ខ្ញុំព្រះករុណាខ្ញុំ មានបំណងនឹងថ្លែងជូនទៅកាន់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ទៅលើបញ្ហាមួយចំនួន បន្ទាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលខ្ញុំព្រះករុណាខ្ញុំ បានប្រកាសនៅឯទីក្រុងសៀមរាប ពាក់ព័ន្ធ នឹងស្ថានភាពនៃ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”។ ពិតហើយថា ប៉ុន្មានថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅស្ងៀមស្ងាត់ ហើយគេបានឃើញខ្ញុំព្រះករុណាខ្ញុំ បានដឹកនាំប្រជុំក្នុងក្របខណ្ឌជាប្រធាន ACMECS និងការចូលរួមប្រជុំដោយផ្ទាល់តាមរយៈវីដេអូ នៅក្នុងក្របខណ្ឌសហប្រតិបត្តិការ CLMV និងការអភិវឌ្ឍត្រីកោណកម្ពុជា ឡាវ និងវៀតណាម ពីគេហដ្ឋានរបស់ខ្ញុំព្រះករុណាខ្ញុំ។ បន្ថែមលើនោះ ក៏មានការថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ តាមរយៈវីដេអូ បូកជាមួយនឹងការចូលរួមពិព័រណ៍អាស៊ានចិនផងដែរ។
វិធីយកឈ្នះលើ កូវីដ-១៩ ត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច តែមិនតក់ស្លុត និងភ័យស្លន់ស្លោរ
ខ្ញុំព្រះករុណាខ្ញុំ ក៏បានបង្ហោះសារមួយចំនួន ពាក់ព័ន្ធជាមួយនឹង កូវីដ-១៩ រួមទាំងសារសំឡេងមួយចំនួនផងដែរ ដែលបានបញ្ជូនទៅកាន់ជនរួមជាតិរបស់យើង ក៏ដូចជាអាជ្ញាធរ។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានធ្វើការរំលឹកបន្ដិចទាក់ទិនជាមួយនឹងការដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើងនៅឯខេត្តសៀមរាប ចំថ្ងៃទី ៣០ វិច្ឆិកា ២០២០ ដែលពេលនោះ គាប់ជួនជាថ្ងៃពេញបូណ៌មី នៃខែមិគសិរ រហូតមកដល់ថ្ងៃនេះ មានរយៈពេល ១៥ ថ្ងៃ គិតមកដល់ថ្ងៃទី ១៥ ធ្នូ ២០២០ គាប់ជួនជាមួយនឹងថ្ងៃ ១ កើត ខែបុស្ស។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយថា យើងគ្រប់គ្រងបាន ឬមិនបាន គឺស្ថិតនៅក្នុងរយៈពេល ១៥ ថ្ងៃខាងមុខនេះ ហើយវាចំណុះលើការខិតខំរបស់យើងទាំងស្រុងទាំងរដ្ឋ និងប្រជាជន។
ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានបញ្ជាក់ថា វិធីយកឈ្នះលើ កូវីដ-១៩ ត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច តែមិនតក់ស្លុត និងភ័យស្លន់ស្លោរ។ ក្រៅពីនោះ ក៏មានការបញ្ជាក់ទាក់ទិនជាមួយនឹងការត្រូវធ្វើសកម្មភាពក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំ។ ពេលនោះ យើងទើបនឹងធ្វើការពិនិត្យលើសំណាកចំនួន ៣.៣៣២ ដែលមកពី ៧ ខេត្ត ហើយយើងទើបរកឃើញ ១៥ ករណី។ ក៏មានការណែនាំផងដែរ អំពីការធ្វើចត្តាឡីស័ក ការរៀបចំឡើងវិញនូវមណ្ឌលចត្តាឡីស័ក ដែលអាចមានលទ្ធភាពយកសំណាកសម្រាប់បញ្ជូនទៅធ្វើតេស្ដនៅក្រុងភ្នំពេញ និង(អ្នកធ្វើចត្តាឡីស័ក)អាចរកសណ្ឋាគារដែលរដ្ឋចេញប្រាក់។ ពេលនោះ ជាថ្ងៃគាប់ជួនជាថ្ងៃបិទបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ហើយក៏ជាថ្ងៃប្រឡងមធ្យមសិក្សាបឋមភូមិនៅតាមសាលារៀងខ្លួនៗ។ យើងក៏បានអំពាវនាវសម្រាប់ប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្តក្នុងការយកសំណាកធ្វើតេស្ដ ធ្វើចត្តាឡីស័កដោយខ្លួនឯង សូមពាក់ម៉ាស លាងដៃ កុំចាកចេញទៅក្រៅផ្ទះនៅពេលមិនចាំបាច់ ហើយក៏អំពាវនាវបងប្អូនដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវធ្វើឱ្យបានត្រឹមត្រូវគ្រប់ ១៤ ថ្ងៃ និងសូមឱ្យមើលស្ថានភាព ពិនិត្យតាមដាន និងជួយដោះស្រាយផ្គត់ផ្គង់ស្បៀងសម្រាប់គ្រួសារក្រីក្រ។ បន្ទាប់ទៅ ក្នុងថ្ងៃដដែល ខ្ញុំព្រះករុណាខ្ញុំ ក៏បានបញ្ជាឱ្យបញ្ចេញប្រាក់ទៅតាមបណ្ដាខេត្តសម្រាប់បម្រើទៅឱ្យការផ្គត់ផ្គង់ក្រុមគ្រួសារក្រីក្រ ក្នុងមួយគ្រួសារ ២ ម៉ឺនរៀល(ក្នុងមួយថ្ងៃ) នៅពេលដែលគាត់ជាប់ធ្វើចត្តាឡីស័ក។
អង្គការសុខភាពពិភពលោក៖ ការឆ្លង កូវីដ-១៩ នៅកម្ពុជា កើតមានម្ដងៗ មួយកន្លែងៗ ដោយមិនមានបណ្ដុំការឆ្លងច្រើនពេក មិនមានឆ្លងសហគមន៍ធំនៅឡើយ
ក្នុងរយៈពេល ១៥ ថ្ងៃក្រោយនេះ តើយើងវាយតម្លៃរបៀបម៉េច? ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចាំបាច់ត្រូវនិយាយ មិនគ្រាន់តែកិច្ចការទាក់ទងជាមួយនឹង កូវីដ-១៩ និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះទេ ក៏ប៉ុន្តែអាចមានប្រធានបទដែលធំទូលាយជាង និងពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហា កូវីដ-១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។ ពេលនេះ យើងបានឆ្លងកាត់នូវវិញ្ញាសាមួយដែលជាករណីឆ្លងក្នុងសហគមន៍លើកដំបូង ប៉ុន្តែបើនិយាយអំពីការការចម្លងនៅក្នុងសហគមន៍របស់យើងនេះ តាមសេណារីយោដែលចែងនៅក្នុងផែនការមេសម្រាប់សកម្មភាពប្រយុទ្ធនឹងជំងឺ កូវីដ-១៩ របស់កម្ពុជា ហេតុការណ៍នេះ គឺជាការចម្លងក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ តែស្ថិតនៅក្នុងទ្រង់ទ្រាយកំណត់មួយ មិនមែនជាលក្ខណៈទ្រង់ទ្រាយធំពេកនោះទេ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក គេដាក់កម្ពុជាក្នុងចំណោមចំណាត់ថ្នាក់បែបការឆ្លងកើតមានម្ដងៗ មួយកន្លែងៗ ដោយមិនមានបណ្ដុំការឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់បញ្ចូលទៅក្នុងរបៀបនៃការឆ្លងសហគមន៍ធំនៅឡើយដែរ។ តាមការរៀបចំចំណាត់ថ្នាក់នៃការឆ្លងរបស់ប្រទេសនៅលើពិភពលោក(ដោយ)អង្គការសុខភាពពិភពលោក មកដល់ពេលនេះ គឺករណីមិនមានឆ្លងមាន ១៩ ប្រទេស ករណីឆ្លងជាចង្កោមមាន ៥៣ ប្រទេស ករណីឆ្លងម្ដងៗ មួយកន្លែងៗ មិនមានបណ្ដុំច្រើន មាន ៣៣ ប្រទេស ក្នុងនោះ គឺមានកម្ពុជាផងដែរ ហើយករណីឆ្លងទ្រង់ទ្រាយធំមាន ១២៧ ប្រទេស និងរង់ចាំការវាយតម្លៃសម្រាប់ ២ ប្រទេសផ្សេងទៀត។
កម្ពុជា រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៣៦២ ករណី ដោយក្នុងនោះ ៤១ ករណីឆ្លងក្នុងសហគមន៍
មកដល់ពេលនេះ កូវីដ-១៩ បានឆ្លងចូលក្នុងប្រទេសរបស់យើងមានចំនួន ៣៦២ ករណី។ ក្នុងហ្នឹងករណីឆ្លងក្នុងសហគមន៍មាន ៤១ ករណី ក្រៅពីនោះ គឺសុទ្ធតែជាការនាំចូលពីខាងក្រៅ។ យើងពិនិត្យមើលចំនួន ៣៦២ ករណីនេះ គឺមានតែ ៤១ ករណីទេ ដែលជាករណីឆ្លងក្នុងសហគមន៍។ ម្សិលមិញ មានត្រឹម ៤០ ករណី(ឆ្លងក្នុងសហគមន៍) ប៉ុន្តែជាអកុសល ដោយសារទារកម្នាក់នៅជាមួយនឹងម្ដាយ។ ឥឡូវនេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជាម្ដាយបានជាទៅហើយ ប៉ុន្តែជាអកុសល កូនដែលមានអាយុទើបតែ ៧ ខែ ក៏ត្រូវបានឆ្លង។ ដូច្នេះ ម្ដាយក៏មិនអាចចេញពីមន្ទីរពេទ្យបាន។ មកដល់ពេលបច្ចុប្បន្ននេះ តាមតួលេខផ្ដល់ដោយក្រសួងសុខាភិបាល យើងបានព្យាបាលឱ្យជាសះស្បើយចំនួន ៣១២ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥១ នាក់ នៅមន្ទីរពេទ្យចំនួន ៣ គឺមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចំនួន ៣៨ នាក់, មណ្ឌលសុខភាពចាក់អង្រែក្រោមចំនួន ៦ នាក់ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងហង់សិន មាន ៧ នាក់។ បើនិយាយពីការយកសំណាកមកធ្វើតេស្ដ ចាប់ពីខែមករា រហូតមកដល់ពេលនេះ គឺមានជិត ២៥ ម៉ឺនសំណាក ជាអត្រាមួយដ៏ខ្ពស់ក្នុងចំណោមនៃបណ្ដាប្រទសដែលធ្វើតេស្តសម្រាប់ កូវីដ-១៩ នេះ។
នាយករដ្ឋមន្រ្តីត្រូវដឹងនិងដឹកនាំផ្នែកនយោបាយគ្រប់វិស័យ តែមិនមែនដឹកនាំបច្ចេកទេសគ្រប់វិស័យទេ
សូមអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ សុំការអធ្យាស្រ័យពីសំណាក់ព្រះតេជព្រះគុណ ព្រះសង្ឍគ្រប់ព្រះអង្គ ពីបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដោយខ្ញុំព្រះករុណាខ្ញុំ ត្រូវនិយាយទាក់ទងជាមួយនឹងបញ្ហាសុខភាពសាធារណៈ រាប់ទាំងជំងឺពិសេសទាក់ទិនជាមួយនឹង កូវីដ-១៩ នេះ។ ជួនកាល អាចមានការពេបជ្រាយថា ខ្ញុំព្រះករុណាខ្ញុំ ចេះគ្រប់រឿង ស្អីក៏ចេះ ស្អីក៏ដឹង។ ក្នុងឋានៈជាមេដឹកនាំនយោបាយ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមិនអាចនឹងដឹងបាននូវបច្ចេកទេស(លម្អិតនោះទេ ប៉ុន្តែក៏មិន)“រហូតដល់អាចមានអ្នកខ្លះបង្រៀនគេឯងថា ដើម្បីកុំឱ្យឆ្លងជំងឺ សូមឱ្យដកដង្ហើមឱ្យបានវែងៗ” (នោះដែរ) … ក្នុងឋានៈជាមេដឹកនាំនយោបាយ យើងត្រូវតែដឹងច្រើន ត្រូវតែចង្អុលការ ដើម្បីឱ្យអ្នកបច្ចេកទេសអនុវត្ត។ យើងដឹកនាំផ្នែកនយោបាយគ្រប់វិស័យ តែយើងមិនមែនដឹកនាំបច្ចេកទេសគ្រប់វិស័យទេ។ បច្ចេកទេស គឺក្រសួងជាអ្នកអនុវត្ត តែយើងជាមេដឹកនាំ គឺខ្ញុំព្រះករុណាខ្ញុំ មិនអាចនៅឆ្ងាយអំពីក្របខណ្ឌនៃគោលនយោបាយនៃការចង្អុលដឹកនាំទៅតាមទិដ្ឋភាពជាក់ស្ដែងឡើយ។ ឯការអនុវត្តផ្នែកបច្ចេកទេស ស្ថិតនៅលើក្រសួងមានសមត្ថកិច្ច។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមិនដើរបង្រៀនប្រជាជនអំពីក្ដឹបខ្នុរ ទៅជាកូនខ្នុរ, ស្រូវផើម ទៅជាស្រូវក្ដឹបនោះទេ។ និយាយយ៉ាងដូច្នេះ សង្ឃឹមថា នឹងមិនមានអ្នករើសដាក់ខ្លួននោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ចាប់ពីពេលនេះតទៅ នឹងមិនមានការឆ្លងឆ្លើយជាមួយនឹងនរណាទាំងអស់។ នៅខេត្តសៀមរាប ខ្ញុំព្រះករុណាខ្ញុំ បាននិយាយថា ពេលនេះមិនមែនជាពេលវេលានៃការស្ដីបន្ទោស ទម្លាក់កំហុសឱ្យគ្នាទេ តែជាពេលវេលា ដើម្បីរួមគ្នាទប់ស្កាត់ កូវីដ-១៩ ។ សង្ឃឹមថា អ្វីដែលខ្ញុំព្រះករុណាខ្ញុំ និយាយនៅថ្ងៃនេះ វាមិនធ្វើឱ្យនរណាមួយរើសទៅដាក់ខ្លួនថា យើងបានតបតជាមួយគេនោះទេ …។
ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៖ ត្រួតត្រាបានហើយ តែមិនទាន់បញ្ចប់ទេ
កុំអី (ខ្ញុំ)ត្រូវធ្វើតាំងពីម្សិល ប៉ុន្តែដោយសាររង់ចាំការធ្វើតេស្ដសំណាកនៅថ្ងៃពីម្សិល ដែលមកដល់ពេលនេះ នៅប៉ុន្មានរយសំណាកទៀត ដែលនឹងត្រូវធ្វើតេស្ដបញ្ចប់នៅថ្ងៃនេះ។ បើយោងទៅលើរបាយការណ៍របស់ឯកឧត្តម ម៉ម ប៊ុនហេង យើងនៅសល់សំណាកមួយចំនួនដែលត្រូវបន្តធ្វើតេស្ដបញ្ចប់នៅថ្ងៃនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រ។ ឥឡូវ ទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការកោតសរសើរចំពោះក្រសួងសុខាភិបាល ចំពោះក្រុមគ្រួពេទ្យជួរមុខ អាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នដែលមានការពាក់ព័ន្ធ ពិសេសចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការនៅក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពជាមួយនឹងមន្រ្តីផ្នែកសុខាភិបាល មន្រ្តីគ្រប់ផ្នែកគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំទប់ស្កាត់រឿងនេះ។ ដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយលើកឡើងថា យើងទប់ស្កាត់បាន ឬមិនបាន វាស្ថិតនៅក្នុងរង្វង់ ១៥ ថ្ងៃ។
ឥឡូវ ក្នុងរយៈពេល ១៥ ថ្ងៃនេះ យើងត្រួតត្រាបានសភាពការណ៍ហើយ ក៏ប៉ុន្តែយើងមិនទាន់បានបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះទេ។ ស្ថានភាពនេះ មិនដូចទៅនឹង “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា” នោះទេ ដោយមានមូលហេតុមួយចំនួន ដែលខ្ញុំព្រះករុណាខ្ញុំ នឹងទូលប្រគេន ព្រមទាំងជម្រាបជូនខាងក្រោម។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់ចូលប្រឡូកអស់ហើយជាមួយនឹងសមរភូមិយោធា តាំងពីនៅជាយុទ្ធជន រហូតទៅដល់កាន់កងទ័ព ៣០ នាក់, ១០០ នាក់ ដល់រាប់រយនាក់, ដល់ពាន់នាក់ ដល់ត្រួតត្រាប្រទេសទាំងមូល ដែលចូលប្រឡូកស្ទើរតែគ្រប់សភាពការណ៍ ការប្រយុទ្ធ ១០៥ លើក របួស ៥ ដង ការចរចាខាងនយោបាយរាប់មិនអស់ ទាំងទ្វេភាគី និងពហុភាគី ក្នុងការស្វះស្វែងរកដំណោះស្រាយនយោបាយ ឬក៏ការចរចាក្នុងក្របខណ្ឌអង្គសហប្រជាជាតិ, ក្របខណ្ឌអាស៊ាន, ក្របខណ្ឌអាស៊ីបូព៌ា និងក្របខណ្ឌផ្សេងៗទៀត ការចរចាជាមួយនឹងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលច្រើនប្រទេសរាប់មិនអស់ ការដោះស្រាយបញ្ហាដឹកនាំសង្រ្គោះប្រជាពលរដ្ឋទាក់ទងនឹងគ្រោះមហន្តរាយ ជាគ្រោះទឹកជំនន់ ជាគ្រោះរាំងស្ងួត ជាអគ្គិភ័យ ឬរលំអគារ បានប្រឡូកអស់ហើយ ក៏ប៉ុន្តែស្ថានភាពនៃការដឹកនាំបញ្ជាទៅក្នុងសមរភូមិ កូវីដ-១៩ នេះ គឺធ្វើឱ្យខ្ញុំព្រះករុណាខ្ញុំ គិតថា វាជារឿងមិនសាមញ្ញ ហើយក៏មិនធម្មតា។ ខ្ញុំតែងកាន់ជាប់នូវទូរស័ព្ទ។
មុនម៉ោង ១២ យប់ មុនពេលដែលវិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជាមជ្ឈមណ្ឌលជាតិសុខភាពសាធារណៈបិទបញ្ចប់នូវម៉ាស៊ីន(ពិនិត្យសំណាក) កាន់ទូរស័ព្ទជាប់ ហាក់ដូចជាចង់ញ័រដៃឯណោះ ព្រោះពេលហ្នឹង ជាពេលវេលានៃរបាយការណ៍រកឃើញវិជ្ជមានឬអវិជ្ជមាន កូវីដ-១៩ ។ ពីរយប់កន្លងទៅ មិនមាន(ករណីវិជ្ជមាន កូវីដ-១៩ )ទេ ប៉ុន្តែម្សិលមិញនេះ ស្ថានភាពស្ទើរតែបញ្ចប់ទៅហើយ ប៉ុន្តែស្រាប់តែទទួលរបាយការណ៍ថា មានការនាំចូល ២ ករណី និងការឆ្លងចេញពីសហគមន៍ ១ ករណីទៅលើទារកម្នាក់ មានអាយុក្រោម ១ ឆ្នាំនេះ។ ក្បែរភ្លឺឡើង បើទោះត្រូវងងុយសម្រាកយ៉ាងក៏ដោយ ក៏ត្រូវក្រោកឡើងដើម្បីតបសារជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង ព្រោះមុននឹងការផ្សាយនេះ គឺរដ្ឋមន្រ្តីសុំឆ្លងយោបល់នាយករដ្ឋមន្រ្តី។ ឥឡូវនេះ ទើបនឹង ២ យប់ទេ ដែលខ្ញុំព្រះករុណាខ្ញុំ បានប្រគល់សិទ្ធិទៅឱ្យរដ្ឋមន្រ្តីធ្វើការផ្សព្វផ្សាយមុនទៅចុះ ហើយវាយមកឱ្យខ្ញុំគ្រាន់តែជារបាយការណ៍តែប៉ុណ្ណោះ។ ម្សិលមិញ ក៏ត្រូវមានការសុំយោបល់ថែមទៀត អំពីករណីអ្នកដែលឆ្លងក្នុងសហគមន៍ ៣ នាក់ត្រូវបានជាសះស្បើយ។
រួមគ្នាប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ កុំទម្លាក់កំហុសតែលើបុគ្គលដែលជាអ្នកជំងឺផ្ទាល់
ទាក់ទងនឹងលោក ឆែម សាវុធ … គាត់បាន(ធ្វើតេស្ដ)អវិជ្ជមាន ២ ដង ប៉ុន្តែពេលនោះ ក្រសួងសុខាភិបាលបានស្នើសុំយោបល់ថា ពីពេលដែលរកឃើញថាវិជ្ជមាន(កូវីដ១៩) ទៅដល់ពេលដែលរកឃើញថាអវិជ្ជមាន ២ ដង គឺមិនទាន់គ្រប់ ១៥ ថ្ងៃទេ។ ខ្ញុំក៏បានផ្ដល់នូវយោបល់ថា គួរតែរក្សាទុកឱ្យនៅត្រឹមកម្រិត ១៤ ថ្ងៃ ឬលើសពីនេះ។ ឥឡូវលោក ឆែម សាវុធ ថ្ងៃនេះត្រូវបានចេញពីមន្ទីរពេទ្យ។ ករណីលោក ឆែម សាវុធ នេះទៀតសោត ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសុំអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលមានលើកឡើងថា លោក ឆែម សាវុធ គួរតែត្រូវចូលនិវត្តន៍ដោយសារគាត់បានធ្វើឱ្យមានការភ័យខ្លាចនៅទូទាំងប្រទេស។ ខ្ញុំក៏បានតបសារជូនទីប្រឹក្សារបស់ខ្ញុំ ដែលផ្ដល់ព័ត៌មាននេះ បញ្ជាក់ប្រាប់ថា លោក ឆែម សាវុធ និងភរិយារបស់គាត់ គឺជាជនរងគ្រោះ គួរតែនាំគ្នាប្រឆាំងនឹង កូវីដ-១៩ ឯណោះ មិនគួរនាំគ្នាប្រឆាំងនឹងលោក ឆែម សាវុធ ភរិយាលោក និងក្រុមគ្រួសាររបស់គាត់ទេ។ យើងគួរអរគុណលោក ឆែម សាវុធ និងភរិយា ដែលនៅពេលដែលគាត់មានអាការៈមិនស្រួល គាត់បានរត់ទៅរកគ្រូពេទ្យ។ យើងបានទទួលព័ត៌មានពិតប្រាកដពីភរិយាលោក ឆែម សាវុធ និងលោក ឆែម សាវុធ ដូច្នេះយើងគួរតែអរគុណគាត់។ គាត់មិនមែនជាអ្នកកសាងកំហុងទេ។ កូវីដ-១៩ ទេជាអ្នកវាយប្រហារ។ បើ កូវីដ-១៩ វាយប្រហារលោក ឆែម សាវុធ ហើយយើងនាំគ្នាវាយប្រហារ(ដោយ)ដាក់ឱ្យលោក ឆែម សាវុធ បាត់បង់ពីការងារទៅទៀត នោះគឺយើងធ្វើទង្វើមួយដែលអគុណធម៌។ ខ្ញុំព្រះករុណាខ្ញុំ សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលពាក់ព័ន្ធជាមួយនឹងបញ្ហានេះ។
ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៖ ឆ្លង ៤១ នាក់ អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ១៨.៨២៨ នាក់
ឥឡូវយើងនិយាយអំពីព្រឹត្តិការណ៍(សហគមន៍ ២៨ វិច្ឆិកា)នេះ តើចំនួនមនុស្សឆ្លងប៉ុន្មានទៅ? ចំនួនមនុស្សឆ្លងមាន ៤១ នាក់ ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន ៣ នាក់រួចទៅហើយ ហើយនិងអាចមានការព្យាបាលជាបន្តបន្ទាប់។ មនុស្សដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលមានរហូតទៅដល់ ១៨.៨២៨ នាក់ ដែលចែកចេញទៅតាមរាជធានីខេត្តទាំង ២៥៖ រាជធានីភ្នំពេញមាន ១៤.៦៨១ នាក់, ខេត្តកណ្ដាលមាន ១.២១៣ នាក់, ខេត្តក្រចេះមាន ១.០១០ នាក់, ខេត្តសៀមរាបមាន ៥១២ នាក់, បន្ទាយមានជ័យមាន ៤២៨ នាក់, បាត់ដំបងមាន ៣៣២ នាក់, ព្រៃវែងមាន ៣០០ នាក់, ខេត្តកំពង់ធំមាន ២៤៨ នាក់, ខេត្តកំពង់ចាមមាន ១៦៧ នាក់, ខេត្តមណ្ឌលគិរីមាន ១៣១ នាក់, ខេត្តតាកែវមាន ១២៣ នាក់, ខេត្តស្ទឹងត្រែងមាន ១១៨ នាក់, ខេត្តត្បូងឃ្មុំមាន ១១២ នាក់, ខេត្តព្រះសីហនុមាន ៧២ នាក់, ខេត្តពោធិ៍សាត់មាន ៥៩ នាក់, ខេត្តកំពង់ឆាំ្នងមាន ៤៩ នាក់, ខេត្តឧត្តរមានជ័យមាន ៤៤ នាក់, ខេត្តកំពតមាន ៣៨ នាក់, ខេត្តរតនគិរីមាន ៣៣ នាក់, ខេត្តកោះកុងមាន ២៤ នាក់, ខេត្តកែបមាន ១៣ នាក់, ខេត្តកំពង់ស្ពឺ ៩ នាក់, ខេត្តប៉ៃលិនមាន ៨ នាក់, ខេត្តព្រះវិហារមាន ៧ នាក់, ខេត្តស្វាយរៀងមាន ៦ នាក់។ នេះជាតួលេខបណ្ដោះអាសន្ន ប្រសិនបើសំណាកដែលនៅសល់នេះ ត្រូវបានរកឃើញករណីវិជ្ជមានសម្រាប់អ្នកណាទៀតនោះ នឹងអាចធ្វើឱ្យតួលេខនេះប្រែប្រួល …។
បន្តរុករកអ្នកមានវិជ្ជមាន កូវីដ-១៩ , ការធ្វើចត្តាឡីស័កត្រឹមត្រូវ ១៤ ថ្ងៃ ជួយរារាំងបានការឆ្លង
ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីបញ្ជាក់ ជម្រាបជូនឱ្យបានច្បាស់ថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានគ្រប់គ្រងបានហើយ ក៏ប៉ុន្តែមិនទាន់អាចបញ្ចប់បានទេ ដោយមូលហេតុ ៥ យ៉ាង ដូចតទៅ៖ ទី ១ យើងនៅមិនទាន់ដឹងបានអស់នៅឡើយទេថា តើនៅមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺ កូវីដ-១៩ បានទៅដល់ ដែលយើងរកមិនឃើញ។ គាត់មិនព្រមប្រាប់ ឬភ្លេចកន្លែងដែលគាត់បានទៅដល់រយៈពេល ១៤ ថ្ងៃ មុនថ្ងៃដែលគាត់រកឃើញមានចម្លង។ នេះជាចំណុចសំខាន់ណាស់។ កន្លងទៅ ឃើញវិលវល់តែក្នុងភ្នំពេញ ហើយឃើញតែហាង ២ តែប៉ុណ្ណោះ ដែលមានចម្លងច្រើន និងជុំវិញក្រុមគ្រួសាររបស់លោក ឆែម សាវុធ និងអ្នកពាក់ព័ន្ធនឹងលោក ឆែម សាវុធ។ ប៉ុន្តែយើងមិនត្រូវភ្លេចថា ក្រែងលោវាកើត វានៅកន្លែងដែលយើងរកមិនទាន់ឃើញ។
ឯខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវឱ្យក្រសួងសុខាភិបាល បន្តរុករករយៈពេល ១៤ ថ្ងៃ ទៅក្រោយ។ មានករណីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ សុំទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ នៅពេលដែលរកឃើញអ្នកណាមួយមានជំងឺ កូវីដ-១៩ នេះ ពេលនោះ យើងនឹងត្រូវសួរនាំថា ក្នុងរយៈពេល ១៤ ថ្ងៃកន្លងទៅ លោក ឬលោកស្រី ពាក់ព័ន្ធជាមួយនឹងអ្នកណាខ្លះ? ជួបអ្នកណាខ្លះ? ទៅដល់កន្លែងណាខ្លះ? ប៉ុន្តែថ្មីៗនេះ មានមិត្តភក្ដិបរទេសដែលបានមកជួយយើង ស្នើសុំឱ្យយើងស្វះស្វែងរកត្រឹមតែ ២ ថ្ងៃ មុនពេលដែលគាត់ចេញរោគសញ្ញា។ អញ្ចឹងខ្ញុំបានដឹងថា ដោយសារក្រុមស្រាវជ្រាវនេះ មានទាំងកងទ័ព មានទាំងនគរបាល មានទាំងផ្នែកសុខាភិបាល និងផ្នែកផ្សេងៗ រាប់ទាំងផ្នែកព័ត៌មានវិទ្យា ព្រោះយើងត្រូវតែដឹងបានក្នុងទំនាក់ទំនងក្នុងលេខទូរស័ព្ទរបស់គាត់ ទាក់ទងទៅកាន់កន្លែងណាអីកន្លែងណា។ មិនស្ដាប់សំឡេងគាត់ទេ ក៏ប៉ុន្តែទូរស័ព្ទមានទិន្នន័យរបស់គេ ដើម្បីគេយកប្រើ តើលេខទូរស័ព្ទនេះ ទាក់ទងជាមួយនឹងលេខទូរស័ព្ទដទៃទៀតប៉ុន្មានកន្លែង? ហើយតើគាត់បានទៅដល់? នេះជាអ្វីដែលយើងត្រូវតែស្វែងរក។
មានគ្រុបមួយ នៅពេលដែលខាងផ្នែកចារកម្ម ឬអ្នកដែលធ្វើកិច្ចការងារហ្នឹង បានសួរសំណួរថា “មិត្តភក្ដិបរទេសបានស្នើឱ្យយើងបញ្ចប់ការស្រាវជ្រាវ ១៤ ថ្ងៃកន្លងផុត មុនពេលឃើញរោគសញ្ញា។ ឯកឧត្តម ម៉ម ប៊ុនហេង មិនទាន់បានឆ្លើយទេ ក៏ប៉ុន្តែបែរជាមានមន្រ្តីយោធារបស់យើងម្នាក់ បានមកឆ្លើយថា ដោយសារតែមិត្តភក្ដិទាំងនោះ ចេះតែប្ដូរសំណួរបែបនេះ ទើបធ្វើឱ្យប្រទេសហ្នឹងងាប់គរជើង។ រឿងនេះ គឺជារឿងពិត។ រោគសញ្ញា ជួនកាលក្នុងរយៈពេលអ្នកធ្វើចត្តាឡីស័ក ដែលខ្ញុំគួរឱ្យអាណិត មកពីក្រៅប្រទេស ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដល់ថ្ងៃទី ១៣ ត្រូវយកសំណាក បែរជាក្នុងរយៈពេលឆ្លងកាត់ការធ្វើសំណាកលើកទីមួយ អវិជ្ជមាន ដល់ធ្វើចត្តាឡីស័កចុងក្រោយរយៈពេល ១៣ ថ្ងៃរួចមកហើយ ចេញវិជ្ជមាន។ អញ្ចឹងទាំងខ្លួនគាត់ក៏ត្រូវជាប់នៅកន្លែងហ្នឹង ១៤ ថ្ងៃតទៅទៀត។ តែឃើញវិជ្ជមានត្រូវយកមកព្យាបាល ឯអ្នកដែលនៅជាមួយគាត់ទាំងប៉ុន្មាន ត្រូវបន្ត ១៤ ថ្ងៃតទៅទៀត។ យើងធ្វើហ្មត់ចត់យ៉ាងដូច្នេះ ទើបប្រទេសរបស់យើងមានឆ្លងក្នុងអត្រាមួយទាប ហើយក៏មិនទាន់មានមនុស្សស្លាប់។ ប៉ុន្តែ ការស្រាវជ្រាវត្រឹមតែ ២ ថ្ងៃមុន មិនប្រាកដទេ។ នេះបើយោងលើបទពិសោធន៍របស់កម្ពុជា គឺការធ្វើចត្តាឡីស័កត្រឹមត្រូវ ១៤ ថ្ងៃ ដែលជាហេតុផលមួយក្នុងចំណោមហេតុផល ដែលកម្ពុជាអាចរារាំងបាន សុខចិត្តឱ្យកម្ពុជាមានការលំបាកបន្តិច ក៏ប៉ុន្តែយើងអាចសង្គ្រោះប្រជាជនយើងឱ្យរួចផុតពីសេចក្ដីស្លាប់។ ប្រទេសមួយចំនួនសឹងតែស្លាប់គរជើង ដែលវាជារឿងគួរឱ្យសោកស្ដាយ ដែលយើងចូលរួមមរណទុក្ខជាមួយប្រទេសទាំងនោះ ដែលមានមនុស្សស្លាប់ច្រើន ហើយឆ្លងមួយថ្ងៃៗរាប់ម៉ឺននាក់ ស្លាប់មួយថ្ងៃរាប់រយ ប្រទេសខ្លះដល់ពាន់។
ហេតុផលទី ១ មិនអាចបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ខ្លាចអ្នកវិជ្ជមានភ្លេចឬចាំមិនអស់អ្នកពាក់ព័ន្ធនិងកន្លែងដែលបានទៅ
ខ្ញុំសុំស្នើដោយទទូច ចំពោះក្រសួងសុខាភិបាល … មិត្តភក្តិគ្រាន់តែឱ្យយោបល់ទេ តែការសម្រេចចិត្តស្ថិតនៅលើយើង។ ខ្ញុំមិនមែនអ្នកបច្ចេកទេសទេ ក្រសួងសុខាភិបាលគឺជាអ្នកបច្ចេកទេស។ អញ្ចឹងយោបល់របស់ខ្ញុំ សុំឱ្យបន្តនូវការរុករក ១៤ ថ្ងៃទៅខាងក្រោយ នៅពេលឃើញវិជ្ជមានភ្លាម ត្រូវស្រាវជ្រាវថាជាប់ពាក់ព័ន្ធជាមួយនរណាខ្លះក្នុងរយៈពេល ១៤ ថ្ងៃនេះ? ទៅដល់កន្លែងណាខ្លះ ១៤ ថ្ងៃនេះ? នៅពេលដែលយើងដឹង យើងធ្វើប្រតិបត្តិការបន្ទាន់ទៅកាន់កន្លែងនោះ។ ចំណុចនេះ យើងសុខចិត្តថាទ្រំាឱ្យមានការលំបាកបន្តិច ប្រើកម្លាំងច្រើនបន្តិចក្នុងល្បឿនមួយលឿន ហើយមិនខ្ជីខ្ជា។ ជោគជ័យក្នុងជិតមួយឆ្នាំកន្លងទៅនេះ គឺវាស្ថិតនៅត្រង់កន្លែងនេះឯង។ យើងរុករក ផ្ដាច់ចង្កោម ដោយគ្មានការធ្វេសប្រហែស។ យើងនៅតែដាក់បញ្ហា ក្រែងលោរយៈពេល ១៤ ថ្ងៃនេះ គាត់ប្រាប់យើងមិនអស់ ឬគាត់ភ្លេច ព្រោះអ្នកណាមានសៀវភៅកត់ត្រារាល់ថ្ងៃ វាកម្រមាននេះជាហេតុផលទីមួយ។
ហេតុផលទី ២ ក្រែងមានអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល មិនមកធ្វើតេស្តនិងមិនធ្វើចត្តាឡីស័កត្រឹមត្រូវ
ហេតុផលទី ២ តើនៅមានអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោល សេសសល់ ដែលពួកគាត់មិនហ៊ានបង្ហាញមុខ ហើយមិនហ៊ានមកធ្វើតេស្ដ ដោយខ្លាចគេឃុំខ្លួនធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដែលជាហានិភ័យក្នុងការចម្លងក្នុងសហគមន៍។ ប្រសិនបើពួកគាត់មិនធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះឱ្យគ្រប់ចំនួនថ្ងៃ ហើយអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះនោះ តើពួកគាត់ពិតជាគោរពតាមការណែនាំដែរឬទេ? ព្រោះមានអ្នកខ្លះបានរាយកាណ៍មកថា គាត់ខ្លាចគេឱ្យធ្វើចត្តាឡីស័ក។ ខ្លះថាឃើញអ្នកធ្វើចត្តាឡីស័កនៅផ្ទះដើរចេញក្រៅទិញនេះ/នោះជាដើម។ ចំណុចនេះ កន្លងទៅមានការរិះគន់ខ្លះសម្រាប់យើង ហើយរឿងនេះគឺមិនចាំបាច់ទៅបន្ទោសអ្នកណាទេគឺបន្ទោសខ្ញុំ។ ទាក់ទិននឹងការបង្ហាញអត្តសញ្ញាណរបស់មនុស្ស ទាំងឈ្មោះ ទាំងរូបថត ពេលនោះងងឹតខ្លាំងណាស់។ អញ្ចឹងដើម្បីឱ្យដឹងថាតើមនុស្សដែលខ្លួនបានពាក់ព័ន្ធនេះជាអ្នកណា ដើម្បីអ្នកដែលមានការពាក់ព័ន្ធរត់ទៅរកគ្រូពេទ្យដើម្បីយកសំណាក ខ្ញុំក៏សម្រេចឱ្យផ្សព្វផ្សាយក្នុងរយៈពេលមួយខ្លី ទាំងរូបថត និងឈ្មោះ។ ឥឡូវយើងបានឱ្យដកចេញហើយទាំងរូបថត និងឈ្មោះថែមទៀតផង ដើម្បីបញ្ចៀសការរើសអើង ហើយក៏ទាក់ទងជាមួយនឹងសិទ្ធិបុគ្គលផងដែរ។ ក៏ប៉ុន្តែពេលខ្លះយើងត្រូវយកការសម្រេចចិត្ត សុខចិត្តទទួលនូវការទិតៀន ប៉ុន្តែយើងអាចសង្គ្រោះជីវិតប្រជាជនយើងបាន យើងអាចបញ្ចៀសស្ថានភាពគ្រោះថ្នាក់នៅក្នុងចំណោមប្រជាជនយើង។
សង្ឃឹមថាបងប្អូនយើងនឹងមានការយោគយល់ ហើយប្រធានបទទាក់ទងនឹងបញ្ហាបង្ហាញមុខ ឬមិនបង្ហាញមុខ ខ្ញុំក៏សុំយកឱកាសនេះអរគុណចំពោះអ្នកដែលហ៊ានបង្ហាញមុខ។ បងប្អូនខ្លះដែលមានវិជ្ជមានគឺគាត់ទៅហាង Pedro, Zando គាត់បានឃើញគេបញ្ចាំងរូបភាពនៃហាងនោះ គាត់ស្ម័គ្រចិត្តទៅខ្លួនឯងទៅរកឃើញសំណាក ហើយអ្នកពាក់ព័ន្ធមួយចំនួនស្ម័គ្រចិត្តទៅធ្វើចត្តាឡីស័កខ្លួនឯង។ ខ្ញុំសូមអរគុណចំពោះសេចក្ដីក្លាហាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ខ្លួនឯងផង និងបញ្ចៀសការឆ្លងទៅដល់អ្នកដទៃផង។ ក្នុងពេលជាមួយគ្នា ក៏យើងអាចយល់បានថា មនុស្សមួយចំនួនមិនហ៊ានបង្ហាញខ្លួនទេ ដោយសារការធ្វើចត្តាឡីស័កតម្រូវឱ្យនៅផ្ទះ ១៤ ថ្ងៃ ទោះបីជារាជរដ្ឋាភិបាលបានប្រកាសឧបត្ថម្ភប្រាក់ ២ ម៉ឺនរៀលក្នុងមួយថ្ងៃ សម្រាប់អ្នកក្រីក្រ(ក៏ដោយ)។ ថ្ងៃមុន មិនដល់ ១ គីឡូម៉ែត្រផងពីទីនេះទេ នៅព្រែកឬស្សីនៃខេត្តកណ្ដាល រត់ពួននៅឡៅតឿ។ យើងមិនមែនយកមនុស្សទៅប៉ាស្ទ័រឯណា យើងយកតែសំណាកទៅតើ។ នៅពេលដែលសំណាកនោះបានចេញមកថាវិជ្ជមានហើយ ទាក់ទងមកគាត់ៗដឹងខ្លួនគាត់ថា គាត់ទៅធ្វើចត្តាឡីស័ក ក៏ប៉ុន្តែគាត់អត់ទៅ។ តាមរក។ គាត់ទៅពួននៅឡៅតឿ។ អញ្ចឹងបើសិនជាមានករណីបែបនេះ វាជាគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជនរបស់យើង។ អ្នកធ្វើចត្តាឡីស័កខ្លះបានលឺជាព័ត៌មានចេញមកថា បានចេញទៅក្រៅ បានចេញទៅទិញនេះ/នោះ រាប់ទាំងទៅគុយទាវអីជាដើម។ សូម្បីតែឯកឧត្តម ខៀវ កាញ៉ារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានធ្វើការបង្ហោះសារមួយ តែហាក់ដូចជាត្រូវបានក្រសួងសុខាភិបាលធ្វើការបដិសេធហើយ ថាមានអ្នកដែលធ្វើចត្តាឡីស័កនៅឯសណ្ឋាគារសុខាភ្នំពេញ បានចេញមកក្រៅ។ នេះជាហេតុផលទីពីរដែលមិនអាចបញ្ចប់ព្រឹត្តិការណ៍នេះបានទេ។
ហេតុផលទី ៣ អ្នកប៉ះពាល់មួយចំនួនមិនទាន់ដល់ថ្ងៃធ្វើតេស្តលើកទី ២ និងទី ៣ នៅឡើយ
ហេតុផលទី ៣ អ្នកដែលប៉ះពាល់មួយចំនួននៅមិនទាន់ដល់ថ្ងៃធ្វើតេស្ត លើកទី ២ ឬលើកទី ៣ នៅឡើយទេ ដោយសារពួកគាត់ទើបតែដឹងថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ហើយទើបតែធ្វើតេស្ដបានមួយដង ឬពីរដងប៉ុណ្ណោះ។ ឥឡូវនៅមានប្រតិទិនសម្រាប់ការធ្វើតេស្ដ ព្រោះអ្នកធ្វើតេស្ដគឺមិនស្មើគ្នាទេ។ កាលពីព្រឹត្តិការណ៍ ៣ វិច្ឆិកា យើងមានប្រតិទិនសម្រាប់ខេត្តនីមួយៗ ដែលមានការពាក់ព័ន្ធ។ ឥឡូវនេះ យើងអត់ទាន់ធ្វើតេស្ដអ្នកមិនទាន់ធ្វើ នៅលើកទី ២ ឬលើកទី ៣ គឺនៅសល់មួយដង ឬពីរដងទៀត។ ហើយមួយដង ឬពីរដងនេះ បើសិនជារកឃើញនៅក្នុងហ្នឹង គឺចាប់ផ្ដើមស្រាវជ្រាវអ្នកហ្នឹងប៉ះពាល់ជាមួយអ្នកណា នឹងតាមស្រាវជ្រាវ ១៤ ថ្ងៃទៅខាងមុខបន្តទៅទៀត។
ហេតុផលទី ៤ និង ៥៖ អ្នកធ្វើចត្តាឡីស័កបន្តបន្ទាប់ មិនទាន់គ្រប់ ១៤ ថ្ងៃ និងទីកន្លែងតាមខេត្ត
មូលហេតុទី ៤ អ្នកដែលត្រូវធ្វើចត្តាឡីស័កជាបន្តបន្ទាប់ហូរហែតាំងពីថ្ងៃទី ២៩ មកដល់ថ្ងៃដែលយើងរកឃើញវិជ្ជមានចុងក្រោយគឺនៅថ្ងៃទី ១៤ ម្សិលមិញនេះ។ មួយចំនួនក៏មិនដឹងថាពួកគាត់បានធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃ និងបានធ្វើតេស្ដគ្រប់ចំនួន ៣ ដង ដែរឬទេ? អ្នកវិជ្ជមានចុងក្រោយនៅថ្ងៃទី ១៤ ម្សិលមិញនេះ មិនមែនថ្ងៃ ១០ ទេ។ យើងអត់មានការឆ្លងផ្ទៃក្នុង ថ្ងៃទី ១០, ១១, ១២ និង ១៣, តែម្សិលមិញមានទារកម្នាក់។
មូលហេតុទី ៥ នៅតាមខេត្តមួយចំនួនដែលមានអ្នកជំងឺបានទៅដល់ មុនពេលគាត់ដឹងថាគាត់មានជំងឺកូវីដ១៩ តើយើងអាចរកឃើញអស់ដែរឬទេ? ដែលជួនកាលយើងរកមិនឃើញអស់ទេ ប្រសិនបើមានការលាក់លៀមនោះ។ អញ្ចឹង ចំណុចទាំង ៥ នេះហើយ ដែលយើងមិនអាចប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា នេះបាន។
រក្សាការមិនជួបជុំដូចសព្វថ្ងៃបន្តទៅទៀត ដើម្បីធានាថា ព្រឹត្តិការណ៍ ២៨ វិច្ឆិកា វាផុតរលត់ពិតប្រាកដ
ក្នុងពេលនេះក្នុងនាមរដ្ឋាភិបាល សុំការយោគយល់ ពីព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បីសុំរក្សាស្ថានភាពដូចសព្វថ្ងៃមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាកូវីដ១៩ ដែលបានឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា បានផុតរលត់ពិតប្រាកដ ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ពេលនេះយើងត្រូវជ្រើសរើសហើយ រវាងការឆ្លងមកលើខ្លួនយើង ការស្លាប់ ការរីករាលដាលក្នុងសហគមន៍ ជាមួយការកម្សាន្តសប្បាយសម្រាប់ណូអែល និងបុណ្យចូលឆ្នាំផ្ដាច់ឆ្នាំខាងមុខនេះ។ យើងដឹងច្បាស់ណាស់អំពីផលប៉ះពាល់ ហើយដែលផលប៉ះពាល់នោះធំជាងគេទៅលើវិស័យអប់រំតែម្ដង។ ក្រៅពីនោះនៅមានផលប៉ះពាល់ផ្នែកសេវាមួយចំនួន ប៉ុន្តែផ្នែកសេដ្ឋកិច្ច ដែលទាក់ទងនឹងវិស័យកសិកម្ម ឧស្សាហកម្ម គឺមិនមានផលប៉ះពាល់ធំទេ។ ប្រជាពលរដ្ឋនៅមានបង្កបង្កើនផលធម្មតា តែផលប៉ះពាល់មានទៅលើផ្នែកសេវា ដូចជាភោជនីយដ្ឋានធំៗ ព្រោះតម្រូវមិនឱ្យជួបជុំលើសពី ២០ នាក់ ប៉ះពាល់ទៅដល់ការរៀបអាពាហ៍ពិពាហ៍ ប៉ះពាល់ទៅដល់ការជួបជុំបុណ្យណូអែលខាងមុខ ប៉ះពាល់ទៅដល់ការឆ្លងឆ្នាំ ដែលសូម្បីតែយប់មិញនេះ ភ្ញាក់ឡើង ឃើញវាយពី(អភិបាល)ខេត្តកែបមក សុំយោបល់ថាតើអាចរៀបចំជួបជុំ បាញ់កាំជ្រួច លេងកម្សាន្ត បានឬអត់? ដោយសារតែធ្លាប់បានហៅកូនៗទៅហើយ ថាកូនរង់ចាំមើលពុកថ្លែងនៅថ្ងៃនេះ … យើងត្រូវបន្តដំណើររបៀបនេះបន្តិចសិន ដើម្បីកម្ពុជាជៀសផុតពីជំងឺដ៏កាចសាហាវនេះ ពីឃាតករលាក់មុខ ដែលយើងកំចាត់មិនទាន់បាន។ ខ្ញុំនៅតែបន្តការលើកដដែល ដើម្បីយកឈ្នះកូវីដ ១៩ បាន វិធីដែលល្អជាងគេ ធ្វើជាអ្នកចុះចាញ់/ខ្លាច តែមិនមែនអ្នកភ័យតក់ស្លុត ហើយភ័យស្លាន់ស្លោនោះទេ តែយកល្អធ្វើជាអ្នកខ្លាច។ កន្លែងមនុស្សច្រើនមិនហ៊ានទៅ រក្សាគម្លាត អត់ហ៊ានចាប់ដៃ ខ្លាចយើងឆ្លងទៅគេ ឬគេឆ្លងមកយើង។ ដូចដែលខ្ញុំពាក់ស្រោមដៃនៅសៀមរាប មិនមែនខ្ញុំខ្លាចប្រជាជនទេ ក៏ប៉ុន្តែ សូមកុំទុកចិត្តខ្ញុំពេក។
ក្រសួងអប់រំឱ្យជម្រើស ៣ សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
បញ្ហាដែលប៉ះពាល់ធំជាងគេ គឺវិស័យអប់រំ ដែលខ្ញុំសុំយកឱកាសនេះជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំឱ្យធ្វើការពិចារណាថែមទៀត។ ថ្ងៃមុន ខ្ញុំបានចាររហូតដល់អក្សរក្រហម។ ក្នុងនេះ រដ្ឋមន្ត្រីក្រសួងអប់រំបានស្នើនៅថ្ងៃទី ៧ ខែធ្នូ ២០២០ ទៅលើជម្រើសបី។ ជម្រើសទី ១ ក្នុងករណីរីករាលដាលនៅបន្ត នឹងមិនអាចរៀបចំដំណើរការប្រឡងថ្ងៃទី ២១ និងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ក្រសួងនឹងលើកកាលបរិច្ឆេទប្រឡងទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២០។ (ជម្រើសទី) ២ ករណីរង់ចាំដល់ពាក់កណ្ដាលខែមករា ឆ្នាំ ២០២១ នឹងនៅមិនមានលទ្ធភាពរៀបចំដំណើរការប្រឡងបាន ក្រសួងនឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅតាមវិទ្យាល័យរៀងខ្លួនៗ។ (ជម្រើសទី) ៣ ករណីរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រសួងនឹងផ្អាកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ដោយជំនួសវិញនូវការវាយតម្លៃលើលទ្ធផលនៃការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗ ដើម្បីកំណត់ថាជាប់ ឬធ្លាក់ ហើយក៏សូមស្នើរក្សាទុកនូវលុយ។ រឿងលុយវាអត់បញ្ហាទេ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំបានចារអក្សរក្រហម។ ទីមួយពេលនេះសភាពការណ៍នៅមិនទាន់ច្បាស់លាស់នៅឡើយ ដូចនេះសូមយកជម្រើសទី ២។ ទីពីរក្នុងករណីជម្រើសទី ២ មិនអាចអនុវត្តបាន សុំយកជម្រើសទី ៣ …
ផ្ដល់អនុសាសន៍សិក្សាជម្រើសទី ៣ ពិនិត្យពិន្ទុឆមាស ដើម្បីកំណត់ថាជាប់/ធ្លាក់
… តាមប្រកាសក្នុងការប្រឡងនៅថ្ងៃទី ១១ ខែមករា ហើយលទ្ធភាពនៃការប្រឡង អាចប្រឡងនៅតាមវិទ្យាល័យរៀងខ្លួនៗ។ ប៉ុន្តែ ខ្ញុំសូមផ្ដល់អនុសាសន៍ជូន ខ្ញុំគិតថាលទ្ធភាពនៃការប្រឡងថ្ងៃទី ១១ មករា ២០២១ ក៏នៅតែមិនទាន់អាចធ្វើបាន ព្រោះលទ្ធភាពនៃការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះ មិនអាចកើតមានមុនថ្ងៃទី ១១ ខែមករា ២០២១ បានទេ។ តាមខ្ញុំព្រះករុណាខ្ញុំពិចារណា ការប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះអាចកើតឡើងក្រោយថ្ងៃ ២០ មករា ឯណោះ … ចំណុចនេះសូមឱ្យក្រសួងពិចារណាទៅ ទៅលើលទ្ធភាពទី ៣ នៃវាយតម្លៃជំនួសឱ្យការប្រឡង ដោយយកការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗ ដើម្បីកំណត់ថាជាប់ ឬធ្លាក់ … យើងត្រូវទទួលយកនូវហេតុការណ៍ពិតប្រាកដ ហើយបើយើងចាត់តាំងឱ្យកូនទៅប្រឡង គ្រូក៏មិនទាន់មានវ៉ាក់សាំងការពារ កូនសិស្សក៏មិនទាន់មានវ៉ាក់សាំងការពារ មិនទាន់មានមនុស្សស្លាប់ផង គេចោទថាយើងមានមនុស្សស្លាប់ហើយលួចលាក់ បើមានមនុស្សស្លាប់ច្បាស់ជាមាន ម្ដាយ/ឪពុក/កូនគេ ស្រែករកហើយ។ ខ្ញុំមិនអារកាត់ទេ ទុកឱ្យអស់លោកពិចារណាទៅ។ ថ្ងៃមុន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំមកទីនេះ ដើម្បីប្រជុំ ACMECS, CLMV និង CLV ខ្ញុំបានជម្រាបថា ឱ្យគិតគូរសេណារីយោហ្នឹងទៅ ដើម្បីឱ្យក្មេងបានដឹងច្បាស់ ហើយបើសិនជាសម្រេចថាធ្វើតាមរបៀបហ្នឹង ក៏គួរមិនចាំបាច់រង់ចាំដល់ថ្ងៃ១១ មករា ២០២១ ទេ ចាប់ផ្ដើមរៀបចំធ្វើទៅ … ដើម្បីកុំឱ្យអូសពេលវេលានៃភាពមិនច្បាស់លាស់របស់ក្មេង របស់សិស្ស ដែលសិស្សត្រូវចូលទៅមហាវិទ្យាល័យ …។
ដឹកនាំនយោបាយចល័ត មិនអាចគម្ពីរនិយមបានទេ
នេះមិនមែនជាសម្ពាធទេ ក៏ប៉ុន្តែការដឹកនាំនយោបាយចល័តបែបនេះ គឺមិនអាចគម្ពីរនិយមបានទេ។ អ្នកខ្លះបានចោទថា ហ៊ុន សែន ល្ងង់ណាស់។ ខ្ញុំទទួលស្គាល់ថាខ្ញុំល្ងង់។ ខ្ញុំមិនចេះដូចអស់លោកទេ។ អស់លោកអាចនិយាយអីចំពោះខ្ញុំក៏បានដែរ ក៏ប៉ុន្តែកុំភ្លេចថា អ្នកល្ងង់មួយនេះបានដឹកនាំប្រទេសនេះ ឥឡូវជិត ៣៦ ឆ្នាំហើយ។ មិនទាន់ធ្លាប់មាននាយករដ្ឋមន្ត្រីណាដែលធ្លាប់អង្គុយកៅអីជាប់នៅក្នុងប្រទេសកម្ពុជារយៈពេលកុំថាឡើយរាប់សិបឆ្នាំ សូម្បីតែ ៥ ឆ្នាំមិនដល់ផង។ លើការជាក់ស្ដែងវាដូច្នេះ។ ខ្ញុំមិនដឹងថាតើលោក James Sok ឬលោក ចិត្រា ព្រោះខ្ញុំឥឡូវដូចជាដាក់ខ្លួនចត្តាឡីស័កនឹងគេដែរ ខ្ញុំអត់បានទៅណា ខ្ញុំនៅផ្ទះ។ គ្រាន់តែខុសពីពេលចត្តាឡីស័ក ពេលនោះកូនចៅអត់ឱ្យចូលផ្ទះ អ្នកដទៃអត់ឱ្យចូលផ្ទះ ព្រោះនៅក្នុងនេះចត្តាឡីស័កទាំងអស់ បានជាមិនអាចចូលរួមប្រជុំអាស៊ានបាន ដោយឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំនួសក្នុងការចូលរួម ព្រោះបើសិនជាចូលរួមមក អ្នកដែលចូលមកទាំងប៉ុន្មានត្រូវតែ មិនអាចត្រឡប់ទៅផ្ទះវិញបានទេ ត្រូវធ្វើចត្តាឡីស័ក។ អញ្ចឹងមន្ត្រីទាំងអស់ត្រូវធ្វើចត្តាឡីស័កទាំងអស់។
ក្នុងគណបក្សប្រជាជន ធនធនមនុស្សសម្បូរបែប
ត្រឹមត្រូវហើយ បន្ទាប់ពីឱ្យឯកឧត្តម អូន ព័ន្ធមុនី្នរ័ត្ន ជំនួសនាយករដ្ឋមន្ត្រីចូលរួមប្រជុំអាស៊ាន ត្រូវបានលើកឡើងដោយសារព័ត៌មានខ្លះថា ជាបេក្ខជននាយករដ្ឋមន្រ្តីដ៏មានសក្ដានុពល។ អ្នកឯងនិយាយត្រឹមត្រូវ។ នៅកម្ពុជា ក្នុងគណបក្សប្រជាជន អ្នកឯងត្រូវយល់ឱ្យច្បាស់អំពីរបៀបរៀបចំរបស់គេ។ គេរៀបចំ ៣ ខ្សែត្រៀម និង ៤ ខ្សែត្រៀមឯណោះ ព្រោះខ្សែត្រៀមទី ១ ជំនាន់យើងខ្ញុំនេះ បើថាទៅៗហើយ។ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី តើមានឧបនាយករដ្ឋមន្ត្រីប៉ុន្មាននាក់អាយុតិចជាងខ្ញុំនោះ? ភាគច្រើនសុទ្ធតែអាយុច្រើនជាងខ្ញុំ។ យើងបណ្ដុះបណ្ដាល អូន ព័ន្ធមុនី្នរ័ត្ន តាំងពីធ្វើលេខាខ្ញុំផ្ទាល់ រហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំអាស៊ាន តើនោះជាសារអ្វីទៅ? សូមជម្រាបជូនឱ្យច្បាស់នូវការរៀបចំ កុំមួយថ្ងៃៗ ត្រៀមតែផ្ទេរអំណាចឱ្យ ហ៊ុន ម៉ាណែតៗ។ គណបក្សប្រជាជន ធនធានមនុស្សសម្បូរបែប ហើយបណ្ឌិតមិនតិចទេ។ អ្នកឯងនិយាយត្រូវ ខ្ញុំ Ok ជាមួយអ្នកឯង។ ស្ថិតក្នុងចំណោមមនុស្សម្នាក់នៃបេក្ខជនមនុស្សផ្សេងទៀត។
សព្វថ្ងៃនេះ ខ្ញុំដូចជាធ្វើចត្តាឡីស័ក តែគ្រាន់តែខុសត្រង់ថាអ្នកទាំងអស់គ្នាមកជួបខ្ញុំ។ ឥឡូវត្រឡប់ទៅវិញ តែក្រុមផ្សាយបន្តផ្ទាល់នេះ គឺអត់មានឱ្យទៅផ្ទះទេ ត្រូវដេកនៅហ្នឹង ត្រូវការឱ្យផ្សាយទៅទូរទស្សន៍ជាតិ រួចហើយចាំយកទៅផ្សាយតាមទូរទស្សន៍ដទៃទៅ។ ខុសគ្នាត្រង់ថា កូន និងចៅខ្ញុំមកពេញបន្ទប់។ ហើយថ្ងៃនេះត្រូវជាខួបកំណើតនៃភរិយារបស់ខ្ញុំ ប្រហែលមកទាំងកូនមកទាំងចៅ។ ឥឡូវគាត់អាយុ ៦៦ ចូល ៦៧ គាត់ប្អូនខ្ញុំតែ ២ ឆ្នាំទេ តែគាត់នៅស្អាត។ សរសើរដែរ ប្រពន្ធយើងស្អាតយើងមិនថាស្អាតយ៉ាងម៉េច។ ការពិត បើមិនស្អាត ហ៊ុន សែន មិនយកទេ និយាយអួតបន្តិចទៅចុះ វាជារឿងពិតមែន។ ហើយក៏ជិតដល់ខួបលើកទី ៤៥ នៃថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ ៥ មករា ដែរ។ នៅក្នុងខែមករា នេះសុំបញ្ជាក់ ខ្ញុំនឹងបានចៅទី ២២។ ចៅទី ២១ ទើបបាន ៦ ខែ ចេះក្រឡាប់ ឥឡូវចៅទី ២២ ជិតមកដល់ហើយ កើតក្នុងសម័យកូវីដ១៩ …។
អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ ជំនួសការដាក់ប្រទេសក្នុងភាពមានអាសន្ន
សាជាថ្មីម្តងទៀត ខ្ញុំលើកដៃសំពះអង្វរករចំពោះប្រជាពលរដ្ឋររបស់យើង យោគយល់នូវការលំបាកសម្រាប់ផ្ទាល់ខ្លួន សម្រាប់ក្រុមគ្រួសារ សម្រាប់សហគមន៍ ដូចដែលខ្ញុំលើកដៃអង្វរករសូមផ្អាកការចូលឆ្នាំប្រពៃណីជាតិ។ ខ្ញុំសូមបង្ហាញនូវអ្វីដែលជាការរៀបចំទុក តែខ្ញុំមិនប្រើវាទេ។ នេះគឺជាពង្រៀងព្រះរាជក្រឹត្យស្តីពីការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ពង្រៀងអនុក្រឹត្យស្តីពីវិធានការអនុវត្តស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ពង្រៀងលិខិតថ្វាយទៅព្រះមហាក្សត្រ ពង្រៀងលិខិតទៅប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ដើម្បីសូមការយល់ព្រម ស្របទៅតាមច្បាប់។ ប៉ុន្តែ ខ្ញុំប្តេជ្ញាថាខ្ញុំនឹងមិនប្រើប្រាស់វាទេ ខ្ញុំសុខចិត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជំនួសវិញ ព្រោះបើសិនប្រើប្រាស់ គឺប្រជាពលរដ្ឋយើងនឹងត្រូវបាត់បង់ធំធេងណាស់។ នាយករដ្ឋមន្ត្រីនៅប្រទេសមួយបានប្រើពាក្យថា អ្នកណានៅខេត្តណា គឺនៅខេត្តនោះ អ្នកណានៅស្រុកណា គឺនៅស្រុកនោះ អ្នកណានៅឃុំណា គឺនៅឃុំនោះ អ្នកណានៅភូមិណា គឺនៅភូមិនោះ អ្នកណានៅផ្ទះណា គឺនៅផ្ទះនោះ ហើយប្រសិនបើហ៊ានបំពានគឺត្រូវទទួលទោសទណ្ឌ។
អញ្ចឹងក្រោយមកមានអ្នកចេញមកធ្វើអត្ថាធិប្បាយ។ ខ្ញុំក៏បង្ហោះហ្វេកប៊ុកមួយទៅ ដើម្បីរុញច្រាន។ ខ្ញុំមិនប្រើវាទេ ព្រោះប្រជាពលរដ្ឋនៅមានការចូលរួម បើគ្មានការចូលរួមពីប្រជាពលរដ្ឋ កុំសង្ឃឹមថា យើងអាចត្រួតត្រាបានសភាពការណ៍។ ឥឡូវ សភាពការណ៍ស្ថិតក្រោមការត្រួតពិនិត្យរបស់យើងហើយ ប៉ុន្តែគ្រាន់តែមិនអាចបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា នេះបាន ដោយហេតុផលទាំង ៥ ខាងលើ។ សូមឱ្យបន្តស្ថានភាពនេះតទៅទៀតសិន យើងមិនបានបិទរោងចក្រទេ ព្រោះរោងចក្រគេរក្សាគម្លាតរបស់គេ តែអ្វីដែលយើងសូមគឺការជួបជុំដែលមានមនុស្សច្រើន ការប៉ះពាល់គ្នាស្អីៗហ្នឹង សូមផ្អាកសិនមួយរយៈទៀត។
អញ្ចឹងសូមប្រកាសឡើងវិញ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា គ្រប់គ្រងបានហើយ តែមិនទាន់អាចប្រកាសបញ្ចប់បានទេ។ យើងក៏មិនច្បាស់ថា បើទោះបីជាប្រកាសបញ្ចប់ តើវានឹងអាចកើតក្នុងសហគមន៍ជាលើកទី ២ ឬលើកទី ៣ ទេ? ដើម្បីបញ្ចៀសនូវការប្រកាសបិទបញ្ចប់ហើយបើកឡើងវិញ បង្កើតនូវព្រឹត្តិការណ៍ ៣ វិច្ឆិកា មក ២៨ វិច្ឆិកា រហូតទៅដល់ដូចថា ១៥ មករា អីជាដើម មិនអាចធ្វើអញ្ចឹងទេ។ យើងទ្រាំបាន ហើយក៏មិនមានការហាមឃាត់ប្រជាជនមិនឱ្យធ្វើដំណើរទេ ខុសគ្នាជាមួយនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលត្រូវកម្រិត។ ជួនកាលហាមប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះតែម្តង ហើយទុកតែសេវាមួយចំនួនទេ ដែលអាចនឹងត្រូវធ្វើដំណើរតាមផ្លូវបាន ដូចជាគ្រូពេទ្យ ឬកម្លាំងប្រដាប់អាវុធ អ្នកផ្គត់ផ្គង់ស្អីៗ អាចធ្វើទៅបាន ហាងលក់ទំនិញខ្លះដែលត្រូវផ្គត់ផ្គង់ទំនិញ ថ្នាំពេទ្យស្អីៗហ្នឹង … អំពីបញ្ហាស្ថានភាពនៃកូវីដ១៩ ក្នុងក្របខណ្ឌនៃការឆ្លងចូលសហគមន៍ជាលើកដំបូងដែលខ្ញុំប្រសិទ្ធនាមថា ព្រឹត្តិការណ៍ ២៨ វិច្ឆិកា មិនទាន់បានត្រូវបិទបញ្ចប់ទេ។ អំពាវនាវប្រជាពលរដ្ឋបន្តស្ថានភាពបែបនេះតទៅទៀត។ មិនបានរាំមួយពេល/មួយខែ ក៏វាមិនស្លាប់ដែរ ហើយយើងទ្រាំនៅនឹងផ្ទះទៅ វាសុវត្ថិភាពជាង។ សប្បាយក្នុងក្រុមគ្រួសារទៅ វាសុវត្ថិភាពជាង។
វ៉ាក់សាំង ក្លាយទៅជាចលនាជាតិដ៏ធំ ជាខឿនការពារសុខភាពរបស់ប្រជាជន
ឥឡូវចូលដល់បញ្ហាទី ២ ទាក់ទងនឹងបញ្ហាវ៉ាក់សាំង។ នៅពេលដែលខ្ញុំនិយាយដល់បញ្ហាវ៉ាក់សាំង ខ្ញុំព្រឺរោមភ្លាម។ ខ្ញុំអត់នឹកស្មានថាបញ្ហាវ៉ាក់សាំងបានក្លាយទៅជាចលនាជាតិដ៏ធំ ហើយវាបានក្លាយទៅជាខឿនការពារសុខភាពរបស់ប្រជាជន ដែលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងស៊ីជម្រៅនៅក្នុងជាតិសាសន៍របស់យើងច្រើនយ៉ាងណាស់ ជាពិសេសគឺស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ក្នុងចំនួនដ៏ច្រើនលើសលប់។ ខ្ញុំសូមបញ្ជាក់ថា នៅពេលដែលខ្ញុំបង្ហោះហេ្វសប៊ុកចេញ ខ្ញុំអត់បានគិតដល់បញ្ហាការចូលរួមវិភាគទានពីសំណាក់ប្រជាពលរដ្ឋទេ។ នៅក្នុងសារនោះ សូមមើលឡើងវិញ ខ្ញុំក៏មិនបានអំពាវនាវការចូលរួមរបស់ប្រជាជនទេ។ ខុសពីមនុស្សខ្លះបានលើកឡើងថា លោក ហ៊ុន សែន រៃអង្គាស រហូតដល់ប្រើពាក្យរៃអង្គាសយកមកបើកប្រាក់ខែ ដោយសារតែអត់មានលុយបើកប្រាក់ខែ។ តែខ្ញុំសូមបញ្ជាក់ថា ប្រាក់ខែនៅកម្ពុជា ទឹកលុយដែលទទួលបាននេះ មិនបាន ១ ភាគ ៤ នៃប្រាក់ខែដែលត្រូវចំណាយក្នុង ១ ខែជាង ២០០ លានដុល្លារនោះទេ។ សូមកុំមានការភ័ន្តច្រឡំ ហើយសូមកុំមើលស្រាលទឹកចិត្តប្រជាពលរដ្ឋកម្ពុជាឱ្យសោះ។ ខ្ញុំអត់នឹកដល់ទេ។ ខ្ញុំរលីងរលោងទឹកភ្នែក ព្រោះខ្ញុំអត់នឹកស្មានថា នេះជាចលនាជាតិដ៏ធំទូលំទូលាយ ដែលខ្ញុំប្រសិទ្ធនាមថា ជាខឿនការពារសុខភាពរបស់ប្រជាជន ហើយដែលខ្ញុំប្រៀបធៀបវាទៅនឹងចលនាជាតិ ដែលជាខឿនការពារជាតិរបស់ប្រជាជន ២០០៨ ២០១១ និងមានរហូតដល់សព្វថ្ងៃជាខឿនការពារជាតិរបស់ប្រជាជន។
ខ្ញុំបានដឹងនៅពេលដែលថវិកាត្រូវបានគេចូលរហូតទៅដល់ ៧ លានដុល្លាររួចស្រេចទៅហើយ។ ខ្ញុំទទួលពី Fresh News ត្រឡប់មកវិញតើ។ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចេញ ១ លានដុល្លារ ឃើញ Fresh News ផ្សាយ ស្រាប់បន្តិចឃើញ ហុង ពីវ ៣ លានដុល្លារ ឃើញ គិត ម៉េង ៣ លានដុល្លារ អញ្ចឹងវា ៧លានដុលា្លរបាត់ទៅហើយ។ អញ្ចឹងទេ ក្នុងពេលហ្នឹងចាប់ផ្តើមមើលឃើញ comment ស្រុះគ្នាមកតែម្តងអ្នកខ្លះចូលតាម comment ផង ចូលតាម Messenger ផង ថាខ្ញុំអត់មានលុយច្រើនទេ មានលុយត្រឹម ៥ ម៉ឺនរៀល ឬ ២ ម៉ឺនរៀល តើខ្ញុំចូលនៅឯណា? អញ្ចឹងបានខ្ញុំក៏បង្ហោះមួយទៀតទៅ ដើម្បីដាក់លេខទូរស័ព្ទថាចូលទៅកន្លែងណាខ្លះថែមទៀត។ បន្ទាប់ទៅធនាគារនានាក៏បានចូលរួមចំណែកមកថែមទៀត បញ្ជូលលេខកុងទៅក្នុងនោះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង(បានចូលរួម) ហើយលើកនេះ ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់រាប់ជនពិការ និងកុមារ ដែលសុំលុយឪពុកម្តាយមកចូល ដែលខ្ញុំប្រើពាក្យថា មហាសាល គឺធំធេងណាស់។ ចង់អ្នកណានិយាយអី គឺនិយាយចុះ តែ(ការនិយាយ)នោះគឺជាការប្រមាថទៅលើទឹកចិត្តសប្បុរសរបស់បងប្អូនជនរួមជាតិ របស់ព្រះសង្ឃ ហើយក៏ជាការប្រមាថចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ ដែលព្រះអង្គទាំងទ្វេបានចូលរួមវិភាគទានទាំងពីរព្រះអង្គ ១ លានដុល្លារ ដែលមួយព្រះអង្គ ៥០ម៉ឺនដុល្លារ។ លោក ឧកញ៉ាៗ អាជីវករនានា ខ្លះចូលដល់លាន ចូលដល់ម៉ឺន ដល់សែន រហូតដល់អ្នកដែលចូលត្រឹមតែ ៥០០០ រៀល ៤០០០ រៀល ទឹកប្រាក់វាមិនធំទេ ៤០០០ រៀល ៥០០០ រៀល ឬក៏ ៨០០០ រៀល តែទឹកចិត្តគឺធំណាស់។
មិនបង្កើតមូលនិធិសម្រាប់វ៉ាក់សាំងកូវីដ១៩ តែទទួលយកនូវទឹកចិត្តសប្បុរស
មានបងប្អូនស្នើឱ្យបង្កើតនូវមូលនិធិសម្រាប់វ៉ាក់សាំងកូវីដ១៩ តែខ្ញុំមិនយល់ស្របឱ្យបង្កើតទេ ព្រោះខ្ញុំមិនបានរៃអង្គាសទេ តែទឹកចិត្តរបស់បងប្អូនយើងត្រូវតែទទួល ព្រោះនេះជាប្រទេសរបស់ពួកគេ របស់យើងទាំងអស់គ្នា។ ការប្រមាថចំពោះ ហ៊ុន សែន ថារៃអង្គាសពីប្រជាជន គឺជាការប្រមាថចំពោះព្រះមហាក្សត្រ ជាការប្រមាថចំពោះព្រះសង្ឃ ជាការប្រមាថចំពោះប្រជាពលរដ្ឋរបស់យើង។ ឥឡូវរហូតមកដល់ពេលនេះត្រឹមម្សិលមិញ ថវិកាសរុបទទួលបានពីសប្បុរសជន ៣៨.៤១១នាក់ មានចំនួន ៤៨.០៩៣.៩០៥,១៣ ដុល្លារ និងប្រាក់រៀលចំនួន ៣.៩០០ លានរៀល(និយាយលេខគត់) … នេះជាចំនួនទឹកប្រាក់ដែលយើងទទួលបានត្រឹមពីម្សិល ហើយដែលម្សិលមិញនេះដែរ បានបញ្ចូលទៅក្នុងគណនីរបស់ក្រសួងសុខាភិបាល ដែលមាននៅក្នុងធនាគារកាណាឌីយ៉ាចំនួន ២៦.០៤២.៦៧៧ ដុល្លារ និងប្រាក់រៀលចំនួន ៣៩០០ លានរៀល និយាយលេខគត់ គិតត្រឹមថ្ងៃពីម្សិល។
ទឹកចិត្តរបស់បងប្អូនធំធេង មហាសាល ហើយមានតាំងពីគ្រប់ស្រទាប់វណ្ណៈ កម្មករ កសិករ បងប្អូនជនពិការ អាជីវករ សិល្បករ/ការិនី អ្នកកីឡា គ្រប់មជ្ឈដ្ឋានទាំងអស់ហើយ។ ទូលបង្គំខ្ញុំសូមយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈដែលព្រះអង្គបានព្រះរាជទាននូវថវិកាសម្រាប់ការទិញវ៉ាក់សាំងនេះ។ អរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជនទាំងអស់ ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនូវថវិកានេះ រាប់ទាំងអ្នកមិនបានចូលរួម ក៏សូមថ្លែងអំណរគុណ គ្រាន់តែចាត់ទុកថារឿងនេះជារឿងត្រឹមត្រូវ ក៏សូមអរគុណផងដែរ ព្រោះខ្លះចង់ចូលតែមិនមានលទ្ធភាពចូល តែក៏បានជួយអបអរសាទរ ក៏សូមអរគុណដែរ។ រាប់ទាំងបងប្អូននៅក្រៅប្រទេស ដែលខ្ញុំតាមស្តាប់ដែរ តាម YouTube … យប់មិញស្តាប់លោកអីមួយឈ្មោះ ចិត្រា ជែម សុខ … ស្តាប់លេងអញ្ចឹងទៅ។ គេ Live Show ជួនកាលស្តាប់លោក ឆៃយ៉ា គាត់វិភាគពីរឿងថៃ អញ្ចឹងទៅ ព្រោះយើងមានពេល យើងស្វែងយល់ពីព័ត៌មាននេះ ព័ត៌មាននោះទៅ វាជារឿងធម្មតាទេ។
ការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា មិនគិតប្រាក់នោះទេ
ខ្ញុំចាត់ទុកថា នេះជាចលនាជាតិដែលត្រូវចិញ្ចឹមវា ហើយចាត់ទុកថានេះជាខឿនការពារសុខភាពរបស់ប្រជាជន ព្រោះជំងឺឈឺថ្កាត់នេះវានៅមានបន្ត។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា បងប្អូនខ្លះបានលើកជាយោ បល់តាមអ្នកនេះ/នោះ រាប់ទាំងចូល comment ក្នុងហ្វេសប៊ុករបស់ខ្ញុំថា សុខចិត្តចេញប្រាក់នៅពេលដែលចាក់ក្រុមគ្រួសារខ្ញុំ ហើយអាចមានបន្ថែមខ្លះ ចង់សំដៅថាអាចនឹងគាត់មានសិប្បកម្មស្អីៗ អាចមានអ្នកនៅជាមួយស្អី គាត់អាចបន្ថែមទៅលើអ្នកនោះ។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា វ៉ាក់សាំងនេះចាក់ដោយមិនគិតប្រាក់ទេ។ នៅពេលដែលវ៉ាក់សាំងមកដល់ គឺយើងចាក់មិនយកប្រាក់ទេ។
ឥឡូវនេះបញ្ហាដែលជាចំណោទសួរ កំពុងតែចោទសួរ បងប្អូនយើងមួយចំនួនថា វ៉ាក់សាំងមកដល់ហើយឬនៅ? ហើយក៏អាចមានសំណួរថា តើនឹងអាចទិញពីប្រទេសណា? ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ តើវ៉ាក់សាំងទិញពីប្រទេសណា? ហើយមកដល់ពេលណា? មកដល់ពេលនេះ ប្រទេសមួយចំនួនបានផលិត និងបានដាក់ឱ្យប្រើប្រាស់រួចហើយ ប៉ុន្តែមិនទាន់ទទួលបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ នៅអាស៊ីរបស់យើងនេះ ហើយដូចជាម្សិលមិញនេះនៅប្រទេសណាមួយអនុម័ត ហើយម្ចាស់ប្រទេសហ្នឹងអនុម័តឱ្យប្រើវ៉ាក់សាំងរបស់ចិន ដូចជា Sinovac ឥណ្ឌូនេស៊ី ប្រើប្រាស់ Sinovac ហើយម្សិលមិញនេះ ប្រធានាធីបតីហ្វីលីពីន ប្រុងទិញពីចិនដែរ ប៉ុន្តែចិនក៏មិនទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកទេ។ រុស្សីបានប្រើប្រាស់ហើយ ហើយក៏បានសុំទៅអង្គការសុខភាពពិភពលោក តែអង្គការសុខភាពពិភពលោកមិនទាន់បានទទួលស្គាល់នៅឡើយទេ។ អាមេរិក អង់គ្លេស និងអាល្លឺម៉ង់ បានផលិត និងបានប្រើប្រាស់ហើយ ប៉ុន្តែអត់ទាន់មានវ៉ាក់សាំងណាមួយត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកទេ។
ជាសមាជិក COVAX កម្ពុជានឹងបានវ៉ាក់សាំង ២០% នៃប្រជាជនសរុប តែត្រូវមានបដិភាគ ៥% នៃតម្លៃ
សម្រាប់យើង តើយើងត្រូវទិញវ៉ាក់សាំងតាមរបៀបណា? យើងបានធ្វើកិច្ចការងារនេះមួយចំនួនហើយ … ខ្ញុំសូមបញ្ជាក់ ប្រទេសយើងគឺជាប្រទេសដែលជាសមាជិកមជ្ឈមណ្ឌល COVAX។ មជ្ឈមណ្ឌល COVAX នេះ ជាផ្នែកមួយនៃការគាំទ្រនៃដំណើរការរបស់អង្គការសុខភាពពិភពលោក ដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ COVAX នឹងផ្តល់ឱ្យយើង ២០% នៃចំនួនប្រជាជនសរុប។ បើ COVAX ផ្តល់ឱ្យយើង ២០% នៃចំនួនប្រជាជនសរុប យើងនឹងបានសម្រាប់ ៣ លាន ២ សែននាក់។ យើងទៅតាមយន្តការ COVAX។ ច្បាស់ណាស់ថា COVAX នឹងមិនទិញវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់នោះទេ យើងជឿទុកចិត្តចំពោះដៃគូរបស់យើង។ ការផ្ដល់តាម COVAX តម្រូវឱ្យកម្ពុជាមានថវិកាបដិភាគ ៥%។ បើ ១ លាននាក់វាត្រូវ ២ លាន ដូស។ បើ ៣ លាន ២ សែននាក់ វាត្រូវ ៦ លាន ៤ សែន ដូស។ យើងត្រូវបដិភាគ ៥% នៃតម្លៃនោះ ដែលមកដល់ពេលនេះមិនទាន់មានការកំណត់ថ្លៃជាក់លាក់នៅឡើយទេ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម ម៉ម ប៊ុនហេង បានចុះហត្ថលខាសម្រាប់ ២០% នេះរួចហើយ ប៉ុន្តែ តាមយន្តការ COVAX ដែលផ្តល់ឱ្យយើងក្នុង ២០% នេះ គាត់បានបញ្ជាក់ថាគឺផ្តល់បាន ៣% តែប៉ុណ្ណោះ តាមការសន្យាក្នុងជំហានចែកចាយវ៉ាក់សាំងដំបូង … ដូច្នេះបានជាខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅរដ្ឋមន្ត្រីទាំង ២ រូប ឱ្យចុះបញ្ជីជាអ្នកបញ្ជាទិញតាមរយៈ COVAX នូវ ១ លាន ដូស ថែមទៀត ដែលបានបញ្ជូនដល់ COVAX រួចហើយ។ ខ្ញុំចាត់ទុកថានេះមិនមែនជាល្បែងទិញត្រីតាមផ្សារទេ តែភាពហ្មត់ចត់របស់កម្ពុជា។ ឥឡូវនេះ យើងអត់ទាន់ដឹងថា តើវ៉ាក់សាំងនៅប្រទេសណាខ្លះ ដែលគេនឹងទទួលស្គាល់? ប្រហែលជាបើតាមព័ត៌មានខ្លះអាចក្នុងខែមករាទើបមានការទទួលស្គាល់។
បានកំណត់អ្នកទទួលវ៉ាក់សាំងជាអាទិភាព ជាង ៤១ ម៉ឺននាក់
យើងត្រូវការ ១ លានដូសដំបូងសម្រាប់មនុស្ស ៥០ ម៉ឺននាក់ ដែលក្នុងនោះ យើងមានបញ្ជីរួចស្រេច។ អ្នកដែលមានអាទិភាព មានជាង ៤១ ម៉ឺននាក់ ដែលត្រូវទទួលបានមុនគេ។ ក្នុងនោះ មានតាំងពីអ្នកប្រមូលសំរាម អនាម័យទីក្រុង ដែលប្រឈមជាមួយនឹងសភាពការណ៍ មានទាំងអ្នកបើកបរដឹកជញ្ជូន ជាតាក់ស៊ី ជាកង់បី មានបុព្វជិតសាសនា មានកីឡាករ/ការិនី មានកងទ័ព នគរបាល មន្រ្តីអប់រំ សុខាភិបាល មន្ត្រីផ្នែកពន្ធដារ មន្ត្រីគយ រដ្ឋាករ មន្ត្រីផ្នែកតុលាការ តាំងពីតុលាការកំពូល ឧទ្ធរណ៍ និងរាជធានី/ខេត្ត មានមេធាវី មន្ត្រីពន្ធនាគារ មន្ត្រីឧទ្យានុរក្ស រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល មន្ត្រីអគ្គនាយកដ្ឋានការពារ… មន្ត្រីអគ្គិសនី មន្ត្រីបុគ្គលិករដ្ឋាករទឹក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត/រាជធានី ក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ គណៈអភិបាលស្រុក/ខណ្ឌ មន្ត្រីឃុំ/សង្កាត់ ស្មៀនឃុំ/សង្កាត់ សមាជិកប្រធានភូមិ អនុប្រធានភូមិ សមាជិក វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារ គ្រឹះស្ថានឧត្តមសិក្សា។ យើងនឹងបន្តអាទិភាពរើសទៀត ព្រោះអ្នកដែលនៅជួរមុខប៉ះពាល់ជាមួយមនុស្ស។ ឧទាហរណ៍ ហេតុអីបានជាឱ្យស្មៀនឃុំ/សង្កាត់ ស្មៀនឃុំ/សង្កាត់គ្នាត្រូវធ្វើការជាមួយប្រជាពលរដ្ឋ ដែលទៅធ្វើសំបុត្រស្នាមស្អីៗនេះ គាត់ត្រូវតែមានប្រដាប់ការពារ។
ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ COVAX ផ្តល់ឱ្យយើងត្រឹមតែ ២០% ហើយផ្តល់ដំបូងបានតែ ៣% ទេ ប៉ុន្តែយើងមានតម្រូវការចាក់ប្រជាជន ៨០% ឡើងទៅ ទើបមានភាពស៊ាំ។ បើ ៨០% យើងនឹងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់យើងមានចំនួន ១២.៨០០.០០០ នាក់ ហើយនិយាយលេខគត់អាចចាត់ទុកថា ១៣លាននាក់ មិនមែន ១០ លាននាក់ ដូចដែលខ្ញុំព្រះករុណាខ្ញុំបានបង្ហោះតាមហ្វេសប៊ុក (ដែលតួលេខនោះ)នោះគឺជាការបញ្ចេញទិន្នន័យមុនពេលគណៈកម្មការមានការប្រជុំ ដែលដឹកដោយឯកឧត្តម អូន ព័ន្ធមុនី្នរ័ត្ន។ អញ្ចឹងយើងត្រូវការចាក់វ៉ាក់សំាងដល់មនុស្សពី ៨០% ឡើងទៅ ស្មើនឹងមនុស្ស ១៣ លាននាក់ ជុំវិញ ១៣ លាននាក់ លើក្រោមបន្តិច។ អញ្ចឹងនៅសល់តែកុមារទេ ដែលមិនបានធ្វើវ៉ាក់សាំង។ ឯមនុស្សពីអាយុ ១៥ ឆ្នាំឡើងទទួលបានវ៉ាក់សាំង ព្រោះយើងមានប្រជាជនតែ ១៦ លាននាក់ ហើយបើចាក់អស់ ១៣ លាននាក់ហើយ អញ្ចឹងនៅសល់តែកុមារ និងជំទង់ទេ។ ឯជំទង់ពីអាយុ ១៥ ឆ្នាំ ឬ ១៦ ឆ្នាំឡើង ទទួលបានវ៉ាក់សាំង ដោយឥតគិតប្រាក់ទាំងអស់។ ឥឡូវថវិកា ៤៨ លានជាងរបស់សប្បុរសជនអាចប្រើប្រាស់បានមួយចំណែកតូច។
យើងមិនបានរៃអង្គាសទេ ប្រជាជនកម្ពុជាអ្នកបរិច្ចាគជួយដល់ប្រជាជនក្នុងគ្រាមានអាសន្ន
អ្នកខ្លះមកចោទប្រកាន់ថាខ្ញុំព្រះករុណាខ្ញុំ ជាអ្នករៃអង្គាស តែយើងមិនបានរៃអង្គាសទេ ប្រជាជនកម្ពុជាអ្នកបរិច្ចាគជួយដល់ប្រជាជនក្នុងគ្រាមានអាសន្ន។ រលំអគារនៅខេត្តព្រះសីហនុ និងនៅកែប មានសប្បុរសជនចូលរួមភ្លាម ទឹកជំនន់ព្រឹបៗ មានប្រជាជនចូលរួមភ្លាម។ សម័យកូវីដចាប់ផ្តើម មានប្រជាជនចូលរួមភ្លាម ដោយនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែតែម្តង ដែលទឹកប្រាក់នោះនៅដាច់ដោយឡែក ដែលចំណាយក្នុងជិត ៣០ លានដុល្លារនោះ គឺចំណាយអស់ជិត ២០ លាន នៅសល់ជិត ៨ លាន។ ការកាត់ប្រាក់ខែរបស់មន្ត្រីរាជការប្រមាណជិត ១០ លាន គឺនៅសល់។ ឥឡូវថវិកានេះត្រូវទុកដោយឡែក ថវិកាជាតិវ៉ាក់សាំង ដែលមានគណនេយ្យរបស់ក្រសួងសុខាភិបាល គឺមិនយកមកក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ ហើយក៏ខ្ញុំព្រះករុណាខ្ញុំក៏អត់កាន់លុយហ្នឹងដែរ។
ពិតហើយបានលឺសម្លេងអ្នកខ្លះ សុំចូលរួមត្រួតពិនិត្យការចាយលុយ … ខ្លួនឯងមិនចូលរួមសូម្បីតែមួយសេន តែបែរជាមកសុំចូលរួមគ្រប់គ្រងលុយ។ នៅពេលដែលច្បាប់អង្គការក្រៅរដ្ឋាភិបាលគ្រាន់តែសុំរបាយការណ៍អំពីប្រការថាបានលុយមកពីណា ខ្លួនឯងមិនព្រមរាយការណ៍ផង ជំទាស់។ គួរឱ្យអាណិត គួរឱ្យអាសូរភាពល្ងង់ពេក … ហើយបើឱ្យ NGO មួយចូល NGO រាប់ពាន់គេចង់ចូលដែរ វាយ៉ាងម៉េច? យើងមានយន្តការគ្រប់គ្រាន់ហើយ សុំអរគុណការកង្វល់របស់អស់លោកអំពីតម្លាភាព។ តែសុំបញ្ជាក់ថា បើប្រជាជនកម្ពុជាមិនជឿជាក់ទេ ប្រជាជនកម្ពុជាក៏មិនចូលលុយដែរ។ សុំបញ្ជាក់ជូន អស់លោកអាចទៅរៃខ្លួនឯងសាកល្បងមើល។ បើមិនមានព្រះមហាក្សត្រ និងហ្លួងម៉ែបច្ចុប្បន្ន បើមិនមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប្រជាជនអាចជឿទុកចិត្តបានប៉ុន្មាន? អស់លោកទៅធ្វើខ្លួនឯងទៅ ហៅទៅប្រមូលទៅ ដាក់ស្រោមសំបុត្រយកទៅ។ ខ្ញុំអត់បានរៃទេ យើងបម្រុងទុកថវិកា ដែលក្នុងចំណារថ្ងៃមុននេះ នេះជាចំណារឯកភាពតាមស្មារតីអង្គប្រជុំ ហើយក៏សុំឱ្យរដ្ឋត្រៀមបញ្ចេញថវិកា ១០០ លាន ដោយមិនរង់ចាំជំនួយ តាមរយៈ COVAX នោះឡើយ។
សរុបយើងមាន ៥៣៨ លានដុល្លារ សម្រាប់ទិញវ៉ាក់សាំង
… ឥឡូវនេះ ក្រៅពីទុនរបស់រដ្ឋដែលយើងត្រៀមបម្រុងក្នុងរង្វង់ ១០០ ទៅ ២០០ លានទៅលើបញ្ហាវ៉ាក់សាំង បូកជាមួយនឹងថវិកាសប្បុរសជន ៤៨ លាន យើងបានទទួលរួចមកហើយនូវថវិកា ដែលអាចប្រើប្រាស់បានក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច នោះពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន ២៥០ លានដុល្លារ បានដកសាច់ប្រាក់មករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។ ពី JICA របស់ជប៉ុនស្មើនឹង ២៥ ពាន់លានយេន សមមូលនឹង ២៣៨ លានដុល្លារ កំពុងរៀបចំបែបបទដកយកសាច់ប្រាក់មករក្សាទុកនៅធនាគារជាតិកម្ពុជា និង ទី ៣ ពី EDCF របស់កូរ៉េខាងត្បូងចំនួន ៥០ លានដុល្លារ បានដកសាច់ប្រាក់មករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។ ដូច្នេះយើងមានប្រាក់ក្នុងដៃចំនួន ៥៣៨ លានដុល្លារ ដោយមិនទាន់គិតអំពីប្រាក់បម្រុង គេហៅថា ប្រាក់សន្សំរបស់រដ្ឋាភិបាល។
ខ្ញុំត្រូវនិយាយឱ្យបានច្បាស់ ខ្លះចោទសួរពីរឿងនេះ/នោះ ប៉ុន្តែខ្ញុំយល់ ការចោទសួរនោះ គោលបំណងធំជាងគេឱ្យខ្ញុំនឹកឃើញ និងប្រតិកម្មនិយាយដល់ឈ្មោះគេតែប៉ុណ្ណោះ។ ចាំទៅ ពីថ្ងៃនេះទៅ ហ៊ុន សែន មិនត្រឹមតែមិននិយាយរកអ្នកឯងទេ មិនចរចាជាមួយអ្នកឯងទេ សូម្បីតែឈ្មោះអ្នកឯងក៏មិននិយាយដែរ។ អ្នកឯងពឹងពាក់លើការនិយាយរបស់ ហ៊ុន សែន តែប៉ុណ្ណោះ ដើម្បីកុំឱ្យគេភ្លេច។ ហ្នឹងទុកឱ្យ ជេម សុខ ទុកឱ្យ លោក ចិត្រា ឬលោកណាៗទៀត Live show និយាយទៅ ប៉ុន្តែគេក៏មិននឹកឈ្មោះដល់អ្នកហ្នឹងដែរ … គេកាន់រដ្ឋមួយ គេគ្រប់គ្រងរដ្ឋមួយ បើគេភ្លើ គេល្ងង់ វាដួលរលំបាត់ហើយ ហើយគួរតែបន់ស្រន់ឱ្យវាល្ងង់ទៅ បើចង់មកធ្វើនាយករដ្ឋមន្ត្រីជំនួស ហ៊ុន សែន គួរតែបន់ឱ្យ ហ៊ុន សែន ល្ងង់ទៅ វាល្អ។ ម៉េចក៏ចាំបាច់មកបង្រៀន ហ៊ុន សែន? បើចង់ផ្តួល ហ៊ុន សែន គួរតែទុកឱ្យវាទៅ រុញទូកបណ្តោយទឹកឱ្យអាហ្នឹងវាល្ងង់ទៅ។ ប៉ុន្តែសុំកុំភ័ន្តច្រឡំ ជួរ CPP មិនមែនជារឿងធម្មតាពេកទេ បណ្ឌិតរាប់ភ្លេច …។
ទិញវ៉ាក់សាំងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក, មិនយកប្រជាជនខ្លួនធ្វើតេស្តវ៉ាក់សាំង
ខ្ញុំអាចបញ្ជាក់ជូនបានថា យើងបានរៀបចំតាមរយៈយន្តការ COVAX សម្រាប់ ២០% ធ្វើលិខិតស្នាមរួចហើយ ទិញថែមតាមរយៈ COVAX ១ លានដូស ក៏បានបញ្ជាទិញរួចហើយ តែត្រង់ថា មកដល់ពេលណា ខ្ញុំឆ្លើយអត់ទាន់បាន ព្រោះសុំបញ្ជាក់ថា កម្ពុជាទទួលទិញតែវ៉ាក់សាំងរបស់ប្រទេសណា ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណានោះទេ ហើយរឿងនេះជាជំហរដាច់ខាតរបស់ ហ៊ុន សែន។ ឆ្នាំ ២០០៥ រដ្ឋមន្ត្រីសុខាភិបាលពេលនោះ គ្រោងយកថ្នាំជំងឺអេដស៍ យកមកសាកល្បងនៅស្រុកខ្មែរ បានខ្ញុំប្រាប់ថា ប្រជាជនកម្ពុជាមិនមែនជាមនុស្សសម្រាប់ធ្វើតេស្តថ្នាំសម្រាប់ប្រទេសណាទាំងអស់។ សុំទាត់ចោលរឿងហ្នឹង។ ទោះបីឱ្យជំនួយទទេក៏អត់យកដែរ ព្រោះនេះវាពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ មិនទាន់ធានាច្បាស់លាស់ផង គេឱ្យយើងៗអរគុណគេ យកមកចាក់ស្លាប់ប្រជាជនតែម្នាក់ ២ នាក់ ឬក៏សុខភាពប្រជាពលរដ្ឋត្រូវបានប្រែប្រួល គឺជាមហន្តរាយ។ អញ្ចឹងសុខចិត្តអង្គុយរង់ចាំ ហើយសុខចិត្តពាក់ម៉ាស ប្រសើរជាងភាពមិនច្បាស់លាស់។ ឧទាហរណ៍ គេផ្តល់ជំនួយ ១០ ម៉ឺនដូស យកមកចាក់ឱ្យប្រជាជន ៥ ម៉ឺននាក់ បែរជាមាន ១០ នាក់ ឬ ២០ នាក់គ្រោះថ្នាក់ គឺជារឿងអកុសល។
នេះជាគោលជំហររបស់ ហ៊ុន សែន ដែលផ្តល់អនុសាសន៍គ្រប់ពេលឱ្យក្រសួងសុខាភិបាលមិនត្រូវយកវ៉ាក់សាំងណា ដែលមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក យកមកប្រើប្រាស់ ដែលប្រៀបដូចជាការធ្វើតេស្តថ្នាំសម្រាប់ក្រុមហ៊ុន ឬប្រទេសនោះទេ។ និយាយយ៉ាងដូច្នេះ សុំអភ័យទោសពីប្រទេសនានា ក្រែង(យល់)ថា (ការនិយាយដូចនេះ សំដៅទៅការដែល) គេក៏មិនទាន់ទទួលស្គាល់(វ៉ាក់សាំង ហើយបានយកវ៉ាក់សាំង)ទៅចាក់ ហើយថាធ្វើតេស្ត(លើប្រជាជន)។ មិនមែនទេ តែនេះជាករណីដាច់ដោយឡែករបស់កម្ពុជាតែប៉ុណ្ណោះ។ ក៏ដូចគ្នានោះដែរ បញ្ហាទាក់ទងនឹងបច្ចេកវិទ្យា ហ៊ុន សែន បាននិយាយតាំងពីឆ្នាំ ១៩៨៨ ថាកម្ពុជាមិនមែនធុងសំរាមនៃការបោះចោលបច្ចេកវិទ្យាហួសសម័យទេ។ អញ្ចឹងបានជាឃើញប្រើរបស់របរនៅកម្ពុជា ទូរស័ព្ទអត់មានរខេករខាក analogue ចុះ analogue ឡើងទេ analogue ប្រើតែមួយរយៈកាលខ្លីទេ បន្ទាប់ទៅ digital។
ត្រូវគិតគ្រប់ជ្រុងជ្រោយពីការដឹកជញ្ជូន និងការរក្សាទុកវ៉ាក់សាំង
សុំបញ្ជាក់ជូនទៅលើបញ្ហានេះឱ្យបានច្បាស់ ដែលខ្ញុំព្រះករុណាខ្ញុំយល់ថាមានការចាំបាច់ ហើយ ព្រះសង្ឃត្រូវការចង្ហាន់ តែខ្ញុំព្រះករុណាខ្ញុំ អត់ទាន់ចប់ទេ។ នេះទើបនឹងរឿងដល់ត្រឹមវ៉ាក់សាំង ហើយវ៉ាក់ សាំងនេះទៀតសោត គឺខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពចំពោះជាតិខ្មែរ បើទោះបីជាធ្លាប់បានកើត រឿងរ៉ាវ តែខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពដែលបានកើតមកជាខ្មែរ ហើយបានរួមចំណែកជាមួយជនរួម ជាតិក្នុងការកសាងសាមគ្គីភាព ពន្លត់ភ្លើងសង្គ្រាមកុំឱ្យច្បាំងគ្នា សម្លាប់កាប់ចាក់គ្នា ហើយដើរដល់ដំណាក់កាលរួមរួបគ្នា គ្រប់គ្រងរក្សាសន្តិភាព ជម្រុញការអភិវឌ្ឍ ដោះស្រាយបញ្ហាភាពក្រីក្ររបស់ប្រជា ជន មិនទុកឱ្យ(នរណាម្នាក់ស្លាប់ដោយអត់បាយ)។ ឥឡូវដល់ដំណាក់កាលសង្គ្រោះទៅលើមហន្តរាយគ្រោះជំនន់ និងការដោះស្រាយ កូវីដ-១៩ ដែលមានការចូលរួមក្លាយជាចលនាជាតិដ៏ធំ។
ខ្ញុំព្រះករុណាខ្ញុំបាននិយាយហើយ យើងមានតម្រូវការវ៉ាក់សាំងរហូតទៅដល់ ២៦ លានដូស និយាយអញ្ចឹងទៅចុះ ប៉ុន្តែ ឥឡូវនេះ បែបបទនីតិវិធីសម្រាប់ទទួល (សម្រាប់ប្រជាជន) ៣ លាន ២ សែន (នាក់) ស្មើនឹង ៦ លាន ៤ សែន (ដូស) បានធ្វើរួចហើយ។ ១ លានដូសផ្សេងទៀត ធ្វើបែបបទរួចហើយ។ បញ្ជីអាទិភាពមានហើយ ឃ្លាំងកំពុងរៀបចំដែលមានកម្រិតរក្សាទុករហូតដល់ ៨០ អង្សារក្រោមសូន្យ។ អញ្ចឹងបើមានវ៉ាក់សាំង ត្រូវមានកន្លែងស្តុក ហើយពេលដែលមានវ៉ាក់សាំងនេះ ក៏ត្រូវគិតអំពីស្ថានភាពនៃការដឹកជញ្ជូន ដែលខ្ញុំសុំស្នើឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ត្រូវធ្វើការគិតគូរទៅលើបញ្ហា បើសិនជាពេលនេះពុំទាន់មានឡានដឹកជញ្ជូនសម្រាប់ភាពត្រជាក់នៃវ៉ាក់សាំង សម្រាប់យកទៅទីតាំងចាក់ ក៏ត្រូវតែរៀបចំទិញនូវសម្ភារទាំងនោះ។ កន្លងទៅយើងមានហើយ បំពាក់ហើយនៅតាមមណ្ឌលសុខភាពនានា ទៅលើម៉ាស៊ីនត្រជាក់សម្រាប់ការដាក់ទុកវ៉ាក់សាំង។ តែលើកនេះក៏ត្រូវត្រៀមរៀបចំឱ្យបានល្អ វាមិនមែនមានគ្រាន់តែត្រឹមវ៉ាក់សាំងមកដល់ យើងត្រូវការទាំងម្ជុលវាយ៉ាងម៉េច ត្រូវការភាពត្រជាក់ការពារវាយ៉ាងម៉េច សិក្សាឱ្យចប់ ហើយធ្វើវាទៅ។ តែខ្ញុំដឹងយ៉ាងច្បាស់ថា គ្រប់ក្រសួងស្ថាប័នគឺមិនខ្ជីខ្ជាទេ …។
មិនទាន់មានមនុស្សស្លាប់ដោយកូវីដ១៩ សូម្បីតែម្នាក់ទេ
ឥឡូវនេះ វិធានការដែលយើងត្រូវប្រកាន់យកជាបន្តទៀតគឺអ្វីខ្លះ? ខ្ញុំគ្រាន់តែចង្អុលជាចក្ខុវិស័យទេ តែវាក៏អាច ផ្នែកពាក់ព័ន្ធទៅលើរឿងរ៉ាវបច្ចេកទេសដែលក្រសួងសុខាភិបាលបានដាក់ចេញដែរ។ ខ្ញុំមិនមែនផលិតរឿងចេះដឹងហ្នឹងពីខ្លួនឯងមកទេ ខ្ញុំរៀនពីក្រសួងសុខាភិបាលមកដែរ ហើយខ្ញុំក៏សិក្សាខ្លួនឯងដែរ ដើម្បីជាធាតុចូលសម្រាប់ទៅចង្អុលបង្ហាញទៅឱ្យសុខាភិបាលវិញ ព្រោះយើងមិនមែនចេះទាំងអស់ទេ ឯផ្នែកខាងក្រោមក៏ត្រូវការយោបល់ពីខាងលើ ខាងលើក៏ត្រូវការយោបល់ពីខាងក្រោម។ នេះជាបទពិសោធន៍នៃការធ្វើនាយករដ្ឋមន្ត្រីជិត ៣៦ ឆ្នាំ និងក្នុងមុខតំណែងដទៃទៀតជាង ៤០ ឆ្នាំ ដែល (ពួកប្រឆាំងគេ)ចាត់ទុកថាគួរតែចេញទៅកុំនៅផ្តាច់ការ។ គេចោទខ្ញុំថាជាមនុស្សផ្តាច់ការ ក៏ប៉ុន្តែ ខ្ញុំគ្រប់គ្រងអត់ទាន់មានមនុស្សងាប់ទេម៉ោងនេះ តែអ្នកប្រជាធិបតេយ្យខ្លះ (មាន)ប្រជាជនងាប់គរជើង(ក្រោមការគ្រប់គ្រងរបស់ខ្លួន) សុំមើលទៅ ខ្ញុំមិនឌឺ ដៀមដាមឱ្យអ្នកណាទេ ប៉ុន្តែខ្ញុំត្រូវតែជម្រាបជូនប្រជាជនដែរ។
អង្គុយតំណែងនាយករដ្ឋមន្ត្រីមិនមែនជារឿងស្រួលទេ។ មើលសៀវភៅលោក ឆាយ សុផល សរសេរ ដែលរៀបរាប់អ្នកណាធ្វើនាយករដ្ឋមន្ត្រីពីអង្កាល់ណាៗ អត់ទាន់មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីលើស ៥ ឆ្នាំទេ អត់ទេ។ ជំនាន់សម័យមុនឯករាជ្យទៅ ក៏មាននាយករដ្ឋមន្ត្រីអញ្ចឹង ក្រោយសម័យឯករាជ្យព្រះករុណាព្រះអង្គក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គដាក់រាជ្យ តែព្រះអង្គ បានធ្វើខ្លីៗ ហើយបន្ទាប់ទៅ ដល់មកជំនាន់ លន់ នល់ នេះ មាននាយករដ្ឋមន្ត្រី អ៊ិន តាំ បានប៉ុន្មានទៅ រួចនាយករដ្ឋមន្ត្រី ហង់ ធន់ហាក់ មិននិយាយពី លន់ នល់ ទេ ខ្ញុំនិយាយពីឋានៈនាយករដ្ឋមន្ត្រី។ ដល់មក ប៉ុល ពត នាយករដ្ឋមន្ត្រី ៣ ឆ្នាំ មិនបាន ៣ ឆ្នាំ ៨ ខែទេ ព្រោះ ១៩៧៦ ហើយ អញ្ចឹងបានតែប៉ុន្មានឆ្នាំរត់ទៅបន្តនាយករដ្ឋមន្ត្រីនៅក្នុងព្រៃ ដល់ងាប់ រកតែដីកប់មិនបាន។ ក្រោយឆ្នាំ ១៩៧៩ ប៉ែន សុវណ្ណ ធ្វើនាយករដ្ឋមន្ត្រីបានជាង ៥ ខែ ចុងខែ ៦ ឆ្នាំ ១៩៨១ ដល់ដើមខែ ១២ ឆ្នាំ ១៩៨១។ បង ចាន់ ស៊ី បាន ២ ឆ្នាំជាង ឆ្នាំ ១៩៨២-១៩៨៣ ឬ ១៩៨៤ ថាបាន ២ ឆ្នាំកន្លះ។ ដល់ ហ៊ុន សែន ឆ្នាំ ១៩៨៥ ឆ្នាំ ២០២១ ២០២០ ជិតដាច់ហើយ គួរជឿខ្លះទៅបារមីរបស់មនុស្សនោះ។ ស្រុកខ្មែរប្រហែលជាស៊ីនាយករដ្ឋមន្ត្រីសំបើមណាស់។ និយាយយ៉ាងដូច្នេះ មិនមែនឱ្យគោរពបារមីខ្ញុំនោះទេ ក៏ប៉ុន្តែមនុស្សបើគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ក៏មិនអាចរស់រានបានដែរ អាហ្នឹងនិយាយឱ្យពិត អាគមផ្សំអាយូស។ ហ្នឹងខ្ញុំស្តាប់ តាម ជេម សុខ ទេ និយាយរឿងហ្នឹង បានខ្ញុំគិតៗទៅ ដំបូងខ្ញុំសើច អស់ពីសើចទៅថាមែនវ៉ើយ ដូចជា ជេម សុខ ឬក៏អ្នកណាមិនដឹង រឿងពិតវាអញ្ចឹង បារមីមិនដល់អង្គុយវាមិនជាប់។
អ្នកខ្លះជានាយករដ្ឋមន្ត្រីក្នុងហ្វេសប៊ុកអញ្ចឹងទៅ នាយករដ្ឋមន្ត្រីឧទាហរណ៍អញ្ចឹងទៅ វាចេញគ្រប់សព្វ។ តែខ្ញុំជានាយករដ្ឋមន្ត្រីក្នុងតំណែង ហើយធ្វើនាយករដ្ឋមន្ត្រីតាំងពីអត់អីស៊ី ទម្រាំមកដល់ប៉ុណ្ណេះ។ អញ្ចឹងខ្ញុំក៏ត្រូវតែយល់ដឹងដែរ ខ្ញុំត្រូវរៀនដែរ។ តែខ្ញុំមិនចេះរហូតដល់ថ្នាក់ថា ដើម្បីកុំឱ្យឆ្លងជំងឺថាត្រូវដកដង្ហើមឱ្យវែង ឬឱ្យខ្លី ឬធ្វើយ៉ាងម៉េចៗ ខ្ញុំអត់ចេះដល់ថ្នាក់ហ្នឹងទេ។ ខ្ញុំមានលទ្ធភាពត្រឹមតែចលនាឱ្យប្រជាជនចិញ្ចឹមត្រី តែខ្ញុំអត់ចេះចិញ្ចឹមត្រីទេ ប្រជាជនជួបការលំបាកលើអី រឿងចិញ្ចឹមត្រី ខ្ញុំអាចជួយដោះស្រាយ។ ពីមុន ដោះស្រាយតែរឿងបូមទឹកដាក់ស្រែទេ តែដល់ចុះទៅព្រៃវែងមួយសាជួបរឿងថ្លៃភ្លើងថ្លៃដែរ ទាក់ទងទៅនឹងចិញ្ចឹមត្រី ចិញ្ចឹមកង្កែប។ អញ្ចឹង ខាងអគ្គិសនីកម្ពុជាក៏លើកសំណើ ដើម្បីឆ្លើយតបជាមួយនឹងអ្វីដែលនាយករដ្ឋមន្ត្រីបាននិយាយជាមួយកសិករចិញ្ចឹមត្រី។ ខ្ញុំមានត្រឹមលទ្ធភាពចលនាឱ្យប្រជាជនធ្វើស្រូវ ចេះដែរស្ទូង/ដក តែមិនមែនជាឯកទេសទេ តែយ៉ាងណាគេមិនឱ្យនាយករដ្ឋមន្ត្រីទៅស្ទូងទេ។ ខ្ញុំមានលទ្ធភាពជម្រុញឱ្យប្រជាជនដាំខ្នុរ តែខ្ញុំគ្មានលទ្ធភាពពន្យល់ប្រជាជនថាខ្នុរយ៉ាងម៉េចបានផ្អែមទេ។ ខ្ញុំមិនដៀមដាមឱ្យអ្នកណាទេ គ្រាន់តែឧទាហរណ៍ខ្លួនឯង ខ្ញុំចេះមិនគ្រប់ទេ តែពាក្យខ្មែរថាអ្នកចេះដប់ មិនស្មើអ្នកប្រសព្វមួយទេ។ ខ្ញុំមិនមែនអ្នកចេះទេ ក៏ប៉ុន្តែអាចស្ថិតនៅក្នុងផ្នែកអ្នកប្រសព្វ។
ឥឡូវវិធានការដែលត្រូវប្រកាន់យក គឺខ្ញុំសុំចេញនូវអនុសាសន៍ ៤៖
ទី ១ ត្រូវតាមដានអ្នកដែលនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬមិនទាន់ធ្វើចត្តាឡីស័កគ្រប់ចំនួន ថ្ងៃ ឱ្យបានហ្មត់ចត់ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ។ អញ្ចឹង ត្រូវតាមមើល អ្នកខ្លះជាប់ពាក់ព័ន្ធតែអត់ទាន់បានធ្វើតេស្ត ត្រូវតាមមើលអាហ្នឹងនៅសល់អត់? មួយទៀត អ្នកធ្វើចត្តាឡីស័ក តើធ្វើបានគ្រប់គ្រាន់ហើយឬនៅ? អញ្ចឹងអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវធ្វើ កុំពឹងពាក់លើគ្រូពេទ្យ គ្រូពេទ្យគ្នាហត់នឿយណាស់ហើយ។ ខ្ញុំនឹងនិយាយនៅផ្នែកខាងក្រោមរឿងគ្រូពេទ្យ។ ឥឡូវ វីរភាពបានចេញហើយ មុននេះគេជេរគ្រូពេទ្យ ឥឡូវគេសរសើរគ្រូពេទ្យថាជា កងទ័ពអាវស ព្រោះគ្រូពេទ្យយើងពេលនេះមិនមែនគ្រាន់តែព្យាបាល កូវីដ-១៩ ទេ ព្យាបាលអ្នកជំងឺទូទៅដទៃទៀត។ ពីមុន អ្នកមានលុយល្មមៗចេញទៅព្យាបាលនៅក្រៅប្រទេស តែឥឡូវប្រទេសដទៃអត់ឱ្យចូលព្យាបាលក្នុងស្រុក។ ជាដែរតើ។ រាប់ទាំងវះបេះដូង។ ទីប្រឹក្សាខ្ញុំម្នាក់ មួយឆ្នាំគាត់សុំទៅស្រុកបារាំងម្តង។ តែលើកនេះគាត់វះបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ អញ្ចឹងបានចេញមកហើយនូវសមត្ថភាពរបស់គ្រូពេទ្យខ្មែរ ដែលយើងមិនត្រូវមើលស្រាល ហើយចេះឱ្យតម្លៃខ្លួនឯង។ នេះជាអនុសាសន៍ទី ១ អាចចាត់ទុកថាជាអនុសាសន៍ផង ជាបទបញ្ជាផងក៏បាន។ តាមដានអ្នកដែលសេសសល់ ដែលមិនទាន់ធ្វើតេស្តគ្រប់ចំនួន ហើយធ្វើចត្តាឡីស័កមិនទាន់បានហ្មត់ចត់ អាជ្ញាធរក្រោមជាតិត្រូវធ្វើ ត្រូវមើលការខុសត្រូវលើរឿងហ្នឹង។ កុំភ្លេច ខ្ញុំបានរំលឹកចៅហ្វាយខេត្តកណ្តាល (ដែល)តែងតែរាយការណ៍ឱ្យ រំលឹកក្រែងគាត់មកធ្វើចត្តាឡីស័កហ្នឹងខ្វះខាតអី ផ្គត់ផ្គង់ឱ្យគាត់។ រឿងប្រាក់កាក់រឿងលុយតូចតាច តែរឿងកុំឱ្យគាត់ដាច់បាយ បើគាត់មកនេះ គាត់ជាមេគ្រួសារ កូនគាត់នៅផ្ទះអត់អីស៊ី យើងឱ្យទៅ ២ ម៉ឺនរៀលឱ្យទៅផ្ទះ។ គាត់មកធ្វើចត្តាឡីស័កនៅនេះ ហើយយើងផ្ញើលុយទៅឱ្យគ្រួសារទៅ ២ ម៉ឺនរៀលក្នុងមួយថ្ងៃ។ អញ្ចឹងខ្ញុំសម្រេចឱ្យដល់ទៅ ១៥ ថ្ងៃនោះ អញ្ចឹងបើកឱ្យគាត់ទៅ មិនចាំបាច់ឱ្យមួយថ្ងៃ ឱ្យ ២ ម៉ឺនរៀលទេ បើកឱ្យ ៣០ ម៉ឺនរៀល តែម្តងទៅ … នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
ទី ២ ត្រូវអនុវត្ត ៣ ការពារ។ ស្អីទៅ ៣ ការពារ? នេះភាសានេះប្រហែលជាថ្មី ប៉ុន្តែខ្ញុំធ្លាប់លឺលោកជំទាវ ឱ វ៉ាន់ឌីន និយាយហើយ ៣ ការពារ ក្នុងឋានៈគាត់ជាអ្នកនាំពាក្យ ហើយក៏ជាអ្នកពន្យល់ទៅលើបញ្ហាអស់ទាំងនេះ។ ៣ ការពាររួមមាន ១ ពាក់ម៉ាស ២ លាងដៃ ៣ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល លើសពី ១ ម៉ែត្រកន្លះឡើងទៅនៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ អញ្ចឹង ៣ ហ្នឹងសំខាន់ ណាស់ ទី ១ ពាក់ម៉ាស ទី ២ លាងដៃ ទី ៣ រក្សាគម្លាតសុវត្ថិភាពឱ្យលើសពីមួយម៉ែត្រកន្លះនៅគ្រប់ទីកន្លែង ហើយអនុវត្តគ្រប់គ្នា។ អញ្ចឹងចង់ចូលហាង ចូលទៅ តែសុំឱ្យដើរឃ្លាតពីគ្នា ពាក់ម៉ាស ហើយមុនចូលហាង លាងដៃនឹងអាល់កុល ហើយទៅអង្គុយឃ្លាតពីគ្នាលើសពី ១ ម៉ែត្រកន្លះ អញ្ចឹងទទួលទានទៅ។ កុំនិយាយលឺៗពេក ទឹកមាត់ខ្ទាត ព្រោះឥឡូវមានម៉ាស៊ីនម្យ៉ាងគេចាប់ គឺភាគតូចល្អិតបំផុតគេចាប់យកបាន។ បច្ចេកវិទ្យាកាន់តែទំនើប។
ទី ៣ ត្រូវបន្តអនុវត្ត ៣ កុំ។ ស្អីទៅ ៣ កុំ? កុំទី ១ កុំចូលទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងប្រើ ម៉ាស៊ីនត្រជាក់ច្រើនពេក រកទីកន្លែងដែលលំហ ទីធ្លា និងមានខ្យល់ចេញចូល។ អញ្ចឹងយើងឃើញហាង ដែលឆ្លងច្រើន ហាងហ្នឹងគេថាបិទជិត ហើយមនុស្សចូលទៅណែន ឆ្លងនៅហាងហ្នឹងតែម្ដង។ ហ្នឹង Zando អញ្ចឹងអ្នកណាចូលនៅហ្នឹង ត្រូវឆ្លងនៅហ្នឹង លើកលែងតែអ្នកដែលមានកោសិកាទប់ទល់ខ្លាំងណាស់។ អញ្ចឹងកុំទី ១ គឺកុំទៅកន្លែងណាបិទជិត ក្នុងហ្នឹងក៏បិទជិតដែរ ម៉ាស៊ីនត្រជាក់ដែរ តែវាមិនមាន ព្រោះយើងនៅគម្លាតឆ្ងាយពីគ្នា ហើយតែគេចេញផុត គេចូលមកបាញ់ថ្នាំសម្លាប់ហើយ ព្រោះខ្ញុំមិនតាំងខ្លួនជាអ្នកក្លាហានទេ សុំតាំងខ្លួនជាអ្នកខ្លាច។ កាលពីជំនាន់ Westerdam ខ្ញុំតាំងខ្លួនជាអ្នកក្លាហាន ជំនាន់ថ្ងៃ ៥ ខែកុម្ភៈ ខ្ញុំតាំងខ្លួនជាអ្នកក្លាហាន ព្រោះពេលនោះមានសភាពការណ៍អីទាន់មកដល់ មកខ្លាចរំបល់យក៍អី? ខ្ញុំទៅប៉េកាំង បន្ទាប់ទៅប៉ុន្មានអាទិត្យក្រោយ ខ្ញុំទទួល Westerdam ចាប់ដៃមនុស្ស ២០០ នាក់ជាង។ Westerdam បើខ្ញុំមិនធ្វើ តើនរណាធ្វើ? បើប្រទេសដទៃគេមិនឱ្យចូលផង។
កុំទី ២ គឺ កុំទៅកន្លែងមានមនុស្សច្រើនកុះករ។ ឧទាហរណ៍ គ្នានៅហ្នឹងកំពុងតែហាត់ប្រាណតាមសួនច្បារ មិនមែនថាមិនឱ្យចេញមកហាត់ប្រាណទេ បើគេហាត់ពេញហ្នឹងហើយ យើងទៅរកកន្លែងហាត់ប្រាណផ្សេង ឬចាំឱ្យគាត់ហាត់ផុត ចាំយើងចូលទៅ ក៏វាមិនទាន់យឺតពេលដែរ។ យើងអត់បានហាមឃាត់ប្រជាជនមិនឱ្យដើរផ្សារនោះទេ ក៏ប៉ុន្ដែ សូមរក្សាគម្លាត កុំកុះករ។
កុំទី ៣ គឺ កុំចាប់ប៉ះពាល់គ្នា កុំចាប់ដៃ កុំអោបគ្នា កុំកៀកស្មាគ្នា ជាដើម នៅពេលជួបគ្នា។ អ្នកមានបញ្ហាសុខភាព ផ្ដាសាយ ឬសង្ស័យថា មានកូវីដ១៩ កុំចេញក្រៅផ្ទះ ឬទៅកន្លែងធ្វើការ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យផ្សេងៗទៀត ដែលខ្ញុំនឹងរាប់រៀបឱ្យអនុសាសន៍នៅផ្នែកខាងក្រោមទៀត។ ប៉ុន្ដែ មិនប៉ះពាល់គ្នា តិចថា(រៀប)ការហើយមិនឱ្យប៉ះពាល់គ្នា ហើយថ្ងៃនេះមានមួយករណីថ្មីដែលជាករណីគម្រូ។ ចែកសំបុត្រការហើយ មិនលុបការចោលទេ។
ថ្ងៃនេះ កូនលោកជំទាវ បូរ៉ាស៊ី គាត់មិនលុបថ្ងៃរៀបការចោលដោយសារការដេញថ្ងៃ តែគាត់ធ្វើតាមរបៀបគន្លងថ្មី។ ឥឡូវបងប្អូនអើយ កូនក្មួយអើយ គ្នារង់ចាំយូរណាស់ (សុំ)ការឱ្យគ្នាតាមរបៀបសែនព្រេនសិនទៅ កូនមួយកូនពីរការ ក៏មិនទាន់យឺតពេលដែរ។ ខ្ញុំសុំនិយាយដោយត្រង់ចុះ ប្រសិនបើគ្នាទ្រាំ(ចាំ)មិនបាន ជួនកាលគ្នាវាខកទៅហើយ អញ្ចឹងសែនព្រេនបន្ដិចទៅ។ ចាំដល់អាការធំ ចាំកូវីដ១៩ចប់សិន ក៏មិនទាន់យឺតពេលដែរ។ ខ្លះគេយកគ្នាមិនទាំងបានការផង។ ដូចខ្ញុំនេះការ ១៣ គូ នោះ ហើយមានអ្នកណាដេញថ្ងៃ ហើយខ្ញុំនៅសុខជាមួយប្ដីប្រពន្ធខ្ញុំរហូត មានចៅដល់ទៅ ២២ ច្រើនជាងគេលើលោកទៅទៀត ក្នុងករណីប្ដី ១ ប្រពន្ធ ១ លើកលែងអ្នកមានប្រពន្ធច្រើនទេ អាហ្នឹងខ្ញុំកន្លងទៅមិនរួចទេ ក្នុងចំណោមមេដឹកនាំដែលមានចៅច្រើន ប្រហែលខ្ញុំជាប់លេខមួយក្នុងអាស៊ាន បើមិនអាស៊ី ក៏អាស៊ានដែរ … ព្រោះសល់តែមួយខែទៀត កើត(បានចៅ)មួយទៀតហើយ។ កុំប៉ះពាល់គ្នា ឥឡូវ លើកដៃ ស៊ីញ៉ូគ្នាអីទៅ ឃើញឃ្លីបគេចាក់ល្អៗ។ ហើយខ្មែរយើងពីដើមតែឃើញលើកដៃហើយ ចាប់ដៃគ្នាទម្លាប់បារាំងតើ ចាប់ផ្ដើមចេះចាប់ដៃគ្នា តាំង ១៩៧០ តាំងសម័យសង្គ្រាម ប៉ុន្ដែកាលពីសម័យសង្គមរាស្ដ្រនិយមអត់ទេ ចាប់ដៃគ្នាតិចតួចណាស់ ក្រៅពីនោះសំពះគ្នា។ តែក្រោយៗមកនេះទេ ទៅជាចេះចាប់ដៃហើយអោបគ្នាទៀត។
(កុំ)ទី ៤ នៅតាមទីកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ធនាគារ ផ្សារទំនើប ត្រូវចាត់ឱ្យមានអ្នកនៅចាំត្រួតពិនិត្យ វាស់កម្ដៅ។ បើមិនមានពាក់ម៉ាស់ មិនឱ្យចូល និងត្រូវមានអាល់កុល ឬជែលលាងដៃ ព្រមទាំងរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើងទៅជាចាំបាច់ កុំឱ្យមានការអង្គុយប្រជ្រៀតតគ្នា និងត្រូវមានការសម្អាតរក្សាអនាម័យល្អ នៅពេលអតិថិជនចេញពីតុ ឬពីកន្លែងខ្លួន។នៅតាមបន្ទប់ទឹក ចាំបាច់ត្រូវមានសាប៊ូសម្រាប់ឱ្យភ្ញៀវលាងដៃ។
ចំណុចនេះសូមរំលឹកអភិបាលរាជធានីខេត្តទាំងអស់ តាមមើល កន្លែងលក់ដូរ អាហារដ្ឋាន ធនាគារ ផ្សារទំនើបស្អីៗនេះ បើមិនត្រូវតាមស្ដង់ដារទេ អភិបាលខេត្ត/រាជធានីមានសិទ្ធិបិទតែម្ដង ខ្ញុំឱ្យអំណាចទៅស្ថាប័នហើយ ទៅរដ្ឋមន្ដ្រីហើយ ទៅចៅហ្វាយខេត្តហើយ មិនចំាបាច់មកសួរថាត្រូវបិទ ឬបើកទេ។ បើមិនគោរពតាមស្ដង់ដារហ្នឹង បិទសិនទៅ គេទៅរកហាងផ្សេងហើយ ព្រោះអញ្ចេះ បើមិនបានចូលហាងទេ គេក៏មានបាយនៅក្នុងផ្ទះដែរ អត់ដាច់ពោះងាប់ទេអាហ្នឹងនោះ។ ខ្ញុំខា្លចជាងគេ ខ្ញុំខ្លាចប្រជាជនដាច់ពោះទេ តែរឿងមិនបានផឹក មិនបានស្រវឹងក្នុងហាង ខ្ញុំអត់ខ្លាចទេ ឱ្យខឹងខ្ញុំសិនចុះ។ តែការខឹងខ្ញុំ មានតម្លៃស្មើនឹងការធានាជីវិតរបស់អ្នកឯង សុខភាពអស់លោកអ្នក។
អញ្ចឹងវិធានការត្រូវប្រកាន់យក ៤ យ៉ាងនេះ ជាប្រធានបទគន្លឹះ ដើម្បីនឹងទប់ទល់។ យើងចាត់ទុកខ្លួនឯងថាជាអ្នកខ្លាចហើយនេះ យើងខ្លាចតាំងពីមិនហ៊ានចាប់ដៃគ្នា ខ្លាចរហូតទៅណាក៏ពាក់ម៉ាស់ ក៏លាងដៃ ទៅណាក៏នៅឃ្លាតពីគ្នា កន្លែងមនុស្សច្រើនក៏ខ្លាច។ យើងធ្វើខ្លាច ទើបយើងឈ្នះកូវីដ១៩ បើយើងធ្វើអ្នកខ្លាំងយើងចាញ់កូវីដ១៩ ហើយ។
ការត្រៀមលក្ខណៈសម្រាប់ឆ្នាំ ២០២១ និងបន្ដទៅខាងមុខ
ឥឡូវនេះ ខ្ញុំចូលដល់បញ្ហា ការត្រៀមលក្ខណៈទុកជាមុនសម្រាប់ឆ្នាំ ២០២១ និងទៅខាងមុខទៀត ដែលអាចកើតឡើងនូវជំងឺឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។ (យើង)ត្រូវប៉ាន់ស្មានទុក ត្រូវចាត់ទុកជឿថាវាអាចមាន ប្រសើរជាងគិតថាវាអត់មាន ព្រោះការចាត់ទុកថាវាអាចអត់មាន គឺជាការប្រមាថ ហើយបើមានការប្រមាថបែបនេះ គឺមិនបានត្រៀមរៀបចំខ្លួនដើម្បីឆ្លើយតបជាមួយសភាពការណ៍ ដែលបានកើតឡើងទេ។សុខចិត្តចាត់ទុកថា មានប្រសើរជាងអត់មាន។ ខ្លួនយើងដូចគ្នា បើមានសង្ស័យដូចជាហៀរសំបោរ ដូចជាមានកម្ដៅ ស្ថានភាពមិនធម្មតា ចាត់ទុកថាយើងមានប្រសើរជាងអត់មាន ដើម្បីយើងរកគ្រូពេទ្យ សុខចិត្តឱ្យគេឆ្កឹះច្រមុះ បំពង់ក ដើម្បីគេយកសំណាកទៅពិនិត្យមើល ប្រសើរជាងឱ្យខ្លួនឯងធ្លាក់ខ្លួនមានជំងឺខ្លួនឯង ហើយឆ្លងទៅកូនចៅ។ ខ្ញុំតែមិនសួ្រល ខ្ញុំរកពេទ្យភ្លាម។ ប៉ុន្ដែ ការនិយាយច្រើន និងយូរ ខ្ញុំតែងតែមានអាការៈបំពង់ក និងច្រមុះ ជួនកាលហៀរសំបោរ ហ្នឹងមិនមែនមកពីកូវីដ១៩ ទេ។ ត្រូវត្រៀមលក្ខណៈសម្បត្តិ យើងកើតក្នុងសហគមន៍ហើយ នឹងអាចកើតក្នុងសហគមន៍តាមនិយមន័យ តាមកន្លែងមួយៗ និងតាមម្ដងម្កាល។ អាហ្នឹងដូចយើងកើតនេះ យើងអាចត្រួតត្រាបាន គ្រាន់តែមិនទាន់បញ្ចប់ ប៉ុន្ដែយើងហ៊ានប៉ាន់ស្មានបានថា (វានឹង)មិនកើតករណីនេះបានទៀតឬទេ? ត្រូវចាត់ទុកថាវា(អាច)កើត ប្រសើរជាងការប្រមាថថាវាមិនកើត។ ចោទចេញជាសំណួរថា តើវាអាចកើតជាទ្រង់ទ្រាយធំទេ ត្រូវចាត់ទុកថាវាមានប្រសើរជាងថាវាអត់ ដែលជាការប្រមាថ ហើយឆ្លើយតបមិនទាន់។ អញ្ចឹង ខ្ញុំសូមឱ្យជាអនុសាសន៍សម្រាប់វិស័យសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់។
អនុសាសន៍សម្រាប់វិស័យសុខាភិបាល និងផ្នែកពាក់ព័ន្ធ
ទី១ ត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយប្រកាន់យកការកែប្រែឥរិយាបថអនាម័យស្អាតជានិច្ច និងអនុវត្ដវិធានការទាំងប៉ុន្មានដែលរៀបរាប់ខាងលើ វិធានការទាំង ៤ ខាងលើ។
ទី ២ ត្រូវត្រៀមលក្ខណៈដោយពង្រឹងសេវាសុខាភិបាលនៅតាមមូលដ្ឋាន ជាពិសេសត្រូវត្រៀមឱ្យមានទីកន្លែងដាក់អ្នកជំងឺកូវីដ១៩ ជៀសវាងការចម្លងរោគបន្ដគ្នា និងបំពាក់សម្ភារបរិក្ខារ ជាពិសេសនៅកន្លែងសង្រ្គោះបន្ទាន់ជាចាំបាច់។ អញ្ចឹងឥឡូវគ្រប់ទីកន្លែងទាំងអស់ត្រូវត្រៀមដាក់អ្នកជំងឺកូវីដ១៩ ត្រូវត្រៀម។ចាត់ទុកថាមាន ប្រសើរជាងចាត់ទុកថាអត់មាន ដើម្បីត្រៀមរៀបចំ។
ប៉ុន្មានថ្ងៃនេះខ្ញុំបញ្ជាឱ្យចេញពីឃ្លាំងនូវម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជីវិត ដែលគ្រាន់តែមន្ទីរពេទ្យខ្មែរសូវៀត បន្ថែមម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៣០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតនេះចំនួន ៥០ គ្រឿង បន្ថែមទៀត ហើយចែកតាមខេត្ត ទៅតាមមន្ទីរពេទ្យនានា។ ឥឡូវសុំឱ្យក្រសួងសុខាភិបាលទិញមកថែមទៀត ព្រោះបើនិយាយពីម៉ាស៊ីនជំនួយការដកដង្ហើម មិនចាំបាច់តែអ្នកជំងឺកូវីដទេ អ្នកជំងឺធម្មតាក៏ត្រូវការពាក់ដែរ អញ្ចឹងបំពាក់វាទៅ លុយយើងមាន ចំណាយលុយវាមិនអាក្រក់ដូចចំណាយជីវិតទេ។ អញ្ចឹងបញ្ជាទិញ មិនត្រឹមតែ ១០០ ឬ ២០០ គ្រឿងទេ ត្រូវការប៉ុន្មានទិញប៉ុណ្ណឹង។ កុំខ្លាចសុំលុយនាយករដ្ឋមន្ដ្រី។
នៅស្រុកខ្មែររដ្ឋមន្ដ្រីហិរញ្ញវត្ថុអត់ហ៊ាន ព្រោះយន្ដការនៅស្រុកខ្មែរអនុវត្តតាមយន្ដការអគ្គបញ្ជាការមួយ និងអគ្គសេនាធិការមួយ។ អគ្គសេនាធិការ គឺចែកចាយលុយទៅតាមការសម្រេចរួចហើយរបស់នាយករដ្ឋមន្ដ្រី សូម្បីតែ ៥ លានរៀល ក៏រដ្ឋមន្ដ្រីហិរញ្ញវត្ថុត្រូវធ្វើអនុក្រឹត្យឱ្យនាយករដ្ឋមន្ដ្រីចុះហត្ថលេខាដែរ ក្នុងករណីចាយខុសច្បាប់ថវិកាដែលបានអនុញ្ញាត នេះជាវិន័យថវិកា។ អញ្ចឹងសូមឯកឧត្តម ម៉ម ប៊ុនហេង រៀបចំឡើងគម្រោងភ្លាម ត្រៀមលក្ខណៈពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋាន។ ត្រូវការអីខ្លះបន្ថែមទៀត? ត្រៀមរៀបចំ។ ចាត់ទុកថាមានប្រសើរជាងអត់។ ដូចជាម៉ាស៊ីនតាមដានជីវិត ម៉ាស៊ីនជំនួយដកដង្ហើម វាមិនចាំបាច់តែកូវីដទេ ក្រៅពីកូវីដឱ្យគាត់ប្រើទៅ ដល់ពេលមានកូវីដប្រើដដែល ដូច្នេះរបស់មានក្នុងដៃរួចស្រេច។ ហើយបើចាំមនុស្សជិតងាប់ហើយ ចាំដឹក(ម៉ាស៊ីន)ពីភ្នំពេញទៅអាហ្នឹងគឺចប់ហើយ។
ទី ៣ ពង្រឹងការតាមដានរុករកអ្នកជំងឺកូវីដ១៩ ដោយប្រើប្រាស់ប្រព័ន្ធសុខាភិបាលនៅតាមសហគមន៍ ដូចជាមណ្ឌលសុខភាព ដែលមានប្រជាពលរដ្ឋ ប្រហែលលើស ៧០% ដែលប្រើប្រាស់សេវាសុខាភិបាលនៅទីនោះ ដើម្បីទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ ដោយយើងមិនបានដឹង ដែលជាបច្ច័យអាក្រក់សម្រាប់ប្រទេសជាតិ ដោយសារការរាតត្បាតធំធេង និងបង្កមហន្ដរាយដល់សេដ្ឋកិច្ច។ ហើយក៏ត្រូវសហការជាមួយគ្លីនិក និងមន្ទីរពេទ្យឯកជនផងដែរ។
អញ្ចឹងយើងត្រូវធ្វើពីក្រោមឡើងលើ ព្រោះត្រូវរៀបចំយ៉ាងម៉េចដើម្បីឱ្យផ្នែកសុខាភិបាលនៅមូលដ្ឋានអាចពិគ្រោះបាន ជាមួយនឹងពិនិត្យ ព្រោះមានការណែនាំហើយ សង្ស័យប៉ុន្មានករណី អីប៉ុន្មានករណីអញ្ចឹង គឺឱ្យមន្ដ្រីសុខាភិបាលមូលដ្ឋានគេអាចបានដឹង ព្រោះបើមិនអញ្ចឹង (ករណី)មានការសង្ស័យ(កូវីដ១៩) បែរជាសុខាភិបាលមូលដ្ឋានមិនបានយកចិត្តទុកដាក់ រាប់ទាំងមន្ដ្រីសុខាភិបាលមូលដ្ឋានខ្លួនឯងក៏ជាអ្នកឆ្លងដែរ។ អញ្ចឹងវាឆ្លងពេញក្នុងសហគមន៍តែម្ដង។ យើងពិនិត្យមើល តើយើងមានមណ្ឌលសុខភាពប៉ុន្មាន ហើយត្រូវបំពាក់អីខ្លះ។
យើងមានសមរភូមិ ៣ ដែលត្រូវវាយ។ សមរភូមិទី ១ ទប់ស្កាត់ការនាំចូល។ ម្សិលមិញនាំចូលបាន ២ នាក់មកទៀត ខ្មែរម្នាក់ និងជប៉ុនម្នាក់ ដែលធ្វើការឱ្យយូនីសេហ្វ។ សមរភូមិទី ២ យើងទប់ស្កាតការឆ្លងក្នុងសហគមន៍ ដែលយើងទប់ស្កាត់បាន ១១ ខែ ចូលដល់ខែ ១២ បុកចូលក្នុងសហគមន៍ តែពេលនេះយើងត្រួតត្រាបានហើយ តែយើងមិនទាន់បិទបញ្ចប់បានទេ។ យើងត្រូវដាក់ថា ថ្ងៃខាងមុខអាចមានករណីបែបហ្នឹងកើតឡើង ហើយអាចមានករណីទ្រង់ទ្រាយធំជាងហ្នឹងកើតឡើងដែរ ជឿថាមានប្រសើរជាងថាមិនមាន។ យើងត្រូវសហការជាមួយមន្ទីរពេទ្យ និងគ្លីនិកឯកជន យើងមិនមែនស្នើសុំឱ្យគាត់ព្យាបាលទេ ក៏ប៉ុន្ដែ បងប្អូនខ្លះគាត់មានប្រាក់កាស ពេលគាត់មានជំងឺ គាត់មិនទៅពេទ្យរដ្ឋ គាត់ទៅគ្លីនិក ឬមន្ទីរពេទ្យឯកជន ក្នុងស្ថានភាពដែលគាត់សង្ស័យថាកូវីដ ត្រូវតែណែនាំគាត់ឱ្យមកកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅភ្នំពេញគឺមន្ទីរពេទ្យខ្មែរសូវៀត និងចាក់អង្រែ ជាពិសេសមន្ទីរពេទ្យខ្មែរសូវៀត។ គ្រប់មន្ទីរពេទ្យទាំងអស់ទាំងរដ្ឋ និងឯកជន ទាំងគ្លីនិក ពេលដែលឃើញមានអាការៈរបៀបហ្នឹង ដែលវាជាសញ្ញាកូវីដ ត្រូវណែនាំ រួចហើយគ្លីនិកនិងមណ្ឌលសុខភាពទាំងនោះក៏ត្រូវបាញ់ថ្នាំសម្លាប់ភ្លាមៗ ក្រែងលោមានលទ្ធភាពនៃការឆ្លង ដែលចូលក្នុងដែនមន្ទីរពេទ្យ ឬគ្លីនិករបស់ខ្លួន។
ទី ៤ បណ្ដុះបណ្ដាលក្រុមគ្រូពេទ្យបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពលើការពិនិត្យ និងព្យាបាល។ យប់មិញ ខ្ញុំខកខានមិនបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ខ្ញុំចង់ផ្ដល់ក្របខណ្ឌបន្ថែមឱ្យគ្រូពេទ្យ។ អញ្ចឹងសូមឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្ដម ម៉ម ប៊ុនហេង និងឯកឧត្តម ព្រំ សុខា ពិភាក្សាគ្នាអំពីការផ្ដល់ក្របខណ្ឌគ្រូពេទ្យបន្ថែម តាមរយៈការប្រឡងជ្រើសរើសឬគ្រូពេទ្យដែលកំពុងធ្វើការតាមកិច្ចសន្យា។ បង្កើនទៅ ហើយឱ្យទទួលមុខងារហ្នឹងតែម្ដង បានសេចក្ដីថា អ្នកណាស្ម័គ្រចិត្តប្រយុទ្ធជាមួយកូវីដ ១៩ ព្រោះ(ខ្លាច)ពេលប្រឡងរួចហើយ ថាបានក្របខណ្ឌហើយ អត់មានជំនាញហ្នឹងផង។ ទោះបីមានជំនាញទូទៅ ជំនាញនេះ/នោះ ក៏ប៉ុន្ដែ យកមកប្រយុទ្ធជាមួយ(ជំងឺឆ្លងកូវីដ១៩)។ ជាលទ្ធភាពខ្ញុំនឹងផ្ដល់អាទិភាពផ្ដល់ក្របខណ្ឌ សុខចិត្តកាត់បន្ថយក្របខណ្ឌនៅស្ថាប័នផ្សេង តែបង្កើនឱ្យពេទ្យ។ ប៉ុន្តែសូមឯកឧត្តម ម៉ម ប៊ុនហេង ពិនិត្យជាបឋម បណ្ដុះបណ្ដាលគ្រូពេទ្យដែលមានស្រាប់ បន្ថែមចំនួនគ្រូពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ឯក្របខណ្ឌថ្មី ខ្ញុំគិតថា ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ម៉ម ប៊ុនហេង ព្រំ សុខា កំពុងមើលហើយ ពិភាក្សាគ្នាទៅ គួរឱ្យប៉ុន្មាន? ឯកឧត្តម ម៉ម ប៊ុនហេង ត្រូវការប៉ុន្មាន? វាមិនងាប់ប្រទេសកម្ពុជាទេ ក្នុងការដែលយើងបន្ថែមគ្រូពេទ្យ។ ហើយគ្រូពេទ្យនេះកុំយកចូលមក ដើម្បីតែបានក្របខណ្ឌ ហើយសុំប្ដូរអត់បម្រើការហ្នឹង។ អត់ទេ។ មិនទទួលទេ។ លក្ខខណ្ឌទទួលយក គឺបម្រើ(ការប្រយុទ្ធនឹង)កូវីដ១៩។
ទី ៥ ពិនិត្យលទ្ធភាពក្នុងការពង្រីកមន្ទីរពិសោធន៍ ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង ព្រោះបើពឹងពាក់តែវិទ្យាស្ថានប៉ាស្ទ័រមួយគត់ គឺអាចជួបការលំបាក ព្រោះវាហួសកម្លាំងក្នុងការធ្វើតេស្ដ នាំឱ្យមានការយឺតយ៉ាវក្នុងការធ្វើអន្តរាគមន៍ឱ្យបានលឿន ជៀសវាងការឆ្លង។
ថ្លែងការកោតសរសើរនិងអរគុណជាពិសេសដល់វិទ្យាស្ថានប៉ាស្ទ័រ និងដៃគូពាក់ព័ន្ធ
និយាយទៅដល់វិទ្យាស្ថានប៉ាស្ទ័រ ខ្ញុំសូមថ្លែងនូវការកោតសរសើរ ហើយអរគុណជាពិសេសចំពោះប៉ាស្ទ័រ ករណីប៉ុន្មានម៉ឺនសំណាកនេះ គឺប៉ាស្ទ័រធ្វើទាំងអស់ ក្នុងករណីសហគមន៍នេះ។ ដៃគូដ៏ល្អរបស់យើង បាននិងកំពុងស្ថិតនៅជាមួយយើង។ ប៉ាស្ទ័រ CDC របស់សហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក យូនីសេហ្វ និងដៃគូដទៃទៀត កំពុងរួមដៃជាមួយយើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បើតាមដែលយើងសិក្សាពីប្រវត្តិរបស់គាត់ គាត់ជាវេជ្ជបណ្ឌិតផ្នែកខាងជំងឺឆ្លងនេះតែម្ដង។ អញ្ចឹងបានជាយើងមានដៃគូល្អៗរួមគ្នាប្រយុទ្ធ។ អញ្ចឹងឥឡូវនៅភ្នំពេញ តើគប្បីត្រូវបន្ថែមសមត្ថភាពក្នុងការធ្វើពិសោធន៍ឬទេ? ព្រោះប៉ាស្ទ័រក្រែងលោហួសកម្លាំង។ សៀមរាបបានដើរហើយ ខេត្តព្រះសីហនុកំពុងតែធ្វើ បាត់ដំបងកំពុងធ្វើ ប៉ុន្ដែនៅភ្នំពេញ ក៏ត្រូវរកវិធីដើម្បីពង្រឹងសមត្ថភាព។ យើង(គួរ)មានមន្ទីរពិសោធន៍មួយ … ដោយប៉ាស្ទ័រជាប់រវល់ ធ្វើការឆ្លង(ពិនិត្យសំណាក)ក្នុងសហគមន៍ ដែលថ្ងៃនេះត្រូវធ្វើតេស្ដប៉ុន្មានរយនាក់ដែលនៅសល់។ អញ្ចឹងបើយើងមានម៉ាស៊ីនមានសមត្ថភាពបែបនេះច្រើន យើងអាចធ្វើបានលឿនជាងមុន ហើយបើសិនជាម៉ាស៊ីននៅខាងប៉ាស្ទ័រគាំង គឺយើងត្រូវតែពិបាកហើយ។ ចំណែកនៅភ្នំពេញមិនខ្វះអគារទេ បន្ថែមតែម៉ាស៊ីននិងបុគ្គលិក។ វិទ្យាស្ថានសុខភាពសាធារណៈរបស់យើងធ្វើក៏រាប់ពាន់រាប់រយសំណាក ដែលអ្នកមកពីខាងក្រៅ ដែលរកឃើញពីម្សិល ឆ្លងក្នុងសហគមន៍ទៅលើករណីទារកម្នាក់ គឺប៉ាស្ទ័រអ្នករក ឯឆ្លងពីខាងក្រៅ គឺវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
ទី ៦ ផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ ជាពិសេស ម៉ាស ខោអាវការពារ ឱ្យបានគ្រប់គ្រាន់ទៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ១៩ ដែលពួកគាត់មានហានិភ័យខ្ពស់ដោយសារជួបអ្នកជំងឺរាល់ថ្ងៃ មុននឹងដឹងថា អ្នកជំងឺមានកូវីដ ឬមិនមាន។ អញ្ចឹងទេចំណុចនេះ ខ្ញុំបានរំលឹករួចហើយ ដាច់ខាតមិនត្រូវឱ្យខ្វះនូវសម្ភារសម្រាប់គ្រូពេទ្យ ដូចនៅប្រទេសជឿនលឿនមួយចំនួន ក្នុងពេលដែលផ្ទុះឡើង គ្រូពេទ្យអត់មានប្រដាប់ការពារផង សូម្បីម៉ាស N95 មិនមានផង។ ខ្ញុំមិនបញ្ជាក់ថាប្រទេសណាទេ។ មានកូនរបស់មន្រ្តីម្នាក់ជាវេជ្ជបណ្ឌិតឆ្លងកូវីដ ដោយសារតែអត់មានម៉ាស អត់មានសម្លៀកបំពាក់ការពារខ្លួន ហើយត្រូវចូលទៅព្យាបាល។ អញ្ចឹងសម្រាប់ខ្ញុំៗឱ្យបទបញ្ជាតាំងពីមុន។ គ្មានអាវុធគ្រប់គ្រាន់ គ្មានរបស់ការពារគ្រប់គ្រាន់ គឺមិនឱ្យចូលព្យាបាលទេ។ ចូលទៅធ្វើអី ឈឺតែម្នាក់ អ្នកចូលទៅអត់មានរបស់ការពារ មិនឡើងដល់ ២ នាក់? អញ្ចឹងវាងាប់អស់មនុស្សទៅហើយ។ ហ្នឹងហៅថា យុទ្ធសាស្រ្ត ហ៊ុន សែន ទៅចុះ។ ឱ្យចូលប្រយុទ្ធ អត់មានកាំភ្លើង ឱ្យខាំនឹងមាត់ឬ? ជំនាន់មុនពេលមានសង្គ្រាម ខ្ញុំកាលនោះនៅធ្វើមេកងអនុសេនាធំ វាយសង្កត់ចង់ងាប់ហើយអស់គ្រាប់រលីងហើយ សុំគ្រាប់ពីក្រោម អត់មកដល់ ស្រែកប្រាប់ទៅខាងក្រោយថា ប្រសិនជាមិនអាចផ្ដល់គ្រាប់ឱ្យខ្ញុំបានទេ សូមផ្ដល់គល់ឫស្សីឱ្យខ្ញុំ។ បទពិសោធន៍អស់ទាំងនោះ វាមិនខុសពីការប្រយុទ្ធជាមួយកូវីដ១៩នេះទេ ហើយកូវីដពិបាកជាងច្បាំងគ្នា ព្រោះច្បាំងគ្នាមើលឃើញ ទាហានឡើងពីជ្រុងណា ខ្មាំងមកពីទិសណា កាំភ្លើងធំវាយមកពីទិសណាដឹងទាំងអស់។ តែកូវីដ១៩ អត់ដឹងអីទាំងអស់។ បើអញ្ចឹងទេ ចាំបាច់ណាស់។ ទាហានឥឡូវគេមានអាវក្រោះការពារខ្លួន តែអ្នកដែលប្រយុទ្ធជាមួយកូវីដ១៩នេះ អាអាវក្រោះវាមិនគ្រប់គ្រាន់ទេ ទាល់តែកំប្លេវាទាំងអស់។ ឥឡូវ សូម្បីតែថ្ងៃមុន ខាងមេប៉ូលីសបាញ់(សារ)មកហើយ គេមានខោវអាវពេទ្យ តែបាញ់ផ្លាកប៉ូលីស សម្រាប់ប្រតិបត្តិការ។ ខ្ញុំអរណាស់ខ្ញុំឃើញអញ្ចឹង។
កន្លែងណាដែលត្រូវការឆែកឆេរៗ ត្រូវឱ្យពួកគាត់ស្លៀកពាក់ សម្លៀកបំពាក់ឱ្យពួកគាត់ អញ្ចឹងទិញថែមមក។ ខ្ញុំថា កុំនិយាយរឿងបញ្ហាថាអត់លុយ ខ្លាចមិនហ៊ានសុំលុយ កុំនិយាយអាហ្នឹង។ ខោអាវពេទ្យមួយចំនួនផលិតនៅស្រុកខ្មែរ ម៉ាក DuPont ទៀត ផលិតនៅកំពង់ចាម និងស្វាយរៀងនេះ។ អញ្ចឹងបានជាយើងមានលទ្ធភាពបញ្ជូនខោអាវ និងស្អីៗមួយចំនួនទៅឱ្យមិត្តភក្តិយើង ជាឡាវ ជាមីយ៉ាន់ម៉ា ជាទីម័រឡេស្ត រហូតដល់ពួកកាសែតបរទេសខ្លះថា ម៉ាសការទូត។ អ្នកថាម៉េចថាទៅ តែកម្ពុជាចិត្តវាអញ្ចឹង។ កម្ពុជាមកដល់ពេលនេះ ប្រើរហូតរាប់សិបលាន។ ស្បែកជើងក៏មិនត្រូវឱ្យខ្វះ។ ក្នុងពេលខ្ញុំជួបជាមួយយុវជនស្ម័គ្រចិត្ត ខ្ញុំថា ក្មួយៗ បើគេមិនឱ្យ កុំចូលណា។
ទី ៧ ប្រព័ន្ធបញ្ជូនជំងឺ ក៏ត្រូវចាត់ចែង និងពង្រឹងសមត្ថភាព ហើយក៏ត្រូវឱ្យមានរថយន្តគិលានសង្គ្រោះសមរម្យ សម្រាប់ដឹកអ្នកជំងឺ និងមានក្រុមគ្រូពេទ្យ ជាពិសេសត្រូវដឹងថា តើការបញ្ជូនចេញ និងចូលនោះ តើត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យមានការចម្លងគ្នា។ ក្នុងនេះ យោងតាមអ្វីដែលឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន បានសុំពេលដែលចុះហត្ថលេខានោះ ប្រាក់ពីជប៉ុនមកចំនួនជាង ២០០ លាន ក៏មាននៅក្នុងគម្រោងនៃការទិញរថយន្តសង្រ្គោះដែរ។ ជប៉ុនមាន ២៥ ពាន់លានយេន សមមូលទៅនឹង ២៣៨ លាន(ដុល្លារ) អញ្ចឹងបើខ្វះមធ្យោបាយទាក់ទងនឹងការដឹកជញ្ជូនផ្ទេរអ្នកជំងឺ យើងអាចទិញថែម។ (រថយន្តគិលានសង្គ្រោះ)នេះវាអត់ផ្អូមទេ ផុតកូវីដទៅ នៅដឹកអ្នកជំងឺតទៅទៀត កុំខ្វល់ … សុំកុំឱ្យក្រសួងដទៃឃើញបើកដៃឱ្យសុខាភិបាល មកទារទិញដែរ អត់មានឱ្យទេ ខ្ញុំត្រូវសន្សំ ហើយកាត់លុយពីអស់លោកក្រសួងនានាថែមទៀត យកមកប្រគល់ឱ្យគ្រូពេទ្យ។
អញ្ចឹងត្រូវមាន គេហៅថា វិធីបញ្ជូនអ្នកជំងឺ។ សព្វថ្ងៃ យើងមានហើយបញ្ជូន តែនេះក្នុងបរិមាណមួយតូច តែយើងត្រូវត្រៀមបម្រុងក្រែងលោវាច្រើនជាង ក្នុងពេលដែលយើងបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគ្រប់ខេត្តគួរតែត្រូវមាន កន្លែងសំខាន់ៗ ជាទូទៅយើងបំពាក់ទាំងអស់។ ប្រើប្រាស់ធនធានដែលយើងបានមកនេះ អាហ្នឹងវាចំគោលដៅ។ ហើយគ្រូពេទ្យ ខ្ញុំមិនចាំបាច់និយាយច្រើនទេ វិធីចេញចូលយ៉ាងម៉េចកុំឱ្យឆ្លងគ្នា ក្រែងលោឆ្លងពេទ្យ អញ្ចឹងបានពេទ្យឯណាធ្វើការ? អស់ទាំងពេទ្យទៅទៀត។ កន្លងទៅ យើងទទួលបានព័ត៌មាន ប្រទេសខ្លះងាប់ទាំងគ្រូពេទ្យទៅទៀត តែយើងអត់ទាន់មានងាប់គ្រូពេទ្យទេ។ អ្នកកើតកូវីដក៏មិនទាន់មានស្លាប់ គ្រូពេទ្យក៏មិនទាន់មានស្លាប់ ឬធ្លាក់ខ្លួនឈឺដោយសារកូវីដ១៩ដែរ។ ហ្នឹងមកពីស្អី? ការចាត់ចែងរបស់រដ្ឋមន្រ្តី របស់មេដឹកនាំនៃក្រសួងសុខាភិបាល គឺធ្វើបានត្រឹមត្រូវ គ្រូពេទ្យយើងយកចិត្តទុកដាក់។
ទី ៨ ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត។ ក្រុមនេះ ត្រូវតែពង្រីកបន្ថែម។ កន្លងទៅ យើងចាត់ទុកថាគ្រប់ ប៉ុន្តែនៅពេលដែលមានបញ្ហាករណីកើតឡើង យើងឃើញថាបញ្ហានេះបានក្លាយទៅជារឿងមិនគ្រប់ហើយ។ អញ្ចឹង ត្រូវតែរៀបចំក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត ដោយយកចេញពីក្នុងចំណោមគ្រូពេទ្យ ឬក៏បង្កើនក្របខណ្ឌឱ្យ។ បើទុកឱ្យមានត្រឹមតែប៉ុណ្ណឹង បើគ្មានគ្រូពេទ្យផ្លាស់វេនគ្នា គ្នាធ្វើការដដែលៗ អត់ងងុយរាល់ថ្ងៃ រាល់យប់ អាចដួលគ្រូពេទ្យ ហើយបើគ្រូពេទ្យដួលហើយ តើបាននរណាទៅព្យាបាលអ្នកជំងឺ? អញ្ចឹង ខ្ញុំសូមផ្ដាំទៅឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន … ឯកឧត្ដម ម៉ម ប៊ុនហេង គាត់ចង់តែបានហ្នឹង ប៉ុន្តែបញ្ហាក្របខណ្ឌមិនមែនចេះតែបានទេណា។ ពេលដែលចូលក្របខណ្ឌស៊ប់ត្រូវគិតតាំងពីថ្ងៃពេលដែលគេចូល រហូតថ្ងៃដែលគេស្លាប់ គ្រាន់តែចូលក្របខណ្ឌព្រឹបហើយ គេចូលនិវត្តន៍ ត្រូវចិញ្ចឹមគេរហូតដល់ថ្ងៃចូលនិវត្ត។ អញ្ចឹងបានជាទៅជាបន្ទុកនៃការចំណាយបុគ្គលិក។ ប៉ុន្តែ យើងត្រូវតែផ្ដល់។
… គួច ចំរើន រាយការណ៍ទៅ(ឱ្យខ្ញុំ) ក្រុមឆ្លើយតបបន្ទាន់ទៅយកសំណាក ហើយគ្នាទៅយករាល់ថ្ងៃ តែកប៉ាល់ហោះចុះត្រូវទៅយកៗ ហ្នឹងមិនទាន់គិតទៅដល់ការឆ្លើយតបនៅពេលដែលមានអាសន្នឆ្លងចូលសហគមន៍ទូលំទូលាយ។ បើពេទ្យឈឺខ្លួនឯងហើយ គាត់មានពេលឯណាទៅព្យាបាលឱ្យគេទៀត? កុំថាឡើយដល់ទៅកូវីដ១៩ឆ្លងដល់គាត់ គ្រាន់តែជំងឺធម្មតាក៏គាត់(ពិបាកដែរ) ធ្វើម៉េចបើអត់ងងុយរាល់ថ្ងៃ។
ទី ៩ ត្រូវមានក្រុមគ្រូពេទ្យព្យាបាល ដោយចែកចេញជាក្រុមៗ នៅតាមមន្ទីរពេទ្យនីមួយៗ ហើយត្រៀមលក្ខណៈក្នុងការផ្ដល់សេវានៅនឹងកន្លែងផង ហើយប្រសិនចាំបាច់ ត្រូវចល័តទៅជួយកន្លែងណា ដែលនឹងអាចមានការរាតត្បាតច្រើន។ អញ្ចឹងក្រុមគ្រូពេទ្យដែលព្យាបាលនេះ ត្រូវចែកគ្នាជាក្រុមៗ ហើយត្រៀមលក្ខណៈម្ខាងគឺព្យាបាលនៅនឹងកន្លែង តែម្ខាងទៀត គឺត្រៀមចល័ត។ អញ្ចឹងទេ យោងតាមបទពិសោធន៍របស់មន្ទីរពេទ្យរុស្សី គួរត្រូវបង្កើនកម្លាំងឱ្យមន្ទីរពេទ្យរុស្សី ឬខាងណាអាហ្នឹងខ្ញុំមិនជាក់ស្ដែងពេកទេ ស៊ីសងទៅលើការពិចារណាគិតគូររបស់ផ្នែកសុខាភិបាល ដែលទទួលខុសត្រូវ។
នេះគឺជាសម្លេងរបស់នាយករដ្ឋមន្រ្តីផ្ដល់អនុសាសន៍សម្រាប់ក្រសួងសុខាភិបាល ដែលទទួលភារកិច្ចលើបញ្ហានេះ ហើយត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តីផង និងទទួលខុសត្រូវចំពោះមុខសភាផង។ នៅទីនេះ កិច្ចការទី ៨ … ឆ្លើយតបបន្ទាន់ ដូចការទៅយកសំណាក ទៅគ្រប់គ្រងស្អីៗហ្នឹង ឯផ្នែកទី ៩ នេះ គឺផ្នែកព្យាបាល មិនមែនចេះតែយកទៅព្យាបាលឯណា? លឺបងប្អូនអាណិតក្រុមគ្រូពេទ្យព្យាបាល ពេលដែលស្លៀកពាក់ម្ដងៗត្រូវការកន្លះម៉ោង ហើយជួយមើលគ្នា។ ដល់ចេញត្រឡប់មកវិញ ត្រូវជួយដោះគ្នា រួចហើយត្រូវទៅមុជទឹកលាងសម្អាតបាញ់សម្លាប់មេរោគយ៉ាងម៉េចអីយ៉ាងម៉េច។ អញ្ចឹងរឿងរ៉ាវច្រើនណាស់ អញ្ចឹងបានជាយើងត្រូវមើលឃើញគុណតម្លៃ និងវីរភាពរបស់ក្រុមគ្រូពេទ្យរបស់យើង។
ទី ១០ ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងអ្នកគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ ទាំងទីកន្លែង ទាំងម្ហូបអាហារ និងរបស់របរប្រើប្រាស់ចាំបាច់របស់បុគ្គល និងត្រូវមានអ្នកយាមកាមត្រឹមត្រូវបំផុត។ ចំណុចនេះខ្ញុំតែងឱ្យជាអនុសាសន៍បន្តបន្ទាប់ហើយ តាមខេត្តនីមួយៗត្រូវតែមាន ហើយរឿងនេះខ្ញុំបានរំលឹកច្រើននៅឯខេត្តសៀមរាប។ កន្លែងចត្តាឡីស័កមួយៗមិនមែនគ្រាន់តែដឹកគេយកមកដាក់ចោលទេ គប្បីត្រូវមាន ឃីត (Kits) នោះ (ព្រោះ)ជួនកាលគាត់មកតែខ្លួន ប្រពន្ធកូននៅឯផ្ទះ គាត់មកតែម្នាក់ យើងមានមុង មានភួយ មានកន្ទេល មានទាំងខ្នើយ ឱ្យគាត់ ហើយត្រូវមានស្អីឱ្យគាត់ទទួលទាននៅកន្លែងនោះ។ ហើយបើគាត់ជាមេគ្រួសារ ចិញ្ចឹមគាត់នៅកន្លែងហ្នឹងហើយ ត្រូវប្រគល់ប្រាក់ ៣០ ម៉ឺន(រៀល)ឱ្យគាត់បន្ថែមទៅ ដើម្បីឱ្យគាត់បញ្ជូនទៅប្រពន្ធចិញ្ចឹមកូននៅឯផ្ទះ។ លុយវាមានហើយ តែស៊ីសងនឹងអស់លោកចៅហ្វាយខេត្ត រឿងហ្នឹងវាស្ថិតនៅក្នុងក្របខណ្ឌខេត្តទទួលខុសត្រូវនោះ ខេត្ត/រាជធានី។
យកគាត់មកដាក់ ឧទាហរណ៍ ខ្ញុំលើកថាអញ្ចេះទៅចុះ អ្នករត់កង់បីម្នាក់ឆ្លង បើអញ្ចឹងគាត់ត្រូវមកដេកពេទ្យ ការដេកពេទ្យស្មើនឹងការធ្វើចត្តាឡីស័កដូចគ្នា យើងត្រូវផ្គត់ផ្គង់ឱ្យគាត់ ៣០ ម៉ឺនរៀលទៅ ដើម្បីឱ្យគាត់បញ្ជូនទៅប្រពន្ធកូននៅផ្ទះ។ ពេលចូលធ្វើចត្តាឡីស័កក៏ដូចគ្នាដែរ ចិញ្ចឹមគាត់នៅកន្លែងហ្នឹងហើយដូចនៅក្នុងមន្ទីរពេទ្យអញ្ចឹង ឱ្យគាត់បានទទួលទានគ្រប់គ្រាន់ ព្រោះតែខ្សោយទៅវាលែងជា អញ្ចឹងប៉ូវគាត់ឱ្យវាខ្លាំង។ ប៉ុន្តែ កុំលេងទាំងស្រាបៀរ និងស្រាទៅជាមួយ។ ថែមឱ្យគាត់ ៣០ ម៉ឺន ដើម្បីឱ្យគាត់បញ្ជូនទៅផ្ទះ។ លុយបានបញ្ជូនទៅហើយ បើសិនជាចាយអស់ បញ្ជូនទៅថែមទៀត ក្នុងនោះមានខេត្តដែលបាន ១០០ លាន ខេត្តដែលបាន ៨០ លាន ខេត្តដែលបាន ៥០ លាន និងខេត្តដែលបាន ៣០ លាន មិនទាន់បានចាយទេ តែគ្រាន់តែរំលឹក ត្រូវចេះចាយ។ ការរកទើបវាពិបាក តែចាយវាមិនពិបាកទេ តែត្រូវចាយឱ្យចំទិសដៅ។ ខ្ញុំមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះការទទួលខុសត្រូវ ដោយអត់បាយ។ មេគ្រួសារមកធ្វើចត្តាឡីស័ក ឬក៏មួយគ្រួសារទាំងមូលធ្វើចត្តាឡីស័កនៅផ្ទះ យើងឱ្យ ៣០ ម៉ឺននៅនឹងផ្ទះហ្នឹងតែម្ដងទៅ … កុំចាំបាច់មួយថ្ងៃយក ២ ម៉ឺនទៅឱ្យ … រួចហើយគាត់បញ្ជាទិញហើយ ត្រូវជួយពឹងពាក់ឱ្យគេជួយទិញអង្ករ ទិញត្រី ទិញអី ក្នុងរយៈពេល ១៤ ថ្ងៃ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័កនៅនឹងផ្ទះ។
ទី ១១ ជម្រុញការចូលរួមរបស់សហគមន៍ ជាពិសេសស្រ្តីនៅតាមផ្ទះ ឱ្យចេះការពារសុខភាពគ្រួសារផ្ទាល់ខ្លួន ជួយផ្ដល់ព័ត៌មានប្រសិនបើមានអ្នកដែលមានចំណូលថ្មី មិនបានធ្វើចត្តាឡីស័ក។ អញ្ចឹងស្ដ្រីរបស់យើងដើរតួនាទីជាមេគ្រួសារ ដើម្បីមើលទាក់ទិនជាមួយនឹងរឿងកុំឱ្យមានការឆ្លងក្នុងគ្រួសារ រក្សាថែទាំកូនចៅ អនាម័យកូនចៅ។ នៅក្នុងសហគមន៍ក៏មានប្រជាការពារ ដែលត្រូវធ្វើសកម្មភាព ព្រោះមានប្រជាការពារនៅទីនោះ។ អញ្ចឹងបានខ្ញុំប្រើពាក្យក្នុងនេះ ជម្រុញការចូលរួមរបស់សហគមន៍ ហើយមានពាក្យជាពិសេសគឺស្រ្តី។ ស្រ្តីនេះ សំខាន់ធ្វើនៅក្នុងក្របខណ្ឌក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែក៏នៅមានប្រជាការពារ និងផ្នែកពាក់ព័ន្ធដទៃទៀត ជួយផ្ដល់ព័ត៌មានប្រសិនបើអ្នកចំណូលថ្មីមក តែអត់បានធ្វើចត្តាឡីស័ក។
ទី ១២ អាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ ត្រូវចូលរួមចំណែកក្នុងការអប់រំសុខភាពប្រជាជននៅតាមតំបន់កាន់កាប់របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីការចូលរួមទប់ស្កាត់ការចម្លងក្នុងសហគមន៍របស់ខ្លួន។ ក្នុងនោះ ត្រូវយកបទពិសោធន៍ខែមេសា ជាបទពិសោធន៍ជោគជ័យ។ ដាក់(មីក្រូ)ស្រែកទៅមកៗ ប្រាប់រំលឹកដាស់តឿន ព្រោះប្រជាពលរដ្ឋរបស់យើងឆាប់ភ័យ តែក៏ឆាប់ភ្លេចដែរ។ ភ្នំពេញធ្វើបានល្អ តាមផ្សារ ស្រែកជាប់រហូត ពាក់ម៉ាស។ ប៉ុន្តែ ហួសចិត្តដែរ បើសិនជារូបភាពហ្នឹងជារូបភាពពិត សូមអង្វរករលោកអ៊ំ លោកមីង គ្នាសុំយកម៉ាសទៅពាក់ឱ្យ បែរទៅជាជេរគ្នាទៅទៀត បញ្ចោរគេទៅទៀត។ លឺថាអ្នកផ្សារគេចាប់គាត់ចេញពីផ្សារ គេឱ្យគាត់ចេញពីផ្សារ។ គ្រាន់តែត្រឹមពាក់ម៉ាស ចាត់ទុកថាគេគាបសង្កត់។ ប្រទេសមួយចំនួនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ឬបំរាមគោចរ គេប្រើទាហាន។ នៅចាំបានទេ Duterte គាត់យកក្ដារមឈូសទៅដាក់កណ្ដាលផ្លូវ ប្រាប់ថា ចូលមឈូស ឬក៏ត្រូវទៅ? រហូតដល់គាត់ចេញបញ្ជាឱ្យបាញ់អ្នកណាដែលមិនគោរពបទបញ្ជា។ យើងអត់បានធ្វើដល់កម្រិតប៉ុណ្ណឹងទេ តែអង្វរករឱ្យប្រជាជនចូលរួមជំនួសវិញ ទើបជាមូលដ្ឋានខ្លាំង ប្រើវិធានការរដ្ឋបាលមិនមែនជា(ករណីចាំបាច់) លើកលែងតែចាំបាច់ខ្លាំងណាស់ ប៉ុន្តែ បើគ្មានការចាំបាច់ កុំប្រើវិធានការរដ្ឋបាល ឬផ្លូវច្បាប់ ប្រើការអង្វរករឱ្យគាត់យល់ថា នេះជាផលប្រយោជន៍របស់គាត់។
អញ្ចឹង អាជ្ញាធរមូលដ្ឋានភូមិឃុំ ដែលនៅផ្ទាល់ធ្វើរឿងនេះ ដោយប្រើពិសោធន៍ខែមេសា ពេលនោះមានតាំងពីម៉ូតូ តាំងពីរ៉ឺម៉ក។ ប៉ុន្តែពេលនោះ មានគេបង្ហោះហ្វេសប៊ុក គាត់ជិះម៉ូតូតាមស្ដាប់តែម្ដង ព្រោះលឿនពេក។ គាត់និយាយត្រូវ។ ប្រុចទៅប្រុចមក និយាយយ៉ាងម៉េច ស្ដាប់មិនទាន់អស់ផង។ អញ្ចឹងគាត់បង្ហោះហ្វេសប៊ុកតាមរបៀបកំប្លែង តែមានន័យជ្រៅណាស់ ធ្វើឱ្យយើងចេញបទបញ្ជាទៅខាងក្រោមឱ្យពិនិត្យមើល ឈប់មួយកន្លែងអញ្ចឹងទៅ ចាក់ឱ្យគេស្ដាប់អញ្ចឹងទៅ គេស្ដាប់អស់ហើយបានទៅទៀត ហើយ(ទៅឈប់មួយកន្លែងទៀត)។ តែនេះចេះតែបើកទៅបើកមកៗ ធ្វើម៉េចស្ដាប់ទាន់?
ទី ១៣ បង្កើត ឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ជំងឺ ឱ្យបានទូលំទូលាយថែមទៀត ជាជំនួយក្នុងការផ្ដល់ព័ត៌មានឱ្យបានលឿន និងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ត្រូវពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ ឱ្យបានទូលំទូលាយ ហើយខ្ញុំនៅតែរក្សាជំហរ ១៤ ថ្ងៃ (ធ្វើចត្តាឡីស័ក) អត់មាន ២ ឬ ៣ ថ្ងៃអីទេ … នេះអ្នកឯងចង់និយាយថា ហ៊ុន សែន ផ្ដាច់ការ ក៏ថាចុះ តែយ៉ាងហោចខ្ញុំការពារប្រជាជនខ្ញុំមិនឱ្យឆ្លងច្រើន ហើយអត់ឱ្យមានមនុស្សស្លាប់។ ពិតមែនតែយើងខ្ញុំក្រ ប៉ុន្តែយើងខ្ញុំក៏មានវិធីការពារប្រជាជន។ អ្នកខ្លះនិយាយពីរឿងសិទ្ធិមនុស្ស តែអ្នកឯងត្រឹមតែនិយាយពីសិទ្ធិបញ្ចេញមតិ សិទ្ធិដើរហើយ តើអ្នកឯងមានបានគិតពីសិទ្ធិរស់រានមានជីវិតទេ? សិទ្ធិមនុស្សត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត មិនមែនសិទ្ធិបញ្ចេញមតិ ជេរបញ្ចោរទេ ត្រូវចាំ។ ហើយខ្ញុំអត់ទេ កុំមកនិយាយជាមួយខ្ញុំរឿងសិទ្ធិមនុស្សបែបនេះ ខ្ញុំមិនទទួលទេ។
ទី ១៤ លើកទឹកចិត្តឱ្យមានតម្លាភាព និងភាពស្មោះត្រង់ ក្នុងការបង្ហាញខ្លួន ដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ ដើម្បីចាត់វិធានការទប់ស្កាត់បានលឿន។ អំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ មានភាពស្មោះត្រង់ក្នុងការបង្ហាញខ្លួន និងចង្អុលបង្ហាញទៅកន្លែងដទៃទៀត ដើម្បីយើងចាត់វិធានការបន្ទាន់។ ខ្ញុំអរគុណណាស់ដែលកន្លងទៅ អ្នកដែលគ្រាន់តែឃើញគេសង្ស័យ គាត់ទៅរកគ្រូពេទ្យខ្លួនឯង ត្រូវមានការស្មោះត្រង់បែបនេះ ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យមានការរើសអើងចំពោះអ្នកដែលវិជ្ជមានកូវីដ១៩ ដូចដែលយើងបានធ្វើកុំរើសអើងជាមួយអ្នកជំងឺអេដស៍ ហើយពេលនេះកុំមានការរើសអើងចំពោះអ្នកដែលមានវិជ្ជមានជំងឺនេះ។ ខ្ញុំគិតថា ខ្ញុំនិយាយរឿងនេះវាច្រើនណាស់ទៅហើយ ឥឡូវ មិនទាន់ចប់ទេ នៅមានរឿងច្រើនដែលខ្ញុំត្រូវនិយាយ អ្នកណាចង់ស្ដាប់ក៏ស្ដាប់ទៅ អ្នកដែលមិនចង់ស្ដាប់ទេ សូមអញ្ជើញបិទទូរទស្សន៍ …។
បន្តកម្មវិធីផ្ដល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ ជុំទី ៤ ពីខែមករាដល់ខែមីនា
ឥឡូវខ្ញុំចូលដល់បញ្ហាទាក់ទិនជាមួយនឹងកម្មវិធីផ្ដល់សាច់ប្រាក់ជួយគ្រួសារក្រីក្រ ដែលជាបញ្ហាដ៏សំខាន់ ហើយប្រហែលជាប្រជាជនរង់ចាំស្ដាប់ ហ៊ុន សែន ដែរ។ ឥឡូវសូមបញ្ជាក់ថា កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រនៅជុំទី ៣ នឹងត្រូវបញ្ចប់នៅថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២០។ ដូច្នេះ ដោយមើលឃើញថាសភាពការណ៍នេះមិនទាន់ធូរស្រាលទេ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេចប្រកាសចេញដោយផ្ដល់ជំនួយជាសាច់ប្រាក់ជូនប្រជាជនក្រីក្រនៅជុំទី ៤ សម្រាប់រយៈពេល ៣ ខែតទៅទៀត គឺខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២១។
ឥឡូវដើម្បីបានដឹងអំពីរឿងនេះ ខ្ញុំសូមបញ្ជាក់ជូន ដោយខ្ញុំមិនរៀបចំឡើងវិញថាបានប៉ុន្មានៗទេ តែខ្ញុំគ្រាន់តែចង់បញ្ជាក់ជូនថា ជុំទី ១ យើងធ្វើ ២ ខែ គឺខែមិថុនា និងខែកក្កដា ពេលនោះចាប់ពីថ្ងៃ ២៥ ខែ មិថុនា ដល់ ២៤ ខែកក្កដា យើងបានចែកជូន ផ្គត់ផ្គង់ជួយទៅដល់ក្រុមគ្រួសារចំនួន ៥៣ ៨៣៨ គ្រួសារ អស់ទឹកប្រាក់ចំនួន ៩៤.៥៥១.៨៧៦.០០០ រៀល ប្រហាក់ប្រហែលទៅនឹង ២៥ លាន(ដុល្លារ) … នេះសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាល ដែលខ្លះគេថាយើងអត់បានជួយអ្នកក្រសោះ ប៉ុន្តែឥឡូវទៅសួរអ្នកក្រខ្លួនឯងទៅ ហើយសុំអ្នកក្របង្ហាញខ្លួនមក តើរាជរដ្ឋាភិបាលបានធ្វើអី? ទន្ទឹមនឹងជួយគ្រួសាររាប់ម៉ឺនគ្រួសារ ដែលលិចលង់ដោយទឹកជំនន់ រាជរដ្ឋាភិបាលក៏បានធ្វើនូវកិច្ចការងារនេះ … ដល់មកខែកក្កដា យើងរកឃើញបន្ថែមទៀត ឡើងដល់ ៥៩៨.៥១២ គ្រួសារ បានសេចក្ដីថាយើងរកឃើញបន្ថែមទៀត ហើយក៏អាចថា មានការពាក់ព័ន្ធជាមួយនឹងការធ្លាក់ចុះ ដែលគាត់ត្រូវចូលទៅក្នុងចំណាត់ថ្នាក់ ក្រទី១ ឬក្រទី ២។ ពេលនោះ យើងបានផ្ដល់ ១០៦ ពាន់លាន(រៀល) និយាយលេខគត់ អស់ប្រហាក់ប្រហែលនឹងជិត ៣០ លានដុល្លារ។ អាហ្នឹងជុំទី ១។
ជុំទី ២ គឺខែសីហា និងខែកញ្ញា។ ខែទី ៣ គឺខែសីហានេះ ចំនួនគ្រួសារគឹមានការកើនឡើងដល់ ៦៤៤.៦៦៥ គ្រួសារ ដែលត្រូវបើកផ្ដល់អស់ ១១៥ ពាន់លានរៀល គិតជាដុល្លារទៅវាប្រហាក់ប្រហែលជិត ៣០ លាន(ដុល្លារ)។ ដល់ខែកញ្ញា ចំនួនគ្រួសារឡើងមកដល់ ៦៦១.៦៨៤ គ្រួសារ ត្រូវបើកផ្ដល់អស់ ១១៨ ពាន់លានជាង(រៀល) ឡើងលើស កើនឡើងរហូត។ ចូលដល់ជុំទី ៣ គឺយើងបានកើនគ្រួសារនៅខែតុលាដល់ ៦៧៤.១៤៦ គ្រួសារ ដែលត្រូវបានបើកប្រាក់អស់ ១២០ ពាន់លាន(រៀល) ស្មើ ៣០ លានដុល្លារគត់។ គិតទៅ ដល់ខែ ១១ នេះទិន្នន័យគ្រួសារក្រីក្រខែទី ៦ នេះ ឡើងដល់ ៧០៣.៥៩២ គ្រួសារ ដែលនឹងត្រូវប្រើប្រាស់ថវិកា ១២៦ ពាន់លាន(រៀល) តែខែ ១១ នេះ ធ្វើមិនទាន់ចប់ទេ ដែលធ្វើចប់ខែ ១១ នឹងចូលខែ ១២ ឯជើងលេខពីក្រសួង ពីឯកឧត្ដម វង សូត សរុបចាប់ពីចំណាយថវិកាខែវិច្ឆិកា សរុបថវិកាតាំងពីការចាប់ផ្ដើម អស់ ៦៧៤ ពាន់លាន(រៀល) យើងគិតទៅ … ប្រហែលជា ១៦០ លានដុល្លារ។
បម្រុង ២០០ លានដុល្លារ សម្រាប់កម្មវិធីផ្ដល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ
អ្នកដែលនិយាយបង្កាច់បង្ខូចថារដ្ឋាភិបាលមិនបានជួយដិតដល់សោះ សូមចេញមក។ រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការផ្ដល់ណាមួយសម្រាប់ប្រជាជនក្រីក្ររបស់យើងទេ។ អ្នកត្រូវចាំឱ្យបាន ហ៊ុន សែន មិនបណ្ដោយមនុស្សណាស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយទេ។ ឥឡូវ យើងនឹងបន្តធ្វើខែធ្នូ ដែលកំពុងតែបន្តនេះ ហើយប្រជាពលរដ្ឋដែលធ្លាប់បានទទួល ក៏កុំទាន់អស់សង្ឃឹម រាជរដ្ឋាភិបាលចេញបញ្ជា ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំមានសិទ្ធិអារកាត់ ដើម្បីធ្វើនូវកិច្ចការងារនេះ ដោយផ្ដល់ជូន ៣ ខែតទៅទៀត គឺខែ ១ ខែ ២ និងខែ ៣។ ចាំដល់ខែ ៣ បើសិនជាមិនទាន់ស្រាកស្រាន្ត យើងនឹងត្រៀមបន្តទៀត ដោយថវិកាបានបម្រុងទុក ២០០ លានដុល្លារសម្រាប់រឿងនេះ និយាយឱ្យច្បាស់ជាមួយគ្នាថ្ងៃហ្នឹង។ បើវាមិនគ្រប់ យើងក៏នៅតែមានលុយ។ តែបើចង់សួរថាលុយនៅឯណា ខ្ញុំមិនចាំបាច់យកលុយឬមាស ដែលជាទុនបម្រុងរបស់ជាតិ រក្សាទាំងមាសនៅស្វ៊ីស មាសនៅក្រុងឡុងដ៍ យកមកប្រើប្រាស់ទេ សូមកុំភ័ន្តច្រឡំ។
លុយសន្សំទុក ប្រាក់សន្សំជាង ៣ ពាន់លានដុល្លារ ចាយអស់តិចតួចណាស់ ព្រោះចំណូលរបស់យើងវាល្មមគ្រប់គ្រាន់ ទោះបីកូវីដ១៩វាអញ្ចឹង តែមកដល់ខែមុននេះ ពន្ធផ្ទៃក្នុងបានសម្រេចលើស ៩០% ទៅហើយ អញ្ចឹងអាចពន្ធផ្ទៃក្នុងសម្រេចគ្រប់ផែនការ ជាមួយនឹងប្រាក់ទំហំប្រមាណជា ២.៦០០ លាន(ដុល្លារ) បូកជាមួយនឹងគយជាង ២.០០០ លាន(ដុល្លារ) ដូច្នេះយ៉ាងហោចណាស់យើងមានប្រាក់ចំណូលដែលបានចូលក្នុងឆ្នាំនេះ គឺចំនួន ៤.៥០០ លាន(ដុល្លារ) និយាយលេខគត់ប៉ុណ្ណឹងចុះ។
បើសភាពការណ៍ធូរស្រាល នឹងបញ្ចប់កម្មវិធីនេះនៅខែមីនា តែមិនមែនផ្ដាច់ឈឹង នៅបន្តអន្តរកាល ៣ ខែ
អ្នកកុំមើលស្រាលរដ្ឋាភិបាលរបស់ ហ៊ុន សែន ឱ្យសោះ តិចច្រឡំថារលំ អត់ទេ។ តែយើងមិនអួតអាងទេ យើងត្រូវការមិត្តភក្តិជួយចំពោះយើងតទៅទៀត។ យើងហ៊ានដកប្រាក់ទៅធ្វើផ្លូវនៅខេត្តព្រះសីហនុ ហើយធ្វើមិនមែនយកក្រដាសទៅធ្វើបានទេ យកលុយ ហើយលុយទាល់តែសាច់លុយ មិនមែនលុយនៅក្នុងតួលេខ។ បើតាមឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ដែលជាសេនាធិការឱ្យនាយករដ្ឋមន្រ្តីផ្ទាល់ក្នុងការពិភាក្សា បើទោះបីខែ ៣ ត្រូវបានផ្ដាច់ ក៏យើងមិនផ្ដាច់ឈឹងដែរ ត្រូវមានអន្តរកាលមួយ។ ឧទាហរណ៍ ខែ ៣ ឃើញថាស្រាកស្រាន្តហើយ យើងនឹងបញ្ឈប់នៅត្រឹមខែ ៣ ប៉ុន្តែមិនមែនមានន័យថាដាច់ឈឹងទេ គឺមានអន្តរកាលមួយ ឥឡូវឧទាហរណ៍ថាអន្តរកាល ៣ ខែ។ ខែទី ២ កាត់បន្ថយគាត់មកនៅត្រឹម ៨០% ខែទី ២ កាត់បន្ថយគាត់មកនៅត្រឹម ៦០% ខែទី ៣ កាត់បន្ថយគាត់មកនៅត្រឹម ៥០% ខែទី ៤ បានចាប់ផ្ដើមបញ្ចប់។ រិះរកគ្រប់មធ្យោបាយ ដើម្បីឱ្យប្រជាជនគាត់អាចទទួលបាន។ យើងមិនចិញ្ចឹមគាត់ទាំងស្រុងទេ តែយើងបន្ថែមឱ្យគាត់។ ក្រៅពីនោះ នៅកម្មវិធីច្រើនទៀត កម្មវិធីសាច់ប្រាក់សម្រាប់ការងារធ្វើនៅជនបទ បន្ថែមឡើងដល់ ១៥០ លានដុល្លារ ទៅធ្វើទៅ ការងារក៏មានច្រើនដែរ។
មិនអនុញ្ញាតឱ្យប្រឡងបាក់ឌូប្លិ៍ថ្ងៃ ១១ ខែមករា ខាងមុខ
ខ្ញុំព្រះករុណាខ្ញុំសូមអភ័យទោសពីសំណាក់ប្រជាពលរដ្ឋ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ទៅលើអ្វីដែលខ្ញុំព្រះករុណាខ្ញុំត្រូវនិយាយយូរ ដោយសារប្រធានបទថ្ងៃនេះ គឺជាប្រធានបទទាក់ទងទៅនឹងការស្លាប់រស់របស់ប្រទេសជាតិ និងប្រជាជន។ ខ្ញុំព្រះករុណាខ្ញុំសូមការយោគយល់ពីព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ពីគ្រប់សាសនា ពីគ្រប់ប្រជាពលរដ្ឋ អំពីការចាំបាច់ដែលមិនទាន់អាចប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា បាន។ សូមការយោគយល់ពីសិស្ស/និស្សិត ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឱ្យធ្វើការប្រឡងនៅថ្ងៃទី ១១ មករា សូមឯកឧត្ដម ហង់ ជួនណារ៉ុន ខ្ញុំអារកាត់ ព្រោះខ្ញុំត្រូវទទួលខុសត្រូវ មិនអាចប្រឡងបានទេនៅថ្ងៃ ១១ មករា នេះ សល់តែប៉ុន្មានថ្ងៃទៀតដល់ ១១ មករា ហើយ អញ្ចឹងត្រូវគិតគូរពីឥឡូវទៅ។
ការឱ្យពិន្ទុជាប់ ឬធ្លាក់ តាមរយៈការប្រឡងសញ្ញាបត្រកន្លងទៅ និយាយតាមមួយបែប យើងត្រូវទទួលយកនូវអ្វីដែលវាបានកើត សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក។ គុណភាពវាធ្លាក់ចុះបន្តិចហើយ ហើយខ្ញុំពិតជាឃើញនូវការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះបានជាប់ បែរជាអ្នកនេះធ្លាក់ … បើសិនជាការលំបាកអញ្ចឹង ឱ្យជាប់ទាំងអស់គ្នាតែម្ដងទៅវាឆាប់ចប់ ហើយដើម្បីកុំឱ្យក្មេងៗភ័យ។ មកប្រឡងក៏ប្រឡងមិនជាប់ដែរ ហើយខ្លះមិនចូលប្រឡងទេ។ វាភ័យ។ និយាយអញ្ចឹងថាខ្ញុំទៅលូកលាន់កិច្ចការប្រឡងអីណាទៀតហើយ ប៉ុន្តែ ខ្ញុំប្រមើលទុកជាមុន នឹងមានប្រតិកម្មហើយ។ យកស្អីធ្វើម៉ែត្រវាស់? ប្រឡងឆមាស យកមកធ្វើមូលដ្ឋាន។ អញ្ចឹងទេ ការពិតទៅ គ្នាខំរៀនណាស់ តែដោយសារកូវីដ១៩នេះ គ្នាទទួលផលអាក្រក់អញ្ចឹង បន្ថែមដល់យើងទម្លាក់គ្នាទៀត។ បើខ្ញុំវិញឱ្យជាប់តែទាំងអស់ហ្នឹង …។
ប៉ុន្តែ ធ្វើនាយករដ្ឋមន្រ្តីក្នុងការកាន់អំណាចនីតិប្រតិបត្តិ ត្រូវហ៊ានស៊ីហ៊ានសង ហ៊ានទទួលខុសត្រូវ។ បើនេះត្រូវបានទទួលការប្រមាថមាក់ងាយ អញ្ចឹងមាក់ងាយកូនសិស្សប៉ុន្មានម៉ឺននាក់ហ្នឹងទៅ ព្រោះយើងវាអត់មានជម្រើសអីដែលល្អជាងហ្នឹង។ ឥឡូវនេះ ខ្ញុំសួរ ប្រឡងរួមធ្វើវាមិនកើត ប្រឡងតាមវិទ្យាល័យមួយៗ ក៏ធ្វើវាមិនកើត ព្រោះខ្ញុំមិនអនុញ្ញាតឱ្យធ្វើទេ ព្រោះលោកឯងយកតែរឿងវិស័យអប់រំមួយយកមកគិត អត់គិតពីប្រជាជនទូទៅ តើឱ្យខ្ញុំទទួលម៉េចបាន។ ក្នុងឋានៈខ្ញុំជាមេដឹកនាំប្រទេស ទទួលខុសត្រូវចំពោះមុខសភា។ ហើយក៏ជាការទទួលខុសត្រូវចំពោះព្រះភក្ត្រព្រះមហាក្សត្រ។ ទុកឱ្យកូនគេងាប់? ឆ្លងពេញទឹកពេញដី ពេញហ្នឹង … អញ្ចឹងខ្ញុំអាចមានសិទ្ធិអារកាត់។ ខ្ញុំមិនឱ្យប្រឡងទេ នៅថ្ងៃទី ១១ (មករា)នោះ ខ្ញុំប្រកាសពីឥឡូវ។ អញ្ចឹងវានៅសល់តែជម្រើសទី ៣ ដែលលោកបញ្ជូនមកខ្ញុំហ្នឹង ចុះបើទី ៣ គឺករណីការរីករាលដាលក្នុងសភាពធ្ងន់ធ្ងរ ក្រសួងនឹងផ្អាកការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ដោយជំនួសវិញដោយការវាយតម្លៃលើលទ្ធផល នៃការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗដើម្បីកំណត់ថាជាប់ ឬធ្លាក់។ អញ្ចឹងទេអាហ្នឹងគឺច្បាស់ជាអស់លោកបង្កើតបញ្ហា។ ពេលធ្វើហ្នឹងគឺត្រូវហើយ ប៉ុន្តែអ្នករងគ្រោះគឺអ្នកណា? គឺគ្រូបង្រៀនដែលឱ្យពិន្ទុនោះណា។ អញ្ចឹងទេ ខ្ញុំថា ឆ្នាំសិក្សា ២០១៩-២០២០ បាក់ឌូប្លិ៍ឱ្យជាប់ទាំងអស់ ហើយក្មេងៗគឺថាប្រឹងរៀន ចាប់ផ្ដើមទៅរកការចុះឈ្មោះចូលមហាវិទ្យាល័យណា។
ប៉ុន្តែអាចបកត្រឡប់ទៅវិញហើយ រួចចុះសម័យប្រឡងឌីប្លូមកាលពីថ្ងៃទី ៣០ ខែកញ្ញា មានជាប់ មានធ្លាក់ យ៉ាងម៉េចដែរ លោកអ៊ំ? ណារ៉ុន អើយ! បានជាអញ្ចឹងទៅហើយ អញ្ចឹងតែម្ដងទៅ។ យើងទទួលយកការពិតនៃសភាពការណ៍នេះ។ វាអញ្ចឹង បើទោះបីវាអញ្ចឹងក៏ដោយ ក៏វាគ្រាន់ជាងសម័យ ប៉ុល ពត មិនបានរៀន ហើយសម័យមុនដែលយើងមានសន្តិភាព យើងរៀនមិនបានគ្រប់គ្រាន់ រវល់តែរត់ ឆេះសាលា ចូលត្រង់សេ វានៅតែគ្រាន់បើជាងអញ្ចឹង។ វាជាការលើកទឹកចិត្តមួយ នៃការរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈសិស្សានុសិស្ស យុវវ័យ និងយុវជន។ សុំទោសឯកឧត្តម ហង់ ជួនណារ៉ុន និងមន្រ្តីអប់រំនានា ព្រោះនេះជាកាតព្វកិច្ចនៃអ្នកកាន់សិទ្ធិនយោបាយ ដើម្បីធានាដល់សេចក្ដីសុខរបស់ប្រទេស។
ទួលព្រះបង្គំ សូមថ្វាយព្រះពរចំពោះព្រះមហាក្សត្រជាទីសក្ការៈ និងហ្លួងម៉ែ សូមព្រះអង្គជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ព្រះរាជសុខភាពល្អបរិបូណ៌ ដើម្បីជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តជាកូនចៅ។ ទួលបង្គំនឹងខិតខំធ្វើនូវអ្វីៗទាំងអស់ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងដង្ហែតាមព្រះរាជគម្រូរបស់ព្រះអង្គទាំងពីរ។ ខ្ញុំព្រះករុណាខ្ញុំសូមថ្វាយព្រះពរចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ គណៈសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គទាំងពីរគណៈ ប្រគេនពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ ជូនចំពោះសាសនិកឥស្លាម សូមឱ្យព្រះអាឡោះជួយ ចំពោះគ្រិស្ដបរិស័ទសូមឱ្យព្រះយេស៊ូជួយ ជាពិសេសក្នុងពេលគ្រីស្តស្មាស ដែលមិនបានធ្វើ គឺយើងធ្វើនៅផ្ទះតិចតួច ឬការជួបជុំដោយមានគម្លាតសុវត្ថិភាព។ ជូនពរចំពោះជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ និងអរព្រះគុណ៕