នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់។
ទន្ទឹមនឹងការប្រគល់វិញ្ញាបនបត្រនៅព្រឹកនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញផ្តល់កិត្តិយសបើកជាផ្លូវការនូវវគ្គបណ្តុះបណ្តាលជាបន្តទៀត សម្រាប់ឆ្នាំ២០១៧ របស់សាលាភូមិន្ទរដ្ឋបាលផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងការរីករាយ និងមានមោទនភាព ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានបណ្តុះបណ្តាលធនធានមនុស្សលើសមត្ថភាពចំណេះដឹងផ្នែកគ្រប់គ្រោងរដ្ឋបាលសាធារណៈដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍សង្គមជាតិ និងដើម្បីបម្រើថ្នាក់ក្រោមជាតិអោយកាន់តែមាន ប្រសិទ្ឋិភាព ល្អប្រសើរ។ ។ ការសិក្សាផ្នែកទ្រឹស្តីត្រូវតែមានការផ្សាភ្ជាប់ជាមួយការអនុវត្តន៍ជាក់ស្តែងដើម្បីទទួលបាននូវបទពិសោធន៍ពីការងារ។ ជាក់ស្តែងដូចជាការសិក្សាលើកជំនាញ ពេទ្យ និង កសិកម្មជាដើម គឺត្រូវមានការចុះ អនុវត្តន៍ផ្ទាល់ដើម្បីទទួលបានបទពិសោធន៍ល្អៗក្នុងការឆ្លើយតបនឹងជំនាញ ដែលបានសិក្សា។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រូឧន្ទេសនាម ដែលជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការចែករំលែកចំណេះដឹងនឹងបទពិសោធន៍ផ្សេងៗដល់កម្មសិក្សាការីនៅក្នុងសាលាភូមិន្ទរដ្ឋបាលតាំងពីមុនមកទល់ពេលនេះ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានផ្តល់អនុសាសន៍ និងក្រើនរំលឹកដល់កម្មសិក្សាការី និង មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវធ្វើខ្លួនជា” ខ្ញុំបម្រើរបស់ប្រជាជន” មិនត្រូវធ្វើខ្លួនឯងជា “ចៅហ្វាយនាយ” របស់ប្រជាជននោះទេ។ មន្ត្រីរាជការគ្រប់រូបត្រូវបម្រើការងារជូនប្រជាពលរដ្ឋអោយបានល្អ ។ ការធ្វើជាមន្ត្រីល្អត្រូវតែមានការទទួលខុសត្រូវ (គឺទទួលខុស និងទទួលត្រូវ)។ ចំពោះទង្វើ និងការ អនុវត្តន៍របស់ខ្លួន ត្រូវមានភាពស្មោះត្រង់។ ត្រូវធ្វើជាមន្ត្រីជើង ២ មិនត្រូវធ្វើជាមន្ត្រីជើង ១០ នោះទេ (ជើងបុគ្គល២ ជើងតុ៤ ជើងកៅអី៤) ពោលគឺត្រូវស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋអោយបានច្រើន។ គឺមិនត្រូវនៅអង្គុយតែមួយកន្លែងទេ។ មន្ត្រីល្អជាមន្ត្រី ដែលមានទទួលខុសត្រូវខ្ពស់ អាចដោះស្រាយ សភាពការទាន់ពេលវេលា និងច្បាស់លាស់ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយ “ត្រូវ រួមសុខ រួមទុក្ខ” ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឆ្លៀតឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលបានប្រកាសលទ្ធផលផ្លូវការកាលពីម្សិលមិញ ដែលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈ្នះច្រើនលើសគេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសើរចំពោះការរៀបចំ របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមជួយដល់ការបោះឆ្នោត នេះប្រព្រឹត្តិទៅយ៉ាងល្អ និងយុត្តិធម៍ ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ គឺជាថ្ងៃ បរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងជូនពរ ចំពោះកម្មសិក្សាការីជាន់ខ្ពស់-មធ្យមទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សាថ្ងៃនេះ ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងសង្គមជាតិអោយបានល្អប្រសើរ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់ កម្មសិក្សាការី ជាន់ខ្ពស់-មធ្យមនា ព្រមទាំងបានផ្តល់នូវថវិកាមួយចំនួនដល់ជ័យលាភី មន្រ្តីដឹកនាំ សាស្រ្តាចារ្យ និងសាលាភូមិន្ទរដ្ឋបាលក្នុងបរិយាកាសស្និទស្នាល និងរីករាយក្រៃលែង៕