សូមផ្ញើជូនគណៈកម្មការប្រឆាំងកូវីដ-១៩!
ថ្ងៃស្អែកនេះ មានការប្រជុំដឹកនាំដោយឯកឧត្តន អូន ព័ន្ធមុន្នីរ័ត្ន តាមរយៈវីដេអូ conference ដោយសារតែឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានការជាប់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ជាមួយនឹងក្រសួងសុខាភិបាលស្តីពីការទិញ និងការស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដំបូងយើងសម្រេចថាទិញ(វ៉ាក់សាំង) ១ លានដូស។ ប៉ុន្តែ យើងមិនទាន់ប្រាកដថាទិញនៅប្រទេសណានៅឡើយ ចាំបាច់ត្រូវតែធ្វើការពិភាក្សា ហើយនិងស្វះស្វែងរកជំនួយថែមទៀត។
(វ៉ាក់សាំង) ១ លានដូសនេះ យើងចាក់បានត្រឹមតែ ៥០ ម៉ឺននាក់តែប៉ុណ្ណោះ ដូច្នេះត្រូវតែផ្តល់អាទិភាពសម្រាប់អ្នក(ដែលមានការចាំបាច់)ត្រូវបានមុន។ ខ្ញុំគ្រាន់តែលើកជាយោបល់(ថា) ក្នុង(វ៉ាក់សាំង) ១ លាន ដូសនេះ អ្នកដែលត្រូវបានមុនគេគឺគ្រូពេទ្យ … ព្រោះអ្នកទាំងហ្នឹងប្រឈមនឹងគ្រោះថ្នាក់ជួរមុខតែម្តង។ បន្ទាប់ទៅ យើងត្រូវផ្តល់ទៅឲ្យគ្រូបង្រៀនដែលមានប្រមាណជា ១២ ម៉ឺននាក់ ទៅឲ្យកម្លាំងប្រដាប់អាវុធរួមមានកងទ័ព មានអាវុធហត្ថ មាននគរបាល មានមន្រ្តីពន្ធនាគារជាដើម ដែលអ្នកទាំងនេះត្រូវប្រឈមនឹងហានិភ័យខ្ពស់។ បើយើងត្រូវធ្វើអន្តរាគមន៍នានា គឺយើងត្រូវប្រើប្រាស់កម្លាំងនេះ ក្នុងពេលដែលកម្លាំងនេះមិនមានវ៉ាក់សាំងចាក់ទេ គឺអ្នកទាំងនេះប្រឈមមុខនឹងគ្រោះថ្នាក់។ ដូច្នេះ កម្លាំងនគរបាល កងទ័ព អាវុធហត្ថ មន្រ្តីអនុរក្សពន្ធនាគារ ត្រូវទទួលបាន និងបន្ថែមលើនោះគឺមន្រ្តីយុត្តិធម៌ដូចជាខាងព្រៃឈើ ខាងជលផល ខាងបរិស្ថាន ក៏ត្រូវចេញទៅធ្វើប្រតិបត្តិការតាមការងាររបស់ខ្លួន។
ដូច្នេះ (យើង)ត្រូវតែមានផ្តល់វ៉ាក់សាំងជូនអ្នកទាំងនោះ។ បើយើងគិតត្រួសៗ អំពីចំនួននេះ យើងនឹងអស់ប្រមាណជាជិត ៤០ ម៉ឺន ដូច្នេះនៅខ្ទង់ប្រហែល ១០ ម៉ឺនទៀត។ យើងនឹងត្រូវចាត់ចែងពិនិត្យមើលតាមការជាក់ស្តែង។ ប៉ុន្តែ នេះគ្រាន់ជាការឲ្យយោបល់ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មការប្រឆាំងកូវីដ-១៩ (ជាគោលការណ៍ថា)អ្នកណាត្រូវចេញអន្តរាគមន៍ទៅធ្វើ(ការ) អ្នកហ្នឹងត្រូវទទួលបាន។ ក្នុងហ្នឹង ខ្ញុំបញ្ជាក់ឡើងវិញ គ្រូពេទ្យត្រូវទទួលបានមុនគេ ព្រោះបើមិនអញ្ចឹងប្រើគ្រូពេទ្យគ្មានប្រដាប់ការពារខ្លួនផង ឲ្យគ្នាទៅយ៉ាងម៉េច។ គ្រូបង្រៀនត្រូវបង្រៀនសិស្ស ត្រូវតែគាត់មានការការពារឲ្យខាងតែបាន។ បន្ទាប់ទៅមានកម្លាំងប្រដាប់អាវុធដែលពួកគាត់ត្រូវធ្វើបេសកកម្មដូចជានគរបាលជាដើម ដែលគាត់មានភារកិច្ចការពារប្រជាពលរដ្ឋ ការពារធ្វើចរាចរណ៍អីជាដើម។ កងទ័ព អាវុធហត្ថសុទ្ធតែអ្នកត្រូវចេញអន្តរាគមន៍។ កម្លាំងផ្សេងទៀតជានគរបាលយុត្តិធម៌ មានខាងព្រៃឈើ ជលផល បរិស្ថាន និងផ្នែកផ្សេងទៀតជាមន្រ្តីយុត្តិធម៌ត្រូវទទួលបាន។ មន្រ្តីតុលាការទាំងចៅក្រម ព្រះរាជអាជ្ញា និងមេធាវីក៏គប្បីទទួលបានដែរ ព្រោះថាពួកគាត់ត្រូវទៅជួបនឹងអតិថិជន ហើយត្រូវកាត់ក្តី ដូច្នេះពួកគាត់ក៏អាចជួបហានិភ័យដែរ។
ខ្ញុំគ្រាន់តែផ្តល់មតិទៅលើបញ្ហាមួយចំនួនដែលទាក់ទងនឹងការពិភាក្សាគ្នា ស្តីពីការធ្វើអាទិភាពវូបនីយកម្មនូវអ្នកដែលត្រូវបានទទួល(វ៉ាក់សាំង)ចំនួន ៥០ ម៉ឺននាក់ដំបូងនេះ។ អញ្ចឹង ការគិតត្រួសៗរបស់ខ្ញុំ អស់ប្រហែល ៤០ ម៉ឺនទេ។ យើងនៅ ១០ ម៉ឺនទៀតនឹងត្រូវផ្តល់អាទិភាពទៅខាងណា ទុកឲ្យក្រសួងសម្រេច។
បន្ទាប់ទៅយើងនឹងឈានទៅដំណាក់កាលទី ២ ដោយមានការស្នើសុំជំនួយ ឬការទិញបន្ថែម។ យើងនឹងគិតបន្តទៅទៀត ចាក់នៅតំបន់ណាមុន តំបន់ណាក្រោយ ដូចជាអាចសំដៅទៅលើនិស្សិតដែលរៀននៅតាមបណ្តាមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន ហើយអ្នកដែលរៀនតាមសាលាបណ្តុះបណ្តាវិជ្ជាជីវៈ ឬក៏ឆ្ពោះទៅរកកម្មករសំណង់ ឬកម្មករដទៃទៀតនៅតាមទីក្រុង ទីប្រជុំជនជាបន្តបន្ទាប់ទៀត។ (អ្នកទាំង)ហ្នឹង យើងគិតគ្នាតាមក្រោយ ដែលយើងសំដៅចំពោះកន្លែងដែលមានហានិភ័យ និងអ្នកដែលមានហានិភ័យ។ អ្នកដែលមានហានិភ័យគឺអ្នកជំងឺ(វ័យ)ចាស់។ ប៉ុន្តែ ខ្ញុំមិនទាន់ដឹងច្បាស់ទេថាតើត្រូវចាក់ទាំងកូនក្មេងឬអត់? (មាន)ព័ត៌មានខ្លះថាកូនក្មេងពិបាកទទួល។ អញ្ចឹង បើចាក់ទាំងកូនក្មេង យើងត្រូវចំណាយរហូតដល់ ១៦ លានអ្នកឯណោះ។ តាមការប៉ាន់ស្មានរបស់ខ្ញុំ សម្រាប់អ្នកគ្រប់អាយុត្រូវទទួលវ៉ាក់សាំងបានប្រហែលជា ១០ លាន។
… យើងត្រូវពិនិត្យឲ្យបានហ្មត់ចត់ក្នុងដំណើរឆ្ពោះទៅមុខ។ ករណីវ៉ាក់សាំងនេះ ជារឿងចាំបាច់ដែលយើងត្រូវពិភាក្សាគ្នា ហើយត្រូវដោះស្រាយ។ លោកជំទាវ យក់ សម្បត្តិ បានរាយការណ៍ឲ្យខ្ញុំបានដឹងអំពីការសាងសង់ឃ្លាំងសម្រាប់ស្តុកទុក ដែលមានការឯកភាពពីឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រួចមកហើយថា នៅក្នុងកន្លែងស្តុកទុកនោះ យើងអាចស្តុកទុកគឺមានកម្រិតរហូតទៅដល់ ៨០ អង្សាក្រោមសូន្យ។ ប៉ុន្តែក៏មានក្នុងកម្រិត ៤០ អង្សា ឬ ៣០ អង្សា ឬប៉ុន្មានអង្សា ប៉ុន្តែកម្រិតអតិបរមាបានទៅដល់ ៨០ អង្សាក្រោមសូន្យឯណោះ។ កន្លែងស្តុកគឺមិនពិបាកពេកទេ។ ជំរុញនូវការសាងសង់ ព្រោះទម្រាំនឹងកំណត់ការបញ្ជាទិញអាចល្មមស៊ីចង្វាក់គ្នាជាមួយនឹងការមកដល់នៃវ៉ាក់សាំង។ ក្នុងចំណុចនេះ សុំឲ្យយកចិត្តទុកដាក់ក្នុងការពិភាក្សា។ ឥឡូវសុំសម្រេចអាទិភាពដំបូងបំផុតគឺចំនួន ៥០ ម៉ឺននាក់ដំបូងនេះថា គប្បីបានអ្នកណាខ្លះ។ ខ្ញុំ(សូម)ផ្តល់យោបល់(ប៉ុណ្ណោះ) និងសូមឲ្យមានការពិភាក្សាគ្នាបន្ថែម។ សូមអរគុណ៕