សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គម្រប់ ៤០ ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧) – ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់

CNV: 

វិលមកកាន់ទឹកដី ដែលជាការចាប់ផ្ដើមឆ្ពោះទៅកាន់​ការសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនដែលជាសាច់ញាតិ ឬអាចនិយាយបានថា ជា​ក្រុម​គ្រួសារនៅភូមិកោះថ្មរបស់យើងនេះ ជាទីស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទឹកដី​ដែលជា​ការ​ចាប់​ផ្ដើមរបស់យើង ឆ្ពោះទៅកាន់​ការសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំសូមស្នើ​អោយ​អ្នកកាសែតរក្សារបៀបរៀបរយ ដើម្បីអោយប្រជាជនបានមើលមុខខ្ញុំ ហើយខ្ញុំក៏បានមើលទៅប្រជាជន ប្រ​សិន​បើអស់លោកនៅតែរបៀបអញ្ចឹង គឺខ្ញុំអត់ធ្វើអីកើតទេ …។ ថ្ងៃនេះ តាមពិត(កាលពីជាង ៤០ ឆ្នាំមុន)​នៅ​ម៉ោង​នេះ ខ្ញុំកំពុងស្ថិតនៅទឹកដីវៀតណាមចំនួន ២០០ ម៉ែត្រ អង្គុយរង់ចាំនូវថ្ងៃរះ។ ​ពេលនោះ ម៉ោង ៨ ព្រឹក​ទៅ​ហើយ ទើបថ្ងៃរះ ដើម្បីកំណត់ទិសថា ត្រូវធ្វើ​ដំណើរទៅខាងណា? ដោយសារតែយប់នោះ នៅម៉ោងប្រមាណជា ១០ មានភ្លៀងធ្លាក់ មានផ្គរ មានផ្លេក​បន្ទោរ ហើយការឆ្លងកាត់ព្រំដែន ត្រូវបានធ្វើនៅយប់នោះ។ ហេតុអ្វីបាន​ជា​ម្សិលមិញ មិនមក? បើធ្វើកាលពីម្សិល គឺវាខុស។ វាត្រូវនៅខាងណេះ ប៉ុន្តែវាខុសនៅខាងណោះ ខាងទឹកដី​វៀត​ណាម។​

អរគុណអ្នកភូមិកោះថ្ម ផ្ដល់នូវក្ដីអាណិតស្រឡាញ់តាំងពីឆ្នាំ ១៩៧០ ជាង ៤៧ ឆ្នាំ

ខ្ញុំអរគុណជាមួយនឹងពុកម៉ែ បងប្អូន ក្មួយៗ អ្នកភូមិកោះថ្ម ដែលបានផ្ដល់នូវក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំ តាំង​ពី​ដើមមក។ មិនមែនគ្រាន់តែនៅឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៧ ទេ អ្នកកោះថ្មរបស់យើង​បានជួយ​ចំពោះពួ​ក​ខ្ញុំ​តាំង​ពីឆ្នាំ ១៩៧០។ កន្លែងនេះក៏ជាកន្លែងចាប់ផ្ដើម ដែលពួកខ្ញុំត្រូវប្រមូលគ្នីគ្នាចូលទៅព្រៃម៉ាគី។ ខាងក្ដុល ដែលនៅមិនឆ្ងាយពីទីនេះ ក៏បានរួមគ្នា (ដែលមាន)យុវជនប្រមាណ ៣០០ នាក់ ចូលទៅព្រៃម៉ាគី ហើយគឺ​ជាតំ​បន់​ដែលយើងត្រូវឆ្លងកាត់ទៅប្រទេសវៀតណាមដែរ។

អ្នកកោះថ្មរបស់យើងឥឡូវនេះ អម្បាញ់មិញបានជួបពីរនាក់ លោក ម៉ាន់ ហើយនិងលោក ស៊ុម​ ដែលនៅរស់។ ប៉ុន្តែលោក ឈើយ និងអ្នកដទៃទៀតបានស្លាប់បាត់ទៅហើយ។ អ្នកទាំងនោះ គឺជាអតីតកូនទាហានរបស់ខ្ញុំ តាំង​ពីឆ្នាំ ១៩៧០។ អ្នកកោះថ្ម បានជួបប្រទះជាមួយខ្ញុំ ឆ្លងកាត់នូវសង្រ្គាមដែលធំបំផុត គឺនៅថ្ងៃទី ១ ខែ​ឧសភា ឆ្នាំ ១៩៧០ ដែលពេលនោះ កងទ័ពអាមេរិក និងវៀតណាមខាងត្បូង បានចូលមកឈ្លាន​ពានទឹកដី​កម្ពុជា។ បងប្អូនអ្នកកោះថ្មរបស់យើង ជាពិសេសលោក ម៉ាន់ នេះ បាក់ទ័ព កាន់កងអនុសេនាតូចតាំងពី ៣៦ នាក់នៅសល់កងទ័ពតែ ១៧-១៨ នាក់ តែប៉ុណ្ណោះ។ យើងនៅខាងភូមិ អញ្ចាញ ប៉ុន្តែនៅពេល​ដែល​គេត្រ​ឡប់​ពី​ស្រុកស្នូល អ្នកណានៅខេត្តកំពង់ចាម អោយវិលត្រឡប់មកខាងខេត្តកំពង់ចាមវិញ។ បងប្អូនអ្នកកោះថ្មនេះ ក៏បានចាក់ចេញពីជួរកងទ័ព ហើយក៏បានមកស្នាក់នៅទីនេះ។

​គាប់ជួន ក្រោយឆ្នាំ ១៩៧៥​ នៅខែ កញ្ញា ខ្ញុំមកកាន់ទីនេះ បន្ទាប់ពីការព្យាបាលរបួសភ្នែក ដែលពិការម្ខាង។ ខ្ញុំ​ត្រូវ​បានកាត់ឈ្មោះទៅកាន់ជាអ្នកពិការ ដែលគេហៅថា តំបន់ឆក់នាគ នៅឯស្រុកតំបែ។ ប៉ុន្តែដោយសារតែ​បង ជុំ ហ៊ល ដែលគាត់មរណភាពកាលពីពីរឆ្នាំមុននេះ ដែលជាអតីតមេបញ្ជាការរបស់ខ្ញុំម្នាក់ ក្នុងចំណោមមេបញ្ជា​ការ​របស់ខ្ញុំដែលនៅរស់រានមានជីវិត គឺឧត្តមសេនីយ សុខ សារឿន សព្វថ្ងៃនៅឯយុទ្ធភូមិភាគទី ៤ … បានដឹង​អំពី​លទ្ធភាព​របស់ខ្ញុំ ហើយដោយសារពិការរបស់ខ្ញុំនេះ គឺជាការពិការភ្នែក និងធ្វើអោយខ្សោយនូវដៃ​ជើងខាង​ឆ្វេង គាត់ក៏បានស្នើសុំអោយខ្ញុំ​មកកាន់ទីនេះ។ ដើមឡើយ គឺធ្វើជាប្រធានសេនាធិការកងវរសេនាធំ។ (ទី)នេះ ជាទីតាំងបញ្ជាការកងវរសេនាធំ។

ខ្ញុំអរគុណណាស់ ដែលបងប្អូននៅរាប់រកខ្ញុំ មិនមែនជាការរាប់រកមួយថ្ងៃ ឬពីរថ្ងៃទេ គិតពីប្រវត្តិគឺ ៤៧ ឆ្នាំកន្លង​ផុត​ទៅ​ហើយ តាំងពីឆ្នាំ ១៩៧០។ ខ្ញុំនៅចាំបានថា មានពេលមួយនៅដើមឆ្នាំ ១៩៧១ អ្នកភូមិនៅទីនេះ បាន​ត្រៀម​រៀបចំធ្វើបុណ្យខ្មោចអោយខ្ញុំម្ដងរួចទៅហើយ ដែលកាលពេលនោះ តាមផ្លូវជាតិលេខ ៧ នេះ មានឆាក​ប្រ​យុទ្ធមួយ រវាងពួកខ្ញុំ (មាន)ត្រឹមតែ ៦ នាក់ តទល់ជាមួយនឹងកងទ័ពរបស់មានកង​ទ័ព​អាមេរិក និងវៀត​ណាម​ខាងត្បូង ​រហូតដល់​ជាង ៦០០ នាក់ឯណោះ។ យើងចូលនៅក្នុងការហ៊ុំព័ទ្ធរបស់កងទ័ពឈ្លានពាន។ ខ្ញុំត្រូវវង្វេងក្នុងព្រៃ។ ពេលនោះ បងប្អូននៅទីនេះ គិតស្មានថាខ្ញុំបានស្លាប់បាត់ទៅហើយ ដោយសារ​ការ​វង្វេង​ព្រៃ​ផង និងត្រូវបានហ៊ុំព័ទ្ធ។ ទម្រាំចេញផុតពីការហ៊ុំព័ទ្ធ ត្រូវចំណាយពេល និងអត់បាយអត់ទឹក ឯនៅទីនេះ​បាន​រៀបចំបុណ្យខ្មោចរបស់ខ្ញុំ។

ប្រវត្តិការរៀបការដំបូង

បន្ទាប់ពីមកស្នាក់នៅនៅទីនេះ ភរិយារបស់ខ្ញុំ, ការរៀបការដំបូងរបស់ខ្ញុំ គឺចាប់ផ្ដើមពីចំណុចនេះ ដែលគេហៅ​ខ្ញុំទៅ​រៀបការ។ ពិតហើយ ពេលនោះ ខ្ញុំមិនបដិសេធទេ សម្រាប់ការស្រឡាញ់ពីនារីៗ មួយចំនួនចំពោះខ្ញុំ។ ធម្មតាកម្លោះគឺវាដូច្នេះឯង។ ក្រមុំកោះថ្ម ដែលឥឡូវនេះក៏មានកូនមានចៅរួចទៅហើយដែរ ហើយភរិយាខ្ញុំ​ក៏មិ​ន​​ប្រកាន់ខឹងនឹងខ្ញុំទេ ដោយសារតែខ្ញុំជាកម្លោះ។ ខ្ញុំត្រូវបានកោះហៅតាំងពីចុងឆ្នាំ ១៩៧៥ អោយទៅរៀប​ការ​នៅ​ឯ​ត្បូងឃ្មុំ។ ភរិយាខ្ញុំមកកាន់ទីនេះ។ ខ្ញុំនៅចាំបានថា យើងរៀបការនៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៩៧៦ ព្រោះ​តាម​គម្រោង​ដើម រៀបការនៅក្នុងថ្ងៃទី ២៩ ឬ ៣០ ខែ ធ្នូ ឆ្នាំ ១៩៧៥ ប៉ុន្តែដោយសារតែភរិយា​របស់ខ្ញុំ​មិន​អាច​មក​ទាន់។ អរគុណដែរ ដែលពេលនោះ គេបានអនុគ្រោះ ពន្យារពេលរៀបការនេះរហូតដល់ភរិយារបស់ខ្ញុំមកដល់​។​ រៀបការហើយ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៧៦ ភរិយាខ្ញុំបានមកដល់ទីនេះ(កោះថ្ម)។ ពេលនោះ បងប្អូនអ្នក​ភូមិ​កោះ​ថ្មរបស់យើង បានមកចោមរោមមើលភរិយារបស់ខ្ញុំ ហើយខ្ញុំក៏បាននាំភរិយារបស់ខ្ញុំ ទៅសួរសុខទុក្ខតាម​ក្រុម​គ្រួសារជាច្រើន ដែលរាប់អានខ្ញុំនៅក្នុងភូមិកោះថ្មនេះ។ យើងបានជួបគ្នានៅទីនេះ ត្រឹមតែរយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៩៧៦ ភរិយារបស់ខ្ញុំត្រូវបានគេបំបែកពីខ្ញុំ ដើម្បីអោយ​ទៅ​កាន់​ការ​លត់​ដំ​លើកប្រព័ន្ធភ្លឺស្រែ។ រឿងនេះ បងប្អូនទាំងឡាយនៅទីនេះ បានចងចាំជាមួយនឹងការលំបាក និងទុក្ខ​វេទ​នា​របស់​ខ្ញុំ ជាពិសេស នៅពេលដែលភរិយារបស់ខ្ញុំបានឆ្លងទន្លេលើកដំបូង វាជាការគួរអោយសោកស្ដាយណាស់ ដែលខ្ញុំបោះបង់ចោលការគិតគូរមួយអំពីថ្មបុរាណដ៏ពូកែនៅក្នុងភូមិកោះថ្មរបស់យើងនេះ។

ការបាត់បង់កូន ហ៊ុន កំសត់/បើបាញ់សម្លាប់មេបញ្ជាការពេលនោះ នឹងនាំឲ្យខូចសភាពការណ៍ធំ

ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ វាជាការគាប់ជួនខ្លាំងណាស់ ដែលអនុញ្ញាតអោយខ្ញុំបាន​ធ្វើដំណើរចេញ​ពី​កន្លែង​នេះ។ ខ្ញុំបានធ្វើដំណើរជាមួយនឹងមេបញ្ជាការរបស់ខ្ញុំទៅកាន់ស្រុកពាមជីលាំង ដែលពេលនោះបាន​បង្កើត​ជាស្រុកពាមជីលាំង ដោយរាប់មួយផ្នែកយកពីស្រុកក្រូចឆ្មារ មួយផ្នែកយកពីស្រុកត្បូងឃ្មុំ បង្កើតជា​ស្រុក​ពាម​ជីលាំង។ ជាការគាប់ជួន តាមផ្លូវធ្វើដំណើរទៅ ខ្ញុំក៏បានឆ្លៀតចូលមន្ទីរពេទ្យ ដើម្បីមើលភរិយារបស់​ខ្ញុំ។ ពេលនោះហើយ ដែលខ្ញុំបានជួបនូវសោកនាដកម្ម ដែលក្នុងជីវិតរបស់មនុស្សពិបាកទ្រាំទ្រ ហើយបើធ្វើ​ការ​សម្រេច​ចិត្តខុសតែបន្តិច ខ្ញុំអាចគ្រោះថ្នាក់ ហើយបាត់បង់ជីវិត នៅត្រង់ថាពេលខ្ញុំទៅដល់ កូនរបស់ខ្ញុំប្រ​ហែល​ជា​ពេលនោះហាក់ដូចជាមិនទាន់ដាច់ដង្ហើមនៅឡើយទេ គ្រូពេទ្យបានធ្វើអោយ(កូនរបស់ខ្ញុំ)ធ្លាក់ពីដៃប៉ះនឹង​ជ្រុង​គ្រែបាក់ឆ្អឹងខ្នង។ ភរិយាខ្ញុំ គេបាននាំទៅបន្ទប់ម្ខាងទៀត។ ខ្ញុំនៅជាមួយកូនរបស់ខ្ញុំ។ ខ្ញុំសុំមេបញ្ជាការ ដើម្បី​យកកូនខ្ញុំទៅកប់នៅឯស្រុក។

ជាអកុសល មេបញ្ជាការបដិសេធសំណើរបស់ខ្ញុំ ដែលសុំ​ត្រឹម​តែយក​កូន​ទៅ​កប់ និងកំដរភរិយា​នៅពេល​ដែល​ភរិយា​ឆ្លងទន្លេរួច … តើអ្នកទាំងឡាយ រាប់ទាំងបងប្អូន​ជនបរទេស​ដែល​មក​កាន់ទីនេះ អាចយល់បានពី​អារម្មណ៍​របស់ឪពុក របស់ប្ដី ទៅលើសោកនាដកម្មមួយនេះ (ដែល​ពេល​នោះ)​ខ្ញុំ​មាន​អាវុធពីរដើមនៅនឹងខ្លួន​។ ជា​ធម្មតា ខ្ញុំប្រើអាវុធដល់ទៅពីរដើម ព្រោះខ្ញុំជាមនុស្សក្បត់អង្គការ​តាំងពី​យូរ​ហើយ មិនមែនជាការតស៊ូ​ដោយ​កញ្ឆក់​កណ្ដៀតនោះទេ តែជាការតស៊ូដោយមានការរៀបចំក្នុងគំនិត និងមាន​ការ​ប្រុងប្រៀបកម្លាំងសម្ងាត់។ ពេលនោះ ប្រសិនបើខ្ញុំអត់ធ្មត់មិនបាន ហើយបាញ់មេបញ្ជាការរូបនេះ(ចោល) អ្វីទៅវានឹងកើត? ខ្ញុំ និងភរិយា​របស់ខ្ញុំ ក៏មានតែស្លាប់តែប៉ុណ្ណោះ។ ដូច្នេះការអត់ធ្មត់របស់ខ្ញុំនៅពេលនោះ ក៏បាននាំអោយ ហ៊ុន សែន នៅរស់​ដល់​សព្វថ្ងៃ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីនាំប្រទេសបានមកដល់ពេលនេះ។ តែពេលនោះ មិនមែន​ជា​ការសម្រេចចិត្តចុងក្រោយ ត្រូវធ្វើអ្វីនោះទេ។ បើទៅតាមកំហឹង ការបាញ់សម្លាប់មេបញ្ជាការរូបនេះ គឺច្បាស់ជា​នឹង​នាំអោយខូចសភាពការណ៍ធំទៅវិញ។ ក្រោយមក ខ្ញុំបាននាំភរិយារបស់ខ្ញុំមកកាន់ទីនេះ បាតុភាព​សល់​សុក​នៃស្រ្តីឆ្លងទន្លេ បានឆ្មបបុរាណនៅភូមិកោះថ្មរបស់យើងនេះ ដែលគាត់មរណភាពកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់​ពីខ្ញុំបានកសាងផ្ទះមួយជូនគាត់ …។

ប្រមាណ ៨០% នៃអ្នកកោះថ្ម បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ខ្ញុំសូមរំលឹក សូម្បីតែបោះឆ្នោតនៅថ្ងៃទី ៤ មិថុនា កន្លងទៅនេះ អ្នកកោះថ្មបានបោះឆ្នោតសំ​ដៅមក​គណ​បក្ស​ប្រជា​ជនកម្ពុជា មករូបខ្ញុំ រហូតទៅដល់ ៧៩,៨០% អាចនិយាយបានថា ៨០% នៃសំឡេងឆ្នោត​ដែលបោះ​ឲ្យ​គណ​បក្សប្រជាជនកម្ពុជា។ នៅទីនេះ មានពីរការិយាល័យ ការិយាល័យមួយសម្រាប់កោះថ្ម និងការិយា​ល័យ​មួយទៀតសម្រាប់អ្នកមកពីភូមិចង្គុំស្ពាន។ អញ្ចឹងទេ ចង្គុំស្ពាន ក៏មាន ៦៨% ប៉ុន្តែសម្រាប់អ្នកកោះថ្មនេះ គឺ​អត្រា​នៃការបោះឆ្នោតនេះ គឺវាធំណាស់។ ដូច្នេះ វាជាការអរគុណដែលមិនអាចបំភ្លេចបាន។

ប្រផ្នូល កំណើត ហ៊ុន ម៉ាណែត អ្នកតានៅកោះថ្មប្រទាន និងមូលហេតុបានជាមិនយកប្រពន្ធទៅជាមួយ

អម្បាញ់មិញជួបក្មួយៗ កូនបង យ៉ាល់ ដែលមុនពេលខ្ញុំចាកចេញប៉ុន្មានថ្ងៃ ខ្ញុំបានទៅរកបាយនៅទីនោះ។ ក្មួយៗ មិនទាន់កើតទេពេលនោះ (កាលពី) ៤០ ឆ្នាំមុន។ ប៉ុន្តែខ្ញុំគួរតែបញ្ជាក់បន្ដិចថា ម៉េចបានជាខ្ញុំមិនចាក​ចេញ​ទៅ​ទាំងភរិយា? ខ្ញុំសូមបកស្រាយចំណុចនេះបន្ដិច មុននឹងចូលដល់ការចោទចេញជាសំណួរថា ហេតុអ្វី​បាន​ជា​ត្រូវតស៊ូប្រដាប់អាវុធ ហើយហេតុអ្វីបានជាខ្ញុំជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសត្រូវទៅ?

ខ្ញុំយកភរិយារបស់ខ្ញុំមកកាន់ទីនេះ ហើយបានសង្រ្គោះជីវិតគាត់ តាមរយៈ​ឆ្មបបុរាណនៅភូមិកោះថ្ម​របស់​យើង​នេះ។ ភរិយារបស់ខ្ញុំមានផ្ទៃពោះកូនទីពីរ ដែលថ្ងៃនេះ ប្រហែលជាពួកគេមកដែរ (ម៉ាណែត មកអត់?)។ (ហ៊ុន ម៉ាណែត) នេះជាកូនដែលចាប់កំណើតនៅទីនេះ ហើយប្រហែលជាអ្នកភូមិរបស់យើងនៅទីនេះអាចចាំបានថា មុននេះយើងមានដើមជ្រៃដ៏ធំមួយ ដូចជានៅខាងណេះ ហើយមានខ្ទមអ្នកតា។ អ្នកតានៅកន្លែងនេះ ស័ក្តិសិទ្ធ​ណាស់។ មុនពេលខ្ញុំរៀបការ ខ្ញុំបានឃើញបុរសចំណាស់ម្នាក់បានយកសារុងសូត្រមកអោយខ្ញុំ។ ខ្ញុំបានប្រាប់​ទៅ​ប្រធានកងអនុសេនាធំវិទ្យុទាក់ទង ឈ្មោះបង ឈុំ តើការយល់សប្ដិបានសារុងសូត្រនេះ មានន័យថាម៉េច? គាត់អាយុច្រើនជាងខ្ញុំ ប៉ុន្តែដោយសារខ្ញុំជាមេបញ្ជាការរបស់គាត់ គាត់ហៅខ្ញុំជាបងទៅវិញ បានប្រាប់ថា ជិត​បាន​ប្រពន្ធ។ ប៉ុន្មានថ្ងៃក្រោយមក គេក៏ហៅខ្ញុំទៅរៀបការ។ សំណួរចោទចេញ នៅថ្ងៃដែលគេចាប់កំណើត ភ្លើង​ធំ​ណាស់ដែលហោះចេញពីដើមជ្រៃ កាត់ដំបូលផ្ទះរបស់ខ្ញុំ ដូច្នេះកូនប្រុសមួយនេះ ប្រហែលជាអ្នកតានៅទីនេះ​ប្រ​ទានអោយខ្ញុំ ពេលនោះផ្អើលទាំងបន្ទាយតែម្ដង។

ហេតុអីបានជាខ្ញុំមិនទុកប្រពន្ធខ្ញុំនៅទីនេះ។ ខ្ញុំអាចនិយាយបានថា នេះជាការបញ្ចៀសគ្រោះថ្នាក់ ព្រោះខ្ញុំបាន​ត្រៀម​រៀបចំខ្លួន ដើម្បីប្រយុទ្ធវាយ ប៉ុល ពត គ្រាន់តែជាបញ្ហាពេលវេលាតែប៉ុណ្ណោះ។ ដូច្នេះ បើសិនទុក​ភរិយា​នៅទី​នេះ ម្ខាងគឺមានការទិតៀន តែម្ខាងទៀត បើសិនមានការប្រយុទ្ធណាមួយកើតឡើង ភរិយាខ្ញុំដែល​មាន​ផ្ទៃ​ពោះ​សារជាថ្មីនោះ នឹងត្រូវទទួលគ្រោះថ្នាក់។ ខ្ញុំបានបញ្ជូនភរិយាទៅកាន់មន្ទីរពេទ្យនៅឯសំរោង ជិតឃុំដា គឺ​ជា​ការបញ្ជូនភរិយាទាំងទឹកភ្នែកទៅកាន់ទីនោះ។

ហេតុអ្វីបានជាត្រូវតស៊ូប្រដាប់អាវុធ ដើម្បីសង្គ្រោះជាតិពីរបប ប៉ុល ពត?

នៅក្នុងថ្ងៃទី ២០ ខែ មិថុនា ម្សិលមិញនេះ ពេលវេលាម៉ោងនេះ គឺជាពេលវេលាដ៏លំបាកបំផុត ដែលជា​ការ​សម្រេច​ចិត្តចុងក្រោយត្រូវធ្វើយ៉ាងម៉េច? មិនមែនជាការងាយស្រួលសម្រាប់ការជ្រើសរើសរបស់យើងនោះទេ។ នៅក្នុងសៀវភៅដែលបានចែកជូននេះ គា្រន់តែមានវគ្គដែលទាក់ទងនឹងការចាកចេញរបស់ខ្ញុំចេញពីទីនេះ ប៉ុន្តែ​ខ្ញុំចង់រៀបរាប់អំពីរឿងទាំងឡាយ ដែលជាការចាប់ផ្ដើមថា​ ហេតុអ្វីបានជាមានការលំបាកបែបនេះ ហើយហេតុអ្វី​បានជាយើងត្រូវតស៊ូប្រដាប់អាវុធដើម្បីសង្រ្គោះជាតិ? ខ្ញុំមិនមែនតស៊ូដោយកញ្ឆក់កណ្ដៀតទេ តែជាការរៀបចំ​នៅក្នុងគោលគំនិតដ៏ជាក់លាក់មួយ។

សំណួរសួរថា ហេតុអ្វីបានជាត្រូវតស៊ូប្រដាប់អាវុធ ដើម្បីសង្រ្គោះជាតិ? ចម្លើយ បើវាស្រួលដូចសព្វថ្ងៃ ចាំ​បាច់​ទៅ​សង្រ្គោះជាតិធ្វើអី។ ពាក្យ «សង្រ្គោះជាតិ» បច្ចុប្បន្ន គឺមិនត្រូវន័យនៃសភាពការណ៍របស់ប្រទេសនេះទេ។ «សង្រ្គោះជាតិ» ជារបស់ផ្ដាច់មុខរបស់ប្រជាជនកម្ពុជា។ សម័យនោះ មិនមែនជាសម័យដែលអាចដើរ​ឃោស​នា​បោះឆ្នោត ហើយសុំសេរីភាព សុំប្រជាធិបតេយ្យនោះទេ។ បើសិនជាសុំបាន បើសិនជាបង្កើតបក្ស​នយោ​បាយ​បាន ខ្ញុំមិនចាំបាច់ទៅធ្វើការតស៊ូប្រដាប់អាវុធដើម្បីសង្រ្គោះជាតិនោះទេ។ បើវាស្រួលដូចសព្វថ្ងៃ មាន​បក្ស​នយោ​បាយជាច្រើនអាចធ្វើដំណើរបានគ្រប់ទិសទី មិនចាំបាច់ទៅតស៊ូប្រដាប់អាវុធនោះទេ។ (តែ)មិន​អាចសុំ​សេរី​ភាពពី ប៉ុល ពត (បានទេ) កុំថាឡើយសេរីភាពនៃការនិយាយស្ដី ការធ្វើដំណើរ ការធ្វើនយោបាយ សូម្បី​តែ​សេរី​ភាពនៃការរស់រានមានជីវិតក៏គ្មានផង។ តើយើងនៅរងចាំការស្លាប់ទេ? …​ ឥឡូវយើងនាំគ្នាគិតមើល បើកុំ​ផ្តួល​ពួក ប៉ុល ពត ដោយប្រដាប់អាវុធ តើមកដល់ថ្ងៃនេះ អ្នកកោះថ្មអាចរស់បានទេ? ហើយក្មួយៗ បច្ចុប្បន្ននេះ​អាច​រស់បានទេ? បើឪពុកម្តាយរបស់ខ្លួន ជីដូនជីតារបស់ខ្លួន មិនទំាងរស់ផងនោះ …?

ជម្រើស ៤ យ៉ាង មុននឹងដល់ការពឹងពាក់វៀតណាម

សំនួរទីពីរ ហេតុអ្វីដែលខ្ញុំត្រូវជ្រើសរើសប្រទេសវៀតណាម ដើម្បីធ្វើដំណើរទៅកាន់ទីនោះ? មុននឹងនិយាយ​ដល់​បញ្ហា​នេះ ខ្ញុំគួរនិយាយថា ជម្រើសរបស់ខ្ញុំ បើនិយាយពីជាន័យរួម ជាកញ្ចប់តែម្តង មិនមែនត្រឹមពីរទេ គឺមាន​រហូត​ដល់ទៅបួនឯណោះ។ ជម្រើសទីមួយ ជាជម្រើសបញ្ជាកម្លំាង វ៉ៃកាន់កាប់តំបន់នេះ ទំាងស្រុក​ទ្រមូង ស្រុក​មេ​មត់ ស្រុកស្នួល និងអាចតំបន់ខ្លួនទៀត ដោយកងវរសេនាធំរបស់ខ្ញុំ។ កងវរសេនាធំនៅពេល​នោះ​ខ្ញុំគួរតែ​និយាយ​បន្តិចថា ជាកងរវសេនាធំមួយ ដែលមានកម្លំាងគ្រប់គ្រាន់ ដើម្បីវ៉ៃដណ្តើមកាន់កាប់​នូវ​តំបន់​ជុំវិញនេះ។ ៣ កងវរសេនាតូចថ្មើរជើង ដែលក្នុងមួយកងវរសេនាតូចនៅពេលនោះសុទ្ធតែជាង ៥០០ នាក់​ឯ​ណោះ ហើយ​មក​ឈរក្បែរទីនេះ។ ឥឡូវនេះ បងប្អូនបានយកធ្វើជាទីតំាងនៃអង្គភាពមួយរបស់ភូមិភាគទី ៧ មិនដឹងថា តើ​ជា​អង្គ​ភាពស្អីទេ? ប៉ុន្តែពេលនោះកងវរសេនាតូចលេខ ៧៥ បានឈរជើងនៅទីនោះ។ កងវរ​សេនាតូចលេខ ៥៥ បានឈរជើងនៅម្តុំខាង ចាន់មូន និងកងវរសេនាតូចលេខ ៥៩ បានឈរជើងនៅឯខាង ចុងជៀច បន្ទាប់ទៅ​បាន​ឈរជើងនៅខាងព្រៃនគរក្នុង និងបន្ទាប់ទៅបានទៅឈរជើងនៅ បឹងក្រចាប់ អាចថា​ពិបាកបញ្ជាបន្តិច។

ឯនៅជុំវិញទីបញ្ជាការកន្លែងនេះ យើងមានកងអនុសេនាធំទ័ពពិសេសមួយកង ជាង ១០០ នាក់។ យើងមាន​កង​អនុសេនាធំស៊ើបការមួយកងទៀត ជាង ១០០ នាក់ យើងមានកងអនុសេនាធំគំាទ្រ ដែលដឹកនំាដោយ នុត ថន ជាប្រធាននយោបាយនៅពេលនោះ ក៏ជាង ១០០ នាក់ និងកងអនុសេនាធំវិទ្យុទាក់ទង និងទូរស័ព្ទ ដែលដឹកនំាដោយបង ឈុំ ហើយនិង ស៊ូ គីមស្រ៊ាង ហៅ សន សាញ់។ យើងនៅសល់២ កងអនុសេនាធំទៀត ដែលមិនដាក់មកនៅទីនេះទេ គឺកងអនុសេនាធំពេទ្យ ដែលមានប្រមាណជា ៧០ នាក់ ដាក់នៅវត្តក្តុល ដែល​យើង​បញ្ចុះសីមាព្រះវិហារប៉ុន្មានថ្ងៃមុននេះ និងមួយកងអនុសេនាធំដឹកជញ្ជូនមួយកងទៀត។ ប៉ុន្តែ កម្លំាង​ដែល​យើង​អាចប្រើប្រាស់ ដើម្បីវ៉ៃប្រហារភ្លាមៗ គឺកម្លំាងនៅទីបញ្ជាការនេះ និងកងវរសេនាតូចលេខ ៧៥ ដែល​ទី​បញ្ជាការរបស់គេ គឺនៅមិនឆ្ងាយពីទីនេះ។

ថ្ងៃ ២០ ខែមិថុនា គឺជាថ្ងៃលំបាក។ តើសម្រេចចិត្តវ៉ៃ ឬមិនវ៉ៃ? ខ្ញុំបានកាន់កំាភ្លើងបីដងរួចទៅហើយ ដើម្បីបាញ់​ប្រ​ធានយោធារបស់តំបន់ ២១ នៅពេលនោះ។ គេមិនមកជួបខ្ញុំនៅទីបញ្ជាការវរសេនាធំនៅទីនេះទេ ប៉ុន្តែគេ​បែរ​ជាទៅនៅឯទីបញ្ជាការវរសេនាតូចលេខ ៧៥ ហើយគេហៅមេបញ្ជាការថ្នាក់វរសេនា​តូច និងអនុសេនាធំមួយ​ចំនួន​ទៅទីនោះ ហើយហៅខ្ញុំទៅពិភាក្សានៅព្រៃរបោះ។ ខ្ញុំបានកាន់កំាភ្លើង K59 នៅក្នុងកាបូប​ស្ពាយ​របស់​ខ្ញុំ​នៅ​​ពេលនោះ។ កាន់កៃបីដង ដើម្បីនឹងរៀបបាញ់ ហើយបញ្ជាទ័ពអោយប្រយុទ្ធតែម្តង។ ប៉ុន្តែខ្ញុំបានគិតថា បើ​ធ្វើ​យ៉ាងដូច្នេះ យ៉ាងយូរមួយអាទិត្យក្រោយ កម្លំាងនឹងត្រូវខ្ទេចតែម្តង។ ខ្ញុំសម្រេចចិត្តមិនធ្វើរបៀបនេះទេ។ អញ្ចឹង​ជម្រើសយោធានៅពេលនោះ មិនមែនជាជម្រើសសមហេតុសមផលនោះឡើយ។

ជម្រើសទី ២ គឺជាជម្រើសដកខ្លួនចេញ ហើយរៀបចំការតស៊ូជាថ្មី។ ជម្រើសទី ៣ គឺទុកអោយគេចាប់ យកទៅ​សម្លាប់​ដូចអ្នកដទៃទៀត និងជម្រើសទី ៤ គឺការធ្វើអត្តឃាតដោយកំាភ្លើងខ្លីរបស់ខ្ញុំ។

ចុងក្រោយខ្ញុំសម្រេចចិត្តយកជម្រើសទី ២ ដែលជាជម្រើសដែលល្អបំផុត ប៉ុន្តែខ្ញុំត្រូវរងចំាមនុស្ស ៣ នាក់ ដែល​ពេល​នោះ គេតម្រូវអោយខ្ញុំសរសេរលិខិតហៅ នុត ថន, ញឹក ហួន និងហៅ សន សាញ់ (ស៊ូ គីមស្រ៊ាង)។ ជា​ការ​គួរអោយសោកស្តាយ ដែលមិត្តរួមចិត្តរួមថ្លើមទំាងនេះ បានលាចាកលោកចំនួនពីរនាក់ ឥឡូវនៅសល់ពីរ​នាក់​ទៀត។ ខ្ញុំសូមអញ្ជើញឧត្តមសេនីយឯក នុត ថន ឧត្តមសេនីយឯក ប៉ោ អ៊ាន ជាមួយនឹងកូនរបស់ ញឹក ហួន និងកូនរបស់ សន សាញ់ ដែលគេជាតំណាងរបស់ឪពុករបស់គេ។ សូមមកខាងមុខ ហើយក៏សូម​បង្ហាញ​នីរ​សាររបស់ខ្ញុំ លោក នឿន ដែលគាត់មិនបានទៅទេ ក៏ប៉ុន្តែជីវិតរបស់ខ្ញុំ ជីវិតប្រពន្ធ និងកូនខ្ញុំ​របស់ខ្ញុំ​បាន​ស្ថិត​នៅក្នុងដៃនីរសារដ៏ស្មោះត្រង់មួយនេះ។ គេជាអ្នកបេងកោងរបស់យើងនេះ និងក៏ជាជនជាតិស្ទៀង ដូចអ្នក​កោះ​ថ្ម​ដែរ។

សំបុត្រដ៏លំបាកសរសេរ ផ្ញើជូនភរិយាជាទីស្រឡាញ់

… ខ្ញុំនឹងរៀបរាប់បន្ត អោយដឹងថា ខ្លួនបានក្បត់រួចជាស្រេចទៅហើយនោះ នៅម៉ោងប៉ុន្មានជា ២ រសៀល ថ្ងៃទី ២០ ខ្ញុំបានអោយបើកឃ្លំាងស្រូវ ដែលពេលនោះមានប្រហែលជា ១០០០ ថាំង ឲ្យបងប្អូនបុកស៊ីតាមចិត្ត ទាំង​ស្រូវ​ខ្សាយ ទាំងស្រូវ​ដំណើប ហើយស្រូវដំណើបនោះហើយ ដែលបងប្អូនទាំងឡាយបានបបរទុកឲ្យខ្ញុំ តែខ្ញុំ​មិន​បាន​ទទួលទាន សូម្បីតែមួយម៉ាត់។ ខ្ញុំត្រូវរង់ចាំ ប៉ោ អ៊ាន ជាពេទ្យមធ្យម ដែលនៅជាប់ជាមួយ​នឹង​ទី​បញ្ជា​ការ​វរៈ​សេនាធំ មិននៅនឹងកងអនុសេនាធំពេទ្យនោះទេ។ ការសរសេរសំបុត្ររបស់ខ្ញុំ មេបញ្ជាការរូបនេះ គេក៏បាន​មើល ប៉ុន្តែគេភ្លេចពាក្យមួយឃ្លា ដែលខ្ញុំផ្ញើឲ្យ នុត ថន, ញឹក ហួន និង សន សាញ់។ ខ្ញុំបានប្រាប់គេថាអង្គការ ហៅ​ទៅរៀន ព្រោះពេលគាត់មើល នៅពេលដែលខ្ញុំសរសេរ តែគេភ្លេចឃ្លាមួយត្រង់ថា «កុំភ្លេចមុន​ពេល​ទៅ​ទី​បញ្ជា​ការវរសេនាតូចលេខ​ ៧៥ សូមចូលមកជួបខ្ញុំសិន»។ ថ្ងៃនោះ បន្ទាប់ពីការបញ្ជា ឲ្យបើក​ឃ្លាំង​សម្រាប់​បង​ប្អូន​បុក(ស្រូវ)ទទួលទានតាមត្រូវការ ខ្ញុំក្លាយទៅជាមនុស្សដែលបានក្បត់ ហើយត្រៀមវាយប្រហារជាប់ជានិច្ច។

ក្នុងចន្លោះម៉ោង ២ ទៅដល់ ៤ ខ្ញុំសរសេរលិខិត។ គ្រាន់តែលិខិតមួយសន្លឹក ខ្ញុំត្រូវប្រើពេល ២ ម៉ោង ដើម្បី​សរ​សេរ​ដោយសារអ្វី? ពាក្យពេជន៍ដែលខ្ញុំត្រូវសរសេរនោះ ពិបាកបំផុត គឺពាក្យចាប់ផ្តើមតែម្តង។ ខ្ញុំយំម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ និងបន្ទប់របស់ខ្ញុំ។ ពេលនោះយើងបាំងជាបន្ទប់ ដោយសារភរិយារបស់ខ្ញុំបានមកនៅទីនេះ។ តើការ​ឈឺ​ចាប់​ប៉ុណ្ណា? លិខិតមួយនេះ គឺជាលិខិតដែលពិបាកសរសេរ។ ពេលនោះ យើងគ្មានក្រដាសដូចសព្វថ្ងៃទេ គឺប្រើក្រដាស(បែបក្រដាស)ស៊ីម៉ង់ត៍ ដើម្បីនឹងសរសេរ។ ការលំបាកធំជាងគេត្រង់ថា យើងប្រាប់ប្រពន្ធ​យើងថា​ម៉េច? តែចុងក្រោយខ្ញុំបានរកឃើញនូវពាក្យជូនចំពោះប្រពន្ធអីអញ្ចឹង «មកដល់រ៉ានីប្រពន្ធដ៏កម្សត់របស់បង, នៅ​ពេលដែលអូនអានលិខិតនេះ បងកំពុងនៅសែនឆ្ងាយៗ រហូតដល់រូបបងមិនដឹងថាខ្លួនឯងនៅទីណាផង» នេះជា​ពាក្យដែលពិបាករកបំផុត។ ព្រោះអ្វី ហេតុអ្វីបានខ្ញុំប្រើពាក្យខ្លួនឯងអត់ ដឹងថានៅទីណា? ទោះបី ៤០ ឆ្នាំ​បានកន្លងផុត អ្នកទាំងអស់គ្នាជួយគិតខ្ញុំមើល តើខ្ញុំអាចនិយាយរបៀបម៉េច? បើភាពមិនទៀងទាត់​បន្ទាប់ពី​ការ​សរសេរលិខិត ជួនកាលសរសេរលិខិតហើយ គេបាញ់ខ្ញុំសម្លាប់ចោល យើងចង់ទៅលិច តែសភាពការណ៍​មិន​អនុញ្ញាត យើងទៅទិសខាងកើត យើងប្រាប់ភរិយារបស់យើងថាម៉េច? វិធីតែមួយ គឺថាខ្លួនឯងក៏​មិនដឹង​ថា​នៅ​ទីណាផងទេ នេះជាពាក្យដែលខ្ញុំចាំបានខ្លាំងណាស់​។ លិខិតមួយច្បាប់នេះ ខ្ញុំបានបញ្ចប់ដោយឃ្លាថា លាដើម្បីជួបវិញដោយគ្មានកំណត់ដែលបង្កប់នូវការសង្ឃឹមផង និងអស់សង្ឃឹមផង។

ប្រមាណជាម៉ោង ៤ ខ្ញុំចាប់ផ្តើមប្រគល់នូវលិខិតមួយច្បាប់ និងរបស់(របរ)សម្រាប់អ្នកឆ្លងទន្លេ មានស្រាអាញី ទឹកឃ្មុំ សម្រាប់កូនខ្ចីឆ្លងទន្លេ។ បន្ទាប់ពីនោះខ្ញុំត្រូវរង់ចាំ បើហោចយ៉ាងបំផុត ខ្ញុំអាចរំដោះមនុស្សបាន ៣ នាក់ គឺ នុត ថន, ញឹក ហួន និង សន សាញ់។ ដោយឡែក ប៉ោ អ៊ាន​ នៅនឹងទីបញ្ជាការនេះស្រាប់ទៅហើយ។ ខ្ញុំ​ក៏​បាន​សម្រាកលង់លក់ … ខ្ញុំនៅចាំបានថាអាវុធមួយដើម K59 យកមកដាក់ក្រោមខ្នើយ។ ប្រមាណជាម៉ោង ៨ យប់ ខ្ញុំភ្ញាក់ឡើង យកដែកកែសកេះអុជចង្កៀង។ ពេលនោះ អ្នកមិនមែនជារូបខ្ញុំមិនអាចដឹងបានទេ។ សំលេង​ស្រែក​ចេញពីដើមជ្រៃនេះ ឮពេញត្រចៀកខ្ញុំតែម្តង ថាឲ្យខ្ញុំចាកចេញឲ្យ​ឆាប់​។ មិនមែនជាការមមើ​មមាយ​របស់​ខ្ញុំទេ។ ភ្លើងហាក់ដូចជាកាំជ្រួចព័ទ្ធជុំវិញខ្លួនខ្ញុំតែម្តងពីខ្ទមអ្នកតា។ សម្រែកស្ទើរតែបែកត្រចៀកឲ្យខ្ញុំចាកចេញ។ ពេលនោះ នុត ថន បានមកដល់ ញឹក ហួន និងសន សាញ់ ក៏បានមកដល់។ ខ្ញុំបានហៅពួកគេមកសួរ នុត ថន, សួរ ប៉ោ អ៊ាន សួរ ញឹក ហួន និង សន សាញ់ ម្នាក់​ៗសុទ្ធតែប្រគល់ជីវិតឲ្យអង្គការទាំងអស់ តែពេលនោះ ពួក​គេបាននិយាយគ្រប់ៗគ្នាថា ស្មោះត្រង់ជាមួយអង្គការ អង្គការយកទៅសម្លាប់ក៏សម្លាប់ចុះ ខ្ញុំបានប្រាប់ពួក​គេ​ថា ពួកនោះក្បត់ជាតិ ក្បត់ប្រជាជន នេះជាការសម្លាប់ផ្តាច់ពូជ។ ឥឡូវ ខ្ញុំសម្រេចចិត្តដកខ្លួនចេញ ហើយ​រៀប​ចំ​ការតស៊ូឡើងវិញ។ ពេលនោះគឺនៅក្នុងរង្វង់ម៉ោងប្រហែលជា ៨ កន្លះ។

… ពេលនោះខ្ញុំមានផែនការ ២ យ៉ាង បើសិនអ្នកទាំងប៉ុន្មាននាក់មិនយល់ព្រមតាមខ្ញុំទេ ខ្ញុំនឹងឲ្យ​កង​ការ​ពារ​របស់​ខ្ញុំចងអ្នកទាំងនេះទុកឲ្យអង្គការចុះ រួចហើយខ្ញុំនាំកូនទាហានរបស់ខ្ញុំប៉ុន្មានអ្នករត់គេច តែខ្ញុំចៀសវាងមិន​យក​កម្លាំងធំតាមទេ ព្រោះវាគ្រោះថ្នាក់ សម្រាប់ការឆ្លងកាត់ទៅប្រទេសមួយ។ ប៉ោ អ៊ាន បានថ្នាំពេទ្យ ឲ្យ​យក​ថ្នាំ​ពេទ្យ ហើយបានគ្រាប់បែកពីរគ្រាប់ទៅជាមួយ។ នុត ថន អាវុធទុកឯទល់ដែន អត់បានអាវុធទៅជាមួយទេ គឺ​ទៅបានកាំបិតផ្គាក់មួយ អាវភ្លៀង និងវិទ្យុផ្សាយសម្លេង សម្រាប់​ស្តាប់សម្លេ​ងមួយគ្រឿង។ ញឹក ហួន បាន​អាវុធ​ M16 ឬគេហៅ R15 ពេលនោះរបស់អាមេរិក និងបានទៃអង្ករបន្តិចបន្តួច បូកជាមួយនឹងកាម៉ែល …។ ឯ សន​ សាញ់ នៅពេលនោះហៅ ស៊ូ គីមស្រ៊ាង បានអាវុធ AK។ ពេលចាកចេញនោះ ជាពេលឈឺចាប់បំផុត។ បងប្អូនមួយចំនួនហាក់ដូចជាបានដឹង ក៏បានសុំ។ អញ្ចឹងទេ ខ្ញុំត្រូវរកវិធីមួយ គឺដើរទៅទិសខាងជើង ប៉ុន្តែងាក​ក្បាល​ទៅ​ទិសខាងត្បូង តាមរយៈនៃការចុះវាលស្រែខាងក្រោយ ហើយពេលនោះ កសិដ្ឋានរបស់ភូមិភាគ ដែល​ចិញ្ចឹម​សត្វ ហើយដែលមេឆ្កែមួយធ្លាប់តែខាំជើងខ្ញុំ សន្លាករហូតដល់សព្វថ្ងៃនេះ វាព្រុស។

វៀតណាម និងកម្ពុជា គឺពឹងគ្នាទៅវិញទៅមក

រឿងនេះខ្ញុំនឹងបន្តនិយាយនៅពេលទៅដល់ទល់ដែន ប៉ុន្តែខ្ញុំត្រូវតែទៅធ្វើការបកស្រាយមួយទៀត ហេតុអ្វីបាន​ជា​​ត្រូវ​ជ្រើស​រើស​ប្រទេសវៀតណាមជាទិសដៅដែលត្រូវទៅ? ជនរួមជាតិ បងប្អូនគិតមើលទៅចុះ តើយើងទៅ​ពឹង​ឡាវដែលឃ្លាតពីនេះប្រមាណជាជិត ២០០ គីឡូម៉ែត្រទេ? ហើយតើឡាវមានលទ្ធភាពទេ? យើងទៅថៃ មិន​ដឹងថាទៅតាមផ្លូវណាផងទេ។ ប៉ុន្តែ សួរថាថៃមានលទ្ធភាពទេ? សម្រាប់វៀតណាម គឺនៅកៀក​តែ​ប៉ុន្មាន​គីឡូ​ម៉ែត្រចេញពីទីនេះ ​គឺទៅដល់ ហើយវៀតណាមក៏មិនមែនជារឿងថ្មីដែរ​។ សម្តេចព្រះនរោត្តម សីហនុ គាត់​ធ្លាប់​បានពឹងវៀតណាមឲ្យជួយរំដោះប្រទេស។ លន់ នល់ ក៏ធ្លាប់បានពឹងវៀតណាមខាងត្បូង និងអាមេរិក ចូល​មក​ច្បាំងក្នុងទឹកដីកម្ពុជាដែរ។ អ្នកទាំងអស់គ្នាបានដឹងហើយតំបន់នេះ សំបូរទៅដោយកងទ័ពអាមេរិក និងកង​ទ័ព​វៀតណាមខាងត្បូង។​ តើម៉េចបានជាគេធ្វើបាន? ម្យ៉ាងទៀត រឿងរ៉ាវដែលយើងត្រូវដឹង ដើម្បីឲ្យមនុស្ស​មួយ​ចំនួន​ស្គាល់បញ្ហា មេដឹកនាំប្រទេសជាច្រើនបានតស៊ូពីក្រៅប្រទេសទេ។ មិនមែនតស៊ូនៅក្នុងប្រទេសនោះ​ឡើយ។ ខ្ញុំនិយាយត្រឹមថា សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់ពឹងវៀតណាម វៀតណាមក៏ធ្លាប់ពឹងកម្ពុជាដែរ មិនមែនគ្រាន់តែកម្ពុជាធ្លាប់ពឹងវៀតណាមទេ វៀតណាមបានពឹងកម្ពុជាមុន ដូច្នេះមេដឹកនាំវៀតណាមមិន​ដែល​ភ្លេច​​នឹងថ្លែងអំណរគុណកម្ពុជានោះទេ នៅពេលដែលវៀតណាមនៅសល់សង្គ្រាមនៅភាគខាងត្បូង អ្នកកោះថ្ម​មួយ​ចំនួន សុទ្ធតែធ្លាប់នាំអង្ករ ថ្នាំពេទ្យ ទៅលក់ឲ្យយៀកកុង នៅតាមព្រំដែននេះ។

បារាំង និងអាឡឺម៉ង់ ក៏ធ្លាប់ពឹងពាក់បរទេសឲ្យជួយដោះស្រាយបញ្ហាក្នុងប្រទេសដែរ

ការពឹងទៅពឹងមកនេះ វាជារឿងធម្មតា។ ឥឡូវថានៅឥណ្ឌូចិនចុះវាអញ្ចឹង ប៉ុន្តែខ្ញុំសុំលើកឲ្យច្បាស់ កុំឲ្យមនុស្ស​មួយ​ចំនួនបំភ័ន្តការពិត។ ប្រទេសបារាំងត្រូវអាឡឺម៉ង់ឈ្លានពាន។ រដ្ឋាភិបាលបារាំងសម័យឆ្នាំ ១៩៤០ បាន​ចុះ​ចាញ់អាឡឺម៉ង់ ហើយរៀបចំរដ្ឋាភិបាលដែលចំណុះឲ្យអាឡឺម៉ង់។ (ឆាល) ដឺហ្គោល ដែលជាមេដឹក​នាំ​របស់​បារាំង បានភៀសខ្លួនទៅកាន់ប្រទេសអង់គ្លេស ហើយចេញសេចក្តីថ្លែងការណ៍ពីប្រទេសអង់គ្លេសនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ គឺខុសគ្នា តែ ២ ថ្ងៃជាមួយខ្ញុំ និង (ឆាល) ដឺហ្គោល តែប៉ុណ្ណោះ។ (ឆាល) ដឺហ្គោល ស្នាក់​នៅប្រទេសបារាំងរហូតដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ១៩៤៤ តាមរយៈនោះ គាត់ក៏​បាន​ដឹក​នាំ​ចលនា​តស៊ូ​រំដោះ​ទីក្រុងប៉ារីស នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៤៤។ សូមបញ្ជាក់ឲ្យច្បាស់ មិនមែនមានតែ ហ៊ុន សែន ទេ ដែលចាកចេញពីប្រទេសកម្ពុជាទៅពឹងវៀតណាមឲ្យជួយ សួរថា (ឆាល) ដឺហ្គោល ដែលជាមេដឹកនាំ​ប្រទេស​បា​រាំង ជាប្រទេសកំពុងដាក់អាណានិគមលើកម្ពុជានេះ នៅពេលដែលអាឡឺម៉ង់វាយចូល អ្នកដទៃអោនក្បាល​ជា​មួយ​អាឡឺម៉ង់ ប៉ុន្តែ (ឆាល) ដឺហ្គោល មិនសុខចិត្ត។ (ឆាល) ដឺហ្គោល បានភៀសខ្លួនទៅអង់គ្លេស ហើយ​ចេញ​សេចក្តីថ្លែងការណ៍ពីអង់គ្លេស ១៨ មិថុនា ១៩៤០។ (ឆាល) ដឺហ្គោល វិលចូលស្រុក ១៤ មិថុនា ឆ្នាំ ១៩៤៤ រយៈពេល ៤ ឆ្នាំ ហើយបានរំដោះទីក្រុងប៉ារីស ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៤៤។

បន្ទាប់ទៅកងទ័ពសម្ព័ន្ធមិត្ត រាប់ទាំងបារាំងខ្លួនឯង ជាមួយអង់គ្លេស និងជាមួយនឹងសហភាពសូវៀត បានចាប់​ផ្តើម​វាយប្រហារ និងផ្តួលរំលំ ហ៊ីត្ល៊ែរ។ អញ្ចឹង តើគួរចោទថាម៉េច មិនមែនកងទ័ពអាឡឺម៉ង់ ប្រជាជន​អាឡឺ​ម៉ង់​ផ្តួល​ខ្លួនឯងទេ គឺមានកម្លាំងពីខាងក្រៅជួយអន្តរាគមន៍។ អញ្ចឹង តើខ្ញុំពឹងវៀតណាមខុសទេ? បើកុំមាន​វៀត​ណាម​ជួយ សួរថា យើងអាចរំដោះប្រទេសបានទេ? វាមិនមែនជារឿងនិទានមួយទេ … សុំមើលអោយច្បាស់។

ចាប់ពីថ្ងៃ ២០ មិថុនា ១៩៧៧ ក្លាយជាមេដឹកនាំផ្សារភ្ជាប់ជាមួយ​ដំណើរជាតិកម្ពុជាឥតដាច់សង្វាក់

ក្នុងឯកសារដែលនៅមានបន្សល់រូបថតជាច្រើន​ បានបង្ហាញតួអង្គ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា។ ខ្ញុំជាមេបញ្ជាការខ្ពស់បំផុត។ នៅមុនថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ខ្ញុំគ្រាន់តែ​ជា​ទាហាន​ដែលទទួលបញ្ជាពីខាងលើ ប៉ុន្តែ ចាប់ពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតមកដល់ពេលនេះ ខ្ញុំក្លាយ​ទៅជាមេដឹកនាំ ដែលផ្សារភ្ជាប់ជាមួយនឹងដំណើរជាតិរបស់កម្ពុជារៀងរហូត ដោយមិនដាច់ខ្សែរយៈ​មួយ​ណា​ទេ។ ខ្ញុំចាកចេញតែប៉ុន្មានខែ ខ្ញុំបានវិលត្រឡប់ចូលមកកម្ពុជាវិញ។ នៅសំរោង នៅដា នាខែ វិច្ឆិកា និងខែ ធ្នូ ឆ្នាំ ១៩៧៧, នៅក្នុងខែ មេសា​ ឆ្នាំ ១៩៧៨ ខ្ញុំមកដល់កោះថ្មហ្នឹង ប៉ុន្តែ យើងមិនបានចូលភូមិ និងទីបញ្ជា​ការ​នៅកន្លែងនេះទេ។

ទទួលស្គាល់ការកាត់ទោសខ្មែរក្រហម, ការតស៊ូផ្តួលរំលំ ប៉ុល ពត និងការជួយរបស់​វៀត​ណាម គ្មានអ្វីខុសទេ

អរគុណ! អ្នកទាំងឡាយដែលបានអញ្ជើញមកទីនេះ ដើម្បីស្គាល់នូវប្រវត្តិដើមនៃការចាប់ផ្តើម នៃតួអង្គមួយ ក្នុង​ចំ​ណោមតួអង្គផ្សេងទៀត ដែលបានបង្កើតនូវការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ការសង្គ្រោះប្រទេស​ចេញ​ពី​របបប្រល័យពូជសាសន៍។ ពេលនេះ ក៏កំពុងនាំពួកឧក្រិដ្ឋជនសង្គ្រាម ឧក្រិដ្ឋជនប្រល័យពូជសាសន៍ យក​ទៅកាត់ទោស។ បើគេទទួលស្គាល់ថា ការកាត់ទោសនេះត្រឹមត្រូវ មានន័យថា ខ្ញុំតស៊ូផ្តួលរំលំរបប ប៉ុល ពត ជាមួយនឹងកម្លាំងដទៃទៀត ដែលរួមគ្នានៅក្រោមដំបូលរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងការជួយ​របស់​វៀត​ណាម គ្មានអ្វីខុសទេ។

សន្លឹកឆ្នោតរៀងរាល់ការបោះឆ្នោត កោះថ្មមិនដែលទាបជាង ៧០%

ខ្ញុំនឹងរៀបរាប់បន្ថែម ដោយសារក្នុងសៀវភៅនេះអត់មាននិយាយអំពីអ្វីដែលបានកើតឡើងក្នុងថ្ងៃទី ២០ ទេ។ ថ្ងៃនេះ ខ្ញុំបានរៀបរាប់ជូន។ នីរសាររបស់ខ្ញុំ គួរតែត្រូវបានលើកក្នុងចំណោមតួអង្គដែលជាមនុស្សស្មោះត្រង់។ ជីវិត​ភរិយាខ្ញុំ និងកូនខ្ញុំ ដែលនៅក្នុងផ្ទៃ ហើយដែលបង្ហាញខ្លួនអម្បាញ់មិញនេះ គេស្ថិតនៅក្នុង​ដៃរបស់​នីរសារ​មួយនេះ។ បើសិនជាពេលនោះគេបានប្រាប់ធ្វើអោយបែកការណ៍ ភរិយាខ្ញុំពិតជាស្លាប់។ ប៉ុន្តែ ការស្មោះត្រង់ជា​មួយ​គ្នា គឺមានបែបនេះ។ បងប្អូននៅកោះថ្ម តើខ្ញុំបានបង្កើតនូវការឈឺចាប់ណាមួយសម្រាប់បងប្អូនទេ? នៅ​ពេល​ដែលខ្ញុំបោះទ័ពនៅទីនេះ? មុនពេលដែលកសាងបន្ទាយនៅទីនេះ យើងនៅក្នុងភូមិឯណោះទេ។ ហើយខ្ញុំ​ក៏​ជា​គ្រូអក្ខរកម្មសម្រាប់ក្មួយៗ ពិតមែនតែខ្ញុំធ្លាក់ខ្លួនពិការហើយ។ យើងដុតចន្លុះរៀនពេលយប់ ហើយគ្រូ​អក្ខរ​កម្ម​នេះ ក៏បានក្លាយទៅជាគ្រូអក្ខរកម្មនៅក្នុងជួរកងទ័ព នៅឆ្នាំ ១៩៧០ ដែរ។ ពេលនោះ មានអ្នកខ្លះហៅខ្ញុំបង មានអ្នកខ្លះហៅខ្ញុំប្អូន មានអ្នកខ្លះហៅខ្ញុំថាជា លោកគ្រូ។ ដោយសារតែខ្ញុំមិនមានអំពើណាមួយ ដែលធ្វើ​អោយ​ប្រជាជននៅទីនេះថ្នាំងថ្នាក់ បងប្អូននៅតែបន្តការរាប់អាន។ សន្លឹកឆ្នោតរៀងរាល់ការបោះឆ្នោត ខ្ញុំតែងពិនិត្យ កោះថ្ម​មិនដែលទាបជាង ៧០% នៃការបោះឆ្នោតទេ។ ការបោះឆ្នោត ឆ្នាំ ២០០៧ ខ្ញុំមកទីនេះ ពេលនោះ បោះអោយបក្សដទៃដូចមានត្រឹមតែ ២ សន្លឹកតែប៉ុណ្ណោះ ក្រៅពីនោះ បោះអោយគណបក្សប្រជាជនទាំងអស់។

បញ្ចូលគ្រូជាប់កិច្ចសន្យា ៣ នាក់ ទៅជាគ្រូក្របខណ្ឌ

ខ្ញុំបានធ្វើសាលារៀននៅទីនេះ ហើយឮថាគ្រូបង្រៀនរបស់យើងមាន ៣ នាក់ ​ជាគ្រូជាប់កិច្ចសន្យា ហើយបាន​បង្រៀន​ប៉ុន្មានឆ្នាំទៅហើយ។ លោក ខេង សាម៉េត បានវាយ(ទូរស័ព្ទ)ទៅសួរខ្ញុំ ហើយបានសួរ​ទៅរដ្ឋ​មន្ត្រី​ក្រសួង​អប់រំផងដែរ។ ខ្ញុំសុំអោយបញ្ចូលគ្រូទាំង ៣ នាក់នេះ ទៅជាគ្រូក្របខណ្ឌតែម្តងទៅ។ ឯសាលា ដែល​យើង​កំពុងកសាងខាងក្រោយនេះ ដើម្បីជំនួសនូវអគារចាស់ដែលខ្ញុំកសាងប៉ុន្មានជា ២០ ឆ្នាំ មុន​នេះ។ ឥឡូវ យើង​កសាងវា ២ ជាន់ តែម្តងទៅ ដើម្បីទុកសម្រាប់តម្រូវការនៅពេលក្រោយ។ អ្នកកោះថ្មរបស់យើង​កូន​ច្រើន​ណាស់ មិនមែនតិចទេ (សួរលោក ម៉ាន់)…។ អញ្ចឹងទេ យើងត្រៀមទុកអោយហើយទៅ អោយវាមានសាលា ២ ជាន់នៅទីនេះ រួចហើយអា ៣ ជាន់​ៗហ្នឹង មាននៅឯអនុវិទ្យាល័យ និងវិទ្យាល័យ មិននៅឆ្ងាយទេ នៅឯក្តុល។

ពាំនាំ

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់សិស្សានុសិស្ស ចំនួ​ន ២៣៧ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម និង​ថវិកា ១ ម៉ឺនរៀល។ សម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន ៥ នាក់ ក្នុងម្នាក់ៗ (ថវិកា) ចំនួន ៥ ម៉ឺន រៀល ប៉ុន្តែ សម្រាប់លោកគ្រូ អ្នកគ្រូ ខ្ញុំសុំឧបត្ថម្ភដោយឡែកមួយទៀត ក្នុងម្នាក់ៗ ជូន ៥០ ម៉ឺនរៀល បន្ថែមទៀត ដើម្បី​អោយ​លោកគ្រូអ្នកគ្រូប្រឹងប្រែង។ គ្រប់ក្រុមគ្រួសារទាំងអស់ដែលនៅទីនេះ គឺបានដាក់ជូននៅខាងមុខហើយ អង្ករ ៥០ គីឡូ, មី ៤ កេស, ត្រីខ ១ កេស (ហើយ) ១ កេសហ្នឹង ១០០ កំប៉ុងឯណោះ ហើយមី ៤ កេស ក្នុង ១ កេស ៣០ កញ្ចប់។ ប៊ីចេងមួយគីឡូក្រាម ស្ករស ១០ គីឡូក្រាម (តែប្រយ័ត្នទឹកនោមផ្អែម) ទឹកស៊ីអ៊ីវ ៦ ដប ទឹកត្រី ៦ ដប ឃីតមួយ ដែលក្នុងឃីតនោះមានសារុង ក្រមា មុង និងភួយ ហើយថវិកាសូមជូន ៥០ ម៉ឺន​រៀល/​គ្រួ​សារ។

យ៉ាងណាក៏ដោយ លោកគ្រូ អ្នកគ្រូ ប្រហែលជានៅក្នុងចំណោមហ្នឹង។ បើនៅក្នុងចំណោមហ្នឹង គាត់ត្រូវ​ប៉ាន់​តែ​ម្តង។ ចំពោះសាលារៀនកោះថ្មរបស់យើងនេះ ថវិកា ១ លានរៀល សាលាស្រុក មេមត់ ថវិកា ២ លានរៀល វរសេនាតូចយោធាការពារព្រំដែនលេខ ២០៣, វរសេនាតូចនគរបាលការពារព្រំដែនលេខ ៦១៧ និងលេខ ៦១៥, ប៉ុស្តិ៍នគរបាលការពារព្រំដែន កោះថ្ម និងស្ពាន ជ្រៀវ សរុបទាំងអស់ ៥ អង្គភាព ក្នុងមួយអង្គភាពៗ ជូនថវិកា ៥ លានរៀល សម្រាប់ផ្ញើជូនទៅបងប្អូន។

ចេញពីចំណុចនេះ អង្គការចាត់តាំងយោធាត្រូវបានបង្កើត

ខ្ញុំសូមអរគុណចំពោះការរៀបចំរបស់ក្រសួងការពារជាតិ របស់គណៈកម្មការរៀបចំទាំងឡាយ ដែលបានរៀបចំ​ដ៏​ល្អ​​ក្នុងដំណើរផ្លូវថ្ងៃនេះ ដើម្បីរំលឹកអនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជ​សាសន៍​។ នេះ​គឺទិវានៃការចងចាំ។ ចេញពីចំណុចនេះហើយដែលអង្គការចាត់តាំងខាងយោធាត្រូវបានបង្កើតឡើង​។ ខុស​ពីឆ្នាំ ១៩៧០។ ឆ្នាំ ១៩៧០ អ​ង្គការចាត់តាំងខាងនយោបាយបានកើតមុន តាមរយៈការបង្កើតរណសិរ្ស​រួបរួម​ជាតិ ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ និងរាជរដ្ឋាភិបាលនៅពេលនោះ ដឹកនាំដោយសម្តេច ប៉ែន នុត។ ប៉ុន្តែ កម្លាំងប្រដាប់អាវុធ អង្គការចាត់តាំងខាងយោធាមិនទាន់មានទេ។ ឯការសង្គ្រោះជាតិចេញ​ពីរបប​ប្រ​ល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ គឺកងកម្លាំងប្រដាប់អាវុធ​បាន​កើត​មុន អង្គការចាត់តាំងខាងនយោបាយ ហើយដែលអង្គការចាត់តាំងខាងយោធានោះ គឺមានរូបខ្ញុំនេះឯងដែល​ដឹក​នាំកងទ័ពរៀបរយនេះ។

ពាក្យ «សង្គ្រោះជាតិ» ជាពាក្យដែលគណបក្សប្រជាជនបានប្រើរួចហើយ

និយាយយ៉ាងដូច្នោះ មិនមែនបានន័យថា ខ្ញុំទាត់ចោលនូវកម្លាំងដទៃ ដូចជា ឯកឧត្តម សាយ ភូថង ឯកឧត្តម ទៀ បាញ់ នៅខេត្តកោះកុង, ឯកឧត្តម ប៊ូ ថង សឺយ កែវ ប៊ុន នី នៅខាងឦសាន និងបន្តមកចលនាដ៏ធំ គឺការ​បះបោរ​នៅទូទាំងភូមិភាគបូព៌ាទិស ដែលជាចរន្តថ្មី ផ្តល់ឱកាសឲ្យយើងកាន់កាប់តំបន់នេះ ពីស្រុកមេមត់ ស្នួល ហើយបង្កឱកាសឲ្យយើងបង្កើតនូវអង្គការចាត់តាំងខាងនយោបាយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ពាក្យ​សង្គ្រោះជាតិ គឺជាពាក្យរបស់គណបក្សប្រជាជន។ ហេតុផល បើសិនជាមានប្រជាធិបតេយ្យ ឬមានការ​ផ្តល់​ឱកាសដូចសព្វថ្ងៃ គ្មានការចាំបាច់ទៅសង្គ្រោះខ្មោចអីទេ។ បើហៅថា សាងគ្រោះ គឺមានមែន។ ប៉ុន្តែ រឿង​សង្គ្រោះ​មិនបានទេ។ ពិបាកណាស់។ ស្លាប់អស់ច្រើនណាស់ដោយសារសង្គ្រាម រឿងអីបានខ្ញុំត្រូវពិការភ្នែក? ដោយសាររដ្ឋប្រហារ ១៨ មីនា ១៩៧៥។ បើកុំមាន ១៨ មីនា ១៩៧៥ វាក៏គ្មាន ប៉ុល ពត ដែរ។ អញ្ចឹង​អ្នក​កសាង​កំហុសទាំងឡាយ ត្រូវទទួលស្គាល់ឲ្យច្បាស់នូវប្រវត្តិសាស្រ្តនេះ។

មិនមែនចាំតែមានកាំភ្លើងទេ អណ្តាត​របស់​អ្នកឯងក៏អាចបង្កើតនូ​វសង្គ្រាមបានដែរ។ ដរាបណាអណ្តាតអ្នកឯង ការសរសេររបស់អ្នកឯង នៅតែប្រ​មាថ​មាក់ងាយ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់សង្គ្រាមនៅឡើយ។ កុំប្រហែសឲ្យសោះ កងទ័ពត្រូវត្រៀម​ជា​និច្ចដើម្បីបង្ក្រាបរាល់ចលនានៃការផ្តួលរំលំ និងការធ្វើឲ្យខូច​ខាតប្រ​ទេស​ជាតិ។ បទពិសោធន៍មួយនេះ សង្គ្រាមឆ្នាំ ១៩៧០ ធ្វើឲ្យយើងបាត់បង់ឱកាស។ បើទុកឲ្យសម្តេចព្រះ​នរោត្តម សីហនុ ដឹកនាំមកដល់ពេលនេះ កម្ពុជាយើងក៏មិនជួបជាមួយនឹងរបបប្រល័យពូជសាសន៍ទេ។ ដោយ​សារ​តែមានរបបប្រល័យពូជសាសន៍ បានយើងត្រូវតស៊ូកម្លាំងប្រដាប់អាវុធ ដើម្បីសង្គ្រោះជាតិ។ ខ្ញុំមិនមែន​ស៊ី​កេរ្តិ៍នូវរបស់ដែលហៅថា ទិវានៃការចងចាំទេ ក៏ប៉ុន្តែរឿងនេះគឺជារឿងប្រវត្តិពិត ហើយខ្ញុំសូមបញ្ជាក់ថា មានតែ​អ្នក​ឈ្នះប៉ុណ្ណោះ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត។ បើអ្នកឯងនៅតែព្រហើន អ្នកឯងក៏ត្រូវតែរងចាំទទួល​​នូវអ្វី​ដែល​អ្នក​ឯង​គួរទទួល។

ត្រកូល ហ៊ុន មិនយកកម្ពុជា ជារបស់ផ្តាច់មុខទេ តែធានាការពារមិនឲ្យនរណាបង្កើតចលាចលបានឡើយ

ការប៉ុនប៉ងកម្ទេចត្រកូល ហ៊ុន។ ត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់អ្នកឯងវាយលេងទេ។ ឥឡូវ កូនប្រុស​ទាំង ៣ ត្រកូល ហ៊ុន ចេញមក ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ។ នេះជាកូនច្បង ដែលអ្នកតានៅ​ទីនេះ​បាន​ផ្តល់​ឲ្យ។ បន្ទាប់ទៅ កូនទី ៣ តែជាប្រុសដែរ ក៏ជាទាហានដែរ ឯកូនទី ៤ នេះ ក៏ជាទាហានដែរ ក៏ប៉ុន្តែ គេជា​តំ​ណាង​រាស្រ្ត។ សូមមើលឲ្យច្បាស់។ គឺត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់អ្នកឯងវាយលេងទេ។ ហើយ​ត្រ​កូល ហ៊ុន គឺជាត្រកូលដែលរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ត្រកូល ហ៊ុន មិនមែនយកប្រទេសនេះ ធ្វើ​ជា​ប្រទេសផ្តាច់មុខរបស់ខ្លួនទេ តែត្រកូល ហ៊ុន សូមធានាការពារនូវសន្តិភាពសម្រាប់ប្រទេសនេះ ការពារ​នូវ​រាជ​បល្ល័ង្គ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារនូវព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារ​អ្វីៗ​ដែលជាសមិទ្ធផលសង្គមជាតិ សូមអ្នកទាំងឡាយកុំញុះញង់បង្កើតចលាចល។

បើមិនទទួលស្គាល់ ប៉ុល ពត បានន័យថា ជា ប៉ុល ពត

ម្សិលមិញខ្ញុំបានស្តាប់លោកស្រីម្នាក់និយាយ … សូមកុំភ្លេចថាសម្លេងរបស់លោកស្រី(មាន)ក្នុងនេះ។ លោក​​ស្រី​និយាយអំពីបញ្ហាទាក់ទិននឹងរឿងនេះ។ លោកស្រីដែលមានដែលបានតស៊ូប្រឆាំង ប៉ុល ពត ទេ? បើលោក​ស្រី​មិនទទួលស្គាល់ថាមានរបប ប៉ុល ពត លោកស្រីក៏ជា ប៉ុល ពត ក៏ជាគោលដៅ​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្នផងដែរ។ សន្តិភាពបានផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើង ឥឡូវ អ្នកណាធ្វើប្រធានភូមិ? … (សួរនាំ និងទទួលសំណូមពរពី ប្រធានភូមិ និងបងប្អូនក្នុងភូមិ) … ខ្ញុំអរគុណ ហើយមុននឹងជូនពរ ក៏​អរ​គុណ​សាជាថ្មីម្តងទៀត ចំពោះការរាប់អាន និងការជួយចិញ្ចឹមបីបាច់ខ្ញុំពីដំណាក់កាលដ៏លំបាក ខ្ញុំទៅ​ដេក​តាម​ផ្ទះ។ ជួនកាលចាស់ៗ យកផ្តិលផឹកទឹកមកវាយក្បាលខ្ញុំ។ ម៉េចបានជាគាត់វាយ? មកពីខ្ញុំគ្រុនចាញ់ មិន​ស្តាប់​គាត់។ គាត់ថាកុំស៊ីអំពៅ ឯងទៅស៊ីអំពៅ។ វាញាក់ទៀត។ អញ្ចឹងត្រូវឲ្យគាត់មើល។ មុននឹងគាត់មើល គាត់​វាយ​ក្បាលយើង។ ចុះយើងដូចជាកូនជាចៅគាត់ទៅហើយ​នៅភូមិហ្នឹង។ ខ្ញុំមិនសាងបាបកម្ម​ណាមួយ​សម្រាប់​អ្នក​កោះថ្មទេ។ អ្នកកោះថ្មកាលហ្នឹងប្រហែលជា ១០០ គ្រួសារជាងតែប៉ុណ្ណឹងទេ ឥឡូវហ្នឹងរីកធំហើយ មិន​អញ្ចឹង? (សួរពីគ្រួសារមេភូមិ និងតាវាយជួង) …។ ឥឡូវនេះ ដល់ទីបញ្ចប់ហើយណា។ អរគុណហើយ ហើយ​យើង​ជួបគ្នាប៉ុណ្ណឹងសិន ចាំថ្ងៃក្រោយ យើងលៃលក​ស្អីថែមទៀត ហើយជួនពរសុខភាពល្អ និងជោគ​ជ័យ​ទាំង​អស់​គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ