត្រូវចូលបន្តនៅក្នុងឆ្នាំនេះ ដែលមានចំនួនជាង ៦៥៥ នាក់ ដែលមកពីគ្រប់ផ្នែក មានទាំងមន្ត្រីជាន់ខ្ពស់ មានទាំងខាងវិក្រឹត្យការ មានអ្នករៀននិងមន្ត្រីកម្រិតមធ្យម មានក្រមការ ដែលបានចូលរៀននៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនភ្លេចយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះដៃគូរអភិវឌ្ឍន៍នានា ដែលបានចូលរួមជួយទៅដល់សាលា ការ​​បណ្តុះបណ្តាលមន្ត្រីរាជការរបស់យើង។

ការខិតខំរបស់យើង ដើម្បីជោគជ័យ គឺមុនដំបូងត្រូវនិយាយពីធនធានមនុស្សសិន។ ធ្វើអ្វីក៏ដោយត្រូវមានធន​ធានមនុស្ស។ ការដ្ឋានកំណែទម្រង់របស់យើងមានច្រើនណាស់។ បើចង់ឲ្យកំណែទម្រង់ទៅមុខ ជម្រើសល្អជាងគេគឺត្រូវបណ្តុះបណ្តាលធនធានមនុស្ស។ អ្វីៗ ចាប់ផ្តើមពីមនុស្សទាំងអស់។ ស្ថាប័នមួយដើម្បីនឹងកែទម្រង់វាបាន វាទាល់តែមនុស្សហ្នឹងចេះធ្វើការកែទម្រង់ ទើបអាចទៅរួច។ ស្ថាប័នមួយវាប្រមូលផ្តុំ បង្កើតឡើងដោយមនុស្ស។ បើស្ថាប័នអត់មានមនុស្ស មិនមែនហៅថាស្ថាប័នទេ។ អញ្ចឹងតាមវិស័យមួយៗ ដែលត្រូវធ្វើការកែទម្រង់ ចាំបាច់ត្រូវមានធនធានមនុស្សដែលមានសមត្ថភាពនិងលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ប្រទេសរបស់យើង។

(៤) ផែនការសាលា យុទ្ធសាស្ត្រ ៥ ឆ្នាំ ២០២១-២០២៥ ឆ្លើយតបនឹងអ្វីដែលបាននិងកំពុងធ្វើ

ខ្ញុំព្រះករុណាខ្ញុំ រីករាយជាមួយនឹងអ្វីដែលបានកំពុងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំបានកោតសរសើរចំពោះសាលារួចហើយ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយទាក់ទិនជាមួយផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ២០២១-២០២៥ ដែលសាលាបានដាក់ចេញ ដែលខ្ញុំព្រះករុណាខ្ញុំ បានពិនិត្យមើលឃើញថា វិធានការទាំងនេះគឺឆ្លើយតបជាមួយនឹងអ្វីដែលយើងបាននឹងកំពុងធ្វើ ហើយតម្រង់ទិសដៅតាមក្របខណ្ឌគោលនយោបាយដែលយើងបានដាក់ចេញ និងបាននឹងកំពុងអនុវត្តនៅក្នុងដំណើរវែងឆ្ងាយទៅមុខតទៅទៀត ​​​​​​​​… បើយើងគិតពីឆ្នាំ ១៩៩២ ដែលពេលនោះ គឺសាលានេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ នៅពេលនោះដែលឧត្តមសេនីយ៍ ស៊ិន សុង ជាអ្នករៀបចំឡើង ក្រោយមកយើងផ្ទេរសា​លា​នេះទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីគ្រប់គ្រង ហើយបន្ទាប់ទៅយើងប្រគល់ទៅឲ្យក្រសួងមុខងារសាធារណៈគ្រប់គ្រង។ នៅពេលដែលក្រសួងមុខងារសាធារណៈត្រូវបានបង្កើតនិងតម្លើងពីរដ្ឋលេខាធិការមុខងារសាធារណៈទៅជាក្រសួងមុខងារសាធារណៈ …។

(៥) ជាសាស្ត្រាចារ្យកិត្តិយសតាំងពីឆ្នាំ ១៩៩៧ … មកបង្រៀនចុងក្រោយមុនពេលមន្ត្រីចាកចេញពីសាលា

វាកាន់តែជាការល្អ ដែលអស់លោកបានអញ្ជើញសាស្ត្រាចារ្យ ក្នុងហ្នឹងមានសាស្ត្រាចារ្យជារដ្ឋមន្ត្រី សាស្រ្តាចារ្យជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការ ឬជាអ្នកជំនាញនៅតាមស្ថាប័ននានា មកធ្វើបទឧទ្ទេសនាម។ នេះក៏ជាចំណុចល្អដែរ។ ខ្ញុំក៏ស្ថិតនៅជាសាស្ត្រាចារ្យកិត្តិយស នៅសាលានេះ តាំងពីឆ្នាំ ១៩៩៧ មក ប៉ុន្តែសាស្ត្រាចារ្យកិត្តិយសនេះ ទទួលបានប្រាក់កំរៃតែម្តងគត់ … ប៉ុន្តែជាធម្មតា សាស្ត្រាចារ្យកិត្តិយសនេះមកផ្តាំផ្ញើចុងក្រោយ បង្រៀនចុងក្រោយ នៅមុនពេលដែលមន្ត្រីរបស់យើងចាកចេញពីសាលា។ ជាទូទៅ មន្ត្រីរបស់យើងទទួលបាននូវការផ្តាំផ្ញើពីខ្ញុំចំនួន ២ លើក។ លើកទី ១ នៅពេលបើក ដូចជា ៦៥៥ នាក់ថ្ងៃនេះ។ ពួកគេនឹងជួបខ្ញុំនៅឆ្នាំក្រោយទៀត នៅពេលដែលត្រូវបិទវគ្គ។ ដូច្នេះ ក្នុងមួយជំនាន់និស្សិតត្រូវវគ្គបណ្តុះបណ្តាលនេះ គឺមានការជួបខ្ញុំបាន ២ លើក។ អញ្ចឹងសាស្ត្រាចារ្យកិត្តិយសនេះ បើទោះបីជាមិនបានចូលបង្រៀនក៏ដោយចុះ ក៏ប៉ុន្តែបណ្តាំចុងក្រោយមុនពេលដែលចាកចេញ គឺហាក់ដូចជាមានតម្លៃគួរសមណាស់ដែរ។

(៦) បានប្រយុទ្ធនឹង កូវីដ-១៩ ក្នុងពេលកន្លងទៅ ត្រៀមប្រយុទ្ធក្នុងពេល ២ ទៅ ៣ ឆ្នាំខាងមុខ

មុនអនុញ្ញាតឲ្យខ្ញុំចូលទៅដល់ការផ្តាំផ្ញើដល់មន្ត្រីរបស់យើង ខ្ញុំគួរតែត្រូវនិយាយលើបញ្ហាមួយចំនួនសិន ដើម្បីយើងទាំងអស់គ្នាចែករំលែកនូវអ្វីដែលបាននិងកំពុងកើតលើទឹកដីរបស់យើង … នៅក្នុងតំបន់ នៅក្នុងពិភពលោកនាពេលនេះ។ ចំណុចនេះជាក្របខណ្ឌម៉ាក្រូដែលយើងត្រូវមើលឃើញ ហើយដែលវាជាបញ្ហាប្រឈមផងនិងដែលទាមទារឲ្យយើងធ្វើការដោះស្រាយផង។ ដំបូងបំផុត ខ្ញុំគួរតែនិយាយអំពីបញ្ហាទាក់ទិននឹងការប្រ​យុទ្ធប្រឆាំង កូវីដ-១៩ ពេលវេលាកន្លងទៅពេលនេះ ក៏ដូចជាក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។ ប្រធានបទ កូវីដ-១៩ នៅតែជាបញ្ហាដ៏សាំញុំា ស្មុគស្មាញ។ កូវីដ-១៩ មិនទាន់ចប់ទេ ហើយវាក៏មិនទាន់ទៅណាឆ្ងាយពីយើងដែរ។ ដូច្នេះការប្រុងប្រយ័ត្នរបស់យើងនៅតែត្រូវបន្ត។ ក្នុងរយៈកាលជាង ២ ឆ្នាំនៃ កូវីដ-១៩ តើយើងបានរៀនសូត្រពីវានូវអ្វីខ្លះទៅ?

ចំណុចនេះ យើងទាំងអស់គ្នាត្រូវមើលឃើញអំពីជោគជ័យដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ ទៅលើការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាត កូវីដ-១៩ នេះ។ ​មិនមែនជាបញ្ហាលេងសើចនោះទេ។ យើងបានខិតខំខ្លាំងណាស់។ សូម្បីតែព្រះសង្ឃ មន្ត្រីរាជការ ដែលរៀននៅទីនេះ គឺសុទ្ធតែមានចំណែកចូលរួមទាំងអស់គ្នា តាមរយៈនៃវិធានការសម្រាប់បុគ្គលម្នាក់ៗ និងតាមរយៈនៃវិធានការទាំងឡាយដែលក្រសួងសុខាភិបាល ឬអាជ្ញាធរ ឬរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងហ្នឹងរាប់ទាំងការទទួលយកនូវវ៉ាក់សាំង ដែលជាផ្នែកសំខាន់មួយ ដើម្បីធ្វើឲ្យយើងជៀសផុតពីគ្រោះមរណៈ។ ឆ្នាំទៅ ពេលនេះគឺជាពេលបន្ទាន់សម្រាប់យើងខ្លាំងណាស់។ បើខ្ញុំព្រះករុណាខ្ញុំ មិនច្រឡំទេ … គឺជាពេលវេលាដែលយើងកំពុងតែខិតខំដាក់ចេញនូវបទបញ្ជាដើម្បីពន្លឿនការរៀប​ចំក្តារមឈូស។ ពេលនោះយើងឃើញថាអត្រាស្លាប់កើន។ ត្រឹមតែប៉ុន្មានអាទិត្យតែប៉ុណ្ណោះ យើងមានអ្នកស្លាប់រហូតទៅដល់ជាង ៣ ពាន់នាក់នៅពេលនោះ។ សភាពការណ៍ពេលនោះអាក្រក់សម្រាប់យើង។

(៧) វិធានការរបស់រាជរដ្ឋាភិបាល គឺដើម្បីសេចក្ដីសុខរបស់ប្រជាជន

ខ្ញុំព្រះករុណាខ្ញុំក៏គួរតែនិយាយច្បាស់ថា អ្វីដែលជាវិធានការរបស់រាជរដ្ឋាភិបាលនៅពេលនោះគឺដើម្បីពេលនេះឯង។ ពេលនោះរាជរដ្ឋាភិបាលបង្ខំចិត្តត្រូវបិទទីក្រុងភ្នំពេញ តាខ្មៅ ខេត្តព្រះសីហនុ។ បន្ទាប់ទៅយើងក៏ដាក់ចេញនូវការបិទខ្ទប់តាមគោលដៅ ដោយមានការបែងចែកជាតំបន់ក្រហម លឿងទុំ ស៊ីជម្ពូ។ ការបែងចែកតំ​បន់ទាំងនេះ ឬ(ការយក)វិធានការសុខាភិបាលទាំងឡាយគ្មានអ្វីក្រៅពីសេចក្ដីសុខរបស់ប្រជាជនទេ។ ជាក់ស្ដែងប្រជាជនរបស់យើងបានឃើញហើយ (ពី)វិធានការដែលរាជរដ្ឋាភិបាលបានធ្វើ កាលពីឆ្នាំ ២០២១។ កាល​ពី ២០២០ យើងមិនមានវិធានការច្រើនទេ ប៉ុន្ដែ ២០២១ ពេលដែល Delta វ៉ៃសង្គ្រប់មកលើយើង ធ្វើឲ្យមនុស្សស្លាប់ ជាពិសេសព្រឹត្ដិការណ៍ ២០ កុម្ភៈ ២០២១ … យើងបានប្រមូលផ្ដុំការខិតខំទាំងអស់ដើម្បីដោះស្រាយ(ការពារអាយុ)ជីវិតប្រជាជន។

(៨) កម្ពុជាផ្ដល់អាទិភាពដល់សិទ្ធិរស់រានមានជីវិតមុនគេ

វាមិនមែនជាការងាយស្រួលទេ … ការគិតគូររបស់យើងត្រូវធ្វើយ៉ាងណាជំនះដើម្បីកុំឲ្យប្រជាជនស្លាប់។ យើងផ្ដល់អាទិភាពមុនគេគឺសិទ្ធិរស់រានមានជីវិត។ ត្រង់លោកជំទាវប្រធានសហភាពអឺរ៉ុបនៅទីនេះផ្ដល់លទ្ធភាពយ៉ាងណាស្រេចលើលោកជំទាវទេ។ លោកជំទាវអាចផ្ដល់(អាទិភាពដល់)សេរីភាពនៃការបញ្ចេញមតិមុនក៏បាន ប៉ុន្ដែសម្រាប់យើងខ្ញុំនៅទីនេះ ប្រសិនជាស្លាប់ហើយអត់និយាយអីកើតទេ អត់បញ្ចេញមតិអីកើតទេ។ ខ្ញុំសូមនិយាយដោយត្រង់យ៉ាងដូច្នេះ។ នៅទីនេះ យើងត្រូវផ្ដល់ការយកចិត្តទុកដាក់លើសិទ្ធិរស់រានមានជីវិតជាមុន។ ដោយសារតែសិទ្ធិរស់រានមានជីវិតនេះហើយ ទើបយើងអាចទៅអនុវត្ដសិទ្ធិដទៃទៀត(បាន) ទាំងសិទ្ធិបង្កើតបក្សនយោបាយ បង្កើតអង្គការក្រៅរដ្ឋាភិបាល បង្កើតសង្គមស៊ីវិល បង្កើតសារព័ត៌មាន និងសិទ្ធិដទៃៗទៀត។ ប្រសិនបើគ្មានសិទ្ធិរស់រានមានជីវិតហើយ គឺបានសេចក្ដីថាអ្នកឯងអត់មានសិទ្ធិអ្វីទាំងអស់។ (អ្នក)ខ្លះ អត់ហ៊ាននិយាយពីសិទ្ធហ្នឹងទេ។ គេបែរជានិយាយពីសិទ្ធិដទៃ។ យើងទទួលស្គាល់សិទ្ធិទាំងអស់ រាប់ទាំងសិទ្ធិដែលយើង(ទទួល)បានកាលពីមួយអាទិត្យកន្លមកនេះ (ដោយ)កាលពីថ្ងៃអាទិត្យយើងបោះឆ្នោត(ឃុំ សង្កាត់)។ នេះជាសិទ្ធិនៃដំណើរការប្រជាធិបតេយ្យ។ ប៉ុន្ដែសួរថា(បើជា)ខ្មោច (តើ)វាចេះទៅបោះឆ្នោតទេ?

(៩) រាជរដ្ឋាភិបាលបម្រើសេចក្តីត្រូវការរស់រានមានជីវិត ដោយមិនប្រកាន់ជំនឿនិងបក្សនយោបាយ

ចំណុចនេះ យើងគួរតែយកទៅដកពិសោធន៍។ អំពីចំណុចដែល(មាន)សភាពការណ៍(ប្រឈម) យើងត្រូវប្រ​មូលផ្ដុំកម្លាំងជាតិទាំងមូលប្រយុទ្ធប្រឆាំង។ យើងមានមោទនភាព បើទោះបីជាប្រទេសរបស់យើងមានជំនឿលើបក្សនេះបក្សនោះ សាសនានេះសាសនានោះ ឬមានសញ្ជាតិខុសគ្នាៗ ដែលរស់នៅលើទឹកដីរបស់យើង ក៏ប៉ុន្ដែការពិនិត្យព្យាបាលជំងឺគឺមិនមាន(រើសអើង)ពណ៌សំបុរនយោបាយ ពណ៌សំបុរជាតិសាសន៍ ឬសាសនានោះទេ។ ជាពិសេសវ៉ាក់សាំងនៅកម្ពុជាអត់មានការរើសអើងទេ។ ឥលូវយើងពិនិត្យមើល បើទោះបីជាយើងបោះឆ្នោតកន្លងទៅមាន ១៧ គណបក្សនយោបាយ។ ក្នុង ១៧ គណបក្សនយោបាយសុទ្ធតែមានសម្លេង(ឆ្នោត)គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ សួរថា អ្នកទៅបោះឆ្នោតទាំងនោះបានចាក់វ៉ាក់សាំងឬអត់? ចំណុចនេះ គេត្រូវមើលឃើញពីការដោះស្រាយ(ការប្រឈម)របស់កម្ពុជា។ បើទោះបីជាជំនឿសាសនាខុសគ្នា បក្សនយោបាយខុសគ្នា ប៉ុន្ដែយើងមានតម្រូវការដូចគ្នាត្រង់ថាការរស់រានមានជីវិត ការមិនឲ្យមានការឆ្លងជំងឺ កូវីដ-១៩។ យើងមានចំណុចរួមដូចគ្នា។ ដូច្នោះរាជរដ្ឋាភិបាលត្រូវបម្រើលើគោលដៅនោះ។

រឿងដែលអ្នកជឿបក្សនយោបាយណា ជឿសាសនា ខ្ញុំមិនខ្វល់ អ្វីដែលខ្ញុំខ្វល់គឺអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះហើយបានជា វ៉ាក់សាំងអាចចាត់ទុកថាជាចំណុចនិមិត្តរូបនៃសាមគ្គីភាពជាតិ និងឯកភាពជាតិរបស់(ប្រទេស)របស់យើង។ ពិតមែនហើយ ខ្ញុំយល់(បានថា) កាលដែលយើងចាប់ផ្ដើមចាក់វ៉ាក់សាំងគ្រឹបគឺគេបំផុសព័ត៌មានថាចាក់វ៉ាក់សាំងទៅសា្លប់។ ដល់ក្រោយមកថាវ៉ាក់សាំងចិនអត់បញ្ហា។ សូមទៅចាក់។ចំ​ណុចយើងបានមើលឃើញហើយ។ ដំបូងគេរាំងស្កាត់។ បន្ទាប់ពីរំាងស្កាត់ គេបំផុសឲ្យមនុស្សទៅចាក់វ៉ាក់សាំង ក្នុងពេលដែលយើងខ្វះវ៉ាក់សាំង។ កុំឃើញពេលគេថាអោយទៅចាក់ជាគំនិតល្អ។ មិនមែនទេ។ ចំណុចនេះ … ខ្ញុំបានវាយតម្លៃទុកជាមុន។ ខ្ញុំវាយតម្លៃត្រូវ ២ អាទិត្យមុន។ នៅពេលដែលចលនាទៅទទួលវ៉ាក់សាំងគ្រឹប ខ្ញុំថាបន្ដិចទៀត នឹងមានអ្នកចេញមកនិយាយថា សូមទៅទទួលវ៉ាក់សាំង ព្រោះអ្វី? ព្រោះពេលនឹងយើងកំពុងខ្វះវ៉ាក់សាំង។

ប្រសិនបើយើងមានវ៉ាក់សាំងត្រឹម ១ លានដូស ស្រាប់តែមនុស្សមក ២ លាននាក់ សួរថាតើយើងទៅរកវ៉ាក់សាំងពីណា? ពេលនឹងមិនមានបញ្ហា។ អញ្ចឹង កុំឃើញថាសម្ដីនេះជាសម្ដីចិត្តល្អរបស់គេឲ្យសោះ។ គឺជាសម្ដីបំផ្លាញ។ បានសេចក្ដីថាមុនដំបូងកុំឲ្យប្រជាជនទៅចាក់ ប៉ុន្ដែដល់ទប់ស្កាត់មិនបានប្រជាជនទៅចាក់គេចាប់ផ្ដើមជម្រុញបន្ថែមគឺឲ្យទៅដណ្ដើមវ៉ាក់សាំងតែម្ដង។ អញ្ចឹងសូមពិចារណា មនុស្សខ្លះអាចគិតស្មានថាគាត់នេះចិត្តល្អ រុញអញឲ្យទៅចាក់(វ៉ាក់សាំង) ប៉ុន្ដែការពិតរុញឲ្យទៅចាក់ ពេលដែលយើងកំពុងខ្វះវ៉ាក់សាំង។ នេះជារបៀបដែលខ្ញុំបញ្ជូនចំណុចវិភាគសម្រាប់ព្រះតេជព្រះគុណ ជាសិស្ស អស់លោក លោកស្រី នាងកញ្ញា ជាសិស្ស ទាំងអ្នកដែលចេញទៅនិងអ្នកដែលចូល(រៀន) ត្រូវរៀនវិភាគកន្លែងហ្នឹង …។

ប៉ុន្ដែ ឧបាយកល្បរបស់អ្នកដទៃគឺជារឿងមួយ តែអ្វីដែលជារឿងសំខាន់គឺសិល្បៈនៃការចាត់ចែងរបស់យើងនៅទីនេះ។ កម្ពុជាមានបទពិសោធន៍មួយនៃការចាក់វ៉ាក់សាំងដែលល្អ គឺចាក់មិនយកលុយ មិនរើសមុខ មិនរើសសញ្ជាតិ មិនរើសសាសនាគឺចាក់ទាំងអស់។ បរទេសនៅលើដីខ្មែរទាំងប៉ុន្មានចាក់ មិនដឹងថាតើមន្ដ្រី EU បានទទួលឬអត់។ មន្ដ្រីស្ថានទូតនានា។ ប៉ុន្ដែខ្ញុំគិតថាអ្នកទាំងអស់គ្នាបានទទួលវ៉ាក់សាំងនៅក្នុងស្រុកខ្មែរ។ វ៉ាក់សាំង មិនមានន័យថាចាក់រួចហើយវាមានប្រសិទ្ធភាពដូចៗគ្នាទេ។

(១០) ចេញដំណើរខុស នឹងខុសរយៈពេលវែង, វិមជ្ឈការនិងវិសហមជ្ឈការជួយគ្រប់គ្រង កូវីដ-១៩

បទពិសោធន៍របស់កម្ពុជាជោគជ័យនៅត្រង់ថា យើងអនុវត្ដតាមអភិក្រមផ្ការីក។ អ្វីទៅជាអភិក្រមផ្ការីក? ពេលនោះ ខេត្តជាច្រើនបានស្នើសុំខ្ញុំ ឬជូនលិខិតទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស តាម Telegram, WhatsApp ដើម្បីសុំវ៉ាក់សាំងទៅចាក់នៅកន្លែងនេះកន្លែងនោះ។ ខ្ញុំបានបញ្ជាក់ថា អត់ទេ! ត្រូវស្រោច(វ៉ាក់សាំង)ឲ្យជោគនៅខេត្តកណ្ដាល និងក្រុងភ្នំពេញ។ អញ្ចឹងពេលដែលយើងចាក់នៅភ្នំពេញនិងខេត្តកណ្ដាល ហើយយើងឃើញអ្នកខេត្តនៅជាប់ភ្នំពេញនិងនៅជាប់ខេត្តកណ្ដាល ធ្វើដំណើរមកចាក់ពីកំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ចូលមកចាក់(នៅភ្នំពេញនិងខេត្តកណ្ដាល) ហើយយើងចាក់ឲ្យ។ ហេតុអ្វីបានជាយើងត្រូវធ្វើអញ្ចឹង?

យើងចាត់ចែងវ៉ាក់សាំងនេះខុសពីប្រទេសដទៃ។ ប្រ​ទេសដទៃគេចែកវ៉ាក់សាំងទៅតាមសមាមាត្ររបស់ប្រជាជន។ ឧទាហរណ៍ វ៉ាក់សាំងមកបាន ១០ ឬ ២០ % នៃប្រជាជន អញ្ចឹង ១០% នៃប្រជាជនគេចែក ខេត្ត នេះ ១០% ខេត្តនោះ ១០% ចែកស្មើគ្នាអញ្ចឹងទៅ។ ហ្នឹងតាមបទពិសោធន៍នៃកន្លែងខ្លះ។ អញ្ចឹងសួរថា យក ១០% ទៅ តើវាបង្កើតបានភាពស៊ាំសហគមន៍ដែរឬទេ? គឺអត់ទេ។ គឺ ១០% ១០០នាក់ចាក់បាន តែ ១០ នាក់ អញ្ចឹងពេលចូលប្រជុំ អា ១០ នាក់បានចាក់ អា ៩០(នាក់) អត់បានចាក់ ក្រោយមកបានមកទៀត ១០% ចាក់បាន២០ នាក់ អញ្ចឹង ៨០ (នាក់)អត់បានចាក់ ២០ នាក់ មានវ៉ាក់សាំង។

ចំណែកយើងលេងភ្នំពេញ និងខេត្តកណ្ដាលឲ្យជោគ ទើបរុញចេញទៅ។ ដល់ពេលរុញចេញទៅ ដោយសារពេលនោះយើងខ្វះវ៉ាក់សាំង។ មិនដូចថ្ងៃនេះយើងនៅសល់វ៉ាក់សាំង។ បន្ដិច(ទៀត)ខ្ញុំនឹងនិយាយដល់កន្លែងហ្នឹង។ ពេលដែលយើងបញ្ចេញទៅតាមខេត្ត ក៏យើងអត់បញ្ចេញទៅគ្រប់ទីកន្លែងក្នុងខេត្តទាំងមូលដែរ ដោយសារយើងខ្វះវ៉ាក់សាំង។ ដូចករណីកំពង់ចាម យើងចាក់បន្ធាយ ព្រៃឈរ ជើងព្រៃ … ឲ្យគ្របដណ្ដប់តែប៉ុណ្ណឹងសិន។ អត់ទាន់ពង្រាយទៅកន្លែងផ្សេងបានទេ។ ទៅត្បូងឃ្មុំ ទៅរកផ្សារសួង(មុន) ដោយសារយើងខ្វះ(វ៉ាក់សាំង)។ ប៉ុន្ដែនៅភ្នំពេញបានសេចក្ដីថាភាពស៊ាំសហគមន៍វាមានរួចស្រេចទៅហើយ។ ដល់ពេលដែលយើងពង្រាយទៅទៀត បានសេចក្ដីថា មួយកន្លែងៗ ភាពស៊ាំសហគមន៍គឺវារឹងមាំ។

អញ្ចឹងបានជាយើងឆាប់បានពន្លត់ភ្លើងបានមុនកាលកំណត់បើប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួន។ អ្វីក៏ដោយបើចេញដំណើរខុស វានឹងខុសក្នុងរយៈពេលឆ្ងាយ។ ចំណុចនេះ មន្ដ្រីរាជការរបស់យើងត្រូវមើលឃើញពីបទពិសោធន៍នៃការគិតគូរសម្រាប់ខ្លួនទៅថ្ងៃក្រោយ ឬការដឹកនាំការងារផ្នែកនេះផ្នែកនោះ។ អ្វីដែលយើងធ្វើបាន អ្វីដែលយើងធ្វើមិនបាន។ បទពិសោធន៍កាន់តែច្បាស់ជាងនេះទៀត គឺប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលយើងផ្ទេរអំណាច បន្ថែមដោយយើងផ្ទេរអំណាចវិមជ្ឈការនិងវិសហមជ្ឈការទៅមូលដ្ឋាន កាន់តែបង្ហាញជោគជ័យយ៉ាងច្បាស់។ ប្រសិនបើអំណាចនៅប្រមូលផ្ដុំនៅខាងលើ ដោយយើងមិនបានផ្ទេរអំណាចឲ្យទៅមូលដ្ឋានប្រហែលជា កូវីដ-១៩ មិនទាន់ចប់ទេ។ (ឧបមា)ថាក្រសួងសុខាភិបាលគ្រប់គ្រងលើរឿងនេះតែម្នាក់ឯង ដោយមិនប្រគល់រឿងនឹងទៅឲ្យខេត្ដ។ ខេត្តមិនប្រគល់រឿងនឹងទៅឲ្យមូលដ្ឋានចូលរួមដើម្បីដោះស្រាយ។ ខ្ញុំគិតថាប្រហែលជាយើងគ្រប់គ្រងសភាពការណ៍មិនទាន់ពេលទេ។

អញ្ចឹងការដែលយើងធ្វើការកែទម្រង់ក្នុងរយៈពេលកន្លងទៅនេះ រឿងវិមជ្ឈការនិងវិសហមជ្ឈការ ដែលការផ្ទេរអំណាចទៅឱ្យមូលដ្ឋាន គឺជារឿងបង្ហាញច្បាស់អំពីជោគជ័យពីការប្រយុទ្ធលើសមរភូមិដែលប្រឆាំងជាមួយនឹងសង្រ្គាមកូវីដ-១៩ នេះឯង។ ចំណុចនេះ កាន់តែមានតម្រូវការចាំបាច់ ដើម្បីលើកទឹកចិត្តឱ្យបណ្ដាស្ថាប័ន ជម្រុញការធ្វើវិមជ្ឈការនិងវិសហមជ្ឈការតទៅទៀត។ កាលពីខែកុម្ភៈ យើងធ្វើសន្និបាតដាក់ចេញផែនការជម្រុញវិមជ្ឈការនិងវិសហមជ្ឈការ។ ប្រហែលជាខែកុម្ភៈមុនហ្នឹង យើងដាក់ចេញផែនការសម្រាប់ការធ្វើម៉េចផ្ទេរអំណាចទៅឱ្យមូលដ្ឋានកាន់តែច្រើន។ បទពិសោធន៍ បើសិនជាយើងគ្រប់គ្រង អ្វីក៏នៅគ្រប់គ្រងនៅក្នុងដៃនៅខាងលើ ហើយមិនឱ្យអាវុធទៅខាងក្រោម ខាងក្រោមច្បាំងយ៉ាងម៉េច? អញ្ចឹងបានពេលហ្នឹង ឯកឧត្តម ម៉ម ប៊ុនហេង ជាមួយនឹងខ្ញុំ ទាក់ទងគ្នា។ ខ្ញុំជាមួយនឹងលោកជំទាវ យក់ សម្បត្តិ ទាក់ទងគ្នា។

ខ្ញុំថារុញទៅឧបករណ៍តេស្ដរហ័ស។ កុំមកសុំម្ដង ២ ពាន់ (តេស្ដ)អញ្ចឹងអី។ អត់បានទេ។ រុញទៅ ខេត្តណា ២ ម៉ឺន(តេស្ដ) ៣ ម៉ឺន(តេស្ដ) ដាក់ឱ្យក្រាស់។ កុំលេង(ឱ្យតេស្ដរហ័សម្ដងបន្តិចៗ)។ ខេត្តរតនគិរីឡើងមកសុំម្ដង។ ខ្ញុំទូរស័ព្ទទៅសួរខេត្តថា “ម៉េចហើយ! (កូវីដ-១៩)”។ ថាវាងើប(កើនអ្នកឆ្លង) ប៉ុន្តែខ្វះឧបករណ៍ធ្វើតេស្ដរហ័ស។ ខ្ញុំថា ចុម! ខ្វះឧបករណ៍ធ្វើតេស្ដរហ័សម៉េចហើយ? គេឱ្យម្ដងមក ២ ពាន់(តេស្ដរហ័ស)។ បានខ្ញុំប្រជុំតាមអនឡាញ បញ្ជូនភ្លាម។ កន្លែងខ្លះ ២ ម៉ឺន(តេស្ដរហ័ស) កន្លែងខ្លះ ៣ ម៉ឺន(តេស្ដរហ័ស)ទៅ កុំឱ្យខ្វះអាវុធ។ អាហ្នឹងគឺពេលត្រូវការ រវល់តែឡានចុះឡើងៗ (មកដឹកតេស្ដរហ័ស ២ ឬ ៣ ពាន់ៗ)។ បញ្ជូន(២ ឬ ៣ ម៉ឺនតេស្ដ)ទៅហ្នឹង។ ក្នុងរយៈពេលកន្លងទៅ យើងក៏បានរុញឱ្យមូលដ្ឋានម្ចាស់ការចត្តាឡីស័ក ក៏មូលដ្ឋានធ្វើ។ មិនមែនត្រឹមមូលដ្ឋានថ្នាក់ខេត្ត ឃុំភូមិក៏គេធ្វើរឿងរបស់គេដែរ។ ហ្នឹងហើយដែលយើងរុញអំណាចទៅឱ្យខាងក្រោម។ យើងមានកន្លែងផលិតអុកស៊ីសែន យើងមានស្អីៗ នៅមូលដ្ឋាន …។

(១១) មរតក៌សំរាប់អ្នកជំនាន់ក្រោយមានច្រើន, កម្ពុជាក្នុងសារពត៌មាននិងកម្ពុជាពិត

អញ្ចឹងចំណុចនេះ ក៏បានចង្អុលបង្ហាញអំពីបទពិសោធន៍សម្រាប់អស់លោកអ្នក ក៏ដូចជាព្រះតេជព្រះគុណ យកទៅប្រើប្រាស់សម្រាប់ជាមេរៀនទៅថ្ងៃក្រោយ។ មិនដឹងថា ថ្ងៃក្រោយ អស់លោក ក្លាយទៅជាអ្វីទៀត ពួកអ្នកនៅខាងលើនេះ រាប់ទៅសុទ្ធតែលើ ៧០ ឆ្នាំ។ តា ប៊ុនធិន អាយុប៉ុន្មានហើយ? ៧៩ ឆ្នាំ។ ឆ្នាំក្រោយ ៨០ ឆ្នាំហើយ។ ដល់អាយុ ៨០ ឆ្នាំ គេហៅថា U90។ នៅលើសុទ្ធតែ U90 U80 និង U70 រស់នៅបានប៉ុន្មានទៀត។ អ្វីដែលយើងធ្វើសម្រាប់អ្នកជំនាន់ក្រោយនោះឯង។ អ្នកជំនាន់មុន ទុកឱ្យយើង ប៉ុន្តែកុំធ្វើដូច ប៉ុល ពត ធ្វើទុកឱ្យយើង។ ប៉ុល ពត ធ្វើទុកឱ្យយើងមិនល្អទេ។ ទទួលមរតកពីប៉ុល ពត អត់មានអីទេ។ ប៉ុន្តែអ្នកទទួលមរតកពីពួកយើងនេះ គេមានមូលដ្ឋានច្រើនណាស់។ កាលពីជំនាន់មុន យើងចែកសញ្ញាបត្រយើងបោះតង់ទេ។ ចូលមកដល់ទសវត្សរ៍ ៩០ ហើយ វិទ្យាស្ថានជាតិអប់រំក្បែរផ្ទះរបស់ខ្ញុំ ជួលរោងការគេមកធ្វើទេ មិនមែនមានអគារអញ្ចឹងៗឯណា។

យើងត្រូវប្រៀបធៀបអំពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ។ អញ្ចឹងបានជាខ្ញុំមិនយល់ទេនូវពាក្យគេថា ធ្វើទៅកាន់តែក្រទៅៗនោះ។ អ្នកស្រែកថា កាន់តែក្រទៅៗ កាលពីឆ្នាំ ១៩៧៩ វាជិះកង់ ឬរកកង់ជិះមិនបាន ឥឡូវវាជិះឡាន វាស្រែកថា ក្រទៅៗ។ ខ្ញុំឆ្ងល់នៅកន្លែងហ្នឹង។ ស្បថឱ្យរន្ទះបាញ់ ឬអត់? គួរតែនិយាយ។ លោកជំទាវអគ្គរដ្ឋទូត(សហភាពអឺរ៉ុប) បើសិនជាគេនិយាយអង់គ្លេសឬនិយាយបារាំង គេនិយាយល្អណាស់។ លោកជំទាវស្ដាប់ទៅល្អឥតខ្ចោះ។ ប៉ុន្តែបើលោកជំទាវ(ស្តាប់បានជា)ភាសាខ្មែរ (នូវអ្វី)ដែលគេនិយាយ លោកជំទាវនឹងឃើញថា តើគេប្រមាថមាក់ងាយយើងខ្ញុំយ៉ាងម៉េច? ត្រង់ហ្នឹងហើយ ដែលយើងខ្ញុំមិនសុខចិត្តជាមួយហ្នឹងអ្វីដែលជាការប្រមាថឬក៏ការមើលពីខាងក្រៅមកចំពោះយើងខ្ញុំ។

កម្ពុជាមាន ២, លោកជំទាវ។ កម្ពុជាពិតគឺដូច្នេះ។ កម្ពុជាលើសារព័ត៌មានគឺផ្សេង។ អញ្ចឹងបើសិនជាលោកជំ​ទាវយកចិត្តទុកដាក់ ការបង្ហោះហ្វេសប៊ុកក្ដី លោកជំទាវឱ្យគេបកប្រែពីភាសាខ្មែរទៅអង់គ្លេសឬក៏ទៅភាសាបា​រាំងឬទៅភាសាអេស្បាញរបស់លោកជំទាវទៅ អាហ្នឹងបានលោកជំទាវអាចដឹងថា គេធ្វើអ្វី គេនិយាយអ្វី។ វាអាក្រក់ណាស់ … ប៉ុន្តែបើគេនិយាយភាសាអង់គ្លេស និយាយបារាំងវិញ គេនិយាយល្អ។ ដូច្នេះពួកអ្នកការទូតខាងក្រៅវាយតម្លៃទៅ។ ពួកនេះល្អតើ។ អត់ដឹងភាសាញុះញង់របស់គេយ៉ាងម៉េចផង។ អត់ដឹងយ៉ាងម៉េចផង។ ខ្ញុំមិនមែនធ្វើបឋកថាសម្រាប់អប់រំអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅហ្នឹងទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែជូនជាយោបល់ ព្រោះលោកជំទាវក៏ឱ្យអនុសាសន៍មកខ្ញុំដែរ។ ខ្ញុំក៏គួរតែឱ្យអនុសាសន៍ទៅលោកជំទាវ តើគួរធ្វើម៉េចដើម្បីដឹងកម្ពុជាពិត? ព្រោះអនុសាសន៍ មានទៅមានមក។ យើងគ្រាន់តែផ្ដល់អនុសាសន៍ ដើម្បីឱ្យវាយតម្លៃឱ្យត្រូវតែប៉ុណ្ណឹង។

… ឥឡូវយើងចាក់ដល់ទៅជាង ៩៤ ភាគរយ ដែលចាត់ទុកថា ជាចំណាត់ថ្នាក់ខ្ពស់ ប៉ុន្តែអ្វីដែលខ្ពស់ជាងគេ គឺនៅត្រង់ថា ឥឡូវនេះ ៣៧ ថ្ងៃមកហើយ អត់មានអ្នកឆ្លងកូវីដ-១៩ ថ្មី។ សូន្យកូវីដ-១៩ ដែលពិនិត្យដោយ PCR។ ហ្នឹង គឺជាចំណុចដែលយើងគប្បី(ត្រូវមើលឃើញ)។ ខ្ញុំគ្រាន់តែចង្អុលបង្ហាញទៅកាន់វិធីសាស្រ្តអំពីការចាត់ចែងសិល្បៈនៃការចាត់ចែង គ្រប់គ្រង អំពីការចាក់វ៉ាក់សាំងនិងអំណោយផល ចេញមកពីកម្មវិធីជាតិរបស់យើង អំពីវិមជ្ឈការនិងវិសហមជ្ឈការ ដែលជាការផ្ទេរអំណាចឱ្យមូលដ្ឋាន។ ប្រសិនបើពេលនៅមូលដ្ឋានមិនមានមធ្យោបាយគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងបញ្ហាហ្នឹងទេ គឺសភាពការណ៍អាចពិបាកស្រោចស្រង់។ ប៉ុន្តែយើងចាត់វិធានការណ៍ទាន់ពេល ជាមួយនឹងការស្រុះគ្នា មិនថានរណាទៅបក្សណាទេ ពេលហ្នឹងគឺស្រុះគ្នា។សុំសម្លឹងមើលមុនពេលដែលគេនិយាយ។

ឥឡូវនេះ អ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាមានជាង ៧៤ ភាគរយទេ។ អញ្ចឹងនៅសល់ជិត ២៦ ភាគរយទៀត បោះឱ្យនរណា? អញ្ចឹងសួរថា អ្នកហ្នឹងបានទទួលវ៉ាក់សាំងទេ? សុទ្ធតែបានទទួលវ៉ាក់សាំងតែទាំងអស់ហ្នឹង។ មានន័យថា វ៉ាក់សាំងនៅកម្ពុជា មិនមែនជាវ៉ាក់សាំងរើសអើងនយោបាយ វ៉ាក់សាំងរើសអើងសាសនា វ៉ាក់សាំងរើសអើងជនជាតិទេ។ ចំណុចនេះ គេគួរវាយតម្លៃផង គេគួរតែផ្ដល់នូវតម្លៃ។ រឿងនេះ … ដូចដែលខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាក់ វាមិនទាន់ចប់ទេ។ យើងគ្រាន់តែទប់ស្កាត់បាន Alpha Delta Omicron ប៉ុន្តែតើនៅមានប្រភេទជំងឺអីទៀតនៅពេលខាងមុខ? Omicron នេះ មាន Omicron ប៉ុន្មានប្រភេទទៀតឯណោះ។ ពិតមែន គេថា Omicron វាមិនខ្លាំង ហើយតើវានៅរលកទីប៉ុន្មាន​ទៀត (អាចនឹងមាន)ការវាយលុក។ ប្រទេសខ្លះថានឹងមានការកើនឡើងក្នុងពេលនេះពេលនោះ។ សូម្បីតែកូរ៉េខាងជើង ស្ងាត់ៗ មាន(អ្នកឆ្លងកូវីដ-១៩)ឡើងជាង ៤ លាន ៤ សែននាក់ទៅហើយ … ចំនួនប្រជាជនតែ ២៥ លាននាក់ ឆ្លងឡើងទៅដល់ ៤ ៤៦៩ ៥២០ នាក់ គ្រាន់តែអ្នកស្លាប់នៅតិច គឺមានចំនួនត្រឹមតែ ៧២ នាក់។ តែនេះ ជាព័ត៌មានដែលកូរ៉េខាងជើងបញ្ចេញ។

(១២) ត្រៀមវ៉ាក់សាំងវេចខ្ចប់នៅកម្ពុជាជាង ១០០ លានដូស សម្រាប់ឆ្នាំ ២០២៤, ២០២៥ និង ២០២៦

ឃើញទឹកស្ងប់ មិនប្រាកដថាគ្មានត្រីទេ។ អញ្ចឹងយើងក៏ត្រូវតែប្រយ័ត្នប្រយែង ប្រសិនបើវាអាចនឹងឆ្លងរីករាលដាលឡើងវិញ។ យើងត្រូវបន្តការប្រុងប្រយ័ត្នជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។ ខ្ញុំសូមអបអរសាទរដែលប្រជាពលរដ្ឋរបស់យើង ទោះបីជាការពាក់ម៉ាសត្រូវបានលើកលែងជាកាតព្វកិច្ច ក៏ប៉ុន្តែ … គាត់មានទំលាប់គាត់ពាក់ម៉ាស។ ឥឡូវយើងសង្កេតឃើញ ទី១ ទទួលបានវ៉ាក់សាំង, ទី២ គាត់ទំលាប់ពាក់ម៉ាស។ ដល់អញ្ចឹងជំងឺឈឺស្កាត់ដទៃទៀត គឺវាកាត់បន្ថយតាមហ្នឹងដែរ។ អ្នកដែលធ្លាប់ផ្ដាសាយក្នុងមួយឆ្នាំ ២ ដងអី ឥឡូវគាត់អត់ផ្ដាសាយ គាត់កាត់បន្ថយអាហ្នឹង ព្រោះវ៉ាក់សាំង វាបានជួយសម្រួលអាហ្នឹង។

… អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងទៅទទួលវ៉ាក់សាំង។ ដូសទី ៣ មិនទាន់អស់ ប្រហែលជាប្រជាជនមើលឃើញថា ចាក់ ២ ដូសរួចហើយ ដូសទី៣ ចាំបាច់ចាក់ធ្វើអីទៀត។ មើលស្រាលបញ្ហាហ្នឹងមិនបានទេ។ អញ្ចឹងបានជាសំណូមពរនៅតាមមូលដ្ឋាននានា បន្តធ្វើការជាមួយនឹងប្រជាពលរដ្ឋ ឱ្យគាត់បានយល់ ហើយទទួលយកវ៉ាក់សាំងដូសទី៣។ អ្នកដែលទទួលដូសទី៣ ហើយ ទៅទទួលដូសទី៤។ អ្នកដែលទទួលដូសទី៤ ហើយ ទៅទទួលដូសទី៥។ ដូសទី៥ យប់មិញនេះ ឡើងបានជិត ១០ ម៉ឺននាក់ដែរ ចាក់ពីថ្ងៃទី ០៩ កន្លងទៅហ្នឹង។ វ៉ាក់សាំងរបស់យើង ខ្ញុំព្រះករុណាខ្ញុំ បានលើកឡើងថ្ងៃមុនហើយ យើងកំពុងតែបញ្ជាទិញត្រៀមបម្រុងទុកវ៉ាក់សាំងចំនួនជាង ១០០ លានដូស គឺ ១០៤ លានដូស ដែលវ៉ាក់សាំងនេះនឹងផលិតវេចខ្ចប់នៅកម្ពុជាយើងតែម្ដង សម្រាប់ប្រើនៅឆ្នាំ ២០២៤, ២០២៥ និង ២០២៦។

អញ្ចឹងរោងចក្រនេះ ត្រូវផលិតឱ្យយើងក្នុងមួយឆ្នាំប្រមាណ ៣៥ លានដូស ដើម្បីយើងប្រើ ព្រោះអាចថា ៤ខែ ចាក់មួយដូស ៤ខែយើងចាក់មួយដូស យើងគិតអញ្ចឹង ឬក៏អាចគម្លាត ៤ ខែ ៣ដង គឺមួយឆ្នាំ យើងប្រើ ៣៥ លានដូស។ ឆ្នាំ ២០២២ និង ២០២៣ យើងប្រើប្រាស់វ៉ាក់សាំងដែលនៅសល់។ ឥឡូវវ៉ាក់សាំងដែលនៅសល់ក្នុងឃ្លាំងមានជាង ១១ លានដូស កំពុងនៅក្នុងឃ្លាំង។ វ៉ាក់សាំងដែលបានសន្យា នឹងមកដល់ គឺនៅចិន ១៥ លានដូស, អាមេរិកនៅសល់ ៥លាន ៥សែនដូស, អូស្រ្ដាលីនៅសល់ ៥ សែនដូស ដែលនឹងមកដល់បន្តទៀត។ អញ្ចឹងយើងរៀបចំផែនការក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ ព្រោះយើងអត់ទាន់វាយតម្លៃបានថា តើ កូវីដ-១៩ ចប់នៅពេលណា?

ពិតហើយ ឥឡូវយើងចាក់ដូសទី ៥។ ខ្ញុំនឹងត្រៀមចាក់ដូសទី ៥ ដែរ ប៉ុន្តែដោយសារប៉ុន្មានថ្ងៃមុន គេយកឈាមទៅមើល ឃើញអង់ទីក័ររបស់ខ្ញុំនៅខ្ពស់ ដោយសារឥទ្ធិពលដូសទី៤ មិនទាន់អស់។ អញ្ចឹងអាចនឹងពន្យាបន្ដិច។ ក្នុងពេលជាមួយគ្នា ខ្ញុំឆ្លៀតចាក់វ៉ាក់សាំងការពារសួតឱ្យហើយ។ អញ្ចេះ កូវីដ-១៩ នេះ វាវាយប្រហារសួត។ បើអញ្ចឹង ពេទ្យគេថា មានថ្នាំចាក់សម្រាប់ការពារសួត ការពារជំងឺរលាកសួត។ ឥឡូវមិនទាន់បាត់ឈឺផង មួយម្ជុលឈឺ ៣ថ្ងៃ ៤ថ្ងៃហើយ មិនទាន់បាត់ឈឺផង។ អានេះឈឺជាងវ៉ាក់សាំងធម្មតា វ៉ាក់សាំង កូវីដ-១៩។

អញ្ចឹងទេ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ទៅទទួលវ៉ាក់សាំងបន្ត។ ប្រិយមិត្តបរទេសទាំងឡាយក៏សូមបន្តទទួលវ៉ាក់សាំង។ យើងអត់មានការកំណត់ថាជាតិសាសន៍ណាទេ ហើយយើងមិនយកប្រាក់នោះទេ។ ចំ​ណុចនេះ ខ្ញុំសូមបញ្ជាក់ មិនខ្លះអ្នកដែលផ្ដល់មតិថា ដោយសាររដ្ឋយើងក្រ ពេលដែលចាក់ដូសទី៣ គប្បីយកលុយ។ យើងចាក់ជូនតែដូសទី១ និងដូសទី២ ដល់ដូសទី៣ យើងចាប់ផ្ដើមយកលុយ ប៉ុន្តែសម្រាប់អ្នកក្រីក្រ គឺអត់យកលុយ គិតលុយតែអ្នកធូរធារ។ ខ្ញុំថាអត់ទេ។ បើយើងយកលុយពីប្រជាពលរដ្ឋ ក៏(រដ្ឋ)មិនអាចក្លាយទៅជាអ្នកមានបានដែរ។ ឥឡូវ ខ្ញុំអាចប្រកាសសាជាថ្មីម្ដង កុំថាឡើយដូសទី៥ ដល់ដូសទី២០ ក៏នៅតែមិនយកលុយដែរព្រោះអាហ្នឹងគឺជាតម្រូវការ។

បើសិនជាដាក់(សំណើ)ហ្នឹង(អនុវត្ត វានឹងមានការ)យកលុយព្រឹប។ អ្នកដែលមិនចង់ទៅចាក់ស្រាប់ផងក៏មិនទៅ អ្នកដែលចង់បានចាក់វ៉ាក់សាំងគឺបែរជាត្រូវសូកប៉ាន់លុយ បង្កើតអំពើពុករលួយពេញប្រទេស។ ហ្នឹងត្រូវគិតឱ្យច្បាស់។ ពេលនេះ ប្រជាពលរដ្ឋរបស់យើងត្រូវការឱ្យយើងជួយ មិនមែនត្រូវការយកលុយពីគាត់ទេ។ អ្នកមានអ្នកក្រ គឺចាក់បានដូសគ្នា។ ហ្នឹងទាក់ទងជាមួយនឹងបញ្ហាការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ខ្ញុំព្រះករុណាខ្ញុំ សំណូមពរការចូលរួមទាំងអស់គ្នា។ ថ្ងៃនេះ ចំពោះនិស្សិតនៅទីនេះ ជិត ៣ ពាន់នាក់ និងអ្នកចូលរួមទាំងអស់ ប៉ុន្តែវិទ្យុនិងទូរទស្សន៍កំពុងផ្សាយច្រើនណាស់នៅខាងក្រៅ។

(១៣) សេដ្ឋកិច្ចងើបពីកូវីដ-១៩ មកជាប់បន្ទុកសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន, វិបត្តិស្បៀងនិងឋាមពល

ប្រជាពលរដ្ឋទទួលយកនូវសារនយោបាយមួយនេះ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ បន្តទៀត ដែលរោគរាតត្បាតនេះ វាអត់ទាន់ចប់ទេ នេះជាចំណុចទី១។ ឯចំណុចទី២ ដែលខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជូនសារនៅពេលនេះ គឺយើងត្រូវត្រៀមខ្លួនទទួលយកនូវការពិតមួយស្ដីអំពីបញ្ហាសេដ្ឋកិច្ចថមថយ ដែលផ្ដើមចេញពី កូវីដ-១៩ផង និងដែលផ្ដើមចេញពីសង្រ្គាមនៅអ៊ុយក្រែនផង។ រឿងនេះ យើងត្រូវរួមគ្នាខិតខំដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល។ សេដ្ឋកិច្ចរបស់យើងទើបនឹងងើបបន្ទាប់ពី កូវីដ-១៩ ប៉ុន្តែមិននឹកស្មានដល់សោះថា សង្រ្គាមរុស្ស៊ីអ៊ុយក្រែន បានចាប់ផ្ដើមដាក់បន្ទុកទៅលើប្រទេសនានានៅលើពិភពលោក។ ឥឡូវ IMF ដើរទំលាប់កំណើនសេដ្ឋកិច្ចទាំងអស់។ ធនាគារពិភពលោកទើបនឹងទំលាប់យើងថែមទៀត។ ប៉ុន្តែខាងធនាគារអភិវឌ្ឍន៍អាស៊ីវាយតម្លៃផ្សេង, IMF វាយតម្លៃផ្សេង, ធនាគារពិភពលោកវាយតម្លៃផ្សេង។

ខ្ញុំបានប្រាប់ទៅសហការីយើងទាំងអស់ថា កុំខ្វល់ពេករឿងបញ្ហាគេវាយតម្លៃមុន។ សំខាន់បំផុតយើងធ្វើបានប៉ុន្មានពិតប្រាកដ។ អញ្ចឹងការខិតខំរបស់យើងដើម្បីរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀលរបស់យើងត្រូវតែបន្ត។ យើងត្រូវបន្តទៀតនូវការសន្សំសំចៃឱ្យបានខ្ពស់ ដើម្បីទប់ទល់ជាមួយនឹងសភាពការណ៍ ដែលវាបាននិងកំពុងកើត។ សេដ្ឋកិច្ចរបស់យើងមិនទាន់ដល់កម្រិតដែលថាដួលរលំ ឬហានិភ័យនៃការដួលរលំទេ។ ៣ ខែដើមឆ្នាំ ការនាំចេញកើនទៅដល់ ៣៣ ភាគរយ ទៅក្រៅប្រទេស។ វិស័យកសិ​ក​ម្មរបស់យើង មានអតិរេកស្រូវ។ យើងមានការចិញ្ចឹមសត្វ យើងមានការចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់។

ប៉ុន្តែ ត្រូវតែមើលឱ្យឃើញឱ្យហើយ វិបត្តិស្បៀងនឹងក្លាយទៅជាវិបត្តិសកលតែម្ដង ព្រោះជម្រុកស្រូវសាលីមាននៅអ៊ុយក្រែន មាននៅរុស្ស៊ី។ អ៊ុយក្រែនខ្ទេចខ្ទាំដោយសង្រ្គាម រុស្ស៊ីនាំចេញមិនបាន។ អញ្ចឹងសភាពការណ៍នេះ វាទាញតម្លៃ (ធ្វើអោយមាន)វិបត្តិស្បៀង និងវិបត្តិថាមពលត្រូវដើរជាមួយគ្នា។ ឥឡូវកំពុងមានវិបត្តិថាម​ពល ប៉ុន្តែវិបត្តិស្បៀងនឹងមកដល់នៅពេលខាងមុខ ដែលយើងត្រូវតៀមខ្លួនឱ្យហើយសម្រាប់ការឆ្លើយតបទៅលើសភាពការណ៍នានា។

(១៤) (មករា)ឆ្នាំ ២០២៣ នឹងតំឡើងបៀវត្សមន្ត្រីរាជការ ព្រមទាំងរំកិលពិដានពន្ធបៀវត្សទាំងរដ្ឋទាំងឯកជន

ពិតមែនហើយ សម្រាប់សារាចរណែនាំទាក់ទងនឹងការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំក្រោយ គ្រោងនឹងដំឡើងបៀវត្សរ៍។ យើងខានតំឡើងបៀវត្សរ៍ឆ្នាំ ២០២០ ក៏មិនបានឡើង។ ឆ្នាំ ២០២១ ក៏មិនបានឡើង។ ឥឡូវ (មករា) ឆ្នាំ ២០២៣ នេះ យើងនឹងចាប់ផ្ដើមឡើង តែឡើងហ្នឹង មិនគិតជាភាគរយទេ ឡើងតាមរបៀប, សូមនិយាយគ្នាទុកឱ្យហើយ។ ខ្ញុំមិនបានយក iPad របស់ខ្ញុំមក។ ប៉ុន្តែដូចជាមាននៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំដែរ គេហៅថា មានរបៀបឡើងរបស់វា … អ្នកប្រាក់ខែតិចឡើងបានច្រើនជាង អ្នកប្រាក់ខែខ្ពស់ហើយឡើងបានតិចជាង។ នេះ​របៀបឡើង … គ្រូបង្រៀន ហើយនិងគ្រូពេទ្យទាបបំផុតឱ្យបាន ១លាន ៥សែនរៀល។ កន្លងទៅដូចជា ១លាន ៣សែនរៀលជាង។ ឯមន្រ្តីដទៃទៀត កន្លងទៅ ១លាន ២សែនរៀល ឡើងដល់ ១លាន ៤សែនរៀល។

ម្សិលមិញ ខ្ញុំក៏បានប្រាប់ទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថានៅពេលដែលយើងតំឡើងបៀវត្សក៏យើងត្រូវតំឡើងពិដាននៃប្រាក់បៀវត្សជាប់ពន្ធ។ បានសេចក្ដីថា ពេលដែលឡើងបៀវត្ស ឧបមាថាតំឡើងបៀវត្សរ៍ទាបបំផុត ១លាន ៥សែនរៀល អញ្ចឹងយើងដាក់បៀវត្សជាប់ពន្ធហ្នឹង អ្នកដែលមានប្រាក់បៀវត្សរ៍ក្រោម ១លាន ៥សែន ១រៀល អត់ជាប់ពន្ធ ឡើងលើស ១រៀល អាហ្នឹងជាប់ពន្ធ ព្រោះដើម្បីអី? ដើម្បីចៀសវាងអ្នកដែលមានប្រាក់ខែទាបជាងគេជាប់ពន្ធ។ អ្នកដែលមានប្រាក់ខែខ្ពស់ ហ្នឹងជាប់ពន្ធចុះ។ យើងគិតនេះ គិតទាំងក្នុងវិស័យរដ្ឋ និងគិតទាំងវិស័យឯកជន។ យើងអាចធ្វើទៅបាន។ ឥឡូវនេះ បន្ធូរបន្ថយនៃការចំណាយបានយ៉ាងច្រើន បើយើងប្រៀបធៀបជាមួយនឹងពេលដែល កូវីដ-១៩ (កំពុងរីករាលដាល)។

ឥឡូវសូម្បីតែការធ្វើតេស្ដ ដោយសារតែមនុស្សមិនសូវឈឺ ដូច្នេះអ្នកទៅធ្វើតេស្ដកាន់តែតិចទៅៗ អញ្ចឹងកាលដែលយើងប្រើប្រចាំថ្ងៃនេះ(ត្រូវបានកាត់បន្ថយ) ពីមុនព្រលានយន្តហោះយើង ឱ្យតែចុះមកត្រូវតែធ្វើតេស្ដ ត្រូវចំណាយ មិនចំណាយតែឧបករណ៍ធ្វើតេស្ដ ៣ ឬ ៤ ដុល្លារហ្នឹងឯណា ចំណាយខោអាវច្រើនទៀត។ ឥឡូវហ្នឹងនៅកន្លែងដែលយើងធ្វើតេស្ដទាំងប៉ុន្មាន សម្រាប់ការធ្វើតេស្ដ អ្នកទៅយកសំណាកកាន់តែតិចទៅៗ។ អញ្ចឹងចំណុចនេះ យើងកាត់បន្ថយ(ការចំណាយ) អ្នកជំងឺនៅក្នុងមន្ទីរពេទ្យរបស់យើងអត់មានអ្នកជំងឺ កូវីដ-១៩។ អស់អ្នកជំងឺហើយ ប៉ុន្តែនៅសល់អ្នកជំងឺផ្សេងទៀត(ក្រោយព្យាបាលកូវីដ-១៩ ជាសះស្បើយ)។

(១៥) មន្ទីពេទ្យជំងឺកូវីដ-១៩ បន្តសាងសង់, ទៅប្រជុំមហាសន្និបាតសហប្រជាជាតិ, តម្លៃសាំង

ប៉ុន្តែ ផែនការធ្វើមន្ទីរពេទ្យជាង ១ ម៉ឺនបន្ទប់ នៅតែបន្ត អត់មានថមថយទេ ព្រោះយើងមិនដឹងថា ពេលណានឹងកើតជំងឺមកទៀត។ បន្តិចមកជំងឺនេះ បន្ដិចមកជំងឺនោះ ប៉ុន្តែផុតពីជំងឺ កូវីដ-១៩ ធូរស្បើយ វាចេញជំងឺកូនក្មេង គ្រុនឈាម វាបានកើតឡើង។ ចំណុចនេះជាចំណុចដែលយើងត្រូវត្រៀមទុក។ សុំកុំរអ៊ូរឿងប្រេងឡើងថ្លៃ។ ថ្ងៃមុនទូរទស្សន៍ដែលកំពុងផ្សាយបន្តផ្ទាល់ (ខ្ញុំសួរ)បងប្អូនអ្នកនៅស្រុកបារាំង(សាំង) ១ លីត្រ នៅស្រុកបារាំង(ថ្លៃ)ជាង ១ ម៉ឺនរៀល សាកសួរលោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបទៅមើល (ថ្លៃសាំងនៅ)អឺរ៉ុបថ្លៃជាងស្រុកខ្មែរ មិនមែននៅអឺរ៉ុបថោកជាងស្រុកខ្មែរទេ។ បានខ្ញុំថា យើងត្រូវហ៊ាននិយាយការពិតទាំងអស់គ្នា កុំឱ្យគេបោកយើងបាន។

ខ្ញុំនឹងទៅអាមេរិកមួយសាទៀត។ ខ្ញុំមានផែនការទៅអាមេរិក គឺទៅ(ប្រជុំ)មហាសន្និបាតអង្គការសហប្រជាជាតិ (ដែលកិច្ចប្រជុំនឹង)ចាប់ផ្តើមពីថ្ងៃទី ២០-២៤ (កញ្ញា ២០២២) ហើយថ្ងៃទី​ ២៥ (កញ្ញា ២០២២) ខ្ញុំនឹងត្រឡប់ មកវិញ។ ខ្ញុំមានគម្រោងជួបជាមួយបងប្អូនខ្មែរនៅអាមេរិកទៀត។ ពេលនោះខ្ញុំនឹងសួរតម្លៃប្រេងនៅអាមេរិក។ កាលមុនខ្ញុំក៏សួរ(ពីតម្លៃប្រេង)ដែរ។ ឥឡូវទៅខ្ញុំសួរទៀត។ ខ្ញុំយកតម្លៃពីស្រុកខ្មែរទៅប្រៀបធៀប(ជាមួយ)តម្លៃនៅស្រុកអាមេរិក។ កុំឱ្យគេបោកបាន។ រដូវឃោសនាបោះឆ្នោតគឺ(ជា)រដូវដេញថ្លៃប្រេង …។

(១៦)សុចរិតភាពពន្ធដារ, ៨០% អ្នកចុះឈ្មោះបានទៅបោះឆ្នោត, ១៧ គណបក្ស​ទទួលបានសន្លឹកឆ្នោត

និយាយដល់កន្លែងហ្នឹង ក៏អំពាវនាវឱ្យការអនុវត្តដល់វិធានការពន្ធដារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវគាំទ្រនូវសុចរិតភាពស្តីអំពីវប្បធម៌ពន្ធដារ ដោយមិនត្រូវរកស៊ីគេចវេសពន្ធ។ ហ្នឹងហើយជាមេរៀន ប្រាប់ទៅទាំងអស់គ្នាថា កិច្ចការដែលត្រូវធ្វើនៅពេលខាងមុខ។ ឯមួយទៀត ខ្ញុំគួរតែយកពេលនេះ អរគុណ ចំពោះប្រជាជនកម្ពុជាជាង ៨០% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយបានទៅបោះឆ្នោតប្រកបដោយភាពស្ងាត់ស្ងៀម អព្យាក្រឹត្យភាពខាងនយោបាយ សេរី និងយុត្តិធម៌ ទោះបីអ្នកណាថាយ៉ាងម៉េចក៏ថាទៅ ប៉ុន្តែ ការជាក់ស្តែងវាបានបង្ហាញមកអញ្ចឹង។ កម្ពុជាហែក្បូនអត់មានការប៉ះទង្គិចគប់គ្នា វាយគ្នា ជេរបញ្ចោរគ្នាក៏អត់មាន។ ពិតហើយ នៅល្ងាចថ្ងៃបិទ(យុទ្ធនាការ)មានការបោះគ្រាប់បែកច្នៃមួយនៅឯ ទីរួមខេត្តសៀមរាប ខ្ញុំសួរទៅ (ទៀ) សីហា ថាម៉េចអាហ្នឹង? ឥឡូវ ចាប់បាន អាហ្នឹង(មាន)គំនុំជាមួយគ្នាសោះ វាទៅច្នៃគ្រាប់បែកគប់ដាក់គ្នា ធ្វើឱ្យផ្ទុះ ប៉ុន្តែ វាអត់មានទំនាក់ទំនងអីទៅលើការបោះឆ្នោតនេះទេ បើទោះបីវាមិន បោះឆ្នោតក៏រឿងនោះវាកើតដែរ តែវាអត់ស្លាប់/របួសដល់អ្នកណាទេ … ១៧ គណបក្ស​ សុទ្ធតែបានទទួលសន្លឹកឆ្នោតទាំងអស់ ទោះតិច/ច្រើនក្តី។ ខ្ញុំសូមអរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចុលរួមអនុវត្តន៍សិទ្ធិរបស់ខ្លួន នោះគឺសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

ខ្ញុំសូមអរគុណនិងកោតសរសើរ ចំពោះគណៈកម្មការសន្តិសុខការពារការបោះឆ្នោត ដែលដឹកនាំដោយ សម្តេច ក្រឡាហោម ស ខេង ដែលបានធ្វើកិច្ចការដ៏ល្អសម្រាប់ដំណើរការបោះឆ្នោត។ កម្លាំងរបស់យើងស្ថិតនៅក្រោមការបញ្ជានិងចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះយើងទៅបម្រើឱ្យគេៗ ឱ្យទៅឈរនៅ​ឯណា នៅប៉ុន្មានម៉ែត្រអីប៉ុន្មានម៉ែត្រយើងត្រូវគោរពបែបបទរបស់គេ។​ ចំណុចនេះ ជាចំណុចបង្ហាញឱ្យ​ឃើញអំពីភាពចាស់ទុំខាងនយោបាយនៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់របស់កម្ពុជា។ ដែលខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យ ច្បាប់កំណត់ថា (ក្នុងការ)បោះឆ្នោតឃុំ-សង្កាត់ ត្រូវប្រកាសមុនយ៉ាងតិច ៦ ខែ។ អញ្ចឹង គណបក្សនយោបាយនានាបានត្រៀមខ្លួនអស់ហើយសម្រាប់ការចូលរួមបោះឆ្នោតសម្រាប់រយៈពេល ៦ ខែ។

ប្រទេសកម្ពុជាខុសពីប្រទេសដទៃ សូមមើលឱ្យច្បាស់។ បើគេមិនទាន់យល់ គួរតែគេស្វែងយល់ឱ្យច្បាស់ តើប្រទេសនេះដំណើរការប្រជាធិបតេយ្យយ៉ាងម៉េច? បើនិយាយពីប្រទេសនានាវិញ​ នាយករដ្ឋមន្ត្រីមានសិទ្ធិរំលាយសភាមុនអាណត្តិ នៅពេលធ្វើការស្ទង់មតិដឹងថា នាយករដ្ឋមន្ត្រីគណបក្សរបស់ខ្លួនឡើងសម្លេង ប្រកាសរំលាយសភា។ គណបក្សដទៃត្រៀមខ្លួនអត់ទាន់ផង។ ប៉ុន្តែ សម្រាប់កម្ពុជាគេបានដឹងរួចជាស្រេចហើយនូវពេលវេលានៃការបោះឆ្នោត។ សម្រាប់ថ្នាក់ជាតិ ដឹងតាំងពីបោះឆ្នោតរួច ៥ ឆ្នាំ គេដឹងថា ៥ ឆ្នាំទៀត បោះនៅថ្ងៃណា ព្រោះគេចែងអញ្ចេះ “រៀងរាល់ ៥ ឆ្នាំម្តង នៅថ្ងៃអាទិត្យ នាសប្តាហ៍ទី៤ ក្នុងខែកក្កដា ត្រូវធ្វើការបោះឆ្នោត”។ អញ្ចឹង គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមរៀបចំខ្លួន ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីធ្វើការបោះឆ្នោត។ ឯការបោះឆ្នោតឃុំ-សង្កាត់ ហោចណាស់គណបក្សនយោបាយនានាបានដឹងខ្លួនរយៈពេលយ៉ាង តិច ៦ ខែមុន ដើម្បីត្រៀមរៀបចំខ្លួនសម្រាប់ការចូលរួមបោះឆ្នោត។

(១៧) ប្រជាជនបោះឆ្នោតយកសន្តិភាពនិងការអភិវឌ្ឍ, “ជំទាស់លទ្ធផល តែទទួលអាសនៈ”

ខ្ញុំក៏សូមអបអរសាទរនិងកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំដ៏ល្អ សម្រាប់ដំណើរការបោះឆ្នោត។ យ៉ាងណាក៏គេដឹងថា នាយករដ្ឋមន្ត្រីរូបនេះជាប្រធានគណបក្សប្រជាជន។ ខ្ញុំក៏សូមយកឱកាសនេះអរគុណ ចំពោះប្រជាពលរដ្ឋ/អ្នកបោះឆ្នោតទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។ ចំណុចនេះ​វាបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាពនិងការអភិវឌ្ឍហើយ។ នយោបាយរបស់គណបក្សប្រជាជន ពេលណាក៏ដូចជាពេលណា គឺសន្តិភាព និងការអភិវឌ្ឍ។ ត្រង់អ្នកណានិយាយពីអី(ជារឿងរបស់គេ) ប៉ុន្តែក្របខណ្ឌម៉ាក្រូនៃគោលនយោបាយរបស់គណបក្សប្រជាជនគឺម្ខាងត្រូវរក្សាសន្តិភាពឱ្យបាន ម្ខាងទៀតគឺអភិវឌ្ឍន៍។

ខ្ញុំមិនព្យាយាមធ្វើអត្ថាធិប្បាយឆ្លើយតបជាមួយអ្នកណាទាំងអស់ ទោះបីអ្នកហ្នឹងលើកមកអញ្ចេះ/អញ្ចុះ គេថា ១ កៅអី ក៏ឈ្នះដែរ។ ឈ្នះឬមិនឈ្នះ វាស៊ីសងថាអ្នកណាកំពុងតែឈរ(នៅទី)នេះ? ហើយវាឈរនៅត្រង់ណា? ក្រែងវាឈរនៅភ្នំពេញឬអី? វាឈរនៅស្រុកខ្មែរ​ … (ដែលថា)ឈ្នះក្នុងចិត្ត សូមអញ្ជើញឈ្នះមួយជីវិតទៀតចុះ។ ស្អីក៏វាឈ្នះដែរ។ ប៉ុន្តែ ក៏គួរតែកាត់បន្ថយ។ អ្នកខ្លះនិយាយថាជំទាស់លទ្ធផល ប៉ុន្តែទទួលយកកៅ​អីថា កៅអីត្រូវតែយក ​ព្រោះសល់ពីគេលួច។ អញ្ចឹងអ្នកឯងចង់ចោទថាអ្នកណា? សូមជួយបង្រៀនម៉ាកលួចហ្នឹង តើគេលួចរបៀបម៉េច? … (ខ្ញុំបាននិយាយពីពេលមុនថា)នឹងអាចផ្តល់លិខិតឆ្លងដែនឱ្យបងប្អូនខ្មែរនៅក្រៅប្រទេស ក៏ប៉ុន្តែមិនអាចឱ្យបងប្អូនខ្មែរបោះឆ្នោតពីក្រៅប្រទេសមកបានទេ។ ខ្ញុំបានពន្យល់បងប្អូននៅអាមេរិក/អឺរ៉ុបឱ្យយល់ ព្រោះ(ថាបើ)ចង់បោះឆ្នោត ត្រូវតែមកបោះឆ្នោតនៅក្នុងមណ្ឌល។ បោះម៉ោង ៧ ព្រឹក ម៉ោង ៣ (រសៀល)បិទ។ រួចហើយរាប់នៅកន្លែងហ្នឹង គេថាយើងលួច។ បើយើងបបួលស្បថមិនដែលចេះហ៊ានទេ គេថាស្បថ គឺជារឿងកំប៉ិកកំប៉ុក រឿងអត់បានការ។

(ខ្ញុំ)សូមបញ្ជាក់ រឿងស្បថមិនមែនរឿងតូចតាចទេ ប្រធានាធិបតីក៏ដោយ នាយករដ្ឋមន្ត្រីក៏ដោយ សមាជិកសភាក៏ដោយ មុនពេលចូលកាន់តំណែង (គឺ)ស្បថទាំងអស់ តើអាហ្នឹងវាកំប៉ិកកំប៉ុកទេ? សូម្បីតែអាមេរិកកាំងក៏យកគម្ពីគ្រឹស្តយកទៅស្បថដែរតើ ម៉េចបានថាស្បថជារឿងលេងសើច/ទ័លច្រក។ អ្នកខ្លះមិនហ៊ានស្បថ(ព្រោះ)ខ្លាចរន្ទះបាញ់ ព្រោះគេបបួលស្បថឱ្យរន្ទះបាញ់ អត់ហ៊ានស្បថ … នៅប្រទេសយើង … តំណាងរាស្ត្ររូបណា ដែលមិនទាន់បានចូលស្បថ តំណាងរាស្ត្ររូបហ្នឹងអត់ទាន់មានសុពលភាពទេ។ អញ្ចឹង ពួកអ្នកឯងដែលចោទថាគេលួច តើហ៊ានស្បថឱ្យរន្ទះបាញ់ឬអត់? ឱ្យងាប់តៃហោងឬអត់? យើងនិយាយគ្នាអញ្ចេះវិញម្តង … ខ្លាចអីនឹងស្បថ បើខ្លួនឯងមានភស្តុតាងច្បាស់ … កុំខូចពេកមើល។

(១៨) តំណែងចៅសង្កាត់/ប្រធានឃុំ ៩៩ គ្រប់គ្រាន់សំរាប់បក្សប្រជាជន, រដ្ឋឯកបក្សទៀតទេ? ឈ្នះទើបប្រជាធិបតេយ្យ?

គេថា គណបក្សប្រជាជន​ របូតកៅអីទៅគណបក្សប្រឆាំង។ របូតអាហ្នឹងជាការធម្មតានៃដំណើរប្រជាធិបតេយ្យវាអញ្ចឹង។ យកទៅ។ ខ្ញុំមិនខ្វល់ថាមកពីបក្សណាទេ ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលផ្លូវការនៅឡើយទេ។ ថ្ងៃទី ២៦ (មិថុនា ២០២២) គឺប្រកាសលទ្ធផលផ្លូវការ។ ប្រកាសលទ្ធផលផ្លូវការ(រួច)ហើយ (នឹង)ប្រកាសពីចំនួនអាសនៈ ប្រកាសអ្នកជាប់ឆ្នោតតែម្តង រួចហើយរដ្ឋមន្ត្រី មហាផ្ទៃចុះហត្ថលេខា ដើម្បីឱ្យចូលកាន់តំណែង។ រឿងវាតែប៉ុណ្ណឹងទេតើ។ អ្នកខ្លះគេថា ត្រូវចរចាជាមួយគណ បក្សកាន់អំណាច។ អត់មានការចរចាអីទាំងអស់។ បើចង់ចរចា ទៅចរចាជាមួយគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតទៅ។ គណបក្សប្រជាជនអត់ត្រូវការជជែកវែកញែកជាមួយអ្នកណាទាំងអស់។​ គណបក្សប្រជាជនជា​គូប្រកួតមួយដែរតើ។ ទទួល(បាន)សម្លេង ៧៤% ហើយទទួលអាសនៈប្រធានឃុំជាង ៩៩% វាគ្រប់គ្រាន់ណាស់ហើយសម្រាប់គណបក្សប្រជាជននោះ។ ទទួលអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៨០% វាជាការ គ្រប់គ្រាន់ណាស់ហើយ … ខ្ញុំមិនខ្វល់ថាមកពីបក្សណាទេ។ សូមរួមគ្នាធ្វើការទៅ ហើយប្រឆាំងកូវីដ-១៩ ទាំងអស់គ្នា។ ប្រសិនបើអត់ចូលរួមប្រឆាំងកូវីដ-១៩ ទេ អ្នកដែលស្លាប់​គឺអ្នកមិនព្រមអនុវត្តន៍វិធាការណ៍សុខាភិបាលខ្លួនឯង។ ឯចំពោះវ៉ាក់សាំង ក៏សូមអំពាវនាវសុំកុំឱ្យមានវ៉ាក់សាំង(រើសអើង)ពណ៌សម្បុរនយោ​បាយ​ឱ្យសោះ។​ ការព្យាបាលជំងឺទាំងអស់ គឺកុំឱ្យមាន(ការរើសអើង)ពណ៌សម្បុរនយោបាយ …។

គោលបំណងយើងដូចជាគ្នាក្នុងការប្រឆាំងនឹងកូវីដ-១៩។ គោលបំណងរក្សាសន្តិភាព ស្ថិរភាពនយោបាយ គឺសុទ្ធតែជាគោលបំណងរួម គ្មានអ្នកណាគេចផុតទេ។ អញ្ចឹង សូមកុំឱ្យការបោះឆ្នោតមួយក្លាយទៅជាការបែកបាក់ជាតិ។ ឃោសនាបោះឆ្នោតចប់ហើយ រឿងបោះឆ្នោត(ក៏)ចប់ហើយ(ដែរ)។ ឥឡូវ រឿងធ្វើស្រែ/ចម្ការរបររកស៊ីត្រូវបន្ត នាំគ្នាធ្វើការទៅ។ មេឃុំ-ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមិនទាន់ចប់ អាណត្តិ ត្រូវបន្តថែទាំគ្រប់គ្រងសភាពការណ៍ឱ្យល្អ ទម្រាំដល់មេឃុំ-ចៅសង្កាត់ (និង)ក្រុមប្រឹក្សាថ្មីចូលទៅកាន់តំណែង។ តិចដល់ពេលហ្នឹងបាត់ត្រាឬបង្ខំបោះត្រាដើម្បីលក់អានេះ/នោះ ឬក៏បង្ខំយកកៅអី/ទូមួយចំនួនយកទៅដាក់ផ្ទះ កុំលេងអាធុនហ្នឹង។ និយាយរួមប្រទេសកម្ពុជាវាចាស់ទុំណាស់ហើយអំពីកម្រិតនៃការធ្វើនយោបាយនោះ។ ស្អីក៏លួចៗ ប៉ុន្តែបបួលស្បថមិនហ៊ាន …

ឥឡូវ តើគេហៅថារដ្ឋឯកបក្សតទៅទៀតទេ? … គេថា រដ្ឋឯកបក្ស។ ឥឡូវ(លទ្ធផលឆ្នោតដូចនេះ) តើគេថារដ្ឋឯកបក្សតទៅទៀតទេ? នៅពេលដែលជើងក្រោមនោះត្រូវគ្របដណ្តប់ដោយគណបក្សនានាជិត ២០%។ បើនិ​យាយពីកៅអីដែលទទួលបានជិត ២០% ក្នុងពេលដែលគណបក្សប្រជាជនមានជាង ៨០% បន្តិច។ តើវាជាឯកបក្សនៅមូលដ្ឋានទៀតទេ? យោងទៅលើលទ្ធផលព្យាករណ៍ទុកជាមុននៅឆ្នាំ ២០២៣ នៅក្នុងសភាមិនមែនមានតែបក្សមួយទេ គឺមានបក្សច្រើនដែលនឹងទទួលអាសនៈនៅក្នុងហ្នឹង។ ដំណើរវាទៅបែបហ្នឹងហើយចង់បានអីទៀត ឬទាល់តែគេឈ្នះទើបហៅថាប្រជាធិបតេយ្យ បើមិនទាន់ឈ្នះគឺមិនប្រជាធិបតេយ្យទេ?

(២០) រំលឹកខ្លួនជានិច្ចថា “ជាអ្នកបម្រើប្រជាពលរដ្ឋ”, យកប្រជាពលរដ្ឋជាស្នូលនៃសកម្មភាព

ឥឡូវដល់កន្លែងដែលខ្ញុំព្រះករុណាខ្ញុំគួរផ្តាំផ្ញើជាមួយនឹងមន្ត្រីរបស់យើង ពិតហើយអគ្គរដ្ឋទូត អគ្គរាជទូតដែលចូលមកអង្គុយនៅទីនេះ។ ខ្ញុំទើបនឹងដឹងព្រឹកមិញទេថាមានអញ្ជើញទូត។ ខ្ញុំថាម៉េចក៏អញ្ជើញទូតមកធ្វើអី? គេថាទូតហ្នឹងជាអ្នកបានជួយ។ (បាន)មក(ហើយ ក៏សូម)ទ្រាំស្តាប់ខ្ញុំបន្តិច ព្រោះខ្ញុំខាននិយាយយូរហើយ ម៉្យាង​ទៀតប្រធានបទរបស់ខ្ញុំច្រើន។ (ខ្ញុំត្រូវនិយាយ)អ្វីដែលខ្ញុំចង់ដាស់តឿនមន្ត្រីរបស់យើង នោះគឺត្រូវចាំអោយបានរំលឹកខ្លួនឯងអោយបានជាប់ជាប្រចាំ យើងជាមន្ត្រីដែលត្រូវធ្វើការបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ​មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សូមក្តាប់ចំណុចនេះអោយបាន។ ជានិច្ចជាកាលត្រូវរំលឹកខ្លួនឯងថា យើងជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ ហើយត្រូវទុកការបម្រើប្រជាពលរដ្ឋគឺជាគោលដៅដែលយើងត្រូវធ្វើ។ ធ្វើមន្ត្រីបើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋជាគោលដៅគឺមិនចាំបាច់មកធ្វើជាមន្ត្រីទេ។

មិនមែនតែកម្ពុជាទេ នៅលើពិភពលោកគេដាក់ចេញនូវសកម្មភាពដែលយកប្រជាជនធ្វើជាស្នូល ឯយើងគឺត្រូវយកប្រជាជនជាគោលដៅដែលត្រូវបម្រើ ហើយបញ្ហារ​បស់ប្រជាជនមិនមែនជាបញ្ហាតូចតាចទេ។ មានអ្នកខ្លះគេដៀមដាមអោយខ្ញុំថា យើងរឿងកំប៉ិចកំប៉ុកនាយករដ្ឋមន្ត្រីទៅលូកដៃដែរ។ សូម្បីតែខ្ញុំទៅជួបពួកសិស្សនិទ្ទេស A ចែក IPad គេថារឿងអញ្ចឹងៗចាំបាច់នាយករដ្ឋមន្ត្រីមកជួបដែរ។ ខ្ញុំក៏មិនយល់ ពេលដែលខ្ញុំទៅសម្ពោធសាលាគេថារឿងហ្នឹងរឿងរដ្ឋមន្ត្រីអប់រំតើ ហើយនាយករដ្ឋមន្ត្រីទៅធ្វើអី? ហើយថ្ងៃនេះប្រហែលទៀតហើយ គេថាហ្នឹងគឺឧបនាយករដ្ឋមន្ត្រីណាមួយមកបានហើយ។ អញ្ចឹងអោយធ្វើនាយករដ្ឋមន្ត្រី(ធ្វើអី) បើសូម្បីតែការងារ(ទាំងនេះមិនអោយចូលរួម)។ សូមកុំចាត់ទុកថាការងារតូចតាចជាការងារ(ដែលនាយករដ្ឋមន្ត្រីមិនត្រូវធ្វើ។ សូមកុំចាត់ទុកបញ្ហាហ្នឹងអោយសោះ។ អាធំក៏ធ្វើអាតូចក៏ត្រូវធ្វើ។ ឥឡូវបើចាត់ទុកវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សជាបញ្ហាតូចតាច ដែលមិនចាំបាច់នាយករដ្ឋមន្ត្រីមានមុខទៅទៀត អាហ្នឹងវាទៅជាស្អីទៅហើយ។ ​មិនដឹងថា ការងារនាយករដ្ឋមន្ត្រីជាស្អីផង។ អញ្ចឹង កូវីដ-១៩ តូចតាចដែរ? ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសាលារៀន មន្ទីរពេទ្យមិនមែនជារឿងតូចតាចទេ ហើយនិស្សិតភាគច្រើនគឺចង់អោយខ្ញុំចូលរួម។ បើទោះបីទទួលសញ្ញាបត្របានផ្ទាល់ ឬមិនផ្ទាល់ ក៏ចង់អោយខ្ញុំចូលរួម ហើយខ្ញុំក៏មានបំណងនឹងចូលរួមដើម្បីលើកទឹកចិត្ត ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស។

សូមកុំអោយប្រែធាតុអោយសោះ មិនថាមន្ត្រីនេះនៅថ្នាក់ណាក៏ដោយ ហើយសូមប្រយ័ត្នប្រយែងកុំអោយមានពាក្យថា ប្តីស័ក្តិ ៣ ប្រពន្ធ ស័ក្តិ ៤ កូន ស័ក្តិ ៥ កុំអោយមានអាហ្នឹង។ ឥឡូវយើងបានធូរស្រាលគួរសមហើយ។ ក្មេងទំនើងដែលជាកូនរបស់មន្ត្រីត្រូវបានកាត់បន្ថយយ៉ាងច្រើនបន្ទាប់ពីដាក់ទោសទណ្ឌមួយចំនួន ប៉ុន្តែវាក៏នៅតែមានដែរត្រូវប្រុងប្រយ័ត្ន ជួនកាលអាក្រុមក្មេងទំនើងមួយចំនួនមានកូនអ្នកធំទៅជាមួយ កូនមន្ត្រីរាជការរបស់យើងទៅជាមួយ នោះដែលធ្វើអោយរំខានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ។ យើងត្រូវចាត់ទុកដូចនេះ ទើបជាការប្រសើរ។ ឥឡូវយើងបានផ្លាស់ប្តូរពណ៌សម្បុរក្រុមគ្រូពេទ្យ គូ្រពេទ្យមុនសម័យកូវីដ-១៩ ត្រូវគេមើលស្រាលថា គ្រូពេទ្យយើង ៩០% ខូច ១០% ល្អ ឥឡូវគ្រូពេទ្យត្រូវបានគេប្រសិទ្ធនាមថា ជាកងទ័ពអាវស ដោយសុខចិត្តយកខ្លួនឯងទៅដូរ ទោះបីឆ្លង ទោះបីបែកពីប្រពន្ធកូន ប៉ុន្តែពលិកម្មនេះត្រូវបានមើលឃើញដោយប្រជាពលរដ្ឋ ហើយធ្វើអ្នកដឹកនាំកុំអោយពត៌មានអកុសលបោកប្រាស់យើងបាន ត្រូវស្វែងរកប្រភពពត៌មានអោយបានច្បាស់លាស់ ​មុនធ្វើការសម្រេចចិត្តអ្វីមួយ។

(២១) វិធីសាស្ត្រដឹកនាំនិងធ្វើការ, កត្តាចៃដន្យបង្ហាញសមត្ថភាពដឹកនាំ, មន្ត្រីរាយការណ៍ឱ្យថ្នាក់លើនិងបន្ទោសថ្នាក់ក្រោម

ខ្ញុំធ្លាប់បាននិយាយហើយ ទាក់ទិនជាមួយនឹងវិធីសាស្ត្រដឹកនាំ និងធ្វើការងារ ត្រូវឆ្លងកាត់ដំណាក់កាលស្អីក៏ដោយ មុនយើងចេញដំណើរបើគ្មានផែនការជាក់លាក់ទេ កុំ(ទាន់ចេញដំណើរ)។ ត្រូវរៀបចំផែនការអោយល្អ។ ការរៀបចំផែនការល្អចាត់ទុកថាជាផែនទីចង្អុលផ្លូវមួយ។ ដូចជាសាលាភូមិន្ទរដ្ឋបាលជាគំរូមួយនៃការរៀបចំផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ២០២១ – ២០២៥ ធ្វើអីខ្លះ? ហ្នឹងជាឧទាហរណ៍មួយយ៉ាងល្អសម្រាប់ទិសដៅជាផែនទីចង្អុលផ្លូវសម្រាប់យើងដើរ។ បន្ទាប់ទៅស្អីទៀត។ មានផែនការវាល្អហើយ ប៉ុន្តែជំហានបន្ទាប់គឺត្រូវចាត់តាំងអនុវត្តនូវផែនការនោះ កុំយកផែនការដែលបានដាក់ចេញដោយមានការឯកភាពគ្នា ក្នុងគណៈរដ្ឋមន្ត្រីក្តី ក្នុងអង្គប្រជុំក្តី យកទៅដាក់នៅក្នុងថតតុ យកទៅដាក់ក្នុងទូ យកទៅដាក់ក្នុងកាតាប ទុកចោល។ ត្រូវចាត់តាំងអនុវត្ត ដោយមានទាំងធនធានមនុស្ស ធនធានថវិកា ​និងមធ្យោបាយផ្សេងៗទៀតដើម្បីអនុវត្ត។ ប៉ុន្តែត្រូវចងចាំជំហានទី១៖ នៃការរៀបចំផែនការបានល្អគ្រាន់តែសម្រេចបាន ៣០% តែប៉ុណ្ណោះ ដល់ចាត់តាំងអនុវត្តដែលមានទាំងធនធានមនុស្ស មានមធ្យោបាយ មានសម្ភារៈ មានថវិកា ក៏ទើបនឹងសម្រេចបាន ៣០% ថែមទៀត បូកសរុបទៅត្រឹមតែ ៦០% តែប៉ុណ្ណោះ។

អញ្ចឹងនៅសល់ ៤០% នេះវាជាស្អី? ត្រូវចាំទុកកត្តាចៃដន្យនឹងលេចឡើងនៅពេលដែលយើងអនុវត្ត លើការជាក់ស្តែងយើងរៀបចំផែនការច្រើនណាស់សម្រាប់ប្រទេសយើង ដាក់ចេញរហូតដល់ឆ្នាំ ២០៥០ ឯណោះ។ ឆ្នាំ ២០៣០ ប្រែក្លាយប្រទេសកម្ពុជាអោយទៅជាប្រទេសដែលមានចំណូលធម្យមកម្រិតខ្ពស់ ២០៥០ អោយក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។ ប៉ុន្តែកត្តាចៃដន្យវាកើតឡើងគឺ កូវីដ-១៩ នេះ។ ផុតពី កូវីដ-១៩ (ក៏មក)សង្គ្រាមរុស្សី អ៊ុយក្រែន។ អញ្ចឹងស្ថានភាពនេះហ្នឹងហើយដែលហៅថា កត្តាចៃដន្យដែលលេចឡើង ហើយកត្តាចៃដន្យនេះវាពឹងពាក់ទាំងស្រុងទៅលើសមត្ថភាពដោះស្រាយនៃថ្នាក់ដឹកនាំមួយៗ ត្រូវចាំទុកកន្លែងហ្នឹង។ យើងដឹកនាំក្នុងដំណើរការធម្មតាវាអត់អីទេ ប៉ុន្តែត្រូវត្រៀមទុកកត្តាចៃដន្យ ហើយកត្តាចៃដន្យបើជាគ្រោះធម្មជាតិ ជាទឹកជំនន់ ជារាំងស្ងួត យើងអាចរៀបចំផែនការទុកមុនបានខ្លះ ដូចជា ទីទួលសុវត្ថិភាព មធ្យោបាយដឹកជញ្ជូន ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលលសុវត្ថិភាព មន្ទីរពេទ្យចល័ត ពេលរាំងស្ងួតត្រូវដោះស្រាយប្រភពទឹកពីតំបន់ណាទៅកាន់តំបន់ណា។ យើងត្រៀមបម្រុងទុកបាន។ ប៉ុន្តែ កូវីដ-១៩ នេះអត់មានអ្នកណាមានពិសោធន៍ទាល់តែសោះ។

អញ្ចឹងតាមថ្នាក់នីមួយៗក៏ដូចគ្នាដែរ។ ថ្នាក់ខេត្ត ថ្នាក់ស្រុក នៅពេលដែលអនុវត្តសកម្មភាពនៅក្នុងក្របខ័ណ្ឌខេត្តមួយ ឬស្រុកមួយដំណើរប្រព្រឹត្តទៅធម្មតា ប៉ុន្តែនៅពេលដែលកត្តាចៃដន្យកើតឡើងដូចជាព្យុះ បាក់ផ្ទះ ទឹកជំនន់ រាំងស្ងួត ឬអគ្គីភ័យ ដួលរលំអាគារ សុទ្ធតែជាកត្តាចៃដន្យ។ កត្តាចៃដន្យវាលេចឡើងនូវមន្ត្រី … ល្អដែលខិតខំដោះស្រាយសភាពការណ៍នៅនឹងកន្លែង ទន្ទឹមនឹងអំពាវនាវមកកាន់ខាងលើ។ មន្ត្រីដែលមិនបានការ គេធ្វើការងារតែ ២ ទេ ទី១៖ រាយការណ៍អោយខាងលើ ទី២៖ ស្តីបន្ទោសថ្នាក់ក្រោម ការងាររបស់មន្ត្រីដែលមិនបានការគឺមានតែ ២ហ្នឹងទេ។

ចំណាំមើលទៅ។ ពីរស្តីបន្ទោសអោយខាងក្រោម ​មួយរាយការណ៍អោយខាងលើ។ ដូច្នេះ តាមថ្នាក់នីមួយៗត្រូវគិតគូអោយបានម៉ត់ចត់។ យើងដឹកនាំគេ ហៅថាធ្វើការនៅក្នុងសភាពការណ៍ធម្មតា និងធ្វើការនៅក្នុងសភាពការណ៍ចល័ត។ ឥឡូវនេះ កម្ពុជាក៏ដូចជាពិភពលោកកំពុងស្ថិតនៅក្នុងសភាពការណ៍ចល័តហើយ។ ប្រាកដហើយឬនៅ ថាពិភពលោកមិនមានវិបត្តិសេដ្ឋកិច្ចសកល។ តាមមនុស្សមួយចំនួននិយាយថា ​មិនមានវិបត្តិសេដ្ឋកិច្ចសកលទេ។ បើវាគ្មានវិបត្តិសេដ្ឋកិច្ចសកល ក៏វាចោទជាបញ្ហាសម្រាប់វិបត្តិថាមពល និងវិបត្តិស្បៀងដើរមកដល់ដែរ។

ខ្ញុំមើលពត៌មានមួយដូចជាសមាជិកព្រឹទ្ធសភារបស់ប្រទេស ប៉ូឡូញ ទិតៀនរដ្ឋាភិបាលខ្លួនឯងថា ប៉ូឡូញ សម្រេចចិត្តលឿនពេកធ្វើអោយប្រជាជនប៉ូឡូញជួបការលំបាក។ តើគាត់ចង់និយាយពីអី? គាត់ចង់និយាយអំពីការសម្រេចចិត្តកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ពីរុស្សី។ អញ្ចឹងអ្នកដែលទទួលផលពិបាកគឺប្រជាជនប៉ូឡូញ។ ឥឡូវ នៅអឺរ៉ុបបញ្ហាការ(ផ្តាច់ការ)ផ្គត់ផ្គង់ប្រេងនិងឧស្ម័នចេញពីរុស្សី តើខ្លួនទ្រទ្រង់បានហើយ ឬ​នៅ? នៅក្នុងអឺរ៉ុបមិនមែនចេះតែឯកភាពគ្នាគ្រប់តែបញ្ហានោះទេ។ រឿងនេះវាមិនមែនប៉ះពាល់តែអឺរ៉ុប និងរុស្សីឯណា? វាប៉ះពាល់ដល់យើងដែរនេះ។ អាស៊ានក៏មានផលប៉ះពាល់ពីវិបត្តិការធ្វើសង្គ្រាម។ ដែលរុស្សីលើកទ័ពចូលអ៊ុយក្រែនវាប៉ះពាល់មួយហើយ ប៉ុន្តែទណ្ឌកម្មនេះវាក៏ធ្វើអោយប៉ះពាល់អឺរ៉ុបខ្លួនឯងនិងប៉ះពាល់ដល់អ្នកដទៃទៀត។ នោះហើយសុទ្ធតែជាបញ្ហា។

អញ្ចឹងហើយត្រូវឃុំគ្រងសភាពការណ៍នេះយ៉ាងម៉េច? ដូចកន្លងទៅដើម្បីបន្ធូរបន្ថយថ្លៃប្រេងរដ្ឋយើងត្រូវជួយយ៉ាងម៉េច? ដើម្បីបន្ធូរបន្ថយថ្លៃប្រេងនេះបានបន្តិច​និងរក្សាតុល្យភាពនៃការដែលយើងអន្តរាគមន៍សង្គម ជា​មួយ​នឹងថវិកាដែលយើងមាន។ យើងអន្តរាគមន៍ចិញ្ចឹមប្រជាជនជិត ៣លាននាក់ ក្នុង ១ខែ ប្រមាណជា ៤០លានដុល្លារ កំពុងតែពិនិត្យដោយសារតែអតិផរណាបានមកដល់ អ្នកក្រីក្ររបស់យើងអាចជួបការលំបាកបន្ថែមពីលើ កូវីដ-១៩ យើងអាចត្រៀមសម្រាប់អន្តរាគមន៍ទៅលើគោលដៅមួយចំនួនថែមទៀត។ កម្មករផ្នែកឧស្សាហកម្មត្រូវបានបញ្ចប់ហើយ។ ឥឡូវធ្វើការមិនទាន់ទៀត ត្រូវធ្វើទាំងយប់រោងចក្រប្រមាណជា (៥០០) តាមភោជនីយ៍ដ្ឋាន តាមសណ្ឋាគារនានា … យើងបានបញ្ឈប់ព្រោះគេមានការងារធ្វើឡើងវិញហើយ តែតំបន់សៀមរាបនៅ។ នេះជាការធានារ៉ាប់រងមួយរបស់យើងចំពោះសង្គម ការទទួលខុសត្រូវរបស់យើង។ ចំណុចទាំងអស់នេះទាមទារអោយយើងគិត។

នេះហើយដែលខ្ញុំចង់និយាយជាចំណុចចុងក្រោយនៃបញ្ហាកត្តាចៃដន្យលេចឡើង។ បើដោះស្រាយកត្តាចៃដន្យនេះមិនត្រូវទេ គឺបានសេចក្តីថាបង្ហាញពីកង្វះសមត្ថភាពនៃការដឹកនាំ។ សូម្បីតែនយោបាយវ៉ាក់សាំងដើរខុសតែបន្តិចអត់ប្រសិទ្ធភាពស្លាប់ប្រជាជន ប៉ុន្តែយើងបានយកជំហានត្រូវ និយាយយ៉ាងដូច្នេះមិនមែនលើកខ្លួនឯងតែការពិតវាអញ្ចឹង វាឆ្លងប៉ុន្តែវាអត់ស្លាប់ ឥឡូវយ៉ាងណាក្នុងមួយសប្ដាហ៍ជើងហោះហើរចូលក្នុងប្រទេសកម្ពុជាក៏មានប្រមាណជា ៤០០ ជើងដែរក្នុងមួយសប្ដាហ៍។ ចូលខែ មិថុនា នេះ ការវិលត្រឡប់នៃទេសចរអាចនឹងកើនឡើងបណ្ដើរៗ ទន្ទឹមនឹងចរាចរណ៍ទេសចរផ្ទៃក្នុងបន្តទៅទៀត។ ខ្ញុំគ្រាន់តែជម្រាបជូនអំពីវិធីសាស្ត្រនៃការដឹកនាំ រៀបចំផែនការ ចាត់តាំងអនុវត្តនិងត្រៀមដោះស្រាយកត្តាចៃដន្យ ប៉ុន្តែគ្រប់ដំណើរការទាំងអស់ត្រូវតែមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យមិនអាចដឹងបានថាអ្វីខុស អ្វីត្រូវនោះទេ ព្រោះបញ្ហាខ្លះផែនការដែលយើងដាក់ចេញវាមិនប្រាកដថាត្រូវទេ។

(២២) ទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋកម្ពុជានិងការគង់វង្សនៃទន្លេសាប

ខ្ញុំសុំយកឱកាសនេះនិយាយបន្តិច អាជ្ញាធរខេត្តជុំវិញបឹងទន្លេសាបមកបានប៉ុន្មាននាក់? ទាំងអស់។ សាររបស់ខ្ញុំបានបញ្ជូនទៅហើយ។ ត្រូវធ្វើអោយស្រូត។ ត្រូវមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ នេះស្ថិតនៅក្នុងវិធីចាត់ចែងដែលយើងមិនត្រូវមើលស្រាល។ ខ្ញុំត្រូវយកការទទួលខុសត្រូវមួយចំពោះមុខប្រជាពលរដ្ឋកម្ពុជានិងចំពោះមុខការគង់វង្សនៃទន្លេសាប។ ប្រជាជនរស់នៅតជំនាន់នៅក្នុងបឹងទន្លេសាប ឯយើងដាក់ពួកគាត់ទៅក្នុងតំបន់ ៣ ទាំងអស់។ ឯណា ស៊ុន សុវណ្ណារឹទ្ធ? កំពង់ឆ្នាំងដែលទៅទេ ពាមឆ្កោក? ពាមឆ្កោក ព្រៃគី ស្អីៗនេះ ខ្ញុំសុទ្ធតែធ្លាប់ទៅតាំង(ពីឆ្នាំ) ១៩៨៦ ទៅវាយគ្នា ខ្ញុំនៅលើកូន ម៉ារីន គេវាយគ្នាយប់កាលនោះ តាសុខ គាត់នៅធ្វើមេទ័ពជើងទឹក ប៉ុន្តែមេទ័ពជើងទឹកនៅក្នុងបឹងទន្លេសាប។

អញ្ចឹង យើងទៅដាក់គាត់នៅក្នុងតំបន់៣។ ឥឡូវអញ្ចេះ ខ្ញុំបានប្រាប់ហើយ តំបន់៣ខ្លះគឺឆ្វៀល (តំបន់)៣ អីទៀតបើគាត់នៅ ២០០ឆ្នាំ ហើយហ្នឹង។ អនុក្រឹត្យយើងទើប ២០១១ វាយ៉ាប់ត្រង់ហ្នឹង។ អញ្ចឹងបានខ្ញុំថាឈប់ហើយ។ ចុះអនុក្រឹត្យប៉ុន្មានខុសទាំងអស់។ ដល់ទៅអោយធ្វើអនុក្រឹត្យថាទឹកឡើងដល់ណាឡូត៍ដល់ហ្នឹង។ ទឹកឡើងដល់ណាបឹងដល់ហ្នឹង។ បើអញ្ចឹងវាមិនងាប់ប្រជាជន។ ប្រជាជនកំពុងធ្វើស្រែប្រាំង ស្រាប់ដល់ស៊ីញេអនុក្រឹត្យទៅសុទ្ធតែស្រែប្រាំងប្រជាជន។ អញ្ចឹងកាត់អស់។ ទន្លេសាបមានតំបន់ខ្លះជាពិសេសនៅកោះជីវាំង នៅទឹកសុទ្ធតែម្ដង។ កោះជីវាំងមិនក្រុមខ្លាំងវាយអាពត។ នៅម្ដុំកោះជីវាំងនៅស្រុកឯកភ្នំ។ ជំនាន់ហ្នឹងជំនាន់ដែលយើងពង្រឹងកោះជីវាំង … វាយពួកអាពតចូលមក។ គាត់នៅហ្នឹងយើងទៅធ្វើសាលា វត្ត អោយស្រាប់ពុះដាក់គាត់ទៅក្នុងហ្នឹង។

ឥឡូវអស់លោក(អភិបាលខេត្ត)ធ្វើទៅ គ្មានអ្នកណាស្គាល់ភូមិសាស្ត្រជាងអស់លោកទេ។ អស់លោកទៅឆ្វៀលកាត់ចេញពីតំបន់ ៣។ ឥឡូវឧទាហរណ៍ថានៅកន្លែងហ្នឹង ផ្ទៃដីគាត់កំពុងតែគ្រប់គ្រង ៥ពាន់ហិកតា យើងកាត់ ៥ ពាន់ហិកតា អោយគាត់ចេញហើយ យើងអាចទុកបន្ថែមប្រមាណថា ១០% ឬប៉ុន្មានហិកតាទៀតអោយគាត់ទទួលផលត្រូវគិតអាហ្នឹង។ ដូចដែលខ្ញុំចុះធ្វើនយោបាយចាស់សកម្មភាពថ្មីនៅលើវិស័យដីធ្លីនៅឆ្នាំ ២០១២ គឺស្ថានភាពស្បែកខ្លា ឥឡូវទៅរើគាត់ចេញទៅណា … តាមអនុសាសន៍របស់អង្គការនេះ/នោះ … កន្លងទៅទាមទារដាក់ទន្លេសាបទៅជាតំបន់អីណា ភ្នំក្រវ៉ាញទៅជាតំបន់អីណា។ (ខ្ញុំ)ថាអត់ទេ។ អញ្ចឹងត្រូវឆ្វៀលអោយគាត់។ ប៉ុន្តែបើសិនជាថាយើងមានប៉ុន្មានកន្លែងហ្នឹង អោយគាត់ទៅជាព្រៃសហគមន៍កន្លែងហ្នឹង ហើយទុកឱ្យពួកគាត់ថែទាំកន្លែងហ្នឹងល្អជាង …។

គាត់ថែទាំនៅកន្លែងហ្នឹងគាត់អាចរកឧស គាត់អាចចាប់ត្រីនៅកន្លែងហ្នឹង កន្លែងខ្លះគាត់មានទឹកផងគោកផង លំនៅស្ថានរបស់គាត់គោក លិចខែវស្សាកន្លែងបង្កបង្កើនផលរបស់គាត់គោក លិចខែវស្សា យើងគាត់ឱ្យគាត់ ប៉ុន្តែអាចមានដីព្រៃមួយចំនួននៅក្បែរនោះ សុំអំពាវនាវសុំកុំអោយគាត់កាត់ថែម។ តែយើងអាចផ្ដល់ព្រៃមួយចំ​នួនអោយគាត់ ដើម្បីអោយគាត់អាចរកឧស រកអីកន្លែងហ្នឹង បើមិនអញ្ចឹងគាត់ចូលព្រៃហ្នឹងគាត់រំលោភទៀត ប៉ុន្តែបើមិនអោយគាត់ចូលព្រៃទៅរកឯណា គាត់ត្រូវរកឧស ដឹកគោអោយស៊ីស្មៅកន្លែងហ្នឹង។ អញ្ចឹងអស់​លោកដើរធ្វើអាហ្នឹង។ តំបន់ ២ ខ្លះកាត់ទៅជាតំបន់ ១ តំបន់ ៣ ខ្លះកាត់ទៅជាតំបន់ ២ ប៉ុន្តែតំបន់ ៣ ខ្លះវាអត់នៅជិតតំបន់ ២ ឯណា វានៅកណ្ដាលគេឯណោះ អញ្ចឹងឆ្វៀលវាទៅកុំអោយគាត់រស់នៅដោយមិនដឹងថាអនា​គតអញត្រូវគេជម្លៀសទៅណា អាហ្នឹងទើបការដឹកនាំជាក់ស្ដែងនិយម។

ឯណា សីហា … នៅកំពង់ភ្លុក ដូចជាមានដីចំការមួយកន្លែង សម្ដេចព្រះមហាក្សត្រយានី កុសមៈ នារីរ័ត្ន ព្រះអង្គបានព្រះរាជទានអោយធ្វើតាំងពីឆ្នាំ ១៩៥២ ហើយដល់ឆ្នាំ ១៩៩៦ នេះ កាលនោះ តាវ សេងហួរ មកធ្វើរដ្ឋមន្ត្រីក្រសួងកសិកម្មប្រើបង ឈា សុង នៅធ្វើរដ្ឋលេខាធិការ អោយដោះស្រាយដើម្បីអោយប្រជាជនចាកចេញពីកន្លែងហ្នឹង។ ពេលហ្នឹងខ្ញុំនៅសៀមរាប ខ្ញុំប្រាប់បង ឈា សុង ថាកុំប៉ះអោយសោះ។ ជំនាន់ព្រះករុណាធ្វើបាន ព្រោះព្រះមហាក្សត្រយានី ប្រទានឱ្យធ្វើ។ ជំនាន់រដ្ឋកម្ពុជាធ្វើបាន។ ដល់ជំនាន់ឯកឧត្តម តាវ សេងហួរ ចូលមកគាត់ស្នើអោយ ឈា សុង ធ្វើ។ ឈា សុង ថាទៅខ្លួនឯងខ្ញុំអត់ទៅទេ ព្រោះអាហ្នឹងប្រជាជនធ្វើតាំងពីណាណីមក។ ១៩៥២ អាហ្នឹង។ ប៉ុន្តែភូមិខ្លះ មិនមែន ១៩៥២ តាំង (ឆ្នាំ)១ ៧០០, (ឆ្នាំ)១ ៦០០ ឯណោះហើយយើងដាក់ចូលក្នុងតំបន់ ៣ ទាំងអស់។ ឥឡូវឆ្វៀលចេញទៅ។ នៅក្នុងតំបន់ ៣ ប៉ុន្តែតំបន់នេះគឺជាតំបន់ប្រជាជនកាន់កាប់។ តំបន់ខ្លះវាភ្ជាប់គ្នារវាងតំបន់ ៣និងតំបន់ ២។ កាត់ចេញពីតំបន់ ៣ ទៅជាតំបន់ ២ អាតំបន់ ២ កាត់អោយទៅជាតំបន់មួយ អាហ្នឹងទើបជាដំណោះស្រាយបញ្ហាជាក់ស្ដែង ហើយត្រូវធ្វើអោយជាក់ស្ដែង មិនមែននិយាយមុនបោះឆ្នោតក្រោយបោះឆ្នោតអត់ធ្វើទេ ប្រយ័ត្នប្រជាជនថាបោក។

ប៉ុន្តែមានចំណុច២ដែលខ្ញុំត្រូវនិយាយ។ ទីមួយអំពីដីដែលរឹបអូសកន្លងទៅអ្នកដែលកាប់ថ្មីៗ ដាំដើមឈើរួចហើយនៅតែបន្តដាំការពារអោយបានអាហ្នឹង ដែលយើងយកមកវិញហើយ ប៉ុន្តែមិនងាប់ក្រឡាទេកន្លែងខ្លះគឺវាបាត់បង់ជា… ទោះបីបូកក៏បូកមិនចេញដែរ ព្រោះវាគោករាក់អស់រលីងទៅហើយ អញ្ចឹងកន្លែងខ្លះដែលយើងប្រមូលពួកអាណាធិបតេយ្យទៅកាប់ ដែលយើងដាំឈើ បោះដើមត្នោត ដើមអីចូលទៅក្នុងហ្នឹងដាំដើមឬស្សីអីហើយ រក្សាវាអោយល្អ។ ទី២ កុំអោយកាប់ទន្ទ្រានបន្ថែមត្រូវមើល អោយអំណាចទៅខេត្តហើយកុំខេត្តងាកមករដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីធនធានទឹក រដ្ឋមន្ត្រីបរិស្ថាន រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ តទៅទៀត អាហ្នឹងសុំផ្ដាំផ្ញើអ្នកនៅជុំវិញបឹងទន្លេសាប។

គណបក្សប្រជាជននឹងធ្វើសនិ្នបាតនៅថ្ងៃ ១៦និង១៧ ពីមុនគ្រោងថ្ងៃ ០៩និងថ្ងៃ១០ ប៉ុន្តែបន្ទាប់ពីការកំណត់កាលបរិច្ឆេទហើយ ព្រះរាជសាររបស់ព្រះករុណា ព្រោះខ្ញុំបានចុតម៉ាយថ្វាយទៅព្រះករុណាយាងព្រះអង្គទៅដាំកូនឈើ ថ្ងៃ០១ ខែកក្កដា ដល់ព្រះរាជសារចេញមកជាន់គ្នាហើយ អញ្ចឹងបានអ្នកណាដង្ហែរព្រះករុណា អញ្ចឹងត្រូវលើកទៅថ្ងៃ ពីថ្ងៃ០៩និង១០(កក្កដា) ទៅដល់ថ្ងៃ១៦និង១៧(កក្កដា) ទៅវិញពេលនោះ យើងនឹងជជែកគ្នាថែមទៀតលើបញ្ហាដែលត្រូវធ្វើ ហើយខាងក្រោមធ្វើកុំរង់ចាំបទបញ្ជាអី ធ្វើអោយតែលើមូលដ្ឋានផលប្រយោជន៍ប្រជាជនអត់មានអីខុសទេ។ កន្លងទៅឃើញក្នុងរយៈ ២ឆ្នាំ នៃ កូវីដ-១៩ នេះ បងប្អូនអត់ចាំបញ្ជា។ ខ្ញុំសុំសសើរ​ដោយស្មោះចំពោះគ្រប់ស្ថាប័ននិងចំពោះគ្រប់អាជ្ញាធរដែនដីក៏ដូចជាអង្គភាពកងកម្លាំងប្រដាប់អាវុធ អត់រង់ចាំបទបញ្ជាបានធ្វើទេ។ បានសេចក្ដីថាព្រឹបៗ ស្រុះគ្នាធ្វើ ហ្នឹងហើយគឺជាជោគជ័យនៃការផ្ទេរអំណាចអោយមូលដ្ឋាន។

(២៣) មន្ត្រីគ្រាប់ល្ពៅបួនប្រភេទ

បណ្ដាំចុងក្រោយរបស់ខ្ញុំព្រះគឺរឿងស្អី ពេលណាក៏ត្រូវនិយាយដែរសុំកុំអោយក្លាយខ្លួនទៅជាមន្ត្រីគ្រាប់ល្ពៅ ហើយមន្ត្រីគ្រាប់ល្ពៅមានដល់ទៅ៤ប្រភេទ ប៉ុន្តែគ្រោះថ្នាក់ជាងគេគឺប្រភេទទីមួយ។ បងប្អូនសុទ្ធតែធ្លាប់ស្ដាប់ហើយការនិទានរឿងរបស់ខ្ញុំ។ ព្រះរាជាមួយព្រះអង្គ ព្រះអង្គចង់ដឹងអំពីការស្មោះត្រង់របស់មន្ត្រី។ ព្រះអង្គបានយកគ្រាប់ល្ពៅយកចែកអោយមហាឧបរាជ ឧបរាជ មន្ត្រីនានានៅក្នុងព្រះរាជវាំង។ ពីដើមសុទ្ធតែចងក្បិន វេចខ្ចប់យកគ្រាប់ល្ពៅទៅ។ ដល់ពេលយកគ្រាប់ល្ពៅទៅ ៣ខែជាងក្រោយគិតថាល្ពៅដល់ពេលផ្លែហើយ ព្រះរាជាក៏កោះប្រជុំមួយសារទៀត។ អ្នកទាំងហ្នឹងដដែល។ អញ្ចឹងគឺលេចឡើងនៅមន្ត្រី ៤ប្រភេទ។ មន្ត្រីទីមួយដឹកល្ពៅមកតែម្ដង។ ព្រះរាជាសួរ។ មានព្រះរាជឱងការទៅកាន់មន្ត្រី ម៉េចអស់លោកល្ពៅយ៉ាងម៉េច។ មន្ត្រីទី១ ថាទូលបង្គំដឹកមក ប៉ុន្តែអ្នកយាមវាំងមិនព្រមអោយយកចូល។ ហ្នឹងចេញមួយប្រភេទទៅ។ បន្ទោសអ្នកយាមវាំងមិនអោយយកចូល។ ប្រភេទទី២ ក៏ទូលថាល្ពៅទូលបង្គំក៏ផ្លែដែរតែអត់បានបេះមក។ ប្រភេទទី៣ ទូលបង្គំយកទៅកូន យកទៅលេងឬកណ្ដុរស៊ីអស់ទៅអត់បានដាំ។ ដល់ប្រភេទទី៤ ឆ្លើយថា “ព្រះអង្គគ្រាប់ល្ពៅស្ងោរដាំធ្វើម៉េចដុះ”។

អញ្ចឹងតើយើងវិនិច្ឆ័យមន្ត្រីទាំង ៤ក្រុម នេះរបៀបម៉េច។ ប្រភេទទី ៤ នេះ គឺជាប្រភេទដែលស្មោះត្រង់ហើយ ហ៊ាននិយាយការពិត។ ប្រភេទទី ២ និង ៣ នៅកែបាន ដោយដាក់លេសលើក្មេងយកលេងឬកណ្ដុរស៊ី ប៉ុន្តែអាប្រភេទទី១ មិនគួរអត់ឱនទេ អានេះត្រូវដំរីជាន់ ព្រោះអានេះមិនត្រឹមតែមកបោកស្ដេចទេ វាដាក់កំហុសទៅលើអ្នកយាមព្រះរាជវាំងទៀត ធ្វើអោយគេគ្រោះថ្នាក់ដោយសារវា។ វាមិនដែលអ្នកណាយកគ្រាប់ល្ពៅស្ងោរទៅដាំដុះ។ វាមានមន្ត្រីបោកប្រាស់របៀបហ្នឹង។ អញ្ចឹងយើងប្រយ័ត្នប្រយែងជាមួយហ្នឹង(មន្ត្រីបែបនេះ)។

ខ្ញុំឧស្សាហ៍(បានទទួល)ណាស់។ ខ្លះខំវាយបញ្ចូលមកលេខ What’sApp របស់ឯង មិនដែលស្គាល់ ក៏(វាយមក)។ Telegram ទទួលបានច្រើនណាស់។ ខ្ញុំឬក៏នាងខ្ញុំមិនមែនជាប្រភេទមន្ត្រីគ្រាប់ល្ពៅ។ ចាំបាច់មកនិ​យាយអីជាមួយខ្ញុំធុននឹង។ គេអ្នកស្នេហាជាតិពិតប្រាកដ គេមិនដែលនិយាយថាខ្ញុំស្នេហាជាតិទេ តែគេប្រើទង្វើជាក់ស្ដែងគេ ស្រឡាញ់មហាក្សត្រ ស្រឡាញ់រាជានិយម ការពាររាជបល័្លង្ក គេមិនដែលថាខ្ញុំស្នេហាស្តេច ស្រឡាញ់ស្តេច ស្រឡាញ់រាជានិយម គេប្រើទង្វើជាក់ស្តែង។ នេះគ្រាន់តែជាការផ្តាំផ្ញើខ្លះៗ កុំឲ្យលុះទៅដោយល្បិច។ អញ្ចឹងមន្ត្រីប្រភេទទី ៤ ហ៊ាននិយាយការពិត ប្រាប់ថាព្រះអង្គថាឲ្យគ្រាប់ល្ពៅស្ងោរ ទូលបង្គំដាំម៉េចដុះ។ អញ្ចឹងមន្ត្រីហ្នឹងគួរត្រូវបានលើកបណ្តុះបណ្តាលឲ្យកាន់តំណែង ហើយមន្ត្រីទី ១ ហ្នឹងយកទៅគ្រវែងចោលទៅ។

(២៤) ស្នើមីយ៉ាន់ម៉ាពិចារណាពីការកាត់ទោសប្រហារជីវិតយុវជនពីររូប, មិនមែនជានាយករដ្ឋមន្ត្រីឆក់កណ្តៀតនិងក្នុងសុបិន្តទេ

ឥឡូវមិនមានទោសប្រហារជីវិតទេ។ ខ្ញុំកំពុងតែធ្វើលិខិតទៅឧត្តមសេនីយ៍ Min Aung Hlaing នៅមីយ៉ាន់ម៉ា ស្នើសុំឲ្យពិចារណាអំពីការកាត់ទោសប្រហារជីវិតយុវជន ២ នាក់។ យើងអត់មានទោសប្រហារជីវិតទេ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម Min Aung Hlaing នឹងពិចារណាចំពោះសំណើខ្ញុំ ក្នុងក្របខណ្ឌជាប្រធានអាស៊ាន ដោយយើងមិនចង់ឃើញអ្វីកើតឡើងបន្ថែមទៀត ទៅលើអ្វីដែលជាបញ្ហាកំពុងលំបាកស្រាប់នោះទេ។ និយាយច្រើនណាស់ទៅហើយ ច្រើនលើសរហូតដល់អគ្គរដ្ឋទូតស្តាប់លែងចង់ចូល។ ប៉ុន្តែ ហ៊ុន សែន គឺបែបហ្នឹង។ ខ្ញុំមិនមែនធ្វើនាយករដ្ឋមន្ត្រីកញ្ឆក់កណ្តៀត ហើយក៏មិនមែនធ្វើនាយករដ្ឋមន្ត្រីក្នុងសុបិន្តដែរ។ ជីវិតនៃការធ្វើនាយករដ្ឋមន្ត្រីវាជាង ៣៧ ឆ្នាំហើយ។ នៅថ្ងៃទី ២០ នេះគឺខួប ៤៥ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដែលនឹងត្រូវធ្វើខួបអនុស្សាវរីយ៍ ដែលនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជា ជួបគ្នានៅតាមព្រំដែននៅទីនោះ។

បើគិតពីបទពិសោធន៍ ខ្ញុំយកបទពិសោធន៍ដោយមិនចាំបាច់បទពិសោធន៍អំពីការដែលខ្ញុំធ្វើកងទ័ព ខ្ញុំយកបទពិសោធន៍ពេលដែលខ្ញុំចាប់ផ្តើមកាន់ទង់ដឹកនាំកម្លាំង ដើម្បីវាយ ប៉ុល ពត ក៏វាជិត ៤៥ ឆ្នាំដែរ។ អញ្ចឹងវាជាងពាក់កណ្តាលជីវិត ហើយធ្វើនាយករដ្ឋមន្ត្រីក៏វាជាងពាក់កណ្តាលជីវិតដែរ។ ដូច្នេះអ្វីដែល ហ៊ុន សែន មិន​ដែលជួបប្រទះ រឿងតែមួយគត់ មិនទាន់ជួបប្រទះគឺ KTV អត់ដែលចូល។ បើមានអ្នកណាបបួលចូល គិតចង់ចូលម្តង។ មានតែពឹងពាក់ កាញរីទ្ធ ហើយ។ គេថារិទ្ធិ ខូចណាស់។ ក្នុងគណៈរដ្ឋមន្ត្រីរបស់យើង “រិទ្ធិ” ដល់ទៅ ២ កាញារីទ្ធ និង កើត រិទ្ធិ។ ហើយខ្ញុំមានចៅមួយទៀត រិទ្ធិ ទៀត វាច្រឡំម​កប៉ះខ្លួនឯង។ ប៉ុន្តែ រិទ្ធិ ជាន់មុនគេបន្ធូរបន្ថយ។ ខូចបាន។ រិទ្ធិជាន់ក្រោយ ដូច កើត រិទ្ធ អត់ខូចបានទេ។ គេអត់ឲ្យខូចទេ។ គេថា រិទ្ធ ជាន់មុន ពេលដែលកំពុងសប្បាយ ត្រូវការសប្បាយ វ័យសប្បាយ។ កើតសង្គ្រាម គាត់អត់បានសប្បាយផង។ ឥឡូវឲ្យគាត់សប្បាយចុះ​ ប៉ុន្តែកុំភ្លេចឆ្នាំហ្នឹងឆ្នាំខាល …។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំសម្រាប់ជ័យលាភីទាំងអស់ ១៧៣៣ នាក់ ក្នុងនោះមានអ្នកពិការ ៥ នាក់ មន្ត្រី ហើយនឹងមន្ត្រីជាន់ខ្ពស់ និងកម្មការី ដែលបានចូលរួមក្នុងវគ្គនេះ ចំនួន ៦៥៥ នាក់ ក្នុងហ្នឹងអ្នកពិការ ៣ នាក់ទៀត។ អញ្ចឹង ២ វគ្គនេះ អ្នកពិការ ៥ នាក់ដែលចេញ និងអ្នកពិការ ៣ នាក់ចូល សរុបទាំងអស់ ២៣៨៨នាក់ ក្នុងម្នាក់ៗ សុំប្រគេន និងជូន​ចំពោះ ១០ ម៉ឺនរៀល។ ដោយឡែកសម្រាប់បងប្អូនពិការទាំងអ្នកចេញ និងអ្នកចូល ៨ នាក់ ក្នុងម្នាក់ៗថែមជូន ១ លានរៀល។ ខ្ញុំគិតថាយើងទាំងអស់គ្នាដែលអត់ពិការ គឺមិនច្រណែនជាមួយអ្នកពិការទេ។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ២៥៣ នាក់ ក្នុងម្នាក់ៗ ២០ ម៉ឺនរៀល។ ជូនសាលាភូមិន្ទរដ្ឋបាលថវិកា ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣ លានរៀល។

(២៥) ដៃគូបរទេសមិនត្រូវធ្វើការដោយផ្អែកតាមសារព័ត៌មាន, អ្នកដាក់អន្ទាក់ ហ៊ុន សែន ជាប់តែខ្លួនឯងវិញ

ខ្ញុំព្រះករុណាខ្ញុំ សុំអភ័យទោសផងដែរ ប្រសិនបើខ្ញុំព្រះករុណាខ្ញុំ ថ្លែងទៅមានការលើសលស់លើចំណុចណាមួយដែលវាមិនគប្បី សុំអធ្យាស្រ័យ។ សុំអធ្យាស្រ័យពីលោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែរ ព្រោះខ្ញុំនិយាយដល់អឺរ៉ុបច្រើន ក៏សុំអធ្យាស្រ័យ។ ខ្ញុំចង់អោយយើងចង់ធ្វើការជាមួយគ្នា ដោយមិនចង់ធ្វើការតាមសារព័ត៌មានទេ។​ អ្វីដែលខ្ញុំគួរខ្លាចជាមួយដៃគូរបរទេស គឺខ្ញុំខ្លាចគេធ្វើការតាមរបៀបធ្វើការតាមសារព័ត៌មាន។ ខ្ញុំកំពុងតែត្រៀមសួរមនុស្សម្នាក់ ដែលនឹងជួបខ្ញុំប៉ុន្មានថ្ងៃខាងមុខ ខែ ៧ ថា (ក្នុង)ពេលដែល(មានសម្ពាធ) កូវីដ-១៩ យើង(បាន)ចាប់មនុស្សជាង ៧០០ នាក់។ ខ្ញុំនឹងសួរគាត់ថា អ្នកឯងព័ត៌មានមកពីណា ព្រោះកាលដែលជួបខ្ញុំតាម video conference អ្នកឯងនិយាយម្តងហើយ។ ខ្ញុំកែតម្រូវ។

ប៉ុន្ដែពេលនៅហ្សឺណែវអ្នកឯងនិយាយទៀត។ បើអ្នកឯងនិយាយថា ខ្ញុំទទួលបានតាមសារព័ត៌មាន ខ្ញុំនឹងចង្អុលមុខអ្នកឯង។ អ្នកឯងមិនទាន់ចេះធ្វើការទេ។ តើមានមនុស្ស ៦០០ ៧០០ នាក់ មកពីត្រង់ណាដែលយើងចាប់ រឿងច្បាប់ កូវីដ-១៩។ អ្នកជាប់ឃុំ មានទោសមានពៃរ៍សម្រុកចាក់វ៉ាក់សាំងពេញទឹកពេញដី។ ឥលូវដូសទី ៣ ហើយថែមទី ៤ (មានទីថ៤) ថែមដូសទី ៥ ទៀត ចូលក្នុងមន្ទីរឃុំឃាំង គុកនឹងទៅ។ ធ្វើការជាមួយគ្នា (អាច)សួរគ្នាបាន ហេតុអ្វីយកព័ត៌មានពីសារព័ត៌មាន។ ធុននឹងខ្ញុំអត់លេងចូលជាមួយទេ។ អញ្ចឹងបានខ្ញុំមិនរណបទេ។

ការទូតត្រូវតែស្មើភាពគ្នា។ និយាយគ្នាឲ្យច្បាស់ព្រោះនេះជារដ្ឋអធិបតេយ្យមួយដែលមានការទទួលខុសត្រូវ។ (មានការលើកឡើងថា)ប្រ​ជាជនរាប់លាននាក់រង់ចាំតែបះបោរ កងទ័ពរាប់ម៉ឺននាក់រង់ចាំតែបះបោរ។ ឥលូវ បះ(បោរ)ពីអង្កាល់។ គេនៅទីនេះ គេរក្សាសន្ដិភាពរបស់គេ។ តម្លៃនៃសន្ដិភាពវាផ្ដល់ឲ្យយើងគ្រប់យ៉ាងនេះ។ របរក​ស៊ី រៀនសូត្រ ការបោះឆ្នោត។ ខ្ញុំចេះតែឆ្ងល់។ ចង់ឲ្យអ្នកទិតៀនយើងគេបូកសរុបបានទេ ល្អចំនួនប៉ុន្មានភាគរយ មិនល្អប៉ុន្មានភាគរយ គេបូកបានទេអានឹង? គេចេះបូកលេខឬអត់? យើងទទួលស្គាល់តើ ថាយើងមានចំ​ណុចខ្វះខាតបានជាយើងត្រូវមានការកែលំអ។ បើវាល្អ ១០០% ហើយចាំបាច់មានអីត្រូវកែទម្រង់ទៀត? យើងប្រើពាក្យកែទម្រង់ដោយសារយើងមានការខ្វះខាត បានជាយើងត្រូវធ្វើការកែលំអ កែទម្រង់។ យើងមានទាន់បានទទួលស្គាល់ភាពឥតខ្ចោះឯណា? សូម្បីតែអម្បាញ់មិញ ខ្ញុំទទួលស្គាល់ពីកំហុសខ្លួនឯងតើ អំពីការដែលខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយដែលរៀបចំដោយក្រសួងធនធានទឹក ដាក់ភូមិករណ៍របស់ប្រជាពលរដ្ឋដែលកើតរាប់រយឆ្នាំហើយចូលក្នុងតំបន់ ៣ ហើយដែលមិនមានដំណោះស្រាយជាក់លាក់។

អញ្ចឹងបានជាដំណើរការនៃការធ្វើសកម្មភាពយើងត្រូវត្រួតពិនិត្យមើលមិនប្រាកដថាសកម្មភាពនយោបាយដែលយើងដាក់ចេញវាត្រូវទេ បើវាមិនត្រូវយើងកែវាទៅ។ ហើយ(នេះ)មើលមកកម្ពុជាដូចឋាននរក …។

ឯងធ្វើកំពង់ផែរាងទ្រើសបន្ដិច ប៉ុន្ដែមិនទាន់បានប្រហែលផែនេសាទរបស់ជប៉ុនទេ។ ផែរាមរបស់យើង មិនទាន់បានផែនេសាទរបស់ជប៉ុនទេ ព្រោះជប៉ុនចាប់ត្រីបាឡែន អញ្ចឹងផែធំៗ(ព្រោះ)កប៉ាល់ធំៗ។ ឯងធ្វើទៅឯណេះ គេទៅឯណោះ។ អញ្ចឹងប្រទេសមួយអត់មានសិទ្ធិធ្វើផែ? ប្រទេសមួយអត់មានសិទ្ធិរៀបចំកងទ័ពជើងទឹក ជើងគោក ជើងអាកាសទេ? អាកាសខ្ញុំ មិនខ្ចីខ្វល់ទេ ប៉ុន្ដែការពារអាកាសត្រូវធ្វើ។ ហ្នឹងប្រទេសមួយត្រូវមានសិទ្ធិ។ នេះជាបញ្ហា(មួយចំនួនដែល)សង្ឃឹមថា អគ្គរដ្ឋទូត អគ្គរាជទូត ដៃគូទាំងឡាយយោគយល់។ យើងត្រូវនិយាយគ្នាឲ្យត្រង់ៗ។ បើនិយាយគ្នាមិនត្រង់ ផុតតែពីនឹងទៅរបាយការណ៍មិនដឹងស្អីៗណា។ ប៉ុន្ដែយ៉ាងណា ខ្ញុំផ្សាយបន្ដផ្ទាល់ហើយរក្សាទុក។ អ្នកឯងយកទៅបំភាន់ យើងចាក់(ផ្សាយ)អានឹងឡើងវិញ ព្រោះអ្នកខ្លះចូលចិត្តមួល(បង្កាច់) ហើយអ្នកខ្លះគេថា ធ្វើឲ្យ ហ៊ុន សែន វង្វេងតែម្ដង។ ចាំតើ! អ្នកណាវង្វេង? ប្រសិនបើ ហ៊ុន សែន វង្វេងមិនមែនឈរជើងគ្រប់គ្រង់អំណាចរយៈពេល ៤៣ ឆ្នាំ។

សូមផ្ដាំទៅអ្នកឯងតើអ្នកឯងវង្វេងដោយសារល្បិច ហ៊ុន សែន ឬក៏អ្នកឯងញុះហ៊ុន សែន ឲ្យតាមអ្នកឯង? អត់ទេ! អ្នកឯងកុំភាន់ច្រលំថា ហ៊ុន សែន ដើរចូលអន្ទាក់អ្នកឯង បើអ្នកឯងដើរចូលអន្ទាក់ ហ៊ុន សែន គឺមាន។និយាយតែមួយធុនអញ្ចេះទៅ តែខ្ញុំមិនដាក់អន្ទាក់អ្នកណាទេ ស៊ីសងអ្នកឯងដាក់អន្ទាក់ខ្លួនឯងជាប់អន្ទាក់ខ្លួនឯងតើ។ ខ្ញុំចូលចិត្តណាស់ប្រើអន្ទាក់គេដាក់គេខ្លួនគេ(វិញ) បង្វិលតែបន្ដិចមកវាជាប់ខ្លួនគេតើ។ ដូចរឿងសញ្ជាតិអញ្ចឹង។ ចុះឡើងៗ តាមសារព័ត៌មានថាទិញសញ្ជាតិនៅ Cyprus។ អីនោះបានដៃដាក់វឹង។ បានអាហ្នឹង កែរដ្ឋធម្មនុញ្ញ ដាក់៤ នាក់។ តែអ្នកឯងមានសញ្ជាតិពីរ មិនបានធ្វើនាយករដ្ឋមន្ដ្រី ប្រធានសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សា(ធម្មនុញ្ញ) ហ្នឹងហើយអន្ទាក់ខ្លួនឯងអ្នកដាក់តើ។

យកអន្ទាក់ខ្លួនឯងដាក់កខ្លួនឯង។ ប្រកាសហើយរឿងនេះរឿងនោះមិនចេះចប់។ ហ៊ុន សែន វង្វេង។ ឥលូវមិនដឹងទៅតាមទិសណា។ អត់ទេ ហ៊ុន សែន មួយនេះមិនចេះវង្វេងទាល់តែសោះ។ បញ្ហាតែមួយទេ(គឺ)ពេទ្យសុំឲ្យខ្ញុំបញ្ចុះទម្ងន់។ ប៉ុន្ដែមិនដឹងយ៉ាងម៉េចបានជាខ្មែរយើងដុះក្បាលពោះឲ្យគ្រប់តែគ្នា ហើយពោះ(សម្តេចក្រឡាហោម ស ខេង) ចង់ធំជាងខ្ញុំផង។ ថ្ងៃទៅវាយកូនហ្គោល ពាក់អាវវាយកូនហ្គោលទៅឃើញពោះបងហេង សំរិន និងពោះ (សម្តេចក្រឡាហោម ស) ខេង ធំជាងពោះខ្ញុំ។ ខ្ញុំពោះធំយ៉ាប់ខោស្លៀក មិនដឹងយ៉ាងម៉េចខ្មែរសំបូរដុះក្បាលពោះ។ ចុងបញ្ចប់សូមប្រគេនពរព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ដអស់លោក លោកស្រី សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំ និងបដិភានៈកុំបីឃ្លៀតឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ