ឯកឧត្តម​បណ្ឌិត ញឹម វណ្ណដា បើកកិច្ច​ប្រជុំ​ស្តីពី​ការ​ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ឆមាសទី១ និង​ទិស​ដៅ​ឆមាស​ទី២ ឆ្នាំ២០១៧

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកអនុប្រធានប្រចំាការ និងជាប្រធានប្រតិបត្តិ គណៈកម្មា ធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការងារគ្រប់គ្រងគ្រោះ មហន្តរាយ ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រាជធានី និងអង្គការដៃគូចំនួន២១ រួមជាមួយស្ថាប័នជំនាញជាសមាជិកគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយថ្នាក់ជាតិ ដើម្បីពិនិត្យ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តការងារកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងទំាងការងារ ការចែករំលែកព័ត៌មានផងដែរ។

តាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានបញ្ជក់ថា ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ចុះតំាងពីដើមឆ្នំា ធ្វើឲ្យកសិកររួសរាន់ធ្វើការភ្ជួររាស់សាបព្រោះតំាង ពីដើមដៃមុនពេលរដូវវស្សាចូលមកដល់ ហើយយោងតាមការព្យាករណ៍អំពីអាកាសធាតុ ឆ្នំានេះរំពឹងថា ផលិតកម្មក្នុងវិស័យកសិកម្ម នឹងទទួលបានលទ្ធផលល្អ។ ធនធានទឹកដែលបានស្តុកទុកក្នុងអាង និងប្រព័ន្ធស្រោចស្រពតូច-ធំ អាចនឹងបញ្ចេញប្រើប្រាស់ក្នុងពេលកូនរដូវប្រំាង នៅដំណាច់ ខែកក្កដាខាងមុខ និងការត្រៀមទុកសម្រាប់រយៈពេលចុងរដូវដែលបរិមាណទឹកភ្លៀងអាចនឹងចុះខ្សោយឬគ្មានភ្លៀងធ្លាក់។ វិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្ររបស់ដៃគូអភិវឌ្ឍ ក្នុងការវិនិយោគ ទៅលើការសាងសង់ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅតាមតំបន់ផលិតស្រូវធំៗ គឺអាចដោះស្រាយបញ្ហាប្រឈមរបស់កសិករ ក្នុងការបញ្ចេញលក់តាមទីផ្សារក្នុងរដូវប្រមូលផល ហើយរោងម៉ាស៊ីនកិនស្រូវ ក៏អាចធានាបាននូវខ្សែ សង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេសនិងការនាំចេញ។

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានអោយដឹងថា ទិសដៅសម្រាប់ឆមាសទី២ គឺបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការ យល់ដឹង ឲ្យបានស៊ីជម្រៅក្នុងការអន្តរាគមន៍ជួយសង្គ្រោះការ ឆ្លើយតប និងស្តារឡើងវិញតាម គោលការណ៍ច្បាប់ដោយតម្លាភាព។ ទិសដៅសម្រាប់ឆមាសទី២ ក៏មានការសហការជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងអង្គការដៃគូក្នុងការរៀបចំវេទិកាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ រៀបចំប្រែសម្រូលសូចនាករ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនការយល់ដឹង និងការប្រើប្រាស់ជាទូទៅ។ រៀបចំ និងធ្វើឲ្យប្រសើរឡើង នូវផែនការត្រៀមបម្រុងរួម សម្រាប់ការត្រៀម រៀបចំនិងឆ្លើយតបការងារគ្រោះមហន្តរាយរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការជាដៃគូ។

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា បានរំលឹកថា យោងតាមការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តី លើការប្រឈមទៅនឹងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានដាក់ចេញនូវបទបញ្ជាលេខ០០៥/ប.ជ ២០១៧ ស្តីពីការប្រើប្រាស់កម្លាំង អន្តរាគមន៍ពេលមានគ្រោះមហន្តរាយឆ្នំា២០១៧ ដែលក្នុងនេះមេបញ្ជាការ គ្រប់ប្រភេទទ័ពត្រូវប្រមូលផ្តុំកម្លាំងត្រួតពិនិត្យបច្ចេកទេសមធ្យោបាយ និងដាក់ឲ្យស្ថិតក្នុងលក្ខណៈត្រៀម។ ក្នុងនេះកងទ័ពជើងអាកាសបានដាក់ចេញនូវផែនការចុះថ្ងៃទី២៣ ខែឧសភា ឆ្នំា២០១៧ ក្នុងការត្រៀមប្រើប្រាស់ កម្លំាងអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ របស់កងទ័ពជើង អាកាស ក្នុងឆ្នំា២០១៧។

ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ក៏បានជំរុញ រដ្ឋបាលរាជធានី-ខេត្ត ធ្វើការពិនិត្យ និងធ្វើបច្ចុប្បន្នភាព នូវផែនការ ត្រៀមបម្រុងរបស់ខេត្ត សម្រាប់ត្រៀមលក្ខណៈក្នុងការអន្តរាគមន៍សង្គ្រោះបន្ទាន់ ដល់ ប្រជាពលរដ្ឋរងគ្រោះ ដែលមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា មន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូដែលធ្វើសកម្មភាព ក្នុងភូមិសាស្រ្តនីមួយៗ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ