ជូនចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក៏ដូចជាអភិបាលខេត្ត អភិបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង
ថ្ងៃនេះ ខ្ញុំមានកិច្ចការបន្ទាន់ដើម្បីចេញសារជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិនជាមួយនឹងការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ កន្លងទៅ ជោគជ័យរបស់យើងដែលទទួលបាន គឺផ្ដើមចេញពីការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដែលមិននាំទៅដល់ការឆ្លងសហគមន៍សាជាថ្មី ហើយបើទោះបីជាយើងធ្លាប់ឆ្លងសហគមន៍ ដែលហៅថាសហគមន៍ ៣ វិច្ឆិកា និងសហគមន៍ ២៨ វិច្ឆិកា ក៏យើងមិនមានការរីករាលដាលឲ្យទៅជាចង្កោមធំនោះទេ ដោយសារតែយើងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ។
បន្ទាប់ពីបិទបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា ការផ្ទុះការរីករាលដាលនៅក្នុងសហគមន៍នៅព្រះរាជាណាចក្រថៃ តម្រូវឲ្យយើងពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ទៅ ដោយមើលឃើញថាមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍នៅភាគខាងជើង ភាគកណ្ដាល រហូតមកដល់ភាគខាងត្បូងរបស់ប្រទេសវៀតណាម យើងក៏បានពង្រឹងនូវវិធានការថែមទៀតជាមួយនឹងព្រំដែនកម្ពុជា-វៀតណាម។ ថ្មីៗនេះ ដោយឃើញថាពលរដ្ឋរបស់យើងមួយចំនួន ដែលធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរមកកម្ពុជាវិញដោយឆ្លងកាត់តាមប្រទេសឡាវ យើងក៏បានពង្រឹងនូវការធ្វើចត្តាឡីស័ក និងត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ឡាវ ដោយរកកិច្ចសហប្រតិបត្តិការជាមួយនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រោះឃើញថាវាមានហានិភ័យសម្រាប់ប្រជាជនឡាវផងដែរ នៅពេលដែលប្រជាជនកម្ពុជាយើងបានធ្វើដំណើរចេញពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ ហើយចូលមកក្នុងប្រទេសកម្ពុជាវិញ។
ជាទូទៅ គឺយើងធ្វើចត្តាឡីស័កបានត្រឹមត្រូវ គ្រាន់តែតួលេខសម្រាប់ព្រំដែនកម្ពុជា-ថៃ គិតត្រឹមយប់មិញនេះ គឺអ្នកដែលបានធ្វើចត្តាឡីស័កចំនួន ៣៥ ៦៦៥ នាក់ ហើយដោយសារតែចត្តាឡីស័កត្រឹមតែ ១៤ ថ្ងៃ បងប្អូនទាំងនោះក៏បានចាកចេញ ប៉ុន្តែក៏នៅសល់បងប្អូនចំនួន ១១ ៨៥៧ នាក់ទៀត កំពុងធ្វើចត្តាឡីស័កនៅឯតាមខេត្ត គឺខេត្តទាំង ៧ នៅតាមព្រំដែនកម្ពុជា-ថៃ ហើយអ្នកដែលធ្វើចត្តាឡីស័កមានការកើនឡើងជារៀងរាល់ថ្ងៃ។ យើងសុខចិត្តទទួលនូវការលំបាកនេះ ទោះបីថាយើងបានប្រឹងប្រែងដើម្បីកុំឲ្យបងប្អូនវិលត្រឡប់នៅក្នុងកាលៈទេសៈដ៏លំបាក ក៏ប៉ុន្តែដោយសារតែមានតម្រូវការ យើងយល់អំពីតម្រូវការរបស់បងប្អូន ដែលចាំបាច់ធ្វើការវិលត្រឡប់។
សូមកោតសរសើរជាមួយនឹងការខិតខំទាំងអស់របស់អាជ្ញាធរនៅតាមព្រំដែនកម្ពុជា-ថៃ ព្រំដែនកម្ពុជា-វៀតណាមក៏ដូចជាចុងក្រោយនេះព្រំដែនកម្ពុជា-ឡាវ នៅភាគខាងជើងនៃផ្ទៃប្រទេស។ ទន្ទឹមនឹងពិនិត្យឃើញបងប្អូនមានចំនួនភាគច្រើនដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនប្រជាជនយើងមួយចំនួនបានធ្វើដំណើរគេចវេះពីតំបន់ ដែលត្រូវធ្វើចត្តាឡីស័កចូលមកផ្ទៃក្នុងប្រទេស ដែលជារឿងមួយមិនអាចនឹងមិនយកវិធានការផ្លូវច្បាប់បានទេ។ នោះគឺនៅត្រង់ថា ប្រសិនជាយើងបណ្ដែតបណ្ដោយតទៅទៀត គឺនឹងមានរឿងកាន់តែធ្ងន់ធ្ងរ។ ពេលល្ងាចម្សិលមិញនេះ ដើម្បីចៀសវាងនូវការធ្វើចត្តាឡីស័ក ហើយដើម្បីគេចចេញពីកម្លាំងដែលនៅល្បាតតាមព្រំដែន មានពលរដ្ឋខ្មែរយើងម្នាក់បានឆ្លងព្រំដែនហើយជាន់មីនដាច់ជើងនៅឯខេត្តបន្ទាយមានជ័យ។ បើសិនជាយើងនៅបន្តតទៅទៀត អាចនឹងមានបងប្អូនមួយចំនួនគ្រោះថ្នាក់រហូតដល់ស្លាប់ ឬពិការ ដូចជាម្សិលមិញនេះច្បាស់ជាពិការហើយ ព្រោះជើងនោះអាចនឹងត្រូវកាត់។ បន្ថែមលើនោះក៏អាចនឹងចម្លងមេរោគកូវីដ-១៩ ពីក្រៅប្រទេសចូលមកក្នុងប្រទេស ដែលនាំមកនូវគ្រោះមហន្តរាយសាជាថ្មីសម្រាប់ប្រទេសកម្ពុជារបស់យើង។
ដោយយល់ឃើញបញ្ហាយ៉ាងដូច្នេះ ខ្ញុំសូមដាក់ចេញនូវបទបញ្ជា ហើយអនុវត្តឲ្យបានត្រឹមត្រូវនូវអនុក្រឹត្យលេខ ១២៩ ចុះថ្ងៃទី ១៩ ខែ ៩ ឆ្នាំ ២០១៥ អនុក្រឹត្យនេះមានឈ្មោះថា អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជាអន្តរជាតិ នៃជំងឺតាមច្រកចេញចូល។ យើងមានអនុក្រឹត្យនេះមុនពេលដែលជំងឺ កូវីដ-១៩ បានចាប់ផ្ដើម គឺមានតាំងពីយូរមកហើយ មិនមែនទើបនឹងមានដំណាក់កាល កូវីដ-១៩ នេះនោះទេ។ ដូច្នេះ ដើម្បីធានាថាការធ្វើចត្តាឡីស័កនេះត្រូវបានធ្វើដោយហ្មត់ចត់ យើងមិនត្រូវមានការអត់ធ្មត់ ឬក៏មិនមានការមើលរំលងទៅលើការអនុវត្តលិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលតទៅទៀតទេ។ មុននេះយើងបានអនុវត្តខ្លះទៅលើអ្នកដែលរត់គេចចេញពីការធ្វើចត្តាឡីស័ក គឺសំដៅទៅលើពលរដ្ឋខ្មែរយើងដែលរស់នៅអាមេរិក ហើយចូលមកក្នុងប្រទេសកំពុងធ្វើចត្តាឡីស័ក ហើយក៏រត់គេចចេញ។ យើងបានត្រឹមតែអនុវត្តតែ ២ ករណី ឬច្រើនជាងនេះបន្តិចតែប៉ុណ្ណោះសម្រាប់ការផាកពិន័យ។
ប៉ុន្តែ ចាប់ពីពេលនេះទៅ សូមឲ្យឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល ណែនាំទៅបណ្ដាខេត្តអនុវត្តនូវជំពូកទី ៥ ទាក់ទិនទៅនឹងទណ្ឌកម្ម គឺមាត្រាទី ៨ តែម្ដង។ មាត្រាទី ៨ នេះ បានបញ្ជាក់ច្បាស់អំពីអ្នកដំណើរ ឬការីយានដឹកជញ្ជូនណា ដែលគេចវេះមិនឲ្យមន្រ្តីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្រ្តីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យ ត្រូវទទួលពិន័យអន្តរកាលពី ២០ ម៉ឺនរៀល ដល់ ១ លានរៀល ទៅតាមទំហំបទល្មើស និងតម្រូវឲ្យមានវិធានការសុខាភិបាល។ ការទទួលពិន័យអន្តរកាលនេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរួចគេចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ និងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមាន(ទេ)។ ក្នុងចំណុចនេះ គឺយើងត្រូវតែអនុវត្តចំពោះអ្នកទាំងឡាយណា ដែលមិនព្រមធ្វើចត្តាឡីស័កដែលក្រសួងសុខាភិបាលបានណែនាំកន្លងទៅ ព្រោះនៅក្នុងអនុក្រឹត្យទាក់ទងនឹងមាត្រាទី ៦ ជំពូកទី ៣ ស្ដីពីវិធានការសុខាភិបាល នីតិវិធីនៃការអនុវត្តវិធានការសុខាភិបាលរបស់មន្រ្តីចត្តាឡីស័ក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីសុខាភិបាល។
កន្លងទៅ រដ្ឋមន្រ្តីសុខាភិបាលរបស់យើងបានកំណត់នីតិវិធីនៃការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរួចមកហើយ។ មានបងប្អូនរបស់យើងមួយចំនួនបានលួចឆ្លងពីព្រំដែនកម្ពុជា-ថៃ ហើយចូលមកផ្ទៃក្នុងប្រទេសដោយមិនបានធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែនៅផ្នែកខាងក្រោយរបស់យើង ដែលរួមមានភូមិ ឃុំ ស្រុក រហូតដល់ខេត្ត ជាពិសេសប្រជាពលរដ្ឋ គឺមិនយល់ព្រម(ទុក)ឲ្យអ្នកដែលបានមកពីខាងក្រៅដោយមិនបានធ្វើចត្តាឡីស័ក ដែលអាចនាំទៅដល់ការឆ្លងចូលទៅដល់ក្នុងសហគមន៍នោះទេ។ ដូច្នេះ យើងបានយកបងប្អូនទាំងនោះយកមកធ្វើចត្តាឡីស័កផងដែរ។ ប៉ុន្តែ យើងមិនទាន់បានអនុវត្តនូវវិធានការទណ្ឌកម្មនៅឡើយ។ ដូច្នេះ ខ្ញុំសូមស្នើឲ្យក្រសួងសុខាភិបាល ក៏ដូចជាមន្រ្តីមូលដ្ឋានអនុវត្តនូវមាត្រាទី ៨ ទាក់ទងនឹងការផាកពិន័យអន្តរកាលសម្រាប់អ្នកដែលគេចវេះពីការធ្វើចត្តាឡីស័កនេះឲ្យខាងតែបាន។ ពិន័យនេះ វាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងទាក់ទងទៅនឹងជំងឺឆ្លង។
ក៏ប៉ុន្តែ យើងចាត់ទុកថា រឿងនេះគឺតម្រូវចៀសវាងមិនបាន … គិតថា ស្នើសុំឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសុខាភិបាល ពិភាក្សាគ្នា អាចធ្វើការកែតម្រូវធ្វើវិសោធនកម្មមាត្រាទី ៨ នេះឡើងវិញ ដោយបង្កើនចំនួនការពិន័យឲ្យមានការកើនឡើង ព្រោះថាពិន័យតិចតួចនេះអាចធ្វើឲ្យអ្នកដែលមានប្រាក់ចំណូលច្រើនគួរសមនោះ មិនខ្លាចជាមួយនឹងការបង់ប្រាក់នោះទេ។ សូមឲ្យក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនិងក្រុមប្រឹក្សាអ្នកច្បាប់ ពិនិត្យទៅលើបញ្ហាដទៃទៀតដើម្បីរៀបចំធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យស្ដីអំពីវិធានការសុខាភិបាល ដែលយើងបានមានរួចមកហើយនេះ ប៉ុន្តែពង្រឹងចំណុចទាក់ទិនជាមួយនឹងការធ្វើចត្តាឡីស័កបន្ថែមទៀត ដើម្បីធានាថាអនុវត្តទៅគឺមានប្រសិទ្ធភាព។
ក្រៅពីនោះ ខ្ញុំសូមចេញបទបញ្ជាឲ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះមេក្លោងដែលបាននាំមនុស្សឆ្លងកាត់ព្រំដែន ដោយគេចផុតពីការធ្វើចត្តាឡីស័កដូចជាយប់មិញ ខ្ញុំបានបញ្ជាទៅខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិអំពីព័ត៌មាននៃការចាប់បានពួកអ្នកធ្វើសកម្មភាព អ្នកនាំផ្លូវហើយបែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់ការដកឋានរន្ដស័ក្ដិ ឬបណ្ដេញចេញពីជួរនគរបាលតែម្ដង ចំពោះមន្ដ្រីនគរបាលណាដែលអនុវត្ដខុសឆ្គងនូវវិធានការទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះស្ថិតក្នុងភាពធ្ងន់ធ្ងរ ដែលអាចនាំទៅដល់មហន្ដរាយនៃសុខភាពសាធារណៈដោយជំងឺឆ្លង។ ខ្ញុំសូមឲ្យប្រមូលអ្នកជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្ដនូវការផ្ដន្ទាទោស ឬណែនាំពួកគេយ៉ាងណានោះដើម្បីឲ្យពួកគេបញ្ឈប់ការនាំមនុស្សឆ្លងដែន។
ខ្ញុំក៏សូមចេញបញ្ជាឲ្យបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ កម្ពុជា–វៀតណាម ឬឡាវ ធ្វើទំនាក់ទំនង ជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ កម្ពុជា–វៀតណាម កម្ពុជា–ឡាវ ដែលយប់មិញឯកឧត្តមអភិបាលខេត្តបាត់ដំបងបានស្នើសុំធ្វើទំនាក់ទំនងជាមួយខេត្តខាងភាគីថៃ ខ្ញុំស្វាគមន៍ជាមួយគំនិតផ្ដួចផ្ដើមនេះ ធ្វើឲ្យជាប់ដើម្បីឲ្យភាគីថៃជួយដើម្បីកុំឲ្យពួកគេធ្វើដំណើរឆ្លងកាត់តាមច្រករបៀងនាំទៅដល់គ្រោះថ្នាក់ដល់អាយុជីវិត ពិការអស់មួយជីវិត ឬក៏នាំជំងឺឆ្លងមកក្នុងប្រទេសរបស់យើង។ សូមធ្វើការងារនេះ ជាមួយបណ្ដាខេត្តដែលជាប់ព្រំដែន ដើម្បីសហការគ្នាធ្វើការងារនេះប្រឆាំងទប់ស្កាត់កូវីដ ១៩ ជាមួយគ្នានេះ ក៏សូមឲ្យស្ថានទូត ស្ថានកុងស៊ុល ក្រសួងការងារអមស្ថានទូតកម្ពុជាក្នុងព្រះរាជាណាចក្រថៃធ្វើការអប់រំពលករ/ការិនី របស់យើងដែលត្រូវវិលត្រឡប់ឲ្យពួកគេបានទទួលនូវការយល់ដឹងអំពីការអនុវត្ដនៅផ្ទៃក្នុងប្រទេសអំពីការផាកពិន័យ។ ទោះបីឥឡូវអនុក្រឹត្យមិនទាន់បានកែយ៉ាងណាក៏ដោយ ក៏ត្រូវធ្វើការផាកពិន័យរហូតដល់ទៅ ១ លាន រៀល ដែលស្មើនឹង ២៥០ ដុល្លារ ដែលជាប្រាក់មួយមានទំហំតូចសម្រាប់អ្នកមានប្រាក់ តែមានទំហំធំសម្រាប់អ្នកអត់មានប្រាក់។ យើងត្រូវតែធ្វើដើម្បីពង្រឹងការអនុវត្ដវិធានការការពារសុខភាពរបស់ប្រជាជនរបស់យើង។
ឥឡូវ និយាយទៅដល់របបផ្គត់ផ្គង់សម្រាប់អ្នកដែលទទួលពិន័យ។ កន្លងទៅយើងបានផ្គត់ផ្គង់ទៅដល់អ្នកដែលធ្វើចត្ដាឡីស័កឧបត្ថម្ភ ២ ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមិនគិតទឹកសុទ្ធ ឬការបន្ថែមមី និងសម្ភារសម្រាប់ធ្វើចត្ដាឡីស័កទេ។ ដោយសារការស្រឡាញ់ យោគយល់ទៅដល់បងប្អូនជាប់ពិន័យ ទោះបីជាប់ពិន័យក៏យើងនៅតែបន្ដផ្គត់ផ្គង់បងប្អូននូវចំនួនទឹកប្រាក់ដដែលដូចអ្នកដែលមិនជាប់ពិន័យ។ អ្វីដែលជាប់ពិន័យគឺការដែលយើងទាមទារឲ្យមានការបង់ប្រាក់សម្រាប់ការផាកពិន័យនេះពី ២០ ម៉ឺនរៀលដល់ ១ លានរៀល តែប៉ុណ្ណោះ។ ប៉ុន្ដែការផ្គត់ផ្គង់ដើម្បីឲ្យបងប្អូនមានកន្លែងស្នាក់នៅសមរម្យ គឺយើងនៅតែផ្ដល់នូវសម្ភារសម្រាប់ធ្វើចត្ដាឡីស័ក និងប្រាក់ហូប ២ ម៉ឺនរៀលក្នុងមួយថ្ងៃដដែល។ នេះជាការអនុគ្រោះ និងដើម្បីដោះស្រាយជូនបងប្អូនអត់ស្បៀងអាហារ អត់សម្ភារសម្រាប់ធ្វើចត្តាឡីស័ក ប៉ុន្ដែប្រាក់ពិន័យត្រូវតែបង់ ហើយយើងនៅតែទទួលផ្គត់ផ្គង់បងប្អូនធ្វើចត្ដាឡីស័កដដែល។ ចំនួនប្រាក់ ២ ម៉ឺនរៀល ក្នុងមួយថ្ងៃនេះ ជាចំនួនមួយច្រើនបើប្រៀបធៀបជាមួយកម្លាំងប្រដាប់អាវុធរបស់យើង ដែលទទួលក្នុងមួយថ្ងៃៗ។ យើងនៅតែបន្ដការផ្គត់ផ្គង់ ប៉ុន្ដែយើងមិនលើកលែងសម្រាប់ការបង់ផាកពិន័យនោះទេ។
ដូចដែលខ្ញុំបាននិយាយពីខាងលើគឺឲ្យឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើការជាមួយឯកឧត្តម រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ដើម្បីធ្វើវិសោធនកម្មបង្កើននូវចំនួនទឹកប្រាក់ផាកពិន័យនេះឲ្យបានខ្ពស់ជាងមុន និងពិនិត្យមើលអំពីវិធានការផ្សេងទៀត នៅក្នុងអនុក្រឹត្យចាស់ ឬមួយធ្វើវិសោធនកម្ម ឬមួយបង្កើតអនុក្រឹត្យថ្មីតែម្តង។ សុំបញ្ជាក់ថាអនុក្រឹត្យរបស់យើងមានតាំងពីឆ្នាំ ២០១៥ មុនពេលដែលកូវីដ-១៩ បានផ្ទុះឡើងរយៈពេល ៥ ឆ្នាំឯណោះ ក៏ប៉ុន្តែកន្លងទៅដោយមានការយោគយល់អត់អោនជាមួយនឹងបងប្អូនរបស់យើង។ យើងក៏នៅស្ងៀមស្ងាត់(មិនបានយក)ការអនុវត្តនូវវិធានការតាមអនុក្រឹត្យលេខ ១២៩ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៥ ទាក់ទិនទៅនឹងទណ្ឌកម្មនេះ(ទេ)។ អញ្ចឹងចាប់ពីថ្ងៃនេះទៅ សុំអនុវត្តនូវវិធានការនេះ។ ប៉ុន្តែ ខ្ញុំក៏នៅតែបញ្ជាក់ថា វិធានការនេះគឺមិនប៉ះពាល់ទៅដល់របបឧបត្ថម្ភបងប្អូនសម្រាប់ការធ្វើចត្តាឡីស័ក ទាំងសម្ភារការធ្វើចត្តាឡីស័ក ទាំងការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់បងប្អូននោះទេ …។
បើយោងទៅលើអនុក្រឹត្យនេះ កម្រៃសេវានៃការធ្វើចត្តាឡីស័កគឺត្រូវមាន ហើយដែលត្រូវប្រកាសដោយអន្តរក្រសួងរវាងរដ្ឋមន្រ្តីសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុទៅទៀត ក៏ប៉ុន្ត យើងមិនបានយកពលរដ្ឋរបស់យើងផ្តល់សេវានោះទេ។ លើកលែងតែជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា (ទើប)តម្រូវឲ្យមានការបង់សេវាផ្នែកណាមួយនោះ។ សម្រាប់ពលររដ្ឋរបស់យើងៗ នៅតែមានការយោគយល់នៅតាមព្រំដែនកម្ពុជា-វៀតណាម ក៏មានមួយចំនួនហើយអាចនឹងមានបន្ថែមទៀត ដោយឃើញថាមានបងប្អូនខ្មែរយើងខ្លះក៏មានទៅធ្វើការខាងវៀតណាមផងដែរ ដែលបានវិលមកកម្ពុជាក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ឬក៏ទៅមានហេតុផលការពិនិត្យជំងឺអីជាដើម ដែលបានឆ្លងកាត់ទៅហើយត្រឡប់មកវិញ។ ប៉ុន្តែ អ្វីដែលបានពិនិត្យឃើញ (គឺ)នៅតាមបណ្តាខេត្តព្រំដែនកម្ពុជា–វៀតណាម បែរជាឃើញមានអ្នកធ្វើចត្តាឡីស័កមកពីព្រំដែនកម្ពុជា–ថៃទៅវិញ។ នេះហើយគឺជាមហន្តរាយ។ មិនដឹងថាគេធ្វើដំណើរចេញពីព្រំដែនកម្ពុជា–ថៃ មកទល់ព្រំដែនកម្ពុជា–វៀតណាម គេឆ្លងកាត់ពីកន្លែងណាខ្លះ?
ខ្ញុំក៏សុំបញ្ជាក់ថែមថា គ្រប់ជនដែលបានគេចវេះពីការធ្វើចត្តាឡីស័ក ត្រូវតែបានធ្វើសម្ភាសន៍។ ដូចជាយប់មិញ ខេត្តតាកែវ … តាមរយៈការធ្វើសម្ភាសន៍នោះហើយដែលយើងបានឃើញថានៅច្រកឡែមនៃខេត្តបាត់ដំបងជាមួយនឹងព្រំដែនកម្ពុជា-ថៃ មានអ្នកធ្វើដំណើរឆ្លងកាត់តំបន់ដែលមានកម្លាំង(បើកឲ្យឆ្លង) ហើយគេតម្រូវឲ្យយកប្រាក់ចំនួនប៉ុន្មានៗ។ បានឃើញដូច្នេះ យើងត្រូវធ្វើសម្ភាសន៍ទាំងអស់ជាមួយអ្នកមិនបានធ្វើចត្តាឡីស័កនៅតាមព្រំដែន ហើយចូលមកក្នុងត្រូវធ្វើសម្ភាសន៍ទាំងអស់ដោយមិនមានការលើកលែង។ ហើយបទសម្ភាសន៍នោះត្រូវតែបញ្ជូនចូលក្នុងក្រុមការងារប្រឆាំងនឹងកូវីដ–១៩ ដើម្បីយើងបានឃើញទាំងអស់គ្នា។ បណ្តាខេត្តទាំងអស់ដែលខ្ញុំបានបញ្ចូលមកក្នុងក្រុមការប្រយុទ្ធប្រឆាំងនឹងកូវីដ–១៩ តាមប្រព័ន្ធ WHATSAPP របស់យើង។ យើងបានរកឃើញថាពួកគេបានចេញពីកន្លែងណាមកកន្លែងណា។ ខាងខេត្តព្រះវិហារក៏បានធ្វើនូវការសាកសួរទើបបានយើងឃើញថាមានប្រជាជនកម្ពុជាយើងធ្វើការនៅខេត្តអ៊ូប៊ុនរបស់ថៃ ចេញទៅខេត្តចំប៉ាស័ករបស់ឡាវ រួចហើយបានចេញមកខាងខេត្តព្រះវិហាររបស់កម្ពុជា។
យើងត្រូវតែមានទិន្នន័យនៅក្នុងដៃ។ អ្នកដែលមិនបានធ្វើចត្តាឡីស័ក(នៅតាមព្រំដែន) ហើយ(បានចូល)មក (ត្រូវ)យើងរកឃើញនៅខាងក្នុង ត្រូវឲ្យបានដឹងថាចំណុចចេញដំណើរឆ្លងកាត់ព្រំដែនគឺនៅកន្លែងណា ហើយធ្វើដំណើរពីកន្លែងណាមកកាន់កន្លែងណា រហូតមកដល់ភូមិដ្ឋាន ត្រូវបាន(យើង)ចាប់ផ្តើមរកឃើញ ហើយយកទៅធ្វើចត្តាឡីស័ក។ ធ្វើយ៉ាងដូច្នេះដើម្បីបង្ការថានៅពេលដែលយើងរកឃើញនៃអ្នកដែលមានកូវីដ-១៩ យើងអាចដឹងបានថា តើយើងត្រូវស្រាវជ្រាវនៅទីកន្លែងណាខ្លះក្នុងរយៈពេលដែលការធ្វើដំណើររបស់ជនដែលមានវិជ្ជមានកូវីដ-១៩ នេះ។ ចំណុចទាំងនេះជាវិធានការដែលយើងត្រូវប្រកាន់យក ដើម្បីធានាថានៅផ្ទៃក្នុងប្រទេសរបស់យើងមិនមានកូវីដ–១៩ កើតឡើងសាជាថ្មីឆ្លងទៅក្នុងសហគមន៍នោះទេ។
នេះជាបទបញ្ជាដែលខ្ញុំសូមជម្រាបជូន ហើយឆ្លងកាត់តាមបទបញ្ជានេះត្រូវអនុវត្ត ខ្ញុំនឹងត្រៀមដើម្បីនឹងឡើងទូរទស្សន៍ផ្សាយបន្តផ្ទាល់សាជាថ្មីទៀត ដើម្បីបកស្រាយរឿងនេះឲ្យបានច្រើន ឲ្យបានក្បោះក្បាយ ពន្យល់ និងអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងសហការ។ ជាទូទៅប្រជាពលរដ្ឋភាគច្រើនណាស់បានអនុវត្តនូវការធ្វើចត្តាឡីស័ក ប៉ុន្តែមួយចំនួនតូចទេដែលបានប្រព្រឹត្តនូវបទល្មើស ហើយខ្ញុំនឹងធ្វើការបកស្រាយរឿងនេះជូនទៅប្រជាពលរដ្ឋ ហើយសុំផ្សព្វផ្សាយសុំឲ្យបណ្តាស្ថាប័នព័ត៌មានទាំងឡាយផ្សព្វផ្សាយទាំងសម្លេងរបស់ខ្ញុំ និងផ្សព្វផ្សាយទាំងអនុក្រឹត្យលេខ ១២៩ ទៅជាមួយគ្នាដើម្បីយល់ដឹងទាំងអស់គ្នាទៅលើបញ្ហាការពង្រឹងការធ្វើចត្តាឡីស័កដើម្បីសុខុមាលភាពរបស់ប្រជាជនរបស់យើង។ សុំអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ និងសង្ឃឹមថាអនុវត្តឲ្យបានល្អ។ សូមអរគុណ៕