សម្រង់ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី២ ចំនួន៥ពាន់គ្រួសារ ស្រុកម៉ាឡៃ, បន្ទាយមានជ័យ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០
CNV:
“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”
ថ្ងៃនេះ យើងបានជួបជុំគ្នា។ បើទោះបីថា បងប្អូនបានជួបប្រទះនូវគ្រោះទឹកជំនន់ ហើយបង្កើតឱ្យមានស្ថានភាពមិនសប្បាយចិត្ត ក៏ប៉ុន្តែការជួបជុំរបស់យើងថ្ងៃនេះ ក៏អាចនឹងបង្កើតនូវបរិយាកាសមួយសម្រាប់ការឈានទៅមុខបន្តទៀត។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទន្ទឹងរង់ចាំខ្ញុំនៅទីនេះ ជាមួយនឹងវត្តមានរបស់ខ្ញុំៗ ក៏សូមអភ័យទោសអំពីការយឺតយ៉ាវ ដោយសារតែអម្បាញ់មិញខ្ញុំត្រូវជាប់កម្មវិធីនៅស្រុកអូរជ្រៅ។ ប៉ុន្តែ ដោយសារតែស្រុកអូរជ្រៅ បានធ្វើពិធីតាំងពីម៉ោង ៦:៤០ អញ្ចឹងយើងមកទីនេះបានលឿនជាងការគ្រោងទុក។ យ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសនូវការយឺតដំណើរ ដោយសារយើងជាប់ឯណោះផង ហើយត្រូវមកឯណេះផង ការមកចែកអំណាយសង្គ្រោះនិងសួរសុខទុក្ខបងប្អូននៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៣ ថ្ងៃ … អាចចាត់ទុកថា យឺតជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ តែការមកយឺត ប្រសើរជាងមិនបានមក។
ខ្ញុំសូមយកឱកាសនេះ ចូលរួមដំបូងសុំពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត។ ក្នុងពេលនេះដែរ ខ្ញុំក៏សូមសម្ដែងនូវមរណទុក្ខចំពោះអ្នកដែលបានបាត់បង់សមាជិកគ្រួសារ ដែលថ្ងៃនេះ ដូចជាមានមួយគ្រួសារមកទីនេះដែរ មានកូនអាយុ ២ ឆ្នាំ (បានបាត់បង់ជីវិត)។ ពិតជាកម្សត់សម្រាប់បញ្ហាដែលយើងបានជួបប្រទះ។ បើទោះបីស្លាប់ដោយវិធីណាក៏ដោយ យើងមានការសោកស្ដាយខ្លាំងណាស់។ ជំងឺ Covid-19 មិនទាន់មាននរណាម្នាក់ស្លាប់ទេ ក៏ប៉ុន្តែសម្រាប់ទឹកជំនន់នៅក្នុងប្រទេសរបស់យើងនេះ មានមនុស្សរហូតទៅដល់ ៣៩ នាក់ ហើយ ដែលបានបាត់បង់ជីវិត។ ក្នុង ៣៩ នាក់នេះ មាន ២២ នាក់ នៅខេត្តបន្ទាយមានជ័យ … ជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ អម្បាញ់មិញបានសួរក្មួយស្រីនៅខាងនេះ គ្រាន់តែអ្នកលក់ដូរក៏មិនអាចយកឥវ៉ាន់ទាន់ពេលត្រូវលិចលង់ ដោយសារទឹកវាមកលឿនពេក។ នោះហើយដែលហៅថា គ្រោះមហន្តរាយ។
ខ្ញុំសូមចូលរួមចែករំលែកជាមួយនឹងការលំបាកនានា ដែលបងប្អូនបានជួបប្រទះក្នុងរយៈពេលកន្លងទៅ តាមរយៈនៃសកម្មភាពទាំងឡាយរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយបងប្អូនឱ្យរួចផុតពីគ្រោះទឹកជំនន់នេះ។ ថ្ងៃនេះ យើងមានឱកាសជួបជុំគ្នាបង្ហាញពីសាមគ្គីភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈការផ្ដល់ជំនួយនានារបស់សប្បុរសជន។ មានសប្បុរសជនខ្លះយកជំនួយមកចែក(ផ្ទាល់)នៅទីនេះ មានខ្លះទៀតក៏ចែកនៅកន្លែងផ្សេងៗ និងសប្បុរសជនផ្សេងទៀតក៏បានផ្ដល់នូវវិភាគទានតាមរយៈរាជរដ្ឋាភិបាល។ នៅក្នុងគ្រាក្រ ការជួយគ្នាសំខាន់ណាស់ ដែលពាក្យចាស់លោកបាននិយាយថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ នេះហើយជាពាក្យស្លោក ដែលយើងបានធ្វើជាប្រចាំស្របទៅតាមទំនៀមទម្លាប់ និងពាក្យស្លោករបស់ដូនតាយើងបន្សល់ទុក។
អ្នកបន្ទាយមានជ័យតែងបោះឆ្នោតគាំទ្រ CPP, អ៊ី ឈាន/សុខ ភាព គាំទ្រនយោបាយឈ្នះឈ្នះ
ពេលចូលមកដល់ខេត្តបន្ទាយមានជ័យ ទាំង ៦ កន្លែង ខ្ញុំមិនទាន់បានថ្លែងអំណរគុណចំពោះប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជននោះ គឺបានផ្ដល់ឱកាសសម្រាប់ការកាន់ដំណែងជានាយករដ្ឋមន្រ្តីរបស់ខ្ញុំ ដែលចេញពីស្រុកម៉ាឡៃនេះ ខ្ញុំសូមថ្លែងអំណរគុណជូនប្រជាជននៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក៏ដូចជាគាំទ្រការដឹកនាំរបស់ខ្ញុំ។ សង្ឃឹមថា ឆ្នាំ ២០២២ និង ២០២៣ ប្រជាពលរដ្ឋរបស់យើងនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត ដើម្បីយើងអាចរួមសុខរួមទុក្ខជាមួយគ្នា។ ប្រជាជនផ្ដល់ជំនឿទុកចិត្តចំពោះគណបក្សប្រជាជន និងចំពោះខ្ញុំ។ ខ្ញុំក៏នឹងមិនធ្វើឱ្យប្រជាជនខកចិត្តនោះទេ។ វត្តមានរបស់ខ្ញុំនៅថ្ងៃនេះ មិនមែនជាវត្តមានប្រជាភិថុតនោះទេ។ ពេលដែលប្រជាពលរដ្ឋជួបនូវការសប្បាយរីករាយមិនសូវឃើញមុខខ្ញុំទេ ក៏ប៉ុន្តែនៅពេលដែលជួបការលំបាក គឺឃើញមុខខ្ញុំហើយ។
សម្រាប់ស្រុកម៉ាឡៃនេះ យើងពិនិត្យកាលពីឆ្នាំ ២០១៦ ខ្ញុំមកម៉ាឡៃនេះដែរ ដើម្បីឆ្លងកាត់ទៅដល់ប៉ៃលិន ហើយក៏បានកសាងសាលារៀនមួយចំនួននៅស្រុកម៉ាឡៃនេះផងដែរ។ ខ្ញុំគួរតែរំលឹកបន្តិច មកដល់កន្លែងទីតាំងប្រវត្តិសាស្រ្តនេះទៅហើយ។ ថ្ងៃនេះ ក៏មានវត្តមានរបស់ អ៊ី ឈាន និង សុខ ភាព … ខ្ញុំអាចនិយាយដោយមោទនភាពថា នយោបាយឈ្នះឈ្នះ ដែលដាក់ចេញនិងដឹកនាំដោយខ្ញុំផ្ទាល់ បើគ្មានតួអង្គ អ៊ី ឈាន និង សុខ ភាព ទេ ប្រហែលជានយោបាយឈ្នះឈ្នះនោះមិនបានចេញជារូបរាងទេ។ អ្នកទាំង ២ នេះ អ៊ី ឈាន បានដឹកនាំកងពល ៤១៥ នៅប៉ៃលិន បះបោរនៅទីនោះ សុខ ភាព ដឹកនាំកងពល ៤៥០ បះបោរនៅម៉ាឡៃនេះ។ នោះហើយជាការចាប់ផ្ដើមការអនុវត្តទ្រង់ទ្រាយធំនៅក្នុងដំណើរការផ្ដាច់ខ្លួន ដើម្បីរួមចំណែកនាំមកនូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា។
ថ្ងៃ ២៩ ធ្នូ ១៩៩៨ ជាថ្ងៃបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង
ស្ថាបនិកសន្តិភាព គឺមិនមែនមានន័យថាខ្ញុំតែម្នាក់ទេ គឺប្រតិបត្តិករទាំងអស់សុទ្ធតែមានចំណែក។ មិនថាប្រតិបត្តិករពីខាងសំណាក់រាជរដ្ឋាភិបាលទេ អ្នកនៅក្នុងជួរដែលបានផ្ដាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល គឺសុទ្ធតែមានចំណែកទាំងអស់។ ឥឡូវនេះ បើយើងគិតពីសមាហរណកម្មឆ្នាំ ១៩៩៦ មកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ (យើង)បានប្រែក្លាយទឹកដីស្រុកម៉ាឡៃ ដែលជាស្រុកទីកន្លែងប្រយុទ្ធដ៏ក្ដៅគគុក ទៅជាតំបន់មានការអភិវឌ្ឍមួយ។ នេះបង្ហាញអំពីមោទនភាពរបស់ជាតិសាសន៍យើង។ ប្រសិនបើពេលនោះ មិនមានការធ្វើសមាហរណកម្ម តាមរយៈនយោបាយឈ្នះឈ្នះ និងតាមតួអង្គពាក់ព័ន្ធនៅក្នុងការរួមចំណែកនៃសន្តិភាព តាមរយៈការផ្ដាច់ខ្លួនចេញពីអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល ដោយសមាហរណកម្មពីពេលនោះ ប្រហែលជាពេលនេះ យើងគ្មានលទ្ធភាពជួបមុខគ្នាទេ ហើយសង្គ្រាមនៅតែបន្តឥតឈប់ឈរ មិនត្រឹមតែអ្នកស្រុកម៉ាឡៃ មិនអាចអភិវឌ្ឍបាននោះទេ សូម្បីតែអ្នកនៅសិរីសោភ័ណ និងតំបន់ជុំវិញ ក៏មិនមានសន្តិភាពដែរ។ បាត់ដំបង បន្ទាយមានជ័យក៏នៅតែជាទីតាំងសមរភូមិ ហើយមិនដឹងថាវាយគ្នារហូតដល់ពេលណាបានចប់ទេ។
រឿងវាយគ្នានេះ នៅក្នុងតំបន់ ប្រទេសមួយចំនួនមិនទាន់បានចប់ក្នុងការប្រយុទ្ធដោយអាវុធនោះទេ។ តួយ៉ាងដូចជា ហ្វីលីពីន នៅមីយ៉ាន់ម៉ា នៅភាគខាងត្បូងប្រទេសថៃជាដើម នៅសេសសល់ជម្លោះប្រដាប់អាវុធ។ ប៉ុន្តែ សម្រាប់កម្ពុជា ជម្លោះប្រដាប់អាវុធបានបញ្ចប់ទាំងស្រុង តំបន់នេះបញ្ចប់ទាំងស្រុង ខាងត្បូងផ្លូវជាតិលេខ ៥ បានបញ្ចប់សង្គ្រាមតាំងពីឆ្នាំ ១៩៩៦ និងឈានទៅបញ្ចប់នៅចុងឆ្នាំ ១៩៩៨ ថ្ងៃ ២៩ ខែធ្នូ … យើងចាត់ទុកថ្ងៃដែល ខៀវ សំផន នួន ជា ទៅដល់ផ្ទះខ្ញុំថា ជាថ្ងៃបញ្ចប់សង្គ្រាម ដែលនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យើង។ អញ្ចឹងថ្ងៃនេះបើទោះបីថាយើងមានជំនន់ ប៉ុន្តែយើងមិនរងគ្រោះដោយគ្រាប់បែក គ្រាប់ប្លោង បាញ់ប្រហារគ្នានោះទេ។ នោះហើយជាមោទនភាពរបស់ជាតិសាសន៍របស់យើង។
“បញ្ជាពីអ្នកនៅអាមេរិក” មកអ្នកធ្វើបាតុកម្មនៅភ្នំពេញ
តែខ្ញុំសុំបញ្ជាក់ជាសារ ខ្ញុំមានលទ្ធភាពត្រឹមតែរំលត់ភ្លើងសង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះ តែខ្ញុំអត់មានលទ្ធភាពដើម្បីធ្វើគ្រូអាចារ្យប្រដៅមនុស្សមួយក្រុមដែលប៉ុងប៉ងបំផ្លាញជាតិ តាមរយៈនៃសកម្មភាពបដិវត្តពណ៌នោះទេ។ ខ្លះគេបាននិយាយជាមួយខ្ញុំ អគ្គរដ្ឋទូតពេលខ្លះគេនិយាយជាមួយខ្ញុំថា ឯកឧត្តមដោះស្រាយបានជាមួយនឹងទ័ពព្រៃខ្មែរក្រហមថាចឹងចុះ ប៉ុន្តែហេតុអីឯកឧត្តមមិនអាចដោះស្រាយជាមួយពួកនេះបាន? បងប្អូនទាំងឡាយអើយ បើអ្នកណាដើរតាម ហ៊ុន សែន សុទ្ធតែយួនទាំងអស់ ហើយ(ឱ្យទៅដោះ)ធ្វើម៉េច? អ្នកណាក៏ដោយឱ្យតែគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជន ក្លាយទៅជាយួនទាំងអស់។ អញ្ចឹងទេខ្ញុំអត់មានលទ្ធភាពទេ។ (ពួកនោះ)ដាក់ចេញឡើង នយោបាយមានឯងអត់អញ មានអញអត់ឯង។ អញ្ចឹងតើអ្នកណាមានលទ្ធភាពដើម្បីនឹងធ្វើរឿងហ្នឹង? ខ្ញុំអត់មានលទ្ធភាពទេ។ សុំជូនសារប្រាប់ទៅថា បើពួកឯងនៅតែអញ្ចឹង អញក៏អត់ធ្វើអីជាមួយពួកឯងបានដែរ អញក៏អត់នៅជាមួយឯងបាន ឯងក៏អត់នៅជាមួយអញបាន។ មានតែប៉ុណ្ណឹង។ គេអត់មានគោលបំណងស្មោះសរណាមួយជាមួយនឹងការរួបរួមទេ។ មានតែប្រើវិធីបំផ្លាញតែប៉ុណ្ណឹង។ ខ្ញុំចង់បើកសារឱ្យស្តាប់បទបញ្ជាពីអាមេរិកមកអ្នកធ្វើបាតុកម្មនៅភ្នំពេញ។ តែអ្នកបញ្ជាៗពីអាមេរិក។ (គេថា) នែ! ទៅឈរខាងនេះទូតចិនប៉ុន្មាន(ទៅ) បន្ទាប់ទៅៗ ទូតអាមេរិកយ៉ាងម៉េច។ បញ្ជាពីអាមេរិកមក អ្នកនៅខាងក្នុង។ អញ្ចឹងរុញឱ្យអ្នកខាងក្នុងចូលគុក ហើយអ្នកខាងក្នុងមួយចំនួន សមត្ថកិច្ចកំពុងតាមរកផង ចេញមកតែម្តង។ ល្មមដែរ។ ការប្រមាថកាតទាន ហើយនយោបាយសុទ្ធតែជេរគេសព្វគ្រប់ចឹង ហើយទៅធ្វើម៉េច … ជម្លោះប្រដាប់អាវុធដែលវាយគ្នាក្តៅគគុក ខ្ញុំមានលទ្ធភាពត្រួតត្រា ហើយធ្វើឱ្យកម្លាំងប្រដាប់អាវុធច្រើនក្រុម ទៅជាកម្លាំងប្រដាប់អាវុធតែមួយក្រុម។ រៀបចំកសាងប្រទេសរួមគ្នា។
រក្សាទុកសាលាសាតាំង ដើម្បីនឹងកសាងស្តូបឈ្នះឈ្នះ
ម្សិលមិញជាខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខួបទី ២៩ ដែលសូម្បីតែអ៊ុនតាក់ចាយលុយ អស់ ២ ពាន់លានដុល្លារ អត់មានសមត្ថភាពចូលប៉ៃលិន ចូលម៉ាឡៃទេ។ ប៉ុន្តែ ហ៊ុន សែន បានទៅស៊ីបាយនៅកន្លែងណា កន្លែងយើងធ្វើសមាហរណកម្ម? អាហ្នឹងគេហៅសាលាសាតាំង។ ឥឡូវត្រូវរក្សាទុកសាលាសាតាំង។ ត្រូវផ្តាំផ្ញើឱ្យរក្សាទុកសាលាសាតាំងហ្នឹង។ យើងនឹងកសាងស្តូបឈ្នះឈ្នះ។ យើងនឹងកសាងនៅតាមតំបន់នានាដើម្បីរំលឹក។ មិនមែនចង់រំលេចស្អីទេ អ្វីដែលជាការកត់ត្រាចូលទៅក្នុងប្រវត្តិសាស្ត្រ គឺវាទាក់ទងជាមួយនឹងដំណើរនៃប្រទេសរបស់យើងឆ្លងកាត់សង្គ្រាម និងចេញពីសង្គ្រាមមកកាន់សន្តិភាព ដែលត្រូវទុកឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង។ រឿងបានកន្លងផុត តែគ្រាន់តែមកដល់ទីកន្លែងនេះ ខ្ញុំត្រូវតែរំលឹកអនុស្សាវរីយ៍ ដែលខ្ញុំមកទីនេះ ២៤ ឆ្នាំមុន។ ពេលនោះប្រសិន ខ្ញុំទៅប៉ៃលិនមុន បើ អ៊ី ឈាន ចាប់ទុកនៅប៉ៃលិន ហើយបាញ់ចោល គឺចប់។ អញ្ចឹងបានម្តាយខ្ញុំ និងម្តាយធំខ្ញុំ គាត់ចូលទៅក្នុងបន្ទប់។ ម្តាយខ្ញុំថា “ហ្អែងចូលទៅតំបន់ គេមិនខ្លាចគេបាញ់ទេ មិនខ្លាចគេសម្លាប់ទេ”។ ម្តាយធំខ្ញុំថា “ក្មួយកុំទៅអី ព្រោះឃើញមកម្តងហើយ (ហើយ)ទៅម្តងទៀត”។ បានខ្ញុំប្រាប់ទៅ ម្តាយខ្ញុំ និងម្តាយធំខ្ញុំវិញថា “ម៉ែ ម៉ែធំ ប្រសិនបើខ្ញុំទៅ(ហើយ)ស្លាប់ (ក៏)ស្លាប់តែខ្ញុំម្នាក់ ជាមួយនឹងអ្នកទៅជាមួយតែប៉ុន្មាននាក់តែប៉ុណ្ណោះ។ ប៉ុន្តែបើបានត្រឡប់មកវិញ គឺបានផែនដីទាំងមូលតែម្តង”។ នេះគឺជារឿងពិត។ ជាទីបំផុតយើងបានផែនដីទាំងមូល ឯកភាពជាតិ ឯកភាពទឹកដី បញ្ចប់ភ្លើងសង្គ្រាមដែលបានកើតដោយអ្នកជំនាន់មុន។
ម៉ាឡៃ មានផ្លូវកៅស៊ូទៅបន្ទាយមានជ័យ, ប៉ៃលិន, កំរៀងភ្នំព្រឹក្ស, បវេល មានសាលារៀន ៣ ជាន់
ពេលកើតសង្គ្រាម ទាំងខ្ញុំ ទាំងសុខ ភាព ទាំង អ៊ី ឈាន អាយុទើបនឹង ១៨ ឆ្នាំ។ ឈានដូចជាឆ្នាំរោងដែរ។ ពេលហ្នឹងបានសេចក្តីថាទាំងខ្ញុំ ទាំង សុខ ភាព ទាំង អ៊ី ឈាន ឆ្នាំរោងដូចគ្នា គឺទើបនឹងអាយុ ១៨ ឆ្នាំ។ អញ្ចឹងយើងមិនមែនជាអ្នកបង្កើតសង្គ្រាមឯណា។ តែយើងជាកូនខ្មែរ នៅក្នុងតំបន់ទាំងនេះ ដែលធ្វើសមាហរណកម្ម។ ខ្ញុំតែងប្រើពាក្យថា នេះមិនមែនជាការចុះចាញ់ ឬការសារភាពទេ តែនេះគឺជាកាតព្វកិច្ចកូនខ្មែរ ដែលមានភារកិច្ចរួមចំណែកដោះស្រាយពន្លត់ភ្លើងសង្គ្រាម ដែលអ្នកជំនាន់មុនបានសាង។ យើងបាន ធ្វើកិច្ចការងារនេះល្អណាស់ ដល់ឥឡូវយើងបានឃើញតទៅទៀត អ្នកស្រុកម៉ាឡៃពីដើមមានផ្លូវកៅស៊ូទេ? អត់។ ឥឡូវផ្លូវកៅស៊ូគឺថាចង់ចេញទៅខាងបន្ទាយមានជ័យក៏ចេញ។ ចង់ចេញទៅប៉ៃលិនក៏កៅស៊ូ ចេញទៅដល់កំរៀងភ្នំព្រឹក្ស មានផ្លូវមួយខ្សែចាក់ទៅដល់បវេល។ សាលារៀនសុទ្ធតែគ្រាន់ៗបើ មាន ៣ ជាន់អី ចឹងដែរ។
ការលំបាក ១០ ខែ មកហើយ ដោយសារ Covid-19 បន្ថែមដោយទឺកជំនន់
ពេលមានទឹកជំនន់អាសន្នអន់ក្រ យើងមានអាជ្ញាធរ កម្លាំងប្រដាប់អាវុធរួមចំណែកដោះស្រាយ ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។ សប្បុរសជននានាចូលរួមចែកជំនួយសង្គ្រោះ។ ឥឡូវនេះ ទឹកស្រក។ អ្វីដែលជាការខិតខំរបស់យើង គឺការចាប់ផ្តើមស្តារឡើងវិញនូវការខូចខាត ដែលទទួលផលប៉ះពាល់។ ប្អូនស្រីម្នាក់បានប្រាប់ថា មិនដឹងថាប្អូនខ្ញុំ អាយុតិចជាងខ្ញុំ ឬច្រើនជាងខ្ញុំទេ មិញ។ ឯណា(អ្នកដែល)ថាអត់ចំការអត់អីទេ លិចតែផ្ទះទេ ព្រោះនៅក្បែររព្រែក។ មិនដឹងថាតើអាយុច្រើនជាងខ្ញុំ ឬតិចជាងខ្ញុំ បុន្តែមើលទៅតិចជាងខ្ញុំទេ។ គិតពីឆ្នាំ ៥២ មកដល់ ២០២០, អាយុ ៦៨ ចូល ៦៩ អត់ទាន់ចូលក្បាល ៧ ទេ ប៉ុន្តែបើទោះបីចូលក្បាល ៧ ក៏អត់ទៅណាដែរ ព្រោះពូជខ្ញុំអត់ក្រោម ៩០(ឆ្នាំ) ទេ។ អញ្ចឹងបានអ្នកខ្លះកុំប្រមាថខ្ញុំអី ក្រែងលោទៅមុនខ្ញុំទៅបាត់។ មិនប្រាកដទេ អាអ្នកប្រមាថគេហ្នឹងជួនកាលរន្ទះបាញ់ រាសី បារមីមិនដល់ក្រែងលោវាគ្រោះថ្នាក់ខ្លួនឯង។
អ្វីដែលខ្ញុំចង់និយាយបន្ថែមនៅទីនេះ យើងជួបការលំបាកក្នុងរយៈពេល ១០ ខែហើយដោយសារ Covid-19 ដែលតម្រូវឱ្យយើងត្រូវសូម្បីតែទំនៀមទម្លាប់ការរស់នៅរបស់យើងត្រូវបានផ្លាស់ប្តូរ ដូចជាសូម្បីតែយើងមកអង្គុយនេះ ពីដើមយើងដែលពាក់ម៉ាសពីអង្កាល់ តែឥឡូវត្រូវតែពាក់ម៉ាស ហើយត្រូវអង្គុយឃ្លាតៗពីគ្នាអញ្ចឹង។ ពីមុនមកយើងធ្លាប់ចាប់ដៃគ្នា ឥឡូវអត់ទេ ការចាប់ដៃគ្នាត្រូវកាត់បន្ថយ និយាយរួមបើកុំចាប់តែម្តងគឺល្អ។ និយាយអញ្ចឹង រឿងហ្នឹងគេហៅថាវិធានការផ្នែកសុខាភិបាល។ សូម្បីតែខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំអត់ឱ្យចៅខ្ញុំមកជិតខ្ញុំទេ។ ខ្ញុំអត់ពចៅទេ។ ខ្ញុំត្រូវតែពិនិត្យមើល តើខ្ញុំមានកំដៅ ឬភាពមិនស្រួលណាមួយទេ? បើសង្ស័យខ្ញុំយកសំណាកទៅធ្វើតេស្ត។ ប៉ុន្តែ ឥឡូវមិនទាន់សង្ស័យអីទេ។ តែយើងត្រូវតែប្រុងប្រយ័ត្នក្រែងយើងមានជំងឺណាមួយ ហើយយកទៅចម្លងនៅផ្ទះ។ អញ្ចឹងទេ ១០ ខែរួចមកហើយដែលយើងជួបការលំបាក បន្ថែមដោយរយៈពេលចុងក្រោយនេះ ជំនន់បានវាយលុកលើខេត្តមួយចំនួន បន្ទាយមានជ័យធ្ងន់ជាងគេ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ ភ្នំពេញ កំពង់ធំ ស្ទឹងត្រែង ទឹកជំនន់វាយលុក។ ធ្ងន់ជាងគេអ្នកខេត្តបន្ទាយមានជ័យ។ ការស្លាប់ដោយការលង់ទឹក គ្រោះថ្នាក់ដោយសារទឹកជំនន់នេះ យើងមានអ្នកស្លាប់ ៣៩ នាក់ ក្នុង ៣៩ នាក់នេះ គឺមាន ២២ នាក់ហើយ នៅឯបន្ទាយមានជ័យ បើតាមការដឹងរបស់ខ្ញុំស្លាប់ចុងក្រោយគេ គឺកូនរបស់ក្មួយស្រីដែលមានអាយុ ២ ឆ្នាំ ហ្នឹងស្លាប់ក្រោយគេ។ កូនប្រុស។ នេះជាការសោកស្តាយដែលខ្ញុំសុំចូលរួមមរណទុក្ខ។
រាជរដ្ឋាភិបាល/ក្រសួងកសិកម្មអន្តរាគមន៍ត្រាកទ័រ/គោយន្ត ម៉ាស៊ីនព្រោះស្រូវ បន្ថែមដោយពូជស្រូវ/បន្លែ
ខ្ញុំបាននិយាយជាសារ ទៅកាន់ប្រជាពលរដ្ឋនៅទីកន្លែងមួយហើយ អំពីថវិកាស្អីយ៉ាងម៉េចអីយ៉ាងម៉េច ខ្ញុំមិនចង់រំលឹកឡើងវិញដើម្បីចំណាយពេលនោះទេ ក៏ប៉ុន្តែ អ្វីដែលជាការអំពាវនាវរបស់ខ្ញុំនៅទីនេះ យើងត្រូវខំងើបឈរឡើង ដើម្បីស្តារឡើងវិញនូវជីវភាពដែលរងនូវការខូចខាតក្នុងរយៈពេលកន្លងទៅ ខ្ញុំជឿថាយើងធ្វើបាន។ អម្បាញ់មិញគឺរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជូនសារមកអំពីអន្តរាគមន៍ មិនមែនអន្តរាគមន៍គ្រាន់តែផ្តល់ស្រូវពូជ និងដំណាំទេ អន្តរាគមន៍ដោយកម្លាំងត្រាក់ទ័រ និងបើថាធ្វើស្រូវមានម៉ាស៊ីនព្រោះមកជាមួយទៀត។ តាមដំណើរនេះ គេត្រូវធ្វើមកខេត្តទិសខាងលិចចំនួន ៣ ខេត្ត តាមការវាយសារមកនេះ។ ត្រាក់ទ័រមួយកន្លែង ៥ គ្រឿង គោយន្តពង្រាបដី ៥ គ្រឿង ម៉ាស៊ីនដាំគ្រាប់ពូជចំនួន ៣ ទៅ ៤ គ្រឿង នៅលើទីតាំងនីមួយៗ។ អញ្ចឹងគឺគេនឹងចុះមកខេត្ត។ មានកម្មវិធីច្រើនណាស់នៅពីបាត់ដំបង។ គេនឹងមកថ្ងៃ ២៩ គេទៅភូមិព្រែកក្លូត ភូមិព្រៃត្រឡាច ស្រុករុក្ខគិរី ពោធិ៍សាត់ថ្ងៃ ៣០ បន្ទាយមានជ័យថ្ងៃ ០១ វិច្ឆិកា។ អញ្ចឹងទេ ក្រសួងផ្នែកនានារបស់រាជរដ្ឋាភិបាលចាប់ផ្តើមធ្វើអន្តរាគមន៍ ព្រោះបញ្ហាការចែកអំណោយនេះ គ្រាន់តែសម្រាលការលំបាកមួយពេលទេ។ អ្វីដែលសំខាន់ គឺត្រូវដោះស្រាយការបង្កបង្កើនផលឡើងវិញដែលបានបញ្ជាក់នៅអូរជ្រៅអម្បាញ់មិញ។ គ្រួសារណាដែលធ្វើស្រូវ ហើយស្រូវនោះខូចត្រូវផ្តល់មួយគ្រួសារ ១០០ គីឡូ ជាស្រូវពូជ ដែលហៅថាពូជមិនប្រកាន់រដូវ។ យើងកំពុងតែប្រញាប់ប្រញាល់ទិញបន្ថែម ២០០០ តោនបញ្ចូល ជាមួយពូជស្រូវរាប់ពាន់តោនដែលយើងកំពុងនៅមាន។ ខ្ញុំឱ្យសិទ្ធិ បើខ្វះយើងទិញថែម ដើម្បីផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋ ព្រោះមិនមែនគ្រាន់តែបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ទេ យើងមានខេត្តដទៃទៀតដែលរងគ្រោះ។ សំរាប់អ្នកដែលធ្វើដំណាំទទួលការខូចខាតត្រូវទទួលបានមុខដំណាំពូជដំណាំ ៦ មុខ។ អញ្ចឹងទេ ត្រូវយកចិត្តទុកដាក់ ហើយគ្រួសារនីមួយៗ ត្រូវប្រឹងប្រែងដើម្បីស្តារជីវភាពឡើងវិញ។ ផ្នែកពាក់ព័ន្ធដែលមានការទទួលខុសត្រូវលើបញ្ហាផ្លូវ លើបញ្ហាទឹកត្រូវបន្តធ្វើកិច្ចការងារនោះ ព្រោះឥឡូវទាន់ទឹកវាច្រើនដល់ដំណាក់កាលដែលត្រូវបិទ ដើម្បីធានាចែកចាយទឹក រាល់ការបន្តការបង្កបង្កើនផល។ គេថាកសិករពឹងពាក់ទៅលើការធ្វើស្រែ និងធ្វើចំការហ្នឹងឯង។
ប្រទេសអ្នកមាន មានមនុស្សស្លាប់ដោយសារ Covid-19 ច្រើន
សង្ឃឹមថាអ្វីដែលយើងបានរួមគ្នា ធ្វើនៅទីនេះ យើងនឹងបន្តក្នុងដំណើរមួយឆ្ពោះទៅមុខ។ ពិបាកហ្នឹងវាពិបាកហើយ ហើយអា Covid-19 នេះ វាមិនមែនគ្រាន់តែកម្ពុជាទេ ទូទាំងពិភពលោក ប្រទេសអ្នកមានៗ ងាប់ច្រើន យើងអត់ទាន់មានម្នាក់ស្លាប់ដោយសារCovid-19 ផង។ ព្រឹកមិញនេះឆ្លងម្នាក់ជនជាតិបារាំង ឥឡូវយកទៅដាក់មន្ទីរពេទ្យហើយ។ ប៉ុន្តែដល់ទៅមើលកន្លែង (តាម)សាររបស់លោកជំទាវ យក់ សម្បត្តិ គាត់មានប្រពន្ធ។ កូនគាត់មួយ ៣ ខួប កូនមួយទៀត ១ ខួបកន្លះ។ ឥឡូវ មានកូនក្នុងពោះទៀត។ បារាំងកូនញឹកដែរ មិនមែនតែខ្មែរកូនញឹកឯណា។ នេះសឹងស្មើខ្ញុំហើយ។ ខ្ញុំក៏កូនញឹក ១៣ ខែ គឺកូន ១។ ដូច្នេះបារាំងគាត់មានកូន ប៉ុន្តែប្រពន្ធគាត់អត់ឆ្លង(ជំងឺ)ទេទាំងកូន ឆ្លងតែប្តីទេ … យើងអត់ទាន់មានមនុស្សស្លាប់ទេ ហើយអត់ទាន់មានឆ្លងក្នុងសហគមន៍ទេ។ សូមអំពាវនាវចំពោះបងប្អូនយកចិត្តទុកដាក់ការពារខ្លួន កុំឱ្យមានជំងឺឆ្លង Covid-19 នេះ។ ជំងឺនេះសាហាវណាស់ ហើយប្រយុទ្ធជាមួយជំងឺនេះ ពិបាកជាងប្រយុទ្ធជាមួយនឹងគ្រោះទឹកជំនន់ ព្រោះគ្រោះទឹកជំនន់យើងមើលឃើញទឹកឡើងទឹកចុះ ទឹកវាទៅខាងណា ប៉ុន្តែ Covid-19 អត់មានរូបរាង រូបកាយអីទាំងអស់ ស្រាប់តែចេញមកទៅជាជំងឺផ្លូវដង្ហើម។ ប្រទេសនានាស្លាប់មនុស្សច្រើនណាស់ រហូតមកដល់ពេលនេះជាង ១ លាននាក់ទៅហើយ ហើយ ៤០ លាននាក់ជាងដែលឆ្លងចំនួននេះច្រើនណាស់។ ប្រទេសយើងរាប់ទាំងថែម ១ នាក់ ថ្ងៃនេះ ២៨៧ នាក់។ លោកជំទាវ យក់ សម្បត្តិ នៅទីនេះតើ។ នេះគឺអ្នកប្រយុទ្ធខាងផ្នែកជំងឺហ្នឹងហើយ។ យើងនៅជិតខាងព្រំដែនថៃ។ ខាងថៃក៏មានវិធានការនៅខាងថៃ យើងក៏មានវិធានការនៅខាងយើង។ យើងបន្តប្រយុទ្ធជាមួយ Covid-19 ហ្នឹង ហើយមិនដឹងថា Covid-19 ហ្នឹងវានៅពន្យារដល់ពេលណា? អញ្ចឹងសូមប្រយ័ត្ន យើងអាចភ្លេច Covid-19 ប៉ុន្តែ Covid-19មិនភ្លេចយើងទេ។ បើនិយាយតាមមួយបែបកាលពីដើមគេថា កុកអាចភ្លេចជុង តែជុងមិនភ្លេចកុកទេ។ ឥឡូវនេះយើងអាចភ្លេច Covid-19 ក៏ប៉ុន្តែ Covid-19 មិនអាចភ្លេចយើងទេ អញ្ចឹងយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
កត្តាធ្វើឱ្យយើងឆ្លងផុតពីការលំបាកបាន គឺសន្តិភាព
ខ្ញុំគិតថា ដោយសារខ្ញុំធ្វើសេចក្តីថ្លែងការណ៍វាច្រើនទៅហើយ ហើយក៏ធ្វើការផ្សាយបន្តផ្ទាល់ ការពិតទៅគឺថា ស្រុកខ្មែរយើងឥឡូវហ្នឹង គឺទូរទស្សន៍វាស្ទើរតែគ្រប់ផ្ទះ ទោះបីជាទឹកលិចមិនបានមើលក៏គង់មានតាមទូរស័ព្ទ តាមអីអញ្ចឹងដែរ។ អញ្ចឹងបានជាមានអ្នកចូលមកខម្មិនក្នុងហ្វេសប៊ុករបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុននោះ ដូចជា ២ ឆ្នាំមុន ថា លោកអ៊ំ ខ្ញុំក្រណាស់សូមជួយផង។ ខ្ញុំក៏ខម្មិនតបត្រឡប់ទៅវិញថា ពេលនេះក្មួយក្រ តែក្មួយមានស្មាតហ្វូនដើម្បីចូលមកខម្មិនក្នុងហ្វេសប៊ុករបស់ពូ ប៉ុន្តែកាលពីជំនាន់ពូក្រ ពូរកតែបាយស៊ីមិនបានផង។ ក្រជំនាន់ក្មួយនេះ គេហៅក្រ VIP។ ឥឡូវអ្នកមកទទួលជំនួយទាំងប៉ុន្មានថ្ងៃនេះ អត់មានអ្នកណាអាវរហែកមួយទេ … យ៉ាងណាក៏ដោយស្ថានភាពយើងបានដើរឆ្ងាយពីការលំបាក ពីពេលមុនហើយ។ អ្វីដែល(អាចឱ្យ)យើងដើរឆ្ងាយ(មកបាន មាន)កត្តាធំជាងគេ គឺសន្តិភាព ដែលយើងរកបានដោយលំបាក ហើយពេលនេះមានអាយុកាល ២៤ ឆ្នាំ។ ប៉ុន្តែ សង្គ្រាមប្រទេសយើងបានកើតតាំងពីឆ្នាំ ១៩៧០ ឯណោះ តាំងពីខ្ញុំនៅក្មេង។ បើគិតតាមខែពេលនោះខ្ញុំអត់ទាន់ដល់អាយុបោះឆ្នោតផង ព្រោះខ្ញុំកើតនៅថ្ងៃ ៥ ខែ ៨ ឆ្នាំ ១៩៥២។ អញ្ចឹងដល់ពេលចូលព្រៃទើបថ្ងៃ ៤ ខែ ៤ ឆ្នាំ ១៩៧០។ ដូច្នេះវាអត់ទាន់គ្រប់ ១៨ ឆ្នាំទេ។ សង្គ្រាមវាកើតមកអញ្ចឹង តែយើងដោះស្រាយសង្គ្រាមហ្នឹងរួច។ ខ្ញុំរកសន្តិភាពបានប៉ុណ្ណឹង តែខ្ញុំអត់មានលទ្ធភាពរកសន្តិភាពជាមួយនឹងក្រុមអាសិរពិសដែលនៅតែបង្កការរំខាន។ បើមួយថ្ងៃៗ ជេរអញ្ចឹង យើងទៅធ្វើម៉េច? មួយថ្ងៃៗវាទារឱ្យខ្ញុំចុះចេញពីតំណែង។ អត់ទេ ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះទៅវិញក៏តាមរដ្ឋធម្មនុញ្ញដែរ។ ខ្ញុំឡើងតាមរយៈការបោះឆ្នោត អញ្ចឹងខ្ញុំចុះត្រឡប់ទៅវិញក៏តាមការបោះឆ្នោតដែរ។ អត់មានត្រូវការមករញ៉េរញ៉ៃទេ។
ថ្ងៃមុននិយាយលេងបន្តិចរឿងញោមខន្តី កុំឱ្យដល់កម្រិតថា មើលញោមកាន់បាតឱ្យអាត្មា អាត្មាវាយមីហ្នឹងបន្តិចមើល ដល់ព្រះសង្ឃក៏បាត់ខន្តីដែរ។ និយាយអញ្ចឹង និយាយមិនអស់រឿងនៅតែឆ្ងល់ ប៉ុន្តែរឿងញោមខន្តីប្រហែលជាប្រជាជនយើងបានដឹង។ ដើរបិណ្ឌបាតអញ្ចឹងទៅ ស្រាប់តែស្រី ២ នាក់ ទាស់គ្នា។ ស្រីមួយមាឌធំ ស្រីមួយមាឌតូចដេញវាយគ្នា។ មួយមាឌតូចមកនៅក្រោយព្រះសង្ឃ។ មាឌធំខាងមុខចេះតែរកវាយ។ ព្រះសង្ឃបិណ្ឌបាតហ្នឹង (ក៏ចេះតែឧទាន) ញោមខន្តីៗ។ ដល់ទៅអ្នកខាងមុខនេះវាយមិនបានដោយសារតែ(ស្រីម្នាក់ទៀតលាក់ខ្លួន)ខាងក្រោយព្រះសង្ឃ (ក៏)យកដីដុំគប់តែម្តង។ គប់ចុះគប់ឡើង ត្រូវព្រះកេសព្រះសង្ឃ។ ព្រះសង្ឃចាប់ផ្តើមមិនត្រឹមតែអប់រំថា ញោមខន្តីទេ ប្រាប់ញោមខាងក្រោយថា ជួយកាន់បាតឱ្យអាត្មាបន្តិច អាត្មាវាយមីហ្នឹងម្តង។ អាហ្នឹងក៏វាដូចគ្នាដែរ រាជរដ្ឋាភិបាល អំណាចរដ្ឋក៏ដូចគ្នាដែរ។ ខន្តីបានគឺខន្តី ខន្តីមិនបានគឺថាទៅដេកនៅមន្ទីរឃុំឃាំងទៅ ព្រោះអាហ្នឹងច្បាប់។ បើទៅរំលងច្បាប់ហើយ ហ្នឹងគឺថា វាទៅហើយ។ អញ្ចឹងយើងលំបាក។
ខ្ញុំអត់ត្រូវការធ្វើដំណោះស្រាយនយោបាយជាមួយអ្នកណាទាំងអស់
អ្នកខ្លះថានឹងមានដំណោះស្រាយ។ ខ្ញុំអត់ត្រូវការធ្វើដំណោះស្រាយនយោបាយជាមួយអ្នកណាទាំងអស់ ព្រោះអ្នកទាំងឡាយត្រូវដោះស្រាយជាមួយច្បាប់ប៉ុណ្ណឹង អត់មានមកត្រូវការចរចានយោបាយ។ ខ្ញុំសូមប្រកាសឱ្យជនរួមជាតិបានដឹង ខ្ញុំមិនត្រូវការចរចាជាមួយអ្នកណាទាំងអស់។ អ្នកដែលធ្វើខុសច្បាប់ គឺមានតែតុលាការមួយគត់ ហើយអ្នកដែលបានតុលាការកាត់ទោស ហើយត្រូវមកជាប់គុកសិន បន្ទាប់ពីជាប់គុកហើយចាំនិយាយគ្នា។ អ្នកឯងរួចផុតពីគុកបង្កើតបក្សនយោបាយ។ ហ្នឹងជាសិទ្ធិរបស់អ្នកឯង។ អញ្ចឹងមនុស្សមួយចំនួនថា ចាំដំណោះស្រាយនយោបាយ។ ខ្ញុំប្រកាសថា ស៊ីសងលើអាសែនមិននិយាយរក (គឺវា)ចប់។ ពាក្យអាសែន ខ្ញុំហៅខ្លួនឯង ប៉ុន្តែមានម្នាក់នោះ(មិនដឹងជា)ស្រីប្រភេទអី វាហ៊ានហៅអាសែន។ ឱ្យចេះខ្មាសអៀនខ្លះមើល ក្រែងលោវាងាប់។ ខ្ញុំមិនដាក់បណ្ដាសាអីទេ ក៏ប៉ុន្តែជ្រុលហួស។ ប្រាប់ឱ្យហើយ ហ៊ុន សែន អត់និយាយរឿងដំណោះស្រាយនយោបាយទេ … ម្សិលម៉ិញ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ចាប់ផ្ដើមពីអី ចាប់ផ្ដើមពីការចរចា សីហនុ-ហ៊ុន សែន Fère-en-Tardenois ២ ធ្នូ ឆ្នាំ ១៩៨៧ ហើយចចារប្រើរាប់ពាន់ម៉ោង (ដើម្បី)នាំមកនូវសន្ដិភាព។ អ៊ុនតាក់មកចាត់តាំងការបោះឆ្នោត ត្រួតពិនិត្យគ្រប់គ្រងកម្ពុជា។ អំណាចធំជាងគេពេលនោះគឺអង្គការសហប្រជាជាតិ មិនមែនប្រធាន SNC គឺព្រះករុណាព្រះបិតាជាតិទេ។ សិទ្ធិសម្រេចទាំងអស់ប្រគល់ឱ្យ SNC តែ SNC មិនមានកុងសង់ស៊ីសហើយប្រគល់ឱ្យប្រធានអ៊ុនតាក់ទេ។ អ៊ុន តាក់ ចាយអស់លុយ ២ ពាន់លានដុល្លារ ប៉ុន្តែ អ៊ុនតាក់ ជាន់ដី ម៉ាឡៃ អត់បាន។ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ចរន្តរត់រកគ្នារវាងនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយខ្លួនខ្ញុំជាមួយតួអង្គ ដែលក្នុងនោះលើកឡើងអម្បាញ់មិញ អ៊ី ឈាន សុខ ភាព ដែលចាប់ផ្ដើមងើបឈរឡើងនៅទីនេះ។ បើពីរនាក់នេះមិនងើបទេ ពេលនេះនិយាយឱ្យច្បាស់ទៅសង្គ្រាមមកដល់ឥឡូវ ប្រហែលជា អ៊ី ឈាន សុខ ភាព ឯងមិនរស់ដែរ ព្រោះវាយគ្នាតាំងពីហ្នុងមកគិតមកដល់ឥឡូវ ២៤ ឆ្នាំហើយ នៅក្នុងព្រៃតែរហូត។ ប៉ុល ពត សម្លាប់នៅនេះ (ឬ)ជួនកាលស្លាប់ដោយសារច្បាំងជាមួយកងទ័ពរដ្ឋាភិបាល។ ឥឡូវមនុស្សទាំងអស់រស់ទាំងអស់។ យើងចាប់ផ្ដើមពីមនុស្សតែ ៥ លាននាក់ទេ ក្រោយរំដោះប្រទេសពីរបប ប៉ុល ពត។ ឥឡូវ ១៦ លាននាក់។ កើតនោះកើត។ កុំបន្តោសអ្នកណា បើខ្ញុំកើតច្រើនដែរ។ ឆ្នាំ ១៩៧៩ តែខ្ញុំមួយ ប្រពន្ធហើយកូនម្នាក់។ ឥឡូវមានកូនប្រាំ កូនប្រសារប្រាំទៀតឡើងដប់នាក់ ចៅ ២១ នាក់ដែលកើតហើយ ទី ២២ សល់ប៉ុន្មានខែទៀត …។
ជំនួយមនុស្សធម៌
ថ្ងៃនេះ សម្រាប់ការទទួលរួចមកហើយប្រាំពាន់គ្រួសារ ក្នុងមួយគ្រួសារអង្ករ ២៥ គីឡូក្រាម មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារុងមួយ កន្ទេលមួយ ថវិកាប្រាំម៉ឺនរៀល។ ដោយឡែក្រុមគ្រូពេទ្យប្រចាំការពីរគោលដៅចំនួន ៨ ក្រុម ក្នុងមួយក្រុមៗចំនួន ២ លានរៀល ផ្នែកគ្រូពេទ្យ ក្រៅពីនោះសម្រាប់ក្មួយស្រីដែលមានកូនស្លាប់ ទទួលបានថវិកាពីរាជរដ្ឋាភិបាលដែលសប្បុរសជនចូល ១០ លានរៀល ហើយខ្ញុំថែមជូន ២ លាន បូកជាមួយ ឧកញ៉ា ឡាយ ប៊ុនប៉ា ៤ លានអញ្ចឹងគឺក្មួយទទួលបាន ១៦ លាន ជាអ្នកដែលយើងបានជួបផ្ទាល់ ប៉ុន្តែសម្រាប់សពដទៃទៀតមិនបានជួបផ្ទាល់គឺទទួលបាន ១៤ លានរៀល ថវិកាពីសំណាក់រាជរដ្ឋាភិបាល ១០លាននិង ឧកញ៉ា ឡាយ ប៊ុនប៉ា ៤ លានរៀល ខ្ញុំសុំបញ្ជាក់បន្តិចយើងចែកជំនួយរួចហើយទៅឧទ្ធម្ភាគចក្រតែម្ដង។ សុំលាជាបណ្ដោះអាសន្ន ថ្ងៃក្រោយមកម៉ាឡៃសាជាថ្មីម្ដងទៀត តែមកពេលនោះគឺអាចមកសម្ពោធស្តូបឈ្នះឈ្នះ ព្រោះជាទីតាំងប្រវត្តិសាស្រ្តមួយដែលបានបង្កើតអនុស្សាវរីយ៍នៅម៉ាឡៃនេះ៕