រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដោយបង្រួមតំបន់ក្រហមកាន់តែតូចជាងមុន។

ការបង្រួម «តំបន់ក្រហម» កាន់តែតូចជាងមុន ហើយពង្រីក «តំបន់លឿង» កាន់តែធំជាងមុននេះ ធ្វើឡើងបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះជាបន្ដបន្ទាប់ តាំងពីចន្លោះ៥០០នាក់ក្នុងមួយថ្ងៃ មកចន្លោះត្រឹមប្រមាណជាង២០០នាក់ប៉ុណ្ណោះ។ នេះមានន័យថា វិធានការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ កាន់តែមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ «តំបន់ក្រហម» មានតែភូមិមួយចំនួន ក្នុងខណ្ឌចំនួន៦តែប៉ុណ្ណោះ រួមមាន៖


* ខណ្ឌទួលគោក៖ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២, ភូមិ១០ នៃសង្កាត់បឹងសាឡាង
* ខណ្ឌពោធិ៍សែនជ័យ៖ ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២ នៃសង្កាត់ចោមចៅទី១
* ខណ្ឌឫស្សីកែវ៖ ផ្នែកខ្លះ នៃភូមិទួលសង្កែ, ផ្នែកខ្លះ នៃភូមិចុងខ្សាច់ និងផ្នែកខ្លះ នៃភូមិបាក់ទូក ក្នុងសង្កាត់ទួលសង្កែទី២
* ខណ្ឌមានជ័យ៖ ផ្នែកខ្លះនៃភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២, ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣
* ខណ្ឌ៧មករា៖ ប្លុកបុរីកីឡា ចំនួន៨អគារ នៃសង្កាត់វាលវង់
* ខណ្ឌច្បារអំពៅ៖ ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយយឿត្រី) នៃសង្កាត់ច្បារអំពៅទី២។

ដោយឡែក ខណ្ឌដែលសុទ្ធតែតំបន់លឿង គ្មានតំបន់ក្រហម និងតំបន់លឿងទុំនោះ មានចំនួន៦ខណ្ឌ រួមមាន៖ ទី១៖ ខណ្ឌចំការមន, ទី២៖ ខណ្ឌដូនពេញ, ទី៣៖ ខណ្ឌសែនសុខ, ទី៤៖ ខណ្ឌជ្រោយចង្វារ, ទី៥៖ ខណ្ឌបឹងកេងកង និងទី៦៖ ខណ្ឌព្រែកព្នៅ។ ជាការកត់សម្គាល់ ក្នុងសេចក្ដីសម្រេចថ្មីនេះ តំបន់លឿង កាន់តែមានច្រើននៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈតំបន់ក្រហម មានតែផ្នែកខ្លះនៃសង្កាត់មួយចំនួនប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ បើទោះបីស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កាន់តែធូរស្រាលក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ នៅបន្ដអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងឈានដល់ការកាត់ផ្ដាច់ជំងឺកូវីដ១៩៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...