នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី២៨ អនុស្សរណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។ ពិធីចុះហត្ថលេខានាពេលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជា ប្រធានអាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។
អនុស្សរណៈយោគយល់ជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន គឺធ្វើឡើងក្នុងបំណងដើម្បីស្រាវជ្រាវ និងប្រមូលទិន្នន័យនានា សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទបេងមាលា។ ការហត្ថលេខានេះគឺជំហានដំបូងនៃការខិតខំរបស់អាជ្ញាធរជាតិអប្សរាក្នុងការស្វែងរកកិច្ចសហការអន្តរជាតិលើការងារជួសជុលប្រាសាទបេងមាលា។ តាមការបញ្ជាក់ពីមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា បើទោះបីជាដៃគូសហប្រតិបត្តិការអន្តរជាតិបានបង្ហាញពីឆន្ទៈជួសជុលប្រាសាទក៏ដោយ ប៉ុន្តែការងារនេះ ហាក់ពិបាកនឹងមានលទ្ធភាពដំណើរការជាក់ស្តែង ព្រោះប្រាសាទនេះស្ថិតនៅក្រៅតំបន់បេតិកភណ្ឌពិភពលោក។ មន្ត្រីដដែលបានបញ្ជាក់ថា ដៃគូសហប្រតិបត្តិការអន្តរជាតិអាចនឹងងាយស្រួលយល់ព្រមជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌពិភពលោកព្រោះឆាប់ទទួលបានការចាប់អារម្មណ៍ពីអង្គការយូណេស្កូ។ ត្រង់ចំណុចនេះហើយ ការចុះបញ្ជីប្រាសាទបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាកត្តាចាំបាច់ក្នុងការទទួលបានកិច្ចសហប្រតិបត្តិការអន្រជាតិដើម្បីជួសជុល។
សូមបញ្ជាក់ថា កន្លងមកភាគីចិន បានជួយជួសជុលប្រាសាទចៅសាយទេវតា និងកំពុងបន្តជួសជុលប្រាសាទតាកែវ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៨ ហើយនឹងបន្តជួសជុលលើគម្រោងមួយទៀតក្នុងឧទ្យានអង្គរបន្ទាប់ពីប្រាសាទតាកែវ។
ដោយឡែកសម្រាប់អនុស្សរណៈជាមួយ មជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី វិញ គឺក្នុងបំណងដើម្បី ប្រមូលទិន្នន័យ ចងក្រងឯកសារ ជារូបភាព និងវីដេអូ រក្សាទុកក្នុងប្រព័ន្ធបច្ចេកវិទ្យា។ គម្រោងនេះ ដើម្បីរក្សាទុក និងជាភស្តុតាងសម្រាប់ជួយដល់ការងារជួសជុលទៅពេលខាងមុខ។ ឧទាហរណ៍ ការចងក្រងរូបភាពនេះអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយដឹងអំពីស្ថានភាពដើម និងការវិវត្តនៃផ្នែកមួយរបស់ប្រាសាទនាពេល១០ឆ្នាំ ឬ២០ឆ្នាំខាងមុខ។ ដូចនេះការរក្សាបាននូវរូបភាពទាំងនោះគឺជាចំណុចស្នូល និងជាឯកសារគោលដែលអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយយកមកសិក្សាមុនសម្រេចចិត្តធ្វើការជួសជុល៕