ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក «World Summit Pease»

15

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ដែលបានទទួលមេដាយមាសសន្តិភាពពិភពលោក «World Summit Peace» ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមមប្រធានបទស្តីពី”សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ក្នុងព្រះរាជសារ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រខ្មែរ បានអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងកោតសរសើរដ៏កក់ក្ដៅ ចំពោះសម្តេចតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា មានវីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ ធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា មានសេចក្តីសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើ គ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

តាមរយៈព្រះរាជសារនេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះ «សម្តេចអគ្គមហាសេនាបតីតេជោ បានដឹកនាំ រៀបចំកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តា ប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានកិត្យានុភាពល្បីរន្ទឺ នៅលើឆាកអន្តរជាតិ»។

ព្រះមហាក្សត្រខ្មែរ បានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ នឹងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលបានមេដាយសន្តិភាពពិភពលោក (World Summit Peace) ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។ ការទទួលបានមេដាយនេះ អមជាមួយទឹកប្រាក់ ១លានដុល្លារផងដែរ។ ទឹកប្រាក់ ១លានដុល្លារនេះ ត្រូវបានសម្តេចតេជោ បរិច្ចាគសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។

តាមរយៈការទទួលបានមេដាយនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលត្រូវបានពិភពលោកមើលឃើញថា ជាមេដឹកនាំដែលបានខិតខំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពសម្រាប់កម្ពុជា តំបន់ និងលើពិភពលោក៕