សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សារសំឡេងស្ដីពីការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅភ្នំពេញនិងជុំវិញភ្នំពេញដើម្បីភាពស៊ាំពេញលេញ


លោកជំទាវ ឱ វណ្ឌឌីន, ឯកឧត្តម វង្ស៊ី វិស្សុត, និងគណៈកម្មការវ៉ាក់សាំង

ឥឡូវគឺ គួរតែត្រូវបានគ្រោងរៀបចំនូវដំណើរការចាក់វ៉ាក់សាំងជាបន្តទៀត។ ឥឡូវនេះ សម្រាប់ដំណើរការចាក់វ៉ាក់សាំងទៅលើក្រុមអាទិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស បាននិងកំពុងដំណើរការហើយ។ ប៉ុន្តែ បើពិនិត្យអំពីស្ថានភាពនៅពេលខាងមុខ ហើយទាក់ទិនជាមួយការីករាលដាលនៅទីក្រុងភ្នំពេញ ជំហានបន្តរបស់យើងត្រូវគ្រប់គ្រងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឱ្យខាងតែបាន។ ជាពិសេស ភ្នំពេញយើងបានផ្ដល់អាទិភាពខ្ពស់ដោយកន្លងទៅ (បានផ្គត់ផ្គង់ជាវ៉ាក់សាំង) AstraZeneca សំរាប់ចាក់ជូនប្រជាពលរដ្ឋច្រើនម៉ឺននាក់ ហើយនិង Sinopharm ៤០ ម៉ឺនដូស ក៏ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ ដើម្បីធានាភាពស៊ាំនៅទីក្រុងភ្នំពេញដែលជាតំបន់លំហូរ និងប្រមូលផ្ដុំមនុស្ស ទីកន្លែងលំហូរចេញក្រៅ និងពីក្រៅចូលមកក្នុង ចាំបាច់ត្រូវតែមានភាពស៊ាំ នៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលដែលជាប់ទីក្រុងភ្នំពេញ។

ដូច្នេះ ខ្ញុំសុំអោយគណៈកម្មការចំពោះកិច្ចសម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលដែលវ៉ាក់សាំងថ្មីបានមកដល់ សំដៅឆ្ពោះលើភូមិសាស្រ្តភ្នំពេញនិងខេត្តកណ្ដាល ដែលជាប់ទីក្រុងភ្នំពេញតែម្ដង។ បើយើងមិនធ្វើដូច្នេះទេ យើងដាក់ត្រង់នេះបន្តិច ត្រង់នោះបន្តិច គឺភាពស៊ាំនេះមិនគ្រប់គ្រាន់ទេ។ ដូច្នេះ យើងត្រូវផ្ដល់អាទិភាពអោយទីក្រុងភ្នំពេញតែម្ដង សម្រាប់ការចាក់វ៉ាក់សាំង ហើយទីក្រុងភ្នំពេញមិនសំដៅថាជាអ្នកណាទេ ​ព្រោះយើងបានកំណត់គោលដៅអាទិភាពដែលត្រូវបានចាក់រួចស្រេចទៅហើយ ដូច្នេះគោលដៅបន្តត្រូវច្បាមយកចំនួនមនុស្សទាំងអស់ត្រូវតែចាក់វ៉ាក់សាំង

ឥឡូវនេះ ការចាក់វ៉ាក់សាំងដំណើរការដោយស្ម័គ្រចិត្ត។ ប៉ុន្តែខ្ញុំគិតថា នៅពេលណាមួយ គឺវ៉ាក់សាំងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ដែលនេះគ្រាន់តែជាការគិតគូរ ដោយយោងទៅលើសភាពការណ៍ជាក់ស្ដែងដែលបាននឹងកំពុងវិវឌ្ឍនៅលើពិភពលោក ដោយប្រទេសខ្លះចាប់ផ្ដើមធ្វើបដិការជាមួយគ្នា ដោយសារមានការចាក់វ៉ាក់សាំងហើយ គឺបន្ធូរបន្ថយការធ្វើចត្តាឡីស័កនិងការទៅមករកគ្នាបាន។ ប៉ុន្តែខ្ញុំគិតថាសម្រាប់ប្រទេសកម្ពុជាយើង នៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទីកន្លែងដទៃទៀតនៅពេលដែលរោងចក្រ សហគ្រាស និងក្រុមហ៊ុន គេបានចាក់វ៉ាក់សាំងអស់ហើយ អ្នកដែលពុំបានចាក់វ៉ាក់សាំងនឹងអាចមិនទទួលបានការងារធ្វើនៅទីនោះទៀតទេ ហើយការប្រឡងជ្រើសរើសបុគ្គលិកនៅពេលដែលមិនបានទទួលវ៉ាក់សាំងទេ គឺពួកគេក៏នឹងត្រូវមិនបានទទួលអោយប្រឡងចូល ឬជ្រើសរើសអោយចូលធ្វើការដែរ។ អញ្ចឹងទេបន្តិចទៀតនៅលើពិភពលោក អាចថាវ៉ាក់សាំងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង។ នេះជាការប្រមើលមើលរបស់ខ្ញុំ ដែលខ្ញុំគិតថាអ្នកដែលមិនបានចាក់វ៉ាក់សាំងគឺអ្នកដែលអភ័ព្វ អ្នកដែលពុំមានលទ្ធភាពទទួលបានការងារធ្វើ ឬត្រូវបានស្វាគមន៍ពីសំណាក់អ្នកដែលបានទទួលវ៉ាក់សាំងដែលបង្កើតទៅជាការរើសអើងមួយ។

នេះគឺជាចំណុច​ដែលត្រូវយកចិត្តទុកចិត្ត។ ឥឡូវខ្ញុំសង្កត់ធ្ងន់សុំឱ្យលោកជំទាវ ឱ វណ្ណឌីន ពិភាក្សាជាមួយឯកឧត្ដម វង្ស៊ី វិស្សុត នៅពេលដែលវ៉ាក់សាំងមកដល់ ត្រូវរៀបចំផែនការដើម្បីចាក់នៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ យើងក៏ត្រូវ(រាប់ទាំង)អ្នកដែលនៅជាប់ទីក្រុងភ្នំពេញ គឺមានខេត្តកណ្ដាល ហើយអាចតាមនៅផ្លូវជាតិលេខ ៤ សុទ្ធតែតំបន់រោងចក្រ គឺកម្មករទាំងអស់នោះគឺត្រូវបានទទួលនូវវ៉ាក់សាំង ហើយតាមផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ និងទៅតាមតំបន់ផ្សេងទៀតដែលនៅកៀកក្រុងភ្នំពេញ ដែលមានមនុស្សច្រើន ត្រូវតែទទួលបានវ៉ាក់សាំង។

ដូច្នេះ ត្រូវធ្វើការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការជាមួយសាលារាជធានីភ្នំពេញ និងខេត្តកណ្ដាល តើមានចំនួនមនុស្សប៉ុន្មានសម្រាប់ទទួលវ៉ាក់សាំង​ ទាំងប្រជាជនធម្មតា និងអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង តើនៅសល់ប្រជាជនប៉ុន្មាន? អញ្ចឹង យើងអាចសម្រុកនៅក្នុងការទិញ យកមកដល់ ឬការផ្ដល់ជំនួយ គឺប្រើប្រាស់ទៅលើគោលដៅនេះជាអាទិភាពខ្ពស់បំផុត ព្រោះនៅបណ្ដាខេត្តយើងបានបញ្ជូនវ៉ាក់សាំងទៅហើយ ចាក់គោលដៅអាទិភាពរួចស្រេចទៅហើយ។ ដូច្នេះ ត្រូវបកត្រឡប់មករៀបចំផែនការ ដើម្បីកាត់បន្ថយហានិភ័យ និងផ្ដល់ភាពស៊ាំឱ្យអ្នកនៅទីក្រុងភ្នំពេញ និងអ្នកនៅខេត្តកណ្ដាលដែលនៅព័ទ្ធទីក្រុងភ្នំពេញ ដើម្បីឱ្យមានភាពស៊ាំ។ អ្នកចូលមកទីក្រុង គ្មានការចម្លងពីអ្នកទីក្រុងទៅជនបទ។ អ្នកទីក្រុងទៅជនបទមិនមាននាំជំងឺទៅជនបទទៀតទេ

ដូច្នេះ ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ទៅលើអាទិភាពនៃភូមិសាស្រ្ត ដែលត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទិនជាមួយនឹងការរៀបចំចាក់វ៉ាក់សាំងនេះ។ សូមរៀបចំផែនការនេះទុកជាមុន នៅពេលដែលចាក់ Sinovac អស់ហើយ បន្តចាក់ដូសទី ២ Sinopharm នៅទីក្រុងភ្នំពេញចាក់ដូសទី ១ អស់ហើយ ចាក់ដូសទី ២ ហើយពេលមកដល់នឹងត្រូវបន្តចាក់របៀបណាទៅទៀត គឺចេះតែនាំគ្នាចាក់ ផ្ដល់ឱ្យទីក្រុងភ្នំពេញ និងខេត្តកណ្ដាលជាអាទិភាព ដើម្បីភាពស៊ាំនៅទីនេះ។

ឥឡូវយើងនិយាយថា វ៉ាក់សាំងជាវ៉ាក់សាំងស្ម័គ្រចិត្ត ប៉ុន្តែទៅខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងទៅជាវ៉ាក់សាំងកាតព្វកិច្ច។ គ្មានការចាក់វ៉ាក់សាំង ច្បាស់ជាគេមិនឱ្យការងារធ្វើទេ នៅតាមហាង នៅតាមក្រុមហ៊ុនឯកជន រហូតដល់ខាងផ្នែករដ្ឋ ឬក៏ត្រូវធ្វើដំណើរចេញទៅបរទេស គ្មានការចាក់វ៉ាក់សាំងគឺគេមិនអនុញ្ញាតឱ្យចូលប្រទេសគេនោះទេ។ ដូច្នេះ វ៉ាក់សាំងស្ម័គ្រចិត្ត គ្រាន់តែជាសម្ដីដំបូង ក្នុងពេលដែលខ្វះវ៉ាក់សាំងទេ។ សម្រាប់ប្រទេសខ្លះគេចាប់ផ្ដើមអនុវត្តនូវវ៉ាក់សាំងកាតព្វកិច្ចរួចស្រេចទៅហើយ ដូចជានៅឥណ្ឌូនេស៊ីជាដើម នៅហ្សាកាតា បើមិនចាក់គឺត្រូវមានបញ្ហា។ ប៉ុន្តែ សម្រាប់យើងៗ ប្រើតាមរយៈវ៉ាក់សាំងស្ម័គ្រចិត្ត ប៉ុន្តែនៅខាងមុខអាចនឹងនៅក្រុមហ៊ុនខ្លះគឺចាប់បង្ខំ បើសិនអ្នកឯងអត់បានចាក់វ៉ាក់សាំង គឺគេមិនឱ្យបន្តការងារធ្វើតទៅទៀត។ បើសិនអ្នកឯងគ្មានចាក់វ៉ាក់សាំង គឺអ្នកឯងមិនត្រូវបានជ្រើសរើសយកធ្វើការនៅក្រុមហ៊ុននោះទេ។ ខ្ញុំយល់ថានេះគឺជារឿងដែលនឹងអាចកើតឡើងនៅពេលខាងមុខ។

សូមឯកឧត្ដម លោកជំទាវយកទៅអនុវត្ត។ សូមអរគុណ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ