សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ខួបលើកទី៤៥ ទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ ​មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

CNV:

ជយោ! ព្រះរាជាណាចក្រកម្ពុជា!
ជយោ! ចំណងសាមគ្គីភាពកម្ពុជា-វៀតណាមស្ថិតស្ថិរចេរកាល!
ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!
សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!

ថ្ងៃនេះ គឺជាខួបលើកទី ៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងធ្វើពិធីរំលឹកខួបនៅពេលនេះ រួមជាមួយនឹងការសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។ អស់លោកនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល អាវុធហត្ថ ក៏ដូចជា យុវជនរបស់យើងបានឈរយូរណាស់មកហើយ។ សូមសំរួសឥរិយាបថតាមការគួរ ព្រោះថាយើងឈរយូរហើយ។ យើងអាចសំរួលឥរិយាបថបាន។ ដំបូងនេះ អនុញ្ញាតឱ្យខ្ញុំសូមសម្តែងនូវ អំណរគុណ ចំពោះឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានទទួលនូវការអញ្ជើញរបស់ខ្ញុំ មកចូលរួមនៅក្នុងពិធីសំណេះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។ ខ្ញុំសូមអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រី Phạm Minh Chính ផងដែរ ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានទៅដុតធូបនៅទីកន្លែងដែលខ្ញុំធ្លាប់ដុតកាលពី ៤៥ ឆ្នាំមុន និងបានទៅជួបប្រជាពលរដ្ឋ ដើម្បីថ្លែងអំណរគុណ ដែលពួកគាត់បានជួយជីវិតខ្ញុំកាលពី ៤៥ ឆ្នាំមុន។

(១) ដំណើរ ៤៥ ឆ្នាំមុន បានរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ នាំដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងឯកភាពទឹកដី ប្រទេសមានចំណូលមធ្យមកម្រិតទាប និងអត្រានៃភាពក្រីក្រធ្លាក់នៅក្រោម ១០%

ថ្ងៃនេះ ការរំលឹកខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំ ក៏បានឆ្លុះបញ្ជាំងឱ្យឃើញពីចំណុចខ្លះ ដែលខ្ញុំគួរតែត្រូវចោទចេញជាសំណួរ សម្រាប់ការត្រិះរិះពិចារណារបស់បងប្អូនជនរួមជាតិ ក៏ដូចជា មិត្តិភក្តិបរទេសទាំងឡាយ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ រួមមានអគ្គរាជទូត អគ្គរដ្ឋទូត ភារធារី និងប្រិយ៍មិត្តបរទេសផងដែរ។ ចំណុចដែលគប្បីត្រូវលើកដោយធ្វើការពិចារណា សម្រាប់ការសិក្សានៅក្នុងប្រវត្តិនៅត្រង់ថា ប្រសិន​បើខ្ញុំមិន(បាន)ធ្វើ(ការចាកចេញ និងរំដោះប្រទេស) នេះជាសំណួរទី (១) និងប្រសិនបើខ្ញុំធ្វើ(ការចាកចេញ និងរំដោះប្រទេស) គឺជាសំណួរទី (២)។

សំណួរទី (១) ខ្ញុំគួរតែដាក់ជាសំណួរ និងឆ្លើយខ្លួនឯងទុកជាមុនថា ប្រសិនបើខ្ញុំមិនធ្វើ អ្វីដែលជាភាពច្បាស់លាស់នោះ គឺខ្ញុំស្លាប់ ហើយចំណុចផ្សេងទៀតដែលវិវត្តន៍រហូតមក គឺខ្ញុំមិនបានដឹងនោះទេ។ សម័យនោះមិនអាចមានអ្នកណាទៅសុំសិទ្ធិ/សេរីភាពពី ប៉ុល ពត បាននោះទេ។ ដូច្នេះ ប្រសិនបើខ្ញុំមិនធ្វើសកម្មភាពទេ ប្រាកដណាស់ថា ខ្ញុំពិតជាស្លាប់។ បើខ្ញុំស្លាប់ហើយនោះ ​ខ្ញុំមិនដឹងថាពេលក្រោយមកទៀតវាមានរឿងអីកើតឡើង(នោះឡើយ) ឬមួយពួក ប៉ុល ពត បន្តសម្លាប់មនុស្សអស់ ឬមួយពួក ប៉ុល ពត អាចកែឥរិយាបថ ឬមួយមានអ្នកស្នេហាជាតិផ្សេងទៀត បានធ្វើការតស៊ូរំដោះប្រទេស …។

សម្រាប់សំណួរទី (២) វិញ គឺការធ្វើសកម្មភាពរបស់ខ្ញុំ។ អ្វីដែលវាបានបង្ហាញនោះនៅត្រង់ថា ដំណើរ ៤៥ ឆ្នាំ(មុន) បានបង្ហាញច្បាស់ អំពីការរំដោះខ្លួនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការដែលយើងឈានទៅរកការបញ្ចប់សង្គ្រាមតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបន្តអនុវត្តន៍ ដើម្បីឈានឆ្ពោះទៅរកភាពផ្តាច់ព្រ័ត្រមួយ គឺការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមជាតិ និងឯកភាពទឹកដី និងរុញកម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយមកកាន់ដំណាក់កាលមួយ រហូតដល់ដំណាក់កាលកម្ពុជាបានស្ថិតជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប អត្រានៃភាពក្រីក្រធ្លាក់នៅក្រោម ១០%។ នេះជាអ្វីដែលយើងបាននឹងកំពុងឃើញនូវសមិទ្ធផលទាំងនេះ។

… ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះសម្តេចពិជ័យសេនា ទៀត បាញ់ ដែលបានដឹកនាំការស្រាវជ្រាវទាំងអស់ជាមួយសហការីរបស់ខ្លួន ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងសហការីផ្សេងទៀត … ដែលមុនដំបូងនេះ គ្រាន់តែចាប់ផ្តើមធ្វើវិមានឈ្នះឈ្នះតែប៉ុណ្ណោះ។ ប៉ុន្តែ ការសិក្សាជាបន្ត តើវិមានឈ្នះឈ្នះវាចាប់ផ្តើមពីអ្វី? ប្ញសគល់ពីអ្វី? ទើបការសិក្សានេះបានចង្អុលបង្ហាញពីប្រវត្តិពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ (ថ្ងៃទី) ២០ មិថុនា ១៩៧៧។ ខ្ញុំមិនលើកកម្ពស់ខ្លួនឯង និងវាយតម្លៃខ្លួនឯងនោះទេ តែនេះជាប្រវត្តិសាស្ត្រពិត ដែលឆ្លុះបញ្ចាំង អំពីការវិវត្តនៅក្នុងកម្ពុជា ក៏ដូចជា ការវិវត្តនៅក្នុងទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

(២) ដំណើរទៅវៀតណាម ៤៥ ឆ្នាំមុន រៀបចំការតស៊ូសាជាថ្មី ជាជម្រើសមួយក្នុងចំណោមជម្រើស ៤

ឆ្នាំនេះ ជាខួបលើកទី ៤៥ នៃថ្ងៃដែលខ្ញុំធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ហើយក៏គាប់ជួនឆ្នាំនេះក៏ជាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ខ្ញុំមិនចង់រំលឹកលម្អិតនូវព្រឹត្តិការណ៍ដែលបានកើតឡើង នៅថ្ងៃទី ២០ (មិថុនា ១៩៧៧) នោះទេ ដោយសារតែការរំលឹកទាំងអស់នេះ វាផ្តល់ឱ្យខ្ញុំនូវការឈឺចាប់ និងពិបាករៀបរាប់ ប៉ុន្តែ ខ្ញុំចៀសវាងនិយាយក៏វាមិនបាន។ ខ្ញុំត្រូវព្យាយាម ដើម្បីបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបបន្តិច។ ខ្ញុំមានជម្រើសរហូតទៅដល់បួននៅពេលនោះ។ ទី (១) គឺប្រើប្រាស់នូវកម្លាំងប្រដាប់អាវុធ។ ខ្ញុំគ្រប់គ្រងមួយកងវរសេនាធំ។ ខ្ញុំសូមបញ្ជាក់ថា ក្រោយរំដោះទីក្រុងភ្នំពេញ កងវរសេនាធំនេះមានជាង ២,០០០ នាក់ ក៏ប៉ុន្តែ យើងមានការបែងចែកកម្លាំងនេះទៅបង្កើតកម្លាំងថ្មីមួយចំនួន និងមួយចំនួនតួចត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់។

យ៉ាងណាក៏ដោយ ខ្ញុំមានលទ្ធភាព ដើម្បីប្រើប្រាស់ក្នុងកម្លាំងប្រមាណ ១,៥០០ នាក់ ដើម្បីវាយកាន់កាប់នៅស្រុកមេមត់ ស្រុកស្នួល និងនៅតំបន់ជិតខាងផ្សេងទៀត … ប៉ុន្តែ ខ្ញុំគិតថា ការធ្វើរបៀបនេះ វាជាការប្រថុយប្រថាន ដែលអាចប៉ាន់ស្មានបានក្នុងរង្វង់ ១ អាទិត្យ ឬកន្លះខែ កងទ័ពនេះនឹងត្រូវស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ ជម្រើសទី (២) គឺខ្ញុំដកខ្លួនចេញឆ្លងទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរៀបចំការតស៊ូសាជាថ្មីទៀត។ ឯជម្រើសទី (៣) គឺមិនធ្វើអ្វីទាំងអស់ ទុកឱ្យ ប៉ុល ពត ចាប់យកទៅសម្លាប់ដូចអ្នកដទៃទៀត។ ឯជម្រើសទី (៤) ធ្វើអត្តឃាតខ្លួនឯងតែម្តង។

ទីចុងបំផុត ខ្ញុំសម្រេចចិត្តជ្រើសយកជម្រើសទី (២) គឺឆ្លងកាត់ទៅប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូសាជាថ្មីឡើងវិញ។ នេះមិនមែនជាបញ្ហាថ្មីថ្មោងរបស់កម្ពុជានោះទេ។ កាលពីក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ សម្តេចព្រះ នរោត្តម សីហនុ ក៏ធ្លាប់បានពឹងពាក់ ចំពោះវៀតណាម ដើម្បីរំដោះប្រទេសចេញពីរបប លន់ នល់ ផងដែរ។ ឯកឧត្តម Phạm Minh Chính អម្បាញ់មិញ បានបូកសរុបនូវព្រឹត្តិការណ៍យ៉ាងច្បាស់ ពាក់ព័ន្ធជាមួយនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងដំណាក់កាល នៃការតស៊ូនីមួយៗ។ កងទ័ពវៀតណាម​ធ្លាប់នៅលើទឹកដីកម្ពុជាក្នុងចន្លោះឆ្នាំ ១៩៧០-៧៥។ និយាយឱ្យពិត នៅឆ្នាំ ១៩៧០ កម្លាំងប្រដាប់អាវុធរបស់កម្ពុជាមានតូចណាស់ ហើយក៏គ្មានកាំភ្លើងផងដែរ។ កម្លាំងកងទ័ពវៀតណាមទៅវិញទេ ដែលចូលរួមវាយនៅពេលនោះ គឺអង្គទ័ពទី ៤ តែម្តង។ នេះជារឿងពិតដែលបានកើតឡើងតាមដងផ្លូវជាតិលេខ ៧ នេះ ពីស្រុកស្នួល (ខេត្ត)ក្រចេះ រហូតទៅដល់ទន្លេបិទ (ខេត្ត)កំពង់ចាម និងតំបន់ដទៃទៀត។ កងទ័ពវៀតណាមទេ ដែលជាអ្នកវាយ ឯកងទ័ពកម្ពុជា គឺចេញដំណើរពេលក្រោយ។

ខ្ញុំពិតជាមានការលំបាកក្នុងការសម្រេចចិត្ត។ បើទោះបីមានជាជម្រើសបួននេះ … ប៉ុន្តែ វាមានការលំបាកណាស់ (ក្នុង)ការចាកចេញពីមាតុភូមិ (ការទៅ)ចោលប្រពន្ធ ដែលមានផ្ទៃពោះ ៥ ខែ ​… សម្រាប់យុវជនម្នាក់ដែលមានអាយុត្រឹមតែ ២៥ ឆ្នាំ។ ក៏ប៉ុន្តែ ការឈរអោបដៃទុកឱ្យពួក ប៉ុល ពត សម្លាប់ ឬក៏ត្រូវធ្វើអត្តឃាត មិនមែនជាជម្រើសល្អនោះទេ។ ទោះបី(ថាមាន)ក្តីសង្ឃឹមត្រឹមតែ ១% ឬតិចជាងនេះ ក៏ខ្ញុំត្រូវតែធ្វើសកម្មភាព (ដូច)ដែលបានធ្វើរួចមកហើយនោះឯង។ បងប្អូនអាចចោទសួរថា ហេតុអីបានជាខ្ញុំជ្រើសរើសតំបន់នេះជាតំបន់ឆ្លងកាត់ ក្នុងពេលដែលខ្ញុំធ្វើដំណើរចេញពីកោះថ្មមក? ខ្ញុំអរគុណនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានកសាងសាលាដំណាក់មួយនៅទីនោះ។

(៣) ឆ្លងចូលទៅក្នុងទឹកដីវៀតណាម ងាកមើលមកទឹកដីកម្ពុជាជាមួយទឹកភ្នែក និងនិយាយក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីឪពុកម្ដាយ អាយុ ២៥ ឆ្នាំ បែកពីប្រទេសដោយសារពួកឃាតករ

ទីនោះ គឺជាទីកន្លែងដែលពួកខ្ញុំទាំង ៥ នាក់ បានធ្វើការពិភាក្សាគ្នាថា តើយើងគួរទៅតាមផ្លូវណា? ពេលនោះ នុត ថន ដែលថ្ងៃនេះក៏មានវត្តមាននៅទីនេះ បានរើសជម្រើសមួយឆ្លងកាត់ទៅតាមព្រែកជ្រៀវ ដែលនៅទីនោះមានកងទ័ព … ខ្ញុំសូមបញ្ជាក់ថា នៅតំបន់នេះយើងប្រើប្រាស់កម្លាំងម្ខាង គឺនៅជាប់ព្រែកជ្រៀវ ទល់នឹងព្រំដែនស្រុកស្នួល ឯម្ខាងទៀតនៅខាងទន្លេចាម។ តំបន់នេះ គឺជាតំបន់ដែលយើងសម្លាប់ភូមិសាស្ត្រដោយការដាក់មីន។ បងប្អូនមួយចំនួនបានលើកមតិថាទៅតាមខ្សែត្រៀមកងទ័ព។ តែខ្ញុំបានបញ្ជាក់ថាយើងមិនអាចឆ្លងកាត់ទៅតាមខ្សែត្រៀមកងទ័ពទេ ដោយម្យ៉ាង គឺអាចទីបញ្ជាពីខាងក្រោយមកតាមស្ទាក់យើងក៏អាចថាបាន តែម្យ៉ាងទៀតបងប្អូនទាំងនោះនឹងទៅតាមជាមួយយើង។

ប្រសិនបើយើងយកកងទ័ពទៅច្រើនចូលក្នុងទឹកដីវៀតណាម ជាប្រទេសដែលមានអធិបតេយ្យមួយ ការប៉ះទង្គិចនឹងច្បាស់ជាកើតមាន។ ក្នុងកាលៈទេសៈនោះពួក ប៉ុល ពត ក៏បានបើកការវាយប្រហារ ចំពោះវៀតណាមនៅតំបន់មួយចំនួនរួចស្រេចទៅហើយដែរ។ ដូច្នេះ ប្រសិនយើងយកកងទ័ពនេះចូលទៅក្នុងទឹកដីវៀតណាម គឺច្បាស់ជាមានការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជាជាមួយនឹងយើង។ (ក្នុងដំណើររស្វែង)សុំការជ្រកកោននៅវៀតណាម យើងមិនអាចយកកងទ័ពច្រើនបែបនេះ(ទៅជាមួយ)ទេ។ ប្រសិនបើយើងមិនយកកងទ័ពទាំងនោះទៅ កងទ័ពទាំងនោះនឹងមានប្រតិកម្មបែបណា (ចំពោះការសម្រេចចិត្តនោះ)។ ដូច្នេះ ជម្រើសដែលល្អ គឺត្រូវឆ្លងកាត់នៅតំបន់នេះ។ យឺតបន្តិច ពិបាកបន្តិច ប៉ុន្តែ ធានាសុវត្ថិភាព។

… កន្លែងនោះហើយ ដែលនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ កសាងសាលាសំណាក់។ តំបន់នោះហើយដែលមិត្តខ្ញុំ ៤ នាក់ (ឥឡូវ ២ នាក់ គេបានទទួលមរណកាលទៅហើយ) បាននិយាយជាមួយខ្ញុំថា “សុំទៅយកបងស្រីសិន។ បើទោះបីជាគាត់មិនអាចដើរបាន ខ្ញុំសុខចិត្តសែង”។ ខ្ញុំស្រណោះសម្ដីពួកគេដែលប្រាប់ខ្ញុំថា បើទោះបីជាពួកខ្ញុំស្លាប់ក៏ខ្ញុំបញ្ជូនបងឱ្យឆ្លងកាត់ព្រំដែនពីកម្ពុជាទៅវៀតណាម … ខ្ញុំសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយមិនយកអង្គភាពកងទ័ពទាំងមូលទៅជាមួយ។ ខ្ញុំយកត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ហើយ(ក្នុង) ៥ នាក់ នេះទៀតសោត ៤ នាក់ គឺជាមុខសញ្ញា ដែលគេត្រូវចាប់ខ្លួននៅពេលនោះឯង។

ខ្ញុំមានលទ្ធភាពចាកចេញមុនម៉ោង ៩ យប់ តាមរយៈ នៃការយកក្រុមនីរសាររបស់ខ្ញុំទៅជាមួយ។ ប៉ុន្តែ ខ្ញុំមិនធ្វើបែបនេះទេ … មេបញ្ជាការតំបន់បានឱ្យខ្ញុំសរសេរលិខិត តែពួកគេភ្លេចចំណុចមួយ ដែល(ក្នុងលិខិតនោះ)ខ្ញុំសរសេរថា “ពេលដែលបណ្ដាមិត្តមកដល់ សូមកុំទាន់ទៅទីបញ្ជាការវរសេនាតូច ៧៥។ សូមមកជួបខ្ញុំសិន”។ នៅពេលដែលសរសេរនេះ ប្រធានយោធាតំបន់ ២១ នៅឈរពីក្រោយ។ (គេ)ភ្លេចចំណុចនេះ។ ដោយសារហេតុនេះហើយបានជា នុត ថន, ញឹក ហួន, សន សាញ់ និង ប៉ោ អៀន … សំ​ខាន់ គឺ ៣ នាក់ នុត ថន, ញឹក ហួន និង សន សាញ់ បានធ្វើដំណើរមកជួបខ្ញុំ។ ខ្ញុំក៏នាំអ្នកទាំងហ្នឹងចាកចេញមកជាមួយ។ មនុស្សជាច្រើនក៏ចង់ធ្វើដំណើរមកជាមួយខ្ញុំ ក៏ប៉ុន្តែ យើងមិនអាចធ្វើបែបនោះបានទេ។ អ្វីៗបានចាប់ផ្ដើមពីទីនោះ។

ពេលនោះ គឺជាពេលវេលាដ៏សោកសៅបំផុត សម្រាប់ជីវិតរបស់ខ្ញុំ។ ឆ្លងចូលទៅក្នុងទឹកដីវៀតណាម ខ្ញុំងាកត្រឡប់មកទឹកដីកម្ពុជាដោយទឹកភ្នែករាប់ពាន់ រាប់សែន រាប់ម៉ឺនដំណក់ ហើយនិយាយក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីឪពុកម្ដាយ បែកពីភូមិកំណើតដោយសារអត់សាលារៀន។ អាយុ ២៥ ឆ្នាំ បែកពីប្រទេសដោយសារពួកឃាតករ។ នេះជាអ្វីដែលខ្ញុំនឹកឃើញ។ ព្រឹកមិញខ្ញុំបានទៅដុតធូបនៅខាងក្រៅ ខ្ញុំក៏ស្រក់ទឹកភ្នែកនៅទីកន្លែងនោះផងដែរ។ ខ្ញុំគួរតែបញ្ចប់(ការបរិយាយ)។ ខ្ញុំមិនអាចនិយាយបន្ថែមឱ្យលើសពីនេះ ដោយសារ(លំបាកនឹង)ទប់(ការរំជួលអារម្មណ៍)នឹងអ្វីដែលជារឿងកំសត់របស់ខ្ញុំកាលពី ៤៥ ឆ្នាំមុននោះ … យុវជនម្នាក់ ដែលមានអាយុត្រឹមតែ ២៥ ឆ្នាំ ដឹកនាំចលនាតស៊ូមួយវាមិនងាយស្រួលទេ ឆ្លងកាត់ទឹកដីវៀតណាម។

(៤) លិខិតដែលពិបាកសរសេរ

ខ្ញុំបានគិតទុកជាមុនថា យ៉ាងណាក៏យើងអាចនឹងទៅទទួលការជាប់ចំណងជាប់ខ្នោះ។ ផ្ទុយទៅវិញខ្ញុំបានទទួលការស្វាគមន៍មួយ ព្រមជាមួយម្ហូបអារហារ ដែលប្រជាជនវៀតណាមបានដណ្តាំឱ្យយើងទទួល​ទាន។ យើងខានទទួលទានបាយរយៈពេលជាង ១ ឆ្នាំ រួចមកហើយ។ ខ្ញុំក៏សូមបញ្ជាក់ ថ្ងៃដែលខ្ញុំចាប់ផ្តើម​ចេញ(មុខ)ថាខ្ញុំប្រឆាំងពួកខ្មែរក្រហមហើយ(នោះ) បើទោះបីជាខ្ញុំមិន(សម្រេចចិត្ត)វាយខ្មែរក្រហម(ដោយកម្លាំង)ក៏ដោយចុះ នៅក្នុងម៉ោងជាប្រមាណ ២ រសៀល ខ្ញុំបានបញ្ជាឱ្យកងទ័ពនៅជុំវិញទីបញ្ជាការកងវរសេនាធំ ដែលមានកងអនុសេនាធំកាំភ្លើងធំ កងអនុសេនាធំកងទ័ពពិសេស កងអនុសេនាធំស៊ើបការណ៍ កងអនុសេនាធំទាក់ទង និងបណ្ដាជំនួយការសេនាធិការ បើកជង្រុកស្រូវប្រមាណជា ១,០០០ ថាំង ដើម្បីហូបចុក។

ច្បាស់ណាស់ថា ពេលនោះ ខ្ញុំបានចាប់ផ្ដើមចេញមុខមាត់ពេញទីហើយ។ ខ្ញុំនៅតែជំនះមិនយកអ្នកទាំងអស់នោះមកជាមួយខ្ញុំនោះទេ។ ទោះបីថា(បានសម្រេចឱ្យចែកចាយ)ស្រូវ ១,០០០ ថាំង ទាំងស្រូវដំណើបនិងខ្សាយ(ក៏ដោយ) ក៏ខ្ញុំមិន(មានពេល)បានទទួល(ទានឡើយ) ដោយសារខ្ញុំត្រូវសរសេរលិខិតផ្ញើទៅឱ្យប្រពន្ធ។ ចំរៀងលិខិតដែលពិបាកសរសេរបំផុត ត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេស។ ឥឡូវនេះ ក៏មានសិល្បៈករ/ការិនី ដែលជាតារាភាពយន្តមកចូលរួមផងដែរ។ ភាពយន្តកំពុងតែថតបានប្រមាណជា ២០% រួចស្រេចទៅហើយ ក្នុងចំណោម ៥២ ភាគ។ យើងអាចនឹងបង្កើនទៅដល់ ៥៣ ឬ ៥៤ ភាគ ដែលត្រូវត្រៀមបន្ថែមទៀត។ ខ្សែភាពយន្តនេះ អាចនឹងត្រូវបញ្ចាំងក្នុងឆ្នាំ ២០២៣ ខាងមុខ។

នៅពេលដែលសរសេរលិខិត (ការ)លំបាកបំផុត តើគួរត្រូវប្រាប់ភរិយាថាយើងទៅណា? … យើងអត់ដឹងថាពេលដែលយើងសរសេរសំបុត្រនេះហើយត្រូវគេសម្លាប់ ឬ(ក្នុងដំណើរ)ចេញមកខាងព្រំដែនវៀតណាម បែរជាត្រូវពួនស្ទាក់ដោយកម្លាំងណាមួយ។ យើងមិនអាចនិយាយអ្វីកើត។ ទីចុងបំផុតខ្ញុំជ្រើសរើសពាក្យមួយថា “មកដល់ រ៉ានី។ ពេលដែលអូនអានសំបុត្រ បងទៅសែនឆ្ងាយៗរហូតដល់ខ្លួនបងមិនដឹងថាខ្លួនបងនៅកន្លែងណាទៀតផង”។ នេះជាសម្ដីដែលសរសេរនៅក្នុងសំបុត្រពេលនោះ។ តើមានអ្នកណាដែលអាចនិយាយបានថា ពេលនេះកំពុងនៅទីណាបាន? … ខ្ញុំសុំយកឱកាសនេះ បញ្ជាក់ត្រឹមតែប៉ុណ្ណឹង ដើម្បីអាចឱ្យឃើញអំពីប្រវត្តិ នៃការចាប់ផ្ដើម។

(៥) រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាកើតនៅថ្ងៃទី ២ ធ្នូ ដោយអង្គការចាត់តាំងខាងយោធាកើតមុន និងអង្គការចាត់តាំងខាងនយោបាយកើតក្រោយ, កម្ពុជាក៏ជួយវៀតណាម វៀតណាមក៏ជួយកម្ពុជា, ចូលព្រៃម៉ាគីនៅអូរសំពោច

ខ្ញុំចង់និយាយ​បន្តនៅត្រង់ថា សុន្ទរកថារបស់ឯកឧត្តម ជាម ចាន់សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើង “បើគ្មាន(ថ្ងៃទី) ២០ មិថុនា ១៩៧៧ ក៏គ្មានថ្ងៃទី ១២ ឧសភា ១៩៧៨ ហើយបើគ្មានថ្ងៃ(ទី) ១២ ឧសភា ១៩៧៨ ក៏គ្មានថ្ងៃ(ទី) ០២ ធ្នូ ១៩៧៨ ដែរ” ព្រោះអ្វី? អង្គការខាងចាត់តាំងខាងយោធារបស់រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាចលនា សម្រាប់ឈានឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺត្រូវចាប់ផ្ដើមកសាងអង្គភាពរៀបរយនៅថ្ងៃទី ១២ ឧសភា១៩៧៨។ បើយើងប្រៀបធៀប រវាងរណៈសិរ្សទាំងពីរ (គឺ)រណៈសិរ្សរបស់សម្ដេចព្រះ នរោត្តម សីហនុ ដែលបានបង្កើតនៅថ្ងៃទី ២៣ មីនា ១៩៧០ នៅទីក្រុងប៉េកាំង ជាមួយរណៈសិរ្ស (ថ្ងៃទី) ២ ធ្នូ ១៩៧៨ គឺមានសមត្ថភាពខុសគ្នា។

តើចំណុចខុសគ្នានៅកន្លែងណា? ចំណុចខុសគ្នា គឺនៅត្រង់ថា ឆ្នាំ ១៩៧០ រណៈសិរ្សរួបរួមជាតិកម្ពុជាដឹកនាំដោយសម្ដេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង គឺមានតែអង្គការចាត់តាំងនយោ​បាយតែប៉ុណ្ណោះ។ មិនទាន់មានអង្គការចាត់តាំងកម្លាំងប្រដាប់អាវុធនៅឡើយទេ។ និយាយឱ្យពិតទៅ តាមកត្តាប្រវត្តិសាស្ត្រ ពេលនោះតាមព្រំដែនកម្ពុជា-វៀតណាម មានកងទ័ពវៀតណាម។ នៅខាងក្រោយនេះ គេហៅ អូរសំពោច។ អូរសំពោចនេះ គឺជាកន្លែងដែលវៀតណាមជំនាន់នោះគេហៅ យៀកកុង ទិញអង្ករ។ ខ្ញុំចូលព្រៃនៅអូរសំពោចនេះ ថ្ងៃ(ទី) ៤ មេសា ១៩៧០។ ខ្ញុំទៅចុះឈ្មោះនៅអូរសំពោចហ្នឹង។ ថ្ងៃ(ទី) ១៤ មេសា ១៩៧០ ខ្ញុំទៅចូលនៅអូរសំពោច រួចហើយបានគេបញ្ជូនហ្វឹកហាត់ ហើយបញ្ជូនទៅវាយនៅបន្ទាយស្នួល។ នេះជារឿងពិតនៅក្នុងដំណើរប្រវត្តិសាស្ត្រ។

កម្ពុជាក៏ជួយវៀតណាម វៀតណាមក៏ជួយកម្ពុជា។ ឯកឧត្តម Phạm Minh Chính បានលើកអម្បាញ់មិញ បើគ្មានការផ្គត់ផ្គង់ភស្តុភារពីភាគខាងត្បូងទេ ពីទឹកដីកម្ពុជាទេ គឺពិបាកហើយ។ វៀតណាមពិបាកក្នុងការរំដោះភាគខាងត្បូង នេះគឺជារឿងពិត។ អញ្ចឹង ការខុសគ្នា រវាងរណៈសិរ្សរួបរួមជាតិកម្ពុជានៅឆ្នាំ ១៩៧០ គឺអង្គការចាត់តាំងនយោបាយកើតមុន ហើយខាងផ្នែកកងទ័ពកើតក្រោយ ហើយក៏មិនដឹងថា កាលបរិច្ឆេទនៃការកើតកងទ័ពពេលណាផងដែរទេ។ ប៉ុន្តែ រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាកើតនៅថ្ងៃ(ទី) ២ ធ្នូ គឺអង្គការចាត់តាំងខាងយោធាកើតមុន និងអង្គការចាត់តាំងខាងនយោបាយកើតក្រោយ។ អញ្ចឹង បានជារូបភាពឯកសារជាច្រើន ដែលនៅសេសសល់ ពេលដែលយើងបង្កើតរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា (បានបង្ហាញថា) យើងមានច្រើនវរសេនាតូច ដែលបោះនៅព្រៃចំការកៅស៊ូនៅស្នួល។ ពេលនោះ យើងមាន ២៣ កងវរសេនាតូច និង ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ ដែលមានកម្លាំងប្រហាក់ប្រហែល ១ ម៉ឺននាក់។

(៦) តួអង្គតភ្ជាប់ព្រឹត្តិការណ៍ ៤៥ ឆ្នាំ, វៀតណាមជួយសម្ភារ ហ្វឹកហាត់ កម្ពុជាទទួលខុសត្រូវខាងនយោបាយ​, បង្កើតអង្គភាព ១២៥ នៅ Thủ Đức

នោះហើយជារបត់ នៃប្រវត្តិសាស្ត្រ ដែលក្នុងតួអង្គតែម្នាក់ បានតភ្ជាប់ព្រឹត្តិការណ៍រយៈពេល ៤៥ ឆ្នាំ។ តួអង្គមួយនេះ បានផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍រំដោះប្រទេស តាំងពីតស៊ូ ដើម្បីផ្តួលរំលំ ប៉ុល ពត ការកសាងប្រទេសឡើងវិញ ទប់ស្កាត់ការអត់ឃ្លាន ហើយដំណើរជាបន្តបន្ទាប់ គឺការចរចា។ បើនិ​យាយអំពីកត្តាប្រវត្តិសាស្ត្រនៅទីនេះ តើតួអង្គមួយណា ដែលធ្វើកិច្ចការជាប់ដូចជាតួអង្គខ្ញុំ? ខ្ញុំមិនមែនជាមេទ័ពទេ ខ្ញុំជាអ្នកបង្កើតទ័ព។ ហ្នឹងនិយាយឱ្យពិត។ (មិនមែន)ជាមេទ័ព ប៉ុន្តែ ជាអ្នកបង្កើតទ័ព។ មិនមែនទ័ពមានហើយៗខ្ញុំទៅបញ្ជាទេ បានសេចក្តីថា ខ្ញុំជាអ្នកបង្កើតទ័ព … បើត្រឹមតែជាមេទ័ពមិនពិបាកទេ អ្វីដែលពិបាក គឺបង្កើតទ័ពហ្នឹងហើយ។ នៅពេលដែលខ្ញុំ(ចេញ)មកតាមប្រលោះនេះ នៅក្នុងខែ មីនា ដល់ខែ ធ្នូ ១៩៧៧ ខ្ញុំចូលទៅតាមផ្លូវជាតិលេខ ៧ ចូលទៅខាងឃុំដា។

ប៉ុន្តែ ដល់ទៅខែ មីនា ១៩៧៨ ខ្ញុំចូលទៅកោះថ្មវិញ។ ត្រឡប់ទៅវិញ ខាងភាគីវៀតណាមមានឧត្តមសេនីយ៍ ត្រាន់ វ៉ាន់ចា ដែលពេលនោះជានាយអគ្គសេនាធិការរង និងជាមេបញ្ជាការយោធភូមិភាគទី ៧ យល់ព្រមឱ្យយើងកសាងកម្លាំងប្រដាប់អាវុធ។ បន្ទាប់ពីខ្ញុំជួប ឧត្តមសេនីយ៍ Van Tien Dung នាយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី ២៧ កញ្ញា ១៩៧៧ ពេលនោះ ឧត្តមសេនីយ៍ Tran Van Tra បានប្រាប់មកខ្ញុំថា “វៀតណាមគ្រាន់តែផ្តល់ការជួយឧបត្ថម្ភទៅលើភស្តុភារ ការហ្វឹកហាត់អាវុធយុទ្ធភណ្ឌ ក៏ប៉ុន្តែ ផ្នែកនយោបាយ គឺខាងកម្ពុជាទទួលខុសត្រូវ”។ ខ្ញុំក៏បានឆ្លើយតបថា “ខ្ញុំទទួលខុសត្រូវ” ហើយខ្ញុំក៏បានប្រាប់ថា “គ្មានអ្នកណាស្គាល់កម្ពុជាជាងកម្ពុជាទេ”។

ដូច្នេះ ឯកសារជាច្រើនក្នុងការហ្វឹកហាត់កងទ័ព គឺខ្ញុំត្រូវសរសេរដោយផ្ទាល់ដៃ។ ជាភ័ព្វសំណាង ដែលឥឡូវនេះ អ្នកដែលរៀបចំមេក្រូឱ្យខ្ញុំ គឺនាយឧត្តមសេនីយ៍ សៅ សុខា នេះឯង។ ខ្ញុំត្រូវសរសេរឯកសារសម្រាប់អប់រំស្មារតីកងទ័ព … ខ្ញុំបញ្ជាក់ជូនកន្លែងហ្នឹងបន្តិច ព្រោះកន្លងទៅមានការភ័ន្តច្រឡំ។ ខ្ញុំក៏គួរតែនិយាយ អំពីចំណុចនេះថែមបន្តិចដែរ។ ការចាប់ផ្តើមអង្គភាព ១២៥ បានសេចក្តីថា ១២ ឧសភា គឺមិនមែននៅឡុងខាញ់ទេ នៅ Thủ Đức ឯណោះ។ ឥឡូវ ខាងវៀតណាមប្រហែលជាអភិវឌ្ឍន៍ច្រើនណាស់ហើយ។ ឯអង្គភាពដែលមកបង្កើតនៅឯឡុងខាញ់ គឺជាអង្គភាពថ្នាក់វរសេនាតូច ដែលវរសេនាតូចដំបូង គឺវរសេនាតូច ២៤៦ បានសេចក្តីថា នៅថ្ងៃទី ២៤ មិថុនា … បន្ទាប់ទៅបង្កើតកងវរសេនាតូចមួយទៀត ហៅថា ២០៧ គឺថ្ងៃ(ទី) ២០ កក្កដា …។

(៧) ពិចារណានាំអដ្ឋិធាតុយុទ្ធជន ៤៩ នាក់ ពីវៀតណាម មកដាក់នៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម X16

ឥឡូវ ខ្ញុំលើកជាចំណុចត្រង់កន្លែងនេះ ដើម្បីឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជា អ្នកដឹកនាំដទៃទៀត(ពិចារណា)។ វៀតណាមបានផ្តល់ដីឱ្យយើងនៅក្នុងប្រទេសវៀតណាម រក្សាអដ្ឋិធាតុយុទ្ធជនរបស់ខ្ញុំ ៤៩ នាក់។ ខ្ញុំមិនអាចរកនូវក្រុមគ្រួសារគេបានទេ។ ខ្ញុំត្រូវផ្ញើអដ្ឋិធាតុនេះនៅក្នុងទឹកដីវៀតណាម។ ឥឡូវ សុំម្តេច ឯកឧត្តម ធ្វើការពិចារណា តើគួររៀបចំធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុទាំងនោះត្រឡប់មកកាន់កម្ពុជាវិញ ដោយយកតំបន់ប្រវត្តិសាស្ត្រនេះ ធ្វើជាកន្លែងទីតាំងអដ្ឋិធាតុ នៃយុទ្ធជនទាំងនោះ ដើម្បីប្រគល់ដីទាំងនោះឱ្យទៅខាងវៀតណាមវិញ។

វៀតណាមក៏កំពុងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រឡប់ទៅវៀតណាមវិញ។ យើងក៏គួរតែដល់ពេលវេលា ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុយុទ្ធជនកងទ័ពរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រឡប់មកមាតុភូមិវិញ។ ខ្ញុំសុំស្នើឱ្យដាក់នៅក្នុងតំបន់ប្រវត្តិសាស្ត្រនេះ ដោយយើងមិនអាចរកក្រុមគ្រួសារឃើញ ហើយរៀងរាល់ថ្ងៃទី ២០ មិថុនា យើងអាចមកគោរពវិញ្ញាណក្ខន្ធផង និងធ្វើការងារនៅកន្លែងនេះផង។ អញ្ចឹង សុំសម្តេចពិចារណា អំពីបញ្ហានេះ។ ឥឡូវនេះ គឺខាងវៀតណាមប្រគល់ដីឱ្យយើង ហើយប្រគល់ទាំងកម្មសិទ្ធិ គេហៅថា ការកាន់កាប់នៅទីនោះ។ ប៉ុន្តែ ល្មមដល់ពេលយើងធ្វើមាតុភូមិនិវត្តន៍បងប្អូនទាំងនោះត្រឡប់មកប្រទេសរបស់យើងវិញ។

(៨) ឧសភា ១៩៧៨ រួមជាមួយសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម នៅភូមិភាគបូព៌ា ពង្រីកកម្លាំងតស៊ូ បង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

របត់នៃការធ្វើដំណើរផ្តើមចេញពី(ថ្ងៃទី) ២០ មិថុនា ១៩៧៧ ក៏ទៅចាប់ផ្តើមកកើតជាមួយនឹងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ១២ ឧសភា ១៩៧៨។ នោះហើយ គឺជាមូលដ្ឋានដ៏សំខាន់មួយ ដើម្បីផ្គុំជាមួយអង្គការចាត់តាំងខាងនយោបាយ គឺរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ អ្វីដែលខ្ញុំអរបំផុត គឺនៅត្រង់ថា កម្លាំងប្រដាប់អាវុធ ដែលខ្ញុំបានដាក់ឈ្មោះជាមួយសហការីថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា … បានចូលមកធ្វើសកម្មភាពនៅស្រុកមេមត់ ស្រុកស្នួល និងរហូតចូលជ្រៅដល់ស្រុកដំបែ នៅខាងក្នុង។ គាប់ជួនក្នុងខែ ឧសភា ១៩៧៨ សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម បះបោរឡើងនៅភូមិភាគបូព៌ា យើងក៏បានចាប់ដៃគ្នា ដើម្បីពង្រីកកម្លាំងតស៊ូ ហើយយើងប្រមូលផ្តុំជាមួយនឹងកម្លាំងតស៊ូដទៃទៀត ឈានទៅបង្កើតរណៈសិរ្សសាមគ្គី។

អ្វីដែលខ្ញុំសប្បាយ គឺនៅត្រង់ថា នៅពេលដែលជជែក អំពីកម្មវិធីនយោបាយ សម្រាប់ក្រុមដែលបានជួបគ្នា ៤ ក្រុម យើងជួបគ្នាតែ ៤ ក្រុម តែប៉ុណ្ណោះ ដោយក្រុមរបស់ឯកឧត្តម សាយ ភូថង និងសម្តេចពិជ័យសេនា ទៀ បាញ់ នៅឯប្រទេសថៃ មិនអាចចេញមុខបានទេ … (តាមការដែលខ្ញុំបានស្នើ) បងៗ ៣ ក្រុម ផ្សេងទៀត ទទួលយកឈ្មោះ “រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”។ ដូច្នេះ យើងមិនព្រួយដូរឈ្មោះកងកម្លាំងប្រដាប់អាវុធ ទៅជាកងកម្លាំងប្រដាប់អាវុធឈ្មោះផ្សេងទេ ដោយសារកងកម្លាំងប្រដាប់អាវុធ ឈ្មោះកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាស្រាប់ទៅហើយ។ ដល់(មកបង្កើត)រណៈសិរ្ស ក៏យកឈ្មោះ “រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”។

(៩) ការកាត់ទោសខ្មែរក្រហម ជាការផ្ដល់យុត្ដិធម៌ ចំពោះកម្លាំងតស៊ូរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម, គិតពីលទ្ធភាពពីរក្នុងការរំដោះប្រទេស​

នេះគ្រាន់តែជាការបំភ្លឺ។ តាមរយៈថ្ងៃ(ទី) ២ ធ្នូ នៃការបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានោះហើយ ដែលយើងឈានទៅរំដោះប្រទេស នៅថ្ងៃទី ៧ មករា ១៩៧៩។ បងប្អូនមួយចំនួនបានដឹងហើយ ប្រវត្តិសាស្ត្រក៏បានកត់ត្រាទុក អំពីអន្តរាគមន៍របស់កងទ័ពវៀតណាម ដើម្បីសង្គ្រោះប្រជាជនប្រទេសនេះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើចង់ដឹងថា តើកងទ័ពវៀតណាមធ្វើអន្តរាគមន៍សង្គ្រោះប្រជាជនកម្ពុជាខុសឬត្រូវ? ត្រូវទៅសួរតុលាការកូនកាត់អង្គការសហប្រជាជាតិ និងកម្ពុជា តើសាលក្រមតុលាការកាត់ទោស ប៉ុល ពត មានន័យយ៉ាងដូចម្តេច? នេះជាការទទួលស្គាល់ដោយអង្គការសហប្រជាជាតិតែម្តង ថាទង្វើរបស់វៀតណាមត្រឹមត្រូវ។ បើទង្វើរបស់វៀតណាមមិនត្រឹមត្រូវ មិនចាំបាច់កាត់ទោសខ្មែរក្រហមធ្វើអី។

មនុស្សមួយចំនួនចោទថា ខ្ញុំជាអ្នកទៅដឹកដៃកងទ័ពវៀតណាមឱ្យមកសម្លាប់ប្រជាជនកម្ពុជា។ តើមានមនុស្សប៉ុន្មាននាក់ ដែលស្លាប់ដោយកងទ័ពវៀតណាម? ចាប់ផ្តើមពីប្រជាជនប្រមាណជាង ៥ លាននាក់ ឥឡូវ ប្រជាជនកម្ពុជាមានទៅដល់ ១៧ លាននាក់។ ក្នុងរយៈពេល ៤៣ ឆ្នាំ នៃការរំដោះ ប្រជាជនកម្ពុជាកើនឡើង ១២ លាននាក់។ អ្នកខ្លះចោទប្រកាន់ខ្ញុំថា ហ៊ុន សែន មានទោសឧក្រិដ្ឋ គឺទៅនាំកងទ័ពវៀតណាមចូលមកកម្ពុជា។ ឥឡូវ សុំឱ្យទៅសួរអង្គការសហប្រជាជាតិតែម្តង។ ហេតុអ្វីបានចាំបាច់ត្រូវកាត់ទោស? ហើយតុលាការកូនកាត់ មិនមែនបង្កើតឡើងដោយក្រុមណាមួយទេ គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្តង កាត់សេចក្តីទៅលើសំណុំរឿងមួយនេះ …។

ខ្ញុំសុំបញ្ជាក់ថា ពេលនោះខ្លួន ខ្ញុំផ្ទាល់បានគិតគូរទៅលទ្ធភាព ២ បែប ដែលវានឹងកើត (លទ្ធភាពមាន និងគ្មានអន្តរាគមន៍ពីវៀតណាម)។ លទ្ធភាពទី (១) គឺលទ្ធភាពប្រើប្រាស់កម្លាំងផ្ទាល់ខ្លួន ក្នុងករណីដែលគ្មានអន្ដរាគមន៍ពីកងទ័ពវៀតណាម។ ខ្ញុំគិតថា កម្ពុជាប្រើរយៈពេល ៤-៥ ឆ្នាំ ទើបអាចរំដោះប្រទេសបាន ដោយយកវាយត្រើយខាងកើតហើយ ដើម្បីឈានឆ្ពោះទៅទិសខាងលិច … ប៉ុន្ដែ ដោយសភាពការណ៍គ្រោះថ្នាក់ ថ្នាក់ដឹកនាំវៀតណាមបានមើលឃើញ ក៏សម្រេចចិត្តអន្ដរាគមន៍ទាន់ពេល ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា រងនូវភាពអយុត្ដិធម៌អស់រយៈពេលដ៏យូរ គឺទទួលទណ្ឌកម្មដោយអង្គការសហប្រ​ជា​ជាតិមិនទទួលស្គាល់ ហើយបែរជាទទួលស្គាល់ពួក ប៉ុល ពតអង្គុយនៅអង្គការសហប្រជាជាតិ។ វៀតណាមក៏ត្រូវទទួលទណ្ឌកម្ម ដោយមានឈ្មោះថាជាអ្នកឈ្លានពានកម្ពុជា ប៉ុន្ដែឥឡូវនេះ វៀតណាមបានទទួលនូវយុត្ដិធម៌ជាមួយគណបក្សប្រជាជនកម្ពុជា និយាយឱ្យចំ។ ជោគជ័យ នៃការកាត់ខ្មែរក្រហម គឺជាការផ្ដល់យុត្ដិធម៌ នៃកម្លាំងតស៊ូរបស់កម្ពុជា ដោយមានការគាំទ្រដោយកងទ័ពវស្ម័គ្រចិត្តវៀតណាមនេះ។ វាចង្អុលបង្ហាញយ៉ាងដូច្នេះ។

(១០) ២ មិថុនា ១៩៨៨ ប្រធានជំនាញការសេដ្ឋកិច្ចប្រាប់ពីការដកអស់ជំនាញការវៀតណាម, កងទ័ពវៀតណាមដកចេញទាំងស្រុងថ្ងៃទី ៣០ កញ្ញា ១៩៨៩ ជាងពីរឆ្នាំមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស, តុលាការកាត់ក្តីស្តីពីការប្តូរថ្ងៃកំណើត ពីថ្ងៃទី ៤ មេសា ១៩៥១ (ដែលចូលព្រៃម៉ាគី)មកថ្ងៃកំណើតពិត ថ្ងៃទី ៥ សីហា ១៩៥២

ខ្ញុំសូមបញ្ជាក់ចំណុចមួយ … វៀតណាមមិនមែនដកកងទ័ពក្រោយកិច្ចព្រមព្រៀងប៉ារីសទេ … វៀតណាមបានដកចេញទាំងស្រុងពីកម្ពុជា នៅថ្ងៃទី ៣០ កញ្ញា ១៩៨៩ គឺជាងពីរឆ្នាំមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពេលនោះ ជាពេលវេលាដែលយើងប្រឹងប្រែងកសាងកម្លាំងខ្លួនឯង។ បើទោះបីជាក្រោយដកកងទ័ពវៀតណាម ភូមិសាស្ដ្រមួយចំនួនត្រូវបានបាត់បង់ ដូចជាប៉ៃលិន អន្លង់វែង តំបន់ខ្លះក៏ដោយចុះ ប៉ុន្ដែ យើងគ្រប់​គ្រង​បាននូវសភាពការណ៍ ហើយទិដ្ឋភាពអន្ដរជាតិ នៃបញ្ហាកម្ពុជាត្រូវបានបញ្ចប់។ ដំណោះស្រាយនយោបាយនៅកម្ពុជាមានពីរ គឺទិដ្ឋភាពផ្ទៃក្នុង និងអន្ដរជាតិ។ អញ្ចឹង ពេលដែលវៀតណាមដកចេញពីកម្ពុជា ទិដ្ឋភាពអន្ដរជាតិត្រូវបានបញ្ចប់ នៅសល់តែទិដ្ឋភាពផ្ទៃក្នុងតែប៉ុណ្ណោះ ដែលជាការផ្ដល់ឱកាសឱ្យកម្ពុជាសម្រុះសម្រួលគ្នាតាមរយៈការចូលរួម នៃភាគីពាក់ព័ន្ធ រាប់ទាំងសមាជិកអចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស …។

អ្នកខ្លះលើកថា ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានជាវៀតណាមដកទ័ព។ នេះជាការផ្ទុយស្រឡះជាមួយនឹងសភាពការណ៍ជាក់ស្ដែង ដែលបានកើតនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ … ជំនាញការវៀតណាមត្រូវបានដកអស់ នៅថ្ងៃទី ២ មិថុនា ១៩៨៨ (បានសេចក្តីថា) ដកមុនកងទ័ពវៀតណាម។ ខ្ញុំសូមបញ្ជាក់ចំណុចនេះ ដើម្បីចែករំលែកជូនទាំងអ្នកដឹកនាំវៀតណាម និងមេដឹកនាំកម្ពុជា។

នៅពេលដែលខ្ញុំទៅចរចានៅ Fère-en-Tardenois ជាមួយសម្ដេចព្រះ នរោត្ដម សីហនុ (ថ្ងៃទី) ២ ធ្នូ ១៩៨៧ … ខ្ញុំត្រឡប់មកប្រទេសវិញ ហើយខ្ញុំចេញទៅចរចាម្ដងទៀតនៅ Saint–Germain–en-Laye ប្រទេសបារាំងដដែល នៅខែមករា ឆ្នាំ១៩៨៨។ ខ្ញុំបានជួបអតីតអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម ង្វៀង វ៉ាន់លិញ (និងបានជំរាបជូនគាត់)ថា “ឥឡូវដើម្បីឱ្យមន្ដ្រីរបស់ខ្ញុំចេះធ្វើការ ខ្ញុំសូមឱ្យដកជំនាញការវៀតណាមចេញមុន។ កងទ័ពវៀតណាមនៅសិន”។ អញ្ចឹង ថ្ងៃទី ២ មិថុនា ១៩៨៨ … ប្រធានជំនាញការវៀតណាមផ្នែកសេដ្ឋកិច្ច បានមកជួបខ្ញុំរាយការណ៍ពីការដកអស់ជំនាញការវៀតណាម។ អញ្ចឹង ជំនាញការវៀតណាម(ត្រូវបាន)ដកអស់មុនកងទ័ពវៀតណាម ១ ឆ្នាំ។ ឯកងទ័ពវៀតណាមក៏បានដកចេញពីកម្ពុជាមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចំនួន ២ ឆ្នាំ។ នេះជាកត្ដាប្រវត្ដិសាស្ដ្រពិតប្រាកដ ដែលបានកើតលើទឹកដីកម្ពុជា។

… ខ្ញុំបានចាប់ផ្ដើមនៅអាយុ ២៥ ឆ្នាំ ប៉ុន្ដែឥឡូវនេះ ខ្ញុំចូលដល់វ័យ ៧០ ឆ្នាំហើយ។ ថ្ងៃនេះ បើតាមមេធាវីរបស់ខ្ញុំឱ្យដឹង តុលាការកាត់ក្ដីឱ្យខ្ញុំ អំពីការដូរអាយុ … ខ្ញុំបានស្នើសុំតាមរយៈមេធាវីរបស់ខ្ញុំទៅតុលាការ។ ខ្ញុំបានយកថ្ងៃ(ទី) ៤ មេសា ១៩៥១ (ដែលចូលព្រៃម៉ាគី)ធ្វើជាថ្ងៃកំណើត។ ប៉ុន្ដែ (ថ្ងៃ)កំណើតពិតរបស់ខ្ញុំ គឺនៅថ្ងៃ(ទី) ៥ សីហា ១៩៥២។ ខួប ៧០ នៅឆ្នាំនេះ។ ទោះបីជាប្រទេសជាតិរីកចម្រើនបន្ដិចម្ដងៗ ឆ្លងកាត់ដំណាក់កាលខុសៗគ្នា ហើយទោះបីជាអាយុរបស់ខ្ញុំវិវត្តន៍ពីអាយុ ២៥ ឆ្នាំ មកដល់ ៧០ ឆ្នាំ ប៉ុន្ដែ ឈ្មោះ/ខ្លួន ហ៊ុន សែន មិនត្រូវបានប្ដូរទេ។ សភាពការណ៍បានផ្លាស់ប្ដូរ ក៏ប៉ុន្ដែ តួអង្គ ហ៊ុន សែន នៅតែ ហ៊ុន សែន គ្រាន់តែចាស់ជាមុនតែប៉ុណ្ណោះ។ នេះជាក្រឹត្យក្រម(ធម្មជាតិ)។ នោះហើយជាប្រវត្ដិពិត នៃបញ្ហាដែលបានវិវត្តន៍កើតឡើង។

(១១) ចរចានៃខ្សែព្រំដែន ៤៣ ឆ្នាំនេះ ចុះហត្ថលេខាទទួលយក និងបោះបង្គោល ៨៤% ដោះស្រាយ ១៦% ក្នុងនោះ ៦% កំពុងជជែកគ្នាបន្ដ, វៀត​ណាមក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាម ដូចគ្នាជាមួយព្រះរាជាណាចក្រថៃ និងជាមួយឡាវ”

ឥឡូវ ខ្ញុំចង់និយាយពីបញ្ហាដែលយើងត្រូវបន្ដធ្វើតទៅទៀត។ ឆ្នាំនេះ ជាខួបលើកទី ៤៥ និង ៥៥ ដែលខ្ញុំចុះហត្ថលេខាយប់មិញលើលិខិតជូនទៅ ឯកឧត្តម Phạm Minh Chính អបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត គាប់ជួននឹងថ្ងៃនេះ យើង(ធ្វើ)ពិធីខួបមួយនេះលើកទី ៤៥។ គណបក្សប្រជាជនបានគ្រប់គ្រងលើសពី ២/៣ នៃទំនាក់ទំនងប្រទេសទាំងពីរ … តំបន់ទាំងឡាយនៅតាមព្រំដែន នៃភាគខាងត្បូងវៀតណាម ពេលនោះមិនមែនវៀតណាមសព្វថ្ងៃទេ។ វៀតណាមពេលនោះ បែងចែកជាវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ ព្រះបាទ នរោត្ដម សីហនុ បានទទួលស្គាល់រណៈសិរ្សភាគខាងត្បូងវៀតណាមបណ្ដោះអាសន្ន ដែលឯកឧត្តម Phạm Minh Chính បានលើកឡើងអំបាញ់មិញនៅក្នុងសុន្ទរកថា។

… ក្នុងទំនាក់ទំនងនេះ សន្ដិភាពបានកើតឡើង ៤៣ ឆ្នាំ នៃការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជន បើប្រៀបធៀបទៅពេលមុន គឺតំបន់តាមព្រំដែននេះ ជាតំបន់ពោរពេញដោយការភ័យខ្លាចរបស់ប្រជាជន។ កងទ័ពអាមេរិក វៀតណាមខាងត្បូងតែងទម្លាក់គ្រាប់បែកនៅតាមព្រំដែន បាញ់ផ្លោងចូលទឹកដីកម្ពុជានៅច្រើនទីកន្លែង។ ប៉ុន្ដែ ៤៣ ឆ្នាំនេះ យើងបានរួមគ្នាធ្វើកិច្ចការទាក់ទងជាមួយនឹងព្រំដែន ដែលយើងបានចុះហត្ថលេខាទទួលយក ៨៤% នៃខ្សែព្រំដែន ដែលត្រូវបានបោះបង្គោល។ យើងកំពុងចរចាដោះស្រាយបញ្ហាចំនួន ១៦% ទៀត ដែលក្នុងនោះ ៦% កំពុងជជែកគ្នាបន្ដ។

… គេថា លោក ហ៊ុន សែន ជំពាក់គុណវៀតណាម អញ្ចឹង ត្រូវកាត់ដីឱ្យវៀតណាម។ ខ្ញុំសូមបញ្ជាក់ទៅវិញបើគង់កាត់ដីឱ្យវៀតណាមស្រួល មិនចាំបាច់ចរចាអស់រយៈពេល ៤៣ ឆ្នាំទេ? … បើវៀតណាមចង់កាត់ៗតាំងពីវៀតណាមនៅស្រុកខ្មែរ។ ពេលនោះ បើទោះបីជាវៀតណាមនៅស្រុកខ្មែរ ខ្ញុំជាមួយ ឯកឧត្តម Nguyễn Cơ Thạch (រដ្ឋមន្ត្រីការបរទេសវៀតណាម) ដោយសារតែពេលនោះខ្ញុំកាន់កាប់តំណែងរដ្ឋមន្ត្រីការបរទេស ចុះហត្ថលេខាលើតំបន់ទឹកប្រវត្តិសាស្ត្រ កំណត់អធិបតេយ្យខ្មែរលើកោះវ៉ៃ ដែលវាជាមូលដ្ឋាន សម្រាប់ការចរ​ចា​នៅពេលខាងមុខ។ តំបន់ទឹកប្រវត្តិសាស្រ្តត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ យើងចុះហត្ថលេខាលក្ខន្តិកៈព្រំដែនឆ្នាំ ១៩៨៣ និងចុះហត្ថលេខា ស្តីអំពីបញ្ហាព្រំដែនឆ្នាំ ១៩៨៥ ដែលបន្តមកទៀតខ្ញុំម្នាក់ឯងបានចុះហត្ថលេខាជាមួយនឹង ឯកឧត្តម Phan Văn Khải នៅឆ្នាំ ២០០៥ ដើម្បីកែសម្រួលចំណុចមួយចំនួននូវកិច្ចព្រមព្រៀមបំពេញបន្ថែម ហើយឆ្នាំ ២០១៩ ខ្ញុំចុះហត្ថលេខាជាមួយ ឯកឧត្តម Nguyễn Xuân Phúc ដើម្បីទទួលយក ៨៤% ដែលព្រមព្រៀងគ្នារួចហើយ។ អញ្ចឹងនៅសល់ ១៦% …។

នេះជាការចោទដោយអយុត្តិធម៌ … ខ្ញុំសូមបញ្ជាក់នៅទីនេះ ចំពោះមុខប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការផ្សាយបន្តផ្ទាល់ទាំងក្នុងប្រទេស និងក្រៅប្រទេស គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់កំពុងផ្សាយ ហើយបញ្ជាក់ជូន ចំពោះនាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំវៀតណាមនៅទីនេះ “ខ្ញុំគ្មានសិទ្ធដើម្បីប្រគល់ដីអោយវៀតណាមសូម្បី ១មីលីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដឹកដីវៀតណាម សូម្បី ១មីលីម៉ែត្រ សុំអោយតែត្រូវតាមក្បួនខ្នាត ដែលអាណានិគមនិយមបារាំងបានបន្សល់ទុកទៅបានហើយ។ ខ្ញុំអត់ត្រូវការអីទេ។ វៀតណាមក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាមដែរ។ មិនថាតែជាមួយវៀតណាមទេ ជាមួយព្រះរាជាណាចក្រថៃ ជាមួយនឹងឡាវ”។… មិនចង់បានទឹកដី

(១២) ប្រែសមរភូមិជាតំបន់អភិវឌ្ឍន៍, ធ្វើព្រំដែនដោយមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ, ឆ្នាំនេះរំពឹងថា ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមនឹងឡើងទៅដល់ជាង ១០ ពាន់លានដុល្លារ, ប្រកាសបើកច្រកអន្តរជាតិនៅពេលក្រោយ

ខ្ញុំសូមបញ្ជាក់នៅទីនេះឱ្យបានច្បាស់ ក្រោយពេលអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ខ្ញុំបានដាក់ចេញនូវទិសដៅ ២ សំខាន់៖ ទិសដៅទី (១) ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំ​បន់អភិវឌ្ឍន៍ ឬទីផ្សារ នេះជាគោលដៅទី (១) ដែលយើងបាននឹងកំពុងសម្រេច។ ឥឡូវ តំបន់នេះ គ្មានមីន/ការវាយគ្នាទៀតទេ។ គោលដៅទី (២) ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះជាគោលដៅពីររបស់ ហ៊ុន សែន។

ឥឡូវ យើងបាននឹងកំពុងសម្រេច។ បើនៅតាមព្រំដែនវៀតណាម តំបន់ដែលគេដាក់កាំភ្លើងធំបាញ់គ្នាកាលពីមុន កំពុងក្លាយទៅជាតំបន់រោងចក្រ កំពុងក្លាយទៅជាតំបន់សណ្ឋាគារ តំបន់ផ្លាស់ប្តូរទំនិញ។ កាលពីមុនគេផ្លាស់ប្តូរគ្រាប់ផ្លោងទៅវិញទៅមក តែឥឡូវគេផ្លាស់ប្តូរទំនិញទៅវិញទៅមក។ ៥ ខែដើមឆ្នាំនេះ ខ្ញុំមើលតួលេខពីម្សិលក្នុងជំនួយស្មារតី ឡើងទៅដល់ជាង ៥,០០០ លានដុល្លារ រួចស្រេចទៅហើយ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលមុនកូវីដ-១៩ គឺយើងដាក់គោលដៅត្រឹមតែ ៥,០០០ លានដុល្លារទេ បែរជាដំណាក់កាលកូវីដ-១៩ បែរជាឆ្នាំទៅយើងសម្រេចជាង ៩,០០០ លានដុល្លារ។

ឥឡូវ ៥ ខែ យើងសម្រេចជាង ៥,០០០ លានដុល្លារ។ ឆ្នាំនេះ រំពឹងទុកថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនឹងឡើងទៅដល់ប្រមាណជាជាង ១០ ពាន់លាន(ដុល្លារ) បើគ្មានអ្វីប្រែប្រួលទេ។ ប៉ុន្តែ ខ្ញុំគិតថា គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ។ ព្រំដែនរបស់យើងជាព្រំដែនពោរពេញទៅដោយសន្តិភាព ព្រំដែនសន្តិភាព និងព្រំដែនសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍ។ តំបន់នេះ ខ្ញុំជាមួយ ឯកឧត្តម Phạm Minh Chính មានគោលបំណង ដើម្បីថ្ងៃក្រោយយើងអាចបើកជាច្រកទ្វារអន្តរជាតិនៅពេលសមស្រប។ ថ្ងៃនេះយើងមិនទាន់អាចប្រកាសបាន ដោយសារនៅត្រូវធ្វើកិច្ចការមួយចំនួនទៀត ហើយត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ។

(១៣) បង្កកដីជាង ១,១៧៦ ហិកតា ត្រៀមបម្រុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, ស្នើភាគីទាំងពីរពិនិត្យអំពីទម្រង់បែបបទមួយចំនួន សម្រួលការឆ្លងទៅមកទស្សនកិច្ចក្នុងតំបន់

ខ្ញុំក៏សូមចង្អុលបង្ហាញតែម្តង។ ផ្លូវដែលយើងធ្វើពីកោះថ្មមក(ទី)នេះ វាមានត្រឹមតែ ៨ ម៉ែត្រទេ។ សូមឯកឧត្តម ស៊ុន ចាន់ថុល ចាប់ផ្តើមពង្រីកវា យ៉ាងហោចណាស់ឱ្យប៉ុនផ្លូវជាតិលេខ ៧ តភ្ជាប់មកតំបន់ព្រំដែននេះ ព្រោះខ្ញុំជឿជាក់ថា ថ្ងៃក្រោយតំបន់នេះនឹងក្លាយទៅជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ច។ ខ្ញុំបានចេញនូវសេចក្តីសម្រេចតាមរយៈការស្នើរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការស្នើរបស់ឯកឧត្តម ជា សុផារ៉ា ឧប​នា​យករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយយើងត្រូវបង្កកដីនៅទីនេះជាង ១,០០០ ហិកតា (១,១៧៦ ហិកតា) ដើម្បីត្រៀមបម្រុងទុកការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ … ឯកឧត្តម(នាយករដ្ឋមន្ត្រីវៀតណាម) អាយុតិចជាងខ្ញុំ ចាំមើល។ ក្រែងខ្ញុំទៅមុន ប៉ុន្តែ ខ្ញុំមិនងាយស្លាប់ទេ។ ថ្ងៃក្រោយតំបន់នេះប្រែក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ។

អ្នកដែលផលិតនៅតំបន់នេះអាចចុះទៅកំពង់ផែ Quy Nhon(?) អាចនឹងទៅកំពង់ផែហូជីមិញ ក៏ប៉ុន្តែ បើយើងគិតអំពីផលចំណេញខាងសេដ្ឋកិច្ច តំបន់នេះចុះទៅ Quy Nhon និងតាមកំពង់ផែហូជីមិញ ហើយអាចទៅជាតំបន់កែច្នៃ ព្រោះកសិផល និងវត្ថុធាតុដើមរបស់កម្ពុជាមានចំនួនច្រើន នៅតំបន់ឦសានខេត្តក្រចេះរបស់យើង ដែលតភ្ជាប់ជាមួយតំបន់ទាំងនេះ។ អញ្ចឹងទេ ខ្ញុំសូមស្នើឱ្យដាក់បញ្ជូលក្នុងថវិកាជាតិពង្រីកផ្លូវថ្នល់នៅក្នុងឆ្នាំ ២០២៣/២៤ នេះ … រក្សាដីជាង ១,០០០ ហិកតានេះ គ្រប់គ្រងវាឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិនចូលមកធ្វើតំបន់សេដ្ឋកិច្ចពិសេស។ ថ្ងៃនេះ គេមិនទាន់ចាប់អារម្មណ៍ ប៉ុន្តែ ថ្ងៃក្រោយគេចាប់អារម្មណ៍។ បណ្តាញទឹក/ភ្លើង ទូរស័ព្ទផ្នែកសេវា ដើម្បីទ្រទ្រង់ឱ្យការអភិវឌ្ឍក្នុងតំបន់នេះក្លាយទៅជាតំបន់តភ្ជាប់មួយ។

មួយទៀត ខ្ញុំស្នើឱ្យភាគីទាំងពីរពិនិត្យ អំពីទម្រង់បែបបទមួយចំនួន។ ពិតហើយ ឯកឧត្តម Phạm Minh Chính បានលើកថា ជម្រុញការចរចា អំពីលក្ខន្តិកៈព្រំដែន។ លក្ខន្តិកៈព្រំដែន គឺយើងនិយាយអំពីទិដ្ឋភាពទូទៅ នៃការគ្រប់គ្រងការចេញចូល រវាងប្រជាជន នៃប្រទេសទាំងពីរ។ ខ្ញុំចង់ឱ្យមានចំណុចពិសេសនៅកន្លែងនេះ។ ឧទាហរណ៍៖ ខាងផ្នែកកម្ពុជាចង់ទៅដុតធូបនៅខាងនោះ តើត្រូវឆ្លងរបៀបម៉េច? ហើយប្រជាជនវៀតណាមគាត់ចង់មកលេងអគារមិត្តភាពនេះ គាត់ចង់មកទស្សនកិច្ច តើគាត់ឆ្លងយ៉ាងម៉េច? បើយើងចាំឱ្យគាត់ទៅរក Passport គាត់ទៅរក Passport មិនបានទេ។ អញ្ចឹង ត្រូវបង្កលក្ខណៈងាយស្រួលយ៉ាងម៉េច ដើម្បីយើងអាចធ្វើបាន? ប្រជាជនកម្ពុជាគាត់ចង់ទៅមើលកន្លែងដែល លោក ហ៊ុន សែន (ដេក) … កាលពីថ្ងៃ(ទី) ២០ មិថុនា ១៩៧៧។ គាត់ចង់ទៅមើល។ អញ្ចឹង បើឱ្យគាត់ទៅរកទិដ្ឋាការ គាត់ទៅមិនបានទេ។

មកកន្លែងហ្នឹងហើយ គឺសម្រួលយ៉ាងម៉េច? ឯប្រជាជនវៀតណាមគាត់មុខតែមកមានការសិក្សា។ គាត់ចង់ឆ្លងកាត់មក។ តើយើងដោះស្រាយយ៉ាងម៉េច? អញ្ចឹងទេ សូមឱ្យភាគីទាំងពីរពិចារណាជាមួយគ្នា ធ្វើកិច្ចការនេះ សម្រួលឱ្យអ្នកសិក្សាស្រាវជ្រាវ ឬក៏អ្នកចង់ទស្សនាអាចមកទស្សនាបាន ហើយសិក្សាស្រាវជ្រាវអំពីប្រវត្តិ នៃការចាប់ផ្តើមរបស់យើង …។

(១៤) បាយមួយពេល ៤៥ ឆ្នាំមុន មានតម្លៃច្រើនជាងអង្កររាប់លានតោននៅពេលនេះ, ឈរជើងយ៉ាងរឹងមាំជាមួយយុទ្ធជន/នារីដ៏ស្មោះត្រង់ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ត្រៀមចិញ្ចឹមប្រជាពលរដ្ឋដោយសារកូវីដ-១៩ និងកត្តាអតិផរណា, បន្តចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ

ខ្ញុំរីករាយជាមួយការជួបជុំថ្ងៃនេះ និងសុន្ទរកថាដែលថ្លែងដោយ ឯកឧត្តម Phạm Minh Chính តំណាងឱ្យខាងភាគីវៀតណាម។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការរំលឹក អំពីប្រវត្តិសាស្ត្រ ដែលបានចងភ្ជាប់ រវាងប្រជាជន រវាងប្រទេសយើងទាំងពីរ។ មុនពេលពិធីចាប់ផ្តើម ខ្ញុំបានឆ្លងទៅជួបប្រជាជនវៀតណាម។ ខ្ញុំអរគុណពួកគាត់ ដែលបានជួយយកអាសារជីវិតរបស់ខ្ញុំកាលពីពេលនោះ។ បាយមួយពេលដែលខ្ញុំបានទទួលទាន គឺវាមានតម្លៃច្រើនជាងអង្កររាប់រយ រាប់ពាន់ រាប់ម៉ឺន រាប់លានតោននៅពេលនេះ។ កម្ពុជាសល់អង្ករជាង ៤ លានតោន។ បាយមួយពេលនៅពេលនោះ មានតម្លៃលើសលប់ជាងពេលនេះឆ្ងាយណាស់។ ដូច្នេះហើយបានជាខ្ញុំនិយាយថា ស្គាល់/ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក។

នេះជារឿងដែលបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ដែលបានឈរជើងនៅទីនេះយ៉ាងរឹងមាំជាមួយនឹងយុទ្ធជន/នារីដ៏ស្មោះត្រង់ ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំគ្រាន់តែជាផ្នែកមួយ នៃចលនាតស៊ូរំដោះប្រទេស និងចលនា ដើម្បីនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសតែប៉ុណ្ណោះ។ មិនមែនជារបស់ផ្តាច់មុខរបស់ខ្ញុំទេ ប៉ុន្តែ គឺជារបស់ផ្តាច់មុខរបស់ប្រជាជនកម្ពុជាទូទៅ។ ខ្ញុំអរគុណជាមួយការចូលរួមរបស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ព្រមទាំងអ្នកការទូត និងភ្ញៀវបរទេសផងដែរ ដែលបានមកសិក្សានៅតំបន់ប្រវត្តិសាស្ត្រ។ (នៅទីនេះយើង)ខ្ញុំរងនូវការឈឺចាប់ ហើយចេញពីចំណុចនេះហើយ ដែលយើងខ្ញុំអាចរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែ ខ្ញុំនៅតែបញ្ជាក់ថា វាមិនមែនគ្រាន់ជារបស់ផ្តាច់មុខរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែជាផ្នែកមួយ ក៏ប៉ុន្តែ វាក៏ជាផ្នែក នៃការកាច់ចង្កូតជារៀងរហូតមកដែរ។

ការចរចារកដំណោះស្រាយ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការយកខ្មែរក្រហមកាត់ទោស ដើម្បីឈានទៅសម្រេចរកយុត្តិធម៌ឱ្យវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ការអនុវត្តនយោបាយឈ្នះឈ្នះ ការដឹកនាំកសាងសេដ្ឋកិច្ចពីស្ថានភាពដ៏លំបាក ឈានមកជាប្រទេសមួយមានការអភិវឌ្ឍ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយមានមហិច្ឆតា ឆ្នាំ ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ទម្លាក់អត្រា នៃភាពក្រីក្រ។ ពេលនេះយើងកំពុងតែប្រឹងទប់ស្កាត់អត្រា នៃភាពក្រីក្រធ្លាក់ដោយសារកូវីដ-១៩។ យើងបានចិញ្ចឹមប្រជាពលរដ្ឋប្រមាណជិត ៣ លាននាក់ ហើយត្រៀមនឹងចិញ្ចឹមប្រជាពលរដ្ឋបន្ថែមទៀតដោយសារកូវីដ-១៩ និងកត្តាអតិផរណា។ យើងបានឈ្នះលើសមរភូមិ Delta, Alpha និង Omicron ប៉ុន្តែ មិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ នៅឡើយទេ។ ខ្ញុំបានបញ្ជាក់ជូនជនរួមជាតិហើយ កុំថាឡើយដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ដែលកំពុងចាក់ បើទោះបីជាកម្ពុជាត្រូវចាក់ដល់ដូសទី១០ ដូសទី២០ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនយកប្រាក់ពីប្រជាពលរដ្ឋ និងជនបរទេស ដែលចាក់វ៉ាក់សាំងនោះឡើយ … យើងរំដោះប្រជាជនពីឆ្នាំ ១៩៧៩ មិនមែនទុកឱ្យប្រជាជនស្លាប់នោះទេ។ យើងមានកាតព្វកិច្ច ដើម្បីនឹងការពារប្រជាជនរបស់យើង។ ដោយសារពេលវេលាមិនអំណោយផល ហើយខ្ញុំជាមួយឯកឧត្តម Phạm Minh Chính នឹងត្រូវចរចាគ្នាបន្តទៀត … យើងក៏គ្មានឱកាសច្រើន។

អំណោយ

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់កងទ័ព យុទ្ធជន/នារីទាំងអស់ ចំនួន ៣,៩១៤ នាក់ ក្នុងម្នាក់ៗ សុំជូនថវិកា(ចំនួន) ៥ ម៉ឺនរៀល ផងដែរ។ ជូនវរសេនាតូច នគរបាលការពារព្រំដែនលេខ ៦១៥ និង ៦១៧ និងកងវរសេនាតូចលេខ ២ ខាងយោធា ក្នុងមួយអង្គភាពៗ ថវិកាចំនួន ៥ លានរៀល។ ជូនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ខ្នុរផ្សារ ឃុំទន្លូង ថវិកាចំនួន ២ លានរៀល។ ជូនសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កោះថ្ម ថវិកា(ចំនួន) ២ លានរៀល។ ជូនសាលាស្រុកមេមត់ ថវិកា(ចំនួន) ២ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី (ថវិកា)ចំនួន ៣ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា(ចំនួន) ៥ លានរៀល។ ជូនគណៈកម្មការរៀបចំអង្គពិធី (ថវិកា)ចំនួន ២០ លានរៀន។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជា គណៈកម្មការ ឯកឧត្តម សៅ សុខា និងក្រុមការងារ ដែលបានខិតខំកសាងសមិទ្ធផលនានានៅទីនេះ ដែលយើងធ្វើខួប ៤៥ ឆ្នាំផង យើងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនៅទីនេះផង។ អរគុណចំពោះការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងកម្លាំងប្រដាប់អាវុធ ក៏ដូចជា យុវជន។ អរគុណចំពោះអង្គទូតនានា អរគុណជាពិសេសចំពោះ ឯកឧត្តម Phạm Minh Chính និងគណៈប្រតិភូ ដែលបានចូលរួមនៅក្នុងពិធីរបស់យើងនេះ។

ជាមួយនឹងការរំលឹកដល់ខួបលើកទី ៤៥ នៃដំណើរចងចាំឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជា ប្រកាសសម្ពោធសមិទ្ធផលនានា នៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខ្ញុំសូមជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី អ្នកនាង កញ្ញា សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជូនពរចំណងមិត្តភាពកម្ពុជា-វៀតណាមស្ថិតស្ថិរចេរកាល។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ