ក្រសួងសាធារណការ គ្រោងនឹងដាក់ដំណើរការសាកល្បងកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនៅខែកញ្ញា ឆ្នាំ២០២១នេះ

ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន​លើកឡើងថា បច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរ​ក្រសួងលើ​កម្ម​វិធី​ដកពិន្ទុប័ណ្ណបើកបរ មុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និង​ពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូនមន្ត្រីនគរបាលចរាចរណ៍ ដែលនឹងធ្វើឡើងនៅ​ខែ​សីហា ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅ​ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងកិច្ច​ប្រជុំ​រាយការ​ណ៍​ពីវឌ្ឍនភាពការងារកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើស​ចរាចរ​ណ៍ផ្លូវ​គោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃ​​​ព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគោរពរាយការជូនសម្តេចក្រឡាហោម អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើស​ចរាចរ ណ៍ផ្លូវគោក និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុ​ឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តន៍នៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានគូស​បញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងប្រគល់ទទួល​ឧបករណ៍​ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះនឹងត្រូវ​សម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

សូមជម្រាបជូនផងដែរថា កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើស​ចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការ​ដកពិន្ទុលើប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់ប័ណ្ណរួមមាន ប័ណ្ណ​បើកបរ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់យានយន្ត និងអាចដឹង​ថាប័ណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿន​រហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់​ទិន្ន​ន័យ​ដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើ​ពន្លឿន​​លើ​ខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិត​បច្ចេក​ទេស។ សម្តេចក្រឡាហោមស្នើឱ្យក្រសួងសូមឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្សព្វ ផ្សាយ ពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុនិងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណ ជន ដែលត្រូវអនុវត្តន៍ ត្រួតពិនិត្យ និងផាកពិន័យ។ សម្តេចក្រឡាហោមក៏បានកើតសរសើរ​ដល់​នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និង ដឹក​ជញ្ជូន ដែលបានខិតខំអភិវឌ្ឍន៍កម្មវិធីនេះឡើង និងមន្រ្តីនគរបាលចរាចរណ៍ដែល ខិត ខំ​ធ្វើការ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពការ​ងាររៀប​ចំដំឡើង​ប្រព័ន្ធ​កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិមួយចំនួន ដោយសហការជាមួយ​អគ្គស្នង​ការនគរបាល​ជាតិ។ នៅតាមដងផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់កំពត ក្រុម​ការងារនឹងបំពាក់​ប្រព័ន្ធ​កាមេរ៉ាចាប់ល្បឿន១០ទីតាំង ចំនួន១៤ឈុត និងកំពុងសិក្សា​បំពាក់​​​ប្រព័ន្ធ​កាមេរ៉ាចាប់​ល្បឿន​លើផ្លូវជាតិលេខ៧ ពីស្គន់ ទៅកំពង់ចាម ព្រមទាំងពិនិត្យ​លទ្ធភាពស្នើសុំ JICA បំពាក់​កាមេរ៉ានេះលើផ្លូវជាតិលេខ៥​ផង​ដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី​ក៏បានរាយការណ៍​ជូនអំពីបញ្ហាបាតុភាពតវ៉ាពីម្ចាស់​យាន​យន្ត​ធុនធ្ងន់ ដែលស្នើសុំបន្ថែម​ទម្ងន់​ផ្ទុកមួយចំនួន​ខុសពីបទបញ្ញាត្តិច្បាប់ និងដំណោះស្រាយ​ដោយផ្អែកលើផ្លូវច្បាប់ ព្រម​ទាំងការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងដល់ទីតាំងម្ចាស់​អាជីវកម្មដឹកជញ្ជូនធុនធ្ងន់​ដូច​ជា អាជីវកម្មខ្សាច់ ថ្ម ដី និងរោងចក្រផលិតស៊ីម៉ង់ត៍ជាដើម។

សម្តេចក្រឡាហោមក៏បានកោតសរសើរលើការរៀបចំប្រព័ន្ធកាមេរ៉ាចាប់ល្បឿននិង គាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបញ្ហាបាតុភាពខាងលើ ដោយអនុវត្តតាមច្បាប់ និងមិនមានការលើកលែងខុសពីច្បាប់ឡើយ។ សម្តេចក្រឡា​ហោម​​ក៏បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុប័ណ្ណ​បើកបរ និងពិន័យលើបទល្មើសចរាចរណ៍​ផ្លូវគោកនេះឡើង និងជំរុញឱ្យរៀបចំអនុវត្តន៍​តាម​ផែនការ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលខាតបង់ទាំងទ្រព្យសម្បត្តិ និង​អាយុ​ជីវិត​ប្រជាពលរដ្ឋ ៕

ដោយ ទេស ច័ន្ទសុធារី ប្រភព៖ ក្រសួងសាធារណការ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ