ប្រសាសន៍ដើមទាំងស្រុង សម្តេច​តេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី១ ផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូស្រុកថ្មពួក

សម្រង់​ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ឱកាសអញ្ជើញចុះសួរ​សុខ​ទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី១ ផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០

CNV:

ផ្ដល់អាទិភាពខ្ពស់លើការសង្គ្រោះអាយុជីវិត

​សូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់។ ថ្ងៃនេះ យើងជួបជុំគ្នា បន្ទាប់ពីប៉ុន្មានឆ្នាំមុននោះ នៅទីនេះដែរ សម្ពោធផ្លូវលេខ ៥៦ ហើយក៏មានពេលមកកាលពីខែកុម្ភៈកន្លងទៅនេះ សម្ពោធផ្លូវលេខ ៥៨។ អញ្ចឹងទេ ទៅមកៗជាមួយអ្នកបន្ទាយមានជ័យនេះ ដូចជាមិនសូវខានទេ។ ២០១៩ ដូចជាមកភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ប៉ុន្តែ ថ្ងៃនេះ យើងមកក្នុងស្ថានភាពមួយដែលយើងបានដឹង​ទាំងអស់គ្នាហើយ ពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើង​ខ្លួនឯងដែលជាអ្នករងគ្រោះផ្ទាល់។ ខ្ញុំសូមយកឱកាសនេះ សូមនាំមកនូវរាជបណ្ដាំសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី​សក្ការៈ និងសម្ដេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្រ្ត។

ថ្ងៃនេះ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអមដំណើរខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះ គឺយើងដឹងថា ផ្នែកខាងថ្មពួកនេះមានជនរងគ្រោះ(ដល់អាយុជីវិត ដែល) អនុញ្ញាតឱ្យខ្ញុំបានចូលរួមនូវមរណទុក្ខ ការសោកស្ដាយជាមួយគ្រួសារសព។ ខេត្តបន្ទាយមានជ័យមានរហូតទៅដល់ ១៨ នាក់ ថែម ១ យប់មិញ​ទៀត ឡើង ១៩ នាក់ហើយ ដែលបានរងគ្រោះ។ អញ្ចឹង ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ ដូច្នេះហើយបានជាយើងផ្ដល់អាទិភាពដល់ការស្រោចស្រង់អាយុជីវិត ដោះស្រាយបញ្ហាលំបាកផ្សេងៗ នៅក្នុងខេត្តបន្ទាយមានជ័យនេះជាងគេ។ សង្ឃឹមថា ប្រជាជនដែលនៅតាមបណ្ដាខេត្តដែលជួបការលិចលង់ដែរនោះ នឹងមិនច្រណែនជាមួយនឹងអ្នកបន្ទាយមានជ័យនោះទេ។

ជំនន់ទឹកភ្លៀងបន្ថែមការលំបាក ស្របពេលកំពុងប្រយុទ្ធនឹង Covid-19

ខ្ញុំពិតជាមានការសោកស្ដាយ ដែលរឿងរ៉ាវកើតឡើងរបៀបនេះ ក៏ប៉ុន្តែ រឿងរ៉ាវនេះ ពួកយើងមិនបានបង្កើតឡើងទេ។ ធម្មជាតិធ្វើបាបយើង ក្នុងពេលដែលយើងកំពុងលំបាកស្រាប់ ដោយសារការញាំញីនៃជំងឺ Covid-19។ ជំងឺ Covid-19 នេះបានបំផ្លាញយើងអស់រយៈពេល ១០ ខែរួចមកហើយ។ ប៉ុន្តែ ទោះបីជំងឺ Covid-19 បំផ្លាញ តែវាមិនប៉ះពាល់ធ្ងន់ធ្ងរពេក ដោយសារវាមិនបានឆ្លងនៅក្នុងសហគមន៍នោះទេ ព្រោះប្រជាពលរដ្ឋរបស់យើង បានទទួលអនុវត្តវិធានការការពារខ្លួន ហើយស្ដាប់ទៅដល់ការណែនាំរបស់ផ្នែកសុខាភិបាល។ ទន្ទឹមនឹងការលំបាកនោះ ទឹកជំនន់បានវាយលុកមកខេត្តបន្ទាយមានជ័យចំនួន ២ ដង តែលើកទី ១ ស្រាលទេ ឯលើកទី ២ នេះ គឺធ្ងន់ធ្ងរហួសកម្រិត។ ពេលមុនមកដល់នេះ ខ្ញុំបានមើលការផ្សាយតាមទូរទស្សន៍ជាតិ ផ្សាយផ្ទាល់ចេញពីទីនេះ ដោយទូរ​ទស្សន៍ជាតិបានធ្វើសម្ភាសន៍ជាមួយនឹងបងឬប្អូនប្រុសម្នាក់ អំពីការឃើញទឹកដោយមានការភ័យខ្លាច ការខូចស្រូវ។  ស្រូវគាត់ថាឃើញចុងវិញហើយ ប៉ុន្តែរឿងដំឡូងគឺខូចប្រមាណ ៤០ រ៉ៃ​ … ព្រោះសម័យឥឡូវហ្នឹងទោះបីទៅដល់ឯណា ឱ្យតែមាន internet បើកទូរស័ព្ទគឺមើលការផ្សាយផ្ទាល់បានហើយ។

គ្រួសារដែលមានសមាជិកស្លាប់ដោយលង់ទឹក ឧបត្ថម្ភ ១០ លានរៀល​ សម្រាប់ធ្វើបុណ្យ

ពេលដែលយើងមានការលំបាក កម្លាំងប្រដាប់អាវុធ រដ្ឋបាលគ្រប់ជាន់ថ្នាក់ បានធ្វើសកម្មភាពព្រមៗគ្នា ជាមួយនឹងប្រជាពលរដ្ឋ។ អាទិភាពធំបំផុតរបស់យើង គឺជម្លៀសធ្វើម៉េចសង្រ្គោះជីវិតប្រជាជន។ ខេត្តបន្ទាយមានជ័យមានការបាត់បង់ជីវិតដល់ទៅ ១៩ នាក់ គឺច្រើនជាងគេនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ គឺ ៣៦ នាក់ … ដូចខ្ញុំបានបញ្ជាក់ជម្រាបផ្សាយតាំងពីប៉ុន្មានថ្ងៃមុននោះ ក្នុងសពមួយ យើងផ្ដល់ថវិកាសម្រាប់ធ្វើបុណ្យចំនួន ១០ លានរៀល។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមអ្នកដែលមកទទួលជំនួយថ្ងៃនេះ តើមានក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់(ដោយលង់ទឹក) ជាពិសេស នៅក្នុងស្រុកថ្មពួកនេះ គឺមានករណីដែលឪពុកលោតទៅសង្រ្គោះកូន ហើយ(បែរជាលង់ទឹក)ស្លាប់ខ្លួនឯងនោះ តើក្រុមគ្រួសារនោះមកឬអត់? បើសិនជាមានក្រុមគ្រួសារដែលមានអ្នកស្លាប់ គឺអាចប្រមូលគ្នានៅកន្លែងមួយ ដើម្បីខ្ញុំអាចជួបជុំបន្ថែមនូវជំនួយឧបត្ថម្ភសម្រាប់គ្រួសារទាំងនោះ។

ជាសំណាង កម្ពុជាទទួលរងតែសម្ពាធព្យុះប៉ុណ្ណោះ

ខ្ញុំសូមចូលរួមសាជាថ្មីម្ដងទៀតនូវការរំលែកទុក្ខ និងការរំលែកនូវការលំបាកជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងដែលរងនូវផលប៉ះពាល់នេះ។ យើងមិនអាចទៅបញ្ជាមេឃ ទៅបញ្ជាទឹកភ្លៀង ឬបញ្ជាធម្មជាតិបានទេ។ មិនទាន់មានប្រទេសណាមួយហាមឃាត់ថា កុំឱ្យទឹកភ្លៀងធ្លាក់លើប្រទេសរបស់ខ្លួន មិនមានប្រទេសណាមួយ ដែលទៅហាមឃាត់ថា ព្យុះបក់មកលើ(ប្រទេស)ខ្លួននោះបានទេ។ សម្រាប់កម្ពុជា ចាត់ទុកថាសំណាងហើយ បើប្រៀបធៀបជាមួយប្រទេសជិតខាងយើង ដែលរងផលប៉ះពាល់ ខាងថៃក៏ធ្ងន់ធ្ងរ ខាងវៀតណាមកាន់តែធ្ងន់ធ្ងរទៅទៀត។ ឥឡូវ ព្យុះវាយលុកបន្ថែមទៀត ហើយព្យុះទី ១៧ ឆៀងទៅខាងលើមិនប៉ះយើងនោះទេ។ ប៉ុន្តែ ចាត់ទុកថា យើងមានភ័ព្វសំណាងមួយ ដោយសារតែជាតំបន់ដែលខ្យល់ព្យុះមិនវាយលុក គ្រាន់តែទទួលរងសម្ពាធ ហើយបង្កើតនូវជំនន់ទឹកភ្លៀងនៅច្រើនទីកន្លែង។ ជាមួយនឹងទឹកស្រកនៅកន្លែងនេះ និងនៅកន្លែងមួយចំនួនទៀត យើងទទួលព័ត៌មានថា នៅកំពង់ធំ និងព្រះវិហារ ទឹកមានការជន់ឡើងមួយចំនួន។ ប៉ុន្តែ យើងមានវិធីដោះស្រាយរបស់យើង។ ក្នុងយុទ្ធនាការនេះ យើងប្រើប្រាស់កម្លាំងធំនៅក្នុងខេត្តបន្ទាយមានជ័យ ព្រោះនៅឯខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន កំពង់ស្ពឺ កណ្ដាល ភ្នំពេញ និងនៅកន្លែងមួយចំនួនទៀត មានការធូរស្រាល ប៉ុន្តែមកតឹងតែងនៅខេត្តបន្ទាយមានជ័យរបស់យើងនេះ។

កញ្ចប់បាយ បង្ហាញសាមគ្គីរវាងកម្លាំងជួយសង្គ្រោះ និងអ្នកត្រូវទទួលការសង្គ្រោះ

ដូចដែលបានឃើញថា ការចូលរួមធ្វើដំណើរជាមួយខ្ញុំនេះមាន ឧបនាយករដ្ឋមន្ត្រី មានទេសរដ្ឋមន្ត្រី មាន រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ផ្នែកច្រើនស្ថាប័ន ក្នុងនោះមានកងម្លាំងប្រដាប់អាវុធដែលជាអ្នកធ្វើអន្តរាគមន៍ផ្ទាល់ សម្រាប់ការដោះស្រាយជាមួយនឹងការជម្លៀសប្រជាជន។ ខ្ញុំក៏សូមយកឱកាសនេះអរគុណជាមួយអ្នកគោកកឋិន ដែលនៅទីនេះ ដែលបានបង្ហាញនូវមនោសញ្ចេតនា វេចខ្ចប់បាយជូនកងទ័ព។ ការពិតកងទ័ពគេមានបាយរបស់គេ ប៉ុន្តែភាពអនុគ្រោះ សណ្តានចិត្តនោះ បង្ហាញពីការយកចិត្តទុកដាក់ ដែលឃើញថា កងទ័ពមានការហត់នឿយក៏បានវេចខ្ចប់បាយ។ នេះជាការបង្ហាញនូវសណ្តានចិត្ត ដែលជាការលើកទឹកចិត្តដ៏ធំ ហើយក៏បង្ហាញពីការសាមគ្គីរវាងកម្លាំងជួយសង្គ្រោះជាមួយនឹងអ្នកត្រូវទទួលការសង្រ្គោះ​។ ថ្ងៃនេះបាន លោកជំទាវ កែ គឹមយ៉ាន អញ្ជើញមកដែរ។ បាត់មុខ ឯកឧត្តម កែ គឹមយ៉ាន ដោយសារគាត់ជាប់ទៅព្យាបាលជំងឺ។ គាត់ទទួលខុសត្រូវនៅក្នុងខេត្តបន្ទាយមានជ័យនេះ ប៉ុន្តែដោយសារជំងឺគាត់អវត្តមាន។ យ៉ាងណាក៏ដោយ យើងមានមន្ត្រីរបស់យើងគ្រប់ជាន់ថ្នាក់ចូលរួមចំណែកដោះស្រាយ។

គណបក្សប្រជាជន រួមទាំងសុខ រួមទាំងទុក្ខ

នេះហើយដែលហៅថា រួមសុខ រួមទុក្ខ។ និយាយតាមមួយបែបគណបក្សប្រជាជន គឺជាគណបក្សដែលរួមទាំងសុខ រួមទាំងទុក្ខ។ ពាក្យខ្មែរគេបានភ្ជាប់គ្នាថា រួមសុខ រួមទុក្ខ ក៏ប៉ុន្តែអ្នកខ្លះ រួមតែជាមួយពេលមានសុខទេ ទុក្ខរត់បាត់ចោលយើងអស់។ សូម្បីតែពាក្យមួយម៉ាត់សម្តែងនូវមរណទុក្ខ សម្តែងនូវការសោកស្ដាយចំពោះការលិចលង់ក៏គេមិនបាននិយាយផង។ គណបក្សប្រជាជន ដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋរបស់យើងក្រោយរបប ប៉ុល ពត ជាង ៣១ ឆ្នាំ នៅតែបន្តប្រពៃណីនេះទៀត ហើយនេះបង្ហាញឱ្យឃើញកាន់តែច្បាស់នៅពេលណាដែលមានមហន្តរាយកើតឡើង។ ប្រជាជនមានការលំបាកតែងមានវត្តមានជានិច្ចនៃមន្ត្រីគណបក្សប្រជាជន។ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ។ ខ្ញុំនៅចាំបានថា នៅពេលទឹកជំនន់ឆ្នាំ ២០០០ ខ្ញុំប្រើពេល ៦៨ ថ្ងៃ ដោយគ្មានសម្រាកដើម្បីសង្គ្រោះប្រជាជននៅពេលនោះ ដែលមានទំហំដ៏ធំ(ដល់)រាប់លានគ្រួសារ។ ប៉ុន្តែ មកដល់ពេលនេះគឺយើងមានត្រឹមតែប៉ុន្មានសិបម៉ឺនគ្រួសារតែប៉ុណ្ណោះ ក្នុងនោះបន្ទាយមានជ័យចាប់ផ្តើមកើន អម្បាញ់មិញរបាយការណ៍ឡើងទៅដល់ជាង ៣ ម៉ឺន។

ថ្ងៃនេះខ្ញុំបញ្ជាក់បន្តិច បន្ទាប់ពីចេញពីនេះទៅ ខ្ញុំនឹងទៅខាងប៉ោយប៉ែត? បន្ទាប់ទៅខ្ញុំនឹងទៅទីក្រុងភ្នំពេញ ដើម្បីព្រឹកស្អែកប្រជុំគណៈរដ្ឋមន្ត្រី ឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រជុំចប់នឹងធ្វើដំណើរត្រឡប់មកវិញដេកនៅត្រឹមសៀមរាប ព្រោះក្រែងលោធាតុអាកាសមិនអំណោយផលដល់ការហោះមកកាន់បន្ទាយមានជ័យវិញ។ នៅសល់ ២ កន្លែងទៀត។ ម្សិលមិញខ្ញុំឱ្យរៀបចំ ១ ម៉ឺនគ្រួសារបន្ថែម ប៉ុន្តែអម្បាញ់មិញដោយឃើញថា របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្ត គឺឡើងលើស ៣ ម៉ឺនគ្រួសារទៅហើយ អញ្ចឹងខ្ញុំឱ្យរៀបចំ ១ ម៉ឺន ៥ ពាន់សម្រាប់មកទៀត។ ម្សិលមិញ ១ ម៉ឺន ៥ ពាន់ ឥឡូវឡើង ៥ ពាន់ទៀត។ ឥឡូវនៅតែមិនទាន់គ្រប់។ ប៉ុន្តែកុំភ្លេច ម្សិលមិញនៅកន្លែងចែកជំនួយ មានកន្លែងមួយនោះគឺអត់បានទេ ដោយសារគាត់ថា គាត់មកស្តាប់ … ប៉ុន្តែ អ្នកដែលមកចូលរួមនោះត្រូវតែបានជំនួយដែរ។ យកជំនួយទៅ។ ខ្ញុំអាចឆ្លៀតចូលចែកឱ្យគាត់បន្តិចបានតើ បើទោះបីជាគ្មានឈ្មោះជាអ្នកលិចលង់នឹងគេ ប៉ុន្តែគាត់ចូលមកស្តាប់នឹងគេដែរ រួចហើយត្រឡប់ទៅវិញបាតដៃទទេ។

ខ្ញុំបកមកនិយាយអំពីការរួមសុខ រួមទុក្ខ នៅពេលដែលពាក្យ រួមសុខ រួមទុក្ខ នេះវាភ្ជាប់ទៅជាមួយនឹងពាក្យខ្មែរយើងតែងនិយាយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក។ នេះជាភាសាខ្មែររបស់យើង។ រឿងនេះសង្កេតមើលឥរិយាបថនៃការទទួលខុសត្រូវទៀត។ ពាក្យខ្មែរយើងគេបានភ្ជាប់គ្នារវាងពាក្យទទួលខុស និងត្រូវ។ ខ្មែរយើងភ្ជាប់ពាក្យជានិច្ច។ រួមសុខរួមទុក្ខ។ អញ្ចឹងតម្រូវឱ្យអ្នក​ឯងកុំរួមតែពេលសុខ ត្រូវរួមពេលទុក្ខ។ នៅពេលដែលប្រជាជនបានសុខសប្បាយមិនសូវឃើញមុខខ្ញុំទេ ប៉ុន្តែនៅពេលដែលប្រជាជនមានទុក្ខហ្នឹង មានមុខ ហ៊ុន សែន ហើយ។ ហ្នឹងគឺជាទម្លាប់។​ វាមិនមែនរឿងថ្មីរបស់ ហ៊ុន សែន ទេ។ ជាឥរិយាបថ ជាទម្លាប់ ដែលខ្ញុំបានធ្វើសកម្មភាពនេះ។ បើប្រជាជនកំពុងតែលំបាកយើងត្រូវរួមទុក្ខជាមួយគាត់ ហើយយើងត្រូវមានការទទួលខុសត្រូវ។

ជំនួយមនុស្សធម៌សំរាលការលំបាក ក្នុងកាលៈទេសៈដែលធម្មជាតិធ្វើបាបយើង

ខ្ញុំពេញចិត្តជាមួយនឹងសកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំដោះស្រាយជួយបញ្ហាប្រជាពលរដ្ឋរបស់យើង នៅក្នុងដំណាក់កាលលិចលង់នេះ។ បងប្រុសដែលបានធ្វើសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ ដែលខ្ញុំមើលតាមឡាន គាត់បាននិយាយថាគាត់ធ្លាប់ទទួលបានជំនួយខ្លះហើយមានមី មានត្រីខ មានស្អីខ្លះ។ ថ្ងៃនេះគាត់មកទទួលជំនួយ។ ខ្ញុំបានបញ្ជាក់ហើយថា ទោះអ្នកណាបានទទួលជំនួយប៉ុន្មានដងហើយក៏ដោយ តែខ្ញុំចុះមកបន្ទាយមានជ័យត្រូវមកទទួលជំនួយរបស់ខ្ញុំបន្ថែមទៀត។ នេះគ្រាន់តែជាការសម្រាលនូវការលំបាកនៅក្នុងកាលៈទេសៈ ដែលធម្មជាតិធ្វើបាបយើង។ ក្រុមគ្រួសារនីមួយៗ ត្រូវបន្តការខិតខំបន្ទាប់ពីទឹកសម្រកទៅនេះ យើងត្រូវពិនិត្យមើល។ ខ្ញុំបានប៉ាន់ស្មានទុកជាមុនហើយ ព្រោះនេះមិនមែនជារឿងថ្មីថ្មោងរបស់ខ្ញុំទេ។ ស្រូវដែលវាចេញហើយ ឬក៏វាផើម អាហ្នឹងច្បាស់ជាខូចហើយ។ ប៉ុន្តែស្រូវណាកំពុងតែបែកគុម្ព ទឹកស្រកទៅវិញ ល្អលើសដើម។ អញ្ចឹង​សម្រាប់ខាងផ្នែកស្រូវ ក៏ត្រូវមានផែនការផ្តល់ស្រូវពូជឡើងវិញ នៅទីកន្លែងដែលអាចធ្វើបាន។ សម្រាប់ផលដំ​ណាំដូចជាដំឡូងមី ហ្នឹងគឺថាចប់តែម្តង។ ដំឡូងមីឆ្នាំនេះ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ទឹកដីខេត្តបាត់ដំបង ទឹកដីខេត្តប៉ៃលិន ទឹកដីខេត្តពោធិសាត់ អាចនិយាយបានថាខូចខាតច្រើន។ នេះជាង ១ ម៉ឺនហិកតាដែលលិចតែម្តង ហើយតែកាលណាលិចហើយគឺចប់តែម្តង។ កន្លងទៅបងប្អូនយើងបានជួយដកមួយចំនួន ប៉ុន្តែប៉ុន្មានផ្សេងទៀតវាទៅហើយ …។

ការទទួលខុសត្រូវពីលើដល់ក្រោម ធ្វើសកម្មភាពព្រមៗគ្នា ទប់ស្កាត់បាននូវមហន្តរាយ

ខ្ញុំអរគុណណាស់ជាមួយនឹងប្រជាពលរដ្ឋរបស់យើង ដែលបានរួមគ្នានៅតាមភូមិ សហការគ្នា ហើយចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាល និងកម្លាំងប្រដាប់អាវុធដែលចូលទៅជម្លៀស រាប់ទាំងបញ្ហាទាក់​ទិនជាមួយនឹង Covid-19។ ឆ្នាំនេះយើងបានសង្កេតឃើញការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានខ្ពស់ណាស់ តាមរយៈនូវកិច្ចការដ៏ធំគឺ Covid-19 បើគ្មានការសហការចូលរួមពីប្រជាពលរដ្ឋ គ្មានការចូលរួមពីសំណាក់មេភូមិ មេឃុំ ស្រុក ខេត្ត ប្រហែលជា Covid-19 អាចឆ្លងក្នុងសហគមន៍បាត់ទៅហើយ ព្រោះនៅតំបន់ព្រំដែនរវាងយើង និងថៃ គឺនៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង ពលករយើងមកពីប្រទេសថៃ​ប្រមាណជាង ១២ ម៉ឺននាក់។ ប៉ុន្តែ ត្រូវបានរាប់រក ពិនិត្យនៅតាមអាជ្ញាធរនៅតាម មូលដ្ឋាន នៅតាមបណ្តោយខ្សែព្រំដែនកម្ពុជាថៃនេះ កន្លែងខ្លះក៏ធ្វើការដោះស្រាយស្បៀង ស្នាក់នៅ ហើយ ធ្វើចត្តាឡីស័ក ដើម្បីចៀសវាងយកជំងឺចូលមក ដែលពេលនោះរាតត្បាតនៅទីក្រុងបាងកកតែម្តង។ ពេលនោះ យើងមានការបារម្ភ រហូតទៅដល់សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ/ការិនី ផ្អាកការចូលឆ្នាំ ចូលឆ្នាំនៅតែចូល ក៏ប៉ុន្តែឈប់សម្រាកក្នុងពេល ចូលឆ្នាំផ្អាកសិន ហើយសងពេលក្រោយ សងបានសងរួចហើយ។

ចំណុចទាំងនេះបានលេចឡើងនូវការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានរបស់យើង ដែលយើងត្រូវមើលឃើញ ហើយដែលខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់ភូមិ គ្រប់ឃុំ គ្រប់ស្រុក​​ គ្រប់ខេត្ត ដែលយកការទទួលខុសត្រូវ ក្នុងរបាយការណ៍ប្រចាំថ្ងៃ ដែលវាយចូលក្នុង Group រវាងខ្ញុំជាមួយនឹងអភិបាលខេត្ត គឺតែងតែមានរបាយការណ៍ទាក់ទិនជាមួយការគ្រប់គ្រង Covid ដែលក្នុងហ្នឹងសូម្បីតែខេត្តស្ទឹងត្រែងអត់មានអីនឹងគេទេ អត់មានអ្នកចេញចូលទេ ប៉ុន្តែ អ្នកចូលឧបមាពីថៃ ចេញពីហ្នឹងទៅដល់ស្ទឹងត្រែង ស្ទឹងត្រែងគេគ្រប់គ្រងទៅ។ ចំណុចអស់ទាំងនេះ បង្ហាញឱ្យឃើញពីសមត្ថភាពនៃការទទួលខុសត្រូវ​​តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ពីខាងក្រោមធ្វើសកម្មភាពព្រមៗគ្នា ទប់ស្កាត់បាននូវមហន្តរាយនោះ។

Covid-19 មើលមិនឃើញ ទឹកជំនន់មើលឃើញ

មកដល់ពេលនេះ ថ្ងៃនេះគឺអត់មានអ្នកឆ្លងទេ អ្នកជាក៏អត់មានដែរ ប៉ុន្តែ ម្សិលមិញយើងមានឆ្លងម្នាក់គឺជនជាតិប៉ូឡូញ។ អញ្ចឹងធ្វើឱ្យចំនួនអ្នកឆ្លងក្នុងប្រទេសរបស់យើងមានទៅដល់ ២៨៦ នាក់ យើងមិនទាន់មានអ្នកស្លាប់ទេ ក៏ប៉ុន្តែខ្ញុំអំពាវនាវ បើទោះបីថាជំងឺនេះមិនទាន់មានអ្នកស្លាប់ ប៉ុន្តែជំងឺនេះវាកាចសាហាវណាស់ ហើយវាឆ្លងមើលមិនឃើញ។ ប្រៀបធៀបការប្រយុទ្ធយើងកំពុងប្រយុទ្ធជាមួយ Covid-19 និងការប្រយុទ្ធជាមួយទឹកជំនន់ខុសគ្នាដាច់។ ការប្រយុទ្ធជាមួយទឹកជំនន់ យើងមើលឃើញនឹងភ្នែក ភូមិណាលិច យើងត្រូវជម្លៀសមុន ទឹកឡើងដល់ណា ត្រូវជម្លៀសប្រជាជនយកទៅដាក់នៅកន្លែងណា។ យើងបានមើលឃើញ ដូច្នេះងាយស្រួលឱ្យយើងធ្វើសកម្មភាពណាស់។ ក៏ប៉ុន្តែ Covid-19 យើងមើលវាអត់ឃើញ មិនដឹងទៅវៃវានៅណា ប្រើកងទ័ពប៉ុន្មានក៏មើលវាមិនឃើញ មិនដឹងធ្វើម៉េច ចង់ប្រើទាំងមីស៊ីល ឬនុយក្លេអ៊ែរ ក៏មិនដឹងថាវាយវានៅត្រង់ណា។

អញ្ចឹងបានជាឥឡូវ ដែលខ្ញុំធ្លាប់និយាយថា Covid-19 បានបំផ្លាញទំនៀមទម្លាប់ដែលដូនតា យើងបានទុករាប់រយរាប់ពាន់ឆ្នាំហើយ បំផ្លាញចោល ដូចជាសូម្បីថ្ងៃនេះយើងត្រូវដាក់ឱ្យអង្គុយនៅឃ្លាតៗពីគ្នា ប៉ុន្តែកាលពីមុនយើងប្រជៀតគ្នា។ កាលពីមុននេះ ពេលដែលខ្ញុំមកជួបប្រជាពលរដ្ឋនាំគ្នាចាប់ដៃ ឥឡូវយើងអត់ហ៊ានចាប់ដៃគ្នាទេ។ កុំទុកចិត្តខ្ញុំពេក ក្រែងលោខ្ញុំ Covid-19។ មិនមែនខ្ញុំមិនទុកចិត្តប្រជាពលរដ្ឋទេ ក៏ប៉ុន្តែសុំប្រជាពលរដ្ឋកុំទុកចិត្តខ្ញុំពេក ក្រែងលោលោក ហ៊ុន សែន ដើរច្រើនអីចឹង គាត់ឆ្លង Covid-19 មកឆ្លងដល់គាត់វិញ។ នេះមិនមែនបានសេចក្តីថា យើងអត់ស្រឡាញ់គ្នា អត់រាប់រកគ្នាទេ ហើយខ្ញុំខ្ពើមប្រជាពលរដ្ឋមិនហ៊ានចាប់ដៃនោះទេ។ ទម្លាប់រ​បស់ខ្ញុំ គឺថាប្រជាជនអោបរឹត មើលរូបភាពចាស់។ ប៉ុន្តែឥឡូវនេះ សូម្បីតែអង្គុយក៏ពាក់ម៉ាស ហើយខ្ញុំក៏មានម៉ាសមកជាមួយដែរ ប៉ុន្តែយកម៉ាសមកនិយាយអត់ចេញបណ្តោយ ហើយម្យ៉ាងទៀត មនុស្សពាក់វែនតា ហើយដាក់ម៉ាសទៅ ងងឹតភ្នែកបណ្តោយ។

ប្រទេសជឿនលឿនក៏មិនអាចបញ្ជាធាតុអាកាសបាន

អញ្ចឹងខ្ញុំបកមកនិយាយពីការទទួលខុសត្រូវនេះ ក្នុងរយៈពេល ១០ ខែនេះ លេចឡើងនូវការទទួលខុសត្រូវរបស់មន្រ្តីគ្រប់ថ្នាក់ ក្រសួងសុខាភិបាលម្នាក់ឯង មន្ទីរសុខាភិបាលតាមខេត្ត និងតាមពេទ្យនានា ធ្វើកិច្ចការតែម្នាក់ឯងមិនគ្រប់ទេ ក៏ប៉ុន្តែដោយសារការចូលរួមរបស់ប្រជាពលរដ្ឋភ្ញាក់រលឹក ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តរាប់ទាំងធ្វើចត្តាឡីស័ក។ តាមមូលដ្ឋាន(មាន)រហូតដល់ប៉ុណ្ណេះដែលយើងបានឃើញ ក្រុមគ្រួសារខ្លះបានសរសេរនៅនឹងផ្ទះថាកូនរបស់ខ្ញុំទើបតែមកពីប្រទេសថៃ សូមអធ្យាស្រ័យគឺមិនអាចចូលលេងបាន។ អញ្ចឹងនេះ សុទ្ធតែជាការចូលរួម ដើម្បីបង្ការកុំឱ្យមាន Covid-19 ឆ្លងតាមសហគមន៍ តាមភូមិ កន្លែងខ្លះក៏រៀបចំនូវកន្លែងដាក់ដោយឡែកតាមសាលារៀន ដាក់គ្រែ ដាក់អីឱ្យនៅ ១៤ ថ្ងៃហើយបានឱ្យមកផ្ទះ។

ក្នុងករណីផ្ទះហ្នឹងវាតូច ដល់ពេលទឹកជំនន់ស្រុះគ្នាចេញធ្វើសកម្មភាព ប្រជាជនខ្លួនឯងក៏ប្រឹង ហើយឃើញតាមទឹកតាមអី … ធ្វើម៉េច(បាតុភូត)ហ្នឹងវាទៅបញ្ជាវាមិនកើត។ បញ្ជាវាមិនបាន។ មិនថាតែប្រទេសខ្មែរទេ ប្រទេសជឿនលឿនអត់បញ្ជាធាតុអាកាសបានទេ។ ឆ្នាំទៅប្រទេសជប៉ុន គ្រាន់តែជំនន់ទឹកភ្លៀង នៅ​ក្នុងទីក្រុងមួយស្លាប់អស់មនុស្សមិនតិចទេ ខូចខាតទ្រព្យសម្បត្តិ។ បណ្តារដ្ឋធានីនៅប្រទេសអឺរ៉ុបដែលជាប្រទេសជឿនលឿនមានលូរំដោះទឹកធំៗ ដូចជាក្រុងប៉ារីស របស់បារាំង ក្រុងរ៉ូមរបស់អ៊ីតាលី ក៏វានៅតែលិចលង់។ ហ្នឹងហើយដែលហៅគ្រោះធម្មជាតិនោះ។ ប៉ុន្តែ យើងសំណាង សំណាងនៅត្រង់ថាយើងអត់មានរញ្ជួយផែនដី បើមានអារញ្ជួយផែនដីមួយទៀត ផ្ទះស្រុកខ្មែរបាក់ខ្ទេច គ្រាន់តែខ្យល់កន្ត្រាក់សោះរលំផ្ទះមួយឆ្នាំៗ មិនចេះតិច។ ឯប្រទេសរបស់គេគឺរឿងមួយផ្សេង។ ប៉ុន្តែប្រទេសរបស់យើង បើសិនជាមានរញ្ជួយផែនដី ដូចនេប៉ាល់អញ្ចឹង …។

គ្រួសារនីមួយៗ ស្តារឡើងវិញនូវជីវភាព នូវអ្វីដែលបាត់បង់ រួមជាមួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល

ខ្ញុំសូមអរគុណ នឹងកោតសរសើរជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ដូចជាថ្នាក់ស្រុក ថ្នាក់ឃុំ និងមន្រ្តីភូមិ ក៏ដូចជាប្រជាពលរដ្ឋដែលរួមគ្នាដោះស្រាយបញ្ហាដ៏លំបាកនេះ បន្ទាប់ពីការសង្រ្គោះបន្ទាន់នេះហើយ កិច្ចការរបស់យើងនៅមានច្រើនដែលត្រូវធ្វើ។ គ្រួសារនីមួយៗត្រូវគិតដោះស្រាយតាមគ្រួសារ តើត្រូវធ្វើអីទៀត? ដំឡូងវាខូចហើយត្រូវដាំដំឡូងវិញ ស្រូវដែលវាខូចហើយត្រូវត្រៀមធ្វើស្រូវវិញ បើមានទឹកធ្វើ ឬក៏អាចដាំដំណាំអីផ្សេងលើដីហ្នឹង។ រដ្ឋត្រូវគិតទៅដល់ការផ្តល់ស្រូវពូជ និងពូជដំណាំផ្សេងៗដើម្បីឱ្យប្រជាជនដាំដុះឡើងវិញ ត្រូវធ្វើការជួសជុលផ្លូវ ត្រូវធ្វើការជួសជុលទំនប់ទឹក ប្រឡាយទឹក ត្រូវពិនិត្យមើលសាលារៀន មន្ទីរពេទ្យដែលខូចខាត មន្ទីរពេទ្យថ្មពួកលិចបាត់(ស្រកវិញហើយ)។ អញ្ចឹងទេ ការដោះស្រាយថ្ងៃនេះចំនួនប៉ុណ្ណេះ គ្រាន់តែជាផ្នែកមួយនៃអន្តរាគមន៍ក្នុងគ្រាលំបាកតែប៉ុណ្ណោះ បន្ទាប់ពីនោះទៅត្រូវពឹងពាក់ទៅលើក្រុមគ្រួសារនីមួយៗ ដើម្បីស្តារឡើងវិញនូវជីវភាពនូវអ្វីដែលបាត់បង់ ហើយក៏មានជាមួយអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល។

មីក្រូហិរញ្ញវត្ថុទទួលយកដោយពេញចិត្តផ្តល់អធ្យាស្រ័យដល់អ្នករងផលប៉ះពាល់ពីទឹកជំនន់

ម្សិលមិញនៅឯមង្គលបូរី ខ្ញុំបានអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ អធ្យាស្រ័យ យោគយល់ចំពោះការលំបាក ចំពោះអ្នកដែលជំពាក់ប្រាក់។ ខ្ញុំបានស្តាប់នូវបទសម្ភាសន៍តាមឡានដោយវិទ្យុបាយ័ន ព្រោះវិទ្យុបាយ័នមានបន្តការផ្សាយពីភ្នំពេញមកសៀមរាប និងមាននៅបន្ទាយមានជ័យហ្នឹងដែរ។ អញ្ចឹង ខ្ញុំពិតជាមានការរីករាយដោយសារតែសមាគមមីក្រូហិរញ្ញវត្ថុបានទទួលយកដោយការពេញចិត្ត ដើម្បីធ្វើការអធ្យាស្រ័យជាមួយអ្នករងផលប៉ះពាល់ដោយសារជំនន់។ អញ្ចឹងបានសេចក្តីថា បន្ទាប់ពីការថ្លែងការណ៍របស់នាយករដ្ឋមន្រ្តីនៅឯខេត្តបន្ទាយមានជ័យ វិទ្យុបាយ័នគេបានធ្វើសម្ភាសន៍ជាមួយនឹងមីក្រូហិរញ្ញវត្ថុ គឺគេទទួលយក​។ នោះហើយជាកាយវិការនៃការទទួលខុសត្រូវ និងការចូលរួម។

បើនិយាយពីផ្នែក Covid-19 វិញ យើងបានរៀបចំឥណទានឡើងវិញចំនួន ២៦ ម៉ឺនគ្រួសារក្នុងទំហំទឹកប្រាក់ជិត ២ ពាន់លាន។ រៀបចំឥណទានឡើងវិញដើម្បីសម្រួល ហើយមកដល់ពេលនេះមិនទាន់មានការរឹបអូសណាមួយកើតឡើងចំពោះប្រជាពលរដ្ឋដែលបានបាត់បង់នៅក្នុងដំណាក់កាលដ៏លំបាកនៃ Covid-19។ ឥឡូវសម្រាប់អ្នកបន្ទាយមានជ័យមិនមែនតែរឿង Covid-19 ទេគឺលិចលង់។ អញ្ចឹង ទន្ទឹមនឹងការស្តាប់បាននូវការពេញចិត្តនេះ ខ្ញុំសុំឱ្យខាងអាជ្ញាធរមើលការខុសត្រូវទៅលើរឿងហ្នឹង ហើយសហការជាមួយមីក្រូហិរញ្ញវត្ថុ ព្រោះកុំចេះតែថាដល់ឮនាយករដ្ឋមន្រ្តីសរសេរអញ្ចឹង អញ្ចឹងអ្នកណាក៏លិចដែរ ដើម្បីចៀសកុំឱ្យ​សងលុយគេ។ អ្នកលិចពិតប្រាកដ ដែលមានការខូចខាតដែលត្រូវបានពន្យារពេល ឬត្រូវបានអនុគ្រោះដោយសារអត្រាការប្រាក់ ឬក៏ត្រូវឱ្យខ្ចីលុយបន្ថែមទៀត ដើម្បីយកមកស្តារ នោះហើយជាកិច្ចការដែលយើងត្រូវធ្វើ។

ទន្ទឹមនឹងបម្រើវិស័យការពារជាតិ រថយន្តទ័ពមធ្យោបាយដ៏ស័ក្ដិសិទ្ធិ និងមានប្រសិទ្ធភាពជួយប្រជាពលរដ្ឋ

សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើង ថែទាំខ្លួនឱ្យបានល្អកុំឱ្យមានជំងឺថ្កាត់ ងាយកើតរោគរាតត្បាត ក្រោយពីស្ថានភាពទឹកជំនន់ ប្រសិនបើយើងខ្វះអនាម័យ។ អញ្ចឹងបានជា​បទបញ្ជារបស់ខ្ញុំត្រូវតែបញ្ចេញទឹក ដែលរាជរដ្ឋាភិបាលបានស្ដុក មកឱ្យប្រជាពលរដ្ឋ​ទទួលទានតាមក្រុមគ្រួសារ​។ នៅមានម៉ាស៊ីនផលិតទឹកស្អាតដាក់នៅតាមទីទួលសុវត្ថិភាពថែម​ទៀត ហើយប្រសិនបើផឹកអស់ហើយខ្វះទៀត យើងទិញទឹកនៅហ្នឹងទៅផ្គត់ផ្គង់ជូន​ប្រជាពលរដ្ឋ។ រួចផុតពីការបាត់បង់ជីវិតពីទឹកជំនន់ហើយ ធ្វើម៉េចកុំឱ្យបាត់បង់ជីវិតដោយសារជំងឺ​ខ្វះអនាម័យ។ ប៉ុន្ដែ (អ្នក)ជំងឺដែលដល់អាយុ ៩០ រួចហើយថាគាត់ស្លាប់ដោយគ្រោះទឹកជំនន់ដែរ ហ្នឹង​អត់ត្រូវទេ​ ៨០ ឆ្នាំ ៩០ ឆ្នាំ ១០០ ឆ្នាំ ហើយដល់ម៉ោងដែលលាចាកលោកហើយ។ ថ្ងៃនេះការជួបជុំគ្នាត្រៀមតង់នេះក្រែងវាភ្លៀង តែវាអត់ភ្លៀង។ អញ្ចឹងយើងក៏បានបាំងថ្ងៃដែរ​។ មកកន្លែងនេះ(ពលរដ្ឋ)សុទ្ធតែមកពីចំងាយ។ យើងដឹកគាត់មក ហើយដឹកត្រឡប់ទៅវិញដោយ​ឡានកងទ័ព។ អញ្ចឹង​បានថាឡានកងទ័ពនេះ ឱ្យច្បាស់ ខ្ញុំបានចលនាសប្បុរសជនដើម្បី​ទិញឡានឱ្យកងទ័ព នគរបាល និងអាវុធហត្ថ ចំនួន ២៩០ គ្រឿង។ គេយកអាហ្នឹងវាយ(ប្រហារ)រដ្ឋាភិបាល​ … ប៉ុន្ដែឡាននេះបានបង្ហាញឱ្យប្រជាជនឃើញថាទន្ទឹមនឹងបម្រើវិស័យការពារជាតិ​ វាជាមធ្យោបាយដ៏ស័ក្ដិសិទ្ធិ និងមានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ​បញ្ហា​​ជូនប្រជាពលរដ្ឋ។ យើងជិះឡានមកមិញឃើញប៉ុន្មានគ្រឿងបើក ឡូយដែរព្រោះវាធំៗ។

ប្រជុំគណៈរដ្ឋមន្ដ្រីចប់ មកសៀមរាប ដើម្បីធ្វើការចែកជំនួយថ្ងៃសៅរ៍ពីរកន្លែងផ្សេងទៀត

ខ្ញុំសម្រាក​នៅសៀមរាបឯណោះទេ។ ចង់សម្រាកនៅបន្ទាយមានជ័យដែរ តែអ្នកបន្ទាយមានជ័យ​ថា អត់​ស​ណ្ឋា​គារឱ្យយដេក។ អញ្ចឹង ៣ យប់ហើយ​។ ម៉ោង៣ ភ្ញាក់ៗ ឱ្យតែទៅណាដឹងតែភ្ញាក់ម៉ោង ៣ តែម្ដង។ មុនចេញពីភ្នំពេញភ្ញាក់ម៉ោង ៣។ ម្សិលមិញភ្ញាក់ម៉ោង ៣ ព្រឹកមិញភ្ញាក់ម៉ោង ៣ ព្រឹកម្សិលមិញចេញ​ម៉ោង ៦ ព្រឹកនេះដើម្បីមកនេះរហ័សចេញមុនម៉ោង ៥ កន្លះ។ អញ្ចឹងបានជាស្អែកនេះ(ហោះ​មក​វិញ)​ មិនរង់ចាំដល់ខានស្អែកទេ បើរង់ចាំដល់ខានស្អែកបានឡើងឧទ្ធម្ភាគចក្រពីភ្នំពេញមក​បន្ទាយមានជ័យគឺត្រូវប្រើពេល ១ ម៉ោង ៤៥ នាទី។ គ្រាន់តែពេលហោះ ចុះនៅពេលដែលវាបញ្ឆេះ ពេលដែលវា​ចុះ​ អញ្ចឹង វាចូល២ ម៉ោង។ ប្រជាជនត្រូវរង់ចាំយូរ ជួនកាលវាមិនទៀងទៀត ជួនកាលធាតុអាកាស​ថា​ហោះមិនបានទេ​ អាហ្នឹងចប់។ ប៉ុន្ដែហោះបាន។ ខ្ញុំសុខចិត្តស្អែកហោះមកនៅសៀមរាប។ ប្រជុំគណៈរដ្ឋមន្ដ្រីចប់ បាយហើយហោះមកសៀមរាប ដើម្បីថ្ងៃសៅរ៍ខ្ញុំចែកជំនួយពីរកន្លែងផ្សេងទៀត ប្រ​សិនបើមានកន្លែង ខ្ញុំបានប្រាប់ហើយ ខ្ញុំអាច(បន្ដ)ថ្ងៃអាទិត្យ  កុំឱ្យពិបាកដឹក ព្រោះក្រុមការងារ​តែខ្ញុំមកគាត់ត្រូវ​មក​តាម។ អញ្ចឹងអត់អីទេ សំខាន់ការដោះស្រាយជាមួយប្រជាពលរដ្ឋ។ ខ្លះគេថា​ខ្ញុំចាស់ហើយ ឈប់ទៅ។ ខ្ញុំផ្ដាំត្រឡប់ទៅវិញថា «ពួកឯង! ប្រយ័ត្នងាប់មុនអញ» ប៉ុណ្ណឹងមាន​អី​ទាន់ចាស់ គេថាខ្ញុំឥឡូវសង្ហាទៀតនោះ(សើច)។

អាវអនុស្សាវរីយ៍ទុកសម្រាប់ពាក់ជួបប្រជាកសិករតាមស្រែចំការ

ម្សិលមិញពាក់អាវខៀវ អាវមានមក ២៥ ឆ្នាំ ហើយអាវនេះ​ក៏ ២៥ ឆ្នាំដូចគ្នា។ ទិញពីញូវយ៉កមក នៅមានមួយទៀត ២៥ ឆ្នាំដូចគ្នា។ អញ្ចឹងអាវហ្នឹងពាក់ថ្ងៃ​សៅរ៍។ ​បងប្អូនខ្លះអត់មានពាក់អាវទុកបាន ២៥ ឆ្នាំ​ទេ ហើយខ្ញុំទុកអាវប៉ុន្មានដែលសម្រាប់ពាក់ជួបប្រជា​ពលរដ្ឋ ដែលមានក្នុងរូបភាពជាមួយឯកឧត្តម លឹម គាន​ហោ ព្រោះកាលណាតែស្លៀកពាក់អញ្ចឹង​ និង​អាវខៀវហ្នឹង ដឹងតែចុះជួបប្រជាកសិករហើយ។ ប៉ុន្ដែកាលកម្មវិធីសម្ពោធផ្លូវលេខ ៥៨ តាម​ដែលខ្ញុំចាំ ខ្ញុំពាក់អាវធំ ព្រោះទូតចិនពាក់អាវធំដែរ​។ រួចគេថាមួយប៉ុស្ដិ៍ហ្នឹងឡូយណាស់ ព្រោះអាវ​ធំហើយអត់ក្រវាត់កទេ​ … គ្រាន់តែនិ​យាយលេងជាមួយបង​ប្អូនកុំកើតទុក្ខពេក​។ ឥឡូវរឿងវាទៅជាអញ្ចឹងទៅហើយ មានតែការខិតខំទេ។ ដួលកន្លែងណា​ងើប​កន្លែងហ្នឹង។

ទីតាំងប្រវត្ដិសាស្ត្រនៃការវាយផងចរចាផង

ប៉ុន្ដែ អ្វីដែលខ្ញុំចង់បញ្ជាក់ តំបន់នេះជាតំបន់វាយគ្នា។ បន្ទាយកណ្ដោលនៅណា? គេវាយបែកមុនគេបន្ទាយកណ្ដោលហ្នឹង វាយបែកថ្ងៃភ្ជុំ។ អញ្ចឹងព័ទ្ធបន្ទាយកណ្ដោលហ្នឹង។ ហ្នឹងកងទ័ពកំពង់ចាម ហើយខ្ញុំនិយាយផ្ទាល់ជាមួយវិទ្យុទាក់ទងជាមួយនឹងកណ្ដោលហ្នឹង ហើយវាយគ្នារហូតឡើងទៅស្វាយចេក។ ខ្ញុំនិយាយត្រង់ហ្នឹងបន្ដិចចុះ។ ថ្ងៃចរចានៅបាងកករវាងខ្ញុំ និងព្រះករុណាបិតា ខ្ញុំយកវិទ្យុទាក់ទងទៅតម្លើងនៅសណ្ឋាគារសង់ត្រាលផ្លាហ្សា នៅបាងកក ហើយបញ្ជាមកឯកឧត្តម កែ គឹមយ៉ាន ដែលពេលនោះគាត់មកទីបញ្ជាការមុខ នៅលើភ្នំមួយជាប់ស៊ីសុផុន ខ្ញុំថាត្រូវវាយយកស្វាយចេកឱ្យបាននៅម៉ោង ២ ព្រោះម៉ោង ៣ ចរចាជាមួយព្រះករុណាបិតា។ ខ្ញុំដេកថ្ងៃ ដល់ពេលខ្ញុំភ្ញាក់ឡើងត្រៀមរៀបចំខ្លួន ដើម្បីទៅចរចាជាមួយព្រះករុណា របាយការណ៍ទៅពីនេះទៅថា ស្វាយចេកយកបានហើយ។ អញ្ចឹង ខ្ញុំក៏ទូលព្រះករុណាក្នុងពេលចរចាហ្នឹង លឺថាព្រះអង្គកំពុងចង់យាងចូលក្នុងប្រទេស ទៅភូមិរំចង់/រំចេក ភូមិសន្តិភាពឯណានោះ សូមព្រះអង្គកុំយាងចូល ទូលបង្គំអត់ទទួលខុសត្រូវបានទេ ព្រោះកងទ័ពទូលបង្គំកំពុងតែវាយឡើងមកថ្មពួកហើយ និយាយត្រង់ៗ។ នេះជាប្រវត្តិនៃការចរចា។

ពេលនោះ គេហៅថា វាយផង ចរចាផង។ កាលហ្នឹងគេវាយយកបានថ្មពួកហើយ គេវាយយកស្វាយចេក ទៀត និយាយបន្តិចទៅចុះ។ ប្រើយុទ្ធវិធីកម្ទេចកម្លាំងរស់តាមរយៈការទប់ទល់ ដកចេញពីតំបន់មួយចំនួន ឡើងលើចំណុចខ្ពស់ ចូលទៅត្រូវៗ រួចហើយចាប់ផ្តើមកម្លាំងខ្សោយហើយ វាយបកត្រឡប់មកវិញយក ស្វាយចេក (និង)ឡើងយកថ្មពួក។ ប៉ុន្តែ ការវាយគ្នានោះ ជាការបង្ខំចិត្ត។ វាជាដំណាក់កាលនៃសង្គ្រាម ហើយសង្គ្រាមនេះមិនមែនខ្ញុំអ្នកបង្កើតទេ ពេលដែលកើតសង្គ្រាមខ្ញុំទើប(មាន)អាយុ ១៨ (ឆ្នាំ)។ អញ្ចឹង បានជាត្រូវរកការចរចាៗ នោះវាក៏បានសម្រេចកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសនៅថ្ងៃស្អែកនេះ ជាខួបលើកទី ២៩ នៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស។ យើងក៏អនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាន ប៉ុន្តែ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺក្រោយពេលអ៊ុនតាក់ចាយលុយអស់ជាង ២ ពាន់លានដុល្លារ(អាមេរិក) ដកត្រឡប់ទៅវិញ ទុកឱ្យកម្ពុជានៅបន្តសង្គ្រាម។ ប្រទេសមួយ(មាន)តំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ត្រូវចាំអាកន្លែងហ្នឹង។ អ្នកខ្លះធ្វើមិនដឹងមិនលឺ ប៉ុន្តែ ប្រជាជនកម្ពុជាដឹងលឺនូវរឿងនេះ។

នយោបាយឈ្នះឈ្នះ ជាឱសថទិព្វ បញ្ចប់សង្គ្រាម ឯកភាពទឹកដី

មុនការបោះឆ្នោតឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាបួន។ ត្រួតត្រាដោយរដ្ឋាភិបាល ពេលនោះ ជាសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកជារដ្ឋកម្ពុជា ដែលមានខ្ញុំជានាយករដ្ឋមន្ត្រីនៅពេលនោះដែរ រាប់ទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ជារដ្ឋមន្ត្រីការពារជាតិកាលពីនោះ។ តំបន់នេះគ្រប់គ្រងដោយ ហ្វ៊ុនស៊ិនប៉ិច តំបន់បឹងត្រកួនគ្រប់គ្រងដោយ សឺន សាន អាហ្នឹងខ្ញុំមកស្វាយចេក បាញ់ BM21 ទៅបឹងត្រកួន កាលហ្នឹងបាញ់សាកជាមួយ កែ គឹមយ៉ាន ឃើញរូបភាពនៅសល់ដល់រាល់ថ្ងៃហ្នឹង។ យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុញ្ញាតឱ្យភាគីបីចូលរួមគ្នាធ្វើរដ្ឋាភិបាល ប៉ុន្តែ អ៊ុនតាក់ចាយលុយ  ២ ពាន់លានដុល្លារ អត់ធ្វើអីខ្មែរក្រហមបានទេ។ អញ្ចឹង នៅសល់តែនយោបាយឈ្នះឈ្នះប៉ុណ្ណឹង។ នយោ​បាយឈ្នះឈ្នះជាឱសថទិព្វ ដែលធ្វើឱ្យកម្ពុជាមានសង្គ្រាមមិនចេះចប់មិនចេះហើយរាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ ១៩៩៨។ ឥឡូវ យើង(កំណត់)យកថ្ងៃទី ២៩ ធ្នូ ជារៀងរាល់ឆ្នាំធ្វើជាពិធីរំលឹកនៃការបញ្ចប់សង្រ្គាម និងការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។

ប្រែក្លាយអតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាទីផ្សារ និងទៅជាតំបន់អភិវឌ្ឍន៍

តំបន់វាយគ្នានេះ ឥឡូវជាតំបន់អភិវឌ្ឍន៍។ គ្រោះទឹកជំនន់វាជារឿងមួយផ្សេង វាមកបំផ្លាញការអភិវឌ្ឍរបស់យើង វាមិនមែនគ្រាន់តែមកបំផ្លាញយើងដែលជាប្រទេសក្រីក្រទេ ទីក្រុងធំៗប្រទេសមួយចំនួនត្រូវទឹកជំនន់វាយលុកខូចខាតដែរ។ ខ្ញុំដាក់ចេញគោលដៅធំពីរ ដែលទី (១) ប្រែក្លាយអតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាទីផ្សារ និងទៅជាតំបន់អភិវឌ្ឍន៍។ អញ្ចឹង តំបន់វាយគ្នាទាំងអស់ យើងកំពុងអភិវឌ្ឍន៍។ នៅសល់តិចតួចណាស់ ដែលយើងមិនទាន់បានអភិវឌ្ឍ ដោយសារកន្លែងនោះវានៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ឥឡូវ តំបន់ដែលធ្លាប់តែវាយគ្នា … អ្នកថ្មពួកក៏ធ្លាប់រត់លូន (ហើយ)អ្នកថ្មពួកក៏ធ្លាប់គ្រប់​គ្រងដោយរដ្ឋកម្ពុជា បន្ទាប់មកក៏ធ្លាប់គ្រប់គ្រងដោយ ហ្វ៊ុនស៊ិនប៉ិច ដល់យើងដេញ ហ្វ៊ុនស៊ិនប៉ិច ចេញទៅ ក៏យើងគ្រប់គ្រងឡើងវិញ តែទីចុងបំផុត ខ្មែរនិងខ្មែរវាយគ្នាឯង។ អញ្ចឹង តាមរយៈនយោបាយឈ្នះឈ្នះនេះ យើងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍន៍។

ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាព/សហប្រតិបត្តិការ និងការអភិវឌ្ឍ

ឯទិសដៅទី (២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនមិត្តភាព/សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដូច្នេះ បានជាយើងជាមួយប្រទេសថៃ/វៀតណាម/ឡាវ រកស៊ីជាមួយគ្នា។ ទំហំពាណិជ្ជកម្ម រវាងយើងជាមួយនឹងថៃ ប្រមាណជា ៧ ពាន់លានដុល្លារ(អាមេរិក)។ ទំហំពាណិជ្ជកម្ម រវាងយើងជាមួយនឹងវៀតណាម ប្រមាណជា ៥ ពាន់លានដុល្លារ(អាមេរិក)។ បើទោះបីមាន Covid-19 ក៏ដោយ ការឆ្លងកាត់ទៅមករកគ្នាជួបការលំបាក ក៏ប៉ុន្តែ ចរាចរណ៍ទំនិញនៅធម្មតា។ ពីដើមមកថ្មពួកនេះ មករញ៉េរញ៉ៃ គ្រាប់ផ្លោងចូលមកពិបាកក្រាប(ឥឡូវហ្នឹង)។ ខ្ញុំទៅត្រង់ណាគេធ្វើត្រង់សេឱ្យមុន ឥឡូវអត់ចាំបាច់មានត្រង់សេទេ។

បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអីឱ្យខុស

ពិតមែនតែយើងលំបាកដោយសារគ្រោះទឹកជំនន់ ដោយសារ Covid-19 ក៏ប៉ុន្តែ អ្វីដែលយើងប្រាកដ គឺអត់មានសង្គ្រាមសម្រាប់ការស្លាប់ដោយគ្រាប់កាំភ្លើង តម្រូវឱ្យជីកត្រង់សេគ្រប់តែផ្ទះនោះទេ អត់មានអាហ្នឹងទៀតទេ។ អ្នកខ្លះគេថា កម្ពុជាអត់ទាន់មានសន្តិភាពទេ ដោយសារតែគេមិនទាន់មានសន្តិភាពខាងផ្លូវចិត្ត។ គេថា សន្តិភាពទាល់តែមានទាំងអស់។ សន្តិភាពទាំងរូបី និងអរូបី គេចង់និយាយអញ្ចឹង គេថា មិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែនិយាយត្រឡប់ទៅវិញប៉ុន្មានថ្ងៃមុនថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអីឱ្យខុស អាហ្នឹងវាសន្តិភាពហើយ។ បើខ្លួនឯងធ្វើខុសច្បាប់ ខ្លួនឯង នៅតែភ័យខ្លាចរហូត។ អញ្ចឹង វាអត់មានសន្តិភាពខាងផ្លូវចិត្តទេ។ បើចង់មានសន្តិភាពខាងផ្លូវចិត្ត ទាល់​តែអ្នកឯងគោរពច្បាប់ កុំធ្វើខុសច្បាប់ អាហ្នឹងសន្តិភាពផ្លូវចិត្តហើយ។ សន្តិភាពផ្លូវចិត្តមិនមែនរាប់តែប្រជាពលរដ្ឋដែលអនុវត្តខុសជាមួយច្បាប់របស់រដ្ឋទេ។ បុរសដែលក្បត់ប្រពន្ធក៏អត់មានសន្តិភាពខាងផ្លូវចិត្តដែរ ខ្លាចខាងប្រពន្ធដឹង។ ស្រ្តីដែលមានសហាយក៏អត់មានសន្តិភាពផ្លូវចិត្តដែរ ខ្លាចប្ដីដឹង។ អញ្ចឹងបើខាងណាធ្វើខុស គឺអត់មានសន្ដិភាពផ្លូវចិត្ត។ ខ្ញុំគ្រាន់តែផ្ដាំអញ្ចឹង បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើអីឱ្យខុស មិនថាជាកំហុសទៅលើផ្លូវ(ច្បាប់)រដ្ឋ បញ្ហាសាសនា ឬកំហុសនៅក្នុងក្រុមគ្រួសារ ប៉ុន្តែអ្វីដែលប្រាកដសន្តិភាពរូបី គ្មានការប្រយុទ្ធវាយគ្នាទេ ហើយយើងកំពុងតែដើរបំផ្លាញចោលគ្រាប់មីនគ្រាប់មិនទាន់ផ្ទុះ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរបស់យើង។

សូមប្រជាពលរដ្ឋកុំបន្តចាញ់បោកមេខ្យល់នាំទៅធ្វើការក្រៅប្រទេស

ខ្ញុំហាក់ដូចជានិយាយច្រើន ក៏ប៉ុន្តែតំបន់នេះ ជាតំបន់ជោគជាំដោយមានការប្រយុទ្ធ ឥឡូវជាតំបន់ដែលមានអាគារខ្ពស់ មានវិទ្យាល័យ មន្ទីរពេទ្យ ផ្លូវក៏ស្អាត ហើយអ្នកបន្ទាយមានជ័យសំណាងជាងគេហើយ អានេះ(ផ្លូវ)៥៦ ហើយមួយខ្សែទៀត(ផ្លូវ)៥៨ ដល់ទៅខាងត្បូងផ្លូវ ៥៩ តភ្ជាប់ទៅបាត់ដំបង ទៅប៉ៃលិនហើយមានមួយខ្សែទៀតរត់កាត់(ផ្លូវ)៥៧B អញ្ចឹងទេយើងមានលទ្ធភាព។ ប៉ុន្តែ ក៏សូមសំណូមពរដែរ។ឃើញលោកតា ស៊ូច បានអំពាវមកប្រជាពលរដ្ឋខ្មែរយើង ដែលសព្វថ្ងៃនេះបន្តចាញ់បោកមេខ្យល់នាំចូលទៅធ្វើការក្នុងប្រទេសថៃ ដោយតា ស៊ូច ផ្ញើជាសារសម្លេងដែលលោកថតជាវីដេអូ ថាកុំឱ្យចាញ់បោកគេនាំធ្វើការនៅ(ថៃ)។ អញ្ចឹងទេ យើងខិតខំធ្វើការនៅប្រទេសរបស់យើងទៅ។ ទៅនោះ(ថៃ)ចាញ់បោកគេជួនកាលត្រូវគេចាប់ដាក់គុក ហើយគេចាប់បញ្ជូនត្រឡប់មកវិញ។ សម័យCovid-19 នេះទៀត ក្រែងលោទៅឆ្លងគេឆ្លងឯង ឬទៅនាំជំងឺពីគេចូលមកយើង។ យើងនឹងបន្តកិច្ចសហការជាមួយថៃ វៀតណាម ឡាវ ដើម្បីធ្វើម៉េចសម្រួលអ្នកជំងឺមានការចាំបាច់ យើងខិតខំធ្វើការសម្រួលថែមទៀត ក៏ប៉ុន្តែសុំកុំឱ្យមានការចាញ់បោកបន្ថែមទៀត។

ជំនួយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ អ្វីដែលជាជំនួយសម្រាប់ចែកជូននៅទីនេះ ៥ពាន់គ្រួសារនេះបានទទួលរួចទៅហើយ ក្នុងនេះគឺមួយគ្រួសារមានអង្ករ ២៥ គីឡូក្រាម មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារុងមួយ កន្ទេលមួយ ហើយថវិកាប្រាំម៉ឺនរៀល ​សម្រាប់ចែកជូនគ្រប់ក្រុមគ្រួសារទាំងអស់។​ សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមក្នុងប្រតិបត្តិការនៅក្នុងខេត្តបន្ទាយមានជ័យនេះ មាន ៣៥០​ នាក់ក្នុងម្នាក់ៗ ទទួលបាន ១០ ម៉ឺនរៀល ដោយឡែកយុវជនស្រលាញ់សន្តិភាពដែលមកជួយមិនមែនប្រតិបត្តិការត្រឹមតែកន្លែងហ្នឹងទេ ឥឡូវនៅប៉ោយប៉ែត ប៉ុន្តែមុនមកដល់ប៉ោយប៉ែត ពួកគេធ្វើប្រតិបត្តិការតាំងពីនៅភ្នំពេញ ខ្ញុំឱ្យ ៥០ លានរៀលសម្រាប់យកទៅដោះស្រាយព្រោះគ្នាត្រូវចល័តកម្លាំង តាំងពីកំពតមករកអ្នកចេះហែលទឹក។

(សម្តេចផ្តល់ការឧបត្ថម) គ្រួសារអ្នកដែលប្ដីស្លាប់ ជាសោកនាដកម្ម។ កូនមួយណាដែលឪពុកលោតទៅសង្គ្រោះ ដែលហៅទឹកចិត្តឪពុកដើម្បីសង្គ្រោះកូនលោតដោយគ្មានការគិតគូរអ្វីទាំងអស់។ កូននៅរស់តែឪពុកស្លាប់នេះហើយជាចំណងរវាងឪពុក និងកូន គឺបែបនេះឯងអញ្ចឹងបានបទចម្រៀងប្រែត​គេឱ្យគិតអំពីគុណឪពុក-ម្ដាយ។ ល្មមដល់ទីបញ្ចប់ហើយ ជាថ្មីម្ដងទៀតកោតសរសើរចំពោះការខិតខំទាំងអស់របស់ក្រុមគ្រប់រូប គ្រប់ក្រុមគ្រួសារគ្រប់ភូមិ/ឃុំ កោតសរសើរចំពោះការខិខំរបស់អាជ្ញាធរនិងកម្លាំងគ្រប់ប្រភេទ និងការចូលរួមសោកស្ដាយជាមួយប្រជាពលរដ្ឋ នេះជារឿងមួយកំសត់ដែលសង្ឃឹមថា… មិនមែនទឹកប្រាក់ ១០ លានរៀលនេះគ្រប់គ្រាន់ទេ។ ថ្ងៃក្រោយត្រូវគិតគូរបន្ថែមទៀតចំពោះក្រុមគ្រួសារនេះ បាត់បង្គោល(មេ)ក្រុមគ្រួសារទាំងមូល។ អ្នកដែលធ្លាប់រកចិញ្ចឹមកូន/ប្រពន្ធ ត្រូវបានបាត់បង់ទៅហើយ។ អម្បាញ់មិញថែមឱ្យ ៣ លានរៀលវាមិនគ្រប់ទេ ថ្ងៃក្រោយយើងពិនិត្យជួយដោះស្រាយគាត់។ ខ្លះស្លាប់កូនតែនៅឪពុកម្ដាយ តែនេះចំបង្គោល(មេ)គ្រួសារតែម្ដងដែលជាការបាត់បង់របស់យើង។ សូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ