សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សារសំឡេងស្នើឲ្យមានសិក្សា និងរៀបចំក្រមប្រតិបត្តិព្យាបាលអ្នកជំងឺ កូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ (ករណីព្រឹត្តិការណ៍ ២០ កុម្ភៈ មិនថមថយ)

CNV:

ជូនឯកឧត្តម លោកជំទាវ នៅក្នុងក្រុមដែលខ្ញុំទើបរៀបចំឡើងនេះ ដើម្បីពិចារណា និងរៀបចំឱ្យបានមួយជំហានមុន។ កាលពីពេលប្រជុំអន្តរក្រសួង ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើអំពីការរៀបចំការព្យា​បាលតាមផ្ទះ។ ឥឡូវនេះ យើងត្រូវព្យាករសភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យ។ ប្រសិនបើជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។ ដូច្នេះ យើងត្រូវតែមានការរៀបចំមួយ ដែលយកវិធីសាស្ត្រតាមបណ្តាប្រ​ទេស ដែលមានអ្នកជំងឺច្រើន ដូចជានៅអាមេរិក នៅបារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀតដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន។ ដូចជា ករណីមន្ត្រីការទូតរបស់យើងពីរនាក់ឆ្លងកូវីដ-១៩ នៅប្រទេសបារាំង មន្ទីរពេទ្យគេមិនទទួលឱ្យការព្យាបាលទេ។ គេឱ្យត្រឡប់មកព្យាបាលនៅតាមផ្ទះ។ បងប្អូនខ្មែរយើងនៅក្រៅប្រទេស ទាំងនៅអាមេរិក នៅបារាំងបានផ្តល់យោបល់ឱ្យខ្ញុំថាគួរតែចាត់វិធានការដើម្បីរៀបចំឱ្យមានការព្យាបាលតាមផ្ទះ ហើយទទួលយកទៅព្យាបាលនៅតាមមន្ទីរពេទ្យតែអ្នកជំងឺធ្ងន់។ ខ្ញុំសូមស្នើឱ្យក្រុមការងាររបស់យើង រៀបចំនូវក្រមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត។ អ្នកជាតិច អ្នកចូលច្រើន។ ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏វាមិនគ្រប់ដែរ។ អញ្ចឹង វិធីដោះស្រាយគឺមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩ ស្រាលព្យា​បាលនៅតាមផ្ទះ។ ប៉ុន្តែ ត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។

ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច ២។ ចំណុចទី១ ដែលថាទុកនៅតាមផ្ទះ អ្នកនោះត្រូវតែអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចព្យាបាលបាន ទើបយើងទុកនៅតាមផ្ទះ។ បើសិនជាអ្នកនោះមានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ គឺត្រូវយកមកកាន់មន្ទីរពេទ្យ។ មួយទៀត បើផ្ទះរបស់គ្នាមានទំហំតូចដែលអាចឆ្លងរាលដាលដល់ទៅក្រុមគ្រួសារ ត្រូវតែយកគាត់មកកាន់មន្ទីរពេទ្យដែរ។ ខ្ញុំគិតថា យ៉ាងហោចណាស់ ៥០% នៃអ្នកជំងឺដែលមានលទ្ធភាពព្យា​បាល​នៅតាមផ្ទះ ហើយក៏ចង់ព្យាបាលនៅតាមផ្ទះដែរ យើងគ្រាន់តែរៀបចំជាក្រមប្រតិបត្តិ (ដែលនឹង)តម្រូវថា តើអ្នកជំងឺត្រូវធ្វើយ៉ាងម៉េច? ដើម្បីឱ្យគាត់នៅមួយកន្លែង ហើយអ្នកផ្ទះដែលនៅជាមួយត្រូវធ្វើយ៉ាងម៉េច? សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវជួយមើលថែទាំគាត់យ៉ាងម៉េច? ដើម្បីកុំឱ្យគាត់ចេញក្រៅផ្ទះ ក្រុមគ្រូពេទ្យត្រូវទៅព្យាបាលគាត់ ត្រូវធ្វើរបៀបម៉េច? និងការងារដទៃទៀត ដែលមានការពាក់ព័ន្ធ។

ខ្ញុំគិតថាយើងនឹងអាចឈានទៅដល់ដំណាក់កាលនោះ ក្នុងករណីដែលព្រឹត្តិការណ៍ ២០កុម្ភៈនេះ មិនមានការថមថយដូចជាពេលនេះ។ ជាពិសេសវាបាននិងកំពុងកើតនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ដែលនៅជាប់ជិតខាងទីក្រុងភ្នំពេញនេះ … បញ្ហានេះវាមិនមែនគ្រាន់តែជាបញ្ហារបស់កម្ពុជាទេ វាជាបញ្ហារបស់ប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក ដូចជាប្រទេសបារាំង អឺរ៉ុប និងប្រទេសដទៃទៀត ប្រទេសមួយចំនួនទៀតដែលមិនអាចយកទៅដាក់នៅមន្ទីរពេទ្យទាំងអស់នោះបានទេ ដែលមន្ទីរពេទ្យរបស់យើងក៏ត្រូវព្យាបាលជំងឺផ្សេងៗទៀតមិនអាចដាក់តែកូវីដ-១៩ បានទេ។ មន្ទីរពេទ្យដែលយើងជ្រើសរើសដាក់កូវីដ-១៩ មានតែប៉ុន្មានកន្លែងទេ ដែលមូលដ្ឋានធំសម្រាប់ការសង្រ្គោះគឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យចាក់អង្រែ មន្ទីរពេទ្យរបេងហង់សិន ហើយចុងក្រោយគឺមន្ទីរពេទ្យហ្លួងម៉ែនេះឯង។

អញ្ចឹងទេ ក្នុងចំណុចនេះ ខ្ញុំសុំស្នើឲ្យយកវិធានការរៀបចំនូវក្រមប្រតិបត្តិឲ្យបានឆាប់ ដើម្បីដល់ពេលណាមួយយើងរកឃើញថាអ្នកនោះមានករណីកូវីដ-១៩ ហើយយើងចុះទៅដល់ទីកន្លែង ទៅដល់ផ្ទះប្រាប់ពួកគាត់ថាគាត់មានករណីកូវីដ-១៩ ហើយ អញ្ចឹងសុំឲ្យទទួលការព្យាបាលនៅតាមផ្ទះ។ ការព្យាបាលនៅតាមផ្ទះនេះទៀត យើងក៏ត្រូវសម្រួលរៀបចំជូនពួកគាត់ ដើម្បីឲ្យពួកគាត់អាចរស់នៅបានស្រួល មិនលំបាកអញ្ចឹងអាចជារៀបចំការជួយឧបត្ថម្ភចំពោះពួកគាត់ ក្រៅពីការព្យាបាលអាចរៀបចំការឧបត្ថម្ភឲ្យពួកគាត់ តាមរបៀបដូចជាធ្វើចត្តាឡីស័កអញ្ចឹង ក្នុងមួយថ្ងៃគឺជូនគាត់ ២ ម៉ឺនរៀល សម្រាប់ការហូបចុកនានាដែលត្រូវផ្តល់ទៅឲ្យពួកគាត់ ដើម្បីឲ្យអ្នកផ្ទះជួយរៀបចំនូវម្ហូបអាហារនេះសម្រាប់គាត់ដើម្បីបំប៉នសម្រាប់ការព្យាបាល។ ពិតហើយ ក្រុមគ្រួសាររបស់គាត់មានលទ្ធភាពដើម្បីនឹងជួយ តែយើងក៏ត្រូវជួយបន្ថែមសម្រាប់អ្នកជំងឺ ដែលយើងមិនបានយកគាត់មកមន្ទីរពេទ្យ។ ដូច្នេះវាចាំ​បាច់ត្រូវតែមានគ្រូពេទ្យចល័តសម្រាប់ការព្យាបាលពីផ្ទះមួយទៅកាន់ផ្ទះមួយទៀត ហើយបើសិនជាអាចធ្វើទៅបានអ្នកដែលត្រូវទទួលការព្យាបាលនេះ គឺគួរតែជាពេទ្យនៅតាមមូលដ្ឋានដែលយើងធ្វើការបណ្តុះបណ្តាលគាត់ដើម្បីឲ្យគាត់អាចចូលរួមទៅក្នុងការព្យាបាល។ យើងពិបាកនៅក្នុងការដកពេទ្យពីមន្ទីរពេទ្យទៅព្យាបាលតាមផ្ទះ អញ្ចឹងត្រូវរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅតាមខណ្ឌនីមួយៗតែម្តង ក៏ជាការល្អដើម្បីសម្រួលការ ព្រោះអ្នកទាំងនេះសុទ្ធតែអ្នកមិនឈឺធ្ងន់ទេ។

ក្នុងករណីដែលជំងឺសង្ស័យថាធ្ងន់ យើងត្រូវ ដឹកគាត់យកមកកាន់មន្ទីរពេទ្យ។ ដូច្នេះមានន័យថា គ្រូពេទ្យព្យាបាលនៅ(តាមផ្ទះ)ក្នុងក្របខណ្ឌនៃអ្នកជំងឺដែលស្រាលដែរមិនមែនអ្នកជំងឺធ្ងន់ទេ ដូច្នេះគ្រូពេទ្យដែលមានតាមស្រុកតាមខណ្ឌគឺ អាចនឹងជួយដោះស្រាយបានបញ្ហានេះ។ យើងផ្តល់កម្រៃសំរាប់ការចូលរួមស្ម័គ្រចិត្តរបស់ក្រុមគ្រូពេទ្យទាំងនោះ។ អញ្ចឹងសុំរៀបចំនូវក្រមប្រតិបត្តិនេះ សម្រាប់ការព្យា​បាលតាមផ្ទះឲ្យហើយស្រេច … បើឃើញ(ថាកម្រិតនៃជំងឺ)មានសភាពស្រាល ហើយគាត់មានទីលំនៅសមរម្យដែលអាចព្យាបាលបាន គឺទុកគាត់ព្យាបាលនៅនឹងផ្ទះម្តងដើម្បីកាត់បន្ថយការកកស្ទះនៅតាមមន្ទីរពេទ្យហើយដែលយើងគ្មានលទ្ធភាពដោះស្រាយ ហើយវាអាចប៉ះពាល់ទៅអ្នកជំងឺដទៃទៀតដែលមិនមែនកូវីដ-១៩។

សូមអរគុណ ហើយយកទៅពិចារណា។ ឯកឧត្តម ម៉ម ប៊ុនហេង ត្រូវដឹកនាំធ្វើកិច្ចការងារនេះ ព្រោះសំ​ណើដែលបានស្នើមកមុននោះ ក៏មានចែងអំពីការរៀបចំការព្យាបាលតាមផ្ទះនេះហើយ ក៏ប៉ុន្តែយើងមិនទាន់បានអនុវត្ត។ ប៉ុន្តែទៅពេលខាងមុខនេះ យើងអាចឈានទៅអនុវត្តបែបនេះ ហើយគាត់ក៏នៅផ្ទះជា​មួយក៏ទទួលបានការថែទាំពីក្រុមគ្រួសារ ទោះបីថាក្រុមគ្រួសារមិនអាចនៅជិតបាន ហើយក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នា តែយើងក៏ត្រូវមានការជួយឧបត្ថម្ភ ហោចណាស់ក្នុងមួយថ្ងៃ ២ ម៉ឺនរៀលដែរតាមរបៀបធ្វើចត្តាឡីស័ក។

នេះគឺជាវិធីដោះស្រាយមួយក្នុងចំណោមវិធីដោះស្រាយដទៃទៀត ហើយបើយោងទៅតាមរបៀបនោះគឺអាជ្ញាធរក៏អាចជួយផ្គត់ផ្គង់ជាស្បៀង ដូចជាធ្លាប់សាលាក្រុងភ្នំពេញធ្វើចត្តាឡីស័ក ផ្គត់ផ្គង់មានអង្ករ មានសាច់ជ្រូកស្អីៗជាដើមនៅពេលដែលគាត់ធ្វើចត្តាឡីស័កនៅក្នុងគ្រួសារ។ អញ្ចឹងរៀបចេញជាក្របខណ្ឌក្រមប្រតិបត្តិអមដោយគោលនយោបាយទៅជាមួយផង។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ