សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ មកកាន់​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម (ចំណុចប្រវត្តិសាស្ត្រទី២)

361

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានធ្វើដំណើរ​ដោយ​រថយន្ត​ចាកចេញពីសាលាបឋមសិក្សា ហ៊ុន សែន កោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំក្នុង​ចម្ងាច​១៤គម តែក្នុង​សម័យ​នោះសម្តេច​តេជោធ្វើដំណើរ​​តាមផ្លូវ​កាត់​​ក្នុងចម្ងាយ ៩.៩គម ដែលការធ្វើ​ដំណើរពេ​ល​នេះ​អម​ដោយ​ឯកឧត្តម នុជ ថន ឯកឧត្តម វ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូបាន​មកដល់ចំណុច​ប្រវត្តិសាស្ត្រទី២ ត្រង់ព្រំប្រទល់កម្ពុជា វៀតណាម ដើមត្រយឹង។

បន្ទាប់ពីបាន​អញ្ជើញ អុចធួប​សុំសេចក្តី​សុខនៅ​ទីនេះ​រួចហើ​យនោះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ក៏បាន​មាន​ប្រសាសន៍​រៀបរាល់​ដោយទឹកភ្នែកពីរឿង​រ៉ាវដ៏ឈឺចាប់​នៅទីនេះ។ សម្តេចតេជោបាន​ថ្លែងថា សម្តេចបានយកជីវិត​មកធ្វើដើមទុន ដើម្បីធ្វើការ តស៊ូផ្តួលរំលំរបប​ប្រល័យពូជ​សាសន៍ប៉ុល ពត បន្ទាប់ពីការចូលរួម​ក្នុងកងក​ម្លាំងប្រដាប់​អាវុធនៃ ចលនា រំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥ ។

នៅត្រង់ចំនុចនេះ​សម្តេចតេជោ ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវ​ស្លាប់នៅ​ពេល​ឆ្លង​ព្រំ ដែន កម្ពុជា-វៀតណាមដោយការ​ជាន់មីន ឬដោយកង​ការពារ​ព្រំដែន​របស់វៀត​ណាមឬទេ ? តើអាច ត្រូវ​ជាប់គុក​ដោយសារ​ការឆ្លងដែន​ខុសច្បាប់​ឬទេ? តើវៀតណាម​ជឿហើយសុខ​ចិត្តជួយ ក្នុងការផ្តួលរំលំរបប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ឬទេក្នុងពេលដែលវៀតណាម​កំពុងមាន​ទំនាក់​ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ តើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?។ ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ។

សម្តេចតេជោ ពិតជាមានការលំបាកខាងផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរដោយ​គិតដល់ផលវិបាក​អាចកើតមានចំពោះភរិយាដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ បន្ទាប់ថ្លែងរឿងរ៉ាវដ៏ជូចត់ ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងក្រុមអ្នកសារព័ត៌មានរួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយឯកឧត្តម នុជ ថន និងឯកឧត្តម វ៉ា ប៉ោអ៊ាន និងក្រុមប្រតិភូធ្វើដំណើរដោយថ្មើរជើង ពីព្រំប្រទល់កម្ពុជាត្រង់ចំណុចដើមត្រយឹង ឆ្លងចូលព្រំប្រទល់ប្រទេសវៀតណាមដល់ភូមិ ថាញ់ តី ឃុំឡុក តឹន ស្រុកឡុកនិញ ខេត្តប៊ិញ ហ្វឿក រួចបន្តដំណើរដោយរថយន្តមកចំណុចប្រវត្តិសាស្ត្រទី៣ ជាបន្តទៀត៕