សម្រង់ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី២ ផ្សារធំថ្មី បូរីជ័យ២ ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០
ខូចខាតទ្រព្យសម្បត្តិ/ផលដំណាំ ប៉ុន្តែប្រាកដថាបានរស់រានមានជីវិត
… បងប្អូនជនរួមជាតិ។ ថ្ងៃនេះ បើទោះបីជាទឹក ជំនន់ យាយីយើង ក៏ប៉ុន្តែយើងបានជួបគ្នាក្នុងទឹកមុខរីករាយ ដោយសារតែយើងបានមកកាន់តំបន់ដែលមានសុវត្ថិភាព ហើយយើងបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ក្នុងគ្រួសារនីមួយៗ បើទោះបីមានការខូចខាតទ្រព្យសម្បត្តិ ផលដំណាំ ប៉ុន្តែ ហោចណាស់យើងប្រាកដក្នុងចិត្តថា យើងបានរស់រានមានជីវិត ក្រោយពេលដែលយើងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ឬក៏នៅនឹងកន្លែងដែលយើងមានផ្ទះខ្ពស់ក្នុងការស្នាក់អាស្រ័យ។ ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងទុក្ខក្រៀមក្រំ ហើយទុក្ខក្រៀមក្រំនោះ គឺការចូលរួមមរណទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរហូតមកដល់ពេលនេះមានរហូតទៅដល់ ១៨ នាក់ ក្នុងចំណោម ៣៤ នាក់ នៅទូទាំងប្រទេស … មុននឹងចូលទៅដល់បញ្ហាដទៃទៀត អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជូនចំពោះបងប្អូនជនរួមជាតិ ហើយក៏បានសម្ដែងនូវកង្វល់ ព្រមទាំងសមានទុក្ខចំពោះអ្នកដែលបានបាត់បង់។
នឹងត្រឡប់មកបន្តចែកជំនួយនៅបន្ទាយមានជ័យម្ដងទៀតថ្ងៃសៅរ៍
ថ្ងៃនេះ បើទោះបីថាខ្ញុំបានមកយឺតបន្តិច ក៏ប៉ុន្តែ មិនទាន់ហួសពេលទេ។ ខ្ញុំសូមអភ័យទោស ដែលទុកឱ្យបងប្អូននៅចាំនៅទីនេះយូរ ដោយសារខ្ញុំជាប់កម្មវិធីនៅដំណាក់ទី ១ នៅក្បែរសិរីសោភ័ណអម្បាញ់មិញ ហើយនៅទីនោះគ្មានដំបូលទេ គឺយើងជួបគ្នានៅកណ្ដាលថ្ងៃ។ តែនៅទីនេះ យើងមានដំបូលជ្រក អាចដាក់បានមនុស្សជាង ៥០០០ នាក់ ដែលបានជួបជុំគ្នានៅទីនេះ។ ខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះ យើងចែក ២ កន្លែង ដោយសារយើងមានការលំបាកក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋ ហើយក្រុមការងារក៏ជួបការលំបាក។ ស្អែកខ្ញុំនឹងជួបជាមួយនឹងប្រជាពលរដ្ឋ ១ ម៉ឺនគ្រួសារទៀត នៅស្រុកថ្មពួក ស្វាយចេក និងនៅប៉ោយប៉ែត។ អម្បាញ់មិញ ខ្ញុំបានប្រាប់ឯកឧត្ដម អភិបាលខេត្ត និងឯកឧត្តម គន់ គីម ថា ស្អែកនេះ ខ្ញុំត្រឡប់ទៅវិញដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ហើយថ្ងៃសៅរ៍ ខ្ញុំនឹងវិលត្រឡប់មកវិញ ព្រោះថា ប្រជាពលរដ្ឋមកដល់ពេលនេះ មិនមែន ២ ម៉ឺនគ្រួសារទេ ដែលរងគ្រោះនៅខេត្តបន្ទាយមានជ័យ។ ឡើងដល់ ៣ ម៉ឺនគ្រួសារ។ អញ្ចឹងខ្ញុំឱ្យរៀបចំ ១ ម៉ឺន ៥ ពាន់គ្រួសារទៀត។ ខ្ញុំនឹងហោះឧទ្ធម្ភាគចក្រមកព្រឹកថ្ងៃសៅរ៍។ អញ្ចឹងទេកងអង្គរក្ស និងអ្នកក្រុមការងារទាំងឡាយ សម្រាករង់ចាំនៅទីនេះ។ ខ្ញុំគ្រាន់តែស្អែកចេញទៅ ខានស្អែកប្រជុំ និងថ្ងៃសៅរ៍ ខ្ញុំត្រឡប់មកវិញតាមឧទ្ធម្ភាគចក្រ។ យើងអាចជួបជុំគ្នាបន្ត អាចថា ២ កន្លែង នៃការជួបជុំ ដើម្បីចែកអំណោយជូនដល់ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា។
ផលប៉ះពាល់ពីទឹកជំនន់ បង្កើនទម្ងន់ការលំបាក ក្នុងពេលកំពុងប្រយុទ្ធនឹង Covid-19
អញ្ចឹង ខេត្តត្រូវយកចិត្តទុកដាក់ទៅលើការស្រាវជ្រាវថា តើអ្នកណាខ្លះដែលមិនទាន់បានទទួលនូវជំនួយ? ដោយសារតែខេត្តបន្ទាយមានជ័យគឺជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមបណ្ដាខេត្តដែលមានទឹកជំនន់ ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលសម្ដែងនូវការសោកស្ដាយជាមួយនឹងអ្វីដែលយើងបានបាត់បង់។ ហើយនេះមិនមែនគ្រាន់តែជាការបាត់បង់នៃក្រុមគ្រួសារនីមួយៗទេ ក៏ប៉ុន្តែ វាជាការបាត់បង់របស់ជាតិយើង នៅក្នុងការលំបាកក្នុងជីវភាពរបស់ប្រជាជន។ ផលប៉ះពាល់ទាំងឡាយ ដែលបណ្ដាលមកពីទឹកជំនន់នេះ វាបង្កើតជាទម្ងន់បន្ថែមក្នុងពេលដែលយើងកំពុងតែប្រយុទ្ធប្រឈមនឹងជំងឺឆ្លងរាតត្បាត Covid-19 ដែលពេលនេះ លោកយាយ លោកតា បងប្អូន កូនក្មួយ មានការពាក់ម៉ាស ដែលមុននេះយើងមិនមានទម្លាប់បែបនេះទេ។ ក៏ប៉ុន្តែ ជំងឺនេះទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន។ បងប្អូនខាងនោះ បានសុំថា ចាប់ដៃ ថតរូប តែខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា យើងការពារ Covid-19 ព្រោះមានពេលភ្លេចខ្លូនដែរ ទាំងយើង ទាំងគេ ជួនកាល ខ្ញុំលូកទៅ គាត់លូកមក អញ្ចឹងឥឡូវគេហាមប៉ះគ្នា។ មានរឿងមួយ ដូចជានៅប្រទេសកាណាដា គេថា នៅពេលប្ដីប្រពន្ធដេកជាមួយគ្នា ក៏គេឱ្យពាក់ម៉ាសដែរ ខ្ញុំថា ស្លាប់ហើយធ្វើមិនបានទេអានោះ … ជំងឺ Covid-19 បានញាំញីយើងរយៈពេល ១០ ខែមកហើយ។
គ្រោះធម្មជាតិ មាននៅគ្រប់ប្រទេសលើពិភពលោក
ឥឡូវនេះ សម្រាប់ក្រុមគ្រួសារនៅក្នុងខេត្តបន្ទាយមានជ័យ តំបន់មួយចំនួនត្រូវបានលិចលង់ អាចថា ១ភាគ ៣ នៃប្រជាជនខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង។ នេះជាការខាតបង់មួយសម្រាប់យើង ក៏ប៉ុន្តែគ្រោះធម្មជាតិនេះ វាមិនមែនមានតែនៅកម្ពុជាទេ វានៅគ្រប់ប្រទេសទាំងអស់លើពិភពលោក។ ការយកបញ្ហាដាក់លើកម្ពុជា ដោយអ្នកនេះ ឬដោយអ្នកនោះ មិនមែនជាមនុស្សដែលមានខួរក្បាលធំទូលាយទេ។ គ្រាន់តែការរិះគន់បន្តុះបង្អាប់តែប៉ុណ្ណោះ។ ខ្ញុំចង់ស្នើឱ្យទូរទស្សន៍ក្រុមប្រតិកម្មរហ័ស រៀបចំឯកសារទាក់ទងនឹងជំនន់នៅតាមទីក្រុងប្រទេសដទៃៗ ដើម្បីចាក់ផ្សាយធ្វើការប្រៀបធៀបព្រោះពីកាលពីជំនាន់បាក់អាគារនៅក្រុងព្រះសីហនុ បន្ទាប់ទៅបាក់អាគារនៅខេត្តកែប វាយប្រហារកម្ពុជាធ្ងន់ធ្ងរពេក ស្រាប់តែទូរទស្សន៍ចាក់បញ្ចេញបាក់អាគារនៅអាមេរិក បង់ក្លាដែស ឥណ្ឌា ប្រទេសនេះ/នោះ អន់ដែរ។ ដល់ឥឡូវ យើងដាក់ទៅក្រុងប៉ារីសលិចយ៉ាងម៉េច? នៅប្រទេសអាមេរិកក្រុងណាលិចយ៉ាងម៉េច? ឥណ្ឌូនេស៊ីលិចយ៉ាងម៉េច? ថៃលិចយ៉ាងម៉េច? វៀតណាមលិចយ៉ាងម៉េច? ប្រមូលចាក់ទាំងអស់ ដើម្បីឱ្យភ្លឺភ្នែកទាំងអស់គ្នា កុំឱ្យស្អីឡើងថាកម្ពុជាអត់ភ្លៀង ថាមកពីកម្ពុជាកាប់ឈើ។ ដល់ភ្លៀងច្រើននិយាយថាម៉េចវិញ? គ្រោះធម្មជាតិវាដូច្នេះឯង។ ឥឡូវនេះយើងកំពុងគ្រោះទឹកជំនន់ ប៉ុន្តែនៅប្រទេសខ្លះគឺភ្លើងកំពុងឆេះព្រៃទៅវិញ។ ប្រទេសខ្លះ ដោយសារប្រទេសគេធំ តំបន់ខ្លះរងគ្រោះដោយជំនន់ តំបន់ខ្លះរាំងស្ទះដោយរាំងស្ងួតនេះវាបានកើតឡើង។ យើងមិនចង់ឱ្យវាកើតទេ ហើយគ្មានអ្នកណាទៅតថ្លៃជាមួយធម្មជាតិបានទេ។ គ្រោះរញ្ជួយផែនដី ខ្យល់ព្យុះ រន្ទះបាញ់ ទឹកជំនន់ រាំងស្ងួត អ្នកណាទៅតថ្លៃជាមួយវាបាន? ប៉ុន្តែខ្ញុំជឿជាក់ទៅលើប្រជាពលរដ្ឋរបស់យើង ដែលស្ថានភាពបែបនេះជួបប្រទះក៏ច្រើនលើកច្រើនសាហើយដែរ គ្រាន់តែមិនធំ តែឆ្នាំនេះវាធំ ដែលមានប្រវត្តិតាមការស្រាវជ្រាវ ៧០ ឆ្នាំមុនមានការកើតបែបនេះ ប៉ុន្តែ ប៉ុន្មានឆ្នាំមុននេះ គឺមិនមានប្រវត្តិធ្ងន់ធ្ងរបែបនេះទេ លើកនេះធ្ងន់ធ្ងរជាង។
មិនរត់ចោលគ្នា, ជួយគ្នា ជាស្មារតីល្អណាស់
ខ្ញុំសូមចូលរួមសោកស្ដាយ ជាមួយផលប៉ះពាល់ទាំងឡាយទៅលើបងប្អូន បើទោះមិនដល់អាយុជីវិតក៏ដោយក៏ប៉ុន្តែទ្រព្យសម្បត្តិខ្លះ ផលដំណាំ ត្រូវបានបំផ្លាញ រំខានទៅដល់ការបង្កបង្កើនផលរបស់យើង។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងជាថ្មីម្ដងទៀត នូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានធ្វើសកម្មភាពយ៉ាងល្អ ដែលព្រឹកមិញខ្ញុំបាននិយាយរួចហើយ។ ខ្ញុំមិននិយាយច្រើនបន្តទៀតទេ តែសូមឱ្យឃើញថានៅពេលដែលមានបញ្ហាកើតឡើង យើងមិនដែលរត់ចោលគ្នាទេ។ យើងតែតែជួយគ្នាហើយនេះគឺជាស្មារតីល្អណាស់។ សប្បុរសជនជាច្រើនដែលថ្ងៃនេះមានសប្បុរសជនមួយចំនួនមកទីនេះ ក្នុងការចូលរួមដំណើរចែកជំនួយ សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលរងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមយកឱកាសនេះ តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបង អភិបាលខេត្តប៉ៃលិន ក៏ដូចជាប្រជាជននៅខេត្តពោធិសាត់ និងទីកន្លែងដ៏ទៃទៀតដែលខ្ញុំមិនបានទៅ ឥឡូវមកធ្វើបួនគោលដៅនៅក្នុងខេត្តបន្ទាយមានជ័យ ២ ថ្ងៃ និងថ្ងៃសៅរ៍ប្រហែលជាអាច ២ កន្លែង ឬ ៣ កន្លែង តាមភាពជាក់ស្ដែង ប៉ុន្តែមិនបានទៅបាត់ដំបង/ប៉ៃលិន/ពោធិសាត់ ដោយសារនៅទីនោះទឹកបានធ្លាក់ចុះហើយ ដូច្នេះមានតំណាងក្នុងការចែកចាយជំនួយមនុស្សធម៌នៅទីនោះហើយ។
ប្រជាពលរដ្ឋមួយចំនួនថា មិនចង់បានអង្ករ ចង់បានតផ្លូវហ្នឹងឡើងវិញ
អ្វីដែលយើងត្រូវយកចិត្តទុកដាក់នេះជាការសង្គ្រោះបឋម តែយើងនៅមានកិច្ចការច្រើនទៀត ដែលយើងត្រូវធ្វើនៅពេលខាងមុខនេះ ទាក់ទិនជាមួយទឹកសម្រកទៅ អ្វីដែលត្រូវខូចខាតត្រូវស្ដារឡើងវិញ តាំងពីផ្លូវ។ តាមខ្ញុំដឹង ប្រជាពលរដ្ឋមួយចំនួនថា មិនចង់បានអង្ករ ចង់បានតផ្លូវហ្នឹងឡើងវិញ។ រឿងនេះគឺជាអាទិភាពក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ ដែលបានដាច់ទំនប់ ដែលបានដាច់ ត្រូវស្ដារឡើងវិញ ផ្លូវដែលបានដាច់ត្រូវស្ដារឡើងវិញ នោះហើយជាការបង្កើនទម្ងន់សម្រាប់ការចំណាយថវិកា ដែលយើងកំពុងតែលំបាក។ ពិតហើយយើងមានលទ្ធភាពដើម្បីដោះស្រាយ ប៉ុន្តែបើសិនកុំ(មានទឹកជំនន់)ហ្នឹង យើងមានលទ្ធភាពច្រើនជាង។ ឧទាហរណ៍បញ្ជូន ១៥០ លានដុល្លារ ទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើផ្លូវ ៣៨ ខ្សែ ដែលនឹងបើកការដ្ឋាននៅពេលខាងមុខ ដែលម្សិលមិញក៏បានពិភាក្សាបញ្ហាហ្នឹងនៅខេត្តសៀមរាប។ យើងមិនបានដកលុយនោះសម្រាប់សង្គ្រោះទឹកជំនន់ទេ។ យើងមានលទ្ធភាពដើម្បីដោះស្រាយ ក៏ប៉ុន្តែបើសិនមិនមានគ្រោះទឹកជំនន់ទេ ល្បឿនថវិការបស់យើង ក៏មិនត្រូវចាយទៅលើគ្រោះទឹកជំនន់ ហើយយើងប្រើប្រាស់ថវិកានោះទៅលើការកសាង និងការអភិវឌ្ឍ កសាងសមិទ្ធផលនេះ/នោះ ហោចណាស់ធ្វើផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម ដែលជាកិច្ចការដែលយើងត្រូវធ្វើ។
មោទនភាពអំពីសាមគ្គីភាពនៅក្នុងជាតិសាសន៍ខ្មែរ
ខ្ញុំពិតជាមានមោទនភាពជាមួយហ្នឹងមួយការសាមគ្គីភាព នៅក្នុងជាតិសាសន៍របស់យើងនៅពេលដែលមានបញ្ហា មកដល់ម៉ោងនេះពេលនេះ ទោះបីបរទេសខ្លះប្រកាសថាផ្ដល់ជំនួយ ក៏ប៉ុន្តែយើងមិនទាន់បានទទួលមួយសេន យកមកប្រើប្រាស់ទេ។ អញ្ចឹងបានជាខ្ញុំតែងតែប្រាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រើពាក្យថា កុំវាយសន្លឹកបៀរអាត់ឱ្យអស់ពីដៃ ត្រូវតែមានជាប់ជានិច្ច។ អ្វីដែលខ្ញុំបានឱ្យត្រៀមបម្រុងទុកត្រូវបានប្រើប្រាស់ភ្លាមៗ។ ឥឡូវ ២ ម៉ឺនគ្រួសារត្រូវប្រើ។ យកពីទីក្រុងភ្នំពេញមក។ ឥឡូវត្រូវការ ១ ម៉ឺន ៥ ពាន់គ្រួសារ ដឹកពីទីក្រុងភ្នំពេញមកទៀត។ បើសិនជាខ្ញុំមកថ្ងៃហ្នឹងចែកអស់តែមួយម៉ឺនគ្រួសារ នៅសល់អ្នកដទៃទៀតបន្តចែក។ ហ្នឹងក្នុងស្ដង់ដាររបស់ ហ៊ុន សែន។ ហ្នឹងវាមានស្តង់ដារខុសគ្នា។ ជួនកាលអ្នកនេះទៅបានប៉ុណ្ណេះទៅ ជួនកាលអ្នកនោះទៅបានប៉ុណ្ណោះទៅ វាមិនដូចគ្នាទេ ប៉ុន្តែស្តង់ដាររបស់ខ្ញុំគឺស្តង់ដារបែបហ្នឹងដែលត្រូវរៀបចំ។
សូមមេត្តាយោគយល់ចំពោះជនពិការ
អញ្ចឹងទេ អម្បាញ់មិញក៏ត្រូវជួបបងប្អូនពិការ ហើយនៅក្នុងទៅជិះទូកអម្បាញ់មិញក៏មានផ្ទះពិការមួយដែរ។ ខ្ញុំក៏សូមយកឱកាសនេះអំពាវនាវចំពោះបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ សូមមេត្តាយោគយល់ចំពោះជនពិការ បើទោះបីមិនបានផ្តល់ឱ្យជនពិការ ក៏ប៉ុន្តែមេត្តាកុំប្រមាថជនពិការ ដូចជាការហៅគ្នាអាកំបាក់ អាកំបុត អាខ្វាក់ ហើយខ្លួនខ្ញុំទទួលការឈឺចាប់ធ្ងន់ធ្ងរណាស់ នៅពេលដែលគេជេរខ្ញុំថា អាខ្វាក់នេះ … ខ្ញុំក៏មិនអត់ឱនឱ្យទេ ជាមួយអ្នកណាក៏ដោយដែលហៅខ្ញុំថា អាខ្វាក់នេះ ព្រោះខ្ញុំខូចភ្នែកម្ខាង ខូចដើម្បីជាតិមាតុភូមិ មិនគួរណាមានការប្រមាថរបៀបនេះទេ។ ខ្លះក៏ពីកំណើតក៏ប៉ុន្តែយើងត្រូវឱ្យតម្លៃទៅលើជនពិការ។ ខ្ញុំគិតថា ចង់បង្កើតសមាគមការពារសេចក្តីថ្លៃថ្នូររបស់ជនពិការមួយ។ ដោយសារខ្ញុំជាជនពិការដែរ ដូច្នេះខ្ញុំអាចនឹងបង្កើតសមាគមជនពិការមួយ ហើយប្រហែលជាអាចទៅបង្កើតសមាគមជនថ្លៃថ្នូរសម្រាប់ជនពិការ ដើម្បីចៀសវាងការប្រមាថ។ បើគ្នាខ្វាក់ហើយ ហៅអាខ្វាក់ទៀត គ្នាកំបុតជើងហើយ ហៅអាកំបុតទៀត គ្នាកំបុតដៃហើយ ហៅអាកំបុតទៀត អានេះវាជារឿងមិនធម្មតាមួយ សម្រាប់អារម្មណ៍គេហៅថា ប៉ះទង្គិចដោយការប្រមាថពីអ្នកដទៃ។ ប៉ុន្តែ យ៉ាងណាក៏ដោយ នៅក្នុងនេះយើងមានទាំងអ្នកពិការ ទាំងអ្នកអត់ពិការ ភាគច្រើនអ្នកអត់ពិការ ភាគតិចទេអ្នកពិការ ក៏ប៉ុន្តែអ្នកពិការនោះទេ ដែលយើងត្រូវយកចិត្តទុកដាក់ផងដែរ។ អញ្ចឹងបានជាខ្ញុំតែងជួបជនពិការ ខ្ញុំតែងតែផ្តល់ថវិកាចៀសមិនផុត។ យើងមានការងារច្រើនដែលត្រូវធ្វើ។ អម្បាញ់មិញខ្ញុំឃើញថា សប្បាយណាស់ ទោះបីវាថាកំសត់ហើយ វាលំបាក ក៏ប៉ុន្តែនៅពេលជំនួយត្រូវបានចែក ស្រាប់តែឃើញក្រុមការងារជួយដឹកជញ្ជូនមនុស្ស និងជញ្ជូនជំនួយទៅផ្ទះ …។
សូមសប្បុរសជនដែលចូលជំនួយឧបត្ថម្ភ ជឿទុកចិត្តចុះ
អញ្ចឹងយើងត្រូវបន្តរួមគ្នាតទៅទៀត។ ចំពោះសប្បុរសជនដែលបានចូលរួមជួយ និងមានទឹកចិត្ត ឃើញថាជំនួយជូនដល់ដៃជនរងគ្រោះពិតប្រាកដតាមរយៈខ្ញុំ។ ខ្ញុំសូមផ្តាំផ្ញើទៅចំពោះម្ចាស់ជំនួយ ម្ចាស់សប្បុរជនដែលចូលជំនួយឧបត្ថម្ភតាមខ្ញុំ សូមជឿទុកចិត្ត ខ្ញុំមិនធ្វើឱ្យបងប្អូនដែលផ្តល់ជំនួយតាមរយៈខ្ញុំ ដែលមានជាង ៧ លានដុល្លារនេះ ជិត ៨ លានដុល្លារនេះ ខកចិត្តនោះទេ។ ខ្ញុំនឹងប្រើប្រាស់ឱ្យចំគោលដៅទៅកាន់ជនរងគ្រោះឱ្យពិតប្រាកដ ដែលកិច្ចការងារនេះបាន និងកំពុងធ្វើ។ ឥឡូវ បានទទួលព័ត៌មានអំពីបញ្ហាខេត្តព្រះវិហារ ទាក់ទងនឹងទឹកស្ទឹងសែន ក៏ប៉ុន្តែមិនទាន់ជាធ្ងន់ធ្ងរទេ។ ឥឡូវហ្នឹងស្ថានភាពភ្លៀងហាក់ដូចជាអន់ថយដែរ ហើយទឹកនៅនេះក៏មានការថយចុះបន្តិចដែរ។ ប្រសិនបើមិនមានភ្លៀងធ្លាក់តទៅទៀត យើងនឹងអាចធូរស្រាល ប៉ុន្តែបន្ទាប់ពីការធូរស្រាលហើយ មិនមែនបានសេចក្តីថា យើងចប់ត្រឹមហ្នឹងទេ កិច្ចការដែលយើងត្រូវបន្ត គឺការដាំដុះ និងការបង្កបង្កើនផលដែលយើងត្រូវធ្វើតទៅទៀត។
ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានជឿទុកចិត្តលើកងកម្លាំងប្រដាប់អាវុធ លើរដ្ឋបាលគ្រប់ជាន់ថ្នាក់ ហើយជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព តាមសំណូមពររបស់អាជ្ញាធរ។ នេះជាការផ្តល់នូវកិច្ចសហការមួយ។ កម្លាំងប្រដាប់អាវុធ រដ្ឋាភិបាលបានធ្វើសកម្មភាពព្រមៗគ្នា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ខេត្តខ្លះក៏ធ្ងន់ ខេត្តខ្លះក៏ស្រាល ខេត្តខ្លះក៏ល្មម ខេត្តខ្លះក៏ប៉ះពាល់តិចតួច ប៉ុន្តែខេត្តដែលធ្ងន់ជាងគេគឺបន្ទាយមានជ័យតែម្តង។ អម្បាញ់មិញ បន្ទាប់ពីខ្ញុំនិយាយនៅឯកន្លែងទី ១ ឯកឧត្តម កែ គឹមយ៉ាន ក៏បានមើលផ្ទាល់ពីនោះមកដែរ។ គាត់ក៏បានវាយអរគុណដែលខ្ញុំបាននិយាយ។ បងប្អូនអាចចោទចេញជាសំណួរថា បាត់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទៅណា? មិនមែនគាត់រត់ចោលអ្នកបន្ទាយមានជ័យទេ ធម្មតា ឯកឧត្តម កែ គឹមយ៉ាន ស្និទ្ធណាស់ជាមួយអ្នកបន្ទាយមានជ័យ ដោយសារគាត់ជាប្រធានក្រុមការងារនៃខេត្តបន្ទាយមានន័យ ក៏ប៉ុន្តែដោយសារគាត់មានជំងឺ ហើយគាត់សុំច្បាប់ ពេលដែលមានបញ្ហាទឹកជំនន់នេះ គាត់ស្នើសុំមានយោបល់ថាគួរត្រឡប់មកវិញ ឬយ៉ាងម៉េច? ប៉ុន្តែខ្ញុំឱ្យយោបល់ថា សុខភាពសំខាន់ជាងត្រូវបន្តការព្យាបាល។
ដោះស្រាយគ្រោះទឹកជំនន់ តែកុំភ្លេចបង្ការការឆ្លង Covid-19
អញ្ចឹងទេ សូមការយោគយល់លើចំណុចនេះ ហើយតែយ៉ាងក៏ដោយអាជ្ញាធរខេត្ត និងទេសរដ្ឋមន្រ្តីមួយរូបដែលជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឈរប្រចាំការនៅទីនេះ ប្រធានគឺខ្ញុំតែម្តង អញ្ចឹងបានថ្ងៃនេះអ្នកដែលចេញមុខនៅទីនេះ ជានាយករដ្ឋមន្ត្រីផង និងជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយផង ដែលត្រូវមើលការខុសត្រូវអំពីបញ្ហាហ្នឹង។ អញ្ចឹងគ្រោះផ្ទួនៗគ្នាសម្រាប់យើង ទី ១ Covid-19 កំពុងយាយីយើង។ ទី ២ គ្រោះទឹកជំនន់។ ប៉ុន្តែ បើទោះបីគ្រោះទឹកជំនន់យើងក៏ទៅដោះស្រាយទឹកជំនន់ តែយើងក៏ត្រូវភ្លេច ទៅលើកិច្ចការពារទាំងឡាយទាក់ទងជាមួយនឹង Covid-19។ សូមឱ្យយកចិត្តទុកដាក់ទៅលើការប្រើម៉ាស ឬប្រើក្រម៉ា ដើម្បីការពារកុំឱ្យឆ្លង ហើយនៅឱ្យឃ្លាតៗគ្នាបន្តិច ហើយសូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃដោយសាប៊ូ លាងដៃដោយអាល់កុល លាងដៃដោយជេល ហើយវិធីអនាម័យ។ យកចិត្តទុកដាក់មួយទៀត គឺបញ្ហាទាក់ទិនក្រោយទឹកសម្រក កុំឱ្យមានជំងឺឈឺថ្កាត់ អ្នកនៅតាមទីទួលសុវត្ថិភាពខ្ញុំបានពិនិត្យហើយ យើងប្រើសុទ្ធតែទឹកស្អាត។ ថ្ងៃនេះក៏បាននាំមកនូវទឹកបរិសុទ្ធ សូមឱ្យទទួលទានទឹកស្អាត ទឹកមិនស្អាតកុំប្រើប្រាស់ យើងមានការផលិតទឹកស្អាតនៅទីនេះដោយរថយន្ត ២ គ្រឿង ដែលអាចផ្គត់ផ្គង់តែមិនអាចទូលំទូលាយទេ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់កន្លែងណាដែលមានការលំបាក គឺប្រើថវិកាធនធានដែលខ្ញុំបានផ្តល់ ២០ ម៉ឺនដុល្លារនេះ ដោះស្រាយទៅ ការដឹកពីភ្នំពេញមកវាចំណាយពេល ព្រោះទឹកបរិសុទ្ធមាននៅគ្រប់កន្លែងហ្នឹង ឱ្យតែមានផ្សារមានទឹកហើយ ឥឡូវហ្នឹង សម័យនេះហើយគឺសម័យគេផឹកទឹកដប។
ទឹកស្រក គិតពីការបង្កបង្កើនផល ស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ
អញ្ចឹងទេ យើងដំណើរការរួមគ្នាបែបនេះ។ កាល ៤ ឆ្នាំមុន ពេលហ្នឹងម៉ោងហ្នឹងខ្ញុំក៏នៅបន្ទាយមានជ័យដែរ ពេលហ្នឹងចេញពីប៉ៃលិន មកដល់បន្ទាយមានជ័យ មកដល់សិរីសោភ័ណ។ ថ្ងៃ ២០ ចេញទៅប៉ៃលិន ដល់ថ្ងៃ ២១ មកដល់សិរីសោភ័ណវិញ អញ្ចឹងពេលហ្នឹង ម៉ោងហ្នឹង ៤ ឆ្នាំមុនដូចគ្នា ប៉ុន្តែកាលពីពេលនោះមកដោះស្រាយការធ្វើសាលារៀន។ អម្បាញ់មិញ ឆ្លងកាត់មុខវិទ្យាល័យមង្គលបុរី កន្លែងហ្នឹងគឺថាធ្វើអគារ ៣ ជាន់ ១៨ បន្ទប់ ហើយដោយសារខ្ញុំបាននិយាយជាសារមួយនៅព្រឹកមិញទៅហើយ ខ្ញុំមិនចង់បន្តទេ ម្យ៉ាងគឺបងប្អូនក៏ត្រូវត្រឡប់ទៅផ្ទះសំបែងវិញ។ ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់បងប្អូននៅទីនេះ ៥ ពាន់គ្រួសារដែលក្នុងនោះ គ្រួសារនីមួយៗទទួលបានអង្ករ ២៥ គីឡូ មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារ៉ុងមួយ កន្ទេលមួយ ហើយថវិកា ៥ ម៉ឺនរៀល ក្នុងមួយគ្រួសារៗ។ នេះគ្រាន់តែជាជំនួយដែលដោះស្រាយម្តងម្កាលនោះទេ មិនអាចដោះស្រាយយូរអង្វែងទេ ប៉ុន្តែ សង្ឃឹមថា ពេលដែលទឹកស្រកទៅនោះ គឺយើងនឹងត្រូវបង្កបង្កើនផលឡើងវិញ ដែលយើងត្រូវមើលទាក់ទងនឹងការផ្គត់ផ្គង់ស្រូវពូជ ទាក់ទងនឹងពូជដំណាំផ្សេងៗដែលត្រូវធ្វើការដាំដុះឡើងវិញ។ ការថែទាំ ការជួសជុលឡើងវិញនូវផ្លូវថ្នល់ នូវទំនប់ទឹក ប្រឡាយទឹកក៏ត្រូវតែធ្វើ អណ្តូងទឹកក៏ត្រូវតែស្តារដែរ។ ត្រូវតែស្តារទាំងអស់តំបន់លិចលង់។ ហើយពេលត្រឡប់ទៅផ្ទះសំបែងវិញ ក៏ត្រូវគិតប្រយ័ត្នប្រយែងទៅលើសត្វអាសិរពិស ព្រោះកាលណាតែលិចទឹក យើងក៏លិច សត្វក៏វាលិច ហើយសត្វហ្នឹងលិចវារត់ឡើងលើផ្ទះយើង។ ហ្នឹងជាបញ្ហាដែលត្រូវគិត។ សុំអំពាវនាវធ្វើម៉េចការពារសុវត្ថិភាពផ្ទាល់ខ្លួន ការពារកូនចៅតូចៗ កុំឱ្យវាចុះទឹកក្នុងចំណោម ៣៤ នាក់ដែលបានស្លាប់មាន ១៨ នាក់ ហើយនៅក្នុងខេត្តបន្ទាយមានជ័យ បានសេចក្តីថាជាងពាក់កណ្តាលក្នុងខេត្តបន្ទាយមានជ័យ។ សុំឱ្យខេត្តបន្ទាយមានជ័យយកចិត្តទុកដាក់មែនទែន ទៅលើបញ្ហាទាក់ទិនជាមួយរឿងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើង។
អរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជន
ចុងបញ្ចប់ ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ហើយគាំទ្រឱ្យខ្ញុំធ្វើនាយករដ្ឋមន្រ្តី ហើយសង្ឃឹមថា បងប្អូននឹងបោះឆ្នោតឱ្យគណបក្សប្រជាជន ព្រោះយើងតែងនៅជាមួយគ្នាជានិច្ច ៤១ ឆ្នាំរួចមកហើយដែលយើងនៅជាមួយគ្នា។ នោះហើយ ៤១ ឆ្នាំ នៃការប្រឹងប្រែងរបស់ឪពុកម្តាយយើងរ បស់ខ្លួនយើង រួមជាមួយនឹងគណបក្សប្រជាជន ដូច្នេះហើយបានជាយើងបើទោះបីថាជួបប្រទះនូវឧបសគ្គ វត្តមានរបស់ខ្ញុំនៅទីនេះ គឺបញ្ជាក់បង្ហាញថា ខ្ញុំមិនដែលបានដើរចោលប្រជាពលរដ្ឋណាម្នាក់ ម្តងណាទេ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គឺខ្ញុំនឹងចេញមុខ។ ពេលដែលប្រជាពលរដ្ឋមានការសប្បាយរីករាយ មិនសូវឃើញមុខខ្ញុំទេ។ នៅពេលដែលប្រជាជនជួបការលំបាកគេច្រើនឃើញមុខខ្ញុំ ហើយឃើញមុខខ្ញុំអាវដៃខ្លី អាវខៀវហ្នឹង អម្បាញ់មិញហ្នឹង។ ឃើញគេបញ្ជូនរូបភាពចាស់ដែលខ្ញុំពាក់អាវនេះ មកតាម Telegram នៅអង្គុយវាលស្រែ ស្ទូងជាមួយនឹងប្រជាពលរដ្ឋ។ កាលណាខ្ញុំពាក់អាវហ្នឹងមានន័យថា ខ្ញុំទៅជួបប្រជាពលរដ្ឋ ព្រោះខ្ញុំមានរបៀបស្លៀក។ បើធ្វើអ្នកការទូតក្រវាត់កឡើងខ្ញង់ ឡើងតុការទូតទទួលភ្ញៀវបរទេសចរចាជាមួយបរទេស ជួបជាមួយនឹងនិស្សិត មន្រ្តីរាជការ គឺសំលៀកបំពាក់ផ្សេង ជួបជាមួយនឹងកម្មករសំលៀកបំពាក់ផ្សេង ជួបជាមួយកម្មករផ្សេង និងកសិករសំលៀកបំពាក់ផ្សេង អាហ្នឹងរបៀបស្លៀករបស់ខ្ញុំ ព្រោះខ្ញុំមិនក្រវាត់កចុះមកភ្លឺស្រែទេ … ជូនពរបងប្អូនជនរួមជាតិទាំងអស់សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជួបប្រទះតែពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕