សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ ពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២

CNV: 23 ខែ​មីនា, 2022

សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស-ជាតិអន្តរជាតិ
អង្គសន្និបាតជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែល​បានមកចូលរួម​ក្នុង​ពិធីបិទសន្និបាតបូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២១ និងទិស​ដៅ​អនុវត្ត​ឆ្នាំ ២០២២ នាឱកាសនេះ។ ខ្ញុំសូមអបអរសាទរ និងវាយ​តម្លៃ​​ខ្ពស់ចំពោះ​​ថ្នាក់​ដឹកនាំ និង​​មន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​​​ក្រោមជាតិ ដែលបាន​ខិតខំបំពេញ​ការងារប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ហើយសម្រេច​បាន​​សមិទ្ធ​ផល​ជាច្រើនក្នុង​វិស័យកសិកម្ម​ក្នុង​ឆ្នាំ​​ ២០២១ កន្លង​ទៅ ទោះបីកម្ពុជាបាន​ជួបប្រទះ​នូវ​បញ្ហា​​ប្រឈមលើវិស័យជាច្រើន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។

អង្គសន្និបាតបូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលបានប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ២ ថ្ងៃកន្លងមក ​គឺជា​ការបង្ហាញ និងវាយតម្លៃ​លើ​​សមិទ្ធ​ផល​ដែលសម្រេច​បាន​ក្នុងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អភិវឌ្ឍវិស័យ​កសិកម្មឆ្នាំ ២០២២ ស្របតាម​គោល​នយោបាយ និង​យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលបាន​តម្រង់ទិស​ការ​អភិវឌ្ឍ ដើម្បីឱ្យ​វិស័យ​កសិកម្ម​កម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួម​ទ្រទ្រង់​​​កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបាន​ជា​ប្រទេស​ដែល​មានចំណូល ​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាម​ការលើកឡើងដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និងនេសាទ វិស័យកសិកម្ម​ឆ្នាំ ២០២១ កន្លងទៅ មាន​ការរីកចម្រើនគួរឱ្យ​កត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២ លានតោន កើន​ឡើងប្រមាណ ១១,៦% ធៀប​នឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេក​ស្រូវ​មាន​ចំនួន​ជាង ៦,៩៤ លានតោន ឬ គិតជាអង្ករ​ស្មើនឹងប្រមាណ ៤,៤៤​លាន​តោន ​ដំណាំ​​​សាកវប្ប​កម្ម​សម្រេច​បាន​ជាង ៤,៣៦ លានតោន និងដំណាំ​ឧស្សាហកម្មសម្រេចបានជាង ១៩ លាន​តោន​។ ផលិត​កម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១,២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការ​ផ្គត់ផ្គង់​សាច់​ចំនួន ៨៧%។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប​ សម្រាប់​ឆ្នាំ​ ២០២១ មាន​ប្រមាណ ៥ ០០០ លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំ​ផលិតផល​កសិកម្ម​ឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០ លានដុល្លារ​អាមេរិក លើសឆ្នាំកន្លងទៅ។

បច្ចុប្បន្នវិស័យ​កសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការនាំចេញដែលចាំបាច់ត្រូវវិយោគ​បន្ថែម​លើ​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រ វិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផ្លូវដឹកជញ្ជូន និងឡូជីស្ទីក ឥណទានកសិកម្ម ​ការស្រាវជ្រាវ ​និងអភិវឌ្ឍប្រភេទ​ពូជថ្មីៗ ការ​ផ្សព្វ​ផ្សាយ​បច្ចេក​ទេសទំនើប។ ជាមួយនេះ ​រាជ​រដ្ឋា​ភិបាល​បានផ្តល់​អាទិភាព ​ចំពោះការ​អនុវត្ត​​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ដែលគ្រោងដាក់ឱ្យអនុវត្ត​នាពេល​ដ៏​ខ្លី​ខាងមុខ និងស្នើឱ្យ​​មានការ​ចូល​រួមយ៉ាងសកម្ម​ពីគ្រប់តួ​អង្គពាក់ព័ន្ធ​ទាំងវិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​​អភិវឌ្ឍ ដោយ​​​ត្រូវធ្វើ​សមារណ​កម្មឱ្យ​កៀកទៅនឹងផលិតករ សហគមន៍​កសិកម្ម​នៅមូលដ្ឋាន ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​​​ទាំង​ឡាយ ដែល​បាន ​និងកំពុងជួប​ប្រទះ។

ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យ​កសិកម្ម ឱ្យមាន​លក្ខណៈ​​ទំនើប ​ឆ្លើយតបទៅនឹងបរិការណ៍ប្រែ​ប្រួល​សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងវិបត្តិសកលពីជំងឺកូវី-១៩ ធានាចីរភាពផលិតផល​សរុប​ក្នុងស្រុក ជាពិសេសកែប្រែឥរិយាបថប្រជាកសិករពី “ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង” ទៅជា “ការធ្វើកសិកម្មសម្រាប់​ពាណិជ្ជ​​កម្ម” គឺ “ការប្រែក្លាយកសិករទៅជាកសិសហគ្រិន”។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវអនុសាសន៍សម្រាប់អនុវត្តបន្ត រួមមាន ៖

ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានាត្រូវខិតខំអនុវត្ត “គោលយោបាយ​អភិវឌ្ឍន៍​វិស័យកសិកម្ម​ឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការ​គោល​នយោ​បាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្ម​កម្ពុជាជាកសិកម្មទំនើប មានលក្ខណ:​ប្រកួត​ប្រជែង បរិយាប័ន្ន ធន់នឹងការ​ប្រែ​ប្រួលអាកាសធាតុ និង​មានចីរភាព។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំផែនការសកម្មភាពដើម្បី អនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣”។

ទី២. លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ តាមរយ:ការជំរុញឧស្សាហកម្ម​ពូជ​ដំណាំ ពង្រឹង​​ការ​ត្រួតពិនិត្យ និងបញ្ជាក់គុណភាព​ពូជដំណាំ​ និង​ធាតុចូលកសិកម្ម ការផ្តល់សេវាបច្ចេក​ទេស​​​​កសិកម្ម ដោយប្រើ​ប្រាស់​​​បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹង​សមត្ថភាពសហគមន៍​​កសិកម្ម​ ឱ្យមាន​លក្ខណៈ​​​ជា​អាជីព ​ កែលម្អ​​សមត្ថ​ភាពកសិដ្ឋាន ស្ថានីយពិសោធន៍ និង​ប្រែក្លាយមជ្ឈមណ្ឌល​អភិវឌ្ឍកសិកម្ម​ទៅជា “មជ្ឈម​ណ្ឌល​​ឧត្តម​ភាព​កសិកម្ម​” សម្រាប់​ផ្សព្វ​ផ្សាយបចេ្ចកទេសកសិកម្មឱ្យបានទូលំទូលាយទូទាំងប្រទេស។

ទី៣. ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិ ​ពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បី​បង្កើន​​ កាលានុវត្តភាពក្នុងការ​ការពារ​ផល​ប្រយោជន៍​កសិករ ជំរុញវិនិយោគលើ​ការ​កែច្នៃ​ផលិត​ផល​កៅស៊ូ ដើម្បីបង្កើន​តម្លៃ​បន្ថែម ត្រួតពិនិត្យការនាំចេញខុសច្បាប់​នូវ​ជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ព្រមទាំងជំរុញ​ការអនុវត្តផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍កៅស៊ូ​ធម្មជាតិ​ឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកប​ដោយ​ចីរភាព។

ទី៤. ត្រូវពង្រឹង​ការ​អនុវត្តវិធាន​ការ​ការពារ​ដំណាំ និងជំរុញ ការអនុវត្ត “ច្បាប់ស្តីពីការ​ការពាររុក្ខជាតិ និង​ភូតគាមអនាម័យ”ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ខេត្ត សមត្ថកិច្ច​គយ ​និងរដ្ឋាករ​នៅ​ច្រកព្រំដែនត្រូវសហការជាមួយជំនាញ​អនាម័យ​ និងភូតគាម​អនាម័យ ជំរុញការចុះ​ហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យ​ សម្រាប់​នាំ​ចេញផលិតផល​កសិកម្ម​ដែលមានតម្រូវការទីផ្សារ និងត្រូវពង្រឹង​សមត្ថភាព​មន្ទីរពិសោធន៍​ត្រួត​ពិនិត្យ​គុណភាព ​សុវត្ថិ​ភាព​កសិផល និងធាតុចូលកសិកម្ម​​ស្របតាមស្តង់ដារ​ជាតិ និងអន្តរជាតិ។

ទី៥. ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពនៃផលិតកម្មសត្វ បង្កើន​វិនិយោគ​លើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ វិភាគ ជំងឺសត្វ បង្កើត​ស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជន ដើម្បី វិនិយោគបន្ថែមទៀត ​នូវរោងចក្រផលិត​ចំណី​​សត្វ ដើម្បីកាត់បន្ថយការ​នាំចូល​ចំណី​សត្វ​ផ្សំរួច​ពីបរទេស។

ទី៦. ត្រូវបន្ត​​ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦–២០៣០” ដើម្បីធានាបាននូវការ​ផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក​ និង​នាំ​ចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែង​តម្លៃទីផ្សារ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍​នេសាទ​ឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទ​ល្មើស​ជលផល។ ត្រូវ​ពង្រឹង​ការ​គ្រប់​គ្រង និងការពារកន្លែងអភិរក្សជលផល ​​​ត្រូវ​ថែ​រក្សា​ការពារព្រៃលិច​ទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់​ការធ្វើ​ពាណិជ្ជ​កម្ម​ខុសច្បាប់ប្រភេទ​ធនធាន​ជលផល។ ត្រូវ​បញ្ចប់​ ការ​រៀបចំ​វិសោធ​ន​កម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការ​គ្រប់​គ្រង និងអនុវត្ត​អនុ​វិស័យ​ជល​ផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការនេសាទ​ល្មើស​ច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

ខ្ញុំសុំយកចំណុចនេះ ធ្វើជាស្នូលនៃការចេញបទបញ្ជារបស់ខ្ញុំនៅថ្ងៃនេះ នោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហានេសាទ។ ដំ បូងខ្ញុំសូមកោតសរសើរជាមួយការខិតខំរបស់ថ្នាក់ដឹកនាំតាមស្ថាប័ននានា ក៏ដូចជាអាជ្ញាធរខេត្តនៅតាមបឹងទន្លេ សាបដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលកន្លងទៅយើងបានប្រឹងប្រែង(ការ​ពារ) ព្រោះទន្លេសាបរបស់យើងត្រូវបានកាត់បន្ថយទំហំរហូតដល់ជាង ៦ ម៉ឺនហិកតា ឯណោះ។ អញ្ចឹងបានជាខ្ញុំចេះតែចោទសួរថា តើអស់លោកធ្វើចៅហ្វាយខេត្តជុំវិញទន្លេសាបធ្វើអី បានជាបណ្ដោយឱ្យប្រជាជនចុះកាប់ព្រៃលិចទឹក ចេះតែបន្តអត់មានពេលឈប់។ បើសិនជាយើងអត់មានវិធានការយកដីត្រឡប់មកវិញទេ គឺយើងមិនអាចធ្វើបានទេ ហើយអស់លោកមានក្រសួងប៉ុន្មានដែលទទួលខុសត្រូវទៅលើបញ្ហាលិចទឹក ក្រសួងកសិកម្មក៏នៅហ្នឹង ក្រសួងធនធានទឹកក៏នៅហ្នឹង ក្រសួងបរិស្ថានក៏នៅហ្នឹង ឬមកពីមនុស្សច្រើនពេកបានជាធ្វើមិនកើត … រឿងនេះវាជាផលប្រយោជន៍ជាតិរបស់យើង។ បើសិនជាបណ្ដោយ(អោយចេះតែកើតមាន) មួយឆ្នាំទៅបន្តិចៗ … តើទន្លេសាបនៅសល់ប៉ុន្មានទៅ … យើងយល់ព្រម និងសម្រួលខ្លះទៅលើបន្ទាត់ផែនទីតំបន់ពីរនៅឯខេត្តកំពង់ធំ ក្រៅពីនោះគឺបានផ្ទេរមកឱ្យរដ្ឋវិញចំ​នួនជាង ៦ ម៉ឺនហិកតា ដែលជាគោលដៅនៃការដាំដើមឈើឡើងវិញសម្រាប់ព្រៃលិចទឹក។ អញ្ចឹងយើងត្រូវយកចំណុចនេះធ្វើសកម្មភាពជាប់ជាប្រចាំ អត់មានត្រូវការឆ្នាំណាក៏ដដែលៗ។ ឈប់ធ្វើដដែលហ្នឹងមើល។ អស់លោកដែលជាអភិបាលខេត្តនៅជុំវិញដងទន្លេសាប ត្រូវយកការទទួលខុសត្រូវ … អំណាចប្រគល់ឱ្យកាន់តែច្រើនហើយ ហើយក្រសួងជាអាណាប័កដែលជាអ្នកទទួលខុសត្រូវ ក៏ត្រូវតែបង្កើនសមត្ថភាពដើម្បីដោះស្រាយបញ្ហា។

ច្បាប់ជលផលរហូតដល់ពេលនេះគឺអត់ទាន់ធ្វើចេញ។ ខ្ញុំនៅ(ចាំ)បានថាខ្ញុំបានលើកឡើងអំពីបញ្ហានេះតាំងពីទៅព្រលែងកូនត្រីនៅឯទន្លេវ៉ៃគោស្វាយរៀង។ ធ្វើវាមិ​នចេញមកពីអស់លោកមិនព្រមធ្វើ។ ក្រសួងកសិកម្មមួយមានខ្សែរយៈដល់ទៅបីចុះទៅខាងក្រោម៖ រដ្ឋបាលព្រៃឈើផ្សេងទៅ រដ្ឋបាលជលផលផ្សេងទៅ មន្ទីរកសិកម្មផ្សេងទៅ។ អញ្ចឹងក្បាលមួយជើង ៣។ មកពីអស់លោកមិនព្រមធ្វើ។ បើសិនធ្វើ ដេក(ធ្វើ)ទាំងយប់ទាំងថ្ងៃ នាំគ្នាធ្វើរួចហើយ ប៉ុន្តែមកពីមិនព្រមធ្វើ​។ ផុតពីរដ្ឋមន្ត្រីមួយដល់រដ្ឋមន្ត្រីមួយហើយក្រសួងនេះស៊ីរដ្ឋមន្ត្រីច្រើន។

រឿងសំខាន់ដែលខ្ញុំចេញបញ្ជាថ្ងៃនេះ អស់លោកធ្វើបានឬមិនបាន នោះគឺការបំផ្លិចបំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាប។ ប៉ុន្មានអាទិត្យនេះខ្ញុំតាមដានដោយយកចិត្តទុកដាក់បំផុត។ ក្រុមអ្នកដែលស៊ើបអង្កេតទៅសិក្សា គាត់មិនមែនជាជំនាញ មិនមែនជានគរបាលយុត្តិធម៌ទេ។ អញ្ចឹងគាត់អត់មានសិទ្ធិចាប់ទេ។ បញ្ជូនព័ត៌មានហ្នឹងមកឱ្យ​ខ្ញុំ។ ខ្ញុំបានបញ្ជូនទៅអភិបាលខេត្ត។ អភិបាលខេត្តយើងថាចាប់អត់បាន ព្រោះ(ទូក)វាលឿនពេក។ លឿនប៉ុណ្ណា? យើងដាក់ឧទ្ធម្ភាគចក្រយើងក្បែរហ្នឹងបាញ់ពីលើតែម្ដង(មើល)។ វាទៅណាមនុស្សហ្នឹង។ ខេត្តពោធិ៍សាត់ក្រោយមកទើបចាប់បាន។ ប៉ុន្តែខេត្តដទៃទៀតនៅតែចាប់មិនបាន … ឥឡូវអគ្គបញ្ជាការកងទ័ពនិងអគ្គ(ស្នងការ)នគរបាលប៉ូលីសនៅទីនេះស្រាប់។ ដាក់ការគាំទ្រចេញពីនេះទៅ រកវិធីកំចាត់ចោលពួកមេឈ្មួញទុច្ចរិតក្នុងការបំផ្លាញត្រី …ក្រសួងកសិកម្មខ្លួនឯងឱ្យវាសកម្មបន្តិចទៅមើល ក្រែងយើងមានផ្នែកជលផលម៉េចក៏មិនព្រមធ្វើ។ ខ្ញុំនៅតែនិយាយដដែល … ពេលធ្វើអនុក្រឹត្យ ក្រសួងណាក៏ទារយកអំណាចដែរ។ (ក្រសួង)បរិស្ថានកាលជំនាន់បង ម៉ុក ម៉ារ៉េត​ ស្អីក៏បង ម៉ុក ម៉ារ៉េត ទារដែរ។ ក្រសួងណាក៏ទារនូវអំណាចសម្រាប់ក្រសួងរបស់ខ្លួន។ បានសេចក្ដីថាទារដាវពីនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីឱ្យដាវ តែដល់ពេលត្រូវកាប់ ប្រគល់ឱ្យនាយករដ្ឋមន្ត្រីកាប់វិញ។ ហ្នឹងខ្ញុំតែងតែបង្អាប់បង ម៉ុក ម៉ារ៉េត ថាគ្រាន់តែរឿងគេធ្វើផ្ទះលើទឹកឈូ គាត់មកសួរថាយោបល់ថាត្រូវធ្វើម៉េច។ ខ្ញុំថាពេលធ្វើអនុក្រឹត្យបងឯងអ្នកទារអំណាច ឥឡូវម៉េចមកសួរខ្ញុំ។ វាយវាគ្រវាត់ចោលទៅ ខ្លះចាប់ដាក់ខ្នោះទៅ។ ថាមកពីគេជាមន្ត្រី។ មន្ដ្រីហ្នឹងហើយដែលត្រូវចាប់មុនគេនោះ គ្មានអភ័យឯកសិទ្ធិអ្នកឯងត្រូវធ្វើអញ្ចឹងទេ។

.. ​មានអភិបាលខេត្តមួយ វាយសារជូនទៅ(ខ្ញុំ)ថា “យើងខិតខំដែរ តែតែងតែបែកការណ៍។ អញ្ចឹងទេ ការបែកការណ៍វា​ចេញ​ពីត្រង់ណា? ព្រោះមួយខេត្តមានមិនច្រើនទេ។ ពួកហ្នឹង គឺថាពួកចល័តរហ័ស ហើយពួកហ្នឹងមិនមែនអ្នកក្រ​ទេ​ណា។ កន្លងទៅអស់លោកចាប់បានថាប៉ុននេះឬប៉ុណ្ណោះ គឺចាប់បានតែអ្នកចែវទូក ឬម៉ាស៊ីន Kohler តូចៗទេ តែអាធុនធំចាប់មិន​បានទេ។ វាមានអីនៅពីក្រោយខ្នង(នៃ)រឿងចាប់មិនបាន?​ មកពីមន្ដ្រីយើងស៊ីសំណូកគេឬយ៉ាងម៉េច? និយាយឲ្យចំៗ ដោះស្រាយបញ្ហាហ្នឹងមើល។ ឥឡូវនេះ ក្រសួងកសិកម្មគ្រាន់តែរដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ សឹងតែ​ថា​យកមកដាក់មួយជង្រុកនោះ។ ឥឡូវ ចែកគ្នាចុះ ខេត្តណាត្រូវធ្វើឲ្យច្បាស់នៅក្នុងហ្នឹង …។

ឥឡូវយើងផ្ទេរអំណាចកាន់តែច្រើនទៅឲ្យខេត្ត ហើយបើខេត្តមិនទទួលខុសត្រូវ តើយកអំណាចទៅធ្វើអី? ​ម្សិលមិញ​ ខ្ញុំទៅអានសុន្ទរកថាមួយ អំពីការផ្ទេរអំណាចកាន់តែច្រើនទៅថ្នាក់ក្រោមជាតិ ហើយថ្នាក់ក្រោមជាតិ​មិនព្រមធ្វើ ចាំ(បញ្ជា)ពីខាងលើ អញ្ចឹងតើផ្ទេរអំណាចទៅធ្វើអី?

ដោយសារមានបទល្មើសនេសាទច្រើន មានអ្នកមានគំនិតថា សូមសម្ដេចបង្កើតជាឡូត៍​នេសាទឲ្យពួកឯកជនជួយគ្រប់គ្រង។ អញ្ចឹង ខ្ញុំបានបញ្ជាឲ្យទូរទស្សន៍ជាតិកម្ពុជាចាក់ឡើងវិញនូវបទអត្ថាធិប្បាយ​របស់ខ្ញុំប្រហែលជា ៤ ទៅ ៥ ម៉ោង និយាយពីការបិទលុបចោលឡូត៍នេសាទដែលមានអាយុ(ប្រហែលជា )១០០ ឆ្នាំ។ ខ្ញុំចាំបានថា ប្រហែលឆ្នាំ ២០១២ ដែលលុបចោល(ឡូត៍នេសាទឯកជន)។ ឲ្យទូរទស្សន៍ជាតិចាក់ឡើងវិញ។ បង្ហាញហេតុផលដែលបានជាខ្ញុំលុបចោលឡូត៍នេសាទ។ ​ឥឡូវនេះ ដោយសារឃើញមានបទល្មើស ចេញពីមនុស្សមួយចំនួន យើងបង្រ្កាបគេអត់បាន ដល់បង្រ្កាបគេអត់បាន បែរជាមានគំនិតថា សូមសម្ដេចបង្កើត​ឡូត៍នេសាទដើម្បីឲ្យឯកជនគេគ្រប់គ្រង។ ឯកជនគេគ្រប់គ្រងហ្នឹងហើយ ដែលប្រជាកសិករយើង​វេទនា​នោះ រហូតដល់ស្លាប់មនុស្ស។

ខ្ញុំជាមួយ ទៀ បាញ់ ផ្ទាល់ហើយ (ពលរដ្ឋ)គ្រាន់តែអុំទូកកាត់ឡូត៍នេសាទគេ ត្រូវចាប់ដាក់គុក។ ឆ្នាំ ២០០០ ដែលយើងទៅកាលហ្នឹង ប្រសិទ្ធ, ទៀ បាញ់, សៀង ណាំ មកជួបគ្នា។ បានខ្ញុំប្រកាសឲ្យ​ដោះលែងភ្លាម។ ប្រកាសកែទម្រង់ពីឡូត៍នេសាទពីខេត្តសៀមរាប មកពីសូទ្រនិគម។ ប្រកាសកែទម្រង់​កាត់​ចោលឡូត៍នេសាទប៉ុន្មានភាគរយ ក្រោយមកកាត់ទៀត ប៉ុន្ដែដល់តែនៅតែរំខានប្រជាជនដដែល។ អញ្ចឹងលុបកាត់ចោលទាំងអស់។ បង លឹម គាន​ហោ នៅចាំទេ? កាលយើងទៅស្វាយប្រទាល ត្រើយស្លា កាលហ្នឹងយើងទៅធ្វើសាលា ប្រឡាយទឹកអីឲ្យគាត់ ស្រាប់តែប្រជាពលរដ្ឋគាត់មកជួបនិងថា “សម្ដេចៗ សុំកាំភ្លើងពីរបីដើម”។ សួរសុំ(កាំភ្លើង)ធ្វើអី។ គាត់ថា យកទៅបាញ់ថៅកែឡូត៍នេសាទ។

ទំនាស់រវាងម្ចាស់ឡូត៍នេសាទ និងអ្នកធ្វើស្រូវប្រាំង។ ម្ចាស់ឡូត៍នេសាទត្រូវការបង្ហូរទឹកដើម្បីចាប់ត្រី ឯប្រជាពលរដ្ឋត្រូវការទុកទឹកដើម្បីធ្វើស្រូវ​ប្រាំង។ រឿងនេះមិនធម្មតាពេកទេ។ អ្នកសិក្សាមួយចំនួន យល់មិនអស់បញ្ហា។ ហេតុអ្វីបានជាខ្ញុំត្រូវលុបចោលឡូត៍នេសាទដែលបានបង្កើត ១០០ ឆ្នាំ ហើយមកនោះ។ ព្រះរាជក្រឹត្យរបស់ព្រះ​បាទ​ស៊ីសុវត្ថិក្នុងឆ្នាំ ១៩១២ ដល់យើងមកលុបក្នុងឆ្នាំ ២០១២។ អញ្ចឹងវា ១០០ ឆ្នាំ ហេតុអីត្រូវលុបចោល? វាឈឺក្បាលខ្លាំងណាស់។ កន្លែងខ្លះមានដល់ស្លាប់មនុស្ស (ព្រោះ)ពួកថៅកែឡូត៍បាញ់ប្រជាជន។ មិនអាចគ្រាន់តែហេតុផលដែលយើងបង្រ្កាបពួកហ្នឹងមិនបាន បែរជាបើកឱកាសឲ្យមានឡូត៍នេសាទឡើងវិញទេ។ អញ្ចឹង​សូមទូរទស្សន៍ជាតិទទួលបញ្ជាហើយសហការជាមួយទូរទស្សន៍នានាចាក់ម្ដងចេញទៅទាំងអស់តែម្ដង …។

… ក្រុមហ្នឹងវាអត់ទៅណាទេ វានៅក្នុងទន្លេសាប … បែកការណ៍ដោយសារមានការឃុបឃិត។ ឥឡូវស្រួលសឹងស្លាប់ ព្រោះគ្រាន់តែកម្លាំងចេញព្រឹប អានោះចុចទៅអានោះភ្លាម។ អានោះរត់ប្រុច កាណូតវាលឿនជាងកាណូត​យើង។ ឥឡូវលឿនប៉ុណ្ណា ខ្ញុំត្រៀមឧទ្ធម្ភាគចក្រមួយចំនួនដើម្បីចុះទន្លេសាប។ ឥឡូវនាំគ្នាធ្វើទៅ រួចហើយប្រជុំគ្នាយ៉ាង​ម៉េចអីយ៉ាងម៉េច ដើម្បីបង្ក្រាបពួកអស់ហ្នឹង។ បើមិនអញ្ចឹងទេ អត់មានត្រីទេ។ វាលេងស្បៃមុង កាវ ហើយទូកសុទ្ធតែល្បឿនលឿនទៀត។ ដល់ទូកខាងជលផលរបស់យើង ខាងនគរបាលរបស់យើងវាខ្សោយ … ប្រមូលកងទ័ពជើងទឹកចុះ។ តើមានស្អីខ្លះ? រុញចុះទៅតាមទន្លេសាប … បើអ្នកណាព្រហើន យកទៅញាត់គុក ចាំបាច់មានគោលនយោ​បាយជាមួយពួកបទល្មើសធ្វើអី?

ខ្ញុំមិនព្រមបង្កើតឡូត៍នេសាទ ដើម្បីឲ្យផ្នែកឯកជនគ្រប់គ្រងឡើងវិញទេ។ វានាំទៅដល់ការវេទនាសម្រាប់ប្រជាពល​រដ្ឋរបស់យើង។ ខ្ញុំមានពិសោធន៍ទៅលើបញ្ហាហ្នឹង។ វាមិនមែនជារឿងថ្មីសុទ្ធសាធទេ។ វាជារឿងចាស់។ រឿងថៅកែឡូត៍នេសាទ និងប្រជាកសិករទាស់គ្នាតាំងពីជំនាន់សម័យសង្គមរាស្រ្តនិយម ទាស់គ្នាតាំងពីជំនាន់បារាំង … កសិ​ករ​ខេត្តព្រៃវែងធ្វើបាតុកម្មប្រឆាំង ទើបបារាំងធ្វើការកែទម្រង់បន្ថយតំបន់ឡូត៍នេសាទបន្តិច។ ជម្លោះឡូត៍នេសាទនេះជាមួយប្រជាកសិករតែងតែមាន មានរហូតមកដល់ឆ្នាំ ២០១២។ លុបឡូត៍នេសាទបានចប់រឿង។ នៅម្តុំល្វាឯមយើងនេះ អត់ទៅណាឆ្ងាយទេ បឹងវាលសំណាបបឹងអីហ្នឹង តំបន់ហ្នឹងសុទ្ធតែតំបន់ធ្លាប់ឲ្យគេនេ​សាទ រួចហើយគឺស្លាប់ប្រជាជន ព្រោះអាងតែជាថៅកែ អាងឲ្យគេការពារ។ ប្រជាជនយើង (មាន)រហូតទៅដល់កម្រិតប៉ុណ្ណេះ បើថាគាត់ធ្វើព្រួល គាត់ដាក់ ១ គីឡូ ហើយ(ប្រជាពលរដ្ឋ)ត្រូវអុំទូក ១ គីឡូ ឬបើកកាណូត ១ គីឡូ ដើម្បីវាងព្រួលហ្នឹង។

ខ្ញុំបញ្ជាឲ្យទូរទស្សន៍ជាតិចាក់ផ្សាយ(ទាំងអស់)តែម្តង ថាហេតុផលអីទៅ។ ខ្ញុំនៅចាំបាន។ ខ្ញុំឧទ្ទេសនាមចាប់តាំងពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១២។ ចាក់ឡើងវិញទាំងអស់ ហើយសហការជាមួយនឹងសមាគមទូរទស្សន៍ យកម៉ោងណាមួយចាក់ ហើយចាក់គ្រប់ទូរទស្សន៍ទាំងអស់។ យើងចង់ឲ្យកសិកររបស់យើងទទួលផល ប៉ុន្តែឥឡូវអ្នកដែលទទួលផលនោះ កន្លែងខ្លះក៏បានល្អ កន្លែងខ្លះគឺវាមិនបាន ដោយសារតែមានអាក្រុមនេះ។ ពួកហ្នឹងមិនមែនអ្នកក្រទេ។ អញ្ចឹងបានថា អស់លោកនិយាយពេលណាបង្រ្កាបបទល្មើសនេសាទបានប៉ុណ្ណេះ អស់លោកបង្រ្កាបបានតែអ្នកចែវទូកដាក់មងបានមួយត្បូងពីរត្បូងទេ។ អស់លោកអត់ទាន់លេងបានពួកនេសាទបានម្តង ១​ តោន ២ តោនទេ។ អស់លោកអត់ទាន់លេងប៉ះអាហ្នឹងទេ។

ឈើក៏ដូចគ្នាដែរ។ បង្រ្កាបបទល្មើសព្រៃឈើបានប៉ុណ្ណេះៗ។ អស់លោកបង្រ្កាបត្រឹមតែអ្នកកាប់អុសទេ តែអាអ្នកកាប់ឈើពិតប្រាកដ អស់លោកបង្រ្កាបអត់ទាន់ត្រូវ។ ឥឡូវខ្ញុំយកបញ្ហានេះធ្វើជាស្នូលនៃសកម្មភាពខាងមុខ បញ្ជាអស់លោកធ្វើប៉ុន្មានឆ្នាំ ដើម្បីឲ្យស្ថានភាពត្រីត្រូវបានប្រែប្រួល។ ឥឡូវមើលដាក់កន្លែងរៀបចំឲ្យល្អ។ សុំអំពាវនាវមន្រ្តីជលផលដែលជានគរបាលយុត្តិធម៌ត្រូវរួមដំណើរជាមួយគ្នា ប៉ុន្តែពិបាកដែរឥឡូវហ្នឹង ឲ្យតែរួមដំណើរ គឺដឹងតែបែកការណ៍ដល់អានោះ(ជនល្មើស)មុនបាត់។ ថ្ងៃនេះ អភិបាលខេត្តមក មើលអ្នកណានៅជុំវិញទន្លេសាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ មានតែប៉ុណ្ណឹងតើ។ ថ្ងៃមុន (ទៀ) សីហា វាយ (សារ) ទៅ សុខ ទូច ថាបង្រ្កាបវាដែរ។ មាននៅក្នុង(ទូរស័ព្ទ)របស់ខ្ញុំ។ ឥឡូវ យើងជាអ្នកដឹកនាំ ថ្នាក់ដល់ប៉ុណ្ណឹង បង្រ្កាបពួកអាហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ។ និយាយគ្នាឲ្យត្រង់ៗតែម្តង។ ហើយក៏មិនបាច់ធ្វើរដ្ឋមន្រ្តីកសិកម្ម មិនបាច់ធ្វើរដ្ឋមន្រ្តីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្រ្តីបរិស្ថានអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹងធ្វើមិនឈ្នះនោះ។ កុំធ្វើមេទាហាន កុំធ្វើមេប៉ូលីសតទៅទៀត។ ឥឡូវ បន្ទាប់ពីហ្នឹងទៅ នាំគ្នាធ្វើ … មើលសន្យាជាមួយគ្នាចំពោះមុខ។

មកពីអស់លោកអត់ព្រមធ្វើ។ រឿងវានៅកន្លែងហ្នឹងទេ។ ជាវ តាយ រាយការណ៍មក។ ខ្ញុំបានឲ្យឈ្មោះទៅទៀត អានេះឈ្មោះអី អានេះឈ្មោះអី ស្រាប់តែរាយការណ៍មករត់បាត់ហើយ។ វាទៅជារត់បាត់ព្រោះអីទូកវាលឿន។ ចុះទូកលឿន វាផុតត្រឹមរដ្ឋអំណាចយើងខ្វះសមត្ថភាពដើម្បីដេញអាទូកលឿនហ្នឹង។ អ្នកឯងរត់ទៅណា រត់ទៅប្រទេសវៀតណាមក៏មិនរួច រត់ទៅប្រទេសថៃក៏មិនរួច រត់ទៅឡាវក៏មិនរួច នៅជុំវិញបឹងទន្លេសាប …។

យើងបាត់បង់ព្រៃលិចទឹក​ម្ខាង តែត្រី​ម្ខាងទៀត។ ឥឡូវជាង ៦ ម៉ឺនហិកតា ដាំព្រៃលិចទឹកឡើងវិញ ដើម្បីការពារបឹងទន្លេសាប ហើយសុំកុំឲ្យមានបន្ត។ នេះចេះយកមកបាន ៦ ម៉ឺនហិកតាត្រឡប់មកវិញ ហើយបើសិនមិនបញ្ជាឲ្យធ្វើសកម្មភាពទេ វាមិនមែនត្រឹមតែមិនបាន ៦ ម៉ឺនហិកតាត្រឡប់មកវិញ វាបាត់ថែមតទៅទៀត ព្រោះចេះតែទន្ទ្រានបន្តៗ។ ហ្នឹងជាបញ្ហាដែលសុំនិយាយគ្នាត្រង់ៗ បើមិនចឹងទេ គឺថាអត់ទេ នៅតែប៉ុណ្ណឹង។

ខ្ញុំនៅចាំបានថា ចេញបទបញ្ជានៅទន្លេវៃគោ ដើម្បីឲ្យរៀបចំស៊ីគ្នាអំពីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ឲ្យមកនៅក្នុងមន្ទីរកសិកម្ម។ រហូតមកដល់ពេលនេះ នៅតែថាធ្វើវិសោធនកម្ម។ ឯងចេះតែស្តាប់ចឹងទៅ។ តែមានថ្ងៃណាមួយប្រយ័ត្នដឹកនាំប្រជុំ ហៅរដ្ឋមន្ត្រី ហៅអ្នកឯកទេស ដឹកនាំប្រជុំ វិចបាយស៊ីហ្មង … កន្លែងខ្លះគេត្រូវធ្វើលឿន …។

… ប៉ុ​ន្តែកម្លាំងនាំមុខ គឺអស់លោកអភិបាលខេត្ត។ មិនថាខេត្តនៅក្នុងតំបន់ទន្លេសាបទេ។ ខេត្តទាំងអស់ អំណាចត្រូវបានប្រគល់ជូនអស់លោកហើយ។ មន្ទីរកសិកម្មនៅក្រោមដៃអស់លោកហើយ … ទៅធ្វើទៅ កុំចាំបាច់ក្រសួង … ត្រឡប់ទៅវិញ ខេត្តមួយៗរៀបចំផែនការរបស់ខ្លួន បង្ក្រាបពួកបទល្មើសនេសាទ។ ខ្ញុំគិតថា អំណាចលើសពីការគ្រប់គ្រាន់ទៅទៀត។ ត្រង់អស់លោកចេះប្រើអំណាចហ្នឹងឬអត់ តែប៉ុណ្ណឹង។ យូរៗទៅ ខ្ញុំចង់ទៅជាប្លង់តុង … យើងមានឈ្មោះពួកបទល្មើសបញ្ជូនទៅឲ្យខេត្ត ខេត្តរាយការណ៍ត្រឡប់ទៅវិញថា វារត់អស់។ ប៉ុន្តែដល់ ២ ថ្ងៃក្រោយ ចាប់បាន។ គ្រាន់បើ។ ល្អឡើងវិញ។ ប៉ុន្តែនៅសៀមរាបហ្នឹងចាប់អត់ទាន់បានទេ។ ពេលហ្នឹង សីហា រវល់ទៅកំពង់សោម។ ផែនការចាប់នៅសៀមរាប។

ឥឡូវមើល គេហៅថា ក្រុមពួកវាយរហ័សដករហ័ស កំចាត់ក្រុមហ្នឹងចោល។ បើយើងមិនមានវិធានការហ្មត់ចត់ មិនបង្ក្រាបរឿងហ្នឹងទេ ផលប្រយោជន៍ជាតិនឹងត្រូវបាត់បង់ដោយសារស្នាដៃពួកហ្នឹង។ កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន របស់មន្ត្រីរាជការដែលប្រឹងប្រែង គឺត្រូវកប់បាត់ទៅក្នុងអំពើល្មើសនៃមន្ត្រីមួយចំនួនឃុបឃិតជាមួយពួកឈ្មួញ … អស់លោករាយការណ៍បទល្មើសនេសាទមានប៉ុណ្ណេះ បានលុបបំបាត់ប៉ុណ្ណេះ តែអាធុនតូចទេ អាធុនធំអត់ទាន់ប៉ះ ព្រៃឈើក៏ចឹង នេសាទក៏ចឹង ​… ការចិញ្ចឹមត្រីក៏ត្រូវនៅចិញ្ចឹម តែត្រីធម្មជាតិក៏ត្រូវតែការពារវា។ យើងអត់ទាន់មានលទ្ធភាពបូមស្តារទន្លេសាបទេ កន្លែងខ្លះយើងក៏បានធ្វើដើម្បីឲ្យវាជ្រៅសម្រាប់មេត្រី ប៉ុន្តែឆ្នាំនេះប្រហែលជាវាមិនដូចឆ្នាំកន្លងទៅទេ ដោយសារទឹកវានៅខ្ពស់បន្តិច។ ឆ្នាំកន្លងទៅ តំបន់មេត្រីវាគោករាក់។ ពេលណាមួយ ត្រូវរកសិក្សាពិនិត្យមើល ដើម្បីធ្វើឲ្យកន្លែងសម្រាប់មេត្រី វាមានជម្រៅទឹកកាន់តែជ្រៅ តើយើងគួរធ្វើយ៉ាងម៉េច?

ខ្ញុំយកចំណុចនេះធ្វើជាអាទិភាពចេញបទបញ្ជា។ ត្រឹមតែអនុសាសន៍​អត់គ្រប់គ្រាន់ទេ។ ចេញបញ្ជាយកតែម្តង ព្រោះដល់ដំណាក់កាលហ្នឹងហើយ … ពេលខ្លះ(ខ្ញុំនិយាយថា) “ចុះបើអត់អ​នុសាសន៍ វាងាប់អី ម៉េចមិននាំគ្នាធ្វើ”។ ហ្នឹងជាសមត្ថកិច្ចអស់លោកហើយ។ និយាយទៅ នាំគ្នាធ្វើ មិននិយាយនាំគ្នាស្ងៀម។ មើលធ្វើឲ្យជាក់លាក់លើបញ្ហាហ្នឹង។ ប្រជាពលរដ្ឋត្រូវបានទទួលផលប្រយោជន៍ពីការដែលយើងលុបបំបាត់ចោលឡូត៍នេសាទ។ យើងផ្ដល់ឡូត៍នេសាទនោះឲ្យទៅប្រជាពលរដ្ឋ បង្កើតជាសហគមន៍ និងតំបន់ដែលយើងត្រូវការពារ។​ កាលមុននោះ ឡូត៍នេសាទពេញទឹកពេញដី មួយឆ្នាំបានតែប៉ុន្មានលានដុល្លារ។ ប៉ុន្តែបើយើងនិយាយពីរឿងចាក់ចូលឲ្យប្រជាពលរដ្ឋទទួលផលគឺបានច្រើន។ ប៉ុន្តែការអនុវត្តវាមិនបានដូចបំណង។

រឿងហ្នឹងខ្ញុំនៅចាំច្បាស់ណាស់ … ឯណាបង ណៅ ធួក? រឿងទ្រូ និងសៃយ៉ឺន។ កាលនោះ កំណត់អង្កត់ផ្ចិតទ្រូប៉ុន្មាន? ដូច ៣ តឹកអញ្ចឹងទេ។ បានខ្ញុំថា ទ្រូ បើទោះបីវា ៣ តឹកក៏ដោយ វា ៣ ម៉ែត្រក៏ដោយ ប្រឹសវាប៉ុនបាតដៃ អាហ្នឹងបានគេហៅ ទ្រូ។ អញ្ចឹងទេ ទៅកំណត់ធ្វើស្អីអាអញ្ចឹងៗ។ សៃយ៉ឺន ក៏អញ្ចឹងដែរ ខ្ពស់អស់ហើយត្រឹមចង្កេះ ឯ សៃយ៉ឺន ស្រុកខ្ញុំកាលពីដើម កម្ពស់លើសក្បាលផង។ ដែលហៅថា សៃយ៉ឺន គឺប្រឹសវាតែប៉ុណ្ណឹង។ លោកឯងធ្វើយ៉ាងម៉េចក៏ដោយ សៃយ៉ឺនវានៅតែប្រឹសវាប៉ុណ្ណឹង វាស៊ីសងនឹងប្រឹសនោះទេ។ ដែលហៅថា ទ្រូ​ បើទោះបី ទ្រូ ប៉ុនទូក ឬក៏ប៉ុនពាង ស៊ីសងលើប្រឹសរបស់វាទេ … ប៉ុន្តែ យើងជំនាន់នោះ កម្រិតតាំងពីចំនួនផ្លែសន្ទូចទៅទៀត …។

ទម្រាំតែរកឃើញអាហ្នឹង។ (គ្រានោះ) ម៉ៃ សំអឿន គាត់ធ្វើរដ្ឋលេខាធិការ(កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) … ជាអ្នកចេញឲ្យយកតម្លៃប៉ុន្មានអីប៉ុន្មាន យកថ្លៃពីប្រជាពលរដ្ឋ តាំងពីមង តាំងពីសន្ទូច តាំងពីស្អីទៀត។ ដល់ទៅពេលសន្និបាតគណបក្សប្រជាជន អូស្មាន់ ហាសាន់ មកអង្វរថា សុំកុំយក។ បានថា ទេ! មាននរណាយក? ដល់អញ្ចឹងចេញបទបញ្ជាឲ្យ សុខ អាន ដឹកនាំការប្រជុំភ្លាម។ កាលនោះ ជាមួយនឹងបង ឈា សុង ដូចគាត់នៅរស់នៅឡើយទេ ឬក៏ជំនាន់បង ចាន់ សារុន ហើយ?

ស្រាប់តែ សុខ អាន ទូរស័ព្ទមកខ្ញុំថា ឆ្នុកហ្នឹងអត់បានទេ (ចាប់)ត្រីច្រើនណាស់។ បានខ្ញុំប្រាប់ទៅ សុខ អាន វិញថា សុខ អាន ឯងអ្នកតាកែវទេ។ ដឹងហើយ អ្នកតាកែវឡើងត្នោតច្រើនជាង។ ឆ្នុកនេះ ត្រូវតែពេលថ្ងៃសីលទេ​ ខែកត្តិក ខែមាឃ ខែបុស្សតិចតួចហ្នឹង ថ្ងៃ ៨ កើត ១៥ កើត ៨ រោច ខែដាច់ ក្នុងតែមួយខែពីរខែទេ ត្រីវាចុះមក។ តែរួចផុតពីនោះ អាឆ្នុកហ្នឹងបើចង់បានត្រីទាល់តែយកកន្ទក់ទៅបាច ហើយទាញមកអត់បានត្រីទៅទៀត។ រួចហើយ សុខ អាន ថា អាហ្នឹងត្រូវតែយកលុយ … ពេលខ្លះយើងវាហួសពេក។

រៀនសុទ្ធតែបណ្ឌិតខាងជលផលឯណា ដល់ទៅគិតគូរប្រយោជន៍ប្រជាជន អត់(គិត) ទៅគិតគូរឯណា។ និយាយបង្អាប់គ្នាឯងទៅចុះ។ វាត្រូវតែបង្អាប់ ព្រោះនរណា(ទៅកម្រិត)ឲ្យសន្ទូចនោះប៉ុន្មានផ្លែ? ជំនាន់ខ្ញុំពីដើម ខ្ញុំរាយសន្ទូចស្មើនឹង ៣០០ ផ្លែ។ មកដល់យើង ទៅរាយសន្ទូច គេរាប់ថាអតិបរមាប៉ុន្មានផ្លែ? មងប៉ុន្មាន? អញ្ចឹងឲ្យគ្នានេសាទយ៉ាងម៉េចទៅ?

ឥឡូវមកហត់ទៀត រឿង(ឡូត៍នេសាទ)នេះ។ ដូចជាបានបាត់ហត់ តាំងពីពេលដែលយើងចាប់ផ្ដើមបិទ លុបចោលឡូត៍នេសាទ ជម្លោះរវាងកសិករ ជាមួយនឹងម្ចាស់ឡូត៍ ត្រូវបានបញ្ចប់។ នៅតាមតំបន់ដែលមានការធ្វើស្រែប្រាំង រវាងម្ចាស់ឡូត៍នេសាទ ជាមួយនឹងប្រជាពលរដ្ឋដែលនេសាទ ឬក៏ធ្វើចរាចរណ៍ផ្លូវទឹក ត្រូវបានបញ្ចប់។ ប៉ុន្តែឥឡូវ ដោយសារតែបទល្មើស(នេសាទ) មានអ្នកឱ្យជាយោបល់ថា គួរត្រូវបង្កើតឡើងវិញ(នូវឡូត៍នេសាទ)។ ដើម្បីឱ្យយល់ទាំងអស់គ្នាថា ហេតុអ្វីបានជាខ្ញុំលុបចោលឡូត៍នេសាទ ទូរទស្សន៍ជាតិត្រូវសហការជាមួយនឹងបណ្ដាទូរទស្សន៍ទាំងអស់ចាក់ឡើងវិញ ដើម្បីមើលអត្ថាធិប្បាយរបស់ខ្ញុំនៅពេលនោះ។

គិតមកដល់ពេលនេះ ដូចជា ១០ ឆ្នាំហើយ កាលពីឆ្នាំ ២០១២ ព្រោះខ្ញុំនៅចាំថា ឆ្នាំ ២០១២។ ពេលហ្នឹង ដែលខ្ញុំទៅរុញសភាពការណ៍៖ ទី ១ គឺនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី។ ដែលត្រូវឱ្យយុវជនចុះវាស់វែងដីធ្លីឱ្យកម្មសិទ្ធិជូនប្រជាជន។ ទី ២ កែទម្រង់ លុបចោលឡូត៍នេសាទ ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យប្រជាជន។

ឥឡូវនេះ វាបង្កើតរឿងអនាធិបតេយ្យ។ ដល់អនាធិបតេយ្យ រឿងពួកឈ្មួញប៉ុន្មាននាក់ បែរជាមានអ្នកគិត មិនមែនទាំងអស់គ្នាទេ ថា ត្រូវបង្កើតឡើងវិញ(នូវឡូត៍នេសាទ) ឱ្យឯកជនការពារ ព្រោះគេមានកម្លាំង។ ចុះកម្លាំងរដ្ឋាភិបាល កងទ័ព នគរបាល រាប់ម៉ឺននាក់ យើងទុកធ្វើអី។ បើខាងជលផលទទួលខុសត្រូវមិនបានទេ កម្លាំងនគរបាល អាវុធហត្ថ បើចាំបាច់ បញ្ចេញទាហានតែម្ដង ដើម្បីធ្វើ(ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់)។ សំខាន់មកពីយើងមិនធ្វើ។ រួចហើយថាបែកការណ៍។ រឿងបែកការណ៍ហ្នឹងហើយ ខេត្តពោធិ៍សាត់ បែកការណ៍ច្បាស់។ ទៀ សីហា នៅខេត្តសៀមរាប ក៏បានបញ្ជាក់ការបែកការណ៍ដែរ ព្រោះបានឆ្លងឆ្លើយគ្នារួចហើយ។ គេ forward សំឡេង សីហា ឯងមកឱ្យខ្ញុំ។

ឥឡូវ … អស់លោកមានវិធីនៅតាមខេត្តរៀងៗខ្លួន រៀបចំកម្លាំងឱ្យល្អ ធ្វើអាពួកហ្នឹង។ បើសិនជាបែកការណ៍ អ្ហែង(អ្នកប្រព្រឹត្តិបទល្មើសខុសច្បាប់)រត់ អ្ហែងក៏អត់បានចាប់ត្រីអីដែរ ឱ្យបែកការណ៍រហូតទៅ។ ព្រោះតែបែកការណ៍ វាអត់ទៅធ្វើ(នេសាទខុសច្បាប់) បើវាអត់ធ្វើ ត្រីយើងក៏អត់បាត់។ ឬមួយអ្ហែងអត់បានធ្វើ ឬមួយអ្ហែងត្រូវចាប់ខ្លួន តែប៉ុណ្ណឹង។ ពេលខ្លះ បញ្ចេញកម្លាំងទៅនៅ(តាមតំបន់ជុំវិញបឹងទន្លេសាប) ឱ្យអ្ហែងអត់ហ៊ានធ្វើ(បទល្មើសនេសាទ)។ ពេលខ្លះ ធ្វើមិនដឹង ប៉ុន្តែរួចហើយចាប់ព្រឹបតែម្ដង។ យកមកកាត់ទោសឱ្យបានត្រឹមត្រូវ … សូមបញ្ជាក់ឡើងវិញ ត្រូវដាំកូនឈើឡើងវិញគ្រប់ទីកន្លែង ដីដែល(ដកហូត)ជាង ៦ ម៉ឺនហិកតា ធ្វើម៉េចឱ្យក្លាយទៅជាព្រៃលិចទឹក ប៉ុន្មានឆ្នាំក្រោយឱ្យមានភាពសម្បូរឡើងវិញនូវធនធានត្រីរបស់យើង។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

ទី៧. ត្រូវបន្តពង្រឹង និង​ពង្រីកសហគមន៍ព្រៃឈើ តាមរយៈ​ប្រព័ន្ធ​កសិរុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធានព្រៃឈើ​ និងសត្វព្រៃ ការស្តារព្រៃឈើឡើងវិញ ការបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រ​ការធានាចីរភាព​បរិស្ថាន​ស្រប​តាមគោល​ការណ៍ “ អភិវឌ្ឍបៃតង ” ដើម្បី​ឆ្លើយតបទៅនឹងការប្រែប្រួល​​អាកាស​ធាតុ​ សំដៅកាត់​បន្ថយ​​ផល​អវិជ្ជមាន​ជាអតិបរមា មក​លើកំណើន​សេដ្ឋ​​កិច្ច និងជីវភាព​សង្គម​។

ទី៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈ​បញ្ជា​ការឯកភាពរាជធានី ខេត្ត ត្រូវរួម​សហការស្រាវ​ជ្រាវ ទប់ស្កាត់​ និង បង្រ្កាប​បទ​ល្មើស​ព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិច​ទឹកតាមគ្រប់រូបភាព ក្នុង​ដែនសមត្ថកិច្ចរបស់​ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះ​យោគយល់ សម្រប​សម្រួល និង​សហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាព​ការងារក្រសួងសាមី និងរាជរដ្ឋាភិបាល។

ទី៩. ត្រូវលើក​កម្ពស់​​​ការ​ចូលរួម​វិនិយោគ​ពីវិស័យ​ឯកជន ​ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់​​នាំចេញ ពង្រីកយន្តការ​អនុវត្ត “ផលិតកម្មកសិកម្មតាម កិច្ចសន្យា” ឱ្យបានកាន់តែទូលំទូលាយ។ ស្ថាប័នពាក់ព័ន្ធធនាគារ ​អភិវឌ្ឍន៍​​ជនបទ និងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការផ្តល់​ឥណទានដល់​សហគ្រាស​​កែច្នៃ​កសិផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វផ្សាយស្តីពីការប្រើ​ប្រាស់​​មូលនិធិ​បន្ថែម​ថ្មីចំនួន ១០០ លានដុល្លារអាមេរិក។

ទី១០. ត្រូវពន្លឿនការរៀបចំ និងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម លើកកម្ពស់ការស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យា​កសិកម្ម​ទំនើប បង្កើនផលិតភាព​ និង​ពិពិធកម្ម​កសិកម្ម ដើម្បីគុណភាព សុវត្ថិភាព​ និង​អាហារូបត្ថម្ភ អភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះ​ដឹងនិងអភិវឌ្ឍជំនាញឌីជីថល លើកកម្ពស់វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រែក្លាយមន្ទីរពិសោធន៍តាម​អនុ​វិស័យ​នីមួយ​ៗ ​តាមស្តង់ដារ ISO និងចូលរួម ដើម្បីបង្កើតបណ្ឌិតសភា​វិទ្យាសាស្រ្ត​​កសិកម្មកម្ពុជានាអនាគត។

ទី១១. ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូ​អភិវឌ្ឍ​នានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បី​កៀរគរ​​ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ផលិតផល​កសិកម្មឱ្យ​បាន​ទូលំ​ទូលាយ​ជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលូបនីយកម្ម ដើម្បីប្រែក្លាយ​វិស័យកសិកម្ម​កម្ពុជាជាសសរ​ទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍​ដល់ប្រជាកសិករ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសុទិដ្ឋិនិយមចំពោះគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការកែទម្រង់​ស៊ី​ជម្រៅ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​​​ធ្វើ​សមា​ហរណ​កម្មឱ្យកាន់តែ​ទូលំទូលាយ​ ​ទាំង​​ក្នុង​តំបន់ និងពិភព​​លោក។ ជាការពិតដៃគូរវាងវិស័យសាធារណៈ និងវិស័យ​ឯកជន គឺជាយន្តការស្នូលដែលនឹងជួយសម្រួលផ្នែកហិរញ្ញវត្ថុ​​​​​ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិបត្តិជំងឺរាតត្បាតសកលកូវីដ- ១៩ នេះ។ ទន្ទឹមនេះការចូលរួម​សហ​ការ​ជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស នឹងជួយកាត់​បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថលក្នុងតំបន់។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ក្រសួងស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ដៃគូអភិវឌ្ឍ ព្រម​ទាំងសហគមន៍ជាតិ និងអន្តរជាតិដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាទទួល​បានជោគជ័យទាំងបច្ចុប្បន្ន និងអនាគត។

នៅទីបញ្ចប់ ជាមួយនឹ​ងការ​ប្រកាស​​បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ​២០២១ និងទិសដៅ​អនុវត្តឆ្នាំ ២០២២ នាពេលនេះ ខ្ញុំ​សូម​​ជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជន​រួម​ជាតិ និង​អង្គ​សន្និបាត​ សូមប្រកប​ដោយ​ពុទ្ធ​ពរ​ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ​ និងបដិភាណៈ កុំបីឃ្លៀង​ឃ្លាត​​ឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ